Category: សង្គម និងសេដ្ឋកិច្ច

  • ដំណាំ ប្រពាយ

    ដំណាំ ប្រពាយ

    បន្លែ ប្រពាយ ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា Psophocarpus tetragonolobus Linn ជារុក្ខជាតិប្រភេទវល្លិ ដែលគ្មានសាច់ឈើ ដើមរបស់វាលូតតោងវារព័ទ្ធ មានលក្ខណៈជាស្លឹករៀងឆ្លាស់គ្នា មានស្លឹកតូចៗ 3 សន្លឹក មានលក្ខណៈរាងពងក្រពើ គល់ស្លឹកមូល និងចុងស្លឹកស្រួច ផ្កាមានលក្ខណៈតូចៗមានពណ៌សលាយស្វាយ ឯផ្លែជាបន្លែដែលមានរាងទ្រវែងមាន 4 ឆែកតាមបណ្ដោយផ្លែ ដែលមានប្រវែងប្រមាណពី 10 ទៅ 12 សង់ទីម៉ែត្រ ខាងក្នុងមានគ្រាប់មូលរលោង និងមានពណ៌ស។ ដើមប្រពាយអាចដាំបានពេញ 1 ឆ្នាំ មិនថារដូវណាក៏ដោយ។

    បន្លែប្រពាយ គេអាចនាំយកផ្លែខ្ចីៗ ត្រួយ(ឬស្លឹកខ្ចីៗ) និងផ្កាខ្ចីៗមកធ្វើជាអាហារបាន និងថែមទាំងមានគុណសម្បត្តិខាងថ្នាំបំបាត់អាការផ្សេងៗបាន ដូចជា ឫសប្រើសម្រាប់ថែបំប៉នរាងកាយ បំបាត់អាការទន់ខ្សោយអស់កម្លាំង បំបាត់អាការក្ដៅក្នុងស្រេកទឹក ព្យាបាលមុន និងរោគសើស្បែកប្រភេទខ្លះបានទៀតផង។

    – ការដាំដុះ

    . ការត្រៀមដី ៈ ដើមប្រពាយជារុក្ខជាតិវល្លិដែលមានឫសចាក់ជ្រៅកម្រិតមធ្យម ដូច្នេះការត្រៀមដីគួរភ្ជួរដីឱ្យបានជ្រៅប្រមាណជា 25 – 30 សង់ទីម៉ែត្រ។ ហាលដីទុកចោលប្រមាណជា 7 ថ្ងៃ ដាក់ជីលាមកគោ ឬជីកំប៉ុស រួចជ្រួយដីឱ្យល្អិត លើកជារងដោយមានទុកផ្លូវដើរ និងត្រៀមដាំជាស្រេច។

    . វិធីដាំដុះ ៈ ការដាក់ដាំប្រើចម្ងាយពីដើមមួយទៅដើមមួយ 60 សង់ទីម៉ែត្រ និងចម្ងាយពីជួរមួយទៅជួរមួយ 100 សង់ទីម៉ែត្រ។ ប្រពាយគេនិយមដាំដោយគ្រាប់ បន្ទាប់ពីត្រៀមដីរួចរាល់ហើយ ចូរជីករន្ធដាក់ដាំតាមចម្ងាយដាំ ទម្លាក់គ្រាប់ពូជចូលក្នុងរន្ធនីមួយៗប្រមាណជា 5 គ្រាប់ ជម្រៅប្រមាណជា 2 សង់ទីម៉ែត្រ រោយដីគ្របពីលើស្ដើងៗ ហើយគ្របពីលើរងដោយចំបើងស្ងួត ស្រោចទឹកឱ្យសើមជោក។ បន្ទាប់ពីគ្រាប់ពូជលាស់ឡើងប្រមាណជា 1 – 2 សប្ដាហ៍ ចូរដកបំបែកចេញឱ្យនៅសល់ក្នុងមួយគុម្ពតែ 3 ដើម។

    ចំណែកការធ្វើទ្រើងប្រពាយ មានវិធីធ្វើបានច្រើនបែប ដូចជា ទ្រើងទោល ដោតត្រង់គុម្ពប្រពាយទុកឱ្យដើមប្រពាយវារតោងឡើង ឬទ្រើងបែបគូ គឺដោតបង្គោលទ្រើងតាមបណ្ដោយរង ហើយចាប់ចុងបង្គោលទ្រើងចងជាគូៗ រួចយកសំណាញ់មកគ្របពីលើក៏បាន តែត្រូវឧស្សាហ៍ចាប់ចុងត្រួយដើមប្រពាយឱ្យព័ទ្ធនឹងបង្គោលទ្រើងដើម្បីឱ្យដើមប្រពាយឆាប់ឡើងពេញទ្រើង។ ​

    – វិធីមើលថែទាំរក្សា

    . ការស្រោចទឹក ៈ ស្រោចទឹកមួយថ្ងៃ 1 – 2 ដង រៀងរាល់ថ្ងៃ។

    . ការដាក់ជី ៈ បន្ទាប់ពីដាក់ដាំបាន 30 ថ្ងៃរួចហើយ ចូរចាប់ផ្ដើមដាក់ជីកំប៉ុសសរីរាង្គក្នុងបរិមាណ 100 ក្រាមក្នុង 1 គុម្ព រៀងរាល់ 15 ថ្ងៃ ឬអាស្រ័យលើភាពសម្បូរជីវជាតិរបស់ដី។

    . ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ ចូរបាញ់ទឹកត្រាំឱសថបុរាណបណ្ដេញសត្វល្អិតដែលត្រាំពីដើមស្ដៅរៀងរាល់ 7 ថ្ងៃម្ដង ដើម្បីការពារ និងកម្ចាត់សត្រូវដំណាំ ដូចជា ដង្កូវស៊ីត្រួយ មេរោគក្រា ដង្កូវស៊ីក្ដិប និងក្នុងករណីដែលឃើញមានការឆ្លងរាលដាលរបស់ដង្កូវស៊ីត្រួយធ្ងន់ធ្ងរនោះ អាចបាញ់ទឹកត្រាំថ្នាំឆួល លាយជាមួយកាកស្ករត្នោតបន្ថែម ដោយបាញ់ក្នុងអំឡុងម៉ោង 08ៈ00 – 09ៈ00 ព្រឹក

    រៀងរាល់ថ្ងៃរហូតទាល់តែលែងមានការឆ្លងរាលដាល និងក្រៅពីនោះចូរឧស្សាហ៍កម្ចាត់ពពួកស្មៅដើម្បីកុំឱ្យកើតការដណ្ដើមទឹក និងជីវជាតិអំពីដី និងថែមទាំងអាចជាកន្លែងស្នាក់នៅរបស់សរ្វល្អិតសត្រូវដំណាំទៀតផង។

    – ការប្រមូលផល

    នៅពេលដើមប្រពាយមានអាយុបាន 70 – 80 ថ្ងៃ ក៏អាចប្រមូលផលបានហើយ ដោយគួរបេះក្នុងអំឡុងពេលដែលថ្ងៃមិនសូវក្ដៅ ចង់បេះនៅពេលព្រឹក ឬពេលល្ងាចក៏បាន ព្រោះស្រទាប់ផ្លែប្រពាយហាក់ដូចជារាងស្ដើង បើបេះក្នុងអំឡុងពេលដែលថ្ងៃក្ដៅខ្លាំង នឹងធ្វើឱ្យស្រទាប់ផ្លែប្រពាយឆាប់ជាំ ហើយកន្រ្តក ឬកញ្រ្ចែងដែលទុកដាក់ផ្លែប្រពាយនោះ ក៏គួរទ្រាប់ដោយស្លឹកចេកផងដើម្បីការពារភាពស្រស់ខ្ចីរបស់ផ្លែប្រពាយ៕

  • ចំណុចល្អៗរបស់ការមានកូន

    ចំណុចល្អៗរបស់ការមានកូន

    ទោះជាការមានកូនត្រូវលីសែងបន្ទុកដ៏ច្រើនតាំងពីពេលចាប់ផ្ដើមតាំងគភ៌ និងជីវិតឯកជនសួនតួដែលធ្លាប់មាននឹងបាត់បង់ទៅបន្តិចម្ដងៗ លែងសល់ពេលវេលាសម្រាប់សេចក្ដីសុខរបស់ខ្លួនឯងក៏ដោយ តែការបានបំពេញតួនាទីជាឪពុក និងម្ដាយ គឺការបានប្រគល់នូវអ្វីៗដែលល្អៗបំផុតទៅដល់កូន ទោះជាហត់នឿយខ្លាំងប៉ុនណាក៏ដោយ ក៏មនុស្សភាគច្រើននៅតែយល់ស្របដូចៗគ្នាដែរថា ការមានកូនគឺជារឿងល្អ និងជាបទពិសោធនៃសេចក្ដីសុខមួយនៅក្នុងជីវិតដែលពួកគេនឹងបានទទួល ហើយខាងក្រោមនេះ គឺជាផ្នែកមួយនៃហេតុផលដែលធ្វើឱ្យមនុស្សសម្រេចចិត្តថា ការមានកូនគឺជារឿងមួយក្នុងចំណោមរឿងដ៏អស្ចារ្យរបស់ជីវិត។

    1 . ការមានកូន ធ្វើឱ្យគ្រួសារកាន់តែឥតខ្ចោះឡើង ៈ ទោះជាក្រុមគ្រួសារខ្លះមានអ្វីៗគ្រប់យ៉ាងសម្បូរបែបយ៉ាងល្អហើយ ទាំងតួនាទីការងារ ភាពរឹងមាំស្ថិតស្ថេរ និងស្ថានភាពហិរញ្ញវត្ថុ ដែលអាចរស់នៅបានយ៉ាងមានឥស្សរៈ និងមានពិភពផ្ទាល់ខ្លួនដ៏សែនសុខសប្បាយហើយក៏ដោយ តែការមានកូនសម្រាប់គ្រួសារជាច្រើនបែរជាធ្វើឱ្យជីវិតដែលសម្បូរបែបឥតខ្ចោះស្រាប់ហើយនោះ មើលទៅកាន់តែសម្បូរបែបខ្លាំងឡើងទៅទៀត។

    2 . ជួយបន្តនាមត្រកូលរបស់ក្រុមគ្រួសារ ៈ ក្រុមគ្រួសារខ្លះដែលរស់នៅជាមួយគ្នាជាគ្រួសារធំមួយ ការមានកូន គឺជាគោលបំណងមួយក្នុងការជួយបន្តនាមត្រកូលឱ្យអាចគង់វង្សនៅតទៅទៀតបាន ដោយភាគច្រើនតែងជួបប្រទះនៅក្នុងក្រុមគ្រួសារជនជាតិចិនច្រើនជាងក្រុមគ្រួសារខ្មែរយើង។

    3 . សង្ឃឹមពឹងពាក់បាននៅពេលចាស់ជរា ៈ អ្នកដែលសម្រេចចិត្តមានកូន ភាគច្រើនសុទ្ធតែមានសេចក្ដីសង្ឃឹមថា កូនៗរបស់ខ្លួននឹងអាចជួយជាទីពំនាក់បាននៅពេលខ្លួនចាស់ជរា ជាពិសេសបញ្ហាសុខភាពដែលចូលមកញាំញី និងក្នុងគ្រាដែលមិនអាចជួយខ្លួនឯងបាន ក៏នឹងបានកូនៗជាអ្នកនៅជួយមើលថែទាំក្នុងគ្រាចុងក្រោយនៃជីវិត។

    4 . មានមនុស្សម្នាក់ទៀត ដែលយើងស្រឡាញ់ និងស្រឡាញ់យើង ៈ ការមានកូនធ្វើឱ្យយើងបានប្រគល់សេចក្ដីស្រឡាញ់ទៅឱ្យមនុស្សម្នាក់ទៀតដែលជាសាច់ឈាមពូជពង្សរបស់យើង។ មានសេចក្ដីសុខដែលបានឃើញសេចក្ដីស្រឡាញ់អំពីកូន និងយើងក៏បានប្រគល់ទៅឱ្យគេយ៉ាងពេញហៀរហូរដូចគ្នា។

    5 . មានអ្នកជជែកកំដកែអផ្សុក ៈ ការមានកូនធ្វើឱ្យជីវិតមានមនុស្សម្នាក់ទៀតចូលមកជាផ្នែកមួយស្ទើរតែគ្រប់អំឡុងពេលរបស់យើង។ ពេលដែលមានអារម្មណ៍ថា ឯកោអផ្សុក ក៏មានកូនមកធ្វើជាផ្នែកមួយដែលធ្វើឱ្យឪពុកម្ដាយមានអារម្មណ៍ថា ខ្លួនឯងមិនបាននៅឯកាឡើយ។ ធ្វើទាំងជាមិត្តជជែកកំដ និងមិត្តដើរលេងកម្សាន្តដ៏សែនទុកចិត្ត និងរឹតតែមានសម្ព័ន្ធភាពជាមួយគ្នាស្អិតល្មួតប្រៀបដូចជាមិត្តជិតស្និទ្ធ រឹតតែធ្វើឱ្យជីវិតរបស់យើងដូចមានមិត្តជួយគិតនៅជាមួយគ្រប់ពេលវេលាដែលត្រូវការ។

    6 . បន្ថែមភាពសប្បាយរីករាយក្នុងជីវិតគ្រួសារច្រើនឡើង ៈ ជឿថា ការមានកូននឹងជួយបង្កើនភាពសប្បាយរីករាយឱ្យជីវិតគ្រួសារកាន់តែស្រស់ថ្លាឡើង ពេញទៅដោយសំឡេងសើចក្អាកក្អាយ និងស្នាមញញឹមរបស់បណ្ដាក្មេងៗនៅក្នុងផ្ទះខ្លាំងជាងការរស់នៅតែពីរនាក់ប្ដីប្រពន្ធ។

    7 . បានរៀនយល់ដឹងយ៉ាងគ្មានទីបញ្ចប់ ៈ អ្នកម្ដាយនឹងបានហ្វឹកហាត់ការធ្វើជាគ្រូ រហូតក្លាយជាការងារបន្ថែម បានស្គាល់នូវសេចក្ដីស្រឡាញ់យ៉ាងពិតប្រាកដ និងស្គាល់ពីការផ្ដល់ឱ្យដោយមិនសង្ឃឹមការតបស្នង បានសាកល្បងខុសផង​ត្រូវផង រៀនយល់ដឹងទៅជាមួយកូន និងសរសេរអត្ថបទជីវិតដោយខ្លួនឯង ព្រោះនៅក្នុងជីវិតពិត គ្មានរូបមន្តមេរៀនកំណត់ច្បាស់នោះឡើយ។

    8 . ជួយឱ្យខួរក្បាលម្ដាយអភិវឌ្ឍ ៈ អាចរាប់បានថា ជាភាពអស្ចារ្យមួយទៀតរបស់ធម្មជាតិដែលត្រៀមសមត្ថភាពផ្សេងៗឱ្យចូលគ្នាជាមួយអំឡុងវ័យរបស់មនុស្សយ៉ាងពិតប្រាកដ ព្រោះមានការស្រាវជ្រាវមួយបានបញ្ជាក់ថា “ខួរក្បាលរបស់ម្ដាយក្រោយប្រសូតបុត្ររួចនឹងមានផ្នែកខ្លះរីកធំឡើង ដើម្បីឱ្យម្ដាយត្រៀមខ្លួនជាស្រេចសម្រាប់ទប់ទល់ជាមួយភាពសាកល្បងថ្មីៗក្នុងការចិញ្ចឹមថែទាំកូន”។

    9 . ប្រយោជន៍របស់ការមានកូន (ដែលអ្នកនឹកស្មានមិនដល់) ៈ ក្នុងរឿងផ្សេងៗទៀតក៏ដូចគ្នាដែរ អ្នកនឹងក្លាយជាអ្នកបើកបររថយន្តដែលមានការប្រយ័ត្នប្រយែងខ្ពស់ឡើងរហូតក្លាយជាទម្លាប់។ ទទួលបានសិទ្ធិពិសេសៗជាងគេច្រើនឡើង(ដូចជា ពេលឡើងជិះរថយន្តក្រុង នឹងមានអ្នកក្រោកទុកកៅអីឱ្យរូបអ្នកដែលកំពុងតាំងគភ៌អង្គុយ ជាដើម)។ បានសម្រកទម្ងន់បែបមិនចាំបាច់តមអាហារ ជាពិសេសពេលចាញ់កូន អំឡុងពេលបំបៅកូន ឬពេលលេងជាមួយកូន ជាដើម។ សេចក្ដីសុខដែលអាចរកបានយ៉ាងងាយ(ដូចជា ការបានសើច និងមានសេចក្ដីសុខពេលកូនធ្វើអ្វីកំប្លែងៗឱ្យឃើញ ជាដើម)។ បានឱបកូន បានពកូនដោយគ្មានពេលកំណត់។ មានមនុស្សដែលស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ និងកូននឹងនៅតែស្រឡាញ់ម្ដាយជានិច្ច ទោះជានៅថ្ងៃដែលម្ដាយយ៉ាប់យ៉ឺនបំផុតក៏ដោយ។ បានហ្វឹកហាត់សិល្បៈការសម្ដែង និងកាយវិការផ្សេងៗគួបផ្សំពេលនិយាយរឿងនិទានឱ្យកូនស្ដាប់។ បានប្រឡែងជាមួយកូន ជឿចុះថា ពិតជាសប្បាយ និងមានសេចក្ដីសុខខ្លាំងណាស់។ បានអានសៀវភៅដែលខ្លួនចូលចិត្តកាលនៅក្មេង(តែវើហ្សឹនថ្មី) បានទិញរបស់លេងដែលធ្លាប់ចង់បានកាលពីនៅតូចឱ្យទៅកូន។ បានត្រឡប់ទៅសប្បាយបែបក្មេងៗម្ដងទៀតជាមួយកូនដោយគ្មានអ្នកណាថាអីឱ្យ និងបើអ្នកញ៉ាំអីហើយកំពប់រឡេករឡាក់ អ្នកដទៃនឹងគិតថា កូនរបស់អ្នកជាអ្នកធ្វើកំពប់ មិនមែនអ្នកទេ(ហាសហាសហា) និងច្រើនៗទៀតដែលពោរពេញទៅដោយក្ដីសប្បាយរីករាយជាមួយកូនៗគ្មានទីបញ្ចប់៕

  • តារាសម្ដែងនិងច្រៀង ឆឹម សក្កដា ទទួលតំណែងអ្នកតំណាងផលិតផលថ្មី

    តារាសម្ដែងនិងច្រៀង ឆឹម សក្កដា ទទួលតំណែងអ្នកតំណាងផលិតផលថ្មី

    នៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2020 តារាសម្ដែង លោក ឆឹម សក្កដា និង តារាកំប្លែង លោក ម៉ាដូណា ត្រូវបានក្រុមហ៊ុនមួយនេះ ប្រកាសថា គឺជា Brand Ambassador រយៈពេលមួយឆ្នាំ។ យ៉ាងណាមិញ ក្នុងចំណោម តារាជាអ្នកតំណាងទាំងពីរ លោក ឆឹម សក្កដា ត្រូវបានមហាជនផ្តោតការចាប់អារម្មណ៍ជាង ដោយសារតែលោកគឺជាអ្នកតំណាង ផលិតផលមុខ NS Skin Care ដែលនេះគឺជាឱកាសរបស់លោកជាលើកដំបូង នៅក្នុងវិស័យគ្រឿងសម្អាង។

    លោក ឆឹម សក្កដា បញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំនៃការកុងត្រា លោកមាននាទីថតរូបសន្លឹក និងផ្សាយប្រូម៉ូតពីផលិតផលមុខ NS Skin Care ដោយលោកក៏នឹងវីដេអូ ណែនាំឱ្យហ្វេនហ្វេនរបស់លោក ជឿជាក់លើ SN Skin Care ដោយលោករំពឹងថា រយៈពេល១ឆ្នាំនេះ នឹងធ្វើអោយតួនាទីជាអ្នកតំណាងរបស់លោកឈានឡើង។

    លោកស្រី លាង សុខអ៉ីម អគ្គនាយិការក្រុមហ៊ុន SN Skincare Co,Ltd បានថ្លែងបញ្ជាក់ថា ដើមចមដំបូងនៃការជ្រើសយកលោក ឆឹម សក្កដា គឺដោយសារតែ លោក ឆឹម សក្កដា ក៏ជាអតិថិជនរបស់ផលិតផល SN Skin Care មួយរូប ហើយដោយសារតែផលិតផលនេះ បានធ្វើឱ្យផ្ទៃមុខរបស់លោកប្រែប្រួលពីមុខរោល មុខមុន និង ប្រហោង មកជារលោងស្អាតដូចបច្ចុប្បន្ន ទើបលោកយល់ព្រមធ្វើជាអ្នកតំណាង ក្រោយពេលលោកស្រីដាក់សំណើ។ លោកស្រីថាក្រុមហ៊ុនភាគច្រើន គឺយកតារាស្រី ធ្វើជាអ្នកតំណាង ប៉ុន្តែលោកស្រីជ្រើសយកលោក ឆឹម សក្កដា ព្រោះតែលោកគឺជាអតិថិជនស្រាប់ ហើយក៏ចង់អោយមហាជនដឹងថា ផលិតផលរបស់ SN Skin Care គឺក្រៅត្រូវសម្រាប់ស្បែកមុខនារី ក៏ប្រើបានសម្រាប់បុរសផងដែរ។ លោកស្រីបន្ដអះអាងថា ក្រៅពីផលិតមុខ NS Skin Care ដែលតំណាងដោយលោក ឆឹម សក្កដា ក្រុមហ៊ុនក៏បាននាំចូលផលិតផលខូឡូជេនមួយប្រភេទ ដោយជ្រើសយក តារាកំប្លែងលោក ម៉ាដូណា ធ្វើជាអ្នកតំណាងផងដែរ។ មកដល់បច្ចុប្បន្នលោកស្រីថា ក្រុមហ៊ុនមានតំណាងចែកចាយប្រមាណជាខ្ទង់ម៉ឺននាក់ ដោយផលិតផលទាំងមូលក្រៅពីវាយលុកទីផ្សារក្នុងស្រុក ក៏មានទីផ្សានៅបារាំង កូរ៉េ និងបណ្ដាប្រទេសមួយចំនួនផងដែរ បន្ទាប់ពីចរាចរអស់៦ខែ មុនបើកសម្ពោធ។

    នៅក្នុងពិធីនោះក្រៅពីជប់លៀងកាត់ខ្សែរបូរប្រកាសីការដំណើរការក្រុមហ៊ុន NS Skincareក៏មានពិធីប្រគល់វិញ្ញាបនប័ត្រជូនដល់អ្នកតំណាងឆ្នើមជាងមួយរយនាក់ផងដែរ។

  • យុទ្ធសាស្ត្រទាំង​10​ដ៏មានប្រសិទ្ធភាព សម្រាប់​ជួយ​ឱ្យម្ចាស់អាជីវកម្ម​បាន​លេច​ធ្លោ​ជាង​គូប្រជែង​នៅ​ក្នុង​សម័យ​COVID-19

    យុទ្ធសាស្ត្រទាំង​10​ដ៏មានប្រសិទ្ធភាព សម្រាប់​ជួយ​ឱ្យម្ចាស់អាជីវកម្ម​បាន​លេច​ធ្លោ​ជាង​គូប្រជែង​នៅ​ក្នុង​សម័យ​COVID-19

    យុទ្ធសាស្ត្រទាំងនេះអាចនាំមកនូវប្រយោជន៍ច្រើនដល់ម្ចាស់អាជីវកម្ម ខណៈដែលពិភពលោកកំពុង “ហែលឆ្លង” វិបត្តិសុខភាព និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក។

    ខាងក្រោមនេះគឺជាគន្លឹះសំខាន់ទាំង10យ៉ាងដែលអាចជាអនុសាសន៍ដ៏ល្អសម្រាប់ក្រុមអ្នកជំនួញ ក៏ដូចជាម្ចាស់អាជីវកម្ម៖

    1. ពហុតួនាទី

    ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងឡាយក្នុងសម័យCOVID-19 នេះ ហាក់លែងមានឱកាសច្រើនក្នុងការ “ទម្រេតខ្នង” លើកៅអីពូកដ៏ទន់ដូចមុនទៀតហើយ ប៉ុន្តែជំនួសមកវិញ ពួកគេត្រូវចូល “ប្រយុទ្ធ” ក្នុងសមរភូមិទីផ្សារ ដែលដូចទៅនឹងដំណាក់កាល Startup (ដំណាក់កាលទើបបើកក្រុមហ៊ុន) ព្រោះថា ពិភពលោកនឹងប្រែប្រួលជាបន្តបន្ទាប់ និងគ្រប់វិនាទី។ ក្នុងដំណាក់កាលដ៏លំបាកនេះ CEO ឬថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន គួរយកចិត្តទុកដាក់ទៅលើសមត្ថភាពនៃការធ្វើទីផ្សារ បូករួមជាមួយនឹងសក្ដានុពលនៃប្រព័ន្ធផ្សព្វលើបណ្ដាញសង្គម។

    2. ធ្វើពិពិធកម្មទៅលើប្រាក់ចំណូល

    ការធ្វើឱ្យមានប្រភពចំណូលច្រើនគឺជារឿងដ៏សំខាន់ដើម្បីបញ្ជៀសបញ្ហាលំបាកនានាពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ដែលភាគច្រើនបានកើតឡើងដោយសារការពឹងផ្អែកទៅលើតែប្រភពចំណូលតែមួយ។ ចរន្តនៃប្រាក់ចំណូលនានា គួរតែមានភាពខុសៗគ្នាអំពីរបៀបធ្វើអាជីវកម្ម ក៏ប៉ុន្តែត្រូវតែមានចំណុចដូចគ្នាមួយ នោះគឺ “មានទិសដៅបម្រើអតិថិជនក្រុមណាមួយឱ្យបានជាក់លាក់”។ ជាការល្អខ្លាំងណាស់ បើសិនជាក្នុងចំណោមប្រភេទចំណូលរបស់ក្រុមហ៊ុន មានសេវាកម្មមួយពាក់ព័ន្ធនឹងវិស័យថែទាំសុខភាព។

    3. សម្ព័ន្ធភាពយុទ្ធសាស្ត្រ

    គួរតែទៅរកបណ្ដាក្រុមហ៊ុនដែលកំពុងតែកាន់កាប់អតិថិជនច្រើន និងកំពុងតែ “បង្កព្យុះភ្លៀង” នៅលើឆាណែល ឬគេហទំព័ររបស់ពួកគេ។ ចូររៀបចំផែនការសមស្របសម្រាប់សហការជាមួយក្រុមហ៊ុនទាំងនេះដើម្បីបានចែករំលែងខ្ទង់ចំណាយ ឬបង្កើនឱកាសចាប់យកក្រុមអតិថិជនគោលដៅថ្មី។

    4. ផ្ដោតទៅលើក្រុមអតិថិជនដែលមានសក្ដានុពល

    ក្នុងដំណាក់កាលវិបត្តិ អ្នកគួរតែផ្ដោតទៅលើការផ្ដល់ និងបម្រើសេវាកម្មទៅឱ្យក្រុមអតិថិជនដែល “នៅមានប្រាក់ច្រើន” ដោយលក់សេវាកម្ម ឬផលិតផលដែលអាច “ទិញបានដោយខ្ទង់ប្រាក់រាយ”។

    5. ប្រើប្រាស់វីដេអូខ្លី

    ក្នុងសម័យព័ត៌មានសម្បូរបែបដូចបច្ចុប្បន្ន វីដេអូខ្លីគឺជា “អ្នកខ្លាំង”។ ដូច្នេះ បណ្ដាញសង្គមចែករំលែកវីដេអូខ្លីៗ ដូចជា TikTok ឬ Youtube ជាដើមគឺជាជម្រើសល្អ។

    6. បទពិសោធន៍របស់អតិថិជនមិនមែនជាការជួយសង្គ្រោះក្រុមហ៊ុនទេ

    ការផ្ដល់បទពិសោធន៍ដល់អតិថិជន មិនមែនត្រូវបានបង្កើតឡើងដើម្បីឱ្យអតិថិជនជួយ “ស្រោចស្រង់” និងស្មោះត្រង់ជាមួយនឹងអាជីវកម្ម ឬផលិតផលរបស់ក្រុមហ៊ុននោះទេ។ ការនាំមកនូវបទពិសោធន៍ល្អៗសម្រាប់អតិថិជនគឺត្រូវតែកើតឡើងពីការដាក់ចិត្តដាក់កាយ “ស្វែងរកដំណោះស្រាយល្អបំផុត និងទាក់ទាញបំផុតដើម្បីស្រាយបញ្ហា ការឈឺចាប់ ក្ដីសង្ឃឹម និងការទន្ទឹងរង់ចាំរបស់អតិថិជន។

    7. ជ្រើសរើសផលិតផល

    សម្រាប់ក្រុមហ៊ុន B2B (business-to-business) ចូរជ្រើសរើសការផ្គត់ផ្គង់ផលិតផល ឬសេវាកម្មដែលនឹងក្លាយជាផ្នែកមួយនៃវត្ថុធាតុដើម/ផលិតផលសម្រេច ដែលមិនអាចខ្វះបាននៅក្នុងចំណោមផលិតផលរបស់ក្រុមហ៊ុន B2C (business-to-consumer)។ និយាយរួម ចូរធ្វើឱ្យផលិតផលរបស់ខ្លួនក្លាយទៅជា “Intel Inside” (ក្រុមហ៊ុនផលិតឈីបសម្រាប់ដំណើរនៅក្នុងទូរស័ព្ទ ឬកុំព្យូទ័រ)។

    8. រៀបចំកម្លាំងកាយចិត្ត

    ចូរប្រមូលឧបសគ្គទាំងអស់ដែលក្រុមហ៊ុនរបស់អ្នកកំពុងជួបប្រទះ ហើយធ្វើឱ្យវាទៅជា “ដុំធ្យូងភ្លើង” ដើម្បីរក្សាកម្ដៅក្នុងឡឱ្យបានល្អសម្រាប់គោលដៅដែលត្រូវឈោងចាប់។ អ្នកក៏គួរតែមានដៃគូរួមដំណើរដែលមានថាមពលខ្លាំង ទាំងកាយ និងចិត្ត ដែលអាចធ្វើសកម្មភាពបានច្រើន យូរអង្វែង និងល្អ ដើម្បីជួយបង្កើនថាមពលពីខាងក្នុងរបស់ក្រុមហ៊ុន។

    9. វិនិយោគទៅលើផលិតផលឌីជីថល់

    ការបន្ថែមឆាណែលលក់ផលិតផលអនឡាញដើម្បីទាក់ទាញអតិថិជនផ្ទាល់ (មិនមែនតាមរយៈឆាណែលកណ្ដាល) គឺជាប្រការដែលអ្នកជំនួញភាគច្រើនបានដឹងច្បាស់ ប៉ុន្តែ ការយល់ និងការអនុវត្ត ទំនងជានៅមានគម្លាតពីគ្នាឆ្ងាយនៅឡើយ។ ក្រុមហ៊ុនភាគច្រើនមិនអាចលក់ផលិតផលតាមអនឡាញបានច្រើន ក៏ព្រោះតែការវិនិយោគរបស់ពួកគេមិនត្រូវបានធ្វើឡើងប្រកបដោយ “ការដាក់ចិត្តដាក់កាយ” (ការផ្ដោតអារម្មណ៍) ដោយសារតែពួកគេ “បោះបង់ចោលភ្លាមៗ បន្ទាប់ពីបានធ្វើសាកល្បងគ្រាដំបូង”។ កិច្ចការដែលគួរតែធ្វើ ក្រោយពីបានស៊ាំជាមួយនឹងរូបមន្តអនឡាញ នោះគឺការវិនិយោគទៅលើផលិតផលឌីជីថល់។ ប្រការនេះនឹងនាំឱ្យក្រុមហ៊ុនត្រូវចំណាយកម្លាំងច្រើន ដូច្នេះ មានតែក្រុមហ៊ុនដែលនៅសល់ “ប្រាក់ក្នុងហោប៉ៅ” ប៉ុណ្ណោះ ទើបអាចវិនិយោគបានល្អប្រសើរ។

    10. បង្កើតផ្សារ Platform

    បើសិនជាក្រុមហ៊ុននៅមានប្រាក់បម្រុង ចូរកុំប្រមូលយកវាទៅវិនិយោគទៅលើរូបមន្តជំនួញដែលធ្លាប់បានធ្វើកាលពីមុនសម័យCOVID-19 តែគួរវិនិយោគទៅលើរូបមន្តជំនួញប្រភេទ Platform។ នេះមិនមែនជាទីលានប្រកួតរបស់ SMEs (small and medium-sized enterprises) នោះទេ ប៉ុន្តែ បើសិនជាក្រុមហ៊ុនខ្នាតមធ្យមមួយចំនួនសហការគ្នា នោះប្រាកដជាអាចបង្កើតបានជាកម្លាំងមួយដ៏ខ្លាំងក្លាមិនខាន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • តាំងគភ៌ហើយ តើនៅតែទៅធ្វើការងារដូចមុនបានឬទេ?

    តាំងគភ៌ហើយ តើនៅតែទៅធ្វើការងារដូចមុនបានឬទេ?

    ក្នុងយុគសម័យបច្ចុប្បន្ន ស្រ្តីយើងទោះជារៀបការហើយក៏ដោយ ក៏នៅតែត្រូវចេញទៅធ្វើការក្រៅផ្ទះដើម្បីជួយសម្រាលបន្ទុកការចាយវាយក្នុងគ្រួសារដែរ តែនៅពេលណាដែលស្រ្តីយើងចាប់ផ្ដើមគិតចង់បានបុត្រ ឬដឹងខ្លួនថា ចាប់ផ្ដើមមានគភ៌ហើយនោះ ក្ដីកង្វល់ដែលតែងតែកើតមាននោះគឺថា តើការចេញទៅធ្វើការងារក្នុងខណៈដែលខ្លួនឯងតាំងគភ៌នោះ នឹងមានផលប៉ះពាល់ដល់ទារកក្នុងគភ៌ដែរឬទេ? ថ្ងៃនេះ ឡារ៉ែនមានចម្លើយមកជម្រាបជូន។

    នៅក្នុងផ្នែកវេជ្ជសាស្រ្តនៅមិនទាន់មានការបញ្ជាក់យ៉ាងច្បាស់លាស់ថា ហាមស្រ្តីដែលកំពុងមានគភ៌ធ្វើការអ្វីនោះឡើយ មានត្រឹមតែពាក្យណែនាំថា មិនគួរលើករបស់ធ្ងន់ៗ និងមិនគួរមានសភាវតានតឹងធុញថប់ក្នុងអារម្មណ៍ឡើយ ព្រោះនៅពេលរាងកាយរបស់ស្រ្តីមានគភ៌តានតឹងធុញថប់(អាចបណ្ដាលមកពីរឿងការងារ ឬមួម៉ៅធុញថប់ដោយសារតែរឿងធ្វើដំណើរតាមផ្លូវដែលកកស្ទះខ្លាំង) រាងកាយនឹងបញ្ចេញសារធាតុម្យ៉ាងចេញមក ដែលបើសិនជាការតាំងគភ៌ក្នុងរយៈ 3 ខែដំបូងផងនោះ អាចនឹងមានឱកាសរលូតបុត្របាន។ ក្រៅពីនោះ តាមធម្មជាតិវិញ ក្នុងអំឡុង 3 ខែដំបូងនៃការតាំងគភ៌ ស្រ្តីមានគភ៌នឹងមានអារម្មណ៍ថាទន់ល្វើយអស់កម្លាំង ដោយសារតែជាអំឡុងពេលដែលទារកក្នុងគភ៌កំពុងវិវឌ្ឍ និងធំធាត់ឡើង ដែលជារឿងប្រក្រតី ដូច្នេះទើបការសម្រាករបស់ស្រ្តីមានគភ៌ត្រូវមានច្រើនជាងមនុស្សប្រក្រតី។ បើរាងកាយនឿយល្វើយហើយ នៅត្រូវទៅធ្វើការ ហើយត្រូវជួបនឹងសភាវធុញថប់តានតឹងផ្សេងៗទៀតផងនោះ ក៏នឹងរឹតតែធ្វើឱ្យរាងកាយលែងបានសម្រាក និងអស់កម្លាំងខ្លាំងលើសដើមទៅទៀត។

    ដូច្នេះអ្នកដែលឆ្លើយតបនឹងសំណួរខាងលើបានល្អបំផុតនោះគឺ ស្រ្តីមានគភ៌ខ្លួនឯងដែលគួរតែគិតថា ការងារដែលទៅធ្វើនោះ បើធ្វើហើយមានសេចក្ដីសុខ ក៏អាចធ្វើតទៅទៀតបាន ព្រោះបើរាងកាយមានសេចក្ដីសុខ ក៏នឹងមានផលល្អដល់ទារកក្នុងគភ៌ដែរ តែបើដឹងខ្លួនថា ធ្វើហើយគ្មានសេចក្ដីសុខ ត្រូវមួម៉ៅធុញថប់ ក៏គួរតែសម្រាកបន្តិចទៅ និងក៏គួរតែជ្រើសរើសយកកូនជារឿងសំខាន់ជាងវិញប្រសើរជាង។

    ក្រៅពីនេះនៅមានរឿងដែលគួរប្រយ័ត្នប្រយែងនៅក្នុងកន្លែងធ្វើការ រួមទាំងការធ្វើដំណើរក្នុងខណៈតាំងគភ៌ដូចតទៅ ៈ

    1 . ស្រ្តីដែលកំពុងតាំងគភ៌ គួរចៀសវាងការធ្វើការងារណាដែលពាក់ព័ន្ធជាមួយម៉ាស៊ីន X-Ray យ៉ាងដាច់ខាត ព្រោះទារកនៅក្នុងគភ៌នឹងមានឱកាសពិការ ឬកើតមហារីកក្នុងគ្រាប់ឈាមសដែលបណ្ដាលពីកាំរស្មីបាន។

    2 . បើលក្ខណៈការធ្វើការងារត្រូវឈរ ឬអង្គុយក្នុងរយៈពេលយូរៗ ក៏គួរតែផ្លាស់ប្ដូរឥរិយាបថរៀងរាល់ 1 ម៉ោងម្ដង ជាពិសេសនៅពេលចាប់ផ្ដើមតាំងគភ៌ក្នុងអំឡុង 6 ខែតទៅ ដូចជាអាចប្រើការដើរទៅមក ឆ្លាស់គ្នានឹងការអង្គុយសម្រាកជាដើម។

    3 . ការចង់កម្រើកខ្លួន ឬប្ដូរឥរិយាបថ ត្រូវប្រយ័ត្នខ្លួនជាពិសេស ព្រោះអាចកើតការពង្រឹងខ្លួនរបស់ស្បូនបាន បើសិនជាផ្លាស់ប្ដូរឥរិយាបថលឿនរហ័សជ្រុលពេក។

    4 . សម្រាប់ការធ្វើដំណើរទៅធ្វើការ ឡារ៉ែនមិនណែនាំឱ្យជិះម៉ូតូទេ ទោះជាតាំងគភ៌ប៉ុន្មានខែក៏ដោយ។

    5 . បើមិនចាំបាច់ មិនគួរធ្វើដំណើរទៅណាឆ្ងាយៗឡើយ ព្រោះការជិះឡានយូរៗដោយមិនផ្លាស់ប្ដូរឥរិយាបថ នឹងធ្វើឱ្យឈឺខ្នង ស្ពឹកតាមដៃ-ជើង ព្រោះប្រព័ន្ធឈាមរត់អាចនឹងធ្វើការមិនបានល្អដូចពេលរាងកាយប្រក្រតី។

    6 . គួរតមការបើកបររថយន្តដោយខ្លួនឯង ព្រោះការបើកបររថយន្ត ក្រៅតែពីធ្វើឱ្យមានអារម្មណ៍តានតឹងធុញថប់ហើយ នៅមានផលដល់ការពង្រឹងខ្លួនរបស់ស្បូនទៀតផង។

    7 . ហាមទប់បត់ជើងតូចជាដាច់ខាត ព្រោះការទប់មិនព្រមទៅបត់ជើងតូចនឹងធ្វើឱ្យរលាកប្លោកនោម។ ការទៅធ្វើការក្រៅផ្ទះ ពេលខ្លះអាចនឹងមិនសូវងាយស្រួលក្នុងការចូលបន្ទប់ទឹក ទើបស្រ្តីជាច្រើនជ្រើសរើសយកការទ្រាំ ដូច្នេះស្រ្តីមានគភ៌ត្រូវរៀបចំផែនការរឿងការបន្ទោបង់នេះឱ្យបានល្អ៕

  • បើកប្រវត្តិមហាវិហារ Saint Basil ៖ ភាពស្រស់ស្អាតដែលត្រូវដូរដោះដោយកែវភ្នែករបស់ស្ថាបត្យករ

    បើកប្រវត្តិមហាវិហារ Saint Basil ៖ ភាពស្រស់ស្អាតដែលត្រូវដូរដោះដោយកែវភ្នែករបស់ស្ថាបត្យករ

    បើកប្រវត្តិសាស្រ្តមហាវិហារ សេនត៍ បាហ្ស៊ីល នៃប្រទេសរុស្ស៊ី ដែលត្រូវចេញម៉ូដសាងឡើងយ៉ាងស្រស់ស្អាតល្អវិចិត្រ រហូតដល់ក្រុមស្ថាបនិកត្រូវបញ្ជាឱ្យខ្វេះគ្រាប់ភ្នែកចេញដើម្បីឱ្យទីកន្លែងផ្សេងទៀតមិនអាចប្រៀបស្មើបាន។

    បើកប្រវត្តិរឿងរ៉ាវរបស់មហាវិហារ សេនត៍ បាហ្ស៊ីល(Saint Basil’s Cathedral)មួយក្នុងចំណោមមហាវិហារល្បីឈ្មោះលំដាប់ពិភពលោកដោយភាពចម្រុះពណ៌ និងរូបរាងដែលស្អាតចម្លែកភ្នែកមិនដូចវិហារផ្សេងទៀត។ ស្ថិតនៅលើបរិវេណទីលានក្រហមក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី វិហារមួយនេះមានបញ្ជាឱ្យសាងសង់ឡើងក្នុងយុគសម័យរបស់ស្ដេច ត្យាអ៊ីវ៉ានទី 4 នៃរុស្ស៊ី ឬមាន

    រហស្សនាមថា “ត្យាអ៊ីវ៉ានកំពូលឃោរឃៅ” ដើម្បីជប់លៀងឆ្លងជ័យជម្នះលើកងកម្លាំងម៉ុងហ្គោលីនៅទីក្រុង ខាសាន ក្នុងគ្រិស្តសករាជ 1552 តែមហាវិហារមួយនេះចាប់ផ្ដើមសាងសង់នៅឆ្នាំ 1555។

    វិហារមួយនេះត្រូវបានសាងឡើងចែកជារូបអគារដូម(Dome) 9 ចំណែក ស្ថិតនៅជុំវិញដូមទី 9 ដែលជាមណ្ឌលកណ្ដាល មានលក្ខណៈជាអគារដូមរូបរាងមើមខ្ទឹមបារាំងដែលមានពណ៌ចម្រុះក្បូរក្បាច់ដែលស្មុគស្មាញខុសប្លែកពីគ្នា។ ទិដ្ឋភាពរួមរបស់វិហារមានលក្ខណៈជារូបស្រដៀងទៀនដែលមានអណ្ដាតភ្លើងចាំងជះពន្លឺនៅចុងកំពូល។ យ៉ាងណាក៏ដោយ កាលពីដំបូង តួអគារប៉មផ្នែកខាងក្រៅជាថ្មពណ៌ស និងកំពូលដូមគ្មានពណ៌ចម្រុះបែបនេះទេ រហូតដល់មានការជួសជុលឡើងវិញ និងតុបតែងបន្ថែមនៅក្រោយសតវត្សរ៍ទី 17។ ក្រៅពីនេះ ទោះជាមើលពីលក្ខណៈខាងក្រៅវិហារទៅឃើញរាងធំទូលាយមែន តែខាងក្នុងវិញហាក់ដូចជាតូច និងចង្អៀត។

    ស្ថាបនិកអ្នកគូរម៉ូដព្រះវិហារមួយនេះមានឈ្មោះថា ផូស្ត៍និក យ៉ាខូវលេហ្វ( Postnik Yakovlev) តែយ៉ាងណាក៏ដោយ គ្មាននរណាដឹងពីមូលហេតុពិតប្រាកដថា ក្រោយពីគូរម៉ូដវិហារមួយនេះហើយ មូលហេតុអីបានជារូបគាត់ពិការភ្នែកមើលអ្វីលែងឃើញនោះឡើយ? មានត្រឹមតែរឿងតំណាលតៗគ្នាដោយអ្នកស្រុកដែលថា គាត់ត្រូវស្ដេច ត្យាអ៊ីវា៉ន មហាឃោរឃៅបញ្ជាឱ្យគេខ្វេះគ្រាប់ភ្នែកគ្រាប់ភ្នែកគាត់ចោល ដើម្បីឱ្យមិនអាចទៅគូរម៉ូដទីកន្លែងផ្សេងឱ្យស្រស់ស្អាតវិចិត្រដូចទីនេះបានទៀត។

    សម្រាប់ឈ្មោះរបស់ព្រះវិហារមួយនេះ ពីដើមមានឈ្មោះថា មហាវិហារនៃការអធិដ្ឋានរបស់ព្រោះមាតាម៉ារី( Cathedral of the Intercession of the Virgin) មុននឹងត្រូវបានហៅឈ្មោះតាមបព្វជិត សេនត៍ បាហ្ស៊ីល ឬពីដើមដែលមានឈ្មោះថា វ៉ាស៊ីលី ប្លា ហ្សេននី( Vasily Blazhenny) អ្នកដែលមានតួនាទីខ្លាំងចំពោះវប្បធម៌រុស្ស៊ីមកជាច្រើនសតវត្សរ៍ ដែលជាទីទទួលស្គាល់ថា មានទេពកោសល្យខាងការព្យាករទស្សន៍ទាយជោគជតា។ គាត់អាចទស្សន៍ទាយរឿងរ៉ាវនៃសេចក្ដីស្លាប់ និងហេតុការណ៍ផ្សេងៗដែលកើតឡើងក្នុងអតីតកាលបានយ៉ាងឆុត និងថែមទាំងជាមនុស្សដ៏កម្រម្នាក់ដែលអាចនិយាយដាស់តឿនស្ដេច ត្យាអ៊ីវ៉ានកំពូលឃោរឃៅអំពីទង្វើរបស់ខ្លួនបាន។ ពេលគាត់ស្លាប់នៅថ្ងៃទី15 ខែសីហា ឆ្នាំ1557 សាកសពរបស់គាត់ត្រូវបានបញ្ចុះនៅជិតនឹងវិហារនោះក្នុងអំឡុងពេលកំពុងសាងសង់។ បន្ទាប់ពីនោះមក គាត់ក៏បានទទួលការលើកឋានៈឱ្យក្លាយជាបព្វជិត មានភាពស័ក្តិសិទ្ធិ ដោយមានមនុស្សម្នានាំគ្នាមកសូត្រមន្តនៅនឹងផ្នូរសពរបស់គាត់ រហូតក្លាយជាពាក្យស្លោកដែលថា “សូត្រមន្តភាវនា នៅឯមហាវិហារ សេនត៍ បាហ្ស៊ីល” ទើបឈ្មោះរបស់មហាវិហារក្លាយជាទីពេញនិយមខ្លាំងបំផុត។

    មហាវិហារមួយនេះ រួចផុតពីមហន្តភ័យផ្សេងៗជាច្រើន ទាំងគ្រោះធម្មជាតិ ហេតុការណ៍អគ្គិភ័យ និងពីការត្រូវសត្រូវរុករានដោយនៅតែតាំងជ្រងោលើផ្ទៃដីកន្លែងនោះអស់រយៈពេលយូរជាង 400ឆ្នាំមកហើយ។ បច្ចុប្បន្នមហាវិហារមួយនេះមិនមែនជាវិហារទៀតទេ តែបានក្លាយជាសារមន្ទីរដែលមានព័ត៌មានពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តរបស់រុស្ស៊ីដែលជាលែនដ៍ម៉ាកសំខាន់របស់ប្រទេសដែលបើកឱ្យភ្ញៀវទេសចរបានធ្វើដំណើរចូលទៅទស្សនាភាពស្រស់ស្អាតដ៏វិចិត្រទាំងនោះ៕

  • តើទារកនៅក្នុងផ្ទៃម្ដាយ គេងនៅពេលណាខ្លះ?

    តើទារកនៅក្នុងផ្ទៃម្ដាយ គេងនៅពេលណាខ្លះ?

    សភាពជុំវិញខ្លួននៅក្នុងផ្ទៃម្ដាយស័ក្តិសមសម្រាប់ការគេងរបស់ទារកបំផុត ព្រោះនៅក្នុងពោះរបស់ម្ដាយទាំងងងឹត កក់ក្ដៅ ស្ងាត់ គ្មានការប្រែប្រួល និងពេលដែលអ្នកម្ដាយដើរទៅណាមកណាក៏ប្រៀបដូចជាយោលអង្រឹងឱ្យកូនបានគេងលក់ដូច្នោះដែរ។

    . ទារកក្នុងផ្ទៃម្ដាយនឹងគេងប្រមាណជា 20 ម៉ោងក្នុងមួយថ្ងៃ។

    . កូនរបស់អ្នកនឹងបានឮសំឡេងបេះដូង សំឡេងកូរពោះ និងសំឡេងនិយាយរបស់អ្នកម្ដាយ ដែលនឹងធ្វើឱ្យគេមានអារម្មណ៍កក់ក្ដៅ ក្រៅពីនោះទារកក្នុងគភ៌ថែមទាំងមិនមានអារម្មណ៍ឃ្លានទៀតផង ព្រោះមានខ្សែទងផ្ចិតតភ្ជាប់អាហារ ដែលជាមូលហេតុមួយធ្វើឱ្យទារកបានគេងលក់យ៉ាងសប្បាយចិត្ត។

    . ការភ្ញាក់ពីគេងរបស់ទារកក្នុងគភ៌កើតឡើងមិនទៀងពេលឡើយ ហើយកូននឹងភ្ញាក់ត្រឹមតែក្នុងរយៈពេលខ្លីៗប៉ុណ្ណោះ។

    . អំឡុងពេលដែលកូនគេងលក់នៅក្នុងពោះម្ដាយអាចមានការកម្រើកខ្លួន និងធាក់ម្ដាយខ្លះៗមិនខាន ព្រោះកូននៅក្នុងផ្ទៃអាចជាក្មេងដែលគេងរើ។

    . នៅពេលតាំងគភ៌ដល់ 7 ខែ ទារកក្នុងផ្ទៃនឹងចាប់ផ្ដើមមានការយល់សប្តិខ្លះហើយ ព្រោះតួកំណើតនៅក្នុងគភ៌នេះមានការសាងខួរក្បាលគ្រប់គ្រាន់ល្មមធ្វើឱ្យកើតការគេងលក់បែប REM (Rapid Eye Movement) ទារកចាប់ផ្ដើមមានក្រសែប្រសាទដែលពាក់ព័ន្ធជាមួយសមត្ថភាពក្នុងការមើលឃើញ និងបានឮហើយ។

    . នៅពេលតាំងគភ៌គ្រប់ 8 ខែ ទារកក៏នឹងចាប់ផ្ដើមគេងលក់បែប non-REM ឬបែបគេងលង់លក់ខ្លាំងបានហើយដែរ។

    . បើធ្វើការថតអេកូ 4 D ពេលខ្លះអ្នកម្ដាយអាចនឹងបានឃើញកូនតូចគេងញញឹមទៀតផង នេះក៏ដោយសារថា អំឡុងពេលដែលកូនតូចគេងលក់បែប REM សាច់ដុំបរិវេណផ្ទៃមុខកើតអាការញាក់ ឬមានការទាញហ្នឹងឯង។

    . បេប៊ីក្នុងផ្ទៃចូលចិត្តគេងពេលថ្ងៃ និងភ្ញាក់នៅពេលយប់ ព្រោះក្នុងអំឡុងពេលយប់ដែលអ្នកម្ដាយគេងលក់នឹងមានទីកន្លែងឱ្យកូនតូចបានកម្រើកខ្លួនច្រើនជាង ថែមទាំងនៅអំឡុងពេលថ្ងៃ ពេលដែលអ្នកម្ដាយដើរច្រើនផងនោះ រឹតតែធ្វើឱ្យកូនតូចមានអារម្មណ៍ដូចកំពុងគេងយោលយោកទៅមកធ្វើឱ្យគួរគេងលក់ហ្នឹងឯង៕

  • នៅពេលកូនតូចឈានចូលខែទី 8

    នៅពេលកូនតូចឈានចូលខែទី 8

    ខែទី 8

    លក្ខណៈរបស់កូនតូច

    ក្នុងវ័យនេះ កូនអាចលូនវារបានតាមចិត្តខ្លួនឯងបានឆ្ងាយហើយ ដូច្នេះអ្នកម្ដាយគួរប្រមូលទុកដាក់របស់របរនៅក្នុងផ្ទះឱ្យបានរៀបរយ។ ប្រយ័ត្នពួកទូដាក់សម្លៀកបំពាក់ដែលទ្វារងាយរបើក របស់របរក្នុងទូក៏ត្រូវតែប្រយ័ត្នដែរ ដូចជាគ្រាប់ថ្នាំដេញសត្វកន្លាត ថតតុ ឬថតទូដែលកូនអាចឈោងដៃដល់ជាដើម។ ត្រូវប្រមូលរៀបចំទុកដាក់របស់របរឱ្យបានរៀបរយ របស់ដែលអាចបង្កគ្រោះថ្នាក់ និងវត្ថុដែលមុតស្រួចត្រូវយកទៅទុកឱ្យឆ្ងាយៗ។ បើរស់នៅក្នុងផ្ទះ 2 ជាន់ ឬផ្ទះនៅខ្ពស់ពីដី ត្រូវប្រយ័ត្នកូនធ្លាក់ពីកាំជណ្ដើរ និងនៅត្រង់មាត់កាំជណ្ដើរគួរតែដាក់អ្វីឃាំងការពារ។

    ដល់ពេលញ៉ាំអាហារបន្ថែមហើយ

    កូនតូចនឹងបង្ហាញឱ្យឃើញពីទម្លាប់និស្ស័យការញ៉ាំដែលខុសប្លែកពីមុនកាន់តែច្បាស់ឡើង ក្មេងខ្លះចូលចិត្តញ៉ាំបាយ ក្មេងខ្លះមិនចូលចិត្តញ៉ាំបន្លែ ក្មេងខ្លះទៀតមិនចូលចិត្តញ៉ាំត្រី តែចូលចិត្តញ៉ាំបន្លែ ដូច្នេះទើបអាហារបន្ថែមរបស់ក្មេងម្នាក់ៗមិនដូចគ្នាទាំងប្រភេទ និងបរិមាណអាហារ។ ក្មេងខ្លះមិនចូលចិត្តញ៉ាំបបរម៉ដ្ឋៗទេ ដូច្នេះចូរសាកល្បងឱ្យញ៉ាំបាយជ្រាយៗ ឬឱ្យញ៉ាំគុយទាវ មី គាវ ជំនួសបាយ ឬនំប៉័ងបាន។ ពពួកបន្លែវិញ ដំឡូង ល្ពៅ គួរចាប់ផ្ដើមហាន់ជាដុំតូចៗ និងឱ្យញ៉ាំជំនួសការកិនឱ្យម៉ដ្ឋបានហើយ។ បន្លែភាគច្រើន ក្មេងញ៉ាំបានទាំងអស់។ ត្រីដែលឱ្យញ៉ាំគួរតែជាត្រីសាច់ស ពេលឱ្យញ៉ាំត្រីសាច់ក្រហម ឬត្រីដែលមានខ្លាញ់ច្រើនៗ ត្រូវឱ្យញ៉ាំម្ដងបន្តិច។ ពពួកសាច់ជ្រូក សាច់គោគួរចិញ្រ្ចាំឱ្យល្អិត ព្រោះក្មេងវ័យនេះអាចញ៉ាំបានហើយ។

    អាហារបន្ថែមគួរចម្អិនឱ្យស្អាត និងឆ្អិន រសជាតិលែមៗ(មិនប្រៃ ឬផ្អែមខ្លាំង)។ អាហារកូនក្មេងមិនគួរជាបបរដាក់សាច់ជ្រូក ដាក់បន្លែ ដាក់ថ្លើមរួមគ្នាក្នុងចានតែមួយគ្រប់ពេលញ៉ាំអាហារនោះទេ ព្រោះទោះជាងាយស្រួលធ្វើមែន តែមិនស័ក្តិសមសម្រាប់បង្ហាត់កូនឱ្យស្គាល់ពីរសជាតិអាហារប្រភេទនីមួយៗនោះទេ។ កូននឹងរីករាយខ្លាំងជាង បើបានញ៉ាំបាយជាមួយម្ហូបមួយមុខ ឬពីរមុខ ជាមួយសម្លស្ងោរ។ អ្នកម្ដាយចូរជ្រើសរើសអាហារដែលងាយស្រួលធ្វើ និងឱ្យដូចដែលបានរៀបរាប់មកនេះក្នុងមួយថ្ងៃឱ្យបានមួយពេល និងមួយពេលទៀតអាចជានំប៉័ង ស៊ុត ឬទឹកដោះគោ និងផ្លែឈើក៏បាន។

    ក្មេងវ័យនេះ ទម្ងន់ខ្លួននឹងកើនឡើងជាមធ្យមមួយថ្ងៃប្រមាណជា 8 – 10 ក្រាម តែក្មេងដែលពូកែញ៉ាំ ពូកែញ៉ាំបាយ ពូកែញ៉ាំនំ អាចនឹងកើនឡើងដល់ 15 – 20 ក្រាមក្នុងមួយថ្ងៃ។

    បើឱ្យកូនញ៉ាំនំ

    ទោះនំមិនមែនជាអាហារចាំបាច់ចំពោះក្មេងៗក៏ដោយ តែក្មេងៗមានអារម្មណ៍ត្រេកអរណាស់នៅពេលបានញ៉ាំនំ ដូច្នេះគួេឱ្យកូនបានញ៉ាំខ្លះផង។ ភាគច្រើនៗឱ្យញ៉ាំនៅពេលរសៀល មុនឱ្យញ៉ាំទឹកដោះគោ។ អាចជានំប៉័ងស្រួយៗ នំប៉័ងអាំង កូននឹងសប្បាយចិត្តខ្លាំងណាស់ដែលបានកាន់នំញ៉ាំដោយខ្លួនឯង តែបើកូនជាក្មេងពូកែញ៉ាំ បាយក៏ញ៉ាំច្រើន នំក៏ញ៉ាំច្រើននោះ អ្នកម្ដាយគួរប្ដូរពីនំទៅជាផ្លែឈើវិញប្រសើរជាង និងមិនគួរឱ្យក្នុងវ័យនេះញ៉ាំស្ករសូកូឡា ស្ករថូហ្វហ្វ៊ី។ នំដែលធ្វើខ្លួនឯងនៅផ្ទះក៏អាចឱ្យកូនញ៉ាំបានដែរ ដូចជា ចេកខ្ទិះ បបរល្ពៅ បបរសណ្ដែកខៀវ។ល។

    អាការដែលអាចកើតឡើង

    . ពេលកូនប្រកាច់ ភាគច្រើនកើតឡើតព្រោះតែក្ដៅខ្លួនខ្លាំង។ ក្មេងនឹងប្រកាច់ញាក់ៗ ញ័រខ្លួន បញ្ឈរភ្នែក មិនប្រិចភ្នែក ហៅឈ្មោះក៏មិនដឹងខ្លួន ចាប់អង្រួនក៏នៅតែមិនដឹងខ្លួន។ ក្មេងខ្លះប្រកាច់ 1 – 2 នាទី ក្មេងខ្លះដល់ទៅ 10 នាទី។ អាការប្រកាច់ច្រើនតែកើតនៅលើក្មេងដែលរាងកាយមានប្រតិកម្មជាមួយសីតុណ្ហភាពដែលខ្ពស់ឡើងឆាប់រហ័ស ឬនៅលើក្មេងដែលងាយខឹងក្រេវក្រោធ ប៉ឹនយំ។ល។ វិធីកែបញ្ហានេះគឺ ជូតខ្លួនដោយទឹកធម្មតាជាបន្ទាន់ និងគួរឱ្យត្រូវខ្យល់អាកាសខាងក្រៅឱ្យច្រើន បង្វឹករាងកាយឱ្យរឹងមាំជានិច្ច។ បើកូនធ្លាប់ប្រកាច់នៅពេលក្ដៅខ្លួនខ្លាំង អ្នកម្ដាយគួរសុំថ្នាំបញ្ចុះកម្ដៅពីលោកគ្រូពេទ្យមកទុក និងប្រញាប់ឱ្យកូនញ៉ាំនៅពេលកូនចាប់ផ្ដើមមានអាការក្ដៅខ្លួន ដើម្បីការពារទុកជាមុន។

    . ពងបែកនៅក្នុងមាត់

    ជាជំងឺឆ្លងដែលកើតដោយសារមេរោគវីរុស ក្មេងៗតែងកើតជំងឺនេះច្រើន និងញឹកញាប់។ មានអាការក្អួតចង្អោរ ក្ដៅខ្លួនប្រហែល 39 អង្សាC មាត់របកក្លាយជាដំបៅ មានពងតូចៗនៅគល់អណ្ដាត ដែលអាចបែកក្លាយជាកូនដំបៅក្រហមៗតូចៗ។ កូនច្រើនតែមិនចង់ញ៉ាំបាយ ព្រោះឈឺដំបៅនៅក្នុងមាត់ និងបំពង់ក ទឹកមាត់នឹងហៀរចេញមកច្រើន។ រយៈពេល 2 – 3 ថ្ងៃដំបូងនឹងពិបាកញ៉ាំ និងញ៉ាំបានតែទឹកដោះគោ មាត់នឹងមានក្លិនស្អុយ។ ក្មេងខ្លះមិនមែនកើតតែនៅក្នុងមាត់ប៉ុណ្ណោះទេ តែនៅមានកន្ទាលត្រអាកឡើងនៅតាមដៃ និងជើងទៀតផង ហើយកម្ដៅខ្លួនក៏អាចឡើងចុះក្នុងអំឡុង 2 – 3 ថ្ងៃ តែក្មេងខ្លះកម្ដៅខ្លួនថយចុះក្នុងថ្ងៃតែមួយក៏មាន។ ជំងឺនេះគ្មានថ្នាំព្យាបាលទេ តែក៏មិនបាច់កង្វល់ដែរ ព្រោះជាជំងឺដែលជាទៅវិញដោយឯកឯងក្នុងរយៈពេលមួយសប្ដាហ៍។

    វិវឌ្ឍនាការរបស់កូនតូច

    – រាងកាយ

    . ភាគច្រើនចេះលូនវារបានហើយ និងចំណានឡើងជារឿយ។

    . ចេះតោងកៅអី ឬតុ ហើយស្ទុះងើបឡើង ឈានជើងដើរទៅមុខបានមួយជំហាន។

    . អង្គុយខ្នងត្រង់បានយូរគួរសម ដោយមិនចាំបាច់មានអ្វីមកទប់ខ្នង។

    . ចេះព្យាយាមចាប់យកវត្ថុតូចៗដោយប្រើម្រាមចង្អុល និងម្រាមមេដៃបានខ្លាំងហើយ។

    . ចេះគ្រវាសវត្ថុដែលខ្លួនមិនត្រូវការចេញ។

    – សង្គមជុំវិញខ្លួន

    . ចាំខ្លួនរបស់ខ្លួនឯងបាន និងងាកតាមសំឡេងដែលគេហៅឈ្មោះ។

    . ចេះបញ្ចេញសំឡេងផ្សេងៗ ពេលខ្លះមើលទៅឃើញដូចកំពុងនិយាយម្នាក់ឯង។

    . យល់ពីការលេង វាក់អ៊ើហើយ។

    . ចូលចិត្តពិនិត្យមើលវត្ថុដែលនៅក្នុងដៃ និងរបស់លេង។

    . ចេះបែងចែកភាពខុសប្លែកពីគ្នាហើយ។

    . ចេះស្រែកហៅឱ្យអ្នកឯទៀតបែរមកចាប់អារម្មណ៍។

    – លេងជាមួយកូនឱ្យបានញឹកញាប់

    ក្នុងវ័យនេះ កូនចេះបង្ហាញអារម្មណ៍ច្រើនឡើងហើយ ដូច្នេះក៏ត្រូវការឱ្យមនុស្សធំតបស្នងមកខ្លួនឯងវិញច្រើនឡើងដែរ។ ការជជែកនិយាយជាមួយកូនញឹកញាប់ ការនិយាយរឿងនិទានឱ្យកូនស្ដាប់នឹងជួយអភិវឌ្ឍជំនាញខាងផ្នែកភាសា និងបណ្ដុះទម្លាប់និស្ស័យស្រឡាញ់ការអានដល់កូនទៀតផង។ លោកឪពុកអ្នកម្ដាយព្យយាមរកសៀវភៅរឿងនិទានដែលស័ក្តិសមនឹងវ័យនេះមកទុកជិតៗខ្លួនជានិច្ច ដើម្បីឱ្យកូនមានអារម្មណ៍ស៊ាំធ្លាប់ជាមួយសៀវភៅ។

    ក្នុងវ័យនេះ កូនចេះចាប់អារម្មណ៍មើលទូរទស្សន៍ហើយ តែអ្នកម្ដាយមិនគួរបើកទូរទស្សន៍ទុកចោលដោយសារគិតថា កូននឹងបានរៀនយល់ដឹងពីភាសានិយាយនោះទេ ព្រោះការពិតវិញមិនមែនដូច្នោះទេ កូននឹងរៀនយល់ដឹងពីភាសានិយាយបានតាមរយៈសម្ព័ន្ធភាពជាមួយមនុស្សជុំវិញខ្លួនទៅវិញទេ៕

  • Alvaro Morata ក្លាយជាគោលដៅបន្ទាប់ របស់ Juventus

    Alvaro Morata ក្លាយជាគោលដៅបន្ទាប់ របស់ Juventus

    ក្លិប​បាល់ទាត់ Juventus របស់​អ៊ីតាលី ដែល​តែងតែ​ប្រជែង​តំណែង​ជើងឯក ស្ទើរតែ​រាល់​ឆ្នាំ​នៅ​ក្របខណ្ឌ Italia Seria A នោះ កំពុងតែ​ចាប់អារម្មណ៍​ខ្លាំង ទៅលើ​កីឡាករ​ខ្សែប្រយុទ្ធ Luis Suárez ក្រោយ​ពេលដែល​ក្លិប Barcelona លែង​ត្រូវការ​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ។

    បើទោះបីជា​បែបនេះ​ក្តី ក្លិប​យក្ស​អ៊ីតាលី​ខាងលើ នៅ​មិនទាន់​អាច​ចុះ​កុងត្រា នាំយក​កីឡាករ​រូបនេះ​មក​បានឡើយ ដោយសារតែ​មិនទាន់​ត្រូវ​ថ្លៃ​គ្នា។ ក្នុងឱកាស​នេះ ដើម្បី​កុំឱ្យ​ខាត​ពេល ក្លិប Juventus បានដាក់​ផែនការ​ទី2 គឺ​នឹង​ចរចា​យក កីឡាករ Álvaro Morata មកពី​ក្លិប Atlético Madrid ម្នាក់ទៀត ក្នុងករណី ដែល​មិនអាច​នាំយក Suarez មក​បាន។

    កុងត្រា​របស់ Morata នៅ​ក្លឹប Atletico Madrid នៅសល់​រហូតដល់​ឆ្នាំ2023 ឯណោះ ដូច្នេះ​សម្រាប់​ការផ្ទេរ​យក​ខ្សែប្រយុទ្ធ​រូបនេះ ក៏​មិនមាន​តម្លៃថោក​ដែរ បើ​ប្រៀប​ទៅនឹង Suarez៕

  • ចុំម៉េចទៅជាអ៊ីចឹងវិញ! អ្នកប្រដាល់អង់គ្លេស លួចណាត់ជួបប្រពន្ធ Mahrez

    ចុំម៉េចទៅជាអ៊ីចឹងវិញ! អ្នកប្រដាល់អង់គ្លេស លួចណាត់ជួបប្រពន្ធ Mahrez

    កាលពីពេល​រាត្រី ឈានចូល​ថ្ងៃទី8 ខែកញ្ញា ឆ្នាំ2020 អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​អង់គ្លេស Joshua ត្រូវបាន​គេ​ប្រទះឃើញ​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយនឹង​អ្នកនាង Riya Mahrez ដែល​ត្រូវជា​ប្រពន្ធ របស់​កីឡាករ​ខ្សែបម្រើ​អង់គ្លេស Riyard Mahrez នៅក្នុង​ក្លិប​រាត្រី ក្នុងប្រទេស​អង់គ្លេស។

    ក្នុង​នោះគេ​បានឃើញ​ស្ត្រី​កូន2 ដែលជា​ប្រពន្ធ​របស់​កីឡាករ Riyard Mahrez ខ្សែបម្រើ​ប្រយុទ្ធ​នៃ​ក្លិប Manchester City រូបនោះ បានដាក់​ដៃ​នៅលើ​ភ្លៅ​ទាំងសងខាង របស់​អ្នក​ប្រដាល់​ខាងលើ ក្នុង​សភាព​ដ៏​ស្និទ្ធស្នាល​បំផុត។

    Joshua សព្វថ្ងៃ គឺ​នៅ​លីវ បន្ទាប់ពី​ចែកផ្លូវ​គ្នា​ជាមួយ​នាង Nicole Osbourne កាលពី​ឆ្នាំ2016 ដោយ​ពួកគេ​មានកូន​ប្រុស​ម្នាក់​ជាមួយគ្នា៕