Category: សង្គម និងសេដ្ឋកិច្ច

  • ការស្ដារសេចក្ដីស្នេហាឡើងវិញក្នុងជីវិតប្ដីប្រពន្ធ

    ការស្ដារសេចក្ដីស្នេហាឡើងវិញក្នុងជីវិតប្ដីប្រពន្ធ

    គេនិយាយថា “ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ” តែដល់ពេលនៅជាមួយគ្នាយូរៗទៅ “ទោះឃ្លានក៏លែងឆ្ងាញ់ ទោះស្រឡាញ់ក៏លែងល្អ”។ ហេសៗ រឿងបែបនេះ តើវាជាការពិត ឬយ៉ាងណា?។

    វាក៏ដូចជារាងពិបាកនឹងប្រាប់ដែរ ព្រោះថា គូស្វាមីភរិយាជាច្រើនគូក៏នៅតែផ្អែមល្ហែមនឹងគ្នា ទោះជាពេលវេលាកន្លងទៅយូរសែនយូរយ៉ាងណាក៏ដោយ ដូច្នេះយើងនាំគ្នាមកមើលថា តើពួកគេទាំងនោះធ្វើយ៉ាងណាខ្លះ ទើបសម្ព័ន្ធភាពស្នេហ៍របស់ពួកគេនៅតែស្ថិតស្ថេរយូរអង្វែង និងផ្អែមល្ហែមរៀងរាល់ថ្ងៃបែបហ្នឹង?។

    “រឿងបែបហ្នឹងហ្អេ៎? គ្មានអ្វីពិបាកសោះ គ្រាន់តែនិយាយគ្នាឱ្យដឹង និយាយគ្នាដោយពាក្យដែលពីរោះត្រចៀក និងមិនប៉ះពាល់ក្ដៅក្រហាយដល់ចិត្តគ្នាទៅបានហើយ តែប៉ុណ្ណឹងឯង។ ប្ដីខ្ញុំ គាត់ជាមនុស្សមិនសូវមាត់ក និងគួរឱ្យស្រឡាញ់ ខ្ញុំថាយ៉ាងម៉េច ក៏គាត់មិនដែលប្រកែកដែរ តែបើថ្ងៃណា ស្រាប់តែគាត់ប្រកែកឡើង ខ្ញុំក៏ព្រមតាមគាត់ដូចគ្នាទៅ។ បែបហ្នឹងគេហៅថា ស្គាល់ពីចិត្តគេ ស្គាល់ពីចិត្តយើង នៅជាមួយគ្នាបានយូរ និងមិនចេះធុញទ្រាន់ឡើយ”

    “ផស់ខ្ញុំវិញហ្អេ៎? ម៉ាក់ប្រាប់ថា មនុស្សប្រុស បើញ៉ាំឆ្អែតគ្រប់យ៉ាងហើយ ធានាថាមិនទៅណាទេ…ខ្ញុំក៏ព្យាយាមរិះរកវិធីឱ្យគាត់បានទទួលទានអាហារយ៉ាងមានសេចក្ដីសុខ។ ពេលញ៉ាំបាយជាមួយគ្នា ក៏នឹងមិននិយាយពីរឿងការងារ ឬរឿងអ្វីដែលធ្វើឱ្យមិនសប្បាយចិត្តទេ ថែមទាំងបើថ្ងៃណាគាត់កើតមានអារម្មណ៍ភិសវង់ផង ក៏ផ្ដល់ឱ្យគាត់បានឆ្អែតជាមួយនឹងសេចក្ដីស្នេហាដែលយើងប្រគល់ឱ្យទាំងកាយ និងចិត្តដោយក្ដីស្មោះស្ម័គ្រ និងឆ្អែតទៅជាមួយសេចក្ដីសុខដែលកើតពីទង្វើរបស់យើងរួមគ្នា។ បែបនេះ នៅជាមួយគ្នាប៉ុន្មានឆ្នាំ ក៏នៅតែផ្អែមល្ហែមដូចមុនដដែលដែរ”

    “ខ្ញុំវិញ ពេលឃើញភរិយាគាត់រាងដូចជាធុញៗ ក្រញូវៗ ខ្ញុំក៏ធ្វើខ្លួនឱ្យសប្បាយរីករាយ ឬនិយាយរឿងកំប្លុកកំប្លែងឱ្យស្ដាប់ ព្យាយាមនាំគាត់ចេញពីស្ថានការណ៍ដែលធ្វើឱ្យគាត់មិនសប្បាយចិត្ត ជួយគាត់ធ្វើការងារផ្ទះខ្លះទៅ នាំទៅដើរលេងនៅទីនេះ ទីនោះខ្លះទៅ មិនយូរប៉ុន្មានគាត់ក៏តាំងស្មារតីបានឡើងវិញ និងសប្បាយរីករាយដូចមុនបាត់ទៅហើយ…”

    “យើងពីរនាក់ទៅដើរលេងជាមួយគ្នានៅថ្ងៃឈប់ចុងសប្ដាហ៍យ៉ាងហោចណាស់ក៏មួយខែម្ដងដែរ។ ពេលដែលបានទៅនៅជាមួយគ្នាតែពីរនាក់នៅក្នុងកន្លែងដែលសែនស្ងប់ស្ងាត់ និងរ៉ូមែនទិកនោះ រឿងរ៉ាវរបស់ក្ដីផ្អែមល្ហែមក្នុងអតីតកាលក៏ត្រឡប់មកជាថ្មី ហើយជីវិតគូរបស់យើងក៏រលូនជាមួយគ្នារហូតមកដល់សព្វថ្ងៃនេះ។ គេនិយាយថា ជីវិតត្រូវមានតុល្យភាពទាំងមុខនាទីការងារ និងរឿងរបស់គ្រួសារ បើធ្វើបានបែបហ្នឹង ធានាថា អតីតកាលដែលផ្អែមល្ហែមនឹងនៅតែត្រឡប់មកឱ្យយើងបានជួបជានិច្ច”

    “ការពិតទៅ រឿងដែលគួរឱ្យធុញទ្រាន់បំផុត គឺភាពដដែលៗរវាងគ្នានឹងគ្នា និងគ្មានអ្វីដែលគួរឱ្យរំភើបឡើយ ដូចជីវិតរបស់យើងដែលព្រឹកឡើងក៏ទៅធ្វើការ ល្ងាចត្រឡប់មកវិញក៏អស់កម្លាំង ឱកាសចង់ស៊ិះស៊ុសគ្នាក៏កាន់តែតិចទៅ ព្រោះស្រ្តីមេផ្ទះ គេការងារច្រើន យូរៗទៅក៏ធុញក្នុងការស្រឡាញ់គ្នា ដល់អ៊ីចឹង ភាពស្និទ្ធស្នាលគ្នាក៏ចាប់ផ្ដើមរលាយបាត់។ តែល្អណាស់ ដែលខ្ញុំចេះសង្កេតឃើញទាន់ និងចាប់ផ្ដើមកែសម្រួលខ្លួនដោយធ្វើការងារឱ្យតិចជាងមុន មានពេលនាំភរិយាទៅដើរលេងនៅទីនេះ ទីនោះឱ្យបានច្រើនឡើង។ លុះពេលមានបរិយាកាសល្អៗ រឿងរ៉ាវរបស់សេចក្ដីស្រឡាញ់ និងចំណង់រវាងគ្នានិងគ្នាក៏ត្រឡប់មកជាថ្មី ហើយនៅពេលមានសេចក្ដីសុខជាមួយគ្នាញឹកញាប់ទៅ អ្វីៗជាច្រើនវាក៏ត្រឡប់មកដូចដើមវិញ”

    “ខ្ញុំសង្កេតឃើញថា ក្រោយពីបានរស់នៅជាមួយគ្នាហើយ គាត់ប្រែប្រួលមិនដូចពីមុន ខ្ញុំក៏ខិតខំព្យាយាមក្នុងការធ្វើគ្រប់យ៉ាងឱ្យគាត់ដូចដើមវិញ ប្រាប់ឱ្យគាត់ចេះយកចិត្តគ្នាខ្លះ ប្រាប់ឱ្យគាត់ត្រឡប់មកផ្ទះវិញទៀងពេលខ្លះ ទាំងការងាររបស់គាត់ក៏ច្រើន។ ពេលនោះប្រៀបដូចជាមនុស្សឆ្កួត ព្យាយាមប្រើអំណាចដើម្បីគ្រប់គ្រងគាត់ឱ្យបានដូចចិត្តខ្លួនឯងចង់បាន តែមើលទៅហាក់ដូចជាកាន់តែធ្វើ កាន់តែយ៉ាប់យ៉ឺនឡើង។ គាត់ព្យាយាមរកវិធីគេចវេះពីការនៅក្បែរគ្នា ដែលវារឹតតែធ្វើឱ្យខ្ញុំខឹងគាត់កាន់តែខ្លាំងឡើង និងកាចឡើងៗ។ គាត់ក៏ចាប់ផ្ដើមឆ្ងាយទៅៗ ពេលនោះគិតថា មិនយូរទេជីវិតគូរបស់យើងនឹងដួលរលំមិនខាន…។

    លុះមកដល់ថ្ងៃមួយ ពេលនៅម្នាក់ឯងស្ងាត់ៗ ក៏នឹកឃើញថា ដែលប្រាប់ខ្លួនឯងថាគាត់ប្រែប្រួលមិនដូចមុននោះ ការពិតទៅគាត់ប្រែប្រួល ព្រោះមកពីយើងប្រែប្រួលខ្លួនឯងទេតើ!។ លុះនឹកឃើញដូច្នេះហើយ ក៏ចាប់ផ្ដើមកែសម្រួលខ្លួនឯងជាថ្មី ឱ្យត្រឡប់មកជានារីម្នាក់ដែលគាត់ធ្លាប់សុំសេចក្ដីស្នេហា និងសុំរៀបការជាមួយកាលពីមុន។ ប្លែកមែនទែន តែជារឿងពិត! គាត់ក៏ចាប់ផ្ដើមប្រែប្រួលត្រឡប់ក្លាយមកជារូបគាត់ដែលគួរឱ្យស្រឡាញ់ដែលធ្លាប់មកសុំសេចក្ដីស្នេហាពីយើងដូចកាលពីមុនវិញដែរ…បន្ទាប់ពីនោះមក ខ្ញុំក៏លែងត្រឡប់ទៅជានាងយក្ខិនីទៀត ឯគាត់ក៏ត្រឡប់មកជាតួឯកដ៏សែនល្អរហូតតទៅដូចគ្នា”

    ទាំងអស់នោះ ប្រហែលវាជាផ្នែកមួយរបស់ជីវិតពិតដែលបានកើតឡើង និងអាចហៅអតីតកាលដ៏សែនផ្អែមល្ហែមឱ្យត្រឡប់មកសាជាថ្មីវិញបាន តែ តើមានអ្នកណាអាចដឹងទេថា ហេតុអីបានពួកគេអាចហៅភាពផ្អែមល្ហែមរបស់ជីវិតគូឱ្យត្រឡប់មកវិញបាន?

    ចម្លើយក៏គឺ ពួកគេមើលឃើញអំពើល្អរបស់គ្នាទៅវិញទៅមក ព្រោះនៅពេលដែលមនុស្សយើងមើលឃើញអំពើល្អរបស់គ្នាទៅវិញទៅមកហើយ រឿងអ្វីក៏អាចធ្វើបានដែរសម្រាប់មនុស្សល្អម្នាក់នោះ គឺមនុស្សដែលយើងស្រឡាញ់…

    ដោយអ្នកគ្រូ ឆវី

  • ទំនើបណាស់! រ៉ូបូត ចេះធ្វើតេស្តមនុស្ស រករោគសញ្ញាកូវីដ-19

    ទំនើបណាស់! រ៉ូបូត ចេះធ្វើតេស្តមនុស្ស រករោគសញ្ញាកូវីដ-19

    ​ជំនួស​ឱ្យ​ការ​ធ្វើ​តេស្ត​រក​កូវីដ-19 ដោយ​ដៃមនុស្សផ្ទាល់ ​ក្រុម​ Medtech startup ​បាន​ស្រាវជ្រាវ​បង្កើត​បាន​​ស្នាដៃ​ថ្មី​មួយ​ ​ដោយ​ដំឡើងរ៉ូបូត​ ​ឱ្យ​ចេះ​ធ្វើ​តេស្ត​មនុស្ស​រក​រោគ​សញ្ញា​កូវីដ-19 ​ដោយ​យក​ឧបករណ៍​ស្ទង់ដាក់​ចូល​ច្រមុះ​ផ្ទាល់ ដូច​ដែល​វេជ្ជបណ្ឌិត​ធ្លាប់​ធ្វើ​ដូច្នោះដែរ។ រ៉ូបូត​នោះ​ ​លោក Chen Chieh-Hsiao ជា​អ្នក​​បង្កើត​ដំបូង​គេ។

    ​ទោះជា​វាឆ្លាត​វៃមែន ប៉ុន្តែ​ដំណើរ​ការទាំង​ស្រុង​នៃ​ការ​ធ្វើ​តេស្ត​នោះ​ក៏​តម្រូវ​ឱ្យ​មាន​​ការ​គ្រប់គ្រង​ពី​មនុស្ស​ដែរ​។ លោកអ្នក​ត្រូវ​មាន​​ឧបករណ៍ជំនួយ និង​អនុវត្ត​តាម​ដំណាក់កាល​នីមួយៗ​ ដោយ​ប្រុង​ប្រយ័ត្ន មុន​នឹង​ឱ្យរ៉ូបូត​នោះ ញ៉ុក​ចូល​​ច្រមុះ​អ្នក​បន្តិចម្ដងៗ យ៉ាង​យឺតៗ និងមិន​បង្ខំ​។

    ​ឧបករណ៍ Medtech នោះ​មាន​បង្កប់​កាមេរ៉ា​សេនស័រ depth-sensing camera ​ដែល​មាន​នាទី​អាច​ដឹង​ពី​ស្ថានភាព​អាច​យក​​សំណាក​​ពីអ្នក​ជំងឺ ​មក​វិភាគ​បាន។​

    សូមទស្សនា​ដំណាក់កាល​នីមួយ​ៗ​ដូច​ខាង​ក្រោម៖

    https://www.youtube.com/watch?v=tN7BOJFZqYM

  • Suzuki Cup នឹងធ្វើឡើងនៅឆ្នាំ2021 ដោយកំណត់យកខែមេសា

    Suzuki Cup នឹងធ្វើឡើងនៅឆ្នាំ2021 ដោយកំណត់យកខែមេសា

    សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ដែលមានសមាជិក 12ប្រទេស បានធ្វើការប្រកាសពីកាលបរិច្ឆេទថ្មី ពោលគឺគ្រោងធ្វើនៅចន្លោះថ្ងៃទី11 ខែមេសា ដល់ថ្ងៃទី8 ខែឧសភា ឆ្នាំ2021។

    ចំពោះរូបមន្តនៃការប្រកួតនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយរង់ចាំមើល ថាតើគ្រប់ប្រទេសទាំងអស់អាចធ្វើជាម្ចាស់ផ្ទះបានទេ។ ប្រសិនជាមិនមានបញ្ហាទេនោះ គឺនឹងធ្វើឡើងតាមរូបមន្តចាស់ដោយប្រទេសនីមួយៗ ត្រូវវិលជុំ ធ្វើជាម្ចាស់ផ្ទះ។ តែប្រសិនជាមិនបាន អាចនឹងជ្រើសរើសយកប្រទេស1 ឬ2 មកធ្វើជាម្ចាស់ផ្ទះតាមពូលនីមួយៗ ដោយវៀតណាមអាចជាបេក្ខភាពចម្បងមុនគេ។

    ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup គឺជាការប្រកួតកីឡាបាល់ទាត់ធំជាងគេ និងមានកិត្យានុភាពបំផុតនៅអាស៊ីអាគ្នេយ៍ ហើយគម្រោងដើមសម្រាប់ការប្រកួតនៅឆ្នាំ2020​ គឺគ្រោងធ្វើនៅចន្លោះពីថ្ងៃទី23 ខែវិច្ឆិកា ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 តាមរូបបមន្តប្រកួត 2លើកក្រៅទឹកដី និង 2លើកក្នុងទឹកដីខ្លួនឯង៕

  • ត្រឹមតែ 7ខែ នៃឆ្នាំ2020នេះ ចិននាំចេញស្មាតហ្វូន 5G បានជាង 140លានគ្រឿង

    ត្រឹមតែ 7ខែ នៃឆ្នាំ2020នេះ ចិននាំចេញស្មាតហ្វូន 5G បានជាង 140លានគ្រឿង

    ​ថ្មីៗ​នេះ​របាយ​ការណ៍​ពី Counterpoint Research បាន​ប្រកាសឱ្យដឹង ពីចំនួន​នាំ​ចេញ​ស្មាតហ្វូនរបស់ប្រទេសផលិតស្មាតហ្វូនទាំងអស់នៅទូទាំងពិភពលោក។ ក្នុង​នោះ​គេ​​ដឹង​ថា ប្រទេសចិន ដែល​ជា​ប្រទេសផលិត​ស្មាតហ្វូន​ធំ​ជាង​គេ​លើ​ពិភពលោក បាន​នាំ​ចេញស្មាតហ្វូន5G ជាង​​ 140លាន​គ្រឿង​ទៅ​ក្រៅ​ប្រទេស ​ត្រឹម​តែរយៈពេល 7​ខែ​ នៃ​ឆ្នាំ2020 ប៉ុណ្ណោះ។

    ​តួលេខនាំចេញស្មាតហ្វូន​មាន​5G ដ៏​ច្រើន​សម្បើម​បែប​នេះ មិន​ទាន់​រាប់​បញ្ចូល​ឧបករណ៍​​អេឡិចត្រូនិច​ផ្សេងៗទៀត​ផង។ ​យោង​តាម​ប្រភព​ដដែល​បាន​ឱ្យដឹង​ថា Huawei, Xiaomi, Oppo, Realme និង ​OnePLus ​សុទ្ធ​តែ​ជាក្រុមហ៊ុន​ខ្នាត​យក្ស​ ដែលទទួលបានការ​បញ្ជា​ទិញ​ស្មាតហ្វូន​ទាំងក្នុង និងក្រៅប្រទេសទាំងអស់។ ​លើស​ពី​នេះ​ទៀត ​បច្ចុប្បន្ន​ក្នុង​ប្រទេស​ចិនផ្ទាល់​ ​កំពុងមានការ​សាងសង់​ស្ថានីយ​ផ្គត់ផ្គង់ ​និង​ចែកចាយ​ដែន​សេវា 5G ​បាន​ចំនួន​ច្រើន​ជាង 600,000ទីតាំង​​ហើយ។

    សម្រាប់ Apple ​ដែល​គ្រោង​នឹង​បញ្ចេញ iPhone 12 5G ​ក៏​អាច​នឹង​ធ្វើ​ឱ្យចំនួនសរុបនៃការនាំចេញ​ខាង​លើ​នេះ កើន​ឡើង​បន្ថែម​ទៀត​ផង​ដែរ នាដំណាច់​ឆ្នាំ2020 ខាង​មុខ​នេះ៕

  • Ruben Dias ចូលរួមជាមួយនឹង Manchester City

    Ruben Dias ចូលរួមជាមួយនឹង Manchester City

    កាលពីយប់ថ្ងៃច័ន្ទ ទី28 ខែកញ្ញា ឆ្នាំ2020 កន្លងទៅនេះ ក្លិបបាល់ទាត់ ​Manchester City បានប្រកួតចាញ់ក្រុមកំពូលតារាងទើបតែឡើងជើង Leicester City ក្នុងលទ្ធផលទក់សាច់គឺ 5ទល់នឹង2 ដែលអាចនិយាយបានថា ជាការប្រកួតដែលចាញ់ច្រើនបំផុតក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះរបស់​ Man City។

    បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ក្លិប​ព័រទុយហ្គាល់​ ​ Benfica ​បាន​ឱ្យ​ដឹង​ថា Ruben Dias ត្រូវ​បាន​ Manchester City ទិញ​បាន​ក្នុង​តម្លៃ​ជិត​ 80លាន​ដុល្លារ ជាមួយ​នឹង​ប្រាក់​បន្ថែម​ចំនួន​ជាង 5លាន​ដុល្លារទៀត។

    គួរឱ្យដឹងដែរថា ទោះបីជាបែបនេះក្តី ក្លិប Man City មិនទាន់ប្រកាសជាផ្លូរការនៅឡើយទេ គឺបានត្រឹមតែបង្ហើបថា នឹងមានកីឡាករថ្មី មកចូលរូមជាមួយ ដោយរង់ចាំប្រកាស នៅថ្ងៃបង្ហាញខ្លួនជាផ្លូវការតែម្តង៕

  • កូរ៉េខាងជើង ដែនដីអាថ៌កំបាំង ដែលអ្នកទេសចរគួរទៅលេងឱ្យបានម្ដង

    កូរ៉េខាងជើង ដែនដីអាថ៌កំបាំង ដែលអ្នកទេសចរគួរទៅលេងឱ្យបានម្ដង

    បើនិយាយអំពីប្រទេស កូរ៉េខាងជើង តើមិត្តអ្នកអាននឹងដល់រឿងអ្វីខ្លះ? ប្រទេសកុម្មុយនីស្ត? សង្គមផ្ដាច់ការ? ការគ្រប់គ្រងដ៏កាចសាហាវ? ឬផ្ទៃមុខរបស់លោក គីម ជុង អ៊ុន?

    ជាមួយនឹងប្រទេសដែលមិនអនុញ្ញាតឱ្យនរណាចូល-ចេញងាយៗ ដែលអ្នកទេសចរត្រូវប្រតិបត្តិតាមរបៀបវិន័យដ៏តឹងរ៉ឹងនោះ ពិតជាមានប្រភពទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ និងនៅស្រស់ស្អាតបរិសុទ្ធច្រើនមិនខាន។ ថ្ងៃនេះ យើងសូមនាំមិត្តអ្នកអានទៅពិនិត្យមើលកន្លែងទេសចរណ៍ 10ទីតាំងក្នុងប្រទេសកូរ៉េខាងជើងថា តើដែនដីអាថ៌កំបាំងមួយនេះមានអ្វីល្អៗឱ្យយើងចង់ទៅកម្សាន្តខ្លះ?

    1 . វាំង សុរិយា គុម ស៊ូ សាន់(Kum su san Palace of the Sun)

    វាំង សុរិយា គុម ស៊ូ សាន់ ស្ថិតនៅទិសខាងកើតឆៀងខាងជើងនៃក្រុងព្យុងយ៉ាង រដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើង ធ្លាប់ជាទីកន្លែងប្រជុំសភា និងវិមានរបស់ប្រធានាធិបតី គីម អ៊ីល ស៊ុង ស្ថាបនិកប្រទេសកូរ៉េខាងជើងដ៏អមតៈ។ រហូតដល់ពេលអនិច្ចកម្ម ទើបទីកន្លែងនេះត្រូវបានប្ដូរមកជាកន្លែងតម្កល់សពរបស់លោក និងសពរបស់ គីម ជុង អ៊ីល ដែលជាកូនប្រុសផងដែរ។ បច្ចុប្បន្ន វាំង សុរិយា គុម ស៊ូ សាន់ គឺជាកន្លែងតម្កល់សពដ៏ធំបំផុតដែលឧទ្ទិសដល់មេដឹកនាំកុម្មុយនីស្តដែលអ្នកទេសចរទាំងឡាយមិនគួរខកខានឡើយ។

    2 . ទីលាន គីម អ៊ីល ស៊ុង( Kim IL-sung Square)

    ទីលាន គីម អ៊ីល ស៊ុង ស្ថិតនៅប៉ែកខាងលិចនៃទន្លេ ធែដុង ជាទីលានខ្នាតធំបំផុតរបស់ទីក្រុងព្យុងយ៉ាង មានផ្ទៃដីទាំងអស់ 75,000 ម៉ែត្រក្រឡា ដែលអាចផ្ទុយមនុស្សបានច្រើនជាង 100,000នាក់។ ជាទីកន្លែងជួបជុំ និងមានភាពសំខាន់ខ្លាំងបំផុតនៅក្នុងពិធីព្យុហយាត្រាបង្ហាញពីសក្ដានុពលខាងយោធាដែលតែងបង្ហាញឱ្យពិភពលោកបានឃើញតាមសារព័ត៌មានជាញឹកញាប់។

    3 . រថភ្លើងក្រោមដី ព្យុងយ៉ាង

    ស្អាតជាប់ក្នុងលំដាប់ Top Ten របស់ពិភពលោក និងមានជម្រៅទៅក្រោមដីជ្រៅបំផុតក្នុងពិភពលោកដល់ទៅ 110ម៉ែត្រ។

    គោលបំណងដែលត្រូវសាងស្ថានីយរថភ្លើងក្រោមដីឱ្យជ្រៅខ្លាំងដល់ថ្នាក់នេះ គឺដោយសារតែត្រូវប្រើប្រាស់ធ្វើជាកន្លែងសុវត្ថិភាព គេចពីគ្រោះភ័យ បើសិនជានាពេលអនាគតកើតមានសង្រ្គាមនុយក្លេអ៊ែរឡើង និងមានខ្សែរថភ្លើងបម្រើសេវាកម្ម 2ខ្សែ 17ស្ថានីយ និងក្នុងចម្ងាយផ្លូវសរុបជាង 28គីឡូម៉ែត្រ។

    4 . ស្ដូបអនុស្សាវរីយ៍ ជូឆេ(Juche Tower)

    ស្ដូបអនុស្សាវរីយ៍ ជូឆេ និមិត្តសញ្ញានៃលទ្ធិ ជូឆេក្នុងប្រទេសកូរ៉េខាងជើង កសាងឡើងដើម្បីទុកជាអនុស្សាវរីយ៍គម្រប់ខួប 70ឆ្នាំរបស់លោកប្រធានាធិបតី គីម អ៊ីល ស៊ុង។ ស្ដូបនេះមានកម្ពស់ជាង 170ម៉ែត្រ នៅគ្រឹះខាងក្រោមមានរូបចម្លាក់កម្មករ កសិករ និងបញ្ញជន ឈរកាន់ញញួរ កណ្ដៀវ និងជក់ បង្ហាញពីបក្ស ពលករនៅក្នុងកូរ៉េខាងជើង។ ពេលឡើងទៅដល់ជាន់លើបំផុតរបស់ស្ដូប ភ្ញៀវទេសចរអាចមើលឃើញទេសភាព ផាណូរ៉ាម៉ា បានទូទាំងទីក្រុង លុះដល់ពេលយប់ នឹងមានភ្លើងហ្វាបាញ់បញ្ចាំងចំតួស្ដូបធ្វើឱ្យភ្លឺចិញ្ចាញលេចធ្លោក្នុងពេលរាត្រី។

    5 . ក្លោងទ្វារជ័យព្យុងយ៉ាង(Arch of Triumph)

    ក្លោងទ្វារជ័យព្យុងយ៉ាង ឬហៅជាភាសាកូរ៉េថា គែ សន់ ម៊ុន សាងឡើងក្នុងអំឡុងឆ្លងថ្ងៃខួបកំណើតគម្រប់ 70ឆ្នាំរបស់មហាបុរស គីម អ៊ីល ស៊ុង និងជានិមិត្តសញ្ញានៃការតតាំងប្រឆាំងជប៉ុនក្នុងអំឡុងឆ្នាំ 1925 – 1945។ ក្លោងទ្វារជ័យនេះមានកម្ពស់ 60ម៉ែត្រ ជាកម្ពស់ជាលំដាប់លេខ2 ក្នុងពិភពលោកបន្ទាប់ពីប្រទេសម៉ិកស៊ិក និងធំទូលាយខ្លាំងល្មមអាចឱ្យរថយន្តបើកចូល-ចេញបាន 2លេនធំៗ។

    6 . សារមន្ទីរ សន្តិភាពរបស់កូរ៉េខាងជើង(North Korea Peace Museum)

    សារមន្ទីរ សន្តិភាពរបស់កូរ៉េខាងជើងស្ថិតនៅជិតនឹង Joint Security Area ក្នុងតំបន់គ្មានកងទ័ពរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ កសាងឡើងដើម្បីចុះហត្ថលេខាក្នុងសន្ធិសញ្ញាបញ្ចប់សង្រ្គាមនៅថ្ងៃទី27 កក្កដា ឆ្នាំ1957 បច្ចុប្បន្នបានដាក់តាំងបង្ហាញពីសព្វាវុធដែលប្រើសម្រាប់សម្លាប់ទាហានអាមេរិកគ្រប់ប្រភេទ។

    7 . សារមន្ទីរផ្ទះកំណើតរបស់មហាបុរស គី អ៊ីល​ ស៊ុង ភូមិ ម៉ាន់ យ៉ង់ ដេ

    ភូមិ ម៉ាន់ យ៉ង់ ដេ គឺជាទីកំណើតរបស់អតីតប្រធានាធិបតី គីម អ៊ីល ស៊ុង បច្ចុប្បន្នក្លាយជាសារមន្ទីរខ្នាតតូចមួយ ហ៊ុមព័ទ្ធទៅដោយសួនច្បារដ៏ម្លប់ត្រឈៃ និងដងអូរតូចមួយ ដោយមានផ្ទះជាប់នឹងដីដាក់តាំងបង្ហាញចំនួន 3ខ្នង មានដូចជា ផ្ទះស្នាក់នៅ ផ្ទះទុកដាក់របស់របរ និងផ្ទះបាយ។ មួយខ្នងៗសុទ្ធតែមានដាក់បង្ហាញរបស់របរប្រើប្រាស់យ៉ាងគ្រប់សព្វ រួមទាំងរូបថតក្រុមគ្រួសាររបស់លោកប្រធានព្យួរនៅតាមជញ្ជាំងទៀតផង។

    មិនគួរឱ្យជឿឡើយថា ប្រទេសដែលមើលទៅហាក់ដូចជាគ្មានអ្វីដែលគួរឱ្យទៅទស្សនាកម្សាន្ត ប្រទេសដែលបិទជិត បែរខ្នងដាក់ប្រជាជនទូទាំងពិភពលោកមួយនេះ បែរជាមានកន្លែងទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ច្រើនដល់ថ្នាក់នេះសោះ។ អ្នកណាចង់ធ្វើដំណើរទៅស្វែងរកបទពិសោធថ្មីៗ ក៏សូមសាកល្បងឱ្យបានម្ដង តែត្រូវប្រតិបត្តិតាមច្បាប់ដែលគេកំណត់ ជាពិសេស ហាមថតរូបក្នុងកន្លែងដែលគេហាម តែប៉ុណ្ណឹងបានដើរលេងកម្សាន្តយ៉ាងសប្បាយចិត្ត និងត្រឡប់មកវិញយ៉ាងមានសុវត្ថិភាពហើយ៕

  • ក្រុមហ៊ុននៅពីក្រោយជោគជ័យរបស់ Among Us ៖ មាន​បុគ្គលិក​តែ​3​នាក់​គត់​ ប៉ុន្តែ​រក​ចំណូល​​បាន​3.2​លាន​ដុល្លារ​ពីការ​លក់​ឧបករណ៍​ស្រមោល!

    ក្រុមហ៊ុននៅពីក្រោយជោគជ័យរបស់ Among Us ៖ មាន​បុគ្គលិក​តែ​3​នាក់​គត់​ ប៉ុន្តែ​រក​ចំណូល​​បាន​3.2​លាន​ដុល្លារ​ពីការ​លក់​ឧបករណ៍​ស្រមោល!

    នៅក្នុងថ្ងៃទី25កញ្ញា ឆ្នាំ2020កន្លងទៅ ចំនួនអ្នកដែលបានលេងហ្គេម Among Us ក្នុងពេលតែមួយនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង3.5លាននាក់។

    Among Us គឺជាហ្គេមមួយដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីបណ្ដាអ្នកលេងនៅក្នុងប្រទេសជាច្រើនក្នុងពិភពលោក។ ចំនួនអ្នកលេងហ្គេមនេះ បានកើនឡើងទៅតាមបែបទ្វេគុណ ដូច្នេះ ក្រុមអ្នកអភិវឌ្ឍក៏បានប្រកាសថា នឹងរំសាយចោលគម្រោងអភិវឌ្ឍវគ្គបន្ទាប់ ដើម្បីយកពេលវេលាមកថែទាំវគ្គបច្ចុប្បន្ន។

    យោងតាមស្ថិតិ បានបង្ហាញថា Among Us មានអ្នកលេងជាង1លាននាក់នៅក្នុងថ្ងៃទី3កញ្ញា។ មកដល់ពាក់កណ្ដាលខែកញ្ញា ហ្គេមនេះមានអ្នកទាញយកមកលេងនៅលើឧបករណ៍ចល័តចំនួនជាង86.6លានលើក។ ថ្ងៃទី25កញ្ញា ចំនួនអ្នកលេងក្នុងពេលតែមួយនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង3.5លាននាក់។

    ជាមួយនឹងជោគជ័យនេះ មានមនុស្សតិចណាស់ដែលដឹងថា InnerSloth គឺជាក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក មានសមាជិកតែ3នាក់ប៉ុណ្ណោះ រួមមានអ្នកសរសេរកូដម្នាក់ វិចិត្រករម្នាក់ និងអ្នករចនាក្រាហ្វិកម្នាក់។ Forest Willard គឺជាអ្នកសរសេរកម្មវិធី (កូដ) និងជាអ្នកគ្រប់គ្រងការងារជំនួញរបស់ក្រុមហ៊ុន។ កាលពីទើបតែបង្ហាញខ្លួន (2018) Among Us ត្រូវបានគេទាញយកមកលេង មិនដល់1,000លើកផង បើទោះជាទទួលបានចំណាប់អារម្មណ៍ពីក្រុមអ្នកលេងហ្គេមជាច្រើននៅកូរ៉េខាងត្បូង និងប្រេស៊ីល។

    រហូតមកដល់រដូវក្ដៅឆ្នាំ2020នេះ ទើប Among Us មានឈ្មោះល្បី បន្ទាប់ពីបានបង្ហាញវត្តមាននៅសហរដ្ឋអាមេរិក និងត្រូវបាន streamer ល្បីឈ្មោះនៅលើ Twitch ដែលមានមនុស្សចំនួន2.8លាននាក់បានចុះឈ្មោះក្នុងការផ្សាយផ្ទាល់ទិដ្ឋភាពនៃបទពិសោធន៍ជាមួយអ្នកលេងហ្គេមនេះ។ Among Us កាន់តែមានឈ្មោះល្បីខ្លាំង ក្រោយពីកំពូលអ្នកលេង YouTube ដែលមានឈ្មោះថា Pew DiePie និងសិល្បករមួយចំនួននៅសហរដ្ឋអាមេរិក ក្លាយជាសមាជិករបស់ក្រុមហោះហើររបស់ Among Us។

    Among Us យកថ្លៃ5ដុល្លារពីអ្នកលេងម្នាក់ៗនៅលើ PC Steam ឬ Itch.io។ ចំណែកនៅលើទូរស័ព្ទ ហ្គាមនេះមិនគិតថ្លៃនោះទេ ប៉ុន្តែមានការផ្សាយពាណិជ្ជកម្ម។ អ្នកលេងហ្គេម Among Us អាចទិញឧបករណ៍ស្រមោលបន្ថែមសម្រាប់តួអង្គរបស់ខ្លួន។

    Willard ឱ្យដឹងថា InneerSloth មានគម្រោងបន្ថែមមុខងារថ្មីមួយចំនួនទៀតសម្រាប់ Among Us ដូចជា ការបន្ថែមមិត្ត ឬទម្រង់គ្មានពណ៌ជាដើម។ បើតាម Willard មុខងារថ្មីទាំងនេះ នឹងជួយឱ្យអ្នកលេងទទួលបានភាពសប្បាយរីករាយកាន់តែងាយស្រួលជាងមុន។

    ក្រុមហ៊ុននៅពីក្រោយជោគជ័យរបស់ Among Us ៖ មានបុគ្គលិកតែ3នាក់គត់ ប៉ុន្តែរកបានចំណូលបាន3.2លានដុល្លារពីការលក់ឧបករណ៍ស្រមោល!បច្ចុប្បន្ន ក្រុមហ៊ុន InnerSloth បដិសេធការបង្ហើបឱ្យដឹងអំពីប្រាក់ចំណូលសរុបរបស់ហ្គេម Among Us នេះ។ ប៉ុន្តែ យោងតាមការវិភាគរបស់ Sensortower ចំនួនលើកដែល Among Us ត្រូវបានទាញមកលេងក្នុងខែសីហាឆ្នាំនេះ បានកើន661% បើធៀបនឹងខែកក្កដាឆ្នាំដដែល ពោលគឺឡើងដល់18.4លានលើក គឺច្រើនជាង18,000ដងបើធៀបនឹងតួលេខនៃការទាញយកនៅក្នុងដំណាក់កាលទើបបង្ហាញខ្លួន។ ចាប់ពីថ្ងៃទី1កញ្ញា ដល់ថ្ងៃទី14កញ្ញា តួលេខនៃការទាញយកថ្មី បានកើន127% ពោលគឺជិត42លានលើក ហើយតួលេខនេះនៅតែបន្តកើនឡើងរហូតមកដល់ពេលនេះ។

    សហរដ្ឋអាមេរិកគឺជាប្រទេសដែលនាំមុខគេក្នុងការលេងហ្គេម Among Us ដោយមានជាង20.5លាននាក់ ស្មើនឹង23.7% បើធៀបនឹងតួលេខនៃការទាញយកសរុប។ ចំណែកប្រេស៊ីលវិញ ឈរលំដាប់ទី2 (16.6លានលើក/19.2%) និងម៉ិកស៊ិក ឈរលំដាប់លេខ3 (6.8លានលើក/8%)។

    Among Us នៅលើ Google Play ត្រូវបានទាញយកជាង60.4លានលើក ខណៈនៅលើ Apple Store មានជាង26លានលើក។

    អំពីប្រាក់ចំណូលដែលបានមកពីការលក់ទំនិញស្រមោលទៅឱ្យអ្នកលេងហ្គេម មកដល់បច្ចុប្បន្ន Among Us រកបានជាង 3.2លានដុល្លារ ក្នុងនោះនៅសហរដ្ឋអាមេរិក Among Us រកបានជាង1.6លានដុល្លារ ស្មើនឹង48% នៃប្រាក់ចំណូលសរុប។ ប្រេស៊ីលឈរលេខ2 ជាមួយនឹងប្រាក់ចំណូលជាង335,000ដុល្លារ និងកូរ៉េខាងត្បូងឈរលេខ3 ជាមួយនឹងប្រាក់ចំណូលជាង330,000ដុល្លារ។

    Among Us រកបានប្រាក់ចំណូលជាង1.9លានដុល្លារនៅលើ Apple Store ខណៈនៅលើ Google Play ហ្គេមនេះរកបានជាង1.3លានដុល្លារ។

    ភាគីខាងក្រុមហ៊ុន InnerSloth បានឱ្យដឹងថា Among Us ទទួលបានចំណាប់អារម្មណ៍ និងការចូលលេងច្រើន គឺដោយសារវាមានវិធីលេងប្រកបដោយភាពងាយស្រួល និងនាំមកនូវការសប្បាយរីករាយ។ Among Us មានលក្ខណស្រដៀងគ្នាទៅនឹងល្បែងបៀ Werewolves of Millers Hollow ជាល្បែងដែលអ្នកលេងត្រូវគិត និងចោទប្រកាន់គ្នាដើម្បីស្វែងរកជនដៃដល់។ ចំណុចខុសគ្នា ប្រហែលជាទាក់ទិននឹងទិដ្ឋភាព និងភារកិច្ចដែលក្រុមទាំងពីរត្រូវធ្វើដើម្បីដណ្ដើមជោគជ័យ៕

    ប្រភព៖ CNN

  • កម្ពុជាកំពុងរៀបចំឯកសារនាំចេញសាច់គោទៅកាន់ទីផ្សារចិន

    កម្ពុជាកំពុងរៀបចំឯកសារនាំចេញសាច់គោទៅកាន់ទីផ្សារចិន

    ចិន ជាទីផ្សារកសិផលយ៉ាងសំខាន់មួយរបស់កម្ពុជា ព្រោះប្រទេសនេះបានអនុញ្ញាតឱ្យកម្ពុជា​នាំផលិតផលកសិកម្មជាច្រើនប្រភេទ​ទៅកាន់ទីផ្សាររបស់ខ្លួន​ដើម្បី​បំពេញតម្រូវការនៅក្នុងស្រុក។

    ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​បញ្ជាក់ថា​កម្ពុជា​កំពុងមមាញឹករៀបចំឯកសារ​ដើម្បីសុំការនាំចេញ​សាច់គៅទៅកាន់ទីផ្សារចិន។

    ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា យើងកំពុងរៀបចំស្នើសុំ​នាំចេញសាច់គោទៅកាន់ប្រទេសចិន។ ការរៀបចំនេះធ្វើឡើងដោយសារតែយើងមើលឃើញពីបញ្ហាប្រឈម​រវាងប្រទេសចិន និងប្រទេសអូស្ត្រាលីដែលជាប្រទេសនាំចេញសាច់គោទៅកាន់ប្រទេសចិន។ ហេតុនេះ យើងនឹងបង្កើនការផលិតសាច់គោ ដើម្បីនាំចេញទៅចិន ដែលរហូតមកដល់ពេលនេះយើងកំពុងមមាញឹក​ដើម្បីរៀបចំបែបបទ​ដើម្បីសុំការនាំចូល។

    ជាដំណាក់កាលដំបូងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងបានធ្វើលិខិតផ្លូវការមួយ ដើម្បីបញ្ជាក់ទៅកាន់ភាគីចិនថា យើងមានលទ្ធភាពក្នុងការនាំចេញសាច់គោ​ទៅកាន់ប្រទេសចិន។ ស្របពេលជាមួយគ្នានោះ ចិនក៏មានសំណួរជាច្រើនមកកាន់កម្ពុជាដែលយើងត្រូវធ្វើការឆ្លើយតប។

    ឯកឧត្តមបានបន្ថែមផងដែរថា ភាគីចិន​នឹងមកត្រួតពិនិត្យ​នូវអ្វីដែលកម្ពុជាបននាំចេញដើម្បីធានាថា​ហេដ្ឋារចនាសម្ព័ន្ធនៃការផលិត និងចិញ្ចឹម​ល្អ ត្រូវតាមស្តង់ដាដែលគេចង់បាន។ ប្រសិនបើគេរកឃើញថា​យើងធ្វើបានល្អ​នោះគេនឹងអនុញ្ញាត៕

  • ហូបអាហារមួយ​ពេល​អស់​ត្រឹម​ 7,200​រៀល​ ក្នុង​រយៈ​ពេល​5​ឆ្នាំ​ ប្ដី​ប្រពន្ធ​ជន​ជាតិ​អូស្ត្រាលី​មួយគូ ទិញបានផ្ទះតម្លៃរាប់លានដុល្លារ

    ហូបអាហារមួយ​ពេល​អស់​ត្រឹម​ 7,200​រៀល​ ក្នុង​រយៈ​ពេល​5​ឆ្នាំ​ ប្ដី​ប្រពន្ធ​ជន​ជាតិ​អូស្ត្រាលី​មួយគូ ទិញបានផ្ទះតម្លៃរាប់លានដុល្លារ

    ដោយសារតែមានការព្រួយបារម្ភចំពោះការដែលត្រូវបង់ថ្លៃផ្ទះជួល ប្ដីប្រពន្ធជនជាតិអូស្ត្រាលីមួយគូនេះ បានសម្រេចចិត្តកាត់បន្ថយការចំណាយទៅលើតម្រូវការទាំងអស់របស់ពួកគេ ដោយសង្ឃឹមថា នឹងមានផ្ទះផ្ទាល់ខ្លួនមួយខ្នងសម្រាប់ជ្រកកោន។

    ជារៀងរាល់ខែ ពួកគេត្រូវចំណាយប្រាក់យ៉ាងច្រើនដើម្បីបង់ថ្លៃផ្ទះដែលពួកគេជួលសម្រាប់ស្នាក់នៅ ដូច្នេះ គ្រួសាររបស់លោក Mattia អាយុ30ឆ្នាំ បច្ចុប្បន្នជានាយកក្រុមហ៊ុនទូរគមនាគមន៍មួយ បានសម្រេចចិត្តរស់នៅដោយការប្រិតសំច័យបំផុតតាមដែលអាចធ្វើទៅបាន។ មុននោះ ពួកគេបានជួលផ្ទះមួយកន្លែងដែលមានបន្ទប់គេងចំនួនមួយ និងស្ថិតនៅក្នុងទីក្រុង Sydney ប្រទេសអូស្ត្រាលី ក្នុងតម្លៃ 650 AUD (ដុល្លារអូស្ត្រាលី) ដែលស្មើនឹង​460ដុល្លារអាមេរិក ក្នុងមួយសប្ដាហ៍។

    ក្នុងរយៈពេល5ឆ្នាំ ពេលបាយរបស់គូស្វាមី-ភរិយានេះ គឺមានតែកាហ្វេឆុងដោយខ្លួនឯងមួយកូនប៉ាន់សម្រាប់ពេលព្រឹក ញាំបន្លែ បាយ និងត្រីធូណាសម្រាប់ពេលថ្ងៃត្រង់ និងពេលល្ងាច ដោយពេលខ្លះពួកគេប្ដូរមកហូបមីជំនួសវិញ។ លោក Mattia បានឱ្យដឹងថា អាហារមួយពេលបែបនេះ គាត់ចំណាយតែ2.5ដុល្លារអូស្ត្រាលី ដែលស្មើនឹង7,200រៀលតែប៉ុណ្ណោះ។ បន្លែ ផ្លែឈើដែលពួកគេជ្រើសរើស គឺតែងតែជាប្រភេទដែលមានសម្បកមិនសូវល្អ ដែលត្រូវបានផ្សារទំនើបប្រមូលដាក់លក់ដោយឡែក ដែលមានតម្លៃមិនដល់2AUD នោះដែរ។

    ហូបអាហារមួយពេលអស់ត្រឹម 7,200រៀល ក្នុងរយៈពេល5ឆ្នាំ ប្ដីប្រពន្ធជនជាតិអូស្ត្រាលីមួយគូ ទិញបានផ្ទះតម្លៃរាប់លានដុល្លារ
    ហូបអាហារមួយពេលអស់ត្រឹម 7,200រៀល ក្នុងរយៈពេល5ឆ្នាំ ប្ដីប្រពន្ធជនជាតិអូស្ត្រាលីមួយគូ ទិញបានផ្ទះតម្លៃរាប់លានដុល្លារ

    ជាមួយនឹងវិធីរស់នៅប្រកបដោយការ “សន្សំសំច័យកម្រិតកំពូល” បែបនេះ ពួកគេសន្សំបាន20AUD ជារៀងរាល់ថ្ងៃបន្ថែមទៀតទៅក្នុងខ្ទង់ប្រាក់សន្សំរបស់ពួកគេ។ ការកាត់បន្ថយការចេញទៅញ៉ាំអាហារនៅខាងក្រៅ បាន​ជួយ​ឱ្យពួកគេសម្រេចបានគោលដៅយ៉ាងឆាប់រហ័ស។ កាលពីខែធ្នូ ឆ្នាំ2019 គ្រួសារលោក Mattia សន្សំបានប្រាក់គ្រប់ចំនួនដែលអាចយកទៅកក់ផ្ទះមួយខ្នងដែលមានតម្លៃ1.5លានដុល្លារអាមេរិក។ ពួកគេទទួលបានកូនសោផ្ទះមួយខ្នងនៅតំបន់Darlinghurst ក្នុងទីក្រុង Sydney ប្រទេសអូស្ត្រាលី។

    ជាងនេះ ចាប់តាំងពី COVID-19 បានផ្ទុះឆ្លងរាលដាល ប្ដីប្រពន្ធមួយគូនេះ ត្រូវធ្វើការពីផ្ទះ ទើបពួកគេមិនត្រូវចំណាយប្រាក់សម្រាប់ការធ្វើដំណើររាល់ថ្ងៃ។ ដូច្នេះ ពួកគេក៏សន្សំបាន6,000AUD បន្ថែមទៀត។ លោក Mattia និងភរិយា ក៏មានអារម្មណ៍ថាមានសំណាងខ្លាំងណាស់ដែលមានផ្ទះជ្រកកោននឹងគេនៅក្នុងសម័យ COVID-19 ខណៈដែលមនុស្សជាច្រើនកំពុងតែជួបការលំបាកដោយសារបាត់បង់ការងារ គ្មានប្រាក់ចំណូលប្រចាំខែ និងត្រូវ​បង់​ថ្លៃផ្ទះ។ល។

    ប្រភព៖ News

  • ត្រឡប់ពីចូលនិវត្តន៍ McGregor នឹងមកវាយជាមួយ Pacquiao

    ត្រឡប់ពីចូលនិវត្តន៍ McGregor នឹងមកវាយជាមួយ Pacquiao

    ​តាមប្រភពជិតស្និទនៅសង្វៀន UFC បានប្រកាសព័ត៌មានបែកធ្លាយមួយថា Conor McGregor កីឡាករប្រដាល់ក្បាច់គុនចម្រុះ MMA នឹងមានការប្រកួតជាមួយនឹងស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao កើតឡើង នាពេលឆាប់ៗខាងមុខនេះ ហើយការប្រកួតនោះ គឺជាការប្រកួតប្រដាល់សកល។

    ទោះបីជាមិនមានជំនាញខ្លាំងខាងប្រដាល់សកលក៏ពិតមែន ក៏ប៉ុន្តែកីឡាករអាមេរិកសញ្ជាតិ កូឌីវ័រ រូបនេះ បានប្រកាសថា រូបគេមិនខ្លាចគូប្រកួតរបស់ខ្លួនឡើយ ដោយសន្យាថា នឹងវាយឱ្យបានខ្លាំងក្លានៅថ្ងៃប្រកួត។ ទោះបីជាបានបញ្ជាក់យ៉ាងច្បាស់ៗបែបនេះក្តី តែគេនៅមិនទាន់ដឹងអំពីកាលបរិច្ឆេទពិតប្រាកដនៃការប្រកួតនេះនៅឡើយ ដោយត្រូវរង់ចាំការប្រកាសជាផ្លូវការជាមុនសិន ។

    គួរបញ្ជាក់ដែរថា McGregor ​និង Pacquiao សុទ្ធតែជា​កីឡាករ​​ដែល​ធ្លាប់​ឡើង​សង្វៀន​ប្រដាល់​សកល​ជាមួយ Floyd ​ម្ដង​ម្នាក់រួចមក​ហើយ។ ​ដោយ​កាល​នោះ ​រូបគេទាំង2 សុទ្ធតែបរាជ័យទាំងអស់ ​ប៉ុន្តែ​ទទួល​បាន​តម្លៃ​ខ្លួន​យ៉ាងច្រើន​៕

    ប្រភព៖ ​dailymail