Category: សង្គម និងសេដ្ឋកិច្ច

  • ស្រ្តីមានគភ៌ តែគភ៌តូច មានន័យថា កូនខ្លួនតូច និងមិនមាំមួនមែនឬ?

    ស្រ្តីមានគភ៌ តែគភ៌តូច មានន័យថា កូនខ្លួនតូច និងមិនមាំមួនមែនឬ?

    ស្រ្តីមានគភ៌ តែគភ៌តូច មិនមែនមានន័យត្រឹមតែរូបរាងរបស់ម្ដាយ ឬទំហំរបស់កូនក្នុងផ្ទៃប៉ុណ្ណោះទេ តែការដែលអនាគតអ្នកម្ដាយមានទំហំគភ៌តូច(ហួសពីធម្មតា) អាចមានមូលហេតុដូចខាងក្រោម។

    បច្ច័យដែលធ្វើឱ្យគភ៌មានទំហំតូចមានអ្វីខ្លះ?

    1 – រូបរាងរបស់ម្ដាយ ៈ បើសិនម្ដាយជាមនុស្សរូបរាងតូចល្អិតស្រាប់ គឺមិនមែនជារឿងប្លែកនោះទេដែលអំឡុងពេលដំបូងៗរបស់ការតាំងគភ៌ ឬរហូតទៅដល់ពេលជិតប្រសូត ទំហំរបស់គភ៌នឹងមើលទៅមិនឃើញធំប៉ោងដូចស្រ្តីមានគភ៌ដទៃទៀតទេ។

    2 – អាយុរបស់ម្ដាយ ៈ បើសិនស្រ្តីមានផ្ទៃពោះពេលអាយុនៅតិច ជាមធ្យមទម្ងន់ខ្លួនកូនក្នុងផ្ទៃច្រើនតែតិចជាងប្រក្រតី ទើបធ្វើឱ្យគភ៌មើលទៅមិនធំសមនឹងអាយុគភ៌។

    3 – ចំនួនការធ្លាប់មានគភ៌ ៈ បើជាស្រ្តីដែលទើបតាំងគភ៌លើកដំបូង ពោះនឹងមិនមើលឃើញធំទេ ព្រោះសាច់ដុំក្បាលពោះនៅមិនទាន់បានឆ្លងកាត់ការយឺតយារខ្លាំងរយៈពេលយូរដោយសារការមានគភ៌ ទើបធ្វើឱ្យគភ៌មើលទៅមានទំហំតូច។ រយៈដំបូងនៃការតាំងគភ៌ បើមិនសង្កេតទេ អាចមិនដឹងថា មានផ្ទៃពោះផង។

    4 – ភាពតឹងណែន រឹងមាំរបស់សាច់ដុំក្បាលពោះ ៈ បើស្រ្តីមានគភ៌ជាមនុស្សស្រឡាញ់សុខភាព ហាត់ប្រាណយ៉ាងជាប់លាប់ សាច់ដុំក្បាលពោះតឹងណែន រឹងមាំមាន 6 ភែកស៍តាំងពីពេលមុនតាំងគភ៌នោះ ក៏ធ្វើឱ្យអ្នកដែលមិនមានភាពចំណានមិនងាយនឹងសង្កេតមើលទំហំពោះ និងស្មានដឹងពីអាយុគភ៌បានឡើយ។

    ធ្វើយ៉ាងណាឱ្យគភ៌មួយនេះល្អឥតខ្ចោះ

    ស្រ្តីមានគភ៌ដែលចូលក្នុងចំណុចណាមួយនៃចំណុចទាំង 4 នេះ តែបើបានមើលថែទាំគភ៌យ៉ាងល្អល្អះ ញ៉ាំអាហារល្អៗ មានប្រយោជន៍ ទទួលបានសារធាតុអាហារគ្រប់ទាំង 5 ប្រភេទក្រុម គេងសម្រាកបានយ៉ាងគ្រប់គ្រាន់ ទៅពិនិត្យគភ៌យ៉ាងជាប់លាប់ ទៅជួបគ្រូពេទ្យត្រឹមត្រូវតាមការណាត់ ឱ្យគ្រូពេទ្យពិនិត្យមើលពីវិវឌ្ឍនាការរបស់ទារកក្នុងផ្ទៃ ពិនិត្យមើលទំហំ និងការធ្វើការរបស់ទងសុកជាប្រចាំរួចហើយ បើលទ្ធផលចេញមក គភ៌ស្ថិតក្នុងកម្រិតល្អប្រក្រតី គ្រូពេទ្យមិនបានមើលឃើញភាពខុសប្រក្រតីណាមួយចំពោះកូនក្នុងផ្ទៃ ឬចំពោះរាងកាយរបស់ម្ដាយនោះ ក៏សប្បាយចិត្តចុះ មិនបាច់ព្រួយកង្វល់ពីទំហំគភ៌ដែលអាចមើលទៅមិនធំដូចស្រ្តីមានគភ៌ដទៃនោះឡើយ៕

  • (វីដេអូ) រ៉ុកកែត Vega ដែល​ដឹក​ផ្កាយ​រណប​53​គ្រឿង​ ត្រូវ​បាន​បាញ់​បង្ហោះទៅ​កាន់​អវកាស​ដោយ​ជោគជ័យ​​

    (វីដេអូ) រ៉ុកកែត Vega ដែល​ដឹក​ផ្កាយ​រណប​53​គ្រឿង​ ត្រូវ​បាន​បាញ់​បង្ហោះទៅ​កាន់​អវកាស​ដោយ​ជោគជ័យ​​

    ជើងហោះហើរដែលត្រូវបានធ្វើឡើងកាលពីព្រឹកនេះ គឺជាជំហានដ៏ធំមួយបង្ហាញអំពីសមត្ថភាពក្នុងការបាញ់បង្ហោះ​ផ្កាយ​រណប​ច្រើន​គ្រឿងក្នុងពេលតែមួយរបស់ក្រុមហ៊ុន Arianespace ដែលមានមូលដ្ឋាននៅប្រទេសបារាំង។

    រ៉ុកកែតរុញច្រានដែលមាន4ជាន់ ឈ្មោះថា Vega របស់ក្រុមហ៊ុន Arianespace ត្រូវបានបាញ់បង្ហោះ​នៅ​វេលា​ម៉ោង​8​និង​51​នាទីព្រឹកថ្ងៃទី3កញ្ញា (ម៉ោងនៅកម្ពុជា) ចេញពីមជ្ឈមណ្ឌលអវកាស Guiana នៅអាម៉េរិកខាងត្បូង ដោយមាននាំទៅជាមួយនូវផ្កាយរណបចំនួន53គ្រឿងរបស់ដៃគូពាណិជ្ជកម្មចំនួន21មកពីប្រទេសចំនួន13 ឡើងទៅកាន់គន្លងតារាវិថីរបស់ផែនដី។

    បេសកកម្ម VV16 គឺជាជើងហោះហើរដំបូងរបស់កាំជ្រួចរុញច្រាន Vega រាប់ចាប់ពីតាំងពីករណីបាញ់បង្ហោះដោយបរាជ័យកាលពីថ្ងៃទី10កក្កដា2019 ដែលបានបណ្ដាលឱ្យកាំជ្រួចនិងផ្កាយរណបសង្កេតផែនដី FalconEye1 របស់ UAE បានបាត់ខ្លួន។ មូលហេតុនៃបរាជ័យនេះ ត្រូវបានគេរកឃើញថា ដោយសារបញ្ហាគ្រប់គ្រងកំដៅ។

    នៅក្នុងជើងហោះហើរលើកនេះ បញ្ហាខាងលើត្រូវបានដោះស្រាយ ហើយអ្វីៗទាំងអស់ដំណើរបានល្អទៅតាមផែនការដែលបានកំណត់។ ការបាញ់បង្ហោះលើកនេះក៏ជាជំហានថ្មីមួយនៃការចាប់ផ្ដើមនៃឧបករណ៍ពង្រាយផ្កាយរណប SSMS របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ផងដែរ។

    ឧបករណ៍ពង្រាយផ្កាយរណប SSMS លើកនេះ រួមមាន2ផ្នែក ក្នុងនោះ ផ្នែកខាងលើផ្ទុកផ្កាយរណបចំនួន7គ្រឿងដែលមានទម្ងន់ចាប់ពី15-150គីឡូក្រាម និងផ្នែកខាងក្រោមផ្ទុកផ្កាយរណប46គ្រឿង ដែលភាគច្រើនមានទំហំតូច។

    ផ្កាយរណបចំនួន53គ្រឿងខាងលើនេះ ត្រូវបានពង្រាយទៅក្នុងគន្លងគោចរនៃភពផែនដី ដោយ​ចំណាយពេល​1​ម៉ោង​និង​45នាទីបន្ទាប់ពីត្រូវបានបាញ់បង្ហោះ។ ផ្កាយរណបទាំងនេះនឹងបំពេញបេសកកម្មផ្សេងៗគ្នា មានដូចជា ការសង្កេតផែនដី ផ្ដល់សេវាកម្មទូរគមនាគមន៍ និងការសាកល្បងផ្នែកបច្ចេកវិទ្យា។ល។

    រ៉ុកកែតរុញច្រាន Vega ដែលមានកម្ពស់30ម៉ែត្រនេះ ត្រូវបានផលិតឡើងដើម្បីដឹកផ្កាយរណបដែលមានទម្ងន់មធ្យម និងស្រាល។ នៅមុនពេលជួបបរាជ័យជាលើកដំបូងជាមួយនឹង FalconEye1 រ៉ុកកែត Vega បានហោះហើរដោយជោគជ័យចំនួន14លើកជាប់ៗគ្នា រាប់ចាប់ពីពេលបានបង្ហាញវត្តមានកាលពីខែកុម្ភៈ2012៕

    ប្រភព៖ Space

  • រឿងដែលស្រ្តីគួរដឹង…តើរាងកាយស្រ្តីមានគភ៌ផ្លាស់ប្ដូរយ៉ាងណាខ្លះក្នុងរយៈពេល 9 ខែ

    រឿងដែលស្រ្តីគួរដឹង…តើរាងកាយស្រ្តីមានគភ៌ផ្លាស់ប្ដូរយ៉ាងណាខ្លះក្នុងរយៈពេល 9 ខែ

    ដំបូងបង្អស់ សូមសម្ដែងក្តីសោមនស្សរីករាយចំពោះអនាគតអ្នកម្ដាយដែលកំពុងតាំងគភ៌ក្នុងខណៈនេះ។ ស្រ្តីជាច្រើននាក់ នៅពេលដឹងថា ខ្លួនឯងចាប់ផ្ដើមតាំងគភ៌ហើយ តែងអត់មិននឹកសង្ស័យមិនបានឡើយថា តើរាងកាយរបស់ខ្លួននឹងចាប់ផ្ដើមប្រែប្រួលនៅពេលណា? ក្បាលពោះនឹងប៉ោងធំនៅពេលណា? សាច់ស្បែក សម្បុរសម្បកនឹងប្រែប្រួលដូចដែលអ្នកឯទៀតគេធ្លាប់ប្រាប់ឬអត់?

    ដូច្នេះ យើងនាំគ្នាមកថា តើអ្វីខ្លះដែលនឹងប្រែប្រួលយ៉ាងមើលឃើញច្បាស់ក្នុងអំឡុងតាំងគភ៌បន្តពីពេលនេះទៅ…។

    ទម្ងន់ខ្លួន : ស្រ្តីមានគភ៌នឹងមានទម្ងន់ខ្លួនកើនឡើងប្រមាណជា 10 ដល់ 12 គីឡូក្រាមរហូតមួយរយៈពេលមានគភ៌ គឺនឹងកើនឡើងជាបណ្ដើរៗ ដូចតទៅនេះ ៈ

    – ត្រីមាសដំបូង ឬ 3ខែដំបូង ភាគច្រើនមិនសូវប្រែប្រួលច្រើនឡើយ។ អ្នកខ្លះអាចនឹងថយចុះទៅវិញទៀតផង ព្រោះស្ថិតក្នុងអំឡុងពេលចាញ់កូន ឬបើកើនឡើង ក៏មិនលើស 2 គីឡូក្រាមដែរ និងរឹតតែមានគភ៌កូនដំបូងផងនោះរឹតតែមើលមិនដឹងថា កំពុងមានគភ៌ទៀតផង។

    – ត្រីមាសទី 2 តាំងពី 4 ខែឡើងទៅ ទម្ងន់ខ្លួននឹងកើនឡើងក្នុងមួយអាទិត្យប្រមាណជា 1/2 គីឡូក្រាម ឬក្នុងមួយខែ 2 គីឡូក្រាម។ ពេលនេះលែងជាអាថ៌កំបាំងទៀតហើយ ដោយសារតែចាប់ពីខែទី 5 នេះទៅ ទម្ងន់ខ្លួននឹងកើនឡើងក្នុងមួយខែ 1 – 2 គីឡូក្រាមហ្នឹងឯង។

    – លុះដល់ខែទី 6 ឡើងទៅ និងកំពុងឈានចូលដល់ត្រីមាសទី 3។ ពេលនេះទម្ងន់ខ្លួនអាចនឹងកើនឡើងក្នុងមួយខែ 2 – 3 គីឡូក្រាម (ចង់លាក់រឿងមានផ្ទៃពោះទៀតយ៉ាងមេចនឹងបាន បើក្បាលពោះប៉ោងឡើងគ្រប់តែពេលយ៉ាងនេះ)។

    ទំហំរបស់ស្បូន និងក្បាលពោះ : រឹតតែអនាគតអ្នកម្ដាយមានអាយុគភ៌ច្រើនឡើងប៉ុនណា ក្បាលពោះក៏នឹងរឹតតែរីកធំឡើងដែរ ដោយខណៈពេលតាំងគភ៌ក្រោយ 3 ខែ អនាគតអ្នកម្ដាយអាចនឹងស្ទាបប៉ះដុំសាច់អ្វីម្យ៉ាងរឹងទល់ឡើងនៅម្ដុំថ្ងាស(ក្បាលពោះផ្នែកក្រោមផ្ចិត) នោះគឺ ស្បូនដែលរីកធំឡើងសន្សឹមៗពីប្រឡោះឆ្អឹងត្រគាក រហូតដល់ចំណុចផ្ចិត។ លុះដល់ខែទី 7 – 9 ចុងកំពូលស្បូនក៏នឹងឡើងមកដល់ចំណុចចុងដង្ហើម។ អំឡុងពេលនេះឯងដែលស្រ្តីមានគភ៌នឹងមានអារម្មណ៍ថា ទើសទែង និងថប់ៗនោះ។

    – មុនពេលតាំងគភ៌ ស្បូនមានទំហំប៉ុន-ផ្លែជម្ពូ

    – ពេលអាយុគភ៌ 12 សប្ដាហ៍ ស្បូននឹងមានទំហំប៉ុន-ផ្លែក្រូចថ្លុង

    – ពេលអាយុគភ៌ 22 សប្ដាហ៍ ស្បូននឹងមានទំហំប៉ុន-បាល់ទាត់

    – ពេលអាយុគភ៌ 36 សប្ដាហ៍ ពោះនឹងរុញខ្ពស់ឡើងទៅជិតដល់ឆ្អឹងដើមទ្រូង។

    ខណៈពេលតាំងគភ៌ ស្បូនរបស់ស្រ្តីមានគភ៌រីកធំឡើងខ្លាំង ដើម្បីឱ្យមានទីកន្លែងសម្រាប់ទារកដែលកំពុងចម្រើនធំធាត់។ នៅខាងក្នុងស្បូនប្រកបដោយសាច់ដុំមួយប្រភេទហៅថា សាច់ដុំរាប។ អ័រម៉ូនផូជេស្ទើរ៉ូន នឹងធ្វើឱ្យសាច់ដុំរាបបន្ធូរខ្លួន និងធ្វើឱ្យយឺតយារបានកាន់តែខ្លាំងឡើង ដូច្នេះហើយទើបវាអាចពង្រីកខ្លួនបានដោយងាយ។

    ស្បែកក្បាលពោះឡើងសង្វារ : ជារឿងសំខាន់ និងជារឿងដែលស្រ្តីមានផ្ទៃពោះកង្វល់ចិត្តខ្លាំងជាងគេ។ បើសិនឃើញថា ស្បែកនៅម្ដុំក្បាលពោះយឺតរីកស្រដៀងចង់ប្រេះបែកនោះ គេហៅថា សង្វារពោះ។ វានឹងមានលក្ខណៈស្រដៀងជាខ្សែឆ្នូតៗពណ៌ផ្កាឈូកៗ ឬអាចនឹងមានពណ៌ស្រគាំៗខ្លះៗនៅលើក្បាលពោះ ត្រគាក គល់ភ្លៅ សុដន់ ឬជើងផ្នែកខាងលើ។ ចំណែកការណែនាំគឺ ចូរលាបឡេថែបំប៉នស្បែកដែលគ្មានចំណែកលាយផ្សំរបស់សារធាតុវ៉ៃថេននីង។ លាបតាំងពីចាប់ផ្ដើមដឹងថា ខ្លួនតាំងគភ៌តែម្ដង ឬក៏ប្រើឡេសម្រាប់តែស្រ្តីមានផ្ទៃពោះជាពិសេស ឬប្រើផលិតផលពីធម្មជាតិ ដូចជាប្រេងដូងក៏ល្អម្យ៉ាងដែរ ស្បែកនឹងបានស្រស់ថ្លា និងមានសុវត្ថិភាពពីសារធាតុគីមីទៀតផង។

    សុដន់រីកធំ : ស្រ្តីមានគភ៌នឹងចាប់ផ្ដើមសង្កេតឃើញថា ទំហំសុដន់របស់ខ្លួននឹងចាប់ផ្ដើមរីកធំបន្ទាប់ពីមានផ្ទៃពោះបាន 2 ខែមក។ សរសៃឈាមនៅនឹងសុដនអាចនឹងរីកធំឡើងរហូតដល់មើលឃើញច្បាស់។ ក្បាលសុដន់នឹងរីកធំ និងមានពណ៌ស្រគាំ។

    អនាគតអ្នកម្ដាយខ្លះអាចនឹងមានដុំអ្វីម្យ៉ាងទល់ៗនៅក្រោមក្លៀក តែមិនបាច់ភ្ញាក់ផ្អើលទេ ភាគច្រើននោះគឺជាការរីកធំធាត់របស់សុដន់ដើម្បីត្រៀមអ័រម៉ូនក្នុងការផលិតទឹកដោះហ្នឹងឯង។

    ដូច្នេះហើយទើបទំហំរបស់សុដន់អ្នករីកធំឡើងខ្លាំង ហើយនឹងចាប់ផ្ដើមផលិតសារធាតុដែលហៅថា ទឹកដោះលឿង តែនៅមិនទាន់ផលិតទឹកដោះអ្វីទាំងអស់រហូតទាល់តែឆ្លងទន្លេហើយ 2 – 3 ថ្ងៃ។

    រន្ធស្បូនប្រែប្រួល : ស្រ្តីមានគភ៌នឹងមានទឹករំអិល និងធ្លាក់សកើនឡើង ដោយសារតែមានការហូរវិលរបស់លោហិតមកចិញ្ចឹមច្រើនជាងប្រក្រតី។ បើធ្លាក់សមិនច្រើន អាចរាប់ថា ប្រក្រតី តែបើសិនមានធ្លាក់សមកច្រើន និងអាការរមាស់ មិនពណ៌ខុសប្រក្រតី ឬមានក្លិនមិនល្អវិញនោះ គួរទៅជួបគ្រូពេទ្យជំនាញ។

    ហាមទិញថ្នាំយកមកសុល(ញាត់ចូល)រន្ធស្បូនដោយខ្លួនឯងជាដាច់ខាត ព្រោះវាបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់ អាចហុចផលអាក្រក់ដល់ទារកក្នុងគភ៌ទៀតផង។ ដូច្នេះ ស្រ្តីមានគភ៌គួរទៅជួបគ្រូពេទ្យដើម្បីទទួលយកការព្យបាលដែលត្រឹមត្រូវទើបជាការប្រសើរ។

    ស្រ្តីមានគភ៌ រាងកាយនឹងមានការប្រែប្រួលច្រើនណាស់ដើម្បីសម្រួលឱ្យស័ក្តិសមនឹងតម្រូវការរបស់ទារក និងភាពត្រៀមជាស្រេចក្នុងការប្រសូត។ ការប្រែប្រួលផ្លាស់ប្ដូរទាំងអស់នេះកើតចេញពីការជំរុញរបស់សារធាតុគីមីដែលហៅថា អ័រម៉ូនដែលនឹងត្រូវដឹកជញ្ជូនទៅទូទាំងសារពាង្គកាយដោយឈាម តែអាការផ្សេងៗ មិនថាតែរឿងសាច់ស្បែកដែលប្រែប្រួល កើតមុន ជាំមុខ អាចម៍រុយនោះ នឹងរលុបបាត់ទៅវិញជាបណ្ដើរៗនៅពេលឆ្លងទន្លេរួច។ ដូច្នេះចូរកុំទៅវិតក្កកង្វល់ធ្វើអ្វី ត្រៀមកាយ ត្រៀមចិត្តសម្រាប់ចិញ្ចឹមមើលថែទាំកូនតូចជាទីស្រឡាញ់របស់អ្នកវិញប្រសើរជាង

  • ទម្លាប់ 5 យ៉ាងរបស់ភរិយាដែលធ្វើឱ្យស្វាមីស្រឡាញ់ និងខ្លាចចិត្ត រហូតលែងហ៊ានក្បត់ចិត្ត

    ទម្លាប់ 5 យ៉ាងរបស់ភរិយាដែលធ្វើឱ្យស្វាមីស្រឡាញ់ និងខ្លាចចិត្ត រហូតលែងហ៊ានក្បត់ចិត្ត

    ជាធម្មជាតិរបស់មនុស្សប្រុសដែលពេលឃើញស្រីស្អាតហើយ តែងតែជ្រួលច្រាលចង់ស្គាល់គេ តែនារីៗយើងត្រូវតែដឹងទៅថា ទោះមនុស្សប្រុសជាពពួកមនុស្សខូចខឹលចូលចិត្តមើលស្រីៗស្អាតៗពេលគេដើរកាត់មុខខ្លាំងប៉ុនណាក៏ដោយ តែក៏មិនបានមានន័យថា គេចង់សេពគប់នឹងនារីម្នាក់នោះពិតប្រាកដដែរ ព្រោះមនុស្សប្រុស តឱ្យខូចខឹលប៉ុនណាក៏ដោយ ក៏គេដឹងខ្លួនដែរថា នឹងត្រូវបញ្ឈប់នៅត្រឹមនរណា និងអ្នកដែលនឹងបញ្ឈប់គេបានពិតប្រាកដនោះ គឺជាមនុស្សដែលគេជ្រើសរើសក្នុងការរៀបការជាមួយហ្នឹងឯង។

    រឿងមួយដែលធ្វើឱ្យមនុស្សប្រុសស្រឡាញ់ និងខ្លាចចិត្តភរិយាបាននោះគឺ “ទម្លាប់និស្ស័យ” ក៏មានចំណែកខ្លាំងក្នុងសម្ព័ន្ធភាពរវាងប្ដី និងប្រពន្ធ​។ នឹងស្រឡាញ់គ្នាបានយូរអង្វែងឬអត់នោះ “ទម្លាប់និស្ស័យ” មានចំណែកបន្ថែម-បន្ថយក្នុងអារម្មណ៍រវាងគ្នា ដែលបើមិនច្រើនក៏តិចតួចដែរ។ បើមិនជឿទេ សូមមកមើលទាំងអស់គ្នា…។

    តើទម្លាប់និស្ស័យបែបណាដែលមនុស្សប្រុសចង់ឱ្យភរិយាមានខ្លាំងបំផុត?

    1 . មិនជេរស្ដី មិនថាឱ្យ ប្រើភាពស្ងប់នឹងនរ បង្រ្កាបភាពកក្រើករំពើក

    មនុស្សប្រុស 90% សុទ្ធតែនិយាយដូចៗគ្នាទាំងអស់ថា សម្ព័ន្ធភាពរបស់គូស្វាមីភរិយាក្រោយរៀបការគ្នាមកយូរហើយនោះ អ្វីដែលអាចថ្ពក់ទាញឱ្យអ្នកទាំងពីររស់នៅជាមួយគ្នាបាននោះគឺ សេចក្ដីស្នេហា អំពើល្អ ការអនុគ្រោះ និងភាពពាក់ព័ន្ធគ្នាយ៉ាងស៊ីជម្រៅដែលធ្វើឱ្យមនុស្សពីរនាក់រស់នៅជាមួយគ្នាបានយូរអង្វែង តែបើសិនភរិយាជាមនុស្សដែលមាននិស្ស័យមិនល្អ ប៉ឹនខឹងមួម៉ៅ រអ៊ូរទាំច្រើន ពេលប្ដីចេញទៅជប់លៀងសប្បាយជាមួយមិត្តភ័ក្តិហើយគិតតែពីទូរស័ព្ទតាមរំខាន ឬធ្ងន់ធ្ងរមែនទែន នាងអាចដល់ថ្នាក់តាមលួចមើលទៀតផងនោះ ចូរចាំទុកថា អានិស្ស័យប៉ឹនខឹងច្រឡោត ចូលចិត្តនាំឈ្លោះ និងនិយាយស្ដាប់គ្នាមិនបានបែបនេះ បើបានរៀបការនឹងគ្នា ក៏អាចនឹងដល់ថ្នាក់លែងលះគ្នាវិញមិនយូរក៏ឆាប់ដែរ។ ដូច្នេះនារីៗយើងចូរដឹងទុកថា ស្រីៗដែលនឹងធឹងធ្វើមិនដឹង គឺគួរឱ្យខ្លាចបំផុតសម្រាប់មនុស្សប្រុស ព្រោះគេមិនអាចដឹងថា នាងកំពុងគិតពីអ្វីនោះទេ ហើយមនុស្សប្រុសច្រើនតែខ្លាចនារីៗបែបនេះសឹងតែទាំងអស់។

    2 . បំពេញតួនាទីភរិយាមិនខ្វះចន្លោះ មិនចាំតែសម្លឹងចាប់កំហុស

    បុរសមួយចំនួនដែលមាននិស្ស័យខូចខឹលស្រីមុនពេលរៀបការ ក្រោយពីរៀបការហើយ វាជារឿងធម្មតាទេដែលភរិយាតែងតែនឹកប្រយ័ត្នសង្ស័យថា ស្វាមីអាចនឹងមិនចោលនិស្ស័យ តែការដែលអ្នកគិតតែពីព្យាយាមតាមប្រចែប្រចណ្ឌ គិតតែពីតាមចាប់កំហុស វាមិនបានធ្វើឱ្យសម្ព័ន្ធភាពស្នេហ៍របស់អ្នកទាំងពីរផ្លាស់ប្ដូរទៅជាល្អឡើង ឬខាងប្រុសបញ្ឈប់និស្ស័យបែបនោះបានទេ ព្រោះយ៉ាងណា មនុស្សប្រុសក៏នៅតែជាមនុស្សប្រុសដដែល។ ការផ្ដល់ឥស្សរភាពជាមួយនឹងការជឿទុកចិត្ត អាចនឹងចងចិត្តគេបានខ្លាំងជាង យ៉ាងណាក៏គេជាមនុស្សរបស់អ្នក បើអ្នកបំពេញតួនាទីជាភរិយាល្អទាំងរឿងក្រៅផ្ទះ និងរឿងក្នុងផ្ទះនោះ លោកប្ដីច្បាស់ជាស្រឡាញ់ និងមានអារម្មណ៍ខ្លាចក្រែងចិត្ត ចង់ធ្វើអ្វីមួយក៏ត្រូវនឹកដល់រូបអ្នកមុនគេមិនខាន ហើយអ្នកខ្លួនឯងក៏នឹងមានសេចក្ដីសុខខ្លាំងជាងការតាមប្រយ័ត្ន តាមសង្ស័យទៀតផង។ បុរសដែលមានរបស់ល្អនៅក្នុងដៃ យ៉ាងណាក៏ត្រូវតែត្រឡប់មករកសម្បុកវិញដែរ។

    3 . ជាទីកន្លែងដែលមានសេចក្ដីសុខសម្រាប់ស្វាមីជានិច្ច

    នៅលើគ្រឹះរបស់សេចក្ដីស្នេហា យើងតែងតែចង់ឃើញមនុស្សដែលយើងស្រឡាញ់ជួបនឹងភាពជោគជ័យ តែបើសិនវាមិនបានដូចអ្វីដែលគេគិត ឬអ្នករំពឹងទុក ព្រោះមានម្នាក់ដើរផ្លូវខុស រូបអ្នកដែលជាគូជីវិតគួរតែធ្វើខ្លួនជាទីកន្លែងនៃសេចក្ដីសុខតូចមួយដល់គ្នាទៅវិញទៅមក មិនបន្ទោសថែម ឬនិយាយបំបាក់ទឹកចិត្តគ្នាឡើយ។ បុរសដែលរស់នៅជាមួយភរិយាមកយូរ ទទួលស្គាល់ថា ការឆ្លងកាត់ការលំបាកលំបិនមកជាមួយគ្នា បុរសនឹងស្រឡាញ់ និងភក្ដីចំពោះភរិយា មិនហ៊ានធ្វើអ្វីឱ្យភរិយាពិបាកចិត្តឡើយ។

    4 . មនុស្សប្រុសតែងស្រឡាញ់ភរិយាដែលជាស្រ្តីពូកែ

    មនុស្សប្រុសមាននិស្ស័យមួយដូចៗគ្នាគឺ មិនចូលចិត្តមានបន្ទុក ខ្ជិលទទួលខុសត្រូវ មនុស្សស្រីពូកែនឹងធ្វើឱ្យគេដឹងថា នាងអាចជួយអ្វីៗគេបានប្រាកដមែន!។ នារីដែលពូកែតាំងពីសមត្ថភាពផ្ទាល់ខ្លួន ការងារផ្ទះ ការងារក្រៅផ្ទះ រហូតទៅដល់រឿងសិច ពួកប្រុសៗទៅសម្លឹងរកមើលអ្នកណាដូចរូបនាង លែងមានទៀតហើយ។ តែក៏ត្រូវមិនពូកែជ្រុលពេកនោះដែរ ដូចជាការធ្វើការងារពូកែខ្លាំង ឬមាំមួនលើសមុខលើសមាត់ស្វាមី ប្រភេទមិនចាំបាច់ពឹងពាក់អីប្ដីក៏បាននោះ ករណីបែបហ្នឹង មើលទៅដូចជាល្អ តែអ្នកជឿទេថា វាធ្វើឱ្យជីវិតគូដួលរលំមកអស់ច្រើនគូហើយ។ ព្រោះជានិស្ស័យក្នុងជម្រៅចិត្តរបស់មនុស្សប្រុសវិញ គេក៏មានអំនួតនៅក្នុងខ្លួនសឹងតែគ្រប់គ្នាដែរ ទោះជាចូលចិត្តឱ្យភរិយារបស់ខ្លួនជាមនុស្សស្រីពូកែក៏ពិតមែន តែប្អូនៗនារីៗទាំងឡាយក៏ត្រូវតែមានអំឡុងពេលទន់ខ្សោយខ្លះដើម្បីឱ្យប្ដីមានអារម្មណ៍ថា ខ្លួនឯងនៅអាចឱ្យភរិយាពឹងពាក់បានដែរតើ!។

    5 . មនុស្សប្រុស តឱ្យខូចខឹលប៉ុនណា ក៏ចុះចាញ់អំពើល្អដែរ

    ចំណុចនេះគឺទីបំផុតរបស់ទីបំផុត តឱ្យខូចខឹលស្រីឱ្យដល់ស្លាប់ប៉ុនណា ក៏ត្រូវតែមកចប់នឹងពាក្យមួយម៉ាត់នេះដែរ តែត្រូវធ្វើល្អឱ្យត្រូវចំណុចផងដែរ ដូចជា យកចិត្តទុកដាក់ស្វាមីមិនដែលផ្លាស់ប្ដូរ ទន់ភ្លន់ លំបាកជាមួយគ្នា មិនដែលស្រែកឡូឡាច្រឡោតដាក់ប្ដី តឱ្យជីវិតយ៉ាប់យ៉ឺនប៉ុនណា ក៏នាងនៅតែឈរនៅក្បែរស្វាមីជានិច្ច រឿងនេះមិនថាតែស៊ែរលែទៅឆ្ងាយដល់ណាក៏ដោយ ចុងក្រោយត្រូវតែត្រឡប់មកវិញសឹងតែទាំងអស់។

    អាចនិយាយបានថា ការទប់ប្រគងជីវិតគូឱ្យស្រឡាញ់គ្នាបានយូរអង្វែងនេះ មិនមែនជារឿងងាយឡើយ ហើយបើចង់ឱ្យមនុស្សម្នាក់លះបង់ ឬធ្វើសព្វបែបយ៉ាងសម្រាប់មនុស្សម្នាក់ទៀតរហូតនោះ ក៏មិនអាចទៅរួចដូចគ្នា។ បើចង់ឱ្យសេចក្ដីស្នេហាគង់វង្សស្ថិតស្ថេរយូរអង្វែងនោះ ទាំងស្វាមី និងភរិយាត្រូវតែកាន់ដៃដើរទៅជាមួយគ្នា ព្រោះវាមិនមែនត្រឹមតែពេលវេលានោះទេដែលជាអ្នកពិសោធសេចក្ដីស្នេហាពិតប្រាកដនោះ ជីវិតក្រោយពេលរៀបការនៅមានឧបសគ្គឱ្យពិសោធច្រើនទៀតណាស់ មិនមែនត្រឹមតែរឿងខូចខឹលស្រីញីតែម្យ៉ាងនោះទេ ដូច្នេះប្អូនៗស្រីៗត្រៀមខ្លួនទុកឱ្យហើយទៅ៕

  • iPhone 12 គ្រោងនឹងបំពាក់កាមេរ៉ាក្រោយ 3គ្រាប់ បង្កប់សេនស័រ LiDAR scanner

    iPhone 12 គ្រោងនឹងបំពាក់កាមេរ៉ាក្រោយ 3គ្រាប់ បង្កប់សេនស័រ LiDAR scanner

    ថ្មីៗនេះ ដំណឹង​បែកធ្លាយ​ពី​ខ្សែចង្វាក់​ផលិតកម្ម​របស់ iPhone 12 បានឱ្យដឹងត្រួសៗខ្លះ​មកហើយ តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ ត្រកូល iPhone 12 Pro នឹងមាន​បំពាក់​នូវ Sensor LiDAR ជា​សេន​ស័​រដែ​ល Apple បាន​ប្រើ​ជា​លើកដំបូង​នៅលើ iPad Pro ឆ្នាំ2020 វា​មាន​តួនាទី​វាស់​ជម្រៅ និង​បង្កើន​បទពិសោធ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា AR ។

    iPhone 12 អាច​នឹងមាន 3ប្រភេទ គឺ iPhone 12ធម្មតា ,Pro និង Pro Max។ ក្រោយពេល​លេចចេញ​រូបរាង​មក​បែបនេះ គេ​បានឃើញ​មានការ​ចោះ​រន្ធ​បន្ថែម នៅ​ពីក្រោម​រន្ធ​កាមេរ៉ា Ultrawide ទំនងជា​សម្រាប់ Sensor LiDAR។

    សម្រាប់ iPhone 12 Pro ម៉ូ​ដែល​ធម្មតា អាច​នឹងមិន​បំពាក់ Sensor LiDAR នោះទេ តែ​អាចមាន​ផ្ដាច់​មុខតែ​នៅលើ​ម៉ូ​ដែល Pro Max ប៉ុណ្ណោះ៕

  • Galaxy Z Fold 2 បត់បាន ចេញលក់ផ្លូវការហើយ តម្លៃ 2,000ដុល្លារ

    Galaxy Z Fold 2 បត់បាន ចេញលក់ផ្លូវការហើយ តម្លៃ 2,000ដុល្លារ

    ក្រុមហ៊ុន Samsung ទើបនឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​បត់​បាន ជំនា​ន់ទី2 គឺ Galaxy Fold 2 ដែលមាន​តម្លៃ​ចាប់ផ្តើម​ពី 1,999ដុល្លារ ក្នុង​ជម្រើស RAM 12GB មេម៉ូរី 256GB និង​ដាក់លក់​ចាប់ពី​ថ្ងៃទី18 កញ្ញា​នៅ​ទីផ្សារ​ក្រៅ​ស្រុក ចំណែក​ទីផ្សារ​ប្រទេស​កម្ពុជា​វិញ បានចេញ​លក់​កាលពី​ថ្ងៃទី2 កញ្ញា(ម្សិលមិញ) រួចទៅហើយ។

    ស្មា​ត​ហ្វូ​ន​នេះ បំពាក់​ឈី​ប​លេខ​ខ្ពស់ Snapdragon 865 Plus ជាមួយនឹង​ថាមពល​ថ្ម ៤៥០០ មី​ល្លី​អំពែ​ម៉ោង។ ដោយឡែក​ផែនការ Samsung គ្រោង​ផលិត​ស្មា​ត​ហ្វូ​ន​ប្រភេទ Multitasking កម្រិត​ខ្ពស់​ម៉ូ​ដែល​នេះ ប្រមាណ 70 ទៅ 80ម៉ឺន​គ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​អាច​បន្ថែម​ការផលិត អាស្រ័យ​លើ​ការលក់​ចេញ​នៅលើ​ទីផ្សារ​ថា ទទួលបាន​ការគាំទ្រ​ខ្លាំង​កម្រិតណា៕

    សូម​ទស្សនា​វីដេអូ TVC ខាងក្រោម៖

  • ចាន់ វឌ្ឍនាកា រក្សាពាក្យសន្យា មិនលេងឱ្យក្លិបនៅកម្ពុជាណា ក្រៅពីបឹងកេតឡើយ

    ចាន់ វឌ្ឍនាកា រក្សាពាក្យសន្យា មិនលេងឱ្យក្លិបនៅកម្ពុជាណា ក្រៅពីបឹងកេតឡើយ

    ក្រោយពី​បាត់​មុខ​ពី​ទីលាន​អស់​ជាច្រើន​សប្តាហ៍​កន្លងមក អ្នកគាំទ្រ​វិស័យ​បាល់ទាត់​កម្ពុជា ក៏ដូចជា​អ្នកគាំទ្រ​កីឡាករ ចាន់ វឌ្ឍនាកា​ដែរ ហាក់​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង ដោយ​មិនឃើញ​មាន​ព័​ត៏​មាន​អ្វី​ទាំងអស់​ជុំវិញ​រឿងនេះ សូម្បីតែ​មិត្ត​រួម​ក្រុម ក្លិប និង​រូបគេ​ផ្ទាល់ ក៏​មិនបាន​បញ្ចេញ​ព័​ត៏​មាន​អ្វី សូម្បីតែ​បន្តិច ជុំវិញ​ការបាត់​ខ្លួនគេ ពី​ទីលាន​បាល់ទាត់​នេះ។

    នា​ថ្ងៃទី2 ខែកញ្ញា ឆ្នាំ2020នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ផ្លូវការ​សម្រាប់​ការប្រកួត​បាល់ទាត់​លី​ក​កំពូល​កម្ពុជា ជើង​ទី2 រដូវ​កាល2020ហើយ ដោយបាន​បកស្រាយ​នូវ​មន្ទិលសង្ស័យ​របស់​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ជុំវិញ​រឿង​កីឡាករ ចាន់ វឌ្ឍនាកា។

    គួរ​បញ្ជាក់ដែរថា ទោះបីជា​មិនសូវ​សកម្ម​មួយរយៈ​ចុង​ក្រោយនេះ​ក៏ពិតមែន តែ​កីឡាករ​រូបនេះ​នៅតែ​ស្ថិតនៅក្នុង​តំណែង​ជា​កីឡាករ​កំពូល​កម្ពុជា ដែលមាន​បទពិសោធ​ជាច្រើន​ដដែល ដូចជា​ធ្លាប់​លេង​នៅ​លី​ក​ជប៉ុន និង​ម៉ាឡេស៊ី ហើយក៏​ជា​កីឡាករ​កម្ពុជា ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេបង្អស់​នាពេល​បច្ចុប្បន្ន​ផងដែរ៕

  • Barcelona គិតយ៉ាងណា បានកោះហៅលោក Koeman មកធ្វើជាគ្រូបង្គោល?

    Barcelona គិតយ៉ាងណា បានកោះហៅលោក Koeman មកធ្វើជាគ្រូបង្គោល?

    ជុំវិញ​ការផ្ទេរ​មក​ដឹកនាំ​នៅ​ក្លិប​ដ៏​ខ្លាំង​មួយ​របស់​ពិភពលោក  Barcelona លោក Ronald Koeman ត្រូវបាន​គេ​ដឹងថា បាន​លាលែង​ពី​តំណែង​ជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ មុននឹង​ឈាន​ជើង​ចូលមក Barcelona។ ចំពោះ​មូលហេតុ​ដែលនាំឱ្យ​លោក​ដើរ​ចេញពី​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​នេះ គឺ​ដោយសារតែ​កន្លែង​ថ្មី​នេះ គឺជា​ក្តី​សុបិន​ក្នុង​ជីវិត​របស់លោក ដែល​តែងតែ​ប្រាថ្នា​ថា នឹង​បាន​ដឹកនាំ​ក្រុមបាល់ទាត់​ដែល​ខ្លាំងជាងគេ​បំផុត​ក្នុង​ពិភពលោក។

    ការ​ដើរចេញ​របស់លោក អាចជា​ជម្រើស​មួយ​ដ៏​ល្អ ពីព្រោះ​ដោយសារតែ​កូ​វីដ-19 ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ស្ទើរតែ​មិនមាន​សកម្មភាព​អ្វី​ទាំងអស់ និង​មិន​ច្បាស់​ពី​អនាគត​ថា​នឹង​ទៅជា​យ៉ាងណា​ទៀតផង។ មួយវិញទៀត នេះ​គឺជា​ឱកាសល្អ​សម្រាប់​លោក ព្រោះ Barcelona គិតថា អតីត​ខ្សែការពារ​រូបនេះ  គឺជា​ប្រហែល​អាចជា​រឿង​ងាយស្រួល​ក្នុងការ​រៀបចំ​ក្រុម ដោយសារតែ​លោក​ធ្លាប់​លេង​ឱ្យ Barcelona ដែរ កាលពី​លោក​នៅ​ប្រកប​អាជីព​មួយ​នេះ។

    គួរបញ្ជាក់​ផងដែរ​ថា លោក Koeman បានមក​ធ្វើជា​គ្រូ​បង្គោល Barca តាំងពី​ថ្ងៃទី19 ខែសីហា ឆ្នាំ2020កន្លងមក នឹង​បញ្ចប់​កុងត្រា​ទៅវិញ​នៅ​ឆ្នាំ2022 ខាងមុខ៕

  • Suarez មានភាគរយខ្ពស់ទៅលេងនៅ អ៊ីតាលី

    Suarez មានភាគរយខ្ពស់ទៅលេងនៅ អ៊ីតាលី

    លោក Ronald Koeman បាន​ប្រាប់​ទៅ Suarez ឱ្យ​រក​ក្លិប​ថ្មី​លេង បន្ទាប់ពី​មិន​ស្ថិតក្នុង​បញ្ជី​ត្រូវ​ប្រើប្រាស់​របស់​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខ។

    ក្រោយ​ការប្រកាស​ដើរចេញ និង​ស្វែងរក​ក្លិប​ថ្មី​កន្លងមក Juventus បាន​ចាប់អារម្មណ៍​លើ​រូបគេ ដោយបាន​ទាក់ទង​មក​គេ​ផ្ទាល់ ហើយ​មាន​គម្រោង​ចរចារ ក្នុងការ​នាំយក​កីឡាករ​រូបនេះ​មកជួយ​ក្រុម ស្រប​ពេលដែល​ក្លិប Juventus កំពុងតែ​ខ្វះ​ខ្សែការពារ​ស្រាប់​ផង។

    ដើម្បី​ដក​កីឡាករ​រូបនេះ​ចេញ Barcelona បាន​ចំណាយលុយ​អស់ 14លាន​ដុល្លារ ដើម្បី​រំលាយ​កុងត្រា​របស់គេ នៅ Barcelona។ សម្រាប់ Juventus វិញ ប្រហែលជា​សប្បាយចិត្ត ដោយសារតែ​អាច​ចាប់យក​ខ្សែការពារ​ល្អ 1រូប​មកជួយ​ក្រុម ដោយ​មិនចាំបាច់​ចំណាយលុយ សូម្បីតែ 1សេន៕

  • កូននឹងងាយជោគជ័យក្នុងជីវិត គ្រាន់តែឪពុកម្ដាយចេះបង្ហាត់ឱ្យចេះជួយធ្វើការងារផ្ទះ

    កូននឹងងាយជោគជ័យក្នុងជីវិត គ្រាន់តែឪពុកម្ដាយចេះបង្ហាត់ឱ្យចេះជួយធ្វើការងារផ្ទះ

    បច្ចុប្បន្ននេះ បញ្ហារឿងរបស់ការចិញ្ចឹមកូនបានក្លាយជារឿងដែលធំទៅៗជារឿយៗហើយនៅក្នុងសង្គម ព្រោះឪពុកម្ដាយខ្លួនឯងក៏នឹកសង្ឃឹមទុកដែរថា កូននឹងត្រូវតែទទួលជោគជ័យក្នុងជីវិតដែលល្អឱ្យបាន ទើបត្រូវមានការរៀបចំផែនការផ្សេងៗរួមទាំងជ្រើសរើសអ្វីដែលល្អបំផុតឱ្យដល់កូន សូម្បីតែសាលារៀនទៀតផង ដែលការពិតទៅ មិនចាំបាច់ត្រូវធ្វើដល់ថ្នាក់ហ្នឹងក៏បានដែរ ត្រឹមតែបង្ហាត់បង្រៀនពីគ្រឹះសំខាន់ៗដល់កូន ក៏គេមានឱកាសទទួលជោគជ័យក្នុងជីវិតបានទៅហើយ។

    បង្ហាត់កូនធ្វើការងារផ្ទះ គឺជាគ្រឹះរបស់ការទទួលជោគជ័យក្នុងជីវិត

    គ្រឹះរបស់ការចិញ្ចឹមកូនងាយៗដែលមនុស្សជាច្រើនមើលរំលងនោះគឺ រឿងរបស់ការបង្ហាត់ឱ្យចេះធ្វើការងារផ្ទះដល់គេហ្នឹងឯង ដោយអាចនឹងចាប់ផ្ដើមពី ចោលសំរាម បោសជូតសម្អាតលើកន្លែងដែលគេបានធ្វើឱ្យកខ្វក់ រំកិលជាបណ្ដើរៗរហូតទៅដល់លាងចានដែលគេញ៉ាំខ្លួនឯងរួចហើយ ជាដើម។ ដំបូងៗអាចនឹងមានការតតាំងខ្លះហើយថា ហេតុអីត្រូវធ្វើ? ដែលរឿងនេះឪពុកម្ដាយក៏ត្រូវព្យាយាមប្រើហេតុផលដើម្បីឱ្យកូនបានយល់ច្រើនបំផុតយ៉ាងចិត្តត្រជាក់។ នៅពេលធ្វើបែបនេះយូរៗទៅ ក៏នឹងក្លាយទៅជាទម្លាប់និស្ស័យរបស់ក្មេងដែលនឹងក្លាយជារឿងល្អដិតជាប់ខ្លួនទៅថ្ងៃមុខ។

    យកអ្វីមកវាស់ថា ពិតជាទទួលជោគជ័យក្នុងជីវិតមែន?

    មានការងារស្រាវជ្រាវមួយពីមហាវិទ្យាល័យ ហាវ៉ាដ ដែលបានធ្វើការសិក្សារយៈពេលវែងតាំងពីឆ្នាំ 1938 រហូតមកដល់បច្ចុប្បន្នដែលអាចសរុបបានថា រឿងដែលធ្វើឱ្យមនុស្សអាចទទួលបានភាពជោគជ័យក្នុងជីវិតបានមាន 2 ប្រការ គឺ សេចក្ដីស្រឡាញ់ និងការធ្វើការងារ។ ក្រៅពីនេះ Julie Haims អតីតអ្នកដឹកនាំក្រុមនិស្សិតពីមហាវិទ្យាល័យ ស្ទែនហ្វ៉ដ ថែមទាំងបានបញ្ជាក់ទៀតផងថា បើសិនចាប់ផ្ដើមបង្ហាត់ឱ្យកុមារធ្វើការងារផ្ទះតាំងពីតូចៗ ពួកគេនឹងអាចរៀនយល់ដឹងរឿងផ្សេងៗបានល្អឡើង ហុចផលឱ្យគេមានភាពទទួលខុសត្រូវចំពោះសង្គមសួនរួមបានរឹតតែល្អឡើងទៀតផងនាពេលអនាគត។

    ចំណុចល្អរបស់ការឱ្យកូនហ្វឹកហាត់ធ្វើការងារផ្ទះតាំងពីតូចៗ

    ព្រោះការឱ្យក្មេងៗបានហ្វឹកហាត់ធ្វើការងារផ្ទះទាំងក្នុងផ្នែករបស់ខ្លួនឯង និងសួនរួមនោះ នឹងធ្វើឱ្យពួកគេមើលឃើញភាពសំខាន់របស់ការធ្វើការងាររឹតតែខ្លាំងឡើង និងមានអារម្មណ៍ថា ខ្លួនឯងគឺជាផ្នែកមួយដ៏សំខាន់របស់គ្រួសារ រួមទាំងបទពិសោធនៃភាពលំបាកលំបិនដែលកាន់តែពិបាកឡើងជារឿយៗ នឹងធ្វើឱ្យគេមានអារម្មណ៍យល់ចិត្តអាណិតអាសូរអ្នកឯទៀតដោយខ្លួនឯង ដែលរាប់បានថា ជាការរៀនយល់ដឹងពីបទពិសោធពិត ដោយមិនចាំបាច់រកតម្រាពីទីណាមកបង្រៀនឱ្យនាំតែពិបាកនោះឡើយ។

    ការងារផ្ទះអ្វីខ្លះដែលគួរបង្ហាត់ឱ្យកូនធ្វើ

    ដូចដែលបានរៀបរាប់រួចហើយ នោះគឺ ឱ្យចាប់ផ្ដើមពីការចោលសំរាម រៀបចំរបស់របរដែលខ្លួនឯងរើយកមកលេង ជាដើម។ នៅពេលកូនចាប់ផ្ដើមធំឡើងបន្តិច ក៏អាចនឹងឱ្យលាងចានដែលខ្លួនឯងញ៉ាំរួចហើយ បោកខោអាវតូចៗរបស់ខ្លួនឯង រួចហើយសឹមរំកិលទៅរកការដុសខាត់ស្បែកជើង បោសផ្ទះ ជូតផ្ទះ ដែលក៏មិនពិបាកជ្រុលពេកឡើយសម្រាប់ក្មេងវ័យ 4 – 8 ឆ្នាំនោះ។

    នេះគឺជា គន្លឹះងាយៗដែលមិនចាំបាច់អស់ប្រាក់ច្រើនៗក្នុងការចិញ្ចឹមកូនដើម្បីរៀបចំគ្រឹះសាងភាពជោគជ័យក្នុងជីវិតដល់កូនរបស់លោកអ្នក គ្រាន់តែលោកអ្នកអាចនឹងត្រូវប្រើពេលវេលា ជាមួយនឹងហេតុផលខ្លះៗក្នុងការអធិប្បាយពន្យល់កូនប៉ុណ្ណោះ។ មានឪពុកម្ដាយជាច្រើននាក់ចូលចិត្តទម្រើសកូន មិនព្រមឱ្យកូនធ្វើអ្វី ដែលលទ្ធផលនឹងទទួលបាននោះគឺ ការខ្វះនូវភាពទទួលខុសត្រូវទាំងចំពោះខ្លួនឯង និងសង្គមសួនរួមហ្នឹងឯង ដូច្នេះអ្នកណាដែលមានកូនស្ថិតនៅក្នុងអំឡុងវ័យនេះមិនគួរខកខានប្រើតិចនិកនេះជាដាច់ខាត៕