Category: សង្គម និងសេដ្ឋកិច្ច

  • អាមេរិក ដាស់តឿន ឱ្យគ្រប់គ្នាប្រយ័ត្នស្ថានីយអវកាសអន្តរជាតិរបស់ ចិន

    អាមេរិក ដាស់តឿន ឱ្យគ្រប់គ្នាប្រយ័ត្នស្ថានីយអវកាសអន្តរជាតិរបស់ ចិន

    ស្ថានីយអវកាស​អន្តរជាតិដែលមានឈ្មោះថា «Tiangong» កំពុង​ត្រូវ​បានសាង​សង់ ដោយ​មាន​ការចូលរួមពី​ប្រទេស​ចំនួន17 ក្នុងនោះរួមមានទាំង ចិន បារាំង អាល្លឺម៉ង់ និងជប៉ុនផងដែរ។ ចិន រំពឹងថា ខ្លួននឹងអាចប្រតិបត្តិការ​ស្ថានីយអវកាសនេះ ត្រឹមឆ្នាំ​2022។ រីឯ​ស្ថានីយអវកាស​អន្តរជាតិ (ISS) របស់​អាមេរិក ដែលត្រូវបានបាញ់​បង្ហោះក្នុងឆ្នាំ​1998 ​ធ្វើជាមន្ទីរពិសោធន៍វិទ្យាសាស្រ្តអវកាស ត្រូវបានរំពឹងថា នឹងបញ្ចប់ប្រតិបត្តិការក្នុងឆ្នាំ2030 ចំណែកដៃគូ​ដែលចូលរួម​ក្នុងប្រតិបត្តិការនេះ រួមមានដូចជា​ រុស្ស៊ី ជប៉ុន អឺរ៉ុប និងកាណាដាជាដើម។

    បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ខាង​លើ លោក Jim Bridenstine ប្រធាន​អង្គការ NASA បាន​ថ្លែងព្រមាន​ទៅកាន់សភា​អាមេរិក កាលពីថ្ងៃទី23 ខែកញ្ញា ឆ្នាំ​2020 អំពី​ភាព​ឈានមុខរបស់​ស្ថានីយអវកាសចិន។ លោក​បាន​ថ្លែងថា៖ «ខ្ញុំសូមប្រាប់​អ្នកនូវ​រឿង1 ​ដែល​ខ្ញុំ​ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ហើយ​នោះគឺ​ជា​អ្វី ដែល​កំពុងខិតជិត​មកដល់ហើយ គឺនៅពេល​ស្ថានីយអវកាស​អន្តរជាតិ នោះនឹង​បញ្ចប់អាយុកាលប្រើប្រាស់ ដូច្នេះដើម្បីអាច​ឱ្យ​អាមេរិក បន្តមានវត្តមាន​នៅលើគន្លងផែនដី យើងត្រូវតែរៀបចំ​ស្ថានីយអវកាសថ្មី»។

    លោក Jim Bridenstine ​បន្តថា៖ «យើងចង់ឃើញ​ការបង្កើតដៃគូរវាង​រដ្ឋ និងឯកជន ដែល​អង្គការ NASA ​អាច​ចុះកិច្ចព្រមព្រៀងជាមួយ​ក្រុមហ៊ុននានា ដូច្នេះ​យើងអាចរក្សា​វត្តមាន​មនុស្ស​ជាអចិន្រ្តៃយ៍​លើគន្លងផែនដីបាន»។ ជាមួយ​គ្នានេះ មេអង្គការ NASA បាន​លើកឡើងពីចិនថា ប្រទេសនេះ​កំពុង​សង់​ស្ថានីយអវកាស​អន្តរជាតិ និងមិនតែប៉ុណ្ណោះការអភិវឌ្ឍនេះ គឺមានការចូលរួមពីប្រទេស​ដៃគូអាមេរិកទៀតផង។ «វានឹងក្លាយជាសោកនាដកម្ម ប្រសិនបើយើងបោះបង់​គន្លងផែនដីនេះចោល»៕

  • Samsung Galaxy S20 Fan Edition ជាស្មាតហ្វូនកម្លាំងខ្លាំង តែតម្លៃទាបជាង S20 ធម្មតា

    Samsung Galaxy S20 Fan Edition ជាស្មាតហ្វូនកម្លាំងខ្លាំង តែតម្លៃទាបជាង S20 ធម្មតា

    កាល​ពី​យប់​ថ្ងៃ​ទី24 កញ្ញា​កន្លង​ទៅ ក្រុមហ៊ុន សាមសុង បាន​បង្ហាញ​ចេញ​ផ្លូវការ​នូវ​ស្មាតហ្វូន​ម៉ូដែល​ពិសេស​គឺ Galaxy S20 Fan Edition ដោយ​វា​មាន​បូកបញ្ចូល​លក្ខណសម្បត្តិ​ពិសេសៗ​លើស ​ Galaxy S20 ដែលចេញ​កាល​ពី​ដើម​ឆ្នាំ និង​មាន​តម្លៃ​ទាប​ជាងទៀតផង។

    ការ​កុម្ម៉ង់​ទិញ S20 FE លើ​ទីផ្សារ​មួយ​ចំនួន​បាន​បើក​ទទួល​កាលពី​ថ្ងៃ​ទី​23 ខែ​កញ្ញា​ត​ទៅ ហើយ​សម្រាប់​នៅ​អាមេរិក​​មាន​លក់​ផ្ដាច់​មុខ​តែ​ប្រភេទ 5G ក្នុង​តម្លៃ 699​ដុល្លារប៉ុណ្ណោះ ឯ​នៅ​ទីផ្សារ​ចក្រភព​អង់គ្លេស ​មាន​ទាំង​ប្រភេទ 4G និង 5G ដោយ​ប្រភេទ 4G តម្លៃ​ 599​ផោន ( 763ដុល្លារ) និង​ប្រភេទ 5G តម្លៃ​ 699​ផោន (​ 890​ដុល្លារ)។

    លក្ខណសម្បតិ្ត​ត្រួសៗ​លើ Galaxy S20 FE គឺ​មាន​ចែក​ចេញ​ជា​ប្រភេទ 4G និង​ប្រភេទ 5G ដែល​ប្រភេទ 4G ប្រើ​ប្រាស់​ឈីប Exynos 990 និង​ប្រភេទ 5G ប្រើ​ប្រាស់​ឈីប​ Snapdragon 865។ ម៉ូដែលទាំង​2​ មាន​ RAM ប្រភេទ LPDDR5 ទំហំ 6GB ដូច​គ្នា និង​ប្រើ​ប្រាស់​អង្គ​ផ្ទុក UFS 3.0 ទំហំ 128GB មាន​រន្ធ​ដោត​មេម៉ូរី​បាន​ទំហំ​ដល់ 1TB។

    អេក្រង់​របស់ S20 FE ​មាន​ចោះ​រន្ធ​តូច​ចំ​កណ្ដាល​សម្រាប់​បំពាក់​កាមេរ៉ា​​ទំហំ 32MP ដែល​មាន Aperture f/2.2 ហើយ​វា​មាន​បង្កប់​ទ្រនាប់​ស្គែន​ម្រាម​ដៃ​លើ​អេក្រង់​ ដែលមាន​ទំហំ 6.5អ៊ីញ ជា​ប្រភេទ Super AMOLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ ​មាន​ Refresh Rate 120Hz និង​គាំទ្រ​នូវ​ HDR 10+ ហើយ​អេក្រង់​នេះ​ការពារ​ដោយ​កញ្ចក់​ Gorilla Glass 3។

    កាមេរ៉ា​ខាង​ក្រោយ​​ 3​គ្រាប់​ ដែល​កាមេរ៉ា​មេ​ទំហំ 12MP មាន​បច្ចេកវិទ្យា​ Dual-Pixel ​និង​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS ហើយ​មាន​ Aperture f/1.8។ កាមេរ៉ា​បន្ទាប់​ជា​ Ultrawide ទំហំ 12MP ដែល​មាន​ Aperture f/2.2 និង​ចុង​ក្រោយ​ជា​កាមេរ៉ា​ Telephoto ទំហំ 8MP ដែល​អាច​ Zoom Optical 3ដង និង Zoom Digital បាន 30ដង ហើយ​មាន​ Aperture f/2.4។ វា​មាន​ថ្ម​ទំហំ 4500mAh អាចសាក​ថ្ម​បាន​ 25វ៉ាត់ និង​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​បាន​​កម្លាំង 15វ៉ាត់ និង​មាន​មុខងារ Wireless PowerShare ទុក​សាក​ថ្ម​ឱ្យ​ឧបករណ៍​ដទៃ​បាន​​ដែរ។

    ក្នុង​ប្រអប់​មាន​ដុំ​សាក​កម្លាំង​ត្រឹម​ 15វ៉ាត់​ប៉ុណ្ណោះ និងនៅ​មាន​ចំណុច​ពិសេស​ផ្សេង​ទៀត​​ ដូច​ជា​រន្ធ​បំពង​សំឡេង​ស្ទេរីអូ​ AKG ជា​មួយ​បច្ចេកវិទ្យា​សំឡេង Dolby, សមត្ថភាព​​ធន់​នឹង​ទឹក ​និង​ធូលី​ដី​កម្រិត IP68 និង​ប្រើ​ប្រាស់​ USB-C ជា​មួយ​ USB 3.2 ជា​ដើមទៀតផង៕

  • Google Maps អាប់ឌែតថ្មី អាចឱ្យលោកអ្នកដឹងពីព័ត៌មាន កូវីដ-19 ដោយគ្រាន់តែចុចលើមុខងារស្រួលៗខាងក្រោមនេះ

    Google Maps អាប់ឌែតថ្មី អាចឱ្យលោកអ្នកដឹងពីព័ត៌មាន កូវីដ-19 ដោយគ្រាន់តែចុចលើមុខងារស្រួលៗខាងក្រោមនេះ

    ​”COVID-19 layer” ​នឹង​ក្លាយ​ជា​មុខងារ​ថ្មី​ 1​ទៀត​នៅ​លើ​កម្មវិធី Google Maps ​ដែល​ក្រុមហ៊ុន​បាន​ធ្វើការ​ចុះផ្សាយ​នៅ​លើប្លុក​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ។

    ប្រភព​ច្បាស់ការណ៍​ខាង​លើ​ ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ រាល់​ទិន្នន័យ​ដែល​យក​មក​ដាក់​លើ​មុខងារ​ថ្មី​នេះ​ ​បាន​មក​ពី​របាយ​ការណ៍​ជាក់លាក់​របស់ WHO, ស្ថាប័ន​សុខាភិបាលផ្លូវការ​ជា​ច្រើន ​របស់​ប្រទេស​ដែលមាន​​នៅក្នុង​តារាង​នៃ​កម្មវិធី Google និង​បាន​មក​ពី​ភ្នាក់​ងារ​ពិសេស​នៃ​ស្ថាប័ន​សុខាភិបាល​គ្រប់​អង្គភាព។

    ​គោលបំណង​នៃ​ការ​ធ្វើ​កំណែ​អាប់ដែត​បន្ថែម​នេះ Google ​ចង់​ឱ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​នៅ​កន្លែង​តែ​មួយ​ ​និង​បង្ការ​ខ្លួន​កុំ​ឱ្យ​ឆ្លង​វីរុស ពេល​ចង់​ទៅ​កន្លែង​ណា​មួយ។ រី​ឯ​របៀប​ប្រើ​ងាយៗ​គឺ

    -បើ​ពណ៌​ប្រផេះ គឺតិចជាង 1នាក់

    -បើ​ពណ៌លឿង គឺនឹងមានចាប់​ពី 1 ដល់ 10នាក់

    -បើ​ពណ៌ទឹកក្រូច គឺនឹងមានចាប់ពី 10 ទៅ 20នាក់

    -បើ​ពណ៌ទឹកក្រូច​ចាស់ គឺនឹងមានចាប់ពី 20 ទៅ 30នាក់

    -បើ​ពណ៌ក្រហម គឺចាប់ពី 30 ទៅ​ 40នាក់

    ហើយបើ​ពណ៌ក្រហម​ក្រម៉ៅវិញ គឺចាប់ពី 40នាក់ឡើង​ទៅ។

    មុខងារ​នេះ​អាច​អាប់ឌែត​បាន ​ទាំង​លើ iOS និង Android៕

  • NASA ជិតបាញ់បង្ហោះបង្គន់​តម្លៃ​23​លាន​ដុល្លារ​ ឡើងទៅកាន់អវកាស

    NASA ជិតបាញ់បង្ហោះបង្គន់​តម្លៃ​23​លាន​ដុល្លារ​ ឡើងទៅកាន់អវកាស

    អវកាសចរនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) នឹងបានប្រើប្រាស់សាកល្បងបង្គន់ថ្មីនៅសប្ដាហ៍ក្រោយ មុនពេលវាត្រូវបានដាក់ឱ្យប្រើនៅក្នុងបេសកកម្មទៅកាន់ឋានព្រះចន្ទ និងពិភពព្រះអង្គារនាពេលខាងមុខ។

    ប្រព័ន្ធបង្គន់ដែលមានតម្លៃ23លានដុល្លារអាមេរិក និងមានឈ្មោះថា Universal Waste Management System (UWMS) នេះ មានទំហំតូចជាង65% និងស្រាលជាង40% បើធៀបជាមួយនឹងបង្គន់ដែលកំពុងប្រើប្រាស់នៅលើស្ថានីយអវកាសអន្តរជាតិ ISS ហើយវាក៏អាចបម្រើដល់សេចក្ដីត្រូវការរបស់ក្រុមអវកាសចរដែលមានគ្នាច្រើនជាងមុនផងដែរ។ បង្គន់នេះនឹងត្រូវបាននាំយកទៅកាន់ ISS តាមរយៈយានអវកាស Northrop Grumman Cygnus នាថ្ងៃទី29កញ្ញាស្អែកនេះ ដែលវាស្ថិតក្នុងបេសកកម្មបញ្ជូនសម្ភារទៅកាន់ ISS តាមការកំណត់។

    ក្រោយពីត្រូវបានបញ្ជូនទៅដល់ ISS បង្គន់នេះនឹងត្រូវបានដំឡើងនៅក្បែរបង្គន់បច្ចុប្បន្ន ហើយក្រុមអវកាសចរនឹងធ្វើការពិសោធទៅលើសមត្ថភាពរបស់វានៅក្នុងបរិស្ថានគ្មានទម្ងន់។ នេះបើតាមការឱ្យដឹងកាលពីថ្ងៃទី24កញ្ញា ពី Melissa McKinley ដែលជាអ្នកគ្រប់គ្រងគម្រោង Advanced Exploration Systems Logistics Reduction របស់ NASA។

    ប្រព័ន្ធបង្គន់នេះ មានឈ្មោះថា Universal Waste Management System (UWMS)

    អវកាសចរ Chris Cassidy និង Ivan Vagner បានចាប់ផ្ដើមត្រៀមខ្លួនដើម្បីទទួលយកបង្គន់ថ្មីនេះ។ ក្រុមអវកាសចរ Expedition 63 នឹងប្រើដៃយន្ត Canadarm2 របស់ ISS ដើម្បីចាប់យកយានអវកាស Cygnus។

    McKinley និយាយថា៖ “បង្គន់នេះត្រូវបានរចនាឡើងសម្រាប់បេសកកម្មរុករកនានា និងយោងទៅតាមបង្គន់មុនៗ។ ប្រការសំខាន់នៅក្នុងការរចនានេះ គឺការស្វែងរកវិធីដើម្បីបង្កើនប្រសិទ្ធភាពនៃទំហំ និងកម្រិតស៊ីភ្លើងរបស់វា។ ទាំងនេះសុទ្ធតែជាកត្តាសំខាន់ក្នុងការរចនាយានអវកាស”។

    ប្រព័ន្ធបង្គន់នេះ​ មានតម្លៃ23លានដុល្លារអាមេរិក

    បង្គន់ UWMS មានកម្ពស់71សម ប្រហាក់ប្រហែលនឹងបង្គន់ខ្នាតតូចដែលប្រើប្រាស់នៅតំបន់បោះជំរំ។ បង្គន់នេះក៏មានប្រព័ន្ធដំណើរការដោយស្វ័យប្រវត្តិ ជំនួសឱ្យម៉ូដែលបង្គន់បច្ចុប្បន្នរបស់ ISS ដែលប្រើប៊ូតុងបិទបើក។ ក្រុមអវកាសចរនៅលើ ISS នឹងប្រើប្រាស់បង្គន់ថ្មីនេះជាញឹកញាប់នៅក្នុងរយៈពេល3ឆ្នាំ ដើម្បីធានាឱ្យបានប្រាកដថា គ្រប់យ៉ាងដំណើរការបានល្អទៅតាមផែនការ៕

    ប្រភព៖ Space

  • iPhone 12 ជិតចេញលក់មែនទែនហើយ ម្ដងនេះនឹងមាន 4ប្រភេទ

    iPhone 12 ជិតចេញលក់មែនទែនហើយ ម្ដងនេះនឹងមាន 4ប្រភេទ

    ប្រភពព័ត៌មានបច្ចេកវិទ្យា​​ធំៗ​ចំនួន​3 ​បានចុះផ្សាយ​ដូចៗគ្នា ​ពី​កាល​បរិច្ឆេទ​ប្រកាស​ចេញ បើក​ទទួល​ការ​កុម្ម៉ង់ និង​ពេល​ដាក់​លក់ iPhone ជំនាន់​ថ្មី​ជា​ផ្លូវ​ការ។

    ប្រភព​ទាំង​3​នោះ​ ​មាន​វេបសាយ MacRumors, AppleInsider និង Jon Prosser បាន​បញ្ជាក់​ដូចៗ​គ្នា​ថា iPhone ជំនាន់​ថ្មី​នឹង​ប្រកាស​ចេញ​ថ្ងៃ​ទី​13 ខែ​តុលា និងបើក​ទទួល​ការ​កុម្ម៉ង់​នៅថ្ងៃ​ទី16 ខែ​តុលា ហើយនឹង​ចេញ​លក់​លើ​ទីផ្សារ ​ចាប់​ពី​ថ្ងៃ​ទី​23 ខែ​តុលា។

    Apple នឹង​បញ្ចេញ​លក់​ iPhone លើ​ទីផ្សារ​ជា​ 2​ដំណាក់​កាល​ ដោយ​ដំណាក់​កាល​ទី​1 ​ជា​ការ​ដាក់​លក់ iPhone 12 ដែល​មាន​អេក្រង់​ទំហំ 6.1អ៊ីញ ហើយទាំង​ 2នេះ ​នឹង​ចេញ​លក់​មុន​គេ។ ចំណែក​ iPhone 12 អេក្រង់ 5.4អ៊ីញ និង 6.7អ៊ីញ នឹង​ចេញ​លក់​នៅ​ពេល​បន្ទាប់។

    iPhone 12 នឹង​មាន​​​ 4​​ប្រភេទ​ ដែល​មាន​ iPhone 12 mini អេក្រង់​ 5.4អ៊ីញ iPhone 12 និង iPhone 12 Pro​ អេក្រង់​ទំហំ 6.1អ៊ីញ និង​ 1​ទៀត​ iPhone 12 Pro Max អេក្រង់​ទំហំ 6.7អ៊ីញ៕​​​

  • មិនទាន់បានចេញលក់ផង តម្លៃ Google Pixel 5 ត្រូវគេដឹងមុនបាត់ទៅហើយ!

    មិនទាន់បានចេញលក់ផង តម្លៃ Google Pixel 5 ត្រូវគេដឹងមុនបាត់ទៅហើយ!

    ​ស្មាតហ្វូន​ជំនាន់​ទី5 របស់ Google គឺ​ម៉ូដែល​ Pixel 5 ​ត្រូវ​បាន​ប្រភព​ច្បាស់ការណ៍​មួយ​ទម្លាយ​ឱ្យ​ដឹង​ពីតម្លៃ​របស់​វា​ ​មុន​នឹង​ក្រុមហ៊ុន​ប្រកាស​ចេញ​លក់​លើ​ទីផ្សារ​ទៅ​ទៀត។ ​សម្រាប់​ Pixel 5 មាន 5G មេម៉ូរី 128GB គឺ 699ដុល្លារ។

    ប្រភេទ 5G នឹង​បំពាក់​មក​ជាមួយ​នឹង​បន្ទះ​ឈីប Snapdragon 765G RAM 8GB/128 មេម៉ូរីមានកាមេរ៉ាក្រោយ2 ជាមួយ​នឹង​សេនស័រ 12.2MP +16MP Ultra wide-angle និង​កាមេរ៉ាមុខ 1គ្រាប់ 8MP។ ​អេក្រង់​ 90Hz មាន​មុខងារ​កាពារ​សឹក​ឆ្កូត Gorilla Glass 6កម្រិត IP68 និង​​មាន​បំពាក់​បច្ចេកវិទ្យា​សាក​ភ្លើង​ល្បឿន​លឿន។

    ជាមួយ​គ្នា​នោះ​ដែរ ម៉ូដែល​ 1​ទៀត​គឺ Pixel 4a(5G) ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​បង្ហើប​ឱ្យដឹងខ្លះៗ​ហើយ​ដែរថា នឹង​មាន​លក្ខណសម្បតិ្ត​ប្រហាក់​ប្រហែល​គ្នា តែ​បំពាក់​បន្ទះ​ឈីប​លេខ​ខុសគ្នា។

    សម្រាប់​រឿងមួយ ​ដែល​រាងដូចជាធ្វើឱ្យមិនសូវជាពេញចិត្ត​នោះគឺ​ថា តម្លៃ​ដ៏​ខ្ពស់​បែបហ្នឹង(699ដុល្លារ) និង​លក្ខណសម្បត្តិ​ផ្សេង​ទៀត​របស់​វាដែលមានត្រឹមប៉ុណ្ណឹង​ ហាក់ដូចជា​មិន​លើស​ស្មាតហ្វូន​តម្លៃ​ជាង 200ដុល្លារ​ផង​ បើ​ធៀបគ្នាហើយនោះ។ តែយ៉ាងណា ចំណុច​ខ្លាំង​មួយ​របស់ Pixel គឺ​កាមេរ៉ា​ដែល​បាន​អាប់ឌែត​បន្ថែម ​ធ្វើ​ឱ្យ​សមត្ថភាព​ថតរូប ​និង​វីដេអូ អាច​ប្រជែង​ជាមួយ​ស្មាតហ្វូន​ដទៃ​ដែល​មាន​កាមេរ៉ា3 ឬ​ 4គ្រាប់បាន​៕

  • ព្រលានយន្តហោះទំនើបបំផុត Changi Airport នៅសិង្ហបុរី ដាក់ឱ្យរ៉ូបូតដំណើរការ ផ្នែកសម្អាត 3ប្រភេទផ្សេងគ្នា

    ព្រលានយន្តហោះទំនើបបំផុត Changi Airport នៅសិង្ហបុរី ដាក់ឱ្យរ៉ូបូតដំណើរការ ផ្នែកសម្អាត 3ប្រភេទផ្សេងគ្នា

    ​ថ្មីៗ​នេះ​ព្រលាន​យន្តហោះ​ធំជាង​គេ ​និង​ទំនើប​ជាង​គេ ​របស់​ប្រទេសសិង្ហបុរី​ បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​​ម៉ាស៊ីន​សម្អាត​ស្វ័យ​ប្រវត្តិ​ ​ដែល​រចនា​ឡើង​ដោយ​មាន​រូប​រាង​ជា​ រ៉ូបូត​ ​ដោយ​ចែក​ជាកម្រិត​សមត្ថភាព​ទាំង5 របស់​វា និង​បន្ត​ចែក​ជា 3ប្រភេទទៀត​គឺ ប្រភេទ​ប្រមូល ​និង​សម្អាត​ទូទៅ, ប្រភេទ​អាច​លើក​ទម្ងន់​បាន​ច្រើន​បំផុត 660គីឡូក្រាម និង​ប្រភេទ​ផ្តល់​ព័ត៌មានទូទៅ។

    យោង​តាម​វេបសាយ​ផ្លូវការ​របស់ changiairport បាន​រំលេច​មុខងារ​ទំនើបៗ​ខ្លះ​ ពីម៉ាស៊ីន​សម្អាត​ស្វ័យ​ប្រវត្តិ​ខាង​លើ​មាន​ដូច​ជា៖ ​ប្រភេទ​ទី1 អ្នក​ធ្វើ​ដំណើរ​អាចចុច​នៅ​លើ​ខ្លួន​របស់រ៉ូបូត ឬ​​ស្គែន QR Code រួចហើយ​វា​នឹង​លោត​ចូល​គេហទំព័រ​មួយ ​ដែល​មាន​រៀបរាប់​ពីសំណួរ​ដែល​អ្នក​ចង់បាន។ ទី2 ជា​ប្រភេទ​អាច​ផ្ទុក​សំណល់ អាច​លើក​អីវ៉ាន់​ និង​សម្អាតបាន​ ដោយ​អ្នក​គ្រាន់​តែ​​ឈរ​ក្បែរ​វា​ ហើយ​បញ្ជា​ឱ្យ​វា​លើក​ជា​ការស្រេច និងទី3 ជា​ប្រភេទ​ផ្តល់​ព័ត៌មានទូទៅ​៕

  • Genting Highlands មជ្ឈមណ្ឌលកម្សាន្តនៅប្រទេស ម៉ាឡេស៊ី មានអ្វីឱ្យរំភើបខ្លះទៅ?

    Genting Highlands មជ្ឈមណ្ឌលកម្សាន្តនៅប្រទេស ម៉ាឡេស៊ី មានអ្វីឱ្យរំភើបខ្លះទៅ?

    ពេលនិយាយពីការទៅដើរលេងកម្សាន្តនៅប្រទេស ម៉ាឡេស៊ី មណ្ឌលទេសចរណ៍ដ៏ល្បីល្បាញដែលមនុស្សជាច្រើនត្រូវតែនឹកដល់មុនគេបង្អស់នោះគឺ ហ្គេនធីង ហាយលែនដ៍ ហ្នឹងឯង តែដឹងឬទេថា តើនៅទីនោះមានកន្លែងកម្សាន្តបែបណាខ្លះ ឬមានដំណើរកម្សាន្តអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លះទៅ?។ តាមឡារ៉ែនមក ថ្ងៃនេះយើងនឹងនាំទៅលុកលុយមណ្ឌលទេសចរណ៍ ហ្គេនធីង ហាយលែនដ៍ទាំងអស់គ្នា។

    ហ្គេនធីង ហាយលែនដ៍(Genting Highlands)ស្ថិតនៅក្នុងរដ្ឋ ប៉ាហាំង ដែលនៅឆ្ងាយពីីទីក្រុង គូឡាឡាំពួ ប្រមាណជា 51គីឡូម៉ែត្រ ដោយស្ថិតនៅលើកំពូលភ្នំដែលមានកម្ពស់ដល់ទៅ 2,000ម៉ែត្រ ទើបធ្វើឱ្យទីនោះមានធាតុអាកាសត្រជាក់ និងមានអ័ព្ទពេញមួយឆ្នាំទល់មួយឆ្នាំ។ ផ្ទៃដីខាងលើមិនមែនមានតែភាពស្រស់ស្អាតរបស់ធម្មជាតិ និងទេសភាពដ៏ល្អអស្ចារ្យប៉ុណ្ណោះទេ តែនៅពេញទៅដោយភាពកម្សាន្តសប្បាយដ៏ច្រើនរូបបែប ទាំងកាស៊ីណូ សណ្ឋាគារប្រណីត រោងភាពយន្ត ទីលានវាយកូនហ្គោល និងសួនកម្សាន្ត 2កន្លែងគឺ Outdoor Theme Park និង First World Indoor Theme Park រួមទាំងកិច្ចការងារកម្សាន្តផ្សេងៗទៀតជាច្រើនដែលឡារ៉ែននឹងប្រមូលយកមកជម្រាបជូនមិត្តអ្នកអានដូចតទៅ ៈ

    1 . ជិះកន្រ្តកខ្សែរ៉ក Awana Skyway

    ដោយសារតែ ហ្គេនធីង ហាយលែនដ៍ ស្ថិតនៅលើកំពូលភ្នំដែលមានកម្ពស់លើនីវ៉ូទឹកសមុទ្រដល់ទៅ 2,000ម៉ែត្រ ដូច្នោះហើយទើបវិធីដែលងាយស្រួលបំផុតដែលយើងនឹងឡើងទៅដល់លើនោះបានគឺ ការជិះកន្រ្តកខ្សែរ៉កហ្នឹងឯង ហើយក្នុងអំឡុងការជិះឡើងនេះ ក្រៅពីនឹងបានជក់ចិត្តលង់ទៅជាមួយធាតុអាកាសនៅលើភ្នំដែលត្រជាក់ពេញមួយរយៈពេល 10នៃការជិះនោះហើយ អ្នកទេសចរនៅបានទទួលបទពិសោធន៍ដ៏គួរឱ្យរំភើបញាប់ញ័រតាមរយៈទស្សនីយភាពរបស់ព្រៃសន្សើមដែលមានអាយុច្រើនជាង 130លានឆ្នាំដែលស្ថិតនៅខាងក្រោមនោះទៀតផង។

    2 . ទីសក្ការៈអាទិទេពស័ក្តិសិទ្ធិនៃ Chin Swee Caves Temple

    បើអ្នកណាមានឱកាសបានមកលេងហ្គេនធីង ហាយលែនដ៍ ឡារ៉ែនសូមណែនាំថា គួរតែទៅគោរពសក្ការៈរូបចម្លាក់របស់ ព្រះអាចារ្យ ឈិន ស្វ៊ី ជាអាទិទេពដែលអ្នកស្រុកនៅមណ្ឌល ហ្វូ៊ចៀនផ្ដល់នូវការគោរពបូជាយ៉ាងខ្លាំង រួមទាំងអ្នកទេសចរណ៍ទាំងជនជាតិម៉ាឡេស៊ី និងជនជាតិបរទេសផងក៏និយមទៅធ្វើបុណ្យសក្ការៈជាប់ជានិច្ចដែរ។ វត្ត ឈិន ស្វ៊ី ស្ថិតនៅក្នុងព្រៃថ្មដែលមានកម្រិតកម្ពស់លើនីវ៉ូទឹកសមុទ្រដល់ទៅ 4,600ហ្វ៊ីត នៅខាងក្នុងវត្តប្រកបទៅដោយចេតិយ 9ជាន់បែបចិន ព្រះពុទ្ធរូបថ្មដ៏ធំ រូបចម្លាក់ម្ចាស់ម៉ែគង់ស៊ីអ៊ីម បន្ទប់មើលទេសភាព កន្លែងប្រតិបត្តិធម៌ និងភោជនីយដ្ឋានម្ហូបបួស រួមទាំងរូបចម្លាក់ផ្សេងៗដែលតម្រៀបគ្នាជាជួរនៅតាមផ្លូវដើរលើចង្កេះភ្នំ។

    3 . បេះផ្លែ ស្រ្តបឺរី នៅ Strawberry Leisure Farm

    កិច្ចការងារកម្សាន្តមួយក្នុងចំណោមកិច្ចការងារកម្សាន្តដែលមិនគួររំលងនៅពេលទៅលេងប្រទេសម៉ាឡេស៊ី លើភ្នំហ្គេនធីង ហាយលែនដ៍នោះគឺ ការសប្បាយជក់ចិត្តជាមួយការបេះផ្លែស្រ្តបឺរីធំៗ ពណ៌ក្រហមរលោង ផ្អែមត្រជាក់នៅក្នុង Strawberry Leisure Farm ដែលនៅខាងក្នុងកសិដ្ឋាននោះ ក្រៅពីមានផ្លែស្រ្តបឺរីឱ្យបេះ និងថតរូបទុកជាអនុស្សាវរីយ៍ហើយ ទីនេះនៅមានវត្ថុគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀតជាច្រើន មានទាំង សណ្ដែកបណ្ដុះឥន្រ្ទីយ និងរុក្ខជាតិក្នុងផើងពពួកដើមផ្កាអ័រគីដេដ៏ច្រើនប្រភេទ រួមទាំងហាងកាហ្វេ និងហាងលក់វត្ថុអនុស្សាវរីយ៍ដែលអនុញ្ញាតឱ្យភ្ញៀវចូលទស្សនា និងទិញយ៉ាងសប្បាយដៃ។

    4 . បើកពិភពមហស្ចារ្យ នៅ CyberWorld – First World Hotel

    Genting CyberWorld គឺមជ្ឈមណ្ឌលរួមនៃការកម្សាន្តដែលអាចបានជួបនៅក្នុង First World Plaza នៅលើហ្គេនធីង ហាយលែនដ៍ ដែលទីនោះនឹងបើកបម្រើសេវាកម្មពេញ 24ម៉ោងតែម្ដង ក្រៅពីនេះនៅផ្ដល់សេវាកម្មអ៊ីនធើណិតល្បឿនលឿនទៀតផង។ ភាគច្រើនអ្នកដែលមកទីនេះ ច្រើនតែមកលេងហ្គេម លេងក្ដារលើទឹករលក រួមទាំងជក់ចិត្តដិតអារម្មណ៍ជាមួយបទពិសោធដ៏សម្បូរបែបពីវត្ថុជួយបង្កើនភាពងាយស្រួលតាមរយៈពិភពឌីជីថល ក្រៅពីនោះ នៅខាងក្នុងក៏មានសួនកម្សាន្តសម្រាប់ឱ្យក្មេងៗបានសប្បាយរីករាយផងដែរ។

    ក្រៅពីទាំងអស់ខាងលើនេះហើយ ហ្គេនធីង ហាយលែនដ៍ នៅពេញទៅដោយវត្ថុជួយបង្កើនភាពងាយស្រួល និងទីកន្លែងកម្សាន្តដែលគួរឱ្យសប្បាយរីករាយជាច្រើនទៀតដែលអាចសប្បាយបានគ្រប់ភេទគ្រប់វ័យតែម្ដង និងថែមទាំងស្ថិតនៅមិនឆ្ងាយពីប្រទេសរបស់យើងប៉ុន្មានឡើយ។ អ្នកណាដែលកំពុងសម្លឹងរកមើលកន្លែងដើរលេងសប្បាយទាំងគ្រួសារនៅក្រៅប្រទេសជិតៗខ្លួននោះ ទីនេះក៏ជាជម្រើសមួយដែលគួរឱ្យចាប់អារម្មណ៍ដែរ៕

  • រើសបានពេជ្រ1គ្រាប់ទម្ងន់​ជាង​9​ការ៉ាត់​ នៅក្នុងឧទ្យាន

    រើសបានពេជ្រ1គ្រាប់ទម្ងន់​ជាង​9​ការ៉ាត់​ នៅក្នុងឧទ្យាន

    Kinard មកពីទីក្រុង Maumelle នៃរដ្ឋ Arkansas សហរដ្ឋអាមេរិក បានរកឃើញត្បូងពេជ្រ1គ្រាប់​ដែល​មាន​ទម្ងន់​9.07​ការ៉ាត់ ​នៅក្នុង​ឧទ្យានមួយនៃរដ្ឋ Arkansas ក្រោយពីគិតថា វាគ្រាន់តែជាបំណែកអំបែងកែវប៉ុណ្ណោះ។

    យោងតាមសេចក្ដីប្រកាសកាលពីថ្ងៃទី23កញ្ញាកន្លងទៅរបស់ឧទ្យានពេជ្រ ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Arkansas លោក Kevin Kinard ដែលជាអ្នកគ្រប់គ្រងធនាគារមួយនៅទីក្រុង Maumelle កាលពីថ្ងៃទី7កញ្ញា បានរកឃើញត្បូងពេជ្រធំលំដាប់ទី2 ចំនួន1គ្រាប់ នៅក្នុងឧទ្យានដែលមានប្រវត្តិ48ឆ្នាំ។

    លោក Kinard បានឱ្យដឹងថា គាត់និងមិត្តមួយចំនួន បានយកឧបករណ៍ស្វែងរកទៅកាន់ឧទ្យាននៃទីក្រុង Murfreesboro។ គាត់បន្ថែមថា គាត់មកកាន់ឧទ្យាននេះជាញឹកញាប់កាលពីនៅក្មេង ប៉ុន្តែ មិនដែលរកឃើញត្បូងពេជ្រ1គ្រាប់ណាឡើយ។

    “អ្វីក៏ដោយ ឱ្យតែមានរូបរាងស្រដៀងនឹងត្បូង គ្រីស្ដាល់ ខ្ញុំតែងតែរើសឡើង និងដាក់ទៅក្នុងថង់។ វា (គ្រាប់ពេជ្រ) មានពន្លឺភ្លឺ រលោង និងគួរជាទីចាប់អារម្មណ៍ ដូច្នេះ ខ្ញុំក៏ដាក់វាទៅក្នុងថង់ រួចស្វែងរកបន្តទៀត។ ខ្ញុំគិតថា អ្វីដែលខ្ញុំរើសបាន គ្រាន់តែជាបំណែកនៃកញ្ចក់ប៉ុណ្ណោះ” Kinard និយាយដូច្នេះ។

    ប៉ុន្មានម៉ោងក្រោយមក Kinard រួមនឹងមិត្តរបស់គាត់ បាននាំយកអ្វីដែលពួកគេរើសបាន ទៅកាន់មជ្ឈមណ្ឌលរុករកត្បូងពេជ្ររបស់ឧទ្យាន ជាកន្លែងដែលបុគ្គលិកនឹងធ្វើការត្រួតពិនិត្យ និងចុះឈ្មោះត្បូងពេជ្រដែលអ្នកទេសចរណ៍រើសបាន។

    Kinard បន្តថា “ខ្ញុំស្ទើរតែគ្មានបំណងពឹងឱ្យពួកគេពិនិត្យ ព្រោះគិតថា ខ្ញុំមិនបានរកឃើញអ្វីនោះឡើយ។ ប៉ុន្តែ មិត្តរបស់ខ្ញុំបានយកអ្វីដែលនាងរើសបាន ទៅឱ្យគេជួយពិនិត្យ ហើយខ្ញុំក៏ធ្វើតាមនាង”។

    Kinard និយាយថា នៅពេលបុគ្គលិកពិនិត្យប្រកាសថា គាត់រើសបានត្បូងពេជ្រ ភ្លាមនោះទឹកភ្នែករបស់គាត់ក៏ហូរមកដោយមិនដឹងខ្លួន ព្រោះតែការរំភើប និងភ្ញាក់ផ្អើល។ ជំនួយការរបស់ប្រធានឧទ្យាន Dru Edmonds បញ្ជាក់ថា Kinard បានជួបលក្ខខណ្ឌអំណោយផលដែលបានជួយឱ្យគាត់រកឃើញត្បូងពេជ្រនេះ។

    គិតមកដល់ថ្ងៃទី23កញ្ញា ត្បូងពេជ្រចំនួន246គ្រាប់ ដែលមានទម្ងន់សរុបឡើងដល់59.25ការ៉ាត់ ត្រូវបានរកឃើញនៅក្នុងឧទ្យានពេជ្រនៃរដ្ឋ Arkansas។ កាលពីឆ្នាំទៅ មានគ្រូបង្រៀនម្នាក់មកពីរដ្ឋ Nebraska ក៏បានរកឃើញត្បូងពេជ្រ1គ្រាប់ដែលមានទម្ងន់2.12ការ៉ាត់ នៅពេលមកលម្ហែកាយក្នុងឧទ្យាននេះ៕

    ប្រភព៖ CBS/ AP

  • ក្រសួងថាគ្មានការបន្ថូបន្ថយស្តង់ដាវិញ្ញាសារប្រឡងបាក់ឌុបដោយសារតែបញ្ហា Covid នោះទេ

    ក្រសួងថាគ្មានការបន្ថូបន្ថយស្តង់ដាវិញ្ញាសារប្រឡងបាក់ឌុបដោយសារតែបញ្ហា Covid នោះទេ

    នៅ​ឆ្នាំ 2020នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ពន្យារ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) រហូតដល់​ចុងខែ​ធ្នូ ដោយសារតែ​បញ្ហា​វិបត្តិ​ជំងឺ Covid-19 ដែល​បានផ្តល់​ផលប៉ះពាល់​យ៉ាងច្រើន​ដល់​ការអប់រំ។

    បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា នៅ​ឆ្នាំនេះ ការប្រឡង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 21និង22 ខែធ្នូ​ឆ្នាំ 2020 ដោយ​ក្នុងនោះ​មាន​បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ប្រឡង​មាន​ចំនួន​សរុប 12ម៉ឺន​នាក់ មកពី​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន។

    ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កី​ឡ បាន​លើកឡើងថា ក្រសួង​អប់រំ​នៅតែ​រក្សា​ស្តង់ដា​វិញ្ញាសារ​ប្រឡង​ដដែល ហើយ​មិន​បន្ថយ​ស្តង់ដា​វិ​ញ្ញា​ដោយសារតែ​ហេតុផល​ជំងឺ Covid-19នោះទេ។ ក្រសួង​នៅតែ​រៀបចំ​ឱ្យ​ការប្រឡង​ដំណើរការ​ទៅដោយ​ភាពប្រក្រតី សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ និង​ធានា​គោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន។

    គួរ​បញ្ជាក់ថា កន្លងមក​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ ក៏​ធ្លាប់​បានលើកឡើង​ផងដែរ​ថា សិស្ស​អាចមាន​ពេល​គ្រប់គ្រាន់​ចាប់ពីពេលនេះ​រហូតដល់​ថ្ងៃ​ប្រឡង​នៅ​ចុងឆ្នាំ ដើម្បី​ត្រៀមប្រឡង​មធ្យម​ស​ក្សា​ទុតិយភូមិ ហេតុនេះ​ក្រសួង​នៅតែ​រក្សា​ស្តង់ដា​វិញ្ញាសា​ដដែល៕