Category: សង្គម និងសេដ្ឋកិច្ច

  • Neuralink របស់ Elon Musk បង្ហើបឱ្យដឹងអំពីប្រព័ន្ធម៉ាស៊ីន​​​បញ្ចូល​ chip កុំព្យូទ័រ​ ទៅក្នុងខួរក្បាលមនុស្ស

    Neuralink របស់ Elon Musk បង្ហើបឱ្យដឹងអំពីប្រព័ន្ធម៉ាស៊ីន​​​បញ្ចូល​ chip កុំព្យូទ័រ​ ទៅក្នុងខួរក្បាលមនុស្ស

    Neuralink ទើបតែបានប្រារព្ធពិធីឧទ្ទេសនាមផ្ទាល់នូវប្រព័ន្ធម៉ាស៊ីន​វះកាត់របស់​ខ្លួន​ នៅក្នុងគម្រោងបញ្ចូល​ chip កុំព្យូទ័រ​ទៅក្នុងខួរក្បាលមនុស្សដែលនឹងត្រូវ​អនុវត្ត​ដោយក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk។

    ក្រុមហ៊ុន Neuralink ថ្មីៗនេះបានធ្វើបទបង្ហាញអំពី demo មួយនៃ chip ដ៏តូចរបស់ខ្លួនដែលមានទំហំប្រហាក់ប្រហែលនឹងកាក់ ដែលក្រុមហ៊ុនកំពុងតែអភិវឌ្ឍ។ Chip នេះនឹងត្រូវបានប្រើសម្រាប់បំពាក់ទៅក្នុងលលាដ៍ក្បាល ហើយអាចអាន និងថតយកសកម្មភាពរបស់ខួរក្បាល។

    Chip ដ៏តូចនេះ​ មានទំហំប្រហាក់ប្រហែលនឹងកាក់

    ប្រព័ន្ធ​ម៉ាស៊ីន​ និង​ chip ដែលជារ៉ូបូតនេះទំនើប​នេះ​ ត្រូវបានរចនាឡើងដោយក្រុមវិស្វកររបស់ Neuralink និងផលិតដោយ Woke Studios ដែលជាក្រុមហ៊ុនថ្មីមួយមានជំនាញខាងផលិតដៃយន្តសិប្បនិម្មិត មានទីស្នាក់ការនៅសហរដ្ឋអាម៉េរិក។

    ខាងក្រោមនេះគឺជាព័ត៌មានខ្លះៗដែលត្រូវបានបង្ហើបឱ្យដឹងដោយក្រុមហ៊ុន Woke Studios អំពីរ៉ូបូតរបស់ ក្រុម​ហ៊ុន​ Neuralink៖

    រ៉ូបូតវះកាត់របស់ Neuralink មានកម្ពស់ប្រហែល2.4ម៉ែត្រ និងអាចផ្លាស់ទីបានយ៉ាងល្អ។
    ទំហំ ឬប្រវែងរបស់រ៉ូបូត និងសមត្ថភាពនៃការផ្លាស់ទី អនុញ្ញាតឱ្យវាបញ្ជាទៅលើម្ជុលដែលប្រើក្នុងការវះកាត់បានត្រឹមត្រូវបំផុត។
    ក្បាលដែលមានតួនាទីរក្សា និងនាំផ្លូវសម្រាប់ឱ្យម្ជុលបញ្ចូល chip ទៅក្នុងលលាដ៍ក្បាល។
    នៅលើក្បាលនៃប្រព័ន្ធម៉ាស៊ីន​វះកាត់ មានបំពាក់កាមេរ៉ា និងអង្គវិញ្ញាណជាច្រើន។
    លោក Elon Musk បាននិយាយថា រ៉ូបូតនេះអាចតភ្ជាប់ chip បានចំចំណុចបំផុត និងមិនបង្ករបួសស្នាម​ដល់ខួរក្បាល ឬសរសៃឈាមខួរ​ក្បាល​នោះ​ឡើយ។

    ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកសរសៃវិញ្ញាណ Neuralink ត្រូវបានលោក Musk បង្កើតឡើងកាលពីឆ្នាំ2016 និងត្រូវបានឧទ្ទេសនាមជាផ្លូវការកាលពីឆ្នាំ2017។

    Neuralink មានគោលដៅអភិវឌ្ឍប្រព័ន្ធខួរក្បាល-កុំព្យូទ័រ (brain-machine interfaces) ដែលមានវិសាលភាពធំធេងដើម្បីតភ្ជាប់មនុស្សជាមួយនឹងកុំព្យូទ័រ។ ផលិតផលជាក់ស្ដែងដែលពួកគេកំពុងអភិវឌ្ឍ នោះគឺ chip សម្រាប់បំពាក់ទៅក្នុងលលាដ៍ក្បាល និងភ្ជាប់ទៅនឹងខួរក្បាលដោយផ្ទាល់។

    ថ្មីៗនេះ Neuralink បានធ្វើការបំពាក់ chip របស់ពួកគេទៅក្នុងខួរក្បាលសត្វ​ជ្រូក។ លោក Musk ថ្លែងថា សត្វជ្រូកទាំងឡាយដែលត្រូវបានបំពាក់ chip នេះ មានសុខភាពល្អ រីករាយ ហើយមនុស្សមិនអាចដឹងបានថា ជ្រូក​មួយណាជាជ្រូកធម្មតា ឬ​ជ្រូក​បំពាក់​​ chip របស់​កុំព្យូទ័រ​នោះ​ទេ៕

    ប្រភព៖ CBS News

  • បណ្តាញគ្រឹះស្ថានអប់រំវេសឡាញប្រកាសបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃទី21 កញ្ញា

    បណ្តាញគ្រឹះស្ថានអប់រំវេសឡាញប្រកាសបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃទី21 កញ្ញា

    បណ្តាញ​គ្រឹះស្ថាន​អប់រំ​វេស​ឡាញ​បានប្រកាស​បើក​ដំណើរ​សាលារៀន​របស់ខ្លួន​ឡើងវិញ​នៅ​ថ្ងៃទី21 ខែកញ្ញា ឆ្នាំ2020ខាងមុខនេះ បន្ទាប់ពី​ទទួល​ការអនុញ្ញាត​ពី​ក្រសួង អប់រំ យុវជន និង​កីឡា ព្រមទាំង​អនុវត្តតាម​គោលការណ៍​ប្រតិបត្តិ​ស្តងដារ​សុវត្ថិភាព ក្នុងទិសដៅ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​Covid-19 ។

    ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មានប្រសាសន៍ថា បណ្តាញ គ្រឹះស្ថាន​អប់រំ​វេស​ឡាញ​រួមមាន សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាលារៀន​ណ​ត្ស​ឡា​ញន៍ សាលា​អន្តរជាតិ អេប​ផល​ទ្រី សាលា​អន្តរជាតិ​ហ្វ​រ៉េ​ស​ហៀ​ល បានទទួល​លិខិត​អនុញាតឱ្យ​បើក​ដំណើរ​ឡើងវិញ​ពី​ក្រសួង​អប់រំ   យុវជន និង​កីឡា បន្ទាប់ពី​ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដឹកនាំ គណៈប្រតិភូ​អញ្ជើញ​ត្រួតពិនិត្យ រ​ង្វា​យ​តម្លៃ និង​ផ្តល់​អនុ​សាស្ត្រ​មួយចំនួន​បន្ថែមទៀត ចំពោះ​វិធាន ការបង្ការ ទប់ស្កាត់​ជំងឺ​Covid-19 មុននឹង បើក​ដំណើរការ​បណ្តាញ​គ្រឹះស្ថាន​អប់រំ​វេស​ឡាញ​ក្នុងដំណាក់កាល​ទី2 នេះ។

    លោក​ឧកញ៉ា​បាន​បន្តទៀតថា សិស្ស​កម្មវិធី​ម​ត្តេ​យ្យ ចំណេះ​ទូទៅ​ខ្មែរ​ថ្នាក់​ទី1 ដល់ទី12 និង​កម្មវិធី ភាសា​អង់គ្លេស នឹង​ចូលរៀន​ពេញលេញ​ឡើងវិញ ដោយ​រក្សា​គម្លាត​សុវត្ថិភាព 1.5ម៉ែត្រ រក្សា​ចំនួន​សិស្ស​ចន្លោះ​ពី15 ទៅ20នាក់ ក្នុង​មួយ​ថ្នាក់ ប៉ុន្តែ​បើ​ក្នុងករណី​ចំនួន​សិស្ស​លើសពី20នាក់ ត្រូវ​សិក្សា​ឆ្លាស់​វេន ហើយ​សិស្ស​ត្រូវ​រក្សា​អនាម័យ​ជាប្រចាំ ត្រូវ​ពាក់​ម៉ាស់ ឬ​របាំងមុខ និង​មិនមាន​ការជួប​ជុំគ្នា​ជា​ក្រុម​ធំ​នោះទេ ព្រមទាំង​អនុវត្ត​វិធានការ​មួយចំនួនទៀត​ស្របតាម​ការណែនាំ​របស់​ក្រសួង។

    ម្ចាស់​គ្រឹះស្ថាន​អប់រំ​ខាងលើ​បាន​បន្ថែមទៀតថា បណ្តាញ​គ្រឹះស្ថាន​អប់រំ​របស់​យើង បាន​វិនិយោគ​បន្ថែម ដើម្បី​បន្ត​រៀបចំ និង​ផលិត​វីដេអូ​មេរៀន​សម្រាប់​ជា​ជំនួយ​ដល់​សិស្សានុសិស្ស និង​អ្នកអាណាព្យាបាល ដើម្បី​សិក្សា​ពី​ចម្ងាយ និង​ការសិក្សា​បន្ថែម​តាម​ប្រព័ន្ធ​អន​ឡាញ ក្នុងករណី​ចាំបាច់ ក៏ដូចជា​ការរៀបចំ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ផងដែរ ។ ជាពិសេស​នោះ សាលារៀន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំ ដើម្បី​បង្កើត​វេទិកា​អប់រំ (App) ផ្សេងៗ សម្រាប់​ជំនួយ​ដល់​ការសិក្សា និង​ការបង្រៀន​ដល់​សិស្ស ព្រមទាំង​បង្កើត​ប្រព័ន្ធគ្រប់គ្រង​សាលារៀន និង​ទំនាក់ទំនង ដើម្បី​បង្ក​ភាព​ងាយ​ដល់​អ្នកអាណាព្យាបាល តាមដាន​លទ្ធ​នៃ​ការសិក្សា និង​វត្តមាន​សិស្ស​ពី​ចម្ងាយ ក៏ដូចជា​ការទូទាត់​ការចំណាយផ្សេងៗតាម​ប្រព័ន្ធ​អេ​ឡិ​ត្រូ​និ​ច​ដ៏​ទំនើប​ផងដែរ៕

  • Apple ផលិតម៉ាស់សម្រាប់ទប់ទល់នឹងCOVID-19

    Apple ផលិតម៉ាស់សម្រាប់ទប់ទល់នឹងCOVID-19

    ក្រុមការងារផ្នែកអភិវឌ្ឍទូរស័ព្ទឆ្លាតវៃ iPhone និង iPad របស់ Apple បានរចនាម៉ាស់ពិសេសសម្រាប់បុគ្គលិកការិយាល័យ និងអ្នកលក់រាយនៅហាង Apple Store។

    Apple Face Mask គឺជាម៉ូដែលម៉ាស់ការពារឆ្លងវីរុសដំបូងដែលត្រូវក្រុមហ៊ុន Apple រចនាសម្រាប់បុគ្គលិក។ ក្រៅពីនេះ Apple ក៏បានផ្គត់ផ្គង់ម៉ូដែលម៉ាស់មួយប្រភេទទៀតដែលមានឈ្មោះថា ClearMask ប៉ុន្តែ ម៉ាស់ប្រភេទនេះគឺជាលទ្ធផលនៃកិច្ចសហការជាមួយដៃគូដទៃ។ មុននេះ Apple ក៏បានផលិតបន្ទះកញ្ចក់ការពារមុខសម្រាប់បុគ្គលិកសុខាភិបាល និងបានចែកម៉ាស់រាប់លានផ្សេងទៀតទៅឱ្យអង្គការថែទាំសុខភាពនានាផងដែរ។

    ក្រុមហ៊ុន Apple បានឱ្យដឹងថា Face Mask ត្រូវបានក្រុមរចនា iPhone និង iPad ជាអ្នកធ្វើឡើង។ Face Mask មាន3ស្រទាប់ដែលអាចទប់ទល់នឹងកម្ទេចល្អិតក្នុងបរិយាកាស។ នេះគឺជាប្រភេទម៉ាស់ដែលអាចបោកគក់ និងប្រើបាន5ដង។

    ដូចទៅនឹងបែបបទរបស់ Apple ម៉ាស់នេះមានរូបរាង និងទំហំប្លែកពីគេ ចំណែកខ្សែរបស់វាក៏អាចឱ្យគេលៃតម្រូវបាន។

    យោងតាម Apple ក្រុមការងារបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ក្នុងការស្វែងរកវត្ថុធាតុសមស្រាបដែលងាយស្រួលឱ្យខ្សល់ចេញចូលបានល្អ។ Apple នឹងចាប់ផ្ដើមបញ្ជូន Face Mask ទៅឱ្យបុគ្គលិកនៅ2សប្ដាហ៍ទៀត។

    ចំណែក ClearMask វិញ គឺជាម៉ូដែលម៉ាស់សុខាភិបាលប្រភេទថ្លាដំបូងគេដែលមានការទទួលស្គាល់ដោយ FDA (Food and Drug Administration)។ ClearMask ជួយឱ្យអ្នកមានត្រចៀកថ្លង់ ឬខ្សោយត្រចៀក អាចយល់ច្បាស់ជាងមុនថា អ្នកនៅចំពោះមុខកំពុងនិយាយអ្វី។ ក្រុមហ៊ុន Apple បានសហការជាមួយសាកលវិទ្យាល័យ Gallaudet ដើម្បីជ្រើសរើសប្រភេទម៉ាស់ដែលគួរប្រើប្រាស់បំផុត។ Apple ក៏កំពុងសាកល្បងម៉ាស់សម្រាប់បុគ្គលិករបស់ខ្លួននៅក្នុងហាង Apple Store ចំនួន3កន្លែង។ ក្រុមហ៊ុននេះក៏កំពុងស្រាវជ្រាវ និងអភិវឌ្ឍម៉ាស់ប្រភេទថ្លាដោយឡែករបស់ខ្លួនផងដែរ។

    កន្លងមក Apple ធ្លាប់បានចែកម៉ាស់ប្រភេទស្ដង់ដា ជូនបុគ្គលិក និងម៉ាស់សុខាភិបាលជូនអតិថិជនដែលបានមកកាន់ Apple Store ដើម្បីជួយកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសCOVID-19៕

    ប្រភព៖ Bloomberg

  • មហាសេដ្ឋី Elon Musk ឆ្លងផុតភាពភ័យខ្លាចបរាជ័យបានដោយរបៀបណា?

    មហាសេដ្ឋី Elon Musk ឆ្លងផុតភាពភ័យខ្លាចបរាជ័យបានដោយរបៀបណា?

    មហាសេដ្ឋីពិភពលោកជាច្រើនរូបបានអះអាងថា ការប្រឈមមុខនឹងបរាជ័យនៅក្នុងការស្រមៃ អាចជួយឱ្យអ្នកកម្ចាត់ភាពភ័យខ្លាចបានមួយកម្រិតធំ។

    នៅក្នុងចំណោមប្រការសំខាន់ៗជាច្រើន និងប្រការដែលត្រូវបានគេរំឭកជាញឹកញាប់បំផុតនៅក្នុងពេលបើករបររកស៊ី នោះគឺ “មិនគួរខ្លាចបរាជ័យ”។

    ក្នុងរយៈនៃការបង្កើតក្រុមហ៊ុន SpaceX ដំបូង លោក Elon Musk ដែលជា CEO បាននិយាយទៅកាន់បុគ្គលិករបស់ខ្លួនថា៖ “បរាជ័យគ្រាន់តែជាជម្រើសមួយនៅទីនេះប៉ុណ្ណោះ។ បើសិនជាគ្រប់យ៉ាងមិនជួបបរាជ័យ នោះគឺមានន័យថា យើងមិនទាន់បានប្ដូរផ្លាស់ឱ្យបានគ្រប់គ្រាន់”។

    យ៉ាងណាក៏ដោយ បរាជ័យគឺជាអារម្មណ៍មួយដែលពិបាកនឹងទទួលយក បើទោះជាអ្នកទទួលបរាជ័យធ្លាប់ជាអ្នកជោគជ័យ ឬជាមនុស្សធម្មតាក៏ដោយ ព្រោះថា បរាជ័យធ្វើឱ្យមនុស្សមានការព្រួយបារម្ភអំពីប្រាក់កាសដែលបាត់បង់។ ប៉ុន្តែ នេះមិនមែនមានន័យថា យើងមិនអាចឆ្លងផុតប្រការដ៏អាក្រក់នេះបាននោះទេ។

    លោក Elon Musk (ឆ្វេង) និង​បុគ្គលិក​របស់​គាត់​

    ខាងក្រោមនេះគឺជាអនុសាសន៍របស់មហាសេដ្ឋី Elon Musk ដើម្បីជួយឱ្យអ្នកឆ្លងផុតភាពភ័យខ្លាចទាក់ទងនឹងបរាជ័យ៖

    ជាមួយនឹងក្រុមហ៊ុនផលិតរ៉ុកកែត និងមហិច្ឆតា “គ្រប់គ្រង” ភពព្រះអង្គារ លោក Musk ហាក់ជាមនុស្សមិនមានភាពភ័យខ្លាច។ ប៉ុន្តែ កន្លងមក មហាសេដ្ឋីរូបនេះបានទទួលស្គាល់ថា៖ “ខ្ញុំមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់”។ ដូច្នេះ តើលោក Musk ធ្វើយ៉ាងណាដើម្បីឆ្លងផុតការភ័យខ្លាចនេះ? ចម្លើយគឺថា មិនមែនតាមរយៈការគិតវិជ្ជមាននោះទេ តែតាមរយៈប្រការផ្ទុយពីនេះ នោះគឺ “ទ្រឹស្ដីព្រហ្មលិខិត” (ជំនឿដែលជឿថា គ្រប់យ៉ាងនឹងត្រលប់មករកភាពដើម បន្ទាប់ពីជួបបរាជ័យ ឬឧបសគ្គ)។

    លោក Elon Musk ថ្លែងថា៖ “បើសិនជាអ្នកទទួលយកភាពមិនប្រាកដប្រជា (មិនដឹងប្រាកដថាបរាជ័យ ឬជោគជ័យ) នោះវានឹងជួយកាត់បន្ថយការភ័យខ្លាចបានខ្លះ។ នៅពេលបង្កើតក្រុមហ៊ុន SpaceX ខ្ញុំគិតថា អត្រានៃជោគជ័យគឺមានក្រោម10% ហើយខ្ញុំទទួលយកប្រការដែលថា ខ្ញុំនឹងអាចបាត់បង់អ្វីៗទាំងអស់។ ប៉ុន្តែ បរាជ័យគឺស្មើនឹងប្រការដែលយើងទទួលបានភាពរីកចម្រើនក្នុងដែនកំណត់ណាមួយតែប៉ុណ្ណោះ”។

    មហាសេដ្ឋី Richard Barnson

    ការដែលបង្ខំឱ្យខ្លួនឯងគិតគូរដល់កាលៈទេសៈអាក្រក់បំផុត មិនត្រឹមតែជាវិធីសាស្ត្រដែលបានជួយឱ្យលោក Elon Musk ឆ្លងផុតភាពភ័យខ្លាចលើបរាជ័យនោះទេ ប៉ុន្តែជាក់ស្ដែង មានអ្នកមាន និងអ្នកជោគជ័យជាច្រើនធ្លាប់បានប្រើប្រាស់វិធីសាស្ត្រនេះ និងបានអះអាងថា ការប្រឈមមុខនឹងបរាជ័យនៅក្នុងការស្រមៃ គឺពិតជាអាចជួយឱ្យពួកគេកាត់បន្ថយភាពភ័យខ្លាចបានច្រើន។

    មហាសេដ្ឋិនី Sara Blakely

    មហាសេដ្ឋី Richard Branson ដែលជាស្ថាបនិកនៃក្រុមហ៊ុន Virgin Group និងមហាសេដ្ឋិនី Sara Blakely ជាស្ថាបនិករបស់ក្រុមហ៊ុន Spanx ក៏បានអះអាងស្រដៀងនឹងមហាសេដ្ឋី Elon Musk ផងដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អាការគួរឱ្យបារម្ភបំផុត 7 យ៉ាង ដែលឪពុកម្ដាយគួរនាំកូនទៅមន្ទីរពេទ្យភ្លាម

    អាការគួរឱ្យបារម្ភបំផុត 7 យ៉ាង ដែលឪពុកម្ដាយគួរនាំកូនទៅមន្ទីរពេទ្យភ្លាម

    ខាងក្រោមនេះគឺជាអាការដ៏គួរឱ្យបារម្ភបំផុត 7 យ៉ាង ដែលឪពុកម្ដាយគួរនាំកូនទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត ព្រោះបើសិនជាបណ្ដែតបណ្ដោយ អាចនឹងយឺតពេលហួសនឹងព្យាបាលទាន់ និងជួនកាលអាណាព្យាបាលមួយចំនួនអាចគិតថា ភាពខុសប្រក្រតីដែលកើតឡើងចំពោះកូនតូចនោះ អាចនឹងមើលទៅមិនមែនជារឿងអីធំដុំ តែការពិតសុទ្ធតែជារឿងមិនល្អទាំងអស់។

    1 . ស្នាមដៅ ឬសន្លាកស្នាមក្រហមដែលកាន់តែរីកធំឡើង

    ការដែលនៅលើរាងកាយរបស់កូនតូចមានស្នាមដៅ ឬសន្លាកស្នាមពណ៌ក្រហម ឬខ្មៅ ឬកន្លែងណាមួយមានពណ៌ខ្មៅជាង ឬភ្លឺជាងកន្លែងផ្សេងទៀតលើរាងកាយធំជាង 6 មីល្លីម៉ែត្រនោះ វាមិនមែនជារឿងប្លែកឡើយ តែបើសិនជាទំហំរបស់វាកាន់តែរីកធំឡើង ពណ៌ក៏ប្រែប្រួលដែរនោះ វាជាការប្រែប្រួលដែលគួរឱ្យបារម្ភហើយ ដូច្នេះគួរប្រញាប់នាំកូនទៅជួបលោកគ្រូពេទ្យជំនាញភ្លាម។

    2 . ជ្រុះសក់

    សក់កូនជ្រុះច្រើនមិនមែនជារឿងខុសប្រក្រតីទេ តែបើជ្រុះច្រើនជ្រុលពេក អាចនឹងបង្ហាញថា រាងកាយរបស់កូនខ្វះវីតាមីនហើយ តែបើសក់ជូតមិនស្ងួត ឬស្បែកក្បាលកើតរោគផ្សិត ក៏អាចបណ្ដាលមកពីមូលហេតុផ្សេងបានដែរ ដូច្នេះវិធីដែលល្អបំផុតគឺ នាំកូនទៅជួបគ្រូពេទ្យដើម្បីពិនិត្យរកពីមូលហេតុពិតប្រាកដ។

    3 . អារម្មណ៍ និងទង្វើមិននឹងនរ

    ការចង់ញ៉ាំអាហារថយចុះ មានបញ្ហាក្នុងការគេង ឬពិបាកក្នុងការគេងលក់ ឬមិនសូវកម្រើកខ្លួន លែងសូវលេងរួសរាយ ទាំងអស់នេះសុទ្ធតែជាមូលហេតុដែលត្រូវនាំកូនទៅជួបគ្រូពេទ្យ។

    4 . ទំហំក្បាលធំឡើង

    ការពិតទៅក្បាលរបស់កូនតូចនឹងត្រូវរីកធំឡើងជារៀងរាល់ខែ ហ្នឹងគឺជារឿងប្រក្រតី តែបើរីកធំលឿនជ្រុលពេក ឬធំបែបខុសសង្កេត ឬសង្កេតមើលទៅមានអាការតឹងៗនៅម្ដុំបរិវេណក្បាលរបស់កូននោះ អាចជាសញ្ញាដំបូងនៃការកើតជំងឺអាក្រក់ ដូចជាមហារីកខួរក្បាល ជាដើម ដូច្នេះកុំបង្អង់យូរ ចូរប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់។

    5 . ស្ដាប់មិនសូវឮ

    ពេលដែលឪពុកម្ដាយហៅឈ្មោះកូន តែកូនមិនសូវតបស្នងមកវិញ ហាក់ដូចជាមិនបានឮ ទាំងអាការនេះកើតឡើងបែបភ្លាមៗ បែបសុខៗស្រាប់តែដូចជាកូនត្រចៀកធ្ងន់ ឬក៏កើតអាការបែបហ្នឹងមកយូរហើយនោះ កូនអាចនឹងមានបញ្ហាខាងការស្ដាប់ឮ អាចនឹងទៅរួចដែលថា ប្រព័ន្ធប្រសាទត្រចៀកបាត់បង់សមត្ថភាព ឬមានអ្វិបិទជិតនៅខាងក្នុង ដែលលោកឪពុកអ្នកម្ដាយនឹងបានដឹងច្បាស់តាមរយៈការពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីរកមូលហេតុ និងព្យាបាលកូនជាបន្ត។

    6 . ស្រេកទឹកជាប់ជានិច្ច

    ការពិតទៅធាតុអាកាសក្ដៅដូចនៅក្នុងប្រទេសយើង អាចនិយាយបានថា ជារឿងប្រក្រតីខ្លាំងណាស់ដែលក្មេងៗនឹងស្រេកទឹកញឹកញាប់នោះ តែបើសិនកូនស្រេកទឹកញឹកញាប់រហូតខុសពីធម្មតា រៀងរាល់ 15 នាទីម្ដង ឬញ៉ាំទឹកចូលទៅម្ដងៗច្រើនៗនោះ បង្ហាញថា កូនអាចនឹងមានបញ្ហាសុខភាពបង្កប់នៅក្នុងរាងកាយក៏អាចថាបានដែរ ដូច្នេះគួរតែនាំកូនទៅឱ្យពេទ្យពិនិត្យមើលពីមូលហេតុឱ្យបានច្បាស់លាស់។

    7 . ស្រមុកឮខ្លាំងៗ

    ទារកកើតដំបូងអាចនឹងគេងស្រមុក គឺជារឿងប្រក្រតី តែបើស្រមុកឮខ្លាំងខុសពីធម្មតា ឬធំហើយនៅតែមិនបាត់ស្រមុកទៀតនោះ មូលហេតុអាចបណ្ដាលមកពីការកើតប្រតិកម្មចាញ់អ្វីមួយ ឬអាចនឹងជាសញ្ញារបស់ការឆ្លងមេរោគអ្វីម្យ៉ាងក៏ថាបានដែរ។ ក្រៅពីនេះអាចដោយសារតែកូនមានក្រពេញថមស៊ីលធំ ក្រពេញអៈឌីណយដ៍ធំ និងភាពធាត់ក៏ជាបច្ច័យមួយដែរ តែករណីដែលធ្ងន់ធ្ងរ ដូចជា មានភាពខុសប្រក្រតីរបស់គ្រោងសាងនៃប្រព័ន្ធដកដង្ហើម ឬមកពីភាពខុសប្រក្រតីខាងពូជអម្បូរក៏មាន ដូច្នេះអាណាព្យាបាលគួរតែនាំកូនតូចទៅឱ្យគ្រូពេទ្យពិនិត្យរកមូលហេតុឱ្យបានច្បាស់ទើបជាការល្អ។

    ទោះជាអាការមួយចំនួនមើលទៅប្រក្រតីក្នុងខ្សែភ្នែកមនុស្សធំដូចយើងមែន តែនៅពេលដែលវាជារឿងសុខភាពរបស់កូនតូចជាទីស្រឡាញ់នោះ លោកឪពុអ្នកម្ដាយគួរតែប្រញិបប្រញាប់បន្តិច ប្រសើរជាងនាំកូនទៅជួបគ្រូពេទ្យមិនទាន់ពេល៕

  • 7 វិធីធ្វើឱ្យស្វាមីស្រឡាញ់បាត់មុខមិនបាន

    7 វិធីធ្វើឱ្យស្វាមីស្រឡាញ់បាត់មុខមិនបាន

    ទំព័រអាពាហ៍ពិពាហ៍ និងសុភមង្គលរបស់ទស្សនាវដ្តី ឡារ៉ែនលេខនេះ អ្នកគ្រូឆវីសូមតម្រូវចិត្តបងៗស្រីៗជាឧត្ដមភរិយាម្ដងដោយសូមនាំយកមកនូវ “វិធីធ្វើឱ្យស្វាមីស្រឡាញ់ងប់ រហូតបាត់មុខមិនបាន” មកជម្រាបជូន។ សម្រាប់ផ្ទះណា គ្រួសារណាដែលរស់នៅជាមួយគ្នាយូរហើយ ស្វាមីលែងចង់ធ្វើកិច្ចការផ្ទះ ឬចាប់ផ្ដើមមានអាការស្ពឹកស្រពន់ លែងចាប់អារម្មណ៍នឹងយើង លែងមើលមុខយើង ពេលយើងដើរទៅជិតបែរជាដើរគេចពីយើងនោះ សូមបងៗជាឧត្ដមភរិយាទាំងអស់នាំគ្នាមកមើលពីវិធីអន្ទងហៅស្វាមីត្រឡប់មកវិញដូចខាងក្រោមនេះដូចតទៅ(អ្នកគ្រូឆវីធ្លាប់សាកលមើលហើយ ពិតជាបានផលល្អមែន)។

    1 . កុំព្រងើយកន្តើយនឹងសម្ព័ន្ធភាពប្ដី-ប្រពន្ធ

    ទោះជាតួនាទីនៃភាពជាម្ដាយដែលចាំបាច់ត្រូវមើលថែទាំ និងយកចិត្តទុកដាក់កូនៗយ៉ាងខ្លាំងយ៉ាងណាក៏ដោយ តែតួនាទីរបស់ភរិយាក៏មិនត្រូវភ្លេចក្នុងការមើលថែទាំសម្ព័ន្ធភាពដ៏ស្អិតល្មួតជាមួយស្វាមីដែរ។ លោក Charles D. Schmitz អ្នកជំនាញការ និងជាអ្នកនិពន្ធល្បីឈ្មោះបានពោលថា “នៅពេលណាដែលស្រ្តីជាម្ដាយគិតតែពីផ្ដោតការយកចិត្តទុកដាក់ទៅលើពួកកូនៗច្រើនជ្រុលពេក រហូតដល់ភ្លេចផ្ដល់ការចាប់អារម្មណ៍ចំពោះស្វាមីនោះ ប្រាកដណាស់ រឿងនោះនឹងក្លាយជាបញ្ហាចំពោះជីវិតអាពាហ៍ពិពាហ៍មិនខាន” ហើយលោកនៅបានបន្ថែមទៀតថា “សម្ព័ន្ធភាពរវាងស្វាមី និងភរិយា ជារឿងសំខាន់លើសអ្វីទាំងអស់”។

    2 . សាងភាពចម្លែកចិត្តដល់ស្វាមីដោយពាក្យស្ងើចសរសើរ

    តើអ្នកជាភរិយាដែលតែងតែនៅចាំប្រាប់ឱ្យស្វាមីធ្វើយ៉ាងណាទើប “ត្រឹមត្រូវ” រហូតឬ? បើយ៉ាងដូច្នោះមែន ចូរបញ្ឈប់ទង្វើបែបហ្នឹងភ្លាមទៅ។ ការធ្វើខ្លួនជាមេបញ្ជាការ ឬគ្រប់គ្រងស្វាមីយ៉ាងម៉ឺងម៉ាត់ អាចនឹងធ្វើឱ្យស្វាមីមានអារម្មណ៍ធុញថប់ធុញទ្រាន់ ព្រោះមនុស្សប្រុសជាច្រើនមិនអាចទ្រាំនឹងពាក្យរិះគន់ ឬពាក្យបញ្ជាផ្សេងៗដែលចេញមកពីគូជីវិតរបស់ខ្លួនបានទេ ទោះជាអាចនឹងធ្លាប់ពេញចិត្តក្នុងគ្រាដំបូងៗនៃជីវិតគូខ្លះក៏ដោយ។ តែយើងគួរជួយ នៅពេលដែលស្វាមីមានសំណូមពរ និងធ្វើឱ្យស្វាមីនឹកចម្លែកចិត្តដោយពោលពាក្យស្ងើចសរសើរ នឹងធ្វើឱ្យស្វាមីមានអារម្មណ៍ថា ខ្លួនគេមានតម្លៃ និងបានទទួលការគោរពកោតខ្លាចពីភរិយារបស់គេ។

    3 . ពោលពាក្យ “អរគុណ” ចំពោះអ្វីដែលស្វាមីធ្វើឱ្យយើង

    នៅក្នុងគំនិតរបស់មនុស្សប្រុស ការធ្វើនូវអ្វីដែលភរិយាចង់ឱ្យធ្វើ គឺដើម្បីត្រូវការឱ្យភរិយាមានសេចក្ដីសុខហ្នឹងឯង ដូច្នេះបើសិនជាស្វាមីជួយលាងចាន ឬធ្វើអ្វីម្យ៉ាងដែលអ្នកត្រូវការចង់ឱ្យគេធ្វើរហូតដល់រួចស្រេចយ៉ាងស្អាតបាតនោះ អ្នកក៏គួរតែហាមាត់ពោលពាក្យ “អរគុណ” ចំពោះអ្វីដែលគេបានធ្វើដើម្បីអ្នកនោះផង។

    4 . មិនចាំបាច់ កុំរអ៊ូ ឬនិយាយច្រើន

    ញឹកញាប់ណាស់ដែលលោកប្ដីមិនចូលចិត្តជាប់នៅក្នុងការសន្ទនាដ៏សែនយូរអង្វែង ឬការសន្ទនាដែលគេមិនប៉ងប្រាថ្នា តែដោយសារតែការដែលស្វាមីមិនដឹងពីវិធីក្នុងការប្រាប់ភរិយាឱ្យ “កុំនិយាយច្រើន” នោះ វាក៏ក្លាយជាមូលហេតុមួយដែលអ្នកគិតថា “ស្វាមីមិនយកចិត្តទុកដាក់” ទៅវិញ។ ដូច្នេះ ការហ្វឹកហាត់ក្នុងការនិយាយស្ដីឱ្យតិច និងនិយាយឱ្យខ្លីៗ នឹងជួយឱ្យស្វាមីឆាប់យល់ពីរឿងដែលអ្នកត្រូវការចង់រៀបរាប់ប្រាប់បានល្អជាង។

    5 . ទុកឱ្យគេចាត់ការអ្នកតាមចិត្ត ក្នុងពេលដែលគេត្រូវការ(រឿងនេះសំខាន់)

    រឿងការធ្វើកិច្ចការងារលើគ្រែរបស់អ្នកជាមួយស្វាមីគឺជារឿងដែលមិនគួរមើលរំលងឡើយ ទោះជាមានកូនជាមួយគ្នាច្រើននាក់ហើយក៏ដោយ។ ទោះជាលោកប្ដីអាចនឹងមិនបានបង្ហាញឱ្យដឹង ឬនិយាយវាចេញមកក៏ដោយ តែការប៉ះពាល់រាងកាយដែលស្វាមីរបស់អ្នកធ្វើចំពោះអ្នក វាជាសញ្ញាដែលអ្នកយល់បានថា គេត្រូវការរូបអ្នកខ្លាំងខ្នាតណា និងក្រៅពីសេចក្ដីត្រូវការរបស់ស្វាមីខ្លួនឯងហើយ គេថែមទាំងមិនត្រូវការធ្វើខ្លួនជាអ្នកចាប់ផ្ដើមមុនជានិច្ចនោះដែរ ដូច្នេះពេលខ្លះអ្នកចាំបាច់ត្រូវចាប់ផ្ដើមវាយលុកមុនខ្លះហើយ។

    6 . បង្កើតសេចក្ដីសុខគ្រប់ពេលដែលរួមរ័កគ្នា

    សម្រាប់មនុស្សប្រុស ការរួមដំណេកដែលល្អគឺជាអ្វីមួយដែលមានន័យច្រើនជាងការដល់សេចក្ដីស្រណុកផុតកំពូលទៅទៀត។ លោកប្ដីនឹងមានអារម្មណ៍ដឹងពីសេចក្ដិសុខផុតកំពូលនៅពេលបានឃើញភរិយារបស់ខ្លួនមានសេចក្ដីសុខ និងរីករាយក្នុងការរួមសិចជាមួយគ្នា ហើយគេនឹងមានអារម្មណ៍កើតទុក្ខនៅពេលឃើញថា គូជីវិតរបស់គេគ្មានប្រតិកម្មតបស្នង។ ដូច្នេះសាកល្បងស្វែងរកវិធីការក្នុងការធ្វើឱ្យរូបអ្នកទាំងគូបានទទួលអារម្មណ៍ល្អៗ និងបទពិសោធល្អៗក្នុងការរួមដំណេក ដែលនេះក៏ជាផ្នែកមួយដែលធ្វើឱ្យស្វាមីស្រឡាញ់ងប់លើរូបអ្នកដែរ។

    7 . សម្ដែងពីសេចក្ដីគោរពស្រឡាញ់ដែលអ្នកមានចំពោះស្វាមី

    ស្វាមីត្រូវការមានអារម្មណ៍ថា ខ្លួនគេមានភាពសំខាន់ចំពោះភរិយារបស់គេ ដូច្នេះការប្រាប់ពីសេចក្ដីស្រឡាញ់ និងសម្ដែងឱ្យឃើញថា រូបគេសំខាន់ប៉ុនណាសម្រាប់ជីវិតរបស់អ្នកក្នុងរៀងរាល់ថ្ងៃនោះ តែប៉ុណ្ណឹង ក៏នឹងធ្វើឱ្យស្វាមីរបស់អ្នកកាន់តែស្រឡាញ់រូបអ្នកខ្លាំងឡើងរាល់ថ្ងៃដូចគ្នាដែរមិនខាន។

    ចុះអ្នកវិញ មានរូបមន្តស្នេហ៍សម្រាប់ចងចិត្តស្វាមីបែបណាខ្លះដែរ?៕

  • ដាក់ឱ្យកូនតូចគេងយ៉ាងណាកុំឱ្យក្បាលសំប៉ែត…

    ដាក់ឱ្យកូនតូចគេងយ៉ាងណាកុំឱ្យក្បាលសំប៉ែត…

    រឿងកង្វល់មួយទៀតរបស់ឪពុកម្ដាយថ្មោងថ្មី គឺប្រហែលជាគេចមិនផុតពីរឿងចង់ឱ្យកូនមានក្បាលមូលស្អាត មិនសំប៉ែតនោះឡើយ តែបច្ចុប្បន្នមានក្មេងក្បាលសំប៉ែតកាន់តែច្រើនឡើង ដោយសារតែខាងវេជ្ជសាស្រ្តបានណែនាំឱ្យទារកគេងផ្ងារច្រើនជាងគេងផ្កាប់ ដើម្បីការពារសភាវ SDS (Sudden Death Syndrome) ឬឱកាសដែលក្មេងទារកស្លាប់បាត់បង់ជីវិតខណៈគេងលក់។

    មូលហេតុរបស់ការក្បាលសំប៉ែត ដោយសារតែឆ្អឹងរបស់ទារកទើបកើតដំបូងជាឆ្អឹងដែលមានភាពទន់ខ្ចី បើគេងសង្កត់ក្នុងឥរិយាបថដដែលគ្រប់ពេលវេលា នឹងធ្វើឱ្យឆ្អឹងលលាដ៍ក្បាលរបស់ទារកទៅជាសំប៉ែតបាន។ យ៉ាងណាក៏ដោយ សភាវក្បាលសំប៉ែតនេះមិនបង្កគ្រោះថ្នាក់អ្វីឡើយ(មានផលប៉ះពាល់តែលើភាពស្រស់ស្អាតរបស់ទ្រង់ទ្រាយក្បាលប៉ុណ្ណោះ) ដូច្នេះសម្រាប់លោកឪពុកអ្នកម្ដាយដែលមិនចង់ោ្យកូនមានក្បាលសំប៉ែត ឡារ៉ែនមានពាក្យណែនាំយ៉ាងងាយៗមកជម្រាបជូន។

    1 . រៀបចំឥរិយាបថឱ្យកូនគេងផ្អៀង ឆ្លាស់គ្នាទៅមក ម្ដងឆ្វេង ម្ដងស្ដាំ។

    2 . ឱ្យកូនគេងផ្កាប់ ក្បាលច្បាស់ជាស្អាតប្រាកដណាស់ តែក៏ហាក់ដូចជាប្រថុយនឹងគ្រោះថ្នាក់ខ្លាំងដែរចំពោះក្មេងទារកអាយុ 3 ខែដំបូង ព្រោះអាចនឹងធ្វើឱ្យក្មេងស្ទះខ្យល់ដកដង្ហើម ដូច្នេះបើដាក់កូនតូចឱ្យគេងផ្កាប់ ឪពុកម្ដាយត្រូវនៅមើលថែទាំយ៉ាងជិតស្និទ្ធដិតដល់ កុំឱ្យមានខ្នើយ ឬរបស់អ្វីម្យ៉ាងខ្ទប់ច្រមុះកូន។

    3 . បើកូនមិនព្រមគេងផ្កាប់ ចូររកខ្នើយដែលមានប្រហោងកណ្ដាលមកដាក់ឱ្យកូនគេង។

    4 . អំឡុងពេលដែលកូនភ្ញាក់ កុំឱ្យកូនស្ថិតក្នុងឥរិយាបថគេងផ្ងារតែម្យ៉ាង ចូរដាក់ឱ្យកូនគេងក្នុងឥរិយាបថផ្សេងទៀតផង ដូចជា គេងផ្កាប់ដោយមានអ្វីទ្រក្បាល គេងផ្អៀង ឬពកូនឡើងក៏បាន ទោះជាក្នុងអំឡុងពេលខ្លីៗក៏ដោយ។

    5 . មិនគួរឱ្យគេងក្នុង ខារ៍ស៊ីត ឬរទេះរុញសម្រាប់ក្មេងទារកយូរពេកទេ។

    6 . ការបី ឬពកូនតូច ក៏គួរតែឆ្លាស់ខាងគ្នា ឆ្វេង ស្ដាំដែរ។

    7 . បើនឹងបី ឬពកូន មិនថានៅក្នុងផ្ទះ ឬនាំចេញទៅខាងក្រៅក៏ដោយ ក៏គួរប្រើក្រណាត់អង្រឹងបីកូន ដើម្បីឱ្យក និងក្បាលកូនតូចមិនមានគំនាប៕

  • Forbes 400៖ Donald Drump ថយចុះ77ថ្នាក់ ខណៈអតីតភរិយារបស់ Jeff Bezos ក្លាយជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2នៅអាម៉េរិក

    Forbes 400៖ Donald Drump ថយចុះ77ថ្នាក់ ខណៈអតីតភរិយារបស់ Jeff Bezos ក្លាយជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2នៅអាម៉េរិក

    Jeff Bezos នៅតែនាំមុខគេនៅក្នុងបញ្ជីចំណាត់ថ្នាក់អ្នកមាន Forbes 400 សម្រាប់ឆ្នាំ2020 ខណៈដែលអតីតភរិយារបស់លោក បានក្លាយជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2នៅសហរដ្ឋអាមេរិក។

    ទស្សនាវដ្ដី Forbes ទើបតែបានប្រកាសឱ្យដឹងអំពីបញ្ជីចំណាត់ថ្នាក់អ្នកមានជាងគេទាំង400រូបនៅសហរដ្ឋអាម៉េរិក ប្រចាំឆ្នាំ2020 ដែលមានឈ្មោះថា Forbes 400។ យោងតាមបញ្ជីចំណាត់ថ្នាក់នេះ ទ្រព្យសរុបរបស់អ្នកមានជាងគេចំនួន400នាក់នៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ2020 បានកើនដល់ចំណុចកំពូលបំផុត ពោល​គឺ​3.2​លាន​លាន​ដុល្លារ (3,200,000,000,000) កើន240ពាន់លានដុល្លារបើធៀបនឹងឆ្នាំ2019។ ដើម្បីមានឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់ Forbes 400 មហាសេដ្ឋីនានានៅសហរដ្ឋអាម៉េរិក ត្រូវតែមានទ្រព្យយ៉ាងតិច2.1ពាន់លានដុល្លារ។

    Jeff Bezos នៅតែនាំមុខគេនៅក្នុងបញ្ជីចំណាត់ថ្នាក់អ្នកមាន Forbes 400 សម្រាប់ឆ្នាំ2020 ខណៈដែលអតីតភរិយារបស់លោក បានក្លាយជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2នៅសហរដ្ឋអាមេរិក។

    បើទោះជាមានការវាយប្រហារពី COVID-19 ប៉ុន្តែ លោក Jeff Bezos ដែលជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Amazon នៅតែជាអ្នកមានជាងគេបង្អស់នៅសហរដ្ឋអាម៉េរិកសម្រាប់3ឆ្នាំចុងក្រោយនេះ ដោយលោកមានទ្រព្យសរុបឡើងដល់179ពាន់លានដុល្លារ។ ចំណែកអតីតភរិយារបស់លោក គឺអ្នកស្រី MacKenzie Scott មានឈ្មោះនៅក្នុងបញ្ជី Forbes 400 នេះ បានចំនួន2លើកមកហើយ ជាមួយនឹងទ្រព្យដែលមានតម្លៃ57ពាន់លានដុល្លារ។ អ្នកស្រី MacKenzie Scott គឺជាសេដ្ឋិនីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2នៅសហរដ្ឋអាមេរិក បន្ទាប់​ពី Alice Walton ដែលជាកូនស្រីរបស់ស្ថាបនិកនៃក្រុមហ៊ុន Walmart។

    ដោយមានទ្រព្យចំនួន111ពាន់លានដុល្លារ សហស្ថាបនិករបស់ Microsoft គឺលោក Bill Gates នៅតែជាអ្នកមានជាងគេលំដាប់ទី2របស់សហរដ្ឋអាម៉េរិក ខណៈ Mark Zuckerberg ដែលជា CEO របស់ Facebook ជាអ្នកមានជាងគេលំដាប់ទី3 និង Warren Buffett ជាអ្នកមានលំដាប់ទី4។

    លោក Bill Gates និង​លោក​ Mark Zuckerberg

    ចំណែកឯប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump ដែលមានទ្រព្យ2.5ពាន់លានដុល្លារ ឈរលំដាប់ទី352 ថយចុះ77ថ្នាក់បើធៀបនឹងឆ្នាំ2019។ មូលហេតុដែលនាំឱ្យទ្រព្យរបស់លោក Trump ធ្លាក់ចុះ គឺមកពីតម្លៃរបស់អគារការិយាល័យ សណ្ឋាគារ និងតំបន់រីហ្សតបាននិងកំពុងតែដាំក្បាលចុះព្រោះCOVID-19។

    លោក​ Donald Drump ជាប់​ចំណាត់​ថ្នាក់​​ទី352 ក្នុង​បញ្ជី​អ្នកមាន​ជាង​គេ​ទាំង​400​នាក់​នៅ​សហរដ្ឋអាម៉េរិក

    Forbes 400 ឆ្នាំនេះ មានឈ្មោះមហាសេដ្ឋីថ្មីចំនួន18រូប រួមមានទាំង Eric Yuan ដែលជា CEO របស់ Zoom Video Communications ដោយមានទ្រព្យ11ពាន់លានដុល្លារ។ មហាសេដ្ឋី9រូបដែលធ្លាប់ត្រូវលុបឈ្មោះចេញពីតារាងចំណាត់ថ្នាក់ Forbes 400 បានវិលត្រលប់មកវិញនៅក្នុងឆ្នាំនេះ។

    មហាសេដ្ឋី2រូបដែលមានឈ្មោះក្នុងបញ្ជីនេះកាលពីឆ្នាំមុន បានស្លាប់ ខណៈ25រូបផ្សេងទៀតបានធ្លាក់ចេញពីបញ្ជី Forbes 400 ក្នុងនោះមាន10រូបជួបបញ្ហាដោយសារCOVID-19៕

    ប្រភព៖ Forbes

  • ក្នុងមួយថ្ងៃ តើស្រ្តីមានគភ៌ក្នុងត្រីមាសដំបូងគួរទទួលទានអ្វី?

    ក្នុងមួយថ្ងៃ តើស្រ្តីមានគភ៌ក្នុងត្រីមាសដំបូងគួរទទួលទានអ្វី?

    ដូចដែលយើងបានដឹងច្បាស់ទាំងអស់គ្នាហើយថា ការញ៉ាំអាហារដែលល្អ និងមានប្រយោជន៍ក្នុងខណៈពេលតាំងគភ៌ នឹងត្រូវបានបញ្ជូនបន្តទៅឱ្យកូនតូចនៅក្នុងផ្ទៃឱ្យបានទទួលសារធាតុអាហារដែលល្អ ដើម្បីនាំយកទៅអភិវឌ្ឍអវយវៈផ្សេងៗឱ្យមានល្អឥតខ្ចោះ ដើម្បីត្រៀមជាស្រេចក្នុងការប្រសូតចេញមកពេញមួយរយៈពេល 9 ខែ។

    ពេញមួយរយៈពេលនៃការតាំងគភ៌ អនាគតអ្នកម្ដាយត្រូវតែរលឹកដឹងជាប់ជានិច្ចថា កូននៅក្នុងផ្ទៃ រួមទាំងខ្លួនឯងផងត្រូវការសារធាតុអាហារដែលមានគុណប្រយោជន៍ និងកម្លាំងថាមពលពីអាហាររៀងរាល់ថ្ងៃយ៉ាងជាប់លាប់។ ដើម្បីសុខភាពដែលរឹងប៉ឹងឥតខ្ចោះ ទើបការបានទទួលទានអាហារល្អៗក្នុងខណៈពេលតាំងគភ៌ក្លាយជាក្រោះការពារឱ្យទារកក្នុងផ្ទៃមានសុវត្ថិភាពពីសភាវអន្តរាយផ្សេងៗ ធ្វើឱ្យរាងកាយមានភាពល្អឥតខ្ចោះ។ ដូច្នេះ តើស្រ្តីមានគភ៌គួរទទួលទានអ្វីខ្លះក្នុងត្រីមាសនីមួយៗទាំងបីត្រីមាសនោះ ហើយខាងក្រោមនេះគឺជាគំរូអាហារដែលស្រ្តីមានគភ៌ក្នុងត្រីមាសដំបូងគួរទទួលទានក្នុងមួយថ្ងៃៗ។

    # ត្រីមាសដំបូង

    អំឡុងពេលនេះ រូបរាងរបស់ស្រ្តីមានគភ៌នៅមិនទាន់ប្រែប្រួលច្រើនទេ អ្នកខ្លះនៅមើលមិនទាន់ដឹងផងថា មានគភ៌។ ទម្ងន់ខ្លួនអាចនៅមិនសូវកើនឡើង ឬអ្នកខ្លះដែលមានអាការចាញ់ខ្លាំង អាចធ្វើឱ្យទម្ងន់ខ្លួនថយចុះទៅវិញក៏មាន។ 1 – 3 ខែដំបូង ស្រ្តីមានគភ៌គួរសង្កត់ធ្ងន់លើអាហារឱ្យបានសម្បូរបែបដើម្បីឱ្យទទួលបានសារធាតុអាហារ និងកម្លាំងថាមពល ដូចជា បាយ ម្សៅ ប្រូតេអ៊ីន ខ្លាញ់ និងវីតាមិន។

    គំរូអាហារក្នុង 1 ថ្ងៃ

    ពេលព្រឹក

    . បបរសាច់ជ្រូកចិញ្រ្ចាំ 1 ចានគោម

    . ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)

    . ផ្លែប៉ោម 1 ផ្លែ

    ពេលថ្ងៃត្រង់

    . គុយទាវសរសៃធំឆាសាច់ជ្រូក 1 ចាន

    . បង្អែមចេកខ្ទិះ 1 ចានចង្កឹះ

    ពេលល្ងាច

    . បាយអង្ករសម្រិត (បាយអង្ករសម្រូប) 2 វែក

    . ត្រីប្លាធូចៀន 1 ក្បាល

    . សម្លម្ជូរបន្លែរួម 1 ចានគោម

    . ចេកណាំវ៉ា 1 ផ្លែ

    មុនគេង

    . ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)។

    # ត្រីមាសទី 2

    នៅពេលបានធូរស្រាលពីអាការចាញ់កូន អនាគតអ្នកម្ដាយនឹងចាប់ផ្ដើមញ៉ាំអាហារបានច្រើនឡើងហើយ ក្នុងខណៈពេលជាមួយគ្នានេះ វិវឌ្ឍនាការខាងរាងកាយរបស់កូនក្នុងផ្ទៃក៏ចាប់ផ្ដើមសាងអវយវៈផ្សេងៗឡើងដែរ។ អាហារក្នុងរយៈពេលនេះ ស្រ្តីមានគភ៌គួរសង្កត់ធ្ងន់លើការបង្កើនសារធាតុដែក កាល់ស្យូម និងវីតាមីនផ្សេងៗ ដើម្បីឱ្យសុខភាពរបស់ម្ដាយរឹងមាំ និងមានចំណែកបង្កើនវិវឌ្ឍនាការរាងកាយរបស់កូនតូចដែលកំពុងតែធំធាត់ក្នុងពេលនេះ។

    គំរូអាហារក្នុង 1 ថ្ងៃ

    ពេលព្រឹក

    – បបរត្រី 1 ចានគោម

    – ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)

    – ផ្លែត្របែក 1/2 ផ្លែ

    ពេលថ្ងៃត្រង់

    – បាយសាច់ជ្រូក 1 ចាន

    – ស៊ុបឆ្អឹងជ្រួក 1 ចាន

    ពេលល្ងាច

    – បាយស 2 វែក

    – ត្រីអណ្ដែងអាំង 1 ក្បាល

    – សម្លកកូរបន្លែសព្វមុខ 1 ចាន

    – ក្រូចឃ្វិច 1 ផ្លែ

    មុនគេង

    – ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)

    ស្រ្តីមានគភ៌អាចបន្ថែមអាហារចម្អាបក្នុងចន្លោះពេលថ្ងៃត្រង់ ឬមុនពេលល្ងាច 1 ពេលទៀតបាន ដើម្បីមិនបណ្ដោយឱ្យពោះទំនេរ ឬឃ្លានខ្លាំងពេកមុននឹងដល់ពេលបាយចម្បង។

    # ត្រីមាសទី 3

    អំឡុងពេលចុងក្រោយមុនប្រសូត រាងកាយរបស់អនាគតអ្នកម្ដាយត្រូវការកម្លាំងថាមពលបន្ថែមឡើង។

    គំរូអាហារក្នុង 1 ថ្ងៃ

    ពេលព្រឹក

    – បាយស 2 វែក

    – ស៊ុតស្ងោ 1 គ្រាប់

    – ទឹកគ្រឿង បន្លែស្រុស

    – ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)

    អាហារចម្អាប

    – ផ្លែមង្ឃុត 6 ផ្លែ

    ពេលថ្ងៃត្រង់

    – បាយដំណើប 1 ដុំ(មួយក្ដាប់ដៃ)

    – សម្លស្ងោមាន់ 1 ចាន

    – ញាំសាច់ជ្រូក 1 ចាន(បរិមាណ 6 ស្លាបព្រា) បន្លែស្រស់

    អាហារបន្ថែម

    – ផ្លែសាវម៉ាវ 4 ផ្លែ

    ពេលល្ងាច

    – បាយស 2 វែក

    – ភ្លៅមាន់អាំង 1 ភ្លៅ

    – ខសាច់ជ្រូក – សាច់ 2 ដុំ

    – ក្រូចឃ្វិច 1 ផ្លែ

    មុនគេង

    – ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)

    តាមរយៈបញ្ជីគំរូអាហារក្នុងមួយថ្ងៃៗខាងលើនេះ យើងនឹងមើលឃើញថា អាហារដែលស័ក្តិសមសម្រាប់ស្រ្តីមានគភ៌គឺ គួរញ៉ាំឱ្យបានសម្បូរបែបក្នុងមួយពេលៗ ដែលគួរតែប្រកបទៅដោយ បាយ សាច់សត្វ បន្លែផ្លែឈើ ដើម្បីឱ្យមានក្រុមអាហារដែលគ្រប់ប្រភេទ បានទទួលសារធាតុអាហារដែលមានប្រយោជន៍រៀងរាល់ពេលបាយ។ ស្រ្តីមានគភ៌អាចកែសម្រួលទៅជាមុខម្ហូបដែលស្រដៀងៗគ្នាបានក្នុងមួយថ្ងៃៗ ដើម្បីកុំឱ្យកើតមានការធុញទ្រាន់ក្នុងការញ៉ាំ និងក្រៅពីការជ្រើសរើសទទួលទានម្ហូបអាហារដែលមានប្រយោជន៍ហើយ គួរនឹកដល់បរិមាណក្នុងការញ៉ាំដែលត្រូវតែមិនធ្វើឱ្យទម្ងន់ខ្លួនកើនឡើងផង។ នៅពេលស្រ្តីមានគភ៌ញ៉ាំអាហារបានគ្រប់ប្រភេទក្រុម មានសុខភាពរឹងមាំពេញមួយរយៈពេលតាំងគភ៌ ទម្ងន់ខ្លួនក៏ស្ថិតក្នុងកម្រិតប្រក្រតីដែរនោះ កូនតូចដែលកើតមកក៏នឹងមានសុខភាពរឹងមាំល្អឥតខ្ចោះ និងមានទម្ងន់ខ្លួនស្ថិតក្នុងកម្រិតប្រក្រតីផងដែរ៕

  • ដល់រដូវភ្ជុំ!! មាស សុខសោភា បបួលសំណព្វចិត្ត «ទៅវត្តទៅវ៉ា»

    ដល់រដូវភ្ជុំ!! មាស សុខសោភា បបួលសំណព្វចិត្ត «ទៅវត្តទៅវ៉ា»

    ទស្សនិកជនជាច្រើនមិនទាន់ភ្លេចរាជិនីសំឡេងផ្អែមត្រជាក់ចិត្តនោះឡើយ ទាំងទឹកដមសំឡេងដ៏ផ្អែមត្រជាក់ ចាក់ជាប់ក្រអៅបេះដូង នូវបទមនោសញ្ជេតនារបស់គាត់ ពេលនេះតារាចម្រៀងដ៏ល្បី កំពូលតារាចម្រៀងស្រី មាស សុខសោភា បានបញ្ចេញបទចម្រៀងថ្មីសម្រាប់រដូវភ្ជុំបិណ្ឌនេះផងដែរ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប កំពូលតារាស្រីក្នុងដួងចិត្តមិត្តយុវវ័យរូបនេះ បង្ហោះបទថ្មីសម្រាប់រដូវភ្ជុំមានចំណងជើងថា «ទៅវត្តទៅវ៉ា»។

    មាស សុខសោភា បានរៀបរាប់ប្រាប់ហ្វេនៗឱ្យដឹងពីដំណឹងបទថ្មីថា «សូមអនុមោទនាថ្ងៃបិណ្ឌទី ៦ 🙏🙏 តើអ្នកទាំងអស់គ្នាអញ្ចើញទៅបានប៉ុន្មានវត្តហើយ? ល្ងាចនេះនាងខ្ញុំនឹងបង្ហោះបទថ្មីជាបទភ្ជុំបិណ្ឌប្រពៃណី សង្ឃឹមថាពុកម៉ែបងប្អូននឹងគាំទ្រទាំងអស់គ្នាណា៎! សូមជួយធ្វើការ Subscribe YouTube Channel ផ្លូវការរបស់នាងខ្ញុំ ខាងក្រោមនេះដើម្បីទទួលបានបទចម្រៀងថ្មីៗជាច្រើនទៀត។ សូមអរគុណ! 👉 »។

    គួរឱ្យដឹងដែរថា ក្រោយការចាកចេញពីផលិតកម្មចាស់របស់ខ្លួនមក មាស សុខសោភា ក៏បានបន្ដចេញបទចម្រៀងនិពន្ធថ្មីនៅក្នុងផលិតកម្មផ្ទាល់ខ្លួនរបស់អ្នកនាង នៅមានបទថ្មីជាច្រើនបទទៀត ដែលអ្នកនាងនឹងក្រុមការងារកំពុងដុតដៃដុតជើង ផលិតឱ្យទាន់តម្រូវការមហាជនអ្នកគាំទ្រ។ យ៉ាងណាមិញ ចំពោះតម្រុយចូលជ្រកទ្រនំថ្មីផ្សេងទៀត យើងមិនទាន់ដឹងថា អ្នកនាង មាស សុខសោភា គាត់ច្រៀងនៅក្នុងផលិតកម្មមួយណានោះឡើយ តែគេរំពឹងថា មនុស្សមានសមត្ថភាពដូចរាជិនីសំឡេងផ្អែមមួយនេះ មិនងាយសាបប្រជាប្រិយភាពនោះទេ​ បើទោះបីជាជ្រកនៅផលិតកម្មមិនធំក៏ដោយ៕