Category: សង្គម និងសេដ្ឋកិច្ច

  • ឆ្នាំមុន ក្រុមហ៊ុនបង្កើត TikTok រកប្រាក់ចំណូលបាន $17ពាន់លាន

    ឆ្នាំមុន ក្រុមហ៊ុនបង្កើត TikTok រកប្រាក់ចំណូលបាន $17ពាន់លាន

    ក្រុមហ៊ុនមេ ByteDance ដែល​បង្កើត​កម្មវិធី TikTok អាច​រកប្រាក់​ចំណូល​បាន 17ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ2019 កន្លងទៅ។ ពោលគឺ វា​បានការ​កើនឡើង​ជាង 2ដង ធៀប​នឹង​ឆ្នាំ2018 ដែល​រក​បានតែ​ប្រមាណ​ជា 7.4ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ Bloomberg។

    សម្រាប់​ក្រុមហ៊ុនមេ ByteDance ការរកបាន​ប្រាក់ចំណូល​ដ៏​ច្រើន​មហាសាល​នេះ គឺ​ច្រើនជាង​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗនៅ​តំបន់ Silicon Valley របស់​អាមេរិក​ទៅទៀត ដូចជា Twitter រកប្រាក់​ចំណេញ​បាន 1.47ពាន់​លាន​ដុល្លារ និង Snapchat ឆ្នាំមុន​មិនអាច​រកប្រាក់​ចំណេញ​បានឡើយ មានតែ​ខាតបង់​ទៅវិញ។ ប្រជាប្រិយភាព​របស់ TikTok មាន​សម្ទុះ​កើនឡើង​ខ្លាំង ដែល​ការណ៍​នេះ គឺជា​ការគំរាមកំហែង​ដល់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​អាមេរិកធំៗ ដូចជា Facebook និង Twitter ជាដើម។

    ការផ្ទុះ​ជំងឺ​កូ​វីដ-19 បានធ្វើឱ្យ​អ្នកប្រើប្រាស់ TikTok កើន​រឹតតែ​ខ្លាំង​ឡើង ដែល​មល​ដល់ពេលនេះ មាន​អ្នក​ប្រើ​លើសពី 2ពាន់​លាន​នាក់​ទៅហើយ៕

  • Foxconn ត្រៀមផលិត iPhone 12 និងកំពុងរើសបុគ្គលិក ជាមួយប្រាក់លើកទឹកចិត្តជាង $1ពាន់

    Foxconn ត្រៀមផលិត iPhone 12 និងកំពុងរើសបុគ្គលិក ជាមួយប្រាក់លើកទឹកចិត្តជាង $1ពាន់

    ក្រុមហ៊ុន Foxconn គឺជា​ដៃគូ​ផលិត​ដ៏​ធំ​មួយ​របស់ Apple មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ចិន បានចាប់ផ្ដើម​ធ្វើការ​ជ្រើសរើស​បុគ្គលិក ដើម្បី​ជួយ​ដល់​ការដំឡើង iPhone 12 ។ លក្ខខណ្ឌ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ បើ​អ្នកដាក់ពាក្យ​ជាប់​ក្នុងការ​ជ្រើសរើស នឹងមាន​ផ្ដល់ជូន​ប្រាក់រង្វាន់​លើកទឹកចិត្ត រហូតដល់​ជិត 1,300ដុល្លារ។

    រោងចក្រ Foxconn គឺ​ត្រូវការ​កម្លាំង​មនុស្ស​ច្រើន ពេលដែល iPhone ជំនាន់​ថ្មី​ចាប់ផ្ដើម​ការផលិត​ទ្រង់ទ្រាយ​ធំ។ គេ​រំពឹងថា នៅក្នុង​ឆ្នាំនេះ Apple នឹង​ប្រកាស​ចេញ iPhone ថ្មី​រហូតដល់ 4ម៉ូ​ដែល ដែលមាន 2ប្រភេទ អេក្រង់​ទំហំ 6.1អ៊ី​ញ។ 1ប្រភេទ​អេក្រង់ 5.4អ៊ី​ញ និង 1ទៀត​អេក្រង់ 6.7អ៊ី​ញ។

    ជារឿយៗ ស្មា​ត​ហ្វូ​ន iPhone ថ្មី តែងតែ​ចាប់ផ្ដើម​បញ្ចេញ​លក់​នៅ​ចុងខែ​កញ្ញា ប៉ុន្តែ​កាលពីពេលថ្មីៗនេះ Apple បានឱ្យ​តម្រុយ​ថា ការបញ្ចេញ​លក់ iPhone នា​ឆ្នាំនេះ នឹង​យឺត​ជា​សព្វដង​ប្រមាណ​ជា 2ទៅ 3សប្ដាហ៍៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    66 . វិធីកម្ចាត់ស្នាមប្រឡាក់នៅលើកម្រាលតុឱ្យស្អាតឡើងវិញគឺ ចូររោយអំបិលនៅលើស្នាមប្រឡាក់ទាំងនោះ រួចស្រោចពីលើដោយទឹកក្តៅ ហើយយកទៅដាក់ត្រាំនៅក្នុងទឹកដោះគោឆៅដាំនៅលើភ្លើងតិចៗ រួចហើយសឹមនាំយកទៅបោកគក់សម្អាតត្រង់ស្នាមប្រឡាក់នោះ។

    67 . វិធីសម្អាតវាំងននផ្លាស្ទិក គួរបោកគក់សម្អាតដោយទឹកដែលលាយសាប៊ូតិចៗ ឬទឹកសាប៊ូលាយទឹកក្តៅឧណ្ហៗ រួចហើយយកទៅដាក់សំដឹលហាលឱ្យត្រូវខ្យល់ល្អជាងហាលឱ្យត្រូវថ្ងៃ ព្រោះវាមិនធ្វើឱ្យវាំងនននោះស្លេកពណ៌។

    68 . វិធីសម្អាតកញ្ចក់ឆ្លុះមុខឱ្យភ្លឺថ្លាឡើងវិញនោះគឺ យកថ្នាំដុសធ្មេញមកច្របាច់ដាក់លើកញ្ចក់ ហើយរកក្រណាត់ជ្រលក់ទឹកមកជូតខាត់ថ្នាំដុសធ្មេញដែលច្របាច់ទុកនៅលើកញ្ចក់នោះដោយត្រូវខាត់ឱ្យសព្វលើកញ្ចក់ រួចហើយយកក្រណាត់ស្ងួតជូតម្តងទៀត កញ្ចក់ឆ្លុះមុខដែលស្រអាប់មើលមិនច្បាស់នោះ នឹងភ្លឺថ្លាឡើងវិញភ្លាមតែម្តង។

    69 . វិធីសម្អាតស្នាមប្រេងដែលស្រក់ប្រឡាក់នៅលើកម្រាលស៊ីម៉ង់ត៍ឱ្យស្អាតដូចដើមវិញនោះគឺ រកកម្ទេចផេះដែលនៅក្នុងចង្រ្កានធ្យូងមករោយនៅលើស្នាមប្រឡាក់ប្រេងលើកម្រាលស៊ីម៉ង់ត៍នោះឱ្យសព្វ ទុកចោលមួយសន្ទុះ រួចសឹមលាងចេញដោយទឹកឱ្យស្អាត ព្រោះកម្ទេចផេះនឹងបឺតស្នាមប្រេងទាំងនោះចេញទាល់តែអស់។

    70 . វិធីសម្អាតស្នាមប្រឡាក់ខ្មៅដៃ ឬស្នាមខ្មៅដៃពណ៌នៅលើក្រដាសបិទជញ្ជាំងវ៉លផេភើរ៍គឺ ចូរប្រើប្រដាប់ផ្លុំសក់មកផ្លុំដោយប្រើខ្យល់ក្តៅដាក់ត្រង់ស្នាមប្រឡាក់នោះ ហើយរកក្រណាត់កូតុងជ្រលក់ទឹកសាប៊ូ ពូតឱ្យនៅសើមតិចៗយកមកជូតដុសត្រង់ស្នាមប្រឡាក់នោះ ស្នាមប្រឡាក់ខ្មៅដៃពណ៌ទាំងនោះនឹងរលាយបាត់អស់មិនខាន។

    (នៅមានត)

  • ឱ្យកូនរៀនគូរគំនូរ មានប្រយោជន៍ចំពោះកូនយ៉ាងណាខ្លះ?

    ឱ្យកូនរៀនគូរគំនូរ មានប្រយោជន៍ចំពោះកូនយ៉ាងណាខ្លះ?

    ឪពុកម្តាយក្នុងសង្គមកម្ពុជាយើងមិនសូវជាមើលឃើញពីប្រយោជន៍នៃការបង្ហាត់កូន ឬឱ្យកូនរៀនចេះគូរូបគំនូរប៉ុន្មានឡើយ ដែលការពិតទៅការបង្ហាត់ ឬឱ្យកូនរៀនគូររូប ចេះផាត់ពណ៌ ឬឆ្លាក់រូបផ្សេងៗនោះមានប្រយោជន៍ចំពោះក្មេងខ្លាំងណាស់លើផ្នែកការគិតនឹកស្រមៃ អារម្មណ៍កម្សាន្ត និងការចេះសង្កេតមើលទៀតផង។ ថ្ងៃនេះ ឡារ៉ែនសូមលើកយកពីគុណប្រយោជន៍ល្អៗនៃការបង្ហាត់ និងការឱ្យកូនរៀនគូររូប មកជម្រាបជូនមិត្តអ្នកអានដែលជាអាណាព្យាបាល ឬឪពុកម្តាយដូចខាងក្រោម។

    1 . ធ្វើឱ្យកូនក្លាយជាក្មេងហ៊ានគិត ហ៊ាននឹកស្រមៃ

    វ័យកុមារជាវ័យដែលពេញហូរហៀរទៅដោយការគិតស្រមៃ។ ការចេះគូររូប និងផាត់ពណ៌នឹងជួយឱ្យកុមារបានហ្វឹកហាត់ការប្រើការគិតស្រមៃយ៉ាងឥស្សរៈ ដែលនឹងហុចផលធ្វើឱ្យកុមារក្លាយជាមនុស្សហ៊ានគិត ហ៊ានចាប់ផ្តើមនូវអ្វីថ្មីៗ ធ្វើឱ្យក្មេងបានសម្តែងចេញនូវអ្វីដែលគេបានគិត និងមានអារម្មណ៍ដឹង ជាពិសេសនៅលើក្មេងតូចនៅអាចទំនាក់ទំនងខាងតួអក្សរបានល្អ ​ដែលនឹងធ្វើឱ្យក្មេង​​ស្រឡាញ់ការធ្វើការងារ និងមានក្តីមោទនភាពលើខ្លួនឯង។

    2 . ជួយឱ្យចេះហ្វឹកហាត់សមាធិ(ចេះផ្ចង់អារម្មណ៍)

    នៅពេលការច្នៃបង្កើតការងារគូររូបគំនូរនីមួយៗរបស់កុមារចប់អស់ហើយ កុមារនឹងមានអារម្មណ៍ដឹងពីក្តីមោទនភាពចំពោះស្នាដៃរបស់គេខ្លាំងណាស់ ធ្វើឱ្យគេមានអារម្មណ៍ក្លៀវក្លាស្វាហាប់ក្នុងការសាងស្នាដៃថ្មីជាបន្តទៀត ជួយហ្វឹកហាត់ភាពប្រណីត និងសមាធិ ព្រោះក្នុងខណៈដែលក្មេងព្យាយាមគ្រប់គ្រងដៃខ្លួនឯងឱ្យអាចគូររូប ផាត់ពណ៌ ឬច្នៃប្រឌិតវត្ថុអ្វីមួយបានសម្រេចនោះ ពិតជាត្រូវប្រើការតាំងចិត្ត និងសមាធិខ្លាំងណាស់។

    3 . ធ្វើឱ្យកុមារមានផ្លូវចិត្តដែលល្អ និងស្រស់ស្រាយ

    ការព្យាយាម និងការប្រើសមាធិដែលម៉ឺងម៉ាត់នឹងនរតាមភាពដឹងក្តីរបស់កុមារក្នុងវ័យនីមួយៗ ធ្វើឱ្យកុមារក្លាយជាមនុស្សមានភាពជាសិល្បៈ មានភាពលម្អិត និងទន់ភ្លន់ក្នុងផ្លូវចិត្ត ធ្វើឱ្យដឹងពីគុណតម្លៃនៃធម្មជាតិ សិល្បៈ វត្ថុសម្ភារ ឬរូបបែបនៃការគិតផ្សេងៗ ធ្វើឱ្យមានជីវិត និងផ្លូវចិត្តដែលល្អស្រស់ស្រាយ។ ជួយធ្វើឱ្យកុមារស្គាល់ពីការធ្វើការរួមគ្នា ចេះសម្របសម្រួលខ្លួន និងសម្រួលគំនិតឱ្យចូលគ្នា ទទួលស្គាល់គ្នាទៅវិញទៅមក ដែលជាគ្រឹះរបស់ការរស់នៅរួមគ្នាយ៉ាងមានសាមគ្គី និងមានប្រជាធិបតេយ្យក្នុងសង្គមទៀតផង៕

  • កម្មវិធី TikTok ប្រើភាពចន្លោះប្រហោងរបស់ប្រព័ន្ធប្រតិបត្តិការ Android ដើម្បីទាញយក MAC address

    កម្មវិធី TikTok ប្រើភាពចន្លោះប្រហោងរបស់ប្រព័ន្ធប្រតិបត្តិការ Android ដើម្បីទាញយក MAC address

    កម្មវិធី TikTok ដែលជា​កម្មវិធី​កំពុង​តែមាន​ភាពចម្រូងចម្រាស​មួយចំនួន​នៅក្នុង​បណ្ដា​ប្រទេសធំៗដូចជា ប្រទេស​ឥណ្ឌា និង សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការព្រួយបារម្ភ​ក្នុងការ​គ្រប់គ្រង​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ដែល​ត្រូវបាន​គេ​រកឃើញ​មាន​បញ្ហា​មួយចំនួនទៀត។ បន្ថែម​លើ​ក្តីបារម្ភ​ខាងលើ ថ្មីៗនេះ​គេ​បាន​រកឃើញថា កម្មវិធី TikTok បាន​ប្រើ​ភាព​ចន្លោះប្រហោង​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android ដើម្បី​ទាញយក MAC address របស់​អ្នកប្រើប្រាស់ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​សារពត៌មាន The Wall Street Journal។ សម្រាប់​លោកអ្នក​ដែល​ពុំទាន់​ស្គាល់​ថា​អ្វី​ទៅជា MAC address នោះ វា​គឺជា​លេខ​សម្គាល់ (អាសយដ្ឋាន) របស់ ឧបករណ៍ network ដើម្បី​ប្រើប្រាស់ ក្នុងការ​ទំនាក់ទំនង​គ្នា។

    ទោះបី​ក្រុមហ៊ុន Google បាន​ព្យាយាម​បិទ​មិនឱ្យ​អ្នក​អភិវឌ្ឍន៍​កម្មវិធី ឬ​ជន​ទី​បី​អាច​ទាញយក MAC address បាន​តាំងពី​ឆ្នាំ២០១៥ ហើយក៏​ដោយ ក៏​ក្រុមហ៊ុន ByteDance ដែលជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី TikTok បាន​ប្រើ​ភាព​ចន្លោះប្រហោង​ដើម្បី​ទាញយក និង​រក្សាទុក MAC address របស់​អ្នកប្រើប្រាស់​នៅពេលដែល​ពួកគេ​ដំឡើង​កម្មវិធី​លើកដំបូង ដោយ​មិន​ទាំង​មានការ​អនុញ្ញាត​ពី​អ្នកប្រើប្រាស់​បាន​ថែម​ទៀតផង។ សម្រាប់​អ្នក​អភិវឌ្ឍន៍​កម្មវិធី MAC address គឺមាន​តម្លៃ​បំផុត​សម្រាប់​ពួកគេ ដើម្បី​តាមដាន​ការប្រើប្រាស់​ទូរ​សព្ទ សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម។

    ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​បញ្ជាក់​ផងដែរ​ថា អ្វីដែល​អស្ចារ្យ​នោះ​គឺ​ក្រុមហ៊ុន ByteDance បាន​ព្យាយាម​ប្រើប្រាស់​វិធី​ម្យ៉ាង ដោយ​បន្ថែម​កម្រិត encryption ដើម្បី​លាក់​ពី​ការទាញយក​ទិន្នន័យ​របស់​ពួកគេ។ បើតាម​ការប៉ាន់ស្មានរ​បស់​អ្នកស្រាវជ្រាវ​ឃើញថា ក្រុមហ៊ុន ByteDance បាន​រំលោភ​ក្នុងការ​ទាញយក MAC address អស់​រយៈពេល​យ៉ាងតិច​បំផុត ១៥ខែ ហើយ​ពួកគេ​ទើបតែ​បាន​បញ្ឈប់​ការរំលោភបំពាន​នេះ​នៅពេល​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី TikTok នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​កន្លងទៅ៕

    ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • កំពូលតារាសិល្បៈទាំង10រូបដែលពូកែរកប្រាក់បំផុតលើលោក នៅក្នុងវិស័យសិល្បៈនាឆ្នាំ2020

    កំពូលតារាសិល្បៈទាំង10រូបដែលពូកែរកប្រាក់បំផុតលើលោក នៅក្នុងវិស័យសិល្បៈនាឆ្នាំ2020

    Dwayne Johnson ដែលជាតារាសម្ដែងជនជាតិអាមេរិកាំងដើមកំណើតកាណាដា រកបានប្រាក់ច្រើនជាងគេបង្អស់ក្នុងឆ្នាំកន្លងទៅ ជាមួយនឹងខ្ទង់ចំណូលជិត88លានដុល្លារអាមេរិក និងតាមពីក្រោយដោយតារាសម្ដែងកំពូលៗដូចជា Ryan Reynolds, Ben Affleck និង Vin Diesel ជាដើម។ល។

    1. Dwayne Johnson (ជនជាតិ​កាណាដា ដើម​កំណើត​អាមេរិកាំង) ៖ 87.5លានដុល្លារ

    តារាសម្ដែងរបស់ Hobbs and Shaw បានឈរលើកំពូលតារាងរយៈពេល2ឆ្នាំជាប់ៗគ្នានៅក្នុងតារាងចំណាត់ថ្នាក់តារាសម្ដែងប្រុសដែលរកចំណូលបានច្រើនជាងគេក្នុងពិភពលោក នេះបើតាមស្ថិតិរបស់ទស្សនាវដ្ដី Forbes។ កំពូលតារាសិល្បៈវ័យ48ឆ្នាំរូបនេះ រកបាន23.5លានដុល្លារពីការសម្ដែងក្នុងខ្សែភាពយន្ត រឿង Red Notice ដែលជិតចាប់បញ្ចាំងនៅលើ Netflix នាពេលដ៏ខ្លីខាងមុខ។ ក្រៅពីនេះ Dwayne Johnson ក៏ទទួលបានជោគជ័យច្រើនជាមួយនឹងក្រុមហ៊ុនសម្លៀកបំពាក់ Project Rock ផងដែរ។

    2. Ryan Reynolds (កាណាដា) ៖ 71.5លានដុល្លារ

    តារាសម្ដែងរបស់ Deadpool រកបានចំណូលតិចជាង Dwayne Johnson ប្រមាណ 6លានដុល្លារប៉ុណ្ណោះ នៅឆ្នាំមុន។ Ryan Reynolds រកបានចំណូលច្រើនជាងគេពីខ្សែភាពយន្តចំនួន2 គឺ Six Underground និង Red Notice។ Ryan Reynolds ក៏នឹងជាតារាសម្ដែងនៅក្នុងខ្សែភាពយន្តថ្មីរបស់ Netflix ដែលកំពុងត្រៀមបង្ហាញខ្លួននាពេលខាងមុខផងដែរ។

    3. Mark Wahlberg (អាមេរិកាំង) ៖ 58លានដុល្លារ

    ខ្សែភាពយន្ត Spenser Confidential របស់ Mark Wahlberg ទទួលបានជោគជ័យធំ នៅពេលបានបញ្ចាំងក្នុងឆ្នាំនេះ ហើយក៏បានក្លាយជាខ្សែភាពយន្តដែលទាក់ទាញអ្នកចូលទស្សនាច្រើនបំផុតនៅលើទំព័រ Netflix។ តារាសម្ដែងរូបនេះ ក៏រកបានប្រាក់ចំណេញច្រើនពីខ្សែភាពឯកសារចំនួន2ដែលលោកបានផលិត នោះគឺ McMillions និង Wahl Street។

    4. Ben Affleck (អាមេរិកាំង) ៖ 55លានដុល្លារ

    តារាវ័យ47ឆ្នាំ Ben Affleck បានចូលរួមសម្ដែងក្នុងខ្សែភាពយន្តជាច្រើនក្នុងឆ្នាំនេះ ក្នុងនោះមានខ្សែភាពយន្ត The Last Thing He Wanted និង The Way Back ផងដែរ។

    5. Vin Diesel (អាមេរិកាំង) ៖ 54លានដុល្លារ

    Vin Diesel រកបានចំណូលច្រើនសន្ធឹកពីវគ្គទី9 នៃខ្សែភាពយន្តរឿង Fast & Furious (បច្ចុប្បន្នត្រូវបានពន្យារពេលដល់ឆ្នាំ2021 ទើបចាប់ញ្ចាំង ដោយសារតែCOVID-19)។ បុរសរូបនេះ ក៏ជាផលិតករនៃភាពយន្តជីវចលន៍ រឿង Fast & Furious Spy Races ដែលបញ្ចាំងនៅលើទំព័រ Netflix។ ដើមឆ្នាំនេះ Vin Diesel ថែមទាំងបានចូលរួមសម្ដែងក្នុងខ្សែភាពយន្ត Bloodshot ដែលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការថត។

    ក្រៅពីតារាសម្ដែងខាងលើដែលស្ថិតក្នុង Top 5 នៃតារាងចំណាត់ថ្នាក់របស់ Forbes ក៏មានតារាចំនួន5ដួងផ្សេងទៀតដែលមានឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់ Top 10 របស់ទស្សនាវដ្ដីនេះ រួមមាន៖

    6. Akshay Kumar (ជនជាតិកាណាដា ដើមកំណើតឥណ្ឌា) ៖ 48.5 លានដុល្លារ

    7. Lin-Manuel Miranda (ជនជាតិអាមេរិកាំង) ៖ 45.5 លានដុល្លារ

    8. Will Smith (អាមេរិកាំង) ៖ 44.5 លានដុល្លារ

    9. Adam Sandler (អាមេរិកាំង) ៖ 41 លានដុល្លារ

    10. Jackie Chan (ឈ្មោះដើម Chan Kong-sang ខ្មែរហៅថាឈិនឡុង ជាជនជាតិចិនហុងកុង) ៖ 40 លានដុល្លារអាមេរិក

    ប្រភព​៖ Forbes

  • តុបតែងបន្ទប់ឲ្យស្អាតដោយវាំងនន

    តុបតែងបន្ទប់ឲ្យស្អាតដោយវាំងនន

    ទំព័រតុបតែងផ្ទះលេខនេះ យើង សូមបង្ហាញជូនពីវិធីជ្រើសរើសទិញវាំង​​ននដើម្បីឲ្យសក្តិសមនឹងការប្រើការក្នុងរូប​​បែបផ្សេងៗមកជំរាបជូនប្រីយមិត្តអ្នកអាន រួមទាំងការប្រែប្រួលរូបឆោមបន្ទប់របស់អ្នកឲ្យកាន់តែស្អាតឡើងដោយសាវាំងនន ឲ្យ ត្រូវនឹងយុគសម័យទៀតផង ។

    បើឲ្យបែងចែកប្រភេទក្រណាត់វាំងននតាមការប្រើការនោះ យើងអាចបែងចេញជា 2ប្រភេទគឺ ៖

    1 . វាំងននត្រងពន្លឺថ្ងៃ ៖ មានលក្ខណះជាក្រណាត់ពណ៌ខ្ចី ទម្ងន់ស្រាលដើម្បីឲ្យពន្លឺថ្ងៃ​ចាំងចូលមកតាមសាច់​ក្រណាត់ ពេលមើលទៅនឹងធ្វើឲ្យមានអារម្មណ៏ថា សប្បាយភ្នែក ។

    . ​ ចំណុចអន់ ៖ ក្រណាត់ដែលអាចឲ្យពន្លឺចាំងចូលបាន ច្រើនតែងាយប្តឹតជាប់លំអងធូលីដី ។

    2 . វាំងននការពារពន្លឺថ្ងៃ ៖ មានភាពបិទបាំងពន្លឺ មានន័យថា​ ពន្លឺអាចឆ្លងចូលមកបានតិចបំផុត អាចមកពីសាច់​ក្រណាត់ ឬមានក្រណាត់ច្រើនជាន់ និងមានទម្ងន់ធ្ងន់ ។

    . ចំណុចអន់ ៖ មិនអាចបោកគក់សំអាតបានញឹកញាប់ឡើយ ។

    វាំងននតាមបន្ទប់ផ្សេងៗ ៖

    បន្ទប់គេង

    • សង្កត់ធ្ងន់លើការ : ជួយបាំងពន្លឺថ្ងៃ​ ខ្ទប់សម្លេងពីខាងក្រៅ និងបង្កើតនូវអារម្មណ៏ស្ងប់ស្ងាត់ដល់ម្ចាស់បន្ទប់ ។
    • ណែនាំ : អាចប្រើក្រណាត់បែបណាក៏បាន ឬបើបានបែបវាំងននផងរឹតតែល្អ តែសំណូមពថា ត្រូវប្រើក្រណាត់ដែល
    • ក្រាស ដែលល្មមអាចបាំងពន្លឺថ្ងៃពេលព្រឹកព្រលឹមបាន ។
    • ពណ៌ : គួរតែប្រើពណ៌ត្រជាក់ៗ និងភ្លឺដើម្បីឲ្យមានអារម្មណ៏សប្បាយភ្នែក ។

    បន្ទប់ធ្វើការ

    • សង្កត់ធ្ងន់លើការ : គោលបំណងក្នុងការជ្រើសរើសវាំងនន​ក្នុងបន្ទប់ធ្វើការ គឺការគ្រប់គ្រងពន្លឺពីខាងក្រៅឲ្យចូលមក
    • ក្នុងបន្ទប់ក្នុងកំរឹតដែលសមល្មម ។
    • ណែនាំ : គួរជ្រើសរើសវាំងននដែលមានលក្ខណះសំរួលពន្លឺបាន ឬវាំងននស្លាបព្រឹល ដើម្បីងាយស្រួលតម្លើង ឬបន្ថយពន្លឺបានតាមត្រូវការ ។
    • ពណ៌ : ត្រូវមានភាពស៊ីគ្នាជាមួយពណ៌បន្ទប់ និងពណ៌តុកៅអី ជាពិសេសពណ៌ភ្លឺ​ ឬពណ៌រាងខ្ចីៗដើម្បីឲ្យមានអា រម្មណ៏សប្បាយ មិនធុញថប់ក្នុងពេលធ្វើការ ។

    បន្ទប់ទទួលភ្ញៀវ

    • សង្កត់ធ្ងន់លើការ ៖ តុបតែងបន្ទប់ដើម្បីឲ្យមើលទៅកាន់តែស្រស់ស្អាតឡើង ហើយថែមទាំងអាចជួយការពារពន្លឺ
    • និងត្រងយកពន្លឺថ្ងៃបានក្នុងកំរឹតណាមួយ ដើម្បីសាងនូវទីកន្លែងផ្ទាល់ខ្លួនមួយដល់ម្ចាស់ផ្ទះ និងភ្ញៀវដែលមកលេង ។
    • ​ណែនាំ : សំរាប់បន្ទប់នេះ អ្នកអាចជ្រើសរើសម៉ូតតាមចិត្តស្រឡាញ់ សុំឲ្យតែមានភាពស្រស់ស្អាតទៅបានហើយអាចជាវាំងនន 2ជាន់ ឬវាំងននស្លាបព្រឹលក៏ស្អាតម្យ៉ាងដែរ ។
    • ពណ៌​ : រឿងរបស់ពណ៌ដែលចង់ជ្រើសរើសប្រើក្នុងបន្ទប់នេះ សុំឲ្យមើលភាពស៊ីគ្នារបស់ពណ៌នៅក្នុងបន្ទប់ជាគោល

    បន្ទប់ចង្រ្កានបាយ

    • សង្កត់ធ្ងន់លើការ : ឲ្យមានប្រយោជន៏ក្នុងរឿងបែងចែកទីកន្លែងជាផ្នែកៗ អាចគ្រប់គ្រងពន្លឺ ការពារធូលីដីពេលធ្វើម្ហូបអាហារបានយ៉ាងសមរម្យ ។
    • ណែនាំ : ណែនាំឲ្យប្រើបែបវាំងននស្លាបព្រឹល ព្រោះយើងអាចសំរួលកំរឹតពន្លឺបានតាមតំរូវការ និងបាំងខ្សែភ្នែកពីពន្លឺថ្ងៃ​ខ្លាំងៗបាន និងសំខាន់គឺ អាចជូតសំអាតបានដោយងាយ ។
    • ពណ៌ : គួរជ្រើសរើសយកពណ៌រាងចាស់ល្មម មិនស្រស់ពេក ឬមិនចាស់ជ្រុលពេក ដើម្បីឲ្យស្ត្រីមេផ្ទះមានអារម្មណ៏សប្បាយភ្នែកពេលធ្វើម្ហូបអាហារ តែអាចជំរុញភាពឃ្លានបានដែរ ដូចជាពណ៌ សូកូឡាស្រាល ពណ៌លឿងទុំស្រាលជាដើម៕
  • ផ្អើលភូមិ!! ទស្សនារូបភាពអ្នកស្រុកឥណ្ឌូនេស៊ី ចាប់បាន “ក្រពើបិសាច ប្រវែង 4ម៉ែត្រកន្លះ” ទម្ងន់ជាងកន្លះតោន ក្រោយជាប់សំណាញ់ផ្លែឡាម

    ផ្អើលភូមិ!! ទស្សនារូបភាពអ្នកស្រុកឥណ្ឌូនេស៊ី ចាប់បាន “ក្រពើបិសាច ប្រវែង 4ម៉ែត្រកន្លះ” ទម្ងន់ជាងកន្លះតោន ក្រោយជាប់សំណាញ់ផ្លែឡាម

    ក្លាយជារឿងល្បីល្បាញភ្លាមៗឡើងតែម្ដង នៅពេលរូបភាពរថយន្តគ្រឿងចក្រចូកដី ពណ៌លឿងស្រស់ 1គ្រឿង កំពុងដឹកក្រពើយក្ស 1ក្បាលប្រវែង 4ម៉ែត្រកន្លះ និងទម្ងន់ជាងកន្លះតោន បើកទៅតាមផ្លូវ មុននឹងដឹកយកទៅកាត់ក្បាល ចេញពីដងខ្លួន ហើយកប់ដោយឡែកពីគ្នា តាមជំនឿរបស់អ្នកស្រុកកោះបាំងកា បេលីទុង ក្រោយពីសត្វក្រពើយក្ស អាយុ 50ឆ្នាំ 1ក្បាលនេះ ធ្លាប់បានសាងក្ដីភិតភ័យខ្លាចដល់ពួកអ្នកស្រុក បានបណ្ដែតខ្លួនមកជាប់សំណាញ់ដែលមានបំពាក់ផ្លែឡាម កាលពីព្រលប់ថ្ងៃចន្ទ សប្ដាហ៍មុន។

    សារព័ត៌មាន ដេលី មេល របស់ប្រទេសអង់គ្លេស បានរាយការណ៍កាលពីថ្ងៃម្សិលមិញ(ទី11សីហា)ថា “ក្រពើបិសាច” ដែលជារហស្សនាមរបស់សត្វក្រពើខ្នាតធំមួយ ត្រូវចាប់បានដោយអ្នកស្រុកនៅលើកោះបាំងកា បេលីទុង តាមដងទន្លេខេយូបេស៊ី កាលពីពេលព្រលប់ថ្ងៃចន្ទ ទី3 សីហា បន្ទាប់ពីវាហែលមកជាប់អន្ទាក់សំណាញ់បំពាក់ផ្លែឡាម ដែលពួកអ្នកស្រុកបានដាក់ និងបានដឹងថា សត្វក្រពើដ៏ធំនេះ មានទម្ងន់ជាងកន្លះតោន និងមានប្រវែងខ្លួនប្រមាណជា 4ម៉ែត្រកន្លះ និងស្លាប់ 2ថ្ងៃមកហើយ ដោយសារតែភាពនឿយហត់។ ហើយរឿងរ៉ាវនេះ បានក្លាយជាព័ត៌មានល្បីល្បាញជាទូទៅ នៅពេលមានការបង្ហោះរូបភាពការដឹកជញ្ជូនសត្វក្រពើយក្សបែបមិនធម្មតាមួយនេះ ឆ្ពោះទៅកាន់រណ្ដៅ ដើម្បីកប់។ ដោយសារតែ អាក្រពើបិសាច 1ក្បាលនេះ មានទម្ងន់សរុបដល់ទៅជាងកន្លះតោននោះ ធ្វើឱ្យអ្នកស្រុកត្រូវប្រើរថយន្តគ្រឿងចក្រចូកដី ដែលមានសាកសពសត្វក្រពើដេកនៅលើដៃចូក និងបើកបរទៅតាមដងផ្លូវ បានទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកដែលបានឃើញ និងមានកងទ័ពម៉ូតូជាច្រើនគ្រឿងបើកហែហមលើកទឹកចិត្តតាមពីក្រោយ។

    យ៉ាងណាក្ដី សារព័ត៌មានដដែល បានបញ្ជាក់ថា អ្នកស្រុកបានបដិសេធក្នុងការប្រគល់សាកសពសត្វក្រពើយក្ស 1នេះទៅឱ្យក្រុមអ្នកការពារ និងអនុរក្សធម្មជាតិ កោះបាំងកា បេលីទុង ដោយសារតែជឿថា ភូមិស្រុកនឹងធ្លាក់ក្នុងភាពគ្រោះថ្នាក់ បើវាត្រូវបានបញ្ជូនទៅកន្លែងផ្សេង។

    ដេលី មេល បានរាយការណ៍ទៀតថា មុននឹងកប់ មានការកាប់ផ្ដាច់ក្បាលសត្វក្រពើនេះ បំបែកចេញពីដងខ្លួន ដើម្បីធ្វើការកប់ដាច់ដោយឡែកពីគ្នា ព្រោះតាមជំនឿអំពីដួងវិញ្ញាណរបស់អ្នកស្រុកនោះ បើមិនធ្វើបែបហ្នឹងទេ ដួងវិញ្ញាណបិសាចក្រពើ នឹងត្រឡប់មកលងបន្លាចម្ដងទៀត។

    អាជ្ញាធរ បានធ្វើការវះកាត់ធ្វើកោសល្យវិច័យសាកសពសត្វក្រពើនោះ ហើយបានដឹងថា ក្រពើ 1ក្បាលនេះ មានអាយុប្រមាណជា 50ឆ្នាំ និងគ្មានសល់ធ្មេញនៅក្នុងមាត់ឡើយ រួចហើយការកប់ជាផ្លូវការ បានចាប់ផ្ដើមឡើង ក្រោយពីមនុស្សនៅក្នុងភូមិបានចូលរួមក្នុងពិធីរួចរាល់៕

    ប្រភព៖ សាព័ត៌មានបរទេស

  • បងៗស្រ្តីមេផ្ទះគួរតែដឹង…ហេតុផលដែលចាស់បុរាណហាមស្ងោរស៊ុតក្នុងឆ្នាំងបាយ និងវិធីស្ងោរស៊ុតក្នុងឆ្នាំងដាំបាយអគ្គិសនីដ៏សែនងាយស្រួលបំផុត

    បងៗស្រ្តីមេផ្ទះគួរតែដឹង…ហេតុផលដែលចាស់បុរាណហាមស្ងោរស៊ុតក្នុងឆ្នាំងបាយ និងវិធីស្ងោរស៊ុតក្នុងឆ្នាំងដាំបាយអគ្គិសនីដ៏សែនងាយស្រួលបំផុត

    កាលពីសម័យមុន បើកូនស្រី ឬកូនប្រសារស្រីផ្ទះណាស្ងោរស៊ុតនៅក្នុងបាយដែលកំពុងដាំក្នុងឆ្នាំងតែមួយដំណាលគ្នានោះ ច្បាស់ជាត្រូវម្តាយជេរបញ្ចោយ៉ាប់យ៉ឺនមិនខាន ព្រោះចាស់ៗបុរាណមានជំនឿដែលដក់ជាប់នៅក្នុងខួរក្បាលតាំងពីយូរយារមកហើយពាក់ព័ន្ធនឹងរឿងមិនសមរម្យ ប្រផ្នូលមិនល្អ និងក្តីអាក្រក់ស៊យ ជាដើម ទើបនាំគ្នាមានទម្លាប់ប្រតិបត្តិផ្សេងៗដូចដែលធ្លាប់បានឃើញកន្លងមក។

    ស៊យ ចង្រៃ វាសនាអាប់

    ជាជំនឿរបស់អ្នកភូមិភាគឦសាន(សព្វថ្ងៃក៏នៅមានខ្លះៗដែរ)ដែលជឿថា បើកូនក្រមុំផ្ទះណាយកស៊ុតទៅស្ងោរក្នុងបាយដែលកំពុងដាំនោះ ចាស់បុរាណជឿថា នឹងធ្វើឱ្យទេពធិតានៃអាហាររត់គេចបាត់ ព្រោះទេពធិតានៃអាហារនឹងសណ្ថិតនៅក្នុងគ្រាប់អង្ករ ធ្វើឱ្យត្រជាក់ត្រជុំសុខសប្បាយ មានហូបមានចុក មានស្រូវអង្ករពេញជង្រុក មានទឹកពេញពាងពេញអាង តែបើយកស៊ុតទៅដាក់ស្ងោរក្នុងបាយកំពុងដាំនោះមានន័យថា មិនគោរពដល់អង្គទេពធិតា នឹងធ្វើឱ្យសំណាងអាក្រក់ វិនាសហិនហោច និងកើតក្តីចង្រៃក្នុងជីវិតហ្នឹងឯង។

    សម្បកស៊ុតមិនស្អាត បាយនឹងឆាប់ផ្អូមខូច

    តែបើយើងមើលក្នុងផ្លូវវិទ្យាសាស្រ្តវិញ សម្បកស៊ុតដែលមិនស្អាត លាយឡំមកជាមួយនូវកំណកដី ឬលាមកសត្វនោះ អាចធ្វើឱ្យបាយដែលដាំថ្មីៗធំក្លិនមិនល្អ ឆាប់ស្អុយផ្អូម និងបើរឹតតែស៊ុតដែលស្ងោរនោះកើតបែកហៀរចេញមកមុនពេលឆ្អិនផង នឹងរឹតតែធ្វើឱ្យបាយក្រអូបឈ្ងុយនោះ ក្លាយជាបាយជ្រាយប៉ប៉ាច់ និងមានក្លិនឆ្អាបស៊ុតភ្លាមតែម្តង ដូច្នេះជំនឿដែលរៀបរាប់មកខាងលើនោះ អាចជាឧបាយកលរបស់មនុស្សចាស់ក៏អាចថាបានដែរ។

    តិចនិកការស្ងោរស៊ុតក្នុងឆ្នាំងដាំបាយអគ្គិសនីមិនឱ្យបែក

    នៅពេលយើងនឹកដល់ភាពងាយស្រួល និងឆាប់រហ័សក្នុងសម័យបច្ចុប្បន្នដោយមិនខ្វល់ពីជំនឿរបស់ចាស់ៗបុរាណនោះ យើងនឹងឃើញថា ឆ្នាំងដាំបាយអគ្គិសនីសព្វថ្ងៃនេះមានកុងតាក់ជាច្រើនដែលជួយឱ្យយើងងាយស្រួលក្នុងការដាំចម្អិន ទាំងដាំបបរ ធ្វើនំខេក ចំហុយ ស្ងោរ រម្ងាស់ តែហេតុអីបានគ្មានកុងតាក់ចុចសម្រាប់ស្ងោរស៊ុត? បើចុចកុងតាក់ខុស ស៊ុតនឹងផ្ទុះទេដឹង?។ អូខេៗ! បងៗស្រ្តីមេផ្ទះមិនចាំបាច់នាំគ្នាកង្វល់នាំតែវែងឆ្ងាយទេ ថ្ងៃនេះឡា រ៉ែនមានតិចនិកការស្ងោរស៊ុតក្នុងឆ្នាំដាំបាយអគ្គិសនីមិនឱ្យបែក និងមិនចាំបាច់ខ្លាចថា ក្តីចង្រៃនឹងមកសួររកមុខនោះទេ ព្រោះវាមានតែចំណេញពេលវេលា សន្សំសំចៃភ្លើង និងសន្សំសំចៃកម្លាំងទៀតផង ដូច្នេះសូមបងៗស្រ្តីមេផ្ទះនាំគ្នាមើលជាបន្តដូចតទៅ ៈ

    វិធីស្ងោរ

    – ដាក់ក្រដាសជូតដៃទ្រាប់បាតឆ្នាំងប្រមាណជា 2 – 3 បន្ទះ។

    – បន្ទាប់ពីនោះក៏ប្រោះទឹកលើក្រដាស់ជូតដៃនោះឱ្យជោក មិនបាច់ដាក់ទឹកចូលទេ ត្រឹមតែទឹកសើមជោកប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ។

    – ដាក់ស៊ុតចូលទៅតាមតម្រូវការ។

    – ចុចកុងតាក់ដាំបាយតាមធម្មតា ហើយរង់ចាំរហូតទាល់តែកុងតាក់លោត នោះបានន័យថា ស៊ុតឆ្អិនហើយ។ បើបងៗស្រ្តីមេផ្ទះចូលចិត្តស៊ុតក្រហមបែបឆ្អិនល្មមៗនោះ ចូរយកស៊ុតចេញភ្លាមតែម្តង តែបើចូលចិត្តបែបឆ្អិនខ្លាំង ចូរទុកចោលមួយស្របក់ទៀតក៏បាន។ ត្រឹមតែប៉ុណ្ណឹង បងៗនឹងបានស៊ុតស្ងោរដោយឆ្នាំងដាំបាយអគ្គិសនីដែលលឿន និងងាយស្រួលបំផុតបាត់ទៅហើយ។

    ករណីស្ងោរស៊ុតក្នុងបាយកំពុងដាំ

    បើបងៗស្រ្តីមេផ្ទះកំពុងដាំបាយក្នុងឆ្នាំងដាំបាយស្រាប់ហើយ និងចង់ដាក់ស៊ុតស្ងោរទៅជាមួយដែរ តែខ្លាចស៊ុតនឹងបែកដោយសារតែសម្បកស៊ុតនោះស្តើង និងទប់ទល់នឹងកម្លាំងសម្ពាធរុញពីខាងក្នុងស៊ុតមិនបាន ធ្វើឱ្យបែកប្រឡាក់ពេញបាយនោះ គន្លឹះងាយៗក៏គឺ ហាមដាក់ស៊ុតចូលទៅពេលដែលបាយកំពុងពុះ តែត្រូវដាក់ចូលទៅពេលដែលទឹកកំពុងចាប់ផ្តើមរីងទើបជាការត្រឹមត្រូវ គឺដូចគ្នានឹងគោលការណ៍វិធីស្ងោរដោយដាក់ក្រដាសជូតដៃ ហើយប្រោះទឹកហ្នឹងឯង៕

  • Nissan ចំណាស់ អាយុ 13ឆ្នាំ ជិះ​បាន 1.6លាន​គីឡូម៉ែត្រ ត្រូវបាន​ក្រុមហ៊ុន​ប្តូរ​ឱ្យ​ថ្មី 1វិញ

    Nissan ចំណាស់ អាយុ 13ឆ្នាំ ជិះ​បាន 1.6លាន​គីឡូម៉ែត្រ ត្រូវបាន​ក្រុមហ៊ុន​ប្តូរ​ឱ្យ​ថ្មី 1វិញ

    រថយន្ត Nissan Frontier ដែលមាន​រហស្សនាម​ថា “Million Mile Frontier” នេះ គឺជា​កម្មសិទ្ធិ​របស់លោក Brian Murphy ជា​អ្នក​ដឹកទំនិញ​ម្នាក់​ក្នុង​ទីក្រុង Chicago ដោយ​លោក​បាន​ប្រើ​វា​អស់​រយៈពេល 13ឆ្នាំ​មកហើយ។

    រថយន្ត Nissan ម៉ូ​ដែល Frontier ឆ្នាំ2007 នេះ បានធ្វើ​ដំណើរ​អស់​ចម្ងាយ 1លាន​ម៉ា​យល៍ (1.6លាន​គីឡូម៉ែត្រ) ឥឡូវនេះ វា​ត្រូវ​ចូលនិវត្តន៍​ហើយ។ វា​នឹង​ត្រូវគេ​ដាក់តាំង​នៅឯ​រោងចក្រ Nissan Smyrna Vehicle Assembly Plant ក្នុង​ទីក្រុង Smyrna រដ្ឋ Tennessee សហរដ្ឋអាមេរិក ជាទី​តាំង​ដែល​វា​ចាប់កំណើត។

    អំ​ប្រ៊ី​យ៉ា​លើ​រថយន្ត Frontier របស់លោក Murphy អាចមាន​អាយុកាល​ដល់ 801,000ម៉ា​យល៍ (1.28លាន​គីឡូម៉ែត្រ) ខណៈ​ច្រវាក់ ត្រូវការ​ផ្លាស់ប្តូរ​នៅពេល​កុង​ទ័​រ​វិល​ដល់​លេខ 700,000ម៉ា​យល៍ (1,12លាន​គីឡូម៉ែត្រ) ធុង​ទឹក និង​ដុំ​ភ្លើង អាច​ស៊ូ​បាន 450,000ម៉ា​យល៍ (724,000គីឡូម៉ែត្រ) ខណៈ​កៅអី​អ្នកបើកបរ ធន់​បានត្រឹមតែ 500,000ម៉ា​យល៍ (800,400គីឡូម៉ែត្រ) នឹងត្រូវ​ប្តូរ​ចេញ ដាក់​ថ្មី។

    ក្រោយពេល​មើលឃើញថា រថយន្ត​នោះ​នៅ​ស្អាត​ភ្លឹង​បែបនេះ  ក្រុមហ៊ុន Nissan បាន​ជូន​កាដូ​រថយន្ត Frontier ស៊េរី​ឆ្នាំ2020 ថ្មី 1គ្រឿង​ទៅ​លោក Murphy ដើម្បី​ជាការ​លើកទឹកចិត្ត៕