Category: សង្គម និងសេដ្ឋកិច្ច

  • ការអប់រំកូនដោយមិនស្រែកគំហក នឹងធ្វើឱ្យកូនក្លាយជាមនុស្សល្អ និងស្ដាប់បង្គាប់

    ការអប់រំកូនដោយមិនស្រែកគំហក នឹងធ្វើឱ្យកូនក្លាយជាមនុស្សល្អ និងស្ដាប់បង្គាប់

    ធ្លាប់នឿយហត់ដែរឬទេ នៅពេលដែលកូនធ្វើឱ្យយើងខឹងមួម៉ៅ? ដូច្នេះសូមអាណាព្យាបាលទាំងឡាយបែរមកសាកល្បងមើលពីគន្លឹះល្អៗក្នុងការអប់រំកូនដោយមិនចាំបាច់ស្រែកគំហកដាក់កូន ឬខឹងមួម៉ៅវិញប្រសើរជាង។

    អ្នកគ្រូ Leah Koenig គ្រូបង្វឹកការចិញ្ចឹមមើលថែទាំក្មេងតូចបានប្រាប់ថា រឿងដំបូងគេដែលយើងគួរធ្វើគឺ គិតជាមុនសិនថា តើរឿងដែលអ្នកចង់បាននោះគឺអ្វី? បើអ្នកខឹងក្រេវក្រោធ និងដាក់ទោសកូនភ្លាមៗតែម្ដងនោះ អាចនឹងធ្វើឱ្យកើតផលអាក្រក់ច្រើនជាងផលល្អដល់រូបអ្នកខ្លួនឯង តែបើសិនមនុស្សជាឪពុកម្ដាយអាចរម្ងាប់អារម្មណ៍ខឹងសម្បាបាន ហើយគិតរកវិធីកែបញ្ហាយ៉ាងចម្រើនវិញនោះ ពីការដាក់ទោសដែលអាក្រក់ៗ អាចនឹងក្លាយជារឿងល្អៗដែលបានអប់រំប្រដៅកូន និងថែមទាំងទទួលបានលទ្ធផលល្អហួសពីការនឹកគិតទៀតផង។

    អប់រំកូនងាយៗឱ្យបានលទ្ធផលល្អដោយការឱប!

    បងប្អូនឈ្លោះគ្នា ឪពុកម្ដាយធ្វើយ៉ាងណាល្អ?

    បើលោកអ្នកឃើញថា កូនៗកំពុងតែវាយតប់គ្នា ចូរប្រញាប់បំបែកកូនៗចេញពីគ្នា។ ប្រាប់កូនថា ចូរទៅឈរនៅឱ្យឆ្ងាយពីគ្នា ដើម្បីឱ្យស្ងប់សតិអារម្មណ៍ បន្ទាប់ពីនោះ ចាប់ទាំងពីរនាក់ឱ្យបែរមុខរកគ្នា ហើយប្ដូរពាក្យសូមទោសគ្នាទៅវិញទៅមក ដូចជា ៈ

    – ឱ្យបង(ឬអូន)សូមទោសសម្រាប់…(រឿងដែលធ្វើខុស)។

    – បង(ឬអូន) ធ្វើឡើងដោយសារតែ…(អធិប្បាយថា ហេតុម៉េចបានធ្វើ) និង

    – ចាប់ពីពេលនេះទៅ បង(ឬអូន)នឹង…(និយាយពីអ្វីដែលខ្លួនគួរធ្វើ)

    លុះកូននិយាយចប់ ចូរឱ្យកូនឱបគ្នា។ ពេលនោះពួកគេអាចនឹងមានអារម្មណ៍ប្លែកៗក្នុងពេលដំបូងៗ តែនៅពេលៗវេលាកន្លងទៅ ក៏នឹងអស់សំណើចឃឹកៗ ហើយអ្វីគ្រប់យ៉ាងក៏នឹងត្រឡប់មកប្រក្រតីឡើងវិញ។ គឺជាវិធីងាយៗក្នុងការជួយបង្រ្កាបបងប្អូនដែលឈ្លោះគ្នាឱ្យត្រឡប់មកស្រឡាញ់គ្នាដូចដើមវិញ។

    ចាប់ផ្ដើមប្រដៅ! (មិនមែនចាប់ផ្ដើមវាយទេណា៎!)

    មុននឹងភ្លេចខ្លួនលើកដៃវាយកូនពេញមួយទំហឹងនោះ មនុស្សជាឪពុកម្ដាយគួរចេះហាមចិត្តខ្លួនឯង មិនវាយកូនដោយដៃ ឬដោយរំពាត់នោះទេ តែចូរជ្រើសរើសយកការអធិប្បាយពន្យល់ឱ្យកូនយល់។ មិនមែនជាការហាមកូនទេ ព្រោះថា រឹតតែហាមដូចរឹតតែពន្យុះ កូនរឹតតែធ្វើ ឪពុកម្ដាយរឹតតែខឹងឡើង ក្លាយទៅជា កូនខ្វះភាពជឿជាក់លើខ្លួនឯង និងថែមទាំងប៉ះពាល់ដល់សម្ព័ន្ធភាពឪពុកម្ដាយកូននាំឱ្យកើតស្នាមប្រេះឆាទៀតផង។

    តិចឱ្យប៉ូលិសចាប់! ឌឺពេក តិចឱ្យពេទ្យចាក់ថ្នាំ!

    ឪពុកម្ដាយជាច្រើនចូលចិត្តប្រើពាក្យសម្ដីទាំងនេះ ដែលក្រៅតែពីសាងនូវក្ដីភ័យខ្លាចដល់ក្មេងៗហើយ វាថែមទាំងមិនអាចជួយអ្វីបានសោះឡើយ។ ដូច្នេះជំនួសឱ្យការកុហកឱ្យខ្លាច ឬសម្លុតកូន ចូរសាកល្បងសម្ដែងតាមតួនាទីវិញ ដូចជា នៅពេលកូនធ្វើខុស ក៏សរសេរក្រដាសដែលមានបញ្ជាក់ពីកំហុសរបស់កូន ប្រាប់ពីលទ្ធផលដែលកូននឹងទទួលបាន អធិប្បាយឱ្យស្ដាប់ថា ការធ្វើខុស ជាមនុស្សមិនល្អ មានការដាក់ទោសតាមច្បាប់យ៉ាងណា ឬកូននឹងត្រូវជួបនឹងអ្វីខ្លះនៅពេលធ្វើខុសជាដើម។

    ឱ្យកូនជូតសម្អាត ឬរៀបចំឡើងវិញ ពេលធ្វើអ្វីមួយកខ្វក់ ឬមិនរៀបរយ

    កូនប្រុសរបស់អ្នកសរសេរអត្ថបទនេះ(អ្នកគ្រូ ឆវី)អាយុ 5 ឆ្នាំ ចូលទៅលេងក្នុងទូដាក់ខោអាវរបស់នាង ហើយភ្លាមនោះ សំពត់អាវខាងលើក៏ធ្លាក់ចុះមករាយប៉ាយអស់រលីង។ ស្មេរប៊ិះតែនឹងចូលទៅរៀបចំបត់ខោអាវ និងសម្អាតទូនោះវិញទៅហើយ តែក៏នឹកឃើញឡើងថា ហេតុអីមិនឱ្យកូនប្រុសកំពូលរពឹសរបស់ខ្លួនធ្វើទៅ?!។

    ធ្វើបែបនោះ កូនប្រុសរបស់នាងក៏បានរៀនយល់ដឹងពីការរៀបចំបត់ខោអាវយ៉ាងត្រឹមត្រូវ និងអ្វីដែលសំខាន់ជាងនោះទៅទៀតនោះគឺ គេរៀនបានយល់ដឹងថា តើវានឿយហត់ប៉ុនណាក្នុងការរៀបចំទុកដាក់ឡើងវិញនូវអ្វីដែលគេបានធ្វើឱ្យរាយប៉ាយនោះ។ ទីបំផុតកូនប្រុសរបស់នាងក៏រៀបចំទុកដាក់ឡើងវិញយ៉ាងស្អាតបាត និងថែមទាំងបាននិយាយអរគុណម្ដាយដែលបានធ្វើឱ្យគេមានអារម្មណ៍ថា ខ្លួនគេប្រៀបដូចជាមនុស្សធំម្នាក់ទៀតផង។

    ល្មមបញ្ឈប់ហើយ សម្រាប់ការដាក់ទោសបែបដាក់គុកនោះ!

    ជំនួសឱ្យការបញ្ជាឱ្យកូនទៅឈរស្ងៀមនៅត្រង់ជ្រុងណាមួយនៅក្នុងបន្ទប់ ព្រមទាំងឱ្យគិតឡើងវិញថា បានធ្វើអ្វីខុសនោះហេតុអីមិនប្រគល់ភារកិច្ចអ្វីមួយឱ្យកូនធ្វើវិញ? អាចនឹងឱ្យធ្វើកិច្ចការផ្ទះ ធ្វើលំហាត់ ហាត់សរសេរអក្សផ្ចង់ ឬអានសៀវភៅជាដើម ដែលក្រៅពីនឹងធ្វើឱ្យកូនមានអារម្មណ៍ត្រជាក់ឡើងហើយ នៅជួយឱ្យគេផ្ចង់ស្មារតីលើការធ្វើរឿងល្អៗឱ្យសម្រេចច្រើនឡើងទៀតផង។

    វិធីអប់រំកូនដោយមិនស្រែកគំហកដាក់ គឺជារឿងដែលល្អ ព្រោះកូននឹងមិនខូចចិត្ត តែក៏កុំភ្លេចអប់រំប្រៀនប្រដៅកូនដោយវិធីផ្សេងៗទៀតផង ដើម្បីឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សល្អ និងស្ដាប់បង្គាប់ឪពុកម្ដាយ៕

  • ឆ្នាំ2019 កម្ពុជានាំទំនិញទៅអាមេរិកជាង 5ពាន់លានដុល្លារ

    ឆ្នាំ2019 កម្ពុជានាំទំនិញទៅអាមេរិកជាង 5ពាន់លានដុល្លារ

    ក្នុងចំណោម​ទីផ្សារ​នាំចេញសំខាន់ៗរបស់​កម្ពុជា​ទៅកាន់​តំបន់​នានា​លើ​ពិភពលោក អាមេរិក ជាទី​ផ្សារ​ធំ​មួយ​ដែល​ទទួល​ទិញ​ផលិតផល​របស់​កម្ពុជា ដែល​ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​បាន​បោះទុន​វិនិយោគ​សម្រាប់ធ្វើ​ការផលិត និង​នាំចេញ​ផងដែរ។

    លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា សហរដ្ឋអាមេរិក ជាទី​ផ្សារ​នាំចេញ​ធំជាងគេ​មួយ​ក្នុងចំណោម​ទីផ្សារសំខាន់ៗរបស់​កម្ពុជា។ នៅ​ឆ្នាំ2019 កម្ពុជា​បាន​នាំ​ផលិតផល​ចេញទៅ​អាមេរិក​ក្នុងតម្លៃ​ប្រមាណ 5.36ពាន់​លាន​ដុល្លារ​អាមេរិក។ លោ​កថា​ទំនាក់ទំនង​សេដ្ឋកិច្ច​នៃ​សហរដ្ឋអាមេរិក និង​កម្ពុជា​កំពុងមាន​កំណើន​ជា​វិជ្ជមាន ដោយ​ក្នុងនោះ​ផលិតផល និង​អ្នកវិនិយោគថ្មីៗរបស់​អាមេរិក​បាន​ចូលមកក្នុង​ទីផ្សារ​កម្ពុជា​ក៏បាន​កើនឡើង​ផងដែរ​ជា​រៀងរាល់ឆ្នាំ។

    លោក Patrick Murphy បាន​និយាយថា៖ «ក្រុមហ៊ុន​អាមេរិក កំពុង​នាំមក​នូវ​ការវិនិយោគ​ប្រកបដោយ​តម្លាភាព និង​គុណភាព​ជាមួយនឹង​បច្ចេកវិទ្យា​លំដាប់ថ្នាក់​ពិភពលោក។ បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន​ទាំងអស់នោះ​ក៏បាន​បង្កើត​កម្មវិធី​ប​ណ្តុះ​បណ្តាល​ស្តង់ដា​ការងារ និង​បង្កើត​បរិយាកាស​បរិស្ថាន​ខ្ពស់ ដើម្បី​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​ផងដែរ»។

    លោក Patrick Murphy បាន​បន្ថែមទៀតថា សហរដ្ឋអាមេរិក​ផ្តល់ឱ្យ​កម្ពុជា​នូវ​ការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម នៅក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) ដែលជា​ការធ្វើ​ឲ្យ​កម្ពុជា អាច​នាំចេញ​ទៅកាន់​សហ​រដ្ឋ​អាមេរិក ដោយ​មិន​បង់​ពន្ធគយ​នូវ​ទំនិញ ចំនួន​ជាង5,000មុខ៕

  • “បែកគ្នាមួយរយៈ”…អាចមិនមែនអាក្រក់ដូចការគិតឡើយ

    “បែកគ្នាមួយរយៈ”…អាចមិនមែនអាក្រក់ដូចការគិតឡើយ

    ការដែលគូស្នេហ៍មួយគូសម្រេចចិត្តថា នឹងឃ្លាតគ្នាមួយរយៈនោះវាបង្ហាញថា ច្បាស់ជាមានបញ្ហាអ្វីម្យ៉ាងរ៉ាំរ៉ៃមកយូរគួរសមរហូតដល់នាំឆ្ពោះមករកដំណើរផ្លូវកែបញ្ហាតាមរបៀបនេះមិនខាន។

    ខ្ញុំខ្លួនឯងក៏ធ្លាប់ជួបអំឡុងពេល “បែកគ្នាមួយរយៈ” នៅក្នុងជីវិតដែរ តែខ្ញុំទទួលយកវាបាន និងសម្លឹងឃើញថា វាជារឿងមួយដែលគូស្នេហ៍ទាំងអស់គួរតែត្រូវជួបយ៉ាងតិច 1 ដង ព្រោះវានឹងមានប្រយោជន៍ក្នុងរយៈពេលវែង និងប្រហែលជាជួយឆ្លើយនឹងសំណួរជាច្រើនដល់សម្ព័ន្ធភាពស្នេហារបស់អ្នកបានទៀតផង។

    ពីបទពិសោធផ្ទាល់ដែលខ្ញុំបានជួបប្រទះមក នៅពេលយើងបានសាកល្បងរស់នៅដោយមិនមានរូបគេ សម្រេចចិត្តធ្វើអ្វីមួយដោយមិនមានរូបគេ ទៅណាមកណាដោយមិនមានរូបគេ យើងនឹងបានសិក្សាពីខ្លួនឯងថា តើយើងទទួលយកសភាពបែបហ្នឹងបានទេ? ហើយវានឹងធ្វើឱ្យយើងទទួលបានចម្លើយថា “ការពិតទៅ តើយើងនៅត្រូវការរូបគេនៅក្នុងជីវិតដែឬទេ?”។

    ក្រៅពីនេះ នៅពេលអ្នកទាំងពីររស់នៅឆ្ងាយពីគ្នាហើយ ក៏អាចនឹងបានជួបស្គាល់នឹងមនុស្សម្នាផ្សេងៗ ជួបមនុស្សថ្មីៗដែលដើរចូលមកក្នុងជីវិត និងមានអ្នកខ្លះអាចនឹងនឹកបារម្ភថា គូស្នេហ៍របស់ខ្លួនអាចនឹងមានអ្នកណាចូលមកទំនាក់ទំនង ចូលមកសុំស្គាល់ក៏មានដែរ។

    តែចំពោះរូបខ្ញុំ ខ្ញុំមិនដែលនឹកខ្លាចរឿងនោះឡើយ មិនមែនដោយសារភាពជឿជាក់លើខ្លួនឯងនោះទេ តែខ្ញុំមើលឃើញថា វាជាបទសាកល្បងដ៏ល្អមួយដែលយើងនឹងបានដឹងថា តើយើងស័ក្តិសមជាមួយគេឬទេ? តើយើងល្អគ្រប់គ្រាន់សម្រាប់គេឬទេ?។ បើយើងនៅមិនទាន់ល្អគ្រប់គ្រាន់ គេក៏ប្រហែលទៅមានអ្នកថ្មី វាជាសិទ្ធិរបស់គេ យើងប្រហែលជាទៅបញ្ជា ឬបង្ខំគេមិនបានទេ ព្រោះមនុស្សម្នាក់ៗតែងតែស្វែងរកអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯងជានិច្ច។

    ដូចគ្នានឹងខ្លួនអ្នកដែរ បើមានឱកាសជួបអ្នកថ្មីខណៈដែលស្ថិតក្នុងអំឡុងពេល “បែកគ្នាមួយរយៈ” នេះ អ្នកក៏គួរប្រើឱកាសនេះពិចារណាមើលឱ្យច្បាស់លាស់ថា តើអ្នកត្រៀមជាស្រេចក្នុងការបោះស្នេហ៍ចាស់ចោលដើម្បីចាប់ផ្ដើមជាថ្មីដែរឬទេ? ឬអ្នកនៅតែត្រូវការត្រឡប់ទៅរកមនុស្សដដែលរបស់អ្នកវិញ?។

    សម្រាប់រូបខ្ញុំវិញ “ការបែកគ្នាមួយរយៈ” ក៏សំខាន់មិនចាញ់ពេលដែលរស់នៅជាមួយគ្នាដែរ ព្រោះខ្ញុំជឿថា យើងនឹងបានដឹងថា តើអ្វីសំខាន់ អ្វីមិនសំខាន់នៅពេលបានសាកល្បងរស់នៅតែម្នាក់ឯងមួយរយៈមក៕

    អ្នកគ្រូ ឆវី

  • ទីបំផុត ឪពុក Messi យល់ព្រមជាមួយ Barcelona ហើយ

    ទីបំផុត ឪពុក Messi យល់ព្រមជាមួយ Barcelona ហើយ

    ក្រោយពី​ត្រឡប់​មកដល់​អេ​ស្ប៉ា​ញ​វិញ​ភ្លាម កាលពី​ថ្ងៃទី2 ខែកញ្ញា ឆ្នាំ2020 លោក Jorge Messi ដែលជា​ឪពុក​របស់​កីឡាករ Lionel Messi បានផ្តល់​បទ​សម្ភាស​ប​ន្តិ​ច​ថា៖ «វា​ជា​រឿង​ដ៏​លំបាក​បំផុត ដែល Messi នឹង​បន្ត​នៅ​ក្លិប​នេះ»។

    ទោះជា​បែបនេះ​ក្តី ក៏ប៉ុន្តែ​ពាក្យ​ទាំងនេះ គឺ​វា​គ្រាន់តែ​ជាស​ម្ដី មុនពេល​ចូល​តុ​ចរចារ​តែប៉ុណ្ណោះ។ ក្រោយពី​បាន​ចូល​ចរចា​អស់​រយៈពេល 1ម៉ោង​កន្លះ​នៅ​ថ្ងៃទី3 ខែកញ្ញា ឆ្នាំ2020 រួចមក ស្រាប់តែ​លោក​បាន​ប្តូរ​ចិត្ត​វិញ ដោយបាន​និយាយថា លោក​ពិតជា​ពេញចិត្ត​នូវ​អ្វីដែល​ក្លិប​ផ្តល់ឱ្យ Messi ជាខ្លាំង។ លោក​មិនទាន់​អាច​និយាយថា​យ៉ាងណា​បានឡើយ អំពី​ជោគជតា​របស់ Messi ព្រោះ​លោក​ត្រូវ​ទៅ​បញ្ចុះបញ្ចូល​កូនប្រុស​ជាមុនសិន។

    គួរឱ្យ​ដឹង​ដែរ​ថា Barcelona បាន​បង្ហើប​កាលពីមុន​ជំនួប​ចរចា​នេះ​ថា ក្លិប​នឹង​ផ្តល់​កុងត្រា​រយៈពេល 2ឆ្នាំ​បន្ថែមទៀត​ដល់ Messi ដែល​នឹងមាន​អត្ថប្រយោជន៍​ជាច្រើន​ដល់ Messi មិន​ឱ្យគេ​ខកចិត្ត​ឡើយ៕

  • Higuaín អាចនឹងទៅលេងឱ្យក្លិបរបស់ Zidane នៅអាមេរិក

    Higuaín អាចនឹងទៅលេងឱ្យក្លិបរបស់ Zidane នៅអាមេរិក

    បើ​យោងតាម​លោក Nicolas អ្នកចាត់ការ​ក្លិប Juventus បាន​និយាយថា កីឡាករ​ខ្សែប្រយុទ្ធ Gonzalo Gerardo Higuaín វ័យ 32ឆ្នាំ នឹងមិន​បន្ត​លេង​ឱ្យ​ក្លិប​របស់លោក​ទៀត​ទេ។

    ទោះជា​ក្លិប Juventus ក៏​លែង​ត្រូវការ​រូបគេ​ដែរ​ក៏ដោយ ក៏ប៉ុន្តែ​កីឡាករ​រូបនេះ ត្រូវបាន​គេ​ដឹងថា ជា​កម្លាំង​ថ្មី​មួយ ដែល​អាច​ច្នៃ​ឱ្យ​ក្លាយជា​គ្រាប់ពេជ្រ​សម្រាប់​ក្លិបផ្សេងៗទៀត​បាន។ ក្នុងនោះដែរ មាន​របាយការណ៍​ចេញមក​ថា មាន​ក្លិប​ជាច្រើន កំពុងតែ​រៀបចំ​ធ្វើ​កុងត្រា ដើម្បី​យក Gonzalo Gerardo Higuaín ទៅលេង​ជាមួយ ក្នុងនោះ​មាន​ក្លិប​មកពី​លី​កកំពូលៗ របស់​ប្រទេសល្បីៗជាច្រើន ដូចជា Ligue1 (បារាំង), Premier League (អង់គ្លេស), La Liga (អេ​ស្ប៉ា​ញ), China Super League (ចិន) និង​លី​ក​កំពូល​អាមេរិក​ទៀតផង។

    គួរ​ជម្រាប​ដែរ​ថា ក្លិប Inter Miami ស្ថិតក្នុង​លី​ក​កំពូល​អាមេរិក ដែលជា​ក្លិប​របស់​អ្នកចាត់ការ Real Madrid លោក Zidane កំពុងតែ​ខិតជិត​ដល់​ការចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែប្រយុទ្ធ Gonzalo Higuain ហើយ ក្រោយពី​មានការ​ពិភាក្សាគ្នា​រវាង​ភាគី​ទាំង2 រួចមក៕

  • ចង់ឱ្យកូនងើបពីព្រឹកទៅរៀនទាន់ពេល មិនមែនជារឿងពិបាកទេ

    ចង់ឱ្យកូនងើបពីព្រឹកទៅរៀនទាន់ពេល មិនមែនជារឿងពិបាកទេ

    កូនអ៊ើយក្រោកឡើង ដល់ម៉ោងទៅរៀនហើយណា៎!។ យើងដឹងថា រៀងរាល់ពេលព្រឹក អ្នកម្ដាយនឹងនឿយហត់ខ្លាំងណាស់ទាំងចិត្តទាំងកាយបើកូនមិនព្រមក្រោកពីគេងដើម្បីត្រៀមខ្លួនទៅសាលាទេនោះ។ បើកូនរបស់អ្នកចូលចិត្តភ្ញាក់យឺតពេល ពិបាកក្នុងការដាស់ឱ្យភ្ញាក់ទៅរៀននោះ សូមនាំគ្នាមកអត្ថបទខាងក្រោមនេះវិញប្រសើរជាងថា តើវិធីធ្វើឱ្យកូនក្រោកពីគេងនៅពេលព្រឹកទាន់ពេល ត្រូវធ្វើយ៉ាងណាខ្លះ?។

    តិចនិកជំរុញឱ្យកូនភ្ញាក់ពីគេងនៅពេលព្រឹកបានយ៉ាងងាយស្រួល ចាប់ផ្ដើមពីពេលយប់ ៈ

    – ឱ្យកូនចូលគេងក្នុងម៉ោងពេលប្រហាក់ប្រហែលគ្នារៀងរាល់យប់។ កូនអ្នកនឹងងាយស្រួលភ្ញាក់ បើពួកគេបានគេងលក់យ៉ាងគ្រប់គ្រាន់។ ការធ្វើបែបនេះ មិនត្រឹមតែនឹងធ្វើឱ្យការភ្ញាក់ពីគេងនៅពេលព្រឹកដំណើរការបានយ៉ាងងាយស្រួលនោះទេ តែកូននៅមានអារម្មណ៍ថា បានគេងយ៉ាងឆ្អែតទៀតផង។ ក្រៅពីនេះ ការបានគេងលក់យ៉ាងគ្រប់គ្រាន់ នឹងធ្វើឱ្យខួរក្បាលរបស់គេភ្លឺថ្លាស្រឡះ និងគិតរឿងផ្សេងៗបានល្អ មានថាមពលក្នុងការរៀន និងអាចមានសមាធិជាមួយនឹងអ្វីដែលគេកំពុងធ្វើទៀតផង។ តែការដែលអ្នកឱ្យកូនក្រចូលគេង ឬឱ្យចូលគេងពេលយប់ជ្រៅនាយប់ថ្ងៃសុក្រ-សៅរ៍នោះ នឹងធ្វើឱ្យកូនគេងមិនងាយភ្ញាក់ ហើយនឹងក្លាយជាទម្លាប់ឱ្យកូនភ្ញាក់យឺតពេល នាថ្ងៃទៅរៀនមួយថ្ងៃទៀត។

    – ត្រៀមខោអាវទាំងរបស់អ្នក និងកូនសម្រាប់ថ្ងៃស្អែកទុកពីយប់ជាស្រេច។ ការធ្វើបែបនេះនឹងជួយកាត់បន្ថយពេលវេលានៅពេលព្រឹក ហើយជួយឱ្យអ្នកបានដឹងជាមុនទៀតផងថា អាវដាច់ឡេវ ឬស្រោមជើងនៅហាលមិនទាន់ស្ងួត ជាដើម។ រឿងកំប៉ិកកំប៉ុកតូចតាចបែបនេះនឹងធ្វើឱ្យអ្នកមានពេលចាកចេញពីផ្ទះបានលឿនទៀតផង។

    – ត្រៀមកាបូបទៅរៀនឱ្យរួចជាស្រេចសម្រាប់ព្រឹកស្អែក។ ប្រហែលជាល្អ និងកាត់បន្ថយភាពមួម៉ៅតានតឹងបានមិនតិចទេ បើអ្នកបានត្រៀមកាបូបដែលត្រូវប្រើនៅថ្ងៃបន្ទាប់ឱ្យរួចជាស្រេចនោះ ដូច្នេះអ្នកគួរឱ្យកូនត្រៀមរៀបចំកាតាបទៅរៀនរបស់គេឱ្យរួចជាស្រេច យកសៀវភៅកិច្ចការផ្ទះដែលគេធ្វើរួចហើយដាក់ចូលកាតាបដើម្បីត្រៀមខ្លួនទៅសាលានាពេលព្រឹកស្អែក។

    គោលការណ៍ងាយៗត្រឹមតែមិនប៉ុន្មានចំណុចទាំងនេះអាចផ្លាស់ប្ដូរកូនរបស់អ្នកឱ្យចេះធ្វើជាមនុស្សដែលមានវិន័យ ចូលគេង និងភ្ញាក់ទៀងម៉ោងបានល្អមិនខាន។ ចូរសាកល្បងធ្វើតាមហ្នឹងទៅមើល៍…៕

  • 5 កន្លែងទេសចរណ៍បែប Fasion ស័ក្តិសមសម្រាប់ការថតរូប ក្នុងប្រទេស សាំងហ្កាពួ

    5 កន្លែងទេសចរណ៍បែប Fasion ស័ក្តិសមសម្រាប់ការថតរូប ក្នុងប្រទេស សាំងហ្កាពួ

    បើនឹកដល់ប្រទេសដែលអាចទៅដើរលេងកម្សាន្តបានគ្រប់រដូវកាលនោះ ប្រហែលជាគេចមិនផុតពីប្រទេសសាំងហ្កាពួឡើយ ព្រោះសាំងហ្កាពួ ជាប្រទេសមួយដែលមានភាពសម្បូរបែបខាងផ្នែកវប្បធម៌ និងស្ថាបត្យកម្ម ធ្វើឱ្យកើតមានភាពខុសប្លែកពីគ្នាច្រើនជាងប្រទេសដទៃទៀត។ ថ្ងៃនេះ ទំព័រឡារ៉ែនដំណើរកម្សាន្តនឹងនាំមិត្តអ្នកអានទៅដើរលេងកម្សាន្តនៅក្នុងប្រទេសសាំងហ្កាពួក្នុងបែបដែលមិត្តអ្នកអានមិនដែលធ្លាប់ស្គាល់ ហើយអ្នកណាដែលនិយមចូលចិត្តថតរូបស្អាតៗបែបហ្វាស្សិន ស្អាតៗ ឡូយៗមិនដូចគេទុកស៊ែរនៅក្នុងបណ្ដាញសង្គមនានា ក៏សូមតាមមកទស្សនាទាំងអស់គ្នា…។

    1 . តំបន់ “ Little India

    ទីប្រជុំជនតូចមួយក្នុងប្រទេសសាំងហ្កាពួ តែពោរពេញទៅដោយភាពចម្រុះពណ៌ ស្អាតស្រស់ស្រាយរបស់អគារផ្ទះសំបែង និងមន្តស្នេហ៍នៃសិល្បៈរបស់ប្រទេសឥណ្ឌា ធ្វើឱ្យមិត្តអ្នកអានអាចបញ្ចេញស្ទីលថតរូបបែបឡូយៗ និងថតបានគ្រប់ជ្រុង គ្រប់ទីកន្លែង ដែលទោះជាថតបែបណាក៏សុទ្ធតែស្អាតទាំងអស់។

    2 . សារមន្ទីរសិល្បៈ និងវិទ្យាសាស្រ្ត Art Science Museum

    ស្ថិតនៅក្នុងអគារដែលមានរូបបែបស្ថាបត្យកម្មដែលមិនធម្មតា រហូតបានទទួលរង្វាន់ផ្នែកខាងការច្នៃប្រឌិតម៉ូដ និងការតុបតែជាច្រើន ​ស្ថិតនៅលើឆ្នេរ ម៉ារីណា ( Marina Bay) សាំងហ្កាពួ។ ឡារ៉ែនសូមខ្សឹបប្រាប់ទៅចុះថា ទីនេះគឺជាទីកន្លែងទេសចរណ៍ដែលត្រូវតែទៅថតរូបបែបសិល្បៈ និងសេពសោយជាមួយនឹងសិល្បៈ និងវិទ្យាសាស្រ្តដែលលាយផ្សំចូលគ្នាបានយ៉ាងសមសួន និងល្អប្រណីត ជាពិសេសក្នុងហ្សូន Cristal Universe។ ពិតជាគួរឱ្យចង់ទៅសាកល្បងមែន។

    3 . Garden by The Bay

    ទីកន្លែងមួយទៀតដែលត្រូវតែទៅឱ្យបានក្រៅពីសួនច្បារសត្វតោបាញ់ទឹក( Merlion)សាំងហ្កាពួ ដែលអ្នកណាៗក៏ចំហមាត់ចង់ថតរូបដែរនោះគឺ Garden by The Bay ជាទីកន្លែងដ៏ប្រណីតមួយសម្រាប់អ្នកណាដែលចង់ផ្ដិតយករូបភាពស្អាតៗ តែឡារ៉ែនសូមណែនាំឱ្យទៅទីនោះនៅពេលព្រលប់ៗវិញ ព្រោះនៅពេលនោះផ្ទៃមេឃមានពណ៌ប្រផេះ ស៊ីគ្នាជាមួយពណ៌ចម្រុះរបស់អំពូលភ្លើងធ្វើឱ្យរូបភាពដែលថតចេញមកស្រស់ស្អាតយ៉ាងចម្លែក និងបង្កប់ទៅដោយភាពអាថ៌កំបាំងនៃទីកន្លែងមួយនេះ។

    4 . Clarke Quay

    សម្រាប់អ្នកដែលចូលចិត្តជប់លៀង ផារធី ត្រូវតែមកបញ្ចប់ដំណើរកម្សាន្តក្នុងមួយថ្ងៃៗនៅទីកន្លែងនេះ។ ហាយឡាយរបស់ទីនេះក៏គឺ មានភាពចម្រុះពណ៌របស់ភ្លើងដែលឆ្លុះស្រមោលជាមួយនឹងផ្ទៃទឹក ដែលមានទាំងហាងសម្រាប់អង្គុយបែបសប្បាយៗសម្រាប់ក្រុមអ្នកដែលចង់អង្គុយជជែកគ្នា និងទស្សនាបរិយាកាសជុំវិញ តែអ្នកណាដែលចូលចិត្តរាំរែក ក៏មានរង្គសាល និងផាប់ដ៏សែនជក់ចិត្តសម្រាប់ឱ្យរាំបញ្ចេញចលនាបានដូចគ្នា។

    5 . Dream Cruises កប៉ាលទេសចរណ៍កំពូលទំនើប

    ចំណែកអ្នកដែលធ្លាប់ទៅដើរលេងកម្សាន្តនៅប្រទេសសាំងហ្កាពួម្ដងហើយម្ដងទៀតឡើងធុញហើយនោះ កប៉ាល់ទេសចរណ៍មួយគ្រឿងនេះក៏ជាជម្រើសថ្មីមួយទៀតដែលនឹងធ្វើឱ្យលោកអ្នកបានជួបផ្ទាល់ជាមួយនឹងបទពិសោធថ្មី បានសម្រាកបែបសប្បាយៗ ជាមួយក្រុមគ្រួសារ ឬគូស្នេហ៍។ នៅលើនោះមានកន្លែងកម្សាន្តដ៏ច្រើនឱ្យជ្រើសរើស តែដែលគួរឱ្យរីករាយបំផុតនោះគឺ មានអាងហែលទឹកនៅលើកប៉ាលដែលពេលបានឃើញហើយ ច្បាស់ជាត្រូវស្រែកថា វ៉ាវ! ខ្លាំងៗមិនខាន និងនៅមានកន្លែងសប្បាយៗសម្រាប់ថតរូបស្អាតៗនៅលើកប៉ាល ជាពិសេសក្នុងអំឡុងពេលល្ងាចៗដែលព្រះអាទិត្យកំពុងអស្តង្គតដ៏សែនរ៉ូមែនទិកបំផុតទៀតផង៕

  • Warrent Buffett ជាមួយនឹងខ្ទង់ចំណាយ 300,000 USD ដើម្បីកាត់សក់! គំនិតដែលគួរយកជាគំរូ

    Warrent Buffett ជាមួយនឹងខ្ទង់ចំណាយ 300,000 USD ដើម្បីកាត់សក់! គំនិតដែលគួរយកជាគំរូ

    សម្រាប់លោក Warren Buffett “ថ្ងៃនេះចំណាយតែប៉ុន្មានដុល្លារ អនាគតនឹងត្រូវបាត់បង់រាប់ពាន់ដុល្លារមិនខាន។

    ប្រធានក្រុមហ៊ុន Berkshire Hathaway Inc លោក Warren Buffett គឺជាវិនិយោគិនម្នាក់ក្នុងចំណោមអ្នកវិនិយោគដែលទទួលបានជោគជ័យបំផុតនៅគ្រប់សម័យកាល ជាមួយនឹងទ្រព្យសម្បត្តិឡើងដល់82ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ ទ្រព្យសម្បត្តិជិត90% របស់លោក សុទ្ធតែរកបាននៅពេលដែលលោកមានវ័យ65ឆ្នាំ។ ភាពពូកែវិនិយោគគឺជារឿងសំខាន់ ប៉ុន្តែការវិនិយោគប្រកបដោយភាពត្រឹមត្រូវក្នុងរយៈពេលវែង គឺរឹតតែសំខាន់ទៅទៀត។

    លោក Buffett ថ្លែងថា៖ “ជាយូរណាស់មកហើយ ខ្ញុំតែងតែណែនាំឱ្យអ្នកដទៃប្រើប្រាស់វិធីមួយដែលខ្ញុំឱ្យឈ្មោះថា “បច្ចេកទេស Methuselah”។ នេះគឺជាតម្លៃមួយដែលបូកផ្សំដោយខ្ទង់ចំណូលយូរអង្វែង ទាក់ទាញ និងស្ថិរភាព។

    តាំងតែពីកុមារ Buffett យល់ថា ភាពមានបានមិនមែនអាស្រ័យទៅលើប្រាក់ដែលអ្នករកបានតែមួយមុខនោះឡើយ ប៉ុន្តែវាក៏ត្រូវអាស្រ័យទៅលើពេលវេលាដែលអ្នករកបាននៅក្នុងប្រាក់ចំណូលទាំងនោះផងដែរ។

    កាលពីអាយុទើបតែ10ឆ្នាំ លោក Buffett បានអានសៀវភៅមួយក្បាលដែលនិយាយអំពីការរកប្រាក់បាន1,000ដុល្លារ ហើយលោកក៏បានយល់អំពីសារសំខាន់នៃពេលវេលា។ ក្នុងរយៈពេល5ឆ្នាំ ប្រាក់1,000ដុល្លារដែលមានការប្រាក់10% នឹងកើនដល់1,600ដុល្លារ ហើយបើ10ឆ្នាំនឹងក្លាយជា2,600ដុល្លារ ចំណែក25ឆ្នាំនឹងឡើងដល់10,800ដុល្លារ តែបើ50ឆ្នាំវិញ 1,000ដុល្លារនេះនឹងកើនឡើងដល់ជិត117,400ដុល្លារ។

    Alice Schroeder ជាម្ចាស់សៀវភៅ “The Snowball” ដែលសរសេរអំពីលោក Buffett បានឱ្យដឹងថា លោកអាចស្រមៃឃើញថា តួលេខចេះតែកើនឡើងយ៉ាងរស់រវើក ដូចទៅនឹងព្រិលដ៏តូចមួយគ្រាប់ដែលរមៀលឆ្លងកាត់វាលស្មៅ ហើយធំឡើងបន្តិចម្ដងៗទៅតាមពេលវេលា រួចក៏ក្លាយជាដុំព្រិលដ៏ធំ។

    ជាការពិត ប្រការនេះមិនងាយស្រួលសម្រាប់មនុស្សធម្មតានោះឡើយ។ គ្រប់គ្នាមាននិន្នាការវាយតម្លៃទាបហួសទៅលើសារសំខាន់នៃកំណើនរួមផ្សំ ហើយវានឹងអាក្រក់ជាងនេះនៅពេលដែលវេលាកាន់តែអូសបន្លាយ ជាមួយនឹងអត្រាការប្រាក់ខ្ពស់ជាងធម្មតា។

    មុខរបរដែលអូសបន្លាយពេលដ៏វែងរបស់លោក Buffett ក៏បាននាំមកនូវបទពិសោធន៍មួយទៀត នោះគឺ “ការបត់បែន”។ កាន់តែមានវ័យច្រើន លោក Buffett កាន់តែកាត់បន្ថយការវិនិយោគទៅតាមរបៀបដែលគាត់ធ្លាប់បានធ្វើកន្លងមក។

    Warrent Buffett ជាមួយនឹងខ្ទង់ចំណាយ 300,000 USD ដើម្បីកាត់សក់! គំនិតដែលគួរយកជាគំរូ
    លោក Warrent Buffett ជាមួយ​នឹង​ភរិយា​ទី​2​ អ្នកស្រី​ Astrid Menks

    លោក Buffett រកបានប្រាក់ចំណេញច្រើនបំផុតពីរាប់សិបឆ្នាំមុន ក៏ដោយសារការទិញមូលបត្រតូចបំផុតនិងធូរថ្លៃបំផុតដែលគាត់រកបាន។ បច្ចុប្បន្ន ភាគហ៊ុនដែលធំបំផុតរបស់ក្រុមហ៊ុន Berkshire Hathaway នោះគឺភាគហ៊ុននៅក្នុងក្រុមហ៊ុន Apple Inc។ តាមពិត លោក Buffett មិនមែនជាមនុស្សដំបូងគេដែលបានសម្រេចចិត្តក្នុងការទិញមូលបត្ររបស់ Apple នោះទេ តែមនុស្សដែលស្ថិតក្រោមឱវាទរបស់លោកជាអ្នកធ្វើ។ ក៏ប៉ុន្តែ លោក Buffett កាន់តែសកម្មទៅលើខ្ទង់វិនិយោគនេះពីមួយថ្ងៃទៅមួយថ្ងៃ។

    បច្ចុប្បន្ន ចំនួនមូលបត្រ Apple ដែលក្រុមហ៊ុនរបស់លោក Buffett កំពុងកាន់កាប់ មានតម្លៃដល់​ទៅ​123​ពាន់​លានដុល្លារ ដែលស្មើនឹង24% នៃតម្លៃទីផ្សារសរុបរបស់ក្រុមហ៊ុន Berkshire។

    យោងតាមសៀវភៅរបស់ Schroeder នៅមុនពេលឈានចូលដល់វ័យជំទង់ លោក Buffett បានចាប់ផ្ដើមគិតអំពីពេលវេលាទៅតាមគំនិតខុសពីគេ។ តាមរយៈគំនិតនេះ បច្ចុប្បន្ននិងអនាគតគឹជាប់ទាក់ទិននឹងគ្នាយ៉ាងស្អិតល្មួត បង្កើតបានជា “តម្លៃរួមផ្សំ”។ បើសិនជាថ្ងៃនេះ1ដុល្លារ ប៉ុន្មានឆ្នាំក្រោយមកនឹងទៅជា10ដុល្លារមិន​ខាន។

    នៅពេលមានវ័យជិត30ឆ្នាំ វិធីដែលលោក Buffett គិតអំពី “តម្លៃរួមផ្សំ” គឺដូចទៅនឹងការប្រតិកម្មមួយ។ ពេលលោកចំណាយ31,500ដុល្លារសម្រាប់ទិញផ្ទះមួយខ្នងនៅ Omaha គាត់បានហៅការសម្រេចចិត្តនេះថាជា “រឿងឆ្កួតឡប់” របស់ខ្លួន ព្រោះថា នៅក្នុងការគិតរបស់លោក Buffett 31,500ដុល្លារនឹងទៅជា1លានដុល្លារ ក្រោយពីបានគិតទាំង “តម្លៃរួមផ្សំ” ក្នុងពេលអនាគត។

    មិត្តភក្តិ និងសមាជិកគ្រួសាររបស់លោក តែងតែបានឮជារឿយៗនូវឃ្លាឃ្លោងមួយចំនួន ដូចជា “តើយើងពិតជាចង់ចំណាយរហូតដល់300,000ដុល្លារដើម្បីកាត់សក់ដែរ ឬអត់?” ឬ “មិនដឹងថា ខ្លួនចង់បោះចោល500,000ដុល្លារទៅតាមវិធីនោះ ឬអត់” នៅពេលពិចារណាក្នុងការសម្រេចចិត្តលើអ្វីមួយដែលទាក់ទងនឹងប្រាក់កាស។ សម្រាប់លោក Buffett ប៉ុន្មានដុល្លារដែលចំណាយចោលនៅថ្ងៃនេះ នឹងក្លាយជារាប់សែនដុល្លារដែលត្រូវបាត់បង់នៅពេលអនាគត។

    ក្នុងគ្រាបច្ចុប្បន្ន លោក Warren Buffett នៅតែបន្តបញ្ជាក់ឱ្យគ្រប់គ្នាឃើញថា “ភាពនឹងន និងរឹងមាំ គឺជាថាមពលដ៏កំពូលរបស់អ្នកវិនិយោគ”៕

    ប្រភព៖ WSJ

     

  • វ័យ 6 ឆ្នាំ វ័យនៃការ “ការគិតស្រមៃ” ផុតជើងមេឃ

    វ័យ 6 ឆ្នាំ វ័យនៃការ “ការគិតស្រមៃ” ផុតជើងមេឃ

    ក្មេងតូចវ័យ 6 ឆ្នាំឡើងទៅ នឹងមានការគិតបែបច្នៃប្រឌិត និងការនឹកស្រមៃដ៏ធំទូលាយ រហូតដល់លោកឪពុក និងអ្នកម្ដាយតាមសឹងតែមិនទាន់។ រឹតតែពួកគេបានសម្ដែងតួនាទីក្នុងក្ដីស្រមៃធ្វើជាអ្វីមួយផងនោះ កូននឹងរឹតតែមានសេចក្ដីសុខ និងលេងសប្បាយបានយ៉ាងអស្ចារ្យ។

    ដូច្នេះហើយ លោកឪពុក អ្នកម្ដាយគួរតែជំរុញ និងស្វែងរកកិច្ចការងារល្អៗមកឱ្យកូនសម្លាញ់យ៉ាងពេញទំហឹង និងចាប់ផ្ដើមធ្វើកិច្ចការងារនោះជាមួយកូន ដើម្បីឱ្យគេបានបញ្ចេញការគិតស្រមៃ និងបានសាកល្បងធ្វើអ្វីដែលថ្មីៗដែលនឹងធ្វើឱ្យកូនកាន់តែមានបទពិសោធន៍ច្រើនឡើងរៀងរាល់ថ្ងៃ។

    ព្យាយាមស្វែងរកសៀវភៅពាក្យកំណាព្យកាព្យឃ្លោងមកឱ្យកូនអានឱ្យបានច្រើនៗ កូននឹងអាចចងចាំបាន និងប្រើប្រាស់ភាសាពាក្យសំដីដែលពីរោះបានយ៉ាងល្អ។ នាំកូនទៅបណ្ណាល័យ ឬបណ្ណាគារឱ្យបានញឹកញាប់ ដើម្បីឱ្យគេបានជ្រើសរើសសៀវភៅដែលគេចូលចិត្តដោយខ្លួនឯង កូននឹងបានក្លាយជា ក្មេងដែលស្រឡាញ់ការអាន និងចូលចិត្តទៅតែកន្លែងដែលមានចំណេះដឹង។

    នាំកូនលេងធ្វើត្រាប់តាម ឬចម្លងតាមស្ថានការណ៍ណាមួយ ឱ្យគេធ្វើជាអ្វីផ្សេងៗដែលគេចង់ធ្វើ ហើយសម្ដែងតួនាទីឧបមានោះព្រមៗគ្នានៅក្នុងផ្ទះ នឹងបង្កឱ្យមានភាពសប្បាយរីករាយខ្លាំងណាស់។

    រឿងសំខាន់ដែលគួរធ្វើខ្លាំងបំផុតនោះគឺ ភាពជិតស្និទ្ធអំពីលោកឪពុកអ្នកម្ដាយរួមទាំងសាច់ញាតិចាស់ទុំដែលនៅក្នុងផ្ទះជាមួយគ្នា ព្រោះកូនជាទីស្រឡាញ់កំពុងតែធំធាត់ឡើង និងត្រូវការមិត្តភ័ក្តិ ដូច្នេះចូរព្យយាមកុំបណ្ដោយឱ្យកូនលេងតែម្នាក់ឯងជាដាច់ខាត មិនដូច្នោះទេ កូននឹងលែងហ៊ានចូលមកជិត និងធ្វើខ្លួនឯកោ និងមានរនាំងដ៏ស្ដើងមួយឃាំងយើង និងកូនរហូតអស់មួយជីវិត៕

  • ដំណាំ សណ្ដែកកួរ

    ដំណាំ សណ្ដែកកួរ

    សណ្ដែកកួរ ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា Vignaunguiculata subsp Sesquipedalis ជាដំណាំវល្លិ៍មួយប្រភេទដែលមានលក្ខណៈជារុក្ខជាតិវារតោង។ ដើមជាវល្លិ៍ដែលរឹង និងស្វិត មានពណ៌បៃតងខ្ចីមួលរុំព័ទ្ធលើវត្ថុដែលយឹតតោងបានល្អ ចំណែកស្លឹកជាបន្ទះប៉ុនៗបាតដៃ ចែកជាស្លឹកតូចៗ 3 រាងបីជ្រុង វែងប្រមាណជា 6 – 10 សង់ទីម៉ែត្រ និងមានផ្កាជាចង្កោម មានពណ៌ស ឬខៀវខ្ចី។ ឯផ្លែមានរាងមូលតូចវែង ទំហំទទឹងប្រមាណ 0,5 – 1 សង់ទីម៉ែត្រ វែងប្រវែង 20 – 60 សង់ទីម៉ែត្រ និងនៅក្នុងផ្លែមានគ្រាប់មួយចំនួន។ ជារុក្ខជាតិដែលលូតលាស់បានល្អ ចូលចិត្តធាតុអាកាសក្ដៅ មានពន្លឺថ្ងៃពេញមួយថ្ងៃ និងទទួលបរិមាណទឹកភ្លៀងតិច ទើបគេអាចបណ្ដុះដាំបានគ្រប់រដូវពេញមួយឆ្នាំ។

    ការដាំដុះ

    – ការត្រៀមដី ៈ ចាប់ផ្ដើមដោយការភ្ជួរដាស់ដីជម្រៅ 20 – 30 សង់ទីម៉ែត្រ បាចស៊ីម៉ង់ត៍ស ឬជីលាមកគោ រួចហាលដីចោលប្រមាណជា 15 ថ្ងៃ បន្ទាប់មកទើបភ្ជួរម្ដងទៀតដាក់ជីលាមកគោ ឬជីកំប៉ុសទ្រាប់បាតដីក្នុងអត្រា 5 គីឡូក្រាមក្នុងមួយម៉ែត្រការ៉េ ឬ2 តោនលើទំហំផ្ទៃដី 15 ម៉ែត្រ X 100 ម៉ែត្រ ដើម្បីកែសម្រួលគ្រោងសាងដីឱ្យល្អឡើង។ បន្ទាប់ពីនោះក៏ដាក់ជីរូបមន្ត 15-15-15 ក្នុងអត្រា 30 គីឡូក្រាមលើទំហំដីដូចខាងលើ ហើយត្រៀមជារងដាំទំហំទទឹង 1 – 1,20 ម៉ែត្រ X បណ្ដោយតាមប្រវែងដី X កម្ពស់ 15 – 20 សង់ទីម៉ែត្រ និងពង្រាបមុខលើរងឱ្យស្មើគ្នា។

    – វិធីដាំ ៈ ជីករណ្ដៅតូចៗលើរងឆ្ងាយពីគ្នា 50 សង់ទីម៉ែត្រពីមួយទៅមួយ ឆ្ងាយពីគ្នាមួយជួរៗ 70 – 100 សង់ទីម៉ែត្រ មុននឹងទម្លាក់គ្រាប់ពូជសណ្ដែកកួរចូលទៅក្នុងរណ្ដៅ 3 គ្រាប់ ហើយលុបរណ្ដៅដោយអង្កាម ឬជីលាមកគោ 2 – 3 ក្ដាប់ក្នុងមួយរណ្ដៅ។ បន្ទាប់ពីនោះក៏ធ្វើទ្រើង ដោយយកមែកឈើវែងៗមកដោតលើដីជុំវិញរណ្ដៅ រួចចងផ្គុំចូលគ្នាផ្នែកចុងខាងលើ កម្ពស់ពី 2 – 2,5 ម៉ែត្រ ពីលើរណ្ដៅបណ្ដុះគ្រាប់នីមួយៗ រួចហើយដាក់មែកឈើវែងគងពាក់គ្នាពីទ្រើងមួយទៅទ្រើងមួយ មុននឹងគ្របដោយសំណាញ់។ បន្ទាប់ពីដាំបាន 7 – 15 ថ្ងៃ ពេលកូនសណ្ដែកកួរចាប់ផ្ដើមចេញស្លឹកពីរបីហើយ ចូរជ្រើសរើសទុកតែដើមណាដែលរឹងមាំល្អតែ 2 ដើមក្នុងមួយរណ្ដៅ បន្ទាប់ពីនោះកូនដើមសណ្ដែកកួរនឹងចាប់ផ្ដើមតោងវារឡើងទ្រើងក្នុងរយៈពេល 15 – 20 ថ្ងៃ។

    វិធីមើលថែទាំរក្សា

    – ការស្រោចទឹក ៈ គួរស្រោចទឹកមួយថ្ងៃ 1ដង រៀងរាល់ថ្ងៃ តែទាំងអស់នេះត្រូវពិចារណាលើស្ថានភាពធាតុអាកាស និងសភាពដីផង មិនគួរស្រោចទឹកជោកជ្រុលពេកដែលនាំឱ្យគល់ដើមសណ្ដែកកួររលួយ និងត្រូវប្រយ័ត្នក្នុងអំឡុងពេលចេញផ្កា និងចេញក្ដិប មិនគួរឱ្យខ្វះទឹកជាដាច់ខាត។

    – ការដាក់ជី ៈ នៅពេលដើមសណ្ដែកកួរមានអាយុបានប្រមាណជា 20 ថ្ងៃ គួរដាក់ជីរូបមន្ត 46-0-0 ក្នុងអត្រា20 គីឡូក្រាមក្នុងទំហំដី 15 ម៉ែត្រ X 100 ម៉ែត្រ លាយនឹងជីរូបមន្ត 15-15-15 ក្នុងអត្រា 25 គីឡូក្រាមលើទំហំផ្ទៃដីដូចគ្នា។ សម្រាប់ក្នុងអំឡុងចេញផ្កា និងចេញផ្លែ គួរដាក់ជីរូបមន្ត 13-13-21 ក្នុងអត្រា 30 – 50 គីឡូក្រាមលើទំហំផ្ទៃដីដូចគ្នា ដោយបន្តដាក់ក្នុង 15 ថ្ងៃម្ដង។

    – ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ ការពារសត្វល្អិតសត្រូវដំណាំដោយទឹកត្រាំស្លឹកស្ដៅ ឬអាចដាក់សាប៊ូម្សៅបន្តិចបន្តួចលាយជាមួយដើម្បីជួយជាសារធាតុទ្រទ្រង់ស្លឹកឱ្យល្អឡើង។ គួរបាញ់ល្បាយទឹកថ្នាំនេះដាក់ដើមសណ្ដែកកួរយ៉ាងជាប់លាប់ ជាពិសេសក្នុងអំឡុង 10 – 15 ថ្ងៃដំបូងនៃការដាំ។ ឧស្សាហ៍កាត់ស្លឹកចេញខ្លះដើម្បីឱ្យទទួលបានផលផ្លែសណ្ដែកកួរច្រើនឡើង និងគួរជ្រួយដី ដកស្មៅរៀងរាល់ 2 សប្ដាហ៍ម្ដង។

    វិធីប្រមូលផល

    – សណ្ដែកកួរនឹងអាចបេះបាននៅពេលមានអាយុ 55 – 60 ថ្ងៃ ដោយអាចបន្តបេះផលផលិតបានរៀងរាល់ 2 – 4 ថ្ងៃ។ គួរបេះនៅពេលមានពន្លឺថ្ងៃតិចៗ និងយកចូលម្លប់ភ្លាមៗ។ ការបេះអាចធ្វើឡើងដោយការក្ដិចបណ្ដាច់ចេញពីទង ឬយកកន្ត្រៃកាត់ និងគួរជ្រើសរើសបេះតែផ្លែណាដែលមិនប៉ោង មានភាពរលូនស្រលូនល្អ និងមិនគួរទុកឱ្យផ្លែឡើងចាស់ជាប់នឹងដើមឡើយ ព្រោះនឹងធ្វើឱ្យទទួលបានផលផលិតតិច។ ជាទូទៅ សណ្ដែកកួរនឹងមានអាយុប្រមូលផលយូរប្រមាណជា 20 – 30 ថ្ងៃ តែបើសិនជាចង់រក្សាទុកយកគ្រាប់ធ្វើពូជ គួរទុកឱ្យផ្លែឡើងពណ៌លឿង មិនចាំបាច់រង់ចាំឱ្យទុំខ្លាំង ក៏អាចប្រឡេះគ្រាប់ចេញមកដាក់ហាលសម្ងួត រក្សាទុកពង្រីកពូជដាំដុះជាបន្តបានដែរ៕