Category: សង្គម និងសេដ្ឋកិច្ច

  • ដំណាំ ការ៉ុត

    ដំណាំ ការ៉ុត

    ការ៉ុតជាដំណាំហូបមើម 2 រដូវកាល ដែលក្នុងរដូវកាលដំបូងនឹងលូតលាស់ធំធាត់ផ្នែកដើម ស្លឹក និងឫស ចំណែកក្នុងរដូវកាលទីពីរដំណាំការ៉ុតនឹងលូតលាស់ផ្នែកផ្កា និងគ្រាប់(ដាំទុកយកគ្រាប់ធ្វើពូជ)។ លក្្ខណៈរបស់ដើមការ៉ុតជាស្លឹកបន្ទះដែលនឹងដុះលូតលាស់ចេញពីដើម ជាក្រុមដំណាំដែលមានធាងស្លឹកវែង។ ពូជការ៉ុតដែលមានគុណភាពខ្ពស់នឹងមានបណ្ដូលតូច និងមានពណ៌ដូចគ្នានឹងសាច់ ឬមានផ្នែករបស់សាច់ច្រើនជាផ្នែករបស់បណ្ដូល។

    កាដាំរដូវកាលទីពីរដើម្បីទទួលផលជាគ្រាប់ពូជនោះ ដើមការ៉ុតនឹងឈរឡើងត្រង់ ផលិតធាងស្លឹកវែងៗប្រវែង 2 – 4 ហ្វុ៊ត នៅខាងចុងមានកញ្ចុំផ្កា ដែលកញ្ចុំដំបូងនឹងដុះលូតលាស់ចេញពីផ្នែកកណ្ដាលរបស់ដើម បន្ទាប់ពីនោះកញ្ចុះដទៃទៀតនឹងដុះលូតលាស់មកតាម។ កាផ្សំលម្អងកេសរធ្វើឡើងបែបផ្សំចម្លង ដែលភាគច្រើនប្រើសត្វល្អិតជាអ្នកជួយផ្សំលម្អងកេសរ។

    ការដាក់ដាំ

    – ការត្រៀមដី ៈ ផ្ទៃដីដែលស័ក្តិសមសម្រាប់ការបណ្ដុះដាំ គួរស្ថិតនៅខ្ពស់ជាងកម្រិតកម្ពស់ទឹកសមុទ្រប្រមាណ 600 – 1,300 ម៉ែត្រ ដីគួរតែជាដីល្បាយលាយខ្សាច់។ មិនគួរដាក់ជីលាមកគោស្រស់ទេ ត្រូវធ្វើការលាយផ្សំ រួចដាក់ហាលថ្ងៃចោលមួយរយៈសិន។

    ក្នុងដំណាក់កាលភ្ជួរដីត្រៀមលើកជារង ចូរជីកមុខដីរហូតដល់បែកត្រសុសជម្រៅមិនតិចជាង 40 សង់ទីម៉ែត្រ លើកជារងទំហំទទឹង 1 ម៉ែត្រ អាចដាំបាន 3 ជួរ។ បើជាដីស្អិត ត្រូវតែលាយផ្សំជាមួយជីធម្មជាតិផ្អាប់ 2 គីឡូក្រាម ជាមួយផេះអង្កាម 1 ការ៉ុងដាក់លើផ្ទៃដី 2 ម៉ែត្របួនជ្រុង។ (បន្ថែម ៈ នៅក្នុងផ្ទៃដីដាំដុះ មិនគួរមានកម្ទេចឫសឈើធំៗ ក្រួសថ្មធំៗឡើយ)

    – វិធីដាំ ៈ អាចធ្វើបានដោយវិធីបណ្ដុះគ្រាប់ តែគ្រាប់ពូជការ៉ុតមានទំហំតូច និងទន់ខ្សោយណាស់។ មានការរួចផុតពីការស្អុយងាប់ក្រោយការបណ្ដុះជាកូនត្រឹមតែ 50 ភាគរយប៉ុណ្ណោះ ដូច្នេះគួរនាំយកគ្រាប់ពូជ 3 ចំណែក លាយជាមួយដីខ្សាច់ 1 ចំណែកមុននឹងយកទៅព្រោះ។ ស្រោចទឹកលើរងឱ្យជោកមុននឹងចាប់ផ្ដើមព្រោះគ្រាប់ពូជ ដើម្បីបិទរន្ធដី និងឱ្យដីរួមចូលគ្នាមិនឱ្យគ្រាប់ពូជធ្លាក់ចូលទៅក្នុងដីជ្រៅពេក។ បន្ទាប់ពីនោះបាចជីផ្អាប់ធម្មជាតិលាយផេះអង្កាមរោយតិចៗលើបរិវេណរង ស្រោចទឹកលាយទឹកជីសរីរាង្គ រួចហើយយកចំបើងស្ងួតមកគ្របលើរងមួយជាន់ទៀត។

    ក្រោយពីព្រោះគ្រាប់ពូជ ក្នុងរយៈដំបូងនៅពេលដើមមានខ្នាតកម្ពស់ 5 – 7 សង់ទីម៉ែត្រ ចូរដកដើមដែលដុះឡើងញឹកចេញខ្លះ ទុកចម្ងាយពីដើមមួយទៅដើមមួយប្រមាណ 2 – 3 សង់ទីម៉ែត្រ។ រង់ចាំរហូតដល់មានអាយុ 20 ថ្ងៃ កូនការ៉ុតមានខ្នាតកម្ពស់ប្រមាណ 10 – 15 សង់ទីម៉ែត្រ អាចដកបំបែកដាំបានហើយ ចំណែកដើមដែលនៅតូចៗកម្ពស់ត្រឹមតែ 1 – 1.5 សង់ទីម៉ែត្រ គួរដកចោល។ ក្នុងដំណាក់កាលទីពីរ នៅពេលដើមមានអាយុប្រមាណ 40 – 50 ថ្ងៃ ក្នុងដំណាក់កាលនេះអាចដកយកមើមការ៉ុតមកទទួលទានបានខ្លះហើយ។ សម្រាប់ការដកយកទៅបំបែកដាំ គួរដាក់ដាំឱ្យឆ្ងាយពីគ្នា 12 – 15 សង់ទីម៉ែត្រ ហើយថែទាំបំប៉នតរហូតដល់ពេលប្រមូលផល។

    – វិធីការថែទាំរក្សា

    • ការស្រោចទឹក ៈ ត្រូវឧស្សាហ៍មើលថែស្រោចទឹករៀងរាល់ថ្ងៃ ព្រឹក – ល្ងាច។
    • ការដាក់ជី ៈ នៅពេលកូនការ៉ុតអាយុបាន 10 – 15 ថ្ងៃ ចូរដាក់ជី 46-0-0 ក្នុងអត្រា 3 ស្លាបព្រាបាយក្នុងផ្ទៃដីមួយម៉ែត្រការ៉េ និងនៅពេលអាយុ 30 ថ្ងៃ ចូរដាក់ជីរូបមន្តស្មើ 16-16-16 ឬអាចប្រើជីសរីរាង្គក្នុងចន្លោះជួរដើមការ៉ុតចំនួន 300 ក្រាមក្នុងផ្ទៃដីមួយម៉ែត្រការ៉េ និងដាក់រៀងរាល់ 20 ម្ដង។
    • ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ ការពារសត្វល្អិតសត្រូវដំណាំដោយទឹកត្រាំស្លឹកស្ដៅ និងទឹកត្រាំជីសរីរាង្គ ដោយត្រូវបាញ់ដាក់ដំណាំរៀងរាល់ 3 – 5 ថ្ងៃម្ដងជាបន្តបន្ទាប់។

    – វិធីការប្រមូលផល ៈ ប្រមាណជា 85 – 90 ថ្ងៃ​យើងអាចធ្វើការប្រមូលផលមើមការ៉ុតបានហើយ។ មុនការប្រមូលផល គួរស្រោចទឹកឱ្យដីសើមជោកជាំជាមុនសិន ដើម្បីបង្កើនភាពងាយស្រួលក្នុងការប្រមូលផល បន្ទាប់ពីនោះត្រូវយកដែចាប់បួងស្លឹកទាំងអស់ រួចហើយព្យាយាមដកថ្នមៗជារាងបញ្ឆិត បន្ទាប់មកនាំយកមើមការ៉ុតទៅលាងទឹកសម្អាត ដាក់សំដឹលឱ្យស្ងួត។

    មើមការ៉ុត យើងអាចរក្សាទុកក្នុងទូទឹកកកបានយូរប្រមាណជា 1 – 2 ខែ បើសិនបានរុំដោយថង់ជ័រប្លាស្ទិកខ្ចប់ម្ហូបអាហារ៕

  • ស្រាយចម្ងល់…តើមានគ្រោះថ្នាក់ទេ ពេលស្រ្តីមានគភ៌មានអាការឈឺ និងស្ពឹកម្រាមដៃ?

    ស្រាយចម្ងល់…តើមានគ្រោះថ្នាក់ទេ ពេលស្រ្តីមានគភ៌មានអាការឈឺ និងស្ពឹកម្រាមដៃ?

    សម្រាប់ស្រ្តីមានផ្ទៃពោះអាចនឹងមានអាការឈឺ និងស្ពឹកម្រាមកើតដៃ ដែលធ្វើឱ្យស្រ្តីមានគភ៌កូនដំបូងជាច្រើនអាចនឹងនឹកសង្ស័យថា តើអាការដែលកើតឡើងនេះ ជាអាការធម្មតារបស់ស្រ្តីមានផ្ទៃពោះដែរឬទេ? ត្រូវប្រញាប់ទៅមន្ទីរពេទ្យឬទេ? និងតើកូនក្នុងគភ៌នឹងមានគ្រោះថ្នាក់ដែឬទេ?ជាដើម។

    ដើម្បីកុំឱ្យស្រ្តីមានគភ៌ថ្មោងថ្មីទាំងឡាយត្រូវខូចសុខភាពផ្លូវចិត្ត ឡារ៉ែនមានពាក្យអធិប្បាយមកជម្រាបអនាគតអ្នកម្ដាយទាំងអស់ឱ្យបាត់ចម្ងល់ចំពោះរឿងខាងលើនោះដូចតទៅ។

    មូលហេតុរបស់អាការឈឺ និងស្ពឹកតាមម្រាមដៃ ម្រាមជើង

    ភាគច្រើនអាការឈឺ និងស្ពឹកម្រាមដៃរបស់ស្រ្តីមានផ្ទៃពោះមានមូលហេតុមកពីការដែលសរសៃប្រសាទដែលទៅចិញ្ចឹមបរិវេណបាតដៃត្រូវបានសង្កត់ ជាហេតុធ្វើឱ្យសាច់ភ្នាសនៅត្រង់ម្ដុំនោះមានអាការហើម រហូតធ្វើឱ្យមានអាការឈឺស្ពឹកនៅតាមម្រាមដៃឡើង ដោយមូលហេតុសំខាន់ដែលធ្វើឱ្យស្រ្តីមានផ្ទៃពោះមានអាការទាំងនេះឡើង ក៏ដោយសារតែ ក្នុងអំឡុងពេលតាំងគភ៌ កម្រិតអ័រម៉ូននៅក្នុងរាងកាយរបស់ស្រ្តីមានគភ៌នឹងប្រែប្រួល ដោយអ័រម៉ូនមួយប្រភេទដែលឈ្មោះថា ប្រូជេស្ទើរ៉ូន បានទៅជំរុញឱ្យសរសៃវាវកើតការបន្ធូរខ្លួន និងធ្វើឱ្យសន្លាក់តឆ្អឹងកើតការបន្ទន់ខ្លួនខ្លាំងឡើង ហុចផលឱ្យខាងក្នុងរាងកាយមានជាតិទឹកប្រមូលសន្សំក្នុងបរិមាណច្រើន និងដោយបរិមាណទឹកដែលច្រើនជ្រុលពេកនេះ វាបានធ្វើឱ្យចន្លោះត្រង់ផ្នែកកដៃរួមតូច និងធ្វើឱ្យសរសៃប្រសាទត្រូវបានសង្កត់។ អាការឈឺ និងស្ពឹកម្រាមដៃនេះ អាចនឹងកើតឡើងនៅលើតែម្រាមដៃណាតែម្ខាង ឬអាចនឹងកើតឡើងទាំងសងខាងដំណាលគ្នាក៏មាន ដោយស្រ្តីមានគភ៌អាចនឹងមានអាការនេះទៅរហូតដល់ថ្ងៃបញ្ចប់ការតាំងគភ៌ គឺពេលឆ្លងទន្លេរួចហ្នឹងឯង។

    វិធីសម្រាលអាការនៅពេលឈឺ និងស្ពឹកតាមម្រាមដៃ ម្រាមជើង

    1 . នៅពេលស្រ្តីមានគភ៌មានអាការឈឺ និងស្ពឹកកើតឡើងក្នុងខណៈដែលខ្លួនប្រើដៃក្នុងការធ្វើកិច្ចការងារផ្សេងៗនោះ ចូរស្រ្តីមានគភ៌ឈប់សម្រាកដៃពីការងារដែលកំពុងធ្វើនោះភ្លាម និងសម្រាកទុកចោលមួយស្របក់ នោះអាការនឹងល្អប្រសើរឡើងបានដោយឯកឯង។

    2 . ចូរយកបាតដៃដាក់ត្រាំនៅក្នុងទឹកក្ដៅឧណ្ហៗ។ ដោយសារតែទឹកក្ដៅឧណ្ហៗនឹងជួយជំរុញឱ្យការហូរវិលរបស់ឈាមធ្វើការបានល្អឡើង ដែលនឹងធ្វើឱ្យស្រ្តីមានគភ៌មានអារម្មណ៍ធូរស្រាល និងបាត់ឈឺជាបណ្ដើរៗរហូតដល់ប្រក្រតីឡើងវិញ។ បើសិនជាធ្វើជាប់ជាប្រចាំមុនពេលគេង នឹងជួយឱ្យភាពញឹកញាប់របស់អាការនេះថយចុះបាន។

    3 . ហ្វឹកហាត់ធ្វើយ៉ូហ្កាគ្រប់គ្រងសាច់ដុំ។ ការធ្វើយ៉ូហ្កាជាវិធីមួយទៀតដែលអាចជួយសាងភាពធូរស្រាលដល់សាច់ដុំ និងជួយឱ្យការហូរវិលរបស់ឈាមកាន់តែល្អឡើង និងថែមទាំងជួយឱ្យសាច់ដុំមានភាពរឹងមាំខ្លាំងឡើងទៀតផង តែត្រូវជ្រើសរើសធ្វើក្បាច់ណាដែលមិនប៉ះពាល់ដល់កូនតូចនៅក្នុងផ្ទៃខ្លាំងពេក។

    អាការឈឺ និងស្ពឹកម្រាមដៃ ម្រាមជើងគឺជាអាការម្យ៉ាងរបស់អ្នកមានផ្ទៃពោះដែលនឹងអាចបាត់ទៅវិញបានដោយឯកឯង ដោយសារតែក្រោយពីពេលប្រសូត អាការហើមនឹងថយចុះ ធ្វើឱ្យចន្លោះត្រង់ផ្នែកម្រាមដៃធំស្រឡះឡើងវិញ ធ្វើឱ្យអាការឈឺ និងស្ពឹកពីការសង្កត់របស់សរសៃប្រសាទបាត់លែងមាន។ អាការឈឺ និងស្ពឹកម្រាមដៃ ម្រាមជើងនេះមិនបង្កឱ្យមានគ្រោះថ្នាក់អ្វីដល់ស្រ្តីមានគភ៌ និងកូនក្នុងផ្ទៃឡើយ តែយ៉ាងណាក៏ដោយ បើសិនជាអាការនេះកើតឡើងធ្ងន់ធ្ងរខ្លាំង ឬមានកើតអាការខុសប្រក្រតីផ្សេងទៀតរួមជាមួយផងនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់៕

  • Elon Musk “យកឈ្នះ”​ លើ​ Mark Zuckerberg ហើយបានក្លាយជាអ្នកមានជាងគេលំដាប់ទី3ក្នុងពិភពលោក

    Elon Musk “យកឈ្នះ”​ លើ​ Mark Zuckerberg ហើយបានក្លាយជាអ្នកមានជាងគេលំដាប់ទី3ក្នុងពិភពលោក

    មូលបត្រ Tesla បានកើនឡើង12% ដែលនេះបានជួយឱ្យ Elon Musk រកបានប្រាក់ជិត12ពាន់លានដុល្លារបន្ថែមទៀត បន្ទាប់ពីការជួញដូររយៈពេល24ម៉ោង កាលពីដំណាច់ខែសីហា។

    CEO របស់ Tesla លោក Elon Musk កាលពីថ្ងៃទី31សីហា បានលោតរំលងម្ចាស់ Facebook លោក Mark Zuckerberg នៅលើតារាងចំណាត់ថ្នាក់នៃក្រុមអ្នកមានបំផុតរបស់ពិភពលោក ដោយសារមូលបត្រ Tesla កើនឡើងជាង12%។ លោក Musk បច្ចុប្បន្នមានទ្រព្យចំនួន115.4ពាន់លានដុល្លារ ខ្ពស់ជាងច្រើនបើធៀបនឹង110.8ពាន់លានដុល្លាររបស់លោក Zuckerberg ដែលជាម្ចាស់ Facebook។ ក្នុងការជួញដូរក្នុងផ្សារមូលបត្រកាលពីម្សិលមិញ លោក Musk រកបានប្រាក់ដល់ទៅ11.7ពាន់លានដុល្លារ។ នេះបើតាម Bloomberg Billionaires Index។

    គិតចាប់ពីដើមឆ្នាំ2020នេះ លោក Musk រកបានរហូតដល់87.8ពាន់លានដុល្លារ ដោយសារមូលបត្រ Tesla កើនឡើងជិត500%។ បើសិនជាបានជួយឱ្យក្រុមហ៊ុនសម្រេចបានគោលដៅដែលក្រុមប្រឹក្សាភិបាលបានដាក់ចេញ នោះ Musk នឹងទទួលបានជាង50ពាន់លានដុល្លារបន្ថែមទៀត។

    ទុនរបស់ Tesla ដែលបច្ចុប្បន្នមានតម្លៃ464ពាន់លានដុល្លារ រកបានចំណូលច្រើនជាង Walmart ដែលជាក្រុមហ៊ុនលក់រាយធំបំផុតនៅសហរដ្ឋអាមេរិកទៅទៀត។ កាលពីសប្ដាហ៍មុន លោក Musk ក៏មានឈ្មោះនៅក្នុងចំណោមក្រុមមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងរយពាន់លានដុល្លារ ដែលក្នុងនោះរួមមាន លោក Jeff Bezon (ម្ចាស់ Amazon) លោក Bill Gates (សហស្ថាបនិករបស់ Microsoft) និង Mark Zuckerberg (ស្ថាបនិករបស់ Facebook)។

    អ្នកមានជាងគេបង្អស់ក្នុងពិភពលោកនាបច្ចុប្បន្ន នៅតែជា Bezos ដោយមានទ្រព្យសម្បត្តិសរុបឡើងដល់ 202ពាន់លានដុល្លារ។ លោក Bill Gates ឈរលំដាប់ទី2 ជាមួយនឹងទ្រព្យសរុប 125ពាន់លានដុល្លារ៕

    ប្រភព៖ Bloomberg

  • ManCity ចរចាកុងត្រា 5ឆ្នាំ ជាមួយ Messi ក្នុងតម្លៃ 750ដុល្លារ

    ManCity ចរចាកុងត្រា 5ឆ្នាំ ជាមួយ Messi ក្នុងតម្លៃ 750ដុល្លារ

    កាលពី​ព្រឹក​ថ្ងៃទី31 ខែសីហា ឆ្នាំ2020កន្លងទៅ ក្លិប​បាល់ទាត់ FC Barcelona បានប្រកាស​នូវ​តម្លៃ​ថ្មី នៃ​ការទិញ​ផ្តាច់​កុងត្រា Messi  ដោយបាន​ដំឡើង​ពី 200លាន​ដុល្លារ ដល់​ទៅ 700លាន​ដុល្លារ ដែល​ត្រូវបាន​គេ​ដឹងថា ជា​តម្លៃ​ពេញ​នៃ​កុងត្រា​របស់​កីឡាករ​វ័យ 33ឆ្នាំ​រូបនេះ ក្រោយ​ពេលដែល​កីឡាករ​រូបនេះ​បង្ហាញ​អាកប្បកិរិយា​ថា មិន​ចង់​ចរចា​ពីអ្វី​ជាមួយនឹង​ក្លិប​ចាស់​របស់គេ។

    ទោះជា​បែបនេះ​ក្តី Manchester City ក្លិប​អ្នកមាន របស់​មហាសេដ្ឋី​អារ៉ាប់​ប្រាក់​វាល់​លាន​ដុល្លារ​មួយ​នេះ បានដាក់​សំណើ​ថ្មី​ទៅ Barcelona ដោយបាន​ឱ្យ​ថ្លៃ​ដល់​ទៅ 750លាន​ដុល្លារ តែមាន​លក្ខខណ្ឌ​មួយ​គឺ Messi ត្រូវមាន​កុងត្រា និង​បញ្ចប់​អាជីព​នៅ ManCity នេះ​តែម្តង។

    ក្នុង​កុងត្រា​ថ្មី​នេះ ទោះ​ជាមាន​រយៈពេល 5ឆ្នាំ​ក៏ពិតមែន ក៏ប៉ុន្តែ​កីឡាករ​រូបនេះ នឹងត្រូវ​លេង​នៅ​ក្លិប New York City ជា​ក្លិប​ដែល ManCity វិនិយោគ​នៅ​លី​ក​កំពូល​របស់​អាមេរិក ក្នុង​រយៈពេល 2ឆ្នាំ​ចុងក្រោយ​នៃ​កុងត្រា​មួយ​នេះ៕

  • ផ្លែឈើសំខាន់សម្រាប់ស្រ្តីមានគភ៌

    ផ្លែឈើសំខាន់សម្រាប់ស្រ្តីមានគភ៌

    ស្រ្តីដែលស្ថិតក្នុងអំឡុងពេលតាំងគភ៌ ការជ្រើសរើសញ៉ាំអាហារដែលមានប្រយោជន៍គឺជារឿងចាំបាច់ខ្លាំងណាស់ ជាពិសេសអាហារដែលត្រូវនឹងលក្ខណៈសុខភាព និងមានសារធាតុអាហារគ្រប់ទាំង 5 ប្រភេទក្រុម សុទ្ធតែជួយក្នុងកម្មវិធីការសាងភាពចម្រើនធំធាត់របស់ទារកបានល្អទាំងអស់ រួមទាំងការទទួលទានបន្លែផ្លែឈើក៏មានភាពចាំបាច់មិនតិចជាងគ្នាប៉ុន្មានដែរ ហើយនៅថ្ងៃនេះ យើងនឹងនាំស្រ្តីមានគភ៌ទាំងឡាយឱ្យបានយល់ដឹងពីគន្លឹះគួរដឹងរបស់ការញ៉ាំផ្លែឈើមានជម្រាបជូន។

    ញ៉ាំផ្លែឈើបំបាត់អាការទល់លាមក

    អាការទល់លាមកនៅលើស្រ្តីមានគភ៌ នៅពេលកើតឡើងហើយ អាចរាប់ថាជារឿងមួយដែលសាងនូវភាពតានតឹងធុញថប់ដល់ស្រ្តីមានគភ៌ខ្លាំងណាស់ ព្រោះធ្វើឱ្យមិនសប្បាយខ្លួន និងអាចធ្ងន់ធ្ងរដល់ថ្នាក់កើតឫសដូងបាតក៏មាន ដូច្នេះជម្រើសដែលល្អសម្រាប់ស្រ្តីមានគភ៌ដើម្បីការពារ និងទប់ទល់បញ្ហាទល់លាមកនេះមិនពិបាកខ្លាំងក្លានោះទេ គ្រាន់តែស្រ្តីយើងជ្រើសរើសទទួលទានផ្លែឈើដែលមានចំណែកជួយក្នុងការបន្ទោបង់ដើម្បីកែបញ្ហាទល់លាមកយ៉ាងងាយៗ ដូចជា ផ្លែល្ហុងទុំ អម្ពិលទុំ ក្រូច ផ្លែប៉ោម ចេកណាំវ៉ា និងផ្លែទំពាំងបាយជូរ ជាដើម តែបើស្រ្តីមានគភ៌ណាមិនមានបញ្ហាទល់លាមកស្រាប់ហើយនោះ ក៏មិនគួរទទួលទានផ្លែអម្ពិលទុំ ទំពាំងបាយជូរ និងល្ហុងទុំច្រើនពេកទេ ព្រោះផ្លែឈើទាំងនោះនឹងទៅជំរុញប្រព័ន្ធបន្ទោបង់ឱ្យកាន់តែធ្វើការស្រួលឡើងដែលមិនល្អសម្រាប់ស្រ្តីមានគភ៌ប៉ុន្មានឡើយ។ ជម្រើសមួយទៀតសម្រាប់ស្រ្តីមានគភ៌ដែលមិនចូលចិត្តទទួលទានផ្លែឈើស្រស់ គឺអាចទទួលទានយ៉ាអួ ឬញ៉ាំទឹកផ្លែឈើស្រស់ធ្វើជាថ្នាំសម្រួលការបន្ទោបង់ក៏បានដូចគ្នា។

    ញ៉ាំផ្លែឈើបានប្រយោជន៍យ៉ាងណា?

    – វីតាមីន C ដែលមាននៅក្នុងផ្លែឈើច្រើនប្រភេទនោះ មានចំណែកជួយក្នុងការសាងឆ្អឹង និងធ្មេញរបស់កូន ជួយជំរុញប្រព័ន្ធការដុតបំផ្លាញអាហារ ជួសជុលសាច់ភ្នាសផ្សេងៗ ធ្វើឱ្យសម្បុរស្បែករបស់ស្រ្តីមានគភ៌តឹងភ្លឺរលោង ស្រស់ថ្លា។

    – អាស៊ីតហ្វូលិក ជាវីតាមីន B ដែលអាចរលាយក្នុងទឹកបាន និងឃើញមានច្រើននៅក្នុងផ្លែឈើដែលមានរសជាតិជូរ ដូចជា ក្រូច ជាដើម ដោយអាស៊ីតហ្វូលិកនេះជាសារធាតុដែលចាំបាច់ដល់ការចម្រើនធំធាត់របស់ទារក និងជួយការពារភាពខុសប្រក្រតីរបស់ឈាម។

    – វីតាមីន A មានចំណែកជួយក្នុងការមើលឃើញ បំប៉នខ្សែភ្នែកបានយ៉ាងល្អ និងថែមទាំងមានសារធាតុបេតាឃែរ៉ូធីនដែលចាំបាច់ដល់ការចម្រើនធំធាត់របស់កោសិការាងកាយ ជួយឱ្យកោសិកាស្បែក ឆ្អឹង និងកែវភ្នែកមានភាពល្អឥតខ្ចោះ រឹងមាំ ដែលគេសង្កេតឃើញមានច្រើននៅក្នុងបន្លែផ្លែឈើពណ៌លឿង ដូចជា ផ្លែឃែនតាលូប(ត្រសក់ស្រូវបារាំង) ស្វាយ ល្ហុងទុំ ល្ពៅ ជាដើម។

    – កាល់ស្យូម ជួយក្នុងការសាងឆ្អឹង និងធ្មេញឱ្យរឹងមាំ កាត់បន្ថយអាការឈឺជើង ឈឺសន្លាក់ឆ្អឹងរបស់ស្រ្តីពេលតាំងគភ៌បាន។ កាលស្យូមនេះអាចទទួលបានពីផ្លែត្របែកទុំ និងក្រៅពីនេះស្រ្តីមានគភ៌នៅអាចទទួលបានសារធាតុដែក និងផូស្វ័រអំពីផ្លែឈើពណ៌លឿងទុំ ដូចជាផ្លែល្ហុងទុំជាដើមទៀតផង។

    ផ្លែឈើដែលស្រ្តីមានគភ៌មិនគួរទទួលទាន

    ផ្លែឈើដែលស្រ្តីមានគភ៌មិនគួរទទួលទានគឺ ផ្លែឈើកែច្នៃ(តំណាប់) និងផ្លែឈើជ្រក់ផ្សេងៗ ព្រោះអាហារផ្អាប់ជ្រក់ ឬផ្លែឈើកែច្នៃនេះច្រើនតែឆ្លងកាត់កម្មវិធីការផលិតច្រើនដំណាក់កាល និងទម្រាំនឹងមកដល់ដៃអ្នកបរិភោគគុណតម្លៃសារធាតុអាហារក្នុងផ្លែឈើទាំងអស់នោះរលាយបាត់អស់ទៅហើយ។ ក្រៅពីនេះ ស្រ្តីមានគភ៌គួរចៀសវាងផ្លែឈើដែលមានរសជាតិផ្អែមខ្លាំង ដូចជា ផ្លែទុរេន មៀន សាវម៉ាវ ទៀប ជាដើម ដោយសារតែវាមានជាតិស្ករច្រើនដែលអាចប្រថុយនឹងការកើតសភាវទឹកនោមផ្អែម និងធ្វើឱ្យទម្ងន់ខ្លួនស្រ្តីមានគភ៌ឡើងលើសកម្រិតទៀតផង។

    សារៈខ្លឹមសារដែលគួរដឹងពាក់ព័ន្ធនឹងការទទួលទានផ្លែឈើសម្រាប់ស្រ្តីមានគភ៌លែងជារឿងពិបាកតទៅទៀតហើយ ដូច្នេះបន្ទាប់ពីនេះទៅ ស្រ្តីមានគភ៌អាចយកចំណេះដឹងទាំងនេះទៅប្រើបាន ធានាថា សុខភាពរាងកាយនឹងរឹងប៉ឹងល្អទាំងម្តាយ ទាំងកូនយ៉ាងពិតប្រាកដ៕

  • Messi លែងទៅជាន់ក្លិប ខណៈដែល La Liga មិនឱ្យចាកចេញ

    Messi លែងទៅជាន់ក្លិប ខណៈដែល La Liga មិនឱ្យចាកចេញ

    គិត​មក​ត្រឹម​ពេលនេះ រឿងរ៉ាវ​នៃ​ការដើរ​ចេញពី​ក្លិប FC Barcelona របស់​កីឡាករ​ល្បី សញ្ជាតិ​អា​ហ្ស​ង់​ទីន Lionel Messi នៅ​មិនទាន់បាន​ចប់​ដាច់ស្រេច​សព្វគ្រប់​នៅឡើយ​ទេ ក្រោយ​ភាគី​ទាំង2 គឺ​កីឡាករ និង​ក្លិប​មិនទាន់​ត្រូវរ៉ូវ​គ្នា​លើ​ការដើរ​ចេញ​នេះ​នៅឡើយ។

    ក្នុងនោះដែរ La Liga បានចេញ​លិខិត​បញ្ជាក់ថា Lionel Messi មិនអាច​ចាកចេញ​ពី​ក្រុម FC Barcelona ដោយ​ប្រើ​វិធី​ទិញ​ផ្ដាច់​កុងត្រា 700លាន​អឺរ៉ូ​បានទេ។

    គួរ​បញ្ជាក់ដែរថា ខ្សែប្រយុទ្ធ Lionel Messi ត្រូវបាន​គេ​ដឹងថា បាន​ជូនដំណឹង​ទៅ​ក្លិប FC Barcelona រួចហើយ​ថា រូបគេ​នឹងមិន​ទៅធ្វើ​តេស្ដ​រក​មេរោគ Covid-19 និង​មិន​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម នា​សប្តាហ៍​នេះឡើយ៕

  • PSG មិនខ្វះលុយទិញ Messi ទេ តែគ្មានលទ្ធភាពឱ្យប្រាក់ខែខ្ពស់បានឡើយ

    PSG មិនខ្វះលុយទិញ Messi ទេ តែគ្មានលទ្ធភាពឱ្យប្រាក់ខែខ្ពស់បានឡើយ

    កាលពី​មុននេះ ក្លិប​បារាំង Paris Saint Germain បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុងការ​នាំយក​កីឡាករ Messi មក​ក្លិប​របស់ខ្លួន បន្ទាប់ពី​លេចឮ​ដំណឹង​ថា កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ អាច​ដើរ​ចេញទៅ​ក្លិប​ណាមួយ​ក៏បាន​ដោយ​គ្មាន​តម្លៃ​ខ្លួន ពោលគឺ ឱ្យតែ​ប្រាក់ខែ​តែប៉ុណ្ណោះ។

    គួរ​ដឹង​ដែរ​ថា ទោះបីជា​គ្មាន​តម្លៃ​ខ្លួន​ក៏ពិតមែន តែ PSG ក៏ត្រូវ​ត្រៀម​កញ្ចប់​ថ​រិ​កា​ចំនួន 125លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​សម្រាប់​កីឡាករ​រូបនេះ ដូច្នេះ PSG មិនមាន​លទ្ធភាព​នៅឡើយ​នៅពេលនេះ ពីព្រោះ​ខ្លួន​ក៏​កំពុងតែ​ជួប​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ-19ដែរ។

    តែ តាម​ការចុះផ្សាយ​ព័ត៌មាន​មិន​ផ្លូវការ​មួយចំនួន បាន​និយាយថា ក្លិប​ដែល​ប៉ង​ចង់បាន Messi ហើយ​កំពុង​ទាក់ទង​កីឡាករ​រូបនេះ គឺ Man City ដែល​បាន​ត្រៀម​លុយ​ដល់​ទៅ​ជាង 700លាន​ដុល្លារ​ឯណោះ​សម្រាប់​កីឡាករ​រូបនេះ៕

  • ចេញហើយ បញ្ជីឈ្មោះកោះហៅលើកទី2 របស់ឈុតយុវជនអាយុក្រោម 19ឆ្នាំកម្ពុជា

    ចេញហើយ បញ្ជីឈ្មោះកោះហៅលើកទី2 របស់ឈុតយុវជនអាយុក្រោម 19ឆ្នាំកម្ពុជា

    កាលពីពេលថ្មីៗនេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​បញ្ជី​ឈ្មោះ​កោះហៅ​ជា​លើក​ទី2 របស់​គ្រូបង្វឹក​ជប៉ុន លោក Koji ដើម្បី​ត្រៀមខ្លួន​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រកួត AFC U19 Championship ប្រចាំ​ទ្វីបអាស៊ី ដើម្បី​ជម្រុះ​យក​បេក្ខភាព 5ក្រុម ទៅ​ចូលរួម​ក្នុង​កម្មវិធី U19 World Cup 2021។

    ក្នុង​បញ្ជី​ឈ្មោះ​នោះ មាន​កីឡាករ​ចំនួន 32រូប ដែល​ក្នុងនោះ មាន​មកពី​ក្លិប​ចំនួន8 រូ​ម​មាន សាលា​បាល់ទាត់​ជាតិ​បាទី 9រូប, បឹងកេត 8រូប, វិសាខា 8រូប, ណាហ្គា 2រូប, ភ្នំពេញ​ក្រោ​ន2រូប, អគ្គិសនី​កម្ពុជា 1រូប, ប៉ូលិស 1រូប និង​ស្វាយរៀង 1រូប។

    គួរឱ្យ​ដឹង​ដែរ​ថា ការប្រកួត នឹងធ្វើ​ឡើង ចាប់ពី​ថ្ងៃទី14 ដល់ទី31 ខែតុលា ឆ្នាំ2020 នេះ ដោយ​កម្ពុជា បាន​ស្ថិតនៅក្នុង​ពូ​ល A ជាមួយនឹង​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន ឥណ្ឌូនេស៊ី និង​អ៊ីរ៉ង់ ក្នុងនោះ​កម្ពុជា​ត្រូវ​ជួប​ជាមួយនឹង​ម្ចាស់ផ្ទះ នា​ថ្ងៃ​បើកឆាក៕

     
  • ក្រសួងអប់រំ ណែនាំឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាឯកជនក្នុងដំណាក់កាលទី2

    ក្រសួងអប់រំ ណែនាំឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាឯកជនក្នុងដំណាក់កាលទី2

    ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី1 ខែកញ្ញា នេះ​បានចេញ​សេចក្តីណែនាំ​ថ្មី​មួយ​ស្តីពី​ការបើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​ឯកជន​ក្នុងដំណាក់កាល​ទី2 ខណៈដែល​សាលា​ជាច្រើន​បានរៀបចំ​អនុវត្តតាម​ការណែនាំ​ដើម្បី​ដាក់ឱ្យ​សិស្ស​បាន​ចូលរៀន​ឡើងវិញ។

    ក្រសួង​អប់រំ បាន​បញ្ជាក់ថា ក្រោយពី​ការដាក់ឱ្យ​អនុវត្ត​វិស្សមកាល​តូច​មុន​កាលកំណត់ និង​ការដាក់ឱ្យ​បន្ត​វិស្សមកាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 គ្រឹះស្ថានសិក្សា​ឯកជន និង​សិស្សានុសិស្ស និស្សិត​មួយចំនួន​បាន​អនុវត្ត​ការបង្រៀន និង​រៀន​តាម​វិធាន​នៃ​ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្រោម​ការជួយ​គាំទ្រ​របស់​មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង​គណៈ​គ្រប់គ្រង​សាលារៀន។

    ស្របពេល​ជាមួយគ្នានេះ ក្រសួង​អប់រំ បានអនុម័ត​នូវ​ឯកសារ​ចំនួន 2 គឺ​ទី1 យុទ្ធសាស្ត្រ​ស្តីពី​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ និង​ទី2 គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​ក្នុង​បរិបទ​នៃ​ជំងឺ Covid-19។ ឯកសារ​ទាំងពីរ​នេះ​ជាការ​តម្រង់ទិស​ក្នុង​ទិដ្ឋភាព​យុទ្ធសាស្ត្រ និង​បច្ចេកទេស សម្រាប់​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន ក្នុងការ​ត្រៀមលក្ខណៈ​ស​ម្រា​ប់​បើក​ដំណើរការ​ឡើងវិញ។

    ក្រសួង​ថា ដើម្បី​ធានា​ឱ្យ​ការបើក​ដំណើរការ​ឡើងវិញ​រប​ស់​គ្រឹះស្ថាន​ឯកជន ក្នុងដំណាក់កាល​ទី2 ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​សុវត្ថិភាព ក្រសួង​បានធ្វើ​ការណែនាំ​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់ មាតាបិតា និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត ឱ្យ​ត្រៀមលក្ខណៈ និង​បើក​ដំណើរការ​គ្រឹះស្ថាន​ឡើងវិញ ដោយមាន​ការយកចិត្ត​ទុកដាក់​លើ​ការរក​ម្សា​គម្លាត​សុវត្ថិភាព ការលើកកម្ពស់​សុខភាព​សិក្សា និង​ផ្នែកសំខាន់ៗជាច្រើន​ផ្សេងទៀត៕

  • Honda e ប្រភេទរថយន្តអគ្គិសនីខ្នាតតូច គ្រោងចេញលក់នៅជប៉ុន តម្លៃប្រមាណ 42,500ដុល្លារ

    Honda e ប្រភេទរថយន្តអគ្គិសនីខ្នាតតូច គ្រោងចេញលក់នៅជប៉ុន តម្លៃប្រមាណ 42,500ដុល្លារ

    ក្រុមហ៊ុន Honda បានឱ្យដឹងថា ក្រុមហ៊ុន​គ្រោង​នឹង​ចាប់ផ្តើម​ចេញលក់​រថយន្ត​អគ្គិសនី ជា​ផ្លូវការ​នៅ​ថ្ងៃទី30 ខែតុលា ឆ្នាំ2020 ខាងមុខនេះ។

    រថយន្ត​ម៉ូ​ដែល Honda e ជា​ប្រភេទ​រថយន្ត​អគ្គិសនី​ខ្នាតតូច មាន​កៅអីអង្គុយ4 និង​មាន​បំពាក់​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយបង្អស់ ដូចជា បញ្ជា​ចាក់​បិទ-បើក​សោ​ទ្វារ និង​បញ្ឆេះ​ម៉ាស៊ីនរថយន្ត​តាមរយៈ​ស្មា​ត​ហ្វូ​ន ជាដើម។ វា​ក៏មាន​បំពាក់​កាមេរ៉ា​សម្រាប់​មើល​ចំហៀង ជំនួស​ឱ្យ​កញ្ចក់​មើល​ចំហៀង​ដែរ ថែមទាំង​មានមុខ​ងារ ចូល​ចត​ស្វ័យប្រវត្តិ​ទៀតផង។

    Honda e អាច​បើក​បរបាន​ចម្ងាយ​អតិបរមា​ដល់​ទៅ 283គីឡូម៉ែត្រ នៅពេល​សាក​ភ្លើង​ពេញ​ម្តង។ ចម្ងាយ​នេះ បើ​ធៀប​នឹង​គូប្រជែង ដូចជា Tesla Model 3 និង Nissan Leaf ជាដើម  ឃើញថា វា​មាន​ចម្ងាយ​បើកបរ​តិចជាង។

    ក្រុមហ៊ុន Honda បានដាក់​ផែន​ការលក់​រថយន្ត​នេះ​ឱ្យបាន​ចំនួន 1,000គ្រឿងក្នុង 1ឆ្នាំ នៅក្នុង​ប្រទេស​ជប៉ុន ហើយ​វា​នឹងត្រូវ​ដាក់លក់​ក្នុងតម្លៃ​ចាប់ពី 4.51លាន​យ៉េន ឬ​ប្រហែល 42,500ដុល្លារ៕

     

    សូម​ទស្សនា​វីដេអូ ការបើកបរ​សាកល្បង ដូចខាងក្រោម៖