Category: សង្គម និងសេដ្ឋកិច្ច

  • វិធីបោកសម្អាតខ្នើយ ៈ តើត្រូវបោកយ៉ាងណាឱ្យឡើងសស្អាតដូចថ្មី?

    វិធីបោកសម្អាតខ្នើយ ៈ តើត្រូវបោកយ៉ាងណាឱ្យឡើងសស្អាតដូចថ្មី?

    ខ្នើយកើយ គឺជាវត្ថុមួយដែលបងៗស្រ្តីមេផ្ទះ និងសមាជិកក្នុងគ្រួសារត្រូវតែប្រើប្រាស់រៀងរាល់ថ្ងៃ និងអ្វីដែលសំខាន់នោះគឺខ្នើយត្រូវប៉ះនឹងផ្ទៃមុខរបស់យើងគ្រប់ពេលដែលយើងគេងសម្រាក ដូច្នេះហើយទើបយើងចាំបាច់ខ្លាំងណាស់ត្រូវតែឧស្សាហ៍បោកគក់សម្អាតឱ្យបានញឹកញាប់ ដើម្បីការពារវត្ថុកខ្វក់ផ្សេងៗទាំងនោះមិនឱ្យមកប៉ះដល់រាងកាយរបស់យើងបាន។ ការបោកសម្អាតខ្នើយកើយ និងខ្នើយគងគឺជារឿងសំខាន់មួយ តែសម្រាប់វិធីការថែទាំក៏មានភាពសំខាន់មិនចាញ់គ្នាប៉ុន្មានដែរ។ ខាងក្រោមនេះគឺជាវិធីបោកសម្អាតខ្នើយតាមបែបផ្សេងដែលបងៗស្រ្តីមេផ្ទះគួរតែយល់ដឹងដើម្បីភាពស្អាតមានអនាម័យ និងសុខភាពល្អរបស់សមាជិកគ្រួសារ និងខ្លួនឯងផ្ទាល់។

    – ការបោកសម្អាតខ្នើយថ្មី

    សម្រាប់ខ្នើយដែលទើបតែទិញមកថ្មីៗ ចាំបាច់ណាស់ត្រូវតែបោកសម្អាតជាមុនសិន មុននឹងយកមកប្រើ ដោយវិធីការបោកគក់ក៏អាចធ្វើឡើងដោយការប្រើម៉ាស៊ីនបោកគក់បានដែរ។ ដោយមុនដំបូងចូរយកម្សៅសាប៊ូប្រមាណជា 1 កូនពែង លាយជាមួយទឹកថ្នាំដាក់ឱ្យស 1/2កូនពែង និងម្សៅបេកគីងសូដា 1/2កូនពែង ដាក់ត្រាំនៅក្នុងទឹកក្ដៅរយៈពេល 20នាទី រួចហើយសឹមយកទៅដាក់ចូលក្នុងម៉ាស៊ីនបោកគក់ដើម្បីបោកតាមធម្មតា រួចហើយទើបយកទៅដាក់ហាលឱ្យស្ងួត។

    – ការបោកសម្អាតខ្នើយធ្វើពីអេប៉ុង

    គឺជាខ្នើយដែលមនុស្សជាច្រើនជ្រើសរើសប្រើ តែរឿងដែលសំខាន់នោះគឺ ដោយសារតែវាមិនអាចបោកសម្អាតដោយម៉ាស៊ីនបោកគក់បាន ដូច្នេះហើយទើបត្រូវបោកសម្អាតដោយការដោះស្រោមចេញមកបោកដោយឡែក និងសម្រាប់អេប៉ុងវិញអាចធ្វើការសម្អាតដោយការប្រើម៉ាស៊ីនបូមធូលីចេញ និងបន្ទាប់ពីនោះអាចប្រើផលិតផលកម្ចាត់ស្នាមប្រឡាក់ វែនីស ដើម្បីកម្ចាត់ស្នាមប្រឡាក់ផ្សេងៗ ហើយសឹមលាងចេញដោយទឹកស្អាត និងជូតផ្ដិតដោយកន្សែងពោះគោ រួចហើយទើបយកទៅដាក់ហាលថ្ងៃឱ្យស្ងួត។

    – ការបោកសម្អាតខ្នើយដែលប្រឡាក់ញើសឡើងពណ៌លឿង

    សម្រាប់ខ្នើយដែលប្រឡាក់ឡើងពណ៌លឿងនេះគឺជារឿងធំណាស់ តែក៏អាចចាត់ការបញ្ហានេះបានយ៉ាងងាយដែរ ដោយការយកខ្នើយនោះទៅដាក់ត្រាំនៅក្នុងទឹកក្ដៅ រួមទាំងដាក់ម្សៅសាប៊ូ 1ពែង ទឹកសាប៊ូលាងចានមួយពែង ម្សៅបូរែកស៍(អាចរកទិញបាននៅក្នុងហាងផ្សារទំនើប)1/2ពែង ត្រាំទុកចោល 30នាទី រួចហើយទើបបោកគក់នឹងដៃតាមធម្មតា ឬដាក់បោកក្នុងម៉ាស៊ីនរហូតដល់ស្នាមលឿងៗទាំងនោះរលាយបាត់អស់។

    – ការបោកសម្អាតខ្នើយដែលដុះផ្សិត

    ខ្នើយដែលកខ្វក់ឡើ់ងដុះផ្សិត គឺជារឿងធំមួយទៀតដែលចាំបាច់យ៉ាងខ្លាំងត្រូវតែយកចិត្តទុកដាក់ តែក៏អាចធ្វើការបោកសម្អាតបានដោយងាយដែរ ដោយចាប់ផ្ដើមពីការយកខ្នើយនោះមកដាក់ត្រាំនៅក្នុងទឹកក្ដៅ ហើយបន្ថែមទឹកថ្នាំ ហាយដ្រូជេន ភើរ៍អុកសាយដ៍(Hydrogen Peroxide) 1ពែង បន្ទាប់មកដាក់ទឹកសាជូរចូលទៅ 1/2ពែង រួចត្រាំទុកចោល។ បន្ទាប់ពីនោះមកទើបបន្ថែមម្សៅបេកគីងសូដា និងបន្ថែមទឹកសាជូរចូលទៅទៀត រួចហើយសឹមបន្តក់ទឹកប្រេងក្រអូបចូលទៅបន្តិច។ បន្ទាប់ពីកម្ចាត់មេរោគផ្សិតរួចហើយ ទើបយកទៅបោកសម្អាតតាមប្រក្រតី។

    ចំណេះដឹងបន្ថែម

    បងៗស្រីមេផ្ទះជាច្រើនតែងនឹកឆ្ងល់ថា ក្នុងការបោកសម្អាតក្រណាត់ផ្សេងៗ ហេតុអ្វីចាំបាច់ត្រូវកំណត់សីតុណ្ហភាពទឹក(ទឹកក្ដៅ)? ព្រោះថា ការបោកគក់ខោអាវ ឬក្រណាត់ផ្សេងៗដោយប្រើទឹកដែលមានសីតុណ្ហភាព 40 អង្សានោះគឺ ដោយសារតែទឹកក្ដៅមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគផ្សេងៗ រួមទាំងអាចកម្ចាត់ស្នាមប្រឡាក់ផ្សេងៗបានយ៉ាងល្អ ដែលនឹងធ្វើឱ្យយើងកាន់តែងាយបោកគក់សម្អាតបានកាន់តែស្អាតឡើងហ្នឹងឯង៕

  • ក្រុមហ៊ុនភីធីធីកម្ពុជាផ្តល់អាហារូបករណ៍300 កន្លែង ដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង តាមរយៈវគ្គសិក្សាពីចម្ងាយ  “ទម្លាប់ល្អទាំង៧របស់យុវវ័យឆ្នើម”

    ក្រុមហ៊ុនភីធីធីកម្ពុជាផ្តល់អាហារូបករណ៍300 កន្លែង ដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង តាមរយៈវគ្គសិក្សាពីចម្ងាយ  “ទម្លាប់ល្អទាំង៧របស់យុវវ័យឆ្នើម”

    ការអប់រំគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់សង្គមកម្ពុជា ព្រោះយើងជាប្រទេសដែលសំបូរទៅ ដោយប្រជាជនសកម្ម ដែលទាមទារឱ្យមានការបណ្តុះបណ្តាលឱ្យបានល្អដើម្បីបង្កើនផលិតភាពការងារឱ្យ កាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់។

    ឆ្លើយតបជាមួយនឹងបញ្ហានេះ និងអបអរខួបលើកទី25ឆ្នាំរបស់ខ្លួន ​ក្រុមហ៊ុនភីធីធីខេមបូឌា(PTT Cambodia) ប្រកាសផ្តល់អាហារូបករណ៍​ចំនួន 300 កន្លែងសម្រាប់យុវជនកម្ពុជាចន្លោះអាយុចាប់ពី14ឆ្នាំ ដល់18ឆ្នាំ ដើម្បីសិក្សាវគ្គ “ទម្លាប់ល្អទាំង 7 នៃយុវវ័យឆ្នើម” តាមរយៈប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី1 ខែតុលា ឆ្នាំ2020ខាងមុខនេះ។

    ​លោក Songpon Thepnumsommanus នាយកគ្រប់គ្រង នៃក្រុមហ៊ុនភីធីធីខេមបូឌា (PTT Cambodia) បានលើកឡើងថា គោលបំណងសំខាន់របស់ក្រុមហ៊ុនដែលនាំទៅដល់ការសម្រេចចិត្ត ក្នុងការផ្តល់អាហាររូបករណ៍ ដល់យុវជនកម្ពុជា គឺដើម្បីគាំទ្រយុវជន និងអាណាព្យាបាលរបស់ពួកគេ ក្នុងអំឡុងពេលនៃការរាតត្បាតមេរោគCovid-19។ យុវជនអាចអភិវឌ្ឍនូវជំនាញរបស់ពួកគេបាន សូម្បីតែក្នុងពេលដែលសាលាមិនទាន់ដំណើរការពេញលេញក៏ដោយ។ ពួកគេអាចសិក្សារៀនសូត្រ តាមមធ្យោបាយសាមញ្ញថ្មីមួយ ដោយការសិក្សាពីចម្ងាយ។ ដូច្នេះហើយ យើងក៏បានដំណើរការគម្រោងកម្មវិធីសិក្សាពីចម្ងាយមួយឈ្មោះថា ” OR Seeding the Future Online Learning” ដោយផ្អែកទៅលើ កម្មវិធីសិក្សាឈ្មោះថា “ទម្លាប់ល្អទាំង 7 របស់យុវវ័យឆ្នើម” ដោយមានការសហការគ្នាជាមួយក្រុមហ៊ុន ហ្វ្រែងគ្លីន ខូវី អេឌ្យូខេសិន កម្ពុជា (Franklin Covey Education Cambodia)។

    លោកបានបន្តទៀតថា នៅឆ្នាំ 2020 វាជាខួប 25 ឆ្នាំរបស់ក្រុមហ៊ុន (PTT Cambodia) នៅកម្ពុជាដែល យើងបានធ្វើអាជីវកម្មសម្រាប់ប្រជាជនកម្ពុជា និងចូលរួមវិភាគទានដល់សង្គមកម្ពុជា។ ជាពិសេសគាំទ្រដល់យុវជនជំនាន់ក្រោយ ដែលជាអនាគតដ៏អស្ចារ្យរបស់យើងក្នុងការអភិវឌ្ឍប្រទេសឱ្យមានកំណើនប្រកបដោយចីរភាព។ លើសពីនេះទៅទៀត យើងនឹងបន្តជួយគាំទ្រនិងផ្តល់ឱកាសដល់យុវជនបានសិក្សា និងអនុវត្តជំនាញភាពជាអ្នកដឹកនាំ ដើម្បីភាពជោគជ័យក្នុងជីវិតរបស់ពួកគេ។

    ឧកញ៉ា ប៉ិច បូឡែន នាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្វ្រែងគ្លីន ខូវី អេឌ្យូខេសិន កម្ពុជា  បានមាន ប្រសាសន៍ថា ​តាមរយៈវគ្គសិក្សានេះយុវជនកម្ពុជារបស់យើងនឹងទទួលបានចំណេះដឹងជាច្រើនសម្រាប់ អភិវឌ្ឍជីវិតរបស់ខ្លួនដូចជា អាចគ្រប់គ្រងខ្លួនឯងបានល្អ មានទំនាក់ទំនង កាន់តែប្រសើរជាមួយ មិត្តភក្តិ និងមានសមត្ថភាពបង្កើតការសម្រេចចិត្តបានកាន់តែប្រសើរ ។

    លោកឧកញ៉ាបានបន្ថែមទៀតថា លើសពីនេះទៅទៀត ពួកគេក៏អាច​នឹងមានទំនាក់ទំនងកាន់តែល្អ ជាមួយឪពុកម្តាយ អាចយកឈ្នះលើភាពញៀន​នឹងអ្វីមួយ និងបញ្ហាផ្សេងៗទៀត។ ពួកគេក៏អាចបង្កើន ទំនុកចិត្ត​លើខ្លួនឯង មានភាពរីករាយច្រើនជាងមុនក្នុងជីវិត និងមានតុល្យភាពរវាងការសិក្សា ការងារ មិត្តភក្តិ និងបញ្ហាដទៃទៀត។ យុវជនទាំងអស់ក៏អាចនឹងស្គាល់តម្លៃខ្លួនឯង និងដឹងពីចំណុចអាទិភាពក្នុងជីវិតរបស់គេផងដែរតាមរយៈវគ្គសិក្សាទម្លាប់ទាំង 7 នៃយុវវ័យឆ្នើមនេះ។

    សូមជម្រាបថា លោកអ្នកអាចស្វែងយល់ព័ត៌មានបន្ថែម និងចុះឈ្មោះតាមទំព័រហ្វេកប៊ុក https://www.facebook.com/ORSeedingTheFuture/?epa=SEARCH_BOX ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕

  • ការស្ទាបរកទីតាំងរបស់កូន ត្រង់ណាក្បាល ត្រង់ណាជើង អាចធ្វើបានតាមខាងក្រោមនេះ

    ការស្ទាបរកទីតាំងរបស់កូន ត្រង់ណាក្បាល ត្រង់ណាជើង អាចធ្វើបានតាមខាងក្រោមនេះ

    តើធ្វើម៉េចនឹងដឹងបានថា តើកូននៅក្នុងពោះស្ថិតក្នុងទីតាំងណា? ទីតាំងរបស់កូននៅក្នុងពោះមានភាពសំខាន់យ៉ាងណា? និងតើគួរចាប់ផ្ដើមស្ទាបមើលទីតាំងកូនតូចនៅពេលណា?។ ស្រ្តីជាម្ដាយម្នាក់ៗសុទ្ធតែចង់ដឹងថា តើកូនស្ថិតនៅត្រង់ណាក្នុងពោះរបស់ខ្លួន ព្រោះទីតាំងរបស់កូនតូចនៅក្នុងផ្ទៃ ក៏សំខាន់ខ្លាំងណាស់ដែរ ដូច្នេះយើងនាំគ្នាមកមើលថា តើវិធីស្ទាបក្បាលពោះរកមើលទីតាំងរបស់កូនតូចបែបងាយៗគេធ្វើបែបណាដូចតទៅ។

    ទីតាំងរបស់កូនតូចនៅក្នុងពោះសំខាន់យ៉ាងណា?

    គ្រូពេទ្យជំនាញខាងសម្រាលកូនជឿថា ទីតាំងដែលទារកបែរក្បាលចុះនោះ ជាទីតាំងដែលស័ក្តិសមបំផុតសម្រាប់ការប្រសូត រឹតតែផ្ទៃមុខរបស់ទារកស្របគ្នាជាមួយនឹងបន្ទាត់ឆ្អឹងកងខ្នងផងនោះរឹតតែប្រសើរទៅទៀត។ ការស្ទាបរកមើលទីតាំងរបស់កូនតូចនៅក្នុងពោះនេះ ជាវិធីមួយទៀតដែលនឹងជួយគ្រូពេទ្យក្នុងការសម្រេចចិត្តជ្រើសរើសវិធីប្រសូតដែលមានសុវត្ថិភាពបំផុត ដោយការរដែលដឹងថា ទារកនៅក្នុងគភ៌ស្ថិតនៅផ្នែកត្រង់ណា ទីតាំងណា គឺជាការជួយឱ្យគ្រូពេទ្យរៀបផែនការប្រសូតបានកាន់តែងាយស្រួលឡើង។

    ស្រ្តីមានគភ៌ជាច្រើននាក់ខំហាត់ប្រាណដើម្បីឱ្យងាយស្រួលប្រសូត ដូចជា ខ្ជឹបរន្ធស្បូន និងធ្វើលំហាត់ប្រាណឆ្អឹងត្រគាក ជាដើម តែបើចង់ឱ្យរឹតតែប្រសើរជាងនោះទៀត បើស្រ្តីមានគភ៌បានដឹងពីទីតាំងរបស់កូនតូចក្នុងផ្ទៃខ្លួនផងនោះ វានឹងជាការជួយឱ្យស្រ្តីមានគភ៌ជ្រើសរើសការធ្វើលំហាត់ប្រាណបានត្រឹមត្រូវ និងស័ក្តិសមរឹតតែល្អប្រសើរឡើងទៅទៀត។

    គួរចាប់ផ្ដើមស្ទាបរកទីតាំងកូនតូចនៅពេលណា?

    ស្រ្តីមានគភ៌អាចចាប់ផ្ដើមស្ទាបពោះរកមើលទីតាំងរបស់កូនបានចាប់តាំងពីអាយុគភ៌បាន 6 ខែឡើងទៅ ដែលក្នុងរយៈពេលនេះកូននៅក្នុងផ្ទៃច្រើនតែស្ថិតនៅទីតាំងដដែល មិនសូវជាកម្រើកប្ដូរទីតាំងទៅណារហូតទាល់តែដល់ថ្ងៃប្រសូត។

    មានជាច្រើនដងណាស់ដែលក្នុងអំឡុងពេលប្រសូត ចង្ការបស់ទារកអាចនឹងជាប់បរិវេណរន្ធស្បូន រហូតគ្រូពេទ្យត្រូវព្យាយាមជួយផ្អៀងខ្លួនទារកដើម្បីឱ្យប្រសូតបាន ដូច្នេះ បើសិនជាស្រ្តីជាម្ដាយដឹងជាមុនថា កូនតូចក្នុងពោះស្ថិតក្នុងទីតាំងណា នៅត្រង់ណាក្នុងផ្ទៃ ក៏នឹងអាចជាការជួយការពារ ឬចៀសវាងពីគ្រោះថ្នាក់ចៃដន្យណាមួយដែលអាចកើតឡើងក្នុងអំឡុងពេលប្រសូតបានដែរ។

    ការស្ទាបពោះរកទីតាំងរបស់កូនតូច គួរចាប់ផ្ដើមនៅពេលណា?

    ការស្ទាបពោះរកទីីតាំងកូនអាចនឹងស្ដាប់មើលទៅហាក់ដូចជារឿងពិបាកបន្តិច តែការពិតវិញ ការស្ទាបក្បាលពោះរកទីតាំងកូននេះមិនបានពិបាកដូចយើងគិតនោះទេ ដោយស្រ្តីមានគភ៌អាចធ្វើតាមវិធីងាយៗដូចតទៅនេះ ៈ

    1 . យកប៊ិចមកគូររង្វង់ជុំវិញក្បាលពោះ បន្ទាប់មកបែងចែកជា 4 ចំណែកស្មើៗគ្នា។

    2 . ចាប់ផ្ដើមរកក្បាលរបស់ទារកក្នុងគភ៌ដោយការស្ទាបថ្នមៗ បើអ្នកម្ដាយស្ទាបហើយមានអារម្មណ៍ដឹងពីដុំអ្វីម្យ៉ាងមូលៗ ចូរសន្និដ្ឋានទុកមុនចុះថា នោះគឺជាក្បាលរបស់កូនសម្លាញ់ហើយ បន្ទាប់ពីនោះចូរយកប៊ិចគូរជារង្វង់លើកន្លែងទីតាំងក្បាលរបស់កូនទុក។

    3 . បន្តមកទៀត ចូរសាកល្បងស្ទាបរកមើលដៃរបស់កូន ដែលបើសិនជាអ្នកម្ដាយស្ទាបហើយមានអារម្មណ៍ថាដូចបានប៉ះខ្សែអ្វីម្យ៉ាងតូចៗ ចូរសន្និដ្ឋានទុកចុះថា នោះគឺជាដៃរបស់កូន ហើយបន្ទាប់ពីនោះចូរយកប៊ិចគូរជារង្វង់កន្លែងទីតាំងដៃរបស់កូនទុក។

    4 . ចាប់ផ្ដើមស្ទាបរកបេះដូងរបស់កូនតូច ដែលអាចនឹងពិបាកបន្តិច។ អ្នកម្ដាយជាច្រើនអាចនឹងស្ទាបរកមិនឃើញ ដូច្នេះអាចសាកល្បងឱ្យគ្រូពេទ្យជួយរកមើលឱ្យក៏បាន។

    5 . បើសិនជាស្ទាបហើយមានអារម្មណ៍ដឹងពីដុំអ្វីម្យ៉ាងមូលៗ ក្រៅពីសន្និដ្ឋានថា នោះគឺជាក្បាលរបស់កូនតូចហើយ វាក៏អាចទៅរួចដែរថា នោះគឺជាគូទរបស់កូន។ តែទោះជាគូទអាចស្រដៀងនឹងក្បាលរបស់កូនមែន តែអ្នកម្ដាយអាចបែងចែកបាន ដោយសារតែគូទរបស់កូននឹងនៅជិតទីតាំងដែលអ្នកម្ដាយមានអារម្មណ៍ដឹងថា កូនធាក់។

    6 . ពេលស្រ្តីមានគភ៌បានដឹងពីទីតាំងរបស់កូនដោយត្រួសៗហើយ សាកល្បងយកតុក្កតាតូចមួយមកដាក់ឱ្យចំទីតាំងដែលមានស្នាមគូរដៅទុកនៅលើក្បាលពោះទាំងនោះ អ្នកម្ដាយក៏នឹងបានឃើញជារូបភាពថា កូនស្ថិតនៅត្រង់ណាក្នុងពោះម្ដាយបានកាន់តែច្បាស់ឡើង៕

  • Yannick ផ្លាស់ពីក្លិបចិន មក Atlético Madrid វិញ ជាផ្លូវការហើយ

    Yannick ផ្លាស់ពីក្លិបចិន មក Atlético Madrid វិញ ជាផ្លូវការហើយ

    Atlético Madrid បានប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​បាន​ទិញយក​កីឡាករ​ខ្សែបម្រើ​ស្លាប Yannick Ferreira Carrasco ពី​ក្លិប Dalian Professional មកវិញ ក្នុងតម្លៃ 22.5លាន​ដុល្លារ បន្ទាប់ពី​ឱ្យ​ខ្លួន​បាន​លក់​កីឡាករ​រូបនេះ​ទៅឱ្យ​ក្លិប​របស់​ចិន​ខាងលើ អស់ 1រដូវ​កាល​រួចមក។

    ការផ្ទេរ​មក Atlético Madrid វិញ​របស់​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក វ័យ 27ឆ្នាំ​រូបនេះ គឺជា​ការ​ត្រឡប់​មកកាន់​ក្លិប​ចាស់ ដែល​រូបគេ​ធ្លាប់បាន​លេង​ឱ្យ​កាលពី​ពេលមុន។ កីឡាករ​រូបនេះ នៅ​ជាមួយ​ក្លិប​នេះ ចាប់តាំងពី​ឆ្នាំ2015 ដល់2018 លុះដល់​ឆ្នាំ2019 Carrasco ត្រូវបាន Atlético Madrid លក់​ឱ្យទៅ​ក្លិប Dalian Professional របស់​ចិន ក្នុងតម្លៃ 40លាន​អឺរ៉ូ ហើយ​រូបគេ​បានបង្ហាញ​ថ្វី​ជើងបាន​យ៉ាង​ល្អ ដោយ​ប្រកួត​បាន 50លើក និង​រកបាន 24គ្រាប់។

    ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​រាជធានី​ម៉ា​ឌ្រី​ដ​មួយ​នេះ បាន​បន្តថា Carrasco ជា​កីឡាករ​គន្លឹះ​របស់​ក្លិប ដោយបាន​ជួយ​ឱ្យ​ក្លិប​ឈរ​នៅលើ​លេខ3 ហើយ​ធានាបាន​នូវ​កៅអី UEFA Champions League ទៀតផង៕

  • Nagasato កីឡាការិនីដំបូងគេបង្អស់លើពិភពលោក ដែលបានចុះកុងត្រា លេងឱ្យក្លិបបាល់ទាត់បុរស

    Nagasato កីឡាការិនីដំបូងគេបង្អស់លើពិភពលោក ដែលបានចុះកុងត្រា លេងឱ្យក្លិបបាល់ទាត់បុរស

    កីឡាការិនី​ជប៉ុន​ម្នាក់​ដែលមាន​ឈ្មោះថា Yuki Nagasato បានធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយបាន​ចុះ​កុងត្រា​លេង​ឱ្យ​ក្លិប​បាល់ទាត់​បុរស​អាជីព ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ពី​ក្លិប​លី​ក​កំពូល​នៅ​សហរដ្ឋអាមេរិក Chicago Red Stars។

    Nagasato ជា​សមាជិក​ក្រុម​ជម្រើសជាតិ​នារី​ជប៉ុន ដែល​បានឈ្នះ​ពាន World Cup ផ្នែក​នារី​កាលពី​ឆ្នាំ2011 ហើយ​នាង​ក៏បាន​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ជប៉ុន ទទួលបាន​មេដាយប្រាក់​នៅ​ព្រឹត្តិការណ៍​អូឡាំពិក រាជធានី​ឡុ​ន​ដុន កាលពី​ឆ្នាំ2012 ផងដែរ៕

  • សញ្ញាគ្រោះថ្នាក់ពីអាការហើមខ្លួន ហើមជើង ក្នុងអំឡុងពេលតាំងគភ៌

    សញ្ញាគ្រោះថ្នាក់ពីអាការហើមខ្លួន ហើមជើង ក្នុងអំឡុងពេលតាំងគភ៌

    អាការហើមតាមរាងកាយគឺជារឿងដែលប្រទះឃើញជាទូទៅនៅលើស្រ្តីដែលកំពុងតាំងគភ៌ ដោយសារតែដល់ពេលអាយុគភ៌ច្រើនឡើង ទម្ងន់គភ៌ក៏នឹងច្រើនឡើងតាមលំដាប់ដែរ ធ្វើឱ្យជញ្ជាំងសរសៃឈាមផ្សេងៗចាប់ផ្ដើមពង្រីកខ្លួនតាម ធ្វើឱ្យអវយវៈដទៃទៀតចាប់ផ្ដើមពង្រីក(ហើម)ខ្លាំងឡើង តែអាការហើមតាមរាងកាយ ហើមនៅលើជើងយ៉ាងឆាប់រហ័សជ្រុលពេក ក៏អាចជាសញ្ញាគ្រោះថ្នាក់មួយដែលបញ្ជាក់អំពីសភាវគភ៌មានជាតិពុលដែរ។

    នៅពេលតាំងគភ៌ហើយ ការហើមនៅលើខ្នងជើង(មិនលើសភ្នែកគោល) នឹងចាប់ផ្ដើមកើតឡើងពេលអាយុគភ៌ច្រើនឡើង។ លក្ខណៈរបស់ស្បែកដែលហើម បើសិនជាចុចមើល នឹងឃើញថា ទ្រុឌចុះទៅ ព្រោះថា ទម្ងន់របស់គភ៌ដែលច្រើនឡើងនឹងមកសង្កត់ពីលើសរសៃឈាមខ្មៅផ្នែកខាងក្រោយដងខ្លួន ធ្វើឱ្យប្រព័ន្ធហូរវិលរបស់ឈាម(ប្រព័ន្ធឈាមរត់)ដំណើរការមិនស្រួល។ ក្រៅពីនោះ អាការហើមនេះ នៅអាចនឹងមានច្រើនឡើងមកដល់ស្មងជើង ឬអាចនឹងហើមពេញទាំងខ្លួនក៏បាន ធ្វើឱ្យមុខមាត់ប្រែប្រួលខុសពីមុន ដោយសារថ្ពាល់ឡើងហើមធំ។

    តែអាការហើមដែលខុសប្រក្រតីក៏អាចជាសញ្ញារបស់អាការគភ៌មានជាតិពុលបានដែរ ដូចជា ៈ

    1 . កើតអាការហើមឡើងយ៉ាងឆាប់រហ័ស ដូចជា ហើមមុខ ហើមខ្លួន ឬសន្លាក់ម្រាមដៃហើមរហូតដោះចិញ្ចៀនចេញលែងបានយ៉ាងឆាប់រហ័ស។

    2 . ទម្ងន់ខ្លួនកើនច្រើនឡើងយ៉ាងឆាប់រហ័ស។

    3 . មានអាការបត់ជើងតូចថយចុះ។

    4 . ឈឺក្បាលខ្លាំង ឬមានអាការភ្នែកឡើងស្រវាំង ឬមើលឃើញពន្លឺជាចំណុចៗ។

    5 . មានអារម្មណ៍ចុកណែននៅម្ដុំចុងដង្ហើម។

    បើសិនមានកើតអាការទាំងនេះ ចូរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីពិនិត្យយ៉ាងល្អិតល្អន់ ព្រោះអាចនឹងកើតសភាវគភ៌មានជាតិពុល៕

  • Google ប្រជែងនឹង Zoom អាប់ឌែត កម្មវិធីខលវីដេអូរបស់ខ្លួន ឱ្យកាន់តែស្អាត និងងាយស្រួលប្រើ

    Google ប្រជែងនឹង Zoom អាប់ឌែត កម្មវិធីខលវីដេអូរបស់ខ្លួន ឱ្យកាន់តែស្អាត និងងាយស្រួលប្រើ

    Google Meet mobile apps និង Google Dou សុទ្ធតែជា App វីដេអូខល ដែលវាជាផលិតផលសេវាកម្មបម្រើ ជូននូវការខលចេញ-ចូល ជាវីដេអូក្នុងអង្គប្រជុំនានា។ ថ្មីៗនេះអ្នកជំនាញពី Google បានបញ្ចេញកំណែអាប់ឌែតលើ Meet mobile apps ដើម្បីឱ្យវាដំណើរការរលូន និងងាយស្រួលជាងមុន ទាំងនៅលើ Android និង iOS។

    កំណែអាប់ឌែតសំខាន់ៗនោះ មានដូចជា៖ កែប្រែ interface (ផ្ទៃកម្មវិធី) ឱ្យទាក់ទាញជាមួយនឹងប៊ូតុងសាមញ្ញ ព្រមទាំងបន្ថែមមុខងារ 3ធំៗទៀតគឺ៖
    -Get meeting joining info to share with others (ចូលប្រជុំហើយ អាចចែករំលែកជាមួយមិត្តរួមការងារ)
    -Start a Meet call instantly (ចាប់ផ្តើមវីដេអូខល ប្រជុំបន្ទាន់នានា)
    -Schedule a new meeting in Google Calendar (ភ្ជាប់ជាមួយ Google Calendar ដើម្បីកំណត់ពេលវេលា មុនថ្ងៃប្រជុំណាមួយ ឬកំណត់ឱ្យវារំឭកការប្រជុំថ្មីៗ ដែលអ្នកចងចាំមិនអស់)

    គួរបញ្ជាក់ដែរថា បន្ទាប់ពី Zoom អាចរកចំណូលបានខ្ពស់ជាងគេ ក្នុងសេវាកម្មនេះ អំឡុងពេលផ្ទុះកូវីដ-19 មិនថាតែ Google មួយទេ ដែលប្រឹងប្រែងបង្កើតផលិតផលមកប្រជែងនឹង Zoom សូម្បីតែ Facebook និងកម្មវិធីវីដេអូខលនានា ក៏បានប្រឹងប្រែងបន្ថែមមុខងារថ្មីៗដើម្បីទាញអ្នកប្រើ ឱ្យងាកមកចាប់អារម្មណ៍ផលិតផលខ្លួន ជាជាងប្រើតែ Zoom តែ 1ជម្រើស៕

  • Hacker រុស្ស៊ី ចិន និងអ៊ីរ៉ង់ សុទ្ធតែដាក់ចំណាប់អារម្មណ៍ លើការបោះឆ្នោតនៅអាមេរិក

    Hacker រុស្ស៊ី ចិន និងអ៊ីរ៉ង់ សុទ្ធតែដាក់ចំណាប់អារម្មណ៍ លើការបោះឆ្នោតនៅអាមេរិក

    អ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធើណិតម្នាក់ ប្រចាំក្រុមហ៊ុន Microsoft បានលើកឡើងថា លោករកឃើញតម្រុយជាច្រើន មានទាំងការបង្កប់មេរោគ និងការត្រៀមខ្លួនវាយប្រហារដោយវិធីសាស្ត្រថ្មីៗ ទៅលើយុទ្ធនាការដំណើរការបោះឆ្នោតនៅសហរដ្ឋអាមេរិក។

    មានរបាយការណ៍ ដែលទទួលបានយ៉ាងច្បាស់ការណ៍ បានឱ្យដឹងថា ត្រឹមតែ 1សប្ដាហ៍មុនប៉ុណ្ណោះ ក្រុម Hacker ធំៗអាចនឹងកំណត់ដឹង និងបានធ្វើការវាយប្រហារច្រើនជាង 200ទីតាំង ដូចជា ការវាយប្រហារពីក្រុម Zirconium ឬ APT31 របស់ប្រទេសចិន បានចូលវាយលុកច្រើនជាង 150គោលដៅ គិតទាំងមន្ត្រីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋផង។

    រីឯក្រុមធំៗ មកពីប្រទេសអ៊ីរ៉ង់ ដូចជា ក្រុម Phosphorous ឬ APT35 និងក្រុមពីប្រទេសរុស្ស៊ីខ្លាំងៗ បានចូលវាយលុកទីតាំងជាច្រើន រហូតដល់ក្រុមសន្តិសុខសុវត្ថិភាពអ៊ីនធើណិតរបស់ Microsoft ប្រឹងប្រែងតាមបិទសឹងតែមិនជាប់។ ជាពិសេសនោះគឺ គណនី twitter របស់លោក ដូណាល់ ត្រាំ និងសមាជិកសភាកំពូលៗអាមេរិក ជាច្រើនរូបទៀត។

    ប្រភពដដែលបានបន្ថែមថា របៀបរបបនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលបានធ្វើឡើងតាមរយៈអនឡាញ ដើម្បីជួយសម្រួលដល់ពលរដ្ឋអាមេរិក ឱ្យអាចចូលទៅបោះឆ្នោតបាន លើវេបសាយទាំងនោះ ក៏កំពុងតែក្លាយជាគោលដៅធំជាងគេមួយដែរ៕

  • នៅពេលដែល “ស្នេហា” មិនមែនជារឿងរបស់មនុស្ស 2 នាក់…

    នៅពេលដែល “ស្នេហា” មិនមែនជារឿងរបស់មនុស្ស 2 នាក់…

    មនុស្សជាច្រើនអាចមើលឃើញថា សេចក្ដីស្នេហា គឺជារឿងរបស់មនុស្សពីរនាក់ដែលនឹងចាប់ដៃគ្នាពុះពារឧបសគ្គ រឿងរ៉ាវផ្សេងៗទៅជាមួយគ្នា តែក្នុងពិភពនៃការពិតវិញ ប្រហែលជាមិនអាចបដិសេធបានទេថា ការពិតទៅនៅមានកត្តាជំរុញផ្សេងៗទៀតជាច្រើនដែលអាចធ្វើឱ្យសម្ព័ន្ធភាពស្នេហ៍របស់គូស្នេហ៍នីមួយៗដួលរលំបាក់បែកអស់។ តើសម្ពាធផ្សេងៗដែលថានោះគឺអ្វីខ្លះ? ហេតុអីបានជាមានឥទ្ធិពល និងអាចចូលមកជ្រៀតជ្រែកសេចក្ដីស្នេហា និងសម្ព័ន្ធភាពរបស់គូស្នេហ៍បាន? យើងសាកល្បងនាំគ្នាមកមើលដូចតទៅ។

    1 . ក្រុមគ្រួសាររបស់សាមីខ្លួនទាំងសងខាង

    នរណាដែលថាសេចក្ដីស្នេហាជារឿងរបស់មនុស្សពីរនាក់ អ្នកនោះប្រហែលជាភ្លេចគិតហើយថា ម្នាក់ៗសុទ្ធតែមានក្រុមគ្រួសារដែលចិញ្ចឹមមើលថែ និងថ្នាក់ថ្នមយើងតាំងពីតូចមករហូតដល់ធំ ជាពិសេសវប្បធម៌ប្រពៃណីរបស់ជនជាតិអាស៊ីយើងតែម្ដង។ ក្រុមគ្រួសាររបស់សាមីខ្លួនទាំង2 អាចរាប់បានថាជាបច្ច័យដែលសំខាន់បំផុតក្នុងការវាស់ស្ទង់ថា តើសេចក្ដីស្នេហារបស់អ្នកទាំងពីរនោះនឹងរុងរឿង ឬរុះរោយ? ព្រោះថា បើពេលបង្ហាញខ្លួនគូស្នេហ៍ឱ្យក្រុមគ្រួសារបានស្គាល់ហើយនោះ ស្រាប់តែពួកគាត់មិនចូលចិត្ត ឬមិនអាចទទួលយកបាននោះ រឿងនេះអាចនិយាយបានថា គឺជាបញ្ហាធំហើយ សេចក្ដីស្នេហាសឹងតែដល់ផ្លូវទាល់ហើយ និងរឿងនេះមានឧទាហរណ៍ឱ្យយើងបានឃើញមកច្រើនហើយ។ បើទោះជានៅតែស្រឡាញ់ និងទាក់ទងគ្នាតទៅទៀតក៏ដោយ តែក៏មិនដឹងថា នឹងទៅមុខទៀតយ៉ាងណាដែរ ក្នុងខណៈដែលគូខ្លះអាចនឹងឆ្លងកាត់ឧបសគ្គក្រុមគ្រួសារបានរហូតមកដល់ដំណាក់កាលចុងក្រោយ គឺការរៀបការហើយក៏ដោយ តែក៏នៅតែឆ្លៀតមានបញ្ហារឿងថ្លៃទឹកដោះ ឬថ្លៃចាយវាយផ្សេងៗដែលក្រុមគ្រួសារទាំងសងខាងអាចនឹងចរចាគ្នាមិនចុះសម្រុង រហូតដល់លុបចោលគម្រោងការរៀបការទៅវិញ ក៏មានឱ្យឃើញច្រើនមកហើយដែរ។ ដូច្នេះអាចនិយាយបានថា ក្រុមគ្រួសារគឺជា កត្តាប្រែប្រួលសំខាន់ដំបូងគេក្នុងសម្ព័ន្ធស្នេហារបស់គូស្នេហ៍ទាំងឡាយ។

    2 . អាយុ

    មើលទៅវាហាក់ដូចមិនមែនជារឿងសំខាន់ប៉ុន្មានឡើយ តែការពិតវិញ “អាយុ” ដែលខុសគ្នារបស់គូស្នេហ៍មានបង្កប់នូវរឿងរ៉ាវផ្សេងៗជាច្រើន ដែលយើងអាចមើលឃើញបានតាមរយៈពាក្យស្លោកដែលឱ្យនិយមន័យលើគូស្នេហ៍ខុសវ័យថា “គោចាស់ស៊ីស្មៅខ្ចី” ដែលជាការឆ្លុះបញ្ចាំងអំពីគំនិត និងជំនឿរបស់សង្គមខ្មែរយើងដែលថា មិនគួរទំនាក់ទំនងសេពគប់ជាមួយមនុស្សដែលមានវ័យខុសគ្នាច្រើនពេកនោះទេ ព្រោះអាចនឹងធ្វើឱ្យកើតមានបញ្ហា ដែលជំនឿមួយនេះក៏សាងនូវអារម្មណ៍មិនល្អដល់គូស្នេហ៍ខុសវ័យថា ខ្លួនឯងមិនស្ថិតនៅក្នុងទំនៀមទម្លាប់ជំនឿដែលល្អរបស់សង្គមដែលត្រូវបានបណ្ដុះបណ្ដាលមកតាំងពីក្មេង។ ក្លាយជាឧបសគ្គស្នេហ៍ ខុសទំនៀមទម្លាប់ខាងសង្គម ដែលទោះជាពេលនេះយើងស្ថិតនៅក្នុងសតវត្សរ៍ទី 21 ហើយក៏ដោយ តែរឿងរបស់អាយុក៏នៅតែជាចំណុចផ្លាស់ប្ដូរសំខាន់របស់គូស្នេហ៍ខុសវ័យដដែល។

    3 . ឋានៈខាងសង្គម

    មើលទៅហាក់ដូចជារឿងស្នេហាខុសវណ្ណៈដែលបញ្ចប់បែប Happy Ending នោះ មានតែនៅក្នុងរឿងប្រលោមលោកប៉ុណ្ណោះ ព្រោះនៅក្នុងពិភពនៃសភាពពិតវិញ ឋានៈខាងសង្គមគឺជាបច្ច័យសំខាន់ក្នុងការសម្រេចថា សេចក្ដីស្នេហារបស់មនុស្សមួយគូៗនឹងបញ្ចប់យ៉ាងណា?។ ភាពស័ក្តិសមតែងតែត្រូវបានលើកយកមកនិយាយមុនគេបង្អស់ ជាពិសេសក្នុងសង្គមខ្មែរដែលការរៀបការគ្នារវាងមនុស្សពីរនាក់នោះត្រូវរងសម្ពាធរឿងឋានៈខាងសង្គមរបស់ក្រុមគ្រួសារទាំងពីរទៀតផង ដូច្នេះ ការជ្រើសរើសគូគ្រងពិតជាត្រូវកម្រិតឱ្យនៅតែក្នុងរង្វង់នៃឋានៈខាងសង្គមដែលប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។ រឿងនេះអាចរាប់ថាជាកត្តាជំរុញការប្រែប្រួលដ៏សំខាន់មួយដែលទោះជាគ្មាននរណាម្នាក់និយាយចេញមកមែន តែអ្នកណាៗក៏គេដឹងដែរ។

    អ្នកគ្រូ ឆវីចង់ប្រាប់ថា បើសេចក្ដីស្នេហា គឺជារឿងល្អស្អាត ឧបសគ្គផ្សេងៗក៏អាចជាបទសាកល្បងសម្រាប់ឱ្យគូស្នេហ៍នីមួយៗបានឈានឆ្លងផុតបញ្ហាមួយចំនួនរួមគ្នាទៅមុខ តែបើសិនជាស្នេហាដើរដល់ផ្លូវទាល់មែនទែនហើយនោះ ប្អូនៗក៏អាចនឹងត្រូវលែងដៃពីស្នេហាដើម្បីថយមកមើលថែទាំខ្លួនឯងឱ្យមានជីវិតតទៅមុខទៀតយ៉ាងមានសេចក្ដីសុខបំផុត ព្រោះក្រៅពីមានបេះដូងទុកសម្រាប់ស្រឡាញ់អ្នកដទៃហើយនោះ ក៏ត្រូវតែមិនភ្លេចស្រឡាញ់ខ្លួនឯងដូចគ្នាដែរ។ អត្ថបទនេះ អ្នកគ្រូ ឆវី សង្ឃឺមថា នឹងអាចជួយលើការសម្រេចចិត្តរបស់ប្អូនៗក្នុងរឿងស្នេហាបាន បើមិនច្រើន ក៏តិចដែរ៕

  • Huawei៖ “គ្មាន Google ខ្លួននឹង​ប្រើ​​​ HarmonyOS” ខណៈតួលេខ​ស្មាត​ហ្វូន​ Huawei នឹង​ថយចុះអស់145លានគ្រឿងនៅឆ្នាំក្រោយ

    Huawei៖ “គ្មាន Google ខ្លួននឹង​ប្រើ​​​ HarmonyOS” ខណៈតួលេខ​ស្មាត​ហ្វូន​ Huawei នឹង​ថយចុះអស់145លានគ្រឿងនៅឆ្នាំក្រោយ

    កាលពីថ្ងៃទី10កញ្ញា ក្រុមហ៊ុន Huawei Technologies នៅតែសម្ដែងការមើលស្រាលចំពោះទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិក ដោយអះអាងថា ពួកគេនឹងប្រើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនសម្រាប់ទូរស័ព្ទទាំងអស់ដែលពួកគេផលិត ហើយទន្ទឹមនឹងនេះ ពួកគេក៏នឹងពង្រីក “ដែនដី” នៃផ្សារកម្មវិធី (App Store) របស់ខ្លួនដើម្បីរស់តទៅទៀតនៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិនជាមួយនឹងសហរដ្ឋអាម៉េរិក។

    ក្រុមហ៊ុន Huawei បានឱ្យដឹងថា ចាប់ពីឆ្នាំ2021 រាល់ទូរស័ព្ទរបស់ខ្លួននឹងងាកមកប្រើប្រព័ន្ធប្រតិបត្តិការ HarmonyOS (ជាកំណែមួយនៃប្រព័ន្ធប្រតិបត្តិការ Android (Google) ដែល Huawei បានបង្កើតឡើង។ នេះបើតាមសារព័ត៌មាន Nikkei។

    លោក Richard Yu នាយកប្រតិបត្តិនៃក្រុមជំនួញផ្នែកអេឡិកត្រូនិកសម្រាប់អតិថិជនរបស់ Huawei បាននិយាយនៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមហ៊ុនកាលពីថ្ងៃទី10កញ្ញាថា៖ “យើងនឹងដាក់ឱ្យប្រើប្រាស់នូវឧបករណ៍នានាដែលបានអភិវឌ្ឍសម្រាប់ទូរស័ព្ទឆ្លាតវៃ នៅក្នុងខែធ្នូនេះ”។

    លោកបន្តថា៖ “Huawei នឹងដើរតួនាទីជួយដល់ក្រុមអ្នកអភិវឌ្ឍចិន ដើម្បីពង្រីកទីផ្សារទៅអន្តរជាតិ និងជួយដល់ក្រុមអ្នកអភិវឌ្ឍទូទាំងពិភពលោក ផ្ដល់សេវាកម្មដល់អ្នកប្រើប្រាស់នៅប្រទេសចិនឱ្យបានល្អជាងមុន។ ដូចទៅនឹង TikTok របស់ ByteDance ដែលធ្វើបានល្អក្នុងការផ្ដល់សេវាកម្មដល់អតិថិជននៅបរទេស។ល។ យើងសង្ឃឹមថា នឹងក្លាយជាស្ពានសម្រាប់ជួយដល់ក្រុមអ្នកអភិវឌ្ឍចិនឱ្យបានច្រើនជាងមុន ក្នុងគោលដៅពង្រីកខ្លួនឱ្យបានពេញពិភពលោក”។

    សកម្មភាពខាងលើរបស់ Huawei បង្ហាញថា ក្រុមហ៊ុននេះលែងរំពឹងអ្វីទៅលើកិច្ចសហការឡើងវិញជាមួយនឹងក្រុមហ៊ុន Google ទៀតហើយ។

    ក្រុមហ៊ុន Huawei រួមនឹង Samsung Electronics, Xiaomi និងក្រុមហ៊ុនជាច្រើនផ្សេងទៀត គឺជាក្រុមហ៊ុនដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ Google។ ចំណែក Apple វិញ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ដែលក្រុមហ៊ុននេះជាអ្នកផលិតដោយផ្ទាល់ដៃ។

    លោក Yu អះអាងថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 អាចប្រើបានជាមួយនឹងរាល់ឧបករណ៍របស់ក្រុមហ៊ុននេះ រាប់ចាប់ពីទូរស័ព្ទឆ្លាតវៃ រហូតដល់ឧបករណ៍នានានៅលើរថយន្ត។

    លោក Yu ថ្លែងថា Huawei កំពុងរងទណ្ឌកម្មជាលើកទី3ពីសំណាក់សហរដ្ឋអាម៉េរិក ប៉ុន្តែលោកថា ផលិតផលរបស់ក្រុមហ៊ុននេះនៅតែបន្តកើនឡើង។ “យើងគិតថា មិនមានអ្នកម្នាក់អាចពន្លត់រស្មីរបស់តារានៅលើមេឃនោះឡើយ”។

    Huawei នៅតែអាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android (open source) ដដែល ប៉ុន្តែមិនទទួលបានកំណែបន្ទាន់សម័យ ឬជំនួយផ្នែកបច្ចេកទេស ព្រមទាំងមិនអាចចូលប្រើ Google Mobile Service បានដូចមុន

    ប៉ុន្តែ នាយករូបនេះបានឱ្យដឹងថា កង្វះឈីប (chip) ដែលកើតឡើងដោយសារទណ្ឌកម្មពីសហរដ្ឋអាម៉េរិក បានចាប់ផ្ដើមប៉ះពាល់ដល់ល្បឿននៃកំណើតនានារបស់ Huawei នៅក្នុងខែនេះហើយ។

    Huawei ក៏កំពុងតែត្រៀមសម្រាប់កសាងប្រព័ន្ធកម្មវិធី (App Store) របស់ខ្លួន ដើម្បីជំនួស Google Mobile Service ដែលរួមមានដូចជា Google Map, Gmail, YouTube និង Google Play។ល។

    បើទោះជា Google ឈប់សហការជាមួយ Huawei ប៉ុន្តែ ក្រុមហ៊ុនចិនមួយនេះនៅតែអាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android (open source) ដដែល ប៉ុន្តែមិនទទួលបានកំណែបន្ទាន់សម័យ ឬជំនួយផ្នែកបច្ចេកទេស ព្រមទាំងមិនអាចចូលប្រើ Google Mobile Service បានដូចមុន។

    កាលពីថ្ងៃទី10កញ្ញា លោក Zhang Ping’an ប្រធានក្រុមហ៊ុនផ្ដល់សេវាកម្មរក្សាទិន្នន័យ Consumer Cloud Services របស់ Huawei និយាយថា បច្ចុប្បន្ន Huawei មានអ្នកអភិវឌ្ឍចំនួន1.8លាននាក់ កើនទ្វេដងបើរាប់ចាប់ពីពេលក្រុមហ៊ុននេះប្រកាសអំពីគម្រោងបង្កើត Apple Store ផ្ទាល់ខ្លួនកាលពីខែសីហា2019។ ប៉ុន្តែ តួលេខនេះនៅតែមិនទាន់ស្មើនឹង1/10 បើធៀបនឹងចំនួនអ្នកអភិវឌ្ឍកម្មវិធីនៅលើប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple ឬនៅលើ Android។

    លោក Jeff Pu ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន GF Securities ឱ្យដឹងថា៖ “បញ្ហាកកស្ទះទំនិញរបស់ Huawei នឹងនៅតែកើតមានរហូតដល់ចុងឆ្នាំនេះ ប៉ុន្តែនឹងជួបលំបាកខ្លាំងនៅឆ្នាំក្រោយ បើសិនជាសហរដ្ឋអាម៉េរិកមិនបន្ធូរបន្ថយទណ្ឌកម្ម”។

    GF Securities បានគន់គូរឃើញថា Huawei នៅតែអាចផ្គត់ផ្គង់ស្មាតហ្វូន195លានគ្រឿងក្នុងឆ្នាំនេះ តែវានឹងថយចុះមកនៅត្រឹមតែ50លានគ្រឿងនៅក្នុងឆ្នាំ2021 ប្រសិនបើការរឹតត្បិតពីសំណាក់រដ្ឋាភិបាលអាម៉េរិកាំងនៅតែមិនប្ដូរផ្លាស់៕

    ប្រភព៖ Nikkei