Category: សង្គម និងសេដ្ឋកិច្ច

  • ល្អាងស្អាតបំផុតលើពិភពលោក 9 កន្លែង ត្រូវតែទៅឱ្យបានម្ដងមួយជីវិតនេះ!

    ល្អាងស្អាតបំផុតលើពិភពលោក 9 កន្លែង ត្រូវតែទៅឱ្យបានម្ដងមួយជីវិតនេះ!

    សម្រាប់អ្នកទេសចរវិញ មិនថាតែឡើងភ្នំ ឬចុះទឹកនោះទេ ពួកគេអាចទៅបានគ្រប់ទីកន្លែងគ្មានខ្លាចញញើតអ្វីទាំងអស់ រឹតតែជាអ្នកដែលស្រឡាញ់ចូលចិត្តធម្មជាតិដែលស្រស់ស្អាត និងចម្លែកភ្នែកផងនោះ ឡារ៉ែនសូមទាយថា 14 ល្អាងធម្មជាតិដែលយើងនឹងនាំយកមកជូនទស្សនានៅពេលនេះ ច្បាស់ជាធ្វើឱ្យបេះដូងរបស់ពួកគេញ័ររញ្ជួយយ៉ាងពិតប្រាកដ។

    1 . ល្អាងទឹកកក(Ice Cave) ប្រទេស Iceland

    ឬឈ្មោះមួយទៀតហៅថា ល្អាងគ្រីស្តាល់ ជាល្អាងដែលកើតឡើងនៅក្នុងបឹងទឹកកកទឹកសាប ដែលស្ថិតនៅក្នុងតំបន់ ស្កាហ្វតាហ្វេល(Skaftafell)ជាល្អាងមួយក្នុងចំណោមល្អាងទឹកកកដែលស្អាតបំផុតក្នុងពិភពលោក និងល្បីឈ្មោះបំផុត។

    2 . ល្អាង បាទូ(Batu Caves) ប្រទេស ម៉ាឡេស៊ី

    ល្អាងថ្មកំបោរ បាទូ ស្ថិតនៅប៉ែកខាងជើងនៃទីក្រុង កួឡាឡាំពួ ដែលក្រៅពីជានិមិត្តសញ្ញារបស់រដ្ឋ សាឡាំងង៉រ ហើយនោះ ទីកន្លែងមួយនេះថែមទាំងជាវត្តអារាម និងជាកន្លែងប្រតិបត្តិពិធីខាងសាសនាហ៊ីនឌូ និងថែមទាំងបានទទួលការពេញនិយមពីបណ្ដាអ្នកទេសចរទូទាំងពិភពលោកទៀតផង។

    3 . ល្អាងគ្រីស្តាល់(Cave of the Crystals) ប្រទេស ម៉ិកស៊ិក

    ស្ថិតនៅក្នុងខេត្ត ណៃកា ភាគខាងជើងនៃប្រទេស ម៉ិកស៊ិក។ នៅខាងក្នុងល្អាង ត្រូវបានគេរកឃើញកំណករ៉ែ យីបសាំ ដ៏ធំអស្ចារ្យដែលកើតឡើងពីសារធាតុរ៉ែដែលរលាយដោយសារទឹកក្ដៅដែលមកពីបណ្ដុំថ្មស្អិត ម៉ែកម៉ា ដែលនៅខាងក្រោម ជ្រៅទៅក្រោមដីជម្រៅជាង 300ម៉ែត្រ។

    4 . ល្អាងទឹកកក ក្បែរភ្នំភ្លើង(The Mutnovsky) ប្រទេសរុស្ស៊ី

    ដោយសារតែល្អាងទឹកកកនេះស្ថិតនៅក្បែរភ្នំភ្លើង Mutnovsky ទើបធ្វើឱ្យកើតមានការផ្ដុំគ្នារបស់ទឹកកកកើតចេញជាក្បូរក្បាច់ និងធ្វើឱ្យទីកន្លែងនេះក្លាយជាល្អាងទឹកកកដែលមើលទៅស្អាតប្លែកភ្នែកបំផុត។

    5 . ល្អាង Blue Cave ប្រទេស ក្រូអាស៊ី

    ឬមានឈ្មោះមួយទៀតថា Modra Spilja ស្ថិតនៅក្នុងឈូងសមុទ្រ Balun របស់កោះ Bisevo។ ភាពពិសេសរបស់ល្អាងមួយនេះគឺ បាតុភូតឆ្លុះពន្លឺពណ៌ផ្ទៃមេឃខៀវដែលកើតឡើងក្នុងចន្លោះម៉ោង 11.00 – 12.00 ដោយសារតែពន្លឺព្រះអាទិត្យដែលចាំងចូលមកតាមចន្លោះថ្មកំបោរមករហូតកើតចេញជាពន្លឺពណ៌ផ្ទៃមេឃខៀវឡើងហ្នឹងឯង។

    6 . ល្អាង សុន ទុង(Son Doong)ល្អាងដែលធំបំផុតក្នុងពិភពលោក នៅប្រទេសវៀតណាម

    ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ ហ្វុងយ៉ា-គែបាង ស្រុក បូចាក់ ខេត្ត កួងប៊ីន(Quang Binh) គេល្បីថា ជាល្អាងដែលមានភាពលំបាកបំផុត ព្រោះអ្នកទេសចរដែលទៅទីនោះត្រូវតែចេះស៊ូទ្រាំ អត់ធន់ និងមានភាពក្លាហានហ៊ានប្រថុយប្រថានខ្លាំងទើបអាចចូលទៅទស្សនាបាន។

    7 . ល្អាង ហ្វ៊ីងហ្កាលស៍(Fingals Cave) ប្រទេស ស្កត់លែនដ៍

    ជាល្អាងដែលស្ថិតនៅក្នុងសមុទ្រ លើកោះស្តាហ្វហ្វា ខាងក្រៅឆ្នេរទិសខាងលិចរបស់ប្រទេស ស្កុតលែនដ៍។ កោះនេះមានឈ្មោះល្បីល្បាញរឿងកំណប់បុរាណ ក្នុងល្អាងមានថ្ម បៈសូលរូបរាងបួនជ្រុង មានប្រវែងខាងក្នុង 70ម៉ែត្រ និងផ្នែកខាងមុខល្អាងមានកម្ពស់ស្មើអាគារ 6ជាន់ឯណោះ។

    8 . ល្អាងថ្លើមថ្ម(Cavernas De Marmol) ប្រទេស ឈីលី

    ជាល្អាងដែលកើតឡើងពីចរន្តទឹកហូរដែលច្រោះដាច់រយៈពេលរាប់លានឆ្នាំ រហូតដល់ភ្នំថ្លើមថ្មកើតចេញជាគ្រោងល្អាងថ្លើមថ្មដ៏សែនស្រស់ស្អាតនេះឡើង។ ល្អាងនេះស្ថិតនៅក្នុងតំបន់បឹងទឹកសាប ការេរ៉ា នៅខាងក្នុងល្អាងនោះពេញទៅដោយទឹកថ្លាឈ្វេងស្អាតបរិសុទ្ធ ចាំងឆ្លុះពន្លឺពីផ្ទៃមេឃប៉ះនឹងផ្ទៃទឹករបស់បឹងទឹកសាបដ៏ធំបំផុតលំដាប់លេខពីររបស់ទ្វីបអាមេរិកខាងត្បូង។

    9 . ល្អាង ផូស្តូតណា(Postojna Cave) ប្រទេស ស្លូវេនៀ

    ស្ថិតនៅក្នុងតំបន់ទីប្រជុំជន ផូស្តូតណា ជាល្អាងដែលស្អាតបំផុតក្នុងទ្វីបអឺរ៉ុប មានអាយុចំណាស់ជាង 2លានឆ្នាំ និងបើកឱ្យភ្ញៀវទេសចរចូលទស្សនាតាំងពីឆ្នាំ 1884 មកម្ល៉េះ។ នៅខាងក្នុងល្អាងមានទាំងថ្មដុះឡើង និងថ្មដុះធ្លាក់សំយ៉ុង ខ្សែទឹកហូរ អាងទំនប់ទឹក និងថែមទាំងមាន ត្រីមនុស្ស(Human Fish)ឬ Olm វត្ថុមានជីវិតខ្នាតតូច មានសម្បុរស្បែកស្រដៀងមនុស្ស តែដងខ្លួនវែងស្រ ដៀងសត្វពស់ មានដៃ និងជើង ត្រូវបានរកឃើញលើកដំបូងនៅឆ្នាំ​1768៕

  • សហរដ្ឋអាមេរិកហាមឃាត់ក្រុមហ៊ុនក្នុងការបង់ប្រាក់ទៅឱ្យពួកក្រុមអ្នកវាយប្រហារ (Ransomware)

    សហរដ្ឋអាមេរិកហាមឃាត់ក្រុមហ៊ុនក្នុងការបង់ប្រាក់ទៅឱ្យពួកក្រុមអ្នកវាយប្រហារ (Ransomware)

    ការវាយប្រហារ​តាមរយៈ Ransomware គឺជា​ដំណើរការ​ជ្រៀតចូល និង​ធ្វើការ​អុ​ី​ន​គ្រីប​ទិន្នន័យ​ក្នុង​កុំព្យូទ័រ ក្នុង​គោលបំណង​ជំរិត​ទារប្រាក់​ពី​ក្រុមហ៊ុន ឬ​បុគ្គល​ជា​ថ្នូរ​នឹង​ការទទួលបាន​លេខ​កូដ​ដើម្បី​បើក​ទិន្នន័យ​ទាំងនោះ​វិញ​បាន។

    ការវាយប្រហារ​តាមរយៈ​អុ​ី​ន​គ្រីប​ទិន្នន័យ​ដើម្បី​ទាមទារ​ប្រាក់​មានការ​កើនឡើង​ខ្លាំង​នៅ​សហរដ្ឋអាមេរិក និង​ប្រទេសផ្សេងៗមួយចំនួនទៀត ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ដែលនាំឱ្យ​មាន​មនុស្ស​ជាច្រើន​ចាប់ផ្ដើម​ប្រើ​កុំព្យូទ័រ​ដើម្បី​ប្រកបមុខរបរ និង​ការងារផ្សេង។ ដោយ​ឃើញ​ពី​គុណវិបត្តិ​នេះហើយ ទើប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុននេះ រតនាគារ​សហរដ្ឋអាមេរិក​បានប្រកាសថា រាល់​ការសម្របសម្រួល​បង់ប្រាក់​ទៅឱ្យ​ក្រុម​ពួក​អ្នក​វាយប្រហារ​ដែល​បាន​បញ្ចូល​ក្នុង​បញ្ជី​ហាមឃាត់​នោះ (Sanctioned hackers) អាចជា​រឿង​ខុសច្បាប់ និង​អាច​រង​ការផាកពិន័យ​ផងដែរ។ ជាមួយគ្នានេះដែរ ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​របស់​រតនាគា​រ​ក៏បាន​ព្រមាន​ថា អ្នកធ្វើការ​សម្របសម្រួល​អាច​នឹងត្រូវ​ផ្តន្ទាទោស ទោះបីជា​ពួកគេ​ឬ​ជនរងគ្រោះ​មិនបាន​ដឹងថា ពួក​អ្នក​វា​ប្រហារ​នោះ​គឺជា​ក្រុម​នៅក្នុង​បញ្ជី​ហាមឃាត់​ក៏ដោយ។

    លោក Alon Gal ប្រធាន​ផ្នែក​បច្ចេកវិទ្យា នៃ​ក្រុមហ៊ុន Hudson Rock ដែលជា​អ្នកជំនាញ​ផ្នែក​ទប់ស្កាត់​ពី​ការវាយប្រហារ​គំរាម​ទារប្រាក់​បាន​និយាយថា ការណែនាំ​ថ្មី​របស់​រដ្ឋាភិបាល​នេះ​គឺ​វា​ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ​ពី​របៀប​លោះ​យក​ទិន្នន័យ​ពី​ក្រុម​អ្នក​វាយប្រហារ​ទាំងមូល។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា កាលពីមុន​ក្រុមហ៊ុន​អាច​ធ្វើការ​សម្រេចចិត្តថា​ត្រូវ​បង់ ឬ​មិន​បង់ប្រាក់​ទៅឱ្យ​ក្រុម​ជនល្មើស​ទាំងនោះ​បាន ប៉ុន្តែ​ពេលនេះ​រាល់​ការសម្រេចចិត្ត​ទាំងនោះ​គឺ​ត្រូវមាន​ការត្រួតពិនិត្យ​ពី​រដ្ឋាភិបាល​ជាមុនសិន ព្រមទាំង​មានការ​ចាត់វិធានការ​យ៉ាង​តឹងរឹង​ជាង​មុន​ចំពោះ​ករណី​ទាំងនេះ​ទៀតផង៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • មហា​សេដ្ឋី​ចែក​រំលែក​បទ​ពិសោធន៍​ដើម្បី​កុំ​ឱ្យ​ “ប្រាក់គ្មាន​ស្លាប​ប៉ុន្តែ​ចេះ​តែ​​​​​ហោះ​​ចេញ​​ពី​​ហោប៉ៅ”

    មហា​សេដ្ឋី​ចែក​រំលែក​បទ​ពិសោធន៍​ដើម្បី​កុំ​ឱ្យ​ “ប្រាក់គ្មាន​ស្លាប​ប៉ុន្តែ​ចេះ​តែ​​​​​ហោះ​​ចេញ​​ពី​​ហោប៉ៅ”

    អាថ៌កំបាំងនៃការ “ចងជើង” ប្រាក់កាសរបស់មហាសេដ្ឋី Mark Cuban នោះគឺ តថ្លៃនៅពេលទិញទំនិញ សន្សំសំច័យជាប្រចាំ និងមិនដែលជំពាក់បំណុលដោយសារប្រើប័ណ្ណឥណទានជាដើម។ល។

    ដោយសារតែធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនឆ្នាំ មហាសេដ្ឋីបច្ចេកវិទ្យាជនជាតិអាមេរិកាំង លោក Mark Cuban បានរកឃើញមេរៀនល្អៗស្ដីអំពីវិធីចាយលុយ និងមានការផ្ដល់យោបល់ជាច្រើនទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុសម្រាប់មនុស្សដែលមានបំណងចង់សន្សំលុយ និងអ្នករស់នៅតាមបែបស៊ីចាយហឺហា។

    មហាសេដ្ឋី Mark Cuban បានណែនាំថា អ្នកដែលចង់សន្សំសំច័យ ចូរ “រស់នៅឱ្យដូចជានិស្សិត” មានន័យថា មិនចាយវាយច្រើនទៅលើសម្ភារដែលមានតម្លៃជាទឹកប្រាក់លើសពីសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួន ឬសម្ភរដែលមិនចាំបាច់សម្រាប់បម្រើឱ្យការងារសំខាន់ៗ។

    លោក Mark Cuban បានផ្ដល់អនុសាសន៍ថា មិនគួរទិញរបស់របរណាដែលអ្នកមិនត្រូវការជាចាំបាច់ ពិសេសគឺនៅពេលដែលអ្នកមិនមានលុយគ្រប់គ្រាន់ដើម្បីទិញ។ ចូររស់នៅឱ្យបានក្រោមបន្ទាត់នៃតម្រូវការរបស់អ្នក។

    ទន្ទឹមនឹងនេះ ចូរចាំថា ការប្រាក់របស់ប័ណ្ណឥណទានគឺតែងតែមានអត្រាខ្ពស់ ដូច្នេះ លោក Mark Cuban បានសង្កត់ធ្ងន់ថា បើសិនជាប្រើប្រាស់ប័ណ្ណឥណទាន ដាច់ខាតអ្នកត្រូវតែទូទាត់បំណុលឱ្យបានត្រូវតាមកាលកំណត់។

    “អ្នកអាចខ្ចីប្រាក់ដើម្បីទិញផ្ទះ ព្រោះថាអត្រាការប្រាក់សម្រាប់កម្ចីប្រភេទបញ្ចាំនៅពេលនោះទាបជាងច្រើនបើធៀបនឹងតម្លៃរបស់ផ្ទះដែលកើនឡើងទៅតាមពេលវេលា។ ក៏ប៉ុន្តែ អ្នកមិនគួរមានប័ណ្ណឥណទានដែលនាំឱ្យអ្នកជំពាក់ប្រាក់ធនាគាររាល់ខែនោះទេ ដោយសារអត្រាការប្រាក់នៃឥណទានប្រភេទនេះគឺជាការវិនិយោគអាក្រក់បំផុតក្នុងពិភពលោក” នេះបើតាមមហាសេដ្ឋី Mark Cuban។

    មហាសេដ្ឋីបច្ចេកវិទ្យាជនជាតិអាមេរិកាំង លោក Mark Cuban
    មហាសេដ្ឋីបច្ចេកវិទ្យាជនជាតិអាមេរិកាំង លោក Mark Cuban

    យោងតាមលោក Mark Cuban ល្អបំផុតគឺត្រូវតែទូទាត់បំណុលឱ្យបានជ្រះស្រឡះក្នុងអំឡុង30ថ្ងៃ ឬកាត់បន្ថយការប្រើប្រាស់ប័ណ្ណឥណទានឱ្យមកនៅទាបបំផុត។ “នេះគឺជាវិធីវិនិយោគឆ្លាតវៃបំផុតដែលអ្នកអាចធ្វើបាន” លោក Cuban និយាយដូច្នេះ។

    មហាសេដ្ឋី Cuban ផ្ដល់ប្រាប់ថា ចូរប្រើប្រាស់កម្មវិធីបញ្ចុះតម្លៃនានាដើម្បីទិញទំនិញចាំបាច់ក្នុងបរិមាណច្រើន ក្នុងបំណងទទួលបានតម្លៃទាប ព្រោះថា ទោះជាយ៉ាងណា អ្នកក៏នៅតែត្រូវទិញវាដដែល ហើយបើសិនជាអាចសំច័យបាន20% 30% ឬមួយ40% នោះពិតជាការវិនិយោគដ៏ល្អ។

    ទន្ទឹមនឹងនេះ នៅពេលដើរផ្សារ ចូរតថ្លៃឱ្យទាបបំផុតទៅលើទំនិញគ្រប់យ៉ាងដែលអ្នកត្រូវការទិញ ដោយហេតុថា បើសិនជាចេះតថ្លៃ នោះអ្នកនឹងអាចសន្សំសំច័យប្រាក់បានភ្លាមៗនៅនឹងកន្លែង។

    លោក Cuban ផ្ដល់យោបល់ថា៖ អ្នកត្រូវតែរក្សាប្រាក់ឱ្យបានគ្រប់គ្រាន់សម្រាប់ចាយក្នុងរយៈពេល1ឆ្នាំ ដើម្បីធានាទៅលើផ្នែកហិរញ្ញវត្ថុនៅពេលអ្នកជួបបញ្ហាមិនអាចរកចំណូលបាន ហើយប្រាក់ដែលនៅសល់ពីនេះ គួរតែយកទៅវិនិយោគដើម្បីរកចំណេញ៕

    ប្រភព៖ CNBC

     

  • Google Pixel 4a 5G និង Pixel 5 ចេញលក់ហើយ តម្លៃចាប់ផ្តើមពី $500 និង​ $700

    Google Pixel 4a 5G និង Pixel 5 ចេញលក់ហើយ តម្លៃចាប់ផ្តើមពី $500 និង​ $700

    ក្រុមហ៊ុន Google ទើបនឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់ខ្លួន ដែលមាន​ឈ្មោះថា Pixel 4a និង​ប្រភេទ 4a ( 5G) និង Pixel 5 ដែលមាន​តម្លៃ​ចាប់ផ្តើម​ពី 500ដុល្លារ និង  700ដុល្លារ ព្រមទាំង​មានលក្ខណពិសេសរៀងៗខ្លួន ដូច​មាន​រៀបរាប់​ខាងក្រោម៖

    *លក្ខណសម្បត្តិ Pixel 4a 5G

    ស្មា​ត​ហ្វូ​ន 5G ដំបូង​របស់ Google នេះ អាច​ថា​ពិសេស​ជាងគេ វា​មាន​បំពាក់​អេក្រង់​ទំហំ​ធំ​ជាង 6.2អ៊ី​ញ និង​ប្រើប្រាស់​ឈី​ប​កម្លាំង​ខ្លាំង​ជាង Snapdragon 765G ដែលមាន​ភ្ជាប់​មក​នូវ​សេវា 5G ផងដែរ។ លើសពីនេះ វា​មាន​បន្ថែម​កាមេរ៉ា​ក្រោយ 1គ្រាប់​ទៀត​ជា​ប្រភេទ Ultrawide ទំហំ 8MP និង​មាន​ថ្ម ធំ​ជាង​មុន ទំហំ 3885mAh ដែលមាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 18W វ៉ា​ត់​ម៉ោង​ក្នុង​ប្រអប់​ទៀតផង។

    តួខ្លួន​របស់​ទូរស័ព្ទ​ផលិត​ចេញពី​សារធាតុ​ប្លា​ស្ទិ​ក និង​មាន​ទ្រនាប់​ស្គែ​ន​ម្រាមដៃ​នៅ​ផ្នែក​ខាងក្រោយ។ ការ​ឌី​ហ្សា​ញ​រូបរាង​គឺ ចោះ​អេក្រង់​ខាងមុខ​ដដែល ផ្នែក​លើ​ខាងឆ្វេង មាន​ទំហំ 8MP។ កាមេរ៉ា​មេ​ខាងក្រោយ​មាន​ទំហំ 12.2 MP។ Pixel 4a 5G នឹង​ចេញលក់​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 11 ដែល​ដំ​ឡើងមក​ស្រាប់ ហើយនឹង​មាន​រន្ធ​កាស 3.5mm មកជា​មួយ​ផងដែរ។

    Pixel 4a 5G នឹងមាន​តម្លៃ​ចាប់ពី 499ដុល្លារ នៅ​សហរដ្ឋអាមេរិក ចំណែក​នៅ​ទីផ្សារ​អឺរ៉ុប ទំហំ 128GB នឹងមាន​តម្លៃ​ចាប់ពី 499អឺរ៉ូ និង 499ផោន​ដ៍។ បញ្ជាក់ដែរថា ចំណុច​ខុសគ្នា​រវាង Pixel 4a 5G ជាមួយនឹង Pixel 4a ធម្មតា​គឺ អេក្រង់ ថ្ម និង​សេវា 5G និង​តម្លៃ។

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

    *លក្ខណសម្បត្តិ Pixel 5

    ចំណែក​ស្មា​ត​ហ្វូ​ន Pixel 5 ឯណេះ​វិញ បំពាក់​ដោយ​អេក្រង់​ទំហំ 6អ៊ី​ញ ដែលជា​ប្រភេទ OLED មាន​កម្រិត​បង្ហាញ 1080×2340 ភិ​កសែ​ល ដោយមាន Refresh Rate 90Hz គាំទ្រ​ដោយ HDR និង​មាន​ការពារ​ដោយ​កញ្ចក់ Gorilla Glass 6។ ដំណើរការ​ដោយ​បន្ទះ​ឈី​ប Snapdragon 765G គាំទ្រ​ត្រឹម​សេវា 5G ប្រភេទ Sub-6GHz ប៉ុណ្ណោះ។

    Pixel 5 នឹងមាន​បំពាក់ RAM ធំ​គឺ 8GB/ 128GB មេម៉ូរី។ Pixel 5 ក៏​នៅតែមាន​ទ្រនាប់​ស្គែ​ន​ម្រាមដៃ​បំពាក់​នៅ​ផ្នែក​ខាងក្រោយ​នៃ​ទូរស័ព្ទ មិន​បង្កប់​ក្រោម​អេក្រង់​ឡើយ។

    កាមេរ៉ា 2គ្រាប់ ខាងក្រោយ​មាន3 មាន​ទំហំ 12.2MP, មាន Aperture f/1.7 ជាមួយ​មុខងារ Dual Pixel PDAF និង​មាន​មុខងារ​រក្សា​លំនឹង OIS និង EIS ផងដែរ អាច​ថត​វីដេអូ 4K/60fps និង 1080P/240fpsជា​កាមេរ៉ា​មេ។ 1ទៀត​ជា​កាមេរ៉ា​ប្រភេទ Ultrawide ទំហំ 16MP អាច​ថតរូប​ភាព​ទំហំ 107ដឺ​ក្រេ និង​មាន Aperture f/2.2។

    សម្រាប់​កាមេរ៉ា Selfie មាន​ទំហំ ៨MP មាន Aperture f/2.0 ដែល​អាច​ថត​វីដេអូ​បាន​កម្រិត 1080P/30fps។ ថ្ម​របស់ Pixel 5 មាន​ទំហំ 4080 mAh មក​ជាមួយនឹង​ដុំ​សាក​កម្លាំង 18W វ៉ា​ត់ និង​មុខងារ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ និង​អាច​សាក​ថ្ម​ឱ្យ​ឧបករណ៍​ដទៃទៀត​ដោយ​មិន​ប្រើ​ខ្សែ​បាន​ផងដែរ។

    Pixel 5 មាន​សមត្ថភាព​ការពារ​ទឹក និង​ធូលី​ដី​កម្រិត IP68 និង​មាន​តួខ្លួន ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​កែច្នៃ​ឡើងវិញ 100%។

    Google Pixel 5 នឹងមាន​ដាក់លក់​ក្នុងតម្លៃ​ចាប់ពី 628អឺរ៉ូ នៅ​តំបន់​អឺរ៉ុប រីឯ​តម្លៃ​ចន្លោះ​ពី 599ដុល្លារ ទៅ 629ដុល្លារ នឹងមាន​លក់​នៅលើ​ទីផ្សារ​អាមេរិក៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • Messi រិះគន់មិនសំចៃមាត់ ព្រោះចង់ឱ្យក្លិបរីកចម្រើន

    Messi រិះគន់មិនសំចៃមាត់ ព្រោះចង់ឱ្យក្លិបរីកចម្រើន

    ខ្សែប្រយុទ្ធ​ក្លិប Barcelona កីឡាករ Lionel Messi បាន​និយាយ​កាលពីពេលថ្មីៗនេះ​ថា មូលហេតុ​ដែល​លោក​រិះគន់​ក្លិប​កន្លងមកនេះ គឺ​ដោយសារតែ​រូបលោក ចង់បង្ហាញ​ពី​បញ្ហា​នៅក្នុង​ក្លិប​នេះ​តែប៉ុណ្ណោះ។

    កីឡាករ​រូបនេះ បាន​បន្ថែមថា ដូចដែល​យើង​បានដឹងហើយថា ក្លិប Barcelona មួយរយៈ​ចុងក្រោយ​នេះ មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង មូលហេតុ គឺ​ដោយសារ​តែមាន​បញ្ហា​នៅក្នុង​ក្លិប​ជាច្រើន ដែល​មិនមាន​ការដោះស្រាយ ជាក់ស្តែង​ដូចជា​កីឡាករ​មួយចំនួន មិន​ពេញ​ចិត្តនឹង​ក្លិប តែ​មិនមាន​នរណាម្នាក់​ហ៊ាន​ចេញមុខ​រិះគន់ ទើប​ក្លិប​បន្ត​ធ្លាក់ចុះ​បែបនេះ។

    គួរ​រំឭក​ឡើងវិញ​ដែរ​ថា ក្លិប FC Barcelona បាន​ធ្លាក់​ចេញពី​ពាន La Liga និង UEFA Champions League នៃ​រដូវ​កាល​ឆ្នាំ2020នេះ ដែល​ធ្វើឱ្យ​ក្លិប មិនបាន​ទទួលពាន​អ្វី​ទាល់តែសោះ​នៅ​ឆ្នាំ2020 រហូតដល់ Messi ស្ទើរតែ​នឹង​ដើរ​ចេញពី​ក្លិប​ថែម​ទៀតផង ដោយសារតែ​រឿង​មិន​ពេញ​ចិត្តនឹង​ក្លិប​នេះឯង៕

  • Bayern Munchen ឆ្នាំនេះ ដើរប្រមូលពាននៅអឺរ៉ុបបាន 5ហើយ

    Bayern Munchen ឆ្នាំនេះ ដើរប្រមូលពាននៅអឺរ៉ុបបាន 5ហើយ

    កាលពីពេលថ្មីៗនេះ ក្លិប​បាល់ទាត់ Bayern Munich បាន​យកឈ្នះ​ក្រុម Borussia Dortmund ដោយ​លទ្ធផល 3ទល់នឹង2 នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ពានរង្វាន់ German Super Cup។

    នេះ គឺជា​ពាន​ទី5 ហើយ សម្រាប់​ឆ្នាំ2020 នេះ ដែល​ក្រុមបាល់ទាត់ Bayern Munich បានឈ្នះ ដោយពាន​ទាំង5 កន្លងមកនេះ រួមមាន  Bundesliga, DFB-Pokal, German Super Cup, UEFA Super Cup និង Champions League៕

  • ចៃដន្យណាស់! ហ្គេមពី ៨ ឆ្នាំមុនមានរបៀបលេងបង្កើតនូវជំងឺមួយឲ្យឆ្លងនៅទូទាំងពិភពលោក ស្រដៀងកូវីដ ១៩

    ចៃដន្យណាស់! ហ្គេមពី ៨ ឆ្នាំមុនមានរបៀបលេងបង្កើតនូវជំងឺមួយឲ្យឆ្លងនៅទូទាំងពិភពលោក ស្រដៀងកូវីដ ១៩

    ហ្គេម Plauge Inc. បាន​កើនឡើង​ចំនួន​ទាញយក​ច្រើនសន្ធឹក​ក្នុងប្រទេស​ចិន​ក្រោយ​ផ្ទុះ​នូវ​កូ​វីដ១៩ កាលពី​ចុងខែ​មករា ២០២០ កន្លងទៅ។ Plague Inc. គឺជា​ហ្គេម​ដែលមាន​របៀប​លេង​បង្កើត​នូវ​ជំងឺ​មួយ​ឲ្យ​ឆ្លង​នៅ​ទូទាំង​ពិភពលោក។

    អ្នកបង្កើត​ហ្គេម Plague Inc. ឈ្មោះថា Jame Vaughan និង​ជា​ស្ថាបនិក Ndemic Creations បាន​និយាយថា៖ “៨ ឆ្នាំមុន ខ្ញុំ​មិនដែល​បាន​ស្រមៃ​ទេ​ថា​ពិភពលោក​ខាងក្រៅ អាច​នឹង​ដូចនឹង​ហ្គេម Plague Inc. ឬ​ស្រមៃ​ថា​មាន​មនុស្ស​លេង Plague Inc. ច្រើន​បែបនេះ” នាពេលនេះ Ndemic Creations ដែលជា​អ្នក​ផលិត​ហ្គេម​នេះ បាន​បន្ថែម​នូវ Mode លេង​ថ្មី​ចូលទៅក្នុង​ហ្គេម Plague Inc. ដែល​អាច​ឲ្យ​អ្នកលេង​បញ្ឈប់​នូវ​ជំងឺ​រាតត្បាត។

    រីឯ​លោក Ndemic Creations ផ្ទាល់​ក៏បាន​បរិច្ចាគ​ទឹកប្រាក់ ២៥០ ០០០ ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ១៩ បន្ទាប់​ពិ​រីក​រាលដាល​នៃ​កើតឡើង​មែនទែន នៃ​វីរុស​កូ​វីដ១៩៕

  • គម្រោងបុរី Chankiri Palm Creek ជាគំរូនៃការរចនាផ្ទះប្រកបដោយការ “គិតគូរពីតម្រូវការអ្នករស់នៅជាចម្បង

    គម្រោងបុរី Chankiri Palm Creek ជាគំរូនៃការរចនាផ្ទះប្រកបដោយការ “គិតគូរពីតម្រូវការអ្នករស់នៅជាចម្បង

    រាជធានីភ្នំពេញ ថ្ងៃទី 05 ខែតុលា ឆ្នាំ 2020 – ស្របពេលដែល​​គម្រោង​បុរី ខុនដូ និង​គម្រោង​អភិវឌ្ឍ អចលនទ្រព្យ​ផ្សេងទៀតកំពុង​រីកដុះដាល​ពេញ​ទីក្រុងភ្នំពេញ និង​បណ្ដា​ក្រុង​ផ្សេងទៀត នៅក្នុងប្រទេស កម្ពុជា​ក្នុងរយៈកាលជា​ច្រើនឆ្នាំមកនេះ អតិថិជនគ្រប់រូប អាច​មានការ​ពិបាក​​ក្នុងការ​​បែង​ចែក ​​ឲ្យ​ឃើញពីភាព​ខុស​គ្នា​នៃគម្រោង និងក្រុមហ៊ុនអចលនទ្រព្យ ទាំងនោះ ។

    យោង​តាម​ការ​​សិក្សា​មួយកាលពីពេលថ្មីៗនេះ ដែលចេញផ្សាយ​ដោយ​ក្រុមហ៊ុន Urbanland បានឲ្យឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​​កំពុង​ចាប់ផ្ដើម​គិត​គូរ​កាន់តែ​ខ្លាំង អំពីការ​បង្កើន​លទ្ធភាព​ប្រើប្រាស់​លំនៅដ្ឋាន ​របស់​ខ្លួនសម្រាប់​ការ​រស់នៅ តាំងពីក្នុង​ផ្ទះ​រហូតដល់ក្រៅផ្ទះ ជាជាង​ការ​ផ្ដោត​តែទៅលើសោភ័ណភាព ខាង​ក្រៅ។

    ទន្ទឹមនឹងនេះ ពួកគាត់ក៏ចង់​បាន​ការ​រចនា​ផ្ទះ ដែលមានភាពសាមញ្ញ និងទំនើប​​ជាងមុន លើសពី ការ​រចនា​ម៉ូតផ្ទះដែលមើលទៅសើរៗ ពោលគឺចង់បានលំនៅដ្ឋានដែល​ស្រស់ស្អាត​ ​អាចបំពេញបំណង ផ្ទាល់ខ្លួន និងតម្រូវការ​​ក្នុងការ​ប្រើប្រាស់​ជាក់ស្ដែង   ហើយជួយបន្ថែម គុណតម្លៃ​ដល់គុណភាពជីវិត​របស់ ពួកគាត់ថែមទៀតផង មិនមែនធ្វើ​ឲ្យ​បានត្រឹមតែ​​​ចាប់ អារម្មណ៍ប៉ុណ្ណោះទេ។   ​

    ការ​សិក្សានោះ​ក៏បានបង្ហាញដែរថា អតិថិជន​កំពុង​សំឡឹង​ចង់បាន​ការ​ផ្ដល់ជូនបន្ថែមទៀត ​លើសពីអ្វី ដែល​​គម្រោង​បុរីនាពេល​បច្ចុប្បន្ន​​កំពុង​ផ្ដល់​ឲ្យ​។ ក្នុងនោះ មានការ​បារម្ភ​ជាពិសេស​ចំពោះ​ក្រុមហ៊ុន​ប្រឹង​ សាង​សង់​លំនៅដ្ឋានបញ្ជ្រៀត​គ្នា ដើម្បី​បង្កើនប្រាក់ចំណេញ​ ហើយ​គិត​គូរតិចតួច​ជុំវិញការ​រចនា​ផ្នែក​ ​ខាង​ក្នុង​​លំនៅដ្ឋាន ឬការ​ប្រើប្រាស់​ទីធ្លាខាង​ក្រៅ។

    តាមរយៈការ​សិក្សា ដែលមានការ​ចែក​រំលែក​យ៉ាងទូលំទូលាយ​នៅតាម​ប្រព័ន្ធផ្សព្វផ្សាយ និងភាគីពាក់ ព័ន្ធនៅក្នុងវិស័យអចលនទ្រព្យ​ ក្រុមហ៊ុន Urbanland បាន​កំណត់ឃើញពី​កត្តា​ពិចារណា​សំខាន់ៗមួយ ចំនួន ​សម្រាប់អ្នកទិញលំនៅដ្ឋាន​នៅកម្ពូជា ហើយ​នៅពេលនេះ កំពុង​សាងសង់​​គម្រោង​បុរី មួយ​កន្លែង នៅភាគ​ខាង​ត្បូង​រាជធានីភ្នំពេញ ដែលមានឈ្មោះថា “Chankiri Palm Creek” ដើម្បីបំពេញ​តាម ការរំពឹងទុក និង​ការវិវត្តន៍នៃតម្រូវការរស់នៅ​របស់​ប្រជាជនកម្រិតជីវភាពមធ្យមដែលមាន “សេចក្ដី ប្រាថ្នា​ខ្ពស់​​ក្នុងជីវិត” ដែលជា ​អ្នក​រស់នៅធំដឹង​ក្ដី ក្នុងជំនាន់​ក្រោយ​សង្គ្រាម។

    នាយក​ក្រុមហ៊ុន Urbanland លោក កាំង ហុក ដែលកាលពីពេលថ្មីៗ​​ បានឈ្នះរង្វាន់ “បុគ្គលិកលក្ខណៈឆ្នើមក្នុងវិស័យ​អចលនទ្រព្យ​ប្រចាំឆ្នាំ” (Real Estate Personality of the Year) ពីកម្មវិធី PropertyGuru មានប្រសាសន៍ថា៖ “នៅបុរី ចន្ទគីរី (Chankiri) យើង​រចនា​​ផ្ទះ​ដោយ​យកចិត្ត ទុកដាក់លើតម្រូវការរបស់មនុស្សជាចម្បង ដោយ​បង្កើត​ឲ្យ​មានទីធ្លា សួនច្បារដែល​ផ្ដល់​លទ្ធភាព​​ឲ្យ​ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍អាច​រស់នៅដោយសុខដុមរមនា និង​ផ្សារភ្ជាប់ជីវិតរស់នៅជាមួយធម្មជាតិ បានថែមទៀតផង។ យើង​សូមស្វាគមន៍សហគមន៍របស់យើង ក្នុងការ​បោះជំហានទៅ​រក​​ការ​រស់នៅ​ដែល ​ប្រសើរ​ជាងមុន”។

    តាមរយៈគម្រោង​អចលនទ្រព្យ​​ ដែលឈ្នះពានរង្វាន់នានា ដូចជាគម្រោង​ Raintree និងគម្រោង​ Embassy Central នៅរាជធានីភ្នំពេញ និង​គម្រោង​ Treeline Urban Resort នៅខេត្ត​ សៀម​រាប ​ជាដើមដែលបាន​បញ្ចប់​​ដោយជោគជ័យ ចាប់តាំងពីក្រុមហ៊ុនត្រូវបានបង្កើតឡើង​កាលពីឆ្នាំ ២០១៣ មក​នោះ ក្រុមហ៊ុន Urbanland កំពុង​​បង្កើត​នូវ​បទដ្ឋាន គុណភាពកាន់តែខ្ពស់ថែមទៀតជាមួយនឹង​ គម្រោង Chankiri Palm Creek ហើយ​លោក កាំង ហុក បាន​ និយាយថា គម្រោងនេះជា​សក្ខីភាព ​បង្ហាញពី​ចក្ខុវិស័យរបស់​លោកក្នុងការ​រចនា​ផ្ទះដែល “យកចិត្តទុកដាក់ពីតម្រូវការ​មនុស្សជាចម្បង​” ហើយដែល​អាច​លើក​កម្ពស់គុណភាព​នៃជីវិត​រស់នៅរបស់ប្រជាពលរដ្ឋ​បាន។

    លោក កាំង ហុក មានប្រសាសន៍ថា៖ “យើង​ចំណាយពេល​ពាក់កណ្ដាលនៃជីវិត​របស់យើងនៅក្នុង​ផ្ទះ ហើយ​បានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិត​ស្និទ្ធ​ជាមួយ​ទីធ្លាដែលយើង​រស់នៅ។ ដូច្នេះ ការ​កែលម្អទីធ្លា​ដែល ​យើង​​រស់នៅនឹង​ជួយលើក​កម្ពស់​ជីវិត​រស់នៅ​របស់យើង​បានយ៉ាង​ច្រើន”។​

    លោក​បានបន្តថា៖ “ការ​សិក្សា​​​​ស្រាវជ្រាវដ៏ស៊ីជម្រៅនេះ បានជួយ​ផ្ដល់នូវ​ចំណេះ​ដឹង និងគុណប្រយោជន៍ យ៉ាង​ច្រើនដល់ក្រុមការងារ។ ចំណេះដឹងទាំងនេះ​​កំពុង​ត្រូវបាន​បញ្ចូល ជា​បន្ត​បន្ទាប់ទៅ​ក្នុង​ការគិតគូរ និង​ដំណើរការ​នៃការ​រចនា​ផ្ទះ ហើយអាចជួយ​ឲ្យ​យើង​ប្រមូលផ្ដុំ នូវរបកគំហើញថ្មីៗ និងល្អប្រសើរទៅលើ ផ្នែកជាច្រើន ក្នុងការ​​រចនាគម្រោង​បុរី”។​

    លោកបន្ថែមថា៖ “យើង​ផ្ដល់អាទិភាព​ចំពោះអ្វី​ដែល​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់ខ្លាំងបំផុត ពោលគឺ សន្តិសុខ និង​សុវត្ថិភាព ការ​ប្រើប្រាស់​ផ្នែក​ខាង​ក្នុង​ផ្ទះ ការ​រស់នៅជា​សហគមន៍ និង​ភាព​ជា​ផ្នែក​មួយ នៃ​សហគមន៍​ ហើយ​យើង​បញ្ចូល​នូវធាតុផ្សំ​​ធម្មជាតិ​ផ្សេងៗ ដោយ​មានការ​គិត​គូ​រយ៉ាង​ល្អិត​ល្អន់​ជុំវិញ ​លំហូរពន្លឺធម្មជាតិ និង​ខ្យល់​អាកាស នៅក្នុងគេហដ្ឋាននីមួយៗ”។

    នៅគម្រោង Chankiri Palm Creek ការ​រចនាផ្នែក​ខាង​ក្នុង​ផ្ទះ​មានមុខងារច្បាស់លាស់​ និងអាច បត់បែនតាមតម្រូវការ និងការផ្លាស់ប្តូររបស់ក្រុមគ្រួសារ នៅពេលអនាគត ពោលគឺផ្នែកផ្សេងៗនៃផ្ទះ អាចបម្លែង ពីបន្ទប់ទារក ទៅជាបន្ទប់ក្មេងលេង បន្ទប់ធ្វើការ ឬទៅជា​ទីកន្លែងស្ងប់ស្ងាត់សម្រាប់ ​ឪពុក​ម្ដាយ​ ដែល មានវ័យចំណាស់​​អាច​គេង​សម្រាក​ពេលថ្ងៃបាន។

    ទីធ្លា​ខាង​ក្រៅផ្ដោត​លើ​ការ​បង្កើត​ទីធ្លាសហគមន៍ ដែលមានធម្មជាតិ និងរុក្ខជាតិបៃតង មានម្លប់ ត្រឈឹងត្រឈៃ ហើយ​អាច​ប្រើប្រាស់បានពីសំណាក់មនុស្ស​គ្រប់​ជំនាន់នៅក្នុង សហគមន៍នោះ ដោយមាន ការបូកបញ្ចូលនូវ សួន​សម្រាប់ក្មេងលេង អមជាមួយនឹង​ទីធ្លា​ខាង​ក្រៅ​ដែលមានម្លប់ សម្រាប់ អ្នកមាន​ វ័យចំណាស់ ដែល​ចង់ធ្វើការ​ប្រាស្រ័យទាក់ទង​ជាមួយនឹង​មិត្តភក្ដិ និង​អ្នកជិត​ខាង​របស់ខ្លួន ក្នុង បរិយាកាសត្រជាក់ និង​ស្រស់ស្រាយ។

    ទន្ទឹមនឹងនេះ ខាងបុរីក៏មាន​ផែនការ​សម្រាប់​ធ្វើ​សួន​​ដំណាំ​ ដែល​អ្នករស់នៅអាច​មកជុំគ្នា ហើយ​ដាំ ដំណាំ​ហូប​ផ្លែ ឬ​បន្លែបង្ការនានា – បង្រៀនកូនៗជាទីស្រឡាញ់របស់ខ្លួន​ឲ្យ​ស្វែងយល់ពីធម្មជាតិ​ ហើយ​ក៏​ អាច​ផ្ដល់​ជា​កសិផល​ស្រស់​ៗ សម្រាប់​សហគមន៍ ក៏ដូចជាបង្កើត​ស្មារតី​រួបរួមគ្នា​សម្រាប់ ផល​ប្រយោជន៍ រួមផងដែរ។

    លោក​ កាំង ហុកបាន​បន្តទៀតថា៖ គោលដៅសំខាន់របស់ក្រុមការងារយើងនៅ Urbanland គឺការបង្កើត នូវកន្លែងដ៏កក់ក្ដៅ ដែលអាចឲ្យគ្រួសារនីមួយៗអាចរស់នៅដោយសុខដុមរមនា និងចែករំលែកនូវ សុភមង្គល និងឧបសគ្គក្នុងជីវិតរួមគ្នាក្រោមដំបូលតែមួយ។ យើងទទួលបានការជំរុញទឹកចិត្តដោយ ឆន្ទៈរបស់យើង ដែលក្នុងនោះយើងជឿជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថាក្នុងកម្រិតជីវភាព បែបណាក្ដី គឺពួកគាត់ស័ក្ដិសមនឹងរស់នៅទីកន្លែងដែលមានការរចនាស្របតាមតម្រូវការផ្ទាល់ខ្លួន របស់ពួកគាត់យ៉ាងពិតប្រាកដ ដោយមិនតម្រូវឲ្យគាត់សម្របរបៀបរស់នៅរបស់ខ្លួនទៅតាមកន្លែង រស់នៅឡើយ។

    សម្រាប់ការចាប់អារម្មណ៍លើគម្រោងបុរី Chankiri Palm Creek សូមចូលទៅកាន់គេហទំព័រ [https://urbanlandasia.com/projects/chankiri-palm-creek] ដែលអ្នក​អាច​ចុះឈ្មោះ ដើម្បីបាន ស្វែ​ង យល់ព័តមានលម្អិតអំពីគម្រោងនេះ៕

  • Designer ​ម្នាក់​ រក​បាន​ប្រាក់​1​សែន​ដុល្លារ​អាមេរិក​ ដោយ​ប្រើ​ពេល​តែ​6​ថ្ងៃ​ តាម​រយៈ​ការ​លក់​ ​icon ​សម្រាប់​ iOS ​14

    Designer ​ម្នាក់​ រក​បាន​ប្រាក់​1​សែន​ដុល្លារ​អាមេរិក​ ដោយ​ប្រើ​ពេល​តែ​6​ថ្ងៃ​ តាម​រយៈ​ការ​លក់​ ​icon ​សម្រាប់​ iOS ​14

    នៅក្នុងសម័យអ៊ីនធើណិតនេះ ការរកលុយ ពេលខ្លះពិតជាងាយស្រួលខ្លាំងណាស់ បើសិនជាយើងក្ដាប់បានទិន្នាការ ឬការពេញនិយមថ្មីៗដែលកំពុងត្រូវបានចាប់អារម្មណ៍ និងគាំទ្រខ្លាំង។

    បុរសជា designer ម្នាក់ ទើបតែបានចែករំលែកអំពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយទាក់ទងនឹង​ការ​រក​បាន​ប្រាក់​100,000​ដុល្លារ​របស់​ខ្លួន​ ដោយប្រើពេលមិនដល់1សប្ដាហ៍ តាមរយៈការលក់រូប icon ដែលអាចប្ដូរទម្រង់បានតាមចិត្ត សម្រាប់ទូរស័ព្ទដែលប្រើ iOS 14។

    កន្លងមក គេដឹងថា ក្រុមអ្នកអភិវឌ្ឍរកបានប្រាក់យ៉ាងច្រើនពីការសរសេរកម្មវិធីសម្រាប់ទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS។ ប៉ុន្តែ ពេលនេះ គេបានដឹងថា មានវិធីថ្មីមួយទៀតដែលអាចរកបានប្រាក់ច្រើនពី iOS 14 នោះគឺការរចនា និងលក់ icon ដែលអាចច្នៃតាមចិត្តបាន។ ការងារថ្មីនេះ ទំនងជាងាយស្រួលជាងការសរសេរកូដកម្មវិធី ប៉ុន្តែ វាក៏អាចនាំប្រាក់ចំណូលមកឱ្យយើងមិនតិចនោះដែរ។

    កាលពីថ្ងៃទី20កញ្ញា អ្នករចនារូបភាព (designer) ដែលមានឈ្មោះថា Traf បានបង្ហោះបណ្ដុំរូប icon ថ្មីរបស់ខ្លួននៅលើ Twitter ដែល icon ទាំងនេះត្រូវបានគាត់ធ្វើឡើងសម្រាប់អេក្រង់ iOS 14។ អត្ថបទរបស់គាត់ ទទួលបានចំណាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្ដាញសង្គម ដោយសារតែវាមានលក្ខណច្នៃប្រឌិត និងទាក់ទាញ។

    ក្រោយពីដឹងថា មានមនុស្សជាច្រើនចាប់អារម្មណ៍ Traf ក៏បានរចនា icon ទៅតាមលក្ខណៈដែលខ្លួនចូលចិត្ត និងបានដាក់លក់នៅលើអ៊ីនធើណិត។ ដោយសារតែវាគួរឱ្យចង់ប្រើប្រាស់ បូករួមនឹងសំណាងខ្លះផងនោះ បណ្ដុំ icon នេះ ក៏មានអ្នកទាញយកទៅប្រើចំនួន3,626លើក ដែលនេះបានជួយឱ្យ Traf រកបានប្រាក់ដល់​ទៅ​100,000​ដុល្លារ ក្រោយរយៈពេលត្រឹមតែ6ថ្ងៃប៉ុណ្ណោះ។

    ទោះជាយ៉ាងណាក៏ដោយ ជោគជ័យនេះ មិនមែនបានមកដោយចំណាយពេលតែ1យប់ ឬក៏6ថ្ងៃនោះឡើយ។ Traf ត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សាស្រាវជ្រាវ ក្នុងបំណងបង្កើនចំណេះដឹង និងសមត្ថភាពនៃការរចនារូបភាពរបស់ខ្លួន រួមទាំងការបន្ទាន់សម័យទាក់ទងនឹងទិន្នាការថ្មីបំផុតផងដែរ។

    មិត្តអ្នកអានទាំងឡាយ អាចចូលអានរឿងរ៉ាវបន្ថែមរបស់ Traf នៅទីនេះបាន៕

    ប្រភព៖ Appleinsider

  • ចង្រ្កានបាយនៅក្នុងផ្ទះ ក្លិនម្ហូបអាហារភាយស្អុយពេញផ្ទះ ត្រូវធ្វើយ៉ាងណា?

    ចង្រ្កានបាយនៅក្នុងផ្ទះ ក្លិនម្ហូបអាហារភាយស្អុយពេញផ្ទះ ត្រូវធ្វើយ៉ាងណា?

    កាលពីលេខមុន យើងបានដឹងរួចហើយពីការរៀបចំផ្ទះបាយដែលមានទំហំតូចឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងទូលាយសប្បាយឡើង ហើយលេខនេះយើងនឹងនិយាយបន្តទៀតអំពីវិធីធ្វើយ៉ាងណាកុំឱ្យក្លិនអាហារដែលយើងចម្អិននៅក្នុងផ្ទះបាយដ៏តូចនោះជះសាយភាយពេញក្នុងផ្ទះ។

    មានផ្ទះជាច្រើនដែលនិយមតុបតែងម៉ូដបន្ទប់ផ្ទះបាយបែបបរទេស ដោយសារតែមានរូបបែបស្អាត ទំនើប និងមិនស្មុគស្មាញច្រើន តែក៏មានចំណុចខ្សោយមួយដែរ គឺផ្ទះបាយបែបបរទេសជាបន្ទប់ដែលស្ថិតនៅក្នុងផ្ទះ នៅពេលយកម៉ូដហ្នឹងមកប្រើនៅក្នុងប្រទេសយើង អាចនឹងមិនសូវជាងាយស្រួលសម្រាប់ការចម្អិនអាហារប្រភេទខ្លះ ព្រោះម្ហូបអាហារខ្មែរយើងភាគច្រើនត្រូវប្រើគ្រឿងគ្រៅដែលមានក្លិនខ្លាំងៗ ឬមិនទេក៏ប្រភេទឆា-ចៀនដោយភ្លើងខ្លាំងៗ ធ្វើឱ្យមានក្លិនជះសាយភាយពេញក្នុងផ្ទះ និងដំណក់ប្រេង ឬខ្លាញ់អាចនឹងខ្ទាតប្រឡាក់នៅតាមជញ្ជាំង ឬវាំងននបាន នៅពេលទុកយូរៗទៅ ធ្វើឱ្យកខ្វក់មិនគួរឱ្យបេតីឡើយ។

    ខាងក្រោមនេះគឺជាគន្លឹះងាយៗក្នុងការការពារបញ្ហាក្លិនម្ហូបអាហារជះសាយភាយពេញក្នុងផ្ទះ រួមទាំងភាពកខ្វក់ដែលកើតពីកំណកខ្លាញ់ ឬប្រេង និងកម្ទេចអាហារផងដែរ។

    1 . បំពាក់កង្ហារបឺតផ្សែង

    កង្ហារបឺតផ្សែង អាចមិនបានជួយបំបាត់ក្លិនអាហារបានប៉ុន្មានក៏ពិតមែន តែយ៉ាងហោចណាស់ក៏ជួយបឺតផ្សែងពីការចម្អិនអាហារមិនឱ្យហុយចូលពេញក្នុងផ្ទះបានដែរ និងនៅអាចជួយការពារបញ្ហាស្នាមខ្លាញ់ ឬប្រេងទៅប្រឡាក់ជាប់តាមជញ្ជាំង និងគ្រឿងសង្ហារិមបានក្នុងកម្រិតណាមួយដែរ ព្រោះជាធម្មតា ផ្សែងដែលកើតពីការចម្អិនម្ហូបអាហារ ច្រើនតែមានលម្អងខ្លាញ់ ឬប្រេងនៅជាមួយជានិច្ច។

    2 . ចៀសវាងពីមុខម្ហូបឆា ឬចៀនដែលប្រើភ្លើងខ្លាំងៗ

    ដូចជា ឆាត្រកួនប្រេងខ្យង ចៀនសាច់មាន់ ជាដើម ព្រោះប្រេង ឬខ្លាញ់ច្រើនតែខ្ទាតពេញទីនោះពេលចម្អិន និងផ្សែងតែងតែមានច្រើន ហេតុនេះកង្ហារបឺតផ្សែងអាចជួយអ្វីមិនបានច្រើនប៉ុន្មានទេ ដូច្នេះវិធីដែលល្អ បើសិនជាត្រូវការចង់ទទួលទានមុខម្ហូបប្រភេទឆា ឬចៀនបំពងដែលត្រូវប្រើភ្លើងខ្លាំងៗនោះ គួរទិញខ្ទះអគ្គិសនីមកប្រើ ដោយយកទៅដោតភ្លើងប្រើនៅខាងក្រៅផ្ទះវិញប្រសើរជាង ដើម្បីខ្យល់អាកាសនឹងបានបក់ផាត់ផ្សែង និងក្លិនទៅឆ្ងាយ ចំណែកនៅក្នុងផ្ទះគួរធ្វើតែមុខម្ហូបប្រភេទចំហុយ ស្ងោរ ញាំវិញប្រសើរជាង។

    3 . គួរបើកមាត់បង្អួចឱ្យខ្យល់អាកាសចេញចូលល្អពេលចម្អិនអាហារ

    ទោះជាមុខម្ហូបដែលមិនសូវជាមានក្លិនខ្លាំង ឬមិនចាំបាច់ប្រើភ្លើងខ្លាំងក៏ដោយ តែក្លិនម្ហូបអាហារក៏នៅតែមានចៀសមិនរួចដែរ ដូច្នេះទើបគួរបើកចំហមាត់បង្អួច ឬបន្ទះព្រឹលបង្អួច ហើយនិងទ្វារផងដែរ ដើម្បីឱ្យខ្យល់អាកាសបក់ចេញចូល និងដែលសំខាន់គឺ មិនគួរបើកម៉ាស៊ីនត្រជាក់ពេលធ្វើម្ហូបអាហារជាដាច់ខាត ព្រោះក្លិននឹងនៅដិតជាប់នឹងសម្ភារផ្សេងៗខ្លាំងណាស់។

    4 . កុំបំពាក់វាំងនននៅជិតកន្លែងធ្វើម្ហូបអាហារ

    ព្រោះទាំងផ្សែង ទាំងក្លិនអាហារ នឹងអណ្ដែតទៅដិតស្អិតជាប់បានស្រួលណាស់ និងបើគ្មានការថែទាំសម្អាតផងនោះ នឹងអាប់កខ្វក់រហូតបញ្ចេញក្លិនមិនល្អក្នុងរយៈពេលយូរទៀតផង៕