Category: សង្គម និងសេដ្ឋកិច្ច

  • តារាសិល្បៈជាច្រើនដួង បួងសួងឱ្យកម្ពុជារួចផុតពីគ្រោះទឹកជំនន់ និងជូនពរប្រជាពលរដ្ឋខ្មែរមានសុខភាពល្អ

    តារាសិល្បៈជាច្រើនដួង បួងសួងឱ្យកម្ពុជារួចផុតពីគ្រោះទឹកជំនន់ និងជូនពរប្រជាពលរដ្ឋខ្មែរមានសុខភាពល្អ

    បើគិត​ត្រឹម​ថ្ងៃ​ទី9 ខែ​តុលា​ មាន​ស្រុក​ចំនួន19និង​ឃុំ​ចំនួន​63ស្ថិត​នៅ​ក្នុង​ខេត្ត​ជាង10 កំពុង​រង​ផល​ប៉ះពាល់ដោយ​សារ​ជំនន់​ទឹក​ភ្លៀង។ ខេត្ត​ទាំង​នោះ​រួមមានៈ ប៉ៃលិន បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ភ្នំពេញ តាកែវ ស្វាយរៀង ព្រះវិហារ ពោធិ៍សាត់ និងបាត់ដំបង ជាដើម។ ក្នុង​ចំណោម​ខេត្តទាំង​10​នេះ ពោធិ៍សាត់ និងបាត់ដំបង បាន​រង​ផល​ប៉ះ​ពាល់​យ៉ាង​ដំណំ ដោយសារ​ជំនន់​ទឹក​ភ្លៀង​គិតមក​ដល់​ថ្ងៃ​ទី12 ខែ​តុលា​នេះ​នៅ​តែ​បន្ត​ធ្លាក់​យ៉ាង​គំហុគ។ នៅក្នុងនោះដែរ តារាសិល្បៈជាច្រើនដួង ក៏បានធ្វើការបួងសួង និងសរសេរ Cation នៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងអំពាវនាវប្រាប់ប្រជាពលឱ្យមានការប្រុងប្រយ័ត្នផងដែរ។

    កំពូលតារាចម្រៀងស្រី មាស សុខសោភា ក៏បានបួងសួងដែរថា «នាងខ្ញុំសូមបួងសួងឲ្យប្រទេសកម្ពុជារបស់យើងរួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗផងចុះ។ សូមពុកម៉ែបងប្អូនថែរក្សាសុខភាពនិងរក្សាសុវត្ថិភាពទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅតាមបណ្ដាខេត្តដែរកំពុងមានទឹកជំនន់ ។ #prayers #prayforcambodia »។

    តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធនិងកញ្ញា សុខ ស្រីនាង បានរៀបរាប់បួងសួងដូចគ្នាថា «សូមបួងសួងអោយទឹកជំនន់បានស្រកចុះអោយឆាប់រហ័ស ហើយកុំបន្តរជនលិចដល់បណ្តារខេត្តក្រុងនៃប្រទេសកម្ពុជាទៀត🙏🏻🙏🏻🙏🏻ពិសេសកុំអោយប៉ះពាល់ដល់អាយុជីវិតពុកម៉ែ បងប្អូន ក្មួយៗអោយសោះ 🙏🏻🙏🏻🙏🏻 សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ រកទីទួលសុវត្តិភាពដើម្បីស្នាក់នៅជាបណ្តោះអាសន្ន និងថែរក្សាសុខភាពអោយបានគ្រប់គ្នា🙏🏻🙏🏻🙏🏻
    #សូមបួងសួងដល់កម្ពុជា»។

    លោក ឆន សុវណ្ណរាជ បានបួងសួងដែរថា «សូមបួងសួងដល់ប្រជាជនកម្ពុជាអោយរួចផុតពីគ្រោះទឹកជំនន់នេះផងចុះ សូមអោយសុខសុវត្តិភាពទាំងអស់គ្នាណា ខ្មែរតែមួយក្រោមមេឃតែមួយ🙏🥰🙏»។

    លោក នីរតនា ក៏បានបួងសួងប៉ុន្មានម៉ោងមុននេះដែរថា «ខ្ញុំសូមបួងសួងទេវតា និងវត្ថុសាកសិទ្ធិក្នុងលោក សូមអោយប្រទេសកម្ពុជាយេីងឆាប់ផុតពីគ្រោះធម្មជាតិនេះផង 🙏🙏🙏 Pray for Cambodia 🇰🇭»។

    យ៉ាងណាមិញ តារាសម្ដែងនិងជាពិធីការិនី ថន លក្ខិណា ក៏បានបួងសួងដែរថា «សូមបួងសួងដល់បារមីនៃវត្ថុស័ក្ដិសិទ្ធិ សូមថែរក្សារនិងជួយអោយបងប្អូនប្រជាពលរដ្ធខ្មែរជៀសផុតពីគ្រោះទឹកជំនន់និងជម្ងឺផ្សេងៗនេះផង🙏🏻🙏🏻🙏🏻❤️❤️❤️»៕

  • 6ចំណុច…បង្កើនទីធ្លាប្រើការនៅក្នុងផ្ទះ

    6ចំណុច…បង្កើនទីធ្លាប្រើការនៅក្នុងផ្ទះ

    បច្ចុប្បន្ននេះមើលទៅដូចជាទីកន្លែងប្រើប្រាស់នៅក្នុងផ្ទះនីមួយៗកាន់តែតិចទៅៗជារៀងរាល់ថ្ងៃ តែឥវ៉ាន់របស់របរប្រើប្រាស់នៅក្នុងផ្ទះវិញបែរជាមានកាន់តែច្រើនឡើងៗ ធ្វើឱ្យត្រូវរៀបចំកែច្នៃប្រើប្រាស់ទីកន្លែងក្នុងផ្ទះឱ្យបានប្រយោជន៍ច្រើនបំផុត និងសង្កត់ធ្ងន់លើការប្រើប្រាស់ទីធ្លាឱ្យតិចបំផុត។ ដូច្នេះយើងនាំគ្នាមកមើលថា តើមានអៃឌៀណាខ្លះដែលស័ក្តិសមសម្រាប់ផ្ទះរបស់មិត្តអ្នកអាន? សូមតាមដានដូចតទៅ…។

    ចង្រ្កានបាយតូច តែស្អាត ខ្លឹម ៈ បន្ទប់ចង្រ្កានបាយអាចរាប់បានថាជាចំណុចមួយទៀតដែលអាចប្ដូរអារម្មណ៍ខាងក្នុងផ្ទះបាន អ្នកណាដែលកំពុងមានអារម្មណ៍ថា បន្ទប់ផ្ទះបាយរបស់ខ្លួនមានទំហំតូច បូកនឹងរបស់របរប្រើប្រាស់ទាំងចាំបាច់ និងមិនចាំបាច់ដែលកាន់តែកើនច្រើនឡើងរាល់ថ្ងៃផងនោះ អៃឌៀនេះនឹងជួយធ្វើឱ្យបន្ទប់ចង្រ្កានបាយដែលធ្លាប់តែចង្អៀតស្មុគនោះរលាយបាត់អស់បាន… គ្រាន់តែមិត្តយើងធ្វើថ្នាក់ៗសម្រាប់ដាក់របស់របរ ឬចានក្បាននៅពីលើតុខោនធើរចង្រ្កានបាយ លាបជញ្ជាំងបន្ទប់ពណ៌សដើម្បីឱ្យបន្ទប់មើលទៅរាងភ្លឺស្រឡះ ដុសខាត់ឥដ្ឋការ៉ូឱ្យស្អាតគ្មានកំណកស្នាមកខ្វក់…តែប៉ុណ្ណឹងបន្ទប់ផ្ទះបាយដែលធ្លាប់តែចង្អៀតស្មុគមើលមិនចូលភ្នែកនោះ នឹងស្អាតមានរបៀបឡើងមិនខាន មិនត្រឹមតែប៉ុណ្ណោះ បើជ្រើសរើសប្រើធ្នើរ ឬថ្នាក់ដាក់ឥវ៉ាន់ធ្វើអំពីបន្ទះក្ដារ ស៊ីគ្នានឹងតុខោនធើរ និងជញ្ជាំងបន្ទប់ពណ៌សផងនោះ វានឹងក្លាយជាបន្ទប់ចង្រ្កានបាយដែលមានស្តាយល៍ថ្មីមួយបែបតែម្ដង។

    ប្រឡោះមហស្ចារ្យ ៈ បើអ្នកណាស្នាក់អាស្រ័យនៅក្នុងផ្ទះល្វែង ឬបន្ទប់អាផាតមិនទំហំតូច និងមិនមានទីកន្លែងសម្រាប់ការងារបោកគក់លាងសម្អាតនៅខាងក្រៅផ្ទះនោះ យើងណែនាំឱ្យសាកល្បងធ្វើប្រឡោះសម្រាប់ដាក់ម៉ាស៊ីនបោកខោអាវដូចតទៅ ៈ ឱ្យជាងមកធ្វើតុខោនធើរក្នុងបន្ទប់បាយជាថ្មី ទុកប្រឡោះដែលមានកម្ពស់ល្មមអាចដាក់ម៉ាស៊ីនបោកខោអាវនៅខាងក្រោមតុបាន ចង់មានទ្វារបិទ-បើក ឬគ្មានស្រេចតែចំណូលចិត្ត…តែប៉ុណ្ណឹងក៏អាចផ្លាស់ប្ដូរស្តាយល៍បន្ទប់ផ្ទះបាយមើលទៅរាងស្រឡះ និងមានរបៀបបានបាត់ទៅហើយ។

    ទូខោអាវអាក្រាត ៈ បើនៅក្នុងបន្ទប់គេងរបស់យើងមានទីកន្លែងសម្រាប់ប្រើប្រាស់តិចស្រាប់ហើយនោះ គួរកែសម្រួលទ្រង់ទ្រាយទូដាក់ខោអាវជាថ្មី ព្រោះការទុកដាក់ខោអាវមិនចាំាបាច់ត្រូវតែទុកដាក់នៅក្នុងទូដែលបិទជិតជានិច្ចនោះទេ។ សាកល្បងរកមើលជញ្ជាំងទំនេរៗធ្វើជាកន្លែងទុកដាក់ខោអាវបែបស្រឡះៗ(មិនបាច់មានអ្វីមកបិទបាំង)ដែលអាចសន្សំសំចៃទីកន្លែងបានយ៉ាងល្អ។

    ផ្ញើរបស់របរលើជញ្ជាំង ៈ បន្ទប់គេងអាចចាត់ទុកថាជាអាណាចក្រផ្ទាល់ខ្លួនពេលនឿយហត់មកពីកន្លែងធ្វើការ ជាទីកន្លែងដែលអាចប្រាប់ពីអ្វីដែលជាខ្លួនយើងបានច្បាស់បំផុត។ បើមានបន្ទប់គេងដែលមិនមានរបៀប ប្រហែលជាធ្វើឱ្យយើងឈឺក្បាលមិនស្ទើរឡើយ។ មនុស្សជាច្រើនដែលគិតចង់តុបតែងផ្ទះ ច្រើនចាប់ផ្ដើមពីបន្ទប់គេងរបស់ខ្លួនឯងមុន ដូច្នេះគួរតែរៀបចំទុកដាក់វត្ថុរបស់របរកំប៉ិកកំប៉ុក គ្រឿងតុបតែងឱ្យមើលទៅស្រស់ស្អាតដោយផ្ដល់ភាពសំខាន់ទៅលើទីកន្លែងទំនេរនៅម្ដុំជញ្ជាំង ពីវត្ថុដែលធ្លាប់តែចង្អៀតស្មុគ នឹងមើលទៅសប្បាយភ្នែកមិនខាន។

    បង្កាន់ដៃអ៊ីណុកពហុមុខងារ ៈ អៃឌៀកំពូលងាយ មិនអស់លុយច្រើន ប្រហែលជាគេចមិនផុតពីអៃឌៀមួយនេះទេ…បើមានអ្នកណាមានកន្លែងទំនេរនៅម្ដុំមាត់បង្អួច កុំបណ្ដោយឱ្យទំនេរឥតប្រយោជន៍ ចូរចាប់ផ្ដើមពីការបំពាក់បង្កាន់ដៃ ឬស្នួរដែកអ៊ីណុកដែលអាចប្រើប្រាស់ក្នុងការព្យួរក្រណាត់ហាល ឬអាចនឹងយកផើងដែលមានដាំដើមផ្កាជ័រតូចៗ ស្រាលៗមកព្យួរលម្អ ឬទុកកដាក់វត្ថុផ្សេងៗពីលើនោះក៏បាន ស័ក្តិសមខ្លាំងណាស់សម្រាប់ផ្ទះណាដែលមានទីធ្លាកំណត់។

    ទុកដាក់របស់របរនៅក្រោមគ្រឿងសង្ហារិម ៈ កន្លែងទំនេរនៅមាន ដូចជាបើចង់បានកៅអីសាឡុង ឬគ្រែគេងមកប្រើ ឡារ៉ែនចង់ណែនាំឱ្យរកទិញបែប ឬម៉ូដណាដែលផ្នែកខាងក្រោមមានជាធ្នើរសម្រាប់ដាក់វត្ថុរបស់របរបាន ដែលអាចនឹងទុកដាក់ស្រោមជើង ស្បែកជើង ឬវត្ថុផ្សេងៗបាន ចំណេញទីកន្លែង និងមិនរាយប៉ាយ កេកកាកពេញផ្ទះទៀតផង៕

  • លីគកំពូលកម្ពុជា ត្រូវរង់ចាំដល់សប្តាហ៍ចុងក្រោយបង្អស់ ដើម្បីកំណត់ជើងឯក

    លីគកំពូលកម្ពុជា ត្រូវរង់ចាំដល់សប្តាហ៍ចុងក្រោយបង្អស់ ដើម្បីកំណត់ជើងឯក

    ការប្រកួត​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ2020 សប្តាហ៍​ទី17នេះ បឹងកេត​បាន​យកឈ្នះ​ក្រសួងការពារជាតិ ក្នុង​លទ្ធផល 2ទល់នឹង0 ឯ​ព្រះខ័ន​រាជ​ស្វាយរៀង ក៏បាន​យកឈ្នះ​វិសាខា ក្នុង​លទ្ធផល 2ទល់នឹង0 ដូចគ្នា  ដែរ។

    ក្រោយ​ទទួលបាន​ជ័យជម្នះ​នេះ ក្រុម​ទាំង2 នៅតែមាន​លទ្ធភាព​ក្តោប​តំណែង​ពានរង្វាន់ លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ តែ​ត្រូវ​រង់ចាំ​ដល់​សប្តាហ៍​ចុងក្រោយបង្អស់ ពោលគឺ​នៅ​ថ្ងៃទី25 ខែតុលា ឆ្នាំ2020 ដែល​បឹងកេត​ត្រូវ​ប៉ះ​ភ្នំពេញ​ក្រោ​ន ចំណែកឯ​ព្រះខ័ន​រាជ ត្រូវ​ប៉ះ​ណាហ្គា​វើ​លដ៍។

    គួរឱ្យ​ដឹង​ដែរ​ថា ក្រុម​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នឹង​ទទួលបាន​សិទ្ធិ​ចូលរួម ក្នុង​វគ្គ​ចែក​ពូ​ល​ពានរង្វាន់​ក្លិប​បាល់ទាត់​ដ៏​ធំ​បំផុត​លំដាប់​ទី2 របស់​ទ្វីបអាស៊ី AFC CUP 2021 ដោយ​ស្វ័យប្រវត្តិ៕

  • កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-ចិន​ នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ចាប់​ពីដើម​ឆ្នាំ2021ខាងមុខ

    កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-ចិន​ នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ចាប់​ពីដើម​ឆ្នាំ2021ខាងមុខ

    កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសកម្ពុជានិងប្រទេសចិន ដែលត្រូវបានចុះហត្ថលេខានាព្រឹកថ្ងៃទី​12​តុលា​នេះ នឹងត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការចាប់ពី​ខែមករា ឆ្នាំ2021។

    អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា លោក ស៊ាង ថៃ បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យប្រើប្រាស់កិច្ចព្រមព្រៀងខាងលើនេះ ចាប់ពីថ្ងៃទី1មករា ឆ្នាំ2021។ យ៉ាងនេះក្ដី ការដាក់ឱ្យអនុវត្តជាផ្លូវការនឹងអាស្រ័យទៅលើពេលវេលានៃការអនុម័តរបស់សភាជាតិ និងការចុះហត្ថលេខាពីអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

    សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសកម្ពុជានិងប្រទេសចិន ត្រូវបានចុះហត្ថលេខាកាលពីព្រឹកមិញនេះ (12តុលា2020) ដោយមានវត្តមានរបស់ សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងលោកវ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

    ទាក់ទងនឹងផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គេសង្ឃឹមថា កម្ពុជានឹងអាចនាំចេញផលិត​ផល​របស់ខ្លួនទៅកាន់ប្រទេសចិនបានកាន់តែច្រើន ដោយមិនចាំបាច់បង់ពន្ធដូចមុន៕

  • ត្រូវ Warren​ Buffett​ មិន​ទទួល​ទិញ​ ក្រុម​ហ៊ុន​នេះ​ក៏​ត្រូវ​លក់​ទៅ​ឱ្យ​ Jeff ​Bezos​ ក្នុង​តម្លៃ​13.7​ពាន់​លាន​ដុល្លារ

    ត្រូវ Warren​ Buffett​ មិន​ទទួល​ទិញ​ ក្រុម​ហ៊ុន​នេះ​ក៏​ត្រូវ​លក់​ទៅ​ឱ្យ​ Jeff ​Bezos​ ក្នុង​តម្លៃ​13.7​ពាន់​លាន​ដុល្លារ

    នៅក្នុងសៀវភៅ Conscious Leadership (បកប្រែក្រៅផ្លូវការថា “ការដឹកនាំប្រកបដោយការយល់ដឹង”) នៃ CEO របស់ក្រុមហ៊ុន Whole Foods លោក John Mackey បានបង្ហើបឱ្យដឹងថា មហាសេដ្ឋី Warren Buffett បានបដិសេធការអញ្ជើញឱ្យទទួលទិញបណ្ដាញផ្សារទំនើបនេះ។

    John Mackey ដែលនាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Whole Foods រួមនឹងក្រុមការងាររបស់លោក បាននាំគ្នាបញ្ចុះបញ្ចូលឱ្យមហាសេដ្ឋី Warrant Buffett ទទួលទិញក្រុមហ៊ុននេះ ប៉ុន្តែ លោក Buffett ដែលជាមេដឹកនាំរបស់ក្រុមហ៊ុន Hathaway យល់ថា ជំនួញនេះមិនសមស្របទៅតាមទស្សនវិស័យរបស់ខ្លួន។

    អំឡុងពេល John Mackey ទាក់ទងលោក Buffett គឺជាពេលវេលាដែលពួកគេចង់ “រុញ” ក្រុមហ៊ុនវិនិយោគ JANA Partners ឱ្យចេញពីល្បែងពាណិជ្ជកម្ម។

    Whole Foods មានការព្រួយបារម្ភថា JANA នឹងក្ដាប់បានសិទ្ធិគ្រប់គ្រងក្រុមហ៊ុន រួចលក់ទៅឱ្យអ្នកណាដែលហ៊ានទិញក្នុងតម្លៃខ្ពស់បំផុត ហើយទន្ទឹមនឹងនេះ ពួកគេក៏មានការបារម្ភថា ម្ចាស់កម្មសិទ្ធិថ្មីនឹងដើរផ្ទុយទៅនឹងតម្លៃជាស្នូលរបស់ពួកគេ ដោយការដាក់លក់ផលិតផលមានគុណភាពទាប និងបញ្ឈប់បុគ្គលិករាប់ពាន់នាក់ ក៏ដូចជាការបំផ្លាញក្រុមហ៊ុន។

    បន្ទាប់ពីបានពិភាក្សា ក្រុមរបស់លោក Mackey បានទៅរក Berkshire Hathaway ដែលជាក្រុមហ៊ុនរបស់លោក Buffett ដោយចាត់ទុកថា នេះជាជម្រើសល្អ។

    ក្រៅពី Berkshire Hathaway លោក Mackey ក៏បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិរបស់ Albertsons ប៉ុន្តែ បន្ទាប់មកលោកយល់ថា នេះមិនមែនជាដៃគូល្អ។ ដូច្នេះ ជាចុងក្រោយ លោកក៏បានសម្រេចចិត្តលក់ Whole Foods ទៅឱ្យ Amazon ក្នុងតម្លៃ13.7ពាន់លានដុល្លារអាមេរិក។

    នាយក Whole Foods បានយោងទៅលើសម្ដីរបស់លោក Buffett និងបានយកមកអធិប្បាយអំពីការជួញដូរនេះនៅក្នុងសៀវភៅរបស់ខ្លួនថា៖ “ខ្ញុំជឿថា Whole Foods គឺជាក្រុមហ៊ុនអស្ចារ្យ ហើយ Amazon បានឱ្យតម្លៃមួយដ៏សមហេតុផល”។

    ទាក់ទងនឹងបញ្ហាខាងលើន ភាគីខាង Whole Foods និង Berkshire Hathaway បានបដិសេធការបញ្ចេញមតិប្រាប់ Business Insider នៅពេលត្រូវបានសួរ។

    ការដែលលោក Buffett បានបដិសេធទិសដៅពាណិជ្ជកម្មរបស់ Whole Foods ប្រហែលជាដោយសារលោកចូលចិត្តទទួលទានអាហារឆ្អិនស្រាប់ និងទំនងជាមិនយកចិត្តដាក់ទៅលើអាហារដែលជួយឱ្យមានសុខភាពល្អ។

    កំពូលអ្នកវិនិយោគវ័យ90ឆ្នាំរូបនេះ តែងតែបរិភោគអាហាររបស់ McDonald’s នៅពេលព្រឹក និងទទួលទានភេសជ្ជ Coke ចំនួន5កំប៉ុងជារៀងរាល់ថ្ងៃ។ ក្រៅពីនេះ Berkshire Hathaway ក៏មានក្រុមហ៊ុន See’s Candies និង Dairy Queen រួចហើយដែរ។ ជាងនេះទៀត Coca-Cola និង Kraft Heinz គឺជាភាគហ៊ុនធំបំផុតនៅក្នុងបញ្ជីវិនិយោគដែលមានតម្លៃ2សែនលាន (200,000,000,000) ដុល្លាររបស់ក្រុមហ៊ុន Berkshire Hathaway។

    នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយកាលពីឆ្នាំ2004 មហាសេដ្ឋី Buffett បានថ្លែងថា “ខ្ញុំមិនធ្លាប់បានទៅក្បែរទីនោះទេ” នៅពេលដែលលោកនិយាយដល់បណ្ដាញផ្សារទំនើប Whole Foods។

    ម្ចាស់ក្រុមហ៊ុន Berkshire Hathaway បានបង្អាប់ Whole Foods កាលពីឆ្នាំ2015ថា៖ “នៅពេលខ្ញុំប្រៀបធៀបការញ៉ាំ Coca-Cola មួយកំប៉ុង ជាមួយនឹងអារម្មណ៍ដែលកំពុងស្ថិតនៅចំពោះមុខអ្នកលក់ផលិតផលនៅ Whole Foods…ខ្ញុំមិនបានឃើញស្នាមញញឹមនៅលើផ្ទៃមុខរបស់មនុស្សនៅ Whole Foods នោះទេ”។

    ក៏ប៉ុន្តែ ទាក់ទងនឹងការហូបចុក លោក Buffett ហាក់បាននិងកំពុងតែកែលម្អជាបណ្ដើរៗ។ កាលពីឆ្នាំទៅ ក្រុមហ៊ុនរបស់លោក បានទិញភាគហ៊ុនតូចមួយនៅក្នុងបណ្ដាញផ្សារចាបហួយ Kroger ហើយកាលពីត្រីមាសមុននោះ លោកក៏បានដកខ្លួនចេញពីការទិញដូរ Restaurant Brands ដែលជាម្ចាស់គ្រប់គ្រងរបស់ Burger King និង Tim Hortons ទៀតផង។

    Berkshire Hathaway ក៏កាន់កាប់ភាគហ៊ុនមួយចំណែកតូចរបស់ Amazon ដូច្នេះមានន័យថា លោកក៏ជាម្ចាស់ដោយប្រយោលមួយរបស់បណ្ដាញផ្សារទំនើប Whole Foods ផងដែរ៕

    ប្រភព៖ BI

  • ការរៀបការនឹងធ្វើឱ្យយើងមានសេចក្ដីសុខ និងអាយុវែង

    ការរៀបការនឹងធ្វើឱ្យយើងមានសេចក្ដីសុខ និងអាយុវែង

    អ្នកដែលមានសុខភាពល្អ មិនមែនជាមនុស្សដែលមានសេចក្ដីសុខតែម្យ៉ាងនោះទេ តែបច្ចុប្បន្ននេះគួរតែរាប់ការរៀបការចូលផងដែរ ព្រោះគូអាពាហ៍ពិពាហ៍ គឺជាអ្នកដែលសាងសេចក្ដីសុខដល់រូបអ្នក និងធ្វើឱ្យអាយុរបស់អ្នកកាន់តែវែងឡើងទៀតផង។ ក្រុមអ្នកស្រាវជ្រាវផ្នែកកម្មវិធីកាំរស្មីមហារីកវិទ្យាពីមហាវិទ្យាល័យ ហាវ៉ាដ បានរកឃើញថា អ្នកដែលរៀបការ និងមានជំងឺមហារីកនឹងមានជីវិតរស់នៅបានយូរជាងអ្នកនៅលីវ និងមានជំងឺដូចគ្នា។

    ក្នុងអំឡុង 4ឆ្នាំកន្លងមក មានអ្នកជំងឺច្រើនជាង 735,000នាក់បានទទួលការវិនិច្ឆ័យថា កើតជំងឺមហារីក និងជំងឺមហារីកចង្រៃដែលសម្លាប់ជីវិតមនុស្សមានដូចជា មហារីកពោះវៀនធំ មហារីកសុដន និងមហារីកថ្លើម។ តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា ការនៅលីវគឺជាបច្ច័យប្រថុយប្រថានសម្រាប់អ្នកកើតជំងឺមហារីក ពួកគេអាចនឹងគ្មានសេចក្ដីព្យាយាម និងតាំងចិត្តចូលទៅទទួលយកការព្យាបាលតាមដែលអាចធ្វើបានឡើយ។ ដោយហេតុនេះ ការគាំទ្រពីដៃគូជីវិតនឹងនឹងជួយជំរុញឱ្យអ្នកមានជីវិតកាន់យឺនយូរឡើង ដូច្នេះគោលបំពងចុងក្រោយនាំការមានជីវិតរស់នៅយូរអង្វែង គឺការមានជីវិតអាពាហ៍ពិពាហ៍ដែលល្អ និងឥតខ្ចោះ។ ក្រៅពីនេះ ការសិក្សាស្រាវជ្រាវផ្សេងៗទៀតនៅបានរកឃើញទៀតថា គូអាពាហ៍ពិពាហ៍ដែលមានសេចក្ដីសុខច្រើនតែមានសុខភាពល្អប្រសើរជាងមនុស្សទាំងឡាយទៀតផង។

    ការសិក្សាស្រាវជ្រាវមួយដែលបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រពាក់ព័ន្ធនឹងការរៀបការ និងគ្រួសារ បានតាមដានគូស្វាមីភរិយាចំនួន 1,681គូដើម្បីនឹងសង្កេតមើលថា តើសភាវសេចក្ដីសុខក្នុងជីវិតអាពាហ៍ពិពាហ៍មានផលដល់សុខភាពរាងកាយរបស់ពួកគេយ៉ាងណាខ្លះ?។ ការសិក្សាស្រាវជ្រាវនោះបានរកឃើញថា កិច្ចការងាររវាងគូស្វាមីភរិយា ដូចជាការដើរលេងក្នុងពេលរាត្រី ការមើលខ្សែភាពយន្តនៅពេលយប់ ឬការចេញទៅញ៉ាំអាហារនៅក្រៅផ្ទះជាមួយគ្នា សុទ្ធតែធ្វើឱ្យគូស្វាមីភរិយាទាំងនោះមានសេចក្ដីសុខ និងមានសុខភាពល្អឡើង។ អ្នកសិក្សាស្រាវជ្រាវក៏បានធ្វើការវិភាគដោយការដាក់សំនួរ 11ចំណុចសម្រាប់គូស្វាមីភរិយាចំនួន 1,681គូនោះ ដើម្បីសង្កេតមើលថា តើពួកគេមានសេចក្ដីប៉ុនណា និងមានវិធីចាត់ការជាមួយការប្រចណ្ឌហួងហែង កំហឹង និងភាពមិនស្មោះត្រង់នឹងគ្នាយ៉ាងណាខ្លះទៀតផង។

    លទ្ធផលនៃការវិភាគបានបង្ហាញឱ្យដឹងថា ជីវិតអាពាហ៍ពិពាហ៍ដែលមានគុណភាព និងការមានសុខភាពល្អនោះ ជារឿងដែលគួបផ្សំទៅជាមួយគ្នា និងទោះបីជាគូស្វាមីភរិយាមានអាយុខុសឆ្ងាយពីគ្នាក៏ដោយ ក៏សម្ព័ន្ធភាពដែលអស្ចារ្យបំផុតនៅតែជាជីវិតអាពាហ៍ពិពាហ៍ដែលពោរពេញទៅដោយសេចក្ដីសុខ និងមានសុខភាពដែលរឹងប៉ឹងល្អដែរ។

    គ្មានចំណុចជំទាស់អ្វីទាំងអស់សម្រាប់ការងារវិភាគទាំង 2យ៉ាងនេះ ហើយអ្វីដែលសំខាន់ ការវិភាគនេះថែមទាំងជាការចង្អុលឱ្យឃើញពីភាពសំខាន់របស់តួបុគ្គល សម្ព័ន្ធភាព និងការរៀបការផងដែរហ្នឹងឯង៕

  • ដំណាំស្លឹកខ្ទឹម

    ដំណាំស្លឹកខ្ទឹម

    ស្លឹកខ្ទឹម ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា Alli-umcepa var. aggregatum ជាដំណាំដែលមានគល់នៅក្នុងដី មានស្លឹករាងមូលទ្រវែងប្រហោងក្នុង ចុងរាវស្រួច ដុះត្រង់ឡើងលើ និងនៅពេលចាស់ទៅ គល់(មើម)នឹងមានពណ៌ក្រហម។ គេនិយមទទួលទានទាំងស្រស់(ពិសេសគល់) និងធ្វើជាគ្រឿងផ្សំក្នុងម្ហូបអាហារ។ អាចទទួលទានបានគ្រប់ផ្នែក(គល់ ដើម ស្លឹក) និងថែមទាំងមានគុណសម្បត្តិជាឱសថបុរាណជួយក្នុងការបណ្ដេញញើស និងបំប៉នបេះដូង បើញ៉ាំទាំងស្រស់(ឆៅ)យ៉ាងជាប់លាប់ អាចបញ្ចុះជាតិខ្លាញ់នៅក្នុងឈាមបាន និងថែមទាំងជាដំណាំបន្លែដែលអាចដាំបានគ្រប់សភាពដីទៀតផង។

    ការដាំដុះ

    – ការត្រៀមដី ៈ ចាប់ផ្ដើមពីការភ្ជួរដីចុះទៅក្រោមជម្រៅប្រមាណ 20 – 30សង់ទីម៉ែត្រ រួចហាលដីនោះទុកចោលប្រមាណជា 10 – 15ថ្ងៃ ដើម្បីកម្ចាត់សត្រូវដំណាំ(ស្មៅ និងមេរោគផ្សេងៗ) បន្ទាប់មកត្រូវសម្រួលសភាពដីដោយដាក់កំបោរសបន្តិចបន្តួច រោយស្ដើងៗឱ្យសព្វនៅលើដី មុននឹងបន្ថែមសារធាតុអាហាររុក្ខជាតិទៅក្នុងដីដោយជីកំប៉ុសសរីរាង្គប្រមាណជា 1 – 2តោន និងដាក់កម្ទេចរុក្ខជាតិ ដូចជាកម្ទេចស្លឹកឈើស្ងួតប្រមាណជា 3 – 4តោន ព្រមជាមួយគ្រាប់ស្ដៅកិនម៉ដ្ឋប្រមាណ 200 – 300គីឡូក្រាម។ ទាំង 3ប្រភេទនេះត្រូវរាស់ច្របល់ឱ្យចូលទៅក្នុងដីសព្វដំណាលគ្នាលើផ្ទៃដីប្រមាណជា 1ហិកតា។ បន្ទាប់ពីនោះមក ទើបត្រូវលើកជារងដែលមានទទឹងទំហំ 1ម៉ែត្រ និងបណ្ដោយតាមប្រវែងដី។ សម្រួលដីមុខលើរងឱ្យរាបស្មើ ស្រោចទឹកឱ្យសើមជោក និងផ្អាប់ទុកចោល 5 – 7ថ្ងៃ មុននឹងនាំកូនដើមខ្ទឹមតូចៗមកដាក់ដាំ ដោយទុកចន្លោះចម្ងាយពីគ្នាមួយគុម្ពៗប្រវែង 10 – 15សង់ទីម៉ែត្រ និងឆ្ងាយពីជួរមួយ ទៅជួរមួយ 10 – 15សង់ទីម៉ែត្រដូចគ្នា និងបន្ទាប់ពីដាក់ដាំហើយ ត្រូវស្រោចទឹកលើរងឱ្យជោក។

    – វិធីដាំ ៈ ដើមស្លឹកខ្ទឹមគេនិយមដាំពង្រីកពូជ ដោយយកមើមពូជណាដែលរឹងមាំល្អមកកាត់ឫសចេញខ្លះ កាត់ចុងត្រួយរបស់មើមចេញដើម្បីឱ្យកើតការបែកខ្នែងកាន់តែឆាប់ឡើង ទុកចោលប្រមាណជា 2 – 3ថ្ងៃ នៅពេលបែកខ្នែងត្រួយចេញមកហើយ សឹមនាំយកទៅដាក់ដាំនៅលើរងជាបន្ត។

    ការមើលថែទាំ

    – ការស្រោចទឹក ៈ ស្រោចទឹកទាំងព្រឹក និងល្ងាចរហូតដល់ស្លឹកងើបឡើងឈរត្រង់ សឹមបន្ថយមកស្រោចទឹកតែម្ដងក្នុងមួយថ្ងៃវិញ។

    – ការដាក់ជី ៈ នៅពេលដើមស្លឹកខ្ទឹមមានអាយុ 20 -25ថ្ងៃហើយ ចូរដាក់ជីកំប៉ុស ឬជីផ្អាប់សរីរាង្គប្រមាណជា 1គីឡូក្រាមក្នុងទំហំដី 1ម៉ែត្រការ៉េ ព្រមជាមួយជីទឹកសរីរាង្គដែលលាយផ្សំដោយ ជីធម្មជាតិ 10គីឡូក្រាម ជីលាមកគោស្ងួត 3គីឡូក្រាម និងស្លឹករបស់រុក្ខជាតិដំណាំត្រកូលសណ្ដែក 5គីឡូក្រាម ផ្សំច្របល់ចូលគ្នានៅក្នុងពាង ឬធុងដែលមានទឹកប្រមាណ 100 – 200លិត្រ ឬដាក់ទឹកចូលរហូតទាល់តែលិចជីប្រមាណ 10សង់ទីម៉ែត្រ។ ត្រាំផ្អាប់ទុកចោល 1យប់ រួចសឹមនាំយកទៅបាញ់លើដំណាំរៀងរាល់ 7ថ្ងៃម្ដង។

    ការការពារ និងកម្ចាត់សត្រូវដំណាំ

    បើសិនដើមស្លឹកខ្ទឹមកើតជំងឺ ចូរកាត់ចោល ហើយនាំយកទៅកម្ទេចចោលភ្លាម ឬក៏ការពារ និងព្យាបាល ដូចជា ជំងឺខ្លោចស្លឹក ចូរនាំយកទឹកកំបោរថ្លាមកស្រោចក្នុងអំឡុងពេលដែលកើតរោគ រួមទាំងដាំដើមជីវ៉ាន់ស៊ុយនៅតាមចន្លោះគុម្ពក៏អាចការពារសត្វដង្កូវស៊ីស្លឹកបានដែរ ឬបើចង់បាញ់ទឹកថ្នាំជីសរីរាង្គដើម្បីបង្កើនភាពរឹងមាំរបស់ដើមខ្ទឹមក៏អាចធ្វើបានដែរ ព្រោះវាថែមទាំងជួយកាត់បន្ថយការរាតត្បាតរបស់ជំងឺបានមួយផ្លូវទៀតដែរ។

    ការប្រមូលផល

    នៅពេលដើមស្លឹកខ្ទឹមមានអាយុបានប្រមាណ 45 – 60 ថ្ងៃ គេអាចប្រមូលផលដើម្បីយកទៅបរិភោគបានហើយ ដោយមុននឹងប្រមូលផល គេត្រូវស្រោចទឹកឱ្យជោគដីជាមុនសិន បន្ទាប់ពីនោះគេយកដៃចាប់នៅត្រង់គល់នៃដើមខ្ទឹម ហើយទាញឡើងថ្នមៗ ឱ្យមានជាប់ឫសមកជាមួយផង រួចនាំយកទៅលាងដីចេញឱ្យស្អាត ហើយសឹមយកទៅដាក់សំដិលឱ្យស្ងួតជាការស្រេច៕

  • Manchester United នាំចូលកីឡាករ 3នាក់បន្ថែម ដើម្បីពង្រឹងក្រុម

    Manchester United នាំចូលកីឡាករ 3នាក់បន្ថែម ដើម្បីពង្រឹងក្រុម

    នៅ​ថ្ងៃទី6 ខែតុលា ឆ្នាំ2020 នេះ ក្លិប​បាល់ទាត់ Manchester United បានប្រកាស​ការចុះ​កុងត្រា​កីឡាករ​ថ្មី​របស់ខ្លួន​ចំនួន 3រូប ដើម្បី​មកជួយ​ក្រុម​ដែល​កំពុងតែ​ស្ថិតនៅ​ក្នុងស្ថានភាព​ត្រដាបត្រដួស​ខ្លាំង នា​ប៉ុន្មាន​ប្រកួត​ដំបូង នៃ​ក្របខ័ណ្ឌ English Premier League រដូវ​កាល2020-2021 នេះ។

    កីឡាករ​ករទាំង 3រូបនេះ រួមមាន៖ ខ្សែប្រយុទ្ធ​បារាំង Edinson Cavani មកពី​ក្លិប PSG ដោយ​មិនមាន​តម្លៃ​ខ្លួន ក្នុង​កុងត្រា​រយៈពេល 1ឆ្នាំ តែមាន​តម្លៃ​ខ្លួន​ដល់​ទៅ 25ម៉ឺន​ផោន ក្នុង 1សប្តាហ៍ ។ ខ្សែការពារ Alex Telles មកពី​ក្រុម Porto ក្នុងតម្លៃ​ខ្លួន 15លាន​ផោន ។ យុវជន​ខ្សែបម្រើ​ស្លាប Facundo Pellistri វ័យ 18ឆ្នាំ មកពី​ក្លិប Club Atletico Penaro ក្នុងតម្លៃ​ខ្លួន 9លាន​ផោន ដោយមាន​កុងត្រា​រយៈពេល 5ឆ្នាំ៕

  • រកឃើញម្ចាស់ពានរង្វាន់ណូបែល គីមីវិទ្យា2020 ហើយ បានទៅលើអ្នកស្រាវជ្រាវ ស្ត្រី 2រូប

    រកឃើញម្ចាស់ពានរង្វាន់ណូបែល គីមីវិទ្យា2020 ហើយ បានទៅលើអ្នកស្រាវជ្រាវ ស្ត្រី 2រូប

    អ្នកស្រាវជ្រាវ 2រូប គឺ​លោកស្រី Emmanuelle Charpentier សញ្ជាតិ​បារាំង និង​លោកស្រី Jennifer Doudna សញ្ជាតិ​អាមេរិក ត្រូវបាន​គណៈកម្មការ​ពានរង្វាន់​ណូបែល ជ្រើសរើស ជា​បេក្ខជន​ជយលាភី​ផ្នែក​ណូបែល គីមីវិទ្យា ឆ្នាំ2020។

    ស្នាដៃ​របស់​អ្នកស្រាវជ្រាវ 2រូប​ខាងលើ​គឺ អភិវឌ្ឍ​ឧបករណ៍​ឈ្មោះ CRISPR-cas9 ដែលជា​បច្ចេកទេស​សាមញ្ញ​បំផុត សម្រាប់​កាត់​ហ្ស៊ែ​ន​នៅត្រង់​កន្លែង​ជាក់លាក់​មួយ ដែល​អនុញ្ញាតឱ្យ​អ្នកវិទ្យាសាស្ត្រ​ធ្វើការ​វះកាត់​ត្រង់​កន្លែង​មាន​បញ្ហា ដែលជា​មូលហេតុ​ដើម​នៃ​ជំងឺ​ជាច្រើន។

    វា​ជា​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ក្នុងការ កែ​ហ្ស៊ែ​ន​មួយ បានធ្វើ​បដិវត្តន៍វិទ្យាសាស្ត្រ ដោយ​ការ​ផ្តល់នូវ​វិធី​កែប្រែ DNA (កូដ​ជីវិត) ជា​បច្ចេកវិទ្យា​ដែល​ត្រូវបាន​ប្រើ​រួចហើយ ដើម្បី​ព្យាបាល​ជំងឺ​ជាច្រើន​និង​បង្កើន​ទិន្នផល​ដំណាំ និង​បសុសត្វ​ល្អប្រសើរ​ជាង​មុន។

    លោកស្រី Jennifer Doudna និយាយថា “ក្តីសង្ឃឹម​ដ៏​ធំ​បំផុត​របស់ខ្ញុំ គឺថា វា​ត្រូវបាន​ប្រើ​សម្រាប់​រឿងល្អៗដើម្បី​លាតត្រដាង​អាថ៌កំបាំងថ្មីៗ នៅក្នុង​ជីវវិទ្យា និង​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្សជាតិ។

    ចំណែកឯ ប្រធាន​គណៈកម្មាធិការ​ណូបែល​គីមីវិទ្យា បាន​និយាយថា “មាន​ឥទ្ធិពល​ដ៏​ធំធេង​នៅក្នុង​ឧបករណ៍​ហ្ស៊ែ​ន​នេះ។ ការសាកល្បង​ព្យាបាល​ជាង100លើក កំពុង​ចាប់ផ្តើម​សិក្សា​ដោយ​ប្រើ​ឧបករណ៍ CRISPR ដើម្បី​ព្យាបាល​ជំងឺ​តំណពូជ ហើយ “ការសាកល្បង​ភាគច្រើន​គឺមាន​លទ្ធផល​គួរ​ជាទី​រំពឹងទុក​បាន”៕

    ចំណែកឯ​ពានរង្វាន់ ណូបែល ផ្នែកផ្សេងៗទៀត​ដូចជា វិទ្យាសាស្ត្រ​សេដ្ឋកិច្ច រូបវិទ្យា គីមី សន្តិភាព និង​អក្សរសាស្ត្រ អាច​រកមើល​បាន​នៅលើ link ខាងក្រោម​នេះ៖ https://www.nobelprize.org/prizes/peace/2020/press-release/

  • OnePlus 8T 5G ចេញរូបរាង ជាផ្លូវការហើយ៖ កាមេរ៉ា 4គ្រាប់ តម្លៃក្រោម 1ពាន់ដុល្លារ

    OnePlus 8T 5G ចេញរូបរាង ជាផ្លូវការហើយ៖ កាមេរ៉ា 4គ្រាប់ តម្លៃក្រោម 1ពាន់ដុល្លារ

    នៅថ្ងៃនេះ ក្រុមហ៊ុន OnePlus បាន​បង្ហោះ​វីដេអូ​ខ្លី1 នៃ​រូបរាង​ផ្លូវការ ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល2020 របស់ខ្លួន​គឺ OnePlus 8T 5G ដែល​រចនា​រូបរាង​បែប​ថ្មី និង​បំពាក់​កាមេរ៉ា​ក្រោយ 4គ្រាប់។

    លោក Liu Zuohu ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន OnePlus បាន​បង្ហើប​ឱ្យដឹង​រួចមកហើយ ពី​ដំណឹង​នៃ​ការប្រកាស​ចេញ​ផ្លូវការ OnePlus 8T គឺ​ថ្ងៃទី14  ខែតុលា 2020 ខាងមុខនេះ តែ​ម៉ូ​ដែល OnePlus 8T Pro គ្មានទេ។

    ស្មា​ត​ហ្វូ​ន​នេះ​បំពាក់​ថាមពល​ថ្ម 4300 mAh ភ្ជាប់​បច្ចេកវិទ្យា​សាក​ភ្លើង​លឿន គាំទ្រ​កម្លាំង​សាក​ដល់​ទៅ 65វ៉ា​ត់ មាន OnePlus Warp Charge, Qi wireless charging និង Reverse wireless charging។

    កាមេរ៉ា​ក្រោយ​ទាំង4 មាន​បំពាក់​លេន​ស៍ និង​មាន​តួនាទីខុសៗគ្នា ដូចជា កាមេរ៉ា​ទី1 ទំហំ 48MP (PDAF) កាមេរ៉ា​ទី2 ទំហំ 16MP (Ultra-wide) កាមេរ៉ា​ទី3 ទំហំ 5MP (Macro) កាមេរ៉ា​ទី4 ទំហំ 2 MP (Depth sensor) អាច​ថត​វីដេអូ ដល់​កម្រិត 3840×2160 (4K UHD) ឯ​កាមេរ៉ា​មុខ1 ទំហំ 32MP។

    វា​មាន​អេក្រង់​កោង 6.5អ៊ិ​ញ បំពាក់​បច្ចេកវិទ្យា​អេក្រង់ Corning Gorilla Glass 6 មកជា​មួយ Android 11 ប្រើ​ឈី​ប Qualcomm Snapdragon 865+ និង Octa-core, 3100 MHz មាន​ជម្រើស RAM 8GB/មេម៉ូរី 128GB តម្លៃ 759ដុល្លារ រីឯ​ជម្រើស 12GB/មេម៉ូរី 256GB តម្លៃ 829ដុល្លារ និង​បង្ហាញមុខ​នៅ​ថ្ងៃទី14 ខែតុលា 2020 ខាងមុខនេះ៕

    សូម​ទស្សនា​វីដេអូ​ខ្លី​ខាងក្រោម​នេះ៖