Category: សង្គម និងសេដ្ឋកិច្ច

  • OnePlus 8T ឆ្នាំ2020 ប្រកាសចេញលក់ ជាផ្លូវការហើយ តម្លៃចាប់ផ្តើម 749ដុល្លារ

    OnePlus 8T ឆ្នាំ2020 ប្រកាសចេញលក់ ជាផ្លូវការហើយ តម្លៃចាប់ផ្តើម 749ដុល្លារ

    នៅ​ថ្ងៃ​ជាមួយនឹង​ការប្រកាស​ចេញ iPhone របស់ Apple នៅឯ​ក្រុមហ៊ុន OnePlus ឯណោះ ក៏បាន​ប្រកាស​ស្មា​ត​ហ្វូ​ន​ឆ្នាំ2020 របស់ខ្លួន​ផងដែរ គឺ OnePlus 8T។

    ខាងក្រោម​នេះ​ជា លក្ខណសម្បត្តិ គួរឱ្យ​ចាប់អារម្មណ៍ ជាមួយនឹង​តម្លៃ​សមរម្យ​របស់ OnePlus 8T៖

    OnePlus 8T បំពាក់​ថាមពល​ថ្ម ទំហំ 4,500mAh ហើយ​វា​ក៏បាន​ក្លាយទៅជា​ទូរស័ព្ទ​ដំបូងបង្អស់​របស់ OnePlus ដែល​បាន​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន Warp Charge កម្លាំង 65W (វ៉ា​ត់) ពី 0 ទៅ 58% សាក​ត្រឹមតែ 15នាទី​ប៉ុណ្ណោះ។

    រីឯ​ផ្ទាំង​អេក្រង់​វិញ ទំហំ 6.55 អ៊ី​ញ​ប្រភេទ​Fluid AMOLED 120hz គឺជា​អេក្រង់​មួយ ដែលមាន​សមត្ថភាព​អាច​បង្ហាញ​ពណ៌​បាន​ច្បាស់​ល្អ​ត្រឹមត្រូវ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត Full HD+ (2400 x 1080 ភិ​កសែ​ល) ជាមួយ​អេក្រង់ Refresh Rate 120Hz និង​ល្បឿន​ប៉ះ​សម្គាល់ 240Hz ក៏ដូចជា​អាច​គាំទ្រ​បច្ចេកវិទ្យា HDR10+ ជាមួយ​កម្រិត​ពន្លឺ 1,100nits កម្រិត​ទឹក​ពណ៌ DPI-P3 100% និង​កម្រិត​លម្អៀង​នៃ​ទឹក​ពណ៌ (JNCD) ត្រឹម 0.3ប៉ុណ្ណោះ។

    កម្លាំង​ម៉ាស៊ីន OnePlus 8T ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 865 ទំហំ 7nm+ ជាមួយ​ជម្រើស RAM 8/12GB និង​ជម្រើស​មេម៉ូរី ប្រភេទ UFS 3.1 ទំហំ 128/256GB ផងដែរ។

    កាមេរ៉ា​មុខ 1គ្រាប់ បំពាក់​លេន​ស៍​ទម្លុះ​អេក្រង់ ទំហំ 16MP និង​កាមេរ៉ា​ក្រោយ​សរុប​ចំនួន 4គ្រាប់ ដោយ​ក្នុងនោះ​លេន​ស៍​ធំជាងគេ មាន 1គ្រាប់ មាន​ទំហំ 48MP (OIS), 1គ្រាប់​ទៀត​ជា​លេន​ស៍ (Ultra Wide 123 ដឹ​ក្រេ) ទំហំ 16MP, 1គ្រាប់​ទៀត​ជា​លេន​ស៍ Macro និង 1គ្រាប់​ចុងក្រោយ​គេ​ជា​លេន​ស៍ Monochrome។

    OnePlus 8T មាន​ជម្រើស​ពណ៌​សរុប​ចំនួន2 ដោយ​ក្នុងនោះ​មានដូចជា ពណ៌​បៃតង (Aquamarine Green) និង​ពណ៌​ទឹកប្រាក់ (Lunar Silver)។

    សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក OnePlus 8T ជម្រើស RAM 12GB/ មេម៉ូរី 256GB មានតម្លៃ​ខ្ទង់ 749ដុល្លារ ហើយ​វា​នឹងដាក់​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី23  ខែតុលា ឆ្នាំ2020 ខាងមុខឆាប់ៗនេះឯង៕

  • បើចង់បានឆ្នាំងសាក Wireless ប្រើជាមួយ iPhone 12 Series មានតម្លៃ 39ដុល្លារ

    បើចង់បានឆ្នាំងសាក Wireless ប្រើជាមួយ iPhone 12 Series មានតម្លៃ 39ដុល្លារ

    ក្នុង​កម្មវិធី​ប្រចាំឆ្នាំ Hi,Speed របស់ Apple ដែល​ទើបនឹង​បញ្ចប់ទៅថ្មីៗនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​មួយ​នេះ ក៏បាន​ប្រកាស​ចេញលក់ ឆ្នាំង​សាក Wireless  2ម៉ូ​ដែល​ផងដែរ គឺ MagSafe និង MagSafe Duo សម្រាប់​ប្រើប្រាស់​ជាមួយ iPhone 12 Series ។

    យោងតាម​ប្រភពពី Apple បានឱ្យដឹងថា តម្លៃ​របស់​ឆ្នាំង​សាក​ឥត​ខ្សែ​នោះ ចាប់ផ្តើម​ពី 39ដុល្លារ សម្រាប់​ម៉ូ​ដែល MagSafe  រីឯ​ម៉ូ​ដែល MagSafe Duo ប្រភព​មិនបាន​បញ្ចេញ​តម្លៃ​ឱ្យដឹង​នោះទេ។

    ឆ្នាំង​សាក​ទាំង2 អាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម ឥត​ខ្សែ កម្លាំង 15W ចំពោះ​សមត្ថ​ភាពខ្លាំង និង​កម្លាំង​សាក​របស់​វា គឺ​ខុសគ្នា ដោយ MagSafe ទុក​ប្រើ​សម្រាប់​សាក​ថាមពល​ថ្ម​ទៅឱ្យ iPhone ឬ AirPods ខណៈដែល MagSafe Duo ទុក​ប្រើពេល​សាក​ថ្ម​ទៅឱ្យ iPhone និង Apple Watch ក្នុងពេល​តែមួយ។

    ទោះជា ឆ្នាំង​សាក​ឥត​ខ្សែ MagSafe និង MagSafe Duo ទាំង2នេះ ត្រូវបាន​ផលិតឡើង​ជាពិសេស​សម្រាប់​តែ iPhone 12 Series ក៏ដោយ តែ​វា​ក៏បាន​បំពាក់​បច្ចេកវិទ្យា Qi Wireless ផងដែរ ដូច្នេះ អ្នក​ក៏​អាច​ប្រើ​ជាមួយ iPhone និង​ឧបករណ៍​ដែល​បន្ទះ​ខ្នង អាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ឥត​ខ្សែ​ផងដែរ គ្រាន់តែ​ពួកវា​អាច​សាក​បញ្ចូល​ថាមពល​ថ្ម បាន​ត្រឹម​កម្លាំង 7.5Wប៉ុណ្ណោះ។

    Apple ក៏បាន​បង្ហាញ​ពីមុខ​ងារ​ពិសេស របស់​វា ដែល​ខុសពី​ឆ្នាំង​សាក​ឥត​ខ្សែ​ដទៃទៀត​ផងដែរ គឺ ពួកវា​ត្រូវបាន​ផលិត​ចេញមក ព្រមជាមួយ​បន្ទះ​ដែក​ឆក់ ប្រើ​សម្រាប់​ទប់ មិនឱ្យ​វា​រអិល​ចេញពី​ទីតាំង​ផ្តល់​ថាមពល ដើម្បី​ធានាថា ឧបករណ៍​ដែល​កំពុង​សាក​ថ្ម ទទួល​ថាមពល​ថ្ម​បាន​ថេរ និង​មាន​ល្បឿន​លឿន។

    ហេតុនេះហើយ បើសិនជា​អ្នក​ចង់​ប្រើប្រាស់ iPhone 12 Series ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​បាន​កម្លាំង 15W អ្នក​ត្រូវតែ​ទិញ​ឆ្នាំង​សាក​ឥត​ខ្សែ MagSafe / MagSafe Duo ប្រភេទ​ឆក​ទាំង2នេះ ដែលជា​ផលិតផល​ផ្លូវការ អាជ្ញាប័ណ្ណ​ពី Apple ផ្ទាល់​តែម្តង៕

  • កីឡាករខ្សែបម្រើឆ្នើម 3រូប ដែលមានតម្លៃខ្លួន ថ្លៃជាងគេបំផុតនៅលើពិភពលោក

    កីឡាករខ្សែបម្រើឆ្នើម 3រូប ដែលមានតម្លៃខ្លួន ថ្លៃជាងគេបំផុតនៅលើពិភពលោក

    អ្នក​ទាំងអស់គ្នា ប្រហែលជា​បាន​ស្គាល់​រួចហើយ ពី​បណ្តា​កីឡាករ​ខ្សែប្រយុទ្ធ ដែលមាន​តម្លៃ​ខ្លួន ថ្លៃៗជាច្រើនរូប ដែល​ភាគច្រើន​លេង​នៅ​ក្លិបល្បីៗ នៅ​តំបន់​អឺរ៉ុប។ ថ្ងៃ​នេះដែរ យើង​សូម​បង្វែរ​អារម្មណ៍​មិត្ត​អ្នកអាន​ទាំងអស់ មក​ស្គាល់​បណ្តា​កីឡាករ ដែលមាន​តួនាទី​ជា​ខ្សែបម្រើ​ចំនួន 3រូប ដែលមាន​តម្លៃ​ខ្លួន ថ្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក នាពេល​បច្ចុប្បន្ននេះ។

    1-Raphae Varane៖ ខ្សែបម្រើ​ការពារ របស់​ក្លិប Real Madrid និង​ក្រុម​ជម្រើសជាតិ​បារាំង​រូបនេះ មានតម្លៃ​ខ្លួន 80លាន​អឺរ៉ូ (91លាន​ដុល្លារ)។

    Samuel Umtiti៖ ខ្សែបម្រើ​ការពារ របស់​ក្លិប Barcelona និង​ក្រុម​ជម្រើសជាតិ​បារាំង​រូបនេះ មានតម្លៃ​ខ្លួន 70លាន​អឺរ៉ូ (79លាន​ដុល្លារ)។

    Virgil Van Dijk៖ ខ្សែបម្រើ​ការពារ របស់​ក្លិប Liverpool និង​ក្រុម​ជម្រើសជាតិ​ហុ​ល្លង់​រូបនេះ មានតម្លៃ​ខ្លួន 60លាន​អឺរ៉ូ (68លាន​ដុល្លារ)៕

  • Messi ក៏មានយន្តហោះប្រណីតនឹងគេដែរ…ចង់ដឹងថា តើវាមានតម្លៃប៉ុន្មានដែរទេ?

    Messi ក៏មានយន្តហោះប្រណីតនឹងគេដែរ…ចង់ដឹងថា តើវាមានតម្លៃប៉ុន្មានដែរទេ?

    ងាក​មក​មើ​លពី​ជីវិត​ឯកជន​របស់​កីឡាករ​លំដាប់​ពិភពលោក Lionel Messi វិញ​ម្ដង។ យន្តហោះ​ផ្ទាល់ខ្លួន​របស់គេ គឺមាន​តម្លៃ​ដល់​ទៅ 12លាន​អឺរ៉ូ ជា​យន្តហោះ1 ក្នុងចំណោម​យន្តហោះ​ផ្ទាល់ខ្លួនពិសេសៗ ដែល​កីឡាករ​បាល់ទាត់ល្បីៗមាន។

    ក្នុងនោះដែរ​យន្តហោះ​ដ៏​មានតម្លៃ​មួយ​នេះ ត្រូវបាន​ផលិតឡើង​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន និង​ត្រូវបាន​រចនា​យ៉ាង​ប្រណីត ដែលមាន​ឈ្មោះ​របស់​សមា​ជិ​ក​គ្រួសារ​របស់គេ នៅលើ​កាំជណ្តើរ​ឡើង និង​មាន​ស្លាក​សញ្ញា ដែល​រចនា​ឡើង​ពី​ហត្ថលេខា​របស់​កីឡាករ​រូបនេះ​ផ្ទាល់​តែម្តង។

    ចំណែកឯ​ផ្នែក​ខាងក្នុង​វិញ មានផ្ទះ​បាយ1 បន្ទប់ទឹក​ចំនួន2 និង​មាន​កៅអី​សម្រាប់​អ្នកដំណើរ ចំនួន 16កៅអី និង​មាន​គ្រែ​គេង និង​បន្ទប់ដេក នៅពេលដែល​អ្នកជិះ ចង់​សម្រាក​ទៀតផង៕

  • ផ្លូវការ៖ iPhone 12 ចេញម្ដង 4ម៉ូដែល លើកនេះ គ្មានឆ្នាំងសាកក្នុងប្រអប់ទេ

    ផ្លូវការ៖ iPhone 12 ចេញម្ដង 4ម៉ូដែល លើកនេះ គ្មានឆ្នាំងសាកក្នុងប្រអប់ទេ

    កាលពី​ម្សិលមិញ Apple បានប្រកាស​ចេញ​ផលិតផលថ្មីៗមួយចំនួន​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ។ ក្នុងនោះដែរ តួឯក​ដែល​គ្រប់គ្នា​ទន្ទឹងរង់ចាំ​នោះ​គឺ iPhone ឆ្នាំ2020។ ខុសពី​សព្វដង Apple បានប្រកាស​ចេញ 4ម៉ូ​ដែល ក្នុងពេល​តែមួយ​តែម្ដង គឺ iPhone 12 (mini), iPhone 12, iPhone 12 Pro និង iPhone 12 Pro Max៕

    iPhone 12 Series ទាំង 4នោះ បានក្លាយ​ទៅជា iPhone ដំបូង​របស់ Apple ដែល​បាន​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា 5G ទៀតផង។ យោងតាម​គេហទំព័រ​ផ្លូវការ​របស់ Apple ផ្ទាល់ បានឱ្យដឹងថា នៅក្នុង​ប្រអប់​វេច​ខ្ចប់​របស់ iPhone 12 Series គឺមាន​ទូរស័ព្ទ 1គ្រឿង និង​ខ្សែ​សាក​លឿន USB-C ភ្ជាប់​ទៅ​ខ្សែ lightning មួយ​កំណាត់។

    ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ ពិតជា​បាន​ដក​កាស​ខ្សែ EarPods និង​ក្បាល​ឆ្នាំង​សាក​ចេញ​មែន។ ដូចនេះ  បើ​អ្នក​មានបំណង​ចង់​ទិញយក iPhone 12 Series នោះ អ្នកនឹង​ត្រូវតែ​ចំណាយលុយ​ទិញ​កាស និង​ក្បាល​ឆ្នាំង​សាក ពី​ក្រៅ​បន្ថែម។

    Apple ក៏បាន​ប្រាប់​ពី​ហេតុផល ដែល​ខ្លួន​សម្រេចចិត្ត​បែបនេះ​ដែរ​ថា គឺ​ដោយសារតែ​ពួកគេ​ចង់​ចូលរួមចំណែក​ការពារ​បរិស្ថាន​ពិភពលោក។ គួរ​បញ្ជាក់ដែរថា កាស​ខ្សែ EarPods និង​ក្បាល​ឆ្នាំង​សាក​កម្លាំង 20W ត្រូវបាន Apple ដាក់លក់​នៅក្នុង​តម្លៃ​ខ្ទង់ 19ដុល្លារ៕

  • មកស្គាល់ YouTuber ដំបូងគេបង្អស់ នៅប្រទេសកូរ៉េខាងជើង

    មកស្គាល់ YouTuber ដំបូងគេបង្អស់ នៅប្រទេសកូរ៉េខាងជើង

    អ្នក​ប្រាកដជា​បានដឹងហើយថា Social Media នៅក្នុង​ប្រទេស​កូរ៉េខាងជើង មិនត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ទូលំទូលាយ​នោះទេ លើសពីនេះ សេរីភាព​នានា ក៏​មិនត្រូវ​បានអនុញ្ញាត​ផងដែរ។

    ផ្ទុយទៅវិញ ថ្មីៗនេះ ស្រាប់តែ​ក្រុមការងារ NAS Daily ដែលជា​ក្រុមការងារ​ដំណើរ​ការផលិត​វីដេអូ​ស្ទើរ​គ្រប់​ប្រទេស និង​មាន​ភាពល្បីល្បាញ​លើ Facebook បានបង្ហាញ​នូវ​អាថ៌កំបាំង​មួយ​ចេញមក​គឺ នៅក្នុង​ប្រទេស​កូរ៉េខាងជើង ក៏មាន Youtube Vlogger ដូច​បណ្ដា​ប្រទេស​នានា​ដែរ។

    ម្ចាស់​គណនី YouTuber ដំបូង​គេ​បង្អស់​រូបនោះ ជានា​រី​ដ៏​ស្រស់ស្អាត​ម្នាក់ ចេះ​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាងច្បាស់។ YouTube របស់​នាង ដាក់ឈ្មោះថា Echo of Truth ដែលមាន​អ្នក Subscribe ចំនួន 33.7K ជាមួយនឹង​គណនី Instagram មួយទៀត​របស់​នាង​គឺ Coldnoodlefan។

    មាតិកា​ទាំង2 របស់​នាង គឺ​ថត​រូបភាព និង​វីដេអូ​សម្ភាស​ផ្ទាល់ ជាមួយនឹង​ជីវភាព​រស់នៅ ក្នុង​ទីក្រុង​ព្យុងយ៉ាង និង​សកម្ម​ភាពទាក់ទង​សម្លៀកបំពាក់ កន្លែង​កម្សាន្ត និង​ម្ហូបអាហារ​នានា​នៅ​ទីនោះ​ផងដែរ៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • ម្ចាស់​ក្រុម​ចម្រៀង​ BTS​ របស់​កូរ៉េ​ខាង​ត្បូង​ ក្លាយ​ជា​មហា​សេដ្ឋី​ដូច​ការ​រំពឹង​ទុក

    ម្ចាស់​ក្រុម​ចម្រៀង​ BTS​ របស់​កូរ៉េ​ខាង​ត្បូង​ ក្លាយ​ជា​មហា​សេដ្ឋី​ដូច​ការ​រំពឹង​ទុក

    ស្ថាបនិក Bang Shi-hyuk បានក្លាយជាមហាសេដ្ឋី ចំណែកសមាជិក7រូបផ្សេងទៀតរបស់ក្រុមចម្រៀង BTS ក៏បានក្លាយជាសេដ្ឋី ដោយមានទ្រព្យរាប់លានដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុន Big Hit Entertainment បានចូលរួមធ្វើជំនួញក្នុងផ្សារហ៊ុន (IOP)។

    Big Hit Entertainment ដែលជាក្រុមហ៊ុននៅពីក្រោយក្រុមចម្រៀងបុរស BTS ដ៏ល្បីឈ្មោះនៃចម្រៀង K-pop ប្រមូលបានទុនចំនួន963ពាន់លានវ៉ុន (840លានដុល្លារអាមេរិក) ពីការលក់មូលបត្រថ្មីចំនួន7.13លានហ៊ុនដែលទើបតែបានបោះផ្សាយកាលពីពេលថ្មីៗនេះ។ នេះគឺជាករណី IPO ធំបំផុតរបស់កូរ៉េខាងត្បូង រាប់ចាប់ពីឆ្នាំ2017។ មូលបត្រ Big Hit ត្រូវបានបោះផ្សាយលក់ចាប់ពីថ្ងៃទី15តុលា ដែលនេះបាននាំឱ្យស្ថាបនិក Bang Shi-hyuk ក្លាយជាមហាសេដ្ឋីថ្មីបំផុតនៅកូរ៉េខាងត្បូង។

    មូលបត្រ Big Hit បើកទ្វារលក់ក្នុងតម្លៃ 270,000វ៉ុន/ហ៊ុន ខ្ពស់ជាងតម្លៃ IPO 135,000វ៉ុន/ហ៊ុន ដែល​ប្រការ​នេះ​ បាន​ជួយ​ឱ្យ​តម្លៃ​ទុនរបស់ Big Hit ឡើងដល់ជាង9លានលានវ៉ុន។ លោក Bang វ័យ48ឆ្នាំ កំពុងកាន់កាប់​ភាគហ៊ុនជិត35% នៅក្នុងក្រុមហ៊ុននេះ ហើយបច្ចុប្បន្ន ទ្រព្យរបស់លោកបានកើនឡើងដល់3.2ពាន់លានដុល្លារអាមេរិក នេះបើតាមសារព័ត៌មាន Forbes។ សមាជិកទាំង7រូបរបស់ BTS ដែលសុទ្ធតែមានវ័យ20ឆ្នាំ ក៏បានក្លាយ​ជាសេដ្ឋី ដោយសារមុននោះ ពួកគេទទួលបានភាគហ៊ុនមួយចំនួនធំ។

    សមាជិក​ក្រុម​ចម្រៀង​ប្រុស​ BTS

    ព្រឹត្រិការណ៍ Big Hit IPO ត្រូវបានធ្វើឡើងក្នុងស្ថានភាពដែលកូរ៉េខាងត្បូងកំពុងស្ថិតក្នុងរលកនៃ COVID-19 ទីពីរ។ BTS ត្រូវបង្ខំចិត្តពន្យារពេលទៅលើគម្រោងសម្ដែងផ្ទាល់នានាចាប់ពីខែមីនា រួមទាំងព្រឹត្តិការណ៍តន្ត្រីដែលបានលក់សំបុត្រហើយផងដែរ។ ឆ្នាំ2019 ដំណើរសម្ដែងលក្ខណអន្តរជាតិដែលមានឈ្មោះថា Love Yourself របស់ក្រុមចម្រៀងនេះ រកបានប្រាក់ជាង196លានដុល្លារអាមេរិក។

    Big Hit បច្ចុប្បន្នគឺជាក្រុមហ៊ុនកម្សាន្តដែលមានប្រាក់ចំណេញខ្ពស់ជាងគេបំផុតនៅប្រទេសកូរ៉េខាងត្បូង ដោយ​ចំណេញ​63​លាន​ដុល្លារនៅក្នុងចំណូលសរុប507លានដុល្លារកាលពីឆ្នាំ2019 ដែលតួលេខនេះខ្ពស់ជាងបណ្ដាក្រុមហ៊ុនតន្ត្រីកូរ៉េខាងត្បូង ដូចជា SM, YG និង JYP Entertainment (តែងត្រូវគេហៅថា “Big Three”) ទៅ​ទៀត​។ កាលពីឆ្នាំទៅ (2019) BTS ក៏មានវត្តមាននៅក្នុងបញ្ជីឈ្មោះ Forbes Celebrity 100 និងបានក្លាយជាក្រុមតន្រីដែលមានប្រាក់ចំណូលខ្ពស់ជាងគេបង្អស់នៅក្នុងទ្វីបអាស៊ីទាំងមូល។

    បងប្អូនជីដូនមួយរបស់លោក Bang គឺលោក Bang Jun-hyuk ដែលជាស្ថាបនិកនៃក្រុមហ៊ុនហ្គេមអនឡាញ Netmarble ក៏ក្លាយជាមហាសេដ្ឋីមួយរូប ដោយទ្រព្យសរុបរបស់គាត់មានតម្លៃ2.8ពាន់លានដុល្លារ។ Netmarble គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានវិនិយោគទៅលើ Big Hit មុនគេ ហើយបច្ចុប្បន្ន Netmarble កាន់កាប់ភាគហ៊ុនចំនួន20% នៅក្នុងក្រុមហ៊ុន Big Hit៕

    ប្រភព៖ Forbes

    អត្ថបទ​ទាក់ទង> អ្នកនៅពីក្រោយ​ជោគ​ជ័យ​របស់​ក្រុមចម្រៀង​កូរ៉េ​ BTS ​នឹងក្លាយ​ជា​មហា​សេដ្ឋី​នា​​ពេល​ដ៏ខ្លី​ខាងមុខ​ បន្ទាប់​ពី​​ Big Hit ​ចូល​ផ្សារ​ហ៊ុន​​​

  • «ប្លន់កង់បី» រឿងខ្លីនិយាយពីជីវិតអ្នករត់កង់បីពេលយប់ ជួបរឿងប្រថុយស្លាប់

    «ប្លន់កង់បី» រឿងខ្លីនិយាយពីជីវិតអ្នករត់កង់បីពេលយប់ ជួបរឿងប្រថុយស្លាប់

    ខណៈបានទស្សនារឿងអប់រំខ្លីមួយមានចំណងជើងថា «ប្លន់កង់បី» ពិតជាធ្វើឱ្យមហាជន ទទួលបានសារដាស់តឿនយ៉ាងល្អមួយ។ រឿងនេះត្រូវបានផលិតឡើង និយាយពីការប្រុងប្រយ័ត្នរបស់អ្នករត់មូតូកង់បីនាពេលយប់។

    ផ្ដើមចេញពីជីវិតគ្រួសារតូចមួយ ដែលមានប្ដីជាអ្នករត់កង់បី។ ព្រោះតែភាពខ្វះខាត ទើបប្ដីត្រូវបន្ដរត់កង់បីនៅពេលយប់បន្ថែមទៀត ដើម្បីយកប្រាក់ចិញ្ចឹមប្រពន្ធនិងកូន។ នៅពេលដឹកចំភ្ញៀវពីរនាក់ នៅផ្លូវស្ងាត់មួយកន្លែង មនុស្សពីរនាក់នោះប្រើកលល្បិចធ្វើជារាន់នោមខ្លាំង ហើយឱ្យអ្នករត់កង់បីឈប់នៅកន្លែងស្ងាត់នោះ។ ដោយសារតែភាពភ្លេចខ្លួន គ្មានស្មារតីប្រុងប្រយ័ត្នជាមុន និងរវល់តែចុចអូសហ្វេសប៊ុកចុះឡើងៗ។ ជនទាំងពីរនាក់នោះ បានដកកាំបិតប្លន់អ្នករត់កង់បី ហើយចាក់សម្លាប់នៅហ្នឹងកន្លែង។ ក៏ប៉ុន្ដែ សាច់រឿងនៅមិនទាន់ចប់ត្រឹមនេះនៅឡើយ។

    រឿងនេះដែរ ត្រូវបានផលិតឡើងដោយក្រុមការងារ Mirror Film ហើយបានបង្ហោះវីដេអូអប់រំនេះ នៅថ្ងៃទី15 ខែតុលា ឆ្នាំ2020 ថ្មីៗនេះ។ ចង់ដឹងថា ចុងបញ្ចប់នៃសាច់រឿងទៅជាយ៉ាងនោះ សូមទស្សនាវីដេអូខាងក្រោម៖

  • ម៉ាក សែនសូនីតា បង្ហាញមុខកូនប្រុស ថែមទាំងដាក់ឈ្មោះពីរោះទៀត

    ម៉ាក សែនសូនីតា បង្ហាញមុខកូនប្រុស ថែមទាំងដាក់ឈ្មោះពីរោះទៀត

    តារាសម្តែងវ័យក្មេងរូបស្រស់ ម៉ាក សែនសូនីតា ហៅតូតា បានសម្រាលកូនដំបូងដោយសុវត្ថិភាពហើយ។ នាងបានឆ្លងកាត់ផលវិបាកក្នុងការពពោះ ៩ខែមកនេះហើយ ដែលសបញ្ជាក់ឱ្យឃើញថា សម្រាប់នាងជាបទពិសោធន៍ដ៏អស្ចារ្យក្នុងភាពអ្នកម្តាយមួយរូប។

    តាមការបង្ហោះរបស់តារាស្រី តូតា នាប៉ុន្មានម៉ោងមុននេះ រៀបរាប់ថា ៖

    « ជំរាបសួរបាទ…លោកតាលោកយាយអ៊ុំពូមីង ឱ្យអូនសុំណែនាំខ្លួនផងបាទ
    •អូនឈ្មោះ ប៉ុល បូនីតតូ
    •កើតថ្ងៃទី 15 ខែតុលា ឆ្នាំ2020
    •វេលាម៉ោង 4:32pm
    •អូនមានទំងន់ 3.6kg
    អូនកើតក្នុងឆ្នាំកូនកណ្តុរមាស ។ អូនមានសុខភាពល្អណាស់ហើយម៉ាក់ៗអូនក៏ដូចគ្នាដែលបាទ»។

    គួររំលឹកដែរថា តារាសម្តែង ម៉ាក សែនសូនីតា បានរៀបការជាមួយថៅកែផលិតកម្មពោះម៉ាយ លោកប៉ូល វិបូរ នៅថ្ងៃទី16 ខែមីនា ឆ្នាំ2020 ដែលគិតមកដល់ថ្ងៃទី15 ខែតុលា ឆ្នាំ2020 នេះ ទើបតែបាន3ខែទេ តែពេលនេះ នាងពពោះជាង9ខែ ទៅហើយ ដូច្នេះបានន័យថា នៅពេលរៀបការនោះ នាងបានពពោះ 2ខែរួចទៅហើយ។

  • ចៅ​ប្រុស​របស់​​ស្ថាប​និក​នៃ​​​ក្រុម​ហ៊ុន ​Hyundai ​Motor ​ទទួល​បាន​តំណែង​កំពូល​ជា​ផ្លូវ​ការ

    ចៅ​ប្រុស​របស់​​ស្ថាប​និក​នៃ​​​ក្រុម​ហ៊ុន ​Hyundai ​Motor ​ទទួល​បាន​តំណែង​កំពូល​ជា​ផ្លូវ​ការ

    ចៅប្រុសតែមួយគាត់របស់ស្ថាបនិកក្រុមហ៊ុន Hyundai ទើបតែបានក្លាយជាអគ្គនាយកថ្មីរបស់ក្រុមហ៊ុននេះ បន្ទាប់ពីឪពុករបស់លោក បានលាលែងពីតំណែង។

    អ្នកស្នងរបស់ក្រុមហ៊ុន Hyundai Motor គឺលោក Chung Eui-sun ទើបតែទទួលបានតំណែងខ្ពស់បំផុតនៅក្នុងក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់ទី5ក្នុងពិភពលោក ពីឪពុករបស់ខ្លួន និងបានក្លាយជាអ្នកជំនាន់ទីបីនៃគ្រួសាររបស់ស្ថាបនិកក្រុមហ៊ុន Hyundai ដែលបានឡើងមកដឹកនាំក្រុមហ៊ុននេះ។

    Hyundai បានប្រកាសនៅក្នុងថ្ងៃនេះថា លោក Chung Eui-sun នឹងក្លាយជាអគ្គនាយករបស់ក្រុមហ៊ុន ហើយក៏ក្លាយជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ Hyundai Motor, Kia Motors រួមនឹង Hyundai Mobis ផងដែរ។ ឪពុករបស់លោក Chung Eui-sun គឺលោក Chung Mong-koo អាយុ82ឆ្នាំ បានលាលែងពីតំណែង និងបានក្លាយជាប្រធានកិត្តិយសរបស់ក្រុមហ៊ុន។

    ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងគ្រាដែលក្រុមហ៊ុន Hyundai កំពុងតែប្រឹងប្រែងក្នុងការកែប្រែខ្លួនឯងពីក្រុមហ៊ុនផលិតរថយន្ត ឱ្យទៅជា “ក្រុមហ៊ុនផ្ដល់ដំណោះស្រាយចល័ត” ដោយសារមានការអភិវឌ្ឍបច្ចេកវិទ្យារថយន្តស្វ័យប្រវត្តិ និងបច្ចេកវិទ្យារថយន្តហោះ។ ក្រុមហ៊ុននេះក៏បានវិនិយោគទៅលើគម្រោងផលិតរថយន្តដែលដើរដោយថាមពលអ៊ីដ្រូសែន និងបច្ចេកវិទ្យាថាមពលរបស់អនាគតផងដែរ។

    ប៉ុន្តែ ក្រុមហ៊ុន Hyundai កំពុងតែជួបបញ្ហាលំបាកខ្លាំងដោយសារតែ COVID-19។ ប្រាក់ចំណូលរបស់ Hyundai Motor បានថយចុះ19.4% ពោលគឺលក់បានតែ2.6លានគ្រឿងនៅក្នុង3ត្រីមាសដើមឆ្នាំ នេះបើធៀបនឹង1ឆ្នាំមុន។

    លោក Chung Eui-sun បានបញ្ចប់ការសិក្សានៅសាកលវិទ្យាកូរ៉េខាងត្បូង និងទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ San Francisco សហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ2005ដល់2009 ក្នុងនាមជាអគ្គនាយករបស់ក្រុមហ៊ុន Kia (ក្រុមហ៊ុនដែលត្រូវបាន Hyundai ទិញយកកាលពីឆ្នាំ1998) លោក Chung Eui-sun បានរួមចំណែកយ៉ាងច្រើនដល់ការរីកចម្រើនរបស់ក្រុមហ៊ុននេះ។

    ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក Moon Jae-in (ឆ្វេង) និង​លោក Chung Eui-sun

    ឆ្នាំ2009 លោក Chug Eui-sun បានក្លាយជាអគ្គនាយករងរបស់ក្រុមហ៊ុន Hyundai Motor និងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន កាលពីឆ្នាំ2010។

    តាមការស្រាវជ្រាវរបស់សារព័ត៌មាន Forbes បច្ចុប្បន្ន លោក Chung មានទ្រព្យសម្បត្តិប្រមាណ 2.8ពាន់លានដុល្លារអាមេរិក និងជាអ្នកមានជាងគេលំដាប់ទី10នៅប្រទេសកូរ៉េខាងត្បូង៕

    ប្រភព៖ Nikkei