Category: សង្គម និងសេដ្ឋកិច្ច

  • ស្រីអូនលេងមែនទែនហើយក្នុងរឿង«កម្ម» គឺលេបដង្កូវទាំងរស់!

    ស្រីអូនលេងមែនទែនហើយក្នុងរឿង«កម្ម» គឺលេបដង្កូវទាំងរស់!

    បន្ទាប់ពីថតនៅក្រុងបាត់ដំបងអស់រយៈ៣សប្តាហ៍ ឃើញមានបែកធ្លាយរូបសម្តែង របស់គាត់ ជាមួយសត្វ ដង្កូវយ៉ាងស្តែង សឹងមិនគួរឱ្យជឿ។ «ទោះបីជានេះជាលើកទី១ សម្រាប់ នាងខ្ញុំ ក្នុងការសម្តែង ឈុតដ៏ព្រឺព្រួចបែបនេះ នាងខ្ញុំក៏ហ៊ានធ្វើដែរ។ នាងខ្ញុំជឿថា ស្នាដៃល្អទាល់តែ មានការលះបង់ខ្លះ។ ដូច្នេះ សង្ឃឹមថាទស្សនិកជន នឹងអាចពេញចិត្តការសម្តែង របស់នាងខ្ញុំ ផ្ទាល់ ក៏ដូចតារាសម្តែងផ្សេងៗទៀត» នេះបើតាមចំណាប់អារម្មណ៍ផ្ទាល់ របស់អ្នកនាង ស្រីអូន។

    បើលោកអ្នកចង់ដឹងថាដំណើរការថតនៅបាត់ដំបងប្រព្រឹត្តទៅយ៉ាងណានោះ អាចទស្សនា រូបភាពក្រៅឆាកមួយចំនួនទៀត។ គ្រាន់តែឃើញ ក៏យើងដឹងថាក្រុមការងារ និងតួសម្តែង សុទ្ធ តែប្រឹងប្រែងអស់ពីលទ្ធភាព តាមបែបស្តង់ដារដែរ។

    សូមបញ្ជាក់ថាខ្សែភាពយន្តរន្ធត់ខ្នាតធំនេះ នឹងបញ្ចប់ការថតរបស់ខ្លួន នៅរាជធានីភ្នំពេញ នៅពាក់កណ្តាលខែសីហាយើងនេះ។ ទោះបីមានការយឺតយ៉ាវក្នុងការថតខ្លះ ក្រុមហ៊ុន «ដេនស៊ីងរ៉េន» ដែល ចែកចាយរឿង «កម្ម» បញ្ជាក់ ថានៅអាចចាក់បញ្ចាំងនៅដើមឆ្នាំ២០២១ ដូចគ្រោងទុក បន្ទាប់ពីដំណើរការកាត់ត និង បច្ចេកទេសCGIចប់សព្វគ្រប់។

    សង្ខេបរឿង

    អ្វីៗចាប់ផ្តើមឡើង នៅភូមិគ្រឹះ១នៅខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៦០។ ស្នេហាដ៏ស្អិតរមួត រវាង វិសុទ្ធ និងលំអងឈានដល់គម្រួប ១ឆ្នាំ ដែលជាថ្ងៃដ៏មានក្តីសុខរបស់លំអង។ នាងលាន់មាត់ ជាចុងក្រោយថា៖ «ឱ្យថ្ងៃណា ក៏ដូចថ្ងៃនោះរហូត»។ ប៉ុន្តែ ក្រោយពីវត្តមានមាលា ដែលជា ប្អូនបង្កើតម្តាយទីទៃចូលមកក្នុងថ្ងៃនោះ លំអងមានអាការៈប្លែក រហូតត្រូវស្លាប់ដោយ អាថ៌កំបាំង។

  • Trump ចេញបទបញ្ជាឱ្យ​ក្រុម​ហ៊ុន​ចិន​ ByteDance ដកទុនចេញពី TikTok នៅសហរដ្ឋអាមេរិក ដោយ​ទុក​ពេល​ឱ្យ​90​ថ្ងៃ

    Trump ចេញបទបញ្ជាឱ្យ​ក្រុម​ហ៊ុន​ចិន​ ByteDance ដកទុនចេញពី TikTok នៅសហរដ្ឋអាមេរិក ដោយ​ទុក​ពេល​ឱ្យ​90​ថ្ងៃ

    ប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើបទបញ្ជាមួយដែលស្នើឱ្យក្រុមហ៊ុនចិន ByteDance ដកទុនចេញពី TikTok ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅសហរដ្ឋអាមេរិក ដោយទុកពេលឱ្យ90ថ្ងៃដើម្បីរៀបចំដកទុន ព្រោះតែមានការព្រួយបារម្ភអំពីសន្តិសុខជាតិ។

    កាលពីថ្ងៃទី14សីហា នៅក្នុងពេលចុះហត្ថលេខាលើបទបញ្ជានេះ លោក Donald Trump បានថ្លែងថា “មានភ័ស្តុតាងមួយចំនួនដែលសមហេតុផល នាំឱ្យខ្ញុំជឿថា ByteDance អាចធ្វើសកម្មភាពគំរាមកំហែង នាំឱ្យសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកត្រូវអន់ថយ”។

    សូមរំឭកថា កាលពីថ្ងៃទី6សីហា លោក Trump ក៏បានចុះហត្ថលេខាលើបទបញ្ជាមួយដែលហាមមិនឱ្យបុគ្គលនិងស្ថាប័នទាំងអស់ដែលស្ថិតក្រោមអំណាចរបស់សហរដ្ឋអាមេរិក ធ្វើការជួញដូរជាមួយក្រុមហ៊ុន ByteDace ជាម្ចាស់បណ្ដាញសង្គម TikTok និងក្រុមហ៊ុន Tencent ដែលជាម្ចាស់នៃកម្មវិធី WeChat ក្រោយរយៈពេល45ថ្ងៃបន្ទាប់ពីបទបញ្ជានេះចាប់ផ្ដើមមានសុពលភាព ក្នុងបំណង “ការពារសន្តិសុខជាតិ”។ មុននោះប៉ុន្មានថ្ងៃ លោក Trump ក៏ធ្លាប់បានថ្លែងថា TikTok មានពេល45ថ្ងៃដើម្បីសម្រេចបានកិច្ចព្រមព្រៀងដកទុន ហើយក៏បានស្នើឱ្យក្រុមហ៊ុន ByteDance លក់ភាគហ៊ុននិងសម្មភាពទាំងឡាយរបស់ TikTok នៅសហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនណាមួយ បើមិនដូច្នោះទេ បណ្ដាញសង្គមនេះនឹងត្រូវបង្ខំឱ្យដកខ្លួនចេញពីទឹកដីសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី15កញ្ញា។

    Microsoft បានចរចាជាមួយ ByteDance អស់ជាច្រើនសប្ដាហ៍មកហើយ និងត្រូវបានចាត់ទុកថា ជាជម្រើសអាទិភាពដំបូងបង្អស់របស់ក្រុមហ៊ុននេះ។ អគ្គនាយកប្រតិបត្តិរបស់ Microsoft លោក Satya Nadella ក៏ធ្លាប់បានពិភាក្សាជាមួយលោក Trump អំពីបញ្ហានេះផងដែរ។

    ក្នុងគ្រានោះដែរ Wall Street Journal បានចេញផ្សាយថា TikTok និង Twitter បានធ្វើការចរចាជាមួយគ្នាអំពីលទ្ធភាពនៃការច្របាច់បញ្ចូលគ្នារវាងបណ្ដាញសង្គមទាំង2នេះ។ បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា Twitter កំពុងតាម “ប្រមាញ់” កិច្ចព្រមព្រៀងណាមួយជាមួយ TikTok នៅសហរដ្ឋអាមេរិកដែរ ឬយ៉ាងណានៅឡើយ។

    Trump ចេញបទបញ្ជាឱ្យ ByteDance ដកទុនចេញពី TikTok នៅសហរដ្ឋអាមេរិក ដោយទុកពេលឱ្យ90ថ្ងៃ
    Zhang Yiming ស្ថាបនិក​របស់ក្រុម​ហ៊ុន​ ByteDance ដែល​ជា​ម្ចាស់​គ្រប់​គ្រង​នៃ​បណ្ដាញ​សង្គម​ TikTok

    ភាគីខាង TikTok បានឱ្យដឹងថា ពួកគេមានការរន្ធត់ជាខ្លាំងនៅចំពោះបម្រាមរបស់សហរដ្ឋអាមេរិក ហើយថាពួកគេនឹងរកដំណោះស្រាយស្របច្បាប់ដើម្បីប្រឆាំងនឹងបទបញ្ជានេះ ក្នុងនោះក៏នឹងមានការប្ដឹងឡើងតុលាការអាមេរិកផងដែរ។ ប្រភពព័ត៌មានមួយបានឱ្យដឹងថា TikTok អាចប្ដឹងរដ្ឋាភិបាលលោក Trump ថា កំពុងរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ។

    បច្ចុប្បន្ន TikTok មានអ្នកប្រើប្រាស់ប្រមាណជា1ពាន់លាននាក់នៅទូទាំងពិភពលោក។ បញ្ហាទាំងឡាយដែលបានកើតឡើងដូចបានរៀបរាប់ខាងលើ គឺបណ្ដាលមកពីក្រុមមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីលទ្ធភាពដែល TikTok ត្រូវបានទីក្រុងប៉េកាំងប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ឱ្យដឹងថា ទិន្នន័យរបស់ពលរដ្ឋអាមេរិកាំងដែលក្រុមហ៊ុន TikTok កំពុងប្រមូលយក អាចមានដូចជា “អត្តសញ្ញាណផ្ទៃមុខ ទិន្នន័យអំពីអាសយដ្ឋាន លេខទូរស័ព្ទ និងមិត្តភក្ដិ”។

    TikTok និង ByteDance តែងតែបដិសេធថា មិនមានជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលចិននោះឡើយ។ អគ្គនាយករបស់ TikTok នៅសហរដ្ឋអាមេរិក អ្នកស្រី Vanessa Pappas កាលពីថ្ងៃទី1សីហា បានអះអាងថា ក្រុមហ៊ុននេះកំពុងតែប្រឹងប្រែងធ្វើការដើម្បីនាំមកនូវ “ផ្នែកទន់ដែលមានសុវត្ថិភាពបំផុត” សម្រាប់អ្នកប្រើប្រាស់៕

    ប្រភព៖ Reuters

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    76 . វិធីសម្អាតកម្រាលរោងឡានដែលប្រឡាក់ប្រេងម៉ាស៊ីនឱ្យស្អាតឡើងវិញនោះ គឺចូររោយដីខ្សាច់ហ្មត់ឱ្យសព្វពេញទីនោះ ទុកចោលមួយយប់ រួចហើយបោសដីខ្សាច់ទាំងនោះចេញ ស្នាមប្រឡាក់ប្រេងម៉ាស៊ីនទាំងនោះនឹងរបូតចេញអស់ទៅជាមួយដីខ្សាច់នោះឯង។

    77 . បងៗស្រ្តីមេផ្ទះអាចសម្អាតកញ្ចក់បង្អួចផ្ទះឱ្យសភ្លឺថ្លាស្អាតឡើងវិញ ដោយការលាយផ្សំទឹកជាមួយនឹងទឹកខ្មេះក្នុងអត្រា 1 ៈ 2 ចំណែក ហើយយកទៅចាក់ចូលក្នុងដបបាញ់ស្រ្បៃយ៍ រួចយកទៅបាញ់លើកញ្ចក់បង្អួចដែលត្រូវការសម្អាត ហើយយកក្រដាសកាសែតជូតសម្អាតឱ្យស្អួត កញ្ចក់បង្អួចនឹងភ្លឺថ្លាឡើងវិញដូចថ្មីមិនខាន។

    78 . វិធីសម្អាតព្យ៉ាណូ(ឧបករណ៍តន្រ្តីម្យ៉ាងដែលអ្នកខ្លះចូលចិត្តដាក់តាំងលម្អនៅក្នុងផ្ទះ)ឱ្យស្អាតឡើងវិញ គួរប្រើថ្នាំវេកស៊ី(ថ្នាំប៉ូលាពូកឡាន)មកសម្អាតគឺល្អបំផុត ព្រោះសារធាតុសម្អាតបែបផ្សេងទៀតអាចនឹងធ្វើឱ្យឈើកោងងបាន។

    79 . វិធីសម្អាតគ្រឿងប្រើប្រាស់ដូចជា ពែង កែវ ចានដែលធ្វើពីកែវគ្រីស្តាល់ឱ្យភ្លឺរលោងចាំងល្អនោះគឺ ចូរយកក្រណាត់ស្បែកសត្វជូតខាត់សម្អាត ព្រោះស្បែកសត្វនឹងកម្ចាត់ស្នាមកំណកទឹក និងធូលីដីចេញយ៉ាងងាយស្រួលជាងក្រណាត់ដទៃទៀត។

    80 . វិធីសម្អាតស្នាមកំណកតំណក់ទៀនដែលជាប់ណែនស្អិតចេញពីទម្រជើងទៀន មានវិធីធ្វើងាយៗបំផុតគឺ ដាក់ទម្រជើងទៀននោះនៅក្នុងកន្លែងកកទុកចោលមួយសន្ទុះ ដល់ពេលយកចេញមកវិញ បងៗស្រ្តីមេផ្ទះអាចបេះយកកំណកតំណក់ទៀនចេញបានយ៉ាងងាយ និងស្អាតយ៉ាងហ្មត់ចត់តែម្តង។

    (នៅមានត)

  • Atalanta ក្អួតឈាម ពេល PSG ដាក់ 2គ្រាប់ចុងម៉ោង បានឡើងវគ្គ 4ក្រុមចុងក្រោយ ក្នុង Champions League

    Atalanta ក្អួតឈាម ពេល PSG ដាក់ 2គ្រាប់ចុងម៉ោង បានឡើងវគ្គ 4ក្រុមចុងក្រោយ ក្នុង Champions League

    កាលពី​យប់​រំលងអធ្រាត្រ​ថ្ងៃទី13 ខែសីហា ឆ្នាំ2020 នេះ ក្លិប​បាល់ទាត់ Paris Saint Germaint (PSG) បាន​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់ UEFA Champions League ហើយ ក្រោយពី​បាន​វាយបក​យកឈ្នះ​ក្រុម Atalanta របស់​អ៊ីតាលី ដោយ​លទ្ធផល 2ទល់នឹង1។

    តាមរយៈ​ជ័យជម្នះ​នេះ PSG នឹង​ឡើងទៅ​ជួប RB Leipzig ឬ Atletico Madrid ក្នុង​វគ្គ 4ក្រុម​ចុងក្រោយ ដែល​ត្រូវ​លេង​នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​ក្រោយ ដើម្បី​ដណ្តើម​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ និង​ឈាន​ទៅលើ​កពាន​នេះ ក្រោយ​ខកខាន​អស់​ជិត 3ទសវត្សរ៍៕

  • តើគ្រូបង្វឹកថ្មី Juventus បានប្រាក់ខែប៉ុន្មាន?

    តើគ្រូបង្វឹកថ្មី Juventus បានប្រាក់ខែប៉ុន្មាន?

    កាលពីពេល​កន្លងទៅនេះ លោក Andrea Pirlo ត្រូវបាន​ក្លិប Juventus ប្រកាស​ដំឡើង​ឋានៈ ពី​គ្រូបង្វឹក​ឈុត B របស់ Juventus មកជា​គ្រូបង្វឹក​ឈុត​ធំ ក្រោយ​ពេលដែល​ក្លិប ធ្លាក់​ចេញពី​ពាន UEFA Champions Legue ត្រឹម​វគ្គ 1/8 ក្រោម​ថ្វី​ជើង​ក្រុម Lyon របស់​លី​ក​កំពូល​បារាំង។

    ទោះជា​លោក ត្រូវបាន​កោះហៅ និង​តែងតាំងភ្លាមៗមែន​ក៏ដោយ ក៏ប៉ុន្តែ​ចំពោះ​ប្រាក់​ឈ្នួល​សម្រាប់​រូបលោក​វិញ គឺមាន​តម្លៃ​តិចតួច​មែនទែន ប្រសិនបើ​ប្រៀបធៀប​ជាមួយនឹង​លោក Maurizio Sarri ដោយ​ទទួលបាន​ប្រមាណ​ជា 2លាន​ដុល្លារ​តែប៉ុណ្ណោះ។

    លោក Andrea Pirlo មាន​បទពិសោធ ជា​អ្នកចាត់ការ​ក្រុមយុវជន អាយុ​ក្រោម 23ឆ្នាំ របស់ Juventus ឬ Juventus B ហើយ​បើ​និយាយ​ពី​អាជីព​ជា​កីឡាករ​វិញ លោក​ពិតជា​ជោគជ័យ​ខ្លាំងណាស់ ដោយ​ធ្លាប់ពាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី និង​ជា​កីឡាករ​ជោគជ័យ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប Juventus ទៀតផង៕

  • ក្រុមហ៊ុនចិន ZTE គ្រោងផលិតទូរស័ព្ទ បង្កប់កាមេរ៉ាមុខ ក្រោមអេក្រង់ដំបូងគេបំផុត

    ក្រុមហ៊ុនចិន ZTE គ្រោងផលិតទូរស័ព្ទ បង្កប់កាមេរ៉ាមុខ ក្រោមអេក្រង់ដំបូងគេបំផុត

    ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ZTE បានប្រកាស​បង្ហាញ​ចេញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី ដោយមាន​ការ​រចនា​ស្ដើង​បំផុត និង​បង្កប់​កាមេរ៉ា​ខាងមុខ នៅក្រោម​អេក្រង់ ដំបូង​គេ​បំផុត។

    បច្ចេកវិទ្យា​ដ៏​ទំនើប មិន​ធ្លាប់មាន​ពីមុនមក​បែបនេះ ជាមួយនឹង​បន្ទះ​អេក្រង់ Visionox display ដែលជា​ក្រុមហ៊ុន​ផលិត​បន្ទះ​អេក្រង់​បង្កប់​កាមេរ៉ា​ដ៏​ធំ​មូ​យ​គឺ ត្រូវបាន​គេ​ដឹង​តាមរយៈ​លោក Ni Fei ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ផលិតផល​របស់ ZTE ដែល​បាន​ផូ​ស្ត​នៅលើ​បណ្ដាញ​សង្គម Weibo។

    បើទោះជា បច្ចុប្បន្ន​វា​កំពុង​នៅ​ជា Prototype ក្ដី តែ​វា​អាច​នឹង​លេចចេញ​រូបរាង​មក​នាពេលឆាប់ៗនេះ ដោយសារតែ​គេ​ឃើញ​មាន​លេខ​កូដ​សម្គាល់ model number គឺ ZTE A2121 រួចហើយ។ ស្មា​ត​ហ្វូ​ន​នោះ អាច​នឹងមាន​ឈ្មោះថា ZTE A20 និង​មាន 5G ផងដែរ។ រីឯ​ថ្ងៃ​ប្រកាស​ចេញលក់ នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ៕

    Visionox ready for mass production of screens with under-display camera solution
  • ការរៀបចំតុបតែងផ្ទះឱ្យគួរស្នាក់នៅ

    ការរៀបចំតុបតែងផ្ទះឱ្យគួរស្នាក់នៅ

    ការរៀបចំតុបតែងផ្ទះឱ្យគួរស្នាក់នៅ មានបច្ច័យជាច្រើនយ៉ាងរួមប្រកបចូលគ្នា ដោយបែងជាគោលការណ៍សំខាន់ៗ​ត្រួសៗដូចខាងក្រោម…។

    1 . សុវត្ថិភាព

    ជ្រើសរើសប្រើគ្រឿងតុបតែងផ្ទះណាដែលគ្មានជ្រុងមុតស្រួច មិនងាយបាក់បែក មិនទើសទែងផ្លូវដើរ មិនដុស​ខាត់កម្រាលឥដ្ឋ ឬកាំជណ្តើររលោងជ្រុលពេករហូតអាចបណ្តាលឱ្យក្មេងៗដើររអឹល រួមទាំងការបំពាក់ឧបករណ៍គ្រឿង​អគ្គិសនី និងខ្សែភ្លើងឱ្យស្ថិតក្នុងសភាពមានសុវត្ថិភាពផង។

    2 . ត្រូវនឹងសុខលក្ខណៈ និងស្អាតបាត

    រៀបចំឱ្យមានខ្យល់អាកាសបក់ចេញចូល និងមានពន្លឺភ្លឺគ្រប់គ្រាន់ រួមទាំងជូតសម្អាតគ្រឿងតុបតែងផ្ទះឱ្យបានស្អាតជាប់ជានិច្ចផង។

    3 . ងាយស្រួលក្នុងការប្រើប្រាស់

    ត្រូវគិតដល់ភាពងាយស្រួលក្នុងការរៀបចំធ្វើពិធីផ្សេងៗ រៀបចំឱ្យមានទីកន្លែងទំនេរ ​និងទុកដាក់របស់របរ​ឱ្យត្រូវ​តាម​កន្លែងដើម្បីងាយស្រួលចាប់យកមកប្រើប្រាស់។

    4 . ភាពស្រួល សប្បាយ

    រៀបចំផ្ទះឱ្យមានប្រដាប់ការពារភាពចាំងខ្លាំងរបស់ពន្លឺថ្ងៃ ដូចជា វាំងនន មានប្រឡោះបញ្ចេញកំដៅ និងឱ្យខ្យល់អាកាសចេញចូលបានងាយស្រួល អាចមើលឃើញទេសភាពខាងក្រៅផ្ទះដែលនឹងធ្វើឱ្យសប្បាយរីករាយចិត្តបានផង។

    5 . មានរបៀបរៀបរយ និងស្រស់ស្អាត

    របស់របរតុបតែងមានច្រើនជ្រុលពេក និងទុកដាក់គ្មានរបៀប នឹងធ្វើឱ្យភាពស្រស់ស្អាតថយចុះ ហើយជាពិសេសរឿងពណ៌ក៏មានភាពសំខាន់ក្នុងការតុបតែងផ្ទះដែរ ក្រៅពីនោះ គួរនាំយកផ្កាស្អាតៗ និងរូបភាពផ្សេងៗមកតុបតែងលម្អដើម្បីភាពស្រស់ស្អាតផង។

    6 . សន្សំសំចៃ

    ត្រូវនឹកដល់ការសន្សំសំចៃផង ទាំងពេលវេលា កម្លាំង និងលុយកាក់ រួមទាំងការមើលថែទាំសម្អាត តម្លៃវត្ថុ របស់​របរដែលនឹងទិញយកមកតុបតែងផងតាមរយៈការច្នៃប្រឌិត ឬយករបស់ដែលមានស្រាប់មកជូតសម្អាត ដុសខាត់ លាបពណ៌ជាថ្មីឱ្យស្អាតមកដាក់តាំងលម្អឡើងវិញជាដើមផងដែរ៕

  • ក្រុមហ៊ុន Motorola ត្រៀមផលិតស្មាតហ្វូនបត់បានម្ដងទៀត តែលើកនេះមាន 5G

    ក្រុមហ៊ុន Motorola ត្រៀមផលិតស្មាតហ្វូនបត់បានម្ដងទៀត តែលើកនេះមាន 5G

    ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន Motorola គ្រោង​នឹង​បង្ហាញ​ចេញ​ជា​ផ្លូវការ នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី គឺ Motorola Razr5G ឬ Rar2020 ។ ដំណឹង​នេះ បាន​លេចឡើង​ក្រោយពេល​ក្រុមហ៊ុន បាន​បង្ហោះ​រូបភាព 1ផ្ទាំង​ដែល​សរសេរថា រង់ចាំ​មើល! ថ្ងៃទី9 ខែសីហា ឆ្នាំ2020 ខាងមុខនេះ។

    យោងតាម​ដំណឹងផ្សេងៗ បានឱ្យដឹងថា ស្មា​ត​ហ្វូ​ន​ដែលមាន​រូបរាង​បត់​បាន​ជំនា​ន់ទី2 នេះ នឹង​បំពាក់​ឈី​ប Snapdragon 765 មាន RAM 8GB មេម៉ូរី 256GB ថ្ម​ទំហំ 2845 mAh មាន​កាមេរ៉ា​ក្រោយ​ទំហំ 48MP និង​កាមេរ៉ា​មុខ 20MP និង​ដំណើការ​ដោយ Android 10។

    សូម​ជម្រាបជូន​ថា ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​កាលពី​អតីត​មួយ​នេះ បាន​ផលិត​ចេញ​ស្មា​ត​ហ្វូ​ន​បត់​បាន​ជំនា​ន់ទី1 និង​ចេញលក់​ម្ដង​រួចហើយ កាលពីដើមឆ្នាំ2019 មានតម្លៃ​ចាប់ផ្តើម​ប្រមាណ​ជា 1,500ដុល្លារ​អាមេរិក៕

  • 6 វិធីជួយសម្រាលអាការឈឺថ្កាត់របស់កូន តើត្រូវធ្វើយ៉ាងណាខ្លះទៅ?

    6 វិធីជួយសម្រាលអាការឈឺថ្កាត់របស់កូន តើត្រូវធ្វើយ៉ាងណាខ្លះទៅ?

    ឪពុកម្តាយស្ទើរតែទាំងអស់សុទ្ធតែមានក្តីភ័យបារម្ភ និងកង្វល់ចិត្តខ្លាំងណាស់នៅពេលកូនតូចជាទីស្រឡាញ់កើតជំងឺឈឺថ្កាត់ឡើង ដែលបើសិនជាអាចឈឺជំនួសបាន នឹងសុខចិត្តឈឺជំនួសកូនមិនខាន ទន្ទឹមនឹងនោះក៏នឹងខិតខំឱ្យកូនបានញ៉ាំថ្នាំយ៉ាងត្រឹមតាមវេជ្ជបញ្ជាដើម្បីឱ្យកូនឆាប់ជាសះស្បើយឡើងវិញទៀតផង តែខាងក្រោមនេះគឺ វិធី 6 យ៉ាងទៀតក្នុងការជួយសម្រាល ឬបន្ធូរអាការឈឺថ្កាត់របស់កូនបាន តើមានអ្វីខ្លះនោះ សូមលោកឪពុកអ្នកម្តាយទាំងអស់តាមដានដើម្បីទុកជាចំណេះដឹងតទៅ។

    1 . ឱបកូន និងនៅជិតៗកូន

    ព្រោះការឱប និងលួងលោមពេលកូនមិនស្រួលខ្លួន ឬឈឺថ្កាត់នឹងធ្វើឱ្យកូនកក់ក្តៅក្នុងចិត្ត មានកម្លាំងចិត្ត រាងកាយនឹងត្រឡប់មកមានកម្លាំងឡើងវិញ ចង់ធ្វើនេះធ្វើនោះ ខ្លាំងជាងការបណ្តោយទុកឱ្យកូនគេងក្តៅសន្ធំព្រោះកម្ដៅខ្លួនតែម្នាក់ឯង។ ក្រៅពីនេះការឱបកូននៅធ្វើឱ្យក្មេងមានអាការស្ងប់ និងសម្ងំយ៉ាងស្រួលបានយ៉ាងមិនគួរឱ្យជឿទៀតផង។

    2 . ធ្វើម្ហូបអាហារដែលផ្តល់នូវគុណតម្លៃខាងភោជនាហារខ្ពស់ឱ្យកូនញ៉ាំ

    ពេលឈឺថ្កាត់ ឬមិនស្រួលខ្លួន កូនតែងតែមិនចង់ញ៉ាំអាហារឡើយ ឬញ៉ាំដែរ តែញ៉ាំបានតិច ដូច្នេះម្ហូបអាហារគ្រប់យ៉ាងដែលកូនញ៉ាំបានបន្តិចបន្តួចនៅពេលឈឺថ្កាត់នោះ គួរតែជាអាហារដែលមានគុណប្រយោជន៍ខ្ពស់ ដើម្បីឱ្យរាងកាយបានទទួលកម្លាំងថាមពលច្រើនៗ អាចជាពពួកបបរត្រីក្តៅឧណ្ហៗ ឬពួកទឹកផ្លែឈើច្របាច់ស្រស់ៗដែលមានប្រយោជន៍ ជាដើម។

    3 . ចេះបញ្ចុះបញ្ចូលចិត្តកូន

    ក្មេងដែលមានអាការឈឺថ្កាត់នឹងមិនចង់ញ៉ាំអាហារឡើយ ឬញ៉ាំបានតិច ហើយក្មេងខ្លះទៀតមិនចង់ញ៉ាំថ្នាំតែម្តង ឬពិបាកឱ្យញ៉ាំថ្នាំខ្លាំងណាស់ ដូច្នេះឪពុកម្តាយ ឬអាណាព្យាបាលត្រូវចេះបញ្ឆោតឱ្យកូនបានលេងសប្បាយ ឬធ្វើកិច្ចការងារអ្វីមួយដើម្បីឱ្យកូនភ្លេចខ្លួន ហើយអាស្រ័យឱកាសដែលកូនភ្លេចខ្លួននោះក៏បញ្ចុកថ្នាំឱ្យញ៉ាំតែម្តង និងអ្វីដែលសំខាន់នោះ គឺត្រូវឱ្យកូនញ៉ាំថ្នាំឱ្យបានទៀងទាត់ពេលវេលា រហូតដល់ជាសះស្បើយ។

    4 . ឱ្យកូនគេងលក់ឱ្យបានច្រើនបំផុត

    ការគេងលក់ គឺការសម្រាកដែលល្អបំផុត ដែលវានឹងធ្វើឱ្យរាងកាយរបស់កូនត្រឡប់មករឹងប៉ឹងឡើងវិញ និងជាពីជំងឺបានលឿនបំផុត​។ នៅពេលកូនគេងលក់ ឪពុកម្តាយគួរធ្វើអ្វីគ្រប់យ៉ាងឱ្យស្ងាត់ស្ងៀមបំផុត កុំធ្វើអ្វីដែលជំរុញ និងធ្វើឱ្យកូនភ្ញាក់កណ្តាលទីឱ្យសោះ។ ក្មេងដែលបានគេងលក់ទាំងពេលថ្ងៃ និងពេលយប់ នឹងឆាប់ជាសះស្បើយ ហើយថ្នាំដែលកូនញ៉ាំចូលទៅនោះនឹងធ្វើការបានលទ្ធផលល្អបំផុតគឺពេលគេងហ្នឹងឯង។

    5 . ឱ្យញ៉ាំថ្នាំឱ្យបានត្រឹមត្រូវ និងស័ក្តិសមនឹងអាយុរបស់កូន

    ឪពុកម្តាយភាគច្រើន ច្រើនតែមិនយល់ពីការឈឺថ្កាត់របស់កូន និងឱ្យកូនញ៉ាំថ្នាំបែបមិនសូវជាត្រូវតាមវិធីប៉ុន្មានឡើយ។ បើឱ្យកូនញ៉ាំថ្នាំត្រូវតាមខ្នាត តាមអាយុុ និងទៀងពេល នឹងធ្វើឱ្យកូនកាន់តែឆាប់ជាឡើង និងគ្មានផលប៉ះពាល់ដែលនឹងធ្វើឱ្យសុខភាពរបស់កូនចុះខ្សោយទៀតផង។

    6 . មើលថែទាំកូនតាមដែលគ្រូពេទ្យណែនាំ

    ភាគច្រើនលោកគ្រូពេទ្យនឹងណែនាំឱ្យឪពុកម្តាយមើលថែទាំពេលកូនមិនស្រួលខ្លួនឱ្យបានដិតដល់ ដូចជា ឱ្យញ៉ាំថ្នាំតាមពេលម៉ោងដែលពេទ្យបានប្រាប់ យកក្រណាត់សើមជូតខ្លួនឱ្យកូនពេលកូនក្តៅខ្លួនខ្លាំង និងនាំកូនទៅជួបគ្រូពេទ្យតាមការណាត់ ដើម្បីពិនិត្យអាការយ៉ាងជាប់លាប់ ជាដើម។

    ក្មេងគ្រប់រូបត្រូវតែធ្លាប់ឈឺថ្កាត់ទាំងអស់ ដូច្នេះឪពុកម្តាយមិនចាំបាច់មានកង្វល់បារម្ភខ្លាំងពេកទេ គ្រាន់តែត្រូវស្គាល់ពីវិធីមើលថែទាំកូន ព្យាបាលកូន និងចេះសង្កេតមើលអាការឈឺថ្កាត់របស់កូនឱ្យបានល្អ អាការឈឺថ្កាត់ទាំងនោះនឹងជាសះស្បើយទៅវិញយ៉ាងឆាប់រហ័សមិនខាន៕

  • ចិនកាន់កាប់ក្រុមហ៊ុន​ថ្មី​ៗ​ លំដាប់ “Unicorn Startup” ជាង220 ក្នុងចំណោមក្រុមហ៊ុនថ្មីជាង500 នៅទូទាំងពិភពលោក ដែលមានតម្លៃចាប់ពី1ពាន់លានដុល្លារ

    ចិនកាន់កាប់ក្រុមហ៊ុន​ថ្មី​ៗ​ លំដាប់ “Unicorn Startup” ជាង220 ក្នុងចំណោមក្រុមហ៊ុនថ្មីជាង500 នៅទូទាំងពិភពលោក ដែលមានតម្លៃចាប់ពី1ពាន់លានដុល្លារ

    យោងតាមតារាងចំណាត់ថ្នាក់ Hurun Global Unicorn Index ក្នុងឆ្នាំនេះ ប្រទេសចិនមានក្រុមហ៊ុនថ្មីរហូតដល់6 នៅក្នុងចំណោមក្រុមហ៊ុន “Startup” នៅទូទាំងពិភពលោកដែលមានតម្លៃពាក់លានដុល្លារអាមេរិក។ ក្រុមហ៊ុនទាំងនេះត្រូវបានគេហៅថា “unicorn startup” សំដៅលើបណ្ដាក្រុមហ៊ុនថ្មីដែលមាន​ទុន​លើស​ពី​1ពាន់​លាន​ដុល្លារអាមេរិក។

    ពិនិត្យទៅលើតារាងចំណាត់ថ្នាក់នេះ គេអាចដឹងបានថា បើទោះជាមានCOVID-19 និងបញ្ហាទាក់ទិននឹងភូមិសាស្ត្រនយោបាយច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចរារាំងបណ្ដាក្រុមហ៊ុនចិនក្នុងការបង្ហាញវត្តមាននោះដែរ។ ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីនៅប្រទេសចិន នៅតែកើនឡើងខ្ពស់ដដែល។

    Ant Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិញ្ញវត្ថុរបស់ក្រុមហ៊ុនមេ Alibaba នៃប្រទេសចិន កំពុងនាំមុខគេនៅក្នុងចំណោម “unicorn startup” នៅទូទាំងពិភពលោក ដោយមានតម្លៃដែលត្រូវបានកំណត់ត្រឹម​150​ពាន់​លានដុល្លារអាមេរិក។ បន្ទាប់មកទៀតគឺបណ្ដាញសង្គម TikTok ដែលកំពុងមានបញ្ហាជាមួយរដ្ឋាភិបាលអាមេរិកាំង របស់ក្រុមហ៊ុន ByteDance ជាមួយនឹងតម្លៃខ្លួន 80ពាន់លានដុល្លារ។ ចំណែក Didichuxing ដែលជាកម្មវិធីហៅតាក់ស៊ីដ៏ល្បីឈ្មោះនៅប្រទេសចិន ក៏មានតម្លៃសរុប50ពាន់លានដុល្លារផងដែរ។ ក្រៅពីនេះ ចិនក៏នៅមានក្រុមហ៊ុនថ្មីចំនួន3ទៀតដែលត្រូវបានកំណត់តម្លៃចាប់ពី27ដល់38ពាន់លានដុល្លារអាមេរិកសម្រាប់ក្រុមហ៊ុននីមួយៗ នោះគឺក្រុមហ៊ុន Lufax (ឈរលំដាប់ទី4) ក្រុមហ៊ុន Kuaishou (លំដាប់ទី8) និង Cainiao (ឈរលំដាប់ទី9)។

    នៅទូទាំងពិភពលោកនាឆ្នាំ2020នេះ មានក្រុមហ៊ុនថ្មីចំនួន586ដែលត្រូវបានកំណត់តម្លៃចាប់ពី1ពាន់លានដុល្លារឡើងទៅ ហើយតួលេខនេះបានកើន82ក្រុមហ៊ុន បើធៀបនឹងឆ្នាំ2019។ សហរដ្ឋអាមេរិកនាំមុខគេ ដោយមាន233ក្រុមហ៊ុន។ ឈរលំដាប់ទី2 គឺប្រទេសចិន ជាមួយនឹងក្រុមហ៊ុនថ្មីចំនួន227ក្រុមហ៊ុន។

    យោងតាមតារាងចំណាត់ថ្នាក់ សហរដ្ឋអាមេរិក និងប្រទេសចិន កាន់កាប់រហូតដល់80% ក្នុងចំណោមក្រុមហ៊ុនថ្មីដែលមានតម្លៃចាប់ពី1ពាន់លានដុល្លារឡើងទៅនៅទូទាំងពិភពលោក។ អ្នកនាំមុខគេក្នុងចំណោមកំពូលក្រុមហ៊ុនថ្មី (super unicorns) គឺជាបណ្ដាក្រុមហ៊ុនចិន ដែលគាំទ្រដោយបណ្ដាក្រុមហ៊ុន “យក្ស” ផ្នែកបច្ចេកវិទ្យា និងអាជីវកម្មអេឡិចត្រូនិច (e-Commerce) ដែលកំពុងរកស៊ីយ៉ាងកាក់កបក្នុងសម័យCOVID-19នេះ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស