Category: សង្គម និងសេដ្ឋកិច្ច

  • 15 រឿងតូចៗដែលឪពុកម្ដាយគួរធ្វើ ដើម្បីប្រាប់ទៅកូនថា ប៉ាម៉ាក់ស្រឡាញ់កូនណា៎…(វគ្គទី 2)

    15 រឿងតូចៗដែលឪពុកម្ដាយគួរធ្វើ ដើម្បីប្រាប់ទៅកូនថា ប៉ាម៉ាក់ស្រឡាញ់កូនណា៎…(វគ្គទី 2)

    8 . សម្លឹងកែវភ្នែកកូន

    វិធីដែលល្អបំផុតក្នុងការទំនាក់ទំនងក៏គឺ ការសម្លឹងមើលចូលទៅក្នុងកែវភ្នែករបស់កូន។ ការសម្លឹងមើលកែវភ្នែកនេះសំខាន់ណាស់ ព្រោះសម័យនេះមនុស្សភាគច្រើនប្រើខ្សែភ្នែកទៅលើការសម្លឹងមើលអេក្រង់ទូរទស្សន៍ អេក្រង់កុំព្យូទ័រ រហូតភ្លេចផ្ដល់ភាពសំខាន់ជាមួយមនុស្សជិតខាងដែលសំខាន់។ ការសម្លឹងកែវភ្នែកអ្នកដែលកំពុងនិយាយជាមួយយើង គឺជារឿងដែលគួរតែហ្វឹកហាត់ ព្រោះវានឹងជួយសាងភាពជឿជាក់ក្នុងចិត្តទៅដល់កូននាពេលអនាគតបាន។

    9 . ញញឹមឱ្យច្រើនជាងមុន

    ឪពុកម្ដាយជាច្រើនអាចនឹងមានអារម្មណ៍តានតឹងធុញថប់ពីការងារ នឿយហត់ដោយសារការចិញ្ចឹមកូន រហូតភ្លេចក្នុងការមានសេចក្ដីសុខ។ បើកទ្វារបន្ទប់កូនចូលទៅព្រមជាមួយស្នាមញញឹម នឹងធ្វើឱ្យកូនរឹតតែចង់និយាយជាមួយអ្នកខ្លាំងឡើង និងថែមទាំងមានអារម្មណ៍ថាសប្បាយចិត្តទៀតផង។

    10 . ចូរធ្វើជាគំរូដែលល្អ

    ប៉ុន្មានដង ប៉ុន្មានលើកហើយដែលអ្នកប្រាប់កូនថា កុំធ្វើរឿងនេះ ឬរឿងនោះ តែខ្លួនអ្នកបែរជាក្លាយជាអ្នកធ្វើដោយខ្លួនឯងទៅវិញ។ សូមបញ្ឈប់ទៅ…ហើយធ្វើជាគំរូល្អដល់កូន នោះអ្វីគ្រប់យ៉ាងនឹងល្អប្រសើរឡើងដោយឯកឯង។

    11 . ទុកឱ្យកូនបានសម្រេចចិត្តដោយខ្លួនឯងខ្លះ

    ដូចជា ថ្ងៃនេះនឹងស្លៀកឈុតអីស្អាត? ថ្ងៃនេះទៅញ៉ាំបាយនៅកន្លែងណាល្អ? ឱ្យគេជ្រើសរើស ឬសម្រេចចិត្តរួមជាមួយអ្នក ដើម្បីឱ្យគេចេះក្លាយជាអ្នកសម្រេចចិត្ត និងជាអ្នកដឹកនាំ។

    12 . គ្រាន់តែលេងជាមួយគេខ្លះផង…

    ក្មេងសម័យនេះ ច្រើនតែត្រូវឪពុកម្ដាយយកធ្វើកិច្ចការងារផ្នែកជំនាញមកញ៉ុកឱ្យច្រើនរហូតហួសហេតុពេក រហូតដល់ភ្លេចអំឡុងពេលសម្រាករបស់គេ ដែលទាំងការលេងផ្សេងៗក៏អាចជាការរៀនយល់ដឹងដូចគ្នាដែរ ព្រោះដូច្នេះ ចូរលេងជាមួយគេឱ្យគេបានសើចសប្បាយ និងមានឥស្សរៈលើខ្លួនឯងផង។

    13 . ចូលទៅរកភ្លាម នៅពេលអ្នកមើលឃើញថា កូនមិនសប្បាយចិត្ត

    កូនអាចនឹងជួបអ្នកធ្វើបាបនៅឯសាលារៀន ឬត្រូវអ្នកគ្រូស្ដីបន្ទោស ជាដើម។ កូនអាចនឹងមិនបានប្រាប់អ្នកឱ្យដឹងទេ តែវាជាតួនាទីរបស់អ្នកដែលត្រូវចាំសង្កេតមើលពីអ្វីដែលកូនកំពុងជួបប្រទះ។

    14 . រក្សាទុករបស់អនុស្សាវរីយ៍ដែលកូនឱ្យ

    happy mother’s day! child daughter congratulates mother and gives a bouquet of flowers to tulips and gift

    ទិវាឪពុក ទិវាម្ដាយដែលសាលារៀនបញ្ជាឱ្យកូនធ្វើ អ្នកត្រូវផ្ដល់ភាពសំខាន់ចំពោះវា។ រក្សាវាទុកនៅក្នុងកន្លែងដែលគួរទុកដាក់វា ដើម្បីបង្ហាញឱ្យដឹងថា អ្នកផ្ដល់ភាពសំខាន់ និងមិនបានព្រងើយកន្តើយឡើយសូម្បីតែបន្តិច។ ហ្អ៎! អ្វីដែលសំខាន់ កុំភ្លេចអរគុណកូនផង។

    15 . កុំនិយាយកាត់នៅពេលកូនកំពុងរៀបរាប់ពីរឿងអ្វីមួយ

    នៅពេលកូនរបស់អ្នកចាប់ផ្ដើមរៀបរាប់រឿងអ្វីមួយ ចូរកុំរារាំង ឬនិយាយកាត់កូន ចូររង់ចាំរហូតដល់កូននិយាយចប់ និងគួរមានបដិសម្ព័ន្ធជាមួយនឹងរឿងនោះផង មិនមែនគ្រាន់តែស្ដាប់ឱ្យរឿងវាកន្លងផុតៗទៅនោះទេ៕

  • 10 រឿងសំខាន់ៗដែលស្រ្តីគួរយកចិត្តទុកដាក់ក្រោយពេលប្រសូតបុត្ររួច

    10 រឿងសំខាន់ៗដែលស្រ្តីគួរយកចិត្តទុកដាក់ក្រោយពេលប្រសូតបុត្ររួច

    ក្រៅពីការមើលថែទាំខ្លួនតាំងពីពេលតាំងគភ៌រហូតដល់ពេលប្រសូតហើយនោះ អំឡុងពេលក្រោយការប្រសូតក៏ជារឿងមួយដែលស្រ្តីៗយើងគួរយកចិត្តទុកដាក់មើលថែទាំខ្លួនជាពិសេសដូចគ្នាដែរ។ តើ 10 រឿងដែលស្រ្តីទើបប្រសូតបុត្រហើយត្រូវយកចិត្តទុកដាក់នោះមានអ្វីខ្លះទៅ?

    1 . សម្រាកឱ្យបានច្រើនបំផុត

    ស្រ្តីជាម្តាយថ្មោងថ្មីត្រូវសម្រាកឱ្យបានច្រើនក្នុងអំឡុងពេល 2 សប្តាហ៍ដំបូងក្រោយការប្រសូត ដោយគួរគេងសម្រាកនៅពេលយប់ឱ្យបាន 6 – 8 ម៉ោង ចំណែកក្រោយពេលបានថ្ងៃត្រង់ក៏គួរតែរកពេលវេលាសម្រាកឱ្យបានប្រមាណ 30 នាទី និងក្នុងអំឡុងពេល 6 សប្តាហ៍ក្រោយឆ្លងទន្លេនេះអ្នកម្តាយមិនគួរកាន់ យួរ ឬលើកវត្ថុរបស់របរណាធ្ងន់ៗឡើយ ព្រោះជាអំឡុងពេលដែលសាច់ដុំ និងស្បូនត្រូវសម្របខ្លួនទៅរកសភាពប្រក្រតីវិញ។ បើអ្នកម្តាយសម្រាកបានតិច ឬធ្វើការធ្ងន់ៗអាចនឹងប៉ះពាល់ និងមានបញ្ហាដល់អវយវៈខាងក្នុងឆ្អឹងត្រគាក។

    2 . ទទួលទានអាហារណាដែលងាយស្រួលរំលាយ និងមានប្រយោជន៍

    ក្នុងអំឡុងពេលដែលរាងកាយអ្នកម្តាយកំពុងស្តារខ្លួនឡើងវិញ អ្នកម្តាយគួរទទួលទានអាហារពពួកសាច់ ទឹកដោះ ស៊ុត បន្លែ និងផ្លែឈើស្រស់ តមអាហារដែលមានរសជាតិខ្លាំងៗ អាហារផ្អាប់ ឬជ្រក់គ្រប់ប្រភេទ និងភេសជ្ជៈដែលមានជាតិអាល់កុល។ គួរញ៉ាំទឹកស្អាតឱ្យបានច្រើន ដើម្បីការពារអាការទល់លាមក។

    3 . រក្សាភាពស្អាតរបស់រាងកាយ

    អ្នកម្តាយអាចងូតទឹកលាងជម្រះរាងកាយបានតាំងពី 12 – 14 ម៉ោងបន្ទាប់ពីប្រសូតរួច។ ឧស្សាហ៍ផ្លាស់សម្លៀកបំពាក់ដែលស្លៀក ព្រោះក្រោយពេលឆ្លងទន្លេរួចអ្នកម្តាយច្រើនតែឆាប់មានចេញញើស។ សម្រាប់អ្នកម្តាយដែលមានទឹកដោះចេញមកហើយនោះ ឡារ៉ែនសូមណែនាំឱ្យប្តូរអាវទ្រនាប់ឱ្យបានញឹកញាប់ ឬអាចប្រើបន្ទះក្រណាត់ជូតផ្ដិតទឹកដោះចេញក៏អាចជួយបានដែរ។ ក្រៅពីនេះអ្នកម្តាយគួរនឹកទៅដល់ការថែរក្សាភាពស្អាត អនាម័យអវយវៈភេទឱ្យបានល្អគ្រប់ពេលក្រោយការបន្ទោបង់ផង ព្រោះក្នុងអំឡុងក្រោយប្រសូតនេះ ទឹករំអិលឆ្អាបនឹងត្រូវបញ្ចេញមកច្រើន ដូច្នេះហើយទើបគ្រប់ពេលដែលអ្នកម្តាយបន្ទោបង់រួច គួរថែទាំសម្អាតចំណុចសំខាន់នេះ និងឧស្សាហ៍ប្តូរសំឡីអនាម័យឱ្យបានញឹកញាប់ ដើម្បីការពារកុំឱ្យមេរោគជ្រៀតចូលទៅក្នុងស្បូន រហូតអាចបង្កឱ្យកើតជាការរលាកក្លាយបាន។

    4 . ឧស្សាហ៍មើលថែទាំសុដន់ និងក្បាលសុដន់ឱ្យស្អាតជានិច្ច  

    គ្រប់ពេលដែលអ្នកម្តាយងូតទឹក គួរតែសម្អាតក្បាលសុដន់ជានិច្ច និងសម្រាប់មុនពេលបំបៅដោះកូន អ្នកម្តាយគួរយកសំឡីជ្រលក់ទឹកក្តៅឧណ្ហៗជូតសម្អាតជុំវិញក្បាលសុដន់ឱ្យស្អាត និងបន្ទាប់ពីបំបៅដោះកូនរួចហើយ អ្នកម្តាយក៏គួរជូត ឬលាងសម្អាតម្តងទៀតដែរ។ ក្នុងអំឡុងពេលដែលអ្នកម្តាយបំបៅដោះកូន បើសិនជាក្បាលសុដន់រលាកក្លាយ ឬមានបញ្ហារហូតមិនអាចបំបៅដោះកូនបាននោះ អ្នកម្តាយគួរតែប្រញាប់ទៅជួបគ្រូពេទ្យជំនាញ។

    5 . មើលថែទាំស្នាមដេរមុខរបួស ឬស្នាមវះ

    មិនថាអ្នកម្តាយប្រសូតដោយវិធីធម្មជាតិ ឬតាមវិធីវះកាត់នោះទេ តែការមើលថែទាំស្នាមវះក្រោយពេលប្រសូតជារឿងមួយសំខាន់ណាស់។ អ្នកម្តាយគួរយកចិត្តទុកដាក់ជាពិសេសលើរឿងស្អាតមានអនាម័យ ព្រោះបើសិនជាស្នាមវះមានឆ្លងមេរោគពីវត្ថុកខ្វក់ណាមួយនោះនឹងរឹតតែធ្វឱ្យស្នាមវះនោះមិនងាយជាសះឡើយ។

    6 . តមមានភេទសម្ព័ន្ធ(រួមភេទ)យ៉ាងហោចណាស់ 6 សប្តាហ៍

    សម្រាប់អ្នកម្តាយដែលប្រសូតតាមវិធីធម្មជាតិ គួរតមការមានភេទសម្ព័ន្ធយ៉ាងតិចរយៈពេល 6 សប្តាហ៍ ដើម្បីការពារការឆ្លងមេរោគ និងការរហែក ឬរយះស្នាមវះកាត់។

    7 . កុំកង្វល់នឹងវដ្តរដូវដែលអាចនឹងមកយឺត

    អ្នកម្តាយភាគច្រើនដែលមិនបានបំបៅកូនដោយទឹកដោះខ្លួនឯង វដ្ដរដូវអាចនឹងមកក្នុងអំឡុង 5 – 6 សប្ដាហ៍ក្រោយប្រសូត ចំណែកអ្នកម្តាយដែលបំបៅដោះកូនវដ្ដរដូវនឹងមកយឺតជាងនោះ ដូច្នេះ បើសិនជាវដ្ដរដូវក្រមកនោះ វាមិនមែនជារឿងខុសប្រក្រតីទេ តែទាំងអស់នេះ តឱ្យវដ្ដរដូវមិនទាន់មកក៏ដោយ ក៏អ្នកម្តាយមានសិទ្ធិតាំងគភ៌បានដូចប្រក្រតីដែរ បើមិនបានពន្យារកំណើតយ៉ាងត្រឹមត្រូវទេនោះ។

    8 . ក្រោយប្រសូត 1 ខែគួរទៅជួបគ្រូពេទ្យដើម្បីពិនិត្យរាងកាយ

    ភាគច្រើនក្រោយពីអ្នកម្តាយប្រសូតបុត្របាន 1 ខែហើយ គ្រូពេទ្យនឹងណាត់ឱ្យទៅពិនិត្យរាងកាយម្តងទៀត ដើម្បីពិនិត្យមើលអវយវៈខាងក្នុងរបស់អ្នកម្តាយថា ​តើត្រឡប់ទៅរកសភាពប្រក្រតីវិញហើយឬនៅ? និងដើម្បីពិនិត្យរកមើលមេរោគមហារីកមាត់ស្បូន និងមហារីកសុដន់ដំណាលគ្នាផងដែរ ហើយគ្រូពេទ្យថែមទាំងផ្តល់នូវដំបូន្មានខាងការពន្យារកំណើតបន្ទាប់ពីរយៈពេលនោះទៅទៀតផង។

    9 . ហាត់ប្រាណស្ដារសុខភាពឡើងវិញ

    អ្នកម្តាយអាចហាត់ប្រាណស្រាលៗក្នុងអំឡុងពេលក្រោយប្រសូត 6 សប្ដាហ៍ឡើងទៅ។ ដំបូងៗអាចជាការដើរ ឬធ្វើកិច្ចការងារផ្ទះស្រាលៗជាមុនសិន។ ការហាត់ប្រាណចាំបាច់ខ្លាំងណាស់ដើម្បីជួយក្នុងការស្ដារសាច់ដុំ ឬអវយវៈខាងក្នុងឱ្យត្រឡប់ទៅរកសភាពប្រក្រតីវិញបានកាន់តែឆាប់រហ័សឡើង និងថែមទាំងជួយសម្រកទម្ងន់ឱ្យរូបរាងកាយត្រឡប់មកស្ដើងស្វែលវិញបានទៀតផងសម្រាប់ស្រ្តីក្រោយឆ្លងទន្លេ។

    10 . អាការក្រោយពេលប្រសូតដែលគួរទៅជួបគ្រូពេទ្យ

    នៅពេលមានអាការខុសប្រក្រតីណាមួយក្រោយពេលប្រសូត អ្នកម្តាយមិនគួរនៅស្ងៀមធ្វើមិនដឹងនោះទេ ព្រោះអាការខ្លះដែលយើងគិតថាគ្រាន់តែជាការឈឺថ្កាត់ធម្មតានោះ ការពិតវិញអាចមិនធម្មតាក៏ថាបានដែរ ព្រោះអំឡុងពេលក្រោយប្រសូត រាងកាយយើងនៅទន់ខ្សោយនៅឡើយ ដូច្នេះមានឱកាសប្រថុយប្រថានក្នុងការកើតសភាវឈឺថ្កាត់ផ្សេងៗឡើងបានជានិច្ច។ យើងនាំគ្នាមកមើលថា តើអាការទាំងនោះមានអ្វីខ្លះ?

    -គ្រុនក្តៅ រងាញាក់។

    -ទឹករំអឹលឆ្អាបមានភាពខុសប្រក្រតី ដូចជា មានក្លិនឆ្អាបខ្លាំង ទឹករំអឹលឆ្អាបមិនហូរចេញមក ឬមានឈាមហូរចេញមកស្រស់ៗ។

    -សុដន់ហើមជាំ រលាក ឬមានចេញដំបៅនៅលើសុដន់។

    -ឈឺពោះក្រោមថ្ងាស បត់ជើងតូចតិចជាងប្រក្រតី ឬមានអាការស្ទះនោម។

    ដោយភារៈតួនាទីរបស់អ្នកម្តាយក្រោយប្រសូតដែលចេញមកព្រមជាមួយភាពទទួលខុសត្រូវលើកូនជីវិតតូចមួយរបស់អ្នកកាន់តែច្រើនឡើងនោះ ចូរកុំបណ្តោយឱ្យសុខភាពចុះទ្រុឌទ្រោម ឬឈឺថ្កាត់បន្ទាប់ពីឆ្លងទន្លេរួចឱ្យសោះ ដើម្បីជីវិតទារកតូចមួយដែលអ្នកត្រូវតែមើលថែទាំយ៉ាងល្អបំផុត ដូច្នេះហើយ បើអ្នកម្តាយមិនបានយកចិត្តទុកដាក់ពីសុខភាពខ្លួនឯងតាំងពីដំបូងៗនោះ ថ្ងៃណាមួយនាពេលខាងមុខអ្នកអាចនឹងត្រូវឈឺថ្កាត់ និងអាចនឹងការពារថែទាំមនុស្សដែលអ្នកស្រឡាញ់មិនបានពេញលេញក៏អាចថាបានដែរ៕

  • រឿងល្អៗរបស់ស្រ្តីៗយើងនៅពេលតាំងគភ៌

    រឿងល្អៗរបស់ស្រ្តីៗយើងនៅពេលតាំងគភ៌

    ស្រ្តីយើង នៅពេលឈានចូលទៅរកភាពជាម្តាយហើយ នឹងមានប្រតិកម្មចេញពីសញ្ជាតិញាណដែលប្រែប្រួលមិនដូចពីមុន។ ខុសពីពេលមុនដែលមិនទាន់តាំងគភ៌ យើងអាចនឹងហូបចុក ដើរលេង និងរស់នៅយ៉ាងសប្បាយអស់ដៃ តែនៅពេលអ្នកមានតួនាទីថ្មីនៃភាពជាម្តាយគេហើយនោះ គ្រប់យ៉ាងក្នុងជីវិតក៏នឹងប្រែផ្លាស់តួនាទីថ្មីស្ទើរតែទាំងអស់ នោះក៏ព្រោះតែរឿងរ៉ាវដែលកំពុងនឹងកើតឡើងចាប់ពីពេលដែលដឹងខ្លួនថាមានគភ៌ហើយនោះ មនុស្សជាម្តាយត្រូវធ្វើតែរឿងល្អៗដើម្បីកូននៅក្នុងផ្ទៃហ្នឹងឯង។ ឥឡូវយើងនាំគ្នាមកមើលថា តើមានរឿងល្អៗអ្វីខ្លះដែលកើតឡើងនៅក្នុងជីវិតជាម្តាយ និងធ្វើឱ្យអ្នកញញឹមឡើងយ៉ាងមានសេចក្តីសុខបំផុតនោះ?

    បែរមកមើលថែទាំខ្លួនឯង

    ស្រ្តីយើងកាលពីមុនមិនទាន់រៀបការ ឬនៅមិនទាន់មានគភ៌ ប្រាកដណាស់ថា ពួកយើងច្រើនតែខ្វះការយកចិត្តទុកដាក់មើលថែទាំសុខភាព អ្នកខ្លះក៏ចូលចិត្តញ៉ាំ និងដើរលេងយ៉ាងអស់ដៃ។ ពីធ្លាប់ជក់បារី ញ៉ាំស្រា តែមកដល់ពេលនេះត្រូវបត់ 180 អង្សា ឈប់គ្រប់យ៉ាងទាំងអស់ដើម្បីកូនតូចក្នុងផ្ទៃ ហើយបែរមកតាំងចិត្តញ៉ាំអាហារដើម្បីសុខភាព។ ពីមុនមិនដែលញ៉ាំទឹកដោះគោសោះ ក៏បែរមកញ៉ាំទឹកដោះគោបំប៉ន ខំប្រឹង និងព្យាយាមញ៉ាំអាហារ និងគេងសម្រាកឱ្យបានគ្រប់គ្រាន់។ រកពេលវេលាហាត់ប្រាណឱ្យរាងកាយរឹងមាំ មិនថាតែធ្វើយ៉ូហ្កាស្រាលៗ ដើរលេងឱ្យយឺតសរសៃសរសូង រួមទាំងយកចិត្តទុកដាក់រឿងការថែរក្សាភាពស្អាត និងអនាម័យ​ដំណាលៗគ្នាទៀតផង។ អ្វីដែលស្រ្តីមានគភ៌មិនដែលធ្លាប់ធ្វើ ឡារ៉ែនជឿថា ដល់ពេលមានគភ៌ ស្រ្តីយើងនឹងកង្វល់បារម្ភពីគភ៌របស់ខ្លួនខ្លាំងបំផុត នេះហើយគឺជារឿងល្អៗដែលស្រ្តីមានគភ៌ស្វែងរកឃើញ និងសាងឡើងដើម្បីឱ្យកូនតូចរបស់ខ្លួនបានទទួលនូវអ្វីល្អៗដំណាលៗគ្នាហ្នឹងឯង។

    មានភាពស៊ូទ្រាំ និងរឹងប៉ឹងកាន់តែខ្លាំងឡើង

    pregnant woman have a pain standing

    ពីមុន មានអ្វីបន្តិចបន្តួចក៏ងាយ និងឆាប់ឈឺថ្កាត់ ទន់ជ្រាយដូចស្ទើរស្លាប់ស្ទើររស់អ៊ីចឹង តែចាប់ពីពេលដឹងថាមានគភ៌ហើយនោះ អ្នកនឹងត្រូវនឹងធឹង និងធ្វើចិត្តឱ្យស្ងប់ឱ្យបានច្រើន ហើយតាំងចិត្តចិញ្ចឹមថែបំប៉នទារកក្នុងគភ៌តូចមួយរបស់អ្នកឱ្យធំធាត់រឹងមាំឡើង និងប្រសូតចេញមកយ៉ាងមានសុវត្ថិភាព។ ដោយក្នុងអំឡុងពេលពពោះ 9 ខែនេះ ស្រ្តីមានគភ៌នឹងត្រូវមើលថែទាំថ្នាក់ថ្នមគភ៌ឱ្យបានល្អបំផុត ទទួលទានអាហារដែលមានប្រយោជន៍ដើម្បីកូន អត់ទ្រាំមិនញ៉ាំអាហារដែលមិនហុចផលល្អដល់គភ៌។ ទង្វើណាដែលមិនមែនជាផលល្អចំពោះទារកក៏ចៀសមិនធ្វើទាំងអស់។ សុខចិត្តស៊ូទ្រាំដើម្បីកូនរហូតដល់ទៅ 9 ខែ ឈឺថ្កាត់ផ្សេងៗក៏មិនញ៉ាំថ្នាំ ទោះបីជាចាញ់កូនខ្លាំងក្លាប៉ុនណា ក៏សុខចិត្តទ្រាំអត់ធន់ និងទាំងអស់នេះហើយជាការបង្វឹកស្រ្តីមានគភ៌ឱ្យចេះអត់ធន់ស៊ូទ្រាំយ៉ាងដល់ទីបំផុត សូម្បីតែក្នុងអំឡុងថ្ងៃប្រសូតមកដល់ក៏ដោយ។ ទោះជាឈឺចាប់ប៉ុនណា តែអ្នកម្តាយដូចជារូបអ្នកក៏ខាំមាត់ទ្រាំ ដោយបេះដូងមោះមុតរឹងប៉ឹងបានយ៉ាងពិតប្រាកដ។ នោះគឺដើម្បីបានឃើញមុខកូនជាទីស្រឡាញ់របស់អ្នកនៅក្នុងវង្វង់ដៃឱបដ៏សែនសុវត្ថិភាព។

    តឱ្យឈឺចាប់ប៉ុនណា ក៏អ្នកម្តាយគ្រប់រូបរីករាយទទួលយកការឈឺចាប់នោះដែរ។

    មានទឹកចិត្តទន់ភ្លន់ និងរៀនយល់ដឹងពីរឿងថ្មីៗជានិច្ច

    នៅពេលដឹងថាមានគភ៌ហើយ ស្រ្តីមានគភ៌នឹងមិននៅស្ងៀមឡើយ ព្យាយាមរកពេលវេលាទំនេរៗមកអង្គុយចាក់អំបោះព្រំធ្វើជាមួក អាវ ស្រោមដៃ ស្រោមជើងទុកសម្រាប់កូនតូចជាទីស្រឡាញ់។ អានសៀវភៅ ស្តាប់បទភ្លេង រកកិច្ចការងារថ្មីៗ ស្រាលៗធ្វើដើម្បីបន្ធូរអារម្មណ៍ បន្ធូរភាពធុញថប់តានតឹង សម្លឹងពិភពលោកក្នុងន័យល្អ និងដែលសំខាន់នោះគឺ មួយរយទាំងមួយរយ នារីៗយើងនៅពេលមានគភ៌ហើយ ផ្លូវចិត្តនឹងទន់ភ្លន់ស្ងប់ស្ងាត់ជាងមុនទាំងអស់។

    ទាំងអស់នេះហើយជារឿងរ៉ាវល្អៗដែលចូលមកប្រលោមដួងចិត្តមនុស្សដែលជាអនាគតអ្នកម្តាយ ធ្វើឱ្យមានសុខភាពផ្លូវចិត្តស្រស់ថ្លា មិនតានតឹងធុញថប់ ហុចផលឱ្យទារកក្នុងគភ៌បានទទួលនូវភាពកក់ក្តៅ ទន់ភ្លន់អំពីអ្នកម្តាយដំណាលៗគ្នាដែរ។ អាចរាប់ថា រឿងទាំងអស់នេះគឺជារង្វាន់ដ៏ល្អបំផុតពេញមួយរយៈពេលនៃការតាំងគភ៌របស់នារីៗយើង៕

  • មហាសេដ្ឋី10រូបដែលមានទ្រព្យច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍

    មហាសេដ្ឋី10រូបដែលមានទ្រព្យច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍

    ក្រុមអ្នកមានជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ភាគច្រើនមកពីប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ថៃ និងប្រទេសម៉ាឡេស៊ី។ ទិន្នន័យស្ដីអំពីទ្រព្យរបស់ក្រុមមហាសេដ្ឋីនេះ ត្រូវបានដកស្រង់ពីតារាងចំណាត់ថ្នាក់ real-time របស់ទស្សនាវដ្ដី Forbes កាលពីថ្ងៃទី30សីហា2020។

    1. ចាង យ៉ុង (Zhang Yong)
    -ទ្រព្យ៖ 21.9 ពាន់លានដុល្លារ
    -ប្រទេស៖ សិង្ហបុរី

    ចាង យ៉ុង គឺជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Haidilao ដែលជាបណ្ដាញភោជនីយដ្ឋានលក់ស៊ុបដ៏ជោគជ័យមួយរបស់ប្រទេសចិន ជាមួយនឹងភោជនីយដ្ឋានចំនួនរាប់រយឯណោះ។ ក្រៅពីនេះ Haidilao ក៏មានវត្តមាននៅប្រទេសមួយចំនួនទៀត ដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងវៀតណាមផងដែរ។ កាលពីខែកញ្ញា2018 Haidilao បានចូលរួមធ្វើជំនួញនៅលើផ្សារហ៊ុន (IPO) លើកដំបូងរបស់ខ្លួន។ ភរិយារបស់លោក ចាង យ៉ុង ក៏ជាសហស្ថាបនិករបស់ក្រុមហ៊ុននេះដែរ។

    2. អ័រ ប៊ូឌី ហារតូណូ (R. Budi Hartono)
    -ទ្រព្យ៖ 19ពាន់លានដុល្លារ
    -ប្រទេស៖ ឥណ្ឌូនេស៊ី

    លោក អ័រ ប៊ូឌី ហារតូណូ និងប្អូនប្រុសរបស់គាត់ គឺលោក មិឆែល ហារតូណូ (Michael Hartono) (អ្នកមានលំដាប់ទី3ក្នុងបញ្ជីនេះ) គឺជាអ្នកមានជាងគេបង្អស់ប្រចាំប្រទេសឥណ្ឌូនេស៊ី។ គ្រួសារត្រកូល ហារតូណូ រកស៊ីមានបានក៏ដោយសារវិស័យផលិតបារី ហើយមកដល់បច្ចុប្បន្នក៏នៅតែជាក្រុមហ៊ុនផលិតបារីធំបំផុតមួយនៅប្រទេសនេះ។

    3. មិឆែល ហារតូណូ (Michael Hartono)
    -ទ្រព្យ៖ 18.2ពាន់លានដុល្លារ
    -ប្រទេស៖ ឥណ្ឌូនេស៊ី

    ក្រៅពីក្រុមហ៊ុនផលិតបារី គ្រួសារត្រកូល ហារតូណូ នេះ ក៏មានភាគហ៊ុនច្រើនជាងគេនៅ Central Asia ដែលជាធនាគារមួយក្នុងចំណោមធនាគារធំបំផុតនៅឥណ្ឌូនេស៊ី រួមនឹងទ្រព្យជាច្រើនផ្សេងទៀត។

    4. លី ស៊ីធិង (Li Xiting)
    -ទ្រព្យ៖ 17.8ពាន់លានដុល្លារ
    -ប្រទេស៖ សិង្ហបុរី

    ទ្រព្យសម្បត្តិរបស់ លី ស៊ីធិង (Li Xiting) ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនផលិតសម្ភារសុខាភិបាល Shenzhen Mindray Bio-Medical Electronics បានកើនឡើងខ្ពស់ដោយសារ COVID-19។ កាលពីឆ្នាំ2019 លោក លី ស៊ីធិង មិនមានឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់ Top 10 នោះទេ ប៉ុន្តែ ឆ្នាំ2020នេះ លោកបានក្លាយជាអ្នកមានជាងគេលំដាប់ទី2ប្រចាំសិង្ហបុរី។

    5. ហ្កូហ៍ ឆេង លាន (Goh Cheng Liang)
    -ទ្រព្យ៖ 17ពាន់លានដុល្លារ
    -ប្រទេស៖ សិង្ហបុរី

    ភាគច្រើននៃទ្រព្យសម្បត្តិរបស់លោក ហ្គូហ៍ ឆេង លាន គឺបានមកពីភាគហ៊ុននៅ Nippon Paint Holdings ដែលជាក្រុមហ៊ុនផលិតថ្នាំលាបធំជាងគេលំដាប់ទី4ក្នុងពិភពលោក។ ហ្គូហ៍ ឆេង លាន បានចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនដោយបង្កើតរោងចក្រផលិតថ្នាំលាបតូចមួយនៅប្រទេសសិង្ហបុរី នៅមុនពេលសហការជាមួយក្រុមហ៊ុន Nippon របស់ជប៉ុនកាលពីឆ្នាំ1962។

    ក្រៅពីមហាសេដ្ឋីទាំង5រូបខាងលើ ក៏នៅមានមហាសេដ្ឋីចំនួន5រូបទៀតដែលមានឈ្មោះនៅក្នុង Top 10 នៃតារាងចំណាត់ថ្នាក់ស្ដីពីអ្នកមានជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវបានចុះផ្សាយដោយទស្សនាវដ្ដី Forbes៖

    6. ដានីន ជារ៉ាវ៉ាណន (Dhanin Chearavanont)

    -ទ្រព្យ៖ 15.3ពាន់លានដុល្លារ
    -ប្រទេស៖ ថៃ

    7. រ៉ូបឺត និង ហ្វ៊ីលីប ង៉ (Robert & Philip Ng)

    -ទ្រព្យ៖ 13.2ពាន់លានដុល្លារ
    -ប្រទេស៖ សីង្ហបុរី

    8. ចារ៉ន់ ស៊ីរីវ៉ាដហានាបាកឌី (Charoen Sirivadhanabhakdi)

    -ទ្រព្យ៖ 11ពាន់លានដុល្លារ
    -ប្រទេស៖ ថៃ

    9. រ៉ូបឺត ខ្វក់ (Robert Kuok)

    -ទ្រព្យ៖ 10.9ពាន់លានដុល្លារ
    -ប្រទេស៖ ឥណ្ឌូនេស៊ី

    10. ហ្គេក លេង ចាន់ (Quek Leng Chan)

    -ទ្រព្យ៖ 9.7ពាន់លានដុល្លារ
    -ប្រទេស៖ ម៉ាឡេស៊ី

    ប្រភព៖ Forbes

  • រួមប្រយោគល្អៗ ដែលស្វាមី-ភរិយាគួរនិយាយឱ្យបានរត់មាត់ ដើម្បីជីវិតគូយូរអង្វែង

    រួមប្រយោគល្អៗ ដែលស្វាមី-ភរិយាគួរនិយាយឱ្យបានរត់មាត់ ដើម្បីជីវិតគូយូរអង្វែង

    ពាក្យថា “បងស្រឡាញ់អូន ឬអូនស្រឡាញ់បង” ជាពាក្យសម្ដីងាយៗដែលគូស្នេហ៍គួរនិយាយប្រាប់គ្នាឱ្យបានរៀងរាល់ថ្ងៃ ព្រោះវានឹងសាងនូវអារម្មណ៍ល្អៗចំពោះគ្នាទៅវិញទៅមក តែត្រឹមតែពាក្យ 3 ម៉ាត់នេះ អាចនឹងមិនទាន់គ្រប់គ្រាន់ក្នុងការធ្វើឱ្យជីវិតជះពន្លឺនៃសេចក្តីសុខសុភមង្គលរហូតពេញមួយជីវិតអាពាហ៍ពិពាហ៍បានឡើយ ដូច្នេះហើយទើបអ្នកជំនាញការរឿងជីវិតនិងសុភមង្គលបានណែនាំថា គូស្វាមី-ភរិយាគួរពោលពាក្យសម្ដីសំខាន់ៗ 10 ប្រយោគខាងក្រោមនេះជាមួយគ្នាឱ្យបានរត់មាត់ បើនិយាយបានរាល់ថ្ងៃផងរឹតតែល្អទៅទៀត។

    1 . “បង(អូន)សំណាងល្អណាស់ដែលបានរៀបការជាមួយអូន(បង)”

    យើងគ្រប់គ្នាចង់បានការអះអាង និងចូលចិត្តពាក្យសរសើរពីគូស្នេហ៍ ហើយនឹងរឹតតែរំភើបចិត្តរហូតស្ទើរតែហោះទៅទៀតបើសិនជាស្វាមី ឬភរិយារបស់យើងម្នាក់ៗមានអារម្មណ៍ថា ការសម្រេចចិត្តប្រើជីវិតតទៅមុខទៀតទាំងអស់រស់នៅជាមួយនឹងយើង គឺជាការសម្រេចចិត្តដែលត្រឹមត្រូវបំផុតនោះ។

    2 . “ឱ្យបង(អូន)ជួយអីខ្លះទេ?

    គូស្នេហ៍ដែលរៀបការហើយកន្លះសតវត្សរ៍ ឬច្រើនជាងនោះ គេនឹងមិនព្យាយាមធ្វើខ្លួនជា “អ្នកប្រយុទ្ធជិះសេះស” ដែលចូលមកជ្រៀតជ្រែក ប្រាប់ឱ្យគូស្នេហ៍ធ្វើបែបនេះបែបនោះដើម្បីកែបញ្ហា ឬធ្វើខ្លួនដូចថា គឺខ្ញុំនេះឯងដែលអាចកែខៃបញ្ហាគ្រប់បែបយ៉ាងបានទាំងអស់នោះទេ ព្រោះអ្វីដែលគូជីវិតរបស់អ្នកចង់បានពិតប្រាកដនោះគឺ នៅចាំស្ដាប់គេយ៉ាងយល់ចិត្ត ដោយអ្នកគ្រាន់តែនិយាយថា “បង(អូន)នឹងក្បែរអូន(បង)ជានិច្ច” ឬ “មានអ្ីចង់ឱ្យបង(អូន)ជួយ ក៏ប្រាប់មកណា៎” វានឹងមានប្រសិទ្ធភាពខ្លាំងជាងទៅនិយាយថា “នែ ត្រូវធ្វើអ៊ីចេះណា៎!”

    3 . “បង(អូន)ត្រូវការអូន(បង)”

    ប្រាប់ឱ្យគូជីវិតដឹងថា អ្នកត្រូវការរូបគេខ្លាំងប៉ុនណាលើគ្រប់ៗផ្នែក រួមទាំងរឿងលើគ្រែផងដែរ រួចហើយភ្លើងប្រាថ្នារបស់អ្នកទាំងពីរនឹងឆេះព្រឹបឡើងម្ដងទៀត…។

    4 . “អូន(បង)គិតយ៉ាងណាដែរ?”

    ប្រយោគងាយៗ តែមានថាមពលខ្លាំងក្លាយ៉ាងមិនគួរឱ្យជឿ ជាពិសេសពេលពិភាក្សាគ្នាយ៉ាងក្ដៅគគុក សម្ដីនេះនឹងកាត់បន្ថយភាពខ្លាំងក្លាបាន ព្រោះវាជាការបបួលឱ្យស្វាមី ឬភរិយាសម្ដែងគំនិតយោបល់ និងប្រាប់ឱ្យគេដឹងថា អ្នកនៅតែផ្តល់ភាពសំខាន់ចំពោះគំនិតរបស់គេយ៉ាងខ្លាំងជានិច្ច។

    5 . “បើសិនគ្មានបង(អូន) អូន(បង)មិនដឹងទៅជាយ៉ាងណាទេ?”

    នៅពេលដែលអ្នកកំពុងស្ថិតក្នុងស្ថានការណ៍សោកសៅ ឬកំពុងប្រឈមនឹងបញ្ហាសំខាន់ក្នុងជីវិត ហើយមានអារម្មណ៍ល្អឡើងវិញដែលមានគេ(នាង)នៅក្បែរ និងផ្ដល់កម្លាំងចិត្តដល់អ្នកជានិច្ចនោះ ចូរកុំភ្លេចអរគុណគេ(នាង)ដោយប្រយោគនេះ ដើម្បីឱ្យគេ(នាង)បានដឹងថា គេ(នាង)គឺជាកម្លាំងជំរុញដ៏អស្ចារ្យ ធ្វើឱ្យអ្នកមានសេចក្តីសុខ និងធ្វើឱ្យអ្នករំភើបចិត្តមែនទែន។

    6 . “បងស្រស់សង្ហា / អូនពិតជាស្អាតមែន”

    ទោះជាមនុស្សយើងមិនបានសេពគប់គ្នាលើមុខមាត់ ឬរូបរាងខាងក្រៅក៏ដោយ តែក៏មិនអាចបដិសេធបានដែរថា យើងខ្លួនឯងក៏មានអារម្មណ៍ល្អដែរពេលដែលគូជីវិតសរសើរពីរូបរាងមុខមាត់របស់យើង ដែលពាក្យសរសើរបន្តិចបន្តួចទាំងនេះ ដូចជា “បងចូលចិត្តពេលអូនស្លៀកឈុតហ្នឹងមែនទែន” ឬ “បងឯងស្លៀកឈុតហ្នឹងហើយ សង្ហាមែនទែន” ក៏ធ្វើឱ្យគូចីវិតរបស់យើងមានអារម្មណ៍រំភើបសឹងតែហោះបានដែរទោះជារៀបការគ្នាមកយូរឆ្នាំហើយក៏ដោយ។

    7 . “សូមទោសណា៎”

    តើអ្នកបាននិយាយពាក្យមួយប្រយោគនេះលើកចុងក្រោយជាមួយគូជីវិតនៅពេលណាដែរ? សម័យនេះយើងបានឮពាក្យថា សូំទោស កាន់តែតិចទៅហើយ ព្រោះមនុស្សយើងច្រើនតែព្យាយាមរក្សាចរិតលក្ខណៈខ្លួនឯងឱ្យមើលទៅឃើញល្អ និងមិនសូវជាព្រមទទួលស្គាល់ចំពោះអ្វីដែលខ្លួនឯងបានធ្វើខុសឆ្គងប៉ុន្មានឡើយ តែចូរចាំទុកថា…ក្នុងជីវិតអាពាហ៍ពិពាហ៍ដែលសុខដុមរលូនល្អ គូស្នេហ៍ត្រូវមិនវាយឬកដាក់គ្នានោះឡើយ ពេលធ្វើខុស ក៏ត្រូវសូមទោស និងទទួលស្គាល់ចំណុចខុសឆ្គងចំពោះគ្នាទៅវិញទៅមក ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង។

    8 . “និយាយឱ្យបង(អូន)ស្ដាប់ផងមើល៍”

    បើគូស្នេហ៍បានទៅជួបរឿងរ៉ាវដ៏គួរឱ្យរំភើបញាប់ញ័រណាមួយ ឬទើបតែត្រឡប់មកពីដើរលេងកម្សាន្តនោះ ចូរសាកល្បងសុំឱ្យគេរៀបរាប់ឱ្យស្ដាប់បែបមិនបាច់និយាយកាត់ ឬលូកមាត់ម្ដងទៅមើល។ ចង់រឿងតូច រឿងធំ ឬរឿងណាមួយក៏ដោយ ចូរសម្ដែងឱ្យគេដឹងថា យើងកំពុងតែយកចិត្តទុកដាក់ស្ដាប់នូវអ្វីដែលគេរៀបរាប់ប្រាប់នោះ តែប៉ុណ្ណឹងគេក៏នឹងពេញចិត្តបាត់ទៅហើយ។

    9 . “អូន(បង)ឯងនិយាយត្រូវហើយ បង(អូន)ខុសខ្លួនឯង”

    នៅពេលបញ្ហាបានធូរស្រាលឡើងហើយ ប្រយោគនេះនឹងធ្វើឱ្យគេស្ដាប់ឮហើយមានអារម្មណ៍ល្អខ្លាំងបំផុត និងភ្លេចរឿងរ៉ាវដែលបានឈ្លោះគ្នាពីមុនមកសឹងតែទាំងអស់ ដូច្នេះចូរព្យាយាមនិយាយប្រយោគនេះឱ្យបានញឹកញាប់ ទោះជាក្នុងចិត្តរបស់អ្នកអាចគិតថា គេខុស ហើយយើងត្រូវក៏ដោយ!។

    10 . “មិនអីទេ បង(អូន)អត់ទោសឱ្យ”  

    មនុស្សយើង នរណាៗក៏សុទ្ធតែធ្លាប់ធ្វើខុសដែរ អ្នកខ្លួនឯងក៏ដូចគ្នាដែរ! ដូច្នេះការដែលអ្នកអត់ទោសឱ្យគេ វាគឺជាវត្ថុកាដូអនុស្សាវរីយ៍ដ៏មានតម្លៃខ្លាំងបំផុត ទោះជាអ្នកនៅមិនទាន់ចង់លើកលែងទោសឱ្យគេចេញពីដួងចិត្តពិតៗក៏ដោយ តែចូរចាំទុកថា ការធ្វើខ្លួនយើងឱ្យស្រឡះផុតពីភាពឈឺចាប់ និងឈប់រំឭកពីរឿងរ៉ាវដ៏អាក្រក់នោះ វានឹងជួយឱ្យអ្នកលែងមានអារម្មណ៍តានតឹង និងជំរុញឱ្យសម្ព័ន្ធភាពគ្រួសាររលូនល្អឡើងវិញទៀតផង។ ដូច្នេះ រឿងអ្វិដែលអាចចុះចាញ់បាន ក៏ធ្វើចាញ់ៗទៅចុះណា៎ ឡារ៉ែនសូមផ្ដាំ…៕

  • 15 រឿងតូចៗដែលឪពុកម្ដាយគួរធ្វើ ដើម្បីប្រាប់ទៅកូនថា ប៉ាម៉ាក់ស្រឡាញ់កូនណា៎…(វគ្គទី 1)

    15 រឿងតូចៗដែលឪពុកម្ដាយគួរធ្វើ ដើម្បីប្រាប់ទៅកូនថា ប៉ាម៉ាក់ស្រឡាញ់កូនណា៎…(វគ្គទី 1)

    ឪពុកម្ដាយមួយចំនួនអាចនឹងអៀនខ្មាស មិនហ៊ានសម្ដែងចេញជាមួយកូនថា យើងស្រឡាញ់គេ។ រឹតតែកូនខ្លះកាន់តែធំឡើង គម្លាតឆ្ងាយក៏កាន់តែកើនច្រើនឡើង រឹតតែដល់ពេលកូនមានមិត្តភ័ក្តិ មានសង្គមថ្មីៗដែលគេបានជួបផងនោះ អាចនឹងធ្វើឱ្យលោកអ្នកលែងបានទំនាក់ទំនងជាមួយកូនតាមដែលគួរធ្វើបាន។ អូខេ! នាំគ្នាមកផ្លាស់ប្តូរទម្លាប់និស្ស័យរបស់យើងវិញប្រសើរជាង បើសិនជាលោកអ្នកខ្មាស់អៀនក្នុងការនិយាយ អ៊ីចឹងយើងនាំគ្នាមកសាកល្បងធ្វើរឿងទាំងអស់នេះម្ដងវិញប្រសើរជាង ដើម្បីប្រាប់ទៅកូនថា លោកអ្នកស្រឡាញ់ និងកង្វល់បារម្ភពីគេខ្លាំងប៉ុនណា។

    1 . មិនលេងទូរស័ព្ទពេលនៅជាមួយកូន

    នៅពេលអ្នកត្រឡប់មកដល់ផ្ទះ ឬកូនចូលមកក្នុងផ្ទះក្រោយត្រឡប់មកពីសាលា អ្នកគួរផ្ដល់ភាពសំខាន់ចំពោះគេមុនចាប់អារម្មណ៍នឹងទូរស័ព្ទ។ និយាយសាកសួរសុខទុក្ខកូនជាមុន ក្មេងៗនឹងចូលចិត្តណាស់ ព្រោះគេចង់និយាយរឿងនេះរឿងនោះឱ្យអ្នកបានស្ដាប់ច្រើនណាស់។ រដ្ឋាភិបាលនៃប្រទេសស៊ុយអែដបានបង្ហើបឱ្យដឹងថា ក្មេងៗជាង 33% មិនពេញចិត្តដែលឪពុកម្ដាយញៀនទូរស័ព្ទជ្រុលពេក។

    2 . បិទទូរទស្សន៍ និងឧបករណ៍ផ្សព្វផ្សាយផ្សេងៗ

    ពេលព្រឹកគួរតែជាវេលាដែលអ្នកបានផ្ដល់ទៅឱ្យកូន ផ្ដល់កម្លាំងចិត្តដល់គេមុននឹងចេញទៅប្រឈមនឹងរឿងរ៉ាវក្នុងថ្ងៃនេះ។ សាកល្បងប្ដូរពីការមើល ឬស្ដាប់ព័ត៌មានផ្សេងៗមកនិយាយលេងជាមួយកូនម្ដងមើល ធានាថា អ្នកនឹងរឹតតែស្និទ្ធស្នាលជាមួយកូនខ្លាំងឡើងមិនខាន។

    3 . ប្រើពេលវេលាមុនពេលគេងនៅជាមួយកូន

    អំឡុងពេលដែលល្អមួយទៀតក៏គឺ “មុនគេង” រឹតតែជាក្មេងតូចផងនោះ ការបានស្ដាប់រឿងនិទានមុនគេង នឹងជួយសាងសម្ព័ន្ធភាពដល់ក្មេង និងឪពុកម្ដាយ និងខ្លាំងជាងនោះទៅទៀត វានៅបានជួយជំរុញ និងបង្កើនខួរក្បាលកុមារទៀតផង។

    4 . សម្ដែងសេចក្ដីស្រឡាញ់

    ក្មេងនឹងបានដឹងពីសេចក្តីស្រឡាញ់តាមរយៈការប៉ះពាល់។ បើអ្នកមានអារម្មណ៍ថា អ្នកដូចជាឃ្លាតឆ្ងាយពីកូនពេកហើយនោះ​ ក៏អាចនឹងកាន់ស្មា ប៉ះខ្លួនកូនស្រាលៗ តែបើកូននៅតូចវិញ ចូរថើប និងឱបគេជានិច្ច។ ការប៉ះពាល់នឹងជួយកាត់បន្ថយអាការច្រងេងច្រងាង និងការបដិសេធសង្គមរបស់កូនបាន កូនរបស់អ្នកនឹងចូលចិត្តចូលទៅរកអ្នកដទៃ និងមានសេចក្ដីសុខជាមួយការមានបដិសម្ព័ន្ធជាមួយមនុស្សជុំវិញខ្លួន។

    5 . ឱ្យពេលវេលាដល់កូន

    លេងកីឡា ធ្វើម្ហូបអាហារ អានសៀវភៅ និយាយជាមួយកូន ចូរឱ្យពេលវេលាដល់គេ ធ្វើឱ្យដូចអ្នកជាមិត្តភ័ក្តិរបស់គេម្នាក់ដែរ។

    6 . ដាក់ទោសដោយក្ដីស្រឡាញ់

    នៅមានឪពុកម្ដាយជាច្រើននាក់ដែលជឿថា ការដាក់ទោសដោយវិធីហិង្សា នឹងធ្វើឱ្យកូនរាងចាល និងមិនធ្វើខុសទៀត តែអ្នកដឹងទេថា វាប្រែក្លាយជាការបង្រៀនឱ្យកូនយល់ដឹងថា អំពើហិង្សាហ្នឹងអាចកែបញ្ហាការមិនយល់ពីគ្នាបាន ដែលវាជាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះកូននាពេលអនាគតខាងមុខ។ ដូច្នេះហើយចូរដាក់ទោសកូនយ៉ាងមានហេតុ និងផល និងឱ្យគេបានរៀនយល់ដឹងពីកំហុសឆ្គងទាំងនោះ។

    7 . សរសេរសំណេរកំប្លែងៗ ឬផ្ដល់កម្លាំងចិត្តដល់គេ

    សម័យនេះឪពុកម្ដាយអាចនឹងត្រូវផ្ញើសំណេរផ្សេងៗតាមទូរស័ព្ទទៅឱ្យកូនបានហើយ ដូច្នេះចូរកុំផ្ញើតែរឿងការងារ រហូតដល់ភ្លេចការលេងសើចបន្តិចបន្តួចខ្លីៗឱ្យសោះ។ សាកល្បងផ្ញើរសំណេរឆ្លើយតប ឬពាក្យលើកទឹកចិត្តខ្លីៗបែបកំប្លែងៗឱ្យកូនម្ដងមើល៍។

    (នៅមានត)

  • ដំណាំស្ពៃចង្កឹះ និងស្ពៃតឿ

    ដំណាំស្ពៃចង្កឹះ និងស្ពៃតឿ

    ស្ពៃចង្កឹះ ៈ ជាបន្លៃដែលគេនិយមយកទៅធ្វើជាម្ហូបអាហារទាំងស្លឹក និងដើម មានប្រព័ន្ធចាក់ឫសរាក់ៗទៅក្នុងដី មានដើមឈរត្រង់ មួយគុម្ពៗមានទំហំអង្កត់ផ្ចិតប្រមាណជា 1.4 – 1.8 សង់ទីម៉ែត្រ កម្ពស់ប្រមាណជា 43 – 54 សង់ទីម៉ែត្រ មានស្លឹកជារាងបន្ទះមានពណ៌បៃតងចាស់មានលក្ខណៈរាបស្មើ និងដុះឡើងជាលក្ខណៈរីកឡើងទៅលើ។ អាយុនៃការប្រមូលផលគឺប្រមាណជា 35 – 45 ថ្ងៃបន្ទាប់ពីដាក់ដាំ។

    ស្ពៃតឿ ៈ មានដើមកំណើតនៅក្នុងប្រទេសចិន ជប៉ុន អាស៊ីកណ្តាល ត្រូវបាននាំចូលមកដាំនៅក្នុងប្រទេសយើងជាយូរយាុយារណាស់មកហើយ។ ធាងស្លឹកមានពណ៌បៃតងខ្ចី លក្ខណៈសំប៉ែត ចំណែកគល់ធាងមានលក្ខណៈរីកធំ និងក្រាស់ ហើយស្រួច ចុងស្លឹកមូល មិនរួញ ស័ក្តិសមក្នុងការរីកលូតលាស់ធំធាត់ក្នុងសីតុណ្ហភាពចន្លោះពី 20 – 25 អង្សាC តែអាចទ្រាំទ្រនឹងសភាពសីតុណ្ហភាពខ្ពស់បានល្អជាងក្រុមបន្លែស៊ីមើម(ឆៃថាវ ការ៉ុត ជាដើម) ដូច្នេះហើយទើបយើងអាចដាំវាបានពេញមួយឆ្នាំ។

    ការដាំ

    • ការត្រៀមដី ៈ ភ្ជួរដាស់ដីជម្រៅប្រមាណជា 15 – 20 សង់ទីម៉ែត្រ រួចហាលចោល 7 ថ្ងៃ រួចហើយរាស់ ឬជ្រុំបំបែកដីឱ្យល្អិត ដាក់ជីលាមកគោ ឬជីធម្មជាតិក្នុងអត្រា 50 គីឡូក្រាមសម្រាប់ផ្ទៃដី 15 X 100 ម៉ែត្រមុននឹងធ្វើដីឱ្យរាបស្មើ រួចលើកជារងកម្ពស់ 20 សង់ទីម៉ែត្រ X ទទឹង 1 ម៉ែត្រ និងបណ្តោយតាមប្រវែងដី។
    • វិធីដាំ ៈ នឹងប្រើវិធីព្រោះគ្រាប់ ដោយចាប់ផ្តើមពីការយកគ្រាប់ពូជ 1 ចំណែកលាយជាមួយដីខ្សាច់ម៉ដ្ឋ 3 ចំណែក បន្ទាប់ពីនោះគ្របពីលើរងដោយចំបើង រួចស្រោចទឹក ហើយព្រោះគ្រាប់ពូជលាយដីខ្សាច់នោះឱ្យសព្វលើរង បន្ទាប់មកស្រោចទឹកបន្ថែមឱ្យជោគ។ នៅពេលកូនស្ពៃលាស់ឡើងបានអាយុ 20 ថ្ងៃ ឬមានស្លឹក 4 – 5 សន្លឹកហើយ ចូរធ្វើការដកដាក់ដាំបំបែកដោយទុកចម្ងាយពីគ្នាពី​20 – 30 សង់ទីម៉ែត្រ។

    វិធីមើលថែទាំ

    • ការស្រោចទឹក ៈ ស្ពៃចង្កឹះជាដំណាំដែលចូលចិត្តទឹកខ្លាំងណាស់ ដូច្នេះហើយទើបវារីកធំធាត់លូតលាស់បានល្អណាស់ គួរស្រោចទឹកមួយថ្ងៃ 1 – 2 ដង(ព្រឹក និងល្ងាច) ដោយការប្រើចំពួយទឹកផ្កាឈូកក្នុងការស្រោច។ ត្រូវតែកុំឱ្យខ្វះទឹក ព្រោះនឹងធ្វើឱ្យដំណាំស្ពៃឈប់លូតលាស់។
    • ការដាក់ជី ៈ ដាក់ជី យូរៀ (46-0-0) ឬ25-7-7 ចំនួន 30 គីឡូក្រាមសម្រាប់ផ្ទៃដី 15 X 100 ម៉ែត្រ ដើម្បីពន្លឿនការលូតលាស់ធាង និងស្លឹក។ បន្ទាប់ពីដាក់ជីរួចគ្រប់ពេលត្រូវស្រោចទឹកឱ្យជោគភ្លាមៗ ដើម្បីកុំឱ្យជីនៅទើរលើស្លឹកព្រោះនឹងធ្វើឱ្យដំណាំខូចខាតបាន។
    • ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ បាញ់ការពារសត្វល្អិតសត្រូវដំណាំដោយទឹកថ្នាំឱសថបុរាណត្រាំដែលចម្រាញ់ចេញពីស្លឹកស្តៅ ស្បៃរឿង ប៉េងប៉ោះ ទន្រ្ទានខែត្រ ដោយយកទៅបាញ់នៅពេលព្រលប់ ឬពេលព្រលឹម ដើម្បីការពារសត្វដង្កូវស៊ីស្លឹក រួមទាំងអាចដាំដើមផ្កាស្បៃរឿង និងដើមប៉េងប៉ោះនៅចន្លោះៗរងក៏អាចជួយបណ្ដេញសត្វល្អិតបានផងដែរ។

    វិធីប្រមូលផល

    ដំណាំស្ពៃចង្កឹះ និងស្ពៃតឿនេះអាចប្រមូលផលបាននៅពេលដើមមានអាយុគ្រប់ 35 – 45 ថ្ងៃ ចូរប្រើកាំបិតមុតកាត់នៅត្រង់គល់គុម្ពស្ពៃណាដែលល្មមប្រមូលផល និងដោយសារតែបន្លែស្ពៃជារុក្ខជាតិដែលបៀមទឹក ដូច្នេះគួររក្សាទុកនៅក្នុងកន្លែងដែលមានសីតុណ្ហភាពទាប មានកម្រិតភាពសើមប្រមាណជា95 ភាគរយ នឹងអាចរក្សាទុកបានយូរដល់ទៅ 2 – 3 សប្ដាហ៍៕

  • កូនមិនស្ដាប់បង្គាប់ ឪពុកម្ដាយត្រូវប្រញាប់បណ្ដុះនិស្ស័យ 4 យ៉ាងនេះឱ្យបានមុនអាយុ 8 ឆ្នាំ!

    កូនមិនស្ដាប់បង្គាប់ ឪពុកម្ដាយត្រូវប្រញាប់បណ្ដុះនិស្ស័យ 4 យ៉ាងនេះឱ្យបានមុនអាយុ 8 ឆ្នាំ!

    កូនមិនសូវស្ដាប់បង្គាប់ឪពុកម្ដាយ ទង្វើនេះនឹងចាប់ផ្ដើមធ្ងន់ធ្ងរឡើងមែនទែននៅពេលកូនឈានចូលដល់វ័យ 8 – 12 ឆ្នាំ ដែលជាអំឡុងវ័យនៃការមានឥស្សរភាពក្នុងការសម្រេចចិត្ត ព្រោះកុមារក្នុងវ័យនេះនឹងចាប់ផ្ដើមចេះគិត និងមានបុគ្គលភាពជារបស់ខ្លួនឯងច្បាស់លាស់ មើលអ្វីជុំវិញខ្លួន និងសម្រេចចិត្តតាមបែបរបស់ខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ការយល់ឃើញពីមនុស្សចាស់ឡើយ។

    ថ្ងៃនេះទំព័រគ្រួសាររបស់ទស្សនាវដ្តីឡារ៉ែនសូមអនុញ្ញាតពាំនាំពាក្យណែនាំពីអ្នកជំនាញខាងចិត្តសាស្រ្តគ្រួសារ និងកុមារដែលបានរៀបរាប់យ៉ាងលម្អិត ព្រមទាំងដំបូន្មានសម្រាប់ឪពុកម្ដាយ ក្នុងការចិញ្ចឹមថែទាំកូនជាមួយនឹងជំនាញ 4 យ៉ាងសំខាន់ៗដែលគួរតែបង្ហាត់បង្រៀនកូនឱ្យបានមុននឹងកូនឈានទៅដល់អាយុ 8 ឆ្នាំមកជូនជ្រាបជាចំណេះដឹងដូចតទៅ។

    1 . សាងទម្លាប់ឱ្យស្រឡាញ់ការអាន

    នៅពេលដែលកូនមានទម្លាប់ និងឧបនិស្ស័យនេះហើយ នឹងជួយបន្ធូរកម្លាំងឪពុកម្ដាយបានច្រើនណាស់ ដែលសំខាន់នោះគឺ ក្នុងពេលដែលកូនចាប់ផ្ដើមចេះគិត ចេះសម្រេចចិត្ត និងសម្លឹងអ្វីៗជុំវិញខ្លួនដោយទស្សនៈរបស់គេហើយ។ គឺជាវិធីមួយទៀតដែលកូននឹងបានទទួលឥទ្ធិពលខាងការគិតល្អៗ និងពេលដែលកូនស្ដាប់យើងកាន់តែតិច និងចង់ស្ដាប់អ្នកដទៃច្រើនឡើងនោះ សៀវភៅល្អៗជួយផ្លាស់ប្ដូរជីវិត រឹតតែក្នុងយុគសម័យដែលមានព័ត៌មានល្អៗ ងាយស្រួលចូលដល់ផងនោះ យើងចង់អភិវឌ្ឍជីវិតលើផ្នែកណាមួយ ក៏អានសៀវភៅរបស់អ្នកដែលជោគជ័យក្នុងរឿងនោះ។ ចង់ជោគជ័យក្នុងជីវិត ក៏មានសាស្រ្តានៃភាពជោគជ័យឱ្យអាន ចង់ជោគជ័យផ្នែកហិរញ្ញវត្ថុ ការងារ សម្ព័ន្ធភាព សុខភាព ចិត្តវិញ្ញាណ គ្រប់យ៉ាងសុទ្ធមានឯកសារល្អៗទាំងអស់។ បើកូនស្រឡាញ់ការអានហើយបានអនុវត្តទៀតផងនោះ ជីវិតនឹងពេញទៅដោយសេចក្ដីសុខ បានជោគជ័យដូចបំណង មានពេលវេលា មានកម្លាំង និងបានចែករំលែករឿងល្អៗដល់សង្គមទៀតផងក៏អាចថាបានដែរ។

    2 . បង្ហាត់ជំនាញពីការធ្វើជាម្ចាស់លើអារម្មណ៍ខ្លួនឯង

    រឿងសំខាន់មួយដែលត្រូវតែមានគឺ “ជំនាញនៃការគ្រប់គ្រងខ្លួនឯង” គឺជាឧបនិស្ស័យមួយសំខាន់ខ្លាំងណាស់ដែលមនុស្សជោគជ័យត្រូវតែមាន!។ ចាប់ផ្ដើមពីចំណុចទី 6 នៅក្នុងសៀវភៅពេទ្យ និងការហ្វឹកហាត់កុមារៗតាមរយៈស្ថានការណ៍ក្នុងជីវិតប្រចាំថ្ងៃ។ កុមារដែលមានជំនាញនៃការធ្វើជាម្ចាស់លើអារម្មណ៍ នឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ មិនថាផ្នែកក៏ដោយ។ គ្រប់គ្រងខ្លួនឯងតទល់នឹងកម្លាំងជំរុញឱ្យចង់លេងហ្គេម ចង់ទិញនេះទិញនោះ ខឹងក្រេវក្រោធពេលត្រូវអ្នកដទៃថាឱ្យ ឬអ្នកដទៃធ្វើបាបជាដើម ក្មេងដែលមានជំនាញលើការគ្រប់គ្រងអារម្មណ៍ខ្លួនឯង នឹងចេះអត់ទ្រាំ ចេះរង់ចាំ និងចេះចាត់ការដោយសន្តិវិធី។ ជំនាញនេះអាចមិនបានមកភ្លាមៗក្នុងវ័យនេះទេ តែបើមានគ្រឹះមូលដ្ឋានដែលល្អហើយ នឹងទទួលបានជោគជ័យ 50 % មុនបាត់ទៅហើយ!។

    3 . ជំនាញនៃការធ្វើជាម្ចាស់លើតិចណូឡូជី

    មុននឹងយើងចង់ប្រគល់ឱ្យ ឬអាណាព្យាបាលខ្លះនឹងប្រគល់ទូរស័ព្ទស្មាតហ្វូនទៅឱ្យកូន យើងត្រូវប្រគល់ជំនាញនេះ(ជំនាញនៃការធ្វើជាម្ចាស់លើតិចណូឡូជី)ឱ្យទៅកូនជាមុនសិន ព្រោះតិចណូឡូជីត្រូវបានច្នៃម៉ូដឡើងឱ្យមនុស្សចាប់អារម្មណ៍ ឱ្យមនុស្សចូលចិត្តលេង ចង់ប្រើម្ដងហើយម្ដងទៀតហ្នឹងឯង។ សាកល្បងមើលមនុស្សធំក្នុងយុគសម័យនេះចុះ យើងខ្លួនឯងនៅពិបាកគ្រប់គ្រងខ្លួនឯងផង ចុះទម្រាំក្មេងដែលនៅមិនទាន់បានទទួលការហ្វឹកហាត់ការគ្រប់គ្រងខ្លួនឯងផងនោះ នឹងទៅជាយ៉ាងណា? ដូច្នេះបើបង្ហាត់កូនឱ្យចេះប្រើ ចេះស្វែងរកចំណេះ និងចេះធ្វើជាម្ចាស់លើតិចណូឡូជីនឹងមានប្រយោជន៍ច្រើនណាស់ចំពោះជីវិត។

    4 . ជំនាញនៃការធ្វើជាចៅហ្វាយនាយរបស់លុយ

    កុមារគួរតែបានទទួលការបង្ហាត់បង្រៀនពីការមើលឃើញពីគុណតម្លៃរបស់អ្វីដែលយើងមាន។ កុមារគួរតែបានស្គាល់ពាក្យថា “ចាំបាច់” និង “តម្រូវការ”។ កុមារគួរតែបានរៀនយល់ដឹងពីការគ្រប់គ្រងចាត់ចែងលុយកាក់ ដោយមានម្ដាយនៅចាំមើលថែទាំ និងឱ្យអំណាចបន្តិចម្ដងៗក្នុងការប្រើប្រាស់លុយកាក់របស់គេម្ដងបន្តិចៗ។ ជំនាញក្នុងរឿងនេះ លទ្ធផលដែលនឹងតាមមកគឺ កុមារនឹងបានដឹងពីគុណតម្លៃរបស់ប្រាក់ ដឹងថា លុយកាក់មាសប្រាក់មិនមែនធ្លាក់ចុះមកពីលើមេឃទេ ចេះគ្រប់គ្រងការគិត មានគំនិតច្នៃប្រឌិតលើការចាយវាយលុយដើម្បីឱ្យកើតមានក្តីមោទនភាពលើខ្លួនឯងនាពេលអនាគត៕

  • មិនដែលភ្លេច! អ៊ីរ៉ង់ ផលិតមីស៊ីលថ្មី ដាក់ឈ្មោះមេទ័ព ដែលត្រូវបានសម្លាប់ដោយអាមេរិក

    មិនដែលភ្លេច! អ៊ីរ៉ង់ ផលិតមីស៊ីលថ្មី ដាក់ឈ្មោះមេទ័ព ដែលត្រូវបានសម្លាប់ដោយអាមេរិក

    ថ្មីៗនេះ កងទ័ព​អ៊ីរ៉ង់ បាន​បញ្ចេញ​មី​ស៊ី​ល​ថ្មី 2ប្រភេទ គឺ​ប្រ​ភ​ទ​ទី1 ជា​មី​ស៊ី​ល​បាលី​ស្ទិ​ក បាញ់​ពី​ផ្ទៃដី ទៅលើ​គោលដៅ​លើ​ផ្ទៃដី និង​ប្រភេទ 1ទៀត ជា​មី​ស៊ី​ល​លឿន​ជាង​សំឡេង (Cruise Missile)។

    មី​ស៊ី​ល​បាលី​ស្ទិ​ក​ទាំង 2ប្រភេទ​នោះ ត្រូវបាន​ដាក់ឈ្មោះថា «The Martyr Hajj Qasem» ដើម្បី​ជាការ​រំឭក​ដល់​មេទ័ព​ឈ្មោះ Qasem Soleimani។ ឯ​មី​ស៊ី​ល (Cruise) ក៏ត្រូវ​បានដាក់​ឈ្មោះថា «Martyr Abu Mahdi Al-Muhandis» ដែរ ដើម្បី​រំឭក​ដល់​លោក Abu Mahdi Al-Muhandis ដែលជា​មេដឹកនាំ​កងកម្លាំង Hashd al-Shaabi Shiite ជា​អ្នក​ដែល​ត្រូវបាន​អាមេរិក​សម្លាប់​ជាមួយ​លោក Soleimani ។

    សូម​ជម្រាបជូន​ផងដែរ​ថា ប្រទេស​អ៊ីរ៉ង់ មិនដែល​ភ្លេច អំពី​ការស្លាប់​របស់​មេទ័ព​កំពូល​លោក Qasem Soleimani ដែល​ត្រូវបាន​សម្លាប់​ដោយ​ដ្រូ​ន​របស់​អាមេរិក កាលពី​ខែមករា ឆ្នាំ2020ឡើយ៕

  • អ្នកជំនាញហិរញ្ញវត្ថុ បង្ហាញវិធីសាស្ត្រ4ចំណុចសម្រាប់អ្នកវិនិយោគវ័យក្មេង

    អ្នកជំនាញហិរញ្ញវត្ថុ បង្ហាញវិធីសាស្ត្រ4ចំណុចសម្រាប់អ្នកវិនិយោគវ័យក្មេង

    ការវិនិយោគ ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​ជំរុញ​ឱ្យ​មនុស្ស​គ្រប់គ្នា​អាច​អភិវឌ្ឍ​បាន​លឿន ក៏ដូចជា​ធ្វើឱ្យមាន​សមត្ថភាព​កាន់តែខ្លាំង​លើ​រឿង​ហិរញ្ញវត្ថុ។

    លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ បាន​លើកឡើងថា អ្នកវិនិយោគ​ជោគជ័យ​របស់​អាមេរិក លោក Ray Dalio សព្វ​ថ្ងៃជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​មូលនិធិ​វិនិយោគ​ដែលមាន​ទ្រព្យសកម្ម​សរុប​ជាង160ពាន់​លាន​ដុល្លា។ ហើយ​លោក​មានទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន​ជាង18ពាន់​លាន​ដុល្លា​ដែល​ស្មើនឹង​ជាង60%នៃ​ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា។ អ្នកជំនាញ​បានបង្ហាញ​ជា​មេរៀនល្អៗដល់​អ្នកវិនិយោគ​វ័យក្មេង​លើ​ចំណុចសំខាន់ៗចំនួន 4ចំណុច។

    1. ចាប់ផ្តើម​វិនិយោគ​នៅ​វ័យក្មេង៖ លោក​វិនិយោគ​លើ​ផ្សារ​ហ៊ុន​តាំងពី​លោក​មាន​អាយុ12ឆ្នាំ។
    2. កសាង​សមត្ថភាព​តាមរយៈ​ការរៀន និង​សុំ​យោបល់​ពី​អ្នកដទៃ៖

    លោក​តែង​សុំ​ការណែនាំ​ពី​អ្នកជំនាញ​នៅពេល​លោក​អាន​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ដែល​លោក​វិនិយោគ។ លោក​ក៏បាន​បញ្ចប់​ការសិក្សា​ផ្នែក​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ​Harvard University ផងដែរ។

    1. មាន​ភាព​អំណត់ និង​ចេះ​សន្សំ​ប្រាក់​ដើម្បី​វិនិយោគ៖

    កាល​លោក​អាយុ12ឆ្នាំ លោក​ធ្វើការ​ជា​កម្មករ​នៅ​ក្លឹប​វាយកូនគោល លក់​កាសែត និង​ស៊ីឈ្នួល​កាត់​ស្មៅ​សន្សំ​ប្រា​ក់បាន300ដុល្លា​រួច​ចាប់ផ្តើម​វិនិយោគ​លើ​ផ្សារ​ហ៊ុន​ដំបូង។

    1. គិត​វិជ្ជមាន និង​រៀន​ពី​ភាពបរាជ័យ៖

    ទស្សនៈ​របស់លោក​គឺ ការចេះ​ឆ្លុះបញ្ចាំង​ពី​ការឈឺចាប់​ជា​បច្ច័យ​នាំអោយ​ទទួលបាន​ភាព​រី​ក​ចំរើន (Pain + Reflection = Progress)៕