Category: សង្គម និងសេដ្ឋកិច្ច

  • គន្លឺះ 6 យ៉ាងងាយៗធ្វើឱ្យផ្ទះភ្លឺស្រឡះគួរឱ្យចង់រស់នៅ

    គន្លឺះ 6 យ៉ាងងាយៗធ្វើឱ្យផ្ទះភ្លឺស្រឡះគួរឱ្យចង់រស់នៅ

    បន្ទប់ដែលភ្លឺស្រឡះជួយឱ្យមានអារម្មណ៍ធូរស្រាលស្រឡះ មានជិវិតរស់រវើក និងត្រៀមជាស្រេចក្នុងការធ្វើតែរឿងល្អៗសម្រាប់ជីវិត។ សម្រាប់មិត្តអ្នកអានជាច្រើនដែលកំពុងគិតមិនចេញ ចង់រកវិធីគេចចេញពីបន្ទប់ដែលនៅក្នុងទីតាំងអាប់ពន្លឺ មិនភ្លឺស្វាងនោះ ថ្ងៃនេះឡារ៉ែនមានអៃឌៀ 6 វិធីដែលនឹងជួយផ្លាស់ប្ដូរបន្ទប់ដែលងងឹតអាប់ឱ្យប្រែកាយជាបន្ទប់ថ្មីឆើតឆាយជាមុនបាន។ តើមានវិធីអ្វីខ្លះទៅ សូមតាមដានជាបន្ត…។

    1 . ប្រើវាំងននថ្លាចាំងពន្លឺ

    វាំងនន និងមាត់បង្អួចមានផលយ៉ាងខ្លាំងក្នុងការជួយនាំពន្លឺឱ្យចូលមកក្នុងបន្ទប់ ការជ្រើសរើសប្រើវាំងននដែលស័ក្តិសម អាចបង្កើនពន្លឺដល់បន្ទប់បាន។ បើត្រូវការសន្សំសំចៃការចំណាយ ក៏គ្រាន់តែរកផ្ទាំងក្រណាត់ដែលថ្លាៗទំហំប៉ុនផ្ទាំងវាំងនននៅផ្ទះ មកបិទជាប់ជាមួយក្រណាត់វាំងននចាស់នោះ ហើយរូតបើកវាំងននក្រណាត់ តែទុកផ្ទាំងក្រណាត់ថ្លានោះនៅបាំងមាត់បង្អួច តែប៉ុណ្ណឹងក៏អាចធ្វើឱ្យបន្ទប់មានពន្លឺចាំងចូលមកគ្រប់គ្រាន់ទៅហើយ។

    2 . ភ្លើងចង្កៀងគោមលើតុបែបភ្លឺច្បាស់

    ភ្លើងចង្កៀងគោមក៏ជាបច្ច័យមួយទៀតក្នុងការជួយកំណត់ពន្លឺដែលនឹងចេញមកយ៉ាងណាបានដែរ។ បើត្រូវការឱ្យបន្ទប់ភ្លឺខ្លាំងឡើង គួរជ្រើសរើសប្រើចង្កៀងគោមដែលជាក្រណាត់ពណ៌សស្តើង ព្រោះវាអាចជួយជះពន្លឺបានល្អ និងធ្វើឱ្យមានពន្លឺច្រើនឡើង។

    3 . ប្រើគ្រឿងសង្ហារិមដែលជាកញ្ចក់

    សម្រាប់បន្ទប់ដែលល្មមអាចមានពន្លឺពីធម្មជាតិចាំងចូលមកដល់ខ្លះដែរនោះ ការជ្រើសរើសប្រើគ្រឿងសង្ហារិមដែលជាកញ្ចក់អាចលើកកម្រិតភាពភ្លឺស្រឡះរបស់ពន្លឺខ្លាំងឡើងបាន ជាពិសេសបើយកទៅដាក់នៅជិតចំណុចទទួលពន្លឺ ដូចជា ជិតមាត់បង្អួច ឬផ្លូវដើរ ជាដើម វានឹងជួយបង្កើនមន្តស្នេហ៍​ដល់ពន្លឺដែលចាំងចូលមកប៉ះនឹងកញ្ចក់នៅក្នុងបន្ទប់បាន។

    4 . ជ្រើសរើសប្រើទ្វារកញ្ចក់

    ជាវិធីដ៏ឆ្លាតវៃមួយ គ្រាន់តែប្ដូរផ្ទាំងទ្វារនៅក្នុងផ្ទះពីទ្វារបែបបាំងជិតមើលមិនឃើញមកជាទ្វារផ្ទាំងកញ្ចក់វិញក៏អាចបញ្ជូនពន្លឺពីធម្មជាតិពីបន្ទប់មួយទៅបន្ទប់មួយបានយ៉ាងល្អ និងជួយឱ្យខាងក្នុងផ្ទះភ្លឺ និងមានអារម្មណ៍ថាស្រឡះឡើងទៀតផង។

    5 . ប្ដូរអំពូលភ្លើងថ្មី

    មិត្តអ្នកអានមួយចំនួនអាចនឹងធ្លាប់កើតមានអាការងឿងឆ្ងល់ថា ហេតុអីបានជាចង្កៀងគោមដដែលរបស់យើងដែលធ្លាប់ប្រើពីមុនមក មកដល់ថ្ងៃនេះបែរជាមិនផ្ដល់ពន្លឺគ្រប់គ្រាន់ដូចពេលកន្លងមកអ៊ីចឹង? ដល់ពេលត្រូវប្ដូរអំពូលថ្មីហើយចា៎ស…គឺជាវិធីងាយៗបំផុត ដែលនឹងធ្វើឱ្យចង្កៀងគោមរបស់យើងត្រឡប់មកភ្លឺស្វាងល្អដូចមុនវិញ។

    6 . បំពាក់ប្រព័ន្ធដំឡើង និងបន្ថយពន្លឺភ្លើង

    គឺជាវិធីមួយទៀតដែលអ្នកច្នៃម៉ូដខាងក្នុងផ្ទះភាគច្រើននិយមប្រើ និងបានច្នៃម៉ូដទុកជាស្រេចដើម្បីបំពាក់នៅក្នុងផ្ទះសម័យថ្មី នេះ ព្រោះវាជួយឱ្យអាចសម្រួលកម្រិតពន្លឺដែលស័ក្តិសមដល់បន្ទប់នីមួយៗបានក្នុងពេលវេលាដែលខុសប្លែកពីគ្នានៅអំឡុងពេលថ្ងៃបាន។

    បានដឹងពីគន្លឹះងាយៗក្នុងការជួយបង្កើនពន្លឺនៅក្នុងផ្ទះរួចហើយ បន្ទាប់ពីនេះទៅ ចូរសាកល្បងសង្កេតមើលថា តើនៅខាងក្នុងផ្ទះរបស់យើងមានបន្ទប់ណា ឬជ្រុងណាមួយនៅអាប់ពន្លឺដែរឬទេ? រួចហើយសាកល្បងនាំយកវិធីងាយៗនៅក្នុងអត្ថបទនេះទៅកែសម្រួលប្រើ បន្ទប់ដែលធ្លាប់តែធុញថប់ បរិយាកាសដែលធ្លាប់តែងងឹតស្រទំ នឹងប្លែកខុសពីមុនមិនខាន៕

  • ហាងអណ្ដែតទឹក Apple Store ដំបូងគេបំផុត សង់នៅសិង្ហបុរី

    ហាងអណ្ដែតទឹក Apple Store ដំបូងគេបំផុត សង់នៅសិង្ហបុរី

    ថ្មីៗនេះ មាន​រូបភាព និង​វីដេអូ​ប៉ុន្មាន​សន្លឹក ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​រូបរាង​របស់ Apple Store ដែល​ស្ថិតនៅ​លើទឹក​ដំបូង​គេ​បំផុត​នៅ​ប្រទេស​សិង្ហ​បុរី និង​ជា​លើកដំបូង​គេ​នៅលើ​ពិភពលោក​ផងដែរ។

    ហាង អណ្ដែត​ទឹក Apple Store មួយ​នេះ គ្រោង​នឹង​សម្ពោធ​បើក​ដំណើការ​នាពេលឆាប់ៗខាងមុខនេះ។ វា​ស្ថិតនៅ​ទល់នឹង​មុខ Marina Bay Sands ដែលជា​សណ្ឋាគារ​ដ៏​ល្បី​បំផុត​ប្រចាំ​ប្រទេសមួយ​នេះ។ រយៈពេល​នៃ​ការសាងសង់ បាន​ដំណើរ​ការប្រមាណ​ជា 2ឆ្នាំ​មកហើយ។

    ជម្រាបជូន​ដែរ​ថា Apple Store បើក​ដំបូង​នៅ​សិង្ហ​បុរី ក្នុង​ឆ្នាំ2017 នៅលើ​វិថី Orchard Road និង​កំពុង​ដំណើការ​រហូតមកដល់​បច្ចុប្បន្ន៕

    សូម​ទស្សនា​រូបភាព និង​វីដេអូ

  • វេស​ឡាញ​នឹង​បើកទ្វារ​ទទួល​សិស្ស​ចូល​វិញ​នៅ​ដើមខែ​កញ្ញា

    វេស​ឡាញ​នឹង​បើកទ្វារ​ទទួល​សិស្ស​ចូល​វិញ​នៅ​ដើមខែ​កញ្ញា

    បណ្តាញ​គ្រឹះស្ថាន​អប់រំ​វេស​ឡាញ​នឹង​បើកទ្វារ​ទទួល​សិស្ស​ចូលរៀន​ឡើងវិញ​នៅ​ដើមខែ​កញ្ញា​ខាងមុខនេះ ដោយ អនុវត្តតាម​គោលការណ៍​ប្រតិបត្តិ​ស្តងដារ​សុវត្ថិភាព​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ទាប់ពី​ការដាក់ អនុវត្ត​វិ​ស្សកាល​តូច​មុន​កាលកំណត់ និង​ដាក់ឱ្យ​បន្ត​វិ​ស្សកាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​Covid-19 ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា។ នេះ​ជាការ​លើកឡើង​របស់​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ក្នុង​ពិធី​ណែនាំ​ពី​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ចំការ​សំរោង ខេត្តបាត់ដំបង។

    ឧកញ៉ា ប៉ិច បូ​ឡែ​ន បាន​មានប្រសាសន៍ថា បណ្តាញ​គ្រឹះស្ថាន​អប់រំ​របស់​វេស​ឡាញ​បាន​ត្រៀមលក្ខណៈ​រួច​ជា ស្រេច ដើម្បី​បើក​ដំណើរ​សាលារៀន​ឡើងវិញ​ដោយ​អនុវត្តតាម​គោលការណ៍ និង​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ជាពិសេស​វិធាន​ការបង្ការ​ទប់ស្កាត់​ជំងឺ​Covid-19 របស់​ក្រសួងសុខាភិបាល។ ឧកញ៉ា​មាន ប្រសាសន៍​បន្ថែមទៀតថា សិស្ស​កម្មវិធី​ម​ត្តេ​យ្យ ចំណេះ​ទូទៅ​ខ្មែរ​ថ្នាក់​ទី1 ដល់ទី12 និង​កម្មវិធី​ភាសា​អង់គ្លេស នឹង​ចូលរៀន​ដើមខែ​កញ្ញា ដោយ​រក្សា​គម្លាត​សុវត្ថិភាព និង​ចំនួន​សិស្ស​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ ដោយ​សិស្ស ត្រូវ​ពាក់​ម៉ាស់ ឬ​របាំងមុខ​រួមទាំង​មាន​វិធាន​ការពារ​ជាច្រើន​ផ្សេងទៀត។ សិស្ស​ត្រូវ​សិក្សា​នៅ​ថ្នាក់រៀន2 ឬ3ថ្ងៃ តាម​កម្រិត ហើយ​សិស្ស​ក៏ត្រូវ​សិក្សា​តាម ប្រព័ន្ធ​អន​ឡាញ និង​ពី​ចម្ងាយ ក្រោម​ការជួយ​គាំទ្រ​របស់​អ្នកអាណាព្យាបាល និង គ្រូបង្រៀន​ផងដែរ។

    បណ្តាញ​គ្រឹះស្ថាន​អប់រំ​វេស​ឡាញ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ2008 រួមមាន សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ 9សាខា សាលារៀន​ណ​ត្ស​ឡា​ញន៍1សាខា សាលា​អន្តរជាតិ អេប​ផល​ទ្រី 1សាខា សាលា​អន្តរជាតិ ហ្វ​រ៉េ​ស​ហ៊ា​ល 1សាខា សាលា​ភាសា​អង់គ្លេស លី​ឌឺ​លែ​ន 1សាខា និង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ 1សាខា។ នៅ​ខែកញ្ញា ឆ្នាំ2020 ខាងមុខនេះ សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ទី11 ខេត្តបាត់ដំបង​នឹង​ចាប់ផ្តើម​ដំណើរការ។ រហូតមក ដល់ពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន​មាន​សិស្ស សរុប​ជាង13,000នាក់ និង​បុគ្គលិក​មាន​ជាង1,300នាក់។

    ម្ចាស់​គ្រឹះស្ថាន​អប់រំ​ខាងលើ​បាន​បន្ថែមទៀតថា ក្នុងអំឡុងពេល​ទប់ស្កាត់​ជំងឺ​Covid-19 សិស្ស​គ្រប់​កម្មវិធី​បាន សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ និង​ពី​ចម្ងាយ ហើយ​សាលារៀន​បាន​ផលិត​វីដេអូ​មេរៀន​ដាក់បញ្ចូល​កម្មវិធី​ទូរទស្សន៍ អប់រំ​អន​ឡាញ (WEG Education TV) និង​កម្មវិធី​យូ​ធូប (WEG Education Youtube Channel) ព្រមទាំង​បាន សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំ ដើម្បី​បង្កើត​វេទិកា​អប់រំ (App) ផ្សេងៗ សម្រាប់​ជំនួយ​ដល់​ការសិក្សា របស់​សិស្ស ប្រព័ន្ធ​ទំនាក់ទំនង​ជាមួយ​អ្នកអាណាព្យាបាល ប្រព័ន្ធគ្រប់គ្រង​សាលារៀន ប្រព័ន្ធ​បង់ប្រាក់(App) តាម​ធានា​គារ​ដៃគូ ដើម្បី​កាត់បន្ថយ​ពេលវេលា​រងចាំ​របស់​អ្នកអាណាព្យាបាល នៅពេល​ខាងមុខ។

    សម្រាប់​ប​វេន​សកាល​ឆ្នាំ​សិក្សា​ខាងមុខនេះ សាលារៀន​នឹង​ផ្តល់ជូន​អាហារូបករណ៍​រហូតដល់40% និង​ធានារ៉ាប់រង​គ្រោះថ្នាក់ ព្រមទាំង​ការពារ​ការសិក្សា​របស់​សិស្សានុសិស្ស​រហូតដល់5ឆ្នាំ៕

  • វិវឌ្ឍនាការរបស់កូនតូច

    វិវឌ្ឍនាការរបស់កូនតូច

    -រាងកាយ

    • សាច់ដុំករឹងប៉ឹងខ្លាំងឡើងជាបណ្តើរៗ អាចងើបក្បាលត្រង់ និងងាកទៅមកបាន អ្នកម្ដាយពកូនតូចបានកាន់តែងាយស្រួលឡើង។
    • នៅពេលចាប់ដាក់ឱ្យគេងផ្កាប់ អាចងើបក្បាលឡើងបានស្ទើរតែត្រង់ហើយ និងថែមទាំងអាចលើកដៃ លើកជើងបានទៀតផង។
    • បើដាក់ឱ្យគេងផ្ងារវិញ នឹងយកដៃចាប់ជើងខ្លួនឯងបាន។
    • ចេះក្រឡាប់ខ្លួនបាន ដំបូងៗនឹងក្រឡាប់ពីផ្កាប់ទៅផ្ងារបានតែម្ខាងៗជាមុនសិន លុះមួយរយៈក្រោយមកពេលកូនចេះក្រឡាប់ពូកែហើយ មិនថាផ្កាប់ ឬផ្ងារនោះទេ អាចក្រឡាប់បានទាំងអស់។
    • ចេះប្រើដៃក្នុងការចាប់របស់របរបានកាន់តែច្រើនឡើង តែមិនសូវជាចំណានប៉ុន្មានទេ។ ចាប់ផ្ដើមចេះប្រើម្រាមមេដៃ និងម្រាមចង្អុលដៃ ចូលចិត្តចាប់វត្ថុផ្សេងៗដាក់ចូលមាត់។

    – ចូលចិត្តលេងទឹកមាត់ បញ្ចេញសំឡេង អ អេ ចង់និយាយ ចង់ឆ្លើយឆ្លងជាមួយគេឯង។

    សង្គមជុំវិញខ្លួន

    – ចេះចំណាំមុខមនុស្សដែលនៅជាមួយបានច្រើនហើយ។

    – ចេះចង់លេងរបស់លេងណាមួយជាពិសេសហើយ តែក្មេងខ្លះអាចមិនបង្ហាញអាការនេះក៏មានដែរ។

    – បញ្ចេញសំឡេងសម្ដែងពីអារម្មណ៍របស់ខ្លួនបានច្បាស់លាស់ច្រើនឡើង ដូចជា អារម្មណ៍ពេញចិត្ត សប្បាយនឹងសើចសប្បាយឡើង។

    – ចាប់ផ្ដើមសម្លឹងមើល និងញញឹមដាក់ខ្លួនឯងនៅក្នុងកញ្ចក់។

    – ចេះលេងជាមួយមនុស្សជុំវិញខ្លួន។

    លេងជាមួយកូនញឹកញាប់

    – ពេលលេងជាមួយកូន ចូរអ្នកម្ដាយបញ្ចេញកាយវិការ និងទឹកមុខលើសពីការពិតបន្តិច ព្រោះជាការតបស្នងចំណាប់អារម្មណ៍របស់កូនតូចបានល្អ។ ក្មេងតូចក្នុងវ័យនេះថែមទាំងចូលចិត្តសំឡេងច្រៀងបំពេររបស់អ្នកម្ដាយជាប់ជានិច្ចទៀតផង។

    – រករបស់លេងឱ្យបានច្រើនប្រភេទ តែសង្កត់ធ្ងន់លើសុវត្ថិភាពឱ្យកូនបានរៀនយល់ដឹងពីសំឡេង ការប៉ះពាល់តាមរយៈរបស់លេង និងការលេងជាមួយម្ដាយ៕

  • Chocolate Hills បណ្ដុំកូនភ្នំចម្លែកនៃកោះ បូហល ហ្វ៊ីលីពីន

    Chocolate Hills បណ្ដុំកូនភ្នំចម្លែកនៃកោះ បូហល ហ្វ៊ីលីពីន

    ហ្វ៊ីលីពីន ប្រទេសជិតខាងក្នុងតំបន់អាស៊ានរបស់យើងមួយទៀតដែលមានតំបន់ស្អាតៗ គួរឱ្យចង់ទៅកម្សាន្តជាច្រើនកន្លែង មិនថាតែ ឆ្នេរ បូរ៉ាហ្គាយ ដ៏ស្រស់ស្អាត និងល្បីល្បាញ ជាដើម តែក៏នៅមានទីកន្លែងដែលចម្លែកភ្នែកមួយទៀតដែលកើតឡើងពីការបង្កើតរបស់ធម្មជាតិ ថែមទាំងមានឈ្មោះដូចគ្នានឹងស្ករគ្រាប់ទៀតផង គឺ សូកូឡា ហៀល។ តើទីនោះមានអ្វីខ្លះទៅ ទំព័រទេសចរណ៍ឡារ៉ែននឹងនាំមិត្តអ្នកអានទៅទស្សនាទាំងអស់គ្នា…។

    សូកូឡា ហៀល (Chocolate Hills) ស្ថិតនៅលើកោះ បូហល ប៉ែកខាងកើតទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន។ កោះនេះមានឈ្មោះថាជាកោះដែលធំជាងគេបំផុតរបស់ហ្វ៊ីលីពីន មានភាពស្រស់ស្អាតតាមធម្មជាតិដែលល្អឥតខ្ចោះ។ ឆ្នេរសមុទ្រត្រូវបានក្រាលដោយខ្សាច់ពណ៌សក្បុស មានសម្បត្តីធម្មជាតិក្រោមសមុទ្រដ៏សែនស្រស់ស្អាតដែលអ្នកមុជទឹកទាំងឡាយតែងនឹកស្រមៃចង់ទស្សនា តែទីកន្លែងដែលធ្វើឱ្យបូហលមានលក្ខណៈឯក លេចធ្លោខុសពីទីកន្លែងផ្សេងទៀតនោះគឺ ដែនដីមួយនេះឯង។

    ទ្រង់ទ្រាយរបស់ សូកូឡា ហៀល គឺជាកូនភ្នំតូចៗ ជារាងសាជីផ្កាប់ ដែលមានលក្ខណៈហាក់ដូចជាប៉ុនៗគ្នា រៀងគ្នាជាជួរក្នុងបរិវេណដ៏ធំទុូលាយ គ្របដណ្ដប់លើផ្ទៃដីជាង 50 គីឡូម៉ែត្រការ៉េ ដែលគេប៉ាន់ស្មានថា មានចំនួនប្រមាណជា 1,260 ទៅ 1,776 កូនភ្នំ។ កម្ពស់ជាមធ្យមគឺប្រមាណ 30 – 50 ម៉ែត្រ ចំណែកកូនភ្នំដែលធំជាងគេបំផុតមានកម្ពស់ 120 ម៉ែត្រ។ គ្រោងសាងកូនភ្នំទាំងនេះគឺជាថ្មកំបោរ ដែលគ្របដណ្ដប់ដោយដើមស្មៅ ដោយកូនភ្នំទាំងនេះកើតពីស្នាដៃរបស់ធម្មជាតិដ៏គួរឱ្យអស្ចារ្យពន់ពេក។ ចំណែកប្រភពនៃឈ្មោះដែលហៅថា ភ្នំ ស្ករសូកូឡានេះ គឺមកពីវាមានរូបរាងលក្ខណៈស្រដៀងនឹងគ្រាប់ស្ករសូកូឡាមូលៗតូចៗជាច្រើនដុំដែលមករួមគ្នានៅក្នុងកន្លែងតែមួយហ្នឹងឯង។

    ចំណែកប្រវត្តិដែលធ្វើឱ្យកើតជាកូនភ្នំតូចធំឡើងចំនួនច្រើនបែបនេះ គេនាំគ្នានិយាយថា កាលពីអតីតជាតិ ច្រើនលានឆ្នាំមុននៅបរិវេណនោះគឺជាផ្ទៃមហាសមុទ្រ ហើយនេះគឺជួរផ្កាថ្មដ៏សែនសម្បូរបែប ក្រោយមកទឹកសមុទ្របានកើតការរីងស្ងួតហួតហែងអស់បន្ទាប់ពីនោះមកក៏កើតមានការកកើតការពូនគររបស់ថ្មកំបោរឡើងរហូតក្លាយជាកូនភ្នំទាំងនោះ។

    តែបើតាមរឿងរ៉ាវនិទានរបស់អ្នកស្រុកភូមិក្បែរៗនោះវិញ គេនាំគ្នាតំណាលថា កាលពីច្រើនលានឆ្នាំមុន មានយក្ស 2 ក្បាលតែងតែឈ្លោះគ្នាជាប្រចាំ ពេលខឹងសម្បា ក្រេវក្រោធម្ដងៗ តែងតែលើកដុំថ្មធំៗគប់ដាក់គ្នា។ ឈ្លោះគ្នាគ្មានលស់ថ្ងៃរហូតដល់ធុញទ្រាន់ ក៏បែរមកចរចាត្រូវរ៉ូវគ្នា និងបានក្លាយមិត្តសម្លាញ់នឹងគ្នាវិញនៅទីបំផុត។ បន្ទាប់ពីនោះមកមហាយក្សទាំង 2 មិនព្រមបោសសម្អាតទីកន្លែងដែលខ្លួនធ្លាប់លើកដុំថ្មគប់ដាក់គ្នានោះឡើយ ទើបវាក្លាយជាគំនរថ្ម និងដីដែលមានចំនួនដ៏ច្រើនមហាសាលឱ្យយើងបានទស្សនានៅថ្ងៃនេះហ្នឹងឯង៕

    ឯរឿងមួយទៀតបានតំណាលថា គឺជាសោកនាដកម្មរ៉ូមែនស៍ ដែលបង្កឡើងដោយមហាយក្សមួយក្បាលដែលលង់ស្នេហ៍នារីម្នាក់ តែក្រោយមកនារីម្នាក់នោះបានស្លាប់ចោល ធ្វើឱ្យមហាយក្សខូចចិត្តសោកស្ដាយ ក៏ស្រែកទួញសោកទ្រហោយំ រហូតទឹកភ្នែកក្លាយជាកូនភ្នំទាំងនោះរហូតមកដល់សព្វថ្ងៃ។

    ទោះជាមានរឿងតំណាលពីប្រវត្តិដែលពាក់ព័ន្ធនឹងបណ្ដុំភ្នំ សូកូឡា ហៀល នេះជាច្រើនរឿងក៏ដោយ តែទីបំផុតទៅ ទ្រឹស្ដីខាងធរណីវិទ្យា មើលទៅហាក់ដូចជាមានភាពពិតត្រឹមត្រូវជាមួយនឹងចម្លើយខ្លាំងបំផុត តែក៏នៅតែមានចំណុចសង្ស័យដដែលថា តើវាគរពីលើគ្នាយ៉ាងណា បានក្លាយជារូបសាជីផ្កាប់ដែលមានទំហំសឹងតែប៉ុនៗគ្នាដល់ថ្នាក់នេះ? ដែលសូម្បីតែអ្នកជំនាញការក៏មិនទាន់រកចម្លើយច្បាស់លាស់ឃើញនៅឡើយដែរ…៕

  • ចំណុចល្អ និងចំណុចមិនល្អរបស់ការមានកូនពេលអាយុច្រើន

    ចំណុចល្អ និងចំណុចមិនល្អរបស់ការមានកូនពេលអាយុច្រើន

    ក្នុងពេលបច្ចុប្បន្ននេះមានស្រ្តីចំនួន 1 ភាគ 5 ដែលពន្យារការមានគភ៌ទៅដល់អាយុ 35 ឆ្នាំឡើង និងចំនួនស្រ្តីដែលមានកូនក្នុងវ័យ 40 បានកើនឡើងទ្វេដងខុសកាលពី 20 មុន។ ការកើនឡើងនៃចំនួនស្រ្តីដែលក្រយកកូនបែបនេះ ធ្វើឱ្យកើតមានជាសំណួរមួយឡើងថា តើអាយុប៉ុន្មានទើបហៅថា ចាស់ហួសនឹងមានកូន? និងតើការមានកូននៅពេលអាយុច្រើន មានចំណុចល្អ និងមិនល្អយ៉ាងណាខ្លះ? ឡារ៉ែនមានចម្លើយសម្រាប់សំណួរនេះមកជូនមិត្តអ្នកអាននៅពេលនេះ…។

    ចំណុចល្អនៃការមានកូននៅពេលអាយុច្រើន

    – មានប្រាក់ចំណូលច្រើនឡើង និងស្ថិតស្ថេរហើយ។

    – យល់ដឹងពីការមើលថែទាំសុខភាពច្រើនឡើងហើយ។

    – អាយុច្រើន ចេះគិតគូរបានច្រើនឡើងហើយ។

    – ចេះដំណើរការជីវិតយ៉ាងប្រយ័ត្នប្រយែងខ្លាំងឡើងហើយ។

    – មានអារម្មណ៍ថា ត្រៀមខ្លួនជាស្រេចក្នុងធ្វើជាម្ដាយគេរួចរាល់ហើយ។

    – មានការសោកស្ដាយតិចបំផុត នៅពេលដែលបាត់បង់សេរីភាព ឬការស្វែងរកភាពកម្សាន្តសប្បាយ(មិនអាចដើរលេងបានតាមចិត្ត ព្រោះមានកូនត្រូវមើលថែ)។

    – មានភាពរឹងមាំឡើង និងដឹងពីតួនាទីនៃភាពជាម្ដាយ។

    – ចិត្តធ្ងន់ និងអាចចាត់ការភាពរញ៉េរញ៉ៃ វីវក់បានយ៉ាងមានស្មារតីនឹងនរ។

    ចំណុចមិនល្អនៃការមានកូននៅពេលអាយុច្រើន

    – មិនសូវមានកម្លាំងលេងជាមួយកូន ឬដេញតាមចាប់កូន។

    – គ្មានឱកាសបានឃើញដំណើរជីវិតរបស់កូននៅវ័យកណ្ដាលមនុស្ស។

    – គ្មានឱកាសបានជួយមើលថែចៅ។

    – ក្មេងខ្លះខ្មាសមិត្តភ័ក្តិដែលខ្លួនមានឪពុកម្ដាយជាមនុស្សចាស់។

    – អាចនឹងពិបាកមានកូន ឬប្រើពេលវេលាយូរទម្រាំនឹងមានកូនតាមវិធីធម្មជាតិ ព្រោះឱកាសក្នុងការតាំងគភ៌ក្នុងវ័យ 30 ឆ្នាំឡើងគឺ ប្រមាណ 25 % ចំណែកក្នុងវ័យ 40 ឆ្នាំឡើង ឱកាសតាំងគភ៌ថយចុះមកនៅត្រឹមតែ 5 % ប៉ុណ្ណោះ។

    – អ្នកដទៃនឹងច្រឡំហៅអ្នកថាជា លោកយាយ ច្រើនជាងហៅថា ម្ដាយរបស់កូន៕

  • លោកតាវ័យ92ឆ្នាំ ទុកសក់​ប្រវែង​5​ម៉ែត្រ​រយៈ​ពេល80ឆ្នាំដោយមិនដែលបានកាត់

    លោកតាវ័យ92ឆ្នាំ ទុកសក់​ប្រវែង​5​ម៉ែត្រ​រយៈ​ពេល80ឆ្នាំដោយមិនដែលបានកាត់

    លោកតាវ័យ92ឆ្នាំម្នាក់នៅភាគខាងត្បូងប្រទេសវៀតណាម បានធ្វើឱ្យមានចំណាប់អារម្មណ៍យ៉ាងខ្លាំង និងត្រូវបានសារព័ត៌មានអឺរ៉ុបចុះផ្សាយ ដោយសារតែសក់ដ៏វែងអន្លាយ និងជំនឿថាមានវិញ្ញាណតាមថែរក្សាសក់នេះ។

    សារព័ត៌មាន Reuters បានចេញផ្សាយថា៖ “COVID-19 បានធ្វើឱ្យមនុស្សទូទាំងពិភពលោក ត្រូវថែរក្សាសក់ឱ្យបានត្រឹមត្រូវ និងមានរបៀប ប៉ុន្តែលោកតាវ័យ92ឆ្នាំ ឈ្មោះ Nguyen Van Chien ឯណេះវិញ បែរជាមិនបានកាត់សក់ទាល់តែសោះក្នុងរយៈពេលជាង80ឆ្នាំមកនេះ”។

    លោកតា Chien វ័យ92ឆ្នាំ មានទីលំនៅនៅក្នុងស្រុក Chau Thanh ខេត្ត Tien Giang ភាគខាងត្បូងប្រទេសវៀតណាម គឺជាម្ចាស់សក់ដែលមានប្រវែង5ម៉ែត្រ។ គាត់មានមោទនភាព និងបានហៅសក់នេះថាជារបស់ដែលម្ដាយបានចែកឱ្យ មិនមែនចង់គាត់គឺកាត់នោះទេ។

    លោកតាវ័យ92ឆ្នាំ ទុកសក់ប្រវែង5ម៉ែត្ររយៈពេល80ឆ្នាំដោយមិនដែលបានកាត់លោកតាម Chien ថ្លែងថា៖ “ខ្ញុំជឿថា បើសិនជាកាត់សក់នេះ ខ្ញុំប្រាកដជាស្លាប់។ ខ្ញុំមិនហ៊ានផ្លាស់ប្ដូរអ្វីទាំងអស់ សូម្បីតែការសិតសក់”។

    ចំពោះការថែរក្សា និងចិញ្ចឹមសក់ លោកតាប្រាប់ថា គាត់តែងបួងវាជាដុំ និងជួតដោយកន្សែងដើម្បីរក្សាសក់ និងក្បាលឱ្យនៅស្ងួត ស្អាតបាត និងល្អមើលបំផុតតាមដែលអាចធ្វើទៅបាន។

    លោកតា Chien មានជំនឿទៅលើព្រលឹងខ្មោចបីសាច វិញ្ញាណអាថ៌កំបាំងនានា និងគោរពទេវតា។ ការចិញ្ចឹមសក់ទុកឱ្យវែងបែបនេះ ក៏ជាការបន់ស្រន់សុំសេចក្ដីសុខ និងគោរពចំពោះការប្រទានរបស់ធម្មជាតិ។

    កាលពីនៅតូច គាត់តែងត្រូវបានស្នើឱ្យកាត់សក់ឱ្យបានស្អាតបាតនៅពេលទៅសាលារៀន។ ក្រោយពីរៀនចប់ថ្នាក់ទី3 គាត់ក៏បានសម្រេចចិត្តថាលែងកាត់ សិត ឬកក់សក់រហូតមកដល់បច្ចុប្បន្ន។

    គាត់ប្រាប់ថា៖ “ខ្ញុំនៅចុំថា សក់របស់ខ្ញុំខ្មៅ ក្រាស់ និងមាំមួនណាស់។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងសិតវាយ៉ាងយកចិត្តទុកដាក់ និងធ្វើឱ្យវារលោង។ ប៉ុន្តែ នៅពេលបានឮសំឡេងហៅពីវិញ្ញាណ ខ្ញុំដឹងភ្លាមថា ខ្ញុំគឺជាមនុស្សដែលត្រូវបានជ្រើសរើស”។

    លោកតាបន្តថា៖ “ខ្ញុំបានប៉ះទៅលើសក់ ហើយក្នុងរយៈពេលតែមួយយប់ វាក៏បានក្លាយទៅជារឹងបែបនេះ។ ពេលនេះ វាដូចទៅនឹងរាងកាយដោយឡែកយ៉ាងដូច្នោះដែរ”។

    កូនប្រុសទី4របស់លោកតា Chien ដែលមានឈ្មោះថា Luom អាយុ62ឆ្នាំ គឺជាអ្នកជួយថែរក្សាសក់ប្រវែង5ម៉ែត្ររបស់គាត់។ ដោយសារទទួលឥទ្ធិពលពីឪពុក លោក Luon ក៏មានជំនឿទៅលើព្រលឹងវិញ្ញាណនានាដែលតភ្ជាប់សក់ជាមួយនឹងការស្លាប់។ លោក Luom បានរៀបរាប់ថា លោកធ្លាប់បានឃើញមនុស្សម្នាក់បានស្លាប់នៅនឹងមុខ ក្រោយពីព្យាយាមយកខ្សែមកចងសក់។

    លោក Luom បានលើកសក់មកបង្ហាញ និងនិយាយបន្តថា៖ “ទាំងនេះ មើលទៅដូចសាមញ្ញ ប៉ុន្តែស័ក្ដិសិទ្ធិខ្លាំងណាស់”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • (វីដេអូ) ផ្កាយតូចពណ៌សមួយដួង ដែល​កំពុង “ស៊ីសាច់” មិត្ត​រួម​ដំណើរ​​ក្នុងប្រព័ន្ធជាមួយគ្នា វិល​ជុំ​វិញ​ខ្លួន​ឯង​លឿន​ជាង​គេ​បំផុត

    (វីដេអូ) ផ្កាយតូចពណ៌សមួយដួង ដែល​កំពុង “ស៊ីសាច់” មិត្ត​រួម​ដំណើរ​​ក្នុងប្រព័ន្ធជាមួយគ្នា វិល​ជុំ​វិញ​ខ្លួន​ឯង​លឿន​ជាង​គេ​បំផុត

    ក្រុមអ្នកវិទ្យាសាស្ត្របានសង្កេតមើលទៅលើសកម្មភាពផ្កាយតូចពណ៌ស (White Dwarf) មួយដួងដែលស្ថិតក្នុងប្រព័ន្ធផ្កាយ J2056 និងបានស្វែងយល់អំពីដំណើរការនៃការស្រូបទាញវត្ថុធាតុពីផ្កាយធំមួយដួងដែលស្ថិតនៅក្នុងប្រព័ន្ធជាមួយគ្នា ក្នុងពេលវាកំពុងវិលជុំវិញខ្លួនឯង2ជុំក្នុង1វិនាទី។

    ថ្មីៗនេះ ក្រុមអ្នកតារារូបវិទ្យាបានរកឃើញផ្កាយពណ៌សមួយដួងដ៏ចម្លែក ដោយកំពុង “ស៊ីសាច់” មិត្តរួមដំណើររបស់វា។ ស្នូលរបស់ផ្កាយដែលនៅសល់ពីការផ្ទុះ នេះ កំពុងវិលជុំវិញខ្លួនវាដោយប្រើពេល1វិនាទីសម្រាប់ការវិល2ជុំ ធ្វើឱ្យវាក្លាយជាផ្កាយពណ៌ស White Dwarf ដែលវិលជុំវិញខ្លួនឯងបានលឿនជាងគេបង្អស់នៅក្នុងចំណោមផ្កាយពណ៌សដែលត្រូវបានរកឃើញកន្លងមកនេះ។

    យោងតាម Space នៅពេលផ្កាយមួយដួងដែលដូចទៅនឹងព្រះអាទិត្យបានងាប់ទៅ ផ្កាយមួយដួងផ្សេងទៀតដែលជាអ្នករួមដំណើររបស់វា នឹងអាចចាប់ផ្ដើមឈានចូលដល់ដំណាក់កាលចុងក្រោយក្នុងជីវិតរបស់វា ឬចល័តចូលមកក្បែរផ្កាយពណ៌ស ហើយបង្កើតបានជាបាតុភូតបំផ្លិចបំផ្លាញដ៏គួរឱ្យខ្លាច។

    (វីដេអូ) ផ្កាយតូចពណ៌សមួយដួង កំពុង “ស៊ីសាច់” ផ្កាយធំដែលស្ថិតក្នុងប្រព័ន្ធជាមួយគ្នាផ្កាយពណ៌ស អាចស្រូបទាញវត្ថុធាតុពីផ្កាយដែលកំពុងរួមដំណើរជាមួយវា រួចបញ្ចេញជារលកវិទ្យុសកម្ម។ ក្រុមតារារូបវិទូមកពីសាកលវិទ្យាល័យ New York និង Stony Brook បានរកឃើញថា ប្រព័ន្ធផ្កាយ J2056 នេះ មានចម្ងាយ850ឆ្នាំពន្លឺពីផែនដី។ ដែនម៉ាញេទិក (magnetic field) ដែលមានកម្លាំងមិនខ្លាំងក្លា ឬខ្សោយ បានបណ្ដាលឱ្យផ្កាយពណ៌សក្នុងប្រព័ន្ធនេះ ជះពន្លឺមិនស្មើគ្នា ធ្វើឱ្យអ្នកវិទ្យាសាស្ត្រពិបាកព្យាករ។

    ប្រភព៖ Amaze Lab

     

  • ហេតុអី កូនក្រមុំចាំបាច់បោះបាច់ផ្កាឱ្យគេក្នុងថ្ងៃរៀបការ?

    ហេតុអី កូនក្រមុំចាំបាច់បោះបាច់ផ្កាឱ្យគេក្នុងថ្ងៃរៀបការ?

    ក្នុងពិធីអាពាហ៍ពិពាហ៍ម្តងៗ មានរឿងមួយដែលយើងមើលឃើញជាប្រចាំរហូតក្លាយជាទម្លាប់ ឬប្រពៃណីទៅហើយនោះគឺ ការឱ្យកូនក្រមុំបោះបាច់ផ្កាក្នុងថ្ងៃរៀបការ។ ចា៎ស មនុស្សជាច្រើនប្រហែលជានឹកឆ្ងល់ហើយមែនទេថា ហេតុអីចាំបាច់ត្រូវតែបោះបាច់ផ្កានោះទៅឱ្យគេដណ្តើម? មិនបាច់បោះមិនបានទេឬ? និងហេតុអីពេលកូនក្រមុំបោះមក ស្រីក្រមុំៗទាំងឡាយត្រូវតែដណ្តើមយកមកធ្វើជារបស់ខ្លួនឱ្យបានធ្វើអី?។ ចម្លើយមានដូចខាងក្រោមនេះ។

    ការពិតទៅ ការបោះបាច់ផ្កាក្នុងថ្ងៃអាពាហ៍ពិពាហ៍នេះ គឺជាទំនៀមទម្លាប់ប្រពៃណីការរៀបការរបស់ជនជាតិលោកខាងលិចដែលមានមកតាំងពី 500 ឆ្នាំមកហើយ ដោយពីដំបូង កូនក្រមុំច្រើនតែគិតថា ខ្លួនប្រហែលជាលែងត្រូវការប្រើឈុតសម្លៀកបំពាក់កូនក្រមុំទៀតហើយ និងនាំគ្នាជឿថា ឈុតសម្លៀកបំពាក់កូនក្រមុំនេះគឺជាវត្ថុនាំជោគសំណាងសម្រាប់នារីដទៃ ដូច្នេះនូវពេលពិធីមង្គលការចប់សព្វគ្រប់ហើយនោះ កូនក្រមុំច្រើនតែប្រគល់ឈុតអាពាហ៍ពិពាហ៍នេះទៅឱ្យអ្នកដទៃ តែដោយសារមាននារីក្រមុំៗច្រើននាក់ និងឈុតមានតែមួយសម្រាប់ ទើបក្លាយជាការនាំគ្នាហែកឈុតកូនក្រមុំនោះម្នាក់មួយបន្ទះយកទៅទុកធ្វើជាវត្ថុនាំគូព្រេង ជោគសំណាង និងអនុស្សាវរីយ៍។

    លុះពេលវេលាកន្លងទៅ ឈុតអាពាហ៍ពិពាហ៍របស់កូនក្រមុំមានតម្លៃកាន់តែថ្លៃឡើង និងចាប់ផ្តើមមានប្រពៃណីក្នុងការថែរក្សាឈុតអាពាហ៍ពិពាហ៍ទុកផងនោះ ទើបមានការផ្លាស់ប្តូរមកជាការបោះបាច់ផ្កាជំនួសវិញម្តង ព្រោះថា ផ្កាគឺជានិមិត្តរូបនៃភាពរីកលូតលាស់ និងដោយសារផ្កាស្រស់នឹងត្រូវស្រពោនរុះរោយផងនោះ ទើបកូនក្រមុំមិននិយមរក្សាទុក (តែគូអាពាហ៍ពិពាហ៍ខ្លះមិននិយមបោះបាច់ផ្កាឱ្យគេដណ្តើមទេ តែនឹងដើរចែកផ្កាជូនស្រ្តីក្រមុំៗម្នាក់1ទងៗជំនួសវិញ)។

    សម្រាប់ចម្ងល់ដែលថា ហេតុអីពេលកូនក្រមុំប្រុងបោះបាច់ផ្កា ត្រូវតែមាននារីក្រមុំៗមករង់ចាំទទួលយកនោះ ក៏ព្រោះតែវាជាជំនឿដែលគេនាំគ្នាជឿថា បើស្រីក្រមុំណាម្នាក់ទទួលបានបាច់ផ្កាពីកូនក្រមុំ  ស្រីក្រមុំនោះនឹងបានរៀបការបន្ទាប់ពីនោះទៅ ហ្នឹងឯង!។

    សម្រាប់ផ្កាស្រស់កូនក្រមុំក្នុងថ្ងៃមង្គលការដែលគេនិយមប្រើគឺ ផ្កាកុលាបពណ៌ក្រហម តែក៏អាស្រ័យលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់កូនក្រមុំដែរ និងខាងក្រោមនេះគឺ អត្ថន័យរបស់ផ្កាដែលប្រើក្នុងថ្ងៃមង្គលការៈ

    – បាច់ផ្កាកុលាប មានន័យពី សេចក្តីស្នេហាដ៏រ៉ូមែនទិក ភាពស្រស់ស្អាត មន្តស្នេហ៍ដ៏ទាក់ទាញ និងស្នេហាស្មោះរវាងកូនកំលោះ និងកូនក្រមុំ។

    – បាច់ផ្កាលីលលី អហ្វ ឌឹ វ៉ាលលេយ៍ ( Lilly of the valley ) មានន័យពី ភាពទន់ភ្លន់ផ្អែមផ្ហែម សេចក្តីសុខរបស់កូនក្រមុំ និងដំណើរផ្លូវដែលនឹងនាំឆ្ពោះទៅជួបនឹងសេចក្តីសុខ ប្រៀបដូចនៅលើស្ថានសូគ៌។

    – បាច់ផ្កាខាលឡា លីលលី ( Kalla lilly ) មានន័យពីភាពមានមន្តស្នេហ៍ ភាពស្រស់ស្អាតសង្ហា ភាពទំនើបខ្ពង់ខ្ពស់របស់កូនក្រមុំ ដែលនឹងលេចធ្លោដិតជាប់នៅក្នុងដួងចិត្តរបស់កូនកំលោះរហូតទៅ។

    – បាច់ផ្កាធីវលីប ( Tulip ) មានន័យពី ភាពស្រស់ថ្លា សេចក្តីសុខ សេចក្តីសមបំណង ជាតំណាងរបស់សេចក្តីស្នេហាដែលពេញប្រៀបរវាងគូអាពាហ៍ពិពាហ៍ និងជំនួសឱ្យសេចក្តីសុខដែលស្រស់ថ្មីរបស់សេចក្តីស្នេហារហូតទៅ៕

  • នៅពេលកូនតូចឈានចូលខែទី 4

    នៅពេលកូនតូចឈានចូលខែទី 4

    ខែទី 4

    លក្ខណៈរបស់កូនតូច

    មកដល់ខែទី 4 នេះ កូនជិតនឹងឆ្លងផុតឈ្មោះថា ទារក មែនទែនហើយ ព្រោះកូនតូចចាប់ផ្តើមលែងនៅស្ងៀមដូចមុនទៀតហើយ កូនកំពុងសប្បាយជាមួយការក្រឡាប់ខ្លួនដែលជាការហ្វឹកហាត់សាច់ដុំខ្នងឱ្យរឹងប៉ឹង ត្រៀមជាស្រេចក្នុងការនឹងចេះអង្គុយនៅក្នុងខែបន្តទៀត។ តាមរយៈពីពេលមុនដែលដល់ពេលផ្ងូតទឹកឱ្យកូនពេលណា អ្នកម្តាយនឹងញាប់ដៃញាប់ជើងប្រញាប់ងូតទឹកឱ្យកូនឱ្យហើយព្រោះតែសំឡេងស្រែកយំរបស់កូន តែមកដល់ខែនេះ ដល់ពេលផ្ងូតទឹកម្តងៗ អ្នកម្តាយតែងតែបានឮសំឡេងសើចសប្បាយវិញម្ដង ព្រោះកូនតូចចូលចិត្តលេងទះទឹកយ៉ាងសប្បាយរីករាយ និងក្មេងខ្លះថែមទាំងស្រែកយំទៀតផងនៅពេលត្រូវម្តាយលើកពីទឹកឡើង។ អ្នកម្តាយនឹងសង្កេតឃើញថា នៅលើខ្នើយកើយរបស់កូននឹងមានសរសៃសក់តូចៗរបស់កូនដាច់ជ្រុះនៅលើនោះ(បើមិនបានកោរសក់កំណើតចេញ) ព្រោះក្នុងអំឡុងពេលនេះ ជាអំឡុងពេលដែលសក់ថ្មីត្រូវដុះឡើង ដែលទាំងពណ៌ និងលក្ខណៈរបស់សរសៃសក់ដែលដុះឡើងថ្មីនេះនឹងមានលក្ខណៈជាពិសេសដោយឡែករបស់ក្មេងតែម្តង។

    អាការដែលអាចកើតឡើង

    – ទម្ងន់ខ្លួនមិនកើនឡើង

    កាលពី 3 ខែកន្លងមក ពេលថ្លឹងទម្ងន់ខ្លួនកូនម្តងៗ អ្នកម្តាយតែងញញឹមពព្រាយគ្រប់ពេល ព្រោះទម្ងន់ខ្លួនកូនកើនឡើងល្អខ្លាំងណាស់ តែមកដល់ចុងខែទី 4 នេះ អ្នកម្តាយមួយចំនួនអាចកើតក្ដីវិតក្កកង្វល់ថា កូនមានកើតអីទេដឹង ហេតុអីបានជាទម្ងន់កើនឡើងតែបន្តិចដូច្នេះ?។ សម្រាប់បញ្ហានេះ អ្នកម្តាយត្រូវបែរទៅមើលថា កូនជាក្មេងពូកែបៅ ជាពិសេសក្មេងដែលបៅទឹកដោះម្ដាយ ចូរសង្កេតមើលថា បើកូននៅតែជុះ និងនោមធម្មតា លេងសប្បាយ និងគេងបានល្អជាងមុន ទោះជាទម្ងន់ខ្លួនកើនឡើងតែបន្តិចមែន តែកូននៅតែរឹងមាំនោះ អ្នកម្ដាយមិនបាច់បារម្ភ ឬភ័យព្រួយអ្វីឡើយ ព្រោះអ្នកម្ដាយអាចមើលនៅលើគំនូរក្រាហ្វិកបញ្ជាក់ពីទម្ងន់កូនថា តើស្ថិតក្នុងកម្រិតល្អដែរឬទេ? និងអ្នកម្តាយនៅមិនទាន់ចាំបាច់រកវីតាមីនមកញ៉ាំបំប៉នទេ។

    – ស្រែកយំឡើងភ្លាមៗ

    ការស្រែកយំចំពោះក្មេងតូចគឺជារឿងប្រក្រតី តែអាការស្រែកយំវ៉ាឡើងមួយចំនួនក៏អាចខុសប្រក្រតីបានដែរ ដូចជា ការស្រែកយំបែបខ្ទរខ្លាំងឡើងភ្លាមៗ និងរើបម្រះទៅមកយូរប្រហែលជា 5 នាទី រួចហើយក៏ស្ងាត់ទៅវិញពេលបានលេងរបស់លេង ឬក្រោយបៅទឹកដោះរួចប្រមាណជា 5 នាទីក៏ស្រែកយំឡើងទៀត ស្រែកយំបែបលើកជើងចំកោងឡើង ស្រែកយំបែបនេះ 2 – 3 ដងហើយក៏ក្អួតទឹកដោះចេញមក និងក្មេងខ្លះក្អួតទឹកដោះចេញមកហើយស្រែកយំទៀតនោះ អាការបែបនេះបញ្ជាក់ថា កូនអាចកើតអាការពោះវៀនព័ន្ធគ្នា ត្រូវប្រញាប់នាំទៅមន្ទីរពេទ្យជាបន្ទាន់ តែបើស្រែកយំ ក្អួត ហើយគេងលក់ មិនបានស្រែកយំជាដំណាក់ៗទេនោះ បញ្ជាក់ថា កូនមិនមានកើតជំងឺអ្វីប្លែកទេ។