Category: សង្គម និងសេដ្ឋកិច្ច

  • ស្រ្តីមានគភ៌ដូចយើង…ធ្វើម៉េចដឹងថា កូនក្នុងគភ៌រឹងមាំ?

    ស្រ្តីមានគភ៌ដូចយើង…ធ្វើម៉េចដឹងថា កូនក្នុងគភ៌រឹងមាំ?

    ក្នុងអំឡុងពេលតាំងគភ៌ ក្ដីវិតក្កកង្វល់ ក្ដីតានតឹងក្នុងអារម្មណ៍តែងតែកើតឡើងចំពោះស្រ្តីមានគភ៌បានយ៉ាងងាយជាងប្រក្រតីជាកង្វល់ពាក់ព័ន្ធនឹងកូនថា តើកូននឹងយ៉ាងម៉េចដែរ? រឹងមាំឬទេ? មានអវយវៈគ្រប់ 32 ឬទេ? រាប់សិបរាប់រយកង្វល់ដែលស្រ្តីមានគភ៌នឹកបារម្ភ គឺដោយសារតែសេចក្ដីស្រឡាញ់ដែលមានចំពោះកូនតូចក្នុងផ្ទៃហ្នឹងឯង។ តើស្រ្តីមានគភ៌ទាំងអស់ចង់ដឹងទេថា តើយើងធ្វើម៉េចនឹងដឹងបានទៅថា កូនតូចក្នុងផ្ទៃរបស់យើងហ្នឹងរឹងមាំល្អដែរឬទេ? សូមតាមដានជាបន្ត…។

    ធ្វើម៉េចនឹងដឹងបានទៅថា កូននៅក្នុងផ្ទៃមានសុខភាពល្អ និងរឹងមាំ?

    ទារកតូចនៅក្នុងគភ៌នឹងរឹងប៉ឹងមាំមួនល្អឬទេនោះ មួយផ្នែកមកពីសុខភាពរបស់អ្នកម្ដាយ ដូច្នេះ ពេលទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព មិនថាតែការពិនិត្យសម្ពាធឈាម ពិនិត្យទឹកមូត្រ ពិនិត្យឈាមមើលថា តើស្លេកស្លាំងឬទេ? ហើមឬទេ? ពិនិត្យមើលទម្ងន់ដែលកើនច្រើនឡើង រួមទាំងការសាកសួរពីអាការខុសប្រក្រតីផ្សេងៗនោះទេ អ្វីដែលសំខាន់លំដាប់ដំបូងៗមុនគេនោះគឺ ការពិនិត្យគភ៌ នៅពេលដែលដឹងថា ខ្លួនឯងច្បាស់ជាមានផ្ទៃពោះហើយ។ ការពិនិត្យគភ៌គឺជាជម្រើសមួយដែលគួរធ្វើខ្លាំងបំផុត បើសិនជាស្រ្តីមានគភ៌ទៅពិនិត្យគភ៌ និងទៅជួបគ្រូពេទ្យតាមការណាត់ជាប់លាប់ នៅពេលមានសញ្ញាដាស់តឿនដែលអាចកើតមានភាពខុសប្រក្រតីណាមួយដែលបង្ហាញថា ទារកអាចនឹងមានសុខភាពមិនរឹងមាំ ដូចជា ទម្ងន់ខ្លួនកើនឡើងតិចជាងប្រក្រតី ទំហំស្បូនរីកធំយឺត កូនលែងសូវរើ ស្រ្តីមានគភ៌ខ្លួនឯងមានអាការហើមខ្លួនខ្លាំង ឬមានសម្ពាធឈាមឡើងខ្ពស់ គ្រូពេទ្យនឹងបានជ្រើសរើសវិធីការត្រួតពិនិត្យព្យាបាលដែលត្រឹមត្រូវស័ក្តិសមនឹងសភាវខុសប្រក្រតីផ្សេងៗដែលកើតឡើងនោះ។

    ការពិនិត្យវិនិច្ឆ័យថា តើកូនក្នុងគភ៌រឹងមាំឬទេ?

    បច្ចុប្បន្ននេះ ឧបករណ៍ដែលប្រើប្រាស់ក្នុងការពិនិត្យមើលទារកក្នុងគភ៌មានភាពទាន់សម័យខ្លាំងណាស់ តាមរយៈការវិវឌ្ឍតិចណូឡូជីខាងផ្នែកវេជ្ជសាស្រ្ត ដូចជា ៈ

    ការពិនិត្យមើលអេកូដែលអាចសាងរូបភាព 4 D របស់ទារកបាន មើលធ្លុះចូលទៅក្នុងផ្ទៃ ទៅដល់ស្បូនដោយផ្ទាល់រហូតអាចមើលឃើញរូបរាងរបស់ទារកច្បាស់លាស់ សឹងតែដឹងតែម្ដងថា ទារកនោះមានមុខមាត់ស្រដៀងឪពុក ឬម្ដាយ និងថែមទាំងអាចពិនិត្យមើលប្រព័ន្ធហូរវិលរបស់ឈាមតាមអវយវៈផ្សេងៗ តាំងពីសុក ទងសុក បេះដូង ឬសូម្បីតែខួរក្បាលទៀតផង ដើម្បីពិនិត្យមើលថា កូនតូចរបស់អ្នករឹងប៉ឹង និងមានសុវត្ថិភាពល្អ។

    ការពិនិត្យស្ដាប់សំឡេងបេះដូងទារក និងកត់ត្រាចេញមកជាគំនូសហ្ក្រាហ្វិកដើម្បីប្រើក្នុងការពិនិត្យសុខភាពរបស់ទារក។

    ក្នុងករណីទូទៅ ការពិនិត្យគភ៌ប្រក្រតី គ្រូពេទ្យពិនិត្យមើលខ្នាតរបស់ស្បូន និងទារកដោយការប្រើដៃស្ទាប រួមជាមួយការស្ដាប់សំឡេងការលោតរបស់បេះដូងដែលទៀងទាត់ក្នុងរយៈពេលខ្លីៗ ក៏អាចប្រាកដក្នុងចិត្តបានទៅហើយថា កូនតូចមានសុខភាពល្អ។

    ករណីដែលពិនិត្យឃើញថា កើតមានភាពខុសប្រក្រតី ឬកូនតូចមានភាពប្រថុយប្រថានក្នុងការកើតមានគ្រោះថ្នាក់ណាមួយ ឬប្រថុយប្រថាននឹងការស្លាប់ គ្រូពេទ្យនឹងប្រញាប់ផ្ដល់ការជួយសង្រ្គោះ និងបើសិនស្ថិតក្នុងរយៈប្រសូតដែលសុវត្ថិភាព គ្រូពេទ្យក៏នឹងអាចជួយដោយការវះកាត់ប្រសូតបានភ្លាមៗទាន់ពេលវេលាដែរ។

    អ្វីដែលសំខាន់ ក្នុងអំឡុងពេលតាំងគភ៌ ក្រៅពីការទៅពិនិត្យគភ៌តាំងពីដំបូងៗហើយ ស្រ្តីមានគភ៌ត្រូវថែរក្សាសុខភាព អនាម័យឱ្យបានរឹងមាំខ្ជាប់ខ្ជួន ទទួលទានអាហារឱ្យគ្រប់ 5 ប្រភេទក្រុម(ប្រូតេអ៊ីន ខាបូហាយដ្រេត(ធញ្ញជាតិ បាយ ម្សៅ ស្ករ-ល-) សារធាតុរ៉ែ(បន្លែផ្លែឈើ) វិតាមីន និងខ្លាញ់) ញ៉ាំទឹក សម្រាកឱ្យបានគ្រប់គ្រាន់ ធ្វើចិត្តឱ្យស្រស់ស្រាយសប្បាយៗ និងមិនធុញថប់តានតឹងអាចធ្វើការងារស្រាលៗ ស្ដាប់បទភ្លេង ឬអានសៀវភៅ។ ការហែលទឹក ការដើរតិចៗ និងហ្វឹកយ៉ូហ្គា គឺជាការធ្វើលំហាត់ប្រាណដែលស័ក្តិសមបំផុតសម្រាប់ស្រ្តីមានផ្ទៃពោះ រួមទាំងការចៀសវាងពីអ្វីដែលបង្កឱ្យកើតមានគ្រោះថ្នាក់ ដូចជា ភេសជ្ជៈដែលមានជាតិអាល់កុល ផ្សែងបារី អាហារដែលមិនល្អ ការអង្គុយ ឬឈរយូរៗ គឺសុទ្ធតែហុចផលអាក្រក់ដល់ស្រ្តីមានគភ៌ និងទារកក្នុងផ្ទៃទាំងអស់ ដូច្នេះហើយទើបគួចៀសវាង ដើម្បីឱ្យទារកតូចក្នុងគភ៌មានសុខភាពរឹងមាំល្អ៕

  • Rakitić ចាកចេញពី Barcelona ទៅក្លិបចាស់វិញ

    Rakitić ចាកចេញពី Barcelona ទៅក្លិបចាស់វិញ

    Barcelona បាន​ផ្ទេរ​កីឡាករ Ivan Rakitić របស់ខ្លួន​ឱ្យទៅ​ក្លិប Sevilla ដោយ​បញ្ជាក់ថា Sevilla នឹង​បង់ប្រាក់​ចំនួន​ជាង 2លាន​ដុល្លារ បូក​បន្ថែមនឹង​ថ្លៃ​រត់ការផ្សេងៗទៀត ចំនួន​ជាង 10លាន​ដុល្លារ ក្នុងការ​នាំយក​កីឡាករ​រូបនេះ​ទៅវិញ។

    Sevilla FC គឺជា​ក្លិប​ស្ថិតនៅ​លី​ក​កំពូល​អេ​ស្ប៉ា​ញ​ដូចគ្នា ហើយ Ivan Rakitić ក៏​ធ្លាប់​លេង​នៅ​ក្លិប​នេះដែរ កាលពី​ឆ្នាំ2011 ដល់​ឆ្នាំ2014 មុននឹង​ផ្លាស់​មកកាន់ FC Barcelona នេះ។ ទោះបីជា​ការចាកចេញ​ដ៏​គូរ​ឱ្យ​សោកស្តាយ​មែន ក៏ប៉ុន្តែ​កីឡាករ​រូបនេះ នៅតែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ក្លិប Barcelona ដដែល ពោលគឺ​ជាការ​ចាកចេញ​ដោយ​សន្តិភាព។

    Ivan Rakitić អតីត​ខ្សែបម្រើ​របស់​ក្លិប FC Barcelona បាន​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​របស់ខ្លួន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ជា​លើកដំបូង​ដ៏​មិន​គួរឱ្យ​ជឿ​កាលពី​ឆ្នាំ2018កន្លងទៅ មុននឹង​ធ្លាក់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោម​ថ្វី​ជើង​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង៕

  • មន្ទីរអប់រំខេត្តបាត់ដំបងគាំទ្រដំណើរការសាលារៀនវ៉េស្ទឡាញន៍ជាសាលារៀនឆ្លាតវៃ

    មន្ទីរអប់រំខេត្តបាត់ដំបងគាំទ្រដំណើរការសាលារៀនវ៉េស្ទឡាញន៍ជាសាលារៀនឆ្លាតវៃ

    ការបង្កើត វេទិកាអប់រំ(App)ផ្សេងៗ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង(App)រវាងសាលារៀន​ និងអ្នកអាណាព្យាបាល​ ព្រមទាំងការបញ្ចូលកម្មវិធីសិក្សាបន្ថែម គឺជារបត់ថ្មីមួយក្នុងវិស័យអប់រំ ដែលចូលរួមបង្កើនគុណភាពអប់រំនៅកម្ពុជាឱ្យកាន់ប្រសើរឡើង និងចាត់ទុកថាជាសាលារៀន ឆ្លាតវៃទី1 នៅខេត្តបាត់ដំបង។ នេះលើកឡើងរបស់លោក យី​ សុងគី​ ប្រធានមន្ទីរអប់រំ យុវជន និង កីឡា​​ ខេត្តបាត់ដំបង​ ក្នុងពិធីទស្សនកិច្ចសាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង ខេត្តបាត់ដំបង។

    លោកប្រធានមន្ទីរបានបន្តទៀតថា កម្មវិធីសិក្សារបស់សាលារៀនវ៉េស្ទឡាញន៍អនុវត្តតាមការណែនាំ របស់ក្រសួងអប់រំ យុវជននិងកីឡា ហើយលើសពីនេះ​សាលារៀនបន្ថែមកម្មវិធីសិក្សាបន្ថែមមួយទៀត ដូចជាកម្មវិធីទម្លាប់ល្អទាំង7 កម្មវិធីបណ្តុះ បណ្តាលផ្នែកហិរញ្ញវត្ថុ និងកម្មវិធី STEM ដើម្បីអភិវឌ្ឍផ្នែក ឥរិយាបថនិងផ្នត់គំនិត ផ្នែកធុរកិច្ច និងផ្នែកបច្ចេកវិទ្យា​។

    ឧកញ៉ា​ ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យុខេសិន គ្រុប​ បានលើកឡើងថា ការដាក់ បញ្ចូលបច្ចេកវិទ្យា ក្នុងការសិក្សានឹងជួយលើកកម្ពស់ការសិក្សារៀនសូត្រកាន់តែប្រសើរឡើង និង ទទួលបានចំណេះដឹងថ្មីៗ ក្នុងរបត់នៃបដិវដ្តឧស្សាហកម្ម 4.0 ។

    ឧកញ៉ាបានបន្តទៀតថា សាខាសាលារៀនវ៉េស្ទឡាញន៍ នៅចំការសំរោង ខេត្តបាត់ដំបងនេះ នឹងក្លាយ ជា​សាលារៀនឆ្លាតវៃដំបូងគេ ដោយសារតែ​យើងបានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Edemy, E-School, Sangapac, Maxbit, V-Connect, DTP ក្នុងការបង្កើតវេទិកាបង្រៀន(App) ដើម្បី គាំទ្រដល់ការសិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ ព្រមវាយតម្លៃការសិក្សា តាមរយៈការធ្វើតេស្ត សមត្ថភាព ដែលសិស្សអាចទទួលលទ្ធផល និងកំណែភ្លាមៗ ​ប្រសិនជាលទ្ធផលនៅចំណុចណា មិនសូវប្រសើរនោះ សិស្សអាចសិក្សាឡើងវិញបាន។។ ជាពិសេសសាលារៀនមានប្រព័ន្ធគ្រប់គ្រង និងទំនាក់ទំនងរវាងសាលារៀន និងអ្នកអាណាព្យាបាល ដើម្បីបង្កភាពងាយដល់អ្នកអាណាព្យាបាល តាមដានលទ្ធនៃការសិក្សា និងវត្តមានសិស្សពីចម្ងាយ ក៏ដូចជាការទូទាត់ការចំណាយផ្សេងៗតាម ប្រព័ន្ធអេឡិត្រូនិចដ៏ទំនើបផងដែរ។

    ឧកញ៉ាបន្ថែមពីលើនេះ កាលពីមុន ការធ្វើពិសោធន៍មានតែទ្រឹស្តី មិនផ្សារភ្ជាប់ជាមួយការអនុវត្ត ប៉ុន្តែនៅពេលបច្ចុប្បន្ន យើងមានបន្ទប់ពិសោធន៍ និងឧបរណ៍សម្រាប់អនុវត្តជាក់ស្តែង។ ក្រៅពី កម្មវិធីកុំព្យូទ័រវាយអត្ថបទ Word , Excel សាលារៀនក៏មានបន្ថែមកម្មវិធីសរសរកូដ (Coding & Programing)​ ដើម្បីឱ្យសិស្សបង្កើតរូបភាពស្រមើលស្រមៃ និងគំនិតច្នែប្រឌិតបង្កើតអ្វីមួយថ្មី ព្រមទាំងចំណេះដឹង ជំនាញផ្នែកបច្ចេកវិទ្យាផងដែរ។ សាលាបានប្រើឧបករណ៍ VR (Vitual Reality) ដែលជាវែនតាសម្រាប់មើលវីដេអូមេរៀនឃើញរូបភាពពិតប្រាកដ ទាក់ទងនឹងសកលលោក ភពផែនដី រូបសត្វកាលពី រាប់លានឆ្នាំមុន សត្វរស់នៅក្នុងបាតសមុទ្រ។

    សម្រាប់បវេសនកាលឆ្នាំសិក្សាខាងមុខនេះ សាលារៀននឹងផ្តល់ជូនអាហារូបករណ៍រហូតដល់40% និងធានារ៉ាប់រងគ្រោះថ្នាក់ ព្រមទាំងការពារការសិក្សារបស់សិស្សានុសិស្សរហូតដល់ 5ឆ្នាំ។

    សូមជម្រាបថា ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី2 នឹងចាប់ផ្តើម ថ្ងៃទី07 ខែកញ្ញា ឆ្នាំ2020 សម្រាប់គ្រឹះស្ថានសិក្សាសាធារណ:ខ្លះ និងគ្រឹះស្ថានសិក្សាឯកជនខ្លះ ដោយត្រូវ អនុវត្តតាមលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀនដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ (រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញ ខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះតាមតម្រូវការជាក់ស្តែង) និងត្រូវ អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ សម្រាប់ដំណើការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-19។ នេះបើតាមការជូនដំណឹងរបស់ក្រសួងអប់រំ៕

  • ក្រុមហ៊ុន RMA Cambodia ប្រារព្ធពិធី ”ប្រគល់​រថយន្ត ​Ford ​ចំនួន​4​គ្រឿង​ និងដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford” នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម

    ក្រុមហ៊ុន RMA Cambodia ប្រារព្ធពិធី ”ប្រគល់​រថយន្ត ​Ford ​ចំនួន​4​គ្រឿង​ និងដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford” នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម

    កាលពីថ្ងៃទី 31 ខែសីហា ឆ្នាំ 2020 ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានប្រារព្ធពិធី “ប្រគល់រថយន្ត Ford ចំនួន4គ្រឿង និងដាក់ឱ្យ​ដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford” ជូនទៅដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​​ឯកឧត្តម ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFord ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជួសជុល និងថែទាំរថយន្តFord ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ដែលមានទីតាំងស្ថិតនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជិតវត្តទឹកថ្លា)។

    ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ បានចំណាយថវិកាប្រមាណជាង 50ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។

    ការវិនិយោគទៅលើវិស័យធនធានមនុស្សដូចដែលបានរៀបរាប់ខាងលើនេះ​ហើយ​ គឺ​ជាកត្តាជុំរុញឱ្យ​មាន​ការ​បង្កើត​​ឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFord ដូច​ថ្ងៃ​នេះ។ នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេក​ទេសរថយន្តFordនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានធ្វើការឧបត្ថម្ភក្នុងការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់ម៉ាស៊ីនត្រជាក់ សម្ភារ​បច្ចេកទេសសម្រាប់​ជួសជុលរថយន្ត គ្រឿងបរិក្ខារ​សម្រាប់សិក្សា គ្រឿងតុបតែងលំអរ និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារ ដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

    នៅក្នុងឆ្នាំ2019 ក្រុមហ៊ុន អ អិម អេ បានផ្តល់រថយន្តFord Pickup ចំនួន 1គ្រឿង និងត្រាក់ទ័រ John Deere ចំនួន 1គ្រឿង ជូនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ ដោយឡែកនៅក្នុងឆ្នាំ2020នេះ ក្រុមហ៊ុន អ អិម អេ ក៏នៅតែបន្តសកម្មភាពនេះដដែល នោះគឺការបន្តប្រគល់រថយន្តFord Pickup ឱ្យ​បានចំនួន 10គ្រឿងជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះ មានការ​ប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន 4គ្រឿង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន 2គ្រឿង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT) នៅខេត្តបាត់ដំបងចំនួន 2គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ(NPIA) នៅខេត្តសៀមរាបចំនួន2គ្រឿង។

    លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការផ្តល់នូវរថយន្តFord Pickup បន្ថែមចំនួន4គ្រឿង ការផ្តល់គ្រឿងបរិក្ខារ និងសម្ភារ​បច្ចេកទេសសម្រាប់​ជួសជុលរថយន្ត និងការដាក់ឱ្យ​​ដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្តFord នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មក្នុងថ្ងៃនេះ នឹងធ្វើឱ្យ​មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFordនេះ ក្លាយទៅជាមជ្ឈមណ្ឌលមួយដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផ្នែកបច្ចេកទេសយានយន្ត”។

    ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំ​កម្ពុជា បានមានប្រសាសន៍ថា៖ “សហរដ្ឋអាម៉េរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការនាំចេញមកកាន់ទីផ្សារប្រទេសកម្ពុជា ដើម្បីឱ្យ​មានលំនឹងនៃសេដ្ឋកិច្ច ព្រមទាំងចង់ឱ្យ​ប្រជាជនកម្ពុជាទទួលបានផលិតផល និងសេវាកម្មដែលមានគុណភាពល្អប្រើប្រាស់ ហើយក្នុងនោះដែរក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានជួយក្នុងការនាំចូលផលិតផលពីសហរដ្ឋអាម៉េរិកមកកាន់ទីផ្សារប្រទេសកម្ពុជាផងដែរ នោះគឺរថយន្តម៉ាក Ford ដែលមានដើមកំណើតមកពីសហរដ្ឋអាម៉េរិក ដែលជាម៉ាករថយន្តរបស់អាម៉េរិកដែលនាំចូលមកប្រទេសកម្ពុជាច្រើនជាងគេបំផុត។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនFord នៅតែរក្សាស្តង់ដា សុវត្ថិភាព គុណភាព គិតគូរដល់បរិស្ថាន និងមានទំនួលខុសត្រូវក្នុងកិច្ចការសង្គមយ៉ាងខ្ជាប់ខ្ជួន”។

    លើសពីនេះទៅទៀត គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFord របស់ក្រុមហ៊ុន អ អិម អេខេមបូឌានេះ ក៏ទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។

    ឯកឧត្តម ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖ “ ខ្ញុំសូមសម្តែងនូវការដឹងគុណ និងកោតសរសើរចំពោះក្រុមហ៊ុន អ អិម អេ ខេមបូឌា និងសហការីទាំងអស់ ចំពោះការខិតខំប្រឹងប្រែង គាំទ្រ និងសហការយ៉ាងជិតស្និទជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនាពេលកន្លងមក ដើម្បីធ្វើការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលជាកត្តាសំខាន់បំផុតសម្រាប់ធ្វើការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិយើង ហើយខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅតែបន្តភាពជាដៃគូនេះមានលក្ខណ​ជាយុទ្ធសាស្រ្ត និងស៊ីជម្រៅថែមទៀតជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់យុវជនកម្ពុជាឱ្យ​ទទួលបានឱកាសសិក្សាស្របតាមបច្ចេកវិទ្យាទំនើប និងទទួលបានប្រាក់ចំណូលខ្ពស់”។

    ក្រៅពីការវិនិយោគទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្រុមហ៊ុន អ អិម អេ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានា ដូចជា ការផ្តល់មួកសុវត្ថិភាព ការសម្អាតទីក្រុង ការដាំកូនឈើ ការសាងសង់សាលារៀន បណ្ណាល័យ អណ្ដូងទឹកស្អាត ការផ្ដល់បង់អង្គុយ និងធុងសំរាមនៅតាមសួនច្បារសាធារណៈ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព។ មិនតែប៉ុណ្ណោះក្រុមហ៊ុន អ អិម អេ ក៏បានផ្តល់អាហារូបករណ៏ដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសម្រាប់ធ្វើការហាត់ការនៅប្រទេសបារាំងផលដែរ ហើយចំនួនសិស្ស និស្សិតដែលយើងធ្លាប់បានផ្តល់អាហារូបករណ៍ជូននោះមានចំនូន 125នាក់ក្នុងឆ្នាំ2018 និងកើនឡើងរហូតដល់ 213នាក់ក្នុងឆ្នាំ2019៕

  • Asus ប្រកាសចេញលក់ស្មាតហ្វូន កាមេរ៉ាផុសឡើង រចនាចម្លែកបំផុត មិនធ្លាប់មាន

    Asus ប្រកាសចេញលក់ស្មាតហ្វូន កាមេរ៉ាផុសឡើង រចនាចម្លែកបំផុត មិនធ្លាប់មាន

    ស្មាតហ្វូន​ Asus បាន​ប្រកាស​ចេញ​ម៉ូដែល​ Zenfone 7 និង 7Pro ដែល​​រចនា​ឡើង​យ៉ាង​ចម្លែក​បំផុត ​មិន​ធ្លាប់​មាន​ ជា​ប្រភេទ​កាមេរ៉ា​ផុស​ លើ​អេក្រង់​ផ្នែក​ខាង​មុខ​ ​និង​អាច​ត្រឡប់​បាន​​ទៀត​ផង។ ​ថ្មីៗនេះ​ ទទួល​បាន​ដំណឹង​ថា​ វា​នឹង​អាច​ចេញ​លក់​នៅ​ឆ្នាំ​នេះ ក្នុង​ប្រទេស​តៃវ៉ាន់​ដំបូងគេ ​និង​បន្ត​ទៅ​ទីផ្សារ​អឺរ៉ុប ​និង​អាស៊ី។ ​

    ស្មាតហ្វូន​នេះ​បំពាក់​ឈីប Snapdragon 865+ និង​បច្ចេកវិទ្យា​ទប់​លំនឹង OIS ដោយ​អេក្រង់ AMOLED កម្រិត 90Hz refresh rate ច្បាស់​ត្រជាក់​ភ្នែក។ រី​ឯ​តម្លៃ​វា​ ​តាម​ប្រភេទ Zenfone 7 ប្រមាណ​ជា ​836ដុល្លារ(RAM 6GB មេម៉ូរី 128 GB)​ ឯ​ម៉ូដែល Zenfone 7 Pro ប្រមាណ​ជា 986ដុល្លារ​មាន RAM 8GB មេម៉ូរី 256GB ៕

    សូមទស្សនា​វីដេអូ​ខាងក្រោម៖

  • Microsoft និង Walmart កំពុងប្រជែងទិញ TikTok ក្រោយពេល CEO លាលែងពីតំណែង

    Microsoft និង Walmart កំពុងប្រជែងទិញ TikTok ក្រោយពេល CEO លាលែងពីតំណែង

    លោក Kevin A. Mayer ​ជា​នាយក​ប្រតិបត្តិ TikTok បាន​លា​លែង​ពី​តំណែងដោយ​ខ្លួន​ឯង កាល​ពី​ជាង 1សប្ដាហ៍​មុន ។ ដំ​ណឹង​ដ៏​តក់​ក្រហល់​ភ្លាម​ៗ​បែប​នេះ បានកើតឡើង ​ក្រោយ​ពីរូបលោក​​ឡើង​កាន់​មុខ​តំណែង​នេះ ​បាន​រយៈពេល​មិន​ដល់ 4​ខែ​ផង​។ លោក Kevin បាន​លើក​ឡើង​ពី​សម្ពាធ​​​​នៃ​ជម្លោះ​នយោបាយ ​ជា​មូលហេតុ​នាំ​ឱ្យ​លោក​​លា​លែង​ពី​តំណែងនេះ។

    TikTok គឺ​ជា​បណ្ដាញ​សង្គម​វីដេអូ​ ដ៏​ពេញ​និយម​មួយ​ ​​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ចិន ByteDance ដែល​រង​ការ​គំរាម​កំហែង​ខ្លាំង​ពី​សំណាក់​រដ្ឋបាលរបស់​លោក​ដូណាល់ ​ត្រាំ។

    លោក ដូណាល់ ត្រាំ បាន​ចេញ​បទ​បញ្ជា​ប្រតិបត្តិ​ ហាម​ឃាត់​មិន​ឱ្យ​ពលរដ្ឋ​អាមេរិក ​ធ្វើ​អាជីវកម្ម​ជា​មួយ​ក្រុមហ៊ុន TikTok ដែល​នឹង​មាន​ប្រសិទ្ធភាព​​ក្រោយ​​ 45​ថ្ងៃ​ (នៅ​រង្វង់​ថ្ងៃ​ទី21 ខែ​កញ្ញា) ។

    ប្រសិន​បើ ByteDance អាច​​លក់​ប្រតិបត្តិការ​​របស់ TikTok នៅ​អាមេរិក​ ​ទៅ​ឱ្យ​ក្រុមហ៊ុន​អាមេរិក មាន​ន័យ​ថា TikTok នឹង​អាច​បន្ត​ដំណើរ​ការ​នៅ​អាមេរិក​បាន។ មក​ទល់​ពេល​នេះ​​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ទំនិញ Walmart និង ​Microsoft កំពុង​ប្រជែង​គ្នា​​ទិញ​យក TikTok មក​កាន់​កាប់៕

  • ខ្សែការពារជប៉ុន Nagatomo ផ្លាស់ទៅលេងនៅ Marseille

    ខ្សែការពារជប៉ុន Nagatomo ផ្លាស់ទៅលេងនៅ Marseille

    កីឡាករ​ជម្រើសជាតិ​ជប៉ុន វ័យ 33ឆ្នាំ Nagatomo ត្រូវបាន​ក្លិប Marseille ប្រកាស​ជា​ផ្លូវការ​ហើយ​ថា បាន​ក្លាយជា​កីឡាករ​របស់ខ្លួន​ហើយ ក្រោយពី​ចែកផ្លូវ​ជាមួយ​ក្លិប​ចាស់ កាលពី​បញ្ចប់​រដូវ​កាល2020 កន្លងទៅ។

    ការប្រកាស​នេះដែរ គឺធ្វើឡើង បន្ទាប់ពី​ការចែក​ផ្លូវ​របស់​កីឡាករ​ជប៉ុន​រូបនេះ ចេញពី​ក្លិប GALATASARAY ក្រោយ​ចំណាយពេល​នៅ​ក្លិប​នេះ អស់​រយៈពេល 2រដូវ​កាល ដោយ​រក​គ្រាប់​បាល់​បាន 2គ្រាប់ ក្នុងការ​បង្ហាញខ្លួន 47ប្រកួត។ កីឡាករ​ជម្រើសជាតិ​ជប៉ុន​រូបនេះ ត្រូវបាន​ក្លិប​ល្បី​បារាំង​ខាងលើ រំពឹងថា​នឹង​ជួយ​ក្រុម​បានល្អ ក្នុងការ​ប្រកួត​លី​ក​កំពូល​បារាំង ក៏ដូចជា​ចូលរួម​ក្នុងការ​ប្រកួត UEFA CHAMPIONS LEAGUE ឆ្នាំ2021។

    គួរ​រំឭក​ដែរ​ថា ខ្សែការពារ​រូបនេះ ទោះជា​មាន​វ័យ 33ឆ្នាំ​ក៏ពិតមែន ក៏ប៉ុន្តែ​រូបគេ​នៅតែ​ជា​កម្លាំង​ស្នូល នៅក្នុង​ក្រុម​ជម្រើសជាតិ​ជប៉ុន ដោយ​នៅតែ​ជាប់​ជា​ជម្រើស​ដំបូង​នៃ​ក្រុម​ជម្រើសជាតិ​ជប៉ុន​ជា​ហូរហែ តាំងពី​ឆ្នាំ2008 មកទល់នឹង​ពេលបច្ចុប្បន្ន៕

  • Barcelona ផ្តល់កុងត្រា 2ឆ្នាំបន្តទៀត ដល់ Messi ដើម្បីបញ្ចប់រឿង

    Barcelona ផ្តល់កុងត្រា 2ឆ្នាំបន្តទៀត ដល់ Messi ដើម្បីបញ្ចប់រឿង

    ក្លិប FC Barcelona នឹងធ្វើ​ការចរចា​ជាមួយនឹង​ឪពុក របស់​កីឡាករ Lionel Messi នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ ដើម្បី​និយាយ​អំពី​កុងត្រា​របស់​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ដោយ​ក្លិប​បាន​ត្រៀម​នូវ​កុងត្រា​បន្ត​ចំនួន 2ឆ្នាំ បូក​រួមទាំង​ផលប្រយោជន៍ កាន់តែ​ច្រើនជាង​មុន​ដល់​រូបគេ។

    ព័​ត៏​មាន​នេះ ត្រូវបាន​ក្លិប​បាល់ទាត់ FC Barcelona ប្រកាស ដោយបាន​បញ្ជាក់ថា ភាគី​ទាំង2 បាន​សម្រុះសម្រួល​គ្នា​រួចហើយ។ ក្នុងនោះ​ភាគី​ទាំង2 រវាង​ក្លិប​និង Messi នឹងត្រូវ​ជួបគ្នា​ក្នុង​តុ​ពិភាក្សា ជជែក​គ្នា​ពី​រឿង​កុងត្រា​ថ្មី​របស់ Messi នៅ​ក្លិប​ដដែល។

    គួរ​បញ្ជាក់ដែរថា កាលពីពេល​កន្លងទៅ កីឡាករ Lionel Messi បានប្រកាសថា ខ្លួន​នឹង​ប្តូរ​ទៅលេង​នៅ ManCity វិញ​នា​រដូវ​កាល​ក្រោយនេះ បន្ទាប់ពី​អស់​ទឹកចិត្ត នៅ Barcelona៕

  • ស្ថានភាពគ្រួសាររបស់ Elon Musk៖ ឪពុកមាន IQ ស្មើនឹងអ្នកប្រាជ្ញ ម្ដាយគឺជាកំពូលតារាម៉ូដែល ចំណែកប្អូនៗសុទ្ធតែជាសេដ្ឋី

    ស្ថានភាពគ្រួសាររបស់ Elon Musk៖ ឪពុកមាន IQ ស្មើនឹងអ្នកប្រាជ្ញ ម្ដាយគឺជាកំពូលតារាម៉ូដែល ចំណែកប្អូនៗសុទ្ធតែជាសេដ្ឋី

    លោក Elon Musk គឺជាកំពូលមហាសេដ្ឋីពិភពលោកលំដាប់ទី3 ដោយមានទ្រព្យសរុប 115ពាន់លានដុល្លារ ប៉ុន្តែ Elon Musk មិនមែនជាមនុស្សតែម្នាក់គត់ក្នុងគ្រួសារ ដែលមានភាពជោគជ័យក្នុងមុខជំនួញ និងភាពល្បីល្បាញនៃកេរ្តិ៍ឈ្មោះនោះឡើយ តែសមាជិកគ្រួសាររបស់មហាសេដ្ឋីរូបនេះ សុទ្ធតែជាមនុស្សអស្ចារ្យ។

    លោក Elon Musk កើតនៅអាហ្វ្រិកខាងត្បូង ក្រោយមកក៏បានទៅរស់នៅក្នុងប្រទេសកាណាដា រួចហើយក៏ទៅតាំងទីលំនៅនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក។

    លោក Errol Musk ជាឪពុករបស់លោក Elon Musk

    លោក Errol Musk ដែលជាឪពុករបស់ Elon Musk គឺជាវិស្វករម្នាក់មកពីប្រទេសអាហ្វ្រិកខាងត្បូង។ យោងតាមលោក Elon Musk លោក Errol មានពិន្ទុនៃភាពវៃឆ្លាត (IQ/Intelligence Quotient) ស្មើនឹងអ្នកប្រាជ្ញ និងជាមនុស្សដែលមានវ័យនៅក្មេងបំផុតដែលទទួលបានវិញ្ញាបនបត្រវិស្វករជំនាញនៅអាហ្វ្រិកខាងត្បូង។

    ពេលនៅក្មេង លោក Elon Musk បានទៅរស់នៅជាមួយឪពុក ក្រោយពីម្ដាយនិងឪពុកបានលែងលះគ្នា។ កាលណោះ លោក Errol កំពុងធ្វើការនៅក្នុងវិស័យសំណង់ និងរុករកត្បូងមរកត។ ឆ្នាំ2018 លោក Errol បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល នៅពេលបានបង្ហើបឱ្យដឹងថា លោកមានកូនម្នាក់ជាមួយនឹងកូនស្រីដោយឡែកនៃអតីតភរិយារបស់គាត់។

    ទំនាក់ទំនងរវាងលោក Elon Musk និងឪពុករបស់ខ្លួនមិនមានភាពល្អប្រសើរទេ។ CEO របស់ Tesla ធ្លាប់បាននិយាយថា ឪពុករបស់លោកគឺជាមនុស្សអាក្រក់។ លោក Elon ថ្លែងថា៖ “អ្នកមិនអាចស្រមៃឃើញនូវប្រការអាក្រក់បំផុត។ គាត់បានបង្កកំហុសឆ្គងស្ទើរតែទាំងអស់នៃអ្វីដែលអ្នកអាចគិតឃើញ”។

    Maye Musk ជាម្ដាយរបស់លោក Elon Musk

    អ្នកស្រី Maye Musk គឺជាតារាម៉ូដែល និងជាអ្នកជំនាញផ្នែកអាហារូបត្ថម្ភ។ អ្នកស្រីបានធ្វើជាអ្នកដើរម៉ូតចាប់ទីអាយុ15ឆ្នាំ និងធ្លាប់បង្ហាញខ្លួននៅលើប្រអប់ផលិតផលគ្រាប់ធញ្ញជាតិ Special K ក៏ដូចជាទំព័រមុខរបស់ទស្សនវដ្ដី Time។ អ្នកស្រីក៏ធ្លាប់បានចូលរួមសម្ដែងនៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដជាច្រើននៅទីក្រុង New York។

    ស្ថានភាពគ្រួសាររបស់ Elon Musk៖ ឪពុកមាន IQ ស្មើនឹងអ្នកប្រាជ្ញ ម្ដាយគឺជាកំពូលតារាម៉ូដែល ចំណែកប្អូនៗសុទ្ធតែជាសេដ្ឋីឆ្នាំ2017 ក្នុងវ័យ69ឆ្នាំ អ្នកស្រី Maye Musk បានក្លាយជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនផលិតគ្រឿងសម្អាង CoverGirl។ ក្រោយពីបានលែងលះជាមួយនឹងលោក Errol Musk អ្នកស្រីក៏បាននាំកូនៗចំនួន3នាក់ទៅរស់នៅក្នុងប្រទេសកាណាដា និងបានចាប់ផ្ដើមរកស៊ីក្នុងនាមជាអ្នកឯកទេសផ្នែកអាហារូបត្ថម្ភ។

    Kimbal Musk ប្អូនប្រុសរបស់ Elon Musk

    លោក Kimbal Musk បច្ចុប្បន្នគឺជាស្ថាបនិកនៃក្រុមហ៊ុនចំនូន3ដែលរកស៊ីខាងអាហារ រួមមានក្រុមហ៊ុន The Kitchen Restaurant Group អង្គការមិនស្វែងរកកម្រៃដែលមានឈ្មោះថា Big Green និងក្រុមហ៊ុន Square Roots ដែលជាក្រុមហ៊ុនកសិកម្មក្នុងទីក្រុង។

    ដូចលោក Elon លោក Kimbal ក៏បានធ្វើដំណើរតាមម្ដាយនិងបងប្អូន ទៅកាន់ប្រទេសកាណាដាដើម្បីបង្កើតជីវភាពថ្មី។ ពួកគេបាននាំគ្នាបង្កើតក្រុមហ៊ុន Zip2 ដែលក្រោយមក ក្នុងពីឆ្នាំ1999 ក៏ត្រូវបានលក់ក្នុងតម្លៃ307លានដុល្លារ។ Kimbal ក៏បានវិនិយោគទៅលើ PayPal ហើយបច្ចុប្បន្ន លោកគឺជាសមាជិកម្នាក់នៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla និង SpaceX ផងដែរ។

    Tosca Musk ប្អូនស្រីរបស់ Elon Musk

    Tosca Musk បានចូលប្រលូកក្នុងវិស័យផលិតភាពយន្តចាប់ពីឆ្នាំ2001 ហើយមកដល់ពេលនេះ នាងមានស្នាដៃដល់ទៅ30រឿងឯណោះ។ បច្ចុប្បន្ន នាងTosca Musk ក៏ជាសហស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Passionflix ដែលផ្ដល់សេវាកម្មចាក់ផ្សាយខ្សែភាពយន្តដែលត្រូវបានប្ដូរទម្រង់ពីប្រលោមលោកបែបមនោសញ្ចេតនា។

    ស្ថានភាពគ្រួសាររបស់ Elon Musk៖ ឪពុកមាន IQ ស្មើនឹងអ្នកប្រាជ្ញ ម្ដាយគឺជាកំពូលតារាម៉ូដែល ចំណែកប្អូនៗសុទ្ធតែជាសេដ្ឋីនាងបានបង្កើតក្រុមហ៊ុននេះតាំងពីឆ្នាំ2016 និងទាក់ទាញបានទុនវិនិយោគចំនួន4លានដុល្លារអាមេរិក។ ទ្រព្យសម្បត្តិសរុបរបស់ Tosca Musk មានប្រមាណជា169លានដុល្លារ៕

    ក្រៅពីនេះ Elon Musk ក៏មានមានប្អូនជីដូនមួយជាច្រើននាក់ដែលរកស៊ីមានបានផងដែរ និងជោគជ័យផងដែរ ដែលក្នុងនោះមានដូចជា៖

    1.លោក Lyndon Rive ជាសហស្ថាបនិកនៃក្រុមហ៊ុន Everdream ដែលបានលក់ឱ្យ Dell ក្នុងតម្លៃ120លានដុល្លារ និង ធ្លាប់ជាសហស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន SolarCity រហូតដល់ក្រុមហ៊ុនត្រូវបាន Tesla ទិញកាលពីឆ្នាំ2016ក្នុងតម្លៃ2.6ពាន់លានដុល្លារ។

    លោក Lyndon Rive

    2.លោក​ Peter Rive ដែលជាបងជីដូនមួយរបស់ Elon Musk គឹជាសហស្ថាបនិក និងជាប្រធានផ្នែកបច្ចេកវិទ្យារបស់ SolarCity។ Lyndon និង Peter បានចូលរួមធ្វើការឱ្យ Zola Electric ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលស្អាត និងតម្លៃទាបនៅអាហ្វ្រិក។

    លោក​ Peter Rive

    3.លោក Russ Rive ដែលជាបងជីដូនមួយរបស់ Elon Musk។ លោកគឺជាស្ថាបនិកក្រុមហ៊ុន SuperUber ដែលធ្វើការផ្នែកសិល្បៈ បច្ចេកវិទ្យា ស្ថាបត្យកម្ម និងការរចនាបែបច្នៃប្រឌិត។ លោកក៏ជាសហស្ថាបនិកនៃក្រុមហ៊ុន Everdream ផងដែរ។

    លោក Russ Rive

    4.នាង​ Almeda Rive ដែលជាប្អូនស្រីរបស់ Russ, Peter និង Lyndon និងត្រូវជាជីដូនមួយរបស់លោក Elon។ យោងតាម Vanity Fair នាង Almeda គឺជាអត្តពលិកផ្នែកប្រណាំងម៉ូតូលក្ខណៈគ្រួសារ។

    នាង​ Almeda Rive

    នាង Almeda Rive ធ្លាប់ធ្វើការនៅក្នុងវិស័យលក់ដូរក្នុងក្រុមហ៊ុន SolarCity ផងដែរ៕

    ប្រភព៖ BI

  • តើត្រូវចាប់ផ្ដើមជីវិតគូយ៉ាងណាឱ្យស្ថិតស្ថេរយូរអង្វែង?

    តើត្រូវចាប់ផ្ដើមជីវិតគូយ៉ាងណាឱ្យស្ថិតស្ថេរយូរអង្វែង?

    ការដែលមនុស្សយើងពីរនាក់នឹងមករួមរស់នៅជាមួយគ្នាជាគូស្វាមីភរិយានោះ មុនដំបូងបង្អស់ អ្នកគ្រូឆវីត្រូវសុំប្រាប់ថា…រឿងបែបនេះវាត្រូវមានវាសនារួមគ្នា ព្រោះបើគ្មានវាសនារួមគ្នាទេនោះ ឱកាសដែលមនុស្សពីរនាក់ដែលមកពីទីកន្លែងផ្សេងគ្នានឹងមកឯកភាពស្ម័គ្រចិត្តក្នុងការធ្វើដំណើរជីវិតរួមគ្នារហូតដល់ទីបំផុតនោះ មិនមែនជារឿងងាយនោះឡើយ។ តែគេនិយាយថា ការដែលមនុស្សមានវាសនាបានមកស្រឡាញ់គ្នារហូតកើតមានសម្ព័ន្ធភាពដែលល្អនោះ វាមិនមែនជារឿងលំបាកទេ តែរឿងដែលនឹងរស់នៅជាមួយគ្នាឱ្យបានយូរអង្វែង មានសេចក្ដីសុខរហូតដល់នាទីចុងក្រោយរបស់ជីវិតនោះ ត្រូវពុះពារឧបសគ្គជាច្រើន និងបើយើងទៅសួរគូសា្វមីភរិយាដែលបានរស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខរហូតដល់ចាស់កោងខ្នងដើម្បីស្វែងរកគន្លឹះដែលធ្វើឱ្យជីវិតគូស្ថិតស្ថេរយូរអង្វែងវិញនោះ ចម្លើយភាគច្រើនៗតែដូចគ្នាសឹងតែទាំងអស់…នោះគឺ “សេចក្ដីស្រឡាញ់” “សេចក្ដីប្រាថ្នា និងបំណងល្អដល់គ្នាទៅវិញទៅមក” “ការមើលឃើញពីអំពើល្អរបស់គ្នាទៅវិញទៅមក” និង “ការមើលរំលងចំណុចអន់ខ្សោយរបស់គ្នាទៅវិញទៅមក” ហ្នឹងឯង។

    ដូច្នេះហើយក្នុងអំឡុងពេល “បាយថ្មី ត្រីឆ្ងាញ់” នេះ…ត្រូវព្យាយាមក្នុងការចងចាំទុកនូវរឿងដែលល្អៗរបស់គ្នាទៅវិញទៅមក ព្រោះទាំងអស់នោះគឺជាឫសគល់ឱ្យសម្លឹងមើលគ្នាទៅវិញទៅមកក្នុងផ្លូវដែលល្អនៅពេលដែលកើតមានបញ្ហាឡើងនាពេលអនាគត។

    គូគ្រងដែលចងចាំពីអំពើល្អរបស់គ្នាទៅវិញទៅមកបាននោះ នឹងមានឱកាសបែកបាក់គ្នាខាងគំនិតតិចបំផុត និងព្យាយាមសម្របសម្រួលចរចាឯកភាពគ្នាក្នុងបញ្ហាផ្សេងៗរួមគ្នាបានដោយមិនគិតតែពីអាត្មានិយមខ្លាំងនោះទេ ហើយនឹងជឿលើគ្នាទៅវិញទៅមកខ្លាំងជាងទៅជឿលើអ្នកដទៃដែលមិនមែនជាគូគ្រងរបស់ខ្លួន។

    វាជារឿងពិតដែលថា មានស្វាមីភរិយាជាច្រើនគូត្រូវបែកបាក់គ្នាដោយសារតែគំនិតយោបល់របស់មិត្តភ័ក្តិអ្នកបំណងល្អ តែប្រាថ្នាអាក្រក់។ ការចងចាំរឿងដែលល្អៗរបស់ស្វាមី ឬភរិយារបស់ខ្លួននេះ គឺជាឫសគល់ដ៏រឹងមាំដែលនឹងធ្វើឱ្យជឿទុកចិត្ត និងមិននឹកគិតសង្ស័យលើគូជីវិតរបស់ខ្លួននៅពេលមានបញ្ហាអ្វីម្យ៉ាងកើតឡើង ព្រោះតាមដែលបានដឹងមក គូគ្រង គូស្នេហ៍ទាំងឡាយត្រូវបែកបាក់ឃ្លាតចាកពីគ្នាក៏ព្រោះតែភាពសង្ស័យលើគ្នាទៅវិញទៅមកសឹងតែទាំងអស់។ តពីការមើលឃើញអំពើល្អរបស់គ្នាទៅវិញទៅមកហើយនោះ ក៏ត្រូវមានក្តីមេត្តាដល់គ្នា ធ្វើរឿងល្អៗដល់មនុស្សដែលយើងស្រឡាញ់ និងមិនសាងសេចក្ដីទុក្ខដល់មនុស្សដែលយើងស្រឡាញ់ ព្រោះចំណុចខ្សោយរបស់មនុស្សយើងគឺ “យើងចូលចិត្តយកចិត្តយកថ្លើមអ្នកដទៃខ្លាំងជាងមនុស្សដែលយើងនៅជាមួយជានិច្ច” និង “យើងចូលចិត្តជឿលើអ្នកដទៃខ្លាំងជាងជឿមនុស្សដែលយើងស្រឡាញ់” ដូចគ្នា។ រឿងបែបនេះត្រូវតែយកចេញពីក្នុងចិត្តឱ្យអស់ បើចង់មានជីវិតគូដែលស្ថិតស្ថេរយូរអង្វែង និងមានសេចក្ដីសុខ ព្រោះនៅពេលដែលសេចក្ដីសង្ស័យមិនទុកចិត្តចូលមកតាមមាត់ទ្វារ…សេចក្ដីស្រឡាញ់ទុកចិត្តក៏នឹងហោះហើរចេញទៅតាមមាត់បង្អួចមិនខាន។

    រឿងសិចក៏ជាចំណែកមួយដែលធ្វើឱ្យជីវិតគូស្ថិតស្ថេរយូរអង្វែង និងមានសេចក្ដីសុខដែរ ព្រេាះការរួមរ័កគ្នារវាងបុរស និងស្រ្តីនេះ ការពិតគឺជាការប្រាប់ពីសេចក្ដីស្រឡាញ់ដោយភាសារាងកាយ ដែលសម្ដែងចេញមកឱ្យគ្នាទៅវិញទៅមកដើម្បីនឹងទៅដល់ចំណុចកំពូលនៃសេចក្ដីសុខ និងនៅពេលកើតមានសេចក្ដីសុខរួមគ្នាហើយ ក៏នឹងកើតមានចំណងនៃសម្ព័ន្ធភាពដែលមើលមិនឃើញ តែប៉ះពាល់បាន។ គូស្នេហ៍ គូគ្រងណាដែលអាចរួមរ័កគ្នាបានយ៉ាងមានសេចក្ដីសុខជាប្រចាំជាប់ជានិច្ចនោះ នឹងបានដឹងថា ឱកាសដែលនឹងបែកចែកផ្លូវគ្នានោះ តិចតួចជាងគូដែលគ្មានសេចក្ដីពីការរួមរ័ក។

    សំណួរគឺថា ហេតុអីបានត្រូវតែបែបនោះ? ចម្លើយក៏គឺ…បុរសប្រាប់ពីសេចក្ដីស្រឡាញ់តាមរយៈការមានសិច និងស្រ្តីមានសេចក្ដីសុខពីការមានសិចជាមួយបុរសរបស់នាង ព្រោះនាងដឹងថា គេស្រឡាញ់នាងហ្នឹងឯង។ សិចមិនមែនជាការចាប់អវយវៈអ្វីម្យ៉ាងដាក់ចូលទៅក្នុងអវយវៈរបស់មនុស្សម្នាក់ទៀតទេណា៎ប្អូនៗ!!! តែសិចជាការប្រាប់ថាស្រឡាញ់តាមរយៈការប៉ះពាល់ដោយភាសារាងកាយដែលគួរឱ្យស្រឡាញ់ ទន់ភ្លន់ ស្រទន់ និងផ្ដល់ភាពកក់ក្ដៅយ៉ាងបរិបូរណ៍ហូរហៀរ និងប៉ះពាល់បាន។ បើថ្ងៃនេះ អ្នកគេងលក់ជាមួយគ្នាក្នុងរង្វង់ដៃឱបរបស់គ្នាទៅវិញទៅមក និងថែថើបគ្នាយ៉ាងផ្អែមល្ហែមមួយដងមុនពេលគេង វាគឺជាការមានសិចហើយ។ មានអ្នកខ្លះនិយាយថា គ្រាន់តែមនុស្សកំពូលស្នេហ៍ដែលគេងក្បែរថើបថ្ពាល់ថ្នមៗ និងប្រាប់ថា “បងស្រឡាញ់អូន(ឬអូនស្រឡាញ់បង)ណា៎” តែប៉ុណ្ណឹងជីវិតក៏មានសេចក្ដីសុខទៅហើយ។

    ការបានប៉ះពាល់ខាងរាងកាយជាប្រចាំ មិនថាតែការដឹកដៃគ្នា ការចាប់ដៃគ្នាមុននឹងចេញទៅធ្វើការ ការឱបគ្នាជាប្រចាំ គឺសុទ្ធតែធ្វើឱ្យសេចក្ដីស្នេហាស្ថិតស្ថេរគង់វង្សយូរអង្វែងទាំងអស់។ មានគន្លឹះល្អមួយទៀតដែលនឹងធ្វើឱ្យជីវិតគូស្ថិតស្ថេរយូរអង្វែងយ៉ាងមានសេចក្ដីសុខនោះគឺ នៅពេលបាននៅជាមួយគ្នាថ្មីៗ សូមកុំអាលមានបុត្រ។ គួរប្រើពេលវេលារស់នៅរួមគ្នាយ៉ាងពេញទំហឹងដោយគ្មានអ្វីមកធ្វើឱ្យនឹកបារម្ភ។ គួររកពេលវេលាក្នុងការរៀនយល់ដឹង និងសិក្សាពីគ្នាឱ្យពិតប្រាកដច្រើនឡើង ព្រោះមានឱកាសក្នុងការនោជិតនែបនិត្យច្លើនជាងពេលនៅជាគូសង្សារ។ រកពេលដើរលេង និងធ្វើអ្វីដែលជារឿងរ៉ាវដែលជាចំណាប់អារម្មណ៍រួមគ្នា ដើម្បីនឹងបានមានចំណែករួមក្នុងគ្នាទៅវិញទៅមកឱ្យបានច្រើនឡើង។

    ហើយនេះក៏ជាឫសគល់ក្នុងការគ្រងជីវិតគូដែលស្ថិតស្ថេរយូរអង្វែង និងមានសេចក្ដីសុខមួយដែរ គឺចាត់ការរឿងលុយកាក់របស់គ្នាទៅវិញទៅមកឱ្យល្អ ឯកភាពគ្នាឱ្យរៀបរយរួចរាល់ ដើម្បីកុំឱ្យមានរឿងរ៉ាវអ្វីនៅពេលក្រោយ…សំខាន់បំផុតក៏គឺ “មធុរស វាចា” ការនិយាយស្ដីរកគ្នាដោយពាក្យសម្ដីដែលពីរោះផ្អែមត្រចៀក និយាយគ្នាក្នុងផ្លូវចម្រើន និយាយគ្នាក្នុងផ្លូវដែលផ្ដល់កម្លាំងចិត្តគ្នា យល់ពីគ្នាទៅវិញទៅមកក្នុងរូបបែបដែលជាការពិត មិនបង្ខំចិត្តគ្នាទៅវិញទៅមក តែព្យាយាមប្រើវិធីបែបសន្តិវិធីក្នុងការបបួលនាំឱ្យគូស្នេហ៍ធ្វើតាមអ្វីដែលខ្លួនឯងត្រូវការ ជួយគ្នាក្នុងគ្រប់វិធីតាមដែលអាចធ្វើបាន។

    អ្វីដែលសំខាន់បំផុតក្នុងការធ្វើឱ្យជីវិតគូស្ថិតស្ថេរគង់វង្សយូរអង្វែង និងមានសេចក្ដីសុខនោះគឺ…ត្រូវរៀនយល់ដឹងក្នុងការអភ័យទោសឱ្យមនុស្សដែលយើងស្រឡាញ់យ៉ាងស្មោះស្ម័គ្រដោយគ្មានការក្លែងបន្លំ ហើយមនុស្សដែលបានទទួលការអភ័យទោសឱ្យក៏ត្រូវរៀនយល់ដឹងក្នុងការពោលពាក្យថា “សូមទោស” និងឈប់ធ្វើអ្វីដែលមិនគួរធ្វើ ដែលមនុស្សស្រឡាញ់យើងគេអត់ទោសឱ្យនោះទៀតឡើយ។ ធ្វើបានដូចដែលបានរៀបរាប់មកខាងដើមហើយ នឹងច្បាស់ជាគ្មានផ្លូវដែលគូរបស់អ្នកនឹងបែកចេញទៅណាឆ្ងាយពីគ្នាឡើយ៕