Category: សង្គម និងសេដ្ឋកិច្ច

  • ជប៉ុន ផលិតដ្រូនយក្ស អាចឱ្យមនុស្សបើកបាន ចន្លោះពី 10 ទៅ 30នាទី

    ជប៉ុន ផលិតដ្រូនយក្ស អាចឱ្យមនុស្សបើកបាន ចន្លោះពី 10 ទៅ 30នាទី

    ក្រុមហ៊ុន​ជប៉ុន SkyDrive Inc., អាច​ផលិត​មធ្យោបាយ​ធ្វើដំណើរ​ទំនើប​បំផុត​មួយ​ក្នុង​សតវត្ស​ទី21 នេះ។ មធ្យោបាយ​ដ៏​ទំនើប​នោះ​មាន​រហស្សនាម​ថា ‘Flying Car’ ឬ “រថយន្ត​ហោះ” វា​មាន​សណ្ឋាន​មិន​ដូច helicopters ទេ តែមាន​រូបរាង​ដូច  Drone ដ៏​ធំ​មួយ មាន​ស្លាប4 ជុំវិញ​ដែល​អាចឱ្យ​មនុស្ស​បញ្ជា​លើ​វា​ដោយផ្ទាល់ ហើយ​តួនាទី​របស់​វា គឺ​សម្រាប់​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស ដែល​អាច​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន។

    តាក់ស៊ី​អាច​ហោះ​បាន​នេះ ឈ្មោះ​ពិត​គឺ The SkyDrive SD-03 បានធ្វើ​តេស្ដ​ដោយ​ជោគជ័យ​រួចមកហើយ​កាលពី​ចុងខែ​សីហា 2020 ថ្មីៗនេះ។ ក្នុងអំឡុងពេល​សាកល្បង  Drone ដ៏​ធំ​នេះ​អាច​ហោះ​បាន ចន្លោះ​ពី 10 ទៅ 30នាទី។

    ក្រុមហ៊ុន ក៏បាន​បញ្ជាក់ថា ចង្វាក់​ផលិតកម្ម​របស់​វា នឹង​បញ្ចប់​រួចរាល់​ត្រឹម​ឆ្នាំ2023 ខាងមុខនេះ មានន័យថា លទ្ធភាព​នៃ​ការ​ចរាចរណ៍​រថយន្ត​តាក់ស៊ី​ហោះ​មួយ​នេះ ក៏​នឹង​ចូលក្នុង​ទីផ្សារ​បាន​នៅ​ឆ្នាំ​នោះដែរ។

    SkyDrive ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​លេចធ្លោ​ទាំងឡាយ ដែល​ធ្វើការ​លើ​គម្រោង “Flying car” របស់​ជប៉ុន។ ក្រៅពីនោះ​មាន​មិនតិចជាង 10ក្រុមហ៊ុន​នោះទេ ដែល​កំពុង​សិក្សា និង​អភិវឌ្ឍ​លើ​គម្រោង​មួយ​នេះ ដូចជា អាល្លឺម៉ង់, និង​ចិន​ជាដើម៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

  • មានទ្រព្យ125ពាន់លានដុល្លារ តើលោក Bill Gates ទុកប្រាក់ទាំងនោះនៅទីណាខ្លះ?

    មានទ្រព្យ125ពាន់លានដុល្លារ តើលោក Bill Gates ទុកប្រាក់ទាំងនោះនៅទីណាខ្លះ?

    តើអ្នកនឹងធ្វើអ្វីខ្លះជាមួយនឹងប្រាក់កាសរបស់ខ្លួន នៅពេលក្លាយជាអ្នកមានលំដាប់ទី2ក្នុងពិភពលោក?

    ក្នុងពេលបច្ចុប្បន្ន លោក Bill Gates មានទ្រព្យសរុបចំនួន125ពាន់លានដុល្លារអាមេរិក ដែលប្រភពចំណូលរបស់គាត់ ភាគច្រើនបានមកពីក្រុមហ៊ុន Microsoft។ ឆ្នាំ2014 លោក Gates បានលាលែងពីតំណែងប្រធានក្រុមហ៊ុននេះ ប៉ុន្តែ នៅតែកាន់កាប់ភាគហ៊ុនចំនួន1.34% នៅក្នុងក្រុមហ៊ុនដែលខ្លួនបានបង្កើតឡើង។

    មានមនុស្សជាច្រើន ឆ្ងល់ថា មានទ្រព្យច្រើនយ៉ាងនេះ តើលោកទុកវានៅទីណា? ចម្លើយគឺថា លោករក្សាទុកនៅក្នុងខ្ទង់វិនិយោគ និងសកម្មភាពជំនួញ។ល។ ខាងក្រោមនេះគឺជា “ទីកន្លែង” មួយចំនួនដែលលោក Bill Gates កំពុងរក្សាទ្រព្យរបស់ខ្លួន៖

    1.វិនិយោគទៅលើក្រុមហ៊ុនផ្សេងៗ

    ទ្រព្យសម្បត្តិភាគច្រើនរបស់លោក Gates ត្រូវបានកាន់កាប់ដោយ Cascade Investment LLC ដែលជាក្រុមហ៊ុនមួយត្រូវបានគ្រប់គ្រងដោយលោក Bill Gates ដើម្បីចាត់ចែងខ្ទង់វិនិយោគនានាលោក។ ថ្វីបើមិនមែនជាក្រុមហ៊ុនសាធារណៈ (Publicly listed company) ប៉ុន្តែសកម្មភាពជំនួញមួយចំនួនរបស់ Cascade នៅតែត្រូវបានតម្រូវឱ្យរាយការណ៍ទៅកាន់គណៈកម្មការមូលបត្រ និងផ្សារហ៊ុនអាមេរិក (SEC)។

    ខ្ទង់វិនិយោគមួយចំនួនដែលគ្រប់គ្រងដោយក្រុមហ៊ុន Casade៖

    – Arcos Dorados Holdings៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 8.5លានហ៊ុន។ តម្លៃ៖ 26.2លានដុល្លារ
    – AutoNation: ភាគហ៊ុនដែលកំពុងកាន់កាប់៖ 18.4លានហ៊ុន។ តម្លៃ៖ 436.6លានដុល្លារ។
    – Berkshire Hathaway៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 6លានហ៊ុន។ តម្លៃ៖ 1.07លានដុល្លារ។
    – Canadian National Railway: ភាគហ៊ុនដែលកំពុងកាន់កាប់៖ 101លានហ៊ុន។ តម្លៃ៖ 7.6ពាន់លានដុល្លារ។
    – Coca-Cola ភាគហ៊ុនដែលកំពុងកាន់កាប់៖ 25លានហ៊ុន។ តម្លៃ៖ 977លានដុល្លារ។
    – Deere & Co៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 31.5លានហ៊ុន។ តម្លៃ៖ 4.2ពាន់លានដុល្លារ។
    – Ecolab៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 30លានហ៊ុន។ តម្លៃ៖ 4.5ពាន់លានដុល្លារ។
    – Otter Tail៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 3.4លានហ៊ុន។ តម្លៃ៖ 142លានដុល្លារ។
    – Republic Services៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 108លានហ៊ុន។ តម្លៃ៖ 7.8ពាន់លានដុល្លារ។
    – Waste Management៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 614លានហ៊ុន។ តម្លៃ៖ 1.3ពាន់លានដុល្លារ។
    – Legg Mason fund៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 13លានហ៊ុន។ តម្លៃ៖ 131លានដុល្លារ។

    ក្រៅពីនេះ លោក Gates ក៏ជាប្រធានក្រុមហ៊ុន TerraPower ដែលជាអ្នករចនារោងចក្រថាមពលនុយក្លេអែរផងដែរ។ តាមរយៈការិយាល័យ Gates Venture របស់ខ្លួន លោក Gates ក៏បាននិងកំពុងឧបត្ថម្ភប្រាក់យ៉ាងច្រើនទៅលើគម្រោងថាមពលស្អាត អប់រំ សុខាភិបាល និងកម្មវិធីកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោកទៀតផង។

    2.អចលនទ្រព្យ

    ទន្ទឹមនឹងការវិនិយោគទៅលើក្រុមហ៊ុនផ្សេងៗ លោក Bill Gates ថែមទាំងទិញទ្រព្យជាក់ស្ដែងផងដែរ មានដូចជាអចលនទ្រព្យដែលមានផ្ទៃដៃដ៏ធំសម្បើមមួយ និងកោះឯកជនមួយទៀត។

    Xanadu 2.0 ដែលជាភូមិគ្រឹះមួយរបស់លោក Gates នៅតំបន់ Seattle គឺជាជុំរុំផ្ទះដ៏ធំមួយនៅក្បែរសមុទ្រ ជិតបឹងវ៉ាស៊ីងតោន។ Xanadu 2.0 ត្រូវបានគេគណនាឃើញថា មានតម្លៃ131.1លានដុល្លារ។

    ឆ្នាំ2013 លោក Gates ចាប់ផ្ដើមទិញអចលនទ្រព្យនៅ Florida។ លោកបានទិញភូមិគ្រឹះមួយដែលមានបន្ទប់គេងចំនួន4 និងកសិដ្ឋានចិញ្ចឹមសេះ ដែលមានតម្លៃ 8.7លានដុល្លារ។ ឆ្នាំ2016 លោកក៏បានទិញដីដែលនៅក្បែរនោះ ធ្វើឱ្យតម្លៃសរុបឡើងដល់35.87លានដុល្លារ។ ឆ្នាំ2019 លោកបានចំណាយ21លានដុល្លារសម្រាប់ទិញកសិដ្ឋានចិញ្ចឹមសេះមួយផ្សេងទៀតផងដែរ។

    លោក Bill Gates ក៏ជាម្ចាស់របស់ Grand Bogue Caye ដែលជាកោះធំជាងគេបង្អស់របស់ប្រទេសបេលីហ្ស (Belize) នៅអាមេរិកកណ្ដាល។ លោក Gates បានទិញកោះ Grand Bogue Caye នេះ ក្នុងតម្លៃ25លានដុល្លារ។

    3.យន្តហោះ និងរថយន្ត

    គិតមកដល់ឆ្នាំ2018 លោក Gates មានយន្តហោះប្រតិកម្ម Bombardier BD 700 Global Express ចំនួន2គ្រឿង ដែលមានតម្លៃឡើងដល់45លានដុល្លារ/គ្រឿង។ លោកក៏ជាអ្នកគាំទ្ររបស់ Porsche ផងដែរ ប៉ុន្តែ ពេលបើកបរនៅក្នុងតំបន់ដែលខ្លួនរស់នៅ លោក Gates ជិះតែរថយន្ត Mercedes ធម្មតាប៉ុណ្ណោះ។

    4.ប្រមូលទិញវត្ថុមានតម្លៃ

    លោក Bill Gates កំពុងកាន់កាប់វត្ថុមានតម្លៃជាច្រើន មានដូចជាលិខិតព្រាងសរសេរដោយដៃមួយច្បាប់ដ៏ល្បីល្បាញដែលមានឈ្មោះថា Leonardo Da Vinci តម្លៃ30.8លានដុល្លារ និងស្នាដៃនិពន្ធជាច្រើន ដូចជា រឿង Distant Thunder មានតម្លៃ7លានដុល្លារ រឿង The Nursery តម្លៃ10លានដុល្លារ រឿង Room of Flowers តម្លៃ20លានដុល្លារ រឿង Lost on The Grand Banks តម្លៃ36លានដុល្លារ និងរឿង Polo Crowd តម្លៃ28លានដុល្លារ។

    5.សកម្មភាពមនុស្សធម៌

    មានទ្រព្យ125ពាន់លានដុល្លារ តើលោក Bill Gates ទុកប្រាក់ទាំងនោះនៅទីណាខ្លះ?
    លោក​ Bill Gates និង​ភរិយា​ លោក​ស្រី​ Melinda Gates

    ចាប់តាំងពីត្រូវបានបង្កើតឡើងកាលពីឆ្នាំ1994 មូលនិធិមនុស្សធម៌ Bill & Melinda Gates បានបរិច្ចាគប្រាក់រាប់សិបពាន់លានដុល្លារ ក្នុងគោលដៅដ៏ល្អប្រពៃសម្រាប់មនុស្សជាតិ។ ជាងនេះ ក៏នៅមានមូលនិធិមនុស្សធម៌ផ្សេងទៀតដែលលោក Bill Gates និងលោក Warren Buffett ជាអ្នកបង្កើតឡើង ក្នុងបំណងទទួលការរួមចំណែកវិភាគទានផ្នែកមនុស្សធម៌ពីក្រុមអ្នកមានដទៃទៀតផងដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • 5 ហេតុផល ដែលគូស្វាមី-ភរិយាថ្មោងថ្មីត្រូវតែទៅក្រេបរាត្រីច័ន្ទទឹកឃ្មុំ

    5 ហេតុផល ដែលគូស្វាមី-ភរិយាថ្មោងថ្មីត្រូវតែទៅក្រេបរាត្រីច័ន្ទទឹកឃ្មុំ

    ធ្លាប់នឹកសង្ស័យដែរឬទេថា ហេតុអ្វីបានជាគូអាពាហ៍ពិពាហ៍ថ្មោងថ្មីត្រូវតែទៅក្រេបរាត្រីច័ន្ទទឹកឃ្មុំ( Honeymoon ) តើវាជាច្បាប់កំណត់ ជាទំនៀមទម្លាប់ ឬជាអ្វី? និងបើគូស្នេហ៍ដូចរូបយើងមិនទៅហានីមូន តើខុសដែរឬទេ? ព្រោះជាធម្មតាយើងក៏តែងធ្វើដំណើរកម្សាន្តញឹកញាប់ស្រាប់ទៅហើយតើ! ហើយពាក្យថា “ក្រេបរាត្រីច័ន្ទទឹកឃ្មុំ” នេះវាកើតចេញមកទីកន្លែងណាទៅ ហេតុអីចាំបាច់ពិសេសជាងគេជាងឯង?។ គូអាពាហ៍ពិពាហ៍ថ្មីថ្មោងទាំងឡាយមិនចាំបាច់ឆ្ងល់ច្រើនទេ សូមនាំគ្នាមើលចម្លើយដូចតទៅ។

    Honeymoon ឬរាត្រីក្រេបច័ន្ទទឹកឃ្មុំនេះមានប្រភពមកពីខាងបណ្ដាប្រទេសអឺរ៉ុបដែលបានប្រៀបធៀបការហានីមូននេះទៅនឹងការឡើង-ចុះរបស់ដួងព្រះច័ន្ទ ព្រោះអំឡុងខែដំបូងនៃការរៀបការ សេចក្ដីស្នេហានឹងក្រអូបផ្អែមឆ្អិតប្រៀបដូចទឹកឃ្មុំ ទើបហៅថា ហានីមូន។ តមកនាពេលក្រោយៗនេះ គូស្នេហ៍នៃសង្គមអភិជនក្នុងទ្វីបអឺរ៉ុបច្រើនតែធ្វើដំណើរទៅសួរសុខទុក្ខសាច់ញាតិដែលមិនបានមកចូលរួមពិធីមង្គលការនៅតាមទីក្រុងផ្សេងៗ ឬនៅក្រៅប្រទេស ដែលអាចរាប់បានថា ជាការធ្វើដំណើរកម្សាន្តដើម្បីបន្ធូរភាពតានតឹងពីការរៀបចំពិធីមង្គលការផងដែរ រហូតធ្វើឱ្យការទៅហានីមូននេះក្លាយជាទំនៀមទម្លាប់មួយដែលមិនអាចខកខានបាននាពេលបច្ចុប្បន្ននេះ។

    La reine wedding tips មានហេតុផល 5 យ៉ាងដែលគូស្នេហ៍អាពាហ៍ពិពាហ៍ទាំងឡាយគួរតែទៅហានីមូនមកជម្រាបជូន ដើម្បីឱ្យគូស្វាមី-ភរិយាថ្មោងថ្មីមួយចំនួនដែលមើលមិនឃើញពីភាពចាំបាច់របស់ការទៅហានីមូននេះក្រោកឡើងមករៀបចំដំណើរកម្សាន្តក្រេបរាត្រីច័ន្ទទឹកឃ្មុំដ៏សែនផ្អែមល្ហែមនេះជាមួយគ្នា។

    1 . បន្ធូរអារម្មណ៍តានតឹងពីការរៀបចំពិធីមង្គលការ

    ទិដ្ឋភាពនៃពិធីមង្គលការដែលអ្នកទាំងពីរបាននឹករំពឹងទុកនោះ ប្រាកដណាស់ វាច្បាស់ជាត្រូវធ្វើនេះធ្វើនោះច្រើនណាស់ និងពេញទៅដោយការងារសំខាន់ៗ ទាំងការរៀបផែនការចាត់ពិធី ទីកន្លែង ធៀបការ វត្ថុអនុស្សាវរីយ៍ និងនេះនោះជាច្រើនទៀត ដូច្នេះទើបគូស្នេហ៍ពោរពេញទៅដោយភាពតានតឹងក្នុងអារម្មណ៍​ និងភាពនឿយហត់ពីការរៀបចំពិធីមង្គលការនេះ អ៊ីចឹងហើយទើបការទៅហានីមូនប្រៀបដូចជាទៅសម្រាកលម្ហែបន្ធូរភាពនឿយហត់ទាំងអស់របស់អ្នកទាំងពីរដែរ។

    2 . ជប់លៀងតែពីរនាក់ស្ងាត់ៗ

    ជាការពិតហើយដែលអ្នកទាំងពីរបានធ្វើពិធីជប់លៀងពិធីមង្គលការធំដុំ មានញាតិមិត្តមករួមសម្ដែងក្ដីសោមនស្សរីករាយជាច្រើននោះ តែកុំគិតថាការជប់លៀងបែបស្ងាត់ៗតែពីរនាក់តទល់មិនសំខាន់ឱ្យសោះ តែវាថែមទាំងជារឿងដែលចាំបាច់ខ្លាំងទៀតផង ជាពិសេសចំពោះសុភាពនារីអាចនិយាយបានថា ជារឿងមួយដែលមិនអាចខ្វះបានឡើយនៅក្នុងសម្ព័ន្ធភាពនៃជីវិតអាពាហ៍ពិពាហ៍ គឺជាការបន្ថែមភាពផ្អែមល្ហែមដល់ជីវិតគូក៏អាចថាបានដែរ។ រឹតតែក្នុងអំឡុងពេលដែលផ្អែមល្ហែមបំផុតពេលហានីមូនផងនោះ ក្រៅពីបានទៅដើរលេងកម្សាន្តហើយ នៅមានផែនការជប់លៀងជាមួយគ្នាតែពីរនាក់ស្ងាត់ៗទៀតផង។ គិតមើលលេងៗទៅមើលថា តើគូស្នេហ៍របស់អ្នកនឹងមានសេចក្ដីសុខប៉ុនណាទៅ?។ សូមកុំភ្លេចថា រឿងការធ្វើឱ្យមានរឿងភ្ញាក់ផ្អើលល្អៗ គឺជារឿងចាំបាច់មួយសម្រាប់ជីវិតគូ ព្រោះរឿងទាំងអស់នេះបានសាងភាពរីករាយ និងសេចក្ដីសុខខ្លាំងមែនទែន។

    3 . រៀនយល់ដឹងពីគ្នាទៅវិញទៅមក

    អំឡុងពេលហានីមូន គឺជាឱកាសដែលអ្នកទាំងពីរបាននៅជាមួយគ្នា 24 ម៉ោង បានដើរលេង ប្រឡែងគ្នា និងកាន់ដៃគ្នា អាចហៅបានថា ជាអំឡុងពេលផ្អែមល្ហែមបំផុតមួយនៃជីវិតអាពាហ៍ពិពាហ៍។

    អំឡុងពេលនេះអ្នកទាំងពីរនឹងមានសេចក្តីសុខបែបផុតកំពូល អ្វីៗក៏មើលទៅល្អ មើលទៅគួរឱ្យស្រឡាញ់ទាំងអស់ ដូច្នេះគឺពេលនេះហើយដែលជាចង្វាក់ល្អបំផុតដែលអ្នកនឹងបានស្គាល់ពីគូស្នេហ៍របស់ខ្លួនយ៉ាងស៊ីជម្រៅ អាចនិយាយបានថា បានសម្របសម្រួលខ្លួន បានរៀនយល់ដឹងពីគ្នាទៅវិញទៅមកយ៉ាងពេញទំហឹង មុននឹងត្រឡប់ទៅរស់នៅក្នុងជីវិតក្រោយអាពាហ៍ពិពាហ៍យ៉ាងពិតប្រាកដ។

    4 . មានពេលវេលានៅជាមួយគ្នាតែពីរនាក់

    គូស្នេហ៍ភាគច្រើនៗតែមានពេលវេលានៅជាមួយគ្នាតែពីរនាក់មិនច្រើនប៉ុន្មានឡើយក្នុងអំឡុងមុនពេលរៀបការ ដូច្នេះទើបការហានីមូនជាវិធីមួយដែលនឹងធ្វើឱ្យអ្នកទាំងពីរបានផ្អែមល្ហែមជាមួយគ្នាដូចចិត្តប្រាថ្នា ដូចពាក្យថា “ការធ្វើដំណើរផ្លូវឆ្ងាយ ធ្វើឱ្យយើងខិតជិតគ្នា”។

    5 . រៀបចំផែនការអនាគតរួមគ្នា

    ការទៅហានីមូនប្រៀបដូចជាការបើកឱកាសឱ្យទាំងពីរនាក់បាននៅជាមួយគ្នា ដោយគ្មាននរណាផ្សេងមកពាក់ព័ន្ធ។ ឱកាសនេះស័ក្តិសមបំផុតក្នុងការជជែកពិភាក្សាគ្នាយ៉ាងបើកចំហ ជាអំឡុងពេលដ៏ល្អមួយក្នុងការបានប្រឹក្សាអំពីរឿងរ៉ាវរបស់គ្នាទៅវិញទៅមក ឬរឿងមួយចំនួនដែលអាចនឹងភ្លេចមិនបានប្រាប់គ្នាឱ្យដឹងតាំងពីដំបូង និងជាឱកាសដ៏ល្អបំផុតសម្រាប់ការរៀបចំផែនការគ្រួសារនាពេលអនាគតទៀតផង។

    ទាំង 5 ហេតុផលនេះ អាចប្រាប់បានថា ហេតុអីបានគូស្នេហ៍ទាំងអស់ចាំបាច់ត្រូវទៅហានីមូន ព្រោះក្រៅពីនឹងធ្វើឱ្យអ្នកទាំងពីរបាននៅនែបនិត្យជិតគ្នាច្រើនឡើងហើយ ការក្រេបរាត្រីច័ន្ទទឹកឃ្មុំថែមទាំងជាចំណុចចាប់ផ្ដើមក្នុងការធ្វើឱ្យជីវិតគូរបស់អ្នកផ្លាស់ប្ដូរទៀតផង៕

  • ហ្វេសប៊ុក សហការជាមួយគណៈកម្មការទន្លេមេគង្គ ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់

    ហ្វេសប៊ុក សហការជាមួយគណៈកម្មការទន្លេមេគង្គ ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់

    ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ/ហាណូយ ប្រទេស​វៀតណាម ថ្ងៃទី31 ខែសីហា ឆ្នាំ2020 – ថ្ងៃនេះ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក(Facebook) និង​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ(MRCS) បានប្រកាស​ដាក់​ដំណើរការ​នូវ​គំនិត​ផ្តួចផ្តើម​រួមគ្នា​មួយ ដើម្បី​ផ្តល់​ការជូនដំណឹង​ជាមុន ស្តីពី​គ្រោះទឹកជំនន់ និង​ព័ត៌មាន​តាមដាន​ពី​គ្រោះរាំងស្ងួត ដល់​សហគមន៍ និង​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម។

    ជា​កិច្ចសហប្រតិបត្តិការ​ដែល​មិន​ធ្លាប់មាន​ពីមុនមក គំនិត​ផ្តួចផ្តើម​រួមគ្នា​នេះ មាន​គោលដៅ​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន​ជាទូទៅ នៅក្នុង​ប្រទេស​ជា​សមាជិក​ទាំង4 របស់ MRC រួមមាន ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម អំពី​ប្រព័ន្ធ​ព័ត៌មាន​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​របស់ MRC និង​បណ្តុះបណ្តាល​សមត្ថភាព​ម​ន្ត្រី​ពាក់ព័ន្ធ អំពី​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​តាម​អ៊ី​ន​ធើ​ណិ​ត។ កិច្ចសហប្រតិបត្តិការ​នេះ មាន​រយៈពេល 1ឆ្នាំ ពោលគឺ ពី​ឆ្នាំ2020 ដល់​ឆ្នាំ2021។

    លោកស្រី សាន​ទិ អា​ឡិច​ហ្សា​ន​ដឺរ (Shanti Alexander) អ្នកគ្រប់គ្រង​កិច្ចការ​សហគមន៍​រប​ស់ Facebook ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា៖ “នៅ Facebook យើង​តែងតែ​ស្វែងរក​មធ្យោបាយថ្មីៗ ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​កិច្ចការ​អភិវឌ្ឍន៍​នៅក្នុង​តំបន់​នេះ។ ជាមួយនឹង​ឧបករណ៍​សម្បូរបែប​ជាច្រើន ដែល​ជួយ​ដល់​សហគមន៍​ឱ្យ​ចេះ​ត្រៀមខ្លួន ឆ្លើយតប និង​ស្តារឡើងវិញ​នូវ​សមត្ថភាព និង​ដើម្បី​បង្កើត​ភាព​ធន់​នឹង​គ្រោះមហន្តរាយ យើង​សប្បាយចិត្ត​ដែល​បាន​រួមគ្នា​ជាមួយ MRC ដើម្បី​ផ្តល់ព័ត៌មាន​ពី​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​ដែល​អាច​កើតមាន ជូន​ប្រជាពលរដ្ឋ​រាប់លាន​នាក់​នៅក្នុង​តំបន់​នេះ ដើម្បីឱ្យ​ពួកគេ​ត្រៀម​ឱ្យបាន​កាន់តែ​ប្រសើរ សម្រាប់​ប្រឈម​នឹង​វិបត្តិ​នេះ”

    បើ​យោងតាម​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ ស្តីពី​ការបាត់បង់​ផ្នែក​សេដ្ឋកិច្ច ភាពក្រីក្រ និង​គ្រោះមហន្តរាយ នៅក្នុង​រយៈពេល 2ទសវត្សរ៍​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា ការបាត់បង់​ផ្នែក​សេដ្ឋកិច្ច​ដោយផ្ទាល់ ពី​គ្រោះមហន្តរាយ​ទាក់ទង​នឹង​អាកាសធាតុ បាន​កើនឡើង​រហូតដល់​ទៅ 250%។ នៅក្នុង​តំបន់​មេគង្គ​ក្រោម ចន្លោះ​ពី​ឆ្នាំ1998 ដល់​ឆ្នាំ2017 ប្រទេស​ថៃ​បាន​រង​ការវាយប្រហារ​អាក្រក់​បំ​ផុត ដែល​ធ្វើឱ្យមាន​ការខូចខាត​ជា​ទឹកប្រាក់​ប្រមាណ​ជា 52.4ពាន់​លាន​ដុល្លារ​អាមេរិក។

    បើ​យោងតាម MRC ខណៈដែល​ទឹកជំនន់​ប្រចាំ​រដូវ បាន​នាំមក​នូវ​អត្ថប្រយោជន៍ផ្សេងៗគ្នា​ដល់​តំបន់ ការខាតបង់​ប្រចាំឆ្នាំ​ជា​មធ្យម​កើតចេញពី​ទឹកជំនន់​នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម មានតម្លៃ​ប្រមាណ​ពី 60 ទៅ 70លាន​ដុល្លារ​អាមេរិក នេះ​បើ​គិត​ជារួម។ ប្រទេស​កម្ពុជា និង​វៀតណាម បាន​បាត់បង់​ប្រមាណ 2ភាគ3 នៃ​ការ​ខូ​ត​ខាត​ដោយ​ទឹកជំនន់​ប្រចាំឆ្នាំ​សរុប​នៅក្នុង​តំបន់​ទន្លេមេគង្គ នេះ​បើ​គិត​ដោយឡែក។

    ការសិក្សា​ជាច្រើន​របស់ MRC នាពេលថ្មីៗនេះ ក៏បាន​បង្ហាញ​ផងដែរ​ថា ព្រឹត្តិការណ៍​ទឹកជំនន់​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក្រោម បាន​កើនឡើង ជា​ញឹកញាប់ និង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង នៅក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ ហើយ​និន្នាការ​នេះ នឹង​បន្ត​ទៅមុខទៀត។ អាង​ទន្លេ​នេះ ក៏​ងាយ​នឹងរង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​បន្ថែមទៀត​ផងដែរ ដែល​រួមបញ្ចូល​ទាំង​កំណើន​សីតុណ្ហភាព​នៃ​មេ​ដ្យា​ន ដែល​បាន​ព្យាករ​ទុក​ប្រមាណ 0.8ដឺ​ក្រេ នៅ​ឆ្នាំ2030។

    “យើង​មើលឃើញ​ពី​សារៈសំខាន់​ខ្លាំង​បំផុត នៃ​ការ​ផ្តល់នូវ​ព័ត៌មាន​ដែល​គួរឱ្យ​ទុកចិត្ត និង​ទាន់ពេលវេលា ស្តីពី​កម្ពស់​ទឹក ដល់​ប្រទេស និង​បណ្តា​សហគមន៍​នានា​តាម​ដង​ទន្លេមេគង្គ ដែល​ប្រឈម​នឹង​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត ព្រមទាំង​ការប្រែប្រួល​អាកាសធាតុ ដើម្បីឱ្យ​ពួកគាត់​អាច​ចាត់វិធានការ​ទាន់ពេល​វេលា ក្នុងការ​ចៀសវាង ឬ​កាត់បន្ថយ​ហានិភ័យ និង​រៀបចំ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព។ នេះ​បើតាម​ការលើកឡើង​រប​ស់​បណ្ឌិត អា​នុ​ល័ក គិ​តិ​ឃួន (Anoulak Kittikhoun) ប្រធាន​មន្ត្រី​ផ្នែក​យុទ្ធសាស្ត្រ និង​ភាពជា​ដៃគូ​របស់ MRCS។

    MRC  បាន​ដំឡើង​ស្ថានីយ​ជលសា​ស្ត្រ​ចំនួន22  តាម​ដង​ទន្លេ​មេ នៃ​ទន្លេមេគង្គ  ក្នុង​អាង​ទន្លេ      មេគង្គ​ក្រោម ដើម្បី​តាមដាន និង​ប្រមូល​ទិន្នន័យ​ពី​កម្រិត និង​កម្ពស់​ទឹក និង​បរិមាណ​ភ្លៀង​ធ្លាក់​នៅក្នុង​ទន្លេ ដែល​ទិន្នន័យ​ទាំងនេះ បាន​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​ព្យាករ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​មេគង្គ​របស់ MRC។ ប្រព័ន្ធ​នេះ ផ្តល់​ទិន្នន័យ​ពី​កម្ពស់​ទឹក​ប្រចាំថ្ងៃ​ដល់​សាធារណជន និង​រដ្ឋាភិបាល​មេគង្គ រួមទាំង​ការជូនដំណឹង​ជាមុន​ពី​គ្រោះទឹកជំនន់ និង​ការ​ព្យាករ​ពី​គ្រោះរាំងស្ងួត ដែលមាន​រយៈពេល​ពេញ 1ឆ្នាំ។

    តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ គេ​នឹង​ពន្យល់​ពី​ប្រព័ន្ធ​ផ្តល់​ព័​ត៌​មួយ​នេះ តាមរយៈ​វីដេអូ​គំនូរជីវចល 3Dមួយ ដែល​នឹងត្រូវ​ចែកចាយ​លើ​បណ្តាញ​សង្គម Facebook ដើម្បី​ឱ្យបាន​ទៅដល់​សហគមន៍ អ្នកប្រើប្រាស់​ទូទៅ នៅក្នុង​តំបន់​នេះ។

    Facebook ក៏​នឹង​ធ្វើការ​បំប៉ន​ដល់​មន្ត្រី​ពាក់ព័ន្ធ​មកពី​ប្រទេស​ជា​សមាជិក​ទាំង4 ពី​របៀប​ប្រើប្រាស់​ឧបករណ៍​ឌីជីថលផ្សេងៗ ដើម្បី​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ឲ្យ​មាន​ប្រសិទ្ធភាព និង​រហ័ស ក្នុងអំឡុង និង​ក្រោយពេល​មាន​គ្រោះមហន្តរាយ។ ការបណ្តុះបណ្តាល នឹង​រួមបញ្ចូល​នូវ​ផែនទី​ដង់ស៊ីតេ​ប្រជាជន​របស់ Facebook ដែលជា​កម្មវិធី​មួយ​ប្រើប្រាស់​បច្ចេកទេស​រូបភាព​ដ៏​ទំនើប ដើម្បី​ដាក់​សំណុំ​ទិន្នន័យ​សាធារណៈ និង​បែប​ពាណិជ្ជកម្ម តាមរយៈ​សមត្ថភាព​អេ​អាយ (Artificial Intelligence)។ ផែនទី​ទាំងនេះ មាន​លក្ខណៈ​លម្អិត  រហូតដល់ 3ដង​លើសពី​ប្រភព​ដែលមាន​ស្រាប់៕

     

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

    លោក មាស សុភ​ក្ត្រ មន្ដ្រី​ទំនាក់ទំនង​សម្រាប់​អ្នកសារព័ត៌មាន

    លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេមេគង្គ

    អ៊ីមែល៖  [email protected]

    ទូរ​សព្ទ​ដៃ៖ +856-20-77779168

     

    លោកស្រី ង្វៀន ឃូ​អិ​ញ ត្រាំ​ង

    អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង

    ហ្វេ​ស​ប៊ុ​ក​ប្រចាំ​ប្រទេស​វៀតណាម និង​កម្ពុជា

    អ៊ីមែល៖ [email protected]

  • វិធីមើលថែទាំកូនវ័យហាត់ដើរ

    វិធីមើលថែទាំកូនវ័យហាត់ដើរ

    បន្ទាប់ពីកូនតូចកើតមកបើកភ្នែកមើលពិភពលោក រហូតចាប់ផ្តើមចេះក្រឡាប់ បន្ទាប់មកចាប់ផ្តើមចេះវារ និងចាប់ផ្តើមតោងឡើងឈរ រួចហើយកូនតូចនឹងចាប់ផ្តើមហាត់ដើរ។ ក្មេងតូចៗច្រើនតែនាំគ្នាចាប់ផ្តើមរៀនដើរនៅពេលអាយុចាប់ផ្ដើមចូល 1 ខួប តែនឹងឆាប់ចេះដើរ ឬក្រចេះដើរអាស្រ័យលើវិវឌ្ឍនាការរបស់ក្មេងម្នាក់ៗ តែនៅពេលដល់អំឡុងពេលដែលកូនតូចចាប់ផ្តើមហាត់ដើរនេះឪពុកម្តាយត្រូវយកចិត្តទុកដាក់ និងប្រយ័ត្នប្រយែងលើរឿងសុវត្ថិភាពជាពិសេស ព្រោះក្នុងអំឡុងពេលនេះកូនតូចច្រើនតែមិនសូវនៅស្ងៀមទេ តែនឹងចូលចិត្តធ្វើចលនាគ្រប់ពេលវេលា។

    ដូច្នេះហើយដោយសារតែភាពដែលកូននៅមិនទាន់ដឹងក្តី អាចនឹងកើតមានការភ្លាំងភ្លាត់ ដួល ឬរមៀលធ្លាក់ពីទីខ្ពស់បាន ក្រៅពីនេះអ្នកម្តាយគួរយកចិត្តទុកដាក់លើងរឿងវត្ថុរបស់របរផ្សេងៗ ដូចជា ឌុយភ្លើង ឬវត្ថុមុតស្រួចគ្រប់ប្រភេទ គួរទុកដាក់ឱ្យឆ្ងាយពីខ្លួនកូនតូច។ សម្រាប់ឌុយ ឬព្រីភ្លើងអាចយកស្កុតស្អិតមកបិទពីលើឱ្យជិតដើម្បីការពារទុកជាមុន។ កូនតូចក្នុងវ័យហាត់ដើរនឹងចាប់ផ្តើមចាប់អារម្មណ៍ពីអ្វីៗជុំវិញខ្លួនច្រើនឡើងហើយ ឪពុកម្តាយគួរជួយបង្កើនវិវឌ្ឍនាការផ្សេងៗរបស់កូនដោយវិធីបើកបទភ្លេងឮស្រាលៗ ឬរករបស់លេងដែលមានពណ៌ស្រស់ស្អាត អាចជាប្រដាប់រៀបជារូបផ្សេងៗ ឬរបស់លេងក្មេងដែលមានសំឡេងក៏បាន។ គួររកបង្កាន់ដៃចាប់សម្រាប់ឱ្យកូនតូចតោងកាន់ពេលរៀនដើរនេះផង ព្រោះជាធម្មតាក្មេងតូចក្នុងវ័យនេះតែងតែព្យាយាមរកអ្វីតោងកាន់ដើម្បីក្រោកឈរ ដើម្បីឈានជើងដើរស្រាប់ហើយ។

    ក្នុងអំឡុងពេលបែបនេះលោកឪពុកអ្នកម្តាយគួរមើលថែទាំកូនតូចកុំឱ្យរបូតផុតពីខ្សែភ្នែក បើមិនសូវមានពេលវេលាគ្រប់គ្រាន់ គួររកអ្នកដែលអាចទុកចិត្តបានមកជួយមើលកូនតូចដើម្បីជាការការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងចំពោះកូនតូចបាន។ ក្រៅពីនៅក្នុងផ្ទះហើយ លោកឪពុកអ្នកម្តាយគួរនាំកូនតូចចេញទៅហាត់ដើរនៅក្នុងបរិវេណខាងក្រៅផ្ទះខ្លះផង ដូចជាអាចនៅក្នុងសួនច្បារសាធារណៈដើម្បីឱ្យគេបានឃើញធម្មជាតិ និងអ្វីផ្សេងៗជុំវិញខ្លួន នឹងជួយបង្កើនភាពស្វាហាប់ក្នុងការដើរដល់កូនតូចបានទៀតច្រើន។ ក្នុងអំឡុងវ័យហាត់ដើរ ពេលខ្លះកូនតូចនឹងតាំងចិត្តដើរសឹងតែពេញមួយថ្ងៃ ហាក់ដូចជារឿងប្លែកថ្មីមួយអ៊ីចឹង៕

  • ប្រដាប់ពិនិត្យមើលគភ៌ គឺជាអ្វី តើត្រូវមើលនៅពេលណា និងមានបែបណាខ្លះ?

    ប្រដាប់ពិនិត្យមើលគភ៌ គឺជាអ្វី តើត្រូវមើលនៅពេលណា និងមានបែបណាខ្លះ?

    សម្រាប់នារីៗដែលកំពុងត្រៀមខ្លួនធ្វើជាអ្នកម្ដាយ ឬសង្ស័យថា ខ្លួនឯងប្រហែលជាកំពុងមានគភ៌ និងចង់ពិនិត្យមើលថា ខ្លួនឯងមានគភ៌ ឬមិនមានគភ៌ដោយខ្លួនឯងនោះ មុនគេបង្អស់ប្រហែលជានឹកដល់ “ប្រដាប់ពិនិត្យមើលគភ៌” ហើយមែនទេ?។ តែទាំងអស់នេះសម្រាប់អ្នកដែលមិនធ្លាប់ប្រើ ប្រហែលជាមានសំណួរច្រើននៅក្នុងចិត្តជាមិនខានថា អាប្រដាប់ពិនិត្យគភ៌នោះគឺជាអ្វី? មានប៉ុន្មានបែប? និងពិនិត្យឃើញច្បាស់លាស់ប៉ុនណាទៅ?។ ឥឡូវសរុបថា ដើម្បីឱ្យបងប្អូននារីៗយើងអស់កង្វល់ក្នុងចិត្ត ឡារ៉ែនមានរឿងដែលគួរយល់ដឹងពាក់ព័ន្ធនឹងប្រដាប់ពិនិត្យគភ៌នេះមកជម្រាបជូនដូចតទៅ។

    ប្រដាប់ពិនិត្យគភ៌ គឺជាអ្វី?

     

    សម្រាប់ “ប្រដាប់ពិនិត្យគភ៌” ឈ្មោះរបស់វាក៏បានប្រាប់យើងចំៗហើយថា ជាឧបករណ៍ទុកសម្រាប់ពិនិត្យមើលថា តើយើងមានគភ៌ ឬមិនមានគភ៌ដោយខ្លួនឯង។ ប្រដាប់ពិនិត្យគភ៌គឺជាការពិនិត្យរកមើលអ័រម៉ូន HCG(Human Chorionic Gonadotropin) នៅក្នុងទឹកនោម ដែលអ័រម៉ូននេះនឹងត្រូវបង្ហូរចេញមកក្រោយពីមានការចាប់បដិសន្ធិរួចហើយប្រមាណជា 6 – 7 ថ្ងៃ ដោយប្រដាប់ពិនិត្យគភ៌នេះមានភាពច្បាស់លាស់ប្រមាណជា 99 %។

    ត្រូវពិនិត្យនៅពេលណា?

    ការពិនិត្យការមានគភ៌ដើម្បីទទួលបានលទ្ធផលដែលច្បាស់លាស់ គួរពិនិត្យពីទឹកនោមនៅពេលព្រឹកក្រោយភ្ញាក់ពីដំណេក ព្រោះពេលនោះទឹកនោមមានភាពខាប់ និងធ្វើឱ្យទទួលបានលទ្ធផលដែលទៀង និងច្បាស់លាស់បំផុត។

    តើប្រដាប់ពិនិត្យគភ៌មានបែបណាខ្លះ?

    1 – ប្រដាប់ពិនិត្យគភ៌បែបជ្រលក់ មានលក្ខណៈជាបន្ទះវែងៗដែលមានកូនពែងតូចមួយសម្រាប់ដាក់ទឹកនោមមកជាមួយ។ វិធីការពិនិត្យ ចូរចាប់ផ្តើមពីការត្រងទឹកនោមដាក់ចូលពែង ហើយយកបន្ទះពិនិត្យគភ៌ខាងផ្នែកដែលមានរូបសញ្ញាព្រួញចង្អុល ជ្រលក់ចូលទៅក្នុងទឹកនោមប្រមាណជា 3 – 5 វិនាទី រួកយកចេញមក ហើយរង់ចាំមើលលទ្ធផលប្រមាណជា 5 នាទី។

    2 – ប្រដាប់ពិនិត្យគភ៌បែបបន្តក់ ឧបករណ៍នឹងប្រកបទៅដោយដន្លាប់សម្រាប់ពិនិត្យគភ៌ កូនពែងដាក់ទឹកនោម និងបំពង់បន្តក់។ វិធីប្រើ ចូរចាប់ផ្តើមពីត្រងទឹកមូត្រដាក់ចូលកូនពែង បន្ទាប់មកចូរយកបំពង់បន្តក់បឺតយកទឹកនោម ហើយបន្តក់ទឹកមូត្រនោះនៅលើដន្លាប់ពិនិត្យគភ៌ប្រមាណជា 3 ដំណក់ រួចហើយរង់ចាំលទ្ធផលប្រមាណជា 5 នាទី។

    3 – ប្រដាប់ពិនិត្យគភ៌បែបឆ្លងកាត់ មានត្រឹមតែបន្ទះសម្រាប់ពិនិត្យគភ៌មួយប៉ុណ្ណោះ ឯវិធីប្រើវិញក៏ងាយស្រួលដែរ គឺគ្រាន់តែយកបន្ទះពិនិត្យនោះមកកាន់ដោយឱ្យសញ្ញារូបព្រួញចង្អុលចុះក្រោម បន្ទាប់ពីនោះក៏ឱ្យទឹកនោមហូរឆ្លងកាត់បន្ទះពិនិត្យគភ៌នោះឱ្យសើមជោក រួចហើយទុកចោលប្រមាណជា 5នាទីដើម្បីរង់ចាំលទ្ធផល។

    លទ្ធផលការពិនិត្យនៅលើប្រដាប់ពិនិត្យគភ៌

    នៅពេលធ្វើការពិនិត្យការតាំងគភ៌រួចស្រេចហើយ និងក្រោយពីរង់ចាំលទ្ធផលប្រមាណជា 5 នាទីរួចហើយ លទ្ធផលដែលទទួលបានតាមបែបនីមួយៗនឹងបញ្ជាក់ប្រាប់ដូចតទៅនេះ ៖

    – នៅលើបន្ទះពិនិត្យគភ៌មានឡើង 1 ឆ្នូត ឬមាន 1 ឆ្នូតឡើងក្នុងទីតាំងអក្សរ C នោះមានន័យថា មិនមានគភ៌ទេ។

    – នៅលើបន្ទះពិនិត្យគភ៌មានឡើង 2 ឆ្នូត ឬមានឆ្នូតឡើងទាំងក្នុងទីតាំងអក្សរ C និងអក្សរ T នោះមានន័យថា មានគភ៌ហើយ។

    – នៅលើបន្ទះពិនិត្យគភ៌មានឡើងតែ 1 ឆ្នូតក្នុងទីតាំងអក្សរ T មួយគត់ នោះមានន័យថា មិនច្បាស់លាស់ អាចបណ្តាលមកពីប្រដាប់ពិនិត្យគភ៌នោះខូច ឬអាចមកពីការប្រើការមិនបានត្រឹមត្រូវតាមវិធី។

    – នៅលើបន្ទះពិនិត្យគភ៌គ្មានឡើងស្នាមឆ្នូតអ្វីទាំងអស់ មានន័យថា មិនច្បាស់លាស់ អាចបណ្តាលមកពីប្រដាប់ពិនិត្យគភ៌នោះខូច ឬអាចមកពីការប្រើការមិនបានត្រឹមត្រូវតាមវិធី។

    ទាំងអស់នេះ នៅពេលពិនិត្យការតាំងគភ៌រួចហើយ ប្រដាប់ពិនិត្យគភ៌បង្ហាញលទ្ធផលមិនច្បាស់លាស់ ឡារ៉ែនសូមណែនាំឱ្យសាកល្បងពិនិត្យឡើងវិញម្ដងទៀត ដោយប្ដូរប្រដាប់ពិនិត្យគភ៌ថ្មី ឬប្ដូរម៉ាកយីហោផ្សេងណាមួយទៀតគឺជាការល្អបំផុត ឬបើអ្នកណាពិនិត្យហើយឃើញលទ្ធផលវិជ្ជមាន ឬមានគភ៌នោះ ដើម្បីឱ្យច្បាស់លាស់ និងពិតប្រាកដ 100 % ឡារ៉ែនសូមណែនាំឱ្យទៅពិនិត្យជាមួយគ្រូពេទ្យម្ដងទៀតដើម្បីភាពប្រាកដប្រជា ព្រោះយ៉ាងណាប្រដាប់ពិនិត្យគភ៌គ្រាន់តែជាឧបករណ៍ពិនិត្យគភ៌រយៈដំបូងប៉ុណ្ណោះ៕

  • ញាក់សាច់!! TVC ស្រីអូន ថតដោយកាមេរ៉ាលំដាប់ហូលីវូដ ARRI មានអ្នកទស្សនា 3ថ្ងៃ 3លាននាក់

    ញាក់សាច់!! TVC ស្រីអូន ថតដោយកាមេរ៉ាលំដាប់ហូលីវូដ ARRI មានអ្នកទស្សនា 3ថ្ងៃ 3លាននាក់

    ខណៈភាពយន្តខ្នាតធំដែលទស្សនិកជនស្គាល់ថាជារឿងដែលមានចំណងជើងថា “កម្ម” ទើបតែបញ្ចប់ការថត និងឈានចូលដល់ដំណាក់កាលកាត់ត និងបញ្ចូលសំឡេង ស្តង់ដាហូលីវូដ កាលពីពេលថ្មីៗនេះ អ្នកនាង នួន ស៊ុន្ទរី ហៅស្រីអូន បានបញ្ចេញនូវវីដេអូ TVC (ស្ពតពាណិជ្ជកម្ម) ប្រភេទខ្នាតខ្លី ដែលថតដោយ ផលិតកម្មរាម ដោយប្រើប្រាស់កាមេរាហូលីវូដ ARRI ជាមួយនឹងតួរសម្តែងជាង 30នាក់ ដែលរូបអ្នកនាងផ្ទាល់ នាយ គ្រឿន រួមនឹងតួរសម្តែងជាច្រើនរូបទៀតទាំងចាស់ទាំងក្មេងបានចូលរួមសម្តែងយ៉ាងយកចិត្តទុកដាក់បំផុតដែលធ្វើអោយទស្សនិកជនក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងច្រើនមានការភ្ញាក់ផ្អើល និងស្ញើចសរសើរជាខ្លាំងទៅលើសាច់រឿង និងគុណភាពវីដេអូកំរិតច្បាស់ 4K ដែលមិនចាញ់បរទេសឡើយ។

    វីដេអូ TVC នោះមានរយៈពេល 11នាទី ដែលសម្តែងជាសាចរឿងសម័យបុរាណខ្មែរ និងបានថតប្លង់នីមួយៗយ៉ាងលំអិតគ្រប់វិនាទីជាមួយនឹងបច្ចេកទេសបញ្ចូលសំឡេងស្តង់ដា ធ្វើអ្នកទស្សនាត្រជាក់ភ្នែក និងលាន់មាត់សរសើរគ្រប់ៗគ្នា។ លើសពីនេះទៅទៀតនោះ គេក៏សង្កេតឃើញថាមានអ្នកទស្សនាច្រើនជាង ៣ លានដង ត្រឹមតែរយៈពេល 3ថ្ងៃ ហើយបានលាន់មាត់សរសើរពីសាច់រឿង និងកម្រិតភាពច្បាស់នៃវីដេអូ ប្រៀបដូចជាប្រភេទរឿងខ្នាតធំដែរ។

    អ្នកនាងស្រីអូន និយាយថាផលិតកម្មរាមបង្កើតឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យភាពយន្តនៅកម្ពុជាឱ្យកាន់តែប្រសើរ។ អ្នកនាងបន្ថែមថា ការងារនេះទាមទារអោយក្រុមការងារធ្វើដោយប្រើបេះដូង និងមានទស្សនៈវិស័យវែងឆ្ងាយ ទើបទទួលបានលទ្ធផលល្អ។ អ្នកនាងក៏បានសង្កត់ថា ផលិតកម្មរាម បង្កើតឡើងមិនផ្តោតទៅលើប្រាក់ចំណេញនោះទេ។ គួររំលឹកផងដែរថា សាច់រឿងខាងលើអ្នកនាងស្រីអូន បញ្ជាក់ថាគឺជាការនិពន្ធដោយផ្ទាល់ដោយអ្នកនាង និងក្រុមការងារផលិតកម្មរាមតែម្តង។ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្មីៗនេះអ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន បានហក់ចូលវិស័យមួយថ្មីមួយទៀតជាមួយនឹងការបើកផលិតកម្ម ដែលជាមានឈ្មោះថា ផលិតកម្មរាម (Ream Production) ក្រោមការវិនិយោគលុយដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅ ជាង 700,000 ដុល្លារអាមេរិក ក្រោយពីមានការគាំទ្រពីអតិថិជនគ្រប់ទិសទីលើផលិតអាហាបំប៉នសុខភាពយីហោ ឃូស៊ី (Coosea)៕

     

  • មាស សុខសោភា សម្រុកចេញបទនិពន្ធថ្មី លុបតម្រុយចូលផលិតកម្មធំ

    មាស សុខសោភា សម្រុកចេញបទនិពន្ធថ្មី លុបតម្រុយចូលផលិតកម្មធំ

    នា​ពេល​ថ្មី​នេះ​ អតីត​តារា​ចម្រៀង​ស្រី​កំពូល​នៅ​ទ្រនំ​ថោន មាស សុខសោភា សម្រុកចេញបទចម្រៀងបន្ដបន្ទាប់នៅក្នុងផលិតកម្ម​ Camtrax ដែល​គេដឹងថាជា​​​​​ផលិតកម្ម​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន​​របស់​តារា​ចម្រៀង​ស្រីរាជិនីសំឡេងផ្អែមរូប​នេះ ក្រោយ​ពី​បាន​​​​សម្រេច​​​ដើរ​ចេញ​ពី​​ទ្រនំ​ចាស់​ ដែល​ធ្លាប់​ជ្រក​​កោន​ជាង​​ ៩ ឆ្នាំ​មក​នោះ​។​

    បទ​​ចម្រៀង​ថ្មី​បែប​មនោសញ្ចេតនា​ លន្លង់​លន្លោច​ ជាច្រើនបទមានការទទួល​បាន​ការ​គាំទ្រ​ពី​ប្រិយមិត្ត​អ្នក​ស្តាប់​យ៉ាង​ច្រើន​​ បាន​​​ចូល​​ទៅ​ចុច Like​ ​& Comment ​ដោយ​គ្រាន់​តែ​​​បាន​​​​បញ្ចូល​ក្នុង​​​បណ្តាញ​​សង្គម​យូធូបដូចជា ស្រណោះដៃប្ដី ចាំជានិច្ច និងបទសុំទោសខ្លួនឯង ដែលទើបតែបញ្ចេញប៉ុន្មានម៉ោងមុននេះ។

    យ៉ាងណាមិញ គេនៅឃើញមានបទចម្រៀងថ្មីបន្ទាប់ទៀត ដែលតារាល្បីឈ្មោះរូបនេះចាប់ដៃគូច្រៀងជាមួយតារាចម្រៀង Original Song ខាងលើមានចំណងជើងថា “ម្ដងទៀត”។ បទនេះ បើដំណឹងទទួលបាន គឺជាបទចម្រៀងបង្កប់ក្រោយបទ “សង្សារចាស់” របស់លោក ម៉ា ច័ន្ទបញ្ញា កាលពីប៉ុន្មានខែមុននោះឯង ហើយនេះជាគេជឿថាជាមូលហេតុចម្បងមួយដែលតារាចម្រៀងប្រុសវ័យក្មេងរូបនេះ មានវត្តមានក្នុងបទចម្រៀងថ្មីរបស់ មាស សុខសោភា គ្រានេះ។

    ចំណុចគួរចាប់អារម្មណ៍ បង្ហាញពីភាពកាន់តែប្លែកនោះ គឺថាបទរបស់ សោភា នេះមានតួអង្គស្រីមួយរូប មានមុខមាត់ស្អាត និងស្រដៀងគ្នាទៅហ្នឹងអតីតគូស្នេហ៍របស់លោក ម៉ា ច័ន្ទបញ្ញា បូករួមទាំងតួអង្គស្រីម្នាក់ទៀត ដែលបាន និងកំពុងអង្រួនចិត្តយុវវ័យ គឺ កញ្ញា លីនដា។ លីនដា ត្រូវបានអ្នកគាំទ្ររបស់នាង បានស្គាល់ក្នុងបទចម្រៀង “Demon” ក្នុងAlbum SKULL របស់ Vannda ដែលទើបតែនឹងចេញផ្សាយក្នុងពេលថ្មីៗនេះ។ តាមការបញ្ជាក់ពីប្រភពបានឲ្យដឹងថា បទ”ម្ដងទៀត” ធ្លាប់ចេញផ្សាយយ៉ាងខ្លី ជាសំឡេងមនុស្សប្រុស ភ្ជាប់នៅខាងក្រោយបទ “សង្សារចាស់” នាពេលកន្លងមក។ បទនេះ គ្រោងនឹងចេញបំបែកភាពស្ងប់ស្ងាត់របស់ មាស សុខសោភា ក្នុងពេលឆាប់ៗនេះ។ នេះបើព័ត៌មានដែលមាននៅលើ Poster ចម្រៀងដ៏គួរចាប់អារម្មណ៍៕

  • រឿងដ៏អស្ចារ្យរបស់ថង់កាកតែ ដែលបងៗស្រ្តីមេផ្ទះអាចយកទៅប្រើជាប្រយោជន៍ក្នុងផ្ទះបាន

    រឿងដ៏អស្ចារ្យរបស់ថង់កាកតែ ដែលបងៗស្រ្តីមេផ្ទះអាចយកទៅប្រើជាប្រយោជន៍ក្នុងផ្ទះបាន

    តើបងៗស្រ្តីមេផ្ទះបានដឹងឬទេថា ថង់កាកតែដែលយើងឆុងញ៉ាំអស់ជាតិហើយនោះអាចយកទៅធ្វើអ្វីបានខ្លះដែរទេ? ថ្ងៃនេះ ឡារ៉ែនមានប្រយោជន៍ថ្មីៗរបស់ថង់កាកតែដែលប្រើហើយមកជម្រាបជូន ដែលពេលបងៗបានដឹងហើយច្បាស់ជាភ្ញាក់ផ្អើលមិនខាន ព្រោះមិនគួរឱ្យជឿឡើយថា វាប្រើការបានច្រើនយ៉ាងដូច្នេះសោះ…។

    1 . ថែបំប៉នដើមរុក្ខជាតិ

    សម្រាប់បងៗស្រ្តីមេផ្ទះដែលចង់ដាំដើមផ្កា ឬចង់ដាំដើមរុក្ខជាតិផ្សេងៗក្នុងផើងសម្រាប់តាំងលម្អផ្ទះនោះ បើចង់ឱ្យដើមរុក្ខជាតិទាំងនោះធំលូតលាស់បែកមែកសាខាចេញផ្កាល្អស្រស់នោះ ចូរយកថង់កាកតែដែលប្រើរួចមកដាក់ទ្រាប់បាតផើង ដោយដាក់បិទត្រង់រន្ធបង្ហូរទឹកជាមុនសិន បន្ទាប់មកសឹមដាក់ដីចូលទៅ និងដាក់ដើមផ្កា ឬដើមរុក្ខជាតិដាំជាក្រោយ។ ថង់កាកតែទាំងនោះនឹងជួយរក្សាសំណើមនៅក្នុងដីបានយ៉ាងល្អ និងថែមទាំងជាការបន្ថែមជីវជាតិដល់ដីនោះទៀតផង។

    2 . ជូតសម្អាតកញ្ចក់

    បើចង់ឱ្យកញ្ចក់លែងមានស្នាមប្រឡាក់ លែងមានស្នាមម្រាមដៃ និងត្រឡប់មកភ្លឺថ្លាស្អាតឡើងវិញនោះ គ្រាន់តែយកថង់កាកតែដែលប្រើហើយ និងនៅសើមៗនោះមកជូតដុសឱ្យសព្វលើផ្ទាំងកញ្ចក់នោះ បន្ទាប់មកក៏យកក្រណាត់ស្ងួតមកជូតពីលើមួយសាទៀត តែប៉ុណ្ណឹងស្នាមកខ្វក់ និងស្នាមប្រឡាក់មិនគួរឱ្យបេតីទាំងប៉ុន្មាននោះក៏រលាយបាត់អស់មិនខាន។

    3 . កម្ចាត់ក្លិនមិនល្អដែលដិតជាប់ដៃ

    សម្រាប់ក្លិនមិនល្អដែលធុំដិតជាប់ដៃ លាងសាប៊ូហើយក៏មិនបាត់ក្លិនទៀតនោះ យើងអាចកែបញ្ហានេះបានយ៉ាងងាយ មិនថាតែក្លិនខ្ទឹមស ឬក្លិនខ្ទឹមក្រហមនោះទេ បងៗគ្រាន់តែយកថង់កាកតែសើមៗមកដុសនៅលើដៃឱ្យសព្វគ្រប់កន្លុកកន្លៀត រួចបន្ទាប់មកក៏លាងដៃនឹងសាប៊ូតាមធម្មតា តែប៉ុណ្ណឹងក្លិនមិនល្អទាំងនោះនឹងបាត់អស់ទៅហើយ។

    4 . បឺតយកក្លិនស្អុយក្នុងស្បែកជើង

    សម្រាប់ស្បែកជើងដែលមានក្លិនអាប់ដោយសារតែពាក់យូរថ្ងៃ បែកញើសធុំស្អុយរហូតទ្រាំលែងបាននោះ យើងគ្រាន់តែថង់កាកតែដែលប្រើហើយទៅដាក់ហាលថ្ងៃឱ្យស្ងួត ហើយយកទៅដាក់ក្នុងស្បែកជើងដែលធុំស្អុយនោះចោល 1 យប់ ស្អែកឡើងនឹងលែងមានក្លិនស្អុយឱ្យរំខានចិត្តទៀតហើយ។

    5 . ការពារច្រែសលើឧបករណ៍ផ្ទះបាយ

    បើបងៗស្រ្តីមេផ្ទះខ្លាចឧបករណ៍ក្នុងផ្ទះបានដែលធ្វើពីលោហៈឡើងច្រែសនោះ បងៗអាចការពារបញ្ហានេះជាមុនបាន ដោយយកថង់កាកតែដែលនៅសើមមកជូតគ្រឿងឧបករណ៍ផ្ទះបាយទាំងនោះឱ្យសព្វទាំងខាងក្នុង និងខាងក្រៅ ព្រោះសារធាតុធែននីននៅក្នុងកាកតែនឹងជួយស្រោបពីលើស្រទាប់ក្រៅរបស់ឧបករណ៍ផ្ទះបាយទាំងនោះ ដើម្បីការពារការកើតប្រតិកម្មអុកដេស្សិនដែលធ្វើឱ្យកើតជាច្រែសបាន។

    6 . ជួយកាត់បន្ថយកំណកខ្លាញ់នៅលើចាន

    ការលាងចានដែលមានប្រឡាក់កំណកខ្លាញ់ច្រើន លែងជារឿងធំ ឬក៏ត្រូវបញ្ចេញកម្លាំងដុសសម្អាតខ្លាំងៗទៀតហើយ គ្រាន់តែទម្លាក់ថង់កាកតែដែលប្រើហើយ 2 – 3 ទៅក្នុងទឹកដែលត្រាំចានទុកលាងទាំងនោះ ហើយទុកចោលបែបនោះប្រមាណជា 15 នាទី ថង់កាកតែទាំងនោះនឹងជួយស្ទាក់ចាប់កំណកខ្លាញ់បាន ដូច្នេះគ្រាន់តែលាងសម្អាតបែបធម្មតា ចានក៏នឹងស្អាតឡើងវិញហើយ។

    7 . ជួយបណ្តេញសត្វល្អិត

    មិនគួរឱ្យជឿឡើយថា ថង់កាកតែដែលប្រើហើយក៏អាចជួយបណ្ដេញសត្វល្អិតបានដែរ បងៗស្រ្តីមេផ្ទះអាចយកថង់កាកតែដែលប្រើហើយទៅដាក់ហាលឱ្យស្ងួត រួចបន្តក់ទឹកប្រេងក្រអូបក្លិនម៉ង់តុលពីលើ 3 – 4 តំណក់ ហើយយកទៅដាក់ក្នុងឡាំង ក្នុងថតតុ លើធ្នើរដាក់អីវ៉ាន់ និងក្នុងទូទុករបស់របរ ឬយកទៅដាក់នៅត្រង់កន្លែងណាដែលមានសត្វល្អិតមកធ្វើសម្បុក ក៏អាចជួយការពារមិនឱ្យសត្វល្អិតចង្រៃដូចជា ស្រមោច ឬពីងពាងរត់ចេញឆ្ងាយ លែងហ៊ានត្រឡប់មកទៀតដែរ។

    បានដឹងរួចរាល់ហើយមែនទេថា ថង់កាកតែដែលយើងឆុងញ៉ាំហើយនោះវាមានប្រយោជន៍យ៉ាងណាខ្លះ ដូច្នេះបន្ទាប់ពីពេលនេះទៅ ក៏កុំបោះចោលអី រក្សាវាទុក ហើយយកទៅប្រើការតាមអ្វីដែលបានរៀបរាប់មកខាងលើ បងៗស្រ្តីមេផ្ទះច្បាស់ជានឹកអស្ចារ្យក្នុងចិត្តជាមួយលទ្ធផលដែលបានឃើញមិនខាន៕

  • តារាចម្រៀង បូរ តាំងហ៊ាង បើកសម្ពោធវង់តន្ត្រីថ្មី និងត្រៀមចូលផលិតកម្មធំ តែបែរសោកសៅគ្មានវត្តមានឪពុកនៅគាំទ្រ

    តារាចម្រៀង បូរ តាំងហ៊ាង បើកសម្ពោធវង់តន្ត្រីថ្មី និងត្រៀមចូលផលិតកម្មធំ តែបែរសោកសៅគ្មានវត្តមានឪពុកនៅគាំទ្រ

    មហាជនជាច្រើនបានស្គាល់តារាចម្រៀង បូរ តាំងហ៊ាង ជាម្ចាស់បទ « បើបងបាត់ការចងចាំ» មានឈ្មោះរន្ទឺនៅក្នុងពិភពសិល្បៈមកហើយ។ ថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ បានប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកត្រៀមខ្លួនបោះជំហ៊ានចូលផលិតកម្មធំមួយនៅក្នុងស្រុក ដែលការប្រកាសនេះចំពេលលោករៀបចំពិធីសម្ភោធបង្កក់វង់តន្ត្រីយ៉ាងអធិកអធមនៅម្ដុំវត្ត វិហារសួគ៌។ តែយ៉ាងណាមិញ គេមើលឃើញថា កម្មវិធីជាង50តុដែលលោកធ្វើឡើងទាំងអារម្មណ៍សោកសៅខណៈដែលវង់តន្ត្រីនេះគឺលោកបង្កើតឡើងដើម្បីជូនដល់ឪពុកដែលជាតន្ត្រីករតែបែជាបង្កើតមិនបានសម្ភោធផងក៏ត្រូវឪពុកលាចាកលោក។

    លោក បូរ តាំងហ៊ាង និយាយថា ដោយសារតែឪពុករបស់លោកគឺជាតន្ត្រីករហើយស្គាល់តែជីវិតដើរលេងភ្លេងឱ្យគេទើបលោកសម្រេចចិត្តបើកវង់តន្ត្រីមួយនេះដើម្បីសម្រេចក្ដីសុបិន្តរបស់ឪពុក ក៏ដូចជាបង្កើតអាជីវកម្មរួមមួយក្រៅពីអាជីពសិល្បៈ។ ដោយលោកឪពុករបស់លោកក៏បានស្នើរសុំឱ្យលោកធ្វើពិធីសម្ភោធក្រុមតន្ត្រីមួយនេះដើម្បីលើកមុខលើកមាត់គ្រួសារផងដែរប៉ុន្តែលោកមិនទាន់បានចាត់ចែងពិធីនោះផងលោកឪពុកបែជាចែកឋានទៅ។ ដូច្នេះហើយទើបលោកសម្រេចចិត្តធ្វើពិធីនេះឡើងជូនដល់សពឪពុក ក្រោយពីធ្វើពិធីបុណ្យសពឪពុករួចរាល់។

    លោកបន្តថា ពិធីជប់លៀងទ្រង់ទ្រាយធំនោះគោលបំណងទី1គឺដើម្បីប្រកាសបើកក្រុមតន្ត្រីជាផ្លូវការ ទី2គឺដើម្បីជប់លៀងអបអររូបលោកដែលទើបបានចូលច្រផងជាផ្លូវការនៅក្នុងផលិតកម្មធំមួយ ខណៈដែលលោកសុំមិនបង្ហើបឱ្យដឹងពីឈ្មោះផលិតកម្ម។ លោកថា រន្ធត់ចិត្តណាស់ដែលមានវង់ភ្លេងមានវិធីសម្ភោធតែបែជាគ្មានវត្តមានឪពុកដែលធ្លាប់ស្នើរសុំ។ យ៉ាងណាក៏ដោយលោកក៏នឹងពុះពារសម្រេចក្ដីសុបិន្តរបស់ឪពុកឱ្យបានដោយនឹងដឹកនាំវង់តន្ត្រីឱ្យជោគជ័យ និងប្រឹងប្រែងក្នុងអាជីពចម្រៀងឱ្យមានកេរ្តិ៍ឈ្មោះបោះសំឡេង ឆ្លើយតបតាមក្ដីប្រាថ្នារបស់ឪពុក។

    លោករំពឹងថាជំហ៊ានថ្មីនៅក្នុងផលិតកម្មធំនឹងធ្វើឱ្យកេរ្តិ៍ឈ្មោះក្នុងសិល្បៈរបស់លោកបោះជំហានបានល្អ និងទទួលបានប្រជាប្រិយភាពក្នុងស្រទាប់មហាជនដូចអ្វីដែលឪពុករបស់លោកចង់បាននោះផង។ លោកថាពិធីដែលបានធ្វើឡើងនោះគឺលោកសម្រេចទទួលភ្ញៀវជា3វគ្គ គឺពេលថ្ងៃត្រង់ ពេលរសៀល និងពេលយប់ដើម្បីកុំឱ្យមានវត្តមានអ្នកសិល្បៈគរជើងគ្នាក្នុងពេលតែមួយនាំឱ្យមានការភ័យបារម្ភពីជំងឺកូវីដ។ នៅក្នុងពិធីនោះក៏មានសិល្បករសិល្បការិនីជាច្រើនបានចូលរួមដែរ បើទោះជាការចូលរួមពីសិល្បករទាំងនោះមានភាពរប៉េះរប៉ោះមិនបានជុំគ្នាក្នុងម៉ោងតែមួយយ៉ាងណាក្ដី។