Category: សង្គម និងសេដ្ឋកិច្ច

  • តើត្រូវធ្វើចិត្ត និងទទួលយកយ៉ាងណា នៅពេលយើងស្ថិតក្នុងយុគសម័យដែលការក្បត់ចិត្តក្លាយជារឿងប្រក្រតី?

    តើត្រូវធ្វើចិត្ត និងទទួលយកយ៉ាងណា នៅពេលយើងស្ថិតក្នុងយុគសម័យដែលការក្បត់ចិត្តក្លាយជារឿងប្រក្រតី?

    តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា បុរស60% និងស្រ្តី45% កំពុងក្បត់ចិត្តគូជីវិតរបស់ខ្លួន…តួលេខនេះគួរឱ្យភ័យខ្លាចខ្លាំងណាស់នៅពេលដែលខ្លួនអ្នកធ្លាក់ចូលអន្ទាក់នៃក្ដីប្រាថ្នារបស់ខ្លួនឯងដែលនឹងគ្មានថ្ងៃបញ្ចប់។

    ទង្វើ និងទស្សនគតិដែលផ្សេងពីគ្នា អាចនឹងត្រូវម៉ៅរួមថា ជាការក្បត់ចិត្ត។ ជាមូលដ្ឋាន មនុស្សភាគច្រើនៗតែសម្លឹងមើលថា សិច និងការប៉ះពាល់ខាងរាងកាយយ៉ាងជិតស្និទ្ធ គឺការក្បត់ចិត្ត តែបុរសនឹងឱ្យនិយមន័យពាក្យថា ក្បត់ចិត្តទៅលើការប៉ះពាល់រាងកាយ ខណៈដែលស្រ្តីឱ្យនិយមន័យពាក្យថាក្បត់ចិត្តទៅលើអារម្មណ៍។ ព្រឹត្តិបត្ររបស់មហាវិទ្យាល័យ មិឈិហ្គែន ឆ្នាំ2015 បានសុំឱ្យនិស្សិតចំនួន 456នាក់ដាក់ពិន្ទុលើទង្វើផ្សេងៗរួម 27បែប(ខាងភេទ កាមារម្មណ៍ និងផ្សេងៗទៀត)តាំងពី 1 ដល់100ពិន្ទុ ដើម្បីពិចារណាអំពីកម្រិតភាពខ្លាំងក្លារបស់ការក្បត់ចិត្ត។ ចំណុចណាដែលរឹតតែមានពិន្ទុខ្ពស់ ក៏រឹតតែមើលឃើញបានច្បាស់ថា អ្នកចូលរួមការសាកល្បងនេះមើលឃើញចំណុចនោះថា ជាការក្បត់ចិត្ត…។

    ខាងក្រោមនេះ គឺលទ្ធផលដែលទទួលបាន

    – ទៅចូលរួមពិធីសំខាន់ជាមួយគ្នា ៈ 43.3ពិន្ទុ

    – ញ៉ាំអាហារពេលល្ងាចជាមួយគ្នា ៈ 41.4ពិន្ទុ

    – អូរ៉ាល់សិច(ការរួមភេទដោយប្រើមាត់) ៈ 96.3ពិន្ទុ

    – ងូតទឹកជាមួយគ្នា ៈ 96.2ពិន្ទុ

    – ថើបជញ្ជក់មាត់គ្នា ៈ 88.7ពិន្ទុ

    – ថើបថ្ពាល់ ៈ 36.9ពិន្ទុ

    – សាងសម្ព័ន្ធភាពស៊ីជម្រៅខាងអារម្មណ៍ ៈ 52.4ពិន្ទុ

    – ប្រើពេលវេលាភាគច្រើននៅជាមួយគ្នា ៈ 52.2ពិន្ទុ

    – អង្គុយលើភ្លៅ ៈ 52.2ពិន្ទុ

    – ប្រាប់រឿងសម្ងាត់គ្នាទៅវិញទៅមក ៈ 36.5ពិន្ទុ

    – ជួយរឿងលុយកាក់ដល់អ្នកម្ខាងទៀត ៈ 35.8ពិន្ទុ

    – និយាយទូរស័ព្ទជាមួយគ្នាច្រើនដងក្នុង 1សប្ដាហ៍ ៈ 40.1ពិន្ទុ

    ទង្វើផ្សេងៗដែលបង្ហាញប្រាប់ពីការក្បត់ចិត្ត

    – មានមិត្តភក្តិជាមនុស្សភេទផ្ទុយពីខ្លួន

    – អភិវឌ្ឍសម្ព័ន្ធភាពជាមួយអ្នកដទៃ

    – ដោះដូរគំនិតយោបល់ និងអារម្មណ៍ផ្ទាល់ខ្លួនជាមួយអ្នកដទៃ

    – សម្រេចកាមតណ្ហាដោយខ្លួនឯង

    – ស្លៀកសម្លៀកបំពាក់បែបបើកចំហ

    – មើលរឿងសិច

    – ឱបមនុស្សភេទផ្ទុយពីខ្លួន

    – មានទឹកចិត្ត ឬចិត្តល្អជាមួយមនុស្សភេទផ្ទុយពីខ្លួន

    តើការក្បត់ចិត្តប្រាប់អ្វីបានខ្លះពាក់ព័ន្ធនឹងសម្ព័ន្ធភាព?

    គ្រប់គ្នាតែងតែប្រាថ្នាសម្ព័ន្ធភាពដែលគង់វង្សស្ថិតស្ថេរយូរអង្វែង តែអ្នកខ្លះបែរជាមិននឹករំពឹងសម្ព័ន្ធភាពដែលយូរអង្វែង នេះគឺទង្វើដែលបង្ហាញប្រាប់ជាសញ្ញាពីការក្បត់ចិត្ត។

    ខ្វះការទទួលស្គាល់

    បុរស និងស្រ្តីមានវិធីបង្ហាញសេចក្ដីស្រឡាញ់ខុសប្លែកពីគ្នា តែមិនថាភេទណាក៏ដោយ ការក្បត់ចិត្តច្រើនតែកើតឡើងនៅពេលអ្នកបដិសេធក្នុងការស្រឡាញ់ និងមិនទទួលស្គាល់គូស្នេហ៍របស់អ្នក។

    ការប្រែប្រួលឆាប់រហ័ស

    មនុស្សភាគច្រើនមិនដឹងថា ការប្រែប្រួលមានប្រយោជន៍នោះទេ ដោយហេតុនេះហើយទើបពួកគេសាងភាពតានតឹងឡើង។ បើអ្នកដឹងថា ខ្លួនឯងមានអារម្មណ៍ប្រែប្រួល ក៏គួរតែប្រាប់ឱ្យគូស្នេហ៍បានដឹង ព្រោះបើមិនប្រាប់ គូស្នេហ៍របស់អ្នកអាចនឹងភ្ញាក់ផ្អើលដែលនៅសុខៗនិស្ស័យរបស់អ្នកផ្លាស់ប្ដូរ និងធ្វើឱ្យមានការក្បត់ចិត្តនៅពេលក្រោយ។

    ខ្វះការគោរព

    សេចក្ដីស្នេហានឹងរីកស្គុះស្គាយ នៅពេលនរណាម្នាក់គោរពសេចក្ដីស្រឡាញ់ឥស្សរៈរបស់ម្នាក់ទៀត។ ការក្បត់ចិត្តភាគច្រើនៗតែកើតឡើងនៅពេលអ្នកខ្វះការគោរពគូស្នេហ៍របស់អ្នក។

    គូស្នេហ៍មិនគួរម៉ឺងម៉ាត់ និងធ្វើខ្លួនរឹងត្អឹងដាក់គ្នាឡើយ

    សញ្ញាការក្បត់ចិត្តនឹងមើលឃើញបានយ៉ាងច្បាស់ នៅពេលគូស្នេហ៍របស់អ្នកមានអារម្មណ៍មិនពេញចិត្ត យ៉ាងណាក៏ដោយ អ្នកចាំបាច់ត្រូវចេះបត់បែន និងយកចិត្តយកថ្លើមគូស្នេហ៍ខ្លះផង។

    ភាពស្មោះត្រង់នឹងស្ថិតនៅគូគ្នាជាមួយសម្ព័ន្ធភាពយូរអង្វែងនៅពេលយើងកម្ចាត់បច្ច័យដែលជំរុញឱ្យកើតមានការក្បត់ចិត្តចេញឱ្យអស់៕

  • ពហុប្រយោជន៍របស់សាប៊ូដុំ ដែលមិនមែនមានសម្រាប់តែទុកលាងដៃនោះទេ

    ពហុប្រយោជន៍របស់សាប៊ូដុំ ដែលមិនមែនមានសម្រាប់តែទុកលាងដៃនោះទេ

    ទោះជានាពេលបច្ចុប្បន្នសាប៊ូទឹកបានទទួលការពេញនិយមខ្លាំងជាងសាប៊ូដុំ(សាប៊ូក្រអូប)មែន តែទោះយ៉ាងណាសាប៊ូដុំក៏នៅតែជារបស់ប្រើប្រាស់ដែលត្រូវតែមាននៅក្នុងផ្ទះដដែល ព្រោះក្រៅតែពីសម្រាប់ដុសសម្អាតខ្លួនប្រាណហើយ សាប៊ូដុំនៅមានប្រយោជន៍ល្អៗដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត ដូច្នេះថ្ងៃនេះ ឡារ៉ែន សុំអនុញ្ញាតឱ្យអ្នកគ្រូ ឆវី នាំយកគុណប្រយោជន៍របស់សាប៊ូដុំមកជម្រាបជូនមិត្តអ្នកអាន ជាពិសេសបងៗស្រ្តីមេផ្ទះ ដោយអ្នកគ្រូ ឆវីបានលួចខ្សឹបប្រាប់ថា សាប៊ូដុំនេះអាចប្រើប្រាស់បានគ្រប់កន្លុកកន្លៀតនៅក្នុងផ្ទះ ដែលពេលបានដឹងហើយ ច្បាស់ជាប្រញាប់រត់ទៅទិញសាប៊ូដុំយកមកទុកប្រើជាមិនខាន(ហ៊ីសៗ)។

    1 . កែបញ្ហាថតតុ ថតទូ ឬទ្វាររុញ តឹងពិបាកបើក-បិទ

    បើសិនជាថតតុ ថតទូ ឬទ្វាររុញ(ទៅខាង)តឹងស្អិតរហូតដល់ត្រូវប្រើកម្លាំងកាយខ្លាំងក្នុងការបើក-បិទនោះ សាកល្បងយកសាប៊ូដុំមកដុសចុះឡើងនៅត្រង់គែមថតតុ ឬលើចង្អូរផ្លូវរុញរបស់ទ្វារលមើល៍ ធានាថា បន្ទាប់ពីនោះមកគ្រាន់តែទាញតែបន្តិចក៏នឹងបើក-បិទបានយ៉ាងងាយស្រួល រអិលប្រិល លែងមានបញ្ហាមិនខាន។

    2 . បិទរន្ធតូចៗនៅលើជញ្ជាំង

    កុំបណ្ដោយឱ្យជញ្ជាំងផ្ទះមានរន្ធ ឬប្រហោងតូចៗច្រើនរហូតដល់មើលទៅលែងស្អាតនោះ គ្រាន់តែជ្រើសរើសយកដុំសាប៊ូណាដែលមានពណ៌ដូចគ្នា ឬស្រដៀងៗនឹងពណ៌ជញ្ជាំងនោះមកដុសខាត់នៅត្រង់រន្ធទាំងនោះរហូតទាល់តែសាច់សាប៊ូចូលពេញរន្ធទាំងនោះ រួចយកម្រាមដៃកៀរសម្អាតឱ្យរាបស្មើ តែប៉ុណ្ណឹងជញ្ជាំងផ្ទះនឹងស្អាតរលោងដូចដើមមិនខាន។

    3 . ការពារគ្រឿងសង្ហារិមខូចខាតដោយសារសត្វចិញ្ចឹម

    សម្រាប់ស្នាមខ្វាចឆ្កូតរបស់សត្វឆ្មា ឬឆ្កែនៅលើគ្រឿងសង្ហារិមធ្វើពីឈើ ក៏អាចកែខៃឱ្យល្អដូចដើមវិញបានដែរ ដោយគ្រាន់តែយកដុំសាប៊ូមកដុសលើបរិវេណដែលមានស្នាមឆ្កូតនៅលើគ្រឿងសង្ហារិម(តុ កៅអី-ល-)ទាំងនោះជាការស្រេច និងថែមទាំងជាការការពារមិនឱ្យសត្វចិញ្ចឹម(ឆ្មា ឆ្កែ-ល-)ចូលមកជិតទៀតផង ព្រោះសត្វទាំងនោះមិនចូលចិត្តក្លិនសាប៊ូក្រអូបទាំងនោះទេ។

    4 . កម្ចាត់ស្នាមកខ្វក់ដែលស្អិតជាប់ណែន

    មិនថាតែ ស្នាមប្រឡាក់ខ្លាញ់ ឬស្នាមកខ្វក់ជាប់ស្អិតផ្សេងៗនោះទេ គ្រាន់តែចាក់ទឹកដាក់លើស្នាមប្រឡាក់ទាំងនោះឱ្យសើមជោក រួចហើយយកសាប៊ូដុំមកដុសខាត់រហូតឡើងពពុះ រួចហើយលាងសម្អាតចេញ ក៏អាចកម្ចាត់ស្នាមកខ្វក់ទាំងនោះចេញបានយ៉ាងងាយទៅហើយ។

    5 . ជួយឱ្យការដេរប៉ះកាន់តែងាយស្រួលឡើង

    សាប៊ូដុំអាចយកមកជួយក្នុងការងារដេរប៉ះប៉ាក់បានច្រើនយ៉ាង មិនថាតែការយកសាប៊ូដុំមកដុសលើក្រណាត់ត្រង់កន្លែងដែលត្រូវដេរ ដើម្បីជួយឱ្យការដេរកាន់តែងាយស្រួល និងរអិលឡើង ឬមុននឹងដេរ អាចយកម្ជុលមកចាក់ៗលើដុំសាប៊ូហើយសឹមយកទៅដេរក៏នឹងធ្វើឱ្យការដេររអិល និងងាយស្រួលដេរដែរ។

    6 . បំបាត់ក្លិនស្អុយរបស់ស្បែកជើង

    គ្រាន់តែយកក្រដាស់ជូតដៃអនាម័យមករុំខ្ចប់ដុំសាប៊ូ រួចយកទៅដាក់នៅក្នុងស្បែកជើងណាដែលធុំក្លិនស្អុយ ទុកចោលមួយយប់ តែប៉ុណ្ណឹងធានាថា ក្លិនស្អុយនឹងរលាយបាត់សូន្យឈឹង ក្លាយជាមានក្លិនក្រអូបប្រហើររបស់សាប៊ូជំនួសវិញ។

    7 . ធ្វើឱ្យសម្លៀកបំពាក់ក្រអូបស្រស់ស្រាយ

    ទោះជាមិនបានប្រើការក៏ដោយ តែក៏យើងអាចធ្វើឱ្យសម្លៀកបំពាក់ចាស់ៗនៅរក្សាភាពក្រអូបស្រស់ស្រាយបានរហូតដែរ គ្រាន់តែយកបន្ទះក្រណាត់មួយផ្ទាំងមកខ្ចប់ដុំសាប៊ូ ព្រមទាំងចងឱ្យជាប់ដោយកៅស៊ូកង រួចយកទៅដាក់នៅក្នុងថតទូដាក់ខោអាវ តែប៉ុណ្ណឹងបញ្ហាសម្លៀកបំពាក់ធុំក្លិនអាប់ក៏លែងមានបាត់ទៅហើយ។

    8 . បណ្ដេញសត្វល្អិតសត្រូវដំណាំ

    សូមប្រាប់នៅពេលនេះទៅចុះថា សាប៊ូដុំក៏អាចបណ្ដេញសត្វល្អិតសត្រូវដំណាំបានដែរ ដោយប្រើវិធីងាយៗគឺ យកដុំសាប៊ូសើមៗទៅដុសនៅលើស្លឹកដើមរុក្ខជាតិ ក៏អាចជួយការពារសត្វដង្កូវ និងសត្វល្អិតសត្រូវដំណាំបានដែរ ឬបើអ្នកណាចង់ធ្វើជាទឹកថ្នាំបណ្ដេញសត្វល្អិត ក៏គ្រាន់តែយកសាប៊ូដុំដាក់ចូលក្នុងដបទឹក ហើយក្រឡុកឱ្យរលាយទៅជាទឹក រួចហើយយកទៅបាញ់នៅលើដើមរុក្ខជាតិដើម្បីបណ្ដេញសត្វបានតែម្ដង។

    9 . កម្ចាត់ស្នាមផ្សែងខ្មៅៗនៅគូទឆ្នាំង ឬខ្ទះ

    សម្រាប់អ្នកដែលចម្អិនម្ហូបអាហារដោយចង្រ្កានធ្យូង យើងសូមណែនាំឱ្យយកសាប៊ូដុំទៅដុសៗដើម្បីស្រោបលើគូទឆ្នាំង ឬខ្ទះនោះស្ដើងៗមុននឹងយកទៅដាក់ដាំស្ល។ ដល់ពេលយកទៅលាងសម្អាត វានឹងជួយឱ្យងាយស្រួលដុសសម្អាតស្នាមប្រឡាក់ផ្សែងខ្មៅៗដែលនៅជាប់គូទឆ្នាំងនោះបានកាន់តែឆាប់ស្អាតឡើង៕

  • អាយុ21ឆ្នាំ​ ត្រូវ​ធនាគារ​បដិសេធ​សំណើ​ខ្ចី​លុយ​ 18ឆ្នាំ​ក្រោយ​ ក្លាយ​ជា​សេដ្ឋី ​និង​បាន​ទិញ​អគារ​ធនាគារ​នោះ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ដើម្បី​សង​សឹក

    អាយុ21ឆ្នាំ​ ត្រូវ​ធនាគារ​បដិសេធ​សំណើ​ខ្ចី​លុយ​ 18ឆ្នាំ​ក្រោយ​ ក្លាយ​ជា​សេដ្ឋី ​និង​បាន​ទិញ​អគារ​ធនាគារ​នោះ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ដើម្បី​សង​សឹក

    ក្រោយរយៈពេល18ឆ្នាំ សេដ្ឋី Adam Deering បានត្រលប់មកវិញ និងបាន “សងសឹកប្រកបដោយភាពផ្អែមល្ហែម” នោះគឺការទិញយកកន្លែងដែលធ្លាប់បានមើលស្រាលក្ដីស្រមៃក្នុងការបើកមុខជំនួញរបស់គាត់។

    កាលពីឆ្នាំ2002 បុរសវ័យ21ឆ្នាំ ឈ្មោះ Adam Deering ត្រូវបានធនាគារមួយ ឈ្មោះ Greater Manchester (អង់គ្លេស) នៅឯស្រុកកំណើត បដិសេធសំណើខ្ចីប្រាក់ចំនួន10,000ផោន (ប្រហែល12,800ដុល្លារអាមេរិក) ដើម្បីបើកមុខរបររកស៊ី។

    Deering បានរៀបចំគម្រោងបើកមុខជំនួញ និងបានណាត់ជួបនាយកធនាគារនេះដើម្បីពិភាក្សាអំពីវិធីបើកគណនី និងសំណើឥណទាន។ សេដ្ឋី Deering រំឭកឡើងវិញ៖ “មុនពេលឈានជើងចូល ខ្ញុំបានបួងសួង ព្រោះមិនមានប្រាក់ និងមិនដឹងថានឹងត្រូវធ្វើតាមក្ដីស្រមៃរបស់ខ្លួនយ៉ាងដូចម្ដេច។ ក្រោយពីបានមើលគម្រោងរបស់ខ្ញុំមួយត្រួស គាត់នោះបានបដិសេធភ្លាមដោយប្រើសំឡេងស្រាលៗថា ខ្ញុំនៅក្មេង និងមិនទាន់មានបទពិសោធន៍ក្នុងការធ្វើជំនួញ។ ការឱ្យខ្ចីបែបនេះ ពិតជាមានហានិភ័យខ្ពស់ ហើយនោះមិនមែនជារឿងដែលពួកគេនឹងធ្វើឡើយ”។

    ក្នុងដំណាក់កាលនោះ Deering មានអារម្មណ៍ “អស់សង្ឃឹម និងតូចចិត្ត” ជាខ្លាំង។ អ្វីដែលអាក្រក់ជាងនេះ នោះគឺថា គាត់មិនទាន់បានរៀបចំផែនការទីពីរដើម្បី “ត្រៀមជ្រើងព្រួល” នៅឡើយ។ មុននោះ Deering បានលាឈប់ពីការងារជាបុគ្គលិកផ្នែកលក់។ គាត់បានយកប្រាក់ខែចុងក្រោយដើម្បីជួលការិយាល័យតូចមួយនៅ Streetford។

    លោក Adam Deering

    នៅទីនេះ គាត់ខិតខំហៅទូរស័ព្ទដើម្បីទាក់ទាញអតិថិជនដែលមានសក្ដានុពល ដោយប្រើប្រាស់ទិន្នន័យពីបញ្ជីលេខទូរស័ព្ទរបស់គាត់។ នៅលើ Instagram លោក Deering បានសរសេរថា៖ “សូម្បីតែប្រាក់សម្រាប់ទិញតុ កៅអី ក៏ខ្ញុំមិនមានដែរ។ ដូច្នេះ ខ្ញុំក៏ត្រូវអង្គុយនៅលើឥដ្ឋដើម្បីធ្វើការអស់រយៈពេល4ខែ”។

    ដំណាក់កាលដំបូងនៃការបង្កើត និងដំណើរការក្រុមហ៊ុនរបស់ Deering គឺពិតជាលំបាកខ្លាំងណាស់។ គាត់តែងតែមានការព្រួយបារម្ភថា គាត់មិនអាចរកបានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃផ្ទះ រួមនឹងការចំណាយដែលទាក់ទងមួយចំនួនទៀត។ ជាច្រើនលើក Deering ត្រូវប្រឈមនឹងការលំបាកធំៗ និងហត់នឿយខ្លាំង ប៉ុន្តែគាត់នៅតែមិនចុះចាញ់ ហើយចុងក្រោយ ការលះបង់កម្លាំងកាយចិត្តរបស់គាត់ក៏ទទួលបានការឆ្លើយតបយ៉ាងស័ក្ដិសម។

    Deering បានកសាងក្រុមហ៊ុនគ្រប់គ្រងបំណុលមួយដែលដំណើរការប្រកបដោយភាពជោគជ័យ។ ឆ្នាំ2014 គាត់បានលក់ក្រុមហ៊ុននេះក្នុងតម្លៃ5លានផោន (ស្មើនឹង6.4លានដុល្លារអាមេរិក)។ បច្ចុប្បន្ន លោក Deering គឺជាអ្នកជំនួញជោគជ័យម្នាក់ និងទទួលបានការគោរព កោតសរសើរច្រើននៅពេលលោកគ្រប់គ្រងបណ្ដាក្រុមហ៊ុនដែលមានតម្លៃរាប់លានដុល្លារ ដូចជាក្រុមហ៊ុនគ្រប់គ្រងបំណុល Hanover Insolvency និងក្រុមហ៊ុនរៀបចំពិធីបុណ្យសព Pride Lanning ជាដើម។

    អគារ​ធនាគារ​ដែល​ធ្លាប់​បាន​បដិសេធ​សំណើ​ខ្ចី​ប្រាក់​របស់​ Adam Deering កាលពី​18​ឆ្នាំ​មុន​

    18ឆ្នាំក្រោយ រាប់ចាប់ពីពេលដែលត្រូវធនាគារបដិសេធសំណើខ្ចីលុយ Deering បានវិលត្រលប់មកវិញជាមួយនឹង “ការសងសឹកប្រកបដោយភាពផ្អែមល្ហែម” នោះគឺការទិញយកអគារធនាគារមួយដែលជាកន្លែងដែលធ្លាប់បានមើលងាយក្ដីស្រមៃក្នុងការរកស៊ីរបស់គាត់។ Deering បានទិញវាក្នុងតម្លៃ 450,000ផោន (ប្រហែល 580,000ដុល្លារអាមេរិក)។ អ្នកជំនួញវ័យ39ឆ្នាំរូបនេះ បានសរសេរនៅលើទំព័រ Twitter ថា៖ “កាលពីសប្ដាហ៍មុន ខ្ញុំបានទិញអគារធនាគារមួយដែលធ្លាប់បានបដិសេធសំណើខ្ចីប្រាក់របស់ខ្ញុំ”។

    សម្រាប់ Deering ការទិញយកអគារធនាគារនេះគឺមានអត្ថន័យទាក់ទងនឹងអារម្មណ៍។ ប៉ុន្តែ គាត់បានរៀបគម្រោងដើម្បីប្រែក្លាយវាឱ្យទៅជាគម្រោងមួយដែលរួមផ្សំរវាងការលក់រាយ និងការឱ្យជួល។ Deering នឹងចំណាយ500,000ផោន (643,000ដុល្លារ) បន្ថែមទៀត ដើម្បីកែប្រែទីនេះឱ្យទៅជាអគារ8ល្វែង និងស្ថាប័នលក់រាយមួយ។

    រឿងរ៉ាវជោគជ័យក្នុងការរកស៊ីចាប់ពីបាទដៃទទេរបស់ Deering បានបញ្ជូនសារបំផុសគំនិតដល់មនុស្សជាច្រើនដែលមានមហិច្ឆតាក្នុងបើកមុខរបររកស៊ី។ ក្រៅពីជាអ្នកជំនួញដែលមានទ្រព្យរាប់រយលានដុល្លារ គាត់ក៏ជាវាគ្មិនដ៏ល្បីឈ្មោះផងដែរ។

    លោក Deering ចែករំលែកបទពិសោធន៍របស់ខ្លួន៖ “ខ្ញុំតែងតែជឿជាក់ថា បើសិនជាអ្នកខំប្រឹងធ្វើការដើម្បីប្រែក្លាយក្ដីស្រមៃរបស់ខ្លួនឱ្យទៅជាការពិត នោះគ្រប់យ៉ាងនឹងអាចកើតឡើង។ ខ្ញុំបានបោះបង់ការងារជាបុគ្គលិកផ្នែកលក់រាយកាលពីមានអាយុ21ឆ្នាំ ដោយសារតែគិតថា ខ្ញុំអាចបង្កើតក្រុមហ៊ុនមួយដែលជោគជ័យ។

    ការបង្កើតក្រុមហ៊ុនមួយ ពិតជាមិនងាយស្រួល និងតែងមានពេលខ្លះ អ្នកសួរខ្លួនឯងថា តើវាអាចជោគជ័យដែរ ឬអត់។ ប្រការដែលសំខាន់ នោះគឺថា អ្នកត្រូវតែរក្សាគោលជំហរនៃទស្សនវិស័យរបស់អ្នកឱ្យបានមាំទាំ។ វាតែងតែមានឧបសគ្គដែលត្រូវឆ្លងកាត់។ ពេលខ្ញុំត្រូវគេបដិសេធសំណើខ្ចីប្រាក់ ពេលនោះពិតជារឿងលំបាកខ្លាំងណាស់ ក៏ប៉ុន្តែ ដោយសារតែមានក្ដីស្រមៃ ព្រមទាំងមានការផ្ដោតអារម្មណ៍យ៉ាងខ្លាំងក្លាទៅលើគោលដៅ ខ្ញុំក៏បានប្រែក្លាយវាឱ្យទៅជាការពិត”៕

    ប្រភព៖ Entrepreneur

  • ដំណាំបន្លែ ននោងជ្រុង

    ដំណាំបន្លែ ននោងជ្រុង

    ននោងជ្រុង មានឈ្មោះខាងវិទ្យាសាស្រ្តថា Luffa acutangula Roxb. ជារុក្ខជាតិវល្លិ៍វារតោង មានអាយុកាលខ្លី អាចទ្រាំទ្រនឹងធាតុអាកាសក្ដៅស្ងួត ភ្លៀងផ្គរ គ្មានរោគបៀតបៀន និងសត្វល្អិតរំខានឡើយ មានដៃ ឬប្រមោយចាប់តោងជួយយឹតយោងដើម។ ននោងជ្រុងខុសពីននោងប្រភេទផ្សេងទៀតត្រង់ដែលផ្លែមានលក្ខណៈជាទ្រនុងជ្រុងច្រើនជ្រុង វែងតាំងពីទងរហូតដល់ចុងផ្លែ សម្បករាងគ្រើម មានពណ៌បៃតងចាស់ មានផ្កាពណ៌លឿងស្រស់ និងរីកនៅពេលល្ងាច។ សម្រាប់ពូជដែលដាំដុះនៅមិនទាន់មានការបែងចែកលម្អិតច្បាស់លាស់នៅឡើយ ភាគច្រើនជាពូជតាមតំបន់ អាចលូតលាស់ធំធាត់បានល្អគ្រប់រដូវកាល សីតុណ្ហភាពដែលស័ក្តិសមល្អ គឺប្រមាណ 20 -30អង្សា និងត្រូវការពន្លឺថ្ងៃចំរហូតពេញមួយរយៈពេលដាំដុះ(ដាំនៅកណ្ដាលវាល)។

    – ការដាំដុះ

    . ការត្រៀមដី ៈ ននោងជ្រុងមានប្រព័ន្ធចាក់ឫសជ្រៅកម្រិតមធ្យម ដូច្នេះចូរភ្ជួរដីជម្រៅប្រមាណ 20 – 25សង់ទីម៉ែត្រ។ ហាលដីទុកចោល 7ថ្ងៃ បន្ទាប់មកដាក់ជីលាមកគោ ឬជីកំប៉ុស រួចរាស់ច្របល់ដីឱ្យចូលគ្នា។ បើជាដីស្អិត និងដីខ្សាច់ គួរបន្ថែមចំនួនការដាក់ជីឱ្យបានច្រើនជាងដីប្រភេទផ្សេង និងបើរកឃើញថា ដីមានសភាពជាអាស៊ីតច្រើន ចូរដាក់កំបោរ-សដើម្បីជួយសម្រួលសភាពដី បន្ទាប់ពីនោះសឹមរាស់ដីកិនឱ្យម៉ដ្ឋល្អិតមុននឹងធ្វើការបណ្ដុះដាំ។

    . វិធីការដាំ ៈ ជីករណ្ដៅជម្រៅប្រមាណ 2 – 4សង់ទីម៉ែត្រ ដោយទុកចម្ងាយឆ្ងាយពីគ្នា 1.5ម៉ែត្រ ចម្ងាយពីមួយជួរទៅមួយជួរ 1ម៉ែត្រ។ ទ្រាប់បាតរណ្ដៅដោយជីកំប៉ុសសរីរាង្គប្រមាណ 1 – 2គីឡូក្រាមក្នុង 1រណ្ដៅ រួចទម្លាក់គ្រាប់ពូជចូលទៅ 4 – 5គ្រាប់ ក្នុង 1រណ្ដៅ(ករណីមិនចាំបាច់បណ្ដុះកូនជាមុន) ឬយកកូនននោងមកដាក់ដាំក្នុង 1រណ្ដៅ 1ដើម បន្ទាប់មកលុបពីលើដោយដីលាយជាមួយលាមកគោបន្តិច មុននឹងយកចំបើងស្ងួតមកគ្របពីលើមួយជាន់ទៀត។ ក្នុងករណីដាក់ដាំដោយគ្រាប់ បន្ទាប់ពីដាំបាន 10 – 15ថ្ងៃ គួរដកកូនននោងចេញខ្លះ ដោយទុកឱ្យនៅសល់តែមួយដើមបានហើយ។

    ការធ្វើទ្រើង ពេលចូលដល់អំឡុងថ្ងៃទី15 – 20 ក្រោយការដាំ គួរធ្វើទ្រើងទុកឱ្យកូនននោងវារឡើង ដោយដោតឈើទ្រើងវែងៗប្រមាណ 2 – 2.5ម៉ែត្រ ដាក់ឱ្យមែកទ្រើងប៉ះគ្នា រួចចងផ្នែកខាងចុងទ្រើងចូលគ្នា។

    – វិធីការមើលថែទាំរក្សា

    . ការស្រោចទឹក ៈ គួរស្រោចទឹកយ៉ាងជាប់លាប់រៀងរាល់ថ្ងៃ 1ថ្ងៃ 1ដង ឬព្រឹក – ល្ងាចក្នុងរដូវក្ដៅ។ ការបង្ហូរទឹកតាមចន្លោះរងគឺជារឿងដែលល្អបំផុត ព្រោះមិនគួរឱ្យដើមននោងខ្វះទឹកក្នុងអំឡុងពេលចេញផ្កា និងក្ដិបជាដាច់ខាត។

    . ការដាក់ជី ៈ នៅពេលដើមននោងអាយុបាន 25 – 30ថ្ងៃ ចូរជ្រំដីជុំវិញឆ្ងាយពីដើម 10សង់ទីម៉ែត្រ រួចដាក់ជីកំប៉ុសប្រមាណ 1ក្ដាប់ដៃក្នុង 1រណ្ដៅ មុននឹងលុបដីទៅវិញ បន្ទាប់ពីនោះចូរដាក់ជីកំប៉ុសសរីរាង្គជុំវិញគល់តាមប្រក្រតីរៀងរាល់ 10 – 15ថ្ងៃម្ដង។

    . ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ គួរបាញ់ទឹកថ្នាំឱសថបុរាណដែលត្រាំពីសម្បកស្ដៅ ដើមស្បៃរឿងរៀងរាល់ 7ថ្ងៃម្ដង ដើម្បីកម្ចាត់សត្វល្អិត និងដង្កូវបំផ្លាញដំណាំ។

    – វិធីប្រមូលផល

    អាយុការប្រមូលផលស្ថិតក្នុងអំឡុងពេលប្រមាណជា 50 – 60ថ្ងៃបន្ទាប់ពីទម្លាក់គ្រាប់ពូជដាក់ដាំ។ គួរជ្រើសរើសប្រមូលផលនៅពេលដែលផ្លែននោងជ្រុងនៅខ្ចី មានប្រវែងប្រមាណជា 15 – 20សង់ទីម៉ែត្រ ដើម្បីឱ្យសាច់ផ្លែននោងនៅសខ្ចី ទន់ល្មមបរិភោគ។ មិនគួរទុកឱ្យផ្លែចាស់នៅលើដើមឡើយ ព្រោះនឹងកើតមានការដណ្ដើមជីវជាតិអាហាររវាងផ្លែផ្សេងទៀត ធ្វើឱ្យទទួលបានបរិមាណតិច និងផ្លែមិនសូវវែងរលូនល្អ តែក្នុងករណីទុកផ្លែធ្វើពូជ អាចបណ្ដោយទុកឱ្យទុំនៅលើដើមបាន មុននឹងបេះយកមកប្រឡេះយកគ្រាប់ពូជទៅហាលថ្ងៃរហូតស្ងួត និងរក្សាទុកសម្រាប់ដាំដុះជាបន្ត៕

  • Floyd ថា បើចង់ឱ្យឡើងសង្វៀនម្តងទៀត ទាល់តែបានយ៉ាងតិច 300លានដុល្លារ

    Floyd ថា បើចង់ឱ្យឡើងសង្វៀនម្តងទៀត ទាល់តែបានយ៉ាងតិច 300លានដុល្លារ

    កីឡាករ​ប្រដាល់​មាន​លុយ​ច្រើនជាងគេ​បំផុត Floyd Mayweather បានប្រកាស​សាជាថ្មី ដោយ​ហាក់ដូចជា​ឱ្យតម្រុយ​ថា ខ្លួន​អាច​នឹង​វិលត្រឡប់​មកកាន់​សង្វៀន​ប្រដាល់​សាជាថ្មី ដោយបាន​បោះសម្តី​ថា តម្លៃ​ខ្លួន 150លាន​ដុល្លារ ក្នុង 1ប្រកួត សម្រាប់​គេ គឺ​តិច​ខ្លាំងណាស់ មិនអាច​ឱ្យគេ​មក​លោត​លេង​លើស​ង្វៀន​វិញ​បានឡើយ។

    ក្នុងនោះដែរ ប្រសិនបើ​ឡើង​សង្វៀន​សាជាថ្មី កីឡាករ​រូបនេះ បានទាមទារ​តម្លៃ​ខ្លួន យ៉ាងហោចណាស់​ក៏ 300លាន​ដុល្លារ​ដែរ ពីព្រោះ​កីឡាករ​ដែលជា​ដៃគូ​របស់គេ គឺ​សុទ្ធតែខ្លាំងៗ ដែល​អាចជា Conor McGregor ឬ Khabib Nurmagamedov ។

    Mayweather ធ្លាប់បាន​យកឈ្នះ McGregor ដោយ​បញ្ចប់​ត្រឹម​ទឹក10 កាលពី​ខែសីហា ឆ្នាំ2017 និង​ប៉ង​ចង់​ជួបគ្នា​ម្ដងទៀត ជាមួយនឹង​ការបោះ​សម្ដី​ចំអក​ថា កីឡាករ​សញ្ជាតិ​អៀរ​ឡង់​ដៃ​ស្រាល​ណាស់៕

  • គោលការណ៍រើសគូស្រករ ក្នុងសង្គមយុគសម័យថ្មី

    គោលការណ៍រើសគូស្រករ ក្នុងសង្គមយុគសម័យថ្មី

    កាលពីសម័យមុនមនុស្សចាស់តែងចូលមកមានតួនាទីច្រើនក្នុងរឿងការជ្រើសរើសគូគ្រងឱ្យកូនចៅ ដោយអាចនឹងប្រើប្រាស់បទពិសោធជីវិតដែលធ្លាប់បានឆ្លងកាត់មកដើម្បីពិចារណាថា តើបុរស ឬស្រ្តីលក្ខណៈយ៉ាងណាដែលនៅពេលរៀបការ និងរួមរស់នៅជាមួយគ្នាហើយនឹងធ្វើឱ្យកើតមានសេចក្ដីសុខឡើង ប៉ុន្តែទំនៀមទម្លាប់បែបនេះប្រហែលជាពិបាកប្រើណាស់ក្នុងពេលបច្ចុប្បន្នព្រោះថា កំលោះក្រមុំយុគសម័យថ្មីនេះក៏មានឥស្សរៈសេរីភាព និងរៀនយល់ដឹងក្នុងការចេះសម្រេចចិត្តដោយខ្លួនឯងច្រើនឡើងដែរ។ បើឱ្យចាស់ៗជាអ្នកចាត់ការរឿងជីវិតអាពាហ៍ពិពាហ៍ ដែលទោះជាចាស់ៗបានជ្រើសរើសយ៉ាងល្អល្អះហើយក៏ដោយ តែដោយភាពជាមនុស្សសម័យថ្មីដែលត្រូវការមានឥស្សរៈសេរីភាពលើជីវិតខ្លួនឯងខ្លាំង អាចធ្វើឱ្យមិនអាចថែរក្សាអារម្មណ៍ល្អៗចំពោះគូគ្រងដែលចាស់ៗ​ជ្រើសរើសឱ្យនោះបានឡើយ។

    សម្រាប់កំលោះក្រមុំ…សេចក្ដីស្នេហាគឺជារឿងដែលមានអត្ថន័យធំធេងណាស់ ការសម្រេចចិត្តរៀបការ ក៏គួរតែឈរលើមូលដ្ឋាននៃសេចក្ដីស្រឡាញ់ដែលពោរពេញដោយក្ដីយល់ចិត្តយល់ថ្លើមគ្នាយ៉ាងពិតប្រាកដ និងស្មោះស្ម័គ្រ ខ្លាំងជាងការសម្រេចចិត្តរៀបការដោយសេចក្ដីស្នេហាបែបគ្រាន់តែឃើញភ្លាមស្រឡាញ់ភ្លែតនោះ។ យ៉ាងណាក៏ដោយ មិនមែនមានន័យថា សេចក្ដីស្នេហាបែបឃើញភ្លាមស្រឡាញ់ភ្លែតនោះមិនល្អនោះទេ តែវាជាចំណុចដែលប្រុងប្រយ័ត្នថា “សេចក្ដីស្នេហាបែបឃើញភ្លាមស្រឡាញ់ភ្លែតតែម្យ៉ាងអាចនឹងមិនគ្រប់គ្រាន់ក្នុងការយកមកសម្រេចចិត្តរហូតនាំឆ្ពោះទៅរកជីវិតអាពាហ៍ពិពាហ៍បានឡើយ” យើងត្រូវការពេលវេលាក្នុងការរៀនយល់ដឹង ស្គាល់ចិត្តថ្លើមគ្នាដែលគូស្នេហ៍ត្រូវការពេលវេលាមួយរយៈ។

    គោលការណ៍ក្នុងការជ្រើសរើសគូគ្រង

    – សេចក្ដីស្នេហាត្រូវមានភាពពាក់ព័ន្ធ ៈ ជាចំណុចដំបូងដែលសំខាន់ យើងគួរមានការយល់ដឹងក្នុងរឿងស្នេហាដែលត្រឹមត្រូវ ៖ សេចក្ដីស្នេហាត្រូវមានភាពពាក់ព័ន្ធ និងសេចក្ដីប្រាថ្នាល្អចំពោះគ្នា អារម្មណ៍ក្នុងការកសាងរឿងដែលល្អៗរួមគ្នា ត្រូវសម្លឹងមើលថា តើគូស្នេហ៍របស់យើងក្នុងខណៈនេះមានអារម្មណ៍ចំពោះគ្នាដូចដែលបានរៀបរាប់មកនេះឬទេ? ភាពពាក់ព័ន្ធនេះត្រូវមានច្រើនគ្រប់គ្រាន់ ទើបអាចនាំឆ្ពោះទៅរកការរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ដែលរួមសុខរួមទុក្ខរួមគ្នាបាន។

    – សិក្សា យល់ដឹងពីគ្នាទៅវិញទៅមក ៈ ការមករស់នៅ មកបំពេញតួនាទីជាឪពុកម្ដាយ មានភាពទទួលខុសត្រូវខ្លាំងជាងគ្រាន់តែស្រឡាញ់គ្នាទៅទៀត។ ការរៀបការជារឿងនៃការដែលត្រូវទទួលខុសត្រូវរួមគ្នា ចូលមករួមរស់ជាមួយគ្នា កែបញ្ហាជាមួយគ្នា មិនមែនត្រឹមតែមកនៅជាមួយគ្នាធម្មតាៗនោះទេ ដូច្នេះហើយទើបត្រូវព្យាយាមសិក្សាយល់ដឹងរវាងគ្នានឹងគ្នា សាកល្បងរៀនយល់ដឹងពីជីវិត និងលក្ខណៈរបស់ភាគីម្ខាងៗ ហើយសាកល្បងពិចារណាមើលថា តើអ្នកស្រឡាញ់ម្នាក់នោះប៉ុនណា មានភាពយល់ចិត្តគ្នាច្រើនគ្រប់គ្រាន់ក្នុងការមករស់នៅរួមគ្នាហើយឬនៅ?។ កុំតាំងសេចក្ដីសង្ឃឹមថា រៀបការរួចហើយអ្វីៗគ្រប់យ៉ាងប្រហែលជាល្អប្រសើរឡើងដោយឯកឯង ឬរៀបការរួចហើយ គេប្រហែលជាផ្លាស់ប្ដូរដូចដែលយើងត្រូវការនោះ។ សុំឱ្យគិតថា បើសិនជាគេមិនផ្លាស់ប្ដូរ និងនៅតែដូចពីដើមតទៅរហូតពេញមួយជីវិតអាពាហ័ពិពាហ៍ តើយើងនឹងនៅតែស្រឡាញ់គេ ឬក៏នៅតែរស់នៅជាមួយគេបានតទៅទៀតដែរឬទេ?។

    – ភាពអាចទៅរួចក្នុងការរស់នៅរួមគ្នា ៈ ប្រការបន្តទៅទៀតដែលត្រូវពិនិត្យមើលគឺ​ ភាពអាចទៅជាមួយគ្នាបានក្នុងរឿងចរិតនិស្ស័យចិត្តគំនិត បុគ្គលភាព ឬសភាវវុឌ្ឍិរបស់ម្នាក់ៗ ព្រោះនៅពេលរស់នៅជាមួយគ្នា ផ្នែកដែលនឹងនៅជាមួយគ្នាមែនទែនក៏គឺ ចរិតនិស្ស័យចិត្តថ្លើមរបស់ភាគីទាំងពីរ បុគ្គលភាពរបស់ម្នាក់ៗ។ កុំទៅតាំងក្ដីសង្ឃឹមថា ក្រោយពីរៀបការហើយ គេនឹងផ្លាស់ប្ដូរចរិតនិស្ស័យដូចដែលយើងត្រូវការ ឬអាចនឹងមានច្រើនយ៉ាងទៀតដែលយើងមិនទាន់ឃើញក្នុងអំឡុងពេលនៅជាគូស្នេហ៍នឹងគ្នា ជាពិសេសគូដែលស្គាល់គ្នាក្នុងរយៈពេលខ្លីត្រឹមតែប៉ុន្មានខែក៏រៀបការ។

    – ស្ថានភាពជុំវិញខ្លួនរបស់ភាគីទាំងពីរ ៈ ជារឿងដែលអាចនឹងត្រូវលើកយកមកពិចារណាដែរ ដូចជា រឿងចំណេះដឹង និងការសិក្សា អាជីព ស្ថានភាពសេដ្ឋកិច្ច ឋានៈខាងសង្គម និងវប្បធម៌។ល។ រឿងទាំងអស់នេះ សម្រាប់កំលោះក្រមុំសម័យថ្មីអាចនឹងសម្លឹងមើលថា ស្រឡាញ់តែរូបគាត់ម្នាក់ក៏គ្រប់គ្រាន់ អ្វីដែលនៅជុំវិញខ្លួនគាត់មិនចាំបាច់ទៅចាប់អារម្មណ៍ទេ។ ការពិតទៅ រឿងទាំងអស់នោះ បើចាប់អារម្មណ៍បន្តិចក៏ជាការល្អដែរ ដើម្បីបាននាំឆ្ពោះទៅរកវិធីការកែបញ្ហារួមគ្នានៅថ្ងៃខាងមុខនៃជីវិតអាពាហ៍ពិពាហ៍ ដូចជា រឿងឋានៈខាងសង្គមជាដើម។ ទោះជាភាពខុសប្លែកគ្នារបស់ឋានៈមិនបានកំណត់ពីភាពជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ក៏ពិតមែន តែជាច្រើនដង អាចនឹងត្រូវរងសម្ពាធពីមនុស្សជុំវិញខ្លួន ត្រូវគេសម្លក់សម្លឹង ត្រូវទិតៀនជាប់ជានិច្ច រហូតអាចធ្វើឱ្យកើតក្ដីវិតក្កកង្វល់

    ឬទើសទាល់ក្នុងចិត្តឡើងបាន។ ដូច្នេះចូរសួរចិត្តខ្លួនឯងថា តើមានភាពរឹងមាំ ឬភាពត្រៀមខ្លួនជាស្រេចក្នុងការកែបញ្ហានេះដែរឬទេ? ឬស្ថិតក្រោមសភាវដែលខុសប្លែកគ្នាខ្លាំង នឹងនាំឆ្ពោះទៅរកភាពយកចិត្តទុកដាក់ដែលខុសគ្នា ឬកើតមានអារម្មណ៍ដែលមិនផ្ដល់កិត្តិយសរវាងគ្នានឹងគ្នា អាចនឹងភ្លេចខ្លួននិយាយគ្នាចុះនិយាយគ្នាឡើងក្លាយជាការប៉ះពាល់គ្នាក៏មាន។ ដូច្នេះប្រហែលជាត្រូវផ្ដល់កិត្តិយសដល់គ្នាទៅវិញទៅមក អាចនឹងត្រូវព្រមបត់បែន ឬទទួលយកតួនាទីខ្លះ និងកុំភ្លេចថា ក្នុងយុគសម័យថ្មីបែបនេះ ត្រូវបើកចិត្តឱ្យទូលាយឡើង៕

  • 3 តិចនិកក្នុងការជ្រើសរើសគ្រឿងសង្ហារិម តុបតែងបន្ទប់ខ្នាតតូច

    3 តិចនិកក្នុងការជ្រើសរើសគ្រឿងសង្ហារិម តុបតែងបន្ទប់ខ្នាតតូច

    ប្រាកដណាស់ថា ការរៀបចំតុបតែងបន្ទប់ដែលមានទំហំតូច ហាក់ដូចជារាងពិបាក និងច្រើនតែមានបញ្ហាតាមក្រោយជានិច្ច ព្រោះនៅពេលដល់វេលាដែលត្រូវការរៀបចំចាត់ចែងទីកន្លែងដែលមានផ្ទៃតូចចង្អៀតនោះ វាច្រើនតែមានចំណុចត្រូវប្រយ័ត្ន និងជម្រើសដែលមានកំណត់នៅក្នុងនោះដែរ។ រឹតតែបន្ទប់តូចខ្លាំងប៉ុនណា ការរៀបចំចាត់ចែងរកវត្ថុដែលចាំបាច់ត្រូវប្រើប្រាស់ក្នុងការរស់នៅឱ្យបានគ្រប់សព្វ វារឹតតែពិបាកខ្លាំងឡើងប៉ុននោះដែរ ជាពិសេសបំផុត ការជ្រើសរើសគ្រឿងសង្ហារិម(តុ ទូ កៅអី-ល-)តែម្ដង។ តើអ្នកដឹងទេថា បញ្ហាអ្វីដែលជួបប្រទះច្រើនបំផុតក្នុងការរៀបចំតុបតែងបន្ទប់ដែលមានទំហំតូច?។

    បញ្ហាដែលតែងជួបញឹកញាប់បំផុតនោះគឺ លោកអ្នកច្រើនតែទិញគ្រឿងសង្ហារិម និងរបស់តុបតែងដែលតូចៗជ្រុលពេកសម្រាប់បន្ទប់។ ស្ដាប់មើលទៅអាចសមហេតុសមផលដែរថា បន្ទប់ដែលមានទំហំតូច ក៏គួរតែប្រើរបស់របរខ្នាតតូចបែបហ្នឹងហើយ ដើម្បីសន្សំទីកន្លែង តែនៅពេលសាកល្បងរៀបចំហើយ លទ្ធផលដែលចេញមកបែរជាមិនសូវជាល្អមើលសោះ។ បន្ទប់ដែលរៀបចំតុបតែងដោយគ្រឿងសង្ហារិមតូចៗ មើលទៅរាងដូចជាអត្តខាត់ មើលទៅនៅឯនោះបន្តិច នៅឯនេះបន្តិច មិនសូវជាសុខស្រួល និងមើលទៅដូចជាខ្វះអ្វីម្យ៉ាងរហូត ដូច្នេះហើយទើបផ្នត់គំនិតនេះជាអ្វីដែលមនុស្សជាច្រើនតែងខុសគិតខុសឆ្គងច្រើនបំផុតនៅពេលតុបតែងបន្ទប់ដោយខ្លួនឯង។ បើចង់ដឹងវិធីកែបញ្ហានេះ ចូរកុំខកខានជាមួយនឹង 3វិធីកែបញ្ហាដូចខាងក្រោមនេះ…។

    វិធីទី 1 ប្រើច្បាប់ 2/3

    ការស្មានពីទំហំគ្រឿងសង្ហារិមដែលនឹងយកចូលមកតុបតែងក្នុងបន្ទប់ឱ្យត្រូវម៉ាច់ៗនោះប្រហែលជារឿងពិបាកណាស់ តែអ្វីដែលលោកអ្នកធ្វើបាន គឺការវាស់ទំហំ ព្រោះតូលេខមិនដែលកុហកយើងទេ ដោយអាចនឹងចាប់ផ្ដើមពីគ្រឿងសង្ហារិមធំៗជាមុន ដូចជា

    កៅអីសាឡុង ឬគ្រែគេង ដោយកំណត់ឱ្យវាធំប្រមាណជា 2ភាគ3នៃជញ្ជាំងបន្ទប់ ចំណែកតុអង្គុយញ៉ាំកាហ្វេក៏ឱ្យធំប៉ុន 2ភាគ3នៃទំហំកៅអីសាឡុងបន្តបន្ទាប់គ្នាទៅ។

    វិធីទី 2 ជ្រើសរើសប្រើគ្រឿងសង្ហារិមដែលអាចសាងទិដ្ឋភាពបានច្រើនយ៉ាង

    ខាងក្នុងបន្ទប់ដែលបែងចែកទិដ្ឋភាពឱ្យបានច្រើនយ៉ាងនឹងជួយសាងតុល្យភាពបានច្រើនឡើង ដោយព្យាយាមលៃលកដាក់គ្រឿងសង្ហារិមបែបផ្សេងៗលាយឡំគ្នាដើម្បីសាងភាពសមល្មម និងដាស់តឿនខ្លួនឯងជានិច្ចថា ចៀសវាងការប្រើគ្រឿងសង្ហារិមដូចៗគ្នានៅក្នុងបន្ទប់ ព្រោះនឹងមើលទៅឃើញហាក់ដូចជាចង្អៀត។

    វិធីទី 3 ជឿលើសញ្ជាតិញ្ញាណរបស់ខ្លួនឯង

    កុំខ្លាចការកែសម្រួលតុបតែង ដកចេញ ឬបន្ថែមគ្រឿងសង្ហារិមផ្សេងៗចូលមកក្នុងបន្ទប់ ព្រោះទីធ្លាស្នាក់អាស្រ័យគួរតែជាកន្លែងដែលលោកអ្នកសប្បាយចិត្តខ្លាំងបំផុត។ ការសម្លឹងមើលហើយហាក់ដូចជាមិនទាន់ត្រូវចិត្ត អាចរាប់បានថាជាហេតុផលដែលច្រើនគ្រប់គ្រាន់ហើយសម្រាប់ការផ្លាស់ប្ដូរ។ ការកែសម្រួលឡេយ៍អៅត៍របស់បន្ទប់ ពេលខ្លះក៏អាចសាងភាពខុសប្លែកខ្លាំងជាងអ្វីដែលយើងគិតទៅទៀត។ កុំនឿយហត់ក្នុងការសាកល្បង និងស្វែងរកអ្វីដែលស័ក្តិសមនឹងខ្លួនឯងឱ្យបានច្រើនបំផុត៕

  • ចិន និង​កូរ៉េ​ខាង​ត្បួ​ង បង្អួត​បច្ចេកវិទ្យា​ផ្ទាំង​ពាណិជ្ជកម្ម 3D មា​នស​ភាពរស់រវើក គួរឱ្យ​សរសើរ!

    ចិន និង​កូរ៉េ​ខាង​ត្បួ​ង បង្អួត​បច្ចេកវិទ្យា​ផ្ទាំង​ពាណិជ្ជកម្ម 3D មា​នស​ភាពរស់រវើក គួរឱ្យ​សរសើរ!

    Samsung និង LG Electronics ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំជាងគេ​ទាំង2 នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ឈានមុខ​គេ ផ្នែក​ផលិត​បន្ទះ​អេក្រង់ OLED ល្អឥតខ្ចោះ ព្រមទាំង​មាន​ទំហំ​ដ៏​ច្រើន​មហិមា និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ទៀតផង។

    តែ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ ផ្ទាំង​ពាណិជ្ជកម្ម​បំពាក់​បច្ចេកវិទ្យា 3D ដែលមាន​ស​ភាពរស់រវើក គួរឱ្យ​កោតសរសើរ នៅ​ស្ទើរតែ​គ្រប់​អគារខ្ពស់ៗទាំង​ង​ស់ ក្នុង​ទីក្រុង​ស៊េ​អូ​ល ប្រទេស​កូរ៉េខាងត្បូង។ ជាមួយគ្នា​នោះ នៅក្នុង​ទីក្រុង​បច្ចេកវិទ្យា​ទំនើប​ជាងគេ​របស់​ប្រទេស​ចិន គឺ​ទីក្រុង Shenzhen  ក៏​បាននិងកំពុង​ដំឡើង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម 3D ដើម្បី​បង្ហាញ​ពី​ស្នាដៃ​ថ្មី​របស់ខ្លួន​ផងដែរ។

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • សេដ្ឋិនីគ្រប់គ្រង​ភោជនីយដ្ឋាន​​ជាង​10,000​កន្លែង​នៅ​ប្រទេស​ចិន៖​ ថ្វី​បើ​ជោគ​ជ័យ​ក្នុងការ​រក​ប្រាក់​ ប៉ុន្តែ​ការ​ចំណាយ​ពេល​សម្រាប់​គ្រួសារ​គឺ​ជា​រឿង​សំខាន់

    សេដ្ឋិនីគ្រប់គ្រង​ភោជនីយដ្ឋាន​​ជាង​10,000​កន្លែង​នៅ​ប្រទេស​ចិន៖​ ថ្វី​បើ​ជោគ​ជ័យ​ក្នុងការ​រក​ប្រាក់​ ប៉ុន្តែ​ការ​ចំណាយ​ពេល​សម្រាប់​គ្រួសារ​គឺ​ជា​រឿង​សំខាន់

    Joey Wat គឺជា CEO របស់ក្រុមហ៊ុន Yum China ដែលជាស្ថាប័នគ្រប់គ្រងភោជនីយដ្ឋានជាង10,000កន្លែងនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់ក្នុងពិភពលោក ដោយរួមមានទាំងបណ្ដាញហាង KFC នៅប្រទេសចិនផងដែរ។

    មុនពេលបានក្លាយជា CEO របស់ Yum China (ក្រុមហ៊ុនភោជនីយដ្ឋានធំជាងគេងបំផុតនៅប្រទេសចិន ដោយមានហាងជាង10,000កន្លែង) Joey Wat ធ្លាប់ជានាយិកានៃក្រុមហ៊ុន Watsons UK និងចាប់ផ្ដើមការងាររបស់ខ្លួននៅ McKinsey & Company។ អ្នកស្រីគឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីជា CEO ចំនួន 37នាក់ដែលមានឈ្មោះនៅក្នុងបញ្ជី Fortune 500 និងមានទ្រព្យសម្បត្តិដែលមានតម្លៃ15.2លានដុល្លារអាមេរិក។

    Yum China បានឡើងផ្សារហ៊ុន (IPO) New York ចាប់ពីឆ្នាំ2016 និងចូលផ្សារហ៊ុនជាលើកទី2នៅ Hong Kong កាលពីខែកញ្ញា2020។ បើទោះជាការធ្វើ IPO កាលពីពេលថ្មីៗនេះរបស់ Yum China ត្រូវគេវាយតម្លៃថា បានចាប់ផ្ដើមដោយការលំបាកបំផុតក្នុងចំណោមករណីធ្វើ IPO នានានៅ Hong Kong ដែលមានតម្លៃចាប់ពី1,000លានដុល្លារឡើងទៅក្នុងឆ្នាំ2019ក៏ដោយ Joey Wat នៅតែមានគម្រោងបើកហាងយ៉ាងតិច800កន្លែងទៀតនៅចុងឆ្នាំ2020។

    សេដ្ឋិនីគ្រប់គ្រងភោជនីយដ្ឋានជាង10,000កន្លែងនៅប្រទេសចិន៖ ថ្វីបើជោគជ័យក្នុងការរកប្រាក់ ប៉ុន្តែការចំណាយពេលសម្រាប់គ្រួសារគឺជារឿងសំខាន់
    សេដ្ឋិនីគ្រប់គ្រងភោជនីយដ្ឋានជាង10,000កន្លែងនៅប្រទេសចិន៖ ថ្វីបើជោគជ័យក្នុងការរកប្រាក់ ប៉ុន្តែការចំណាយពេលសម្រាប់គ្រួសារគឺជារឿងសំខាន់

    ស្ត្រី CEO ខាងលើនេះ មិនមែនជាកូនចៅអ្នកមាននោះទេ ប៉ុន្តែគ្រួសាររបស់អ្នកស្រីបានរើពីទីក្រុង Fuzhou មកកាន់ទី Hong Kong កាលពី Wat នៅក្មេង។ ការសិក្សារបស់ Wat ទទួលបានលទ្ធផលល្អត្រចះត្រចង់ និងបានចូលរៀននៅសាកលវិទ្យាល័យ Hong Kong ផងដែរ នៅមុនពេលបានបន្តការសិក្សានៅសាកលវិទ្យាល័យ Northwestern នៅសហរដ្ឋអាមេរិក និងចូលធ្វើការឱ្យក្រុមហ៊ុន McKinsey & Company កាលពីឆ្នាំ2020។

    ឆ្នាំ2004 Wat បានចូលធ្វើការឱ្យ A.S. Watson Group នៅអង់គ្លេស ដោយទទួលខុសត្រូវលើគ្រប់គ្រងដំណើរការ និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។ ក្នុងរយៈពេល1ទសវត្សរ៍ Wat បានជួយសង្គ្រោះបណ្ដាញលក់រាយផលិតផលថែរក្សាសុខភាពនិងសម្រស់ Savers ដែលកំពុងស្ថិតក្នុងដំណាក់កាលលំបាក ហើយបន្ទាប់មកក៏បានក្លាយជានាយិកាប្រតិបត្តិរបស់ Watson UK ដែលជាក្រុមហ៊ុនគ្រប់គ្រងទាំង Savers និងបណ្ដាញលក់រាយ Superdrug។

    ឆ្នាំ2014 Wat បានឈានជើងចូលក្នុងវិស័យ F&B (អាហារនិងភេសជ្ជៈ/Food & Beverage) ដោយធ្វើជានាយិការបស់ KFC China នៅមុនពេលទទួលបានតំណែងជាអ្នកគ្រប់គ្រងនានានៅក្រុមហ៊ុនមេ Yum China។ ក្រោយមកទៀត Wat ក៏បានចាប់ផ្ដើមធ្វើជា CEO របស់ Yum China កាលពីឆ្នាំ2018។

    ជាមួយនឹងការដឹកនាំរបស់ Wat សកម្មភាពពាណិជ្ជកម្ម មានដូចជាការប្រគល់ទំនិញ និងការលក់ទំនិញតាមអនឡាញរបស់ KFC China ជាដើម បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលសេវាកម្មប្រគល់ទំនិញបានគ្រប់គ្រង17% នៃចំណូលសរុបរបស់បណ្ដាញភោជនីយដ្ឋាននេះនៅក្នុងត្រីមានទី3នៃឆ្នាំ2018។

    អ្នកស្រី​ Joey Wat (Joey Chui Yung Wat) កើត​ឆ្នាំ​1971 និង​បង្កើតបានកូនប្រុសម្នាក់កាលពីឆ្នាំ2011។ ទោះជាមមាញឹកនឹងការងារយ៉ាងណាក៏ដោយ អ្នកស្រីតែងតែជឿជាក់ទៅលើសារសំខាន់នៃការចំណាយពេលសម្រាប់គ្រួសារ។

    នៅក្នុងកិច្ចសម្ភាសមួយ អ្នកស្រី Joey Wat បានប្រាប់សារព័ត៌មាន Forbes ថា៖ “គ្មានអ្វីសំខាន់ជាងការថែទាំកូនៗនោះទេ ហើយវាគឺជាភារកិច្ចរបស់ខ្ញុំ”៕

    ប្រភព៖ SCMP

  • Galaxy A72 នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន Samsung ដំបូង​គេ​បំផុត ដែល​បំពាក់​កាមេរ៉ា​ក្រោយ 5គ្រាប់

    Galaxy A72 នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន Samsung ដំបូង​គេ​បំផុត ដែល​បំពាក់​កាមេរ៉ា​ក្រោយ 5គ្រាប់

    ថ្មីៗនេះ សារព័ត៌មាន​កូរ៉េខាងត្បូង និង​រូបភាពច្បាស់ៗនានា បានបង្ហាញ​ពី​បំណង របស់​ក្រុមហ៊ុន Samsung ដែល​ត្រៀម​នឹង​ប្រកាស Galaxy A72 ឱ្យ​ក្លាយជា​ស្មា​ត​ហ្វូ​ន Samsung ដំបូង​គេ​បំផុត​ដែល​បំពាក់​កាមេរ៉ា​ក្រោយ 5គ្រាប់។

    A72 មាន​រាង​តូច​ច្រឡឹង ដែលជា​បងប្អូន​នឹង A71 នេះ​ផងដែរ  អាច​នឹង​បំពាក់​មក​ជាមួយនឹង​លក្ខណសម្បត្តិ​កាមេរ៉ា5 ដែលមាន​តួនាទីផ្សេងៗគ្នា ដូចជា កាមេរ៉ា​មេ​ទំហំ 64MP, កាមេរ៉ា Ultrawide ទំហំ 12MP, កាមេរ៉ា Telephoto ទំហំ 8MP អាច Zoom Optcial 3X, កាមេរ៉ា Macro ទំហំ 5MP និង​កាមេរ៉ា​សម្រាប់​ថតរូប Portrait ទំហំ 5MP។

    ប្រភពព័ត៌មាន​ដដែល​បាន​លើកឡើងថា ស្មា​ត​ហ្វូ​ន​ថ្មី​នៃ​ត្រកូល Galaxy A ជារឿយៗ គឺ​តែងតែ​ប្រកាស​ចេញ​នៅ​អំឡុង​ខែធ្នូ ដូច្នេះ​លក្ខណសម្បត្តិ​លម្អិត​ផ្សេងទៀត​របស់ Galaxy A72  គេ​អាច​នឹង​ដឹង​នៅ​ចុងឆ្នាំ2020 នេះ៕