Category: សង្គម និងសេដ្ឋកិច្ច

  • អ្នកមានជាងគេបង្អស់ក្នុងពិភពលោក “ធ្វើសង្គ្រាមដណ្ដើមទឹកដី” ជាមួយអ្នកមានជាងគេនៅទ្វីបអាស៊ី

    អ្នកមានជាងគេបង្អស់ក្នុងពិភពលោក “ធ្វើសង្គ្រាមដណ្ដើមទឹកដី” ជាមួយអ្នកមានជាងគេនៅទ្វីបអាស៊ី

    មហាសេដ្ឋី2រូបដែលមានភាពលេចធ្លោជាងគេក្នុងពិភពលោក កំពុងតែប្រឹងប្រែងដណ្ដើមទីផ្សារឱសថអនឡាញដែលមានតម្លៃរាប់ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា។

    “សង្គ្រាម” ដណ្ដើមទីផ្សារឱសថអនឡាញនៅលើទឹកដីឥណ្ឌា កំពុងតែទទួលបានចំណាប់អារម្មណ៍ជាងពេលណាៗទាំងអស់ នៅពេលដែលក្រុមហ៊ុន Amazon របស់កំពូលមហាសេដ្ឋី Jeff Bezos និងក្រុមហ៊ុន Reliance Industries របស់មហាសេដ្ឋី Mukesh Ambani ដែលជាអ្នកមានជាងគេបង្អស់នៅអាស៊ី ចាប់ផ្ដើមចូលលេង “ល្បែងពាណិជ្ជកម្ម”។

    ក្នុងគ្រាដែល COVID-19 នៅតែបន្តធ្វើឱ្យពលរដ្ឋឥណ្ឌាប្រមាណជា1.3ពាន់លាននាក់ត្រូវនៅក្នុងផ្ទះ តម្រូវការនៃការទិញទំនិញតាមអនឡាញចាប់ផ្ដើមកើនឡើងខ្ពស់។ ពេល Amazon បានចាប់ផ្ដើមដំណើរការផ្ដល់សេវាកម្មលក់និងប្រគល់ទំនិញជាឱសថនៅក្នុងតំបន់មួយចំនួននៃប្រទេសឥណ្ឌាកាលពីពាក់កណ្ដាលខែសីហា Reliance Industries ដែលជាក្រុមហ៊ុនធំជាងគេបង្អស់របស់ប្រទេសឥណ្ឌាក៏បានបង្កើតសេវាកម្មដូចគ្នានេះដែរ។ ក្រុម “អ្នកលេង” ទាំងនេះ ថ្មីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងទីផ្សារឱសថនៅប្រទេសឥណ្ឌា ក៏ដូចជានៅក្នុងពិភពលោក។

    បច្ចុប្បន្ន Amazon មានលក់ថ្នាំពេទ្យទៅតាមវេជ្ជបញ្ជា និងថ្នាំដែលមិនចាំបាច់មានវេជ្ជបញ្ជា នៅក្នុងតំបន់មួយចំនួនរបស់ប្រទេសឥណ្ឌា ក្នុងនោះមានដូចជា ទីក្រុង Bengaluru នៅភាគខាងត្បូងប្រទេស ដែលត្រូវបានគេចាត់ទុកថាជា “ជ្រលងភ្នំ Silicon” របស់ឥណ្ឌា។ អតិថិជនគ្រាន់តែចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន រួចធ្វើការបញ្ជាទិញដោយមានភ្ជាប់ជាមួយរូបថតវេជ្ជបញ្ជា និងជ្រើសរើសកូដបញ្ចុះតម្លៃ (បើមាន) ហើយចុចយល់ព្រមជាការស្រេច។

    អ្នកមានជាងគេបង្អស់ក្នុងពិភពលោក “ធ្វើសង្គ្រាមដណ្ដើមទឹកដី” ជាមួយអ្នកមានជាងគេនៅទ្វីបអាស៊ី ក្នុង​វិស័យ​លក់​ឱសថ
    លោក Mukesh Ambani អ្នកមានជាងគេនៅទ្វីបអាស៊ី

    ក្នុងគ្រានោះដែរ Reliance Industries របស់លោក Mukesh ដែលផ្ដោតទៅលើការបង្កើត “អាណាចក្រ” ឌីជីថលនៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុនដែលបាននិងកំពុងរកស៊ីក្នុងវិស័យជាច្រើន រាប់ចាប់ពីថាមពល លក់រាយ រហូតដល់វិស័យទូរគមនាគមន៍ បានប្រកាសកាលពីថ្ងៃទី18សីហាថា ក្រុមហ៊ុននេះសម្រេចចូលប្រលូកក្នុងវិស័យលក់ឱសថតាមអនឡាញនេះដែរ ដោយការទិញយកស្ថាប័នគ្រប់គ្រង Netmeds.com។ នេះគឺជាស្ថាប័នដែលទទួលបានការគាំពារដោយក្រុមហ៊ុនផលិត និងលក់រាយឱសថដែលមានអាយុកាល100ឆ្នាំ នោះគឺក្រុមហ៊ុន Dadha Pharma។

    Isha Ambani ដែលជាអគ្គនាយកក្រុមហ៊ុន Reliance Retail Ventures និងជាកូនស្រីរបស់មហាសេដ្ឋី Mukesh Ambani បានអះអាងថា The Netmeds នឹងពង្រីកសកម្មភាពទៅក្នុងពាណិជ្ជកម្មអនឡាញសម្រាប់ក្រុមហ៊ុនមេ Reliance Industries។

    នៅចំពោះមុខគូប្រជែងនានាដែលមានអំណាចខ្លាំងក្លា បណ្ដាក្រុមហ៊ុនតូចៗដូចជា PharmEasy និង Medlife ជាដើម ត្រូវបង្ខំចិត្តស្វែងរកវិធីច្របាច់បញ្ចូលគ្នា។ ក្រុមហ៊ុនលក់រាយលើអនឡាញផ្សេងមួយទៀតក៏បានចូលរួម “ល្បែងពាណិជ្ជកម្ម” នេះដែរ រួមមានទាំង MedPlusMart និងបណ្ដាញមន្ទីរពេទ្យផងដែរ។

    ទីផ្សារលក់រាយឱសថតាមអនឡាញរបស់ប្រទេសឥណ្ឌា ត្រូវបានព្យាករថានឹងកើនឡើងខ្ពស់ជាងមុន7ដង និងមានតម្លៃប្រមាណជា3.6ពាន់លានដុល្លារក្នុងឆ្នាំ2022 បើធៀបនឹង500លានដុល្លារកាលពីឆ្នាំ2018។ នេះបើតាម Frost & Sullivan។

    វត្តមានរបស់ Amazon នៅក្នុងវិស័យលក់រាយឱសថតាមអនឡាញ គឺជាការប្រមាន និងជាការដាស់ស្មារតីរបស់ក្រុមហ៊ុនឱសថផ្សេងៗនាបច្ចុប្បន្ន។

    លោក​ Jeff Bezos អ្នកមានជាងគេបង្អស់ក្នុងពិភពលោក

    ចំណែកសមាគមមួយដែលតំណាងឱ្យឱសថស្ថានលក់រាយ និងបោះដុំចំនួន850,000កន្លងនៅក្នុងប្រទេសឥណ្ឌាវិញ បានអះអាងថា ការពង្រីក “ទឹកដី” របស់ Amazon ទៅក្នុងវិស័យលក់ឱសថអនឡាញគឺជារឿងខុសច្បាប់ ព្រោះថា ក្រុមហ៊ុននេះមិនមានអាជ្ញាប័ណ្ណអាជីវកម្មលើឱសថនៅក្នុងប្រទេសនេះ។ សមាគមនេះក៏បានផ្ញើលិខិតតវ៉ាមួយទៅកាន់ Jeff Bezos ដែលជា CEO របស់ Amazon ផងដែរ ដើម្បីជំទាស់លើបញ្ហានេះ។

    ខណៈនោះ មហាសេដ្ឋី Ambani របស់ប្រទេសឥណ្ឌា កំពុងតែស្វែងរកវិធីពង្រីកលទ្ធភាពរបស់ Reliance Industries ដើម្បីផ្គត់ផ្គង់ទីផ្សារអនឡាញរបស់ប្រទេសជាតិ រួមទាំងវិស័យលក់រាយឱសថផងដែរ។ សាខាឌីជីថល Jio Platform របស់ក្រុមហ៊ុន Reliance Industries កាលពីខែមិថុនាក៏ទទួលបានខ្ទង់វិនិយោគទំហំទឹកប្រាក់ 4.5ពាន់លានដុល្លារពី Google ដែលក្រុមហ៊ុននេះក៏ជាអ្នកវិនិយោគថ្មីបំផុតរបស់ Reliance Industries បន្ទាប់ពី Facebook, Intel និង Qualcomm៕

    ប្រភព៖ SCMP

  • ដំណាំ ស្ពៃក្ដោប

    ដំណាំ ស្ពៃក្ដោប

    ស្ពៃក្ដោប ឬឈ្មោះខាងវិទ្យាសាស្រ្ត Brassica oleracea L var. capitata L. ជាដំណាំបន្លែដែលដាំនៅក្នុងប្រទេសយើងបានល្អក្នុងអំឡុងរដូវរងា ឬតំបន់ត្រជាក់ ឬក្នុងអំឡុងខែវិច្ឆិកា ដល់ខែមករា។ ស្ពៃក្ដោបមានច្រើនប្រភេទណាស់ ដូចជា ស្ពៃក្ដោបពូជកូពេនហាក (ពណ៌ស ធំៗ) ស្ពៃក្ដោបពូជហ្គោលដេន ស្ពៃក្ដោបពណ៌ក្រហប ស្ពៃក្ដោបពណ៌ស្វាយ និងស្ពៃក្ដោបស្លឹករួញ ជាដើម។

    ការដាក់ដាំ

    – ការត្រៀមដី ៖ ភ្ជួរដាស់ដីជម្រៅប្រមាណជា 30 – 40 សង់ទីម៉ែត្រ រួចហាលដីទុកចោលពី 7 – 14 ថ្ងៃ ហើយរាស់បំបែកដីឱ្យបែកល្អិត រួចហើយបាចកំបោរស បន្ទាប់មកដាក់ជីលាមកគោ ឬជីធម្មជាតិផ្អាប់ក្នុងអត្រា 2,000 គីឡូលើផ្ទៃដីកន្លះហិកតា ដាក់ជី 15-15-15 ក្នុងអត្រា 30 គីឡូលើផ្ទៃដីកន្លះហិកតា ភ្ជួរត្រឡប់ដីឱ្យចូលគ្នាសព្វម្តងទៀត មុននឹងពង្រាបដីឱ្យស្មើវិញ រួចលើកជារងកម្ពស់ប្រមាណជា 30 សង់ទីម៉ែត្រ ទទឹង 1.20 ម៉ែត្រ និងបណ្ដោយតាមប្រវែងដី។

    – វិធីដាំ ៖ ចាប់ផ្តើមពីការបណ្ដុះកូន ដោយក្រោយពីត្រៀមរងរួចហើយ ចូរព្រោះគ្រាប់ពូជស្ពៃក្ដោបឱ្យសព្វលើរង ឬអាចធ្វើជាចង្អូរជម្រៅប្រមាណជា 1 សង់ទីម៉ែត្រឆ្ងាយពីគ្នាក្នុងមួយជួរៗ 15 សង់ទីម៉ែត្រ រួចហើយរោយគ្រាប់ចូលទៅក្នុងចង្អូរ ហើយរោយលុបពីលើគ្រាប់ពូជដោយជីលាមកគោ ឬជីធម្មជាតិផ្អាប់ ឬក៏ដីម៉ដ្ឋកម្រាស់ប្រមាណ 0.5 – 1 សង់ទីម៉ែត្រ បន្ទាប់ពីនោះចូស្រោចទឹកឱ្យជោក ហើយគ្របពីលើដោយចំបើងស្ងួត ឬស្មៅស្ងួតក៏បាន។ ក្រោយពីកូនស្ពៃក្ដោបលាស់ចេញមកបាន 15 – 20 ថ្ងៃ ចូរជ្រើសរើសដកកូនស្ពៃក្ដោបណាដែលមិនសូវមាំទាំល្អចោល និងទុកចន្លោះពីមួយគុម្ពទៅមួយគុម្ព 10 សង់ទីម៉ែត្រ និងទុករហូតដល់មានអាយុគ្រប់ 25 – 30ថ្ងៃទើបដកយកទៅដាក់ដាំ។

    ការដាំ ក្រោយពីត្រៀមរងទុកដាំតាមវិធីខាងលើហើយ ចូរចាប់ផ្តើមជីករន្ធដាក់ដាំចម្ងាយពីមួយទៅមួយ 50 – 70 សង់ទីម៉ែត្រនៅលើរង បន្ទាប់មកចូរយកកូនស្ពៃក្ដោបដែលមាំទាំល្អពីរងបណ្ដុះមកដាក់ដាំ។ ចំណុចសំខាន់ គឺខណៈពេលដក គួរឱ្យមានជាប់ដីខ្លះមកជាមួយ និងត្រូវប្រយ័ត្នកុំឱ្យដាច់ឫស ហើយប្រញាប់នាំយកទៅដាក់ដាំ ដោយត្រូវសង្កត់ដីជុំវិញគល់ឱ្យណែនភ្លាមៗ មុននឹងស្រោចទឹកឱ្យជោក។

    វិធីមើលថែទាំ

    – ការស្រោចទឹក គួរស្រោចទឹកឱ្យបានជាប់លាប់ ក្នុងមួយថ្ងៃ 1 – 2 ដង ក្នុងរយៈដំបូងៗចូរស្រោចទឹកដោយការបាញ់ជាដំណក់តូចៗក្នុងអំឡុងពេលព្រឹក និងល្ងាចរៀងរាល់ថ្ងៃ រហូតដល់ស្លឹកស្ពៃចាប់ផ្តើមក្ដោប ទើបត្រូវបន្ថយបរិមាណការស្រោចទឹកដើម្បីការពារមិនឱ្យស្ពៃក្ដោបប្រេះ។

    – ការដាក់ជី ក្រោយពីដាក់ដាំបាន 15 ថ្ងៃ គួរដាក់ជីធម្មជាតិផ្អាប់ 1 ក្ដាប់ដៃក្នុង 1 គុម្ព ស្រោចទឹកលាយជាមួយទឹកជីធម្មជាតិឱ្យជោគដើម្បីឱ្យស្លឹកល្អ។ បន្ទាប់ពីដាំបាន 40 ថ្ងៃ(មុនស្លឹកស្ពៃចាប់ផ្តើមក្ដោប) គួរបន្ថែមជី 13-13-21 និងគួរបាញ់ជីដែលមានសារធាតុបូរ៉ន់ម្ដងម្កាលផង។

    – ការការពារ និងកម្ចាត់សត្រូវដំណាំ ពេលមានស្មៅ ឬរុក្ខជាតិផ្សេងទៀតដុះឡើង ត្រូវតែកម្ចាត់ចោល ព្រោះរុក្ខជាតិផ្សេងទៀតទាំងអស់នោះវានឹងដណ្ដើមទឹក និងជីវជាតិអាហារពីដំណាំស្ពៃ និងបើសង្កេតឃើញមានសត្វដង្កូវចោះស៊ីស្លឹក ចូរប្រើស្លឹកស្ដៅ ឬគ្រាប់ផ្លែស្ដៅបុកល្អិត 1 គីឡូក្រាម មើមម្ដេងចាស់ 1 គីឡូក្រាម គល់ស្លឹកគ្រៃ 1 គីឡូក្រាម ចិញ្ច្រាំទាំងអស់ចូលគ្នា និងបុកឱ្យល្អិត ត្រាំក្នុងទឹក 20 លិត្រ និងផ្អាប់ទុក 1 យប់។ បន្ទាប់ពីនោះក៏ត្រងយកតែទឹកល្បាយនោះមកលាយជាមួយទឹកធម្មតាក្នុងអត្រាស្មើគ្នា​ រួចយកទៅបាញ់លើដំណាំនៅពេលល្ងាច រៀងរាល់ 3 ថ្ងៃម្ដង រហូតដល់សត្រូវដំណាំទាំងនោះស្លាប់បាត់អស់ទៅវិញ។

    ការប្រមូលផល

    អាយុការប្រមូលផលរបស់ដំណាំស្ពៃក្ដោបនេះអាស្រ័យលើលក្ខណៈ និងពូជរបស់វានីមួយៗ ដូចជា ពូជស្រាលអាចប្រមូលផលបាននៅពេលអាយុប្រមាណ 50 – 60ថ្ងៃ ចំណែកពូជធ្ងន់វិញនឹងហុចផលឱ្យអាចប្រមូលបាននៅពេលដែលវាមានអាយុប្រមាណជា 120ថ្ងៃ និងកសិករអាចធ្វើការប្រមូលផលបានដោយការប្រើកាំបិតមុតកាត់ត្រង់គល់ខាងក្រោម ដែលនៅពេលនោះស្ពៃក្ដោបនឹងមានទម្ងន់ចាប់ពី 1/2 ទៅ 1គីឡូក្រាមឡើងក្នុងមួយគុម្ពៗ៕

  • ចម្លើយ 8 យ៉ាងដែលអ្នកនឹងបានទទួល ពេលប្រាប់ឱ្យកូនប្រមូលរបស់លេងទុក

    ចម្លើយ 8 យ៉ាងដែលអ្នកនឹងបានទទួល ពេលប្រាប់ឱ្យកូនប្រមូលរបស់លេងទុក

    ពេលនេះកូនរបស់អ្នកអាយុប៉ុន្មានហើយ? ធំល្មមនឹងចេះសម្អាតផ្ទះ ឬប្រមែប្រមូលរបស់លេងរបស់ខ្លួនឯងឱ្យមានរបៀបរៀបរយហើយឬនៅ?។ ជាប្រក្រតី យើងនឹងត្រូវបង្ហាត់បង្រៀនកូនឱ្យចេះប្រមូលទុកដាក់របស់លេង ឬរបស់ផស់ខ្លួនឯងនៅពេលដែលគេមានអាយុប្រមាណ 18 ខែឡើងទៅ ព្រោះក្មេងក្នុងវ័យនេះងាយស្ដាប់បង្គាប់ និងយល់ពីពាក្យបញ្ជាបានហើយ។ បើយើងឆាប់ចាប់ផ្ដើមបង្រៀនកូន កូននឹងស៊ាំធ្លាប់នឹងការប្រមូលទុកដាក់របស់របរ តែបើចាប់ផ្ដើមបង្ហាត់បង្រៀនកូនពេលគេធំហើយ វានឹងក្លាយជាបញ្ជាដែលកូនមិនចង់ធ្វើតាម នៅពេលនោះតើអ្នកចង់ដឹងទេថា ពេលអ្នកបញ្ជាឱ្យកូនបោសសម្អាត ឬប្រមូលទុកដាក់របស់លេង តើអ្នកនឹងបានជួបនឹងទង្វើ ឬចម្លើយបែបណាខ្លះ?

    1 . ការតវ៉ា ៈ “កូនសុំប្រមូលរបស់លេង ក្រោយពេលញ៉ាំបាយល្ងាចហើយបានទេ? ពេលនេះកូនហត់ខ្លាំងណាស់” នេះគឺការតវ៉ា ហើយចុងក្រោយ គឺអត់ប្រមូលទុក។

    2 . រង់ចាំមួយភ្លែតសិន ៈ “ចាំឱ្យកូនធ្វើត្រង់នេះឱ្យរួចសិន ចាំឱ្យកូនបាត់ហត់បន្តិចសិន ចាំបន្តិចកូននឹងត្រឡប់ទៅលេងទៀតហើយ”

    3 . ធ្វើព្រងើយ ៈ អត់ប្រមូល អត់ធ្វើ អត់បដិសេធ ធ្វើកិច្ចការងារផ្សេងតទៀតយ៉ាងព្រងើយ ទីបំផុតអ្នកម្តាយធុញរំខាន ខ្ជឹល​ចាំ ក៏ប្រមូលទុកដាក់ខ្លួនឯងទៅ។

    4 . បន្តិចទៀតប្រមូល ៈ ទីបំផុតក៏អត់ប្រមូលទុក ងងុយគេង ឡើងទៅបន្ទប់គេងបាត់ហើយចា៎ស។

    5 . កំពុងតែលេង ៈ បើកូនកំពុងតែលេងរបស់លេងច្រើនមុខ កុំអាលឱ្យកូនប្រមូលទុកដាក់អី ព្រោះកូនច្បាស់ជាមិនព្រមប្រមូទុកដាក់របស់លេងទាំងនោះជាដាច់ខាត ព្រោះគេនឹងមានអារម្មណ៍ថា កំពុងត្រូវបង្អាក់ការលេងសប្បាយរបស់គេ។

    6 . អត់! ៈ (ភាគច្រើនជាក្មេងដែលមានអាយុប្រមាណជា 2 ឆ្នាំដែលចូលចិត្តនិយាយពាក្យនេះ) អ្នកម្ដាយនឹងជួបចម្លើយបដិសេធភ្លាមតែម្ដង តែនេះគឺជាវិវឌ្ឍនាការរបស់ក្មេងក្នុងវ័យនេះ។

    7 . សុំលេងឱ្យអស់ចិត្តសិន ហើយនឹងប្រមូលទុក ៈ សន្យាថា នឹងប្រមូលទុកដាក់ឱ្យស្អាតបាតក្រោយលេងរួច ឬប្រើការរួច តែចុងក្រោយក៏មិនបានធ្វើ…។

    8 . ច្រើនតែសុំដូរដោះដោយអ្វីម្យ៉ាង ៈ ដូចជា បើប្រមូលរបស់លេងទុក សុំដូរជាមួយអៃស្រ្គីម ឬបានអង្គុយមើលរឿងតុក្កតា។ បើជារឿងទាំងអស់ហ្នឹង អ្នកម្ដាយក៏គួរតែឱ្យបាន។ អាចរាប់បានថា ជាលក្ខខណ្ឌដូរដោះ ដែលកូននឹងបានរៀនយល់ដឹងថា គ្មានអ្វីមួយដែលនឹងបានមកដោយស្រួលទេ។

    បើអ្នកម្ដាយចង់ឱ្យកូនចេះប្រមូលរៀបចំទុកដាក់របស់លេង ឬរបស់ប្រើប្រាស់ផ្សេងៗរបស់ខ្លួនឯងឱ្យមានរបៀប មានភាពទទួលខុសត្រូវ មិនចាំបាច់ប្រាប់នោះ អ្នកម្ដាយត្រូវបង្ហាត់បង្រៀនឱ្យកូនចេះធ្វើតាំងពីនៅតូចៗ ព្រោះពេលនៅតូច កូននឹងមិនតវ៉ា ឬតតាំងឡើយ តែដល់ធំឡើងបន្តិច សឹមចាប់ផ្ដើមដាក់លក្ខខណ្ឌជាមួយរឿងនេះ ដូចជាមានរង្វាន់ឱ្យជាដើម ដើម្បីកូននឹងបានស៊ាំធ្លាប់ ហើយនឹងធ្វើដោយខ្លួនឯងដោយមិនបាច់ត្រូវប្រាប់តទៅទៀតឡើយ៕

  • ថៅកែក្រុមហ៊ុនថ្មី ចិត្ត​ល្អ​ ចែក​ប្រាក់​233​លានដុល្លារទៅឱ្យបុគ្គលិកជើងចាស់ទាំង50នាក់

    ថៅកែក្រុមហ៊ុនថ្មី ចិត្ត​ល្អ​ ចែក​ប្រាក់​233​លានដុល្លារទៅឱ្យបុគ្គលិកជើងចាស់ទាំង50នាក់

    Trevor Milton ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Nikola Corp., បានយកមូលបត្ររបស់ខ្លួនដែលមានតម្លៃ233លានដុល្លារអាមេរិក ទៅ​ចែកជូនបុគ្គលិកជើងចាស់ដំបូងៗចំនួន50នាក់របស់​ខ្លួន​ដើម្បីជាការលើកទឹកចិត្ត។

    “កាលពីទើបតែបង្កើតក្រុមហ៊ុននេះ ខ្ញុំបានស្វែងរកមនុស្សពូកែៗបំផុតក្នុងពិភពលោក ហើយនោះគឺជាហានិភ័យធំ។ លទ្ធភាពជោគជ័យរបស់យើងកាល​ណោះគឺមានត្រឹមតែលេខ0ប៉ុណ្ណោះ ក៏ប៉ុន្តែ សំណាងល្អណាស់ ខ្ញុំរកបានក្រុមសហការីដ៏ឆ្នើម និងអស្ចារ្យតាំងពីថ្ងៃដំបូង” លោក Trevor Milton ថ្លែងអំពីការសម្រេចចិត្តចែករំលែកមូលបត្ររបស់ខ្លួនដែលមានតម្លៃជិត1/4ពាន់លានដុល្លារទៅឱ្យសហការីទាំងឡាយដែលបានប្រឹងប្រែងតស៊ូជាមួយលោក។

    ទឹកប្រាក់233លានដុល្លារនេះ គឺស្មើនឹងមូលបត្រចំនួន6លានហ៊ុន។ ទាំងនេះត្រូវបានផ្ទេរនៅក្នុងករិយាល័យកណ្ដាលរបស់ក្រុមហ៊ុននេះ​នៅ Phoenix។ មូលបត្ររបស់ Nikola បានកើនឡើងខ្ពស់ ចាប់តាំងពីបានធ្វើ IPO (ការបោះផ្សាយលក់មូលបត្រ) នៅផ្សារហ៊ុន Nasdaq ក្រោយពីមានការច្របាច់បញ្ជូលគ្នាជាមួយនឹងក្រុមហ៊ុនមួយផ្សេងទៀតកាលពីដើមខែមិថុនា។ ជោគជ័យនេះ មួយផ្នែកក៏ដោយសារមានការពេញនិយមខ្លាំងចំពោះរថយន្តប្រើថាមពលអគ្គិសនី។ ការប្រាថ្នារបស់ក្រុមអ្នកវិនិយោគចំពោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី គឺជាមូលហេតុដែលនាំឱ្យតម្លៃមូលបត្ររបស់ Nikola កើនឡើងខ្ពស់ បើទោះមិនទាន់ផលិលបានរថយន្តមួយគ្រឿងណាក៏ដោយ។ Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក Elon Musk គឺជាឧទាហរណ៍លេចធ្លោដែល​នាំ​ឱ្យ​ Nikola ទទួល​បាន​ចំណាប់​អារម្មណ៍​។

    ក្រុម​ហ៊ុន​ Nikola Corp របស់​លោក​ Trevor Milton ផលិត​រថយន្ត​ដឹក​ទំនិញ​ប្រើ​ថាម​ពល​អគ្គិសនី
    ក្រុម​ហ៊ុន​ Nikola Corp របស់​លោក​ Trevor Milton ផលិត​រថយន្ត​ដឹក​ទំនិញ​ប្រើ​ថាម​ពល​អគ្គិសនី

    Milton ហាក់​បាន​យក​គំរូ​តាម​ Elon Musk នៅ​ពេល​គាត់​​ប្រើប្រាស់បណ្ដាញសង្គមដើម្បីឃោសនាអំពីក្រុមហ៊ុនរបស់ខ្លួន​ ដែល​នេះ​​ជាប្រការដែល Elon Musk ធ្លាប់ធ្វើបានយ៉ាងល្អនា​ពេល​កន្លង​មក។ យោងតាម Bloomberg នៅក្នុងវ័យ 37ឆ្នាំ លោក​ Milton បច្ចុប្បន្នមានទ្រព្យសរុប4.6ពាន់លានដុល្លារអាមេរិក ដែលនេះ​បាន​ជួយ​ឱ្យ​លោក​មាន​ឈ្មោះ​នៅ​ក្នុង​​ក្រុម​មនុស្សទាំង500នាក់ដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក៕

    ប្រភព៖ Bloomberg

  • អង់គ្លេសចេញថ្លៃអាហារចំនួន50% សម្រាប់ពលរដ្ឋដែលទៅបរិភោគនៅភោជនីយដ្ឋាន

    អង់គ្លេសចេញថ្លៃអាហារចំនួន50% សម្រាប់ពលរដ្ឋដែលទៅបរិភោគនៅភោជនីយដ្ឋាន

    រាជរដ្ឋាភិបាលអង់គ្លេសកំពុងតែជួបការលំបាកខ្លាំងក្នុងការលើកទឹកចិត្តឱ្យពលរដ្ឋរបស់ខ្លួនត្រលប់ចូលទីក្រុង ឬ​ចូល​ទទួល​ទាន​អាហារ​ ភេសជ្ជៈ ដើម្បីឱ្យ​មាន​ការ​ចាយវាយ ក្នុងបំណងជំរុញកំណើនសេដ្ឋកិច្ច ខណៈប្រជាជននៅតែខ្លាចរអាចំពោះ COVID-19។

    ថ្មីៗនេះ អាជ្ញាធរទីក្រុងឡុងដ៍បានធ្វើយុទ្ធនាការមួយដែលមានឈ្មោះថា “Eat out to help out” (EOHO) ដែលក្នុងនោះ រដ្ឋនឹងទូទាត់វិក្កយបត្រក្នុងអត្រា50% ជំនួសពលរដ្ឋទាំងឡាយណាដែលបានទៅញ៉ាំអាហារ ឬភេសជ្ជៈ​នៅក្នុងភោជនីយដ្ឋាន ហាងកាហ្វេ ឬហាងស្រា នៅក្នុងខែសីហា2020នេះ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច។ ការ​ទទួលទានអាហារ ឬភេសជ្ជៈមួយពេល នៅក្នុងហាងទាំងនោះ ត្រូវបានកំណត់មិនឱ្យលើសពី10ផោន ដែលប្រហាក់ប្រហែលនឹង​13ដុល្លារសម្រាប់​ពលរដ្ឋ​ម្នាក់ និងការ​ទូទាត់​ជំនួស​នេះ​ត្រូវបានអនុវត្តតែក្នុងថ្ងៃចន្ទ អង្គារ និងថ្ងៃពុធតែប៉ុណ្ណោះ។

    David Williams ដែលជាម្ចាស់បណ្ដាញភោជនីយដ្ឋាន Baltic Market បានប្រាប់ថា៖ “កាលពីថ្ងៃ​ពុធកន្លងទៅ វា​​ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។ ភ្ញៀវដែលមកតម្រង់ជួររង់ចាំ មានចំនួនច្រើនជាងភ្ញៀវដែលកំពុងទទួលទានអាហារទៅទៀត”។

    ត្រឹមតែរយៈពេល3សប្ដាហ៍ដំបូងនៃការធ្វើយុទ្ធនាការ EOHO រដ្ឋបានទូទាត់វិក្កយបត្រជាង64លានលើកជូនពលរដ្ឋរបស់​ខ្លួន​ ដែលនេះប្រហាក់ប្រហែលទៅនឹងចំនួនប្រជាជនសរុប (67លាននាក់) របស់ប្រទេសនេះ។ វិក្កយបត្រទាំងនេះ បាននាំឱ្យរដ្ឋត្រូវចំណាយប្រាក់ដល់ទៅ336លានផោន ស្មើនឹង441លានដុល្លារអាមេរិក។

    អង់គ្លេសចេញថ្លៃអាហារចំនួន50% សម្រាប់ពលរដ្ឋដែលទៅបរិភោគនៅភោជនីយដ្ឋាន
    យុទ្ធ​នាការ​នេះ​ មាន​ឈ្មោះ​ថា “ហូប​ដើម្បី​ជួយ” (Eat Out To Help Out)

    យុទ្ធនាការខាងលើនេះ ត្រូវបានប្រកាសដាក់ឱ្យដំណើរការដោយរដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Rishi Runak កាលពី​ខែកក្កដា2020 ដែលកាលណោះ លោកមានប្រសាសន៍ថា នេះគឺជាលើកដំបូងហើយដែលរាជរដ្ឋាភិបាលបានអនុវត្តយុទ្ធនាការបែបនេះក្នុងបំណងជួយដល់កម្លាំង​ពលកម្ម​ប្រមាណជា1.8លាននាក់ដែលកំពុងធ្វើការនៅក្នុងវិស័យអាហារ និងទេសចរណ៍។ ក្នុងអំឡុងចាប់ពី​ខែមេសាដល់ខែសីហា2020 វិស័យនេះនៅអង់គ្លេសបានធ្លាក់​ចុះ​87% បើធៀបនឹងអំឡុងពេលមុនខែមេសា2020 ដោយសារតែ COVID-19។

    ទីភ្នាក់ងារផ្ដល់ប្រឹក្សាយោបល់ CGA បានចេញរបាយការណ៍មួយបង្ហាញ​ថា ក្នុងថ្ងៃដំបូង (3សីហា2020) នៃការអនុវត្តយុទ្ធនាការ EOHO ប្រាក់ចំណូលរបស់ភោជនីយដ្ឋាននានានៅអង់គ្លេស បានកើនឡើងដល់100% បើធៀបនឹង1សប្ដាហ៍មុននោះ។

    បើទោះជាទទួលបានលទ្ធផលគាប់ប្រសើរយ៉ាងនេះក្ដី ក៏នៅមានការព្រួយបារម្ភច្រើននៅឡើយ ដោយមតិខ្លះថា យុទ្ធនាការនេះមានប្រសិទ្ធភាពក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ពេលរដូវត្រជាក់ចូលមកដល់ ពលរដ្ឋភាគច្រើនប្រាកដជាមិនអាចអង្គុយទទួលទានអាហារនៅខាងក្រៅភោជនីយដ្ឋានដូចពេលនេះឡើយ។

    ជាងនេះទៀត កញ្ចប់ជំនួយនៅក្នុងរដូវ COVID-19 របស់រាជរដ្ឋាភិបាលអង់គ្លេសសម្រាប់អ្នកបាត់បង់ការងារក៏ជិតនឹងត្រូវបានបញ្ចប់នៅក្នុងខែតុលា2020 ហើយមកដល់ពេលនេះមិនទាន់មានកម្មវិធីជំនួយណាមួយចូលមកជំនួសនៅឡើយ។

    អង់គ្លេសចេញថ្លៃអាហារចំនួន50% សម្រាប់ពលរដ្ឋដែលទៅបរិភោគនៅភោជនីយដ្ឋានទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេសទទួលរងការខាតបង់ធ្ងន់ធ្ងរជាងគេបង្អស់នៅទ្វីបអឺរ៉ុបនៅក្នុងត្រីមាសទី2 ឆ្នាំ2020នេះ។ មូលហេតុគឺបណ្ដាលមកពីការបណ្ដែតបណ្ដោយរបស់រាជរដ្ឋាភិបាល ធ្វើឱ្យស្ថានភាព COVID-19 កាន់តែស្មុគស្មាញ នាំឱ្យរយៈពេលនៃការធ្វើគម្លាតសង្គមត្រូវអូសបន្លាយយូរ ខណៈដែលសេដ្ឋកិច្ចប្រទេសនេះ ពឹងផ្អែកច្រើនទៅលើការចាយវាយរបស់ពលរដ្ឋ។

    ដើម្បីដោះស្រាយបញ្ហាខាងលើ អាជ្ញាធរក្រុងឡុងដ៍ ត្រូវធ្វើការលើកទឹកចិត្តពលរដ្ឋឱ្យត្រលប់ចូលភោជនីយដ្ឋាន ឬហាងលក់អាហារ និងភេសជ្ជៈជាដើម ដើម្បីចាយវាយ។ រាជរដ្ឋាភិបាលអង់គ្លេស ថែមទាំងបាន​ត្រៀមកញ្ចប់​ថវិកា​រហូតដល់500លានផោន (660លាន​ដុល្លារអាមេរិក) សម្រាប់កម្មវិធី EOHO ទៀតផង។ មុននោះ អង់គ្លេសបានសម្រេចប្រ​ប្រាស់​ខ្ទង់​ប្រាក់190ពាន់លានផោន (251ពាន់លាន​ដុល្លារអាមេរិក) សម្រាប់ចំណាយនានាក្នុងបំណងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្រោយការវាយលុករបស់ COVID-19៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • រូបមន្តធម្មជាតិកម្ចាត់ស្នាមច្រែះ សម្រាប់បងៗស្រ្តីមេផ្ទះ

    រូបមន្តធម្មជាតិកម្ចាត់ស្នាមច្រែះ សម្រាប់បងៗស្រ្តីមេផ្ទះ

    ស្នាមច្រែះ ជាស្នាមកខ្វក់ដែលមិនថាកើតនៅត្រង់ណាឡើយ វានឹងធ្វើឱ្យទីត្រង់នោះ ឬឧបករណ៍ប្រើប្រាស់នោះមើលទៅឃើញចាស់ទ្រុឌទ្រោម លែងស្អាត ហើយស្នាមច្រែះអាចរាប់បានថា ជាស្នាមកខ្វក់មួយដែលពិបាកក្នុងការសម្អាត ឬធ្វើឱ្យបាត់ទៅវិញបានណាស់ តែបងៗស្រ្តីមេផ្ទះជឿឡារ៉ែនចុះថា វាមិនបានពិបាកលើសពីសមត្ថភាពរបស់យើងឡើយ បើសិនជាយើងស្គាល់ពីវិធីកម្ចាត់វាដូចខាងក្រោមនេះ។

    1 . រូបមន្ត ក្រូចឆ្មារ + អំបិល

    បងៗស្រ្តីមេផ្ទះអាចយកអំបិលសម្រាប់ស្លស្លុកធម្មតានោះមករោយពីលើស្នាមកំណកច្រែះនោះឱ្យច្រើនសមល្មម បន្ទាប់មកចូរច្របាច់ទឹកក្រូចឆ្មារពីលើចំណុចដែលរោយអំបិលនោះឱ្យជោក រួចទុកចោលប្រមាណជា 2 – 3 ម៉ោង ឱ្យអំបិល និងអាស៊ីតនៅក្នុងទឹកក្រូចឆ្មារបញ្ចេញប្រតិកម្មខាំបណ្ដាច់ស្នាមច្រែះទាំងនោះចេញ រួចហើយយកសម្បកផ្លែក្រូចឆ្មារទាំងនោះមកដុសខាត់ត្រង់កន្លែងស្នាមច្រែះនោះម្តងទៀត។ ត្រឹមតែប៉ុណ្ណឹងស្នាមច្រែះដ៏គួរឱ្យខ្លាចទាំងនោះនឹងរបូតបាត់អស់យ៉ាងងាយស្រួល។

    2 . រូបមន្តទឹកខ្មេះ + ក្រដាសអាលុយមីញ៉ូម(ក្រដាសភ្លឺៗសម្រាប់ខ្ចប់ត្រីដុត)

    គឺជាវិធីមួយទៀតដែលអាចកម្ចាត់ស្នាមច្រែះបានយ៉ាងដាច់ខាត និងក៏ជាវិធីមួយដែលគេនិយមធ្វើជាទូទៅដែរ គឺយកក្រដាសអាលុយមីញ៉ូមជ្រលក់ទៅក្នុងទឹកខ្មេះ បន្ទប់មកយកមកដុសខាត់ឱ្យសព្វកន្លែងដែលមានស្នាមច្រែះ។ ខាត់ទៅជាបណ្ដើរៗរហូតទាល់តែកំណកស្នាមច្រែះទាំងនោះរបូតបាត់អស់។ បងៗស្រ្តីមេផ្ទះឃើញទេ មិនមានពិបាកបន្តិចណាសោះ…។

    3 . រូបមន្តម្សៅបេកឃីងសូដា + ច្រាសដុសធ្មេញ

    បងៗស្រ្តីមេផ្ទះអាចរកទិញម្សៅបេកឃីងសូដាបាននៅតាមផ្សារទំនើប ឬបើមាននៅក្នុងផ្ទះស្រាប់ ក៏អាចយកមកកម្ចាត់កំណកស្នាមច្រែះបានដែរ ដោយយកវាមករោយពីលើកន្លែងដែលមានច្រែះស៊ី បន្ទាប់មកចូរយកច្រាសដុសធ្មេញចាស់ដែលលែងប្រើហើយមកជលក់ទឹកឱ្យជោក ហើយយកមកដុសខាត់កម្ចាត់ស្នាមច្រែះទាំងនោះតែម្ដង តែវិធីនេះគួរប្រើជាមួយវត្ថុណាដែលមិនចាំបាច់បារម្ភថានឹងកើតមានស្នាមឆ្កូតធ្វើឱ្យលែងស្អាត។

    4 . រូបមន្តទឹកខ្មេះ

    សម្រាប់វត្ថុឧបករណ៍ប្រើប្រាស់ធ្វើពីលោហៈតូចៗដែលមានច្រែះស៊ី ដូចជា កន្រ្តៃកាត់ក្រចក ប្រដាប់គាស់គម្របដប-ល- បងៗស្រ្តីមេផ្ទះអាចកម្ចាត់ស្នាមច្រែះបានដោយវិធីងាយៗ គឺគ្រាន់តែយកទៅត្រាំក្នុងទឹកខ្មេះទុកចោលមួយយប់ប៉ុណ្ណោះ។ ព្រឹកស្អែកឡើងបងៗនឹងឃើញថា ស្នាមច្រែះដែលធ្លាប់តែតោងជាប់លើឧបករណ៍ប្រើប្រាស់ទាំងនោះបានរលាយអន្តរធានបាត់អស់យ៉ាងគ្មានសល់ស្លាកស្នាមបន្តិចណាឡើយ(វិធីនេះមិនចាំបាច់ប្រើកម្លាំងដុសខាត់ទៀតផង)។

    5 . រូបមន្តមើមដំឡូងបារាំងឆៅ + ទឹកសាប៊ូលាងចាន

    វិធីចុងក្រោយ បងៗស្រ្តីមេផ្ទះអាចកម្ចាត់ស្នាមកំណកច្រែះបានដោយយកមើមដំឡូងបារាំងឆៅមកពុះជាពីរ ហើយយកទៅជ្រលក់ទឹកសាប៊ូលាងចាន ឬម្សៅបេកឃីងសូដាក៏បាន បន្ទាប់មកយកទៅដុសខាត់លើស្នាមច្រែះទាំងនោះ។ នៅពេលសាច់ដំឡូងបារាំងចាប់ផ្ដើមប្រឡាក់ស្នាមច្រែះ ចូរកៀរសាច់ដែលប្រឡាក់នោះចេញ ហើយយកទៅជ្រលក់នឹងទឹកសាប៊ូលាងចានម្ដងទៀត ហើយយកមកដុសខាត់កន្លែងមានច្រែះនោះបន្ត។ ធ្វើបែបនោះជារឿយៗរហូតទាល់តែស្នាមច្រែះរលាយបាត់អស់។

    មិនថាបងៗស្រ្តីមេផ្ទះនឹងជ្រើសរើសយករូបមន្តណាទៅកម្ចាត់ស្នាមច្រែះនោះទេ តែដំណាក់កាលចុងក្រោយ សូមកុំភ្លេច លាងឧបករណ៍ប្រើប្រាស់ទាំងនោះដោយទឹកឱ្យបានស្អាតហ្មត់ចត់ រួចហើយជូតឱ្យស្ងួតល្អដោយក្រណាត់ស្អាត ឬក៏យកទៅដាក់ហាលថ្ងៃទៀតក៏បាន ព្រោះវាអាចចៀសចេញឆ្ងាយពីការកើតច្រែះស៊ីបានយ៉ាងនិរន្តរ៍ហ្នឹងឯង៕

  • 8 វិធីងាយៗ កាពារការប្រសូតមុនកំណត់

    8 វិធីងាយៗ កាពារការប្រសូតមុនកំណត់

    ស្រ្តីតាំងគភ៌ថ្មីថ្មោង ឬតាំងគភ៌កូនដំបូង អាចនឹងនឹកភ័យៗថា កូនអាចនឹងប្រសូតចេញមកមុនកាលកំណត់នៅពេលដែលអាយុគភ៌ឈានចូលត្រីមាសទី 3 តែអនាគតអ្នកម្ដាយថ្មោងថ្មីទាំងអស់មិនបាច់បារម្ភទេ ថ្ងៃនេះឡារ៉ែនមាន 8 វិធី កាពារការប្រសូតមុនកាលកំណត់មកជម្រាបជូនដូចតទៅ។

    ញ៉ាំញឹកញាប់

    អ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានអាហារឱ្យគ្រប់ទាំង​ 5 ប្រភេទក្រុមនៅមិនទាន់គ្រប់គ្រាន់ទេ តែអនាគតអ្នកម្ដាយគួរទទួលទានឱ្យបានញឹកញាប់ជាមធ្យមប្រមាណ 5 ដងក្នុងមួយថ្ងៃ ដោយទទួលទានអាហារចម្បង 3 ពេល និងអាហារបន្ទាប់បន្សំ 2 ពេលទៀតគឺ អាហារពេលទំនេរ ឬមិនទេក៏ទទួលទានអាហារពេលតូចៗ 5 ពេលតែម្ដង។ បើធ្វើបានបែបនេះ នឹងកាត់បន្ថយឱកាសការប្រសូតមុនកាលកំណត់បាន។

    មិនទ្រាំបត់ជើងតូច

    ការទប់ ឬខំទ្រាំមិនព្រមទៅបត់ជើងតូច ក្រៅពីសាងនូវភាពមិនស្រួលសប្បាយខ្លួនហើយនោះ វាអាចធ្វើឱ្យកើតការឆ្លងមេរោគនៅក្នុងប្លោកនោមបានទៀត។ អាការដែលសង្កេតឃើញ អាចជាការសាងនូវការរលាកដល់ស្បូន និងធ្វើឱ្យស្បូនច្របាច់ខ្លួនញឹកញាប់ និងក្រៅពីនេះនៅអាចធ្វើឱ្យរលាកប្លោកនោមបានទៀតផង។

    ព្យាបាលរោគរលាកស្បូន

    បើអ្នកមានភាពប្រថុយប្រថានក្នុងការកើតរោគរលាកស្បូន គួរប្រញាប់ទៅព្យាបាលជាបន្ទាន់។ សាកល្បងប្រឹក្សាជាមួយគ្រូពេទ្យថា តើការញ៉ាំថ្នាំនឹងស័ក្តិសមចំពោះអ្នកឬទេ? ​ព្រោះការស្រាវជ្រាវមួយផ្នែកបានបញ្ជាក់ថា ស្រ្តីដែលកើតរោគរលាកស្បូន បើបានទទួលការព្យាបាលដោយការញ៉ាំថ្នាំបដិបក្ខប្រាណ( Antibiotic )អាចបន្ថយភាពប្រថុយប្រថានក្នុងការប្រសូតមុនកាលកំណត់បាន តែក៏មានការងារស្រាវជ្រាវមួយទៀតដែលជំទាស់ថា ស្រ្តីដែលកើតរោគរលាកស្បូនត្រូវតែទទួលបានការព្យាបាលយ៉ាងដិតដល់ ទើបអាចជួយកាត់បន្ថយឱកាសប្រសូតបុត្រមុនកំណត់បាន តែយ៉ាងណាក៏ដោយ គ្រូពេទ្យរបស់អ្នកគឺជាអ្នកផ្ដល់ចម្លើយបានល្អបំផុត។

    សុខភាពមាត់ធ្មេញ

    ការមើលថែទាំអនាម័យរបស់ប្រអប់មាត់ជាវិធីដំបូងៗគេដែលងាយស្រួលបំផុត និងល្អបំផុតដែលអាចជួយការពារការប្រសូតបុត្រមុនកាលកំណត់បាន។ រោគរលាកអញ្ចាញធ្មេញជាមូលហេតុមួយរបស់ការប្រសូតមុនកំណត់ ដូច្នេះទើបស្រ្តីមានគភ៌ត្រូវដុសសម្អាតធ្មេញ ប្រើអំបោះខាត់ធ្មេញ និងទៅជួបទន្តពេទ្យយ៉ាងតិចបំផុតឱ្យបាន 1 ដងក្នុងអំឡុងពេលមានគភ៌ ក្រៅពីនេះបើសិនមានអាការអ្វីមួយខុសប្រក្រតីសូម្បីតែបន្តិចបន្តួចក៏ដោយ ក៏គួរប្រញាប់ព្យាបាលថែរក្សាឱ្យប្រក្រតីឡើងវិញមុនពេលវាកាន់តែធ្ងន់ធ្ងរឡើង។

    ញ៉ាំវីតាមីនសម្រាប់ស្រ្តីមានគភ៌

    វីតាមីនក្នុងអំឡុងពេលមានគភ៌ មិនមែនគ្រាន់តែធ្វើឱ្យម្ដាយ និងកូនក្នុងផ្ទៃមានសុខភាពរឹងមាំល្អប៉ុណ្ណោះទេ តែវានៅជួយឱ្យស្រ្តីជាម្ដាយបង្កើនឱកាសពពោះបានរហូតដល់គ្រប់កំណត់ប្រសូតបានទៀតផង។ ការញ៉ាំវីតាមីនមិនអាចនាំមកប្រើជំនួសការទទួលអាហារដែលគ្រប់ទាំង 5 ប្រភេទក្រុមបានទេ តែវាអាចសាងនូវភាពសប្បាយចិត្តបានថា ក្នុងមួយថ្ងៃៗអ្នកបានទទួលសារធាតុអាហារគ្រប់ចំនួនហើយ។

    ញ៉ាំទឹកឱ្យបានច្រើន

    ព្យាយាមញ៉ាំទឹកក្នុងមួយថ្ងៃឱ្យបាន 8 កែវ បើធាតុអាកាសក្ដៅ ឬបានហាត់ប្រាណផងនោះ ក៏គួរញ៉ាំទឹកឱ្យបានច្រើនឡើងដើម្បីរក្សាភាពស្រស់បស់របស់រាងកាយ និងបង្កើនឱកាសឱ្យអ្នកពពោះបានរហូតដល់គ្រប់កំណត់ប្រសូត ព្រោះបើអ្នកខ្វះជាតិទឹក នឹងធ្វើឱ្យកើតការឈឺពោះប្រសូតមុនកាលកំណត់បាន។

    ទទួលទានអាហារដែលមានប្រយោជន៍

    ការទទួលទានអាហារដែលមានប្រយោជន៍ មានផលល្អចំពោះម្តាយ និងកូនក្នុងផ្ទៃ ក្រៅពីនេះនៅមានហេតុផលមួយទៀតដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺ ការទទួលទានអាហារដែលមានសមតុល្យ ជួយការពារការប្រសូតមុនកាលកំណត់បាន។

    ប្រយ័ត្នទម្ងន់ខ្លួន

    ការកើនឡើងនៃទម្ងន់ខ្លួនក្នុងអំឡុងពេលតាំងគភ៌ច្រើនជ្រុលពេក នឹងបង្កើនភាពប្រថុយប្រថាននឹងជំងឺទឹកនោមផ្អែម និងគភ៌មានជាតិពុល ដែលរោគទាំងពីរនេះសុទ្ធតែជាដើមហេតុដែលបង្កឱ្យកើតសភាវប្រសូតមុនកំណត់ទាំងអស់។ ក្នុងផ្លូវផ្ទុយគ្នាវិញ បើស្រ្តីមានគភ៌កើនទម្ងន់ខ្លួនតែបន្តិចបន្តួចវិញនោះ ក៏អាចបង្កើនបច្ច័យប្រថុយប្រថានឱ្យអនាគតអ្នកម្ដាយប្រសូតមុនកាលកំណត់បានដែរ ដូច្នេះទម្ងន់ខ្លួនខណៈពេលមានគភ៌គួរកើនឡើងក្នុងកម្រិតដែលស័ក្តិសមល្មម ដោយជាមធ្យមគឺស្ថិតក្នុងទម្ងន់ 11.3 – 15.8 គីឡូក្រាមដោយទម្ងន់ខ្លួនដែលកើនឡើងក្នុងកម្រិតសមរម្យល្អនេះនឹងមានសញ្ញាល្អថា អ្នកនឹងប្រសូតបុត្រចេញមកដែលមានទម្ងន់ប្រក្រតីល្អនៅពេលគ្រប់កំណត់ប្រសូតទៀតផង៕

  • ហេតុអីស្រ្តីមានគភ៌ចាំបាច់ត្រូវញ៉ាំផ្លែឈើស្រស់?

    ហេតុអីស្រ្តីមានគភ៌ចាំបាច់ត្រូវញ៉ាំផ្លែឈើស្រស់?

    ផ្លែឈើគួរតែត្រូវបានរួមបញ្ចូលទៅក្នុងពេលអាហារចម្បងៗរបស់ស្រ្តីមានគភ៌ផងដែរ ព្រោះសារធាតុអាហារសំខាន់ដែលមាននៅក្នុងផ្លែឈើ ដូចជា បេតាឃែរ៉ូធីន មានចំណែកសំខាន់ក្នុងការអភិវឌ្ឍសាច់ភ្នាស និងកោសិកាសម្រាប់ប្រព័ន្ធការពារជំងឺរបស់ទារក រួមទៅដល់ការជួយសាងធ្មេញ និងឆ្អឹងឱ្យរឹងមាំ និងផ្លែឈើដែលសម្បូរទៅដោយអាស៊ីតហ្វូលិកដែលនឹងជួយការពារអាការខុសប្រក្រតីរបស់ទារកនៅក្នុងគភ៌បានទៀតផង។ តើផ្លែឈើអ្វីខ្លះដែលស្រ្តីមានគភ៌គួរតែទទួលទាន សូមតាមដានជាបន្ត៖

    – ផ្លែ អេព្រីខត់( Apricot) សម្បូរទៅដោយវីតាមីន A , C , E បេតាឃែរ៉ូធីន ហ្វូស្វ័រ ស៊ិលិខន កាលស្យូម និងប៉ូតាស្យូម មានចំណែកជួយក្នុងការអភិវឌ្ឍសុខភាពរបស់ទារកក្នុងគភ៌ និងធាតុដែកដែលជួយការពារជំងឺស្លេកស្លាំងទៀតផង។ ស្រ្តីមានគភ៌គួរញ៉ាំផ្លែអេព្រីខត់ 2 – 4 ផ្លែក្នុងមួយថ្ងៃ។

    – ផ្លែប៉ោម សម្បូរទៅដោយវីតាមីន A , E , D និងជាតិស័ង្កសី( Zinc ) ជួយបង្កើនប្រព័ន្ធការពារជំងឺ និងភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងគភ៌ កាត់បន្ថយភាពប្រថុយប្រថានពីការកើតរោគហឺត និងរោគឃ្លង់នៅលើក្មេងបានល្អទៀតផង។

    – ផ្លែស្វាយទុំ សម្បូរទៅដោយវិតាមីន C ជួយគ្រប់គ្រងប្រព័ន្ធការរំលាយអាហាររបស់ស្រ្តីមានគភ៌ កាត់បន្ថយអាការទល់លាមក និងសម្រាលអាការឆ្លងមេរោគក្នុងអំឡុងពេលមានគភ៌។

    – ផ្លែ ស្រ្តប៊ើរី សម្បូរទៅដោយវីតាមីន C , A , B1 , B2 , ហ្វូលេត ធាតុដែក ម៉ាញេស្យូម ហ្វ្លាវ៉ូណយដ៍ ស័ង្កសី និងកាកសរសៃអាហារ ជួយបញ្ចុះសម្ពាធឡើងខ្ពស់របស់ស្រ្តីខណៈមានគភ៌ ការពារអាការខុសប្រក្រតីខាងខួរក្បាលរបស់ទារក។

    – ផ្លែចេកទុំ សម្បូរទៅដោយវីតាមីន C , B6 , ហ្វូលេត ប៉ូតាស្យូម និងម៉ាញេស្យូមដែលជួយការពារការប្រសូតមុនកំណត់របស់ទារក និងជួយការពាររោគសរសៃឈាមក្នុងខួរក្បាល និងសភាវជ្រៀតជ្រែកដែលពាក់ព័ន្ធនឹងការតាំងគភ៌ផ្សេងៗ។

    ចុងក្រោយគេគឺ ផ្លែក្រូច ជាផ្លែឈើសម្រាប់ស្រ្តីមានគភ៌ ព្រោះសម្បូរទៅដោយ វីតាមីន C និងហ្វូលេតដែលជួយបំប៉នឱ្យស្រ្តីមានគភ៌មានទឹកដោះដែលពេញទៅដោយសារធាតុអាហារ និងជួយសាងគ្រាប់ឈាមក្រហម និងជួយការពាររោគផ្សេងៗដែលធ្វើឱ្យទារកពិការតាំងពីកំណើតបានទៀតផង៕

  • ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ

    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ

    ទ្រព្យសម្បត្តិសរុបរបស់ស្ថាបនិក Amazon គឺលោក Jeff Bezos បានកើនដល់ជាង200ពាន់លានដុល្លារកាលពីថ្ងៃពុធកន្លងទៅ ក្រោយពីមូលបត្ររបស់ Amazon បានកើនឡើងដល់ចំណុចខ្ពស់មិនធ្លាប់មានពីមុនមក។ ប្រការនេះក៏បានជួយឱ្យ​អ្នកស្រី MacKenzie ដែលជាអតីតភរិយារបស់លោក Bezos ក្លាយជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2ក្នុងពិភពលោក បន្ទាប់ពីម្ចាស់ក្រុមហ៊ុន L’Oreal។

    ក្នុងគ្រានោះដែរ ទ្រព្យសម្បត្តិរបស់លោក Elon Musk ក៏បានកើនឡើងថែមមួយកម្រិតទៀត នាំឱ្យលោកមានឈ្មោះនៅក្នុងក្រុម​ “centibillionaire” ជាក្រុមមនុស្សដែលមានទ្រព្យលើសពី100ពាន់លានដុល្លារ។ មូលបត្រ Tesla ដែលបានកើនឡើងខ្ពស់កាលពីថ្ងៃពុធ ក៏​បាននាំឱ្យទ្រព្យរបស់លោក Musk កើនដល់101ពាន់លានដុល្លារ ដែលនេះជាស្ថិតិរបស់ Bloomberg។

    អ្នកមានជាងគេទាំង​500នាក់នៅទូទាំងពិភពលោក រកបានប្រាក់809ពាន់លានដុល្លារក្នុងឆ្នាំនេះ កើន14% រាប់ចាប់ពីខែមករា បើទោះជា COVID-19 បានធ្វើឱ្យ GDP នៃប្រទេសជាច្រើនត្រូវធ្លាក់ចុះ និងមនុស្សរាប់លាននាក់បានបាត់បង់ការងារ។

    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ
    លោក Jeff Bezos និង​អតីត​ភរិយា​របស់​លោក គឺ​អ្នកស្រី MacKenzie Scott

    លោក Elon Musk អាយុ49ឆ្នាំ បច្ចុប្បន្នគឺជាកំពូល​មហាសេដ្ឋីម្នាក់ក្នុងចំណោម “centibilianaires” 4រូបនៅទូទាំងពិភពលោក។ ទ្រព្យរបស់លោក Musk បានកើនបន្ថែម73.6ពាន់លានដុល្លារក្នុងឆ្នាំ2020នេះ ខណៈលោក Jeff Bezos កើនបន្ថែម87.1ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិសរុបរបស់ម្ចាស់ Facebook គឺលោក Mark Zuckerberg ក៏បានកើនឡើងដល់100ពាន់លានដុល្លារកាលពីដើមខែនេះ។ ដោយឡែកក្នុងថ្ងៃពុធកន្លងទៅ លោក Mark ក៏រកបាន8.5ពាន់លានដុល្លារអាមេរិក​។

    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង​ ខណៈ Jeff Bezos កើនលើស200ពាន់លានដុល្លារ
    ទ្រព្យរបស់ Elon Musk បានកើនឡើង​លើស​ពី​100ពាន់លានដុល្លារជា​លើក​ដំបូង

    មហាសេដ្ឋីផ្នែកបច្ចេកវិទ្យានៅសហរដ្ឋអាមេរិក មិនមែនជាក្រុមមនុស្សតែមួយគត់​ដែលទទួលបានផលប្រយោជន៍ច្រើននៅដើមឆ្នាំនេះនោះទេ មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani ក៏បានក្លាយជាជនជាតិអាស៊ីដំបូងគេដែលមានឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់ស្ដីអំពីអ្នកមានជាងគេទាំង5រូបនៅទូទាំងពិភពលោកកាលពីខែមុនផងដែរ​។ លោក Mukesh រកបាន22.5ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងឆ្នាំនេះ ដោយសារតែតម្លៃមូលបត្រនៃក្រុមហ៊ុន Reliance Industries របស់លោក បានកើនឡើងខ្ពស់៕

    ប្រភព៖ Bloomberg

  • 7 ថ្ងៃ 7 ពណ៌ជាមួយការតុបតែងបន្ទប់គេងសម្រាប់គូអាពាហ៍ពិពាហ៍ថ្មោងថ្មី

    7 ថ្ងៃ 7 ពណ៌ជាមួយការតុបតែងបន្ទប់គេងសម្រាប់គូអាពាហ៍ពិពាហ៍ថ្មោងថ្មី

    “បន្ទប់គេង” គឺជាបន្ទប់មួយដែលមានអត្ថន័យសំខាន់ណាស់សម្រាប់គូស្វាមីភរិយាដែលទើបតែរៀបការហើយថ្មីៗ ដូច្នេះដើម្បីឱ្យសេចក្តីស្នេហាក្នុងជីវិតអាពាហ៍ពិពាហ៍មិនសាបរលាប កាន់តែប្លែកថ្មី មិនច្រំដែល ស្រស់ស្រាយ និងរំភើបញាប់ញ័របានរាល់ថ្ងៃនោះ ខាងក្រោមនេះគឺការរៀបចំតុបតែងបន្ទប់គេងឱ្យមានភាពប្លែកថ្មីជារៀងរាល់ថ្ងៃ និងត្រូវចិត្តម្ចាស់បន្ទប់ទាំងពីរនាក់ ដែលគូស្វាមីភរិយាថ្មោងថ្មីគួរតែសិក្សា និងអនុវត្តតាមដើម្បីសុភមង្គល។

    ថ្ងៃច័ន្ទ ពណ៌លឿង

    ចាប់ផ្តើមដើមសប្ដាហ៍នៃក្តីស្នេហាថ្មោងថ្មីដោយថ្ងៃច័ន្ទពណ៌លឿង។ បន្ទប់គេងនេះប្រើជញ្ជាំងពណ៌លឿងស្រាល មើលទៅសប្បាយភ្នែក ប្រើកម្រាលពូក ស្រោមខ្នើយ និងឱបករណ៍ប្រើប្រាស់ផ្សេងៗក្នុងបន្ទប់គេងទាំងអស់មានពណ៌លឿងស្រស់ស្រាយ និងជាពិសេសសម្លៀកបំពាក់គេងយប់របស់ម្ចាស់បន្ទប់ក៏គួរតែមានពណ៌លឿងដែរ។

    ថ្ងៃអង្គារ ពណ៌ផ្កាឈូក

    ស័ក្តិសមជាមួយនឹងភរិយាដែលជានារីផ្អែមល្ហែម រួសរាយទន់ភ្លន់។ សាកល្បងប្រើអៃឌៀជ្រើសរើសប្រើពណ៌ផ្កាឈូកចេញស្វាយបន្តិចដើម្បីឱ្យក្នុងបន្ទប់មើលទៅឃើញកាន់តែទំនើបឡើង ដូចជាកម្រាលពូក ស៊ីគ្នាជាមួយកម្រាលកៅអីសាឡុងអង្គុយលេងក្នុងបន្ទប់ពណ៌ផ្កាឈូកចេញស្វាយតិចៗ និងវាំងននបង្អួចពណ៌ផ្កាឈូកខ្ចីជាដើម។

    ថ្ងៃពុធ ពណ៌បៃតងស្រាល

    ធ្វើឱ្យគូស្នេហ៍ថ្មោងថ្មីមានអារម្មណ៍ថា ភ្លឺត្រជាក់ភ្នែក ដោយអ្នកអាចប្តូរព៌ណជញ្ជាំងបន្ទប់ដោយការរករូបគំនូរ ឬរូបភាពធម្មជាតិដែលមានពណ៌ស្រស់ខៀវខ្ចី ឬរូបថតពេលដើរលេងកម្សាន្តរបស់អ្នកទាំងពីដែលមានផ្ទាំងខាងក្រោយជាផ្ទៃធម្មជាតិយកមកបំពាក់នៅលើជញ្ជាំង ឬនៅលើតុធ្វើការក្នុងបន្ទប់ព្រមជាមួយកៅអីអង្គុយលេងក្នុងបន្ទប់គេងដែលមានពូកពណ៌បៃតងខ្ចី វានឹងធ្វើឱ្យក្នុងផ្ទៃបន្ទប់ទាំងមូលមានពណ៌បៃតងខ្ចីស្រស់ស្រាយ សុខទាំងពេលគេង និងពេលភ្ញាក់យ៉ាងពិតប្រាកដ។

    ថ្ងៃព្រហស្បតិ៍ ពណ៌ទឹកក្រូច

    ការតុបតែងបន្ទប់តាមពណ៌ផ្សេងៗនេះ ជួនកាលមិនចាំបាច់តុបតែងតែពណ៌មួយនោះច្រើនពេកក៏បាន ឧទាហរណ៍ដូចជាពណ៌ទឹកក្រូចនេះ គូស្នេហ៍ថ្មោងថ្មីអាចនឹងគ្រាន់តែរកផ្កាធីវលីបដែលមានពណ៌លឿងទុំស្រស់មួយបាច់មកដាក់ក្នុងថូ រួចដាក់តាំងលម្អនៅលើតុអង្គុយលេងក្នុងបន្ទប់ និងបន្ថែមដោយផ្លែក្រូចចិនពណ៌លឿងទុំមួយកញ្រ្ចែងយ៉ាងស្អាតនៅលើតុសាឡុងក្នុងបន្ទប់ក៏បាន ព្រោះវានឹងលេចធ្លោស៊ីគ្នាជាមួយជញ្ជាំងបន្ទប់ពណ៌ស។

    ថ្ងៃសុក្រ ពណ៌ផ្ទៃមេឃ

    ពណ៌ផ្ទៃមេឃគឺជាពណ៌ដែលស័ក្តិសមនឹងបន្ទប់គេងបំផុត ព្រោះមានភាពស្រទន់សប្បាយភ្នែក និងធ្វើឱ្យមានអារម្មណ៍ថាធូរស្រាល និងសប្បាយ។ គូស្នេហ៍ថ្មោងថ្មីអាចបន្ថែមភាពរ៉ូមែនទិកដោយស្រោមខ្នើយពណ៌ផ្ទៃមេឃ វាំងនន និងខ្នើយកំណល់នៅលើកៅអីសាឡុងពណ៌ផ្ទមេឃជាដើមបាន។

    ថ្ងៃសៅរ៍ ពណ៌ស្វាយ

    ពណ៌ដែលគូគ្នាជាមួយពណ៌ស្វាយគឺពណ៌ប្រផេះ។ គូស្នេហ៍ដែលទើបតែរៀបការហើយថ្មីៗនឹងមានអារម្មណ៍ថា ចង់តែនៅក្នុងបន្ទប់ដែលពោរពេញទៅដោយពណ៌ដែលស្រទុំម្លប់ត្រជាក់ មិនថាតែ បាច់ផ្កាឡាវេនឌើរ៍នៅលើតុ ស្រោមខ្នើយពណ៌ស្វាយ ស៊ីគ្នាជាមួយកម្រាលពូក និងភួយក្រាសពណ៌ប្រផេះ និងសម្លៀកបំពាក់គេងយប់ពណ៌ស្វាយដ៏គួរឱ្យនែបនិត្យ។

    ថ្ងៃអាទិត្យ ពណ៌ក្រហម

    ពណ៌ក្រហមជាពណ៌ដែលចាំងនឹងពន្លឺខ្លាំង តែដោយសារជាថ្ងៃអាទិត្យ គូស្នេហ៍ថ្មោងថ្មីអាចប្តូរស្រោមខ្នើយជាពណ៌ក្រហម ឆ្លាស់គ្នានឹងកម្រាលពូកពណ៌ប្រផេះដដែល និងភួយពណ៌ក្រហមបាន ព្រោះយ៉ាងណាថ្ងៃអាទិត្យទាល់តែពេលរាត្រីទើបត្រឡប់ចូលមកក្នុងបន្ទប់គេងវិញ ដោយសារពេលថ្ងៃអ្នកទាំងពីរអាចនឹងធ្វើដំណើរកម្សាន្តពេញមួយថ្ងៃក៏អាចថាបានដែរ៕