Category: សង្គម និងសេដ្ឋកិច្ច

  • តើការភ្ជាប់ពាក្យសំខាន់យ៉ាងណា ហេតុអីត្រូវភ្ជាប់ពាក្យមុនរៀបការ?

    តើការភ្ជាប់ពាក្យសំខាន់យ៉ាងណា ហេតុអីត្រូវភ្ជាប់ពាក្យមុនរៀបការ?

    តាមទំនៀមទម្លាប់របស់ការរៀបការតាំងពីសម័យបុរាណ មុននឹងមានពិធីមង្គលការឡើង ត្រូវតែមានការភ្ជាប់ពាក្យគ្នាជាទំនៀមទម្លាប់ជាមុនជានិច្ច ហើយទំនៀមទម្លាប់នេះក៏បានទទួលការបន្តធ្វើរហូតមកដល់ពេលបច្ចុប្បន្ន ទោះជាមានគូខ្លះអាចនឹងរំលងដំណាក់កាលនេះដើម្បីជាការសន្សំសំចៃថ្លៃចាយវាយក្ដី តែដឹងឬទេថា ការភ្ជាប់ពាក្យក៏មានចំណុចល្អច្រើនយ៉ាងដែរ ដូច្នេះយើងនាំគ្នាមកមើលពីប្រវត្តិថា តើហេតុអីទើបការភ្ជាប់ពាក្យមុនមានពិធីរៀបមង្គលការបានទទួលការអនុវត្តបន្តគ្នាមកក្លាយជាទំនៀមទម្លាប់តាំងពីសម័យបុរាណ?។

    គោលបំណងក្នុងការភ្ជាប់ពាក្យ

    ដោយសារតែកាលពីសម័យអតីតកាលនោះ ការរៀបចំពិធីមង្គលការច្រើនតែជាការរៀបចំដែលកើតឡើងពីអាណាព្យាបាលច្រើនជាងក្នុងការរកគូស្រករដែលល្អឱ្យទៅបុត្រភ្ងានោះ ទើបមានតិចគូណាស់ដែលបានជួបស្នេហ៍ដោយខ្លួនឯង។ ការធ្វើពិធីភ្ជាប់ពាក្យ គឺជានិមិត្តសញ្ញាម្យ៉ាងដើម្បីឱ្យខាងប្រុស និងខាងស្រីមានឱកាសបានសិក្សាមើលចិត្តមើលថ្លើមគ្នាជាមុនមួយខណៈពេលសិន និងជានិមិត្តសញ្ញាមួយប្រាប់ដល់បុរសស្រ្តីដទៃទៀតមិនឱ្យមកចូលជិតក្បែរបុរសស្រ្តីដែលបានភ្ជាប់ពាក្យគ្នាហើយនោះផង។ បើសិននៅមិនទាន់ច្បាស់ប្រាកដក្នុងចិត្ត ឬមិនត្រូវចិត្តអ្វីៗនោះ ក៏នឹងមានការផ្ដាច់ពាក្យគ្នាវិញក្នុងឱកាសតទៅទៀត តែបើសិក្សាមើលចិត្តថ្លើមគ្នាហើយ ឃើញថានឹងទៅជាមួយគ្នាបាននោះ ក៏នឹងបន្តដោយការដេញពេលារកមើលឫក្សពេលាល្អដើម្បីរៀបការក្នុងវារៈណាមួយដែលស័ក្តិសម។

    ការភ្ជាប់ពាក្យ មានរយៈពេលយូរ ឬឆាប់ប៉ុនណា

    បើសិនតាមអំណះអំណាងកាលពីអតីតកាល ច្រើនតែបញ្ជាក់ពីពេលវេលាភ្ជាប់ពាក្យក្នុងអំឡុងពេលប្រមាណជា 6 – 12ខែ ជាវេលាដែលស័ក្តិសមល្មមក្នុងការស្គាល់ចិត្តគ្នាទៅវិញទៅមក តែក្នុងបច្ចុប្បន្ននេះ គ្មានការកំណត់ឱ្យប្រាកដជាក់ថា រយៈពេលប៉ុនណាទេ។ គូខ្លះអាចនឹងភ្ជាប់ពាក្យដើម្បីជាការកក់ទុកជាមុន(ភ្ជាប់ពាក្យតាំងពីនៅជំទង់ៗ ហើយមករៀបការនៅពេលចាស់ហើយក៏មាន)លុះពេលវេលាកន្លងទៅ 3 – 5ឆ្នាំទើបរៀបការ។ តែបើគូខ្លះដែលប្រាកដជាក់ក្នុងចិត្តថា នឹងគ្មានបញ្ហាអ្វីក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយទេ ព្រោះបានសិក្សាមើលចិត្តថ្លើមគ្នាក្នុងអំឡុងពេលសេពគប់គ្នាមកយ៉ាងច្បាស់ប្រាកដល្អហើយនោះ ក៏អាចនឹងរៀបចំពិធីភ្ជាប់ពាក្យនៅពេលព្រឹក រួចហើយរៀបការនៅពេលរសៀលតែម្ដងក៏បាន ដែលនេះជាការបង្រួញដំណាក់កាលឱ្យខ្លី និងសន្សំថ្លៃចាយវាយបានច្រើនទៀតផង។

    តើពិធីភ្ជាប់ពាក្យ ត្រូវធ្វើយ៉ាងណាខ្លះ?

    ពិធីភ្ជាប់ពាក្យភាគច្រើន គឺច្រើនជាការឯកភាពគ្នារឿងថ្លៃទឹកដោះរបស់ចាស់ៗទាំងសងខាង រួមទាំងរឿងរបស់ផ្ទះសំបែង និងចំណុចឯកភាពគ្នាមួយចំនួនទៀតក្រោយពេលរៀបការហើយ(គូខ្លះរៀបការគ្នាដោយហេតុផលខាងធុរកិច្ច)។ នៅពេលគ្រប់យ៉ាងរួចរាល់រៀបរយ ក៏នឹងមានការលើកខាន់ស្លា ព្រមទាំងថ្លៃទឹកដោះ មាសប្រាក់ និងគ្រឿងបណ្ណាការដែលបានឯកភាពគ្នានោះទៅជូនដល់ផ្ទះខាងកូនក្រមុំ។ បន្ទាប់ពីនោះក៏ធ្វើពិធីបំពាក់ចិញ្ចៀនភ្ជាប់ពាក្យនៅចំពោះមុខសាក្សី ហើយទើបនាំយកភោជនាហារចេញមកជប់លៀងពិសាជាកិច្ចបញ្ចប់ពិធី និងអាចនឹងមានការជជែកនិយាយគ្នាម្ដងទៀតអំពីរឿងការរៀបចំពិធីមង្គលការនាពេលអនាគតដ៏ខ្លីខាងមុខ។

    អាចនិយាយបានថា ជាកលឧបាយម្យ៉ាងនៅក្នុងអតីតកាលដែលសមហេតុសមផលបំផុត យ៉ាងហោចណាស់ក៏ការភ្ជាប់ពាក្យអាចរាប់បានថា ជាការបានសម្រេចចិត្តដ៏ច្បាស់លាស់មួយ និងជាការសាកសួរបេះដូងរបស់ខ្លួនឯងម្ដងទៀតថា តើបានត្រៀមខ្លួនជាស្រេចក្នុងការរស់នៅជាមួយអនាគតគូជីវិតហើយឬនៅ ហ្នឹងឯង៕

  • ក្លាយជាសេដ្ឋីក្រោយរយៈ​ពេល​តែ​1​យប់​ គឺ​ជា​លទ្ធផល​នៃការប្រឹង​ប្រែង​រយៈ​ពេល​4​ឆ្នាំ ដោយធ្វើការចាប់ពីម៉ោង7ព្រឹកដល់10យប់រៀងរាល់ថ្ងៃ

    ក្លាយជាសេដ្ឋីក្រោយរយៈ​ពេល​តែ​1​យប់​ គឺ​ជា​លទ្ធផល​នៃការប្រឹង​ប្រែង​រយៈ​ពេល​4​ឆ្នាំ ដោយធ្វើការចាប់ពីម៉ោង7ព្រឹកដល់10យប់រៀងរាល់ថ្ងៃ

    រឿងរ៉ាវជោគជ័យរបស់ Peter Rahal គឺជាភស្តុតាងយ៉ាងច្បាស់លាស់បំផុតដែលបង្ហាញថា “ចង់អង្គុយនៅលើកៅអីដែលអ្នកដទៃមិនអាចអង្គុយបាន អ្នកត្រូវតែចេះទ្រាំការលំបាកដែលអ្នកដទៃមិនអាចទ្រាំបាន”។

    អ្នកជំនួញវ័យ33ឆ្នាំ ឈ្មោះ Peter Rahal បានក្លាយជាសេដ្ឋី ក្រោយរយៈពេលតែ1យប់ បន្ទាប់ពីគាត់បានលក់ក្រុមហ៊ុន startup ឈ្មោះ Rxbar ដែលខ្លួនបានបង្កើតឡើង នៅក្នុងតម្លៃ600លានដុល្លារអាមេរិក។ ក្នុងដំណាក់កាលត្រូវបានលក់ ក្រុមហ៊ុនរបស់ Peter Rahal រកបានចំណូល130លានដុល្លារក្នុងមួយឆ្នាំ និងលក់ផលិតផលបានជាង105លានឈុត។

    បច្ចុប្បន្ន Peter Rahal កំពុងរស់នៅក្នុងវីឡាមួយនៅឯឆ្នេរសមុទ្រ Miami ជាកន្លែងដែលមានបំពាក់គ្រឿងសង្ហារិមប្រណិតៗ និងមានតម្លៃប្រមាណជា19លានដុល្លារអាមេរិក។ Peter Rahal ក៏បានទិញរថយន្ត Ferrari 488 មួយគ្រឿង និង Vespa មួយគ្រឿងផងដែរ។

    ត្រលប់ទៅកាន់ដំណាក់កាលទើបបង្កើតក្រុមហ៊ុន Rxbar កាលពីឆ្នាំ2012។ លោក Peter Rahal និង Jared Smith ដែលជាមិត្តនឹងគ្នាតាំងតែពីជំនាន់នៅសិក្សាថ្នាក់បឋម បានសម្រេចចិត្តចេញធ្វើជំនួញ បន្ទាប់ពីបានរកឃើញឱកាសក្នុងទីផ្សារទាក់ទងនឹងបន្ទះថាមពល (ប្រភេទអាហារសម្រាប់ក្រុមមនុស្សដែលចំណាយកម្លាំងកាយច្រើន ដូចជាអ្នកកីឡាជាដើម)។

    ក្លាយជាសេដ្ឋីក្រោយរយៈពេលតែ1យប់ គឺជាលទ្ធផលនៃការប្រឹងប្រែងរយៈពេល4ឆ្នាំ ដោយធ្វើការចាប់ពីម៉ោង7ព្រឹកដល់10យប់រៀងរាល់ថ្ងៃ
    លោក Peter Rahal (ស្ដាំ) និង​លោក​ Smith

    Rahal បានឱ្យដឹងថា៖ “កាលពីឆ្នាំ2012 ខ្ញុំបានអានសៀវភៅណាមួយនោះដែលមានសរសេរថា គ្រាន់តែចំណាយ​10,000​ដុល្លារ​ប៉ុណ្ណោះដើម្បីចាប់ផ្ដើមបើកក្រុមហ៊ុនធ្វើអាជីវកម្មលើបន្ទះអាហារូបត្ថម្ភ។ អ្នកដឹងហើយថា ទោះជាបុគ្គលល្ងង់ខ្លៅណាក៏អាចបង្កើតបានបន្ទះថាមពលបានដោយងាយ។ យើងបានរួមចំណែកម្នាក់ៗចំនួន 5,000ដុល្លារ ដើម្បីបង្កើតផលិតផល និងលក់ទៅឱ្យមជ្ឈមណ្ឌលហាត់ប្រាណនានា។ ទន្ទឹមនឹងនេះ RxBar ថែមទាំងលក់ផលិតផលរបស់ខ្លួនតាមអនឡាញផងដែរ។ ដំបូងឡើយ យើងគិតថា វាគ្រាន់តែជាក្រុមហ៊ុនមួយដែលមានតម្លៃត្រឹមប្រមាណ10លានដុល្លារប៉ុណ្ណោះ ពោលគឺមិនគិតថា វាមានតម្លៃដល់ទៅរាប់រយលានដុល្លារដូចបច្ចុប្បន្នសោះឡើយ”។

    រូបមន្តនៃផលិតផលជាអាហារថាមពលដែលពួកគេបានបង្កើតឡើងដំបូង រួមមាន ផ្លែលម៉ើ (date palm) គ្រាប់ធញ្ញជាតិ និងស៊ុតពណ៌ស ដែលមាននៅក្នុងផ្ទះបាយរបស់ម្ដាយ Rahal។ ប្រអប់វេចខ្ចប់ និងពាណិជ្ជសញ្ញាត្រូវបានធ្វើឡើងដោយប្រើកម្មវិធី PowerPoint។ ម្ដាយរបស់ Rahal ក៏បានចូលរួមធ្វើសកម្មភាពក្នុងដំណាក់កាលផលិតដើម្បីកាត់បន្ថយការចំណាយ ប៉ុន្តែដោយសារមានបញ្ហាភ្លេចភ្លាំងច្រើន អ្នកស្រីក៏ត្រូវបានកូនប្រុស “បញ្ឈប់ពីការងារ” បើទោះជាអ្នកស្រីធ្វើកិច្ចការដោយមិនគិតកម្រៃក៏ដោយ។

    ក្លាយជាសេដ្ឋីក្រោយរយៈពេលតែ1យប់ គឺជាលទ្ធផលនៃការប្រឹងប្រែងរយៈពេល4ឆ្នាំ ដោយធ្វើការចាប់ពីម៉ោង7ព្រឹកដល់10យប់រៀងរាល់ថ្ងៃ
    ម្ដាយ និង​កុមារ Rahal កាលពី​នៅ​តូច

    ក្រោយពីផលិតបាន Rahal និង Smith ក៏លក់ផលិតផលរបស់ខ្លួនទៅឱ្យមជ្ឈមណ្ឌលហាត់ប្រាណនានានៅ Chicago និង Indiana រួចក៏ពង្រីកខ្លួនទៅក្នុងទីផ្សារនៃតំបន់ Midwestern United States។ ក្នុងដំណាក់កាលដែល RxBar បានរីកចម្រើនទៅជាក្រុមហ៊ុនដែលរកបានចំណូលឡើងដល់100លានដុល្លារ (ដោយមិនមានទុនពីខាងក្រៅ) Rahal ធ្វើការដោយមិនឈប់ឈរ ចាប់ពីម៉ោង7ព្រឹកដល់ម៉ោង10យប់ជារៀងរាល់ថ្ងៃ សូម្បីតែនៅថ្ងៃចុងសប្ដាហ៍។ Rahal ថ្លែងថា គាត់ជាមួយនឹង Smith មិនមានពេលទៅលម្ហែកាយម្ដងណាឡើយក្នុងរយៈពេល4ឆ្នាំបន្ទាប់ពីបានបង្កើតក្រុមហ៊ុន។

    នៅពេលកិច្ចព្រមព្រៀងលក់ក្រុមហ៊ុនទៅឱ្យ Kellogg កាលពីឆ្នាំ2017 បានបញ្ចប់ Rahal និយាយថា គាត់មិនបានធ្វើពិធីជប់លៀងនោះទេ ហើយថ្ងៃបន្ទាប់ គាត់នៅតែយកបាយពីផ្ទះទៅធ្វើការដូចសព្វមួយដង។ Rahal និង Smith ម្នាក់ៗទទួលបានការទូទាត់ប្រាក់កម្រៃតែម្ដងគត់។ Rahal នៅតែជួយគ្រប់គ្រងក្រុមហ៊ុន RxBar ដដែល។

    ក្លាយជាសេដ្ឋីក្រោយរយៈពេលតែ1យប់ គឺជាលទ្ធផលនៃការប្រឹងប្រែងរយៈពេល4ឆ្នាំ ដោយធ្វើការចាប់ពីម៉ោង7ព្រឹកដល់10យប់រៀងរាល់ថ្ងៃ
    ផលិត​ផល​របស់​ក្រុម​ហ៊ុន​ RxBar

    ប៉ុន្តែ ក្រោយការប្រឹងប្រែងអស់មួយរយៈពេល គាត់ក៏មានអារម្មណ៍ថា លែងមានកម្លាំងចិត្ត។ សេដ្ឋីវ័យក្មេងរូបនេះរំឭកឡើងវិញថា៖ “ខ្ញុំហាក់មិនសមស្របជាមួយនឹងតំណែង CEO។ នៅរៀងរាល់យប់ថ្ងៃអាទិត្យ ខ្ញុំមិនបានធ្វើការដូចមុន។ ការជួយឱ្យ RxBar រីកចម្រើនជាងនេះ គឺលែងនៅជាបញ្ហាធំដូចដំណាក់កាលដំបូងទៀតហើយ។ នៅទីនេះ ខ្ញុំទទួលបានប្រាក់ខែច្រើនគួរសម ប៉ុន្តែ អ្វីៗទាំងអស់ វាហាក់មានសុវត្ថិភាពហួសពេក”។ ដូច្នេះហើយ Rahal ក៏បានសុំឈប់ពីការងារនៅ Kellogg ប៉ុន្តែ នៅតែរក្សាកិត្តិនាមជាសហស្ថាបនិករបស់ RxBar។

    សម្រាប់ Rahal គាត់មានអារម្មណ៍ថា ដូចជារឿងចម្លែក និងគួរឱ្យខ្លាចនៅពេលក្លាយជាអ្នកមានយ៉ាងឆាប់រហ័សបែបនេះ។ បច្ចុប្បន្ន Rahal មានទំនាក់ទំនងជាមួយក្រុមមនុស្សវណ្ណៈខ្ពស់ៗក្នុងសង្គម ទទួលបានការអញ្ជើញឱ្យចូលរួមកម្មវិធីលំដាប់ប្រណិតៗ និងពិភាក្សាគ្នាអំពីបញ្ហាធំៗ មានដូចជាអត្រាពន្ធដារររបស់រដ្ឋ Florida ធៀបនឹងតំបន់ Puerto Rico នៃសហរដ្ឋអាមេរិក។ល។

    Peter Rahal រស់នៅលើកោះមួយដែលមានសន្តិសុខយាមត្រឹមត្រូវ។ ហើយបើសិនគាត់ចង់ណាត់ជួបមិត្តស្រី ឬមិត្តថ្មី ពួកគេអាចរកឃើញឈ្មោះ និងខ្ទង់ប្រាក់ដែលគាត់រកបាននៅលើ Google ដោយងាយ។ ការក្លាយជាអ្នកមានដោយប្រើពេលខ្លីបែបនេះ គឺមានន័យថា ជីវភាពរស់នៅមានភាពងាយស្រួលជាងមុនឆ្ងាយណាស់។ ក៏ប៉ុន្តែ Rahal ឱ្យដឹងថា ជួនកាលគាត់នៅតែមិនអាចសម្របខ្លួនឱ្យទាន់ជីវភាពបែបនេះបាននៅឡើយ៕

    ប្រភព៖ FBN

  • ឧបករណ៍បច្ចេកវិទ្យាថ្មី ជួយឱ្យអ្នកពិការភ្នែកអាចមើលឃើញឡើងវិញ

    ឧបករណ៍បច្ចេកវិទ្យាថ្មី ជួយឱ្យអ្នកពិការភ្នែកអាចមើលឃើញឡើងវិញ

    ជាលើកដំបូងហើយដែលក្រុមអ្នកវិទ្យាសាស្ត្របង្កើតបានឧបករណ៍មួយប្រភេទដែលអាចជួយឱ្យអ្នកពិការភ្នែកអាចមើលឃើញឡើងវិញ ហើយឧបករណ៍នេះនឹងត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងនៅលើមនុស្សនាពេលដ៏ខ្លីខាងមុខ។

    ក្រោយការប្រឹងប្រែងសិក្សាស្រាវជ្រាវអស់រយៈពេលជាង10ឆ្នាំ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ដ្រាលី បានអភិវឌ្ឍឧករណ៍អេឡិកត្រូនិកគ្មានខ្សែមួយប្រភេទ ដែលអាចដាំក្នុងលលាដ៍ក្បាលដើម្បីជួយឱ្យអ្នកងងឹតភ្នែក អាចមើលឃើញបាន។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ និងការសាកល្បងត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី Neural Engineering កាលពីខែកក្កដាកន្លងទៅ។

    មានមនុស្សជាច្រើនត្រូវពិការភ្នែកដោយសារតែសរសៃចក្ខុវិញ្ញាណត្រូវរងរបួស ហើយបញ្ហានេះបានរារាំងសញ្ញាដែលបញ្ជូនពីស្រទាប់ retina របស់ភ្នែក ទៅកាន់មជ្ឈមណ្ឌលចក្ខុវិញ្ញាណរបស់ខួរក្បាល។ ដើម្បីដោះស្រាយបញ្ហានេះ ប្រព័ន្ធចក្ខុវិញ្ញាណជីវសាស្ត្រដែលមានឈ្មោះថា Gennaris ត្រូវបានបង្កើតឡើង។ ប្រព័ន្ធនេះរួមមាន មួកពិសេសដែលមានកាមេរ៉ា និងប្រព័ន្ធបញ្ជូនទិន្នន័យគ្មានខ្សែ ប្រព័ន្ធចាត់ការរបស់ចក្ខុវិញ្ញាណ ផ្នែកទន់ រួមនឹងបន្ទះឧបករណ៍មួយដែលមានរាងបួនជ្រុង ទំហំ9×9មម ដែលត្រូវដាំជាប់នៅលើស្រោមខួរ។

    បច្ចេកវិទ្យាខាងលើនេះបង្កើតបានជាគំរូចក្ខុ តាមរយៈការរួមផ្សំនៃពន្លឺទាំង172ចំណុច ការផ្ដល់ព័ត៌មានលក្ខណឯកជនដើម្បីកំណត់ទិសក្នុងផ្ទះ និងក្រៅផ្ទះ ទន្ទឹមនឹងនេះក៏អាចដឹងបានអំពីវត្តមានរបស់មនុស្ស និងវត្ថុនានាដែលនៅជុំវិញ។

    ជាងនេះ ទិដ្ឋភាពពិតរបស់ពិភពលោកត្រូវបានកាមេរ៉ាដែលបំពាក់នៅលើមួកថតយក រួចបញ្ជូនទិន្នន័យនេះទៅកាន់ប្រព័ន្ធចាត់ការនៃចក្ខុវិញ្ញាណ។ ប្រព័ន្ធនេះ មានតួនាទីចម្រាញ់យកទិន្នន័យដែលមានប្រយោជន៍ជាងគេ។ ទិន្នន័យដែលត្រូវបានចម្រាញ់រួចហើយនឹងត្រូវបានបញ្ជូនទៅកាន់ឧបករណ៍ដែលបំពាន់នៅលើស្រោមខួរក្បាល។ ប្រការនេះនឹងប្រែក្លាយទិន្នន័យឱ្យទៅជាបន្ទុកអគ្គិសនីមួយប្រភេទដែលអាចរំញោចទៅលើប្រព័ន្ធខួរក្បាលតាមរយៈមីក្រូអេឡិកត្រូនិកដ៏សែនតូច។

    សាស្ត្រាចារ្យ Lowery ដែលជាសមាជិកម្នាក់របស់ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ បាននិយាយថា៖ “ឧបករណ៍ដែលដាំនៅលើស្រោមខួរក្បាល មានតួនាទីកែលម្អចក្ខុវិញ្ញាណសម្រាប់ក្រុមមនុស្សដែលពិការភ្នែក ដោយវិធីបញ្ជូនអគ្គិសនីទៅកាន់ស្រោមខួរផ្នែកចក្ខុវិញ្ញាណ ដែលជាកន្លែងទទួលនិងចាត់ការព័ត៌មានទាក់ទងនឹងរូបភាព”។

    លទ្ធផលនៃការពិសោធរយៈពេលជាង2,700ម៉ោងទៅលើឧបករណ៍ខាងលើ បានបង្ហាញថា មិនមានផលវិបាកណាមួយកើតឡើងចំពោះសុខភាព ក៏ដូចជាចក្ខុវិញ្ញាណនោះទេ។

    បណ្ឌិត Lewis សមាជិកម្នាក់ទៀតរបស់ក្រុមស្រាវជ្រាវនេះ ថ្លែងថា៖ “បើសិនជាជោគជ័យ ក្រុមរបស់យើងនឹងបង្កើតក្រុមហ៊ុនថ្មីមួយដែលផ្ដោតទៅលើសេវាកម្មផ្ដល់ចក្ខុវិញ្ញាណទៅឱ្យអ្នកពិការភ្នែកដែលមិនអាចព្យាបាលបាន”។

    ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ មានគម្រោងផលិតឧបករណ៍ដាំនៅលើស្រោមខួរនេះក្នុងបរិមាណចាំបាច់ ដើម្បីធ្វើការប្រើប្រាស់សាកល្បងនៅលើមនុស្សជាលើកដំបូងក្នុងពិភពលោក នៅឯទីក្រុង Melbourne៕

    ប្រភព៖ Monash News

  • នឹងមានអ្វីកើតឡើង នៅពេលយើងរស់នៅតែក្នុងកន្លែងដែលមានម្លប់រហូត?

    នឹងមានអ្វីកើតឡើង នៅពេលយើងរស់នៅតែក្នុងកន្លែងដែលមានម្លប់រហូត?

    ធាតុអាកាសក្ដៅហែងដូចនៅក្នុងប្រទេសយើង ធ្វើឱ្យកំលោះៗ ក្រមុំៗជាច្រើននាំគ្នារត់ចូលទៅរកកន្លែងម្លប់ៗនៅក្នុងអគារ។ មនុស្សជាច្រើនចេញពីផ្ទះតាំងពីព្រះអាទិត្យមិនទាន់រះ និងនៅតែក្នុងអគារពេញមួយថ្ងៃរហូតដល់ពេលត្រឡប់ទៅផ្ទះវិញ ក៏នៅក្នុងរថយន្តទៀត ឬទម្រាំតែត្រឡប់ទៅផ្ទះវិញ ព្រះអាទិត្យលិចបាត់ទៅវិញក៏មាន។ អាជីពជាច្រើនត្រូវពាក់អាវធំ អាវដៃវែងក្រាស់ៗ បិទបាំងស្បែកពីកម្ដៅថ្ងៃ។ ថ្ងៃសៅរ៍-អាទិត្យក៏ជ្រើសរើសក្នុងការណាត់ជួបមិត្តភ័ក្តិនៅពេលយប់ច្រើនជាងពេលថ្ងៃទៀតផង ដូច្នេះហើយទើបទង្វើទាំងអស់នេះក្លាយជាចំណុចមួយដែលពិសោធបានថា ទោះជាប្រទេសយើងមានពន្លឺថ្ងៃពេញមួយឆ្នាំទល់មួយឆ្នាំក៏ដោយ ក៏ប្រជាជនយើងជាច្រើននាក់នៅតែគេចចៀសពីការធ្វើឱ្យសាច់ស្បែកប៉ះនឹងកម្ដៅថ្ងៃដែរ ព្រោះតែការនិយមចូលចិត្តស្បែកសស្អាត ខ្លាចក្ដៅ ខ្លាចកើតមហារីកស្បែក រហូតទៅដល់វិធីការរស់នៅដែលធ្វើឱ្យសាច់ និងស្បែកមិនសូវបានប៉ះពាល់នឹងពន្លឺថ្ងៃយ៉ាងគ្មានចេតនាជាដើមទៀតផង។

    ឥឡូវនេះ យើងនាំគ្នាមកនិយាយពីរឿងរបស់ចំណុចមិនល្អដែលអាចកើតឡើងនៅពេលដែលយើងរស់នៅតែក្នុងទីម្លប់វិញល្អជាង…។ នៅពេលណាក៏ដោយដែលសាច់ និងស្បែករបស់យើងស្ទើរតែមិនបានប៉ះនឹងពន្លឺព្រះអាទិត្យនាពេលព្រឹក និងប៉ះតែជាមួយពន្លឺភ្លើងនៅក្នុងអគារ រាងកាយយើងអាចនឹងចូលឆ្ពោះទៅរកសភាវប្រថុយនឹងការស្ទើរវីតាមីន D (សភាវស្ទើរ គឺមិនខ្វះទេ តែមានតិចខ្លាំង រហូតសឹងតែមិនគ្រប់គ្រាន់) និងអ្វីដែលគួរឱ្យចម្លែកចិត្តនោះគឺ ក្នុងប្រទេសយើងដែលមានពន្លឺថ្ងៃពេញមួយឆ្នាំគ្រប់រដូវកាល តែបែរជានៅតែឃើញមានអ្នកស្ទើរវីតាមីន D ដ៏ច្រើនដដែល។

    នៅពេលរាងកាយស្ថិតក្នុងសភាវស្ទើរ ឬខ្វះវីតាមីន D តើវានឹងកើតផលអាក្រក់ដល់រាងកាយមនុស្សយើងយ៉ាងណាខ្លះ?

    ចាប់ផ្ដើមតាំងពីរឿងរបស់បណ្ដុំគ្រោងឆ្អឹង និងសាច់ដុំដែលអាចនឹងមិនរឹងមាំមួនពេញលេញស្មើនឹងអ្នកដែលបានទទួលវីតាមីន Dច្រើនគ្រប់គ្រាន់ ដូច្នេះទើបអាចនឹងមានសាច់ដុំមិនមាំមួនរហូតប្រថុយប្រថាននឹងការដួលញឹកញាប់ជាងប្រក្រតី។ ក្រៅពីនេះគេនៅរកឃើញទៀតថា វីតាមីន D ជាវីតាមីនដែលមានសម្ព័ន្ធជាមួយរោគមហារីកដល់ទៅ 4 ប្រភេទទៀតផង។

    សម្រាប់អ្នកដែលគេចចៀសពីការប៉ះពាល់នឹងពន្លឺថ្ងៃ សំងំនៅតែក្នុងបន្ទប់ងងឹតៗដែលបិទបង្អួចគ្រប់ពេលវេលានោះ នៅមានភាពប្រថុយប្រថានក្នុងការខ្វះអ័រម៉ូនប្រភេទខ្លះ ព្រោះនៅក្នុងពន្លឺថ្ងៃពេលប៉ះនឹងស្បែកមនុស្សយើង វានឹងជួយជំរុញឱ្យរាងកាយសាងអ័រម៉ូនជាច្រើនប្រភេទឡើង មិនថាតែមេឡានីន ដែលជួយឱ្យយើងគេងលក់បានស្រួល ឬអ័រម៉ូនសេរ៉ូថូនីនដែលធ្វើឱ្យរាងកាយរបស់យើងមានអារម្មណ៍ថាមានសេចក្ដីសុខ ក្លៀវក្លាស្វាហាប់(អ្នកដែលចូលចិត្តធ្វើការងារនៅកណ្ដាលទីវាលច្រើនតែជាមនុស្សរួសរាយស្រស់ស្រាយរាក់ទាក់ និងស្វាហាប់គ្រប់ពេលវេលា) ដូច្នេះហើយទើបអ្នកដែលមិនសូវប៉ះពាល់នឹងពន្លឺថ្ងៃអាចប្រថុយនឹងបញ្ហាគេងមិនសូវលក់ ពិបាកក្នុងការគេងលក់ ឬអាចដល់ថ្នាក់ប្រថុយប្រថាននឹងសភាវសោកសៅទៀតផង។

    វិធីបន្ថែមវីតាមីន D ដល់រាងកាយអាចធ្វើបានយ៉ាងងាយៗ មិនលំបាកលំបិនឡើយ ដោយគ្រាន់តែចេញទៅខាងក្រៅអគារដើម្បីឱ្យស្បែករបស់យើងបានប៉ះជាមួយពន្លឺព្រះអាទិត្យនៅអំឡុងម៉ោង 9ៈ00 – 15ៈ00 រយៈពេល 5នាទីរៀងរាល់ថ្ងៃ នឹងជួយបន្ថែមវីតាមីន Dដល់រាងកាយបានច្រើនដល់ទៅ 90%។ ការឱ្យរាងកាយបានកែច្នៃវីតាមីន D ពីស្រទាប់ស្បែកដោយខ្លួនឯង គឺជាវិធីមួយដ៏មានប្រសិទ្ធភាពក្នុងការបន្ថែមវីតាមីន D ដល់រាងកាយខ្លាំងបំផុត។

    យ៉ាងណាក៏ដោយ បើសិនអ្នកណានៅតែមានកង្វល់ក្នុងរឿងពន្លឺថ្ងៃដែលក្ដៅខ្លាំងជ្រុលពេកនៅក្នុងស្រុកយើង ដែលទោះជាលាបឡេការពារកម្ដៅថ្ងៃហើយក៏នៅតែមិនហ៊ានចេញទៅឱ្យស្បែកប៉ះនឹងពន្លឺថ្ងៃដោយត្រង់ទៀតនោះ សាកល្បងជ្រើសរើសប្រើវិធីបន្ថែមវីតាមីន D ដល់រាងកាយតាមរយៈអាហារការហូបចុកបាន ដោយមុខម្ហូបដែលមានវីតាមីន D មានដូចជា ខ្លាញ់ថ្លើមត្រី ទឹកដោះគោស្រស់ ត្រីសាល់ម៉ុន ត្រីប្លាធូ ត្រីធូណា សាច់ហ៊ែម ស៊ុតមាន់ សាច់ជ្រូកចិញ្ច្រាំ សាច់មាន់ ផ្សិតចិន និងឈីស ជាដើម តែការបន្ថែមវីតាមីន D ដោយការទទួលទានអាហារជួយឱ្យរាងកាយទទួលបានវីតាមីន D ត្រឹមតែ 10%ប៉ុណ្ណោះ។

    ដូច្នេះ ការធ្វើកិច្ចការងារនៅខាងក្រៅផ្ទះខ្លះ មិនថាតែចេញទៅដើរលេង លេងកីឡានៅទីវាល ស្រោចដំណាំ ហោលខោអាវ ហែលទឹក ឬកិច្ចការងារផ្សេងៗទៀតក្នុងអំឡុងពេលថ្ងៃក្នុងរយៈពេលខ្លីៗត្រឹមតែ 5នាទីក្នុងមួយថ្ងៃ ក៏អាចជួយឱ្យលោកអ្នកមិនប្រថុយប្រថាននឹងសភាវស្ទើរវីតាមីន D បានដែរ៕

  • ដើរលេង ដើរញ៉ាំ ដើរទិញអីវ៉ាន់ នៅ China Town ល្បីៗទូទាំងពិភពលោក

    ដើរលេង ដើរញ៉ាំ ដើរទិញអីវ៉ាន់ នៅ China Town ល្បីៗទូទាំងពិភពលោក

    តំបន់ ឆៃណា ថោន ជាធម្មតាច្រើនតែស្ថិតនៅតាមទីក្រុងធំៗក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោក ដែលពោរពេញទៅដោយបរិយាកាស និងវប្បធម៌បែបចិនៗ។ លេខនេះ ឡារ៉ែនសូមនាំមិត្តអ្នកអានទៅស្គាល់តំបន់ ឆៃណា ថោន 8 កន្លែងដែលអ្នកចូលចិត្តធ្វើដំណើរកម្សាន្តទាំងឡាយគួរតែបានទៅដើរលេង ដើរញ៉ាំអាហារចិនឆ្ងាញ់ៗនៅទូទាំងពិភពលោក ដូចតទៅ។

    1 . China Town នៅក្នុងទីក្រុង ឡាហាវ៉ាន ប្រទេស គុយបា

    China Town នៅទីនេះមានឈ្មោះថា Barrio Chino de la Habana (បារីអូ ឈិណូ ឌើ ឡា ហាបាណា) ជាឆៃណា ថោនដ៏ចំណាស់ និងធំបំផុតក្នុងភូមិភាគឡាទីនអាមេរិកា។ បង្កើតឡើងដោយជនជាតិចិនក្វាងទុង ដែលភៀសខ្លួនចូលទៅធ្វើការនៅក្នុងប្រទេសគុយបាក្នុងអំឡុងសតវត្សរ៍ទី 19។

    2 . China Town នៅក្នុងទីក្រុង Kolkata ប្រទេស ឥណ្ឌា

    ម្ហូបអាហារចិនលាយឡំនឹងក្លិនអាហារឥណ្ឌា បញ្ចេញក្លិនក្រអូបឈ្ងុយទូទាំងតំបន់ឆៃណា ថោនក្នុងទីក្រុង កុលកាតា ដោយបែងចែកជា 2 ផ្នែកផ្សេងគ្នា គឺផ្នែកទីក្រុងចាស់ ហៅថា ទិរេតតា បាហ្សារ៍ និងផ្នែកទីក្រុងថ្មី ហៅថា តាន់ក្រា។ បច្ចុប្បន្នមានការរៀបចំជាពិធីបុណ្យប្រចាំឆ្នាំធំៗចំនួន 3 លើក គឺបុណ្យចូលឆ្នាំចិន សំពះព្រះខែ និងឆេងម៉េង។

    3 . China Town នៅក្នុងទីក្រុង បាងកក ប្រទេស ថៃ

    មិនចាំបាច់ប្រាប់ ក៏អ្នកទេសចរខ្មែរយើងភាគច្រើនបានដឹងដែរថា ឆៃណា ថោន ឬ “យ៉ៅវរ៉ាត” ក្នុងទីក្រុង បាងកក មានមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរខ្លាំងប៉ុនណានោះ ជាពិសេសនៅពេលព្រលប់ៗអូសបន្លាយរហូតទៅដល់កណ្ដាលអធ្រាត្រ បរិយាកាសនឹងអ៊ូអរខ្លាំងបំផុត។ សងខាងថ្នល់នឹងពោរពេញទៅដោយតូបលក់ម្ហូបអាហារ និងគ្រឿងក្លែមដ៏ច្រើន ដែលអាចហៅបានថា ជាស្ថានសួគ៌សម្រាប់អ្នកផឹកតែម្ដង។

    4 . China Town សាំងហ្គាពួរ

    មិនគួរខកខានឡើយសម្រាប់ភាពប្លែកភ្នែកក្នុងពិធីបុណ្យចូលឆ្នាំចិនក្នុងតំបន់ឆៃណា ថោនកណ្ដាលទីក្រុងសាំងហ្គាពួរ និងគោមភ្លើងស្អាតៗដែលតុបតែងទៅតាមដងផ្លូវ និងដើរជ្រើសរើសទិញវត្ថុអនុស្សាវរីយ៍ពីហាងលក់ទំនិញផ្សេងៗដ៏ច្រើនរាប់មិនអស់។ ក្រៅពីនេះនៅសម្បូរហូរហៀរទៅដោយរង្គសាល ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ដែលភ្ញៀវទេសចរអាចជ្រើសរើសចូលគេងសម្រាកតាមកម្លាំងលុយកាក់របស់ខ្លួន។ ក្រៅពីនេះនៅមានមណ្ឌលទេសចរណ៍ល្បីៗជាច្រើនទៀត ដូចជាវត្តក្លឹង Sri Mariamman និង Chinese Heritage Centre ជាដើម។

    5 . China Town ក្នុងទីក្រុង Incheon ប្រទេស កូរ៉េខាងត្បូង

    គឺជាឆៃណា ថោន តែមួយគត់នៅក្នុងប្រទេស កូរ៉េខាងត្បូង ចាប់កំណើតឡើងដំណាលៗគ្នានឹងការសាងសង់កំពង់ផែ អ៊ីនឆន់ដែរ ដើម្បីប្រគល់ទីកន្លែងឱ្យជនជាតិចិនបានចូលមករកស៊ីលក់ដូរ។ កាលពីអតីតកាលធ្លាប់អ៊ូអរកកកុញទៅដោយតូបលក់ទំនិញដ៏ច្រើន តែបច្ចុប្បន្ន ក្លាយជាភោជនីយដ្ឋានស្ទើរតែទាំងអស់ ដែលគ្រប់អំឡុងពេលបុណ្យចូលឆ្នាំចិន អ្នកលក់ដូរនឹងនាំគ្នាមករៀបចំតូបលក់ទំនិញយ៉ាងព្រមព្រៀងគ្នា និងមានការរៀបចំតុបតែងក្រដាសពណ៌ និងគោមភ្លើងពណ៌ក្រហមគ្រប់ច្រកល្ហក ស្រស់ស្អាត និងភ្លឺចិញ្ចាច។

    6 . China town ក្នុងទីក្រុង Vancouver ប្រទេស កាណាដា

    ជាប់លំដាប់ជួរមុខៗគេរបស់ទីប្រជុំជនជនជាតិចិនដែលធំលេខ 3 របស់តំបន់អាមេរិកខាងជើង។ ការរីកធំធាត់របស់តំបន់ឆៃណា ថោននេះ កើតឡើងនៅពេលដែលលោក ទឹង សៀវ ភិង ប្រកាសប្រគល់ឯករាជ្យដល់កោះហុងកុងឱ្យត្រឡប់ចូលមកក្នុងរង្វង់ដៃរបស់ប្រទេសចិនវិញ។ ដោយក្ដីបារម្ភព្រួយខ្លាចជីវិតខ្លួនឯងមិនមានសុវត្ថិភាព ជនជាតិចិនចំនួនដ៏ច្រើនក៏បានភៀសខ្លួនចូលមករស់នៅក្នុងទីក្រុង វេនឃូវើរ ហើយបច្ចុប្បន្ន គេឃើញមានហាងលក់ទំនិញស្ទីលបែបចិនៗជាច្រើន។

    7 . China town ក្នុងរដ្ឋ San Francisco ប្រទេស សហរដ្ឋអាមេរិក

    បើសិនទៅថតរូបស្ពាន Golden Gate កុំភ្លេចឆៀងចូលទៅលេងឆៃណា ថោនផងណា៎ នៅទីនោះមានប្រជាជនចិនចូលមករស់នៅជាង 160 ឆ្នាំមកហើយ ទើបអាចរាប់បានថា ជា China town ដែលចំណាស់បំផុតក្នុងតំបន់អាមេរិកខាងជើង។ ទីកន្លែងដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Golden Gate Fortune Cookie Factory ជារោងចក្រដែលស្ថិតក្នុងអគារតូចមួយក្នុងច្រកផ្លូវ Ross Alley។ នៅពេលលោកអ្នកដើរចូលទៅជិត នឹងបានធំក្លិនក្រអូបឈ្ងុយរបស់នំឃុកគីដែលត្រៀមជាស្រេចសម្រាប់ឱ្យលោកអ្នកទទួលទានបែបថ្មីៗក្ដៅៗទើបចេញពីឡដុត។

    8 . China town ក្នុងទីក្រុង London ប្រទេស អង់គ្លេស

    តំបន់ឆៃណា ថោនក្នុងទីក្រុង ឡុនដុន ឬដែលអ្នកទេសចរនាំគ្នាហៅថា តំបន់ សូហូ(Soho) អាចចាត់ទុកថាជាឆៃណា ថោនធំជាងគេបំផុតក្នុងទ្វីបអឺរ៉ុប។ ពេញទៅដោយហាងលក់ទំនិញ ហាងលក់ថ្នាំចិនសែ ភោជនីយដ្ឋានគ្រប់ជាតិសាសន៍ ស៊ុបភើរម៉ាឃេតដែលមានទំនិញនាំចូលត្រូវចិត្តជនជាតិអាស៊ីច្រើនបំផុត។ ចំណែកឯការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅទីនេះវិញ អាចនិយាយបានថា មិនចាញ់ទីណាៗទាំងអស់ មានទាំងការលោតម៉ុងសាយ ព្យុហយាត្រាសម្ដែងកាយវប្បកម្ម និងក្បាច់គុនដាវចិន និងអុចផាវលាន់ខ្ទរខ្ទារ ៕

  • ដំណាំ ត្រកួនចិន

    ដំណាំ ត្រកួនចិន

    ត្រកួនចិន ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា Ipomcea aquatica Forsk ជាបន្លែចេញត្រួយពេញមួយឆ្នាំ មានលក្ខណៈជាដើមត្រង់ៗពណ៌បៃតងខ្ចី មានផ្កាពណ៌ស កម្ពស់ដើមប្រមាណជា 40 – 50 សង់ទីម៉ែត្រ គេនិយមបរិភោគទាំងដើម និងស្លឹក ព្រោះជាបន្លែមានប្រយោជន៍ ថែមទាំងមានសារធាតុត្រជាក់ទៀតផង ទើបជាបន្លែដែលអាចជួយសម្រាលអាការក្ដៅក្នុងបានយ៉ាងល្អ។ បន្លែត្រកួនមានច្រើនពូជណាស់ តែសម្រាប់នៅក្នុងប្រទេសយើងវិញ គេនិយមដាំ “ត្រកួនចិន”។

    គ្រប់ចំណែករបស់ដើមត្រកួនចិនអាចយកមកចម្អិនធ្វើជាម្ហូបអាហារដើម្បីទទួលទានបានច្រើនមុខច្រើនយ៉ាងណាស់ តាំងពីបរិភោគត្រួយខ្ចីៗស្រស់ៗឆៅៗ ឬស្រុសធ្វើជាអន្លក់ ឆា ស្លម្ជូរ -ល- ទើបអាចនិយាយបានថា ត្រកួនចិន គឺជាបន្លែចម្ការក្នុងផ្ទះដ៏ពេញនិយមដែលងាយស្រួលដាំ និងអាចបេះយកមកធ្វើជាអាហារបានពេញមួយឆ្នាំ។

    ការដាំ

    . ការត្រៀមដី ៈ ភ្ជួរដាស់ដីជម្រៅប្រមាណ 30 – 40 សង់ទីម៉ែត្រ រួចហាលទុកចោល 1 – 2 អាទិត្យ បន្ទាប់មកដាក់ជីលាមកគោ ឬជីធម្មជាតិ រួចរាស់ច្របល់ឱ្យចូលគ្នាជាមួយដី ហើយលើកជារងទទឹងទំហំ 1,5 – 2 ម៉ែត្រ កម្ពស់ប្រមាណ 10 – 15 សង់ទីម៉ែត្រ ដោយទុកចន្លោះពីរងមួយទៅរងមួយទទឹង 30 – 40 សង់ទីម៉ែត្រ។ ព្យាយាមកៀរដីខាងលើរងឱ្យរាបស្មើគ្នា ដើម្បីឱ្យដើមត្រកួនបានលូតលាស់ឡើងស្ថិតក្នុងកម្ពស់ស្មើៗគ្នាទាំងអស់។ បើដីមានជាតិអាស៊ីតច្រើន ចូរដាក់ម្សៅកំបោរសចូលទៅដើម្បីកែសម្រួលសភាពដីឱ្យល្អឡើងវិញបន្តិច។

    . វិធីដាក់ដាំ ៈ យកគ្រាប់ពូជត្រកួនចិនទៅត្រាំទឹកក្ដៅឧណ្ហៗ ជ្រើសរើសស្រង់គ្រាប់ណាដែលអណ្ដែតទឹកចេញ រួចហើយយកគ្រាប់ពូជដែលលិចក្នុងទឹកមកដាក់ត្រាំបន្តរយៈពេល 12 ម៉ោងទៀត បន្ទាប់មកសឹមយកគ្រាប់ពូជទាំងនោះទៅព្រោះនៅលើរង ឬក៏រោយជាជួរៗក៏បាន ដោយទុកចន្លោះកណ្ដាលពីជួរនីមួយៗប្រមាណ 1.5 សង់ទីម៉ែត្រ។ បន្ទាប់ពីនោះ ទើបរោយលុបពីលើស្ដើងៗដោយជីលាមកគោ ឬជីធម្មជាតិ ព្រមទាំងគ្របពីលើដោយចំបើងស្ងួតៗមួយជាន់ទៀត មុននឹងស្រោចទឹកព្រមជាមួយទឹកជីធម្មជាតិសរីរាង្គពីលើ។ ប្រមាណជា 2 – 3 ថ្ងៃ កូនត្រកួននឹងចាប់ផ្ដើមលាស់ចេញមក ហើយរីកធំធាត់លូតលាស់ឡើងយ៉ាងឆាប់រហ័សរហូតដល់ពេលប្រមូលផល។

    វិធីមើលថែទាំ

    . ការស្រោចទឹក ៈ ត្រកួនចិនជាបន្លែដែលចូលចិត្តដីត្រជាក់សើម តែមិនដក់ទឹកប៉ប៉ិចប៉ប៉ាច់។ ត្រូវស្រោចទឹកឱ្យបានជាប់លាប់ មួយថ្ងៃ 1 – 2 ដង តែត្រូវផ្អាកចន្លោះថ្ងៃណាដែលមានភ្លៀងធ្លាក់។

    . ការដាក់ជី ៈ ចូរដាក់ជីធម្មជាតិសរីរាង្គរៀងរាល់ 7 – 10 ថ្ងៃម្ដង ព្រមទាំងស្រោចទឹកលាយទឹកជីធម្មជាតិសរីរាង្គបន្ថែមពីលើការដាក់ជីមួយជាន់ទៀត ឬចង់ជ្រើសរើសប្រើជីរូបមន្ត 25-7-7 ដោយអាចដាក់ស្ដើងៗដើម្បីជំរុញការរីកចម្រើនធំធាត់ថែមទៀតក៏បាន។

    . ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ បើឃើញថា មានការរាតត្បាតដោយមេរោគ និងសត្វល្អិតសត្រូវដំណាំ ចូរប្រើទឹកថ្នាំដែលចម្រាញ់ពីសម្បក ឬស្លឹកស្ដៅ ម្រេច និងថ្នាំជក់ លាយជាមួយទឹកបាញ់ពីលើដើមត្រកួនមួយថ្ងៃម្ដង នៅពេលល្ងាចៗ។

    វិធីប្រមូលផល

    ក្រោយពីព្រោះគ្រាប់ពូជត្រកួនចិននៅលើរងបានប្រមាណជា 20 – 25 ថ្ងៃរួចមក គេអាចធ្វើការប្រមូលផលដោយធ្វើការដកឡើងទាំងឫស តែមុននឹងធ្វើការប្រមូលផល ចូរស្រោចទឹកឱ្យសើមជោកជាមុនសិនដើម្បីឱ្យងាយស្រួលក្នុងការដក និងធ្វើឱ្យដើមត្រកួននៅស្រស់ល្អ មិនបែកជាំ៕

  • បន្ទប់ផ្ទះបាយ Size Mini 4 បែប…តូចមែន តែមាន Big Idea

    បន្ទប់ផ្ទះបាយ Size Mini 4 បែប…តូចមែន តែមាន Big Idea

    គេនាំគ្នានិយាយថា បន្ទប់ផ្ទះបាយ គឺជាបេះដូងចម្បងរបស់ផ្ទះ បើគ្មានបន្ទប់ផ្ទះបាយ ប្រហែលជាត្រូវទិញម្ហូបថង់មកទទួលទានរាល់ថ្ងៃមិនខាន តែតឱ្យជាម្ហូបអាហារថង់យ៉ាងណា ក៏ត្រូវតែមានបន្ទប់បាយដដែលហ្នឹង! មែនទេ? ព្រោះណាមួយត្រូវលាងចានក្បានទុកដាក់ កម្ដៅម្ហូបអាហារ និងការងារចង្រ្កានជើងឆ្នាំងមួយគំនរទៀត ដូច្នេះហើយទើបបន្ទប់ផ្ទះបាយចាំបាច់ណាស់សម្រាប់គ្រប់ៗផ្ទះ តែទំហំរបស់បន្ទប់ផ្ទះបាយមិនចាំបាច់ត្រូវតែធំជានិច្ចនោះដែរ…។ ដែលខំរៀបរាប់ហូរហែមកបែបនេះ មិនមែនមានអីធំដំុនោះទេ គ្រាន់តែចង់ឱ្យមិត្តអ្នកអានណាដែលផ្ទះមានទីធ្លាបន្ទប់ចង្រ្កានបាយមានកំណត់នោះ ងាកមករៀបចំតុបតែងបន្ទប់ផ្ទះបាយឱ្យបានស្អាតម្ដងជាមួយនឹង 4 បែបបន្ទប់ផ្ទះបាយទំហំតូច តែស្អាតៗតែប៉ុណ្ណោះ។

    – បន្ទប់ចង្រ្កានបាយតូច តែមួយជ្រុង ៈ បន្ទប់ផ្ទះបាយខ្នាតតូចក្នុងបរិយាកាសពណ៌ឈើធម្មជាតិ មានទីធ្លាប្រើប្រាស់ត្រឹមតែបន្តិចបន្តួច តែក៏មានឧបករណ៍គ្រប់សម្រាប់រាល់ការប្រើការ។ ដោយចាប់ផ្ដើមពីការច្នៃម៉ូដឱ្យក្លាយជាបន្ទប់ផ្ទះបាយតែមួយជ្រុងជាប់ជញ្ជាំង ក្រាលឥដ្ឋការ៉ូពណ៌ឈើធម្មជាតិ។ ខាងក្រោមតុដាក់ម៉ាស៊ីនបោកខោអាវខ្នាតមីនីសន្សំសំចៃទីកន្លែង អាងលាងចានតូចមួយ និងឆ្នាំងម៉ៃក្រូវេហ្វអាចដាក់នៅលើតុខោនធើរផ្ទះបាយបាន។ ធ្វើបង្កាន់ដៃដែកអ៊ីណុកជាប់ជញ្ជាំងទុកព្យួរឧបករណ៍ផ្ទះបាយដែលត្រូវប្រើជាប្រចាំ គ្រឿងបន្ថែមរសជាតិដាក់តម្រៀបជាជួរស្រេច និងទូជាប់ជញ្ជាំងសម្រាប់ទុកដាក់ចានក្បាន។

    – តូច តែខ្លឹម ៈ បើអ្នកណាស្នាក់អាស្រ័យនៅក្នុងបន្ទប់អាផាតមិន ឬខុនដូដែលទីធ្លាមានកំណត់នោះ ប្រាកដណាស់ថា បន្ទប់ផ្ទះបាយរបស់អ្នកច្បាស់ជាត្រូវប្រើការរួមជាមួយបន្ទប់ផ្សេងទៀត និងមិនបានបែងចែកទីកន្លែងប្រើការយ៉ាងច្បាស់លាស់ឡើយ ដោយចាត់ចែងទុកត្រឹមតែជ្រុងតូចមួយប៉ុណ្ណោះ។ មុនគេបង្អស់ គឺត្រូវកំណត់ទីធ្លាជាមុនសិន ទុកដាក់របស់គ្រប់យ៉ាងឱ្យទៅជិតជញ្ជាំង បំពាក់ទូព្យួរឧបករណ៍សម្រាប់ទុកដាក់ តុខោនធើរម៉ូដបែបសាមញ្ញសមល្មមនឹងទីធ្លា លាក់ភាជនៈផ្សេងៗ និងឧបករណ៍គ្រប់យ៉ាងទុកនៅក្នុងទូដើម្បីភាពមានរបៀប និងមើលទៅស្អាតភ្នែកគួរឱ្យចង់ប្រើការរាល់ថ្ងៃ។

    – បន្ទប់ផ្ទះបាយស្រឡះ សែនស្អាត ៈ បន្ទប់ផ្ទះបាយរបស់មនុស្សវ័យក្លៀវក្លាសម្រាប់អ្នកដែលនិយមចូលចិត្តភាពស្រឡះៗ។ ស៊ីម៉ង់ត៍រលាងគ្មានលាបពណ៌ គឺជាសម្ភារដែលបង្ហាញពីភាពសាមញ្ញបានគ្រប់ពេលវេលា។ អៃឌៀនេះ កស៊ីម៉ង់ត៍ឡើងដើម្បីធ្វើជាតុខោនធើរ៍ផ្ទះបាយ ជ្រើសរើសបំពាក់ទូថ្នាក់សម្រាប់ដាក់របស់របរឱ្យស័ក្តិសមដោយជាន់ថ្នាក់ៗឈើនៅផ្នែកខាងក្រោម ខណៈដែលធ្នើរដាក់របស់របរផ្នែកខាងលើបើកចំហ ជួយឱ្យការចាប់យកឧបករណ៍ចម្អិនម្ហូបអាហារមានភាពងាយស្រួល និងឆាប់រហ័សឡើង។ ប្រើប្រាស់ទីធ្លាមិនច្រើន ត្រឹមតែជញ្ជាំងមួយខាង និងប្រើរួមគ្នាជាមួយបន្ទប់ទទួលទានអាហារ។

    – តុកណ្ដាលបន្ទប់ក្នុងក្ដីស្រមៃ ៈ សម្រាប់បន្ទប់ផ្ទះបាយខ្នាតតូច តែក៏ចង់មានតុនៅកណ្ដាលបន្ទប់ដែលអាចច្នៃប្រើប្រាស់បានយ៉ាងងាយស្រួលនោះ តុថ្មម៉ាបអាចជាជម្រើសដ៏ល្អមួយសម្រាប់ទាំងការទទួលទានអាហារពេលព្រឹកបែបងាយៗ និងជាតុសម្រាប់ត្រៀមរៀបចំម្ហូបអាហារទៀតផង។ ចំណែកតុខោនធើរត្រៀមអាហារវិញ ជាបែបមីនីស្ទូឌីយោ ស័ក្តិសមបំផុតសម្រាប់បន្ទប់ដែលមានទីធ្លាតូច គ្រប់យ៉ាងស្ថិតនៅក្នុងទូតែមួយ ទាំងអាងលាងចាន ចង្រ្កានម៉ៃក្រូវេហ្វ ទូទឹកកក ធ្នើរថ្នាក់ៗដាក់របស់របរ ជាដើម៕

  • ក្រសួងអប់រំ ចេញសេចក្តីណែនាំសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងដំណើរការប្រឡងបាក់ឌុប

    ក្រសួងអប់រំ ចេញសេចក្តីណែនាំសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងដំណើរការប្រឡងបាក់ឌុប

    ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការអនុវត្ត​ភារកិច្ច​របស់អភិបាលនៃគណៈអភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការដំណើរការ​ប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 21 ខែធ្នូ ឆ្នាំ2020នេះ។

    ដើម្បីឱ្យដំណើរការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិន​ប្រព្រឹត្តទៅក្នុងភាពប្រក្រតី មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ពិសេស​ធានា​បានគោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល​ទទួលយកបានផ្សេងៗ ក្រសួងបានណែនាំឱ្យ​អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអស់ សម្រួលដល់ដំណើរការមុនពេលប្រឡង និងរៀបចំ​ឱ្យមានការយកចិត្តទុកដាក់ខ្លាំងលើការការពារវិញ្ញាសារប្រឡង។

    ក្រសួងក៏បានណែនាំផងដែរឱ្យមានការសហការល្អជាមួយមន្ត្រីអប់រំ ក្នុងការ​ការពារសុវត្ថិភាព​ក្នុងពេលប្រឡង និងយកចិត្តទុកដាក់ចំពោះបេក្ខជនប្រឡងទាំងអស់ឱ្យ​មានសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការទៅចូលរួមប្រឡង។ បន្ថែមពីលើនេះ ការដឹកជញ្ជូន និងការការពារ​សំណៅឯកសារប្រឡងគឺត្រូវធ្វើឱ្យបានហ្មត់ចត់ចាប់តាំងពីពេលមុនប្រឡង ពេលប្រឡង និងពេលដឹកជញ្ជូនទៅកាន់មណ្ឌលកំណែរ៕

  • ក្រមុំៗត្រៀមផ្អៀងត្រចៀកចាំស្ដាប់ណា៎ ៈ «ចំណុចល្អ 5 យ៉ាងរបស់ការរៀបការ»

    ក្រមុំៗត្រៀមផ្អៀងត្រចៀកចាំស្ដាប់ណា៎ ៈ «ចំណុចល្អ 5 យ៉ាងរបស់ការរៀបការ»

    ខាងក្រោមនេះជាចំណុចល្អៗរបស់ការរៀបការដែលក្រមុំៗនៅលីវទាំងឡាយគួរតែដឹង ព្រោះការរៀបមង្គលការបានផ្ដល់នូវអ្វីៗច្រើនជាងយើងនឹកគិតទៅទៀត។ មិនប្រាកដដែរ នៅពេលបានអានហើយ វាអាចនឹងធ្វើឱ្យរូបអ្នកហ៊ានបើកបេះដូងទទួលយកអ្នកកម្លោះណាម្នាក់មកសិក្សាចិត្តគ្នាក៏អាចថាបានដែរណា៎(ហេសៗ)។

    ការរៀបអាពាហ៍ពិពាហ៍គឺជាក្ដីស្រមៃមួយរបស់មនុស្សជាច្រើន ជាពិសេសបំផុតក្រមុំៗដែលចង់ស្លៀកឈុតរៀបការស្អាតៗ ហ៊ុមព័ទ្ធដោយអ្នកកំដរកូនក្រមុំដ៏គួរឱ្យស្រឡាញ់ ព្រមទាំងបានបោះបាច់ផ្កាឱ្យក្រមុំៗដទៃទៀតបានផ្សងសំណាងទៀតផង។ ទាំងអស់នេះគឺជាទិដ្ឋភាពនៃការរៀបអាពាហ៍ពិពាហ៍ក្នុងឧត្ដមគតិដែលមនុស្សជាច្រើនសុទ្ធតែនឹកស្រមៃ រហូតធ្វើឱ្យក្រមុំៗយើងទាំងឡាយលែងគិតចង់នៅម្នាក់ឯងតទៅទៀត។ ឥឡូវយើងនាំគ្នាមកមើលថា តើចំណុចល្អៗដែលបានមកពីការរៀបការនោះមានអ្វីខ្លះ? ព្រោះជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរពីបាតដៃទៅជាខ្នងដៃបានយ៉ាងស្រស់ថ្លាភ្លាមៗតែម្ដង បើអ្នកបានជួបស្នេហ៍ជាមួយអ្នកកម្លោះជាទីស្នេហាណាម្នាក់ដែលត្រៀមខ្លួនជាស្រេចក្នុងការសុំអ្នករៀបការនោះ(អ៊ឺហ៊ឺ…)។

    1 . ធ្វើអ្វីដែលប្រថុយប្រថានតិចជាងមុន

    គេនាំគ្នានិយាយថា មនុស្សដែលរៀបការហើយ នៅពេលធ្វើអ្វីក៏ដោយនឹងនឹកដល់សុវត្ថិភាពខ្លួនឯងជាចម្បង ព្រោះគិតថា បើសិនជាខ្លួនឯងកើតអីទៅ អ្នកនៅខាងក្រោយនឹងទៅជាយ៉ាងណា? នោះទើបធ្វើឱ្យអ្នកត្រូវតែបង្កើនភាពប្រយ័ត្នប្រយែងក្នុងជីវិតកាន់តែច្រើនឡើងទៀត។ ពីធ្លាប់តែចិត្តក្ដៅដូចភ្លើង មកចិត្តត្រជាក់ច្រើនឡើង ទើបមិនមែនជារឿងប្លែកឡើយដែលថា ហេតុអីបានអ្នកមានគូហើយគេងាកមកយកចិត្តទុកដាក់រឿងសុខភាពខ្លួនឯងនោះ ដោយសារគេចង់មានសេចក្ដីសុខក្នុងការរស់នៅរួមជាមួយមនុស្សដែលគេស្រឡាញ់នោះឱ្យបានយូរអង្វែងហ្នឹងឯង។

    2 . ក្រុមគ្រួសារសប្បាយចិត្ត

    នារីៗយើងជាច្រើនអាចមានកង្វល់ថា នៅពេលរៀបការហើយ ឪពុកម្ដាយនឹងរឹតតែរញ៉ាំរញូវជាមួយអ្នកច្រើនជាងមុន តែនៅក្នុងសភាពពិតវិញ…ក្រុមគ្រួសារនឹងមករវីរវល់ជាមួយអ្នកកាន់តែតិចទៅយ៉ាងសង្កេតឃើញច្បាស់តែម្ដង នោះក៏ព្រោះតែគេមើលឃើញថា អ្នកមានគ្រួសារប្ដីសីរួចហើយ និងជឿថាអ្នកមានចំណេះដឹងច្រើនគ្រប់គ្រាន់ក្នុងការចាត់ការ និងដោះស្រាយបញ្ហាផ្សេងៗបានហើយ

    និងថែមអ្នកនៅចាំមើលថែទាំរូបអ្នកទៀតផង។ ពីពេលនេះទៅ អ្នកក៏លែងចាំបាច់មកស្ដាប់លោកប៉ាអ្នកម៉ាក់របស់អ្នករអ៊ូរឿងអ្នកត្រឡប់មកផ្ទះវិញយប់ជ្រៅ ឬដើរលេងយប់ទៀតដែរ(តែអាចជាគូជីវិតរបស់អ្នកជាអ្នករអ៊ូជំនួសវិញ)។

    3 . ទស្សនគតិផ្លាស់ប្ដូរ

    ព្រោះការរៀបការនឹងមកព្រមជាមួយតួនាទីការទទួលខុសត្រូវទាំងក្នុងឋានៈស្វាមី-ភរិយា ឪពុក-ម្ដាយ ធ្វើឱ្យជីវិតបានដឹងពីគោលដៅកាន់តែច្បាស់លាស់ឡើង គិតអ្វីល្អិតល្អន់ឡើង ចង់ចាយវាយអីក៏ប្រយ័ត្ន រៀនយល់ដឹងក្នុងការលះបង់ និងស្គាល់ពីការសម្រុះសម្រួល។ ទាំងអស់នេះនឹងហាត់ពត់លត់ដំទស្សនគតិរបស់អ្នកជាបណ្ដើរៗ ពីរយៈដំបូងៗដែលមើលទៅហាក់ដូចជាមិនសូវជាស៊ីចង្វាក់គ្នា រហូតដល់កើតភាពស៊ាំធ្លាប់នៅពេលៗវេលាកន្លងទៅ។

    4 . មានអ្នកចែករំលែកអារម្មណ៍ទៅជាមួយគ្នា

    អ្នកអាចនឹងធ្លាប់គិតថា មានត្រឹមតែឪពុកម្ដាយបងប្អូន និងមិត្តភ័ក្ដិក៏គ្រប់គ្រាន់សម្រាប់ឱ្យអ្នកចែករំលែកអារម្មណ៍ល្អ និងមិនល្អទៅជាមួយគ្នាបានហើយ…តែ ក៏មិនមែនទាំងអស់ដែរចា៎ស!។ ប្រាកដណាស់ថា ការមានជីវិតគូដែលល្អនឹងជួយឱ្យអ្នកឆ្លងផុតឧបសគ្គផ្សេងៗបាន មានអ្នកនៅចាំផ្ដល់កម្លាំងចិត្តពេលអ្នកអស់សង្ឃឹម និងនឿយហត់ ជាមិត្តជួយគិត ជួយសម្រាលបន្ទុកមុខងារផ្សេងៗ និងដែលសំខាន់គឺ ចែករំលែកទុក្ខ និងសុខព្រមជាមួយរូបអ្នក។

    5 . សាងអត្ថន័យដល់ជីវិត

    “ប្រញាប់ត្រឡប់ទៅផ្ទះធ្វើអី?” “ធ្វើការរកលុយដើម្បីអី?” “ពេលយប់ នៅសុខៗស្រាប់តែមានអារម្មណ៍អផ្សុក” ឬ “ទំនេរៗ មិនដឹងជាធ្វើអី?”។ ប្រយោគទាំងអស់នេះប្រហែលជាធ្លាប់កើតឡើងនៅក្នុងអំឡុងជីវិតនៅលីវរបស់មនុស្សជាច្រើន តែបើអ្នកបានរៀបការរួចហើយនោះ អ្នកគ្រូ ឆវីសូមប្រាប់ទៅចុះថា ប្រយោគទាំងអស់នោះនឹងបាត់អស់បន្តិចម្ដងៗជាមិនខាន។ ការរៀបការនឹងក្លាយជាអ្វីមួយដែលចូលមកបំពេញបន្ថែមជីវិតរបស់អ្នកឱ្យរឹតតែមានអត្ថន័យខ្លាំងឡើង និងធ្វើឱ្យអ្នកបានដឹងថា អ្នកមានជីវិតដើម្បីអ្វី និងដើម្បីអ្នកណា។

    ការពិតទៅ ការរៀបអាពាហ៍ពិពាហ៍ក៏មិនមែនមានតែចំណុចល្អទាំងអស់នោះដែរ ព្រោះអ្វីៗគ្រប់យ៉ាងនៅលើពិភពលោកនេះ សុទ្ធតែមានចំណុចល្អ និងចំណុចអាក្រក់នៅក្នុងនោះទាំងអស់ តែយ៉ាងហោចណាស់ក៏អ្នកមានមនុស្សម្នាក់នៅក្បែរ ដែលត្រៀមខ្លួនជាស្រេចក្នុងការកែសម្រួល និងកែខៃចំណុចមិនល្អទៅជាមួយនឹងរូបអ្នកដែរ។ ងាកមកបើកបេះដូងទទួលយកនរណាម្នាក់ឱ្យចូលមកសាក-លមើល៍…ជួនកាលអាចនឹងជួបអ្នកដែលគេស្រឡាញ់យើងពិត ហើយមនុស្សម្នាក់នោះក៏ព្រមនឹងជួយផ្លាស់ប្ដូរជីវិតយើងជាថ្មីក៏អាចថាបានដែរណា៎…៕

  • ប្រយោជន៍ 5យ៉ាងរបស់ដុំធ្យូង “ភាពល្អស្អាតដែលបង្កប់ក្នុងភាពខ្មៅ”

    ប្រយោជន៍ 5យ៉ាងរបស់ដុំធ្យូង “ភាពល្អស្អាតដែលបង្កប់ក្នុងភាពខ្មៅ”

    ប្រយោជន៍ល្អៗរបស់ធ្យូង ភាពល្អស្អាតដែលបង្កប់ក្នុងដុំពណ៌ខ្មៅ តើអាចនាំយកទៅធ្វើអ្វីបានខ្លះ ក្រៅពីបង្កាត់ជាភ្លើងសម្រាប់ចម្អិនអាហារ?។

    ដល់ពេលដុតអាំងជប់លៀងផារ៍ទីជុំគ្នាម្ដងៗ ត្រូវតែទិញធ្យូងមកត្រៀមទុកសម្រាប់ចម្អិនអាហារគ្រឿងក្លែមមែនទេ? បងៗស្រ្តីមេផ្ទះជាច្រើនតែងស៊ាំធ្លាប់ជាមួយការប្រើប្រាស់ធ្យូងសម្រាប់តែដាំស្ល ចម្អិនម្ហូបអាហារតែម្យ៉ាងប៉ុណ្ណោះ តែការពិតវិញ ដុំឈើខ្មៅៗនេះអាចនាំយកទៅធ្វើអ្វីផ្សេងៗទៀតបានជាច្រើនយ៉ាង ដូច្នេះបើបងៗនៅមិនទាន់ដឹងថា តើនឹងត្រូវយកដុំធ្យូងដែលនៅសេសសល់ក្នុងចង្រ្កានបាយទៅធ្វើអ្វីទេនោះ សូមតាមមក…អ្នកគ្រូ ឆវី នឹងប្រាប់ពីប្រយោជន៍ល្អៗផ្សេងៗទៀតរបស់ដុំធ្យូងដូចតទៅ។

    1 . ជួយបឺតយកក្លិនមិនល្អ

    មិនថាតែក្នុងថតតុ ក្នុងទូទឹកកក ក្នុងធុងសំរាម ក្នុងបន្ទប់ទឹក ឬទីកន្លែងណានៅក្នុងផ្ទះនោះទេ បើសិនជាមានធំក្លិនមិនល្អ(ស្អុយ)ហើយនោះ ចូរនាំយកធ្យូងប្រមាណជា 2 – 3 ដុំទៅដាក់នៅត្រង់កន្លែងដែលត្រូវការរបំបាត់ក្លិនទាំងនោះ។ មិនយូរប៉ុន្មាន ក្លិនមិនគួរឱ្យបេតីទាំងនោះនឹងរលាយបាត់អស់ជាបណ្ដើរៗ ព្រោះរន្ធតូចៗជាច្រើននៅលើដុំធ្យូងនឹងជួយបឺតស្រូបយកក្លិនអស់ទាំងនោះ ទោះជាក្លិនបារីក៏ដោយ។

    2​. ការពារសំណើម

    បើសិនជាខ្យល់អាកាសខាងក្នុងផ្ទះបក់ចេញចូលមិនសូវល្អ ឬមានប្រឡោះខ្យល់តូចៗជ្រុលពេក ជាពិសេសបន្ទប់ដែលមានសំណើមខ្ពស់ដូចជា បន្ទប់ទឹក ជាដើម វានឹងធ្វើឱ្យមានក្លិនអាប់ និងកើតមេរោគផ្សិតឡើង តែបងៗស្រ្តីមេផ្ទះអាចការពារជាមុនបាន ដោយយកម្សៅសាប៊ូមកលាយជាមួយម្សៅបេកឃីងសូដា(មានលក់នៅតាមហាងផ្សារទំនើប)ឬទឹកខ្មេះមកជូតនៅតាមកម្រាលឥដ្ឋ ជញ្ជាំង និងពិតានឱ្យសព្វ ហើយសឹមយកដុំធ្យូងមកដាក់ទុកចោលនៅក្នុងនោះ ដើម្បីឱ្យវាបឺតជាតិសើមចេញ។ ក្រៅពីនេះ បើមានធុង ឬឡាំងដាក់របស់របរផ្សេងៗដូចជា គ្រឿងដែក ឬឧបករណ៍ជាង ជាដើមនោះ បងៗគ្រាន់តែយកធ្យូង 1 – 2 ដុំតូចៗទៅដាក់ក្នុងនោះចោល ក៏វាអាចជួយកាត់បន្ថយសំណើម និងការពារការកើតច្រែះបានដែរ។

    3 . បិទបាំងស្នាមឆ្កូតផ្សេងៗ

    បើគ្រឿងសង្ហារិម ឬឧបករណ៍ប្រើប្រាស់ណាដែលមានផ្ទៃពណ៌ខ្មៅ ឬពណ៌ស្ករចាស់ ហើយចៃដន្យមានស្នាមឆ្កូតតូចៗដែលពិបាកនឹងលើកយកទៅឱ្យជាងជួសជុលសម្អាត និងបើទុកប្រើទាំងមានស្នាមឆ្កូតបែបហ្នឹង មើលទៅដូចជាមិនគួរឱ្យគយគន់សោះនោះ សូមបងៗស្រ្តីមេផ្ទះយកធ្យូងមកដុសៗខាត់ៗត្រង់កន្លែងដែលមានស្នាមឆ្កូត ឬស្នាមកខ្វក់ដែលលុបមិនជ្រះនោះទៅ។ ធ្វើត្រឹមតែប៉ុណ្ណឹង គ្រឿងសង្ហារិមពណ៌ខ្មៅដែលធ្លាប់តែមានស្លាកស្នាមមិនល្អទាំងនោះនឹងត្រឡប់ទៅជាថ្មីស្អាតដូចមុនវិញមិនខាន។

    4 . ពន្យារអាយុផ្កាស្រស់

    ភាគច្រើនផ្កាស្រស់ដែលយើងតែងយកមកដាក់នៅក្នុងថូសម្រាប់តុបតែងលម្អផ្ទះនោះ ច្រើនតែនៅមិនសូវបានយូរប៉ុន្មានឡើយ បានតែប៉ុន្មានថ្ងៃក៏រោយស្រពោនទៅហើយ ទោះជាដាក់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ក៏ដោយ តែបញ្ហានេះងាយស្រួលកែណាស់មិនពិបាកទេ គ្រាន់តែដាក់ធ្យូងចូលទៅប្រមាណជា 1 – 2 ដុំព្រមជាមួយទឹកកន្លះថូប៉ុណ្ណោះ ផ្កាស្រស់ទាំងនោះនឹងនៅស្រស់បំព្រងបានយូរ និងថែមទាំងធ្វើឱ្យទឹកថ្លា និងស្អាតទៀតផង។

    5 . ថែបំប៉នដើមផ្កា

    សម្រាប់ដើមរុក្ខជាតិតូចៗដាំក្នុងដី ចូរយកធ្យូងមកដំបំបែកជាដុំតូចៗ ហើយរោយនៅជុំវិញគល់ដើមផ្កាទាំងនោះ រួចហើយលប់ដីពីលើមួយជាន់ទៀត វានឹងជួយថែរក្សាសំណើមនៅក្នុងដី និងការពារការកើតស្មៅបានទៀតផង។ ចំណែកដើមផ្កាដែលដាំនៅក្នុងផើងវិញ ចូរដាក់ធ្យូងទ្រាប់បាតផើងជាមុនសិន មុននឹងដាក់ដីដាំដើមផ្កា ព្រោះធ្យូងនឹងជួយបៀមទឹកមិនឱ្យឆាប់ស្ងួតអស់លឿនពេក និងថែមទាំងជួយបង្កើនសារធាតុរ៉ែឱ្យដីទៀតផង។

    ធ្យូង ក្រៅពីប្រើសម្រាប់បំបាត់ក្លិនស្អុយ ក្លិនអាប់ និងក្លិនមិនល្អផ្សេងទៀតដែលយើងមិនចូលចិត្តហើយនោះ នៅជួយការពារសំណើម ផ្ដល់ភាពថ្មីឡើងវិញដល់គ្រឿងសង្ហារិម និងធ្វើឱ្យផ្កាស្រស់នៅស្រស់បំព្រងបានកាន់តែយូរឡើងទៀតផង…ពិតជាប្រើប្រយោជន៍បានច្រើនយ៉ាងមែន៕