Category: សង្គម និងសេដ្ឋកិច្ច

  • អ្នកឯកទេសផាត់មុខ អៀម សុខា ខួបកំណើតលើកទី2 ក៏នៅតែមានតារាសិល្បៈនិងអ្នកមានមុខមាត់ចូលរួមកុះករ

    អ្នកឯកទេសផាត់មុខ អៀម សុខា ខួបកំណើតលើកទី2 ក៏នៅតែមានតារាសិល្បៈនិងអ្នកមានមុខមាត់ចូលរួមកុះករ

    បើទោះបីប្រឡូកក្នុងអាជីពសម្ដែងនិងពិធីករតែប្រមាណជ2ឆ្នាំចុងក្រោយ តែអ្នកឯកទេសផាត់មុខដែលមានឱកាសបានសម្ដែងស្គាល់អ្នកសិល្បៈព្រោះតែមានជំនាញផាត់មុខលោក អៀម សុខា ត្រូវគេកត់សម្គាល់ថាទទួលបានការស្រឡញ់រាប់អានពីអ្នកសិល្បៈគួរឱ្យសរសើរតែម្ដង។ ជាក់ស្ដែងនៅក្នុងពិធីខួបកំណើតរបស់លោកកាលពីថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2020 មុននេះ មិនត្រឹមតែមានសិល្បករថ្មីៗនិងមិនសូវល្បីប៉ុណ្ណោះទេ សូម្បីតែតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ក៏មានវត្តមានឡើងផ្អៀងភោជនីយដ្ឋាន V-Friend ឬស្សីកែវផងដែរ។

    លោក អៀម សុខា បានថ្លែងបញ្ជាក់ថាគ្មានអ្វីសប្បាយចិត្តជាឃើញបងប្អូនអ្នកសិល្បៈផ្ដល់កិត្តិយសឱ្យលោកដល់ម្លឹងនោះឡើយ ដោយអ្នកសិល្បៈខ្លះ គឺលោកមិនបានអញ្ជើញដោយផ្ទាល់ផង តែក៏នៅតែបានអញ្ជើញចូលរួម។ នៅក្នុងពិធីនោះក៏មានវត្តមានលោកជំទាវ ហ៊ុន ស៊ីណាត និងអ្នកមានមុខមាត់មួយចំនួន ក្រៅពីអ្នកសិល្បៈផងដែរ។ យ៉ាងណាក៏ដោយលោកអះអាងថា នឹងមិនធ្វើពិធីខួបកំណើតជាលើកទី2 ទៀតនោះទេ ដើម្បីកុំឱ្យរំខានអ្នកសិល្បៈ បើទោះជាពិធីខួបកំណើតរបស់លោកលើកនេះមានភ្ញៀវកិត្តិយសចូលរួមកុះករ ដែលអាចនិយាយបានថាចំណេញមិនតិច ម្យ៉ាងមកពីលោកមមាញឹកខ្លាំងនឹងការងារផាត់មុខនិងសម្ដែងផង ទើបលោកប្រកាសថាមិនធ្វើជាលើកទី2នោះទេ។

    ជាក់ស្ដែងពិធីដែលបានធ្វើឡើងនេះមិនត្រូវនឹងថ្ងៃកំណើតរបស់លោកនោះឡើយ ដោយសារតែថ្ងៃកំណើតរបស់លោកត្រូវនឹងថ្ងៃ9 ខែ9 ឯណោះទេ តែបណ្ដាលមកពីរវល់ដកឃ្លាមិនរួចទើបសម្រេចធ្វើខួបថ្ងៃទី27នេះវិញ។ នៅក្នុងពិធីខួបកំណើតរបស់លោកគេឃើញមានវត្តមានសិល្បករចាស់ថ្មី ល្បីឈ្មោះជាច្រើនដោយ ភ្ញៀវកិត្តិយសភាគច្រើននៅច្រៀងរាំយ៉ាងសប្បាយរហូតដល់ម៉ោង12 យប់ទៀតផង។

    គួរបញ្ជាក់ផងដែរថាលោក អៀម សុខា គឺជាអ្នកផាត់មុខល្បីឈ្មោះមួយរូបដោយក្នុងរង្វង់សិល្បៈ លោកជាអ្នកផាត់មុខឱ្យក្រុម ហ្វ្រេសស៊ីប៊យ&ហ្គើល និងក្រុមកញ្ញាឯក របស់ក្រុមហ៊ុន BKA ក្រៅពីផាត់មុខឱ្យតារាចម្រៀង និងតារាសម្ដែងល្បីៗ នៅក្នុងពិភពសិល្បៈ។ លោកកាន់តែត្រូវបានគេស្គាល់តាមរយៈការសម្ដែងក្នយងរឿង « សរសរកន្លោង » និងភាពយន្តមួយចំនួនទៀត លោកក៏ជាពិធីករប្រចាំនូវប៉ុស្តិ៍លេខ5 និងត្រៀមបង្ហាញនូវស្នាដៃភាពយន្តថ្មីៗក្រោយពីវាយលុកសិល្បៈផងដែរ។

  • 5 រឿងដែលកូនកំលោះ-កូនក្រមុំមិនគួរឱ្យកើតមានក្នុងពិធីមង្គលការ

    5 រឿងដែលកូនកំលោះ-កូនក្រមុំមិនគួរឱ្យកើតមានក្នុងពិធីមង្គលការ

    បើមិនចង់ឱ្យពិធីមង្គលការរបស់អ្នកក្លាយជារឿងដែលមិនគួរឱ្យពេញចិត្ត និងត្រូវគេនាំយកទៅនិយាយក្រោយចប់ពិធីក្នុងន័យមិនល្អនោះ ក៏មិនគួរធ្វើរឿង 5យ៉ាងខាងក្រោមនេះជាដាច់ខាត ព្រោះនឹងធ្វើឱ្យកូនកំលោះ-កូនក្រមុំត្រូវគេមើលឃើញថាជា មនុស្សគ្មានសុជីវធម៌ និងមិនផ្ដល់កិត្តិយស ឬមិនយកចិត្តទុកដាក់ចំពោះភ្ញៀវដែលមកចូលរួមពិធីរបស់ខ្លួន។

    1 . ត្រៀមវត្ថុអនុស្សាវរីយ៍មកមិនគ្រប់គ្រាន់

    តាមគោលការណ៍ ការត្រៀមវត្ថុអនុស្សាវរីយ៍មង្គលការ ត្រូវតែត្រៀមឱ្យបានគ្រប់នឹងចំនួនភ្ញៀវដែលបានអញ្ជើញ ជារឿងដែលកូនកំលោះ-កូនក្រមុំមិនអាចមើលរំលងបានឡើយ ព្រោះបើវត្ថុអនុស្សាវរីយ៍មិនគ្រប់ នឹងធ្វើឱ្យភ្ញៀវដែលមិនបាន មានអារម្មណ៍ខកចិត្ត និងមិនសប្បាយចិត្តហ្នឹងឯង។

    2 . ចែកសំបុត្រអញ្ជើញកៀកពេលខ្លាំងពេក

    ការចែកសំបុត្រអញ្ជើញមង្គលការ ត្រូវទុកពេលវេលាឱ្យភ្ញៀវបានត្រៀមខ្លួនខ្លះផង ដែលបើសិនជាចែកបែបកៀកពេលខ្លាំងពេក វានឹងធ្វើឱ្យភ្ញៀវមិនសូវសប្បាយចិត្ត ហើយអាចនឹងគិតថាជាសំបុត្រដែលសល់ពីអ្នកដទៃ ដូច្នេះគួរកំណត់ពេលវេលាចែកសំបុត្រអញ្ជើញឱ្យបានច្បាស់លាស់ កុំរង់ចាំដល់កៀកពេលខ្លាំងពេក។

    3 . ទុកឱ្យភ្ញៀវរង់ចាំពិធីការយូរពេក

    ការដំណើរការកម្មវិធីផ្សេងៗគួរតែប្រព្រឹត្តទៅតាមកាលវេលាដែលបានកំណត់នៅលើសំបុត្រអញ្ជើញ មិនគួរបណ្ដោយឱ្យពេលវេលារំកិលទៅខុសកាលកំណត់ឡើយ ព្រោះអាចបណ្ដាលឱ្យភ្ញៀវដែលមកចូលរួមត្រូវរង់ចាំយូរ។ វិធីដែលល្អ គួរត្រៀមឱ្យរួចជាស្រេច គួរពិនិត្យមើល ឬហាត់សមមុនពេលធ្វើពិធីមែនទែនក៏ជាការល្អដែរ។

    4 . មិនរៀបចំកន្លែងអង្គុយជូនភ្ញៀវ

    ការយកចិត្តទុកដាក់ និងមើលថែទាំចំពោះភ្ញៀវដែលមកចូលរួមក្នុងពីធីមង្គលការ ជារឿងមួយដែលកូនកំលោះ-កូនក្រមុំគួរតែធ្វើ និងជាសុជីវធម៌មួយដែលមិនអាចមើលរំលងបានឡើយ ព្រោះនឹងធ្វើឱ្យភ្ញៀវមានអារម្មណ៍រំភើប ពេញចិត្ត និងរីករាយជាមួយពិធីមង្គលការរបស់អ្នក។

    5 . មានបញ្ហាជាមួយមនុស្សដែលមិនត្រូវគ្នា

    អាចមានខ្លះដែរដែលភ្ញៀវមកចូលរួមពិធីជាមនុស្សដែលមិនត្រូវគ្នា ដោយអាចជាភ្ញៀវរបស់កូនក្រមុំ ឬជាភ្ញៀវខាងកូនកំលោះ ដែលកូនកំលោះ ឬកូនក្រមុំគួរតែអត់ធ្មត់សង្កត់អារម្មណ៍ទុកសិន កុំឱ្យមានរឿងក្នុងពិធីមង្គលការរបស់អ្នកជាដាច់ខាត មិនដូច្នោះទេពិធីមង្គលការរបស់អ្នកនឹងដួលរលំខ្ទេចខ្ទីអស់មិនខាន៕

  • អាមេរិក ដាស់តឿន ឱ្យគ្រប់គ្នាប្រយ័ត្នស្ថានីយអវកាសអន្តរជាតិរបស់ ចិន

    អាមេរិក ដាស់តឿន ឱ្យគ្រប់គ្នាប្រយ័ត្នស្ថានីយអវកាសអន្តរជាតិរបស់ ចិន

    ស្ថានីយ​អវកាស​អន្តរជាតិ​ដែលមាន​ឈ្មោះថា «Tiangong» កំពុង​ត្រូវបាន​សាងសង់ ដោយមាន​ការចូលរួម​ពី​ប្រទេស​ចំនួន17 ក្នុងនោះ​រួមមាន​ទាំង ចិន បារាំង អាល្លឺម៉ង់ និង​ជប៉ុន​ផងដែរ។ ចិន រំពឹងថា ខ្លួន​នឹង​អាច​ប្រតិបត្តិការ​ស្ថានីយ​អវកាស​នេះ ត្រឹម​ឆ្នាំ2022។ រីឯ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) របស់​អាមេរិក ដែល​ត្រូវបាន​បាញ់​បង្ហោះ​ក្នុង​ឆ្នាំ1998 ធ្វើជា​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ​អវកាស ត្រូវបាន​រំពឹងថា នឹង​បញ្ចប់​ប្រតិបត្តិការ​ក្នុង​ឆ្នាំ2030 ចំណែក​ដៃគូ​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ រួមមាន​ដូចជា រុស្ស៊ី ជប៉ុន អឺរ៉ុប និង​កាណាដា​ជាដើម។

    បន្ទាប់ពី​ទទួលបាន​ដំណឹង​ខាងលើ លោក Jim Bridenstine ប្រធាន​អង្គការ NASA បាន​ថ្លែង​ព្រមាន​ទៅកាន់​សភា​អាមេរិក កាលពី​ថ្ងៃទី23 ខែកញ្ញា ឆ្នាំ2020 អំពី​ភាព​ឈានមុខ​របស់​ស្ថានីយ​អវកាស​ចិន។ លោក​បាន​ថ្លែងថា៖ «ខ្ញុំ​សូម​ប្រាប់​អ្នក​នូវ​រឿង1 ដែល​ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់ ហើយ​នោះ​គឺជា​អ្វី ដែល​កំពុង​ខិតជិត​មកដល់​ហើយ គឺ​នៅពេល​ស្ថានីយ​អវកាស​អន្តរជាតិ នោះ​នឹង​បញ្ចប់​អាយុកាល​ប្រើប្រាស់ ដូច្នេះ​ដើម្បី​អាចឱ្យ​អាមេរិក បន្ត​មាន​វត្តមាន​នៅលើ​គន្លង​ផែនដី យើង​ត្រូវតែ​រៀបចំ​ស្ថានីយ​អវកាស​ថ្មី»។

    លោក Jim Bridenstine បន្តថា៖ «យើង​ចង់ឃើញ​ការបង្កើត​ដៃគូ​រវាងរ​ដ្ឋ និង​ឯកជន ដែល​អង្គការ NASA អាច​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​នានា ដូច្នេះ​យើង​អាច​រក្សា​វត្តមាន​មនុស្ស​ជា​អចិន្ត្រៃយ៍​លើ​គន្លង​ផែនដី​បាន»។ ជាមួយគ្នានេះ មេ​អង្គការ NASA បានលើកឡើង​ពី​ចិន​ថា ប្រទេស​នេះ​កំពុង​សង់​ស្ថានីយ​អវកាស​អន្តរជាតិ និង​មិនតែប៉ុណ្ណោះ​ការអភិវឌ្ឍ​នេះ គឺមាន​ការចូលរួម​ពី​ប្រទេស​ដៃគូ​អាមេរិក​ទៀតផង។ «វា​នឹង​ក្លាយជា​សោកនាដកម្ម ប្រសិនបើ​យើង​បោះបង់​គន្លង​ផែនដី​នេះ​ចោល»៕

  • Samsung Galaxy S20 Fan Edition ជាស្មាតហ្វូនកម្លាំងខ្លាំង តែតម្លៃទាបជាង S20 ធម្មតា

    Samsung Galaxy S20 Fan Edition ជាស្មាតហ្វូនកម្លាំងខ្លាំង តែតម្លៃទាបជាង S20 ធម្មតា

    កាលពី​យប់​ថ្ងៃទី24 កញ្ញា​កន្លងទៅ ក្រុមហ៊ុន សាម​សុង បានបង្ហាញ​ចេញ​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ពិសេស​គឺ Galaxy S20 Fan Edition ដោយ​វា​មាន​បូក​បញ្ចូល​លក្ខណសម្បត្តិពិសេសៗលើស  Galaxy S20 ដែល​ចេញ​កាលពីដើមឆ្នាំ និង​មានតម្លៃ​ទាប​ជាង​ទៀតផង។

    ការ​កុម្ម៉ង់​ទិញ S20 FE លើ​ទីផ្សារ​មួយចំនួន​បាន​បើកទទួល​កាលពី​ថ្ងៃទី23 ខែកញ្ញា​តទៅ ហើយ​សម្រាប់​នៅ​អាមេរិក​មាន​លក់​ផ្ដាច់​មុខតែ​ប្រភេទ 5G ក្នុងតម្លៃ 699ដុល្លារ​ប៉ុណ្ណោះ ឯ​នៅ​ទីផ្សារ​ចក្រភព​អង់គ្លេស មាន​ទាំង​ប្រភេទ 4G និង 5G ដោយ​ប្រភេទ 4G តម្លៃ 599ផោន ( 763ដុល្លារ) និង​ប្រភេទ 5G តម្លៃ 699ផោន ( 890ដុល្លារ)។

    លក្ខណ​ស​ម្ប​តិ្តត្រួសៗលើ Galaxy S20 FE គឺមាន​ចែកចេញជា​ប្រភេទ 4G និង​ប្រភេទ 5G ដែល​ប្រភេទ 4G ប្រើប្រាស់​ឈី​ប Exynos 990 និង​ប្រភេទ 5G ប្រើប្រាស់​ឈី​ប Snapdragon 865។ ម៉ូ​ដែល​ទាំង2 មាន RAM ប្រភេទ LPDDR5 ទំហំ 6GB ដូចគ្នា និង​ប្រើប្រាស់​អង្គ​ផ្ទុក UFS 3.0 ទំហំ 128GB មាន​រន្ធ​ដោត​មេម៉ូរី​បាន​ទំហំ​ដល់ 1TB។

    អេក្រង់​របស់ S20 FE មាន​ចោះ​រន្ធ​តូច​ចំ​កណ្ដាល​សម្រាប់​បំពាក់​កាមេរ៉ា​ទំហំ 32MP ដែលមាន Aperture f/2.2 ហើយ​វា​មាន​បង្កប់​ទ្រនាប់​ស្គែ​ន​ម្រាមដៃ​លើ​អេក្រង់ ដែលមាន​ទំហំ 6.5អ៊ី​ញ ជា​ប្រភេទ Super AMOLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ មាន Refresh Rate 120Hz និង​គាំទ្រ​នូវ HDR 10+ ហើយ​អេក្រង់​នេះ​ការពារ​ដោយ​កញ្ចក់ Gorilla Glass 3។

    កាមេរ៉ា​ខាងក្រោយ 3គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ 12MP មាន​បច្ចេកវិទ្យា Dual-Pixel និង​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង OIS ហើយ​មាន Aperture f/1.8។ កាមេរ៉ា​បន្ទាប់​ជា Ultrawide ទំហំ 12MP ដែលមាន Aperture f/2.2 និង​ចុងក្រោយ​ជា​កាមេរ៉ា Telephoto ទំហំ 8MP ដែល​អាច Zoom Optical 3ដង និង Zoom Digital បាន 30ដង ហើយ​មាន Aperture f/2.4។ វា​មាន​ថ្ម​ទំហំ 4500mAh អាច​សាក​ថ្ម​បាន 25វ៉ា​ត់ និង​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​បាន​កម្លាំង 15វ៉ា​ត់ និង​មាន​មុខងារ Wireless PowerShare ទុក​សាក​ថ្ម​ឱ្យ​ឧបករណ៍​ដទៃ​បានដែរ។

    ក្នុង​ប្រអប់​មាន​ដុំ​សាក​កម្លាំង​ត្រឹម 15វ៉ា​ត់​ប៉ុណ្ណោះ និង​នៅមាន​ចំណុច​ពិសេស​ផ្សេងទៀត ដូចជា​រន្ធ​បំពង​សំឡេង​ស្ទេ​រី​អូ AKG ជាមួយ​បច្ចេកវិទ្យា​សំឡេង Dolby, សមត្ថភាព​ធន់​នឹង​ទឹក និង​ធូលី​ដី​កម្រិត IP68 និង​ប្រើប្រាស់ USB-C ជាមួយ USB 3.2 ជាដើម​ទៀតផង៕

  • Google Maps អាប់ឌែតថ្មី អាចឱ្យលោកអ្នកដឹងពីព័ត៌មាន កូវីដ-19 ដោយគ្រាន់តែចុចលើមុខងារស្រួលៗខាងក្រោមនេះ

    Google Maps អាប់ឌែតថ្មី អាចឱ្យលោកអ្នកដឹងពីព័ត៌មាន កូវីដ-19 ដោយគ្រាន់តែចុចលើមុខងារស្រួលៗខាងក្រោមនេះ

    “COVID-19 layer” នឹង​ក្លាយជា​មុខងារ​ថ្មី 1ទៀត​នៅលើ​កម្មវិធី Google Maps ដែល​ក្រុមហ៊ុន​បានធ្វើការ​ចុះផ្សាយ​នៅលើ​ប្លុក​របស់ខ្លួន​កាលពីពេលថ្មីៗនេះ។

    ប្រភព​ច្បាស់​ការណ៍​ខាងលើ ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា រាល់​ទិន្នន័យ​ដែល​យកមក​ដាក់​លើ​មុខងារ​ថ្មី​នេះ បានមកពី​របាយការណ៍​ជាក់លាក់​របស់ WHO, ស្ថាប័ន​សុខាភិបាល​ផ្លូវការ​ជាច្រើន របស់​ប្រទេស​ដែលមាន​នៅក្នុង​តារាង​នៃ​កម្មវិធី Google និង​បានមកពី​ភ្នាក់ងារ​ពិសេស​នៃ​ស្ថាប័ន​សុខាភិបាល​គ្រប់​អង្គភាព។

    គោលបំណង​នៃ​ការធ្វើ​កំណែ​អាប់​ដែ​ត​បន្ថែម​នេះ Google ចង់ឱ្យ​អ្នកប្រើប្រាស់​ទទួលបាន​ព័ត៌មាន​ជាក់លាក់​នៅ​កន្លែង​តែមួយ និង​បង្ការ​ខ្លួន​កុំឱ្យ​ឆ្លង​វីរុស ពេល​ចង់ទៅ​កន្លែង​ណាមួយ។ រីឯ​របៀប​ប្រើងាយៗគឺ

    -បើ​ពណ៌​ប្រផេះ គឺ​តិចជាង 1នាក់

    -បើ​ពណ៌​លឿង គឺ​នឹងមាន​ចាប់ពី 1 ដល់ 10នាក់

    -បើ​ពណ៌​ទឹកក្រូច គឺ​នឹងមាន​ចាប់ពី 10 ទៅ 20នាក់

    -បើ​ពណ៌​ទឹកក្រូច​ចាស់ គឺ​នឹងមាន​ចាប់ពី 20 ទៅ 30នាក់

    -បើ​ពណ៌​ក្រហម គឺ​ចាប់ពី 30 ទៅ 40នាក់

    ហើយ​បើ​ពណ៌​ក្រហម​ក្រ​ម៉ៅ​វិញ គឺ​ចាប់ពី 40នាក់​ឡើងទៅ។

    មុខងារ​នេះ​អាច​អាប់​ឌែ​ត​បាន ទាំង​លើ iOS និង Android៕

  • iPhone 12 ជិតចេញលក់មែនទែនហើយ ម្ដងនេះនឹងមាន 4ប្រភេទ

    iPhone 12 ជិតចេញលក់មែនទែនហើយ ម្ដងនេះនឹងមាន 4ប្រភេទ

    ប្រភពព័ត៌មាន​បច្ចេក​វិទ្យាធំៗចំនួន3 បាន​ចុះផ្សាយដូចៗគ្នា ពី​កាលបរិច្ឆេទ​ប្រកាស​ចេញ បើកទទួល​ការ​កុម្ម៉ង់ និង​ពេល​ដាក់លក់ iPhone ជំនាន់​ថ្មី​ជា​ផ្លូវការ។

    ប្រភព​ទាំង3នោះ មាន​វេ​ប​សាយ MacRumors, AppleInsider និង Jon Prosser បានបញ្ជាក់ដូចៗគ្នា​ថា iPhone ជំនាន់​ថ្មី​នឹង​ប្រកាស​ចេញ​ថ្ងៃទី13 ខែតុលា និង​បើកទទួល​ការ​កុម្ម៉ង់​នៅ​ថ្ងៃទី16 ខែតុលា ហើយនឹង​ចេញលក់​លើ​ទីផ្សារ ចាប់ពី​ថ្ងៃទី23 ខែតុលា។

    Apple នឹង​បញ្ចេញ​លក់ iPhone លើ​ទីផ្សារ​ជា 2ដំណាក់កាល ដោយ​ដំណាក់កាល​ទី1 ជាការ​ដាក់លក់ iPhone 12 ដែលមាន​អេក្រង់​ទំហំ 6.1អ៊ី​ញ ហើយ​ទាំង 2នេះ នឹង​ចេញលក់​មុនគេ។ ចំណែក iPhone 12 អេក្រង់ 5.4អ៊ី​ញ និង 6.7អ៊ី​ញ នឹង​ចេញលក់​នៅពេល​បន្ទាប់។

    iPhone 12 នឹងមាន 4ប្រភេទ ដែលមាន iPhone 12 mini អេក្រង់ 5.4អ៊ី​ញ iPhone 12 និង iPhone 12 Pro អេក្រង់​ទំហំ 6.1អ៊ី​ញ និង 1ទៀត iPhone 12 Pro Max អេក្រង់​ទំហំ 6.7អ៊ី​ញ៕

  • មិនទាន់បានចេញលក់ផង តម្លៃ Google Pixel 5 ត្រូវគេដឹងមុនបាត់ទៅហើយ!

    មិនទាន់បានចេញលក់ផង តម្លៃ Google Pixel 5 ត្រូវគេដឹងមុនបាត់ទៅហើយ!

    ស្មា​ត​ហ្វូ​ន​ជំនា​ន់ទី5 របស់ Google គឺ​ម៉ូ​ដែល Pixel 5 ត្រូវបាន​ប្រភព​ច្បាស់​ការណ៍​មួយ​ទម្លាយ​ឱ្យដឹងពី​តម្លៃ​របស់​វា មុននឹង​ក្រុមហ៊ុន​ប្រកាស​ចេញលក់​លើ​ទីផ្សារ​ទៅទៀត។ សម្រាប់ Pixel 5 មាន 5G មេម៉ូរី 128GB គឺ 699ដុល្លារ។

    ប្រភេទ 5G នឹង​បំពាក់​មក​ជាមួយនឹង​បន្ទះ​ឈី​ប Snapdragon 765G RAM 8GB/128 មេម៉ូរី​មាន​កាមេរ៉ា​ក្រោយ2 ជាមួយនឹង​សេន​ស័​រ 12.2MP +16MP Ultra wide-angle និង​កាមេរ៉ា​មុខ 1គ្រាប់ 8MP។ អេក្រង់ 90Hz មានមុខ​ងារ​កា​ពារ​សឹក​ឆ្កូត Gorilla Glass 6កម្រិត IP68 និង​មាន​បំពាក់​បច្ចេកវិទ្យា​សាក​ភ្លើង​ល្បឿន​លឿន។

    ជាមួយគ្នា​នោះដែរ ម៉ូ​ដែល 1ទៀត​គឺ Pixel 4a(5G) ក៏​ត្រូវបាន​ក្រុមហ៊ុន​បង្ហើប​ឱ្យដឹងខ្លះៗហើយ​ដែរ​ថា នឹងមាន​លក្ខណ​ស​ម្ប​តិ្ត​ប្រហាក់ប្រហែលគ្នា តែ​បំពាក់​បន្ទះ​ឈី​ប​លេខ​ខុសគ្នា។

    សម្រាប់​រឿង​មួយ ដែល​រាងដូចជា​ធ្វើឱ្យ​មិនសូវ​ជា​ពេញចិត្ត​នោះ​គឺថា តម្លៃ​ដ៏​ខ្ពស់​បែប​ហ្នឹង(699ដុល្លារ) និង​លក្ខណសម្បត្តិ​ផ្សេងទៀត​របស់​វា​ដែលមាន​ត្រឹម​ប៉ុណ្ណឹង ហាក់ដូចជា​មិន​លើស​ស្មា​ត​ហ្វូ​ន​តម្លៃ​ជាង 200ដុល្លារ​ផង បើ​ធៀប​គ្នា​ហើយ​នោះ។ តែ​យ៉ាងណា ចំណុចខ្លាំង​មួយ​របស់ Pixel គឺ​កាមេរ៉ា​ដែល​បាន​អាប់​ឌែ​ត​បន្ថែម ធ្វើឱ្យ​សមត្ថភាព​ថតរូប និង​វីដេអូ អាច​ប្រជែង​ជាមួយ​ស្មា​ត​ហ្វូ​ន​ដទៃ​ដែលមាន​កាមេរ៉ា3  ឬ 4គ្រាប់​បាន៕

  • ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេនៅក្នុងវិស័យហិរញ្ញវត្ថុ និងវិនិយោគ

    ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេនៅក្នុងវិស័យហិរញ្ញវត្ថុ និងវិនិយោគ

    យោងតាមបញ្ជីចំណាត់ថ្នាក់អ្នកមានរបស់ Forbes លោកស្រី Abigail Johnson ដែលជា CEO និងជាប្រធានរបស់ក្រុមហ៊ុន Fidelity Investments បច្ចុប្បន្នគឹជាមហាសេដ្ឋិនីដែលមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងវិស័យហិរញ្ញវត្ថុនិងវិនិយោគ ដោយមានទ្រព្យសរុបឡើងដល់15ពាន់លានដុល្លារអាមេរិក។

    1. Abigail Johnson៖ 15ពាន់លានដុល្លារអាមេរិក

    >ប្រទេស៖ សហរដ្ឋអាមេរិក

    លោក​ស្រី Abigail Johnson

    Abigail Johnson បានឡើងកាន់តំណែង CEO របស់ក្រុមហ៊ុន Fidelity Investments ចាប់ពីឆ្នាំ2014 និងក្លាយជាប្រធានក្រុមហ៊ុននេះចាប់ពីឆ្នាំ2016។ Fidelity Investments គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មហិញ្ញវត្ថុធំជាងគេក្នុងពិភពលោក ដែលត្រូវបានបង្កើតឡើងនៅBoston សហរដ្ឋអាមេរិក កាលពីឆ្នាំ1946 ដោយលោក Edward C. Johnson II ដែលជាជីតារបស់លោកស្រី Abigail។ បច្ចុប្បន្ន លោកស្រី Abigail កាន់កាប់ភាគហ៊ុនចំនួន24.5% នៅក្នុងក្រុមហ៊ុននេះ។

    2. Elizabeth Johnson៖ 3,4ពាន់លានដុល្លារ

    >ប្រទេស៖ សហរដ្ឋអាមេរិក

    លោកស្រី Elizabeth Johnson

    Elizabeth Johnson គឺជាប្អូនស្រីរបស់លោកស្រី Abigail Johnson។ លោកស្រី Elizabeth Johnson កាន់កាប់ភាគហ៊ុនចំនួន5.56% នៅក្នុងក្រុមហ៊ុន Fidelity។ នេះបើតាមឯកសារដែលត្រូវបានបញ្ជូនទៅកាន់ស្ថាប័នធានារ៉ាប់រងរបស់រដ្ឋ Utah កាលពីឆ្នាំ2000។

    3. Dinara Kulibaeva: 2,8ពាន់លានដុល្លារ

    >ប្រទេស៖ កាហ្សាក់ស្ថាន

    លោក​ស្រី Dinara Kulibaeva

    Dinara Kulibaeva គឺជាកូនស្រីរបស់អតីតប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្ថាន លោក Nursultan Nazarbayev។ លោកស្រី Dinara Kulibaeva និងស្វាមី Timur Kulibaev កាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងធនាគារ Halyk។ ក្រៅពីនេះ ពួកគេថែមទាំងវិនិយោគទៅលើវិស័យផ្សេងៗទៀត ដូចជាសំណង់ និងអណ្ដូងប្រេងជាដើម។ Forbes បានគន់គូរឃើញថា ទ្រព្យសម្បត្តិរបស់ Dinara Kulibaeva និង Timur Kulibaev ដែលត្រូវបានចែកស្មើគ្នា (50/50) ពួកគេម្នាក់ៗមានទ្រព្យ 2.8ពាន់លានដុល្លារអាមេរិក។

    4. Penny Pritzker: 2,7ពាន់លានដុល្លារ

    >ប្រទេស៖ សហរដ្ឋអាមេរិក

    លោក​ស្រី Penny Pritzker

    Penny Pritzker គឺជាមនុស្សម្នាក់ក្នុងចំណោមមហាសេដ្ឋី11រូបរបស់ត្រកូល Pritzker។ លោកស្រី Penny Pritzker មានតួនាទីសំខាន់ក្នុងការបង្កើតមូលនិធិសម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្លោតរបស់លោក Obama ដែលជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក។ លោកស្រី Penny Pritzker ក៏ធ្លាប់ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ2013ដល់ឆ្នាំ2017ផងដែរ។ Penny Pritzker ក៏ជាស្ថាបនិក និងជាប្រធានរបស់ក្រុមហ៊ុន PSP Partners ដែលជាក្រុមហ៊ុនវិនិយោគឯកជន រកស៊ីជាមួយដៃគូនានាក្នុងវិស័យអចលនទ្រព្យ មូលនិធិការពារហានិភ័យ និងបណ្ដាក្រុមហ៊ុនថ្មីៗជាដើម។

    5. Alicia Koplowitz៖ 2,6ពាន់លានដុល្លារ

    >ប្រទេស៖ អេស្ប៉ាញ

    លោក​ស្រី Alicia Koplowitz

    Alicia Koplowitz ទទួលបានមរតកជាភាគហ៊ុននៅក្នុងក្រុមហ៊ុនសំណង់របស់ឪពុកលោកស្រីកាលពីទសវត្សរ៍ឆ្នាំ​1960។ ឆ្នាំ1997 លោកស្រីបានលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យប្អូនស្រីរបស់ខ្លួន ឈ្មោះ Esthter ក្នុងតម្លៃ​​800​លានដុល្លារ រួចយកប្រាក់ទាំងនេះទៅវិនិយោគក្នុងវិស័យផ្សេង។ បណ្ដាក្រុមហ៊ុនដែលធ្លាប់ទទួលបានការវិនិយោគពីលោក​ស្រី Alicia Koplowitz មានដូចជា ក្រុមហ៊ុនផលិតដែកថែប Acerinox ក្រុមហ៊ុនផលិតអគ្គិសនី Iberdrola និងក្រុមហ៊ុនគ្រប់គ្រងធនាគារ Banco Sadadell ជាដើម។ល។ Alicia Koplowitz ក៏ជាម្ចាស់សណ្ឋាគារជាច្រើននៅប្រទេសអ៊ីតាលី រួមនឹងសណ្ខាគារ និងអចលនទ្រព្យជាច្រើននៅសហរដ្ឋអាមេរិក ក៏ដូចជាភាគហ៊ុននៅក្នុងក្រុមហ៊ុន Hospes ដែលគ្រប់គ្រងបណ្ដាញសណ្ឋាគារប្រណិតមួយនៅប្រទេសអេស្ប៉ាញផងដែរ៕

    ប្រភព៖ Forbes

  • ព្រលានយន្តហោះទំនើបបំផុត Changi Airport នៅសិង្ហបុរី ដាក់ឱ្យរ៉ូបូតដំណើរការ ផ្នែកសម្អាត 3ប្រភេទផ្សេងគ្នា

    ព្រលានយន្តហោះទំនើបបំផុត Changi Airport នៅសិង្ហបុរី ដាក់ឱ្យរ៉ូបូតដំណើរការ ផ្នែកសម្អាត 3ប្រភេទផ្សេងគ្នា

    ថ្មីៗនេះ​ព្រលានយន្តហោះ​ធំជាងគេ និង​ទំនើប​ជាងគេ របស់​ប្រទេស​សិង្ហ​បុរី បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ម៉ាស៊ីន​សម្អាត​ស្វ័យប្រវត្តិ ដែល​រចនា​ឡើង​ដោយមាន​រូបរាង​ជា រ៉ូ​បូត ដោយ​ចែកជា​កម្រិត​សមត្ថភាព​ទាំង5 របស់​វា និង​បន្ត​ចែកជា 3ប្រភេទ​ទៀត​គឺ ប្រភេទ​ប្រមូល និង​សម្អាត​ទូទៅ, ប្រភេទ​អាច​លើក​ទម្ងន់​បាន​ច្រើន​បំផុត 660គីឡូក្រាម និង​ប្រភេទ​ផ្តល់ព័ត៌មាន​ទូទៅ។

    យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់ changiairport បាន​រំលេច​មុខងារទំនើបៗខ្លះ ពី​ម៉ាស៊ីន​សម្អាត​ស្វ័យប្រវត្តិ​ខាងលើ​មានដូចជា៖ ប្រភេទ​ទី1 អ្នកធ្វើដំណើរ​អាច​ចុច​នៅលើ​ខ្លួន​របស់​រ៉ូ​បូត ឬ​ស្គែ​ន QR Code រួចហើយ​វា​នឹង​លោត​ចូល​គេហទំព័រ​មួយ ដែលមាន​រៀបរាប់​ពី​សំណួរ​ដែល​អ្នក​ចង់បាន។ ទី2  ជា​ប្រភេទ​អាច​ផ្ទុក​សំណល់ អាច​លើក​អីវ៉ាន់ និង​សម្អាត​បាន ដោយ​អ្នក​គ្រាន់តែ​ឈរ​ក្បែរ​វា ហើយ​បញ្ជា​ឱ្យ​វា​លើក​ជាការ​ស្រេច និង​ទី3 ជា​ប្រភេទ​ផ្តល់ព័ត៌មាន​ទូទៅ៕

  • បងៗស្រ្តីមេផ្ទះដឹងទេ បន្លែផ្លែឈើ និងអាហារណាខ្លះដែលមិនចាំបាច់ដាក់ចូលទូទឹកកក

    បងៗស្រ្តីមេផ្ទះដឹងទេ បន្លែផ្លែឈើ និងអាហារណាខ្លះដែលមិនចាំបាច់ដាក់ចូលទូទឹកកក

    បើសួរថា ទូទឹកកកផ្ទះអ្នកណាខ្លះពេញណែនរកកន្លែងដាក់របស់មិនគ្រាន់ សូមលើកដៃឡើង! ធានាថាបងៗស្រ្តីមេផ្ទះទាំងឡាយច្បាស់ជានាំគ្នាលើកដៃឡើងព្រឹបៗមិនខាន ចំណែកអ្នកគ្រូ ឆវី វិញសូមលើកដៃទាំងពីរឡើងតែម្ដង ព្រោះជាមនុស្សចូលចិត្តធ្វើម្ហូប ទើបមានរបស់របរ និងគ្រឿងគ្រៅទុកក្នុងទូទឹកកកច្រើនណាស់។ ដូច្នេះថ្ងៃនេះអ្នកគ្រូ ឆវី សុំនិយាយពីរឿងរបស់របរដែលមិនចាំបាច់ត្រូវរក្សាទុកក្នុងទូទឹកកក(តែនាងខ្ញុំទុក)ម្ដង ដោយសារតែមូលហេតុថា កាលពីម្សិលមិញនាងខ្ញុំប្រុងយករបស់របរដែលទើបទិញមកពីផ្សារទៅទុកក្នុងទូទឹកកក តែពេលបើកទ្វារទូទឹកកកឡើង ក៏ស្រាប់តែភ្ញាក់ឱ្យព្រើតតែម្ដង ព្រោះស្ទើរតែគ្មាននៅសល់ប្រឡោះសម្រាប់ទុកឡើយ ទើបធ្វើឱ្យនឹកឃើញថា មានអាហារ និងបន្លែផ្លែឈើខ្លះអាចទុកក្រៅទូទឹកកកក៏បានដែរ។

    1 . ទឹកឃ្មុំ ៈ យើងអាចទុកនៅក្រៅទូទឹកកកបាន ទោះជាបើកប្រើហើយក៏ដោយ គ្រាន់តែបិទកគម្របដបឱ្យជិតជាការស្រេច។ អ្នកគ្រូ ឆវី ធ្លាប់ទុកទឹកឃ្មុំទាំងនៅក្រៅ និងក្នុងទូទឹកកកហើយ លទ្ធផលឃើញថា ដបទឹកឃ្មុំដែលដាក់នៅក្រៅទូទឹកកកមានស្រមោចលួចចូលទៅស៊ីទឹកឃ្មុំ ព្រោះតែបិទគម្របមិនជិត។ ចំណែកឯដបទឹកឃ្មុំដែលទុកនៅក្នុងទូទឹកកកក៏មានបញ្ហាដែរ គឺពេលយកចេញមកប្រើការ បែរជាខាប់រឹងចាក់មិនចេញ។ នៅពេលវាដូច្នេះ សូមណែនាំឱ្យទុកនៅក្រៅទូទឹកកក ដោយត្រូវជូតដបឱ្យស្អាត បិទគម្របឱ្យជិត ហើយទុកនៅក្នុងចង្រ្កានបាយវិញប្រសើរជាង។

    2 . ផ្លែប៉ោម ៈ បើទុកក្នុងទូទឹកកកច្រើនថ្ងៃ ពេលយកមកចិតញ៉ាំ រសជាតិនឹងប្រែប្រួល មិនដូចផ្លែដែលមិនទុកក្នុងទូទឹកកកនោះទេ។ អ្នកគ្រូ ឆវីមិនប្រាកដក្នុងចិត្ត ក៏ចិតមួយផ្លែទៀត រសជាតិប្រែប្រួលដូចគ្នាដដែល។ ចាប់តាំងពីពេលនោះមក អ្នកគ្រូក៏ទុកផ្លែប៉ោមនៅក្នុងកញ្ច្រែង ហើយដាក់លើតុបាយ ដែលធ្វើឱ្យរសជាតិនឹងនៅស្រស់ឆ្ងាញ់ដូចមុន មិនប្រែប្រួលឡើយ ថែមទាំងងាយមើលឃើញ និងដូចជាគ្រឿងលម្អតុបាយទៀតផង តែបើចិតរួចហើយញ៉ាំមិនអស់ អ្នកគ្រូ ឆវី សូមណែនាំឱ្យដាក់ក្នុងស្បោងហើយទុកក្នុងទូទឹកកកណា៎ចា៎ស។

    3 . ខ្ទឹមក្រហម ខ្ទឹមស និងខ្ទឹមបារាំង ៈ អាចដាក់ក្នុងកញ្រ្ចែងទុកក្នុងចង្រ្កានបាយបាន ចំណែកអ្នកគ្រូ ឆវី វិញ ចូលចិត្តទិញបែបគេចងជាបាច់ៗមកព្យួរទុកក្នុងចង្រ្កានបាយ។ ធ្លាប់ភ្លេចខ្លួនយកទៅទុកក្នុងទូទឹកកកដែរ ស្រាប់តែមានផ្សិតដុះឡើងជិត ព្រោះធាតុអាកាសក្នុងទូទឹកកកមានសំណើម។ តែបើបកសម្បកហើយប្រើមិនអស់ គួររក្សាទុកក្នុងប្រអប់ បិទគម្របឱ្យជិតណែនកុំឱ្យក្លិនវាទៅចូលក្នុងអាហារផ្សេងទៀតក្នុងទូទឹកកក។

    4 . ទឹកស៊ីអ៊ីវ ទឹកត្រី-ល- ៈ យើងត្រូវបើកប្រើស្ទើរតែរាល់ថ្ងៃ ទើបមិនចាំបាច់ត្រូវទុកក្នុងទូទឹកកកទេ តែអ្នកគ្រូ ឆវីសូមសង្កត់ធ្ងន់លើភាពស្អាតបាតមានអនាម័យ ទើបបន្ទាប់ពីប្រើហើយ ត្រូវជូតដបឱ្យស្អាត និងបិទគម្របឱ្យជិត តែប៉ុណ្ណឹងក៏អស្ចារ្យទៅហើយ។

     

    5 . ប្រេងឆា និងប្រេងប្រភេទផ្សេងៗ ៈ មិនបាច់ទុកក្នុងទូទឹកកកទេ។ អ្នកគ្រូ ឆវី ធ្លាប់យកទៅទុកក្នុងហ្នុងហើយ ដល់ពេលយកចេញមកប្រើ ស្រាប់តែឃើញមានដូចជាកករសៗដូចស៊ុតសរបស់មាន់ពេញមួយដបតែម្ដង និងថែមទាំងចាក់មិនចេញ ត្រូវទុកចោលនៅខាងក្រៅឡើងយូរទម្រាំនឹងប្រើបាន ធ្វើឱ្យអស់អារម្មណ៍ លែងចង់ធ្វើម្ហូបតែម្ដង។

    6 . មើមដំឡូងជ្វា ដំឡូងបារាំង ដំឡូងឈើ មើមត្រាវ ៈ ក៏មិនចាំបាច់ដាក់ចូលក្នុងទូទឹកកកដែរ គ្រាន់តែដាក់ក្នុងកញ្រ្ចែងទុកក្នុងចង្រ្កានបាយទៅបានហើយ ធ្វើឱ្យមើមវានៅស្រស់ល្អផង តែបើដាក់ក្នុងទូទឹកកក សម្បកវានឹងទន់ ថែមទាំងបើសិនជាមានស្នាមបែក ឬមុតរយះផងនោះ នឹងធ្វើឱ្យឆាប់ស្អុយរលួយ ឬឡើងខ្មៅទៀតផង។

    7 . ត្រឡាច ល្ពៅ -ល- ៈ អាចរក្សាទុកនៅក្រៅទូទឹកកកបាន លើកលែងតែហាន់ជាដុំៗ ឬចំណិតៗហើយ សឹមយកបន្ទះប្លាស្ទិកមករុំខ្ចប់ឱ្យជិតស្អាត រួចយកទៅទុកក្នុងទូទឹកកកចុះ។

    8 . តែ ឬម្សៅកាហ្វេ ៈ មិនគួរដាក់ក្នុងទូទឹកកកទេ លើកលែងត្រូវការបំបាត់ក្លិនរបស់វា។ យើងអាចប្រើស្លឹកតែស្ងួត និងម្សៅកាហ្វេដើម្បីកម្ចាត់ក្លិនមិនល្អនៅក្នុងទូទឹកកកបាន តែយើងលែងអាចយកវាមកឆុងញ៉ាំបានហើយ ព្រោះក្លិនវាបានប្រែប្រួលអស់ហើយ។

    9 . អាហារកំប៉ុងដែលមិនទាន់បើកញ៉ាំ ៈ (លើកលែងតែមានបញ្ជាក់ថា ត្រូវតែដាក់ក្នុងទូទឹកកក) និងក្នុងករណីយបើកកំប៉ុងប្រើហើយ គួរចាក់ចេញមកទុកនៅក្នុងភាជនៈ(ចាន ឬថង់-ល-)ផ្សេង មិនគួរទុកនៅក្នុងកំប៉ុងទៀតទេ ព្រោះកំប៉ុងអាចកើតច្រែះបាន។

    ការពិត នៅមានរបស់ជាច្រើនប្រភេទទៀតដែលអាចរក្សាទុកនៅក្រៅទូទឹកកកបាន តែអ្វីដែលប្រាកដនោះគឺ ចង់ទុកនៅក្នុង ឬក្រៅទូទឹកកកក៏ដោយ យើងគួរតែសម្អាតវាឱ្យបានស្អាត ព្រោះវានឹងជួយពន្យារអាយុរបស់អាហារ ឬវត្ថុទាំងនោះបានកាន់តែយូរឡើង៕