Category: សង្គម និងសេដ្ឋកិច្ច

  • រឿង 10 យ៉ាងដែលនារីៗនឹកសង្ឃឹមចង់ឃើញនៅក្នុងខ្លួនអនាគតស្វាមី

    រឿង 10 យ៉ាងដែលនារីៗនឹកសង្ឃឹមចង់ឃើញនៅក្នុងខ្លួនអនាគតស្វាមី

    នារីៗគ្រប់រូបសុទ្ធតែមានក្តីស្រមៃក្នុងការមានក្រុមគ្រួសារដែលល្អ មានកូន និងដែលសំខាន់បំផុតនោះគឺ “ស្វាមីដែលល្អ ឬឪពុករបស់កូនដែលល្អ”។ ការបានជួបគូស្នេហ៍ដែលល្អ អាចមិនមែនជារឿងពិបាកនោះទេ តែការបានជួបនឹងស្វាមីដែលល្អនោះ មិនមែនជារឿងងាយឡើយ ឡារ៉ែនជឿថា នារីៗយើងច្បាស់ជាមានសេចក្តីសង្ឃឹមទាំងអស់ដូចខាងក្រោមនេះនៅក្នុងខ្លួនអនាគតស្វាមី ឬមេគ្រួសារមិនខាន តើមានអ្វីខ្លះនោះ សូមអានជាបន្តទៀតប្រសើរជាងថា តើអនាគតស្វាមីដ៏ល្អ ដែលនារីៗយើងនឹកសង្ឃឹមចង់បាននោះត្រូវតែជាមនុស្សបែបណា?។

    1 – គេត្រូវតែមានចំណែករួមជាមួយកូន : យើងសង្ឃឹមថា បុរសម្នាក់នោះនឹងលេងជាមួយកូន យកចិត្តទុកដាក់លើកិច្ចការងារផ្សេងៗរបស់កូន ដូចជា លេងបាល់ លេងឧបករណ៍តន្រ្តីផ្សេងៗ ឬអ្វីក៏ដោយ គេត្រូវតែមិនព្រងើយកន្តើយ​ឬបណ្តោយកូន និងផ្តល់នូវភាពសំខាន់ចំពោះអ្វីដែលកូនចូលចិត្ត។

    2 – គេត្រូវតែធ្វើជាគំរូដ៏ល្អសម្រាប់គ្រួសារ និងកូនៗ : កូនរបស់យើងនឹងមានគំរូដែលល្អ ហើយសម្រាប់មេគ្រួសារវិញនោះ ការធ្វើជាគំរូដ៏ល្អពិតជាសំខាន់ចំពោះកូនខ្លាំងណាស់។

    3 – គេត្រូវតែមិនធ្វើអ្វីលាក់កំបាំង : យើងមិនចង់ឱ្យកើតហេតុការដែលពេលកូនមកសុំការអនុញ្ញាតយើងហើយ យើងឆ្លើយថា ទេ តែកូនបែរជានិយាយថា “ទៅសុំប៉ាល្អជាង ប៉ាអាចនឹងឱ្យ” នោះកើតឡើងឡើយ យើងសង្ឃឹមថា យើងពីរនាក់ត្រូវតែប្រកាន់ខ្ជាប់ និងមានភាពនឹងនរគ្រប់គ្រាន់។

    4 – គេត្រូវតែបំពេញតួនាទីរបស់គេបានល្អ : យើងមិននឹកសង្ឃឹមថា​អ្វីៗគ្រប់យ៉ាងត្រូវតែជាតួនាទីរបស់យើង ដូចជា ប្តូរក្រណាត់កន្ទបកូន ងូតទឹកឱ្យកូន ឬភ្ញាក់ឡើងពេលយប់ជ្រៅដើម្បីលួងលោមកូនឱ្យបាត់យំនៅពេលយប់តែម្នាក់ឯង យើងនឹកសង្ឃឹមថា គេត្រូវតែជួយយើងបាន បើមិនច្រើនក៏តិចដែរ។

    5 – យើងសង្ឃឹមថា គេនឹងមិនទម្រើសកូន : ក្នុងខណៈដែលយើងក្លាយជានាងយក្ខិណីក្នុងកែវភ្នែកកូន ហើយគេប្រែក្លាយជាលោកឪពុកចិត្តល្អដែលឱ្យអ្វីគ្រប់យ៉ាងដល់កូននោះ យើងនឹកសង្ឃឹមថា គេគួរតែជាឪពុកដែលកាចនៅពេលដែលត្រូវកាច និងស្លូតនៅពេលដែលគួរស្លូត។

    6 – យើងសង្ឃឹមឱ្យគេបើកចិត្តទូលាយ : បញ្ហាក្នុងក្រុមគ្រួសារ យើងសង្ឃឹមថា យើងពីរនាក់ត្រូវតែជួយគ្នា ហើយគេត្រូវតែហ៊ានសម្តែងគំនិតយោបល់ ហ៊ានសម្រេចចិត្ត និងអាចកែបញ្ហាចំពោះមុខបាន។

    7 – យើងសង្ឃឹមឱ្យគេស៊ូទ្រាំ : កូន គឺ កែវភ្នែក និងបេះដូងរបស់យើងទាំងពីរនាក់ ហើយយើងក៏សង្ឃឹមថា គេនឹងស៊ូទ្រាំជាមួយអាការងង៉ក់ ឌឺរឹង រពឹស និងអ្វីផ្សេងៗទៀតរបស់កូន និងរឿងដែលយើងត្រូវចាំទប់ទល់ជានិច្ចនោះបានមិនខាន។

    8 – យើងសង្ឃឹមថា គេនឹងមិនឈ្លោះជាមួយយើងនៅមុខកូន : អ្វីដែលយើងនឹកសង្ឃឹមនោះគឺ យើងនឹងមិនមួម៉ៅដាក់កូនជាដាច់ខាត រឹតតែការឈ្លោះនៅនឹងមុខកូនផងនោះ រឹតតែជារឿងមួយដែលត្រូវហាមឃាត់ជាដាច់ខាត ព្រោះគ្មានហេតុផលណាមួយដែលក្មេងម្នាក់ត្រូវមកចាំទទួលរងអារម្មណ៍ក្រេវក្រោធ ធុញថប់ មួម៉ៅរបស់ឪពុកម្តាយនោះទេ។

    9 – យើងសង្ឃឹមថា គេនឹងមិនធ្វើឱ្យកូនត្រូវជ្រើសរើសថា តើត្រូវទៅនៅជាមួយប៉ា ឬម៉ាក់ នោះទេ : សម្រាប់ឪពុកម្តាយ យើងគឺមនុស្សតែមួយ។ ការចែកបក្ស ចែកពួកនៅក្នុងផ្ទះ ឬការបែកបាក់ លែងលះគ្នា នឹងធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

    10 – យើងសង្ឃឹមថា គេនឹងផ្តល់កម្លាំងចិត្តដល់កូន : យើងនឹកសង្ឃឹមថា គេនឹងផ្តល់កម្លាំងចិត្តដល់កូនដោយឈរលើមូលដ្ឋានរបស់ពាក្យថា “ពេញចិត្តបំផុត” មិនមែន “ឥតខ្ចោះបំផុត” នោះទេ៕

  • យន្តហោះអវកាសដំបូងគេបង្អស់នឹងហោះហើរចាប់ពីឆ្នាំ2021

    យន្តហោះអវកាសដំបូងគេបង្អស់នឹងហោះហើរចាប់ពីឆ្នាំ2021

    Dream Chaser ជាមធ្យោបាយហោះហើរដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Sierra Nevada នៅ Colorado សហរដ្ឋអាមេរិក នឹងក្លាយជាយន្តហោះអវកាសឯកជនដំបូងគេបង្អស់ក្នុងពិភពលោក ដែលហោះហើរនៅលើគន្លងគោចររបស់ផែនដី។

    យានអវកាសមានស្លាបនេះនឹងហោះឡើងត្រង់ទៅលើនៅលើរ៉ុកកែតរុញច្រានមួយ ប៉ុន្តែនឹងបញ្ចប់បេសកកម្មរបស់វាដោយការចុះចត់ដូចទៅនឹងយានអវកាស Space shuttle ដែល NASA ធ្លាប់បានប្រើប្រាស់។ កាលពីខែមីនា ក្រុមហ៊ុន Sierra Nevada បានប្រកាសបង្ហាញប្រព័ន្ធស្លាបរបស់យន្តហោះ Dream Chaser ដំបូងដែលអាចប្រើប្រាស់បានជាផ្លូវការ ដែលនេះកំពុងបោះជំហានទៅជិតដល់ដំណាក់កាលដែលអាចដឹកជញ្ជូនសម្ភារៈ និងឧបករណ៍វិទ្យាសាស្ត្រទៅផ្គត់ផ្គង់ស្ថានីយអវកាសអន្តរជាតិ (ISS)។ Sierra Nevada បានឱ្យដឹងថា យន្តហោះអវកាសនេះមានឈ្មោះថា Tenacity។

    តាមគម្រោង Tenacity នឹងធ្វើការហោះហើរជាលើកដំបូងនៅចុងឆ្នាំ2021 នៅលើខ្នងរ៉ុកកែត Vulcan Centaur របស់ United Launch Alliance ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA។ ការចុះចតដូចយន្តហោះធម្មតារបស់យាន Tenacity នេះ នឹងអនុញ្ញាតឱ្យការប្រមូលឧបករណ៍ពិសោធន៍ត្រលប់មកផែនដីវិញយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាព។

    ដំបូងឡើយ Dream Chaser ត្រូវបានរចនាឡើងសម្រាប់តែដឹកមនុស្សប៉ុណ្ណោះ។ Sierra Nevada ធ្លាប់ទទួលបានទុនវិនិយោគជាច្រើនលើកពីកម្មវិធី Commercial Crew របស់ NASA ដើម្បីអភិវឌ្ឍយានអវកាស។ ប៉ុន្តែ ក្រុមហ៊ុននេះបានធ្វើឱ្យកិច្ចសន្យាដឹកអ្នកអវកាសធ្លាក់ទៅលើដៃ Boeing និង SpaceX ក្នុងឆ្នាំ2014។ យ៉ាងណាក៏ដោយ ឆ្នាំ2016 អង្គការ NASA បានជ្រើសរើសម៉ូដែលយន្តហោះអវកាសរបស់ Sierra Nevada សម្រាប់គម្រោង Commercial Resupply Services 2។

    តាមរយៈកិច្ចព្រមព្រៀងខាងលើនេះ Sierra Nevada នឹងត្រូវធ្វើការបាញ់បង្ហោះយានគ្មានមនុស្សបើកបរចំនួន6លើក ដើម្បីដឹកទំនិញទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS នៅក្នុងឆ្នាំ2024ខាងមុខ។

    Anna Hare ដែលជាអ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន បានឱ្យដឹងថា Sierra Nevada ត្រូវផ្លាស់ប្ដូរ module ប្រមាណជា20% របស់ Dream Chaser ដើម្បីប្រែក្លាយវាពីធម្យោបាយដឹកអ្នកដំណើរឱ្យទៅជាធម្យោបាយដឹកទំនិញ។ Sierra Nevada ក៏នឹងមិនបោះបង់លទ្ធភាពនៃការអភិវឌ្ឍវាឱ្យទៅជាយន្តហោះអវកាសសម្រាប់ដឹកមនុស្សនាពេលខាងមុខនោះដែរ៕

    Dream Chaser អាចដឹកទំនិញបានប្រហែល900គីឡូក្រាមនៅក្នុងជើងហោះហើរនីមួយៗ។ ទូដាក់ទំនិញមានទំហំ4.9ម៉ែត្រដែលមានឈ្មោះថា Shooting Star អាចភ្ជាប់ជាមួយនឹងយន្តហោះអវកាស ដែលនេះនឹង​ជួយ​ឱ្យយានអាច​ដឹក​ទំនិញ​4,500​គីឡូក្រាមបន្ថែមទៀត។ នៅពេលដែល Tenacity ត្រលប់មកដល់ស្រទាប់អូហ្សូនរបស់ផែនដី Shooting Star នឹងត្រូវផ្ដាច់ចេញ។ ដោយសារ Dream Chaser ផ្ទុកថាមពលសុវត្ថិភាព ក្រុមអ្នកបច្ចេកទេសអាចចូលទៅគ្រប់គ្រងយាននេះបានយ៉ាងឆាប់រហ័សក្រោយពីវាបានចុះចត។ ផ្នែកខាងក្រោយរបស់យន្តហោះអវកាសនេះនឹងបើកទ្វារ ហើយបុគ្គលិកនឹងចូលទៅប្រមូលយកសម្ភារៈនានាចេញពីទីនោះបានលឿន។ នេះគឺជាប្រការដ៏សំខាន់ ពិសេសគឺនៅពេលសម្ភារៈទាំងនោះជារបស់សម្រាប់ពិសោធន៍។ យន្តហោះអវកាសនេះក៏អាចហោះហើរដោយស្វ័យប្រវត្តិទាំងស្រុង ដោយមិនចាំបាច់មានបញ្ជាពីអ្នកបើកបរ៕

    ប្រភព៖ Space

  • គន្លឹះល្អៗ 6 យ៉ាងធ្វើឱ្យផ្ទះត្រជាក់ស្រួល

    គន្លឹះល្អៗ 6 យ៉ាងធ្វើឱ្យផ្ទះត្រជាក់ស្រួល

    ធាតុអាកាសក្តៅហប់បែបនេះ គ្រាន់តែមើលឃើញកំដៅថ្ងៃតាមមាត់បង្អួច មនុស្សជាច្រើនខ្លាចលែងចង់ចេញទៅ​ណា​បាត់ទៅហើយ តែ ចុះបើនៅក្នុងផ្ទះក៏ក្តៅហប់ ស្អុះស្អាប់ដូចគ្នានឹងខាងក្រៅដែរនោះ តើមានវិធីណាជួយធ្វើឱ្យផ្ទះត្រជាក់ស្រួលគួរឱ្យចង់នៅដែរឬទេ? កុំអាលបារម្ភអី ខាងក្រោមនេះគឺជាវិធី 6 យ៉ាងក្នុងការធ្វើឱ្យផ្ទះត្រជាក់ស្រួល តើមានអ្វីខ្លះនោះយើងនាំគ្នាតាមដានដូចតទៅ ។

    1 . បំពាក់រនាំងបាំងកំដៅនៅពីលើមាត់បង្អួច ឬកន្លែងដែលមានថ្ងៃចាំងចូល ឬក៏ដាំដើមឈើណាដែលឆាប់ធំដើម្បីបាំងកំដៅថ្ងៃ និងដើម្បីឱ្យមានម្លប់ផង។

    2 . បំពាក់វត្ថុការពារកំដៅ ដើម្បីរក្សាសីតុណ្ហភាពឱ្យនៅតែត្រជាក់ស្រួលជានិច្ច និងថែមទាំងជួយខ្ទប់សម្លេងទាំង​ខាងក្នុង និងខាងក្រៅ បង្កើនភាពស្ងប់ស្ងាត់បាត់សម្លេងរំខានទៀតផង។

    3 . បន្ថែមប្រឡោះឱ្យខ្យល់ចេញចូលបានស្រួល ផ្ទះនឹងមានខ្យល់បក់ចេញចូល ធ្វើឱ្យសីតុណ្ហភាពកាន់តែត្រជាក់​ឡើង ដោយការបើកបង្អួចជាន់ខាងក្រោម និងជាន់ខាងលើនៅក្នុងទិសផ្ទុយគ្នា។

    4 . បំពាក់កង្ហារបឺតកំដៅចេញ ដែលវានឹងបឺតយកភាពក្តៅហប់ចេញពីក្នងផ្ទះបានកាន់តែលឿនឡើង ថែមទាំងងាយ​ស្រួល​បំពាក់ និងតម្លៃមិនថ្លៃទៀតផង។

    5 . ប្តូរមកប្រើអំពូលភ្លើង LED ក៏អាចកាត់បន្ថយកំដៅនៅក្នុងផ្ទះបានច្រើនដែរ និងថែមទាំងស៊ីភ្លើ់ងតិចទៀតផង។

    6 . ធ្វើម្ហូបអាហារដោយចង្រ្កាន ម៉ៃក្រូវេហ្វ នៅក្នុងថ្ងៃណាដែលធាតុក្តៅស្អុះស្អាប់ខ្លាំង ដោយផ្អាកការប្រើប្រាស់​ចង្រ្កាន​ហ្កាសមួយរយៈ ព្រោះចង្រ្កានម៉ៃក្រូវេហ្វបញ្ចេញកំដៅតិចជាងចង្រ្កានហ្កាស និងចង្រ្កានខ្សែភ្លើងច្រើនណាស់។

    នៅមានគន្លឹះល្អៗមួយទៀតគឺ ព្យាយាមកុំប្រើប្រាស់គ្រឿងអគ្គិសនីតំណាលគ្នាច្រើនគ្រឿង និងគួរអ៊ុតខោអាវនៅ​ពេល​យប់ ឬពេលព្រលឹមវិញប្រសើរជាង៕

  • 9 អាការរបស់អ្នកចាប់ផ្តើមមានផ្ទៃពោះ ដែលនារីៗទាំងឡាយគួរដឹង

    9 អាការរបស់អ្នកចាប់ផ្តើមមានផ្ទៃពោះ ដែលនារីៗទាំងឡាយគួរដឹង

    សញ្ញានៃការតាំងគភ៌មិនមែនមានត្រឹមតែការក្អួតចង្អោរប៉ុណ្ណោះទេ ព្រោះអាការរបស់អ្នកមានផ្ទៃពោះក្នុងរយៈដំបូងៗអាចមិនដូចគ្នាទាំងអស់នោះទេ អ្នកខ្លះចាញ់ខ្លាំង ឬអ្នកខ្លះសឹងតែគ្មានអាការចាញ់កូនសោះក៏មាន ឯអ្នកខ្លះទៀតកើតអាការប្លែកៗដែលធ្វើឱ្យយល់ច្រឡំថា ជាអាការជំងឺអ្វីមួយទៅវិញ ដូច្នេះនៅពេលនេះ ឡារ៉ែនសូមរួបរួមអាការរបស់អ្នកមានផ្ទៃពោះក្នុងលក្ខណៈផ្សេងៗមកជម្រាបជូនជ្រាប ជាពិសេសសម្រាប់នារីៗដែលមិនទាន់មានបទពិសោធក្នុងការតាំងគភ៌ដូចតទៅ។

    1 . បាត់វដ្តរដូវ

    បើវដ្តរដូវប្រចាំខែដែលធ្លាប់តែមកជាប្រក្រតីមិនដែលបាត់ តែដល់ពេលវេលាហើយនៅតែមិនឃើញមកទៀតនោះ បញ្ជាក់ថា អ្នកអាចកំពុងតាំងគភ៌ហើយ ព្រោះក្រោយពីការចាប់បដិសន្ធិ វដ្តរដូវនឹងបាត់លែងមក ដូច្នេះឡារ៉ែនសូមណែនាំឱ្យទៅទិញប្រដាប់ពិនិត្យការតាំងគភ៌មកមកធ្វើការពិនិត្យមើលទើបប្រាកដ។

    2 . ក្អួតចង្អោរ

    ជាអាការដែលជួបញឹកញាប់រហូតក្លាយជានិមិត្តសញ្ញារបស់ការតាំងគភ៌ក៏អាចថាបានដែរ។ អាការក្អួតចង្អោរច្រើនតែកើតឡើងក្រោយពីតួកំណើតចាប់បដិសន្ធិបាន 1 ខែ តែអាការនេះនឹងថមថយទៅវិញពេលចូលដល់ត្រីមាសទី 2។

    3 . ធុំក្លិននេះ ធុំក្លិននោះ

    អាការនេះបណ្តាលមកពីអ័រម៉ូន អេសត្រូជេនកើនឡើង នារីៗដែលកំពុងតាំងគភ៌អាចក្លាយជាមនុស្សពូកែច្រមុះ ធុំក្លិនអ្វីក៏ស្អុយរហូតដល់ចង់តែក្អួតទាំងអស់។ ពេលហ្នឹងហើយដែលតឱ្យសាច់គោឆាខាត់ណាដែលជាអាហារសំណព្វចិត្តក៏លែងភិសវង់ដែរ។

    4 . ដើមទ្រូងហើម និងឈឺ

    ដើមទ្រូងរបស់អនាគតអ្នកម្តាយត្រីមាសដំបូងអាចនឹងហើម ព្រោះមានឈាមរត់ចូលទៅចិញ្ចឹមនៅបរិវេណនោះច្រើនរហូតមានអារម្មណ៍ថាឈឺអួល រួមទាំងមានអារម្មណ៍ថាឆាប់ដឹងនៅពេលប៉ះនឹងអ្វីមួយស្រដៀងនឹងអាការមុនមានវដ្តរដូវដែរ។

    5 . ឆាប់នឿយហត់

    មានអារម្មណ៍ថានឿយល្វើយខ្លាំងណាស់ទាំងមិនបានធ្វើអ្វីសោះមែនទេ? មានអារម្មណ៍ងងុយងោកស្ងាបចង់គេងពេញមួយថ្ងៃមែនទេ? នេះអាចជាលទ្ធផលបណ្តាលពីកម្រិតអ័រម៉ូនប្រូជេស្ទើរ៉ូនដែលកើនឡើងយ៉ាងឆាប់រហ័ស តែមិនចាំបាច់កង្វល់ទេ ព្រោះចូលដល់ត្រីមាស2 កម្លាំងថាមពលរបស់អ្នកនឹងត្រឡប់មកវិញមិនខាន។

    6 . មានឈាមចេញមកតាមរន្ធស្បូន

    អំឡុងពេលដែលតួកំណើតទម្លាក់ខ្លួនចូលទៅក្នុងស្បូន អនាគតអ្នកម្តាយមួយចំនួនអាចនឹងមានឈាមហូរចេញមកតាមរន្ធស្បូន។ អាការនេះច្រើនកើតឡើងក្រោយពីតួកំណើតចាប់បដិសន្ធិបាន 11-12 ថ្ងៃ(ពេលជាមួយគ្នានឹងពេលដែលអ្នកចាប់ផ្តើមសង្កេតដឹងថាបាត់វដ្តរដូវ)។ ឈាមដែលហូរចេញមកច្រើនតែមានពណ៌ស្លេកៗ ឬពណ៌ផ្កាឈូក ហើយនឹងឈប់ហូរចេញមកក្នុរយៈពេល 1-2 ថ្ងៃ។ យ៉ាងណាក៏ដោយ បើស្រ្តីដឹងខ្លួនថា តាំងគភ៌ហើយ និងឃើញថាមានឈាមហូរចេញមកតាមរន្ធស្បូនរួមជាមួយអាការឈឺពោះផងនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចជាសញ្ញានៃសភាវកូនក្រៅស្បូនក៏អាចថាបានដែរ។

    7 . ពោះឡើងប៉ោង

    ឈប់ៗ! កុំអាលភ្ញាក់ផ្អើលអី អ្នកនៅមិនទាន់ក្លាយជាស្រ្តីតាំងគភ៌ពោះប៉ោងមូលតាំងពីត្រីមាសដំបូងនោះទេ ក្បាលពោះដែលរាបស្មើរបស់អ្នកគ្រាន់តែរាងធំចេញមកបន្តិច និងមានអារម្មណ៍ថា ចង្កេះខោរាងណែនជាងមុនបន្តិចប៉ុណ្ណោះ។

    8 . បត់ជើងតូចញឹកញាប់

    អាការឈឺបត់ជើងតូចញឹកញាប់ ជារឿងប្រក្រតីរបស់ស្រ្តីដែលចាប់ផ្តើមមានគភ៌ ព្រោះរាងកាយនឹងផលិតឈាមទៅចិញ្ចឹមផ្នែកផ្សេងៗកាន់តែច្រើនឡើង ធ្វើឱ្យក្រលៀនបញ្ចេញកាកសំណល់ក្នុងរូបភាពជាវត្ថុរាវច្រើនឡើងតាមនោះដែរ។

    9 . មានអាការទល់លាមក

    មូលហេតុបណ្តាលមកពីការប្រែប្រួលរបស់រាងកាយនៅពេលមានការតាំងគភ៌ ធ្វើឱ្យការច្របាច់ខ្លួនរបស់ពោះវៀនថយចុះ ស្បូនអាចនឹងទៅសង្កត់លើពោះវៀនធំ។ ការកែបញ្ហារឿងទល់លាមកនៅពេលតាំងគភ៌នេះគឺ ព្យាយាមទទួលទានអាហារដែលមានជាតិកាកសរសៃច្រើន(បន្លែផ្លែឈើ) ញ៉ាំទឹកច្រើនៗ និងហាត់ប្រាណបន្តិចៗល្មមសមរម្យ នឹងជួយកែបញ្ហារឿងទល់លាមកនេះបាន។

    បើវដ្តរដូវរបស់អ្នកមកមិនប្រក្រតីស្រាប់ហើយ ឬភ្លេចចាំថា មានវដ្តរដូវលើកចុងក្រោយនៅពេលណានោះ អាការទាំងអស់ខាងលើគឺជាកត្តាជួយបញ្ជាក់ប្រាប់ថា អ្នកអាចកំពុងតាំងគភ៌ហើយ ចូរសាកល្បងទៅទិញប្រដាប់ពិនិត្យគភ៌មកពិនិត្យមើល បើលទ្ធផលចេញមកវិជ្ជមាន សូមកុំអាលស្រែកប្រកាសប្រាប់នរណា តែចូរទូរស័ព្ទទៅណាត់គ្រូពេទ្យដើម្បីពិនិត្យឱ្យប្រាកដម្តងទៀតទើបជាការល្អ៕

  • ចិនសាងសង់ទីក្រុងអាកាសចរណ៍អវកាសនៅក្បែរសមុទ្រចិនខាងត្បូង (វីដេអូ)

    ចិនសាងសង់ទីក្រុងអាកាសចរណ៍អវកាសនៅក្បែរសមុទ្រចិនខាងត្បូង (វីដេអូ)

    ប្រទេសចិន កំពុងតែបង្កើនល្បឿនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍផលិតផល និងសេវាកម្មផ្នែកអាកាសចរណ៍អវកាសនៅលើកោះ Hainan ក្បែរសមុទ្រចិនខាងត្បូង។

    ប្រទេសចិនកំពុងតែសាងសង់ទីក្រុងអាកាសចរណ៍អវកាសអន្តរជាតិមួយដែលមានឈ្មោះថា Wenchang International Aerospace City នៅលើកោះ Hainan ភាគខាងត្បូងប្រទេស។

    “ទីក្រុងអាកាសចរណ៍អវកាសអន្តរជាតិ Wenchang ក៏ជាទីតាំងដ៏ល្អបំផុតសម្រាប់ការអភិវឌ្ឍវិស័យអាកាសចរណ៍អវកាសរបស់ប្រទេសចិន។ វាក៏ជាតំបន់ដែលមានសារសំខាន់របស់កំពង់ផែពាណិជ្ជកម្មសេរីនៅលើកោះ Hainan ផងដែរ ដែលនាំមកនូវគោលនយោបាយអាទិភាពជាច្រើន។ សង្ឃឹមថា ទីក្រុងអាកាសចរណ៍អវកាសអន្តរជាតិ Wenchang នឹងក្លាយជាចំណុចចាប់ផ្ដើមសម្រាប់ការរីកចម្រើនរបស់យើង ហើយរួមចំណែកបម្រើសេវាកម្មអាកាសចរណ៍អវកាសនៅ Hainan”។ នេះបើតាមសម្ដីរបស់ Niu Min ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Future Aerospace។

    តាមគម្រោង ទីក្រុងនេះនឹងមានមជ្ឈមណ្ឌលកំពូលកុំព្យូទ័រអាកាសចរណ៍អវកាសដំបូងនៅប្រទេសចិ។ ក្រោយពីបានសាងសង់មជ្ឈមណ្ឌលនេះ វិស័យជាង40 រួមមាន ទិន្នន័យធំរបស់អាកាសចរណ៍អវកាស ផ្កាយរណបរុករក និងបច្ចេកវិទ្យាកំណត់ទិស (GPS) BeiDou របស់ចិននឹងអាចត្រូវបានដំឡើងនៅទីនេះ។

    ទៅថ្ងៃមុខ ទីក្រុងអាកាសចរណ៍អវកាស នឹងផ្ដោតទៅលើការអភិវឌ្ឍ និងផលិតឡើងនូវផលិតផលផ្នែកអាកាសចរណ៍អវកាសគុណភាពខ្ពស់ សេវាកម្មបាញ់បង្ហោះយានអវកាស និងសេវាកម្មផ្ដល់ជំនួយផ្សេងៗទៀត។

    Han Yong ដែលជាអ្នកគ្រប់គ្រងគម្រោងទីក្រុងអាកាសចរណ៍អវកាស Wenchang ឱ្យដឹងថា “យើងកំពុងបង្កើនល្បឿនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ប្រព័ន្ធផ្លូវថ្នល់កំពុងត្រូវបានសាងសាង់ ចំណែកសេវាកម្មផ្ដល់ជំនួយក៏កំពុងដំណើរការ។ ឧទាហរណ៍ដូចជា សាលាមធ្យមសិក្សាតភ្ជាប់ជាមួយនឹងសាកលវិទ្យាល័យ Tsinghua ក៏បានចាប់ផ្ដល់ជ្រើសរើសនិស្សិតហើយដែរ”។

    លោក​ Han Yong បន្ត​ថា “ជំហានបន្ទាប់ ពួកគេនឹងពន្លឿនការតាក់តែងគម្រោង និងជំរុញការវិនិយោគ។ ក្រុមហ៊ុនមួយចំនួនបានដំណើរការប្រកបដោយស្ថិរភាព។ យើងត្រូវបង្កើតបរិយាកាសពាណិជ្ជកម្មឱ្យបានល្អ ដើម្បីជួយឱ្យក្រុមហ៊ុននានាមានការរីកចម្រើន និងធ្វើឱ្យមានភាពងាយស្រួលនៅក្នុងដំណាក់កាលពិនិត្យ និងអនុម័ត។ យើងត្រូវការពន្លឿនការសាងសង់ទីក្រុងអាកាសចរណ៍អវកាសនេះ”៕

    ប្រភព៖ CCTV

  • តារាសិល្បៈគ្រួសារតារាកម្ពុជា ដឹកនាំសិល្បករ ធ្វើបុណ្យស្រោចទឹករំដោះគ្រោះ ក្រោយក្នុងរង្វង់សិល្បៈមានរឿងបណ្ដាក់គ្នា

    តារាសិល្បៈគ្រួសារតារាកម្ពុជា ដឹកនាំសិល្បករ ធ្វើបុណ្យស្រោចទឹករំដោះគ្រោះ ក្រោយក្នុងរង្វង់សិល្បៈមានរឿងបណ្ដាក់គ្នា

    បន្ទាប់ពីកត់សម្គាល់ថា តាំងពីដើមឆ្នាំ២០២០មក សិល្បករ និង គ្រួសារសិល្បករជាច្រើន មានរឿងទទួលមរណភាព គ្រោះថ្នាក់ និង បាត់បង់សមាជិកក្នុងគ្រួសារបណ្ដាក់គ្នា ទើបកាលពីព្រឹកថ្ងៃទី12 សីហា 2020 គ្រួសារតារាកម្ពុជាដែលមានលោក ផាត់ តារារដ្ឋជាស្ថាបនិកបានដឹកនាំសិល្បករទាំងក្នុងក្រុម និងក្រៅក្រុមជាច្រើនរូបធ្វើពិធីសូត្រមន្តលើករាសីរំដោះគ្រោះ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅវត្ត សំរោងអណ្ដែតដោយមានវត្តមានសិល្បកររៀមច្បងគឺលោក សុះ ម៉ាច លោកជំទាវ រីយ៉ា ភរិយាលោកបណ្ឌិត មីសែលត្រាណេ និងសិល្បករសិល្បការិនីជាច្រើនរូបចូលរួម។ នេះជាការជួបជុំធ្វើបុណ្យបណ្ដោះគ្រោះលើកដំបូងរបស់សិល្បករសិល្បការិនីបន្ទាប់ពី មានការកត់សម្គាល់ថាសិលកបករ និងគ្រួសារសិល្បករជាច្រើនបានជួបរឿងមរណៈភាព និងមានទុក្ខជាហូហែរតាំងពីដើមឆ្នាំ 2020មកនេះ។

    លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាដែលជាអ្នកផ្ដើមបុណ្យបានបញ្ជាក់ថា ហេតុផលដែលលោកផ្ដើមឱ្យមានពិធីជួបជុំនេះឡើងគឺដោយសារតែលោក និងលោក សុះ ម៉ាច បានពិភាក្សាគ្នាបន្ទាប់ពីកត់សម្គាល់ថាសិល្បករយ៉ាងហោច 20រូប ឬ20គ្រួសារមានទុក្ខបណ្ដាក់គ្នាជាហូរហែដែលគួរតែរួមគ្នាធ្វើបុណ្យដើម្បីសិរីសួស្ដីជារួមនៅក្នុងសង្គមសិល្បៈ។

    លោក សុះ ម៉ាច អតីតកប្រធានសមាគមសិល្បៈខ្មែរបានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះការជួបជុំសិល្បករសិល្បការិនីក្នុងជំនួបធ្វើបុណ្យរួមគ្នា ដោយលោកចាត់ទុកថានេះជាការបណ្ដេញគ្តោះចង្រៃដែលកំពុងកើតមានលើសិល្បករ និងគ្រួសារសិល្បករបណ្ដាក់គ្នាយ៉ាងចម្លែកតាំងពីដើមឆ្នាំ 2020 មកនោះ។ លោកថាពលរដ្ឋកម្ពុជាមិនអាចមិនជឿលើអបិយជំនឿបានទេជាពិសេសគឺសិល្បករសិល្បការិនីដែលជាគម្រូរបស់មហាជនត្រូវតែបង្ហាញពីជំនឿដើម្បីលើកស្ទួយដល់សាសនារបស់ជាតិក៏ដូចជាការចូលរួមធ្វើបុណ្យទានមិនខុសពីពាក្យចាស់ថា « អាគមផ្សំអាយុ » នោះ។

    លោកបន្តទៀតថា ការជួបជុំដ៏ល្អនេះក៏ជាឱកាសធ្វើបុណ្យរួមគ្នាដើម្បីឧទ្ទិសកុសលដល់ជីដូនជីតាក៏ដូចជាសុំសេចក្ដីស្រណុកសុខសប្បាយក្នុងនាមជាគ្រួសារសិល្បកររួមគ្នាផងដែរ។ លោកថាសិល្បករម្នាក់ៗសុទ្ធតែបានធ្វើបុណ្យធ្វើទាន តែលោកនៅតែចាត់ទុកថា ការធ្វើបុណ្យរួមគ្នាលើកនេះគឺជាការបណ្ដេញគ្រោះភ័យចង្រៃឧបទ្រព្យដែលបានកើតមានលើសិល្បករនិងគ្រួសារសិល្បករ។

    កម្មវិធីនៅក្នុងថ្ងៃនោះ មានការប្រោះព្រំនិងរៀបចំពិធីដោយផ្ទាល់ដោយសម្ដេចសង្ឃ រ័ត្ន សារឿន ដែលជាព្រះចៅអធិការវត្តដោយសម្ដេចគឺជាអ្នកចាត់ចែងពិធីជូនដល់ក្រុមគ្រួសារតារាកម្ពុជាដោយផ្ទល់ព្រះអង្គផងដែរ។ សិល្បករសិល្បការិនីដែលបានចូលរួមនៅក្នុងកម្មវិធីរួមមាន លោក សុះ ម៉ាច, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជានិងក្រុមគ្រួសារ, លោកជំទាវ រីយ៉ាត្រាណេ, អ្នកនាង ឆៃលី ដាឡែន, តារាចម្រៀងអ្នកនាង ឈឹម ស្រីអូន, លោក រុន ណាកូ ពិធីករ, កញ្ញា ព្រះអាទិត្យតូច តារាសម្ដែង, លោក ពិសិដ្ឋ រាជ, លោក ឆាលី ផាវ៉ាត់, កញ្ញា រចនា វត្តី, អ្នកនាង យិន ស្រីពៅ, លោក មាស សំណាង, អ្នកនាង សាង សុរិយា, អ្នកនាង សាណា, លោក យិន ឃីន, លោក ស៊ឹម សុវណ្ណដូឡា, លោក សែម ធារិន្ទ, លោក សុខ វិសាល, លោក ឯក រ៉ាវ័ន្ត, កញ្ញា ស្រីថូ, កញ្ញ មុត សុវណ្ណារិទ្ធ និងសិល្បករសិល្បការិនីជាច្រើនផ្សេង។

  • ពិតជាគួរឱ្យសសើរទឹកចិត្តសិល្បៈករមួយក្រុមនេះ និងសប្បុរសជន CTM Skincare នាំយកម្ហូបអាហារចែកជូនក្រុមអ្នកធាក់ស៊ីក្លូទាំងយប់

    ពិតជាគួរឱ្យសសើរទឹកចិត្តសិល្បៈករមួយក្រុមនេះ និងសប្បុរសជន CTM Skincare នាំយកម្ហូបអាហារចែកជូនក្រុមអ្នកធាក់ស៊ីក្លូទាំងយប់

    នៅយប់ថ្ងៃទី12 ខែសីហា ឆ្នាំ 2020 នេះ ក្រុមតារាសិល្បៈគ្រួសារតារាកម្ពុជាមួយក្រុម បានរួមចំណែកជាមួយសប្បុរសជនផលិតផល CTM Skincareចុះចែកម្ហូបអាហារ ដែលបានត្រៀមទុករហូតដល់ជាង10តុ ដល់ក្រុមអ្នកធាក់ស៊ីក្លូ និង ក្រុមអ្នកសម្រាកតាមចិញ្ចើមថ្នល់ភ្លាមៗ នៅមាត់ទន្លេ និង ខាងមុខវត្តឧណ្ណាឡោម ។

    លោកផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា​បានអះអាងប្រាប់អ្នកសារព័ត៌មានថា អ្នកស្រី ណើ ចាន់ត្រា ម្ចាស់ប្រ៊េនផលិតផល CTM Skincare គឺជាមនុស្សចូលចិត្តធ្វើបុណ្យ និង សប្បុរសធម៌ ដោយសកម្មភាពទាំងនោះកន្លងមករបស់អ្នកស្រី មានការកោតសសើរពីមហាជនជាច្រើន។ នៅយប់នេះ គ្រាន់តែចប់កម្មវិធីសម្ពោធប្រ៊េនភ្លាម អ្នកស្រីបានត្រៀមអាហារជាង10 តុសម្រាប់បងៗក្រុមអ្នកធាក់ស៊ីក្លូជាស្រេច ដោយមិនខ្វល់ពីការទទួលទានអាហាររបស់ខ្លួនឯងឡើយ។

    ក្នុងនោះដែរ អ្នកស្រី ណើ ចាន់ត្រា ក៏បានថ្លែងនៅក្រោយពិធីថា អ្នកស្រីពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលគ្រាន់តែជាអតីតកម្មការិនីរោងចក្រនិងជាអ្នកស៊ីឈ្នួលបកបង្គានៅខេត្តកំពតតែបែជាមានឱកាសបានក្លាយជាម្ចាស់ប្រេនធំមួយរបស់ក្រុមហ៊ុន ដាណាទ្រី ខណៈដែលអ្នកស្រីមិនធ្លាប់ស្រម៉ៃទាល់តែសោះក្នុងពេលជីវិតជួបការលំបាក។ អ្នកស្រីថាខ្លួនមានថ្ងៃនេះគឺដោយសារអ្នកស្រីមានឱកាសនិងទទួលបានការបង្ហាត់បង្ហាញពីអ្នកស្រី ទ្រី ដាណា ទាំងអស់ខណៈដែលជោគជ័យនេះបានកែរប្រែជីវិតរបស់អ្នកស្រីដូចមេឃនិងដីត្រឹមតែរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ អ្នកស្រីថាក្នុងឆ្នាំ 2019អ្នកស្រីគ្រាន់តែជាតំណាងចែកចាយតូចរបស់ផលិតផល NNP ក្នុងក្រុមហ៊ុន ដាណាទ្រី ប៉ុណ្ណោះតែនៅដើមឆ្នាំ 2020នេះអ្នកស្រីក៏ទទួលសិទ្ធធ្វើជាម្ចាស់ប្រេន CTM Skincare ដែលធ្វើឱ្យអ្នកស្រីក្លាយជាអ្នកជំនួញធំមួយរូប។

    អ្នកស្រីកាន់តែរំភើបពេលបានឈរនៅលើវេទិកាដែលមានតំណាងចែកចាយជាងមួយពាន់នាក់បានឃើញនិងទទួលបាននៅការផ្ដល់កិត្តយសដោយលោកស្រី ទ្រី ដាណា ដែលអ្នកស្រីចាត់ទុកថាជា Idol និងជាអ្នកមានគុណមួយរូប។ ជាមួយនឹងឱកាសដែលមិនធ្លាប់ស្រម៉ៃនោះហើយ ដែលអ្នកស្រីសម្រេចកុម្ម៉ង់ម្ហូបឱ្យលើសរហូតដល់15តុដើម្បីទុកចែកអ្នកខ្វះខាតនៅពេលចប់ពិធី តែដោយសារតែភ្ញៀវមកច្រើនទើបសល់តែ10តុតិចតួច ហើយអ្នកស្រី និង ក្រុមការងារ ក៏ចុះចែកទាំងយប់ដល់ក្រុមអ្នកធាក់ស៊ីក្លូ អ្នកសុំទាន និង អ្នកក្រៗ នៅមាត់ទន្លេតែម្ដង។ អ្នកស្រីថាការចែកម្ហូបអាហារ និងថវិកា នេះ គឺមានគម្រោងទុកតាំងពីមុនកម្មវិធីសម្ពោធចាប់ផ្ដើម ដោយអ្នកស្រីថា ម្ហូបអាហារដែលអ្នកស្រីតម្រូវទាំងនោះ គឺដើម្បីអោយអ្នកច្សត់ខ្សោយមួយក្រុមបានឆ្ងាញ់មួយពេល ហើយនេះមិនមែនជាសកម្មភាពលើកដំបូងរបស់ក្រុម CTM Skin Care នោះទេ៕

  • គូស្វាមីភរិយា និងរឿង 7 យ៉ាងដែលធ្វើហើយ នឹងគ្មានពាក្យថាឈ្លោះគ្នា

    គូស្វាមីភរិយា និងរឿង 7 យ៉ាងដែលធ្វើហើយ នឹងគ្មានពាក្យថាឈ្លោះគ្នា

    យើងជឿថា មនុស្សជាច្រើនប្រហែលជាធ្លាប់ឆ្លងកាត់ហេតុការណ៍ ឈ្លោះទាស់ទែង ជាមួយអ្នកនៅជុំវិញខ្លួនខ្លះមិនខាន មិនថាតែឈ្លោះជាមួយពួកម៉ាក មនុស្សក្នុងក្រុមគ្រួសារ ឬសូម្បីតែគូស្នេហ៍ក៏ដោយ សួរថា តើអ្នកមានវិធីសំរាប់ទប់ទល់ជាមួយនឹងហេតុ​ការណ៍នេះបែបណាខ្លះដែរទៅ? ថ្ងៃនេះយើងមានគន្លឹះល្អៗសំរាប់ទប់ទល់ និងបង្រ្កាបអារម្មណ៍ខ្លួនឯង​កុំឱ្យកើតមានជម្លោះមកជំរាប​ជូន​ដូចខាងក្រោម :

    1 . ស្តាប់គេនិយាយ និងកុំនិយាយកាត់សម្តីគេ

    សូមជឿចុះថា គ្មាននរណាម្នាក់ចូលចិត្តឱ្យគេនិយាយកាត់ពេលដែលខ្លួនកំពុងនិយាយនោះឡើយ ដូច្នេះសាកល្បងផ្លាស់ប្តូរ​ឥរិយាបថមកធ្វើជាអ្នកអង្គុយចាំស្តាប់គេនិយាយតាំងពីដើមរហូតដល់ចប់ម្តងទៅមើល៍ ក្រៅពីនឹងធ្វើឱ្យគេមានអារម្មណ៍ល្អឡើងវិញ​ដែលអ្នកនៅស្ងៀមមិនតមាត់ហើយនោះ នៅជួយឱ្យគេបាត់ខឹង និងត្រជាក់ចិត្តវិញបានទៀតផង ។

    2 . គិតឱ្យយល់ពីអ្វីដែលគេចង់និយាយ

    ក្រៅពីការចាំស្តាប់ហើយនោះ រឿងដែលអ្នកគួរធ្វើជាបន្តនោះគឺ ព្យាយាមគិតឱ្យយល់នូវអ្វីដែលគេនិយាយ ទោះជាស្តាប់ទៅវាមិនសូវមានហេតុផលត្រឹមត្រូវក៏ដោយ តែសូមជឿចុះថា បើគេមានអារម្ុមណ៍ថា អ្នកយល់ពីគេហើយនោះ ការឈ្លោះគ្នានឹងពិតជា​ត្រូវ​​បញ្ចប់យ៉ាងឆាប់រហ័សជាងអ្នកនឹកស្មានទៅទៀត ។

    3 . ទប់សង្កត់កុំឱ្យពាក្យសម្តីអាក្រក់ៗរបូតចេញមកឱ្យសោះ

    ជាញឹកញាប់ណាស់ដែលក្នុងពេលខឹងក្តៅក្រហាយ យើងច្រើនតែភ្លេចខ្លួនរបូតចេញនូវពាក្យសម្តីដែលមិនបានគិតចេញមករួចហើយទើបមកអង្គុយនឹកសោកស្តាយនៅពេលក្រោយ ដូចនេះចូរកុំបណ្តោយឱ្យហេតុការណ៍បែបហ្នឹងវាកើតឡើងចំពោះខ្លួនអ្នកឱ្យសោះ ព្រោះនៅពេលដែលនិយាយចេញទៅហើយ វាជារឿងពិបាកណាស់ក្នុងការលុបលាងពាក្យសម្តីនោះឱ្យបាត់ទៅវិញនោះ គួរធ្វើចិត្តឱ្យត្រជាក់ៗ និងដាស់សតិស្មារតីខ្លួនឯងគ្រប់ពេលមុននឹងបញ្ចេញពាក្យសម្តីអាក្រក់ៗទាំងនោះចេញទៅ ដើម្បីកុំឱ្យហេតុការណ៍​ដែលកំពុងតែអាក្រក់ស្រាប់ហើយនោះ វាកាន់តែអាក្រក់ខ្លាំងឡើងទៀត ។

    4 . បំភ្លេចអតីតកាលចោលខ្លះទៅ

    អតិតកាល គឺជា អតីតកាល គ្រវាត់វាចោលទៅ ព្រោះបើអ្នកនៅតែលង់នៅក្នុងរឿងរ៉ាវដែលខុសឆ្គងកាលពីគ្រាមុនៗ ហើយ​​នៅតែលើកយកមកប្រកែកប្រណាំងក្នុងពេលឈ្លោះគ្នានោះ ក្រៅពីនឹងធ្វើឱ្យអ្នកមិនអាចដោះស្រាយបញ្ហារបស់អ្នកជាមួយគេបាន​​ហើយនោះ នៅធ្វើឱ្យការឈ្លោះគ្នានេះកាន់តែរីកធំឡើងទៀតផង ។ ចូរនឹកជានិច្ចថា គ្នានរណាម្នាក់មិនធ្លាប់ធ្វើខុសនោះទេ ផ្តល់​ឱកាសឱ្យគេបានកែប្រែខ្លួន និងធ្វើជាភ្លេចៗកុំនិយាយដល់វាគឺជារឿងមួយល្អបំផុត ។

    5 . ហាត់រៀនសម្របសម្រួល

    សាកល្បងផ្លាស់ប្តូរមកប្រើវិធីការសម្របសម្រួលជំនួសឱ្យការព្យាយាមយកឈ្នះគ្នាវិញម្តងមើល៍ នោះអ្នកនឹងបានឃើញថាការប្រកែកទាស់ទែងគ្នានឹងថយចុះយ៉ាងមិនគួរឱ្យជឿ តែបើសឹននៅមានរឿងអ្វីម្យ៉ាងដែលទោះជាយ៉ាងណាក៏អ្នកមិនយល់ស្របដែរ​នោះ ក៏សាកល្បងប្រើវិធីជួបគ្នាពាក់កណ្តាលផ្លូវម្នាក់(ថយម្នាក់បន្តិច) ប្រហែលជាមិនធ្វើឱ្យអ្នកបាត់បង់កិត្តិយសច្រើនប៉ុន្មានទេមើល​ទៅ។

    6 . ទទួលយកគំនឹតយោបល់របស់គេ

    ការឈ្លោះប្រកែកគ្នាភាគច្រើន ច្រើនតែជាការឈ្លោះប្រកែកដែលត្រូវការឱ្យម្ខាងទៀតយល់ស្របតាមគំនឹតរបស់ខ្លួន ដែលប្រហែលជាមិនអាចទៅរួចឡើយដែលអ្នកដទៃគេមានគំនឹតយោបល់ដូចចិត្តអ្នកគ្រប់តែរឿងនោះ ទោះជាអ្នកខំព្យាយាមហើយព្យា​យាម​ទៀត ចង់អធិប្បាយឱ្យគេយល់ស្របតាមអ្នកយ៉ាងណាក៏ដោយ ។ ផ្ទុយទៅវិញ បើអ្នកសាកល្បងផ្លាស់ប្តូរមកធ្វើជាអ្នកទទួលយកគំនឹតយោបល់របស់គេមកសឹក្សាយល់វិញនោះ ក្រៅពីអ្នកបានសម្តែងឱ្យគេឃើញពីការទទួលយកគំនឹតយោបល់របស់អ្នកដទៃរបស់អ្នកហើយ នៅធ្វើឱ្យអាចកាត់បន្ថយបញ្ហាដែលនឹងនាំទៅរកការឈ្លោះទាស់ទែងគ្នាបានទៀតផង ។

    7 . នឹកដល់សម្ព័ន្ធភាពល្អៗជានិច្ច

    ពេលខ្លះ អារម្មណ៍ក្នុងគ្រាឈ្លោះទាស់ទែងគ្នា ច្រើនតែធ្វើឱ្យអ្នកភ្លេចអស់នូវសម្ព័ន្ធភាពជាមួយគូជម្លោះអស់រលីង ដោយគិតតែពីខំរកនឹកពាក្យសម្តីអាក្រក់់ៗដែលធ្វើគេឈឺចាប់មកឆ្លើយតបទៅវិញ ដូច្នេះចូរសាកល្បងផ្លាស់មកជានាំយកសម្ព័ន្ធភាពល្អៗដែលអ្នក និងគេធ្លាប់មានពីមុន មកគឹតមុនគេបង្អស់ក្នុងពេលមានជម្លោះម្តងលមើល ទោះជាមើលទៅហាក់ដូចជាអ្នកត្រូវក្លាយជាអ្នកចុះញ៉មគេមែន តែវាក៏មានតម្លៃល្អជាងការដែលត្រូវមកអង្គុយធ្វើបាបផ្លូវចិត្តគ្នាទៅវិញទៅមកដែរ ។

    អានហើយសាកល្បងនាំគ្នាយកទៅប្រើប្រាស់លមើល៍   ពេលនេះអ្នកអាចនឹងគិតថាមិនចាំបាច់ឡើយ ព្រោះមានទាន់ទៅ​ឈ្លោះអី​ជាមួយអ្នកណាឯណា?!   តែសូមជឿចុះថា មនុស្សយើងវាច្បាស់ជាត្រូវតែមានម្តងណាមួយដែលទាស់ចិត្តនិងគ្រួសារ ដែល​អាចមិនមែនជារឿងអីធំដុំមែន តែបើយើងស្គាល់ពីវិធីសំរាប់ទប់ទល់នឹងហេតុការណ៍រួចជាស្រេចហើយនោះ តឱ្យហេតុការណ៍នោះធ្ងន់ធ្ងរខ្លាំងក្លាប៉ុនណា ក៏អ្នកអាចឆ្លងកាត់បានយ៉ាងងាយស្រួលប្រកបដោយសេចក្តីសុខ និងការយល់ចិត្តយល់ថ្លើមគ្នាដែរ៕

  • Bidaut Derek អ្នកថែរក្សាក្បាច់គុនបុរាណខ្មែរ ពេលនេះបានសញ្ជាតិខ្មែរហើយ

    Bidaut Derek អ្នកថែរក្សាក្បាច់គុនបុរាណខ្មែរ ពេលនេះបានសញ្ជាតិខ្មែរហើយ

    បុរស​សម្បុរ ស ជា​កូន​បារាំង​សុទ្ធសាធ Bidaut Derek ត្រូវបាន​ប្រជាជន​ខ្មែរ អ្នក​ស្នេហា​វិស័យ​ប្រដាល់​ក្បាច់គុន​ខ្មែរ​ជាច្រើនរូប ស្គាល់​តាមរយៈ​ការលើកស្ទួយ​កីឡាករ​គុន​ខ្មែរ និង​ល្បុ​ក​ត្តោ​ខ្មែរ ឱ្យមាន​ដង្ហើម​បន្ត ដោយ​លោក​បាន​ហ្វឹកហាត់ ចូលរួម​ប្រកួត និង​បង្ហាញ​ក្បាច់គុន​ខ្មែរ​ទាំងនេះ ទៅកាន់​ពិភពលោក​តាមរយៈ​គ្រប់​មធ្យោបាយ ហើយ​លោក​ក៏បាន​បើក​ក្លិប​ប្រដាល់​មួយ​ផងដែរ ដែលមាន​ឈ្មោះថា «ប្រដាល់» កាលពី​ឆ្នាំ2018 កន្លងទៅ។

    បើ​និយាយ​អំពី​ខ្ទង់ចំណាយ​លើ​ការបើក​ក្លិប និង​សម្ភារ គឺ​ប្រហែលជា កន្លះ​លាន​ដុល្លារ​អាមេរិក ព្រោះ​មាន​សម្ភារ​ស្ដង់ដា ហើយ​ស្ថិតនៅក្នុង​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ។ ទំហំ​ក្លិប​នេះ គឺ​ធំ​ទូលាយ ដែល​ស្ថិតនៅលើ​ផ្ទៃដី​ជាង 1,500ម៉ែត្រការ៉េ។ ក្នុង​ក្លិប​មាន​សម្ភារ​ទំនើប ដូចជា​សង្វៀន​ថ្មី1 សម្រាប់​ហ្វឹកហាត់ បាវ​សាក់ថ្មីៗចំនួន10 ហ្ក​ង់(ស្រោមដៃ​ប្រដាល់) ស៊ី​ប​ជន្ល​ដៃ ស៊ី​ប​ជន្ល​ជើង កង្ហារ​ធំ2 នៅ​ខាងលើ សម្ភារ​Gym ដុំ​ដែក រទេះរុញ កង់ឡាន មាន​កន្លែង​រត់​ទូលាយ មាន​ភោជនីយដ្ឋាន ស្ទី​ម សូ​ណា និង​កន្លែង​ហ្វឹកហាត់​យ៉ូ​ហ្គា​ជាដើម។

    មកទល់នឹង​ពេលនេះ មាន​រយៈពេល 10ឆ្នាំ​ហើយ ដែល​លោក​បានមក​នៅ​ស្រុក​ខ្មែរ និង​ជួយ​ជ្រោមជ្រែង​វិស័យ​ក្បាច់គុន​បុរាណ​ខ្មែរ ហើយ​ពេលនេះ​លោក​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​តាម​ការស្នើសុំ ដោយមាន​ឈ្មោះ​ខ្មែរ​ថា «ចាន់ ឫទ្ធី​ស័ក្តិ»៕

  • វគ្គជម្រុះ បាល់ទាត់ពិភពលោក និងជើងឯកប្រចាំទ្វីបអាស៊ី ត្រូវលើកទៅធ្វើនៅឆ្នាំ2021

    វគ្គជម្រុះ បាល់ទាត់ពិភពលោក និងជើងឯកប្រចាំទ្វីបអាស៊ី ត្រូវលើកទៅធ្វើនៅឆ្នាំ2021

    ក្នង​សេចក្តីប្រកាស​មួយ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី ឬ AFC កាលពី​ថ្ងៃទី5 ខែសីហា ឆ្នាំ2020 បានប្រកាស​ជា​ផ្លូវ​ការជូន​ដល់់​សហព័ន្ធ​កីឡាបាល់ទាត់​នានា ដែល​ពាក់ព័ន្ធ ដើម្បី​ជូន​ជា​ដំណឹង សម្រាប់​ការលើក​ពេល​ការប្រកួត​វគ្គ​ជម្រុះ ពានរង្វាន់ AFC ASIAN CUP និង FIFA WORLD CUP ទៅ​ឆ្នាំ2021 ខាងមុខ  ដោយសារតែ​រលក​ទី2 នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ-19 មានការ​កើនឡើង​នៅក្នុង​ទ្វីបអាស៊ី។

    សហព័ន្ធ​បាល់ទាត់ FIFA និង AFC បាន​ប្រជុំគ្នា​ជាច្រើនលើក ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ការប្រកួត​សំខាន់​ទាំង2 ខាងលើនេះ។ ដោយសារតែ​មេរោគ Covid-19 នៅ​បន្ដ​កើតមានឡើង ឬ​អាច​និយាយបានថា ជា​រលក​ទី2 ផង​នោះ ទើប​ថ្នាក់ដឹកនាំ សម្រេច​លើក​ការប្រកួត​នៅ​ខែតុលា ឆ្នាំ2020នេះ ទៅធ្វើ​នៅ​ឆ្នាំ2021 វិញ ដោយ​កាលវិភាគ នឹង​បញ្ជាក់​នៅពេល​ក្រោយ។

    គួរ​បញ្ជាក់ដែរថា មុននេះ ពានរង្វាន់​ដ៏​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup ក៏បាន​សម្រេច​លើក​ពេល​ទៅ​ឆ្នាំក្រោយ​ដែរ បន្ទាប់ពី​ស្ថានភាព​មិនទាន់​ធូរស្បើយ ដែលជា​ហេតុ​ធ្វើឱ្យ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​របស់​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន ដែល​រួមមាន​ទាំង​កម្ពុជា​ផង​នោះ ត្រូវ​សម្រាក​គ្មាន​ការប្រកួត​សម្រាប់​ឆ្នាំនេះ៕