Category: សង្គម និងសេដ្ឋកិច្ច

  • លេងទាយបញ្ហាជាមួយកូន បង្កើនជំនាញ និងសតិបញ្ញាគ្រប់ផ្នែក

    លេងទាយបញ្ហាជាមួយកូន បង្កើនជំនាញ និងសតិបញ្ញាគ្រប់ផ្នែក

    ការលេងទាយបញ្ហា មានន័យពីកិច្ចការងារដែលគ្រូ ឬឪពុកម្ដាយនាំយកប្រស្នាទាយដែលមានសារៈខ្លឹមសារស័ក្តិសមនឹងសមត្ថភាព និងវ័យរបស់ក្មេងមកលេងទាយជាមួយកូន ដើម្បីឱ្យកូនមានភាពសប្បាយរីករាយ ធូរស្រាលអារម្មណ៍ ជួយបង្កើនការគិតយ៉ាងមានហេតុផល មានភាពវាងវៃ សតិបញ្ញា និងសមត្ថភាពខាងផ្នែកភាសាជាដើម។

    ការលេងបែបនេះសំខាន់យ៉ាងណា?

    ការលេងទាយបញ្ហា ឬប្រស្នា( Riddle Activities )ជាមួយកូន ជាកិច្ចការដែលសំដៅតបស្នងដល់តម្រូវការខាងផ្នែកអារម្មណ៍ និងផ្លូវចិត្ត។ ជាការជំរុញឱ្យកូនមានអារម្មណ៍សប្បាយជាមួយការលេងទាយប្រស្នា ធ្វើឱ្យមានអារម្មណ៍ធូរស្រាល និងថែមទាំងបង្កើនវិវឌ្ឍនាការខាងផ្នែកភាសា និងសតិបញ្ញាដល់កូនទៀតផង។ ហ្វឹកហាត់ភាពវាងវៃ ការរិះគិតរកចម្លើយ និងបង្កើនភាពចំណានក្នុងការប្រើពាក្យដែលហុចផលល្អដល់ការអភិវឌ្ឍផ្នែកសតិបញ្ញា។ ក្រៅពីនេះ ការលេងកម្សាន្តបែបនេះនឹងជួយបង្ហាត់ឱ្យកូនក្លាយជាមនុស្សមានហេតុផល ជាមនុស្សប៉ិនសង្កេត ហ៊ានគិត ហ៊ានស្មាន មានភាពល្អិតល្អន់ក្នុងការគិត ចេះរករូបបែប និងការប្រើភាសាក្នុងការដាក់សំណួរ ដូច្នេះហើយទើបការលេងទាយបញ្ហាដោយការដាក់ប្រស្នាឱ្យទាយជាកិច្ចការមួយដែលក្រៅពីជួយសាងភាពសប្បាយរីករាយ ធូរអារម្មណ៍ហើយ នៅជួយឱ្យកុមារបានអភិវឌ្ឍផ្នែកការគិត សតិបញ្ញា ជំនាញការស្ដាប់ និងការនិយាយ ដោយសារតែភាសា និងសតិបញ្ញាមានសម្ព័ន្ធជាមួយគ្នា ដូច្នេះការដែលកូនមានសមត្ថភាពក្នុងការប្រើជំនាញខាងភាសាបានល្អខ្លាំងប៉ុនណា ច្បាស់ជាមានសមត្ថភាពផ្នែកសតិបញ្ញាខ្លាំងប៉ុននោះដែរមិនខាន។

    តើកូនទទួលបានអ្វីពីការលេងនេះ?

    . ជាការបង្ហាត់ឱ្យកូនបានស្គាល់ពាក្យ និងស័ព្ទថ្មីៗថែមឡើង។

    . ជាការបញ្ជូនអត្ថន័យឱ្យកើតជារូបភាព និងអារម្មណ៍ ដែលជាគ្រឹះក្នុងការស្ដាប់ និយាយ អាន និងសរសេរ ដែលជំនាញទាំងនេះត្រូវហ្វឹកហាត់ជាប់ជានិច្ច ទើបធ្វើឱ្យកូនទទួលបានជោគជ័យ និងអាចប្រើប្រាស់ភាសាបានយ៉ាងមានប្រសិទ្ធភាព។

    . ជាការហ្វឹកហាត់ភាពវាងវៃ និងប្រាជ្ញា និងដើម្បីភាពសប្បាយជក់ចិត្ត ជាប្រស្នាដែលសាកសមត្ថភាពទាំងអ្នកសួរ និងអ្នកឆ្លើយ។

    . កឱ្យកើតសតិបញ្ញា និងការគិតក្នុងជ្រុងផ្សេងៗ ជួយបង្កើនគំនិត សតិបញ្ញា ភាពវាងវៃដល់កូនបានច្រើន។

    . ជាការផ្ដល់ចំណេះដឹងដល់កូនបែបប្រយោល ហ្វឹកហាត់ជំនាញខាងសតិបញ្ញា ភាពឈ្លាសវៃ ឱ្យក្មេងមានភាពឆ្លាត ប៉ិនសង្កេត និងចេះកែបញ្ហា និងថែមទាំងជំរុញវិវឌ្ឍនាការខាងខួរក្បាលទៀតផង។

    លេងជាមួយកូនបែបណាល្អ?

    . ឡារ៉ែនសូមណែនាំឱ្យលោកឪពុកអ្នកម្ដាយរកពេលលេងជាមួយកូន អាចនឹងពេលដែលនៅផ្ទះជុំគ្នាដែលជាការរឹតចំណងសម្ព័នភាពរវាងឪពុកម្ដាយ និងកូន។ អាចនឹងលេងមួយភ្លែតៗមុនទៅសាលារៀន ឬក្រោយចេញពីសាលាមកដល់ផ្ទះ ឬពេលណាក៏បានដែលឪពុកម្ដាយមានពេលវេលានៅជិតដិតនឹងកូន។

    . ការរកពាក្យបណ្ដៅ ឬទាយប្រស្នា លោកឪពុកអ្នកម្ដាយអាចនឹងសិក្សាពាក្យប្រស្នាពីក្នុងសៀវភៅផ្សេងៗដែលមានលក់នៅតាមបណ្ណាគារ ឬប្រើបទពិសោធដែលធ្លាប់មានមកលេងជាមួយកូនដើម្បីឱ្យកូនបានហ្វឹកហាត់ការគិត និងហ្វឹកការរិះរកចម្លើយ ឬក៏សាកល្បងដាក់សំណួរតាមរយៈអ្វីដែលយើងឃើញជាប្រចាំក៏បានដែរ។

    ទាំងអស់នេះ រឿងដែលលោកឪពុកអ្នកម្ដាយគួរគិតដល់ក្នុងការជ្រើសរើសពាក្យទាយប្រស្នាយកមកលេងជាមួយកូននោះគឺ គួរតែជាពាក្យប្រស្នាជាសំណួរដែលមិននៅឆ្ងាយពីបទពិសោធរបស់កូន និងមិនគួរដាក់សំណួរដែលពិបាកលើសសមត្ថភាពរបស់ក្មេង ឬមានអត្ថន័យពីរបីយ៉ាង ឬជារឿងចំអេសចំអាសឡើយ តែគួរតែមានចំណុចដែលគួរឱ្យចាប់អារម្មណ៍ ខ្លីៗ មានន័យអប់រំ និងងាយយល់ជាដើម ទើបជាការល្អ៕

  • អ៊ីតាលីកំពុងតែធ្វើការស៊ើបអង្កេតទៅលើ Google Drive, Apple iCloud និង Dropbox ពាក់ព័ន្ធទៅនឹងរឿងមួយនេះ

    អ៊ីតាលីកំពុងតែធ្វើការស៊ើបអង្កេតទៅលើ Google Drive, Apple iCloud និង Dropbox ពាក់ព័ន្ធទៅនឹងរឿងមួយនេះ

    អាជ្ញាធរ​ឃ្លាំមើល​តម្លាភាព​ក្នុងការ​ប្រកួតប្រជែងរ​បស់​ប្រទេស​អ៊ីតាលី (AGCM) បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុនធំៗចំនួន​បី​ទាក់ទង​ទៅនឹង​ការប្រើ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នៅក្នុង​សេវាកម្ម Cloud ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ បន្ថែម​ទៅលើ​ការស៊ើបអង្កេត​នេះ ពួកគេ​ក៏បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ករ​ណី​រំលោភបំពាន​ចំនួន ៦ ថែមទៀត បន្ទាប់ពី​ទទួលបាន​ការរាយការណ៍​ជាច្រើន​ពី​អ្នកប្រើប្រាស់​ទាក់ទង​នឹង​ការចោទប្រកាន់​ទាំងនេះ​ផងដែរ។

    មូល​ហេតុដែល​នាំឱ្យមាន​ការចោទប្រកាន់​ទៅលើ​ក្រុមហ៊ុន​ទាំងបី​នោះ​គឺ ទាក់ទង​ទៅនឹង​ការប្រមូល​និង​ប្រើប្រាស់​ទិន្នន័យ​ដោយ​មិនមាន​ការជូនដំណឹង​ទៅដល់​អ្នកប្រើប្រាស់ ឬ​ដោយ​គ្មាន​ការអនុញ្ញាតឱ្យ​ប្រមូល​ទិន្នន័យ​ទាំងនោះ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ខ្លួន។ ជាងនេះទៅទៀត​ក្រុមហ៊ុន Dropbox ក៏​រង​ការចោទប្រកាន់ថា មិនបាន​ផ្ដល់ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់​ទៅឱ្យ​អ្នកប្រើប្រាស់​ទាក់ទង​ទៅនឹង​នីតិវិធី​ដើម្បី​ធ្វើការ​ពិចារណា​ឡើងវិញ​ក្នុងការ​បញ្ចប់​ការប្រើប្រាស់​សេវាកម្ម​របស់​ពួកគេ​នោះទេ។

    សូមបញ្ជាក់​ផងដែរ​ថា​កាលពី​ឆ្នាំ​កន្លងទៅ សហព័ន្ធ​អឺរ៉ុប​ក៏បាន​ជំរុញ​ឱ្យ ប្រព័ន្ធ​បណ្ដាញ​សង្គម​ទាំងអស់ ធ្វើការ​កែសម្រួល​ខ​និង​លក្ខខណ្ឌ (T&C) របស់​ពួកគេ​ដើម្បីឱ្យ​ងាយស្រួល​យល់ ហើយ​ជា​លទ្ធផល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ក៏បាន​កែសម្រួល​ខ​និង​លក្ខខណ្ឌ​របស់គេ​ដោយ​ប្រើ​ភាសា​សាមញ្ញ​ដែល​ងាយ​នឹង​យល់​រួចហើយ​ផងដែរ៕

    ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • មកទល់ពេលនេះ បទចម្រៀង ព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy Navatra ហាក់ឡើងសន្ទុះជាងទ្រនំចាស់

    មកទល់ពេលនេះ បទចម្រៀង ព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy Navatra ហាក់ឡើងសន្ទុះជាងទ្រនំចាស់

    បទថ្មីដំបូងរបស់លោកព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy Navatra ដែលបងប្អូនមានការទន្ទឹងរង់ចាំយូរនោះត្រូវបានបញ្ចេញកាលពីថ្ងៃទី6 ខែកញ្ញា ឆ្នាំ2020 ដែលមានចំណងជើងថា” ខែភ្ជុំជ្រូកយំពេញទ្រុង ” ។ បទចម្រៀងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ មួយបទនេះ បើគិតមកទល់ពេលនេះគឺមានរយៈពេលជិត3ថ្ងៃទៅហើយ។ គេមើលឃើញថា ចំនួនអ្នកចូលទស្សនានៅក្នុងហ្វេសបុក និង Youtube មាន អ្នក Like និង Share យ៉ាងច្រើនហួសការស្មាន។

    សូមជម្រាបថា ” ខែភ្ជុំជ្រូកយំពេញទ្រុង ” ជាការនិពន្ធ Melody និងទំនុកច្រៀងដោយលោក យឹម តាស្រង់ និពន្ធបទភ្លេងដោយ Grimes ដឹកនាំសម្តែងដោយ Jonathan ថតដោយ ភួង សុភារិន និងបច្ចេកទេសកែពណ៍ដោយ Tim Pek។ យ៉ាងណាមិញ កំពូលតារាចម្រៀងប្រុសរូបនេះធ្លាប់បានបញ្ជាក់ថា “មកដល់ពេលនេះ ការចាកចេញ របស់ខ្ញុំ គឺខ្ញុំមានតែស្មាមញញឹម មានតែក្ដីរំភើប មានតែក្ដីសប្បាយ និងការងាររបស់ខ្ញុំ ដែលខ្ញុំទទួលបានជោគជ័យ ជាមួយនឹងក្រុមហ៊ុន ដែលទទួលបានជោគជ័យ មកដល់ថ្ងៃនេះ ។ ចឹងការជោគជ័យនេះ គឺជារឿងមួយដែលល្អរវាងគ្នានឹងគ្នា ដែលពួកយើងទទួលបានជោគជ័យ “។

    លោក ព្រាប សុវត្ថិ ក៏បានថ្លែងអំណគុណក្រុមហ៊ុន ហង្សមាស ក៏ដូចជារស្មីហង្សមាស និងក្រុមគ្រួសារ ហង្សមាសទាំងអស់ ដែលធ្លាប់ធ្វើការជាមួយគ្នា។ ជាមួយគ្នានោះដែរ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា មិនមានការចំណាយណាមួយសម្រាប់ឲ្យលោក ព្រាប សុវត្ថិ មកGalaxy Navatra ទេ។ លោកថា គាត់មកនេះដោយសារ ការស្រឡាញ់ពិតប្រាកដ និងចង់ផ្លាស់ប្ដូរបទពិសោធន៍ ។

  • តុបតែងផ្ទះ…តិចនិក និងរឿងដែលគួរដឹង មុនសម្រេចចិត្តព្យួរកញ្ចក់

    តុបតែងផ្ទះ…តិចនិក និងរឿងដែលគួរដឹង មុនសម្រេចចិត្តព្យួរកញ្ចក់

    កញ្ចក់ធ្វើឱ្យបន្ទប់ដែលតូចចង្អៀតមើលទៅធំស្រឡះឡើង ធ្វើឱ្យបន្ទប់ដែលងងឹតមើលទៅភ្លឺស្វាងឡើង តែប្រាកដណាស់ថាការចង់នាំយកឧបករណ៍ពិសេសបែបនេះមកព្យួរនៅក្នុងបន្ទប់ឱ្យស្អាតបាននោះ ត្រូវតែមានតិចនិក និងរឿងដែលគួរដឹងមួយចំនួន ទើបថ្ងៃនេះយើងបានជជែកជាមួយអ្នកជំនាញផ្នែកនេះដើម្បីសួរនាំពាក់ព័ន្ធនឹងការព្យួរកញ្ចក់នេះ មិនថាតែទីតាំងដែលត្រូវព្យួរ ឬការព្យួរឱ្យបានល្អស្អាតបែបអ្នកតុបតែងផ្ទះអាជីពក៏ដោយ។

    ត្រៀមខ្លួនមុនចាប់ផ្ដើមដាក់តាំង ឬព្យួរ

    លោកអ្នកត្រូវដឹងជាមុនសិនថា មិនមែនកញ្ចក់គ្រប់ប្រភេទសុទ្ធតែស័ក្តិសមក្នុងការនាំយកមកព្យួរនោះទេ យើងគួរជ្រើសរើសប្រភេទរបស់កញ្ចក់ និងរូបរាងទ្រង់ទ្រាយកញ្ចក់ដែលស័ក្តិសម។ ក្រៅពីនោះនៅត្រូវមកមើលពីរឿងឧបករណ៍សម្រាប់ព្យួរទៀតផង ព្រោះលោកអ្នកមិនអាចប្រើត្រឹមតែខ្សែមួយសរសៃជាមួយនឹងដែកថ្ពក់ ឬដែកគោលមួយដើមក្នុងការព្យួរកញ្ចក់នោះទេ ព្រោះវានឹងគ្មានសុវត្ថិភាព។ ក្នុងការព្យួរកញ្ចក់នេះ លោកអ្នកត្រូវបំពាក់ទំពក់ ឬវាយដែកគោលជាប់នឹងជញ្ជាំងឱ្យមានចំនួនស្មើនឹងរន្ធថ្ពក់នៅផ្នែកខាងក្រោយនៃផ្ទាំងកញ្ចក់។ សម្រាប់រឿងទីតាំងនែការព្យួរវិញ យើងណែនាំថា គួរព្យួរកញ្ចក់នៅលើជញ្ជាំងឱ្យខ្ពស់បន្តិច ហើយសេរេឱ្យកញ្ចក់រាងងោកមកខាងមុខបន្តិច ដើម្បីឱ្យឆ្លុះឃើញទិដ្ឋភាពរបស់បន្ទប់បានធំទូលាយ។

    ត្រូវព្យួរកញ្ចក់យ៉ាងណាល្អ?

    ក្នុងបន្ទប់ទឹក ៈ ជាធម្មតានៅក្នុងបន្ទប់ទឹក នៅខាងលើអាងឡាវ៉ាបូសម្រាប់លាងដៃ លុបមុខ តែងមានកញ្ចក់បែបគ្មានគែម ឬស៊ុមបំពាក់ជាប់នៅលើជញ្ជាំងស្រាប់ហើយ តែត្រង់នេះបើលោកអ្នកយកស៊ុមស្អាតៗទៅបំពាក់ជុំវិញកញ្ចក់នោះផង នឹងធ្វើឱ្យកាន់តែចង់សម្លឹងមើលខ្លាំងឡើងទៀត(វិធីនេះសន្សំសំចៃប្រាក់ជាងការដោះកញ្ចក់ចាស់នោះចេញ ហើយទិញកញ្ចក់ថ្មីយកមកដាក់ជំនួស)។

    នៅលើជញ្ជាំងដែលពិបាកចោះព្យួរ ៈ រឿងសំខាន់ក្នុងចំណុចនេះគឺ ត្រូវជ្រើសរើសប្រើដែកស្វានឱ្យត្រូវប្រភេទដែលសម្រាប់ចោះកែវ ចោះឥដ្ឋការ៉ូ ឬចោះជញ្ជាំងស៊ីម៉ង់ត៍ បន្ទាប់ពីនោះក៏ប្រើឧបករណ៍ដែលស័ក្តិសមសម្រាប់ព្យួរកញ្ចក់នៅលើទីនោះដូចដែលព្យួរនៅលើជញ្ជាំងទូទៅដែរ។

    នៅលើទ្វារ ៈ ជ្រើសរើសប្រើកញ្ចក់បែបពេញមួយជំហរ និងរៀបចំទីតាំងឱ្យសមល្មមនឹងទ្វារឱ្យខ្លាំងបំផុត ហើយប្រើឧបករណ៍ព្យួរកញ្ចក់មកចាត់ការឱ្យរៀបរយ។ ផ្នែកសំខាន់ដែលលោកអ្នកត្រូវសង្កេតគឺ ទ្វារដែលនឹងព្យួរកញ្ចក់នោះ ត្រូវធ្វើពីវត្ថុដែលមានសាច់រឹង ទើបបំពាក់រួមជាមួយឧបករណ៍ព្យួរកញ្ចក់បានយ៉ាងមានប្រសិទ្ធភាព។

    តើត្រូវព្យួរកញ្ចក់នៅក្នុងបន្ទប់ណាល្អ?

    – កញ្ចក់បែបស្អាតៗទំនើបៗ គួរព្យួរនៅក្នុងបន្ទប់ញ៉ាំបាយទើបស័ក្តិសមបំផុត ជាពិសេសបើលោកអ្នកមានចង្កៀងគោមរំយោលនៅលើពិតានចំកណ្ដាលបន្ទប់ផងនោះ វានឹងចាំងជះពន្លឺធ្វើឱ្យភ្លឺស្រស់ស្អាតទ្វេឡើង តែគួរប្រយ័ត្ន បើចង្កៀងគោមរំយោលនោះមានអំពូលភ្លើង កញ្ចក់អាចនឹងជះពន្លឺពីអំពូលភ្លើងធ្វើឱ្យចាំងភ្នែកបាន។

    – ទីកន្លែងនៅក្នុងផ្ទះដែលស័ក្តិនឹងការមានកញ្ចក់ខ្លាំងបំផុតគឺ បរិវេណបន្ទប់ធំផ្លូវចូលផ្ទះ ព្រោះវាមិនមែនត្រឹមតែធ្វើឱ្យស្អាតប៉ុណ្ណោះទេ តែនៅធ្វើឱ្យបន្ទប់នេះមើលទៅធំស្រឡះ និងមានពន្លឺភ្លឺល្អទៀតផង។

    គន្លឹះល្អៗ

    – បន្ទប់ដែលមានពិតានខ្ពស់ ស័ក្តិសមសម្រាប់កញ្ចក់បែបបញ្ឈរ ខណៈដែលបន្ទប់ដែលរាងទ្រវែង ស័ក្តិសមនឹងផ្ទាំងកញ្ចក់បែបផ្ដេក។

    – គិតឱ្យច្បាស់ជាមុនសិន បើចង់ព្យួរកញ្ចក់នៅក្នុងកន្លែងដែលមានការរើរុះជាប់ជានិច្ច និងបើចង់ព្យួរកញ្ចក់នៅលើក្បាលដំណេក លោកអ្នកគួរហៅអ្នកជំនាញមកបំពាក់ឱ្យ ព្រោះវានឹងមានសុវត្ថិភាពជាងលោកអ្នកបំពាក់ដោយខ្លួនឯង៕

  • G- Devid បង្ហើបទ្រនំរួមគ្នាជាមួយ ទេព បូព្រឹក្ស

    G- Devid បង្ហើបទ្រនំរួមគ្នាជាមួយ ទេព បូព្រឹក្ស

    កាលពីចុងខែសីហាកន្លងទៅ តារាចម្រៀងរ៉េបល្បីឈ្មោះក្នុងចង្កោមសិល្បៈកម្ពុជា G- Devid ទើបបង្ហោះរូបថតភ្ជាប់ជាមួយសារបង្ហើរឱ្យដឹងពីដំណឹងសង់ទ្រនំរួមគ្នាតារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលគ្រប់គ្នាស្គាល់ថាជាគូស្នេហ៍របស់លោកក្នុងថ្ងៃខួបអនុស្សាវរីយ៍៤ឆ្នាំ (4th Anniversary) របស់អ្នកទាំងពីរ។

    ជាក់ស្ដែង ប៉ុន្មានថ្ងៃក្រោយការបង្ហោះរបស់ G- Devid ស្រាប់តែ ទេព បូព្រឹក្ស ដែលជាគូស្នេហ៍ក៏បង្ហោះរូបថតលើហ្វេសប៊ុកភ្ជាប់ជាមួយពាក្យប្តីពេញៗមាត់ ធ្វើឱ្យយអ្នកគាំទ្រសង្ស័យកាន់តែខ្លាំងថាគូស្នេហ៍នេះអាចមានដំណឹងល្អឆាប់នេះក៏ថាបាន។

    ឆ្លើយតបការសង្ស័យនេះ តារាស៊ិចស៊ី ទេព បូព្រឹក្ស ទើបបង្ហោះសារមួយដោយរៀបរាប់យ៉ាងខ្លីឱ្យដឹងថា៖ «សំនួរដែលសួរខ្ញុំរាល់ថ្ងៃឱ្យតែពេលជួប មិត្តភក្តិ បងប្អូន អ៊ុំពូមីង ពេលណារៀបការ ?ឱ្យរៀបការមិច បើម្នាក់G-DevithDevith ដឹងកាលសុំខ្ញុំរៀបការផង »។

  • នៅពេលកូនតូចឈានចូលខែទី 6

    នៅពេលកូនតូចឈានចូលខែទី 6

    លក្ខណៈរបស់កូនតូចពេលចូលដល់ខែទី 6

    មកដល់ខែនេះ អ្នកម្ដាយអាចសង្កេតឃើញថា ទឹកដោះរបស់ខ្លួនដែលធ្លាប់តែបំបៅកូនគ្រប់គ្រាន់នោះ បែរជាតិចទៅៗ។ ក្នុងអំឡុងខែនេះអ្នកម្ដាយអាចឱ្យកូនមឹមទឹកដោះគោឆុងបាន តែក្មេងដែលធ្លាប់បៅដោះម្ដាយមករហូតនោះអាចនឹងមិនព្រមបៅទឹកដោះគោពីដប ដូច្នេះសាកល្បងដាក់ក្នុងពែងឱ្យញ៉ាំក៏បាន ដោយស្មានបរិមាណទឹកដោះគោតាមរយៈអត្រាកើនឡើងរបស់ទម្ងន់ខ្លួន។ កូន 6 ខែទម្ងន់នឹងកើនឡើងជាមធ្យមមួយថ្ងៃប្រមាណជា 15 ក្រាម បើក្នុង 10 ថ្ងៃទម្ងន់កើនឡើងត្រឹមតែ 120 – 130 ក្រាម។ សាកល្បងបន្ថែមទឹកដោះគោឱ្យទៀតមួយថ្ងៃ 2 ដប គួរឱ្យមឹមក្រោយពេលញ៉ាំអាហារបន្ថែម។ បើមិនព្រមបៅទឹកដោះគោ សាកល្បងឱ្យបៅទឹកសណ្ដែកលឿង និងបង្កើនបរិមាណអាហារបន្ថែម ដើម្បីឱ្យអាហារគ្រប់គ្រាន់ទៅនឹងតម្រូវការរបស់រាងកាយ។

    ក្មេងណាដែលធ្លាប់តែក្អួតចេញមកវិញក្រោយពេលបៅរួច មកដល់ខែនេះអាការនេះនឹងបាត់លែងមានហើយ។

    ដល់ពេលចាប់ផ្ដើមអាហារបន្ថែមហើយ

    គួរចាប់ផ្ដើមឱ្យញ៉ាំនៅពេលដែលកូនបង្ហាញកាយវិការថាចង់ញ៉ាំ ដូចជា លូកដៃមកស្រវាចាប់ស្លាបព្រា កម្រើកមាត់ឮសូរជុបចាប់ ជាដើម។ បើកូននៅមិនទាន់ដល់ពេលចង់ ទោះជាបញ្ចុក ក៏តែងតែប្រើអណ្ដាតទល់រុញចេញមកវិញដែរ និងមិនគួរបង្កើនបរិមាណអាហារបន្ថែមលឿនពេកទេ។ បើក្នុង 10 ថ្ងៃទម្ងន់ខ្លួនកើន 300 ក្រាមឡើងទៅ បង្ហាញថា កូនញ៉ាំអាហារច្រើនពេកហើយ និងមិនគួរបង្ខំឱ្យកូនញ៉ាំអាហារដែលមិនចូលចិត្តនោះទេ។ ចំណែកមូលហេតុដែលត្រូវឱ្យញ៉ាំអាហារបន្ថែមគឺ ទឹកដោះម្ដាយមានសារធាតុដែកកាន់តែតិចទៅ និងវិធីការពារជំងឺឈាមស្លេកដោយសារខ្វះសារធាតុដែកគឺ ញ៉ាំអាហារបន្ថែមដោយចាប់ផ្ដើមពីបបរកិនម៉ដ្ឋនៅពេលអាយុ 6 ខែ ហើយផ្លាស់ទៅជាបបរធម្មតានៅពេលអាយុ 7 – 8 ខែ និងបាយដូចមនុស្សធំនៅពេលអាយុបាន 1 ឆ្នាំ។

    គោលការណ៍សំខាន់ក្នុងការឱ្យញ៉ាំអាហារបន្ថែម

    – ឱ្យញ៉ាំអាហារណាដែលកូនចូលចិត្តដោយមិនបង្ខំ។ អាយុ 6 ខែ គួរឱ្យមួយថ្ងៃ 1 ពេល លើកលែងតែបៅទឹកដោះម្ដាយមិនគ្រប់គ្រាន់ និងមិនព្រមបៅទឹកដោះគោ។

    – ឱ្យញ៉ាំមុនពេលបៅ និងមិនចាំបាច់ឱ្យញ៉ាំនៅពេលព្រឹកជានិច្ចនោះទេ ដូចជាចាប់ផ្ដើមពីម៉ោង 10ៈ00 ជាដើម ព្រោះបើសិនកើតអាការរាករូសដោយសារអាហារមិនស្អាត នឹងបាននាំទៅពេទ្យបានងាយស្រួលជាងនៅពេលល្ងាច។

    – ចាប់ផ្ដើមពី 1 – 2 ស្លាបព្រាកាហ្វេ បើមិនចូលចិត្តស៊ុនមាន់ស្ងោរ សាកល្បងធ្វើជាទឹកសម្លស្ងោរពងមាន់ក៏បាន។

    – ពេលញ៉ាំបបរកិនជាមួយស៊ុតបានពូកែហើយ ចាប់ផ្ដើមឱ្យញ៉ាំបន្លែកិន ដោយចាប់ផ្ដើមពី ល្ពៅស្ងោរកិន ដំឡូងបារាំងស្ងោរកិន និងការ៉ុតស្ងោរកិនជាដើម។

    – ប្រកាន់យកភាពងាយស្រួល គឺមិនធ្វើអាហារសម្រាប់តែកូនតូចជាពិសេសទេ តែជ្រើសរើសយកពីអាហារដែលធ្វើឱ្យមនុស្សធំញ៉ាំ និងបែងឱ្យកូនតូចញ៉ាំ។

    – បើបានទទួលទឹកម្ដាយមិនគ្រប់គ្រាន់ និងមិនព្រមបៅទឹកដោះគោ ហើយទម្ងន់ខ្លួនកើនឡើងតិចជាងមួយថ្ងៃ 10 ក្រាម គួរជ្រើសរើសអាហារដែលមានកាឡូរីខ្ពស់ ដូចជា ស៊ុតក្រហម ថ្លើមស្ងោរកិន សាច់ស្ងោរកិន សាច់ត្រី និងសាច់មាន់។ល។

    – អាហាររបស់មនុស្សធំដែលកូនតូចក្នុងវ័យនេះអាចញ៉ាំបានគឺ អាហារស៊ុតទាំងឡាយ សម្លស្ងោរធម្មតាទូទៅ និងស៊ុបផ្សេងៗ តៅហ៊ូ សាច់ត្រី សាច់គោ សាច់ជ្រូក សាច់មាន់ស្ងោរផុយ និងបន្លែស្ងោរជាដើម។

    អាការដែលអាចកើតឡើង

    – រាករូស

    កូនអាចបន្ទោបង់មករាវ ព្រោះមានមេរោគបាក់តេរី ឬមេរោគវីរុសដោយសារអាហារមិនស្អាតគ្រប់គ្រាន់។ ពេលកូនរាក ក៏អាចមានក្ដៅខ្លួន អារម្មណ៍មិនល្អ មិនព្រមបៅទឹកដោះ និងក្អួតជាដើម។ បើរាកដោយសារអាហារមិនស្អាតគ្រប់គ្រាន់ គួរធ្វើឱ្យបានស្អាត មានអនាម័យ ឬបើកូនមិនដែលបានទទួលអាហារបែបនោះពីមុន នៅពេលញ៉ាំហើយរាក ចូរបញ្ឈប់អាហារនោះ រហូតដល់ពេលបាត់រាក សឹមឱ្យញ៉ាំជាថ្មីដោយបន្ថយបរិមាណអាហារចុះឱ្យនៅសល់ពាក់កណ្ដាល។ តែបើនៅតែរាកមិនបាត់ ចូរប្រញាប់នាំកូនតូចទៅមន្ទីរពេទ្យ។

    – ក្អកញឹកញាប់

    នៅពេលអាការប្រែប្រួល កូនអាចមានអាការក្អក បើក្អកនៅពេលព្រលប់ អាចមានក្អួតទៀតផង បើវាស់សីតុណ្ហភាពហើយឃើញមិនមានក្ដៅខ្លួន កូនមិនយំរករឿង នៅលេងធម្មតា នៅបៅទឹកដោះបានធម្មតានោះបញ្ជាក់ថាកូនតូចមិនមានកើតអ្វីធ្ងន់ធ្ងរទេ។ អំឡុងពេលដែលកូនក្អកគួរចៀសវាងការងូតក្នុងពេលដែលមានធាតុអាកាសត្រជាក់ ព្រោះនឹងធ្វើឱ្យកើតស្លេស្ម៍ឡើងច្រើន។ គួរងូតទឹកឱ្យកូននៅពេលរសៀលៗ និងនាំកូនចេញទៅសំដិលថ្ងៃនៅខាងក្រៅផ្ទះដោយមិនបាច់ស្លៀកសម្លៀកបំពាក់ក្រាស់ឱ្យទេដើម្បីឱ្យសុខភាពស្បែករបស់កូនបានរឹងប៉ឹង។

    -យំរករឿងនៅពេលយប់

    មានមិនតិចទេដែលក្នុងមួយយប់ៗកូនភ្ញាក់យ៉ាងតិច 2 – 3 ដងនោះ។ មានក្មេងតិចណាស់ដែលស្រែកយំរំខានព្រោះឃ្លាន ដូច្នេះគួរបន្ថែមបរិមាណទឹកដោះគោឱ្យច្រើនឡើង ឬបន្ថែមពេលបៅនៅពេលយប់មួយពេលទៀតក៏បាន។

    – កើតបូសនៅលើក្បាល

    ក្មេងដែលស្បែកក្បាលរលាកក្លាយ ពេលអេះយូរទៅនឹងដាច់រលាត់ និងមានមេរោគចូលក្លាយជាបូស។ ក្មេងខ្លះអាចកើតពេញក្បាល និងច្រើនតែមានគ្រុនក្ដៅខ្លួនរួមជាមួយផង ហើយយំរករឿងរំខាន ដូច្នេះត្រូវការពារទុកជាមុនដោយការកាត់ក្រចកដៃកូនឱ្យខ្លីជាប់ជានិច្ច ឧស្សាហ៍ប្ដូរស្រោមខ្នើយ និងគួរប្រញាប់ព្យាបាលឱ្យឆាប់ជា។

    វិវឌ្ឍនាការរបស់កូនតូច

    . រាងកាយ

    -ក្រឡាប់បានកាន់តែចំណានឡើង និងចាប់ផ្ដើមចេះលូនទៅខាងមុខ ឬមកក្រោយបានខ្លះហើយ។

    – ចេះអង្គុយទប់លំនឹងខ្លួនបានល្អ និងបានយូរហើយ តែត្រូវមានអ្វីមកទល់ទប់ពីក្រោយ ព្រោះអាចនឹងផ្ងារក្រោយបានយ៉ាងងាយ។

    – អាចកាន់ដបទឹកដោះគោបាន ចាប់របស់លេងបាន និងដូរពីដៃម្ខាងទៅដៃម្ខាងបានយ៉ាងស្រួល។

    – ចេះបញ្ចេញសំឡេងបានច្រើនបែបហើយ ដោយចាប់ផ្ដើមបញ្ចេញសំឡេងដែលមានតួព្យញ្ជនៈ។

    – ស្រវាចាប់អ្វីមួយបានចំៗ ហើយចេះលែងឱ្យធ្លាក់ទៅវិញបាន។

    – ពេលគេងផ្ងារចូលចិត្តយកដៃចាប់ជើងលេង ឬយកជើងមកបៀម។

    – ក្មេងខ្លះអាចនឹងចាប់ផ្ដើមមានដុះធ្មេញឡើងមក ឬមានអាការរមាស់អញ្ចាញធ្មេញខ្លះហើយ។

    សង្គមជុំវិញខ្លួន

    – ចេះធ្វើត្រាប់តាមឥរិយាបថ ឬទឹកមុខរបស់មនុស្សជុំវិញខ្លួន។

    – ចេះញែកថា នរណាជាមនុស្សចាស់ ឬនរណាជាកូនក្មេង។

    – បញ្ចេញសំឡេងស្រែកនៅពេលត្រូវការជំនួយ តែជាការបញ្ចេញសំឡេងស្រែកបែបមានន័យ។

    – ចូលចិត្តលេងជាមួយអ្នកដទៃច្រើនឡើង។

    – ចូលចិត្តឈោងដៃទៅចាប់មុខក្មេងៗដូចគ្នា។

    លេងជាមួយកូនញឹកញាប់

    កូនតូចក្នុងវ័យនេះមានការចាប់អារម្មណ៍លើអ្វីជុំវិញខ្លួនច្រើន ដូច្នេះនៅថ្ងៃណាដែលធាតុអាកាសល្អ អ្នកម្ដាយសាកល្បងរកកន្លែងណាមួយនៅខាងមុខផ្ទះ ឬនៅលើវាលស្មៅ ក្រាលកន្ទេល ហើយដាក់កូនតូចឱ្យគេងផ្កាប់លេង មើលដើមឈើ ស្លឹកស្មៅ ឬមនុស្សដែលដើរទៅមកនៅមុខផ្ទះ។ កូននឹងមានអារម្មណ៍សប្បាយរីករាយ និងព្យាយាមរំកិលខ្លួនទៅខាងមុខ ដូចជាការហាត់ប្រាណម្យ៉ាងដែរ តែបើកូនតូចរបស់អ្នកជាក្មេងដែលមិនសូវកម្រើក គួរបង្ហាត់ឱ្យធ្វើកាយវិការតាមរយៈការលេងជាមួយកូនខ្លះផង។

    ក្នុងវ័យនេះ នៅពេលកូនចាប់ផ្ដើមចេះធ្វើចលនាបានច្រើនឡើង ឧប្បត្តិហេតុក៏ងាយនឹងកើតឡើងដែរ ជាពិសេសការធ្លាក់ពីលើគ្រែ និងត្រូវប្រយ័ត្នមិនឱ្យមានវត្ថុគ្រោះថ្នាក់ណាមួយនៅក្បែរខ្លួនឱ្យសោះពេលដាក់កូននៅលើកម្រាលឥដ្ឋ មិនថាគេងលក់ ឬភ្ញាក់នោះឡើយ។ ត្រូវប្រមូលទុកដាក់របស់របរជុំវិញខ្លួនឱ្យអស់ ជាពិសេសរបស់គ្រោះថ្នាក់ដូចជា បារី កន្ទុយបារី ឈើគូស ខ្សែក្រវាត់ ម្ជុល ផ្លែឡាម ថ្នាំគ្រាប់ ឡេវអាវ កាក់ ធុងទឹកក្ដៅ ប្រអប់ធូបមូស និងរបស់លេងក៏មិនគួរជារបស់ដែលមានជ្រុងស្រួចៗ ឬផ្លាស្ទិកស្រួយៗដែលងាយបែកបាក់នោះដែរ ទាំងអស់នេះគឺសុទ្ធតែដើម្បីសុវត្ថិភាពរបស់កូនសម្លាញ់ក្នុងវ៍យនេះ៕

  • បន្ទាប់ពីបានឡើងបង្ហាញខ្លួននៅលើឆាកប្រកួតបវរកញ្ញាលំដាប់ពិភលោក នារីម្នាក់ត្រូវគេចាប់អារម្មណ៍រឿងអាស្រូវឡើងវិញ

    បន្ទាប់ពីបានឡើងបង្ហាញខ្លួននៅលើឆាកប្រកួតបវរកញ្ញាលំដាប់ពិភលោក នារីម្នាក់ត្រូវគេចាប់អារម្មណ៍រឿងអាស្រូវឡើងវិញ

    ក្នុងប៉ុន្មានថ្ងៃនេះ អ្នកនាង គង់ សុត្រាវី ដែលត្រូវគេស្គាល់គឺជាម្ចាស់សម្អាងការម្កុដមាសខ្មែរ ទទួលបាននូវការសរសើរយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាង បានក្លាយជាអ្នកឧបត្ថម្ភកម្មវិធីប្រកួតសម្រស់ធំមួយ ហើយត្រូវបានម្ចាស់កម្មវិធីលើកមុខលើកមាត់ក្នុងនាមជាអ្នកជ្រោមជ្រែងកម្មវិធី និងបន្ទាប់ពីអ្នកនាង បង្អួតមុខជំនួញជាច្រើនអមដោយការប្រកាសថា ជោគជ័យគ្រប់ផ្នែក។ អមដោយសារសរសើរពីសម្រស់ផង និង ពីជោគជ័យផង អ្នកនាងក៏ត្រូវអ្នកលេងហ្វេសប៊ុកមួយចំនួនចាប់អារម្មណ៍ឡើងវិញ ជុំវិញរឿងអាស្រូវដែលធ្លាប់កើតមានចំពោះអ្នកនាងនាពេលកន្លងមកនោះផងដែរ។ ការកម្រើកឡើងវិញនៅរឿងអាស្រូវដែលស្ងប់បាត់នេះ គឺអាចមកពីអ្នកនាងលេចធ្លោម្ដងទៀត នៅក្នុងបណ្ដាញសង្គមក្នុងប៉ុន្មានថ្ងៃនេះ។

    មនុស្សតិចណាស់មិនដឹងពីរឿងអាស្រូវរបស់ អ្នកនាង គង់ សុត្រាវី កាលពីអំឡុងចុងខែវិច្ឆិកា ក្នុងឆ្នាំ2018 ដោយសារតែក្នុងពេលនោះ អ្នកនាងត្រូវគេទម្លាយរួបថតលើគ្រែជាមួយនឹងឧកញ៉ាល្បីឈ្មោះម្នាក់ ហើយក៏ត្រូវភរិយាស្របច្បាប់របស់លោកឧកញ៉ានោះ ទម្លាយសារ និង ឯកសារជាច្រើន បញ្ជាក់ថា អ្នកនាង មានបានដោយសារតែបានពាក់ព័ន្ធនឹងលុយច្រើនម៉ឺនដុល្លារ ដែលលោកឧកញ៉ានោះ បានបោកពីដៃគូជំនួញ។ មកទល់ពេលនេះ ឧកញ៉ាដែលអ្នកនាងមានរឿងអាស្រូវ នៅតែជាប់ផ្លូវច្បាប់ជុំវិញការបាត់លុយរាប់លានដុល្លារ បន្ទាប់ពីមានបណ្ដឹងដោយអ្នកនាង គង់ សុត្រាវី ក៏ត្រូវគេសង្ស័យថា គឺជាអ្នកទទួលផលពីប្រាក់ដែលបាត់រាប់លានដុល្លារផងដែរក្នុងពេលអ្នកនាង ត្រួវបានគេដឹងថា បានពាក់ព័ន្ធនឹងឧកញ៉ា ដែលមានបណ្ដឹងនោះ ទើបធ្វើអោយអ្នកនាងមានប្រាក់ខ្ទង់លានដុល្លារ បើកហាងកែសម្ផស្សផង និង ពង្រីកសម្អាងការផង។ អំឡុងពេលមានរឿងអាស្រូវនោះ ភរិយាស្របច្បាប់របស់លោកឧកញ៉ាដែលចោទថា អ្នកនាងគឺជាជនទី3 បានទាំងព្រមានប្ដឹងអ្នកនាងនិងសើរើទ្រព្យសម្បត្តិដែលអ្នកនាងមានក្នុងមុខជំនួញទាំងឡាយ ព្រោះតែចោទថាអ្នកនាងមានទ្រព្យច្រើនព្រោះតែឧកញ៉ានោះផ្ដល់ឱ្យនោះផង។ ដូច្នេះហើយ ទើបអ្នកនាង គង់ សុត្រាវី រងការអាម៉ាស់ដល់ថ្នាក់មិនតបត និង បាត់មុខពីក្នុងសង្គមមួយរយៈ ដោយសូម្បីតែគម្រោងសម្ពោធហាងកែសម្ផស្សដែលគ្រោងធ្វើឡើងនៅដើមឆ្នាំ2019 ក៏ត្រូវលុបចោល ហើយការចេញមុខក្នុងសកម្មភាពសង្គមនានាគឺមិនសូវដូចមុន។ អ្នកនាងទើបតែមានសកម្មភាពលេចមុខលេចមាត់ក្នុងមួយរយៈចុងក្រោយប៉ុណ្ណោះ ដោយក្នុងកម្មវិធីប្រកួតសម្រស់ធំមួយនៅផ្សារទំនើបAEon2 កាលពីថ្ងៃទី4 កញ្ញា ឆ្នាំ2020 គឺជាវេទិកាដែលជួយលើកមុខអ្នកនាង ឱ្យមានកិត្តិយសក្នុងស្រទាប់មហាជន តែក៏ជាវេទិកាដែលធ្វើឱ្យអ្នកនាង ត្រូវគេនឹកឃើញរឿងអាស្រូវដែលធ្លាប់បោកបក់ផងដែរ។

    នៅលើហ្វេសប៊ុកផ្លូវការ អ្នកនាង គង់ សុត្រាវី កាលពីប៉ុន្មានម៉ោងមុនអ្នកនាងបានបង្ហាញពីមុខជំនួញជោគជ័យរបស់ខ្លួនទាំងមុខជំនួញសម្អាងការ ហាងកាត់ដេរ ហាងកែសម្ផស្ស និង ជំនួញធំៗផ្សេងទៀត ដោយទទួលបាននូវការស្ញើចសរសើរ។ ប៉ុន្តែទន្ទឹមនឹងការស្ញើចសរសើរ គេឃើញមនុស្សមួយចំនួនលើកឡើងនូវរឿងអាស្រូវរបស់អ្នកនាង យ៉ាងគួរឱ្យចាប់អារម្មណ៍។ យ៉ាងណាមិញ អ្នកនាង គង់ សុត្រាវី មិនតបត នឹងអ្នកគាស់រំលើងរឿងអាស្រូវដែលធ្លាប់កើតមានកន្លងមកនោះទេ ខណៈដែលអ្នកនាង បានត្រឹមតែរក្សាភាពស្ងាត់ស្ងៀម នៅពេលដំណឹងអាក្រក់រឿងញេចោទថា យកប្ដីគេ និង មានបានដោយសារឧកញ៉ាម្នាក់នោះផ្ដល់ឱ្យច្រើន ត្រូវបានគេគាស់កកាយឡើង។ អ្នកនាងក៏ទំនងនឹងរងការអាម៉ាស់ម្ដងទៀតផងដែរ បន្ទាប់ពីទើបតែលេចធ្លោរនៅក្នុងសង្គមជាន់ខ្ពស់ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែរឿងអាស្រូវកម្រើកមកបោកបក់បែបនេះ៕

  • ដឹងច្បាស់ហើយ! កូនដំបូងរបស់តារាសម្ដែងស្រី ម៉ាក សែនសូនីតា (តូតា) ជាកូន…

    ដឹងច្បាស់ហើយ! កូនដំបូងរបស់តារាសម្ដែងស្រី ម៉ាក សែនសូនីតា (តូតា) ជាកូន…

    យោងតាមរូបថតដែលបង្ហោះ និងការរៀបរាប់យ៉ាងខ្លីរបស់អនាគតអ្នកម៉ាក់សម័យថ្មី តូតា អាចបញ្ជាក់បានយ៉ាងច្បាស់ថា ដំណក់ឈាមដំបូងរវាង តូតា ជាមួយលោក ប៉ុល វិបុល គឹជាកូនពូជ ទោះបីអ្នកម្តាយរូបនេះមិនសរសេរបញ្ជាក់ច្បាស់ៗយ៉ាងណាក្តី។ ប៉ុន្មានម៉ោងមុននេះ លើគណនីអ៊ីនស្រា្តក្រាមរបស់អនាគតអ្នកម្តាយ ម៉ាក សែនសូនីតា បានបង្ហោះរូបថតចំនួនបីសន្លឹកភ្ជាប់ជាមួយពាក្យថា៖ «អ៊ុំៗពូមីងឃើញរូបប៉ាៗម៉ាក់ៗអូនថតstyle ដឹងហើយណាថាអូនភេទអី…👶🏻🤰» ធ្វើឱ្យមហាជនចប់មន្ទិលដែលសង្ស័យមកជាយូរ ថាតើកូនក្នុងផ្ទៃរបស់តារាស្រីរូបនេះជាភេទអ្វី?

    មិនយូរប៉ុន្មានក្រោយអ្នកម្តាយរូបនេះបង្ហោះជាសាធារណៈឱ្យមហាជនដឹងពីភេទរបស់កូនក្នុងផ្ទៃ មានតារាស្រីដែលជាមិត្តរួមអាជីព និងបច្ចុប្បន្នកំពុងជាអ្នកម្តាយដូចគ្នាដូចជា សារ៉ាយ សក្ខណា បាន Comment សរសេរថា៖ « Hi boy 😘» ចំណែកអ្នកម្តាយចំនូលថ្មី សម ម៉ាណា ក៏សរសេរដែរថា៖ «ម៉ាក់ៗត្រៀមទៅមើលតែប៉ាកាន់បាល់ក៏ដឹងថាប៉ាៗយកអោយគ្រប់ជើងទាត់បាល់ដែល🤣🤣»។

    យ៉ាងណាមិញ តារាសម្ដែងស្រី តូតា ជាតារាស្រីម្នាក់ក្នុងចំនោមតារាស្រីដែលមានសំណាងក្រោយពេលរៀបការមានគ្រួសារ ដែលមានស្វាម៉ីស្រលាញ់យកចិត្តទុកដាក់។ ត្បិតមិនប្រឡូកសិល្បៈពេញទំហឹងដូចមុនក៏ពិតមែន ប៉ុន្តែ តូតា នៅតែជាទីចាប់អារម្មណ៍របស់មហាជន អ្នកគាំទ្រដដែរ។ បច្ចុប្បន្ន អនាគតអ្នកម្តាយរូបនេះ កំពុងជោគជ័យខ្លាំងលើការងារជំនួញជាច្រើនមុខជំនួសឲ្យការងារសិល្បៈដែលកំពុងរយាលដៃ៕

  • ស្លៀកពាក់ទៅប្រសូតបែបណាត្រឹមត្រូវ និងបែបណាមិនគួរស្លៀក

    ស្លៀកពាក់ទៅប្រសូតបែបណាត្រឹមត្រូវ និងបែបណាមិនគួរស្លៀក

    បើស្រ្តីមានគភ៌ជិតប្រសូតកំពុងរៀបចំកាបូបខោអាវត្រៀមខ្លួនទៅប្រសូត និងត្រៀមរបស់របរប្រើប្រាស់ដែលចាំបាច់ៗសម្រាប់ខ្លួនឯង និងកូនតូចនោះ នៅមានរឿងសំខាន់ម្យ៉ាងទៀតដែលស្រ្តីមានគភ៌មិនគួរភ្លេចភ្លាំង នោះគឺ ការស្លៀកពាក់តែងខ្លួនទៅប្រសូត។ ដូច្នេះយើងនាំគ្នាមកមើលថា តើត្រូវស្លៀកពាក់តែងខ្លួនយ៉ាងណាឱ្យស័ក្តិសម សមរម្យ និងងាយស្រួលទាំងម្ដាយ និងកូនដូចតទៅ។

    គួរ ឬមិនគួរ…តើត្រូវស្លៀកពាក់តែងខ្លួនបែបណានៅថ្ងៃឆ្លងទន្លេ?

    អំឡុងពេលនេះជាអំឡុងពេលដែលច្របូកច្របល់ និងរហេនរហន់ខ្លាំងបំផុត បើកើតអាការបែកទឹកភ្លោះបែបទាន់ហន់ដោយមិនបានដឹងខ្លួនមុនផងនោះ ហ្នឹងគឺជាការបញ្ជូនសញ្ញាថា ពេលប្រសូតបានមកដល់ហើយ ដូច្នេះសម្លៀកបំពាក់ដែលត្រៀមទុកសម្រាប់ស្លៀកទៅប្រសូតសំខាន់បំផុតនាពេលនេះ ៈ

    គួរ ៈ ជាឈុតដែលងាយស្រួលស្លៀកពាក់ សាច់ក្រណាត់ពាក់ទៅស្រួល និងដែលសំខាន់គឺ ស្រ្តីមានគភ៌គួរតែត្រៀមការទុកជាមុនដោយការរៀបចំឈុតសម្រាប់ស្លៀកពេលទៅប្រសូតព្យួរទុកជាស្រេច។

    មិនគួរ ៈ សម្លៀកបំពាក់ដែលមានខ្សែរណេងរណោង មានឡេវច្រើន ឬត្រូវរូតខ្សែរូតចុះឡើង ព្រោះនៅពេលទៅដល់មន្ទីីរពេទ្យ អ្នកនឹងត្រូវផ្លាស់ស្លៀកឈុតរបស់មន្ទីរពេទ្យហើយ។

    គ្រឿងតុបតែង ឬគ្រឿងអលង្ការ

    គួរ ៈ ក្នុងអំឡុងពេលដ៏សែនកោលាហលនេះ បណ្ដាគ្រឿងអលង្ការដែលស្រ្តីមានគភ៌ធ្លាប់ពាក់ មិនថាតែក្រវិល ខ្សែក ឬចិញ្ចៀន-ល- គួរតែដោះទុកសិន ព្រោះក្រៅពីមិនចាំបាច់សោះក្នុងអំឡុងហ្នឹងហើយ អាចនឹងធ្វើឱ្យកើតមានគ្រោះថ្នាក់ដល់ខ្លួនឯង ឬអាចនឹងរបូតជ្រុះបាត់ក៏មាន។

    មិនគួរ ៈ មិនគួរពាក់គ្រឿងអលង្ការមានតម្លៃថ្លៃៗ ដូចជា ពេជ្រ មាស-ល- ព្រោះអាចធ្វើឱ្យបាត់បង់ដោយមិនដឹងខ្លួនបាន។

    លាបថ្នាំក្រចក? អត់ទេណា៎ កុំ!

    គួរ ៈ ក្នុងអំឡុងពេលដែលគ្រូពេទ្យត្រូវពិនិត្យមើលកម្រិតអុកស៊ីហ្ស៊ែនក្នុងរាងកាយ ដំណាក់កាលដំបូងគ្រូពេទ្យនឹងពិនិត្យមើលការប្រែប្រួលរបស់ពណ៌ក្រចក។ ដូច្នេះសូមអ្នកគិតទៅមើល ចុះបើក្រចកពណ៌ក្រហម បៃតង លឿងវិញនោះ តើវានឹងធ្វើឱ្យការធ្វើការរបស់គ្រូពេទ្យពិបាកប៉ុនណាទៅ? ដូច្នេះដើម្បីសុវត្ថិភាព និងការធ្វើការងាររបស់ក្រុមគ្រូពេទ្យមានភាពងាយស្រួល គួរតែលាងសម្អាតថ្នាំក្រចកចេញឱ្យស្អាត។

    មិនគួរ ៈ បច្ចុប្បន្នការតុបតែងក្រចក លាបពណ៌ក្រចកឱ្យស្អាតៗ មានច្រើនម៉ូដច្រើនម៉ាក តែ ចូរកុំសោកស្ដាយដែលត្រូវលាងវាចេញនោះ ព្រោះពេលនេះ វាជារឿងមួយដែលមិនចាំបាច់ទាល់តែសោះ។

    បន្ថែម ៈ ត្រៀមរៀបចំកាបូបខោអាវពេលទៅប្រសូត

    សម្រាប់អ្នកម្ដាយ

    1 . ប័ណ្ណពិនិត្យគភ៌ និងអត្តសញ្ញាណប័ណ្ណ

    2 . ឈុតខាងក្នុង និងសំឡីអនាម័យ ៈ អាវទ្រនាប់ សម្រាប់ពាក់នៅថ្ងៃត្រឡប់ទៅផ្ទះវិញ គួរតែជាអាវទ្រនាប់ដែលងាយស្រួលបើកឱ្យកូនតូចបោះដោះបានស្រួល។ ខោទ្រនាប់ គួរត្រៀមខោទ្រនាប់រាងធំៗជាងខ្លួនបន្តិច និងមានពណ៌ដិតៗឱ្យបានច្រើន សម្រាប់ស្លៀកពេលគេងសម្រាកក្រោយពេលប្រសូតនៅមន្ទីរពេទ្យ។ គួរជ្រើសរើសប្រើខោទ្រនាប់បែបស្លៀកទៅស្រួលសប្បាយខ្លួន ធូររលុងៗដើម្បីឱ្យខ្យល់អាកាសចេញចូលស្រួល។

    3 . សម្លៀកបំពាក់សម្រាប់អ្នកម្ដាយស្លៀកពេលចេញពីមន្ទីរពេទ្យ

    4 . ស្បែកជើងផ្ទាត់

    សម្រាប់កូនតូច

    1 . ក្រណាត់កន្ទបស្អាតៗ

    2 . ខោអាវកូនតូចខ្នាតទើបនឹងកើត ស្រោមដៃ ស្រោមជើង និងមួក

    3 . កន្សែងសម្រាប់រុំខ្លួនកូនត្រឡប់ទៅផ្ទះ

    ត្រៀមខ្លួនរួចរាល់ហើយមែនទេសម្រាប់ការត្រៀមខ្លួនទៅប្រសូត? សូមឱ្យអ្នកម្ដាយ និងកូនតូចមានសុខភាពរឹងប៉ឹង និងកុំភ្លេចស៊ែររូបកូនតូចមកឱ្យអ្នកគ្រូ ឆវី បានមើល និងជួយត្រកអរផងណា៎ចា៎ស៕

  • របស់របរ 10 យ៉ាងនៅក្នុងផ្ទះដែលគួរផ្លាស់ប្ដូរស្វាគមន៍ឆ្នាំថ្មី

    របស់របរ 10 យ៉ាងនៅក្នុងផ្ទះដែលគួរផ្លាស់ប្ដូរស្វាគមន៍ឆ្នាំថ្មី

    មិនយូរប៉ុន្មានទៀតទេក៏នឹងផុតឆ្នាំចាស់ ឈានចូលឆ្នាំថ្មីម្ដងទៀតហើយ ឡារ៉ែនជឿថាបងៗស្រ្តីមេផ្ទះទាំងឡាយនឹងត្រូវត្រៀមការរៀបចំតុបតែងផ្ទះសំបែងទទួលស្វាគមន៍ឆ្នាំថ្មីសកលជាមិនខាន ហើយបើសិនបងៗចង់ធ្វើការជម្រះភាពចាស់ៗពីក្នុងផ្ទះដើម្បីឱ្យអ្វីៗវាថ្មីដូចគ្នានឹងឆ្នាំថ្មីដែរនោះ វត្ថុ 10 យ៉ាងតទៅនេះ គឺជាអ្វីដែលបងៗគួរតែផ្លាស់ប្ដូរដើម្បីស្វាគមន៍ឆ្នាំថ្មីហើយ។

    1 . ខ្នើយ ៈ ការពិតទៅ យើងគួរតែផ្លាស់ប្ដូរខ្នើយដែលយើងកើយរៀងរាល់ 1 ទៅ 2 ឆ្នាំម្ដង ព្រោះខ្នើយគឺជាវត្ថុដែលប្រមូលសន្សំកោសិកាដែលងាប់ហើយ រួមទាំងជាទីស្នាក់នៅរបស់ធូលីដី និងមេរោគផ្សិតទៀតផង ដូច្នេះទើបវាជារឿងល្អណាស់ បើយើងនាំគ្នាផ្លាស់ប្ដូរខ្នើយថ្មី ដើម្បីឱ្យស្អាតស្រស់ស្រាយ និងមានអនាម័យល្អ។

    2 . ពូក ៈ អាយុការប្រើប្រាស់របស់ពូកស្ថិតក្នុងរយៈពេល 7 ដល់ 10 ឆ្នាំ។ ពូករបស់យើងមានការខូចខាតសភាព ដូចជាដាច់រហែក ពុកផុយជាដើម។ បើសិនជាបងៗស្រ្តីមេផ្ទះភ្ញាក់ពីដំណេកឡើងព្រមជាមួយអាការឈឺខ្នង ឈឺចង្កេះនោះ វាអាចជាការបញ្ជាក់ថា ដល់ពេលដែលត្រូវផ្លាស់ពូកថ្មីហើយ។ ជាទូទៅ នៅពេលដែលពូកគេងមានអាយុការប្រើការលើស 7 ឆ្នាំ វាច្រើនតែលែងផ្ដល់ភាពស្រួលសប្បាយដូចកាលពីទើបប្រើថ្មីៗហើយ។

    3 . អេប៉ុងលាងចាន ៈ អាយុការប្រើការរបស់អេប៉ុងលាងចានស្ថិតក្នុងរយៈពេលប្រមាណជា 1 ខែ តែវាក៏អាស្រ័យលើការប្រើការថា តើប្រើច្រើនតិចប៉ុនណាដែរ? បើសិនប្រើញឹកញាប់ និងមើលឃើញថា មានក្លិន ឬប្រែពណ៌ ទោះជាប្រើការមិនទាន់បាន 1 ខែក៏ដោយ ក៏ល្មមសមគួរប្ដូថ្មីហើយ។

    4 . ជ្រុញ ៈ បងៗស្រ្តីមេផ្ទះគួរតែប្ដូរជ្រុញហើយនៅពេលមើលឃើញថា វាមានការខូចខាត ក្រៅពីនោះ យើងគួរតែបែងចែកប្រភេទជ្រុញទៅតាមអាហារដែលយើងហាន់ ដើម្បីពន្យារអាយុប្រើការ។ ជ្រុញមិនចាំបាច់លាងដោយទឹកក្ដៅ និងសាប៊ូលាងចានទេពេលប្រើប្រាស់រួច និងបើសង្កេតឃើញមានស្នាមកំណក ឬចាស់ពេលហើយ ក៏ត្រូវតែប្ដូរថ្មីហើយ។

    5 . កន្សែងពោះគោ(ជូតខ្លួន) ៈ ជាប្រក្រតីយើងគួរប្ដូរកន្សែងជូតខ្លួនថ្មីរៀងរាល់ 2 ឆ្នាំម្ដង តែបើឃើញថា វាមានក្លិន និងលែងស្អាតហើយទោះជាបោកហើយ និងមិនទាន់ដល់ 2 ឆ្នាំក៏ដោយនោះ ក៏គួរតែប្ដូរថ្មីហើយ ឯកន្សែងចាស់នោះគួរយកទៅធ្វើជាកន្ទបជូតជើងក៏បាន។

    6 . ថ្នាំផ្សេងៗដែលផុតកំណត់ ៈ បងៗស្រីមេផ្ទះគួរយកថ្នាំសង្កូវមកពិនិត្យមើលថ្ងៃផុតកំណត់ឱ្យបានញឹកញាប់ បើរកឃើញថា ថ្នាំដែលយើងទិញយកមកទុកព្យាបាលបណ្ដោះអាសន្ននៅក្នុងផ្ទះនោះផុតកំណត់ហើយ គួរតែយកទៅបោះចោលភ្លាមទើបជាការល្អ។

    7 . ប៊ិចដែលអស់ទឹក ឬសរសេរលែងចេញ ៈ មនុស្សជាច្រើនចូលចិត្តរក្សាទុកប៊ិចពីកន្លែងផ្សេងៗធ្វើអនុស្សាវរីយ៍ ដូចជាប៊ិចដែលបានមកពីពិធីសិក្ខាសាល សណ្ឋាគារ ឬពីអ៊ីវឹនផ្សេងៗ តែប៊ិចទាំងអស់នោះ បើទុកយូរឆ្នាំទៅ វានឹងខូចគុណភាព ដូច្នេះចូរបងៗសាកល្បងប្រមូលយកមកសរសេរលមើល បើសរសេរលែងចេញហើយ ក៏គួរតែបោះចោលហើយ។

    Tactile Turn EiMIM Mover and Shaker Pen Review

    8 . វត្ថុអំណោយ ឬវត្ថុអនុស្សាវរីយ៍ពីពិធីមង្គលការ ៈ មនុស្សមិនតិចទេចូលចិត្តសន្សំវត្ថុអនុស្សាវរីយ៍ដែលបានមកពីពិធីមង្គលការ ដោយពេលបានមកក៏យកទៅទុកក្នុងថតតុ។ របស់ទាំងអស់ហ្នឹង បើមិនបានប្រើការទេ គួរតែយកទៅបរិច្ចាគ មិនបាច់សន្សំទុកនាំតែពេញផ្ទះទេ ព្រោះកាន់តែយូរទៅ កាន់តែបានមកច្រើនហ្នឹងឯង។

    9 . ច្រាសដុសធ្មេញ ៈ យើងគួរប្ដូរច្រាសដុសធ្មេញរៀងរាល់ 3 ទៅ 6 ខែម្ដង និងបើឃើញថា សរសៃច្រាសខូចខាត ឬប្ដូរសភាព ដូចជារីកស្គុយហើយទោះជាមិនទាន់ដល់ពេលត្រូវចោលក៏ដោយ ក៏ត្រូវដែរប្ដូរថ្មីភ្លាមៗដែរៗ។

    10 . ជក់ផាត់មុខ ៈ ជក់ផាត់មុខក៏មានអាយុប្រើការដូចគ្នាដែរ ភាគច្រើនជក់ទាំងនោះច្រើនមានអាយុប្រើការប្រមាណជា 2 ឆ្នាំ ឬនៅលើជក់ខ្លះមានសរសេរប្រាប់ថ្ងៃផុតកំណត់ការប្រើប្រាស់ឱ្យដឹង ដែលបងៗស្រ្តីមេផ្ទះគួរតែធ្វើតាមពាក្យណែនាំនោះ ដើម្បីអនាម័យដ៏ល្អ៕