Category: សង្គម និងសេដ្ឋកិច្ច

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    71 . វិធីសម្អាតកំណកកករដែលជាប់នៅក្នុងក្បាលរ៉ូប៊ីណេផ្កាឈូកគឺ សម្រាប់បែបមិនអាចដោះចេញបាន ចូរយកទឹកខ្មេះសាជូរច្រើនសមល្មមដាក់ក្នុងថង់ រួចយកទៅចងភ្ជាប់ក្បាលទឹកផ្កាឈូកនោះដាក់ត្រាំក្នុងថង់ទឹកសាជូរនោះ ទុកចោលមួយយប់ រួចសឹមស្រាយយកថង់ទឹកសាជូរចេញ ហើយលាងសម្អាតក្បាលទឹកផ្កាឈូកនោះដោយទឹកស្អាត ក្បាលទឹកផ្កាឈូកនោះនឹងស្អាត និងលែងមានកំណកកករ ធ្វើឱ្យទឹកហូរចេញមកស្រួលជាមុន។

    72 . វិធីសម្អាតកំណកថ្នាំលាបផ្សេងៗដែលប្រឡាក់នៅលើបង្អួចដែលបណ្តាលមកពីការលាបជញ្ជាំងផ្ទះ ចូរប្រើទឹកសាជូរលាយជាមួយទឹកធម្មតាក្នុងអត្រា 2 / 1 ហើយយកទៅដាក់ដាំនៅលើភ្លើងឱ្យក្តៅខ្លាំង រួចយកជក់ដែលស្អាតជ្រលក់ល្បាយដែលកំពុងក្តៅនោះមកដុសសម្អាតលើស្នាមប្រឡាក់ទាំងនោះ។ ស្នាមប្រឡាក់ទាំងនោះនឹងរបូតចេញមកដោយឯកឯង។

    73 . វិធីសម្អាតស្នាមប្រេងដែលប្រឡាក់ជាប់នៅលើក្រដាស់បិទជញ្ជាំងវ៉លផេភើរ៍ គឺប្រើម្សៅហុយលាយជាមួយទឹកសាប៊ូ ហើយយកមកលាបបៀកនៅត្រង់កន្លែងដែលកខ្វក់ ទុកចោលឱ្យស្ងួត រួចយកក្រណាត់ទន់ៗមកជូតចេញ មួយស្របក់ស្នាមប្រេងដែលប្រឡាក់នោះនឹងជាប់ទៅជាមួយក្រណាត់អស់មិនខាន។

    74 . វិធីសម្អាតកម្រាលព្រំដែលប្រឡាក់ស្នាមប្រេង ចូរយកម្សៅបេកឃីងសូដា(រកទិញបាននៅក្នុងផ្សារទំនើប) មកចាក់លាបពីលើកន្លែងដែលប្រឡាក់ប្រេងនោះ ទុកចោលប្រមាណជា 12 ម៉ោង ហើយប្រើម៉ាស៊ីនបឺតធូលីដីមកបឹត​សម្អាតត្រង់កន្លែងប្រឡាក់ប្រេងនោះ ម្សៅបេកឃីងសូដានឹងបឺតយកជាតិប្រេងទាំងនោះចេញអស់ពីកម្រាលព្រំមិនខាន​

    75 . វិធីសម្អាតស្នាមច្រែសចេញពីធុងទឹក អាចធ្វើបានដោយប្រើទឹកក្រូចឆ្មារដាក់ចូលទៅក្នុងម្តុំដែលមានច្រែសស៊ីនោះ ទុកចោលប្រមាណជា 2 – 3 ម៉ោង រួចលាងចេញ ស្នាមច្រែសទាំងនោះនឹងរបូតចេញអស់។

    (នៅមានត)

  • រៀនតាមរយៈការលេង និងបរិស្ថានបានក្លាយជាប្រធានបទថ្មីមួយសម្រាប់អប់រំកុមារកម្ពុជា

    រៀនតាមរយៈការលេង និងបរិស្ថានបានក្លាយជាប្រធានបទថ្មីមួយសម្រាប់អប់រំកុមារកម្ពុជា

    ការអប់រំ​កុមារ​តូច ជា​ចំណុច​យ៉ាង​សំខាន់បំផុត​ក្នុងចំណោម​ដំណាក់កាល​នានា​នៃ​ការអប់រំ ព្រោះ​វ័យ​នេះ​ជា​វ័យ​ដែល​ត្រូវការ​យកចិត្តទុកដាក់​ខ្ពស់ និង​ជា​វ័យ​ចាប់ផ្តើម​កំណត់​ពី​ដំណើរ​ជីវិត​របស់​កុមារ។

    ដោយ​មើលឃើញ​ពី​សារៈសំខាន់​ខ្លាំង​នៃ​ការអប់រំ​កុមារ​តូច ក្រសួង​អប់រំ យុវជន និង​កីឡា បាន​យកចិត្តទុកដាក់​ជំរុញ​ការអប់រំ​កុមារ​តូច​ដោយ​ការបង្កើត​កម្ម​វី​ធី​អប់រំថ្មីៗដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់។ ថ្មីៗនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​សម្ពោធ​អគារសិក្សា នៃ​សាលា​មេ​ត្តេ​យ្យ​សិក្សា​ធនធាន​បាត់ដំបង និង​សម្ពោធ​បើក​ដំណើរការ​គម្រោង​កសាង​មូលដ្ឋានគ្រឹះ​នៃ​ការអនុវត្ត​ទ្រឹស្តី “រៀន​តាមរយៈ​ការលេង និង​បរិស្ថាន” ដើម្បី​ជំរុញ​ការអប់រំ​កុមារ​តូច​ឱ្យ​កាន់​តែមាន​សមត្ថ​ភាពខ្លាំង។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា ទោះបីជា​កម្ពុជា​ស្ថិតក្នុង​វិបត្តិ​នៃ​ជំងឺ Covid-19 ក៏ពិតមែន តែ​ក្រសួង​អប់រំ​នៅតែ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ប្រកបដោយ​សុវត្ថិភាព។ ក្រសួង​បាន​ថត​វីដេអូ​សម្រាប់​បណ្តុះបណ្តាល​កុមារ​កម្រិត​ម​ត្តេ​យ្យ​សិក្សា និង​ត្រូវ​ការទាមទារ​ឱ្យមាន​ការចូលរួម​អាណាព្យាបាល​ដើម្បី​ចូលរួម​ក្នុង​ការរៀន​របស់​ពួកគេ។ ក្នុង​កម្រិត​នេះ ប្រសិនបើ​គ្មាន​អាណាព្យាបាល​នោះទេ កុមារ​នឹងមិន​អាច​សិក្សា​បាន​ដោយ​ខ្លួនឯង​នោះទេ។

    គម្រោង​អប់រំ​យ៉ាង​មាន​សារៈសំខាន់​នេះ ត្រូវបាន​សហការ​អនុវត្ត​ដោយ​គម្រោង​អង្គការ​សន្តិ​ស្ម័គ្រចិត្ត(SVA) គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន(JICA)។ ការដាក់ឱ្យ​អនុវត្ត​គម្រោង​នៃ​ការកសាង​មូលដ្ឋានគ្រឹះ​នៃ​ការអនុវត្ត​ទ្រឹស្ដី “រៀន​តាមរយៈ​ការលេង និង​បរិស្ថាន” ផ្អែក លើ កម្មវិធី​ម​ត្តេ​យ្យ​សិក្សា​រដ្ឋ ត្រូវធ្វើឡើង​ក្នុង​គោលដៅ​ផ្ដោត​សំខាន់​លើ​ផ្នែក​សិក្សា​នៅ​កម្រិត​ម​ត្តេ​យ្យ​សិក្សា ដែលជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការរីកលូតលាស់​បញ្ញា ស្មារតី និង​អារម្មណ៍​របស់​កុមារ​តូច ហើយ​តាមរយៈ:នៃ​ការសិក្សា​តាម​ទ្រឹស្ដី​នេះ​កុមារ​នឹង​ទទួលបាន​នូវ​ការរីកចម្រើន​ទាំង​បំ​ណិ​ន​ទាក់ទង​នឹង​សតិបញ្ញា និង​បំ​ណិ​ន​ដែល​មិន​ទាក់ទង​នឹង​សតិបញ្ញា តាមរយៈ​ការលេង​យ៉ាងសកម្ម​ជាមួយ​មិត្តភក្ដិ ដែល​ទាំងនេះ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការរៀន​បំ​ណិ​ន​ដ៏ទៃទៀត៕

  • UEFA Champions League រកឃើញកីឡាករម្នាក់របស់ Barcelona ផ្ទុកកូវីដ-19

    UEFA Champions League រកឃើញកីឡាករម្នាក់របស់ Barcelona ផ្ទុកកូវីដ-19

    កីឡាករ​ខ្សែការពារ​កណ្តាល របស់​ក្លិប​បាល់ទាត់ FC Barcelona ដែលមាន​វ័យ 20ឆ្នាំ Jean-Clair Dimitri Roger Todibo ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុកមេរោគ​កូ​វីដ-19 កាលពីពេលថ្មីៗនេះ។

    ទោះបីជា​បែបនេះ​ក្តី សាមី​កីឡាករ បាន​បញ្ជាក់ថា ខ្លួន​មិនបាន​ប៉ះពាល់​ជាមួយនឹង​កីឡាករ Barcelona ឡើយ មុននឹង​ធ្វើតេស្ត​រកឃើញ​មាន​មេរោគ​កូ​វីដ-19 នេះ ខណៈដែល​ពេលនេះ រូបគេ​កំពុងតែ​ដាក់ឱ្យ​ព្យាបាល​ដាច់ដោយឡែក និង​មាន​សុខភាព​ល្អជា​ធម្មតា។

    គួរឱ្យ​ដឹង​ដែរ​ថា Barcelona នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​លី​ស្បោ​ន ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​ទៅ​ប៉ះ​ជាមួយ​ក្លិប Bayern Munich សម្រាប់​ក្របខ័ណ្ឌ​វគ្គ 8ក្រុម​ចុងក្រោយ​នៃ UEFA Champions League៕

  • ក្មេងអាយុតិចជាង 2 ខួប គួរចៀសវាងអាហារណាខ្លះ?

    ក្មេងអាយុតិចជាង 2 ខួប គួរចៀសវាងអាហារណាខ្លះ?

    ទោះជាកូនតូចជាទីស្រឡាញ់របស់យើងអាចញ៉ាំអាហារផ្សេងៗក្រៅពីទឹកដោះបានតាំងពីអាយុ 6 ខែឡើងទៅក៏ដោយ តែដោយសារតែរាងកាយរបស់គេនៅមិនទាន់រឹងប៉ឹង និងមិនទាន់វិវឌ្ឍបានពេញទំហឹង ទើបមិនអាចញ៉ាំអាហារបានគ្រប់យ៉ាងនោះទេ ដូច្នេះអាហារដែលក្មេងតូចអាយុតិចជាង 2 ខួបគួរចៀសវាងនោះមានដូចខាងក្រោមនេះ ៖

    ទឹកឃ្មុំ

    អ្នកម្តាយជាច្រើននិយមដាក់ទឹកឃ្មុំលាយនៅក្នុងថ្នាំដែលមានរសជាតិល្វីងឱ្យកូនញ៉ាំ តែដឹងឬទេថា ទឹកឃ្មុំអាចបង្កគ្រោះថ្នាក់ដល់ពោះវៀនរបស់ក្មេងតូចៗបាន ដោយវានឹងធ្វើឱ្យកើតអាការចុកពោះ ឆ្អល់ទល់លាមក និងនៅលើក្មេងខ្លះអាចនឹងធ្ងន់ធ្ងរដល់ថ្នាក់ប្រព័ន្ធខាងក្នុងរាងកាយគាំងដោយសារខ្វះជាតិទឹកក៏មានដែរ ដូច្នេះមិនគួរឱ្យកូនតូចដែលមានអាយុតិចជាង 2 ឆ្នាំញ៉ាំទឹកឃ្មុំជាដាច់ខាត ទោះជាទឹកឃ្មុំដែលឆ្លងកាត់ការសម្លាប់មេរោគហើយក៏ដោយ។

    ម្ហូបអាហារស្ទើរឆៅ ស្ទើរឆ្អិន

    អាហារប្រភេទស្ទើរឆៅ ស្ទើរឆ្អិន ភាគច្រើននឹងមានមេរោគបាក់តេរី និងសត្វល្អិត (អៀន ព្រូន)ដែលរាងកាយរបស់ក្មេងតូចៗដែលមានអាយុក្រោម 2 ឆ្នាំមិនអាចតតាំងជាមួយមេរោគទាំងនោះបានទេ ទើបអាចធ្វើឱ្យក្មេងតូចមានអាការឈឺថ្កាត់ និងទទួលរងគ្រោះថ្នាក់បាន ដូច្នេះការចម្អិនអាហារឱ្យកូនតូច គួរចម្អិនឱ្យបានឆ្អិនល្អជានិច្ច មិនថាតែស៊ុតមាន់ទា ឬសាច់សត្វអ្វីក៏ដោយ និងគួរចម្អិនឱ្យផុយទន់ ដើម្បីឱ្យកូនតូចងាយស្រួលទំពាផង។

    អាហាររសជាតិប្រៃ

    ដោយសារតែក្មេងតូចវ័យតិចជាង 2 ឆ្នាំ ក្រលៀនរបស់ពួកគេនៅមិនទាន់អាចធ្វើការបានពេញទំហឹង និងស្ថិតក្នុងអំឡុងពេលអភិវឌ្ឍន៍នោះ ទើបមិនអាចត្រងចម្រាញ់អាហារដែលមានរសជាតិប្រៃខ្លាំងនោះបានទេ ដែលវានឹងហុចផលឱ្យក្រលៀនត្រូវធ្វើការធ្ងន់ និងខ្លាំងជាងប្រក្រតី រហូតអាចនឹងប្រថុយនឹងការកើតជំងឺក្រលៀននៅទីបំផុត។ ដូច្នេះអ្នកម្តាយមិនគួរឱ្យកូនតូចញ៉ាំអាហារណាដែលមានរសជាតិប្រៃខ្លាំង ឬអាហារដែលបន្ថែមគ្រឿងដោយអំបិលឡើយ ព្រោះយ៉ាងណាក៏នៅក្នុងសាច់សត្វ និងបន្លែផ្សេងៗនោះ​តែងមានរសជាតិល្អស្រាប់ហើយ។

    អាហារដែលមានរសជាតិផ្អែម

    សម្រាប់ក្មេងដែលមានអាយុតិចជាង 2 ឆ្នាំ អាហារដែលមានរសជាតិផ្អែមខ្លាំង ឬមានការបន្ថែមរសជាតិដោយស្ករច្រើន ក៏ជាមុខម្ហូបមួយទៀតដែលក្មេងតូចគួរចៀសវាងដែរ ព្រោះភាពផ្អែមទាំងនោះអាចធ្វើឱ្យកូនតូចប្រថុយប្រថាននឹងការកើតជំងឺទឹកនោមផ្អែមតាំងពីក្មេង កើតរោគធាត់ និងអាចក្លាយជាមនុស្សដែលញៀនរសជាតិផ្អែមនៅពេលធំទៅ។ មិនមែនត្រឹមតែអាហារប៉ុណ្ណោះទេ តែរួមទាំងភេសជ្ជៈផ្សេងៗ ជាពិសេសទឹកភេសជ្ជៈកំប៉ុង និងភេសជ្ជៈដែលមានលាយដោយស្ករផងដែរ។

    អាហារដែលមានជាតិខ្លាញ់ខ្ពស់

    ការញ៉ាំអាហារដែលមានខ្លាញ់ច្រើន នឹងធ្វើឱ្យកូនតូចមានបញ្ហាកើតរោគធាត់ និងអាចមានផលអាក្រក់ប៉ះពាល់ដល់សុខភាពជាច្រើនទៀតតាមមកនាពេលអនាគតទៀតផង ដូច្នេះដើម្បីសុខភាពដ៏ល្អរបស់កូន គួរចៀសវាងអាហារដែលមានខ្លាញ់ ឬជាតិខ្លាញ់ច្រើនយ៉ាងដាច់ខាត។

    ទាំងអស់នេះគឺអាហារដែលកូនតូចវ័យតិចជាង 2 ឆ្នាំគួរតែចៀសវាង ព្រោះសុទ្ធតែធ្វើឱ្យប៉ះពាល់ដល់សុខភាពកូនខ្លាំងបំផុត ដូច្នេះក្មេងក្នុងវ័យនេះ ឪពុកម្តាយគួរតែយកចិត្តទុកដាក់ក្នុងរឿងអាហារការហូបចុកជាចម្បង ដោយធ្វើការជ្រើសរើសភោជនាហារណាដែលល្អសម្រាប់គេ និងចៀសពីអាហារហាមឃាត់គ្រប់ប្រភេទ៕

  • រៀបចំតុធ្វើការយ៉ាងណាឱ្យទទួលបានជោគជ័យក្នុងការងារ

    រៀបចំតុធ្វើការយ៉ាងណាឱ្យទទួលបានជោគជ័យក្នុងការងារ

    មិនថាគោលដៅរឿងការងាររបស់លោកអ្នក គឺជាភាពជោគជ័យ កេរ្ត៏ឈ្មោះ លុយកាក់ ឬក៏ជាអ្វីក៏ដោយ តែក្រៅពីខ្លួនរបស់លោកអ្នកផ្ទាល់ហើយ បច្ច័យផ្សេងៗនៅក្នុងការធ្វើការងារ ទាំងកិច្ចការងារ ឬមិត្តរួមការងារសុទ្ធតែជារឿងសំខាន់ទាំង​អស់ ថ្ងៃនេះយើងនាំលោកអ្នកមករៀបចំតុធ្វើការ ដើម្បីបង្កើនហុងស៊ុយ ឲ្យការងាររបស់លោកអ្នកឈានទៅមុខ និងទទួលជោគជ័យវិញល្អជាង ។

    1 . នៅលើតុធ្វើការ

    • នៅលើតុផ្នែកខាងឆ្វេងមានន័យពីសមត្ថភាពនិងចំណេះ ដូច្នេះគួរដាក់សៀវភៅឯកសារផ្សេងៗ ដូចជា វចនានុក្រម ឯកសារច្បាប់ផ្សេងៗ ឬរបស់របរដែលអ្នកចាំបាច់ត្រូវប្រើញឹកញាប់ ដើម្បីបង្កើនចំណេះ និងសមត្ថភាពរបស់លោកអ្នកជាបន្តបន្ទាប់ ។
    • ចំណែកខាងស្តាំគឺជាកន្លែងដែលពាក់ព័ន្ធនឹងស្នេហា សម្ព័ន្ធភាព អ្នកអាច​យករូបថតក្រុមគ្រួសារ ឬមនុស្សដែលលោកអ្នកស្រឡាញ់មកដាក់តាំង នឹងធ្វើឲ្យសេចក្តីស្នេហារបស់អ្នករីកស្រស់បំព្រងឡើង ឬដាក់ថូផ្កាក៏ស្អាតមួយបែបដែរ តែផ្កាដែលដាក់ក្នុងថូគួរជាចំនួនលេខគូ ។
    • ទីតាំងតុធ្វើការ
    • មិនគួរបែរមុខតុធ្វើការឲ្យចំផ្លូវចូល ឬបែមុខរកជញ្ជាំងឡើយ ព្រោះនឹងធ្វើឲ្យអ្នកជួបតែឧប្បសគ្គ តែបើចៀសមិន​រួច ដោយសារតុធ្វើការរបស់អ្នកនៅចំពីមុខ ឬបញ្ឆឹតនឹងមាត់ទ្វានោះ គួរយកផើងដែលមានដើមផ្កាខ្ពស់ ឬចង្កៀងគោមបញ្ឈរមកដាក់កន្លែងផ្លូវចូល ដើម្បីបញ្ចៀសខ្សែភ្នែកចេញពីតុធ្វើការរបស់អ្នក វានឹងជួយបង្កើនអំណាចដល់អ្នក ។ នៅខាងមុខតុធ្វើ​ការ គួរមើលថែឲ្យបានស្អាតជាប់ជានិច្ចដើម្បីឲ្យការងាររបស់លោកអ្នករលូនទៅមុខ ។
    • ចំណែកខាងក្រោយរបស់តុធ្វើការ ជាកន្លែងដែលនឹងជួយបង្កើនរឿងកាងារ និងលុយកាក់របស់អ្នក គួរតែបែរខ្នងដាក់ជញ្ជាំងជានិច្ច ។ ដើម្បីភាពស្ថឹតស្ថេរគង់វង្សក្នុងមុខតំណែងការងារចូរយករូបថតពេលទទួលរង្វាន់ សញ្ញាបត្រ ឬឯកសារផ្សេងៗដែលបង្ហាញពីភាពជោគជ័យរបស់អ្នកមកដាក់ព្យួរតាំង ហើយបើខាងក្រោយតុធ្វើការរបស់អ្នកជាជ្រុងបន្ទប់ បើមានរបស់របរអ្វីនោះគួររៀបចំឲ្យមានរបៀប និងត្រូវរក្សាភាពស្អាតជានិច្ច ព្រោះជឿថានឹងជួយបង្កើនក្នុងរឿងលុយកាក់ឲ្យហូរចូលមក អាចក្លាយជាសេដ្ឋីបាន ។
    • . កៅអីអង្គុយធ្វើការ
    • កៅអីដែលល្អ គួរមានបង្អែកខ្ពស់ អាចទ្រ និងពេញល្មមនឹងខ្នងរបស់អ្នក ហើយមានភ្នាក់ដៃដ៏ធំមាំនឹង​គួរឪស្សាហ៏ជូតសម្អាតកៅអីរបស់អ្នកឲ្យស្អាតជានិច្ច និងគួរមើលថែរកន្លែងផ្សេងៗរបស់កៅអីឲ្យបានល្អ កុំឲ្យរលុងទ្រេត​ទ្រោត កង់កុំឲ្យជាប់គាំង ឬបាក់ ព្រោះកៅអីអង្គុយធ្វើការដែលរឹងមាំ នឹងជួយឲ្យការងាររបស់អ្នកស្ថឹតស្ថេរគង់វង្សល្អ ។
    • . អង្គប្រកបផ្សេងៗទៀតគួរធ្វើឲ្យខ្យល់អាកាស និងបរិយាកាសក្នុងបន្ទប់ធ្វើការស្អាត ស្រស់ថ្លាជានិច្ច អាចយកប្រេងក្រអូបមកដាក់ក្នុងបន្ទប់ឬ​បាញ់ស្រ្បៃយ៏ក្លឹនក្រអូបដើម្បីបំបាត់ក្លឹនមិនល្អផ្សេងៗក៏បាន និងដើម្បីជួយបង្កើនកម្លាំងថាមពលដែលល្អជុំវិញក្នុងកន្លែងធ្វើ​ការ​​របស់​​​លោកអ្នក៕
  • ដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មិគួរដឹង

    ដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មិគួរដឹង

    បន្ទាប់ពីកន្លងផុតនាទីនៃក្តីរំភើបសោមនស្ស ព្រោះមានសមាជិកថ្មីដ៏តូចច្រឡឹងមួយរូបកើតថែមឡើងនៅ​ក្នុង​​គ្រួសារ​​​ហើយនោះ ជឿថា លោកឪពុកអ្នកម្តាយថ្មីថ្មោងជាច្រើននាក់ច្បាស់ជួបនូវបញ្ហាជាច្រើនរឿងនៅក្នុងជីវិតប្រចាំថ្ងៃ​មិនខាន ជាពិសេសរឿងការចិញ្ចឹមថែទាំកូនតូច ដែល ឡារ៉ែន ជឿថាលោកឪពុកអ្នកម្តាយប្រហែលជាមានកង្វល់ក្នុង​ចិត្តបើមិន​តិច ក៏ច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែរ ព្រោះមិនដឹង​​ថា ត្រូវចាប់ផ្តើមចិញ្ចឹមថែទាំកូនសម្លាញ់ដោយរបៀបណា? ដូច្នេះលេខនេះឡា​ រ៉ែនសូមនាំយកវិធីមើលថែ​ទាំ​កូនតូច​​​ទើប​​នឹងកើតយ៉ាងត្រឹមត្រូវមកជម្រាបជូនដើម្បីជាប្រយោជន៍សំរាប់លោកឪពុកអ្នកម្តាយថ្មីថ្មោងគ្រប់រូបដូចខាងក្រោម ៖

    . ផ្ងូតទឹកឲ្យកូនតូច : គួរងូតទឹកឲ្យកូនតូចក្នុងមួយថ្ងៃ 2 ដង ព្រឹក-ល្ងាច (ព្រឹកអាចនៅពេលថ្ងៃបន្តិច និងល្ងាចមុនពេលព្រលប់) ដោយត្រៀមឧបករណ៍សម្រាប់ងូតទឹកដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ អេប៉ុងដុសខ្លួន កន្សែងជូត​ខ្លួន និងចានដែកងូតទឹកដែលមានបន្ទះការពាររអឹល ។ ត្រៀមទឹកនៅក្នុងចានដែកឲ្យមានសីតុណ្ហភាពសមល្មម មិនត្រជាក់​ពេក ឬក្តៅពេក បន្ទាប់មកទើបក្បង់ទឹកមកលាបលើខ្លួនកូនថ្នមៗ ដើម្បីឲ្យកូនបានសម្រួលខ្លួនជាមុនសិន រួចហើយទើបកក់​សក់កូនតូចមុនគេបង្អស់ ។ សម្រាប់ការផ្ងូតទឹកសម្អាតខ្លួនឲ្យកូនតូចនេះ ចូរសង្កត់ធ្ងន់លើការសម្អាតតាមចំណុចគន្លាក់ផ្សេងៗ ជាពិសេស គល់ភ្លៅ គន្លាក់ក្បាលជង្គង់ ក្លៀក និងរន្ធគូទជាដើម ។ ចំពោះការផ្ងូតទឹកឲ្យកូនតូចនេះ បើអ្នកម្តាយថ្មីថ្មោងណាមិន​សូវជឿជាក់លើខ្លួនឯងនោះ អាចប្រើវិធីងូតទឹកដោយការដាក់កូនឲ្យគេងនៅលើក្រណាត់កៅស៊ូ ហើយយកអេប៉ុងសើមៗមក​ជូតសម្អាត​ខ្លួនកូនតូចក៏បានដែរ ។

    . ជូតសម្អាតយ៉ាងថ្នមៗ និងទន់ភ្លន់ : គឺជារឿងដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ និងមើលថែយ៉ាងហ្មត់ចត់ ជាពិសេសការលាង និងជូតសម្អាតម្តុំរន្ធផ្ជិត និងអវយវ:ភេទដែលច្រើនកើតមានភាព​សើមអាប់ ដូច្នេះគួរធ្វើការជូតសម្អាតដោយអាល់កុលរៀងរាល់លើកក្រោយពេលផ្ងូតទឹករួច រហូតទាល់តែគល់ផ្ជិតជ្រុះ និងឡើងស្ងួត ។ ហាមប្រើម្សៅ​រោយ​​​ពីលើផ្ជិតទារកជាដាច់ខាត ព្រោះអាចធ្វើឲ្យកើតការឆ្លងមេរោគបាន ចំណែកអវយវ:ភេទ និងគូទក៏មិនគួរមើលរំលងដែរ នៅពេល​កូនតូចបន្ទោបង់រួចហើយត្រូវប្រញាប់ជូតសំអាតភ្លាម ដោយប្រើសំឡីជ្រលក់ទឹកជូតស្នាមបស្សាវ: និងឧច្ចារ:ដែល​ប្រឡាក់លើខ្លួនកូនចេញយ៉ាងថ្នមដៃ ដោយជូតពីខាងមុខទៅខាងក្រោយ ហើយយកកន្សែងពោះគោជូតប្តឹតឲ្យស្ងួតល្អ បន្ទាប់​​​​​​​​​​​​​​​​​​​​ពីនោះមកទើបស្លៀកក្រណាត់កន្ទប ឬខោទឹកនោមឲ្យ ។

    ខោអាវរបស់កូនតូច : គួរជាឈុតដែលធ្វើពីក្រណាត់កូតុងកប្បាស់ សាច់ទន់ខ្យល់ចេញចូលបាន មិនហប់អាចជាអាវដៃវែង ឬដៃខ្លីបែបមានខ្សែចងខាងមុខ ឬខាងក្រោយ ។ ចំណែកខោវិញគួរប្រើបែបមានខ្សែយឺតធូរៗ ឬចងខ្សែដើម្បីឲ្យងាយស្រួលស្លៀក និងដោះចេញ ។ បើក្នុងរដូវរងា ចូរជ្រើសយកឈុតណាដែលរាងក្រាស់បន្តិច ដើម្បីជួយគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយកូនតូច ។

    . ហាត់សង្កេត សម្លេងយំ និងអាការរបស់កូនតូច : ការបញ្ចេញសម្លេងផ្សេងៗ ទាំងការស្រែកបែបប្រឹងស្រែកថ្ងូរនៅក្នុងបំពង់ក ការញញឹម រួមទាំងការយំផង សុទ្ធតែជាវិធីដែលទារកប្រើទំនាក់ទំនងជាមួយអ្នកម្តាយទាំងអស់ ថានៅក្នុងខណ:ពេលហ្នឹងកូនចង់បានអ្វី អាចកំពុងឃ្លានទឹកដោះ មិនសប្បាយខ្លួនដោយសារឈឺថ្កាត់ ជាដើម ដូច្នេះលោកឪពុកអ្នកម្តាយគួរតែចាំសង្កេតមើលកូនតូចជាប់ជាប្រចាំ ថាអាការទាំងអស់នេះ តើកូនចង់ប្រាប់ពីអ្វីឲ្យយើងដឹង ។

    . ទឹកដោះម្តាយសំខាន់បំផុត : ដូចបានដឹងច្បាស់គ្រប់គ្នាហើយថា ទឹកដោះម្តាយគឺជាប្រភពនៃសា​រជាតិ​អាហារចំបងៗរបស់​​ទារកពេញរយ:ពេល 1 ឆ្នាំតំបូង ព្រោះសារជាតិអាហារដែលមាននៅក្នុងទឹកដោះគឺជាវត្ថុចាំបាច់ ជា​ភោជ​​​​​នាហារដែលល្អចំពោះសុខភាពរបស់ទារក ហុចផលដល់ការធំធាត់ និងការវិវឌ្ឍន៍របស់កូនតូចខ្លាំងណាស់ ជា​ពិសេសទារក​ដែលអាយុបាន 6 សប្តាហ៍ នឹងចាប់ផ្តើមរីកចំរើនធំធាត់យ៉ាងឆាប់រហ័ស ដែលអាចធ្វើឲ្យកូនតូចឆាប់ឃ្លានញឹកញាប់ជាងមុន ដូច្នេះអ្នកម្តាយគួរឲ្យកូនសម្លាញ់បានមឺមដោះឲ្យបានច្រើនជាងមុនដែរ ។

    . ភ្ជាប់សម្ព័ន្ធនៃក្តីស្រឡាញ់ឲ្យជិតស្នឹទ្ធ : ព្រោះតែការធ្វើឲ្យកូនមានអារម្មណ៍កក់ក្តៅ និងបានទទួលនូវក្តីស្រឡាញ់ គឺជាការជួយភ្ជាប់សម្ព័ន្ធរវាងម្តាយ និងកូនឲ្យកាន់តែកើនច្រើនឡើង មិនថាតែការកំរើកដៃជើងរបស់កូនថ្នមៗ ធ្វើម៉ាស្សាឲ្យស្រាលៗ រួមទាំងការបីឱបកូនពេលបំបៅដោះ ឬពេលបីបំពេរកូន គឺសុទ្ធតែជាការភ្ជាប់សម្ព័ន្ធឲ្យកូនញញឹម និងមានសេចក្តីសុខ ។

    ទោះនៅក្នុងរយ:តំបូងៗ លោកឪពុកអ្នកម្តាយអាចនឹងត្រូវសំរបសំរួលខ្លួន រៀនយល់ដឹង និងត្រូវត្រៀម​ខ្លួនជានិច្ចក្នុងការមើលថែទាំកូនតូចខ្លាំងជាពិសេស រហូតដល់នឿយហត់ ធុញថប់ និងគ្មានពេលវេលាសំរាកគ្រប់គ្រាន់ក៏​ដោយ តែការប្រែប្រួលរបស់កូនដែលរីកចំរើនធំធាត់ជាបណ្តើររៀងរាល់ថ្ងៃ រួមទាំងស្នាមញញឹមតូចៗដែលបង្ហាញឡើងនៅលើផ្ទៃមុខរបស់កូនសម្លាញ់ សូមជឿចុះថា វានឹងជួយលុបបំបាត់ភាពនឿយហត់ទាំងឡាយ និងបន្ថែមនូវសេចក្តីសុខដល់​ក្រុមគ្រួសាររបស់លោកអ្នកមិនខាន ៕

  • ចំណង់ ជាកត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់នានាដើម្បីសម្រេចការងារ

    ចំណង់ ជាកត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់នានាដើម្បីសម្រេចការងារ

    មនុស្សម្នាក់ៗ អាចធ្វើ​ការងារ​ទៅ​ល្អ​បាន លុះត្រាតែ​ពួកគេ​ធ្វើការ​ងារ​ដោយ​ក្តី​ពេញចិត្ត និង​មាន​ភាព​រីករាយ​ចំពោះ​ការងារ​ទាំងអស់នោះ។ កត្តា​សំខាន់​ដែល​ធ្វើឱ្យមាន​ភាព​ពេញចិត្ត និង​រីករាយ​ក្នុង​ការធ្វើការងារ​នានា​គឺ​ចំណង់។

    លោក គីម ដា​រ៉ា ស្ថាបនិក​ស្ថាប័ន​អប់រំ Start Up Community បាន​លើកឡើងថា គន្លឹះ​សំខាន់​ក្នុងការ​ជោគជ័យ​លើ​កិច្ចការ​ណាមួយ​គឺ​ចំណង់​ដ៏​ខ្លាំង។ ដើម្បី​អាច​ចាប់ផ្ដើម​អ្វីមួយ លុះត្រាតែ​អ្នកមាន​ចំណង់​ខ្លាំង​ក្នុងការ​សម្រេច​វា​ឱ្យ​ជោគជ័យ បើ​ចំណង់​មិន​ពិតប្រាកដ​អ្នកនឹង​បោះបង់​មុន​ចាប់ផ្ដើម​ទៅទៀត​ឬ​បោះបង់​នៅពេល​ចាប់ផ្ដើមបាន​បន្តិច។

    អ្នក​មិនអាច​ជោគជ័យ​ក្នុង​កិច្ចការ​ច្រើន​ក្នុងពេល​តែមួយ​នោះទេ ព្រោះ​អ្នក​មិនអាច​រក្សា​ចំណង់​ជោគជ័យ​ឱ្យនៅ​ខ្លាំង​ក្នុង​កិច្ចការ​ច្រើន​ព្រម​គ្នា​នោះទេ ហេតុនេះ ចង់​សម្រេច​ការងារ​ណា ដាក់ចិត្ត​ឱ្យ​ខ្លាំង​លើ​កិច្ចការ​នោះ​ដោយ​ប្រមូល​ចំណង់​របស់​អ្នក​ទាំងអស់​ដាក់​លើ​កិច្ចការ​នោះ។

    នៅពេលដែល​អ្នកមាន​អារម្មណ៍​ចង់​បោះបង់ មានន័យថា​ចំណង់​ជោគជ័យ​របស់​អ្នក​កំពុង​ផុយស្រួយ​ហើយ ហេតុនេះ​ត្រូវ​ពង្រឹង​ចំណង់​ឡើងវិញ។

    នៅពេលដែល​អ្នក​មិនអាច​ចាប់ផ្ដើម​ការងារ​ណាមួយ​តាម​ផែនការ នេះ​បង្ហាញថា​ចំណង់​របស់​អ្នក​ក្នុង​ការងារ​នោះ​មិនទាន់​ខ្លាំង​គ្រប់គ្រាន់​នោះឡើយ ហេតុនេះ​ត្រូវ​ពង្រឹង​ចំណង់​ឱ្យ​ខ្លាំង​ជាងនេះទៀត។

    ត្រូវ​ចាំ​ថា លេស​នឹង​កើតឡើង​នៅពេល​ចំណង់​របស់​អ្នក​ចុះខ្សោយ៕

  • UEFA Champions League អាចនឹងត្រូវផ្អាកវិញ ក្រោយរកឃើញកីឡាករ AT Madrid ឆ្លងកូវីដ-19

    UEFA Champions League អាចនឹងត្រូវផ្អាកវិញ ក្រោយរកឃើញកីឡាករ AT Madrid ឆ្លងកូវីដ-19

    គ្រប់ការ​ប្រកួត UEFA Champions League ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន បាន​លើក​ទៅធ្វើ​នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ទាំងអស់ ហើយ​កាលវិភាគ​ប្រកួត គឺកៀកៗគ្នា ដើម្បី​ជាការ​ងាយស្រួល​សម្រាប់​ក្រុម​ទាំងអស់ មិនចាំបាច់​ហោះហើរ​ទៅមក ដែល​នាំឱ្យមាន​ហានិភ័យ​ពី​ជំងឺ​កូ​វីដ-19។

    ដោយឡែក ក្លិប Atlético Madrid បាន​រកឃើញ​មាន​កីឡាករ​របស់ខ្លួន​ចំនួន 2នាក់​មាន​ផ្ទុកមេរោគ​កូ​វីដ-19 និង​ថែមទាំង​បានបញ្ជាក់​យ៉ាងច្បាស់​ទៀតផង​ថា កីឡាករ 2រូបនោះ​គឺ ខ្សែប្រយុទ្ធ Angel Correa និង​ខ្សែការពារ Sime Vrsalijko ដោយ​ពួកគេ​ទាំង 2នាក់​នៅមាន​សុខភាព​ល្អ តែ​តម្រូវ​ឱ្យទៅ​គេង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដូច្នេះ សម្រាប់​ការប្រកួត​វគ្គ 1/4 ដែល Atlético Madrid ត្រូវ​ជួបនឹង RB Leipzig ថ្ងៃទី13 ខែសីហា ខាងមុខ​នោះ នឹងត្រូវ​អវត្តមាន​កីឡាករ​ទាំង 2រូបនេះ​យ៉ាងពិត​ប្រាកដ។

    គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​មានរឿង​ហេតុ​ខាងលើ​កើតឡើង​បែបនេះ ការប្រកួត​រវាង Atletico តទល់​នឹង Leipzig ក្នុង​ក្របខ័ណ្ឌ UEFA Champions League វគ្គ 8ក្រុម​ចុងក្រោយ នៅ​ថ្ងៃទី13 ខែសីហា ខាងមុខ មិនទាន់​ដឹងថា តើ​អាច​ដំណើរការបាន ឬក៏​យ៉ាងណា​នៅឡើយ​ទេ៕

  • Barcelona នឹងគ្មាន Messi នៅវគ្គ 8ក្រុមចុងក្រោយ Champions League

    Barcelona នឹងគ្មាន Messi នៅវគ្គ 8ក្រុមចុងក្រោយ Champions League

    Lionel Messi ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន បាន​រង​បួស ក្នុងអំឡុងពេល​ការប្រកួត​ឈ្នះ លើ ក្រុម Napoli ក្នុង​លទ្ធផល 3-1 កាលពី​សប្ដាហ៍​មុន។ Messi បាន​ប៉ះទង្គិច​ជាមួយ​ខ្សែការពារ Kalidou Koulibaly ក្នុងការ​ប្រកួត រហូត​មាន​បាល់​ប៉េ​ណា​ល់​ទី​កើតឡើង​ទៀតផង។

    ជុំវិញ​ស្ថានភាព​របួស​នេះ ត្រូវបាន​វេជ្ជបណ្ឌិត​របស់​ក្លិប បាន​ពណ៌នា​ថា កីឡាករ​រូបនេះ ត្រូវតែ​សម្រាក​សិន មិនអាច​ធ្វើការ​ហ្វឹកហាត់​បានឡើយ ហើយនឹង​ត្រូវ​អវត្តមាន​ក្នុងការ​ប្រកួត​វគ្គ 1/4 នៃ​ពានរង្វាន់ UEFA Champions League ទល់នឹង​ក្រុម​អាល្លឺម៉ង់ Bayern Munich ។

    រំឭក​ដែរ​ថា Messi  ជា​កីឡាករ​អា​ហ្ស​ង់​ទីន 1រូប ដែល​បាន​លើក​ពានរង្វាន់ UEFA Champions League ច្រើនជាងគេ ពោលគឺ 4ជំនាន់ (2005–06, 2008–09, 2010–11, 2014–15)៕

  • ចង់ឲ្យគូស្នេហ៍ស្តាប់ តើគួរធ្វើយ៉ាងម៉េចទៅ?

    ចង់ឲ្យគូស្នេហ៍ស្តាប់ តើគួរធ្វើយ៉ាងម៉េចទៅ?

    សុភាពនារីទាំងឡាយធ្លាប់នឹកឆ្ងល់ខ្លះទេថា ពេលយើងចង់និយាយអ្វីមួយជាមួយគូស្នេហ៍ តែហេតុ​ម៉េចបាន​ជាគេហាក់ដូចជាមិនសូវចង់ស្តាប់រឿងដែលយើងចង់និយាយនោះ ឬធ្វើឬកជាតាំងចិត្តស្តាប់ តែការពិតវិញ គេបែរជាលួច​នឹក​ទៅ​រឿងឯណាផ្សេងទៅវិញ រហូតធ្វើឲ្យនារីជាច្រើនមានអារម្មណ៍ធុញទ្រាន់រអាចំពោះទង្វើបែបនេះរបស់គូស្នេហ៍ ឬស្វាមី ជា​ខ្លាំង ។ បើអ្នកណាដែលកំពុងធ្លាក់ក្នុងស្ថានការណ៍បែបនេះ សូមកុំអាលឆេវឆាវ ចូរនាំគ្នាមកមើលគន្លឹះល្អៗក្នុងការនិយាយឲ្យពួកគាត់តាំងចិត្តស្តាប់វិញម្តងប្រសើរជាង ។

    1 . និយាយចំៗ ត្រង់ៗ

    មូលហេតុមួយដែលធ្វើឲ្យបុរសៗមិនសូវចូលចិត្តស្តាប់នារីៗនិយាយនោះ ព្រោះនារីៗច្រើនតែនិយាយកាច់​កុង​​ហូរ​​ហែបូបាច់ច្រើនពេក ឬអ្នកខ្លះទៀតនិយាយត្រឡប់ត្រឡឹនរហូតមិនដឹងថាចង់និយាយអំពីស្អីក៏មានដែរ ដូច្នេះបើអ្នក​មានអ្វីនៅ​ក្នុងចិត្ត គួរតែនិយាយចេញមកឲ្យត្រង់ៗ ឬនិយាយចូលសាច់រឿងតែម្តងទៅ ។

    2 . និយាយតែរឿងដែលគេចាប់អារម្មណ៍

    នារីភាគច្រើន ៗចូលចិត្តនិយាយតែរឿងរបស់ខ្លួនឯង ឬមិនទេក៏និយាយតែរឿងដែលខ្លួនឯងចាប់អារម្មណ៍ដូចជា រឿងតារា ម៉ូដខោអាវ និងរឿងតុបតែងខ្លួន ដែលរឿងពួកនេះ បុរសៗមិនសូវជាយល់ប៉ុន្មានទេ ខ្លាំងណាស់ក៏បានត្រឹមតែអង្គុយងក់ក្បាលតាមសំដីរបស់អ្នកប៉ុណ្ណោះ ដូច្នេះអ្នកគួរតែបបួលគេនិយាយក្នុងរឿងដែលគេជំនាញ និងចាប់អារម្មណ៍ខ្លះដូចជារឿង តិចណូឡូជី ឡាន ហ្គេម បាល់ទាត់ – ល​ – ហើយនារីណាដែលអាចនិយាយជជែកក្នុងរឿងទាំងអស់នេះបាន គឺជានារីដែលមើលទៅមានមន្តស្នេហ៍ និងគួរឲ្យជជែកលេងជាមួយខ្លាំងណាស់ ។

    3 . និយាយឲ្យត្រូវពេលត្រូវវេលា

    ជួនកាលដែលបុរសមិនស្តាប់នូវអ្វីដែលអ្នកនិយាយនោះ មិនមែនមកពីគេមិនចាប់អារម្មណ៍នោះទេ អាចដោយសារតែពេលនោះគេកំពុងតែមានរឿងពិបាកចិត្ត ឬស្ថិតនៅក្នុងអារម្មណ៍ដែលចង់នៅស្ងាត់ៗតែម្នាក់ឯង ដូច្នេះបើអ្នកត្រូវការពិភាក្សា និងជជែកជាមួយគេបែបច្បាស់លាស់នោះ អ្នកគួរតែចេះជ្រើសរើសរកពេលណាដែលគេស្ថិតក្នុងអារម្មណ៍​ធម្មតាទើបជាការប្រសើរជាង ព្រោះវាជាពេលដែលគេព្រមទទួល និងតាំងចិត្តស្តាប់អ្នកខ្លាំងបំផុត ។

    4 . អធិប្បាយពីហេតុផល

    ក្នុងករណីយដែលគេមិនចាប់អារម្មណ៍ ឬមិនព្រមទទួលស្តាប់នូវអ្វីដែលអ្នកនិយាយ អ្នកគួរតែអធិប្បា​យ ឬ​សម្តែងពីអារម្មណ៍របស់អ្នកចេញទៅថា ពេលនេះអ្នកកំពុងតែមានអារម្មណ៍ ឬកំពុងតែគិតពីអ្វី ដូចជា មានអារម្មណ៍កង្វល់សោកស្តាយ ឬព្រួយបារម្ភអំពីគេខ្លាំងប៉ុនណា ហើយសឹមនិយាយចូលសាច់រឿង ដើម្បីឲ្យគេបានយល់ពីអារម្មណ៍ និងបើក​ចិត្តទទួលស្តាប់ពាក្យសំដីរបស់អ្នកកាន់តែខ្លាំងឡើង ។

    5 . អរគុណដែលគេព្រមទទួលស្តាប់

    មើលទៅវាអាចដូចជារឿងចម្លែកបន្តិចហើយដែលត្រូវអរគុណគូស្នេហ៍ ឬស្វាមី បន្ទាប់ពីគេព្រមទទួល​ស្តាប់​​រឿងរ៉ាវ​​របស់​​អ្នកនោះ តែនៅក្នុងការពិតវិញ រឿងតូចតាចកំប៉ិកកំប៉ុកបែបនេះអាចជួយឲ្យគេមានអារម្មណ៍ល្អ និងថែមទាំងជាការសម្តែងឲ្យគេបានដឹងដែរថា គេមិនមែនត្រឹមតែជាកន្លែងសំរាប់ទម្លាយអារម្មណ៍របស់អ្នកប៉ុណ្ណោះទេ តែគេជាមនុស្សដ៏​សំខាន់ម្នាក់របស់អ្នកដែលចាំផ្តល់នូវពាក្យណែនាំ និងជាអ្នកដែលចាំផ្តល់នូវកម្លាំងចិត្តដល់អ្នកជានិច្ច ។

    សូមសាកល្បងនាំវិធីខាងលើនេះទៅអនុវត្តសាក-លមើល ធានាថា ចាប់ពីពេលនេះទៅ ជីវិតគូរបស់អ្នកនឹងប្រកបទៅដោយការយល់ចិត្តយល់ថ្លើមគ្នា រស់នៅដោយភាពជឿជាក់លើគ្នាទៅវិញទៅមក និងមិនអាចអត់គ្នាបានប្រកប​ដោយសុភមង្គលមិនខាន៕