Category: សង្គម និងសេដ្ឋកិច្ច

  • ទ្រាំមិនបត់ជើងតូចញឹកញាប់ក្នុងអំឡុងពេលមានគភ៌ ធ្វើឱ្យរលូតកូនមែនឬ?

    ទ្រាំមិនបត់ជើងតូចញឹកញាប់ក្នុងអំឡុងពេលមានគភ៌ ធ្វើឱ្យរលូតកូនមែនឬ?

    រឿងដែលប្រែប្រួលយ៉ាងមើលឃើញច្បាស់ក្នុងអំឡុងពេលដែលស្រ្តីកំពុងតាំងគភ៌ ក្រៅពីនឹងមានទំហំពោះដែលធំឡើងរៀងរាល់ថ្ងៃហើយនោះ នៅមានទង្វើដែលប្លែកម្យ៉ាងទៀតគឺ មានអារម្មណ៍ថា ឈឺបត់ជើងតូចញឹកញាប់ណាស់ និងត្រូវចូលបន្ទប់ទឹកញឹកញាប់ដែរបើប្រៀបធៀបនឹងពេលមុនមានគភ៌ តែដោយសារតែការដែលត្រូវចូលបន្ទប់ទឹកញឹកញាប់នេះឯង ដែលធ្វើស្រ្តីមានគភ៌មួយចំនួនជ្រើសរើសក្នុងការទ្រាំមិនទៅបត់ជើងតូច ដែលលទ្ធផលនៃការទ្រាំខំទប់មិនទៅបត់ជើងតូចនេះ អាចនឹងធ្វើឱ្យរលូតកូន ឬប្រសូតមុនកំណត់បាន។

    បញ្ហាឈឺបត់ជើងតូចញឹកញាប់នេះច្រើនកើតឡើងក្នុងអំឡុងការតាំងគភ៌ 3 ខែដំបូង ហើយនឹងកើតឡើងម្ដងទៀត គឺនៅក្នុងអំឡុងពេលជិតប្រសូត។ មូលហេតុ ព្រោះថា ក្នុងអំឡុងការតាំងគភ៌ 3 ខែដំបូងនេះ ស្បូននឹងមានការពង្រីកខ្លួនធំឡើង ធ្វើឱ្យទៅប្រជ្រៀតជាមួយនឹងប្លោកនោម និងថែមទាំងមានចរន្តឈាមដែលហូរវិលមកបរិវេណឆ្អឹងត្រគាកច្រើនឡើងផងដែរនោះ ទើបធ្វើឱ្យមានអារម្មណ៍ឈឺបត់ជើងតូចញឹកញាប់។

    ចំណែកក្នុងអំឡុងពេលជិតប្រសូត ក៏កើតអាការឈឺបត់ជើងតូចញឹកញាប់ទៀតដូចគ្នា ដោយសារតែក្បាលរបស់ទារកនៅក្នុងគភ៌បានរំកិលទៅជិត និងសង្កត់ពីលើបរិវេណថ្ងាស(ពោះក្រោមផ្ចិត)របស់ម្ដាយ ដែលក៏នឹងទៅប្រជ្រៀតនឹងប្លោកទឹកមូត្រដូចគ្នា។

    តែដោយសារតែស្រ្តីដែលកំពុងតាំងគភ៌ជាច្រើនត្រូវធ្វើការងារក្រៅផ្ទះ មិនងាយស្រួលក្នុងការចូលបន្ទប់ទឹក ទើបប្រើវិធីទ្រាំទប់មិនទៅបន្ទោបង់ ដែលលទ្ធផលនៃការទប់ទ្រាំមិនបន្ទោបង់នេះ(មិនថាក្នុងអំឡុងពេលមានគភ៌ ឬក៏អត់នោះទេ)នឹងធ្វើឱ្យប្លោកទឹកមូត្រឆ្លងមេរោគ និងយូរៗទៅក៏នឹងចាប់ផ្ដើមកើតមានអាការដូចជាបន្ទោបង់មិនអស់(ដូចជានៅឈឺបត់ជើងតូចទៀត តែទឹកមូត្រលែងចេញហើយ) និងនៅពេលធ្ងន់ធ្ងរខ្លាំងឡើង ក៏នឹងមានទឹកមូត្រចេញមកតិច(តែញឹកញាប់ឡើងជារឿយៗ) និងទីបំផុតអាចនឹងដល់ថ្នាក់រលាកបំពង់សាជីក្រលៀន ដែលអាចធ្វើឱ្យរលូតកូន ឬប្រសូតមុនកំណត់បាន។

    វិធីកែបញ្ហាសម្រាប់ស្ត្រីដែលកំពុងតាំងគភ៌ និងមិនងាយស្រួលក្នុងការចូលបន្ទប់ទឹកក្នុងអំឡុងពេលធ្វើដំណើរ គឺចូរព្យាយាមចៀសវាងការញ៉ាំទឹកមុនពេលចេញពីផ្ទះរយៈពេល 1 ម៉ោង ដូចជា ប្រុងចេញទៅក្រៅនៅម៉ោង 10 ព្រឹក ដូច្នេះក្រោយម៉ោង 9 ព្រឹកមិនគួរញ៉ាំទឹកឡើយ និងគួរបត់ជើងតូចឱ្យហើយមុនពេលចេញទៅក្រៅ ទោះជាមិនឈឺក៏ដោយ លុះពេលទៅដល់គោលដៅហើយ សឹមញ៉ាំទឹកបំពេញវិញក៏អាចជួយកែខៃបញ្ហានេះបានដែរ៕

  • វីតាមីនសំខាន់ 8 យ៉ាងដែលគួរបានទទួលមុនពេលតាំងគភ៌ និងក្នុងពេលមានគភ៌

    វីតាមីនសំខាន់ 8 យ៉ាងដែលគួរបានទទួលមុនពេលតាំងគភ៌ និងក្នុងពេលមានគភ៌

    តើអ្នកគិតយ៉ាងណាដែរ នៅពេលជិតមានសមាជិកថ្មីម្នាក់កើតឡើងនៅក្នុងជីវិត និងក្នុងគ្រួសាររបស់អ្នក?។ អ្នកប្រហែលជាត្រេកអរខ្លាំងណាស់ និងប្រាកដក្នុងចិត្តបានតែម្ដងថា អ្នកត្រូវតែបំប៉នគភ៌មួយនេះយ៉ាងល្អបំផុត ហើយអ្វីដែលអ្នកនឹងធ្វើចំពោះកូនសម្លាញ់របស់អ្នកក្នុងអំឡុងពេលតាំងគភ៌នោះគឺ ការទទួលទានអាហារដែលល្អ និងមានប្រយោជន៍ដល់រាងកាយរបស់កូនដែលនៅក្នុងគភ៌។

    អាហារដែលសំខាន់មិនអាចខ្វះបានឡើយបើអ្នកមានផែនការចង់បានបុត្រ នោះគឺការទទួលទានវីតាមីន និងបើចង់ឱ្យល្អបំផុតនោះ អ្នកគួរតែទទួលទានតាំងពីមុនពេលតាំងគភ៌ និងក្នុងអំឡុងពេលមានគភ៌ ហើយវីតាមីនដែលឡា រ៉ែនចង់ណែនាំឱ្យទទួលទាន មានដូចតទៅ ៈ

    1 . អាស៊ីតហ្វូលិក

    អាស៊ីតហ្វូលិក មានភាពសំខាន់ខ្លាំងណាស់សម្រាប់ស្រ្តីមានគភ៌គ្រប់រូប។ ស្រ្តីដែលមានផែនការចង់បានកូនគួរទទួលទានអាស៊ីតហ្វូលិកយ៉ាងតិចមុនពេលមានគភ៌ 1 – 3 ខែ និងបើដឹងថា ខ្លួនតាំងគភ៌ហើយ គួរតែទទួលទានភ្លាមតែម្ដង ព្រោះអាស៊ីតហ្វូលិកនឹងជួយកាត់បន្ថយភាពពិការតាំងពីពេលកើតដំបូងរបស់ទារកបាន។ ស្រ្តីអាចទទួលទានអាស៊ីតហ្វូលិកក្នុងរូបបែបជាថ្នាំ ឬអាហារក៏បាន អាស្រ័យលើភាពងាយស្រួល។ បើត្រូវការទទួលទានជាអាហារក៏មានដូចជា គ្រាប់សណ្ដែកខ្មៅ បន្លែស្លឹកបៃតង ស្លឹកផ្ទី និងថ្លើម ជាដើម។

    2 . វីតាមីន C

    បើស្រ្តីដែលចាប់ផ្ដើមតាំងគភ៌បានទទួលទានវីតាមីន C យ៉ាងត្រឹមត្រូវ នឹងជួយការពារការរលូតបុត្របាន និងបើចំពោះបុរសៗដែលត្រូវការចង់ឱ្យភរិយារបស់ខ្លួនមានកូនវិញនោះ ក៏គួរតែទទួលទានវីតាមីនឱ្យច្រើនៗដែរ ព្រោះវានឹងជួយបង្កើនបរិមាណទឹកអសុចិ និងធ្វើឱ្យមេជីវិតរឹងមាំទៀតផង។

    3 . វីតាមីន E

    វីតាមីន E សំខាន់ខ្លាំងណាស់ ទាំងស្រ្តី ទាំងបុរស។ សម្រាប់បុរស វីតាមីន E នឹងធ្វើឱ្យទឹកមេជីវិតរឹងប៉ឹង និងសម្រាប់មនុស្សស្រីនឹងធ្វើឱ្យចរន្តនៃការទម្លាក់ស៊ុតញីដំណើរការយ៉ាងប្រក្រតី។

    4 . ជាតិស័ង្កសី

    សំខាន់សម្រាប់ទាំងបុរស និងស្រ្តីគ្រប់រូបដូចគ្នា ព្រោះនឹងធ្វើឱ្យប្រព័ន្ធបន្តពូជធ្វើការបានល្អ និងការបំបែកខ្លួនរបស់កោសិកាធ្វើការបានយ៉ាងមានប្រសិទ្ធភាព។ ប្រភពអាហារដែលសម្បូរដោយសារធាតុសំខាន់មួយនេះមានដូចជា ទឹកដោះគៅជូរយ៉ាអួ សណ្ដែកខៀវ អយស្ទើរ៍ សាច់មាន់ បង្គាស្រស់ សាច់គោ គ្រាប់ល្ង និងគ្រាប់ល្ពៅ ជាដើម។

    5 . វីតាមីន B6

    ជួយគ្រប់គ្រងប្រព័ន្ធការទម្លាក់ស៊ុតឱ្យដំណើរការប្រក្រតីសម្រាប់ស្រ្តី និងចំពោះស្រ្តីមានផ្ទៃពោះដែលមានអាការចាញ់កូន អាចញ៉ាំវីតាមីន B6 ដើម្បីជួយសម្រាលអាការនេះបាន។ អាហារដែលមានវីតាមីន B6 ច្រើន មានដូចជា បន្លែផ្ទី មើមស្ពៃ ម្ទេស ខ្ទឹមស ទាំពាំងបារាំង ប្រូខូលី ត្រីធូណា បន្លែខាត់ណា សាច់ត្រី ថ្លើម ស្ពៃក្ដោម និងជីរបារាំង។

    6 . អាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអនុមូលឥស្សរៈ

    អាហារពពួកនេះនឹងជួយឃុំគ្រងស៊ុតញីរបស់ស្រ្តី និងមេជីវិតរបស់បុរសពីភាពខុសប្រក្រតីរបស់ប្រព័ន្ធក្រូម៉ូហ្សូម។ ប្រភពអាហារដែលសំខាន់គឺ បង្គាស្រស់ ផ្សិត ថ្លើម សាច់ត្រី សាច់ត្រីធូណា សាច់ត្រីសាល់ម៉ុន និងសាច់ត្រីឆ្ពង់។

    7 . សារធាតុដែក

    សារធាតុដែក ជាប្រភពអាហារសំខាន់ក្នុងការមិនធ្វើឱ្យលោកអ្នកកើតជំងឺលោហិតស្លេក និងសំខាន់ខ្លាំងណាស់សម្រាប់ស្រ្តីមានគភ៌។ ប្រភពអាហារដែលយើងរកសារធាតុនេះបានគឺ តៅហ៊ូ គ្រាប់សណ្ដែក បន្លែត្រកួន និងគ្រាប់ល្ពៅ។ល។

    8 . អាស៊ីតខ្លាញ់ចាំបាច់ផ្សេងៗ

    ដូចជា អូមេហ្កា 3 ជាដើម វានឹងជួយគ្រប់គ្រងកម្រិតអ័រម៉ូនរបស់ស្រ្តីមានគភ៌ ធ្វើឱ្យស្បូនរឹងមាំ ជួយដល់ប្រព័ន្ធឈាមរត់ កាត់បន្ថយសភាវប្រសូតមុនកំណត់ និងធ្វើឱ្យទម្ងន់ខ្លួនកូនល្អ។ ប្រភពអាហារសំខាន់ដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អ មានដូចតទៅ សណ្ដែលវ៉លណាត់ បង្គាស្រស់ ត្រីសាឌីន ត្រីធូណា ត្រីសាល់ម៉ុន គ្រាប់ហ្វ្លែកស៍ និងត្រីឆ្ពង់។

    ស្រ្តីដែលកំពុងតាំងគភ៌ហើយ ឬកំពុងត្រៀមខ្លួនជិតមានគភ៌ បើចង់មានសុខភាពល្អ ក្រៅពីការទទួលទានអាហារហើយ នៅត្រូវហាត់ប្រាណគួបផ្សំផងដែរ។ សម្រាប់ស្រ្តីកំពុងមានគភ៌គួរប្រឹក្សាជាមួយគ្រូពេទ្យសិនមុននឹងចាប់ផ្ដើមទទួលទានអាហារបំប៉នណាមួយ និងមិនគួរទទួលទានច្រើនជ្រុលពេកនោះទេ។ អ្វីដែលសំខាន់ គួរចៀសវាងសភាវជ្រៀតជ្រែកពីរោគផ្សេងៗដែលអាចកើតឡើងបាន ដូចជា ការទទួលសារធាតុពុល ឬការប្រើថ្នាំប្រភេទខ្លះដែលមានផលប៉ះពាល់ជាមួយអ័រម៉ូនក្នុងរាងកាយ៕

  • “មេខាល័យ” រដ្ឋមួយក្នុងប្រទេសឥណ្ឌាដែលមានភ្លៀងធ្លាក់ច្រើនបំផុតក្នុងពិភពលោក

    “មេខាល័យ” រដ្ឋមួយក្នុងប្រទេសឥណ្ឌាដែលមានភ្លៀងធ្លាក់ច្រើនបំផុតក្នុងពិភពលោក

    ពេលរដូវភ្លៀងចូលមកដល់ មានភ្លៀងធ្លាក់សឹងតែរាល់ថ្ងៃ និងយូរប្រមាណត្រឹមតែ 3 – 4 ខែសោះ ក៏ធ្វើឱ្យមនុស្សជាច្រើននាំគ្នាធុញទ្រាន់សឹងតែមិនចង់ចេញពីផ្ទះទៅហើយ ទើបធ្វើឱ្យយើងនឹកសង្ស័យថា នៅលើពិភពលោកយើងនេះ តើមានប្រទេសណាដែលភ្លៀងធ្លាក់ខ្លាំង និងច្រើនបំផុតដែរទេ?។ ដោយសារតែចម្ងល់មួយនេះហើយ ទើបធ្វើឱ្យយើងបានដឹងថា “មេខាល័យ” ដែលជារដ្ឋមួយនៅក្នុងប្រទេសឥណ្ឌា មានភ្លៀងធ្លាក់ច្រើនបំផុតលើពិភពលោក ធ្លាក់ច្រើនដល់ថ្នាក់ជាប់ៗគ្នារហូតសឹងពេញមួយឆ្នាំទល់មួយឆ្នាំ…។

    មេខាល័យ ( Meghalaya ) ជារដ្ឋមួយដែលមាននៅក្នុងប្រវត្តិសាស្រ្តជាយូរលង់រាប់រយឆ្នាំមកហើយ បច្ចុប្បន្នជារដ្ឋមួយក្នុងចំណោមរដ្ឋបីដែលនៅតែគ្របដណ្ដប់ទៅដោយព្រៃឈើដ៏ឧត្ដមសម្បូរ អាចនិយាយបានថា ជាកន្លែងមួយដែលមានភ្លៀងធ្លាក់ច្រើនបំផុតក្នុងពិភពលោក និងជាទីកន្លែងដែលសើមប៉ប៉ិប៉ប៉ាច់បំផុតក្នុងពិភពលោកដែរ។

    មេខាល័យ ជារដ្ឋមួយរបស់ប្រទេសឥណ្ឌា មានផ្ទៃដីរួមទាំងអស់ 22,429 គីឡូម៉ែត្រក្រឡា ស្ថិតនៅប៉ែកខាងកើតឆៀងខាងជើងរបស់ប្រទេសឥណ្ឌា មានព្រំដែនជាប់នឹងប្រទេសបង់ក្លាដែសខាងទិសខាងត្បូង និងខាងកើត និងរដ្ឋអាស់សាំនៅខាងទិសខាងជើង និងខាងកើត។ ដោយសារតែរដ្ឋមេខាល័យជារដ្ឋដែលមានភាពឧត្ដមសម្បូរខាងធម្មជាតិយ៉ាងខ្លាំង ហ៊ុមព័ទ្ធទៅដោយ ដងទន្លេ ស្ទឹងបឹងបួ ព្រៃភ្នំ និងសត្វព្រៃច្រើនប្រភេទនោះ ទើបធ្វើឱ្យទីនេះបានក្លាយជាប្រភពអេកូទេសចរណ៍ដ៏ពេញនិយមបំផុតសម្រាប់បណ្ដាក្រុមអ្នកចូលចិត្តទស្សនាសត្វព្រៃទូទាំងពិភពលោក។

    រដ្ឋមេខាល័យ មានទីក្រុង ឈិលឡង ជាទីក្រុងចម្បង ជាទីក្រុងដែលស្ថិតនៅលើកំពូលភ្នំកណ្ដាលធម្មជាតិដ៏ល្អឥតខ្ចោះ ក្នុងរយៈកម្ពស់ 1496 លើកម្រិតទឹកសមុទ្រ។ ជាមជ្ឈមណ្ឌលកណ្ដាលរបស់ពាណិជ្ជកម្ម ការគ្រប់គ្រងសណ្ឋាគារ និងទីផ្សារជាដើម។ ទីនេះក៏មានតំបន់ទេសចរណ៍ជាច្រើនកន្លែងដែរ ដូចជា សារមន្ទី Don Bosco Centre for Indigenous Cultures។ ឈើរ៉ាពុនជី ( Cherrapunjee ) ជាតំបន់ទេសចរណ៍ 1 ក្នុងចំណោម 10 តំបន់ទេសចរណ៍ដែលល្អ និងស្អាតបំផុតក្នុងទ្វីបអាស៊ី។ ទឹកធ្លាក់ ណូខាលីខៃ (Nohkalikai falls ) និងបឹង Umiam Lake ជាដើម ហើយនៅក្នុងរដ្ឋមួយនេះនៅមាន ភូមិបុរាណ ម៉លីនណុង ( Mawlynnong Village ) ជាភូមិជនកុលសម្ព័ន្ធ ខាស៊ី ( Khasi ) ដែលមានអាយុចំណាស់បំផុតមួយរបស់ប្រទេសឥណ្ឌា មានផ្ទះអ្នកភូមិ 82 ខ្នងដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិខៀវខ្ចី និងខ្យល់អាកាសដ៏បរិសុទ្ធ។ ភូមិមួយនេះបានទទួលឈ្មោះកិត្តិយសថា ជាភូមិដែលស្អាតបំផុតក្នុងទ្វីបអាស៊ីនាឆ្នាំ 2003 ពីទស្សនាវដ្តី Discover India ព្រោះទីនេះគ្មានសំរាមសូម្បីតែមួយចម្រៀកណាមួយឡើយ និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលប្លាស្ទិកគ្រប់ប្រភេទ។

    បើអ្នកណាបានទៅដល់ទីនោះ នឹងបានឃើញពីជីវិតការរស់នៅតាមបែបមនុស្សសម័យបុរាណ ទាំងការសាងសង់ផ្ទះស្នាក់នៅដោយដើមឈើ ស្ពានឆ្លងអូរ ព្រែកពីដើមឫស្សី ហើយនិង “ស្ពានដើមឈើមានជីវិត” ជាស្ពានដែលមានឈ្មោះល្បីល្បាញ និងអាចរាប់បានថា ជាស្ពានដ៏សែនប្លែកបំផុតមួយរបស់ពិភពលោក។ សាងឡើងពីដើមកៅស៊ូឥណ្ឌា ( Ficus Elastica ) ដែលអ្នកភូមិបានជួយគ្នាសាងឡើងពីមួយជំនាន់ទៅមួយជំនាន់តៗគ្នាមក រហូតក្លាយជា “ស្ពានដើមឈើមីជីវិត” មកដល់ពេលបច្ចុប្បន្ននេះ៕

  • មែនឬ? ស្រ្តីមានគភ៌ ស្អប់អ្នកណា ខឹងអ្នកណា កូនកើតមកនឹងដូចម្នាក់នោះ?

    មែនឬ? ស្រ្តីមានគភ៌ ស្អប់អ្នកណា ខឹងអ្នកណា កូនកើតមកនឹងដូចម្នាក់នោះ?

    ជំនឿដែលថា បើស្រ្តីមានផ្ទះពោះខឹងអ្នកណា ឬស្អប់អ្នកណា កូនកើតមកនឹងដូចម្នាក់នោះ វាអាចមើលទៅជារឿងមួយដែលស្រ្តិមានគភ៌មួយចំនួនក៏ជឿ តែខ្លះទៀតនិយាយថា វាមិនមានពាក់ព័ន្ធគ្នាទេ។

    នៅក្នុងការពិតវីញ មូលហេតុដែលធ្វើឱ្យមានការនិយាយតៗគ្នាឡើងថា បើអ្នកមានផ្ទៃពោះស្អប់អ្នកណា កូនកើតមកនឹងស្រដៀងនឹងម្នាក់នោះ វាអាចជាឧបាយកលរបស់មនុស្សសម័យបុរាណដែលមិនចង់ឱ្យស្រ្តីមានផ្ទៃពោះមានសុខភាពផ្លូវចិត្តមិនល្អ និងមិនចង់ឱ្យមានភាពតានតឹង ធុញថប់ មួម៉ៅរហូតហុចផលមិនល្អទៅដល់ទារកនៅក្នុងគភ៌ហ្នឹងឯង។

    – មែនឬអត់? ស្រ្តីមានគភ៌សម្លឹងមើលរូបថតមនុស្សដែលខ្លួនឯងពេញចិត្ត កូនកើតមកនឹងមានមុខមាត់ដូចមនុស្សម្នាក់នោះក្នុងផ្លូវផ្ទុយគ្នាវិញ ជំនឿដែលថា បើអ្នកមានផ្ទៃពោះសម្លឹងមើលរូបថតមនុស្សដែលខ្លួនឯងពេញចិត្ត ឬនឹកឃើញរឿងដែលខ្លួនឯងចូលចិត្ត កូនប្រសូតចេញមកក៏នឹងមានមុខមាត់ដូចមនុស្សម្នាក់នោះ ឬចូលចិត្ត និងមានទេពកោសល្យក្នុងរឿងដែលម្ដាយតែងនឹកឃើញញឹកញាប់កាលពីពេលតាំងគភ៌នោះឯង។ ជំនឿនេះ ក៏អាចជាឧបាយកលមួយទៀតរបស់ចាស់ៗបុរាណដែលចង់ឱ្យស្រ្តីមានគភ៌មានសុខភាពផ្លូវចិត្តដែលល្អ នឹកឃើញតែរឿងល្អៗនឹងបានសប្បាយចិត្តហ្នឹងឯង។

    នៅក្នុងការពិតវិញ លក្ខណៈខាងរូបកាយរបស់កូននៅក្នុងផ្ទៃនោះ ត្រូវបានកំណត់ដោយមានតួហ្ស៊ែនជាច្រើនផ្គុំចូលគ្នា ដោយកូនតូចនឹងបានទទួលហ្ស៊ែនទាំងពីឪពុក និងម្ដាយ មិនមែនបានពីនរណាម្នាក់ផ្សេងឡើយ។ ទោះជាសម្លឹងមើលរូបថតមនុស្សដែលខ្លួនស្រឡាញ់ចូលចិត្តយូរប៉ុនណាក៏ដោយ ក៏មុខមាត់របស់កូនមិនខុសប្លែកពីហ្ស៊ែនដែលបានទទួលពីឪពុក និងម្ដាយដែរ។

    អ៊ីចឹង តើចរិតនិស្ស័យរបស់កូនបានមកពីនរណា?

    ចំណែកឯរឿងចរិតនិស្ស័យរបស់កូនវិញនោះ ទោះជាការចម្លងបន្តខាងពូជអម្បូរនឹងមានចំណែកកំណត់លក្ខណៈចរិតនិស្ស័យរបស់ក្មេងក៏ដោយ តែការចិញ្ចឹមមើលថែ និងសភាពបរិស្ថានជុំវិញខ្លួន ក៏ជាបច្ច័យចម្បងដែលហុចផលដល់ចរិតនិស្ស័យរបស់កូនបានដែរ។ ក្រៅពីនោះហើយ ការរស់នៅប្រចាំថ្ងៃរបស់ឪពុក និងម្ដាយ អ្នកចិញ្ចឹមមើលថែ ឬឧបនិស្ស័យផ្ទាល់ខ្លួនខ្លះៗក៏អាចហុចផលដល់ចរិតនិស្ស័យរបស់ក្មេងបានដែរ។ បើកូនកើតមកហើយ កូនមើលឃើញទង្វើដូចជា ម្ដាយចូលចិត្តរអ៊ូរទាំ ឬនិយាយដើមនរណាម្នាក់ កូនក៏អាចនឹងជ្រួតជ្រាបចរិតនិស្ស័យផ្សេងៗទាំងនោះតាមបានជាបណ្ដើរៗដូចគ្នា។

    ទារកក៏ដូចជាក្រណាត់សដូច្នោះដែរ ការដែលក្មេងនឹងមានចរិតនិស្ស័យល្អ ឆ្លាត វាងវៃបាននោះ ក្រៅពីហ្ស៊ែនពូជរបស់ឪពុក និងម្ដាយហើយនោះ នៅត្រូវអាស្រ័យលើការចិញ្ចឹមមើលថែទាំដែលល្អ បរិស្ថានជុំវិញខ្លួនដែលល្អស័ក្តិសម និងការជំរុញដ៏ល្អពីក្រុមគ្រួសារផងដែរ៕

  • 10 រូបមន្តចងចិត្តស្វាមី ពីភរិយាមហាសេដ្ឋី ជែក ម៉ា ជូនចំពោះស្រ្តីទូទាំងពិភពលោក

    10 រូបមន្តចងចិត្តស្វាមី ពីភរិយាមហាសេដ្ឋី ជែក ម៉ា ជូនចំពោះស្រ្តីទូទាំងពិភពលោក

    តើមិត្តអ្នកអានជឿឬទេថា នៅពីក្រោយភាពជោគជ័យដ៏ធំធេងរបស់ “ជែក ម៉ា” មហាសេដ្ឋីលំដាប់លេខ 1 និងជាម្ចាស់របស់មហាយក្ស អុី-ខំម៊ើកស៍ អាលីបាបា មានភរិយាដ៏ស្រស់ស្អាត “ចាង យីង” ជាអ្នកនៅពីក្រោយខ្នងជួយសាប់ផតផ្នែកកម្លាំងចិត្ត និងនៅក្បែររូបគាត់ក្នុងគ្រប់ស្ថានការណ៍ ធ្វើឱ្យគាត់ទទួលបានភាពជោគជ័យក្នុងអាជីព និងក្លាយជាទីទទួលស្គាល់របស់មនុស្សទូទាំងពិភពលោកដូចសព្វថ្ងៃនេះ។

    ទាំងគូជាមិត្តភ័ក្តិសម័យរៀនមហាវិទ្យាល័យជាមួយគ្នា និងរៀបការនឹងគ្នាភ្លាមតែម្ដងនៅពេលបញ្ចប់ការសិក្សា ដោយ ចាង យីង បានបង្ហើបឱ្យដឹងថា “ជែក ម៉ា មិនមែនជាមនុស្សរូបសង្ហាសោះឡើយ និងថែមទាំងដូចជារាងអាក្រក់បន្តិចទៀតផង តែរឿងដែលខ្ញុំពេញចិត្តចំពោះខ្លួនគាត់នោះគឺ គាត់អាចធ្វើអ្វីបានជាច្រើន ខណៈដែលបុរសរូបសង្ហាទាំងឡាយមិនចាប់អារម្មណ៍នឹងធ្វើ។ ខ្ញុំមិនបានសម្រេចចិត្តខុសឡើយ ធុរកិច្ចអាលីបាបារបស់គាត់ក្លាយជាវត្ថុដ៏មហស្ចារ្យក្នុងពិភពធុរកិច្ចអនឡាញ អ្នកណាៗក៏ហៅគាត់ថា “មហាមនុស្សនៃការបង្កើតមុខជំនួញ” ដែរ ដែលវាបានសាងនូវមោទនភាពចំពោះខ្ញុំខ្លាំងណាស់”។

    ខាងក្រោមនេះគឺ 10 ចំណុចដាស់តឿនចិត្តរបស់ឧត្តមភរិយារបស់ ជែក ម៉ា ដែលត្រូវការប្រាប់ដល់ស្រ្តីទូទាំងពិភពលោក។

    1 . ក្រោយពេលរៀបការ អ្នកនឹងប្ដូរឋានៈទៅជាឧត្ដមភរិយា និងជាម្ដាយរបស់កូនៗ។ ចូរកុំគិតតែពីចិត្តខ្លួនឯងដូចកាលពីសម័យមុនរៀបការ មើលថែទាំស្វាមី ថែទាំកូន ជួយជាកម្លាំងគាំទ្រដល់ស្វាមី។

    2 . បើស្រឡាញ់ស្វាមី ត្រូវស្រឡាញ់ឪពុកម្ដាយរបស់ស្វាមីជាមុន ព្រោះបើគ្មានឪពុកម្ដាយគាត់ ក៏គ្មានរូបគាត់មកឱ្យយើងស្រឡាញ់ដែរ និងកុំយកទស្សនគតិ ឬទង្វើរបស់ឪពុកម្ដាយរបស់ស្វាមីដែលធ្វើចំពោះយើងទៅប្រៀបធៀបជាមួយនឹងអ្វីដែលយើងបានទទួលពីឪពុកម្ដាយបង្កើតរបស់យើងជាដាច់ខាត។

    3 . រួមកាយ រួមចិត្ត កុំសួរដេញដោលគ្រប់រឿងគ្រប់រ៉ាវ រឿងខ្លះជាគោលការណ៍ ឬជាវិធីការផ្ទាល់ខ្លួនក្នុងការធ្វើការងាររបស់គាត់ ដែលមិនចាំបាច់ត្រូវអធិប្បាយឱ្យយើងដឹងគ្រប់រឿងនោះទេ។ នៅចាំផ្ដល់កម្លាំងចិត្ត និងនៅចាំជួយផ្ដល់ការជួយយកអាសា ក៏គ្រប់គ្រាន់ហើយ។

    4 . ស្វាមីដែលត្រូវបានត្រួតត្រា ចុះចាញ់អ្នកតែមាត់ តែស្វាមីដែលត្រូវបានស្រឡាញ់ ចុះចាញ់អ្នកដោយដួងចិត្ត។ ស្រឡាញ់គេទៅ កុំគិតតែពីចង់គ្រប់គ្រងគេឱ្យជាប់អី។ រឹតតែនៅចំពោះមុខក្រុមមិត្តភ័ក្តិស្រីៗដូចគ្នាផងនោះ ភរិយាដែលល្អនឹងមិននិយាយដើមប្ដីឱ្យអ្នកដទៃស្ដាប់ជាដាច់ខាត។

    5 . កុំគិតចង់ផ្លាស់ប្ដូរគាត់ តែអាចសាងកម្លាំងជំរុញចិត្តដល់គាត់ ព្រោះជាទូទៅបុរសៗច្រើនតែខ្ជិល មិនសូវជាស្រឡាញ់ភាពស្អាតបាតប៉ុន្មានទេ។ ការងារតូចតាចនៅក្នុងផ្ទះ មិនចាំបាច់បង្ខំតឿនឱ្យគាត់ធ្វើទេ ទុកឱ្យគាត់ប្រើសមត្ថភាពក្នុងរឿងធ្វើការរកស៊ីឱ្យបានពេញទំហឹងវិញប្រសើរជាង។

    6 . ពេលស្វាមីត្រឡប់មកផ្ទះ ភរិយាគួរនៅផ្ទះ។ ស្វាមីត្រឡប់មកផ្ទះប្រហែលជាចង់ឃើញមុខភរិយា ចង់ឮសំឡេងភរិយា ចង់ជជែកគ្នាដោយក្ដីយល់ចិត្តយល់ថ្លើម តែមិនមែនបានឮតែសំឡេងរអ៊ូរទាំរបស់ភរិយានោះទេ។

    7 . កុំយកក្ដីសង្ស័យរបស់ខ្លួនឯងធ្វើជាចំណុចសម្រេចលើរឿងអ្វីមួយ។ កុំគិតតែម្នាក់ឯង រួចអុឺអើតែម្នាក់ឯងជាដាច់ខាត កុំយកក្ដីសង្ស័យមកគិតធ្វើជារឿងពិតឱ្យសោះ ព្រោះវានឹងក្លាយជារឿងប៉ះពាល់ដែលមិនល្អដល់ស្វាមី ហើយរូបអ្នកនឹងក្លាយជាភរិយាដែលគ្មានភាពជឿជាក់លើខ្លួនឯង។

    8 . កុំធ្វើខ្លួនជាសត្វកាំប្រមា។ បើធ្វើខ្លួនជាសត្វកាំប្រមាដែលចាំតែចាក់ដោតស្វាមី គ្មានស្វាមីណាចង់នៅជិតអ្នកទេ ប្រៀបដូចភ្លើង និងចំបើងស្ងួត នៅជាមួយគ្នាមិនបានទេ។

    9 . កុំព្យយាមប្រកែកតវ៉ានឹងស្វាមីខ្លួនឯង និងហាមជេរប្រមាថស្វាមីជាដាច់ខាត រឹតតែប្រកែកតវ៉ាស្វាមីច្រើនប៉ុនណា ក៏រឹតតែសាងនូវក្ដីមិនពេញចិត្តឱ្យខ្លួនឯងកាន់តែច្រើនប៉ុននោះដែរ ហើយការជេរប្រមាថស្វាមី មិនថាត្រូវ ឬខុសក៏ដោយ នឹងមានផលអាក្រក់ជះត្រឡប់ទៅរកខ្លួនអ្នកវិញយ៉ាងប្រាកដ។

    10 . សេចក្ដីស្រឡាញ់ប្រៀបដូចជាគ្រាប់ខ្សាច់ ចាប់កាន់បាន តែចងភ្ជាប់មិនបាន។ កុំគិតតែព័ទ្ធចាប់ស្វាមី ព្រោះព័ទ្ធចាប់អាចបានតែខ្លួនគាត់ ដូច្នេះស៊ូបានដួងចិត្តគាត់មកគ្រប់គ្រងវិញនឹងប្រាកដច្បាស់ជាង។ បង្រៀនកូននៅមុខអ្នកដទៃបាន តែពេលស្ងាត់ៗចូរប្រឹក្សាជាមួយស្វាមី។ ហាមបំបាក់មុខស្វាមីនៅចំពោះមុខអ្នកដទៃជាដាច់ខាត។

    បុរសដែលជាអ្នកធ្វើការរកស៊ីនៅក្នុងសង្គម រឿងដែលសំខាន់បំផុតនោះគឺ មុខមាត់ និងកិត្តិយសរបស់គាត់ ហើយបុរសគ្រប់រូបក៏ហួងហែង និងថែរក្សារឿងទាំងអស់នេះខ្លាំងណាស់។ ភរិយាដែលចេះរៀបចំដាក់ខ្លួនបានល្អ ជីវិតនឹងមានសេចក្ដីសុខ តែភរិយាដែលមានតែក្ដីមិនពេញចិត្ត រកសេចក្ដីស្ងប់សុខក្នុងជីវិតមិនបានឡើយ៕

  • ស្រ្តីមានគភ៌តែងខ្លួនបែបណាឱ្យមើលទៅស្អាត បែប Fashion

    ស្រ្តីមានគភ៌តែងខ្លួនបែបណាឱ្យមើលទៅស្អាត បែប Fashion

    សូមទទួលស្គាល់ទៅថា ស្រ្តីៗយើងទោះជាកាលពីពេលមិនទាន់មានគភ៌ ធ្លាប់មានរូបរាងស្គមស្វែលស្អាតខ្ញង់លំដាប់បវរកញ្ញាខ្លាំងប៉ុនណាក៏ដោយ តែដល់ពេលមានផ្ទៃពោះច្បាស់ជាមើលទៅឃើញធាត់កន្រ្ទល និងថែមទាំងទ្រោមស្រពោនខុសកាលពីមុនទាំងស្រុង។ តែទោះជាយ៉ាងណាក៏ដោយ ក៏ស្រ្តីគ្រប់រូបនៅតែចង់ឱ្យខ្លួនឯងមើលមកស្រស់ស្អាតគ្រប់ពេលវេលាជានិច្ចដែរ ដូច្នេះមិនថាតែពេលមានគភ៌ ឬគ្មានក៏ដោយ និងដើម្បីជាការបន្ថែមភាពជឿជាក់លើខ្លួនឯង សូមស្រ្តីមានគភ៌ទាំងឡាយនាំយកតិចនិកការតុបតែងខ្លួនខាងក្រោមនេះទៅប្រើសាកលមើល ទោះជាក្នុងអំឡុងពេលមានគភ៌ក៏ដោយ ក៏ស្រ្តីយើងនៅតែមើលទៅស្អាតខ្ញង់ដែរ។

    1 . តែងខ្លួនបែបងាយៗ ក្នុងថ្ងៃសប្បាយៗ ៈ ក្នុងថ្ងៃធម្មតាដែលស្រ្តីមានគភ៌ចង់ចេញទៅទិញអីវ៉ាន់នៅខាងក្រៅផ្ទះបន្តិចបន្តួចនោះ ការពាក់យឺតវាលក្លៀកខ្លួនរាងវែងបន្តិច ជាមួយនឹងខោខូវប៊យចង្កេះធូរៗមួយក៏គួរតែល្មមគ្រប់គ្រាន់ហើយ។ ព្រោះឈុតបែបនេះនឹងជួយឱ្យដងខ្លួនរបស់ស្រ្តីមានគភ៌មើលទៅឃើញរាងវែងខ្ពស់ឡើងរហូតមានអារម្មណ៍ថា រាងស្គម និងដើម្បីឱ្យរូបរាងមើលមកឃើញរាងស្វែលឡើងបន្តិចទៀតនោះ អ្នកគួរជ្រើសរើសស្លៀកពណ៌បែបដិតៗបន្តិច ដូចជា ពណ៌ខ្មៅ ឬទឹកប៊ិចចាស់ ព្រោះវានឹងជួយលាក់រូបរាងរបស់អ្នកបានល្អ។

    2 . ស្លៀកសំពត់ដ្រេសខ្លី ៈ ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកក៏អាចយកឈុតដ្រេសមកស្លៀកបានដូចគ្នា ដោយគ្រាន់តែយកសំពត់ដ្រេសនោះមកចាប់គូជាមួយខោសាច់ក្រណាត់យឺតជើងវែង ក៏អូខេបាត់ទៅហើយ ឬចង់ស្លៀកជាមួយសំពត់វែងរាងស្មើចុះក្រោម ក៏មើលមកឃើញស្អាតម្យ៉ាងដែរ។

    3 . ស្អាតស្រទន់ដោយសំពត់រ៉ូបដ្រេសវែង ៈ សំពត់រ៉ូបដ្រេសវែង គឺជាឈុតដែលស្រ្តីមានផ្ទៃពោះគ្រប់រូបគួរមាននៅក្នុងទូសម្លៀកបំពាក់ ព្រោះស័ក្តិសមសម្រាប់មនុស្សមានផ្ទៃពោះបំផុត។ តាមរយៈដែលសំពត់រ៉ូបដ្រេសមានលក្ខណៈវែងចុះក្រោម រីកធំទៅក្រោមចាប់តាំងពីទ្រូងចុះទៅបែបនេះ នឹងជួយលាក់រូបរាងរបស់ស្រ្តីមានគភ៌ឱ្យមើលទៅឃើញស្គមបាន ធ្វើឱ្យមិនមើលឃើញក្បាលពោះ និងត្រគាកបានច្បាស់នោះទេ ហើយឈុតនេះថែមទាំងមិនរឹបណែនរហូតធ្វើឱ្យធុញថប់ដូចឈុតផ្សេងទៀតផង។

    4 . ចាប់គូសំពត់ខោអាវឱ្យត្រូវ ៈ ព្រោះការជ្រើសរើសចាប់គូសំពត់ខោអាវនេះនឹងជួយធ្វើឱ្យរូបរាងរបស់ស្រ្តីមានគភ៌មើលមកមានរាងមានរៅល្អឡើង ដូច្នេះអ្នកគួរតែដឹងអំពីតិចនិកការចាប់គូសំពត់ខោអាវដើម្បីស្លៀកហើយឱ្យរូបរាងមើលហើយឃើញស្អាត ដូចជា ចៀសវាងការពាក់អាវ ជាមួយសំពត់រលុងធំៗ ជាដើម ព្រោះនឹងធ្វើឱ្យរូបរាងរបស់ស្រ្តីមានគភ៌មើលមកឃើញធំណែន។

    5 . គ្រឿងអលង្ការតុបតែងខ្លួនក៏សំខាន់ ៈ ជារឿងប្រក្រតីដែលផ្ទៃមុខរបស់ស្ត្រីនឹងមើលទៅឃើញទ្រោមស្រពោនក្នុងខណៈមានផ្ទៃពោះ ព្រោះស្រ្តីមានគភ៌នឹងមានអារម្មណ៍នឿយល្វើយគ្រប់ពេលវេលា និងថែមទាំងពេលខ្លះនៅអាចកើតអាការចាញ់កូនខ្លាំងរហូតធ្វើឱ្យរាងកាយមើលទៅចុះទ្រុឌទ្រោម តែការបានពាក់គ្រឿងអលង្ការតុបតែងបន្តិចបន្តួច ដូចជា ចិញ្ចៀន ក្រវិល កងដៃ ឬដង្កៀបកៀបសក់ស្អាតៗ ក៏ជួយឱ្យស្រ្តីមានគភ៌មើលទៅស្អាតស្រស់ស្រាយបានដែរ៕

  • តារាសម្ដែង គីម លីហ្សា ត្រៀមបើកហាងលក់ពេជ្រ

    តារាសម្ដែង គីម លីហ្សា ត្រៀមបើកហាងលក់ពេជ្រ

    នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី គីម លីហ្សា បានបង្ហោះរូបភាពនិងសារដែលគេអាចដឹងបានថា អ្នកនាងកំពុងតែត្រៀមបើកមុខជំនួញថ្មីមួយទៀតហើយ បន្ទាប់ពីអ្នកនាងទទួលបានភាពជោគជ័យមុខជំនួញផលិតផលថែរក្សាសម្រស់នៅលើវិស័យអនឡាញន៍។

    អ្នកនាង គីម លីហ្សា មានឈ្មោះជាថៅកែស្រី នៃម្ចាស់ផលិតផលថែរក្សាសម្រស់និងបង្កើតប្រ៊េនផ្ទាល់ខ្លួន ហើយអ្នកនាងត្រូវបានមហាជន ចាប់អារម្មណ៍បន្ថែមទៀតថា មុខជំនួញថ្មីនេះទំនងជា ជាអ្នកលក់ពេជ្រ ហើយមើលទៅ ព្រោះប៉ុន្មានថ្ងៃមុននេះ គីម លីហ្សា​ បានបង្ហោះសារក្នុងហ្វេសប៊ុកអមដោយរូបថត ជាច្រើនសន្លឹកនិងវីដេអូឃ្លីប និងពាក្យពេជ្រមួយចំនួនទៀតផង។

    ហ្វេសប៊ុកផ្លូវការរបស់ អ្នកនាង គីម លីហ្សា បានបង្ហោះវីដេអូឃ្លីប រួមនឹងសំណេររៀបរាប់ថា «សុំសួរមួយបងប្អូន បើខ្ញុំបើកហាងលក់ពេជ្រ តើជួយគាំទ្រទេ?»។ ជាមួយនិងការសួរសំនួរបែបនេះ បានធ្វើអោយមហាជនភ្ញាក់ផ្អើល និងមុខរបរ ថ្មីមួយនេះ បន្ទាប់ពីនាង ត្រូវបានមហាជនមើលឃើញថា នាងកំពុងជោគជ័យលើជំនួញអនឡាញ ដែលកំពុងវាយលុកទីផ្សារ និងឈរលើលេខរៀងជួរមុខផងដែរ បើធៀបជាមួយនិងផលិតផលអនឡាញន៍ល្បីឈ្មោះមួយចំនួនទៀត។

    សូមរំឭកដែរថា ក្រោយចាកចេញពីទឹកដីកម្ពុជា ទៅនៅប្រទេសអូស្រា្តលី ជាមួយស្វាមី​និងទទួលបានចំណងដៃកូនប្រុសពីរនាក់។ តារាសម្តែង រូបនេះ បានវិលមកប្រទេសកំណើត និងបានដឹកដៃស្វាមី មកធ្វើជំនួញអនឡាញ យ៉ាងជោគជ័យជាបន្តបន្ទាប់។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គេបែជាសង្កេតឃើញថា គីម លីហ្សា ប្រហែលជាគ្រោងបើកហាងលក់ពេជ្រ នៅពេលដ៏ខ្លីខាងមុខនេះហើយ បន្ទាប់ពីនាងបានបង្ហើបពីគម្រោងនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុក៕

  • បេក្ខនារី Miss Grand Cambodia កាន់តែពោរពេញដោយសមត្ថភាពក្នុងវគ្គបង្ហាញឈុតប្រពៃណី និងឈុតហែលទឹក

    បេក្ខនារី Miss Grand Cambodia កាន់តែពោរពេញដោយសមត្ថភាពក្នុងវគ្គបង្ហាញឈុតប្រពៃណី និងឈុតហែលទឹក

    នៅថ្ងៃទី4 ខែកញ្ញា ឆ្នាំ 2020 នេះ កម្មវិធី Miss Grand Cambodia បានឈានមកដល់ដំណាក់កាលបង្ហាញឈុតប្រពៃណី និងឈុតហែលទឹក ដែលតម្រូវឱ្យបេក្ខនារីដើរបង្ហាញនិងស្រែកប្រកាសអួតអំពីបណ្ដាខេត្ត ក្រុង រាជធានី ដែលនាងបានតំណាង។ ជាពិសេស ក្រុមហ៊ុន មហាហង្ស ដែលជាអ្នករៀបចំកម្មវិធី បានអញ្ចើញគ្រូបង្វឹកកំពូលៗ មកបង្ហាត់ពីវិធីនិងគន្លឹះក្នុងការបោះជំហ៊ានជាបវរកញ្ញា ដែលខុសគ្នាពីការដើរម៉ូដធម្មតាដាច់ស្រឡះ។

    បេក្ខនារីទាំង28រូប បានធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំងក្នុងការបង្ហាញឈុតទាំងពីរនេះ យ៉ាងសមសួនជាកុលស្ត្រីខ្មែ។ បើទោះបីជា កម្មវិធីតម្រូវឱ្យបង្ហាញនូវឈុតហែលទឹក តែគេមើលឃើញថា បេក្ខនារីភាគច្រើនបានបង្ហាញឱ្យឃើញពីភាពក្លាហាន នៅលើវេទិកា មិនចាញ់ការប្រកួតរបស់បរទេសនោះផង ដ្បិតបីនេះគ្រាន់តែជាការប្រកួតក្នុងស្រុក។

    តាមការបញ្ជាក់ពីគណៈគ្រប់គ្រងការផលិតកម្មវិធី លោក អ៊ិន សុភិន អគ្គនាយក Miss Grand Cambodia បានអះអាងថានេះជាការប្រកួតសន្សំពិន្ទុដ៏សំខាន់របស់ Miss Grand Cambodia ដើម្បីស្វែងរកម្ចាស់ពានដែលនឹងប្រកួតប្រជែងនៅថ្ងៃទី 26 កញ្ញា ខាងមុខ។ ការប្រកួតឈុតទាំង2នោះថ្វីត្បិតតែមិនមានការប្រកាសលទ្ធផលតែក៏នឹងមានម្ចាស់ពានតំណាងឱ្យឈុតនីមួយៗត្រូវបានប្រកាសនៅថ្ងៃប្រកួតផ្ដាច់ព្រ័តផងដែរ។ លោកបន្តថា ការប្រកួតរបស់ខ្លួននេះទទួលបានជោគជ័យយ៉ាងខ្លាំង ខណៈដែលអ្នកគាំទ្រភាគច្រើនក៏ស្គាល់ព្រឹត្តិការណ៍នេះ និងយល់ថានេះគឺជាការប្រកួតក្នុងស្រុកមួយដែលពិតជានឹងផលិតបានបេក្ខនារីឆ្នើមមួយរូបសម្រាប់ការប្រកួតលើឆាកអន្តរជាតិ។

    ការប្រកួតសន្សំពិន្ទុដែលបានធ្វើឡើងនៅផ្សារទំនើប Aeon2 នេះមានការចូលរួមដាក់ពិន្ទុដោយសិល្បករ និងអ្នកមានឯកទេសមួយចំនួន ដោយអ្នកចូលរួមទស្សនានៅក្នុងកម្មវិធីក៏មានចំនួនកុះករណាស់ដែរក្នុងនោះក៏មានវត្តមានសិល្បករសិល្បការិនីពីគ្រួសារតារាកម្ពុជាចូលរួមផងដែរ។ ក្នុងនោះតំណងខេត្តនីមួយៗក៏មិនសុទ្ធតែជាបេក្ខនារីដែលមកពីបណ្ដាខេត្តនោះដែរ ពោលគឺគ្រាន់តែជាការបោះឆ្នោតតំណាងឱ្យខេត្តទាំង25 ដែលមិនមានបេក្ខនារីប្រកួតប្រជែងតែប៉ុណ្ណោះ៕

  • (វីដេអូ) រកឃើញប្រព័ន្ធដែលមានព្រះអាទិត្យ3ដួង កំពុងនាំគ្នា “ហែក” ថាសបង្កើតភព

    (វីដេអូ) រកឃើញប្រព័ន្ធដែលមានព្រះអាទិត្យ3ដួង កំពុងនាំគ្នា “ហែក” ថាសបង្កើតភព

    បណ្ដុំផ្កាយ “ក្មេង” មួយដែលមានចម្ងាយពីផែនដី1,300ឆ្នាំពន្លឺ កំពុងតែហែកកម្ទេចថាសដែលមានតួនាទីបង្កបង្កើតភពនៅជុំវិញពួកវា បង្កើតបានជាខ្សែក្រវាត់បញ្ឆិតគ្នាជាច្រើនជាន់។

    ប្រព័ន្ធព្រះអាទិត្យនានាដែលត្រូវបានរកឃើញនៅក្នុងចក្រវាល តែងមានរូបរាងជាថាសរាបស្មើយ៉ាងល្អ ដោយមានភពជាច្រើន និងថាសធូលីវិលជុំវិញផ្កាយដែលនៅកណ្ដាល និងមានទិសស្របគ្នា។ ប៉ុន្តែ ប្រការនេះមិនមែនត្រឹមត្រូវគ្រប់ពេលនោះទេ ពិសេសគឺចំពោះប្រព័ន្ធដែលមានព្រះអាទិត្យច្រើនដួង ដូច GW Orionis ជាដើម។

    GW Orionis គឺជាប្រព័ន្ធផ្កាយ3 ដែលមានព្រះអាទិត្យចំនួន3 ស្ថិតនៅក្នុងកញ្ចុំផ្កាយ Orion។ ក្នុងប្រព័ន្ធនេះ ផ្កាយទាំង3វិញជុំវិញគ្នា និងមានចម្ងាយពីផែនដីប្រមាណជា1,300ឆ្នាំពន្លឺ។

    នៅក្នុងការសិក្សាស្រាវជ្រាវថ្មីបំផុតដែលទើបត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Science កាលពីថ្ងៃទី3កញ្ញា ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានសង្កេតឃើញថា ក្រុមផ្កាយនេះកំពុងតែនាំគ្នាហែកថាសបង្កបង្កើតភព (ក្នុងថាសនេះ ភាគច្រើនគឺជាឧស្ម័ន ធូលី និងដុំថ្មអវកាស) ជាបំណែក និងកំពុងតែរុញច្រានបំណែករបស់ថាសនេះឱ្យឃ្លាតចេញពីផ្ទៃរាបរបស់គន្លងគោចរដំបូង។

    Alison Young ដែលជាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Exeter និង Leicester របស់អង់គ្លេស បានសង្កត់ធ្ងន់ថា កន្លងមកធ្លាប់មានការលើកឡើងអំពីករណីហែកថាសបង្កបង្កើតភព ប៉ុន្តែនេះគឺជាភ័ស្តតាងជាក់ស្ដែងដំបូងគេបង្អស់។ ប្រការនេះមានន័យថា ក្នុងចក្រវាល ពិតជាមានភពដែលវិលជុំវិញក្រុមផ្កាយមេរបស់ពួកវាទៅតាមគន្លងតារាវិថីបែបទ្រេត។

    ក្រុមអ្នកវិទ្យាសាស្ត្រឱ្យដឹងថា រង្វង់ខ្សែក្រវាត់ធូលីដែលមានសភាពទ្រេតបំផុតរបស់ប្រព័ន្ធ GW Orionis នេះ គឺស្ថិតនៅផ្នែកខាងក្នុងរបស់ថាសធូលី ដែលនៅជិតផ្កាយទាំង3ដួង។ រង្វង់នេះផ្ទុកធូលី និងវត្ថុអវកាសដែលមានទម្ងន់ធ្ងន់ជាង30ដងបើធៀបនឹងទម្ងន់របស់ផែនដី ដែលនេះមានន័យថា វាមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបង្កើតបានជាភពក្នុងចំនួនច្រើន។

    អ្នកវិទ្យាសាស្ត្រ Alexander Kreplin មកពីសាកលវិទ្យាល័យ Exeter បានពន្យល់ថា៖ “ភពដែលកកើតឡើងនៅក្នុងរង្វង់ទ្រេតនេះ នឹងគោចរតាមគន្លងទ្រេតជុំវិញផ្កាយដែលនៅកណ្ដាល។

    https://www.youtube.com/watch?v=nh-yn0mZS6E

    ក្រុមតារាវិទូអន្តរជាតិ ដែលរួមមានជនជាតិអង់គ្លេស បែលហ្សិក ឈីលី បារាំង និងអាម៉េរិកាំង បានចាប់ផ្ដើមសង្កេតទៅលើប្រព័ន្ធផ្កាយ GW Orionis តាំងពីឆ្នាំ2008 ដោយប្រើម៉ាស៊ីនប្រមូលកាំរស្មី AMBER និងឧបករណ៍ GRAVITY នៅលើកែវយឹត VLT ដែលមានទីតាំងនៅក្នុងស្ថានីយសង្កេត ESO ក្នុងទឹកដីនៃប្រទេសឈីលី។ ទិន្នន័យដែលប្រមូលបាន ត្រូវបានប្រើប្រាស់ដើម្បីបង្កើតជារចនាសម្ព័ន្ធនៃប្រព័ន្ធផ្កាយនេះតាមរយៈកុំព្យូទ័រ ដែលអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រដឹងអំពីប្រការដែលបានកើតឡើងខាងលើនេះ៕

    ប្រភព៖ Scitech Daily/Space

  • កម្ពុជា-ជប៉ុន ដោះស្រាយបញ្ហាប្រឈមក្នុងវិស័យពាណិជ្ជកម្ម និងរិះរកវិធីឆ្លើយតបតាមសំណើររបស់អ្នកវិនិយោគ

    កម្ពុជា-ជប៉ុន ដោះស្រាយបញ្ហាប្រឈមក្នុងវិស័យពាណិជ្ជកម្ម និងរិះរកវិធីឆ្លើយតបតាមសំណើររបស់អ្នកវិនិយោគ

    ជប៉ុន និង​កម្ពុជា ជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​គ្នា​ជា​យូរណាស់​មកហើយ ដោយ​ក្នុងនោះ​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​ក៏បាន​ដាក់​វិនិយោគ​នៅ​កម្ពុជា ដើម្បី​រកស៊ី និង​ភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន និង​ប្រជាជន។

    បើតាម​ការបញ្ជា​ក់រប​ស់​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា គិត​ត្រឹម​ដំណាច់ខែ​កក្កដា ឆ្នាំ2020 នេះ ជប៉ុន​វិនិយោគ​នៅ​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់ 2.8ពាន់​លាន​ដុល្លារ​អាមេរិក។

    ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព​វិនិយោគ​របស់​អ្នកវិនិយោគ​ជប៉ុន​ទាំងអស់ ជាពិសេស​ការវិនិយោគ​ក្នុង​វិស័យ​កម្មន្តសាល​មិនមែន​វាយ​ន​ភណ្ឌ ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក​ដល់​ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា និង​ការអភិវឌ្ឍ​ធនធានមនុស្ស ស្របតាម គោលនយោបាយ​អភិវឌ្ឍ​ន៍ វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ2015-2025 ដែលមាន​ចក្ខុវិស័យ​កែប្រែ​រចនាសម្ព័ន្ធ ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ ឱ្យបាន​ត្រឹម​ឆ្នាំ2025។

    ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង និង​ការវិនិយោគ​រវាង​កម្ពុ​ជា-ជប៉ុន មាន​លក្ខណៈ​កាន់តែ​ប្រសើរ កម្ពុជា និង​ជប៉ុន បាន​លើកយក​បញ្ហា​មួយចំនួន​ដើម្បី​ពិភាក្សា​ដូចជា បញ្ហា​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា បញ្ហា​កាតព្វកិច្ច​សារពើពន្ធ បញ្ហា​បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​រថយន្ត បញ្ហា​វឌ្ឍនភាព​នៃ​ការត្រៀម​បើក​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​នៅ​ក្រុង​ប៉ោយប៉ែត និង​ការសម្រួល​និតិ​វិធី​បញ្ចេញ​ទំនិញ​ពី​គយ។

    ក្នុងនោះដែរ ភាគី​កម្ពុជា​ក៏បាន​បង្ហាញ​ក្តី​សង្ឃឹមថា ក្រុមហ៊ុន​អាកាសចរ ANA នឹង​ចាប់ផ្តើម​ការហោះហើរ​ផ្ទាល់ រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​ឡើងវិញ​នាពេលឆាប់ៗខាងមុខ ដែល​នឹង​ជួយ​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង៕