Category: សង្គម និងសេដ្ឋកិច្ច

  • PSG កំពុងពិចារណា ដកអ្នកចាត់ការក្រុមចោលភ្លាម ក្រោយចាញ់ UEFA Champions League

    PSG កំពុងពិចារណា ដកអ្នកចាត់ការក្រុមចោលភ្លាម ក្រោយចាញ់ UEFA Champions League

    កាលពី​យប់​ថ្ងៃទី24 ខែសីហា ឆ្នាំ2020 ក្រុម Bayern Munich បាន​គ្រង​ជើងឯក​ពានរង្វាន់ UEFA Champions League រដូវ​កាល2020 នេះ ដោយ​យកឈ្នះ​ក្រុម Paris Saint German ក្នុង​លទ្ធផល 1ទល់នឹង0។

    ចំពោះ PSG វិញ ការដែល​ចាញ់​មិនអាច​យកពាន​នេះ​បាន កំពុងតែ​ធ្វើឱ្យ​លោក Thomas Tuchel អ្នកចាត់ការ​ក្រុម​យក្ស​បារាំង​មួយ​នេះ ប្រឈមមុខ​នឹង​ការបាត់បង់​តំណែង​របស់ខ្លួន ក្រោយ​ពេលដែល​ធ្វើ​មិនបាន​ល្អ ក្នុង​ពាន​មួយ​នេះ។

    ក្រោយពី​ចប់​ការប្រកួត​ទៅ មាន​លេចឮ​ដំណឹង​ថា ថ្នាក់ដឹកនាំ​ក្លិប​អ្នកមាន​បារាំង​មួយ​នេះ កំពុង​ពិចារណា ដក​អ្នកចាត់ការ Tuchel ចោល​ហើយ។ ដោយ​ពួកគេ​មើលឃើញ​លោក​Massimilano Allegri អតីត​គ្រូ​របស់ Juventus ដែល​កំពុង​ទំនេរ​នោះ​ថា ស័ក្ដិសម​មក​ដឹកនាំ​ក្រុម​បន្ដ​នៅ​រដូវ​កាល​ថ្មី។ សូមបញ្ជាក់ថា PSG បាន​ចំណាយ​ប្រាក់​រាប់រយ​លាន​ដុល្លារ ដើម្បី​តែ​គោលដៅ UCL 1ប៉ុណ្ណោះ ខណៈដែល​ពាន​ក្នុងស្រុក​វិញ ពួកគេ​បាន​លើក រាល់​ឆ្នាំ​ទៅហើយ៕

  • KFC ឈប់ប្រើពាក្យស្លោកដ៏ល្បី​ល្បាញ​របស់ខ្លួនដោយសារCOVID-19

    KFC ឈប់ប្រើពាក្យស្លោកដ៏ល្បី​ល្បាញ​របស់ខ្លួនដោយសារCOVID-19

    ពាក្យស្លោក (Slogan) “រសជាតិឆ្ងាញ់នៅលើគ្រប់ម្រាមដៃ” (It’s Finger Lickin’ Good) របស់ក្រុមហ៊ុន KFC ត្រូវបានវាយតម្លៃថា មិនសមស្របជាមួយនឹងស្ថានភាពនៃសម័យCOVID-19 ដូច្នេះ វាក៏ត្រូវបានលុបបំបាត់ជាបណ្ដោះអាសន្ន។

    ក្រុមហ៊ុនលក់អាហារចម្អិនលឿន (fast food) KFC កាលពីម្សិលមិញ (24សីហា) បានប្រកាសថា ផ្អាកប្រើប្រាស់ពាក្យស្លោក It’s Finger Lickin’ Good នៅក្នុងការផ្សាយពាណិជ្ជកម្មនានារបស់ខ្លួនជាបណ្ដោះអាសន្ន។ មូលហេតុនៃប្រការនេះ គឺដោយសារជាច្រើនខែមកនេះ ក្រុមមន្ត្រីសុខាភិបាលបានណែនាំឱ្យប្រជាជន ឈប់យកដៃទៅប៉ះមុខមាត់ ដើម្បីចៀសវាងការឆ្លងវីរុសCOVID-19។

    នាយកទីផ្សារសកលរបស់ KFC អ្នកស្រី Catherine Tan-Gillespie បានឱ្យដឹងថា៖ “យើងកំពុងស្ថិតក្នុងកាលៈទេសៈពិសេស។ ពាក្យស្លោកនេះលែងសមស្របជាមួយនឹងស្ថានភាពបច្ចុប្បន្នទៀតហើយ”។ ប៉ុន្តែ ក្រុមហ៊ុននេះបានអះអាងថា បញ្ជីមុខអាហារនឹងមិនប្ដូរផ្លាស់នោះទេ ចំណែកពាក្យស្លោកនេះនឹងត្រលប់មកវិញនៅក្នុងពេលវេលាដ៏សមស្រប”។

    KFC បានបិទបាំងពាក្យស្លោកនេះនៅលើផ្ទាំងផ្សាយពាណិជ្ជកម្មចាស់ៗរបស់ខ្លួន និងបានបង្ហោះវីដេអូមួយអំពីករណីនេះនៅលើ Youtube។ ចំណែក CNN វិញ យល់ថា សេចក្ដីប្រកាសនេះ គ្រាន់តែជាយុទ្ធសាស្ត្រទីផ្សារតែប៉ុណ្ណោះ។

    ដោយសារតែ COVID-19 ក្រុមហ៊ុន KFC បានបិទទ្វារហាងជាច្រើនកាលពីខែមីនា និងបានលើកទឹកចិត្តឱ្យអតិថិជន ទិញអាហារយកទៅញ៉ាំនៅឯផ្ទះ។

    ក្រុមហ៊ុនមេរបស់ KFC គឺក្រុមហ៊ុន Yum! Brands បានឱ្យដឹង ក្រុមហ៊ុននេះរកបានប្រាក់ចំណេញសរុប1.2ពាន់លានដុល្លារនៅក្នុងត្រីមាសទី2 ដែលនេះបានថយចុះ8.5% បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ក៏ប៉ុន្តែ ស្ថានភាពនេះកំពុងល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ ដោយសារតែប្រទេសជាច្រើនបានចាប់ផ្ដើមដំណើរការសេដ្ឋកិច្ចឡើងវិញ៕

    ប្រភព៖ CNN

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    86 . វិធីជូតសម្អាតស៊ុម ឬក្របរូបថតដែលបិទដោយក្រដាស់ពណ៌មាស គួរតែប្រើក្រណាត់ស្ងួតៗ ជូតឱ្យអស់ធូលីដីទៅបានហើយ ព្រោះបើប្រើក្រណាត់ជ្រលក់ទឹកជូត នឹងធ្វើឱ្យពណ៌មាសដែលបិទនៅលើស៊ុម ឬក្របរូបថតនោះរបកចេញអស់។

    87 . វិធីសម្អាតកំណកផ្សិតដែលដិតជាប់នៅលើឧបករណ៍តុបតែងលម្អក្នុងផ្ទះដែលធ្វើពីស្បែកសត្វ ចូរយកក្រណាត់ទន់ៗ ជ្រលក់អាល់កុល លាយជាមួយទឹកជូតសម្អាតឱ្យសព្វ ហើយដាក់ហាលនៅក្នុងទីម្លប់ ស្នាមប្រឡាក់ ឬស្នាមដុះផ្សិតដែលអាក្រក់មើលនៅលើឧបករណ៍តាំងលម្អទាំងនោះ នឹងរលាយបាត់អស់មិនខាន។

    88 . វិធីលាងសម្អាតឧបករណ៍ប្រើប្រាស់ធ្វើអំពីកែវដោយមិនបានជូត ចូរយកទឹកស្អាតលាយជាមួយអាល់កុលលាងសម្អាតគ្រឿងកែវទាំងនោះ ព្រោះអាល់កុល និងទឹកនឹងជួយកម្ចាត់វត្ថុកខ្វក់ចេញបានយ៉ាងងាយ និងចំណុចសំខាន់នោះគឺ វាអាចស្ងួតបានដោយឯកឯងដោយមិនចាំបាច់ជូតនឹងក្រណាត់ម្តងទៀតឡើយ។

    89 . វិធីកម្ចាត់ក្លិនស្អុយអាប់ក្នុងទូដាក់ម្ហូបឱ្យក្រអូបស្រស់ស្រាយនោះគឺ យកស៊ីម៉ង់ត៍សបន្តិចមកដាក់ក្នុងចានរាងធំបន្តិច រួចយកទៅដាក់ក្នុងជ្រុងណាមួយក្នុងទូដាក់ម្ហូប ទុកចោលប្រមាណជា 3 – 4 ថ្ងៃ ក្លិនស្អុយអាប់ទាំងនោះនឹងបាត់អស់ជាបណ្តើរៗ។

    90 . វិធីសម្អាតស្នាមផ្សែងភ្លើង ឬម្រែងភ្លើងដែលប្រឡាក់ជាប់ស្រមេមស្រម៉ាមនៅលើចង្រ្កាន និងក្នុងកន្លែងដាំស្ល ចូរយកក្រណាត់កន្ទបជ្រលក់ទឹកខ្មេះដែលដាំឱ្យក្តៅល្មមៗរួចហើយ មកជូតដុសសម្អាតតាមកន្លែងដែលប្រឡាក់នោះឱ្យសព្វ រួចហើយយកក្រណាត់ស្ងួតមកជូតម្តងទៀត ស្នាមប្រឡាក់ម្រែងភ្លើងខ្មៅៗទាំងនោះនឹងជ្រះបាត់អស់មិនខាន។

    (នៅមានត)

  • ក្រសួងអប់រំ ប្រកាសផ្តល់ជំនួយដល់អ្នកស្រាវជ្រាវលើប្រធានបទសំខាន់ៗចំនួន3

    ក្រសួងអប់រំ ប្រកាសផ្តល់ជំនួយដល់អ្នកស្រាវជ្រាវលើប្រធានបទសំខាន់ៗចំនួន3

    ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ផ្តល់ជំនួយ​ដល់​ការស្រាវជ្រាវ​លើ​ប្រធានបទសំខាន់ៗចំនួន3 តាមរយៈ​មូលនិធិ​ស្រាវជ្រាវ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ ឆ្នាំ2020។

    តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ដើម្បី​ចាប់យក​ឱកាស​ពី​ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម​ទី4 និង​សេដ្ឋកិច្ច​ឌីជីថល ដែល​កំពុង​រីក​ផុស​ឡើង រដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញឱ្យមាន​ការបង្កើត​ប្រព័ន្ធ​អេកូ​ឡូ​ហ្សី ដែល​បង្កលក្ខណៈ​អំណោយផល​ដល់​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ ការបង្កើត​ថ្មី និង​នវានុវត្តន៍។ នៅ​ឆ្នាំ2020 នេះ ដោយមាន​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​អប់រំ បាន​បង្កើត​មូលនិធិ​ស្រាវជ្រាវ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍ (ស.គ.ន) ក្នុង​គោលដៅ​ដើម្បី​រួមចំណែក​លើកកម្ពស់​វប្ប​ធម៌​នៃ​ការស្រាវជ្រាវ បំផុសគំនិត​ច្នៃប្រឌិត និង​ជំរុញ​ការធ្វើ​ន​វា​នុ​វត្ត ដើម្បី​ជា​ប្រយោជន៍​ដល់​វិស័យ​អប់រំ យុវជន និង​កីឡា ដែល​ឆ្លើយតប​នឹង​ទីផ្សារពលកម្ម និង​សាកលភាវូបនីយកម្ម។

    ស្ថិតក្នុង​ស្ថានភាព​ចំពោះមុខ នៃ​ការគ្រប់គ្រង​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ក្រសួង​អប់រំ តាមរយៈ​មូលនិធិ​ខាងលើ បា​នប​ញ្ជូ​ល​ការកែលម្អ​ក្របខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​ក្នុង​បរិ​កាណ៍ Covid-19នេះ ជា​កត្តា​ចម្បង​មួយ​សម្រាប់​រៀបចំ​កំណត់​ប្រធានបទ​ជាអាទិ​ភាព​នៃ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍។

    លទ្ធផល​ដែល​គ្រោង​សំណើរ​ទាំងឡាយ​ត្រូវ​សម្រេច​ឱ្យបាន ដើម្បី​ដាក់​មក​មូលនិធិ គឺ​ត្រូវតែ​ជា​លទ្ធផល​រូបី​យ៍ ដែល​អាច​យកទៅ​ប្រើប្រាស់​បានភ្លាមៗ អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ជួបប្រទះ ផ្សារភ្ជាប់​ជាមួយ​តម្រូវការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​សម្រាប់​បរិបទ​កម្ពុជា។

    ក្រសួង​ថា​នៅ​ឆ្នាំ 2020នេះ មូលនិធិ ស.គ.ន នឹង​ផ្តល់​ការគាំទ្រ​ជា​ថវិកា​ដល់​ប្រធានបទ​ជា​អាទិភាព​ចំនួន3 គឺ ឌីជីថល​នីយកម្ម​សម្រាប់​ប​ដិ​វដ្ត​ឧស្សាហកម្ម 4.0 ការស្រាវជ្រាវ​អនុវត្ត​លើ​វិស័យ​កសិកម្ម និង​ការស្រាវជ្រាវ​គរុកោសល្យ​សតវត្ស​ទី21៕

  • ក្រុមហ៊ុន Rosoboronexport រុស្ស៊ី ប្រកាសលក់យន្តហោះចម្បាំង រថក្រោះ និងខែលមីស៊ីលជាង 50ប្រភេទ

    ក្រុមហ៊ុន Rosoboronexport រុស្ស៊ី ប្រកាសលក់យន្តហោះចម្បាំង រថក្រោះ និងខែលមីស៊ីលជាង 50ប្រភេទ

    ថ្មីៗនេះ គេ​បានឃើញ​សេចក្តីជូនដំណឹង​ដោយ ក្រុមហ៊ុន Rosoboronexport របស់​រុស្ស៊ី បានប្រកាសថា ក្រុមហ៊ុន​គ្រោង​បញ្ចេញ​លក់​ប្រព័ន្ធ​សព្វាវុធ​ចំនួន 50ប្រភេទ រួមមាន យន្តហោះ​ចម្បាំង រថក្រោះ និង​ខែល​មី​ស៊ី​ល ជាដើម។

    តាម​ការបញ្ជាក់​របស់​លោក Alexander Mikheyev នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ទៅកាន់​សារព័ត៌មាន TASS ក្នុង​វេទិកា​យោធា​អន្តរជាតិ​មួយ កាលពី​ថ្ងៃទី23 ខែសីហា ឆ្នាំ2020 បាន​លើកឡើងថា៖ “ក្នុង​រយៈពេល 5 ឬ 6ឆ្នាំក្រោយ Rosoboronexport គ្រោង​លក់​ប្រព័ន្ធ​សព្វាវុធ​ជិត 50ប្រភេទ ទៅ​ទីផ្សារ​អាវុធ​អន្តរជាតិ។ ទាំងអស់នេះ គឺជា​ផលិតផល​សម្រេច ដូចជា ប្រព័ន្ធ​ការពារ​ដែនអាកាស, យន្តហោះ​ចម្បាំង និង​យន្តហោះ​ដឹកជញ្ជូន​យោធា, រថក្រោះ, ឧបករណ៍​បម្រើឱ្យ​កងទ័ពជើងទឹក និង​កាំភ្លើង​ធំ” ។

    លោក ក៏បាន​បញ្ជាក់ច្បាស់ៗអំពី​សព្វាវុធ​មួយចំនួន​ដែរ ដូចជា រថក្រោះ T-14 Armata, យន្តហោះ​ចម្បាំង Su-57 ជំនា​ន់ទី5, កាំភ្លើង Kalashnikov, ប្រព័ន្ធ​រ៉ា​ដា 59N6-TE ដែលមាន​សមត្ថភាព​អាច​ចាប់​គោលដៅ បាន​លឿន​ជាង​សំឡេង និង​អាវុធយុទ្ធភណ្ឌ​ជាច្រើន​ទៀត៕

  • ឡូយណាស់! ហ្គេមមួយរបស់ Microsoft មានដាក់រូបអង្គរវត្តច្បាស់ៗតែម្ដង

    ឡូយណាស់! ហ្គេមមួយរបស់ Microsoft មានដាក់រូបអង្គរវត្តច្បាស់ៗតែម្ដង

    ហ្គេម Flight Simulator ជំនាន់​ថ្មី​ស៊េរី​ឆ្នាំ2020 ដែលជា​ហ្គេម​ល្បីល្បាញ​មួយ​របស់​ក្រុមហ៊ុន Microsoft ដែល​អាចឱ្យ Gamer ទាំងឡាយ រៀន​បើកបរ​យន្តហោះ និង​បំពេញ​សកម្មភាពផ្សេងៗទៀត។

    អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ នៅក្នុង​ហ្គេម​នេះ មាន​បញ្ចូល​នូវ​ទីតាំងល្បីៗជាច្រើន​លើ​ពិភពលោក ដែលមាន​រូបភាពច្បាស់ៗ ហើយ​ក្នុងនោះ​ក៏មាន​ប្រាសាទអង្គរវត្ត​ផងដែរ។

    ពេល​ចូលដល់​ក្នុង​ហ្គេម វា​មាន​ផ្ទាំង​ធំ​មួយ ដែល​បង្ហាញ​ពី​ផែនទី​ពិភពលោក ឯ​នៅត្រង់​ផ្នែក Profile វិញ អ្នក​អាច​គ្រប់គ្រង​លើ​ទិន្នន័យ​ដែល​បាន​ទាញយក គ្រប់គ្រង​លើ​យន្តហោះ និង​ជាពិសេស​ព័ត៌មាន​នៃ​ការហោះហើរ​ទៀតផង។

    Gamer នឹង​ទទួលបាន​បទពិសោធ​ដ៏​អស្ចារ្យ​នៃ​រូបភាព​ដែល​បង្ហាញ​ចេញមក​ក្នុង​ហ្គេម។ ហ្គេម​ថ្មី​នេះ​មាន Database រហូតដល់ 2លាន​GB នឹង​ទាញយក​អំឡុងពេល​លេង​តាមរយៈ​បច្ចេកវិទ្យា Azure Cloud ។ ហ្គេម​នេះ​មាន​ដាក់លក់​លើ​សេវាកម្ម Steam (ផ្សាយ​ផ្ទាល់) ក្នុង​កញ្ចប់​ចំនួន 3ប្រភេទ​ដែលមាន​តម្លៃ 60ដុល្លារ 90ដុល្លារ និង 120ដុល្លារ។ ក្រៅពី Steam វា​ក៏មាន​ដាក់លក់​នៅលើ Microsoft Store និង Xbox Game Pass ផងដែរ៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • AI បំប្លែងទិដ្ឋភាពវីដេអូបុរាណដែលមានអាយុកាលជិត120ឆ្នាំ ឱ្យទៅជាទិដ្ឋភាពបច្ចុប្បន្ន (វីដេអូ)

    AI បំប្លែងទិដ្ឋភាពវីដេអូបុរាណដែលមានអាយុកាលជិត120ឆ្នាំ ឱ្យទៅជាទិដ្ឋភាពបច្ចុប្បន្ន (វីដេអូ)

    អ្នកជំនាញម្នាក់បានប្រើប្រាស់ AI (បញ្ញាសិប្បនិម្មិត) ដើម្បីបន្ថែមពណ៌ និងសម្រួលទម្រង់ដើមឱ្យមកជាទម្រង់ទំនើបយ៉ាងស្រស់ស្អាតដោយជោគជ័យទៅលើវីដេអូប្រភេទសខ្មៅមួយត្រូវបានថតតាំងពីឆ្នាំ1902 ដែលគិតមកដល់បច្ចុប្បន្ន (2020) វីដេអូនេះមានអាយុ118ឆ្នាំទៅហើយ។

    Neural Love ដែលជាក្រុមហ៊ុនមួយត្រូវបានបង្កើតឡើងដើម្បីស្ដារឡើងវិញនូវវីដេអូចាស់ៗដែលមានអាយុកាលរាប់សិប ឬរាប់រយឆ្នាំ ឱ្យមានពណ៌ស្រស់ស្អាតដូចបច្ចុប្បន្ន។ អ្នកជំនាញឈ្មោះ Denis Shiryaev មកពីក្រុមហ៊ុនខាងលើ បានធ្វើការស្ដារ និងកែលម្អវីដេអូបុរាណមួយដែលមានថិរវេលា2នាទីដែលត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរសិល្បៈទំនើបរបស់​សហរដ្ឋ​អាមេរិក​ (MoMA)។ វីដេអូនេះត្រូវបានថតពីលើរថភ្លើងព្យួរ Wuppertaler Schwebebahn ដ៏ល្បីឈ្មោះ នៅទីក្រុង Wuppertal ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ1902។

    MoMA បានឱ្យដឹងថា វីដេអូនេះ ថតដោយខ្សែអាតទំហំ68មម របស់ក្រុមហ៊ុនផលិតភាពយន្តអាមេរិកាំង Biograph ទើបវាមានរូបភាពច្បាស់ជាងប្រភេទខ្សែអាតទំហំតូច ដូចជា 16មម ឬ35មម កាលពីជំនាន់នោះ។

    ដើម្បីស្ដារ និងកែលម្អទិដ្ឋភាពក្នុងវីដេអូនេះ Shiryaev បានបញ្ចូលឈុតវីដេអូនេះទៅក្នុងប្រព័ន្ធមួយដែលប្រើប្រាស់បណ្ដាញ neural មានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីដំឡើងទិដ្ឋភាពឱ្យទៅដល់កម្រិត 4K។ ក្រោយមក ប្រព័ន្ធនេះក៏បន្តបន្ថែមពណ៌ បង្កើនលំនឹងនៃទិដ្ឋភាព និងបង្កើនទំហំស៊ុមរូបភាពឱ្យឡើងដល់60fps។

    ជាចុងក្រោយ Shiryaev ក៏បានបន្ថយល្បឿនរបស់វីដេអូនេះឱ្យយឺតជាងមុន ដើម្បីធ្វើឱ្យវាមានលក្ខណៈដូច​ជា​ទិដ្ឋភាព​នា​បច្ចុប្បន្ន។ ​បន្ទាប់ពីបានបញ្ចប់ការស្ដារ និងកែលម្អរួចរាល់ វីដេអូនេះមានថិរវេលា4នាទី ជាមួយនឹងពណ៌យ៉ាងស្រស់ស្អាត រួមនឹងភាពច្បាស់កម្រិតខ្ពស់ ចំណែកលំនឹងក៏បានប្រសើរជាងមុន។

    Wuppertaler Schwebebahn គឺជាផ្លូវដែកព្យួរដែលមានវ័យចំណាស់បំផុតក្នុងពិភពលោក និងចម្លែកជាងគេនៅប្រទេសអាល្លឺម៉ង់។ ប្រព័ន្ធរថភ្លើងព្យួរនេះ ត្រូវបានរចនាឡើងដោយ Eugen Langen និងសាងសង់តាំងពីឆ្នាំ1897ដល់ឆ្នាំ1903 និងត្រូវបានបើកឱ្យប្រើប្រាស់ចាប់ពីឆ្នាំ1901។ Wuppertaler Schwebebahn មានប្រវែង13គីឡូម៉ែត្រ។

    បច្ចុប្បន្ន Wuppertaler Schwebebahn នៅតែត្រូវបានប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរសាធារណៈចម្បងរបស់អ្នកស្រុក។ យោងតាមស្ថិតិឆ្នាំ2008 ប្រព័ន្ធផ្លូវដែកនេះ បានដឹកអ្នកដំណើរប្រមាណជា25លាននាក់ជារៀងរាល់ឆ្នាំ៕

    ប្រភព៖ PetaPixel

  • 5 រឿងគួរចៀសវាង បើចង់ឱ្យកូនធំឡើងក្លាយជាយុវជនល្អក្នុងសង្គម

    5 រឿងគួរចៀសវាង បើចង់ឱ្យកូនធំឡើងក្លាយជាយុវជនល្អក្នុងសង្គម

    តើអាណាព្យាបាល និងលោកឪពុកអ្នកម្តាយដឹងទេថា សភាពបរិស្ថានជុំវិញខ្លួនកូន សុទ្ធតែមានឥទ្ធិពលដែលហុចផលដល់ការចម្រើនធំធាត់របស់ក្មេងទាំងអស់ ដែលរឿងនេះគឺជារឿងដែលអាចកំណត់បានថា កូនតូចរបស់លោកអ្នកនឹងធំធាត់ឡើងក្លាយជាយុវជនដ៏ល្អដែរឬទេ?។ បើអ្នកណាចង់ឱ្យកូនៗធំធាត់ឡើងក្លាយជានុស្សល្អ និងមានអនាគតល្អស្រស់ស្រាយនោះ គួរចៀសវាងឱ្យកូនតូចរបស់លោកអ្នកស្ថិតនៅឱ្យឆ្ងាយពីសភាពបរិស្ថានដូចខាងក្រោមនេះ។

    1 . ការជេរស្តីបន្ទោស ទិតៀន

    ការស្តីបន្ទោស ជេរបញ្ចោរ ទិតៀន អាចមានខ្លះដែរពេលដែលកូនធ្វើខុស តែបើសិនជាញឹកញាប់ជ្រុលពេកក៏ប្រហែលជាមិនល្អនោះទេ ព្រោះរឿងនោះនឹងធ្វើឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សច្រងេងច្រងាង និងកើតមានអារម្មណ៍មិនចង់ធ្វើអំពើល្អនៅទីបំផុត ដូច្នេះវិធីដែលល្អបំផុត គឺព្យាយាមប្តូរពីការជេរស្តីបន្ទោសមកជាការនិយាយប្រាប់ ឬប្រដៅបែបស្រួលៗ ល្អៗដើម្បីឱ្យកូនបានយល់ និងបានទទួលដឹងថា ខ្លួនឯងធ្វើខុសវិញប្រសើរជាង។

    2 .​ថែទាំថ្នាក់ថ្នមជ្រុលពេក

    ការចិញ្ចឹមកូនដោយការថ្នាកថ្នមជ្រុលហួសហេតុពេក គឺជាការបំផ្លាញកូនដោយមិនដឹងខ្លួន ព្រោះការធ្វើបែបនោះនឹងធ្វើឱ្យគេធំធាត់ឡើងក្លាយជាមនុស្សអត្មានិយម គិតតែពីចិត្តខ្លួនឯង និងចូលចិត្តតែភាពងាយស្រួលសប្បាយហួសហេតុវានឹងចូលទំនងដែលថា ធ្ងន់មិនប្រឹង តឹងមិនស៊ូ ដែលវានឹងហុចផលមិនល្អដល់ការរស់នៅក្នុងសង្គមមិនតិចតួចឡើយ។ ដូច្នេះ ទោះជាលោកអ្នកស្រឡាញ់ និងបារម្ភកូនខ្លាំងប៉ុនណាក៏ដោយ ក៏គួរតែបង្ហាត់បង្រៀនគេឱ្យចេះធ្វើអ្វីដោយខ្លួនឯងខ្លះ មិនមែនគិតតែពីធ្វើឱ្យគ្រប់យ៉ាង រហូតដល់គេមិនអាចធ្វើអ្វីបានសោះនោះឡើយ។

    3 . ការជេរដាក់ទំនាយ

    គ្មានកូនណាម្នាក់ចង់ឮការជេរដាក់ទំនាយ ឬដាក់បណ្តាសាពីឪពុកម្តាយឡើយ ទោះជាការនិយាយនោះមិនមែនជាការតាំងចិត្តក៏ដោយ ព្រោះនៅពេលដែលនិយាយចេញទៅហើយ ក្មេងៗនឹងចាំជាប់ក្នុងចិត្ត និងធ្វើឱ្យគេធំធាត់ឡើងក្លាយជាមនុស្សអាក្រក់បាន ដូច្នេះហើយ ក្នុងការបង្ហាត់បង្រៀនកូន ឪពុកម្តាយចូរកុំប្រើអារម្មណ៍ កំហឹង ឬភ្លេចខ្លួននិយាយពាក្យដាក់ទំនាយ ឬដាក់បណ្តាសាកូនឱ្យសោះ។

    4 . ការធ្វើត្រាប់តាម

    ការធ្វើត្រាប់តាម ទោះវាគ្រាន់តែជាការបន្លំលេងបែបសប្បាយៗក៏ដោយ តែវាក៏អាចហុចផលប៉ះពាល់នៅពេលកូនតូចធំធាត់ឡើងបានដូចគ្នា ដែលនឹងធ្វើឱ្យគេក្លាយជាមនុស្សអៀនខ្មាសច្រើន និងពិបាកក្នុងការចូលរួមសង្គមជាមួយអ្នកដទៃ ដូច្នេះបើឪពុកម្តាយមិនចង់ឱ្យកូនក្លាយជាមនុស្សដែលប៉ឹនអៀនខ្មាសជ្រុលហួសហេតុនោះ ចូរកុំបណ្តោយឱ្យកូនស្ថិតនៅក្នុងកណ្តាលការត្រូវធ្វើត្រាប់ចំអកយ៉ាងដាច់ខាត។

    5 . ការខ្វះហេតុផល

    កណ្តាលបរិស្ថានជុំវិញខ្លួនដែលខ្វះនូវហេតុផល ម្នាក់ៗប្រកាន់យកតែគំនិតខ្លួនឯងជាធំ ច្រើនតែធ្វើឱ្យកុមារធំធាត់ឡើងក្លាយជាមនុស្សប៉ឹនឆាប់ខឹងមួម៉ៅ និងគ្មានហេតុផលបានដូចគ្នា ហើយដោយភាពជាមនុស្សប៉ឹនឆាប់ខឹងមួម៉ៅនេះនឹងហុចផលអាក្រក់ដល់ការរស់នៅនាពេលអនាគតរបស់ពួកគេយ៉ាងខ្លាំង ដូច្នេះដើម្បីឱ្យកូនធំធាត់ឡើងយ៉ាងមានប្រសិទ្ធភាព និងគុណភាពល្អបំផុតនោះ ឪពុកម្តាយត្រូវតែចាប់ផ្តើមពីការធ្វើឱ្យខ្លួនឯងជាមនុស្សមានហេតុផលឱ្យកូនៗមើលជាគំរូជាមុនសិនទើបជាការល្អប្រសើរបំផុត។

    តាមរយៈទាំង 5 ចំណុចដែលឡា​ រ៉ែនបានរៀបរាប់មក សុទ្ធតែជាសភាពបរិស្ថានជុំវិញខ្លួនដែលសាងនូវទម្លាប់ និងនិស្ស័យមិនល្អៗដល់កូនតូចនៅពេលដែលគេធំធាត់ឡើងបានទាំងអស់ និងរឿងទាំងអស់នេះភាគច្រើនគឺកើតចេញឪពុកម្តាយទាំងអស់ ដូច្នេះដើម្បីឱ្យកូនៗធំធាត់ឡើងយ៉ាងមានគុណភាពល្អបំផុតនោះ ចូរកុំភ្លេចខ្លួនសាងសភាពបរិស្ថានទាំងអស់នេះឡើងមកធ្វើបាបកូនៗឱ្យសោះ៕

  • កំពូលអ្នកសរសេរកម្មវិធីកុំព្យូទ័រ​​វ័យ​19​ឆ្នាំ​ ក្លាយជា “Mark Zuckerberg ទី2” នៅជ្រលងភ្នំ Silicon! ដំណើរការ​មិន​ទាន់​បាន​3​ឆ្នាំ​ផងក៏បានក្លាយជាក្រុមហ៊ុនថ្មីដែលមានតម្លៃពាន់លានដុល្លារ

    កំពូលអ្នកសរសេរកម្មវិធីកុំព្យូទ័រ​​វ័យ​19​ឆ្នាំ​ ក្លាយជា “Mark Zuckerberg ទី2” នៅជ្រលងភ្នំ Silicon! ដំណើរការ​មិន​ទាន់​បាន​3​ឆ្នាំ​ផងក៏បានក្លាយជាក្រុមហ៊ុនថ្មីដែលមានតម្លៃពាន់លានដុល្លារ

    Alexandr Wang គឺជារឿងជោគជ័យដែលលេចធ្លោជាងគេបង្អស់នៅជ្រលងភ្នំ Silicon៖ “ឈប់រៀនពីសាលា MIT (Massachusetts Institute of Technology) ដ៏ល្បីឈ្មោះ ដើម្បីបង្កើតក្រុមហ៊ុនក្នុងវ័យ19ឆ្នាំ និងទទួលបានជោគជ័យមកដល់សព្វថ្ងៃ។

    កាលពីឆ្នាំទៅ2019 ក្រុមហ៊ុនរបស់ Alexandr Wang ដែលមានឈ្មោះថា Scale AI បានក្លាយជាក្រុមហ៊ុនថ្មីដែលមានតម្លៃលើសពី1ពាន់លានដុល្លារ ដែលគេហៅថា Unicorn បន្ទាប់ពីបានធ្វើសកម្មភាពរយៈពេលតែ3ឆ្នាំប៉ុណ្ណោះ។ ក្នុងអំឡុងពេលនោះ Scale AI ប្រមូលទុនបាន123លានដុល្លារអាមេរិក។ ក្រុមអ្នកវិនិយោគសំខាន់របស់ Scale AI រួមមានដូចជា ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Dropbox ក្រុមហ៊ុន Quora និងសហស្ថាបនិក2រូបរបស់ Instagram ផងដែរ។

    បច្ចុប្បន្ន ក្រោយពីប្រមូលទុនបន្ថែមបាន100លានដុល្លារ និងត្រូវបានកំណត់តម្លៃជាង1ពាន់លានដុល្លារ ក្រុមហ៊ុនរបស់ Wang មានបុគ្គលិកចំនួន180នាក់ និងកំពុងធ្វើការជាមួយដៃគូធំៗជាច្រើន ក្នុងនោះមានក្រុមហ៊ុន Airbnb, Pinterest, Samsung, Lyft និងក្រុមហ៊ុន Toyota ជាដើម។ល។

    ប្រការដែលគួរឱ្យចាប់អារម្មណ៍បំផុតអំពីភាពជោគជ័យយ៉ាងឆាប់រហ័សរបស់ Wang នោះគឺប្រការដែលគាត់មិនធ្លាប់មានគំនិតបង្កើត Scale AI សោះឡើយ។ អ្វីដែលគាត់ចង់ធ្វើកាលពីនៅជាអ្នកសរសេរកូដវ័យជំទង់ គឺចង់ “បង្កើតអ្វីមួយ” ដោយខ្លួនឯង។

    ក្នុងវ័យ19ឆ្នាំ Wang បានរកឃើញបញ្ហាបច្ចេកទេសមួយ៖ “បញ្ញាសិប្បនិម្មិត (AI) នឹងឆ្លាតវៃបាន លុះត្រាតែមានមនុស្សម្នាក់ជួយកំណត់ឱ្យបានច្បាស់ថា វាកំពុងត្រូវបានហ្វឹកហាត់ប្រកបដោយភាពត្រឹមត្រូវបំផុត”។ ដូច្នេះ Wang ក៏បានសម្រេចចិត្តបង្កើតថ្នាលបណ្ដុះបណ្ដាលមួយទាក់ទិននឹងដំណោះស្រាយនានាដោយប្រើប្រាស់ទិន្នន័យដែលអតិថិជនប្រមូលបាន ប្រកបដោយភាពជាក់លាក់ខ្ពស់ និងត្រូវបានបញ្ជាក់ដោយមនុស្ស។

    កំពូលអ្នកសរសេរកម្មវិធីកុំព្យូទ័រវ័យ19ឆ្នាំ ក្លាយជា “Mark Zuckerberg ទី2” នៅជ្រលងភ្នំ Silicon! ដំណើរការមិនទាន់បាន3ឆ្នាំផងក៏បានក្លាយជាក្រុមហ៊ុនថ្មីដែលមានតម្លៃពាន់លានដុល្លារ
    រថយន្ត​បើក​បរ​ស្វ័យ​ប្រវត្ត​មួយ​គ្រឿង​ដែល​ប្រើប្រាស់​បច្ចេក​វិទ្យា​របស់​ក្រុម​ហ៊ុន​ Scale AI

    ឧទាហរណ៍៖ បើសិនជាអតិថិជនចង់បង្កើតដំណោះស្រាយដើម្បីជួយឱ្យរថយន្តបើកបរស្វ័យប្រវត្តរបស់ពួកគេ ឱ្យស្គាល់រាល់រថយន្ត អ្នកថ្មើរជើង និងអ្នកជិះកង់នៅលើដងផ្លូវ នោះ Scale នឹងប្រើប្រាស់រូបថត និងវីដេអូដែលរថយន្តបើកបរស្វ័យប្រវត្តទាំងនោះថតបានក្នុងអំឡុងបើកបរសាកល្បង និងធ្វើការបញ្ជាក់ជាថ្មីថា ពួកវាអាចស្គាល់ ឬដឹងច្បាស់ដែរ ឬអត់។

    ក៏ប៉ុន្តែ ពេលនោះ Wang នៅមិនទាន់មានគំនិតទាក់ទិននឹងការបង្កើត Scale AI នៅឡើយ រហូតដល់ពេលបានចូលជាសមាជិកនៃក្រុម Y Combinator កាលពីឆ្នាំ2016។ Wang ឱ្យដឹងថា៖ “ពេលនោះ ខ្ញុំមានគំនិតរាប់លានផ្សេងៗគ្នា ដូចជាការជួយឱ្យគ្រប់គ្នាអាចស្វែងរកវេជ្ជបណ្ឌិតបានងាយស្រួលជាដើម”។

    ទីប្រឹក្សាម្នាក់របស់ក្រុម Y Combinator បាននិយាយជាមួយ Wang ថា៖ ចូរស្វែងរកស្ថានភាពមួយដែលមនុស្សជាច្រើនកំពុងជួបប្រទះ ហើយពួកគេត្រៀមខ្លួនជាស្រេចក្នុងការបង់ប្រាក់ជូនដើម្បីទទួលបានដំណោះស្រាយ។ ក្នុងអត្ថបទមួយស្ដីអំពីវិធីដើម្បីទទួលបានគំនិតក្នុងការបើកមុខជំនួញថ្មី ស្ថាបនិករបស់ក្រុមហ៊ុន Y Combinator ធ្លាប់បានណែនាំថា៖ “ចូររស់នៅក្នុងអនាគត ហើយកសាងនូវអ្វីដែលពេលនេះវានៅមានភាពខ្វះចន្លោះ”។

    បន្ទាប់ពីបានដឹងច្បាស់អំពីអនាគតដ៏ត្រចះត្រចង់នៃវិស័យបញ្ញាសិប្បនិម្មិត Wang ក៏បានផ្ដោតទៅលើវិស័យ AI នេះ។ ប៉ុន្តែ ជំនួសឱ្យការបង្កើតផលិតផល AI ជាក់លាក់ណាមួយ Wang បែរជាជ្រើសយកការបង្កើតមូលដ្ឋានដើម្បីជួយឱ្យផលិតផល AI របស់ក្រុមហ៊ុននានា មានភាពងាយស្រួលក្នុងការអភិវឌ្ឍ និងដំណើរការ។ ពេលនោះ ក្រុមហ៊ុន Scale AI ក៏ត្រូវបានបង្កើតឡើង។

    ដោយសារតែជាកំពូលអ្នកសរសេរកូដវ័យក្មេង Wang មានភាពងាយស្រួលក្នុងការប្រមូលទុនវិនិយោគសម្រាប់ក្រុមហ៊ុនថ្មីរបស់ខ្លួន។ មានស្រុកកំណើតនៅទីក្រុង Los Alamos រដ្ឋ New Mexico នៃសហរដ្ឋអាមេរិក ក្នុងគ្រួសារមួយដែលមានឪពុកនិងម្ដាយជាអ្នកវិទ្យាសាស្ត្រ Wang ទទួលបានចំណេះដឹងយ៉ាងច្រើនពីពួកគេ។ Wang ដណ្ដើមបានជ័យជំនះនៅក្នុងពិធីប្រកួតប្រជែងគណិតវិទ្យា និងសរសេរកូដដែលត្រូវបានរៀបចំដោយសាលាមធ្យមសិក្សាដែល Wang កំពុងរៀន។

    Alexandr Wang និង​ដៃ​គូ Lucy Guo ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Scale AI

    ប្រការនេះបាននាំឱ្យ Wang ទទួលបានចំណាប់អារម្មណ៍ពីក្រុមហ៊ុនបច្ចេកវិទ្យានានា។ ក្រោយពីបានបញ្ចប់ការសិក្សានៅសាលាមធ្យមសិក្សា Wang ត្រូវបានបញ្ជូនទៅកាន់ជ្រលងភ្នំ Silicon ដើម្បីហាត់ការនៅឯក្រុមហ៊ុន Addepar។ ក្រោយមក Wang ក៏បានក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ Quora។

    ក្រោយពីបានធ្វើការនៅទីនេះអស់មួយរយៈពេល Wang ក៏បានចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) ដែលមានឈ្មោះល្បីល្បាញនៅសហរដ្ឋអាមេរិក។ ប៉ុន្តែ បន្ទាប់ពីបានសិក្សារយៈពេល1ឆ្នាំ Wang ក៏សម្រេចចិត្តបោះបង់ការសិក្សាដើម្បីផ្ដោតទៅលើ Scale។

    ត្រឹមតែរយៈពេល10ខែដំបូង ក្រុមហ៊ុនរបស់ Wang ប្រមូលទុនបានដល់ទៅ4.5លានដុល្លារអាមេរិក និងបង្កើតបានផលិតផលដំបូងដែលផ្ដោតសំខាន់លើ machine vision ជាប្រព័ន្ធមួយដែលប្រើប្រាស់វិញ្ញាណសិប្បនិម្មិត (sensor) ក្បូនដំណោះស្រាយផ្នែករឹងនិងផ្នែកតន់ (hardware and software algorithm) ដើម្បីបង្កើតស្វ័យភាពនៃមុខងារត្រួតពិនិត្យទិន្នន័យជារូបភាព ចាប់ពីសាមញ្ញដល់ស្មុគស្មាញ។ តាមរយៈនេះ Scale AI ក៏ចាប់ផ្ដើមមានអតិថិជនដំបូងៗ ក្នុងនោះមានដូចជាបណ្ដាក្រុមហ៊ុនផលិតរថយន្តបើកបរស្វ័យប្រវត្ត និងយន្តហោះ drone ជាដើម។

    ចាប់តាំងពីពេលនោះមក Wang ក៏មានឈ្មោះល្បីល្បាញនៅជ្រលងភ្នំ Silicon ជាមួយនឹងរហ័សនាមថា “Mark Zuckerberg ទី2”។ ពាក្យណែនាំរបស់ Wang សម្រាប់ក្រុមអ្នកដែលចង់បង្កើតក្រុមហ៊ុនថ្មី នោះគឺ “ផ្ដោតទៅលើការកសាងផលិតផលដែលអាចជួយដោះស្រាយបញ្ហាដែលមនុស្សជាច្រើនកំពុងជួបប្រទះ ដែលពួកគេត្រៀមខ្លួនជាស្រេចក្នុងការបង់ប្រាក់ដើម្បីទទួលបានដំណោះស្រាយ”៕

    ប្រភព៖ Business Insider

  • មែនឬទេ ដែលពាក្យចាស់លោកថា ម្តាយជ្រុះសក់ក្រោយពេលឆ្លងទន្លេរួច ព្រោះតែកូនចាំមុខម្តាយបានហើយ?

    មែនឬទេ ដែលពាក្យចាស់លោកថា ម្តាយជ្រុះសក់ក្រោយពេលឆ្លងទន្លេរួច ព្រោះតែកូនចាំមុខម្តាយបានហើយ?

    ស្រ្តីកូនខ្ចីស្ទើរតែគ្រប់រូបតែងជួបនឹងបញ្ហា​ សក់ជ្រុះក្រោយពេលឆ្លងទន្លេរួច តែនឹងជ្រុះច្រើនឬតិចនោះ អាស្រ័យលើបច្ច័យផ្សេងៗរបស់រាងកាយ ឬក៏កើតឡើងដោយសារតែទារកចំណាំមុខម្តាយបានហើយ ទើបធ្វើឱ្យសក់ជ្រុះដូចដែលចាស់បុរាណបាននិយាយ?។ ភាពមិនច្បាស់លាស់ និងក្តីសង្ស័យមួយនេះអាចនិយាយបានថាមានគ្រប់យុគគ្រប់សម័យ ព្រោះអំឡុងពេលដែលសក់ក្បាលរបស់អ្នកម្តាយជ្រុះគឺស្ថិតក្នុងអំឡុងពេលប្រមាណជា 3 – 4 ខែក្រោយប្រសូត ចំពេលដែលកូនតូចអាចនឹងចំណាំមុខម្តាយបានហើយ ហ្នឹងឯង អ៊ើ…តើវាជារឿងចៃដន្យ ឬជារឿងពិត យើងនាំគ្នាមកអានបន្តទាំងអស់គ្នា។

    ក្នុងផ្នែកវេជ្ជសាស្ត្រ សក់ជ្រុះក្រោយពេលឆ្លងទន្លេរួចបណ្តាលមកពីកម្រឹតអ័រម៉ូនអេសត្រូជេនដែលថយចុះក្រោយពីសម្រាលបុត្ររួច ហុចផលឱ្យបរិមាណនៃការហូរវិលរបស់លោហិតថយចុះដែរ ឈាមដែលទៅចិញ្ចឹមស្បែកក្បាលក៏ថយចុះទៅតាមនោះដែរ ទើបធ្វើឱ្យសរសៃសក់ដែលធ្លាប់តែខ្មៅក្រាស់តាំងពីពេលតាំងគភ៌នោះរបូតជ្រុះមកច្រើនជាងប្រក្រតី។

    ការពិតទៅ ជាប្រក្រតីមនុស្សយើងនឹងជ្រុះសក់ក្នុងមួយថ្ងៃប្រមាណជា10 សរសៃ តែក្នុងអំឡុងពេលជ្រុះសក់ក្រោយពេលសម្រាលបុត្ររួចនេះអាចនឹងកើនឡើងដល់ 40 – 50 សរសៃក្នុងមួយថ្ងៃ តែមិនបានជ្រុះច្រើនបែបនេះរហូតនោះទេ ព្រោះនៅពេលអ័រម៉ូនចាប់ផ្តើមដំណើរការស្រួលបួលឡើងវិញ(រយៈពេលប្រមាណជា 6 – 12 ខែ) គ្រប់យ៉ាងនឹងវិលទៅរកសភាពប្រក្រតីវិញមិនខាន។ សក់របស់អ្នកនឹងបន្ថយការជ្រុះ ហើយសក់ថ្មីនឹងដុះឡើងជំនួសវិញ តែទាំងអស់នេះអាស្រ័យលើសភាពរាងកាយរបស់ស្រ្តីជាម្តាយម្នាក់ៗដែរ មិនកំណត់ថា ត្រូវតែ 6 – 12 ខែនោះទេ អ្នកខ្លះជ្រុះតែមួយខែហើយឈប់ជ្រុះទៀតក៏មានដែរ។

    សម្រាប់ជំនឿដែលថា ជ្រុះសក់ដោយសារតែកូនចាំមុខម្តាយបានហើយនោះ ប្រហែលជាវាចៃដន្យទៅត្រូវគ្នានឹងអំឡុងពេលដែលវិវឌ្ឍនាការតាមវ័យរបស់ទារកដែលចាប់ផ្តើមចេះចំណាំផ្ទៃមុខម្តាយ ឬអ្នកនៅជិតដិតបានហើយ និងចំពេលដែលម្តាយស្ថិតក្នុងអំឡុងពេលសក់ជ្រុះក្រោយពេលឆ្លងទន្លេរួចដែរ ទើបក្លាយជាប្រភពនៃជំនឿដែលថា ជ្រុះសក់ក្រោយពេលសម្រាលកូនរួច ព្រោះតែកូនចំណាំមុខម្តាយបានហើយហ្នឹងឯង។

    មើលថែទាំអាការជ្រុះសក់ក្រោយពេលសម្រាលកូនរួចយ៉ាងណាស្រួល?

    1 – អ្នកម្តាយមួយចំនួនប្តូរម៉ូដសក់ថ្មី កែសម្រួលលក្ខណៈផ្ទាល់ខ្លួនទៅជាអ្នកម្តាយស្រស់ស្អាតក៏ល្អម្យ៉ាងដែរ ព្រោះម៉ូដសក់ខ្លីងាយស្រួលមើលថែទាំ និងធ្វើឱ្យមើលមកឃើញសក់រាងក្រាស់ទៀតផង។

    2 – ការមើលថែទាំសរសៃសក់ដែលសំខាន់គឺ ជ្រើសរើសប្រើផលិតផលបែបធម្មជាតិដើម្បីថ្នមសរសៃសក់ ចៀសវាងការធ្វើម៉ាស្សាស្បែកក្បាល ឬសិតសក់ខ្លាំងៗ។ ក្រោយពេលកក់សក់រួច ត្រូវជូតសក់ក្បាលយ៉ាងថ្នមដៃ ព្រោះសក់ដែលកំពុងទទឹកសើមមានឱកាសជ្រុះបានងាយណាស់ ការធ្វើបែបនេះនឹងជួយថ្នមសរសៃសក់បានកាន់តែល្អឡើង។

    3 – ទទួលទានអាហារដែលជួយបំប៉នសរសៃសក់ ដែលមានដូចជា ៈ

    -ស៊ុត មានចំណែកជួយបំប៉នសរសៃសក់ឱ្យភ្លឺរលោង ព្រោះក្នុងស៊ុតមានសារធាតុបៃអូឌីន និងវីតាមីន B។

    -មើមការ៉ុត មានវីតាមីន A កាត់បន្ថយការជ្រុះរបស់សរសៃសក់ និងបំប៉នស្បែកក្បាល។

    -បន្លែស្លឹកបៃតង សម្បូរទៅដោយវីតាមីន A និងC ដូចជា ស្លឹកផ្ទី ប្រូខូលី ស្ពៃក្តោប ជួយបំប៉នសរសៃសក់ និងស្បែកក្បាល។

    -សាច់ត្រី ជាពិសេសត្រីសាល់ម៉ុន ជាប្រភពប្រូតេអ៊ីន និងវីតាមីនD និងថែមទាំងមានសារធាតុអាស៊ីតខ្លាញ់អូមេហ្កា3ដែលជួយបំប៉នស្បែកក្បាល កាត់បន្ថយការកើតអង្គែបានទៀតផង៕