Category: សង្គម និងសេដ្ឋកិច្ច

  • VJ DaDa សម្រេចភាពជោគជ័យភោជនីយដ្ឋាន និងបំផុសគំនិតបរិច្ចាគមូលនិធិជួយដល់ គន្ធបុប្ផា និង សាលាដូង

    VJ DaDa សម្រេចភាពជោគជ័យភោជនីយដ្ឋាន និងបំផុសគំនិតបរិច្ចាគមូលនិធិជួយដល់ គន្ធបុប្ផា និង សាលាដូង

    ថ្ងៃទី 9 ខែ តុលា ឆ្នាំ 2020 លោក VJ DaDa បើកសម្ភោធភោជនីយដ្ឋាន GM ដែលស្វិតនៅខាងក្រោយសាលា ACE ឬអតីតក្លឹបឥន្ទ្រីខ្មៅ ផ្លូវត្រសក់ផ្អែម មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវ និងតារាសិល្បៈ។ ម្ចាស់ភោជនីយដ្ឋានធំមួយបានកំណត់យកថ្ងៃបើកសម្ភោធហាងរបស់ខ្លួន ធ្វើជាថ្ងៃបរិច្ចាគមូលនិធិជួយដល់ គន្ធបុប្ផា និង សាលាដូង ខណៈដែលលោកបានប្រកាសថានឹងបន្តបំផុសបែបនេះជាបន្តទៀត ដើម្បីជាប្រយោជន៍ដល់សង្គម។ អ្នកចូលរួមភាគច្រើនបានទាំងសរសើរចំពោះទឹកចិត្តដ៏កម្រមាននេះនោះផងដែរ។

    លោក VJ DaDa បានប្រកាសថា ភ្ញៀវដែលចូលរួមក្នុងពិធីសម្ភោធហាងរបស់ខ្លួននាថ្ងៃនោះ គឺលោកមិនតម្រូវឱ្យចងដៃ ឬទិញជាកាដូជូននោះឡើយ ដោយការចំណាយនៅក្នុងពិធីនោះទាំងស្រុង គឺលោកចំណាយរៀបចំដោយមិនយកចំណូលមកស៊ីសងវិញទេ។ ដោយឡែកភ្ញៀវទាំងអស់លោកស្នើរឱ្យបង្វែរការចងដៃ ទៅដាក់លុយនៅក្នុងហិបមូលនិធិវិញ ដោយក្នុងកម្មវិធីទាំងមូល លោកបានដាក់ហិបចំនួន2 គឺហិបមួយសម្រាប់ពេទ្យ គន្ធបុប្ផា និង ហិបមួយសម្រាប់ សាលាដូងនៅគិរីរម្យ ដោយភ្ញៀវកិត្តិយសពេញចិត្តបរិច្ចាគចូលហិបណា គឺតាមសទ្ធារៀងៗខ្លួន។

    លោកនិយាយថា ប្រសិនបើភ្ញៀវម្នាក់បរិច្ចាគត្រឹមតែ5$ ចូលឱ្យហិបទាំង2 នោះភ្ញៀវរបស់លោកទាំងជាង 300នាក់ គឺពិតជាធ្វើឱ្យមូលនិធីទាំង2 ទទួលបានថវិការច្រើន។ ម្យ៉ាងលោកចង់បង្វែងការទិញផ្កាអបអរឱ្យក្លាយជារឿងដែលមានប្រយោជន៍សម្រាប់កុមារកម្ពុជាវិញផង។ លោកថាហិបទាំង2 នឹងយកទៅបើកដោយផ្ទាល់ ហើយរាប់លុយដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា និងសាលាដូង ដោយលោកបានទាំងប្រកាសទៀតថា ប្រសិនបើថវិការមូលនិធិនោះទទួលមិនសូវបានសមរម្យនោះលោកក៏នឹងបន្ថែមថវិការផ្ទាល់ខ្លួនពីលើផងដែរ។

    ភ្ញៀវកិត្តិយសចូលរួមទាំងអស់សុទ្ធតែលាន់មាត់សរសើរពីទឹកចិត្តសប្បុរសធម៌របស់លោក ជាមួយនឹងជំហរមិនធ្លាប់មានដែលលោកបានប្រកាសមិនឱ្យភ្ញៀវចងដៃនៅក្នុងពិធីរបស់ខ្លួន ធ្វើជាទីលានបរិច្ចាគថវិការ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងសាលាដូងនៅគិរីរម្យ ដោយលោកបានទាំងអះអាងថា នឹងបន្តធ្វើរឿងបែបនេះបន្តទៀត ដើម្បីបំផុសឱ្យបានច្រើនជាប្រយោជន៍ដល់សង្គម ។ ក្នុងពិធីដែលចូលរួមយ៉ាងកុះករពីសំណាក់ភ្ញៀវកិត្តិយសនោះ លោកបានបង្វែរចំណងដៃគ្រប់កាក់គ្រប់សេនពីភ្ញៀវដែលបានចញលរួម ឱ្យក្លាយជាមូលនិធិជាប្រយោជន៍ដល់ គន្ធបុប្ផា និង សាលាដូង ។

    គួរបញ្ជាក់ផងដែរថា GM PuB and Restaurant របស់លោក VJ DaDa ក៏នឹងមានគម្រោងដាក់បញ្ចូលជនពិការឱ្យទទួលសេវ៉ាកម្មម៉ាស្សាភ្ញៀវ 24 ម៉ោងផងដែរ ដើម្បីចញលរួមលើកកម្ពស់ការងារជនពិការដែលលោកចាត់ទុកថា គឺជាការរួមចំណែកជួយដល់សង្គម។ ដូច្នេះហើយទើបលោកត្រូវបានគេចាត់ទុកថាគឺជាម្ចាស់ហាងទី 1 ដែលហ៊ានយកកម្មវិធីធំរបស់ខ្លួនធ្វើជាមូលនិធិជួយដល់សង្គម។ នេះជាអាជីវកម្មធំមួយបស់លោក ដែលលោកមានភាគហ៊ុនប្រមាណ 35% ជាមួយនឹងដៃគូ2ទៀត និងជាអាជីវកម្មដែលបានចំណាយដើមទុនប្រមាណជាង 10ម៉ឺនដុល្លា៕

  • Ozil ប្រកាសជួយចេញប្រាក់ខែ ឱ្យតុក្តតាបៃតងក្លិប Arsenal

    Ozil ប្រកាសជួយចេញប្រាក់ខែ ឱ្យតុក្តតាបៃតងក្លិប Arsenal

    Mesut Özil កីឡាករ​ខ្សែប្រយុទ្ធ​កណ្តាល​របស់​ក្លិប​បាល់ទាត់​កាំភ្លើង​ធំ Arsenal បានបង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង​ក្រោយពី​លេចឮ​ដំណឹង​ថា ក្លិប​បាល់ទាត់​របស់ខ្លួន​ត្រៀម​បញ្ចប់​កុងត្រា​ជាមួយនឹង រូប​តុ​ក្ត​តា Mascort ដែលជា​តុ​ក្ត​តា​តំណាងឱ្យ​ក្លិប​បាល់ទាត់​មួយ​នេះ​អស់​រយៈកាល​ជាច្រើន​ឆ្នាំ​មកហើយ។

    ដើម្បី​ជាការ​លើកទឹកចិត្ត និង​មិន​ចង់​បាត់បង់​តុ​ក្ត​តា​តំណាងឱ្យ​ក្លិប​មួយ​នេះ Ozil បាន​ស្នើសុំ​ទៅកាន់​ក្លិប Arsenal ដោយផ្ទាល់ ឱ្យ​ក្លិប​រក្សាទុក​តុ​ក្ត​តា​នេះ ហើយ​គេ​នឹង​ធានារ៉ាប់រង​ប្រាក់ខែ​ដល់​តុ​ក្ត​តា​ខាងលើ ជា​រៀង​ដរាប​ក្នុង​លក្ខខណ្ឌ​ដែល​គេ​នៅតែ​ជា​កីឡាករ​របស់​ក្លិប Arsenal។

    គួរឱ្យ​ដឹង​ដែរ​ថា កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ មាន​ព័ត៌មាន​ចេញផ្សាយ​ថា លោក Quy ដែល​ធ្វើការ​នៅ Arsenal អស់​រយៈពេល 27ឆ្នាំ ស្ថិតក្នុង​ចំណោម​មនុស្ស 55នាក់​ដែល​ត្រូវ​បញ្ឈប់​ការងារ​ក្នុង​ក្លិប។ ការកាត់បន្ថយ​បុគ្គលិក​បែបនេះ​ដោយសារតែ Arsenal ជួប​វិបត្តិ​ហិរញ្ញវត្ថុ បណ្ដាញ​មកពី​ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា៕

  • រកឃើញហើយ ក្រុមខ្លាំង4 ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត 4ក្រុមចុងក្រោយ ពានរង្វាន់សម្តេច ហ៊ុន សែន

    រកឃើញហើយ ក្រុមខ្លាំង4 ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត 4ក្រុមចុងក្រោយ ពានរង្វាន់សម្តេច ហ៊ុន សែន

    ភ្នំពេញ​ក្រោ​ន, ណាហ្គា​វើ​លដ៍, ព្រៃវែង និង​វិសាខា បាន​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវ​កាល2020 ក្រោយ​ទទួលបាន​ជ័យជម្នះ​លើ​គូប្រកួតរៀងៗខ្លួន​នៅ​វគ្គ 8ក្រុម​ចុងក្រោយ។

    ចំពោះ​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវ​កាល2020 នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី21 និង22 ខែតុលា ឆ្នាំ2020 នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​ប្រកួត​តែ 1ជើង​តែប៉ុណ្ណោះ ប្រសិនបើ​ស្មើគ្នា និង​ទាត់​បាល់ 11ម៉ែត្រ​កាត់សេចក្តី​តែម្ដង៕

  • អតីត​សហស្ថាបនិក​ដែល​បោះ​បង់​ Facebook​ ដើម្បី​ទៅ​បើក​ក្រុម​​ហ៊ុន​ថ្មី​ ពេល​នេះ​តម្លៃ​ក្រុម​ហ៊ុន​បាន​ឡើង​ដល់​ជាង​4ពាន់​លាន​ដុល្លារ​អាមេរិក​៖ កុំ​ចេះ​តែ​គិត​អំពី​លុយ​នៅ​ពេល​ចាប់​ផ្ដើម​បើក​មុខ​ជំនួញ

    អតីត​សហស្ថាបនិក​ដែល​បោះ​បង់​ Facebook​ ដើម្បី​ទៅ​បើក​ក្រុម​​ហ៊ុន​ថ្មី​ ពេល​នេះ​តម្លៃ​ក្រុម​ហ៊ុន​បាន​ឡើង​ដល់​ជាង​4ពាន់​លាន​ដុល្លារ​អាមេរិក​៖ កុំ​ចេះ​តែ​គិត​អំពី​លុយ​នៅ​ពេល​ចាប់​ផ្ដើម​បើក​មុខ​ជំនួញ

    មហាសេដ្ឋីវ័យ36ឆ្នាំនេះនិយាយថា៖ “ជាក់ស្ដែង ការចាប់ផ្ដើមរកស៊ី គឺមិនមែនល្អត្រចះត្រចង់ដូចការស្រមៃនោះឡើយ” ហើយ​ប្រការដែលសំខាន់នោះគឺ អ្នកត្រូវធ្វើការប្រកបដោយការស្រលាញ់ចូលចិត្ត និងចង់ជួយអ្នកដទៃក្នុងការដោះស្រាយបញ្ហាដែលពួកគេជួបប្រទះ ដោយប្រើប្រាស់ផលិតរបស់អ្នក។

    Dustin Moskovitz គឺជាសហស្ថាបនិកដែលបានចូលរួមបង្កើត Facebook ជាមួយនឹង Mark Zuckerberg កាលពីឆ្នាំ2014។ ប្រការនេះបានជួយឱ្យគាត់ក្លាយជាមហាសេដ្ឋី។ ឆ្នាំ2008 Moskovitz បានចាកចេញពី Facebook ដើម្បីទៅបង្កើតក្រុមហ៊ុនផ្នែកទន់ Asana។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានតម្លៃទីផ្សារឡើងដល់ជាង​4​ពាន់​លានដុល្លារ បន្ទាប់ពីក្លាយជាក្រុមហ៊ុនសាធារណៈ (ធ្វើ IPO) បានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

    Moskovitz មានអនុសាសន៍ជាច្រើនស្ដីអំពីការបង្កើត និងដំណើរការក្រុមហ៊ុនប្រកបដោយជោគជ័យ ក៏ដូចជាកត្តាចាំបាច់ដើម្បីអាចក្លាយជាអ្នកជំនួញជោគជ័យម្នាក់។

    នៅក្នុងព្រឹត្តិការណ៍មួយរបស់សាកលវិទ្យាល័យ StanFord លោក Moskovitz បានថ្លែងថា៖ “ប្រការសំខាន់គឺត្រូវដឹងអំពីមូលហេតុដែលអ្នកចង់បើកក្រុមហ៊ុន។ Hollywood និងសារព័ត៌មាននានា តែងតែចូលចិត្តធ្វើឱ្យរឿងរ៉ាវជំនួញក្លាយទៅជារឿងប្រកបដោយមនោសញ្ចេតនា។ ដូច្នេះ ចូរកុំចាញ់បោកពួកគេ។

    មានកត្តាចំនួន4 ដែលនាំឱ្យមនុស្សម្នាក់ចង់បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន នោះគឺ “អ្នកនឹងបានក្លាយជាថៅកែ អ្នកមានភាពបត់បែនបានល្អ អ្នកមានឱកាសបង្កើនឥទ្ធិពល ហើយចុងក្រោយគឺ អ្នកនឹងរកបានប្រាក់ច្រើនជាងមុន”។

    អតីតសហស្ថាបនិករបស់​ Facebook លោក Dustin Moskovitz

    ក៏ប៉ុន្តែ ការចាប់ផ្ដើមបើកអាជីវកម្ម មិនមែនជារឿងល្អត្រចះត្រចង់ និងងាយស្រួលដូចមនុស្សភាគច្រើនបានគិតនោះទេ។ មហាសេដ្ឋីវ័យ36ឆ្នាំបន្តថា៖ “ការក្លាយជាអ្នកជំនួញក៏មានផ្នែកអវិជ្ជមានផងដែរ ហើយសំខាន់ជាងនេះ គឺថា អ្នកត្រូវចំណាយពេលវេលា និងកម្លាំងកាយយ៉ាងច្រើនទៅលើការងារលំបាករាប់រយជំពូក”។

    “ជាក់ស្ដែង នៅក្នុងថ្ងៃដំបូងៗនៃការបង្កើត Facebook ខ្ញុំ និង Mark Zuckerberg បានចំណាយពេលយ៉ាងច្រើននៅកន្លែងធ្វើការ និងត្រូវផ្ដោតអារម្មណ៍អស់ពីលទ្ធភាពដើម្បីអភិវឌ្ឍផលិតផល។ បើសិនជាមើលទៅលើរូបថតមួយចំនួនរបស់យើង អ្នកនឹងបានដឹងថា មានតែសម្លៀកបំពាក់ប៉ុណ្ណោះដែលបានប្ដូរផ្លាស់ ចំណែកពួកយើងគឺស្ថិតនៅកន្លែងដដែលអស់ជាច្រើនថ្ងៃ”។

    Moskovitz ថ្លែងថា៖ “នៅពេលបង្កើតក្រុមហ៊ុន អ្នកត្រូវទទួលខុសត្រូវគ្រប់យ៉ាង។ អ្នកនឹងមានការព្រួយបារម្ភចំពោះបរាជ័យសម្រាប់ខ្លួនឯង និងអ្នកដែលជឿជាក់ដើរតាមអ្នក។ CEO មួយរូប គឺត្រូវចេះរក្សាផ្លូវចិត្តឱ្យបានរឹងមាំ និងនឹងន។

    “ជាមួយនឹងតួនាទីជា CEO អ្នកត្រូវចំណាយពេលវេលា និងកម្លាំងកាយចិត្តទាំងស្រុងដើម្បីដោះស្រាយបញ្ហាខាងក្រៅ និងទំនាស់ផ្ទៃក្នុង”។

    លោក Dustin Moskovitz

    ការបត់បែនតាមពេលវេលាក៏ជាបញ្ហាដែលមានអត្ថន័យថ្មី។ ការដែលអ្នក “មានសិទ្ធិក្នុងការគ្រប់គ្រងពេលវេលារបស់ខ្លួន” គឺជារឿងគួរឱ្យចាប់អារម្មណ៍ ក៏ប៉ុន្តែតាមជាក់ស្ដែង ក្រុមមនុស្សដែលត្រូវបានគេហៅថា ស្ថាបនិក គឺតែងតែស្ថិតក្នុងស្ថានភាពរវល់ជាទីបំផុត។ ជួនកាល ពួកគេត្រូវបានអូសទាញទៅក្នុងបណ្ដាព្រឹត្តិការណ៍ដែលមិនបានគិតទុកជាមុន ហើយ “ភ្លេចខ្លួន” ក្នុងការដោះស្រាយ។

    កុំចេះតែគិតអំពីប្រាក់

    មូលហេតុមួយក្នុងចំណោមហេតុផលដែលនាំឱ្យគេបង្កើតក្រុមហ៊ុនដែលលោក Moskovitz ធ្លាប់បានឮច្រើនបំផុត នោះគឺ ដោយសារពួកគេចង់បានប្រាក់ច្រើន។ បើតាម Moskovitz ប្រការដែលសំខាន់នោះគឺ អ្នកត្រូវធ្វើការប្រកបដោយការស្រលាញ់ចូលចិត្ត និងចង់ជួយអ្នកដទៃក្នុងការដោះស្រាយបញ្ហាដែលពួកគេជួបប្រទះ ដោយប្រើប្រាស់ផលិតរបស់អ្នក។ ពេលនោះ ជោគជ័យ រួមនឹងប្រាក់កាសនឹងរត់មករកអ្នកដោយខ្លួនឯងមិនខាន។

    សម្រាប់ Moskovitz ចំណង់ចំណូលចិត្តដ៏ខ្លាំងក្លា នឹងជួយឱ្យយើងអាចឆ្លងផុតរាល់ការលំបាកដែលជួបប្រទះ។ ពេលដឹងថា ខ្លួនឯងចូលចិត្តអ្វីមួយដល់កម្រិតកំពូលដែលត្រូវធ្វើ និងធ្វើដោយវិធីគ្រប់យ៉ាង នោះចូរអ្នកកុំបង្អែរបង្អង់យូរ ចាប់ផ្ដើមធ្វើវាភ្លាមទៅ៕

    ប្រភព៖ BI

  • សួស វីសា សម្រាលបានកូនស្រីមានមុខមាត់ Cute ខ្លាំង និងដាក់ឈ្មោះថា…

    សួស វីសា សម្រាលបានកូនស្រីមានមុខមាត់ Cute ខ្លាំង និងដាក់ឈ្មោះថា…

    ទីបំផុតតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីសា សម្រាលបានកូនស្រីម្នាក់ហើយ ក្រោយពីរឹតចំណងស្នេហ៍ជាមួយលោក ថមមី ដែលជាតារាសម្ដែងល្បីមួយរូបរួចមក។

    លោក ថមមី ស្វាមី របស់អ្នកនាង សួស វីហ្សា បានផ្ដល់ព័ត៌មានលម្អិតក្នុងគណនីហ្វេសប៊ុករបស់លោកឱ្យដឹងថា៖ “ទីបំផុតកាដូនៃចំណងដៃរៀបការរបស់ពួកខ្ញុំទាំងពីរនាក់គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់បានសម្រាលដោយជោគជ័យនិងសុវត្តិភាព កូនស្រីបានមកឃើពិភពលោកដ៏ស្រស់ស្អាតនិងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ សមាជិកថ្មីនៃក្រុមគ្រួសារយើងខ្ញុំនិងជាបេះដូងនៃ ប៉ាៗ Tommy ម៉ាក់ៗ Sous Visa កូនស្រីមានឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី 09 ខែ 10 ឆ្នាំ 2020 វេលាម៉ោង 9:09 នាទីព្រឹក (Am) អូនកើតឆ្នាំជូត (តំណាងសត្វកណ្តុរមាស) សូមអរគុណបងប្អូនដែលបានជូនពរនិងផ្តល់ជាកំលាំងចិត្តមកកាន់ក្រុមគ្រួសាររបស់យើងខ្ញុំ ខ្ញុំតំណាងឱ្យគ្រួសារទាំងមូលសូមអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនទែន ខ្ញុំនិងភរិយាសប្បាយចិត្តណាស់”។

    គួររំឭកដែរថា ក្រោយពីស្វែងយល់ចិត្តគ្នាជាប្រមាណជាង4ឆ្នាំ គូស្នេហ៍សិល្បៈសួស វីហ្សា និង ថមមី បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍កាលពីចុងខែវិច្ឆិកាឆ្នាំ 2019 ក្រោមវត្តមានភ្ញៀវជាង1000នាក់ ។ បន្ទាប់ពីរៀបការរួច គូស្នេហ៍សិល្បៈ១គូនេះបានដឹកដៃគ្នាទៅក្រេបទឹកឃ្មុំនៅឯក្រៅប្រទេសរហូតដល់ទៅ 8ប្រទេសឯណោះ មាន ប្រទេសបារាំង ស្វីស អេស្ប៉ាញ ហុឡង់ដ៍ អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ និង ដាណឺម៉ាក ដោយត្រូវចំណាយ ពេលនៃការដើរលេងនេះខ្ទង់មួយខែ។ ពួកគេបានបង្ហាញភាពហ៊ឺហាខ្លាំងទាំងការបង្ហាញរថយន្តទំនើបថ្លៃកប់ពពក និងការបើកដំណើរការហាងលក់សម្លៀកបំពាក់នៅតំបន់ដ៏មមាញឹកនៅរាជធានីភ្នំពេញ៕

  • ប្រចណ្ឌ ឬមិនប្រចណ្ឌ? 3ចំណុចខាងក្រោមនេះ បញ្ជាក់យ៉ាងច្បាស់…

    ប្រចណ្ឌ ឬមិនប្រចណ្ឌ? 3ចំណុចខាងក្រោមនេះ បញ្ជាក់យ៉ាងច្បាស់…

    ស្រីៗយើងនេះណា៎ ពេលមានគូស្នេហ៍ ក៏មានអារម្មណ៍ចង់តែគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែលជាគូស្នេហ៍របស់ខ្លួនតែម្នាក់ឯង អ្នកផ្សេងហាមប៉ះ អ្នកណាក៏ហាមមើលដែរ…តែអារម្មណ៍ដែលចង់តែគ្រប់គ្រងហួងហែងលើរូបគេខ្លាំងជ្រុលពេក រហូតដល់រុកកួនរំខានភាពឯកជនរបស់គ្នាទៅវិញទៅមក ដូចជា ចាប់ផ្ដើមរំខានទៅដល់ធុរៈការងាររបស់គូស្នេហ៍ជាមួយមិត្តភ័ក្តិ ឬក្រុមគ្រួសាររបស់គេ ចាប់ផ្ដើមហាមមិនឱ្យគូស្នេហ៍ទៅធ្វើការងារដែលគេចូលចិត្ត ចាប់ផ្ដើមតាមសួរដេញដោលពីទីកន្លែងដែលគេទៅរៀងរាល់មួយម៉ោងម្ដង ជាដើម បែបហ្នឹងគេហៅថា “ប្រច័ណ្ឌបែបខុសប្រក្រតី” ហើយ ដែលទាំងអស់ហ្នឹងនឹងនាំមកនូវបញ្ហាដល់សម្ព័ន្ធស្នេហ៍ ឬជីវិតអាពាហ៍ពិពាហ៍របស់អ្នកមិនខាន។ ដូច្នេះបើនារីៗយើងណាមិនដឹងថាខ្លួនឯងជាមនុស្សប៉ិនប្រចណ្ឌឬអត់នោះ សាកល្បងមើលពី 3ចំណុចខាងក្រោមនេះទៅមើល៍ បើមានទង្វើដូច 3ចំណុចហ្នឹង សូមឱ្យដឹងខ្លួនទៅថា គូស្នេហ៍របស់អ្នក ចាប់ផ្ដើមមានអារម្មណ៍ទើសទាល់នឹងរូបអ្នកហើយ។

    1 . មានអារម្មណ៍ជ្រួលច្រាលជាមួយការប្រើទូរស័ព្ទរបស់គូស្នេហ៍

    នៅពេលដែលទង្វើនៃការប្រើទូរស័ព្ទរបស់គូស្នេហ៍ធ្វើឱ្យអ្នកមានអារម្មណ៍ជ្រួលច្របល់ ដូចជាទូរស័ព្ទទៅហើយ មិនលើក ឬទូរស័ព្ទទៅហើយ តែជាប់រវល់រហូត ធ្វើឱ្យអ្នកកើតមានអារម្មណ៍សោកសៅ ឬមួម៉ៅឡើងភ្លាមតែម្ដង នោះបង្ហាញថា អ្នកជានារីម្នាក់ដែលប្រចណ្ឌច្រើនជ្រុលពេកហើយ និងមិនមែនត្រឹមតែប្រចណ្ឌទេ ថែមទាំងគិតផ្ដេសផ្ដាស់ច្រើនទៀតផង ព្រោះគាត់អាចមិនបានកាន់ទូរស័ព្ទជាប់ដៃរហូត ឬជួនកាលនៅកន្លែងធ្វើការ គាត់អាចនឹងកំពុងប្រជុំ-ល- ហើយបើទូរស័ព្ទទៅហើយ ទូរស័ព្ទគាត់ជាប់រវល់ រឿងអីអ្នកបែរជាគិតថា គាត់កំពុងនិយាយជាមួយស្រីផ្សេងទៅវិញ? ជួនកាលគាត់អាចជាប់ជជែករឿងការងារជាមួយមិត្តភ័ក្តិ ឬជាមួយម្ដាយរបស់គាត់ផង ក៏អាចថាបានដែរ។ ដូច្នេះ ចូរកាត់បន្ថយការគិតច្រើននេះចេញខ្លះ ហើយបន្ថែមក្ដីជឿទុកចិត្តលើគាត់ឱ្យច្រើនឡើងទើបជាការល្អ។ ការជឿទុកចិត្តគ្នាទៅវិញទៅមក គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់គូស្នេហ៍នីមួយៗ។

    2 . តាមដានជីវិតគាត់ជាប់ បែបមិនឱ្យដឹងខ្លួន

    លួចតាមដាន លបឆែកឆេរលើបណ្ដាញសង្គមរបស់គាត់ ជាពិសេស Facebook មិនគ្រប់គ្រាន់ទេ ព្រោះគាត់អាចធ្វើដូចជាមិនមានអ្វី ដើម្បីបន្លំភ្នែកភរិយាដូចជារូបយើង តែអាចនឹងទៅលួចជួបគ្នានៅកន្លែងណាមួយក៏ថាបានដែរ…គិតចប់ពឹប! ក៏ស្ទុះវឹងទៅលួចតាមដានមើលគាត់នៅក្បែរកន្លែងធ្វើការ ឬនៅកន្លែងដែលគាត់តែងចូលចិត្តទៅញឹកញាប់ មិនឱ្យគាត់ដឹងខ្លួន លបពួនដើម្បីលួចមើលទង្វើរបស់គាត់ពីចម្ងាយ យ៉ាងហួងហែង…។ អៃយ៉ា! ធ្វើអ៊ីចឹងទៅកើតហ្ន៎? ហ្នឹងជាស្វាមីរបស់អ្នកតើ! ម៉េចបានទៅលួចតាមដានធ្វើដូចគាត់ជាឧក្រិដ្ឋជនធ្ងន់ធ្ងរអីយ៉ាងនេះ?!។ បើអ្នកនាងកញ្ញាៗដឹងខ្លួនថា ខ្លួនឯងធ្វើដល់ថ្នាក់ហ្នឹងហើយ អ្នកគ្រូ ឆវីសូមប្រាប់ទៅចុះថា វាដូចជាខុសប្រក្រតីខ្លាំងពេកហើយ។ អ្នកជាមនុស្សដែលមិនទុកចិត្តគូស្នេហ៍ខ្លួនឯងយ៉ាងខ្លាំង ហ្នឹងបើគាត់ចាប់បានថា អ្នកលួចតាមដានគាត់ ហើយគាត់ចង់សុំលែងលះគ្នានោះ គាត់អត់ខុសទេណា៎ ប្រាប់ឱ្យហើយ…។

    3 . អត់ទុកចិត្តមនុស្សថ្មីៗ

    រឿងចាស់មិនទាន់បាត់ភ័យ រឿងថ្មីមកដល់ទៀត នេះគឺជាអារម្មណ៍របស់អ្នកនៅពេលគូស្នេហ៍របស់អ្នកណែនាំឱ្យស្គាល់មនុស្សថ្មីៗ ហើយបើរឹតតែនាងម្នាក់នោះមុខមាត់ស្អាតបាតផងនោះ អ្នកអាចនឹងមានអារម្មណ៍តែផ្ដេសតែផ្ដាស់គិតថា នារីម្នាក់នោះជាមនុស្សដែលមកធ្វើឱ្យស្វាមីរបស់អ្នកញាប់ញ័រ…។ គិតឃើញភ្លាម ក្ដីប្រចណ្ឌក៏ពុះគ្រាក់ៗឡើងរហូតលាក់អាការលែងនៅតែម្ដង ហើយវាក៏ជារឿងដែលធ្វើឱ្យអ្នកមានអារម្មណ៍ចង់តែស៊ើបឱ្យដឹងថា តើស្រីម្នាក់ហ្នឹងជានរណា? មកពីណា? ស្និទ្ធស្នាលជាមួយប្ដីយើងកម្រិតណា?!។ តែឈប់សិន! អ្នកគ្រូ ឆវីចង់ប្រាប់ថា ទោះរូបគេជានារីដែលស្គាល់គ្នាជាមួយគូស្នេហ៍របស់អ្នកបែបជិតដិតមែនក្ដី តែនាងអាចរៀបការមានស្វាមី មានកូនខ្ចីរួចហើយផងក៏មិនដឹង ឬអាចជាមិត្តរួមការងារ ដែលក៏អាចនឹងក្លាយជាមិត្តជិតដិតនឹងរូបអ្នកនៅថ្ងៃក្រោយផងដែរក៏មិនដឹង ដូច្នេះកុំអាលជ្រួលច្របល់ទៅប្ដឹងផ្ដល់មុនកើតរឿងអី។ មិនទុកចិត្តអ្នកដទៃ វាមិនអីប៉ុន្មានទេ តែត្រូវចេះទុកចិត្តស្វាមីខ្លួនឯងខ្លះផង គាត់អាចនឹងស្រឡាញ់អ្នកខ្លាំងជាងអ្នកគិតទៅទៀតក៏ថាបានដែរណា៎…ម៉េចបានមិនគិតត្រង់ចំណុចហ្នឹងផង ហ្អា៎!?។

    ម៉េចដែរ ត្រូវប៉ុន្មានចំណុចដែរ? បើបានអានហើយដឹងថាខ្លួនមានក្ដីប្រចណ្ឌដូចក្នុងទាំង 3ចំណុចហ្នឹងមែននោះ ឆាប់ៗផ្លាស់ប្ដូរគំនិតជាបន្ទាន់ ព្រោះអាទាំងអស់ខាងលើហ្នឹង ប្រុសៗគេមិនចូលចិត្តទេ ហេងស៊យអាចក្លាយជាមូលហេតុចម្បងដែលធ្វើឱ្យលែងលះគ្នាបានទៀតផង តិចថាអ្នកគ្រូ ឆវីមិនបានប្រាប់…៕

  • CEO បន្ថយ​ប្រាក់​បៀវត្ស​90% ​និង​ដាក់​បញ្ចាំ​ផ្ទះ​2​ខ្នង​របស់​ខ្លួន​ ដើម្បី​ឱ្យ​បុគ្គលិក​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​៖ ​មិន​យូរ​ប៉ុន្មាន​ លទ្ធផល​ជំនួញ​បាន​កើន​ឡើង​3​ដង

    CEO បន្ថយ​ប្រាក់​បៀវត្ស​90% ​និង​ដាក់​បញ្ចាំ​ផ្ទះ​2​ខ្នង​របស់​ខ្លួន​ ដើម្បី​ឱ្យ​បុគ្គលិក​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​៖ ​មិន​យូរ​ប៉ុន្មាន​ លទ្ធផល​ជំនួញ​បាន​កើន​ឡើង​3​ដង

    លទ្ធផលនៃការលះបង់របស់ CEO នេះ មិនត្រឹមតែបានជួយឱ្យបុគ្គលិកទទួលបានប្រាក់ខែខ្ពស់នោះទេ ប៉ុន្តែក៏បានជួយឱ្យតម្លៃនៃខ្ទង់ប្រាក់ទូទាត់ដែលក្រុមហ៊ុនបានធ្វើប្រតិបត្តិការ បានកើនពី3.8ពាន់លានដុល្លារក្នុង1ឆ្នាំ ឡើងដល់10.2ពាន់លានដុល្លារក្នុង1ឆ្នាំ។

    ឆ្នាំ2015 នៅពេលកំពុងធ្វើដំណើរដោយថ្មើរជើងតាមដងផ្លូវមួយជាមួយនឹងមិត្តភ័ក្ដិម្នាក់ឈ្មោះ Valerie នៅជួរភ្នំ Cascade ក្នុងតំបន់ Seattle លោក Dan Price បានស្ដាប់អំពីដំណើររឿងរ៉ាវដ៏កំសត់ និងប្រកបដោយលំបាកមួយ។ នាង Valerie និយាយថា ជីវភាពរបស់នាងកំពុងជួបបញ្ហាវឹកវរ ដោយសារម្ចាស់ផ្ទះដំឡើងថ្លៃជួលផ្ទះ ហើយនាងត្រូវជួបការលំបាកក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។

    រឿងរ៉ាវខាងលើបាននាំឱ្យ Dan Price ខឹងខ្លាំង ព្រោះថា Valerie ធ្លាប់បានបម្រើការក្នុងជួរកងទ័ពអស់រយៈពេល11ឆ្នាំ ហើយពេលនេះ នាងត្រូវធ្វើការច្រើន ប៉ុន្តែ នៅតែមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាព។ Valerie អាចរកបានប្រាក់ប្រហែល40,000ដុល្លារក្នុង1ឆ្នាំ ប៉ុន្តែខ្ទង់ប្រាក់នេះមិនអាចឱ្យនាងទិញបានផ្ទះសមរម្យ1ខ្នងនៅក្នុងក្រុង Seattle នោះឡើយ។

    លោក Price មិនសប្បាយចិត្តជាមួយនឹងភាពអយុត្តិធម៌នោះ ប៉ុន្តែ ទន្ទឹមនឹងនេះ លោក Price ក៏ស្រាប់តែនឹកឃើញថា ខ្លួនឯងក៏ជាផ្នែកមួយនៃបញ្ហានេះដែរ។ ឆ្នាំ1965 ក្រុម CEO នៅសហរដ្ឋអាមេរិក ម្នាក់ៗរកបានប្រាក់ច្រើនជាង20ដងបើធៀបនឹងបុគ្គលិកធម្មតា ប៉ុន្តែ ដល់ឆ្នាំ2015 តួលេខនេះបានកើនឡើងដល់300ដង។

    CEO បន្ថយ​ប្រាក់​បៀវត្ស​90% ​និង​ដាក់​បញ្ចាំ​ផ្ទះ​2​ខ្នង​របស់​ខ្លួន​ ដើម្បី​ឱ្យ​បុគ្គលិក​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​៖ ​មិន​យូរ​ប៉ុន្មាន​ លទ្ធផល​ជំនួញ​បាន​កើន​ឡើង​3​ដង
    CEO របស់​ក្រុម​ហ៊ុន Gravity លោក Dan Price

    នៅក្នុងវ័យ31ឆ្នាំ Price គឺជាសេដ្ឋីម្នាក់ និងជា CEO របស់ក្រុមហ៊ុន Gravity Payments ដែលមានទីស្នាក់ការកណ្ដាលនៅក្រុង Seattle សហរដ្ឋអាមេរិក។ ក្រុមហ៊ុនរបស់ Price មានអតិថិជនប្រមាណជាជាង2,000នាក់ និងមានតម្លៃរាប់លានដុល្លារអាមេរិក។ Price រកបានប្រាក់ជាង1លានដុល្លារក្នុង1ឆ្នាំៗ និងរស់នៅក្នុងជីវភាពល្អប្រសើរ។ ប៉ុន្តែ ក្រោយពីបានស្ដាប់ការរៀបរាប់របស់ Valerie ទើប Price យល់ច្បាស់ថា បុគ្គលិកជាច្រើនរបស់ខ្លួនក៏កំពុងជួបការលំបាកដូចគ្នានេះដែរ។ មូលហេតុនេះហើយដែលនាំឱ្យគាត់សម្រេចចិត្តធ្វើការផ្លាស់ប្ដូរ៖ កាត់បន្ថយប្រាក់បៀវត្សដែលមានតម្លៃ1លានដុល្លារ (ប្រហាក់ប្រហែលនឹង90%នៃប្រាក់បៀវត្សសរុបប្រចាំឆ្នាំ) របស់ខ្លួន ដើម្បីជួយឱ្យបុគ្គលិកថ្នាក់ក្រោមអាចទទួលបានប្រាក់ខែជាអប្បបរមាត្រឹម70,000ដុល្លារអាមេរិក/ឆ្នាំ។

    អំពីតួលេខ70,000ដុល្លារ ក្រោយពីបានអានលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយរបស់ក្រុមសេដ្ឋវិទូដែលធ្លាប់ទទួលបានពាន់រង្វាន់ Nobel ស្ដីអំពីបញ្ហាដែលថា តើជនជាតិអាមេរិកាំងម្នាក់ត្រូវការប្រាក់ប៉ុន្មានដើម្បីរស់បានដោយមានសុភមង្គល លោក Price បានជ្រើសរើសតួលេខ70,000ដុល្លារ/ឆ្នាំ។ ក៏ប៉ុន្តែ ដើម្បីអាចធ្វើបែបនេះបាន Price នឹងត្រូវកាត់បន្ថយប្រាក់បៀវត្សរបស់ខ្លួនចំនួន90% ព្រំទាំងដាក់បញ្ចាំផ្ទះ2ខ្នង និងចំណាយប្រាក់ដែលខ្លួនបានសន្សំទុក។

    CEO បន្ថយ​ប្រាក់​បៀវត្ស​90% ​និង​ដាក់​បញ្ចាំ​ផ្ទះ​2​ខ្នង​របស់​ខ្លួន​ ដើម្បី​ឱ្យ​បុគ្គលិក​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​៖ ​មិន​យូរ​ប៉ុន្មាន​ លទ្ធផល​ជំនួញ​បាន​កើន​ឡើង​3​ដងជាចុងក្រោយ Price នៅតែអនុវត្តការផ្លាស់ប្ដូរដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។ ចាប់តាំងពីពេលនោះ ក្រុមហ៊ុន Gravity Payments បានរីកចម្រើនយ៉ាងឆាប់រហ័ស។ ចំនួនបុគ្គលិកបានកើនឡើងទ្វេដង ហើយតម្លៃនៃខ្ទង់ប្រាក់ទូទាត់របស់អតិថិជនដែលក្រុមហ៊ុនបានប្រតិបត្តិ ក៏បានកើនពី3.8ពាន់លានដុល្លារ/ឆ្នាំ ឡើងដល់10.2ពាន់លានដុល្លារក្នុង1ឆ្នាំ។

    លោក Price បានសរសេរនៅលើ Twitter ៖ “នៅពេលខ្ញុំបានចាប់ផ្ដើមអនុវត្តគោលនយោបាយប្រាក់បៀវត្សអប្បរមា70,000ដុល្លារសម្រាប់បុគ្គលិក កាលពីឆ្នាំ2015 លោក Rush Limbaugh (អ្នកអត្ថាធិប្បាយនយោបាយនៅអាមេរិក) ថ្លែងថា៖ “ខ្ញុំសង្ឃឹមថា Gravity Payments គឺជាគំរូដ៏លេចធ្លោសម្រាប់ក្រុមហ៊ុនផ្សេងៗទៀង”។ យើងបានក្លាយជាអ្នកជោគជ័យពិសេសមួយនៅសាលាពាណិជ្ជកម្ម Harvard”។

    ក្រៅពីប្រការខាងលើ ក៏នៅមានរឿងរ៉ាវផ្សេងទៀតដែលលោក Price មានមោទនភាពជាងប្រការខាងលើ៖ បុគ្គលិកប្រមាណជា70% បានរួចពីចំណងរបស់បំណុល ចំនួនបុគ្គលិកមានកូនក៏បានកើន10ដង និងជាង10%មានលទ្ធភាពទិញផ្ទះនៅក្នុងទីក្រុងធំ ខណៈដែលតួលេខនេះកាលពីមុនមានមិនដល់1%នោះទេ។

    កម្មវិធី​មួយ​នៅ​ក្នុង​ក្រុម​ហ៊ុន​ Gravity

    ក្នុងកិច្ចសម្ភាសមួយជាមួយនឹង BBC លោក Dan Price បានឱ្យដឹងថា៖ “មុនពេលគោលនយោបាយប្រាក់បៀវត្សអប្បបរមា70,000ដុល្លារត្រូវបានបង្កើតឡើង ជារៀងរាល់ឆ្នាំ ក្រុមការងាររបស់យើង មានកូនត្រឹមតែចាប់ពី0ដល់2នាក់ប៉ុណ្ណោះ។ ក្រោយមក ក្នុងរយៈពេលតែ4ឆ្នាំកន្លះ យើងបានទទួលស្វាគមន៍ទារកជាង40នាក់”។

    ប្រការមួយផ្សេងទៀតដែលមានសារសំខាន់ នោះគឺប្រសិទ្ធភាពនៃការបំពេញការងាររបស់បុគ្គលិកក្រុមហ៊ុននេះ បានកើនឡើង76% ពោលគឺខ្ពស់ជាងទ្វេដងបើធៀបនឹងមធ្យមភាគនៅសហរដ្ឋអាមេរិក។ Rosita Barlow នាយកផ្នែកលក់របស់ Gravity បាននិយាយថា៖ “នៅពេលដែលអ្នកធ្វើការដោយមិនមានសម្ពាធពីបញ្ហាខ្វះខាតប្រាក់កាស វានឹងជំរុញឱ្យអ្នកធ្វើការបានល្អជាងមុន”៕

    ប្រភព៖ BBC

  • Realme បញ្ចេញទូរទស្សន៍កម្រិត 4K SLED smart TV ដំបូងគេបង្អស់ តម្លៃជាង 589ដុល្លារ

    Realme បញ្ចេញទូរទស្សន៍កម្រិត 4K SLED smart TV ដំបូងគេបង្អស់ តម្លៃជាង 589ដុល្លារ

    ថ្មីៗនេះ​ក្រុមហ៊ុន Realme ប្រចាំ​ប្រទេស​ឥណ្ឌា បានធ្វើការ​ប្រកាស​ចេញ​នូវ​ផលិតផល​ថ្មី​មួយចំនួន​ដូចជា ទូរទស្សន៍​ឆ្លាត​វៃ បំពាក់​បច្ចេកវិទ្យា SLED កម្រិត 4K និង​ស្មា​ត​ហ្វូ​ន​ស៊េរី Realme 7i, Realme 7i Sun Kissed Edition និង​ឧបករណ៍ Realme 100W Soundbar។

    យោងតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​របស់​ចិន Realme បាន​អភិវឌ្ឍ​កម្រិត​អេក្រង់ SLED ដំបូង​គេ​បង្អស់ ដែល​បច្ចេកវិទ្យា​នេះ​ខុសពី OLED ឬ QLED TV នានា​ផ្សេងទៀត។

    ក្រៅពី​ការ​ដំណើការ​ជា​ទូរទស្សន៍​ធម្មតា Smart TV ខាងលើនេះ អាច​យកមក​ធ្វើជា ផ្ទាំង​អេក្រង់​កុន​ក្នុងផ្ទះ​របស់​អ្នក​បាន​ទៀតផង  វា​អាច​ភ្ជាប់​ទៅនឹង Android 9 ដោយមាន​សេវាកម្ម​កម្សាន្ត​ដូចជា Amazon Prime Video, Netflix, YouTube, Google Play app store,និង​សេវាកម្ម smart home control center ជាដើម។ តម្លៃ​លក់​ចាប់ផ្តើម​ពី 42,999រ៉ូ​ពី ឬ​ប្រមាណ​ជា 589ដុល្លារ៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • Samsung, Huawei និង Apple ជាជើងខ្លាំងលក់ស្មាតហ្វូន ដាច់ជាងគេ នៅដើមឆ្នាំ2020

    Samsung, Huawei និង Apple ជាជើងខ្លាំងលក់ស្មាតហ្វូន ដាច់ជាងគេ នៅដើមឆ្នាំ2020

    ស្មា​ត​ហ្វូ​ន​ដែល​លក់​ចេញ​បាន​ច្រើនជាងគេ នៅក្នុង​ឆមាស​ទី1 នៃ​ឆ្នាំ2020 បាន​ទៅលើ​ក្រុមហ៊ុន Apple ដែល​អាច​លក់ iPhone 11 បាន​ចំនួន 37.37លាន​គ្រឿង។

    ឯ​ក្រុមហ៊ុន Samsung លក់​ស្មា​ត​ហ្វូ​ន Galaxy A51 ឈរ​ចំណាត់ថ្នាក់​លេខ2 ជាមួយ​ចំនួន​លក់ 11.4លាន​គ្រឿង តិចជាង​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ1 ដល់​ទៅ ៣ដង​ឯណោះ។

    ចំណាត់ថ្នាក់​បន្ទាប់មក​ទៀត​គឺ ក្រុមហ៊ុន Xiaomi Redmi Note 8 និង Redmi Note 8 Pro លក់បាន 11លាន​គ្រឿង និង 10.2លាន​គ្រឿង។

    ក្រុមហ៊ុន Apple ដដែល​នេះ លក់​ស្មា​ត​ហ្វូ​ន iPhone SE ស៊េរី​ថ្មី ស្ថិតនៅ​លំដាប់​លេខ5 ជាមួយនឹង​ចំនួន​លក់ 8.7លាន​គ្រឿង។ iPhone XR បាន 8លាន​គ្រឿង​ស្ថិតនៅ​លំដាប់​ទី6។ ចំណែកឯ​iPhone 11 Pro Max លក់បាន 7.7លាន​គ្រឿង, Redmi 8A លក់បាន 7.3លាន​គ្រឿង, Redmi 8 លក់បាន 6.8លាន​គ្រឿង និង​ចុងក្រោយ iPhone 11 Pro លក់បាន 6.7លាន​គ្រឿង។ នេះ​បើ​យោងតាម​ទិន្នន័យ​ចុះផ្សាយ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ Omdia៕

  • តិចនិកទុកដាក់ និងការពារម្ហូបអាហារកុំឱ្យឆាប់ខូចរបស់ស្រ្តីមេផ្ទះជនជាតិជប៉ុន

    តិចនិកទុកដាក់ និងការពារម្ហូបអាហារកុំឱ្យឆាប់ខូចរបស់ស្រ្តីមេផ្ទះជនជាតិជប៉ុន

    ប្រទេសជប៉ុន ពេលធាតុអាកាសក្ដៅ ក៏ក្ដៅមិនចាញ់ស្រុកយើងប៉ុន្មានដែរ ដូច្នេះហើយទើបស្រ្តីមេផ្ទះជនជាតិជប៉ុនមានតិចនិកល្អៗក្នុងការការពារម្ហូបអាហារកុំឱ្យផ្អូមខូចនៅក្នុងរដូវក្ដៅច្រើនណាស់…បងៗស្រ្តីមេផ្ទះទាំងឡាយអាចសាកល្បងយកមកកែច្នៃប្រើនៅក្នុងស្រុកយើងដើម្បីការពារកុំឱ្យម្ហូបអាហារឆាប់ខូចបានចា៎ស។

    1 . ចំហាយទឹក ជើងឯកខាងធ្វើឱ្យម្ហូបអាហារឆាប់ខូច

    មុនគេបង្អស់ រឿងដែលត្រូវចាំទុកគឺ រឿងចំហាយទឹកនៅក្នុងម្ហូបអាហារ សំខាន់ខ្លាំងណាស់ ព្រោះវាជាអ្នកដែលធ្វើឱ្យម្ហូបអាហារឡើងជោរទឹកពពាច ជាជើងឯកខាងធ្វើឱ្យម្ហូបអាហារឆាប់ខូច។ ដោយប្រអប់ប្លាស្ទិកដាក់អាហារដែលមានគម្របបិទជិត នៅពេលយើងដាក់ម្ហូបអាហារក្ដៅៗចូលទៅ ធ្វើឱ្យកើតចំហាយទឹក និងទោះជាអាហារមិនក្ដៅក៏ដោយ តែពួកទឹកឆា ទឹកស៊ីអ៊ីវដែលនៅក្នុងម្ហូបអាហារនោះ ពេលនៅក្នុងប្រអប់ និងត្រូវធាតុអាកាសក្ដៅៗ ក៏នឹងធ្វើឱ្យក្ដៅភាយចេញជាចំហាយទឹកបានដូចគ្នា។ ដូច្នេះយើងនាំគ្នាមកមើលពីវិធីងាយៗដែលមិនធ្វើឱ្យកើតមានចំហាយទឹកដូចតទៅ។

    2 . អាហារចៀនបំពង មិនងាយខូច

    អាហារចៀនបំពងជាអាហារដែលមិនងាយខូចទេ ព្រោះវាស្ងួត មានសំណើមតិចបំផុត បើធៀបនឹងម្ហូបឆាផ្សេងៗដែលមានទឹកគ្រឿងគ្រៅច្រើន ដូច្នេះទើបម្ហូបចៀនបំពង គឺជាជម្រើសដែលល្អមួយក្នុងការទុកដាក់បានល្អ។ ឧទាហរណ៍ ម្ហូបខ្មែរយើងមានដូចជា មាន់ចៀន សាច់ជ្រូកប្រឡាក់ចៀន សាច់ងៀត ជាដើម។

    3 . បន្លែស្រុស ត្រូវឱ្យស្ងួតទឹក

    ម្ហូប បើមានតែសាច់ក៏នឹងមិនទទួលបានសារធាតុអាហារគ្រប់មុខដែរ ដូច្នេះទើបបងៗស្រ្តីមេផ្ទះជាច្រើនដាក់បន្លែចូលដែរ ទោះជាតិចតួចក្ដី តែក៏សំខាន់ ប៉ុន្តែបន្លែស្រុស បន្លែស្ងោរផ្សេងៗត្រូវតែឱ្យស្រស់ទឹក និងប្រើក្រដាសអនាម័យសម្រាប់ប្រើជាមួយម្ហូបអាហារផ្ដិតឱ្យស្ងួតបានច្រើនបំផុត។ ពេលរៀបចំចូលក្នុងប្រអប់គួរប្រើចានក្រដាសបំបែកជាផ្នែកៗ មិនឱ្យទឹកដែលចេញពីបន្លែទៅប៉ះម្ហូបផ្សេងទៀត(ជួយរក្សាភាពឆ្ងាញ់ឱ្យនៅដដែលបានទៀតផង)។

    4 . បន្លែផ្លែឈើ មិនគួរបេះទងចេញទេ

    ឧទាហរណ៍ដូចជា ផ្លែប៉េងប៉ោះតូចៗ(ប៉េងប៉ោះចង្កោម) តែបន្លែខ្លះដែលទងវាស្អុយរលួយហើយ ក៏គួរតែបេះចេញ ព្រោះអាចមានមេរោគបាក់តេរីច្រើនជាប់មកជាមួយ ដែលទោះជាលាងយ៉ាងណាក៏មិនអស់ដែរ។

    5 . តម ឬចៀសវាងការបន្ថែមវត្ថុរាវ បើមិនចាំបាច់

    ក្នុងការរៀបចំតុបតែងម្ហូបដោយផ្លែប៉េងប៉ោះ ឬបន្លែផ្លែឈើណាដែលមានជាតិទឹកច្រើន ការដោតឈើចាក់ ឬពុះជាពីរ ទោះជាមើលទៅឃើញស្អាត និងងាយស្រួលចាប់កាន់ញ៉ាំមែន តែក៏មិនគួរធ្វើបែបហ្នឹងដែរ ព្រោះទឹកដែលនៅក្នុងបន្លែផ្លែឈើទាំងនោះនឹងហូរចេញមក ធ្វើឱ្យម្ហូបនោះឆាប់ខូចបាន។

    សម្រាប់ឈើចាក់ដែលទិញមកហើយ មិនបាច់ខ្លាចថា នឹងមិនបានប្រើនោះទេ បងៗស្រ្តីមេផ្ទះអាចយកមកដោតលើម្ហូបផ្សេងៗទៀតបានដូចជា សាច់ក្រក(ហាន់ចំណិតៗ) ពងទាក្រឡុក(កាត់ជាដុំ) ប្រហិត ឬពងក្រួចស្ងោរបានចា៎ស។

    6 . ម្ហូបអាហារគ្រប់យ៉ាងត្រូវទុកឱ្យត្រជាក់សិន

    ម្ហូបអាហារដែលបងៗស្រ្តីមេផ្ទះត្រូវការដាក់ចូលទៅក្នុងប្រអប់ ពេលចម្អិនរួចរាល់ហើយ គួរដាក់ចានទុក ចាំឱ្យត្រជាក់សិន សឹមរៀបចំដាក់ចូលក្នុងប្រអប់ទុក(បើចង់ញ៉ាំបែបក្ដៅ ពេលញ៉ាំអាចកម្ដៅបាន)។

    បាយអង្ករខ្សាយក៏អ៊ីចឹងដែរ ដួសដាក់ចានទុកសិន ហើយបិទដោយបន្ទះផ្លាស្ទិករុំអាហារ ដើម្បីកុំឱ្យបាយស្ងួតរឹង។ ពេលបាយត្រជាក់ហើយ សឹមរៀបចំដាក់ចូលប្រអប់។

    បើដួសដាក់ប្រអប់តែម្ដង យើងក៏មានវិធីធ្វើឱ្យបាយដែលត្រជាក់ហើយនោះនៅតែមានភាពឆ្ងាញ់ដែរ ដោយប្រើក្រដាសអនាម័យដែលប្រើក្នុងការធ្វើម្ហូបអាហារមកបិទពីលើ។ វិធីនេះប្រៀបដូចជាការចំហុយចំហាយទឹកដែរ ធ្វើឱ្យបាយនៅទន់ និងពេលបាយត្រជាក់ហើយ ក៏យកក្រដាសអនាម័យចេញ។

    ការរៀបចំប្រអប់អាហារបែបជប៉ុន មិនមែនជារឿងពិបាកឡើយ គ្រាន់តែមានចានក្រដាសតូចៗ(មានលក់នៅក្នុងផ្សារទំនើប) និងឈើចាក់ ក៏មើលទៅដូចអាហារជប៉ុនដែរ ទោះជាដាក់ម្ហូបខ្មែរយើងក៏ដោយ។ រឹតតែប្រើតិចនិកការរៀបចំប្រអប់អាហារក្នុងរដូវក្ដៅតាមដែលបានរៀបរាប់មកខាងលើផងនោះ ធានាថា នឹងរក្សាភាពឆ្ងាញ់បានរហូតដល់ពេលត្រូវយកមកញ៉ាំ និងមិនផ្អូមយ៉ាងពិតប្រាកដ ហើយបើនៅផ្ទះមានចង្ក្រានម៉ៃក្រូវេហ្វផងនោះ យកទៅកម្ដៅមុននឹងទទួលទាន អាហារនឹងរឹតតែមានរសជាតិល្អឡើងជាមិនខាន៕