Category: សង្គម និងសេដ្ឋកិច្ច

  • 10 សញ្ញាដាស់តឿនថា ជីវិតគូចាប់ផ្ដើមមានបញ្ហា

    10 សញ្ញាដាស់តឿនថា ជីវិតគូចាប់ផ្ដើមមានបញ្ហា

    នៅពេលមនុស្សពីរនាក់កើតមានសេចក្ដីស្នេហារវាងគ្នានិងគ្នាហើយ ការចង់រស់នៅជិតដិតនែបនិត្យក្បែរគ្នា គឺជាក្ដីប្រាថ្នាយ៉ាងខ្លាំងក្លា រហូតនាំឆ្ពោះទៅរកការរួមរស់នៅជាមួយគ្នា តែមានច្រើនគូណាស់ដែលបន្ទាប់ពីនោះមកក៏កើតអាការទឹកឃ្មុំលែងផ្អែមដូចកាលពីថ្ងៃម្សិលបន្ទាប់ពីរួមរស់នៅជាមួយគ្នាបានមួយរយៈពេលមក ហើយពេលនោះសញ្ញាដាស់តឿនក៏ចាប់ផ្ដើមលេចចេញមកឱ្យឃើញថា ជីវិតស្នេហ៍នឹងកើតបញ្ហាហើយ…។

    1 . ចាប់ផ្ដើមមានអារម្មណ៍សប្បាយចិត្តឡើងពេលបាននៅម្នាក់ឯង ៈ ពេលណាក៏ដោយដែលអារម្មណ៍មួយនេះកើតឡើង គឺបញ្ជាក់ថា ក្ដីនឹកនាស្នេហារវាងគ្នា និងគ្នាចាប់ផ្ដើមថយចុះហើយ។ ជីវិតស្នេហ៍ គឺចំណងផ្លូវចិត្តដែលមើលមិនឃើញខ្សែសម្ព័ន្ធនៃស្នេហា តែយើងអាចដឹងបាន និងប៉ះពាល់បាន បើទោះបីជាពេលខ្លះរស់នៅឆ្ងាយពីគ្នាមែន តែក៏នៅតែនឹកស្រមៃរកគ្នាជានិច្ច ប៉ុន្តែនៅពេលណាដែលខ្លួនអ្នក ឬគូស្នេហ៍របស់អ្នកចាប់ផ្ដើមនឹកនាដល់គ្នាកាន់តែតិចទៅៗ នោះបង្ហាញថា ទោះមាន ឬក៏អត់រូបអ្នក(ឬគេ) ក៏គ្មានន័យអ្វីក្នុងការរស់នៅដែរ។ នេះជាសញ្ញាដាស់តឿនដំបូងគេដែលបង្ហាញថា បញ្ហាចាប់ផ្ដើមកើតហើយ។

    2 . ឃើញពួកម៉ាក និងការងារល្អជាង ៈ ជាអាការបន្តពីចំណុចដំបូងមកគឺ ម្នាក់ៗព្យាយាមរកហេតុផលដែលធ្វើម៉េចឱ្យជួបគ្នាកាន់តែតិចទៅ មិនថាតែការអាងលេសថា មានកាងារច្រើនរហូតគ្មានពេល ឬមានពិធីជប់លៀងជាមួយមិត្តភ័ក្តិ ឬជាប់ប្រជុំនៅតាមខេត្ត រួមទាំងព្យាយាមរកការងារមកធ្វើឱ្យច្រើនហួសហេតុ ជាពិសេសគ្មានការឈប់សម្រាកនៅថ្ងៃឈប់ចុងសប្ដាហ៍ និងព្យាយាមធ្វើការ Over time ទាំងមិនចង់បានលុយទៀតផង។

    3 . ចាប់ផ្ដើមកើតបញ្ហារឿងលុយកាក់ ៈ បើជាការរក្សាទុកដាក់លុយកាក់រួមគ្នា ក៏នឹងចាប់ផ្ដើមមានការសួរដេញដោលពីការចាយវាយរបស់ម្នាក់ៗយ៉ាងល្អិតល្អន់ ទាំងកាលពីមុនមកតែងទុកចិត្ត និងមិនដែលសួរនាំគ្នាសោះ ឬបើជាការទុកដាក់លុយកាក់រៀងៗខ្លួនវិញ ក៏នឹងចាប់ផ្ដើមលែងនិយាយពីប្រាក់ចំណូលរបស់គ្នាទៅវិញទៅមក រួមទាំងអាចមានការចាប់ថ្នាក់បានថា មានការលាក់បាំងលុយកាក់មិនឱ្យគ្នាដឹងទៀតផង។ អាការបែបនេះ ជាអាការដែលមិនសូវជាល្អប៉ុន្មានឡើយក្នុងការមានសម្ព័ន្ធស្នេហ៍ដែលរលូនល្អនោះ។

    4 . កើតក្ដីប្រយ័ត្នប្រយែង និងសង្ស័យគ្នា ៈ ធ្លាប់តែទុកចិត្តគ្នា មិនដែលសួរនាំលើរឿងរ៉ាវពាក់ព័ន្ធនឹងរឿងការងារសោះ ក៏នឹងចាប់ផ្ដើមសួរដេញដោល។ ទៅណាជាមួយមិត្តភ័ក្តិប្រុស(ឬស្រី)ក៏នឹងចាប់ផ្ដើមកើតមានអារម្មណ៍សង្ស័យថា មាននោះ មាននេះ អ្នកខ្លះក៏លួចមើលសំណេរដែលសរសេរផ្ញើរទៅគ្នា មិនថាតែក្នុងទូរស័ព្ទ ឬអ៊ីមេល និងមានការសួរដេញដោលគ្នាត្រង់ៗថា ដែលប្រាប់ថាទៅកន្លែងនោះ ធ្វើការនោះ ទៅជាមួយម្នាក់នោះ ជារឿងពិតមែនឬ? ទៀតផង។

    5 . ភាពស្ងប់ស្ងាត់ចាប់ផ្ដើមបាត់អស់ ៈ កើតការឈ្លោះប្រកែកគ្នាឡើង សូម្បីតែរឿងតូចតាច និងមិនសូវមានការព្រមចុះចាញ់គ្នាដូចកាលពីពេលស្រឡាញ់គ្នាថ្មីៗឡើយ ហើយពេលឈ្លោះប្រកែកគ្នា ក៏នឹងព្យាយាមយកឈ្នះដោយមិនព្រមស្ដាប់ហេតុផលរបស់គ្នាទៅវិញទៅមកឡើយ។ ប្រកាសច្បាស់ៗតែម្ដងថា “ខ្ញុំត្រូវ បងឯង(ឬអូនឯង)ខុស!” និងគ្មានខាងណាមួយទទួលស្គាល់កំហុស ឬហាមាត់សុំទោសដូចកាលគ្រាមុនឡើយ។

    6 . ចាប់ផ្ដើមកុហកគ្នា និងលែងទុកចិត្តគ្នាតទៅទៀត ៈ តពីការកើតក្ដីប្រយ័ត្នប្រយែង និងសង្ស័យគ្នា បើសម្ព័ន្ធភាពចាប់ផ្ដើមអាក្រក់ទៅៗខ្លាំងជាងមុន ក៏នឹងចាប់ផ្ដើមកុហកក្នុងរឿងដែលមិនចង់ឱ្យអ្នកម្ខាងទៀតដឹង និងទោះជាចាប់កុហក់បាន ក៏នៅតែខំរកផ្លូវកុហក់ថែមទៀតដោយវិធីផ្សេងៗ ធ្វើឱ្យចាប់ផ្ដើមលែងទុកចិត្តគ្នាទៅវិញទៅមក ហើយនៅពេលនោះ សេចក្ដីស្នេហាក៏នឹងចាប់ផ្ដើមចាកចេញចោល។

    7 . មើលឃើញអ្នកផ្សេងល្អជាង ៈ ការមើលឃើញអ្នកផ្សេងដែលដើរចូលមកក្នុងជីវិតល្អជាងអ្នកដែលនៅជាមួយនោះ ជាសញ្ញាដាស់តឿនមួយដែលចាប់ផ្ដើមគិតថា អ្នកដែលនៅជាមួយនោះលែងមានតម្លៃ រួមទាំងខ្លួនឯងក៏មានជម្រើសដែលអាចនឹងល្អជាងទៀតផង នៅពេលនោះហើយដែលការចាប់ផ្ដើមមើលឃើញរបស់ថ្មីល្អជាងរបស់ចាស់បានកកើតឡើង។

    8 . ប្រកែក និងគេចវេះពីការមានភេទសម្ព័ន្ធ ៈ ព្យាយាមក្នុងការគេចវេះពីការប៉ះពាល់ខ្លួនប្រាណគ្នា គេចចៀសពីការចូលគេងដំណាលគ្នា ឬក្នុងរយៈដំបូងៗទោះជាមានសម្ព័ន្ធសង្វាសនឹងគ្នាក៏ដោយ ក៏នឹងមានអារម្មណ៍ថា លែងដូចពីមុន លែងមានសេចក្ដីសុខដូចមុន និងព្យាយាមក្នុងការរិះរកវិធីមិនឱ្យមានភេទសម្ព័ន្ធនឹងគ្នា បើធ្វើបាន។ បើសិនជាបែបនេះហើយ សម្ព័ន្ធភាពស្នេហ៍ចាប់ផ្ដើមពិបាកនឹងព្យាបាលហើយ។

    9 . រកវិធីគេងបន្ទប់ផ្សេងគ្នា ៈ រួចហើយក៏មកដល់ការមិនចង់គេងរួមគ្រែជាមួយគ្នា គឺជាសញ្ញាដាស់តឿនចុងក្រោយ មុននឹងបែកបាក់ជាស្ថាពរ។

    10 . ចាប់ផ្ដើមមានម្នាក់និយាយពាក្យថា “លែងលះ” ៈ គេតែងនិយាយថា បើមិនចង់លែងលះគ្នាមែនទែនទេនោះ ទោះជាឈ្លោះប្រកែកគ្នា មិនពេញចិត្តគ្នាយ៉ាងណាក៏ដោយ ក៏សុំឱ្យចៀសពីពាក្យថា “លែងលះ” ឱ្យបានឆ្ងាយ និងយូរបំផុត ព្រោះនៅពេលចាប់ផ្ដើមមាននរណាម្នាក់នឹកដល់រឿងនេះ នោះបង្ហាញថា អាចនឹងមកដល់ចំណុចដែលលែងមានការបែរត្រឡប់ក្រោយហើយ និងបើរឹតតែលែងទុកនៅក្នុងចិត្ត ហើយនិយាយចេញមកផងនោះ អាចចាប់ផ្ដើមរាប់ថយក្រោយដល់ថ្ងៃដែលនឹងចែកផ្លូវគ្នាជានិរន្តរ៍បានហើយ។

    អ្នកគ្រូ ឆវី ចង់ផ្ដាំថា សេចក្ដីស្នេហា នៅពេលកើតឡើងហើយ និងបើចង់ឱ្យនៅស្ថិតស្ថេរគង់វង្ស ត្រូវតែឧស្សាហ៍បន្ថែមសេចក្ដីស្រឡាញ់ឱ្យគ្នាមួយថ្ងៃបន្តិចៗ មើលឃើញតែអំពើល្អរបស់គ្នាមួយថ្ងៃបន្តិចៗ តែសុំឱ្យស្រឡាញ់គ្នាឱ្យច្រើនៗ និងយូរអង្វែង៕

  • ទឹម រដ្ឋា និងអ៊ុន សិទ្ធា មើលទៅអង់អាចក្លាហាន ខណៈគ្រងឈុត «ចម្បាំងស្វា ស»

    ទឹម រដ្ឋា និងអ៊ុន សិទ្ធា មើលទៅអង់អាចក្លាហាន ខណៈគ្រងឈុត «ចម្បាំងស្វា ស»

    ទឹម រដ្ឋា បានបង្ហាញសម្រស់គ្រងឈុត «នាងចម្បាំងស្វា ស» ជាឈុតសាកល្បងបង្កើតថ្មី ដែលស្ថិតនៅក្នុងចក្រវាឡសិល្បៈអិយរ្យធម៌ខ្មែរ ក្រោមប្រធានបទស្រ្តីក្លាហាន ។ នេះជាលើកដំបូងដែលគេបានឃើញ ទឹម រដ្ឋា តែងខ្លួនបែបនេះ ដែលមើលទៅពិតជាមានភាពជឿជាក់ និង ក្លាហានដែលស័ក្តិសមជាមួយនឹងការរចនាទាំងសម្លៀកបំពាក់ និងគ្រឿងអលង្ការ ហើយក្នុងនោះក៏មានការសរសើរពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រថាស្រស់ស្អាត និង លេចធ្លោផងដែរ ។

    ឈុតស្ដេចចម្បាំងស្វា ស ពិតជាមើលទៅស្រស់ស្អាតខ្លាំងណាស់ បានរច​នាឡើងតាមបែបបុរាណ និងភាពច្នៃប្រឌិត ម្យ៉ាងវិញទៀត ពេលតារាស្រីរូបនេះ បានស្លៀ​កឈុតនេះទៅ ពិតជាសក្ដិសម ហើយអង់អាច និងរឹងមាំតែម្ដង។ ជាមួយគ្នាក៏ឃើញមានតារាប្រុសរាងខ្ពស់ស្រឡះលោក អ៊ុន សិទ្ធា បានចែករំលែកបន្តដោយភ្ជាប់ជាមួយសំណេរថា៖ “វគ្គដំបូង សូមបង្ហាញពីកញ្ញាTim Rothaក្នុងឈុតចម្បាំងស្វាសយល់យ៉ាងណាដែរ ? បើ​ស្រ​លាញ់ និងគាំទ្រស្នាដៃរបស់ខ្មែរ ជួយលើកស្ទួយទាំងអស់គ្នាផងសង្ឃឹមថា នឹងមានឈុតបែបនេះក្នុងភាពយន្តខ្មែរយើងក្នុងពេលឆាប់ៗនេះ។

    ក្រៅពីការងារបង្ហាញម៉ូដមិនត្រឹមតែប៉ុណ្ណោះ មួយរយៈពេលចុងក្រោយនេះ ទឹម រដ្ឋា កាន់តែមានភាពមមាញឹកជាមួយការងារខ្លាំងជាងមុនគួរឱ្យកត់សម្គាល់ មិនថាថតខ្សែភាពយន្ត ថតស្ពត ឬថតសម្អាងការជាដើម៕

  • ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យក្មេងម្នាក់ កំពុងតែលេចធ្លោនៅ Everton

    ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យក្មេងម្នាក់ កំពុងតែលេចធ្លោនៅ Everton

    ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ កីឡាករ Dominic Calvert-Lewin ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស របស់ Everton គឺជាចំណែកដ៏ធំ ក្នុងជ័យជម្នះរបស់ក្លិបបាល់ទាត់មួយនេះ ដែលបានយកឈ្នះក្រុមបាល់ទាត់ West Ham United និងបានទទួលកៅអីវគ្គ1/4 ពានរង្វាន់ EFL Cup (Carabao Cup) ដោយបានស៊ុតបញ្ចូលទីចំនួន 3គ្រាប់ម្នាក់ឯង។ នេះមិនមែនជាលើកទី1 ទេ គិតត្រឹមប៉ុន្មានប្រកួតដំបូងក្នុងរដូវកាលថ្មីនេះប៉ុណ្ណោះ កីឡាករវ័យ 23ឆ្នាំ អាចធ្វើហ៊ែតទ្រីក បានដល់ទៅ 2ដង។

    ​លោក Ancelotti ​បាន​និយាយ​សរសើរ​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​វ័យក្មេងខាង​លើ​នេះ​ មិន​ដាច់​ពី​មាត់​ ព្រោះ​រូបគេ​ធ្វើ​បាន​ល្អ​មែនទែន​សម្រាប់​រដូវ​កាល​នេះ។ ​ជា​ពិសេស​បន្ទាប់​ពី​លោក​បាន​ទិញ​យកកីឡាករ James ម្នាក់​មក​ទៀត គឺ​កាន់​តែ​ធ្វើ​ឱ្យ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​មុត​ស្រួច​ឡើង​មួយ​កម្រិត​ទៀត៕

  • Genoa រកឃើញបុគ្គលិក និងកីឡាករ 14រូប ផ្ទុកកូវីដ-19

    Genoa រកឃើញបុគ្គលិក និងកីឡាករ 14រូប ផ្ទុកកូវីដ-19

    កាលពីយប់ថ្ងៃទី27 ខែកញ្ញា​ ឆ្នាំ2020 កន្លងទៅនេះ ក្រុមបាល់ទាត់ Napoli បានយកឈ្នះលើក្រុម Genoa ក្នុងការប្រកួតបាល់ទាត់លីកកំពូលអ៊ីតាលី (Italy Seria A) ប្រចាំសប្តាហ៍ទី2 របស់ខ្លួន។

    ក្រោយពីបញ្ចប់ការប្រកួតនេះ ក្រុមចាញ់ Genoa បានធ្វើតេស្តរកឃើញថា មានកីឡាករ និងបុគ្គលិករបស់ខ្លួន ចំនួន 14រូប មានផ្ទុកកូវីដ-19។ ក្រោយពីតេស្តរកឃើញភ្លាមៗ ក្រុមមួយនេះ បានស្នើសុំទៅខាងគណៈកម្មការរៀបចំការប្រកួត​​លីកកំពូលអ៊ីតាលី ផ្អាកកការប្រកួតចំនួន 2សប្តាហ៍សិន ព្រោះបុគ្គលិកក្លិបមួយនេះបានជាប់ធ្វើចត្តាឡីស័កទាំងអស់ ដែលធ្វើឱ្យមានវិបត្តិមិនអាចប្រកួតបាន។

    យ៉ាង​ណា​មិញ​ មក​ទល់​នឹង​ពេល​នេះ ​ខាង​រដ្ឋាភិបាល​អ៊ីតាលី ក៏​ដូច​ជា​ Serie A មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ណា​ទេ​ ដោយ​កំពុង​តែ​ស្វែង​រក​ដំណោះ​ស្រាយ​ល្អ​មួយ​ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-19នេះ​៕

  • កម្ពុជានាំចេញលទ្ធផលកសិកម្មបានជិត6លានតោនក្នុងរយៈពេល 9ខែដើមឆ្នាំ2020

    កម្ពុជានាំចេញលទ្ធផលកសិកម្មបានជិត6លានតោនក្នុងរយៈពេល 9ខែដើមឆ្នាំ2020

    កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសសំខាន់ៗលើពិភពលោក ដែលនាំចេញ​ផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។

    ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានលើកឡើងថា​ នៅក្នុងរយៈពេល​9ខែដើមឆ្នាំ 2020 នេះកម្ពុជា បានផលិត​ និងនាំចេញបានប្រមាណ 6លានតោន ដោយក្នុងនោះមានដូចជា៖

    1) លទ្ធផលនៃការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ2020

    គិតមកទល់ ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2020 ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូងនិងព្រួសបានសរុបចំនួន 2,714,216 ហ.ត ស្មើនឹង 104.87% នៃផែនការចំនួន 2,588,130 ហ.ត លើសឆ្នាំ2019ចំនួន 70,217 ហ.ត ។ តាមរយៈលទ្ធផលដែលសម្រេចបានខាងលើ ក្នុងនោះមាន៖ ស្រូវស្រាលចំនួន 828,733 ហ.ត, ស្រូវកណ្តាលចំនួន 1,385,066 ហ.ត, ស្រូវធ្ងន់ចំនួន 446,301 ហ.ត, ស្រូវចម្ការចំនួន 20,668 ហ.ត និង ស្រូវឡើងទឹកចំនួន 33,448 ហ.ត ។ ទន្ទឹមនឹងនេះ យើងបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន 436,287 ហ.ត ទទួលបរិមាណផលសរុបចំនួន 1,662,061 តោន លើសឆ្នាំមុនចំនួន 246,618 តោន ទិន្នផលគិតជាមធ្យមទទួលបាន 3.810 តោន/ហ.ត ។

    2) ការនាំចេញផលិតផលកសិកម្ម ឆ្លងកាត់ច្រកចេញចូលតែមួយ និងមិនបានឆ្លងកាត់

    ចំពោះការនាំចេញផលិតផលកសិកម្ម ក្នុងរយៈពេល 9ខែ ឆ្នាំ2020 ក្រសួងបានពិនិត្យឃើញថាមានការកើនឡើងល្អប្រសើរ គឺមានបរិមាណសរុប ចំនួនជាង 5.8 លាន តោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖

    1.  អង្ករ សម្រេចបាន 488,775 តោន មានកំណើន 22.63% ដែលធៀបទៅនឹងរយៈ9ខែដើមឆ្នាំ2019 (398,586 តោន) បាននាំចេញទៅកាន់ 60 ប្រទេស។
    2. ស្រូវ សម្រេចបាន 1,392,306 តោន, ថយចុះប្រមាណជា 17% ធៀបប្រៀបទៅឆ្នាំ2019 នាំចេញទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។
    3. គ្រប់ស្វាយចន្ទី សម្រេចបាន 204,208 តោន មានកំណើន 20.5%, នាំចេញទៅកាន់ប្រទេស វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង, បារាំង, កូរ៉េ, តួគី, បង់ក្លាដេស និងថៃ។
    4. គ្រាប់ពោត សម្រេចបាន 193,950 តោន បាននាំចេញទៅកាន់ប្រទេសថៃ, កូរ៉េ និងកោះតៃវ៉ាន់។
    5. ចេកស្រស់ សម្រេចបាន 235,171.63 តោន មានកំណើន 225.69%, បាននាំចេញទៅកាន់ប្រទេស ចិន វៀតណាម និងជប៉ុន ។
    6. ក្រូចថ្លុង សម្រេចបាន 15,150 តោន ទៅកាន់ប្រទេសថៃ ។
    7. ដំណាប់ស្វាយ សម្រេចបាន 4,998.64 តោន, បាននាំចេញទៅកាន់ប្រទេស ចិន, ជប៉ុន, ថៃ, កូរ៉េ, ហ្វីលីពីន និងវៀតណាម។
    8. ដំឡូងមីស្រស់ សម្រេចបាន 1,780,496 តោន, បាននាំចេញទៅកាន់ប្រទេស វៀតណាម និងថៃ ទាំងផ្លូវការ និងក្រៅផ្លូវការ ។
    9. ចំណិតដំឡូងម៉ីក្រៀម សម្រេចបាន 1,202,644.81 តោន បាននាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម (ផ្លូវការ)
    10. ម្សៅដំឡូងមី សម្រេចបាន 12,002 តោន បានថយចុះ 56.72%, បាននាំចេញទៅកាន់ប្រទេស ឥណ្ឌា ចិន ប៊ែលហ្សិក ហូឡង់ ប៉ាគីស្ថាន ឆេក ក្រូអាត និងអ៊ីតាលី។
    11. ស្វាយស្រស់ សម្រេចបាន 62,920.56 តោន មានកំណើន 158.83%, បាននាំចេញទៅកាន់ប្រទេស ថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង ។
    12. ម្រេច សម្រេចបាន 4,121.95 តោន មានកំណើន 123.76%, បាននាំចេញទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស, វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់, អូស្រ្តាលី, ថៃ, តៃវ៉ាន់, ស៊ុយអ៊ែត, សិង្ហបុរី និងប្រទេសអូស្ត្រាលី។
    13. ម្ទេសស្រស់ 55,154.60 តោន និងម្ទេសក្រៀម 1,500 តោន មានកំណើនទ្វេដង ធៀបប្រៀបទៅនឹងឆ្នាំ2019 បាននាំចេញទៅកាន់ប្រទេសថៃ ។
    14. បន្លែ សម្រេចបាន 87.57 តោន នាំចេញទៅកាន់ប្រទេសបារាំង, ឆេក និងប្រទេសហូឡង់ ។

    ទន្ទឹមនឹងនេះកម្ពុជាក៏មានផលិតផលកសិកម្មជាច្រើនមុខដ៏ទៃទៀតដែលបាននាំចេញ៕

  • ត្រូវ​ឆ្នោត​ពិសេស​ តម្លៃ​ជាង​200​លាន​ដុល្លារ​អាមេរិក​នៅ​​ក្នុង​រដ្ឋ ​New Jersey

    ត្រូវ​ឆ្នោត​ពិសេស​ តម្លៃ​ជាង​200​លាន​ដុល្លារ​អាមេរិក​នៅ​​ក្នុង​រដ្ឋ ​New Jersey

    ពលរដ្ឋម្នាក់នៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក បានត្រូវឆ្នោតប្រភេទពិសេស ដែលមានតម្លៃដល់​ទៅ​202​លាន​ដុល្លារអាមេរិករបស់ក្រុមហ៊ុនឆ្នោត Mega Millions ប៉ុន្តែសម្រេចចិត្ត សុំមិនបង្ហើបឱ្យដឹងអត្តសញ្ញាណ។

    ម្ចាស់សន្លឹកឆ្នោតដ៏មានសំណាងរូបនេះ បានទៅទទួលប្រាក់រង្វាន់កាលពីពេលថ្មីកន្លងទៅនេះ និងបានក្លាយជាពលរដ្ឋដំបូងគេបង្អស់នៅក្នុងរដ្ឋ New Jersey ដែលទទួលប្រាក់ដោយមិនត្រូវបានបញ្ចេញអត្តសញ្ញាណ។ នេះបើតាមមន្ត្រីស្ថាប័នឆ្នោតនៅមូលដ្ឋាន ដែលបានឱ្យដឹងកាលពីថ្ងៃទី29កញ្ញា។

    សូមបញ្ជាក់ថា ការអនុញ្ញាតឱ្យអ្នកត្រូវឆ្នោត លាក់បាំងអត្តសញ្ញាណនេះ ត្រូវបានធ្វើឡើងដោយយោងទៅតាមច្បាប់ថ្មីមួយអនុម័តកាលពីខែមករា ដោយបានចែងថា ពលរដ្ឋទាំងអស់់មានសិទ្ធិស្នើសុំមិនបញ្ចេញឈ្មោះ នៅពេលពួកគេត្រូវឆ្នោត Mega Millions នៅក្នុងរដ្ឋ New Jersey ដើម្បីចៀសវាងការចាប់អារម្មណ៍ពីសាធារណជន។ បន្ទាប់ពីការអនុម័តច្បាប់ខាងលើបានជិត1ខែ ឆ្នោត Mega Millions ក៏មានអ្នកត្រូវរង្វាន់ពិសេស ហើយការត្រូវរង្វាន់នោះក៏ត្រូវបានប្រកាសកាលពីថ្ងៃទី12កុម្ភៈ។

    មន្ត្រីក្រុមហ៊ុនឆ្នោតនៅ New Jersey បានចេញសេចក្ដីប្រកាសឱ្យដឹងថា អ្នកមានសំណាងបានមើលការចេញឆ្នោតលទ្ធផលឆ្នោតតាមរយៈ Facebook នៅពេលកំពុងធ្វើការ ហើយបានស្វែងរកសន្លឹកឆ្នោតនៅក្នុងរថយន្តដើម្បីផ្ទៀងផ្ទាត់។ “អ្នកត្រូវឆ្នោតពិតជារំភើបជាខ្លាំង ប៉ុន្តែគាត់ព្យាយាមបន្លប់ចិត្តរបស់ខ្លួន ដើម្បីត្រលប់ចូលធ្វើការតាមធម្មតា ខណៈដែលក្នុងចិត្តកំពុងគិតពិចារណា និងការបង្កើតផែនការ”។

    ផ្ទាំង​ឃោសនា​ពាណិជ្ជកម្ម​របស់​ក្រុម​ហ៊ុន​ឆ្នោត​ Mega Millions

    James Carey ដែលជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនឆ្នោតនៅ New Jersey បានធ្វើដំណើរទៅកាន់ហាងលក់អាហារមួយកន្លែងនៅក្នុងទីក្រុង Edison ដែលជាអ្នកលក់សន្លឹកឆ្នោតសំណាងនោះ នៅក្នុងយប់នោះតែម្ដង និងបានផ្ដល់ប្រាក់កម្រៃជើងសាចំនួន 30,000ដុល្លារដល់ម្ចាស់ហាងទាំង2នាក់នោះ។

    James Carey បានណែនាំថា៖ “យើងតែងតែនិយាយប្រាប់អ្នកគ្រប់គ្នាថា នៅពេលត្រូវឆ្នោត សូមស៊ីញ៉េឈ្មោះលើផ្នែកខាងក្រោយនៃសន្លឹកឆ្នោតនោះជាបន្ទាន់។ ក្រោយមក ចូររក្សាវាទុកក្នុងទីសុវត្ថិភាពបំផុត រួចពិភាក្សាជា​មួយ​​មេធាវី និងទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ ហើយមករកយើងខ្ញុំដើម្បីបង្ហាញសន្លឹកឆ្នោតនោះ”។

    ពលរដ្ឋមហាសំណាងថ្មីនេះ បានធ្វើតាមការណែនាំរបស់ភាគីក្រុមហ៊ុន ដោយបានចុះហត្ថលេខាលើសន្លឹកឆ្នោត ទៅជួបមេធាវី រួចក៏ទទួលបានការណែនាំអំពីវិធីល្អបំផុតដើម្បីធានាសុវត្ថិភាពទៅលើទ្រព្យសម្បត្តិថ្មីនេះ។

    សូមបញ្ជាក់ថា នៅសហរដ្ឋអាមេរិក មានតែរដ្ឋមួយចំនួនប៉ុណ្ណោះដែលអនុញ្ញាតឱ្យអ្នកត្រូវឆ្នោតលាក់អត្តសញ្ញាណរបស់ខ្លួន ក្នុងនោះមានដូចជា រដ្ឋ Delaware, Kansas, Maryland, North Dakota, Ohio និង Carolina ជាដើម៕

    ប្រភព៖ NBC News

  • ពីមេធាវី ក្លាយ​ជា​មហា​សេដ្ឋី​ ដោយ​សារ​ធុញ​ទ្រាន់​នឹង​ទម្លាប់​បោះ​ត្រា​បែប​បុរាណ​ នៅ​ក្នុង​​សម័យ​COVID-19

    ពីមេធាវី ក្លាយ​ជា​មហា​សេដ្ឋី​ ដោយ​សារ​ធុញ​ទ្រាន់​នឹង​ទម្លាប់​បោះ​ត្រា​បែប​បុរាណ​ នៅ​ក្នុង​​សម័យ​COVID-19

    Bengo4 ដែលជាក្រុមហ៊ុនមួយត្រូវបាន Taichiro Motoe ជាអ្នកបង្កើតឡើង កំពុងគ្រប់គ្រងទីផ្សាររហូតដល់80% នៃសេវាកម្មហត្ថលេខាអេឡិចត្រូនិចនៅប្រទេសជប៉ុន។

    ជាច្រើនឆ្នាំកន្លងមកនេះ បណ្ដាក្រុមហ៊ុនរបស់ជប៉ុន សុទ្ធតែមានទម្លាប់បោះត្រាដើម្បីជំនួសឱ្យការចុះហត្ថលេខាលើឯកសារនានា។ ប៉ុន្តែ នៅពេលបុគ្គលិកក្រុមហ៊ុនកាន់តែច្រើន ត្រូវធ្វើការពីផ្ទះ ដោយសារតែ COVID-19 ទម្លាប់នេះក៏ត្រូវបានផ្លាស់ប្ដូរជាបន្តបន្ទាប់។

    ក្រុមហ៊ុនធំៗជាច្រើននៅប្រទេសជប៉ុន ដូចជា Toyota ឬ Nomura ជាដើម កំពុងតែប្រើប្រាស់សេវាកម្មហត្ថលេខាបែបអេឡិចត្រូនិចរបស់ក្រុមហ៊ុនមួយដែលមិនសូវមានគេស្គាល់ច្រើន នោះគឺក្រុមហ៊ុន Bengo4.com Inc។ ប្រការនេះហើយ បានជួយឱ្យមូលបត្ររបស់ Bengo4 កើនឡើង100% នៅក្នុងឆ្នាំ2020 នាំឱ្យ Taichiro Motoe ដែលបានបង្កើតក្រុមហ៊ុននេះកាលពី15ឆ្នាំមុន ក្លាយជាមហាសេដ្ឋី ដោយមានទ្រព្យជាង1ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes។

    លោក Taichiro Motoe

    នៅក្នុងស្ថានភាពលំដាប់ដែលបង្កឡើងដោយ COVID-19 ក្រុមអ្នកវិនិយោគមានក្ដីសង្ឃឹមយ៉ាងខ្លាំងទៅលើ CloudSign (ជាឈ្មោះនៃសេវាកម្មស៊ីញ៉េបែបអេឡិចត្រូនិចរបស់ក្រុមហ៊ុន Bengo4)។

    លោក Taichiro Motoe ដែលជាស្ថាបនិករបស់របស់ក្រុមហ៊ុន បានចែករំលែកជាលើកដំបូងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានអន្តរជាតិកាលពីថ្ងៃទី17កញ្ញាថា៖ “CloudSign កំពុងប្ដូរផ្លាស់វប្បធម៌ hanko (ការបោះត្រា) បែបបុរាណ”។

    យោងតាមក្រុមហ៊ុន Bengo4 សេវាកម្ម CloudSign កំពុងកាន់កាប់ដល់ទៅ80% នៃចំណែកទីផ្សារសេវាកម្មហត្ថលេខាអេឡិចត្រូនិចនៅប្រទេសជប៉ុន។ មានក្រុមហ៊ុនជាង100,000 នៅក្នុងវិស័យផ្សេងៗគ្នា កំពុងប្រើប្រាស់ CloudSign។ តួលេខនៃអតិថិជនដែលប្រើប្រាស់សេវាកម្ម CloudSign គិតមកដល់បច្ចុប្បន្ន បានកើនឡើងទ្វេដង បើធៀបនឹង1ឆ្នាំមុន។

    ឈ្មោះរបស់ Bengo4 គឺជាការលេងអក្សរដែលកើតចេញពីពាក្យ “មេធាវី” នៅក្នុងភាសាជប៉ុន (ដែលអានថា “បេងហ្គូស៊ី/bengoshi”)។ ដំបូងឡើយ Bengo4 គឺជាបញ្ជីឯកសារ ឬថតដាក់ឯកសារអនឡាញមួយសម្រាប់មេធាវីតែប៉ុណ្ណោះ។ ក្រុមហ៊ុននេះបានចូលរួមក្នុងផ្សារហ៊ុន Tokyo កាលពីឆ្នាំ2014 ជាមួយនឹងទុនតិចតួច។ មួយឆ្នាំក្រោយមក ក្រុមហ៊ុននេះក៏បានឧទ្ទេសនាម CloudSign។

    ពីមេធាវី ក្លាយជាមហាសេដ្ឋី ដោយសារធុញទ្រាន់នឹងទម្លាប់បោះត្រាបែបបុរាណ នៅក្នុងសម័យCOVID-19
    ការ​ប្រើប្រាស់​ត្រា​បុរាណ​របស់​ជប៉ុន កំពុង​ត្រូវ​បាន​លុប​បំបាត់​បន្តិច​ម្ដង​ៗ​ និង​ជំនួស​ដោយ​ត្រា​អេឡិច​ត្រូនិច​

    មុនពេលបានក្លាយជាអ្នកជំនួញមួយរូប លោក Motoe គឺជាមេធាវីនៅក្នុងក្រុមហ៊ុនច្បាប់ Anderson Mori នៅជប៉ុន។ 3ឆ្នាំក្រោយមក លោកក៏បានសុំឈប់ពីការងារ ដើម្បីបង្កើតការិយាល័យច្បាប់ Authense ហើយក្នុងឆ្នាំដដែលនោះ លោកក៏បានបង្កើតក្រុមហ៊ុន Bengo4 ផងដែរ។

    ក្រៅពីតួនាទីជាអ្នកជំនួញ និងជាមេធាវី លោក Motoe (កើតនៅ Illinois សហរដ្ឋអាមេរិក ប៉ុន្តែធំឡើងនៅខេត្ត Kanagawa ក្បែរទីក្រុងតូខ្យូ ប្រទេសជប៉ុន) ក៏ជាអ្នកបង្កើតច្បាប់ផងដែរ។ មហាសេដ្ឋីវ័យ44ឆ្នាំរូបនេះ គឺជាសមាជិកនៃសភាជាន់ខ្ពស់ជប៉ុនចាប់ពីឆ្នាំ2016 និងជាអ្នកបង្កើតច្បាប់ដែលរកបានប្រាក់ចំណូលច្រើនជាងគេរបស់ប្រទេសជប៉ុនកាលពីឆ្នាំ2019 ជាមួយនឹងតួលេខដែលត្រូវបានរាយការណ៍ គឺ 845លានយ៉េន ដែលស្មើនឹង7.8លានដុល្លារអាមេរិក។ ប្រាក់ចំណូលរបស់លោក Motoe ភាគច្រើនបានមកពីការលក់មូលបត្រនៅក្នុងផ្សារហ៊ុន។ ចាប់ពីដើមខែតុលានេះ លោក Motoe បានចាប់ផ្ដើម​ចូល​រួម​ក្នុង​ជួរ​គណៈ​រដ្ឋមន្ត្រី​របស់​នាយក​រដ្ឋមន្ត្រី Yoshihide Suga និងកាន់កាប់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។

    លោក Motoe កើតនៅសហរដ្ឋអាមេរិក ប៉ុន្តែធំឡើងនៅខេត្ត Kanagawa ក្បែរទីក្រុងតូខ្យូ ប្រទេសជប៉ុន

    គំនិតដែលនាំមកនូវប្រាក់ចំណូលពាន់លានដុល្លារនេះ គឺដោយសារលោក Motoe មានអារម្មណ៍ហត់នឿយនឹងវប្បធម៌បោះត្រាបែបបុរាណ នៅពេលដែលលោកធ្វើជាមេធាវី។ ស្ថាបនិករបស់ Bengo4 បានថ្លែងថា៖ “ខ្ញុំត្រូវបោះត្រាម្ដងមួយៗ ទៅលើឯកសារកិច្ចសន្យាជាច្រើន ហើយយល់ថា ប្រការនេះមានប្រសិទ្ធភាពតិចតួចនៅក្នុងមុខជំនួញ”៕

    ប្រភព៖ Forbes

  • ដំណាំ ម្រះ

    ដំណាំ ម្រះ

    Momordica charantia Linn ឬឈ្មោះជាភាសាខ្មែរហៅថា ម្រះ ជារុក្ខជាតិមានដើមជាវល្លិ៍ ចូលចិត្តដុះដីធូរ និងមិនមានទឹកដក់។ ម្រះដែលគេនិយមដាំយ៉ាងទូលំទូលាយនោះមាន 2ប្រភេទគឺ ម្រះអាចម៍ចាប ដែលមានលក្ខណៈផ្លែតូចខ្លី មានរសជាតិល្វីងខ្លាំង សាច់ក្រៅគ្រើមធំៗជារាងបន្លា មានសាច់ស្ដើង ងាយស្រួលដាំ និងសម្បូរផ្លែ គេនិយមយកមកស្រុសទទួលទានធ្វើជាអន្លក់ញ៉ាំជាមួយទឹកគ្រឿង ឬប្រហុក។ ឯមួយប្រភេទទៀតគឺ ម្រះចិន ជាពូជដែលនាំចូលមកពីប្រទេសចិន មានផ្លែធំៗ វែងប្រវែង 20 – 30សង់ទីម៉ែត្រ មានពណ៌បៃតងខ្ចី សាច់ក្រាស់មានរសជាតិល្វីងតែបន្តិចបន្តួចប៉ុណ្ណោះ គេនិយមបរិភោគច្រើន ដោយសារតែអាចយកមកច្នៃជាម្ហូបបានច្រើនប្រភេទ ដូចជាស្ងោរ ខ ឆា ញាំ ឬស្រុសជ្រលក់ទឹកគ្រឿងក៏បាន។

    – ការដាំដុះ

    . ការត្រៀមដី ៈ អាចធ្វើបានដូចគ្នានឹងការត្រៀមដីសម្រាប់ដំណាំវារឡើងទ្រើងឯទៀតៗដែរ។ ដោយសារម្រះជារុក្ខជាតិដែលមានប្រព័ន្ធឫសចាក់ជ្រៅកម្រិតកណ្ដាល ដូច្នេះគួរភ្ជួរដីឱ្យជ្រៅទៅក្រោមប្រមាណជា 25 – 30សង់ទីម៉ែត្រ ហាលដីសម្លាប់ស្មៅ និងសត្វល្អិតសត្រូវដំណាំចោលប្រមាណ 7 – 10ថ្ងៃ បន្ទាប់មកដាក់ជីលាមកគោ ឬជីកំប៉ុសឱ្យសព្វពេញដី មុននឹងរាស់ជ្រួយដីឱ្យបែកល្អិតម្ដងទៀត រួចទើបលើកជារងតាមលក្ខណៈផ្ទៃដីដាំដុះ ទុកចន្លោះផ្លូវដើរកណ្ដាលរង ដើម្បីងាយស្រួលក្នុងការមើលថែទាំ។

    – វិធីការដាំដុះ ៈ ការបណ្ដុះគ្រាប់ម្រះជាមុន មុននឹងយកទៅដាក់ដាំ នឹងធ្វើឱ្យទទួលបានទិន្នផលល្អបំផុត។ ការបណ្ដុះគ្រាប់ម្រះអាចធ្វើបានតាម 3វិធីដូចខាងក្រោម ៈ

    . វិធីទី 1 ការបណ្ដុះកូននៅលើរង ៈ ការបណ្ដុះកូនដោយវិធីនេះត្រូវជ្រួយដីឱ្យធូរ លាយជាមួយជីលាមកគោដើម្បីឱ្យដីកាន់តែធូរខ្លាំងឡើង។ យកគ្រាប់ម្រះមកដាក់ដាំបណ្ដុះជាជួរឆ្ងាយពីគ្នា 3សង់ទីម៉ែត្រ រោយលុបដោយដីកម្រាស់ 2 – 3សង់ទីម៉ែត្រ យកចំបើងស្ងួតគ្របពីលើរង រួចស្រោចទឹក 3 – 4ថ្ងៃ។ រង់ចាំរហូតដល់កូនម្រះលាស់ស្លឹក 2សន្លឹក អាយុប្រមាណ 10ថ្ងៃ ទើបអាចដកយកទៅបំបែកដាំលើរងផ្សេងបាន តែមុននឹងដកកូនម្រះ ត្រូវស្រោចទឹកឱ្យជោគដីជាមុនសិន ដើម្បីកុំឱ្យកូនម្រះខូចខាតបាក់ជាំខ្លាំងពេកក្នុងពេលដក។

    . វិធីទី 2 ការបណ្ដុះក្នុងថង់ក្រដាស ៈ ចូរយកដីលាយជីលាមកគោដាក់ចូលក្នុងថង់ក្រដាសទំហំ 7 x 8សង់ទីម៉ែត្រត្រៀមទុកជាស្រេច បន្ទាប់មកចូរយកគ្រាប់ម្រះទៅត្រាំទឹកប្រហែល 1ម៉ោងមុននឹងស្រង់យកមកបណ្ដុះនៅក្នុងថង់ 1ថង់ 1គ្រាប់ ស្រោចទឹកឱ្យសើមជោកល្មម។ នៅពេលកូនម្រះលាស់ស្លឹកឡើង 2សន្លឹក សឹមលើកយកទៅដាក់ដាំនៅលើរង។

    . និងវិធីទី 3 ការបណ្ដុះជារួម ៈ ស្រដៀងនឹងការបណ្ដុះសណ្ដែកបណ្ដុះដែរ ដោយត្រូវយកគ្រាប់ម្រះមកដាក់ត្រាំក្នុងទឹកទុកចោលប្រមាណ 1ម៉ោង មុននឹងស្រង់យកមករុំខ្ចប់ដោយក្រណាត់សើមប្រមាណជា 2 – 3ថ្ងៃ រហូតទាល់តែឫសចាប់ផ្ដើមដុះចេញមកពីគ្រាប់។ ចូរជ្រើសរើសគ្រាប់ណាដែលមានឫសដុះចេញមកល្អយកទៅដាក់ដាំ។

    នៅពេលបានកូនម្រះ និងត្រៀមដីរួចរាល់ហើយ ចូររៀបចំចម្ងាយក្នុងការដាក់ដាំរវាងជួរនីមួយៗប្រមាណ 1ម៉ែត្រ ដោយត្រូវជីកជារណ្ដៅតូចៗជម្រៅប្រមាណ 20 – 30 សង់ទីម៉ែត្រ ដាក់ជីលាមកគោទ្រាប់បាតរណ្ដៅក្នុងមួយរណ្ដៅប្រមាណ 200 – 300ក្រាម។ យកកូនម្រះមកដាក់ដាំក្នុងមួយរណ្ដៅ 2ដើម មុននឹងរោយដីលុប។ ការដាំម្រះចាំបាច់ត្រូវតែធ្វើទ្រើងឱ្យរឹងមាំដើម្បីឱ្យដើមម្រះធំធាត់លូតលាស់ឡើង និងហុចផលបានល្អ។

    – វិធីមើលថែទាំ

    . ការស្រោចទឹក ៈ គួរស្រោចទឹករៀងរាល់ថ្ងៃក្នុងរដូវក្ដៅ និងឈប់ស្រោចខ្លះក្នុងរដូវភ្លៀង។

    . ការដាក់ជី ៈ សម្រាប់ការដាក់ជីចែកចេញជា 3ដំណាក់កាល គឺ ដំណាក់កាលត្រៀមដី ឬដាក់ជីទ្រាប់បាតរណ្ដៅ។ ដំណាក់កាលទី 2 ក្នុងអំឡុងពេលដាក់ដាំកូនម្រះហើយបាន 7ថ្ងៃ ឬពេលកូនម្រះចាប់ផ្ដើមរឹងមាំល្អហើយ និងដំណាក់កាលចុងក្រោយ គឺការដាក់ជីនៅពេលដើមម្រះមានអាយុបាន 30ថ្ងៃ។

    – ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ នៅពេលដើមម្រះអាយុបាន 40ថ្ងៃ នឹងចាប់ផ្ដើមចេញផ្កា ដែលមានជាប់ក្ដឹបទំហំប៉ុនចុងម្រាមកូនដៃ ។ ត្រូវចាប់ផ្ដើមរុំខ្ចប់ក្ដឹបម្រះដោយប្រើក្រដាសកាសែតបត់ធ្វើជាថង់ទំហំ 15 x 20សង់ទីម៉ែត្រ ដើម្បីការពារក្នុងរឿងសត្វល្អិតសត្រូវដំណាំដែលចូលមកបំផ្លាញ និងជួយឱ្យផ្លែម្រះមានពណ៌បៃតងខ្ចីស្រស់គួរឱ្យចង់ទទួលទាន។

    – វិធីប្រមូលផល

    ម្រះ អាចហៅបានថាជារុក្ខជាតិដែលមានអាយុខ្លី ដោយរាប់ពីថ្ងៃដែលចាប់ផ្ដើមដាំ រហូតដល់ថ្ងៃប្រមូលផលបាន គឺប្រមាណជា 45 – 55ថ្ងៃ អាស្រ័យលើពូជដែលយើងជ្រើសរើសដាំ។ ម្រះនឹងឱ្យទិន្នផលជាជំនាន់ៗ ដោយជំនាន់ដំបូង គេហៅថា ម្រះជាប់ដី ឬម្រះដើមដៃ ផ្លែមានលក្ខណៈធំធាត់ តែខ្លី ផ្លែច្រើនតែស្ថិតនៅនឹងគល់ដើមក្បែរៗដី អាចបេះបានមួយថ្ងៃខានមួយថ្ងៃ។ នៅពេលប្រមូលផលបាន 3ដង ក៏នឹងដល់ម្រះជំនាន់តូច ឬគេហៅថា ម្រះចុងដើម ផ្លែនឹងមានខ្នាតតូចជាងមុន។ ក្នុងការប្រមូលផលផ្លែម្រះ គួរជ្រើសរើសបេះផ្លែដែលនៅខ្ចី មានពណ៌បៃតង និងមានខ្នាតធំតាមដែលត្រូវការបរិភោគ៕

  • LG Wing តម្លៃបើកឱ្យកុម្ម៉ង់ទុកមុន គឺ 999ដុល្លារ ដាក់លក់នៅថ្ងៃទី1 ខែតុលានេះហើយ!

    LG Wing តម្លៃបើកឱ្យកុម្ម៉ង់ទុកមុន គឺ 999ដុល្លារ ដាក់លក់នៅថ្ងៃទី1 ខែតុលានេះហើយ!

    ស្មា​ត​ហ្វូ​ន LG Wing ត្រូវបាន​ក្រុមហ៊ុន​សហការ​ជាមួយ​ដៃគូ​ដែលជា​ក្រុមហ៊ុន​អាមេរិក Verizon ប្រកាស​បើក​ឱ្យ​កុម្ម៉ង់​ទុក​មុន នៅ​ថ្ងៃទី1 តុលា 2020 នេះហើយ ក្នុងតម្លៃ​ចាប់ផ្តើម​គឺ 999ដុល្លារ។

    ស្មា​ត​ហ្វូ​ន​អេក្រង់2 បង្វិល​បាន​មួយ​នេះ កើតចេញពី​គម្រោងការ Explorer Project ជា​គម្រោង​ការដែល​រុករក​គំនិតថ្មីៗលើ​ការ​ឌី​ហ្សា​ញ​ស្មា​ត​ហ្វូ​ន។ ការ​ឌី​ហ្សា​ញ​អេក្រង់​បង្វិល​បែបនេះ មានការ​អះអាង​ពី LG ថា អាច​ទ្រាំទ្រ​ការ​បង្វិល​បាន 20ម៉ឺន​ដង ហើយ LG ក៏បាន​ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន​នេះ​មាន​ទំហំ​មិនធំ​ជាង​ស្មា​ត​ហ្វូ​ន​ធម្មតា​ប៉ុន្មាន​ឡើយ ពោល​គឺមាន​វិមាត្រ 169.5 x 74.5 x 10.9ម.ម និង​មាន​ទម្ងន់ 260ក្រាម។

    LG Wing នេះ មាន​របៀប​ប្រើប្រាស់​ដូចជា​ស្មា​ត​ហ្វូ​ន​ធម្មតា​ដែរ នៅពេលដែល​អេក្រង់​ទាំង2 បង្វិល​ចូលគ្នា ប៉ុន្តែ​នៅពេលដែល​អ្នក​បង្វិល​អេក្រង់​មេ​ចេញ​ជា​រាង​ផ្ដេក វា​នឹង​ផ្ដល់នូវ​បទពិសោធ​ពិសេស​មិន​ធ្លាប់​ជួប​ពីមុន។

    ជាមួយ​អេក្រង់​ទី2 អ្នក​ប្រើ​កម្មវិធី​បង្ហាញផ្លូវ​បណ្ដើរ និយាយ​ទូរស័ព្ទ​បណ្ដើរ មិនមាន​ការរំខាន​ពី Notification ផ្សេងៗពេល​លេង​ហ្គេម, អាច​ប្រើប្រាស់​អេក្រង់​ទី2 សម្រាប់​បញ្ជា​លើ​ការ​កាត់​វីដេអូ និង​អាច​ប្រើ ដើម្បី​បញ្ជា​ការលេង​ហ្គេម​កាន់តែ​សម្បូរបែប។ អេក្រង់​ទាំង2 មាន​ទំហំ​ខុសគ្នា គឺ​ទី1 ទំហំ 6.8អ៊ិ​ញ​កម្រិត 1080×2460 OLED ឯ​ទី2 ទំហំ  3.9អ៊ិ​ញ កម្រិត1080×1240 OLED ដូចគ្នា។

    ដំណើការ​ដោយ Android 10 ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 765G ជម្រើស RAM 8GB និង​មេម៉ូរី​128GB។

    ឯ​កាមេរ៉ា​មុខ​ទំហំ 32MP អាច​ថតរូប​បាន​ស្អាត និង​កាមេរ៉ា​ក្រោយ 3គ្រាប់ (64MP+13 MP ultrawide+12 MP ultrawide) មាន​តួនាទីផ្សេងៗគ្នា ជួយ​ឱ្យ​រូបថត និង​រូបភាព​វីដេអូ ចេញមក​បានល្អ​ប្រសើរ។

    សូម​ទស្សនា​វីដេអូ Reviews មុខងារពិសេសៗ និង​តេស្ត​កម្រិត​សឹក​ឆ្កូត​លើ LG Wing៖

  • Google ឈ្នះក្ដីទល់នឹង សហភាពអឺរ៉ុប លើរឿងលក់នាឡិកាឆ្លាតវៃ Fitbit

    Google ឈ្នះក្ដីទល់នឹង សហភាពអឺរ៉ុប លើរឿងលក់នាឡិកាឆ្លាតវៃ Fitbit

    យោងតាម​ប្រភពពី Reuters បាន​រាយការណ៍​ឱ្យដឹងថា Alphabet ដែលជា​ក្រុមហ៊ុន​សម្ព័ន្ធ​មេ របស់ Google បានឈ្នះ​ក្ដី​ទល់នឹង សហភាព​អឺរ៉ុប លើ​រឿងរ៉ាវ​លក់​នាឡិកា​ឆ្លាត​វៃ Fitbit កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ។

    នាឡិកាដៃ​ឆ្លាត​វៃ Fitbit ជ្រក​ក្រោម​ពាក្យស្លោក “Made by Google” ផលិត​ដោយ Alphabet នោះ ត្រូវគេ​ចោទប្រកាន់​ពីបទ​បោកប្រាស់​ទំនុកចិត្ត ដោយ​យក​ឧបករណ៍​អេឡិចត្រូនិក​មួយ​នេះ​ធ្វើជា​ឈ្នាន់ ក្នុងការ​ប្រមូល​រាល់​ទិន្នន័យ និង​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​ទាំង​ប៉ុន្មាន សម្រាប់​ចែកចាយ​ធ្វើឱ្យ​ទៅជា Google ads ។

    អ្នកនាំពាក្យ​ពី Google បាន​ប្រាប់​សារព័ត៌មាន​ខាងលើ​ថា “រឿងរ៉ាវ Fitbit data នោះ គឺជា​ជម្រើស​មួយ​ដែល​យើង​នឹង​បំពាក់់​វា​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​លើ Wear OS។ ក្រៅពី​ភ្ជាប់​នឹង Android App ហើយ អ្នក​ក៏មាន​ជម្រើស​ភ្ជាប់​នឹង third party តាមរយៈ APIs (application programming interfaces) ប្រសិនបើ​អ្នក​ចង់”

    សូម​រំឭក​ដែរ​ថា នាឡិកាដៃ​ឆ្លាត​វៃ Fitbit ជា​ប្រភេទ​ឧបករណ៍​អេឡិចត្រូនិក fitness trackers ដណ្ដើមបាន​ទីផ្សារ​ប្រមាណ​ជា 3% នៃ​ចំនួន​ទីផ្សារ​សរុប​ក្នុង​ឆមាស​ទី1 ឆ្នាំ2020។ បើ​ធៀប​គ្នា Apple កំពុង​ឈរលើ​គេ​មាន​ចំណែក​ទីផ្សារ 29.3% និង​បន្តបន្ទាប់​ទៀត​គឺ Xiaomi, Samsung និង Huawei នេះ​បើ​យោងតាម​ប្រភព International Data Corps៕