Category: សង្គម និងសេដ្ឋកិច្ច

  • មណ្ឌលទេសចរណ៍ដ៏កម្រ និងសែនអាថ៌កំបាំង 3 កន្លែងក្នុងប្រទេសជប៉ុន

    មណ្ឌលទេសចរណ៍ដ៏កម្រ និងសែនអាថ៌កំបាំង 3 កន្លែងក្នុងប្រទេសជប៉ុន

    បើបានទៅលេងប្រទេសជប៉ុនមួយដង ច្បាស់ជាមានលើកទីពីរ ទីបី ទីបួន…និងទៅហើយទៅទៀតមិនខាន ព្រោះប្រទេសជប៉ុនអាចដើរលេងបានគ្រប់កន្លែង មានអ្វីល្អៗគ្រប់ទិសទី ដូចជាលើកនេះដូច្នោះដែរ ឡារ៉ែនមានទីកន្លែង 3 ដែលនឹងធ្វើឱ្យមិត្តអ្នកអានបានជួបនូវបទពិសោធដ៏មានតម្លៃមកជម្រាបជូនដូចតទៅ ៖

    1 . ប្រាសាទអាថ៌កំបាំង (អាចទៅដល់បានដោយជិះរថភ្លើងក្នុងតំបន់)

    ប្រាសាទ​ ថាខេដៈ (竹田城跡) មានឈ្មោះល្បីល្បាញថាជា ” Machu Pichu របស់ជប៉ុន” ជាប្រាសាទចំណាស់មួយដែលផុសឡើងកណ្តាលដុំពពកដែលគ្របដណ្តប់ពីលើជ្រលងភ្នំ ជាទិដ្ឋភាពមួយដ៏គួរឱ្យអស្ចារ្យខ្លាំងណាស់។

    កំពែងប្រាសាទថ្មដ៏សែនស្អាតទំហំធំបំផុតរបស់ប្រទេស ឆ្លងកាត់ភ្លៀងខ្យល់មក 400 ឆ្នាំហើយ ចាប់តាំងពីក្លាយជាប្រាសាទរហោស្ថានដ៏មានមន្តស្នេហ៍ទាក់ទាញដួងចិត្តអ្នកទេសចរមក នៅទីនោះមានអ្វីម្យ៉ាងដែលស្ថិតនៅក្រៅពីការយល់ឃើញរបស់មនុស្ស។ Machu Pichu ពិតប្រាកដស្ថិតនៅឯប្រទេសប៉េរូ តែ Machu Pichu របស់ជប៉ុនស្ថិតនៅក្នុងខេត្ត ហៀវកុ។ យើងនឹងបានឃើញ “ប្រាសាទនៃផ្ទៃមេឃ” នេះផុសឡើងកណ្តាលក្រុមដុំពពក ដោយមានភាពខុសប្លែកពីគ្នាខ្លាំងណាស់រវាងពេលព្រឹក និងពេលល្ងាច។ ពេលព្រឹកព្រលឹមក្នុងខែកញ្ញា ដល់វិច្ឆិកាដែលមានដុំអ័ព្ទក្រាស់ៗបង្ហាញខ្លួនឡើងយ៉ាងងាយៗនោះ គឺជាអំឡុងពេលដែលល្អបំផុត រឹតតែជាពេលវេលាមុនព្រះអាទិត្យរះឡើងផងនោះ យើងនឹងបានឃើញផ្ទាំងទស្សនីយភាពនៃសមុទ្រអ័ព្ទពណ៌សក្បុស ជាមួយនឹងពិភពលោកពណ៌ផ្ទៃមេឃក្នុងពន្លឺព្រាលៗ ដែលនឹងធ្វើឱ្យបេះដូងយើងរំភើបញាប់ញ័រមិនខាន។

    2 . សមុទ្រអ័ព្ទប្តូរអារម្មណ៍ ផ្ទាំងទស្សនីយភាពដែលត្រូវតែឃើញឱ្យបានម្តងក្នុងមួយជីវិត

    “រានហាលសមុទ្រអ័ព្ទ” សាងឡើងនៅលើកំពូលភ្នំដែលមានកម្រិតកម្ពស់លើនីវ៉ូទឹកសមុទ្រ 1,088 ម៉ែត្រ ស្ថិតនៅក្នុង H oshino Resort Tomamu ជាទីកន្លែងដ៏វិសេសក្នុងការបាននែបនិត្យជាមួយដុំពពកដែលអណ្តែតមកចំពីមុខក្នុងចម្ងាយដែលឈោងដៃចាប់បាន។ យើងអាចជួបនឹងទស្សនីយភាពនេះបានក្នុងអំឡុងពេលមានកំណត់មួយ គឺចាប់តាំងពីឧសភា ដល់ខែតុលា និងចំពោះតែពេលព្រឹកព្រលឹម និងមានភាពអាចទៅរួចត្រឹមតែ 3 – 5% ប៉ុណ្ណោះក្នុងការបានរំភើបញាប់ញ័រផ្សងព្រេងទៅជាមួយនឹងអ្វីដែលយើងមិនអាចឃើញបានដោយងាយៗនោះ។

    មានអ្នកទេសចរធ្វើដំណើរមកទស្សនាភាពស្រស់ស្អាតនៅឯ “រានហាលសមុទ្រអ័ព្ទ” នេះ 7 សែននាក់សម្រាប់រដូវកាលទស្សនាសមុទ្រអ័ព្ទឆ្នាំនេះ។

    3 . នែបនិត្យជាមួយខ្យល់ដង្ហើមនៃធម្មជាតិលើទួលជណ្តើរថ្ម និងដើមស្រល់ធំៗអាយុរាប់រយឆ្នាំ

    Kumano Kodou ដែលយើងនឹងបាននែបនិត្យជាមួយនឹងបរិយាកាសដ៏អាថ៌កំបាំងមួយនេះគឺជាដំណើរផ្លូវស្វែងរកធម៌ដែលតភ្ជាប់ព្រះវិហារ 3 គឺព្រះវិហារ ឃូម៉ាណុ ណាជិថៃឆៈ ព្រះវិហារ ឃូម៉ាណុ ហាយ៉ៈថាម៉ៈថៃឆៈ និងព្រះវិហារ ឃូម៉ាណុ ហុនគូថៃឆៈ។

    ដោយត្រូវបានប្រសិទ្ធនាមឱ្យថា “ឃូម៉ាណុ សាំងហ្សាន់”( Kumano sanzan ) ខ្សែផ្លូវនៃជំនឿដែលបានទទួលការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនេះ មានដើមស្រល់ធំៗអាយុរាប់រយឆ្នាំចាក់ឬសយ៉ាងជ្រៅនៅលើដែនដីស័ក្តិសិទ្ធិដុះរៀងតាមសងខាងផ្លូវ។

    បរិយាកាសប្រៀបដូចជាត្រូវបានកាត់ផ្តាច់ចេញពីពិភពលោក ទីនេះជាខ្សែផ្លូវដែលមនុស្សម្នាក្នុងយុគសម័យ ហេអាន់ នាំគ្នាដើរឡើងទួលជណ្តើរថ្មដែលហាក់ដូចជាបានឆ្លងកាលវេលាជានិរន្តរ៍។ បើទៅទីនោះ នឹងកើតមានអារម្មណ៍របស់មនុស្សដែលមានសទ្ធា និងជំនឿក្នុងការដើរលើខ្សែផ្លូវនេះ។

    ក្នុងអំឡុងពេលឈានជើងដើរទៅតាមខ្សែផ្លូវនេះម្តងមួយជំហាន ម្តងមួយជំហាន យើងនឹងបានដឹងពីខ្យល់ដង្ហើមរបស់ធម្មជាតិកណ្តាលធាតុអាកាសបរិសុទ្ធ និងក្លិនក្រអូបរបស់ដើមឈើ ដែលនឹងធ្វើឱ្យបេះដូងស្ងប់ស្ងាត់ និងហាក់បានបញ្ចូលថាមពលថ្មីៗ៕

  • ប្រភពវីតាមីន C ធម្មជាតិសម្រាប់កូនសម្លាញ់

    ប្រភពវីតាមីន C ធម្មជាតិសម្រាប់កូនសម្លាញ់

    ក្មេងៗឧស្សាហ៍ផ្តាសាយញឹកញាប់ណាស់ ជាពិសេសក្នុងវ័យមត្តេយ្យ ព្រោះមេរោគផ្តាសាយអាចផ្សព្វផ្សាយបានឆាប់រហ័សនៅក្នុងខ្យល់អាកាស ក្មេងៗដែលកើតផ្តាសាយគួរតែផ្អាករៀនសិន រហូតទាល់តែជាដាច់។ លោកឪពុកអ្នកម្តាយជាច្រើនជ្រើសរើសឱ្យកូនញ៉ាំវីតាមីន C បន្ថែម ដែលបច្ចុប្បន្នគេមើលឃើញថាមានដាក់លក់យ៉ាងច្រើន ទាំងប្រភេទគ្រាប់ និងប្រភេទទឹកស៊ីរ៉ូ តែលោកឪពុកអ្នកម្តាយដឹងទេថា ប្រភពវិតាមីន C កម្រិតកំពូលនោះ ការពិតចេញមកពីបន្លែ និងផ្លែឈើ ដែលមានគុណតម្លៃខ្លាំងជាងវីតាមីន C បន្ថែមទៅទៀត និងលោកឪពុកអ្នកម្តាយក៏អាចរកទិញមកឱ្យកូនតូចញ៉ាំបានយ៉ាងងាយៗផងដែរ។

    វីតាមីន C គឺអ្វី?

    “វីតាមីន C” ឬអាស្ក័រប៊ិក អាស៊ីដ(Ascorbic Acid )ជាវីតាមីនប្រភេទរលាយក្នុងទឹក។ វីតាមីន C មានប្រយោជន៍ច្រើនណាស់ ដូចជា ប្រើព្យាបាល និងការពាររោគស្លន់ស្លោ និងវីតាមីន C ថែមទាំងជាសារធាតុប្រឆាំងអនុមូលឥស្សរៈ ឬ Antioxidant មានឫទ្ធិប្រឆាំងអនុមូលឥស្សរៈដែលកើតនៅក្នុងរាងកាយ។ ក្រៅពីនេះវីតាមីន C នៅមានចំណែកជួយក្នុងការជួសជុល និងការរីកចម្រើនធំធាត់របស់សាចភ្នាសក្នុងរាងកាយ ជួយឱ្យរបួស ដំបៅកាន់តែឆាប់ជាឡើងទៀតផង តែប្រយោជន៍របស់វីតាមីនដែលគេនាំគ្នានិយាយដល់នោះគឺ ការពារជំងឺគ្រុនផ្តាសាយ។

    ប្រភពវីតាមីន C ធម្មជាតិសម្រាប់កូនសម្លាញ់

    អ្នកម្តាយអាចរៀបចំរកមុខម្ហូប ឬបន្លែផ្លែឈើដែលមានវីតាមីន C សម្រាប់កូនសម្លាញ់បានតាមអំឡុងវ័យ ដោយសង្កត់ធ្ងន់លើ វីតាមីនពីធម្មជាតិដែលមានដូចខាងក្រោមនេះ(ប្រៀបធៀបលើទម្ងន់ 100 ក្រាម មានវីតាមីន C ជាមធ្យម)។

    1 . ផ្លែត្របែក មានវីតាមីន C 200 មីល្លីក្រាម

    2 . ម្នាស់ 1 ដុំធំ មានវីតាមីន C 20 – 30 មីល្លីីក្រាម

    3 . ផ្កាខាត់ណា មានវីតាមីន C 49 មីល្លីក្រាម

    4 . ប្រូខូលី មានវីតាមីន C 67 មីល្លីក្រាម

    5 . ទឹកផ្លែក្រូចឆ្មារ 1 កែវ មានវីតាមីន C 34 មីល្លីក្រាម

    6 . ទឹកក្រូចពោធិ៍សាត់ 1 កែវ មានវីតាមីន C 64 មីល្លីក្រាម

    7 . ស្ពៃក្តោប មានវីតាមីន C 49 មីល្លីក្រាម

    8 . ចេកប្រភេទផ្សេងៗ 1 ផ្លែ មានវីតាមីន C 8,5 មីល្លីក្រាម

    9 . ម្ទេសប្លោក 1 ផ្លែ មានវីតាមីន C 120 មីល្លីក្រាម

    10 . ផ្លែស្រ្តប៊ើរី មានវីតាមីន C 77 មីល្លីក្រាម

    11 . ផ្លែប៉េងប៉ោះ មានវីតាមីន C 21,3 មីល្លីក្រាម

    12 . ល្ហុងទុំ មានវីតាមីន C 60 មីល្លីក្រាម

    វីតាមីន C ដែលមានសុវត្ថិភាព និងល្អសម្រាប់ក្មេងតូច គួរតែជាវីតាមីនដែលបានពីធម្មជាតិ(បន្លែផ្លែឈើ)ច្រើនជាង និងបរិមាណមិនច្រើនលើសភាពចាំបាច់របស់រាងកាយ តែយ៉ាងណាក៏ដោយបើកូនសម្លាញ់កើតជំងឺគ្រុនផ្តាសាយ គួរតែបានទទួលការពិនិត្យវិនិច្ឆ័យពីវេជ្ជបណ្ឌិតជំនាញខាងជំងឺកុមារ៕

  • ក្រុមហ៊ុនជប៉ុនលក់ដុំថ្មដែល​រើស​ពី​ផ្លូវ​ដែក​ ដើម្បីបញ្ចៀសការក្ស័យធន ព្រោះតែជួបការលំបាកក្នុងសម័យ​COVID-19

    ក្រុមហ៊ុនជប៉ុនលក់ដុំថ្មដែល​រើស​ពី​ផ្លូវ​ដែក​ ដើម្បីបញ្ចៀសការក្ស័យធន ព្រោះតែជួបការលំបាកក្នុងសម័យ​COVID-19

    ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែកនៅក្នុងខេត្ត Chiba កំពុងតែប្រឹងប្រែងបញ្ចៀសការខាតបង់ក្នុងសម័យCOVID-19 ដោយការលក់ដុំថ្មដែលរើសពីផ្លូវដែកដែលពួកគេកំពុងគ្រប់គ្រង។

    ត្រូវបានបង្កើតឡើងកាលពីឆ្នាំ1923 ក្រុមហ៊ុន Choshi Electric Railway នៅខេត្ត Chiba ប្រទេសជប៉ុន បានឆ្លងកាត់ការលំបាកជាច្រើនលើកក្នុងប្រវត្តិ97ឆ្នាំរបស់ក្រុមហ៊ុន។ ប៉ុន្តែកន្លងមក ពុំដែលមានស្ថានការណ៍ណាមួយដែលមានសភាពធ្ងន់ធ្ងរដូចពេលនេះឡើយ នៅក្នុងគ្រាដែលវិស័យទេសចរណ៍ត្រូវធ្លាក់ចុះយ៉ាងជ្រៅព្រោះតែឥទ្ធិពលរបស់COVID-19។

    គណៈគ្រប់គ្រងផ្លូវដែកបានលើកឡើងអំពីវិធីនានាដើម្បីបង្កើតចំណូល ក្នុងនោះគំនិតមួយស្ដីអំពីការលក់ដុំថ្មដែលវេចខ្ចប់ក្នុងប្រអប់នៅលើ Youtube កំពុងតែបង្ហាញអំពីកម្លាំងទាកទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លានាបច្ចុប្បន្ន។

    ឆាណែល Youtube របស់ក្រុមហ៊ុន Choshi Electric ត្រូវបានបង្កើតឡើងកាលពីជាង4ឆ្នាំមុន ហើយបច្ចុប្បន្ន កំពុងបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមមួយនេះ។ ក្រុមទទួលខុសត្រូវផ្នែកខ្លឹមសារ បានបង្កើតវីដេអូកំប្លែងជាច្រើន ដែលមានចំណងជើងប្លែកៗ ដូចជា “នៅមុនពេលក្ស័យធន” ឬ “ស្ថានភាពជាក់ស្ដែងនៃក្រុមហ៊ុនក្ស័យធន” ជាដើម ដែលនេះបានទាក់ទាញទស្សនិកជនរាប់ពាន់នាក់ចូលទស្សនា។

    ក្រុមហ៊ុនជប៉ុនលក់ដុំថ្មដែល​រើស​ពី​ផ្លូវ​ដែក​ ដើម្បីបញ្ចៀសការក្ស័យធន ព្រោះតែជួបការលំបាកក្នុងសម័យ​COVID-19
    ក្រុមហ៊ុនជប៉ុនលក់ដុំថ្មដែល​រើស​ពី​ផ្លូវ​ដែក​ ដើម្បីបញ្ចៀសការក្ស័យធន ព្រោះតែជួបការលំបាកក្នុងសម័យ​COVID-19

    ផលិតផលដែលត្រូវបានឧទ្ទេសនាមនៅក្នុងវីដេអូកាលពីពេលថ្មីៗនេះ នោះគឺដុំថ្មនៅលើផ្លូវដែកដែលត្រូវបានគេវេចខ្ចប់យ៉ាងស្អាត។ បុគ្គលិករបស់ក្រុមហ៊ុន បានឱ្យដឹងថា ដុំថ្មទាំងនេះមានប្រយោជន៍ច្រើនសម្រាប់អតិថិជន ដូចជា អាចសង្កត់ក្រដាសមិនឱ្យប៉ើងពេលកំពុងធ្វើការនៅកន្លែងដែលមានខ្យល់ អាចធ្វើជាវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកដែលចូលវិស័យផ្លូវដែក ហើយវាក៏អាចយកមកប្រើប្រាស់សម្រាប់ទប់ទល់នឹងចោរផងដែរ។

    ក្រុមហ៊ុនជប៉ុនលក់ដុំថ្មដែល​រើស​ពី​ផ្លូវ​ដែក​ ដើម្បីបញ្ចៀសការក្ស័យធន ព្រោះតែជួបការលំបាកក្នុងសម័យ​COVID-19
    ក្រុមហ៊ុនជប៉ុនលក់ដុំថ្មដែល​រើស​ពី​ផ្លូវ​ដែក​ ដើម្បីបញ្ចៀសការក្ស័យធន ព្រោះតែជួបការលំបាកក្នុងសម័យ​COVID-19

    ការឃោសនាផ្សាយផលិតផលរបស់បុគ្គលិក បានបង្កើតជាសម្លេងសើចយ៉ាងសប្បាយសម្រាប់អ្នកកំពុងទស្សនា។ ប៉ុន្តែ ខាងក្រុមហ៊ុនបាននិយាយថា នេះមិនមែនជារឿងកំប្លែងឡើយ។ ផលិតផលជាដុំថ្មទាំងនេះ ពិតជាមាននៅលើហាងអនឡាញ Choshi Electric Railway ដោយវាមានតម្លៃ1,650យេន (15.5ដុល្លារអាមេរិក) ក្នុងមួយប្រអប់ ហើយវាបានក្លាយជាផលិតផលដែលត្រូវបានលក់ដាច់បំផុតរបស់ក្រុមហ៊ុននេះ។

    ក្រុមហ៊ុនជប៉ុនលក់ដុំថ្មដែល​រើស​ពី​ផ្លូវ​ដែក​ ដើម្បីបញ្ចៀសការក្ស័យធន ព្រោះតែជួបការលំបាកក្នុងសម័យ​COVID-19ភាគីខាងក្រុមហ៊ុនបានឱ្យដឹងថា ផលិតផលជាដុំថ្មនេះត្រូវបានរើសពីផ្លូវដែកដែលក្រុមហ៊ុននេះកំពុងគ្រប់គ្រង។ ពួកវាត្រូវបានលាង និងសម្អាតមេរោគយ៉ាងត្រឹមត្រូវ មុននឹងវេចខ្ចប់យ៉ាងស្រស់ស្អាត។ ទំហំនៃប្រអប់ផលិតផល នឹងអាស្រ័យទៅលើទំហំ និងបរិមាណនៃដុំថ្ម។

    ក្រុមហ៊ុនខាងលើនេះក៏មានលក់វត្ថុអនុស្សាវរីយ៍សម្រាប់អ្នកដែលមានចំណូលចិត្តខាងវិស័យរថភ្លើងផងដែរ ក្នុងនោះមានដូចជា កៅអីសម្រាប់អង្គុយក្នុងរថភ្លើង និងដែកគោលសម្រាប់ប្រើក្នុងវិស័យផ្លូវដែកជាដើម។ ប៉ុន្តែ ផលិតផលដុំថ្មដាក់ប្រអប់កំពុងទទួលបានការបញ្ជាទិញច្រើនជាងគេបង្អស់។

    ក្រុមហ៊ុនជប៉ុនលក់ដុំថ្មដែល​រើស​ពី​ផ្លូវ​ដែក​ ដើម្បីបញ្ចៀសការក្ស័យធន ព្រោះតែជួបការលំបាកក្នុងសម័យ​COVID-19គំនិតជំនួញខាងលើនេះ ស្ដាប់ទៅ វាហាក់ដូចជារឿងកំប្លែង ប៉ុន្តែវាមិនមែនជារឿងឆ្កួតឡប់នោះឡើយ។ មុននេះ អ្នកជំនួញម្នាក់នៅសហរដ្ឋអាមេរិក ឈ្មោះ Gary Ross Dahl (បានស្លាប់កាលពីឆ្នាំ2015) ក៏ធ្លាប់រកបានប្រាក់រាប់លានដុល្លារនៅពេលបង្កើតបាននិន្នាការចិញ្ចឹមសត្វជាដុំថ្មកាលពីទសវត្សរ៍ទី70 ។ គំនិតចិញ្ចឹមសត្វជាដុំថ្មនេះ ក៏បានធ្វើឱ្យមានចំណាប់អារម្មណ៍នៅទូទាំងពិភពលោកផងដែរ៕

    ប្រភព៖ ODC

  • កីឡាករជម្រើសជាតិបង់ក្លាដែស ស្ទើរតែទាំងអស់ ត្រូវបានរកឃើញថា មានផ្ទុកកូវីដ-19

    កីឡាករជម្រើសជាតិបង់ក្លាដែស ស្ទើរតែទាំងអស់ ត្រូវបានរកឃើញថា មានផ្ទុកកូវីដ-19

    សហព័ន្ធ​កីឡាបាល់ទាត់​របស់​ប្រទេស​បង់​ក្លា​ដែ​ស បានធ្វើការ​ប្រមូលផ្តុំ​ក្រុម​កីឡាករ​ជម្រើសជាតិ​របស់ខ្លួន​រួចហើយ កាលពី​ថ្ងៃទី7 ខែសីហា កន្លងទៅ ដោយបាន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​កីឡាករ ដែល​ត្រូវបាន​កោះហៅ ហើយ​ជា​លទ្ធផល មាន​កីឡាករ 18នាក់ និង​មន្ត្រី​មើល​ការខុសត្រូវ​ម្នាក់ មាន​ផ្ទុកមេរោគ​កូ​វីដ-19។

    ជាក់ស្តែង​ការពិនិត្យ​សុខភាព​លើកដំបូង​កាលពី​ថ្ងៃទី5 ខែសីហា ត្រូវបាន​រកឃើញថា កីឡាករ​ចំនួន 11នាក់ មាន​ផ្ទុកមេរោគ​កូ​វីដ-19 ខណៈដែល​ថ្ងៃទី7 ខែសីហា បាន​រកឃើញ​ចំនួន 8នាក់​ទៀត ក្នុងនោះ​ម្នាក់​ជា​មន្ត្រី​ដឹកនាំ​ក្រុម។ ចំពោះ​អ្នក​ដែល​ផ្ទុកមេរោគ​កូ​វីដ-19 ទាំង 19រូបនេះ កំពុងតែ​ត្រូវបាន​ដាក់​ឱ្យនៅ​ដាច់ដោយឡែក ហើយនឹង​ធ្វើតេស្ត​ម្តងទៀត​នាពេល​ល្ងាច​ថ្ងៃនេះ រួច​ហើយនឹង​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​បន្តទៀត។

    ទោះបីជា​បែបនេះ​ក្ដី សហព័ន្ធ​កីឡាបាល់ទាត់​បង់​ក្លា​ដែ​ស បាន​សង្កត់ធ្ងន់​លើ​សកម្មភាព​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​របស់ខ្លួន ដោយ​នឹងត្រូវ​អនុវត្តតាម​ការ​គ្រោងទុក សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ឆ្នាំ2022 ដោយ​ប្រទេស​បង់​ក្លា​ដែ​ស គ្រោង​នឹង​បន្តធ្វើ​យុទ្ធនា​ការប្រកួត​ក្នុង​ពូ​ល E របស់ខ្លួន​នៅ​ខែតុលា។ ក្រុម​របស់លោក Jamie Day នឹងត្រូវ​ជួប​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ថ្ងៃទី8 ខែតុលា បន្ទាប់​មកជួប កាតា (13តុលា) ឥណ្ឌា (12វិច្ឆិកា) និង​ចុងក្រោយ​អូ​ម៉​ង់ (17វិច្ឆិកា)៕

  • វិធីសម្អាតផ្ទះឱ្យបានស្អាតជានិច្ច

    វិធីសម្អាតផ្ទះឱ្យបានស្អាតជានិច្ច

    លេខនេះយើងសូមនាំមិត្តអ្នកអានមកធ្វើការបោសជូតសម្អាតផ្ទះ តាមវិធីសម្អាតដែលត្រឹមត្រូវតាមក្បួនម្តង ។ មិត្តអ្នកអានប្រហែលជានឹកឆ្ងល់ហើយមែនទេថា គ្រាន់តែបោសជូតសម្អាតផ្ទះក៏ចាំបាច់ត្រូវមានក្បួន និងវិធីដែរឬ? ដូច្នេះយើងនាំគ្នាមកមើលចម្លើយខាងក្រោមនេះទាំងអស់គ្នាវិញល្អជាង ។

    ចាប់ផ្តើមពីបង្អួចជាមុន : វិធីដែលងាយ និងសន្សំសំចៃបំផុតនោះគឺ ការប្រើក្រដាស់កាសែតជ្រលក់ទឹកសើមៗហើយជូត តែបើអ្នកណាមិនចូលចិត្តក្លិនទឹកខ្មៅនៅលើក្រដាស់កាសែតនោះ អាចប្រើទឹក 1ភាគ លាយជាមួយទឹកសាជូរ 2 ភាគហើយយកក្រណាត់ស្អាតមកជ្រលក់ជូតខាត់បរិវេណកញ្ចក់ក៏បាន តែ​ប៉ុណ្ណឹងកញ្ចក់បង្អួចនឹងឡើងថ្មីដូចដើមមិនខាន ។

    ជញ្ជាំងបន្ទប់ដែលបិទក្រដាស់ Wall Paper: បើសឹនជាមានប្រឡាក់ស្នាមខ្លាញ់ ឬប្រេង ចូរប្រើម្សៅហុយលាយ​ជាមួយទឹកថ្នាំលាងសម្អាតផ្ទះ រួចយកទៅបៀកប៉ាតនៅត្រង់កន្លែងដែលប្រឡាក់នោះ ទុកចោលរហូតស្ងួត សឹមយកក្រណាត់ស្ងួតមកជូត ស្នាមប្រឡាក់ទាំងនោះនឹងរបូតជ្រុះចេញមកអស់មិនខាន តែក្រដាស់វ៉លផេភើរ៍ខ្លះត្រូវប្រើទឹកថ្នាំលាងសម្អាតពិសេសរបស់វា ដូច្នេះគួរសួរនាំអ្នកលក់ជាមុនសឹន ។

    កំរាលក្តាឈើ ឡាមីណេត : កំរាលក្តាឈើឡាមីណេតមិនសូវមានបញ្ហារឿងការសម្អាតប៉ុន្មានឡើយ គ្រាន់តែប្រើក្រណាត់ជ្រលក់ទឹកសាប៊ូជូតផ្ទះមកជូតសម្អាតមួយអាទឹត្យម្តងបានហើយ តែបើមានប្រឡាក់សារធាតុគីមីផ្សេងៗ ចូរយកក្រណាត់ស្អាតជ្រលក់ធិននើរ៍ ឬប្រេងស្រល់មកជូតលើស្នាមប្រឡាក់នោះ ហើយយកក្រណាត់ជ្រលក់ទឹកសាប៊ូជូតផ្ទះមកជូតសម្អាតម្តងទៀត ។

    តុ ទូ ​កៅអី ធ្វើពីឈើ : ស្នាមប្រឡាក់ខ្លាញ់នៅលើតុ ទូ កៅអីអាចជូតសម្អាតឱ្យស្អាតបានដោយប្រើក្រណាត់ជ្រលក់ទឹកសាជូរ 2 ស្លាបព្រាបាយ លាយជាមួយទឹក 1 ស្លាបព្រាបាយយកមកជូតលើកន្លែងប្រឡាក់ជាការស្រេច ។ បើសឹនមាន​ស្នាម​​ឆ្កូត ចូរប្រើក្រណាត់ស្អាតជ្រលក់ទឹកថ្នាំប៉ូលាដុសខាត់រហូតស្នាមឆ្កូតទាំងនោះរលុបអស់ រួចគួរលាបប្រេងរលោងពីលើដើម្បីថែទាំសាច់ឈើផង ។

    ការ៉ូកំរាលឥដ្ឋ – ជញ្ជាំង : ភាគច្រើនស្នាមក្អែលកខ្វក់ និងស្លែខ្មៅច្រើនតែកើតឡើងនៅក្នុងបន្ទប់ទឹកដែលសើមអាប់ការលាងសម្អាតគួរធ្វើឡើងដោយប្រើទឹកថ្នាំសម្អាតស្លែខ្មៅ ទុកចោលមួយស្របក់ រួចហើយយកច្រាស់ដុសចេញឱ្យស្អាត ។ ក្រៅពីនេះគួរការពារការកើតកំអែលស្លែខ្មៅដោយការបំពាក់ប្រដាប់បឺតខ្យល់ ឬដាក់ឥដ្ឋខ្យល់ដើម្បីឱ្យមានពន្លឺ និងមានខ្យល់​អាកាសចេញចូលល្អ ។

    កំរាលបេតុង : កំរាលស៊ីម៉ង់ត៍បេតុងងាយនឹងកើតស្លែជាទីបំផុត ដូច្នេះត្រូវតែឧស្សាហ៍ដុសសម្អាត និងមើលថែទាំឱ្យស្ងួតជានិច្ច ។ នៅកន្លែងដែលកើតមានស្លែ ចូរបាញ់ទឹកថ្នាំកំចាត់ផ្សឹត និងស្លែពីលើ រួចទុកឱ្យស្ងួតប្រមាណជា ១០​ នាទី រួច សឹមលាង​ចេញ ។ បន្ទាប់ពីកំរាលបេតុងនោះស្ងួតល្អហើយ ចូរយកទឹកថ្នាំការពារកើតស្លែមកលាបពីលើ ទុកចោលប្រមាណជា ១​ – ២ ម៉ោង រួចសឹមលាបពីលើម្តងទៀត នឹងអាចជួយកែបញ្ហានេះបាន៕

  • កម្ពុជា ត្រៀមខ្លួនបានយ៉ាងល្អ ក្នុងដំណើរឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម2023

    កម្ពុជា ត្រៀមខ្លួនបានយ៉ាងល្អ ក្នុងដំណើរឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម2023

    ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី32 ឆ្នាំ2023 ដែល​ហៅ​កាត់ គ.ជ.ប.អ (CAMSOC) បាន​ថ្លែងថា ការ​ប្រារព្ធ​ពិធី​ប្រកាស​ពានរង្វាន់​ជូន​ជយលាភី​ស្លាក​សញ្ញា និមិត្តសញ្ញា​រូប​សត្វ​តំណាង និង​ការរាប់​ថយក្រោយ 1,000ថ្ងៃ ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី32 និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី12 ឆ្នាំ2023 គឺ​ស្ថិតនៅក្នុង​កម្មវិធី​ស៊ី​ហ្គេម2023 នេះដែរ ដែល​នេះ​ជាការ​បោះជំហាន​របស់​ក​ម្ពុ​ជា នៃ​ដំណាក់កាលនីមួយៗប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ដើម្បី​បំផុសស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ អង្គទូត​នៃ​បណ្តា​ប្រទេស​អាស៊ាន​ជា​សមាជិក​ស៊ី​ហ្គេម។

    ឯកឧត្តម​អគ្គលេខាធិការ បាន​បន្ថែមទៀតថា ពិធី​ដ៏​អធិកអធម ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ក៏​ជា​សារ​ដ៏​សំខាន់​មួយ ក្នុងការ​ចែករំលែក​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជាពិសេស​គឺ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​រាជធានី-ខេត្ត ឱ្យ​ត្រៀមខ្លួន​ក្នុងការ​ពង្រឹងសមត្ថភាព​គ្រប់គ្រង​ដឹកនាំ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ថា កម្ពុជា​កំពុង​បោះជំហាន​ទៅមុខ​ប្រកបដោយ​ទំនុកចិត្ត ស្វាហាប់​នៃ​ដំណាក់កាលនីមួយ។ «យើង​បាន​បំពេញ​កាតព្វកិច្ច ក្នុងនាម​ជា​ម្ចាស់ផ្ទះ ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវ ប្រកបដោយ​ភាពកក់ក្តៅ និង​សេចក្តីថ្លៃថ្នូរ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់មាន​ប្រសាសន៍ថា ក្នុងនាម​ជា​ម្ចាស់ផ្ទះ ធ្វើយ៉ាងណា​ឱ្យ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​នេះ ទទួលបាន​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​ទទួលបាន​ការកោតសរសើ​រ​ពី​អ្នកចូលរួម»។

    នៅ​ឆ្នាំ2021 កម្ពុ​ជាមាន​កម្មវិធី​ជាច្រើន​ទៀត ជាពិសេស គឺ​ការសម្ពោធ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​ក្នុងការ​បម្រើ​ដល់​ការប្រកួត​កីឡា​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់។ បើកាលណា​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​រួចរាល់ គឺអ្វីៗក៏​រួចរាល់​ដូចគ្នា​ផងដែរ ដែល​នេះ​គឺជា​គោលដៅ​ធំ​នៃ​ផែនការមេ ស៊ី​ហ្គេម2023៕

  • 10 វិធីចិញ្ចឹមកូនដ៏គួរឱ្យចាប់អារម្មណ៍ពីអ្នកម្តាយនៃប្រទេសនីមួយៗទូទាំងពិភពលោក

    10 វិធីចិញ្ចឹមកូនដ៏គួរឱ្យចាប់អារម្មណ៍ពីអ្នកម្តាយនៃប្រទេសនីមួយៗទូទាំងពិភពលោក

    ឪពុកម្តាយម្នាក់ៗសុទ្ធតែមានជំនឿក្នុងការចិញ្ចឹមមើលថែកូនខុសប្លែកពីគ្នា អាស្រ័យលើវប្បធម៌ប្រពៃណី បទពិសោធដែលពួកគេបានជួបប្រទះមក និងឪពុកម្តាយជាតិសាសន៍ផ្សេងគ្នា ភាសាផ្សេងគ្នា ក៏រឹតតែមានភាពខុសប្លែកពីគ្នាខ្លាំងទៅទៀត រហូតយើងគិតថា ការចិញ្ចឹមកូនរបស់មនុស្សក្នុងប្រទេសផ្សេងៗវាហាក់ដូចជាមើលទៅប្លែកចម្លែកក្នុងខ្សែភ្នែករបស់យើងខ្លាំងណាស់។ ថ្ងៃនេះ ឡា រ៉ែននឹងនាំលោកឪពុកអ្នកម្តាយទាំងអស់មកមើលពីភាពប្លែកចម្លែកទាំងនោះ…។

    1 . ឪពុកម្តាយជនជាតិ ម៉ូរីតានី ស្តោះទឹកមាត់ដាក់លើមុខកូន

    ជនកុលសម្ព័ន្ធ Wolof ក្នុងប្រទេសម៉ូរីតានីជឿថា ទឹកមាត់របស់ពួកគេអាចធ្វើឱ្យពាក្យសម្តីនៅដិតដាមនឹងខ្លួនក្មេងបាន ដូច្នេះពួកគេនឹងស្តោះទឹកមាត់ដាក់មុខទារកទើបនឹងកើត ដើម្បីឱ្យពរទាំងប៉ុន្មានរបស់ពួកគេនៅជាប់ដិតដាមជាមួយក្មេងរហូតទៅ ដោយស្រ្តីជាម្តាយនឹងស្តោះទឹកមាត់ចំពីលើមុខ និងឪពុកនឹងស្តោះទឹកមាត់នៅលើត្រចៀក រួចលាបទឹកមាត់របស់ពួកគេឱ្យសព្វនៅលើក្បាលរបស់កូន។

    2 . ជនជាតិន័រវេយ៍ ឱ្យកូនៗគេងលក់នៅក្រៅផ្ទះកណ្តាលធាតុអាកាសត្រជាក់ក្រោមសូន្យអង្សា

    វាជារឿងប្រក្រតីដែលប្រទេសក្នុងតំបន់ន័រឌិកតែងទុកឱ្យកូនតូចៗរបស់ពួកគេស្ថិតនៅក្នុងរទេះរុញនៅខាងក្រៅភោជនីយដ្ឋានទោះជាក្នុងអំឡុងរដូវរងាក៏ដោយ ខណៈដែលពួកគេអង្គុយញ៉ាំអាហារ និងភេសជ្ជៈក្តៅៗនៅក្នុងហាង។ នោះព្រោះតែពួកគេជឿថាការទុកឱ្យក្មេងៗបានប្រឈមនឹងភាពរងាញ័រញាក់នឹងជួយឱ្យរាងកាយរបស់ក្មេងៗរឹងមាំ គ្មានរោគភ័យមកបៀតបៀន។

    3 . ម្តាយជនជាតិគែនយ៉ាមិនសម្លឹងភ្នែកកូនៗរបស់ពួកគេទេ

    អ្នកម្តាយជនជាតិ Kisii ក្នុងប្រទេសគែនយ៉ាមានជំនឿមួយដែលហាក់ដូចជាប្លែកចម្លែកណាស់ ព្រោះទោះជាពួកគេចង់មានចំណែករួមគ្នា(ប្រឡែងលេង)ជាមួយកូនខ្លាំងប៉ុនណាក៏ដោយ តែក៏ពួកគេមិនសម្លឹងមើលភ្នែកកូនៗដែរ វាជាវិធីមួយដែលអ្នកម្តាយទាំងនោះបង្ហាត់ក្មេងមិនឱ្យចេះទាមទារចំណាប់អារម្មណ៍ពីម្តាយខ្លាំងជ្រុលពេកហ្នឹងឯង។

    4 . ឪពុកម្តាយជនជាតិវៀតណាមនឹងបង្ហាត់កូនឱ្យនោមដោយសំឡេង…

    គ្រប់ពេលដែលក្មេងៗជាតិវៀតណាមបញ្ចេញអាការថា ចង់នោម ម្តាយរបស់ក្មេងទាំងនោះនឹងជួយធ្វើជាសំឡេងឱ្យក្មេងៗឆាប់នោមចេញមក មានអារម្មណ៍ថា ស្រដៀងៗនឹងឪពុកម្តាយជាតិខ្មែរយើងដែរ ដោយបញ្ចេញសំឡេង “ស៊ូ…” បង្អូសវែងៗ គឺដើម្បីឱ្យក្មេងៗរៀនយល់ដឹងតាមរយៈសំឡេងនេះ និងអាចចេះចូលបន្ទប់ទឹកដោយខ្លួនឯងបាន។

    5 . ឪពុកម្តាយជនជាតិ ម៉ាយ៉ា ផ្ងូតទឹកទារកក្នុងទឹកត្រជាក់

    ក្មេងក្នុងវ័យហាត់ដើររបស់ជនជាតិម៉ាយ៉ាតែងតែបានទទួលភាពស្រស់ថ្លាដោយការងូតទឹកត្រជាក់ពីឪពុកម្តាយមុនពេលគេង។ ពួកគេធ្វើបែបនេះគឺដើម្បីនឹងការពារក្មេងៗពីកម្តៅរបស់ពន្លឺថ្ងៃ និងធ្វើឱ្យក្មេងៗមានសុខភាពរឹងមាំល្អ។

    6 . ក្មេងៗជនជាតិហ្វាំងឡង់ គេងក្នុងឡាំងក្រដាស់រឹងៗ

    ជាវប្បធម៌ពីបុរាណដែលធ្វើឱ្យអ្នកម្តាយជនជាតិហ្វាំងឡង់មួយចំនួននៅតែដាក់ឱ្យកូនគេងលក់នៅក្នុងឡាំងក្រដាស់ដែលប្រកបដោយពូកស្តើងៗ និងឧបករណ៍ផ្សេងៗ ដែលឡាំងក្រដាសមួយនេះអាចរាប់បានថាជា គ្រែដំបូងគេរបស់ទារកទើបនឹងកើត។

    7 . ក្មេងជប៉ុនញ៉ាំគ្រប់យ៉ាង តែមិនធាត់

    ឪពុកម្តាយជនជាតិជប៉ុន ឬនៅក្នុងកន្លែងលក់អាហាររបស់សាលារៀននឹងផ្តល់ភាពសំខាន់ទៅលើភោជនាហាររបស់ក្មេងក្នុងមួយពេលៗ ដោយការឱ្យញ៉ាំបន្លែផ្លែឈើជាចម្បង រួមទាំងអាហារដែលមានសារធាតុអាហារខ្ពស់ទៀតផង។ ទាំងអស់ហ្នឹងហើយ ជាហេតុផលមួយដែលយើងច្រើនតែមិនសូវបានឃើញក្មេងជប៉ុនធាត់ខ្លាំងដូចក្មេងក្នុងប្រទេសដទៃទៀតនោះ។

    8 . ក្មេងៗជនជាតិដាណឺម៉ាកនឹងព្យួរចន្តង់ដោះជ័រទុកនៅលើដើមឈើ

    ក្នុងប្រទេសដាណឺម៉ាក ពេលដែលក្មេងៗអាយុបានប្រមាណជា 3 ខួប ពួកគេនឹងត្រូវបញ្ឈប់ទង្វើការបៀមចន្តង់ដោះជ័រ ដោយឪពុកម្តាយនឹងឱ្យក្មេងៗយកចន្តង់ដោះជ័រទៅព្យួរទុកនៅលើមែកឈើនៃដើមឈើពិសេសសម្រាប់ក្មេងតូច ដើម្បីជាការលាគ្នាជាមួយរបស់លេងរបស់ពួកគេហ្នឹងឯង។

    9 . ក្មេងតូចជនជាតិអាល់បានី ជ្រើសរើសអនាគតរបស់ពួកគេតាំងពីនៅតេះតះ

    គឺជាផ្នែកមួយនៃវប្បធម៌ក្នុងប្រទេសអាល់បានី ដែលអ្នកម្តាយនឹងនាំយករបស់លេងប្រភេទផ្សេងៗជាច្រើនមកដាក់នៅពីមុខក្មេងតូចពេលដែលធ្មេញមួយគ្រាប់ដំបូងរបស់គេដុះឡើងមក ដោយរបស់លេងដំបូងគេដែលក្មេងតូចផ្តល់នូវចំណាប់អារម្មណ៍ នឹងប្រៀបដូចជាការទស្សន៍ទាយពីអាជីពនាពេលអនាគតរបស់ពួកគេដូច្នោះដែរ ដូចជា បើក្មេងជ្រើសរើសយកលុយ នោះអាចមានន័យពីការធំឡើង គេក្លាយនឹងជាប្រធានធនាគារ ជ្រើសរើសយកកាំបិតជ័រក្មេងលេងអាចមានន័យថា ធំឡើងនឹងក្លាយជាគ្រូពេទ្យវះកាត់ ជាដើម។ល។

    10 . ក្មេងថៃ និងក្មេងខ្មែរយើង នៅពេលធ្មេញទឹកដោះរបូតជ្រុះ ត្រូវយកទៅកប់ដី ឬបោះទៅលើដំបូលផ្ទះ

    ជឿថាមនុស្សជាច្រើនប្រហែលជាធ្លាប់ឆ្លងកាត់បទពិសោធបែបនេះរួចមកហើយ ដោយជំនឿរបស់មនុស្សចាស់ដែលជឿតគ្នាមកតាំងពីបុរាណគឺ នៅពេលក្មេងមានធ្មេញទឹកដោះរបូតជ្រុះ ហាមបោះចោលផ្តេសផ្តាស។ បើធ្មេញក្រោមរបូត ឱ្យបោះឡើងទៅលើដំបូលផ្ទះ បើធ្មេញលើជ្រុះ ឱ្យបោះចូលទៅក្រោមផ្ទះ ទាំងអស់នេះគឺដើម្បីឱ្យធ្មេញពិតប្រាកដដែលដុះចេញមកថ្មីនឹងមិនចំពើស ឬវៀច ឬឱ្យឆាប់ដុះលឿនឡើងហ្នឹងឯង៕

  • តារាទឹកភ្នែក នី មុន្នីនាថ មិនព្រួយខ្លាចជាន់ដានចាស់

    តារាទឹកភ្នែក នី មុន្នីនាថ មិនព្រួយខ្លាចជាន់ដានចាស់

    អស់ពេលជាយូរដែល នី មុន្នីនាថ ព្យាយាមគេចពីការចោទសួររបស់អ្នកសារព័ត៌មាន ពិសេសរឿងរ៉ាវអតីតកាលប្តឹងផ្តល់ជាមួយអតីតគូស្នេហ៍ឡើងដល់តុលាការនោះ។ ថ្មីៗនេះស្រាប់តែតារាសម្ដែងដែលធ្លាប់ច្បាមភាពលេចធ្លោក្នុង ភាពយន្ត និងវីដេអូខារ៉ាអូខេដែលទស្សនិកជនស្គាល់ជាតារាសម្ដែងទឹកភ្នែក បើកទម្លាយរឿងរ៉ាវគូស្នេហ៍ថ្មី ដែលជាអណិកជនអូស្ត្រាលី ទាក់ទងគ្នាអស់រយៈ2ឆ្នាំមកនេះ។

    តារាទឹកភ្នែកសម្បុរស្រអែមរូបនេះ បានប្រកាសថា ខ្លួនមានទំនាក់ទំនងស្នេហាថ្មីនេះ ដោយមិនព្រួយបារម្ភរឿងជាន់ដានស្នេហាចាស់នោះទេ នាងអះអាងថា នេះប្រហែលជានិស្ស័យច្រើនជាង។ នាងថា ចាស់ទុំទាំងសងខាងបានទទួលស្គាល់ដឹងឮរឿងរបស់នាងហើយ តែយ៉ាងណាក៏ដោយ ក៏នាងមិនហ៊ានរំលងប្រពៃណីខ្មែរផងដែរ។ ពោលគឺ ទោះជាយ៉ាងណាក៏ដោយ ត្រូវសំពះផ្ទឹមរៀបមង្គលការតាមប្រពៃណីខ្មែរយើង។

    បុរសជាគូគាប់ បានឆក់យកចិត្ត នី មុនី្ននាថ មានមុខមាត់ស្រទន់ ហើយជាអ្នកជំនួញពូកែរកស៊ី មានវ័យប្រហែលសាមក្រាស់។ ក្រៅពីស្រឡាញ់នាងហើយនោះ ថែមទាងបានបើកផ្លូវឱ្យនាង បម្រើអាជីពសិល្បៈតាមចិត្ត។ ដូចនេះហើយទើបច្រើនខែមកនេះ នាងបានទទួលយកការងារសម្តែងមកវិញដោយទទួលបានការថត រឿងជាច្រើនរវល់ពេញ១សប្តាហ៍ ៗ។ ក្រោយពីបានចូលមកព្យាបាលរបួសចាស់ បុរសជាគូស្នេហ៍ថ្មីរបស់នាង បានស្អំបេះដូងអស់រយៈពេលជាង 2ឆ្នាំមកហើយ និងគ្រោងរៀបអាពាហ៍ពិពាហ៍នាពេលឆាប់ៗនេះ។

    តារាស្រី នី មុន្នីនាថ ក្រៅពីគាប់ចិត្តជីវិតគូហើយ នាងបានបោះទុនទឹកប្រាក់រាប់ម៉ឺនដុល្លារឯណោះ ដើម្បីបើកហាងលក់ផលិតផលថែរក្សាសម្រស់។ ហើយនាងបាននិយាយថា នាងនឹងព្យាយាមពង្រីកវិសាលភាពមុខជំនួញឱ្យកាន់តែចម្រើនធំធាត់ បើទោះបីជាត្រូវរយាលពេលពីសិល្បៈមួយរយៈក៏ដោយ៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    61 . វិធីសម្អាតស្នាមកខ្វក់ដែលជាប់នៅលើឥដ្ឋការ៉ូបន្ទប់ទឹកអាចធ្វើបានដោយវិធីដូចតទៅ គឺ ជះទឹកទៅលើឥដ្ឋការ៉ូទាំងនោះឱ្យសព្វ ហើយយកអំបិលសម្លរោយនៅលើច្រាសខាត់បន្ទប់ទឹក ឬរោយលើក្រណាត់សើមក៏បាន រួចយកមកដុសខាត់លើឥដ្ឋការ៉ូទាំងនោះ កំណកកខ្វក់ៗទាំងនោះនឹងរបូតចេញអស់ ហើយការ៉ូបន្ទប់ទឹករបស់លោកអ្នកស្អាតភ្លឺរលោងយ៉ាងពេញចិត្ត។

    62 . វិធីបោកសម្អាតវាំងននដែលធ្វើពីក្រណាត់សិប្បនិមិត្តគឺ គួរតែបោកដោយដៃ តែមុននឹងបោកគួរបោសវាស​ៗធូលីដីឱ្យស្អាតជាមុនសិន បន្ទាប់ពីនោះចាក់ទឹកសាប៊ូបោកគក់នៅលើកន្លែងដែលមានស្នាមប្រឡាក់ ហើយជ្រលក់ចូលទៅក្នុងទឹកសាប៊ូបោកគក់ដែលលាយជាមួយទឹកក្តៅឧណ្ហៗ។ លុះមើលឃើញថាបោកបានស្អាតហើយ ចូរលើកឡើង តែកុំពូតឱ្យសោះ គួរលាហាលទាំងសើម ព្រោះនៅពេលស្ងួតទៅ យើងនឹងបានវាំងននដែលរាបស្អាត មិនញីញក់ហ្នឹងឯង។

    63 . វិធីសម្អាតភ្លុកដំរីតាំងលម្អក្នុងផ្ទះដែលមានកំណកធូលីដីប្រឡាក់ជាប់នោះគឺ យកមកដុសនឹងទឹកក្រូចឆ្មារជាមួយអំបិល ហើយលាងចេញដោយទឹកសាប៊ូ រួចយកភ្លុកដំរីនោះទៅដាក់កណ្តាលថ្ងៃទាំងនៅសើមទឹកសាប៊ូនោះ ទុកចោលប្រមាណជាកន្លះម៉ោង រួចសឹមលាងចេញដោយទឹកស្អាត នៅពេលស្ងួតហើយ ចូរខាត់ដោយកន្សែងពោះគោ នោះយើងនឹងបានភ្លុកដំរីតាំងលម្អក្នុងផ្ទះដែលភ្លឺស្អាតរលោងដូចដើមមិនខាន។

    64 . ភាជនៈ(ចានក្បានសម្រាប់អាហារ)ពណ៌សៗដែលប្រើប្រាស់យូរទៅមានស្នាមលឿងៗប្រឡាក់ជាប់ស្អិតនោះ យើងមានវិធីសម្អាតដូចតទៅ គឺយកប្រេងប៉ារ៉ាហ្វ៊ីនមកដុសសម្អាតលើស្នាមប្រឡាក់ពណ៌លឿងៗទាំងនោះ ព្រោះប្រេងប៉ារ៉ាហ្វ៊ីននឹងជួយជម្រះឱ្យភាជនៈទាំងនោះឡើងសវិញបាន។

    65 . វិធីសម្អាតស្នាមកំណកខ្មៅៗរបស់កាហ្វេនៅក្នុងឆ្នាំងឆុងកាហ្វេនោះគឺ យកសាប៊ូម្សៅបោកខោអាវ 1 ស្លាប​ព្រាបាយដាក់ចូលទៅក្នុងឆ្នាំងនោះ រួចដាក់ទឹកចូលឱ្យពេញឆ្នាំង ហើយត្រាំទុកចោលប្រមាណជា 1 ម៉ោងសឹមលាងសម្អាត។

    (នៅមានត)

  • CEO របស់​ Apple​ ក្លាយ​ជា​មហាសេដ្ឋី​ពិភពលោក

    CEO របស់​ Apple​ ក្លាយ​ជា​មហាសេដ្ឋី​ពិភពលោក

    ទ្រព្យ​សម្បត្តិ​របស់​ CEO នៃ​ក្រុមហ៊ុន​ Apple បាន​កើន​ឡើង​លើស​ពី​1​ពាន់​លាន​ដុល្លារ​​ នៅពេល​ដែល​តម្លៃ​ទុន​សរុប​របស់ Apple កើន​ឡើង​ជិត​ដល់​2លាន​លាន​ (2,000,000,000,000.00)ដុល្លារ​អាមេរិក នេះ​បើ​តាម​ការ​គណនា​របស់​ Bloomberg។

    បញ្ចប់​ការ​ជួញ​ដូរ​កាល​ពី​ម្សិល​មិញ (10​សីហា) មូលបត្រ​ Apple បាន​កើន​1.45​%។ កាល​ពី​សប្ដាហ៍​មុន កូដ​មូលបត្រ​នេះ​ក៏​បាន​កើន​5​%​ផងដែរ​។ រយៈ​ពេល​9​ឆ្នាំ​ ក្រោយ​ពី​លោក Steve Jobs បាន​ទុក​តំណែង​ CEO ឱ្យ​លោក Tim Cook តម្លៃ​ទុន​របស់​ Apple បាន​កើន​ឡើង​ដល់​ចំណុច​កំពូល​បំផុត​​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដោយ​មាន​ 1.93​លាន​លាន​ដុល្លារ​។ នៅពេល​លោក Steve Jobs ស្លាប់ តួលេខ​នេះ​មាន​ត្រឹម​តែ​350​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

    យោង​តាម​ការ​គណនា​របស់​ Bloomberg មក​ដល់​បច្ចុប្បន្ន​ ទ្រព្យ​សម្បត្តិ​របស់​លោក Tim Cook ក៏​បានកើន​ឡើង​ដល់​ជាង​1​ពាន់​លាន​ដុល្លារ​អាមេរិក​។ ឆ្នាំ​2015 CEO រូប​នេះ​ធ្លាប់​បាន​ប្រកាស​ថា នឹង​យក​ទ្រព្យ​មួយ​ចំនួន​ធំ​របស់​លោក​ទៅ​ធ្វើ​កិច្ច​ការ​មនុស្ស​ធម៌​។ គិត​មក​ដល់​ថ្ងៃ​នេះ លោក​ Tim Cook បាន​បរិច្ចាគ​ភាគ​ហ៊ុន​របស់​លោក​រាប់​លាន​ដុល្លារ​ដែល​មាន​នៅ​ក្នុង​ក្រុម​ហ៊ុន​ Apple។

    បច្ចុប្បន្ន លោក​ Tim Cook កាន់​កាប់​មូលបត្រ​​ជិត​850,000​ហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុ​ន​ Apple ដែល​តួលេខ​នេះ​ប្រហាក់​ប្រហែល​នឹង​ 0.02​% នៃ​ភាគ​ហ៊ុន​សរុប​របស់​ក្រុមនេះ និង​មាន​តម្លៃ​375ដុល្លារ​អាមេរិក​។ ក្រៅ​ពី​នេះ ទ្រព្យ​ដែល​បាន​មក​ពី​ការ​លក់​ភាគ​ហ៊ុន​ ភាគ​លាភ​ រួម​នឹង​ខ្ទង់ចំណូល​ដទៃ​ទៀត​​សរុប​ប្រមាណ​ជា​650​លាន​ដុល្លារ​។ ដូច្នេះ ទ្រព្យ​សរុប​របស់​លោក Tim Cook បច្ចុប្បន្ន​មាន​ចំនួន​1.025​ពាន់​លាន​ដុល្លារ​៕

    ប្រភព៖ Bloomberg