Category: សង្គម និងសេដ្ឋកិច្ច

  • អភិបាល​ខេត្ត​កំពង់​ស្ពឺ៖​ ទឹក​​ជំនន់​​ឈាន​​ដល់​ការ​​​ប្រកាស​​អាសន្ន​​ហើយ!

    អភិបាល​ខេត្ត​កំពង់​ស្ពឺ៖​ ទឹក​​ជំនន់​​ឈាន​​ដល់​ការ​​​ប្រកាស​​អាសន្ន​​ហើយ!

    ថ្នាក់​ដឹក​នាំ​នៃ​ខេត្ត​កំពង់​ស្ពឺ បាន​ឱ្យ​ដឹង​ថា ទឹក​ជំនន់​នៅ​ខេត្ត​នេះ​ បាន​ឈាន​ឡើង​ដល់​កម្រិត​ដែល​ត្រូវ​ប្រកាស​អាសន្ន​ហើយ​ នៅ​ល្ងាច​ថ្ងៃទី​14​តុលា​នេះ​។

    អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នៅ​វេលាម៉ោង​16​បន្តិច​ទៀត​នេះ ទឹក​ជំនន់​នឹង​ជន់ដល់​​ទី​ក្រុង​ច្បារមន​ទាំង​មូល រួម​នឹងផ្នែក​ខ្លះ​នៃ​​ស្រុក​សំរោង​ទង​​ផងដែរ​។

    អាជ្ញាធមក្រុង​ច្បារ​មន ពិសេស​គឺ​លោក​អភិបាល​ខេត្តកំពង់ស្ពឺ បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ទាំង​អស់​ដែល​ស្ថិត​នៅក្នុង​ក្រុង​ច្បារមន​ និង​តំបន់​ដែល​អាច​ជន់​លិច​ ត្រូវ​ប្រញាប់​ប្រមូល​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​ និង​ចាំ​បាច់​ ឡើង​ទៅកាន់​ទី​ទួល​សុវត្ថិ​ភាព​ជា​បន្ទាន់​៕

  • សុជីវធម៌ល្អៗ 4យ៉ាងរបស់កូនកំលោះ-ក្រមុំ ពេលថតរូបជាមួយភ្ញៀវនៅមុខ Back Drop

    សុជីវធម៌ល្អៗ 4យ៉ាងរបស់កូនកំលោះ-ក្រមុំ ពេលថតរូបជាមួយភ្ញៀវនៅមុខ Back Drop

    ការដែលចង់ធ្វើឱ្យភ្ញៀវដែលមកចូលរួមពិធីមង្គលការរបស់ខ្លួនពេញចិត្ត និងចងចាំជាប់ក្នុងចិត្តរហូតតទៅនោះ ក្រៅពីការរៀបចំទីកន្លែងឱ្យបានស្រស់ស្អាត ម្ហូបអាហារឆ្ងាញ់ពិសា និងការធ្វើឱ្យពិធីមានភាពសប្បាយរីករាយមិនគួរឱ្យធុញទ្រាន់ហើយនោះ រឿងសុជីវធម៌ល្អៗក្នុងពិធីមង្គលការរបស់កូនកំលោះក្រមុំ ក៏ជារឿងមួយដែលនឹងជួយសាងនូវភាពពេញចិត្តដល់ភ្ញៀវដែលមកចូលរួមដែរ។ ពិធីមង្គលការដែលបង្កប់ទៅដោយសុជីវធម៌ល្អប្រពៃ គួរតែចាប់ផ្ដើមពីការជូនសំបុត្រការ(ធាបការ)អញ្ជើញភ្ញៀវ រហូតទៅដល់ការរៀបចំការជប់លៀងពិសាភោជនាហារ និងនៅមានសុជីវធម៌មួយទៀតដែលសាមីខ្លួនកំលោះក្រមុំមិនគួរមើលរំលងនោះគឺ ផ្នែកខាងការទទួលស្វាគមន៍ភ្ញៀវ ដែលថ្ងៃនេះ ឡារ៉ែនមានសុជីវធម៌ល្អៗ 4យ៉ាងរបស់កូនកំលោះកូនក្រមុំពេលនៅពីមុខផ្ទាំង Back Drop ថតរូបស្វាគមន៍ជាមួយភ្ញៀវ មកជម្រាបជូនដើម្បីទុកជាការសាងនូវក្ដីពេញចិត្តដល់ភ្ញៀវដែលមកចូលរួម។

    1 . ស្វាគមន៍ភ្ញៀវដោយទឹកមុខស្រស់ស្រាយ ញញឹមញញែម

    ទោះជាកាលពីយប់មិញកូនកំលោះកូនក្រមុំបានត្រៀមការងារនឿយហត់ប៉ុនណា គេងមិនបានគ្រប់គ្រាន់ ឬមានអារម្មណ៍មិនល្អយ៉ាងណាក៏ដោយ តែពេលមកដល់ត្រង់កន្លែងនេះ គួរតែជម្រះអារម្មណ៍ទាំងអស់នោះចោលសិន ហើយមកឈរទទួលស្វាគមន៍ភ្ញៀវដោយទឹកមុខស្រស់ស្រាយ រួសរាយរាក់ទាក់ ញញឹមញញែម ព្រោះកាយវិការទាំងនេះនឹងក្លាយជាការសាងនូវក្ដីពេញចិត្តពេញថ្លើមគ្រាដំបូងនៅពេលដែលភ្ញៀវធ្វើដំណើរមកដល់កន្លែងប្រារព្ធពិធី និងបានជួបកូនកំលោះ-កូនក្រមុំដែលនៅរង់ចាំទទួលស្វាគមន៍នៅពីមុខខ្លោងទ្វារដែលមានផ្ទាំង Back Drop នៅជិតនោះយ៉ាងរីករាយរំភើបចិត្ត ដែលត្រង់នេះអាចនិយាយបានថា ជាសុជីវធម៌ដ៏ល្អប្រពៃមួយសម្រាប់កូនកំលោះ-កូនក្រមុំក្នុងពិធីមង្គលការរបស់ខ្លួន បើទោះជាមានអារម្មណ៍ថា ទាំងងងុយ ទាំងហត់នឿយ ទាំងចុករួយដៃជើងព្រោះឈរយូរពេកយ៉ាងណាក៏ដោយ។

    2 . មកដល់មុនពេលវេលា និងញញឹមជានិច្ច

    មិនថាពិធីបុណ្យអ្វីនោះឡើយ ការមកដល់ត្រូវពេលវេលា ឬមកដល់មុនពេលវេលាបន្តិច អាចនិយាយបានថា ជាសុជីវធម៌ដ៏ល្អមួយ និងរឹតតែជាពិធីសំខាន់ ដូចជាពិធីមង្គលការផងនោះ កូនកំលោះ-ក្រមុំត្រូវតែមកស្ទែនបាយចាំមុនពេលដែលមានភ្ញៀវធ្វើដំណើរមកដល់ ដោយត្រូវមកឈរចាំទទួលស្វាគមន៍នៅខាងមុខពិធី រង់ចាំថតរូបនៅនឹង Back Drop និងញញឹមស្វាគមន៍ភ្ញៀវគ្រប់ពេលវេលា។ ពេលថតរូបជាមួយភ្ញៀវ គួរព្យាយាមញញឹមយ៉ាងធម្មជាតិ ទោះជាត្រូវញញឹមច្រើនប៉ុនណា រួយថ្គាមប៉ុនណា ហត់នឿយប៉ុនណាក៏ដោយ ការញញឹមស្វាគមន៍នៅពេលជួបមុខដំបូង គឺជាការសាងក្ដីរំភើប និងពេញចិត្ត និងជាសុជីវធម៌ក្នុងពិធីមង្គលការដែលគួរតែធ្វើបំផុត។

    3 .និយាយស្វាគមន៍រាក់ទាក់ភ្ញៀវដែលមករួមថតរូប

    នៅពេលយើងញញឹមញញែម រួសរាយស្រស់ស្រាយហើយ ការចូលរួមនិយាយរាក់ទាក់ជាមួយភ្ញៀវដែលដើរចូលមកក្នុងពិធី និងមករួមថតរូបជាមួយកូនកំលោះក្រមុំនៅមុខ Back Drop ដូចជាការបបួលនិយាយលេងខ្លីៗ ឬសួរនាំពីការធ្វើដំណើរថា ស្ទះផ្លូវទេ? ឬមកគ្នាប៉ុន្មាននាក់? ជាដើម។ល។ នៅពេលថតរូបរួច ក៏ថ្លែងអំណរគុណ ហើយអញ្ជើញភ្ញៀវឱ្យទៅអង្គុយតុនៅខាងក្នុងពិធីដែលយើងបានត្រៀមរួចជាស្រេច។ ការបានរួមជជែកនិយាយលេងខ្លីៗ សួរនាំពីសុខទុក្ខ ពីការធ្វើដំណើរនេះ គឺជាសុជីវធម៌ម្យ៉ាងដែលយើងបានបង្ហាញពីក្ដីបារម្ភចំពោះភ្ញៀវ។

    4 . បញ្ចេញរាងថតឱ្យអស់ក្បាច់

    ថតរូបស្អាតៗនៅមុខ Back Drop រួមជាមួយភ្ញៀវដែលមកចូលរួមពិធីម្ដង មិនរៀបចំកាច់រាង បញ្ចេញកាយវិការឱ្យសប្បាយរីករាយបែបអស់ពីចិត្ត វាហាក់ដូចជាយ៉ាងម៉េចមិនដឹងទេ…ដូចជាបើថតជាមួយភ្ញៀវចាស់ទុំ សាច់ញាតិចាស់ៗ ក៏រៀបចំឫកពាបែបសុភាពរាបសាស្លូតៗ តែបើប៉ះមិត្តភ័ក្តិជិតស្និទ្ធ បងប្អូនសាច់ញាតិជិតដិតដែលមានវ័យស្របាលៗគ្នាវិញនោះ កុំរវល់តែរ៉េរ៉យូរ កាច់រាងរៀបឫកឱ្យគ្រប់ម៉ាកគ្រប់ម៉ូដ អ្នកណាមានក្បាច់អីឡូយៗក៏បញ្ចេញមកឱ្យអស់ដៃនៅមុខ Back Drop។  កូនកំលោះ-កូនក្រមុំអាចនឹងមានប៉ាយបដាក្រដាសតូចៗដែលមានសរសេរអក្សរជូនពរ ឬពាក្យសប្បាយរីករាយផ្សេងៗមកឱ្យភ្ញៀវកាន់ថតរូបលេង ដើម្បីឱ្យរូបភាពដែលថតចេញមកកាន់តែមានភាពសប្បាយរីករាយគួរឱ្យចាប់អារម្មណ៍ខ្លាំងឡើងថែមទៀត។

    ការមានសុជីវធម៌ល្អក្នុងពិធីមង្គលការ គឺជារឿងដែលមិនពិបាកធ្វើនោះឡើយ គ្រាន់តែកូនកំលោះ-កូនក្រមុំនៅចាំមើលថែទាំយ៉ាងយកចិត្តទុកដាក់ចំពោះភ្ញៀវដែលមកចូលរួមពិធីប៉ុណ្ណោះ។ តែប៉ុណ្ណឹងក៏រាប់បានថាជាសុជីវធម៌ក្នុងពិធីមង្គលការដែលកូនកំលោះ-កូនក្រមុំបានធ្វើស្រេចទៅហើយ៕

  • សុខៗ ស្រាប់តែ សហស្ថាបនិក OnePlus សុំលាឈប់ ពេលក្រុមហ៊ុនត្រៀមប្រកាសចេញ OnePlus 8T

    សុខៗ ស្រាប់តែ សហស្ថាបនិក OnePlus សុំលាឈប់ ពេលក្រុមហ៊ុនត្រៀមប្រកាសចេញ OnePlus 8T

    លោក Carl Pei ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន OnePlus ស្ងៀមៗស្រាប់តែ​សុំ​លាឈប់ ក្រោយ​ប្រកាស​ចេញ OnePlus 8។ តាម​ការចុះផ្សាយ​ពី​សារព័ត៌មាន​នានា បានឱ្យដឹងថា មូលហេតុ​ដែល​លោក​ចាកចេញ គឺ​ដើម្បី​បង្កើត​មុខ​ជំនួញ​ផ្ទាល់ខ្លួន​មួយ​ផ្សេងទៀត។

    ក្រុមហ៊ុន​ចិន​ខាងលើនេះ ទទួលបាន​កេរ្តិ៍ឈ្មោះ​តាមរយៈ​យុទ្ធសាស្ត្រ​ទីផ្សារ​ផលិត​ស្មា​ត​ហ្វូ​ន​តម្លៃ​ធូរ​ថ្លៃ ដែលមាន​សមត្ថភាព​ខ្លាំង។ លោក Pei បាន​ក្លាយជា​អ្នក​តំណាងឱ្យ OnePlus សម្រាប់​ទីផ្សារ​លោកខាងលិច និង​បានបង្ហាញ​ក្នុង​កម្មវិធី​ប្រកាស​ចេញ រួមទាំង​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ​ជាច្រើនលើក​ផងដែរ ដោយសារ​ទេពកោសល្យ​ខាង​ភាសា​អង់គ្លេស​របស់លោក។

    OnePlus ត្រូវបាន​បង្កើតឡើង​ក្នុង​ខែធ្នូ ឆ្នាំ2013 ដោយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន 2រូប គឺ លោក Carl Pei និង Pete Lau  នៅពេលនេះ ការចាកចេញ​របស់លោក Carl Pei គឺ​កើតមានឡើង មុនពេល​ការប្រកាស​ចេញ OnePlus 8T ដែល​នឹងត្រូវ​បង្ហាញ​ចេញ​នៅ​ថ្ងៃស្អែក​នេះ៕

  • Galaxy A42 នឹងក្លាយជាស្មាតហ្វូន 5G តម្លៃធូរថ្លៃជាងគេ របស់ Samsung

    Galaxy A42 នឹងក្លាយជាស្មាតហ្វូន 5G តម្លៃធូរថ្លៃជាងគេ របស់ Samsung

    ថ្មីៗនេះ​ក្រុមហ៊ុន Samsung បានប្រកាស​ឱ្យដឹងពី​តម្លៃ​របស់ Galaxy A42 5G ដែលមាន​តម្លៃ 349ផោន (ប្រមាណ 455ដុល្លារ) នៅក្នុង​ទីផ្សារ​ចក្រភព​អង់គ្លេស។

    Galaxy A42 ប្រើប្រាស់​ឈី​ប Snapdragon 750G ដែល Qualcomm បានប្រកាស​ចេញ​កាលពី​ខែ​មុន។ វា​មាន​អេក្រង់​ទំហំ 6.6អ៊ី​ញ ជា​ប្រភេទ OLED មាន​ក្បាល​ឆក​រាង​ដំណក់ទឹក សម្រាប់​ដាក់​កាមេរ៉ា​ទំហំ 20MP, មាន RAM ទំហំ 4GB ទៅ 8GB, អង្គ​ផ្ទុក​ទំហំ 128GB  អាច​ពង្រីក​បាន, ថ្ម​ទំហំ 5000mAh និង​ទ្រនាប់​ស្គែ​ន​ម្រាមដៃ​បង្កប់​ក្រោម​អេក្រង់។

    កាមេរ៉ា​ខាងក្រោយ 4គ្រាប់ ដែល​កាមេរ៉ា​មេ មាន​ទំហំ 48MP, កាមេរ៉ា Ultrawide ទំហំ 8MP, កាមេរ៉ា Macro ទំហំ 5MP និង​កាមេរ៉ា​វាស់​ជម្រៅ ទំហំ 5MP សម្រាប់​បង្កើត​រូបភាព Portrait។

    ស្មា​ត​ហ្វូ​ន 5G តម្លៃ​រាង​ធូរ​ជាងគេ​នេះ នឹង​ចេញលក់​នៅក្នុង​ទីផ្សារ​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី6 ខែវិច្ឆិកា​ខាងមុខនេះ តែ​បច្ចុប្បន្ននេះ ស្មា​ត​ហ្វូ​ន 5G តម្លៃ​ធូរ​ជាងគេ​របស់ Samsung  គឺ Galaxy A51 5G ដែល​លក់​នៅក្នុង​ប្រទេស​អង់គ្លេស មានតម្លៃ​តែ​ខ្ទង់ 80ផោន (ប្រមាណ 104ដុល្លារ)ប៉ុណ្ណោះ៕

  • លក្ខណៈបន្ទប់ទឹកអពមង្គល ដែលអូសទាញសំណាងអាក្រក់ចូលផ្ទះ…

    លក្ខណៈបន្ទប់ទឹកអពមង្គល ដែលអូសទាញសំណាងអាក្រក់ចូលផ្ទះ…

    ដោយសារមើលឃើញថា អត្ថបទមួយនេះមានសារៈប្រយោជន៍ល្អសម្រាប់ជីវិតរស់នៅរបស់មនុស្សយើង ថ្ងៃនេះ ទំព័រតុបតែងផ្ទះរបស់ទស្សនាវដ្តី ឡារ៉ែនសូមនាំមិត្តអ្នកអានមកដឹង និងយល់ច្បាស់អំពីលក្ខណៈ និងទីតាំងរបស់បន្ទប់ទឹកដែលមិនគួរមាននៅក្នុងគេហដ្ឋានរបស់យើងនៅពេលសាងសង់ដើម្បីទុកជាចំណេះដឹងដូចខាងក្រោម។

    បន្ទប់ទឹក និងបង្គន់ បើស្ថិតនៅក្នុងទីតាំងជាន់លើ ចំកណ្ដាលផ្ទះ គឺជាទីតាំងអពមង្គលបំផុត ព្រោះនឹងហុចផលអាក្រក់ខាងលុយកាក់ និងសុខភាពរបស់អ្នកស្នាក់អាស្រ័យក្នុងអគារ ឬផ្ទះមួយខ្នងនោះ ដោយសារសមាជិកក្នុងផ្ទះគ្រប់គ្នាត្រូវដើរមុជក្រោមបន្ទប់ទឹក និងបង្គន់ជារៀងរាល់ថ្ងៃ ហើយអ្នកជំនាញខាងហុងស៊ុយបានបញ្ជាក់យ៉ាងច្បាស់ថា បន្ទប់ទឹកគឺជាទីកន្លែងដែលត្រូវបញ្ចេញភាពអពមង្គល បញ្ចេញកាកសំណល់ចោល ដូច្នេះទើបមនុស្សកាលពីសម័យមុនច្រើនរៀបចំ និងកំណត់ទីតាំងរបស់បន្ទប់ទឹក និងបង្គន់ឱ្យនៅឆ្ងាយពីអគារផ្ទះ។

    តែដោយសារពេលបច្ចុប្បន្ន ផ្ទះដែលមនុស្សយើងនិយមរស់នៅ ច្រើនតែជាផ្ទះដែលមានទំហំតូច ឬជាលក្ខណៈផ្ទះក្នុងបុរីដែលមានការចេញម៉ូដ ប្លង់ និងមានទីកន្លែងសម្រាប់ប្រើការស្ថិតក្នុងទីតាំងងាប់(មិនអាចកែកុន ឬផ្លាស់ប្ដូរបាន)ដូចៗគ្នាសឹងតែទាំងអស់ មិនថាតែទីតាំងរបស់បន្ទប់គេង ជណ្ដើរ បន្ទប់ផ្ទះបាយ និងបន្ទប់ទឹក និងបង្គន់ជាដើម ទើបជាការពិបាកក្នុងការផ្លាស់ប្ដូរប្លង់ លើកលែងតែលោកអ្នកទិញដីសាងសង់ផ្ទះដោយខ្លួនឯង។

    យើងនាំគ្នាមកមើលថា តើលក្ខណៈបន្ទប់ទឹកដែលស្ថិតនៅជាន់លើនៅជាប់ជណ្ដើរ ជាពិសេសទីតាំងចុងជណ្ដើរឡើងហ្នឹងតែម្ដង ដែលក្រៅពីបំផ្លាញជោគសំណាងដែលរំកិលខ្លួនឡើងមកជាន់លើហើយនោះ នៅបានសង្កត់ជាន់លើទីតាំងខាងក្រោមឱ្យអាប់ជោគដូចដែលបានរៀបរាប់មកទៀតផង។ តើវានឹងហុចផលអាក្រក់យ៉ាងណាខ្លះដល់អ្នកស្នាក់អាស្រ័យ? និងតើគួរពិចារណាពាក់ព័ន្ធនឹងសាស្រ្តាហុងស៊ុយលើផ្នែកនេះយ៉ាងណា?

    1 . បន្ទប់ទឹកក្នុងលក្ខណៈដែលច្រើនតែស្ថិតក្នុងទីតាំងប្រធានរបស់ផ្ទះ

    ហុចផលប៉ះពាល់ដល់អ្នកស្នាក់នៅក្នុងផ្ទះគ្រប់គ្នា ដោយនឹងធ្វើឱ្យកើតការឈឺថ្កាត់ញឹកញាប់ សុខភាពចុះទ្រុឌទ្រោម មិនរឹងមាំ។

    2 . ទីតាំងបន្ទប់ទឹកដែលស្ថិតចំខ្សែផ្លូវនៃការរំកិលខ្លួនរបស់ថាមពល

    នឹងបំផ្លាញជោគលាភសំណាង និងភាពជោគជ័យរបស់មនុស្សនៅក្នុងផ្ទះ ដូច្នេះក្រៅតែពីនឹងអាប់ជោគ ឃើញប្រាក់ មានឱកាសហើយ តែយកមិនបាន បាត់បង់ជោគសំណាងធំៗ។ ចូរប្រយ័ត្នត្រូវគេបោក និងបើបណ្ដោយឱ្យបន្ទប់ទឹកសើមអាប់ កខ្វក់ផងនោះ មនុស្សនៅក្នុងផ្ទះនឹងទទួលរងនូវផលប៉ះពាល់កាន់តែខ្លាំង។

    3 . បន្ទប់ទឹកស្ថិតនៅចំទីតាំងកណ្ដាលផ្ទះ

    ក្នុងវិជ្ជាហុងស៊ុយបានដាស់តឿនថា ក្រៅពីនឹងធ្វើឱ្យមនុស្សនៅក្នុងផ្ទះមានតែឧបសគ្គ និងបញ្ហាក្នុងការរស់នៅហើយ នៅធ្វើឱ្យជោគលាភសំណាងរួញថយចុះ ការងាររអាក់រអួល លុយកាក់ចុះខ្សោយ សុខភាពយ៉ាប់យ៉ឺន ឬមានឱកាសកើតជំងឺធ្ងន់ធ្ងរទៀតផង។

    4 . ទីតាំងដែលបន្ទប់ទឹកសង្កត់ចុះមកនឹងនាំតែភាពក្ដៅក្រហាយមកឱ្យ

    – សង្កត់ពីលើតុបាយនៅជាន់ក្រោម នឹងធ្វើឱ្យស្ថានភាពរឿងលុយកាក់តឹងតែង ប្រុងធ្វើរឿងអ្វីមួយ បានត្រឹមតែគិត តែពិបាកនឹងធ្វើបាន ព្រោះខ្វះឱកាស ឬខ្វះអ្នកគាំទ្រ(មិនស៊ីចង្វាក់គ្នា) បើធ្វើបាន ក៏ត្រូវប្រយ័ត្នប្រយែងការបរាជ័យដែរ។

    – សង្កត់ពីលើជំនៀងផ្ទះជាន់ក្រោម នឹងធ្វើឱ្យមនុស្សនៅក្នុងផ្ទះឯកោ គ្មានអ្នកជួយដែលស្មោះត្រង់ពិត គ្មានជោគសំណាង មានការឈ្លោះប្រកែក ឬមានរឿងឈ្មោះទាស់ទែងគ្នាជាប្រចាំ។ ចំណុចសំខាន់ ចូរប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរ។

    – សង្កត់ចុះមកលើបន្ទប់ទទួលភ្ញៀវ ក្រៅពីនឹងធ្វើឱ្យមនុស្សក្នុងផ្ទះខ្វះការស្រឡាញ់ សាមគ្គីគ្នា​ រស់នៅបែបក្បាលអ្នកណា សក់អ្នកហ្នឹងហើយនោះ នៅធ្វើឱ្យមិត្តរួមការងារខ្វះភាពស្មោះត្រង់ជាមួយទៀតផង។

    – សង្កត់ពីលើទ្វារក្រោយ នឹងធ្វើឱ្យមនុស្សនៅក្នុងផ្ទះចូលចិត្តចេញក្រៅផ្ទះ ឬត្រឡប់ចូលផ្ទះមិនទៀងពេល ធ្វើឱ្យកើតមានការព្រួយបារម្ភ ឬបន្ថែមបន្ទុកភារៈឱ្យអ្នកនៅក្នុងផ្ទះទៀតផង។

    5 . បន្ទប់ទឹករឹតតែធំ ឬតុបតែងលម្អច្រើន នឹងបង្កើនថាមពលអពមង្គលច្រើនឡើងដែរ

    ជាពិសេសបន្ទប់ទឹកដែលតុបតែងដោយឥដ្ឋការ៉ូពណ៌ធាតុទឹក មានរូបភាពទឹក ឬរក្សាទឹកនៅក្នុងបន្ទប់ច្រើនៗ ដូចជាមាន

    អាងទុកទឹក ឬគ្រឿងផលិតទឹកក្នុងប្រព័ន្ធផ្សេងៗជាដើម។

    វិធីកែខៃ អាចធ្វើបានដោយការដាក់ដុំឥដ្ឋនៅតាមជ្រុងទាំង 4នៃបន្ទប់ទឹក លាបពណ៌ទ្វារបន្ទប់ទឹកពណ៌ក្រហម ដាក់ផើងផ្កានៅក្នុងបន្ទប់ទឹក បំពាក់ភ្លើងឱ្យភ្លឺ ដើម្បីបន្ថយថាមពល «យិន» ឬបំពាក់វាំងននគជ់មុខបន្ទប់ទឹក៕

  • ជន​ជាតិ​អាមេរិកាំង​នាំ​គ្នា​បើក​ក្រុម​ហ៊ុន​ ខណៈ​COVID-19​ នៅ​តែ​ជា​បញ្ហា​ធំ​ក្នុង​ពិភព​លោក

    ជន​ជាតិ​អាមេរិកាំង​នាំ​គ្នា​បើក​ក្រុម​ហ៊ុន​ ខណៈ​COVID-19​ នៅ​តែ​ជា​បញ្ហា​ធំ​ក្នុង​ពិភព​លោក

    តួលេខរបស់នាយកដ្ឋានស្ថិតិអាមេរិក បានបង្ហាញថា ចំនួនពាក្យសុំបង្កើតក្រុមហ៊ុនថ្មីនៅសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងកម្រិតខ្ពស់មិនធ្លាប់មានក្នុងអំឡុងជាងមួយទសវត្សរ៍កន្លងមកនេះ។

    កាលពីថ្ងៃទី3តុលា ទិន្នន័យពីនាយកដ្ឋានខាងលើបានឱ្យដឹងថា ពាក្យសុំបង្កើតក្រុមហ៊ុនថ្មីបានកើនជិត40% បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ2019។ Joseph Brusuelas ដែលជាសេដ្ឋវិទូមកពីក្រុមហ៊ុន RSM US បានឱ្យដឹងថា នេះគឺជាទិន្នាការដែលគួរលើកទឹកចិត្ត។ ក្រោយពីវិបត្តិធ្ងន់ធ្ងរ មនុស្សនឹងមានក្ដីសង្ឃឹមច្រើននៅពេលបានឃើញកម្មករដែលបានបាត់បង់ការងារ ស្វែងរកវិធីដើម្បីប្រើប្រាស់លក្ខខណ្ឌអំណោយផលនៃសេដ្ឋកិច្ច (ដូចជាឥណទានមានការប្រាក់ទាបជាដើម) ដើម្បីបង្កើតមុខជំនួញថ្មី។

    កាលពីវិបត្តិហិរញ្ញវត្ថុឆ្នាំ2008 តួលេខនៃពាក្យសុំចុះឈ្មោះបង្កើតក្រុមហ៊ុនថ្មីក៏មិនបានកើនឡើងខ្ពស់ដូចពេលនេះដែរ។ Joseph Brusuelas និយាយថា នោះគឺជាសញ្ញាមួយបង្ហាញអំពីល្បឿននៃការងើបឡើងរបស់សេដ្ឋកិច្ច មិនដូចទៅនឹងការរំពឹងទុក ព្រោះថា មនុស្សជាច្រើនត្រូវបាត់បង់ផ្ទះសម្បែង របស់ទ្រព្យសម្បត្តិជាច្រើនរបស់ពួកគេ។

    ក៏ប៉ុន្តែ សម្រាប់លើកនេះ វិបត្តិបានប៉ះពាល់ដល់អ្នកជួលផ្ទះច្រើនជាងអ្នកទិញផ្ទះ។ យ៉ាងនេះក្ដី ដោយសារតែពលរដ្ឋ​ជាច្រើននៅតែរក្សាបានទ្រព្យសម្បត្តិសំខាន់ៗរបស់ខ្លួនបាន ទើបពួកគេមានការតាំងចិត្តខ្ពស់ជាងមុនក្នុងការប្រឈមនឹងហានិភ័យផ្នែកហិរញ្ញវត្ថុនៅពេលសម្រេចចិត្តបើកក្រុមហ៊ុនថ្មី។

    Brusuelas បន្តថា៖ “មួយក្នុងចំណោមកំហុសឆ្គងដែលយើងបានជួបប្រទះនៅក្នុងវិបត្តិសេដ្ឋកិច្ចលើកមុន នោះ​គឺដោយសារមិនបានផ្ដល់ឱកាសសម្រាប់អ្នកដែលចង់បង្កើតក្រុមហ៊ុនថ្មី”។ ទន្ទឹមនឹងនេះ យុគសម័យធ្វើការពីផ្ទះក៏បាននិងកំពុងបង្កើតឱកាសធ្វើពាណិជ្ជកម្មបែបថ្មី ដែលនាំមកនូវការបត់បែនខ្ពស់សម្រាប់អនាគតម្ចាស់អាជីវកម្ម។

    ប៉ុន្តែ នៅក្នុងរបាយការណ៍មួយកាលពីពេលថ្មីៗនេះ ធនាគារ Goldman Sachs បានឱ្យដឹងថា ការកើនឡើងនៃពាក្យសុំបង្កើតក្រុមហ៊ុនថ្មីខាងលើនេះ មួយផ្នែកអាចបណ្ដាលមកពីចំនួនពាក្យដែលបានកកស្ទះក្នុងអំឡុងពេលអនុវត្តបម្រាមគោចរ។ យ៉ាងណាក៏ដោយ ធនាគារ Goldman Sachs បានពន្យល់ថា៖ “តួលេខនេះក៏បានបង្ហាញអំពីក្ដីសង្ឃឹមជាវិជ្ជមានច្រើនជាងបើធៀបនឹងវិបត្តិសេដ្ឋកិច្ចលើកមុន”៕

    ប្រភព៖ CNN

     

  • ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietnam ​Airlines​ ខាត​​បង់​​ជាង​​10.7​​លាន​​លាន​​ដុង​ ក្នុង​រយៈ​ពេល​9​ខែ​នៃ​ឆ្នាំ​2020

    ក្រុមហ៊ុន​អាកាស​ចរណ៍​ Vietnam ​Airlines​ ខាត​​បង់​​ជាង​​10.7​​លាន​​លាន​​ដុង​ ក្នុង​រយៈ​ពេល​9​ខែ​នៃ​ឆ្នាំ​2020

    ខ្ទង់ខាតបង់រហូតដល់ជាង10.7លានលានដុង (10,750,000,000,000) នេះ ប្រហាក់ប្រហែលនឹង70%​នៃគម្រោង​ខាត​បង់​សម្រាប់​ឆ្នាំ2020 របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines។

    យោងតាមប្រភពព័ត៌មានពីក្រុមហ៊ុនVietnam Airlines ប្រាក់ចំណូលក្នុងរយៈពេល9ខែរបស់ក្រុមហ៊ុននេះ មានចំនួនជាង23.9លានលានដុង ថយចុះ58% បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

    Vietnam Airlines បានធ្វើប្រតិបត្តិការដឹកភ្ញៀវបានចំនួន10.2លានជើង ថយចុះ41% ចំណែកការដឹកទំនិញមានចំនួន146,000តោន ថយចុះ43%។

    អំពីប្រាក់ចំណេញ ក្រុមហ៊ុនអាកាស​ចរណ៍​របស់​វៀត​ណាម​នេះ បានបញ្ចេញរបាយការណ៍ខាតបង់របស់ខ្លួនដែលកើនឡើងដល់ 10.75លានលាន (10,750,000,000,000) ដុង (ប្រមាណជា 463,800,000ដុល្លារអាមេរិក)។

    ខណៈនោះដែរ ក្រុមហ៊ុនអាកាសចរណ៍ Pacific Airlines ក៏បានខាតបង់ 1.1​លាន​លាន​ដុង​ (1,100,000,000,000ដុង) ដែល​ប្រហែល​ 47,459,000ដុល្លារអាមេរិក នៅ​ក្នុងរយៈពេល8ខែ។ តាមការប៉ានស្មាន ក្រុមហ៊ុននេះនឹងត្រូវខាតសរុប 1.6លានលានដុង (69,032,465ដុល្លារ) ក្នុងឆ្នាំ2020នេះ៕

    ប្រភព៖ CB

  • Oppo គ្រោងនឹងបញ្ចេញ Smart TV ដំបូងបំផុត មានកាមេរ៉ាមុខ នៅថ្ងៃទី19 តុលា 2020

    Oppo គ្រោងនឹងបញ្ចេញ Smart TV ដំបូងបំផុត មានកាមេរ៉ាមុខ នៅថ្ងៃទី19 តុលា 2020

    ក្រុមហ៊ុន Oppo បាន​បញ្ចេញ​នូវ​រូបភាព​ថ្មី 1សន្លឹក ដោយ​បង្ហាញ​ឱ្យដឹងពី​ចេតនា ដែល​គ្រោង​នឹង​ប្រកាស​ចេញ​ទូរទស្សន៍​ឆ្លាត​វៃ Smart TV ដំបូង​បំផុត​របស់ខ្លួន។

    Smart TV របស់ Oppo មិនទាន់​មានឈ្មោះ​ពិត​ទេ តែ​គេ​អាច​សន្មត​ហៅថា OPPO TV។ ទូរទស្សន៍​នេះ អាច​នឹងមាន​ជម្រើស​ទំហំ2 គឺ 55អ៊ី​ញ និង 65អ៊ី​ញ គែម​ស្ដើង​បំផុត ដែល​ទាំង 2ប្រភេទ​នេះ​បំពាក់​មក​ជាមួយនឹង​អេក្រង់​ល្អ OLED កម្រិត 4K ព្រម​ជាមួយនឹង refresh rate 120hx និង​មាន​បង្កប់​កាមេរ៉ា​ខាងមុខ​ទៀតផង។

    រីឯ​ឧបករណ៍​បំពង​សំឡេង គឺ Oppo បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​របស់​ប្រទេស ដា​ណឺ​ម៉ាក។ ចំពោះ​លក្ខ​ណស​ម្ប​តិ្តផ្សេងៗទៀត និង​តម្លៃ​របស់​វា សូម​រង់ចាំ​នៅ​ថ្ងៃទី19 តុលា 2020 ខាងមុខនេះ៕

  • ចំណេះដឹងថ្មី ដែលបងៗស្រ្តីមេផ្ទះបានអានហើយ ត្រូវតែលាន់មាត់ថា វ៉ាវ!

    ចំណេះដឹងថ្មី ដែលបងៗស្រ្តីមេផ្ទះបានអានហើយ ត្រូវតែលាន់មាត់ថា វ៉ាវ!

    គន្លឹះថ្មីៗល្អៗ 6យ៉ាងក្នុងការបោកគក់សម្លៀកបំពាក់ ប្ដូរការងារពិបាក ឱ្យក្លាយជារឿងងាយ។

    បងៗស្រ្តីមេផ្ទះជាច្រើនតែងតែគិតថា ការបោកគក់សម្លៀកបំពាក់គឺជាការងារមួយដែលពិបាក និងប្រើពេលវេលាច្រើន ជាពិសេសចំពោះសម្លៀកបំពាក់ណាដែលមានស្នាមប្រឡាក់ស្អិតជាប់ណែន សឹងតែបោះចោលតែម្ដង។ តែឈប់សិន! កុំអាលបោះចោលអី ព្រោះថ្ងៃនេះ ឡារ៉ែនមានគន្លឹះថ្មីៗ ល្អៗក្នុងការបោកគក់សម្លៀកបំពាក់មកជម្រាបជូន ទាំងវិធីកម្ចាត់ស្នាមកខ្វក់ដែលគិតថា បោកមិនចេញ វិធីមើលថែទាំខោអាវឱ្យនៅមានទ្រង់ទ្រាយដូចមុនដដែល មានពណ៌ស្រស់ស្អាតដដែល និងពាក់បានកាន់តែយូរឡើង មកជម្រាបជូន និងមានថែមវិធីលាងសម្អាតម៉ាស៊ីនបោកគក់សម្លៀកបំពាក់យ៉ាងងាយៗមកចែករំលែកជូនទៀតផង។

    1 . លាងសម្អាតម៉ាស៊ីនបោកគក់សម្លៀកបំពាក់ដោយទឹកថ្នាំខ្ពុរមាត់

    បើបងៗស្រ្តីមេផ្ទះសង្កេតឃើញថា ម៉ាស៊ីនបោកគក់ខោអាវនៅក្នុងផ្ទះចាប់ផ្ដើមមានក្លិនមិនល្អ ឬមានស្នាមកខ្វក់ហើយនោះ បញ្ជាក់ថា ដល់ពេលត្រូវលាងសម្អាតវាចេញម្ដងហើយ ដូច្នេះគ្រាន់តែចាក់ទឹកថ្នាំខ្ពុរមាត់ប្រមាណជាកន្លះកែវចូលទៅក្នុងប្រឡោះដាក់ម្សៅសាប៊ូ បន្ទាប់មកក៏ចុចកុងតាក់បើកឱ្យម៉ាស៊ីនធ្វើការតាមធម្មតា។ តែប៉ុណ្ណឹង ទាំងមេរោគផ្សិត និងបាក់តេរីបង្កក្លិនផ្សេងៗនឹងត្រូវសម្លាប់អស់មិនខាន។

    2 . កម្ចាត់ស្នាមលឿងៗលើសម្លៀកបំពាក់ដោយថ្នាំ អាស្ពីរីន

    ដោយគ្រាន់តែកិនគ្រាប់ថ្នាំអាស្ពីរីន ចំនួន 5គ្រាប់ រួចយកទៅលាយក្នុងទឹក 2លិត្រ រួចហើយយកសម្លៀកបំពាក់ពណ៌សទៅត្រាំ(កុំភ្លេចសង្កត់ឱ្យទទឹកឱ្យសព្វ) ហើយទុកចោលយ៉ាងតិច 8ម៉ោង ដើម្បីរង់ចាំឱ្យជាតិអាស៊ីត សាលីស៊ីលិក ពីគ្រាប់ថ្នាំអាស្ពីរីនបញ្ចេញឫទ្ធិ បន្ទាប់មកសឹមយកមកបោកគក់តាមធម្មតា។ តែប៉ុណ្ណឹង ក៏នឹងជួយឱ្យសម្លៀកបំពាក់នោះត្រឡប់ទៅជាសស្អាតបានបាត់ទៅហើយ។

    ក្រៅពីនេះ ថ្នាំអាស្ពីរីន នៅអាចកម្ចាត់ស្នាមប្រឡាក់ឈាមនៅលើខោអាវបានទៀតផង ដោយគ្រាន់តែរំលាយថ្នាំអាស្ពីរីននៅក្នុងទឹកត្រជាក់(ហាមប្រើទឹកក្ដៅជាដាច់ខាត ព្រោះនឹងធ្វើឱ្យស្នាមប្រឡាក់នោះរឹតតែជាប់ស្អិតទៅទៀត) បន្ទាប់មកក៏យកខោអាវដែលប្រឡាក់ឈាមនោះមកត្រាំ។ បើស្នាមប្រឡាក់ឈាមនោះស្ងួត ចូរយកថ្នាំអាស្ពីរីនដែលកិនជាម្សៅមកដុសនៅលើស្នាមប្រឡាក់នោះ ទុកចោល 2ម៉ោង រួចសឹមយកទៅបោកគក់តាមធម្មតា។

    3 . មិនគួរហាលយូរពេកទេ

    ព្រោះការហាលសម្លៀកបំពាក់ចោលយូរពេក នឹងធ្វើឱ្យសាច់ក្រណាត់ឡើងរឹង ពិបាកអ៊ុត ទោះបីជាឆ្នាំងអ៊ុតមានចំហាយទឹកក៏អ៊ុតឱ្យរាបមិនបានដែរ តែបើសិនជាហាលទុកចោលរហូតដល់ភ្លេចសា និងមានបញ្ហាដូចខាងដើមនោះ ឡារ៉ែនណែនាំឱ្យប្រោះទឹកលើសម្លៀកបំពាក់នោះបន្តិចៗ ក៏អាចជួយឱ្យកាន់តែងាយស្រួលអ៊ុតឡើងដែរ។

    4 . ដាក់ស្រោមជើងក្នុងថង់ស្បៃ ឬថង់សំណាញ់មុននឹងដាក់បោក

    សម្រាប់អ្នកដែលមានបញ្ហា ស្រោមជើងយារ ឬច្រើនតែបាត់អស់ម្ខាងជាប្រចាំនោះ ឡារ៉ែនណែនាំឱ្យដាក់ក្នុងថង់ស្បៃ ឬថង់សំណាញ់មុននឹងយកទៅដាក់បោកក្នុងម៉ាស៊ីន ព្រោះវាជាការថែទាំស្រោមជើងឱ្យទុកពាក់បានយូរ និងថែមទាំងមិនធ្វើឱ្យបាត់អស់ម្ខាងក្រោយពេលបោកគក់រួចទៀតផង។

    5 . ស្ដារសភាពសម្លៀកបំពាក់រួញដោយសាប៊ូកក់សក់កូនក្មេង

    ស្ដារសភាពសម្លៀកបំពាក់ណាដែលរួញដោយការលាយទឹកសាប៊ូកក់សក់ក្មេងជាមួយទឹកក្ដៅឧណ្ហៗនៅក្នុងចានដែក ហើយយកសម្លៀកបំពាក់ដែលរួញនោះមកដាក់ត្រាំទុកចោលប្រមាណ 5 – 10នាទី បន្ទាប់ពីនោះស្រង់ឡើងមកដោយមិនចាំបាច់លាងសម្អាតទេ ហើយយកទៅដាក់លើកន្សែងពោះគោដែលស្ងួត ព្រមទាំងមូររុំចូលគ្នាដើម្បីឱ្យបឺតជាតិទឹកចេញ។ ធ្វើបែបហ្នឹងដដែលៗរហូតទាល់តែសម្លៀកបំពាក់នោះត្រឡប់មកមានខ្នាតដូចដើមវិញ។

    6 . ប្រើគ្រីមរំអិលសម្រាប់កោរពុកមាត់លុបស្នាមប្រឡាក់គ្រឿងសម្អាង

    បើមានស្នាមគ្រឿងសម្អាងប្រឡាក់ជាប់នៅលើសម្លៀកបំពាក់ ហើយបោកមិនចេញសោះនោះ ចូរយកគ្រីមរំអិលសម្រាប់កោរពុកមាត់មកដុសនៅលើកន្លែងដែលប្រឡាក់ ហើយទុកចោល 10 – 15នាទី មុននឹងយកទៅបោកគក់តាមធម្មតា និងបើសិនធ្វើបែបនោះម្ដងហើយ នៅតែមិនទាន់ជ្រះស្អាតទៀត ចូរធ្វើដូចគ្នាម្ដងទៀត។

    សម្លៀកបំពាក់ដែលស្លៀកយូរៗទៅ វាត្រូវតែខូចទ្រង់ទ្រាយ រាងរៅ ឬស្លេកពណ៌ខ្លះៗជារឿងធម្មតា តែយើងអាចពន្យារពេលការប្រើប្រាស់ឱ្យបានយូរឡើងតាមរយៈគន្លឹះល្អៗទាំងអស់ខាងលើដែលវានឹងជួយរក្សាទ្រង់ទ្រាយ និងពណ៌របស់សម្លៀកបំពាក់ឱ្យនៅតែស្អាត ភ្លឺរលោង មើលទៅមិនចាស់ ព្រមទាំងទុកស្លៀកពាក់បានកាន់តែយូរឡើងទៀតផង៕

  • លោក ព្រាប សុវត្ថិ ចូលរួមឧបត្ថម្ភអង្ករចំនួន2តោនជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង

    លោក ព្រាប សុវត្ថិ ចូលរួមឧបត្ថម្ភអង្ករចំនួន2តោនជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង

    មុននេះបន្តិច យោងតាមការបង្ហោះជាសាធារណៈរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហេង ឡុង បង្ហាញឲ្យដឹងថា តារាចម្រៀងជួរមុខប្រចាំប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករចំនួន2តោនជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

    នេះចាត់ទុកជាគំរូដ៏ល្អមួយសម្រាប់សិល្បករ សិល្បការនីដ៏ទៃទៀត ក្នុងការចូលរួមជួយសង្គមជាតិ ក្នុងពេលប្រទេសកំពុងជួបទុកលំបាក។