Category: សង្គម និងសេដ្ឋកិច្ច

  • ទូរស័ព្ទមួយ ដាក់ផ្ទាំងរូបប្រាសាទអង្គរវត្ត នៅលើអេក្រង់ ជាទូរស័ព្ទរឹងមាំ តែតម្លៃ ធូរថ្លៃ

    ទូរស័ព្ទមួយ ដាក់ផ្ទាំងរូបប្រាសាទអង្គរវត្ត នៅលើអេក្រង់ ជាទូរស័ព្ទរឹងមាំ តែតម្លៃ ធូរថ្លៃ

    ថ្មីៗនេះ​វេ​ប​សាយ​ស្មា​ត​ហ្វូ​ន​ដ៏​ពេញនិយម Techradar បាន​លើកយក​ទូរស័ព្ទដៃ ប្រភេទ​ថ្មី​មួយ មក​បង្ហាញថា ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​រឹងមាំ តម្លៃ​ធូរ​ថ្លៃ​ក្រោម 100ដុល្លារ (បើ​កុម្ម៉ង់​ទិញ​តាម​វេ​ប​សាយ Aliexpress) គឺជា ស្មា​ត​ហ្វូ​ន​មួយ ឈ្មោះថា Santin P68 បំពាក់​RAM 4GB/មេម៉ូរី 64GB ដំណើរការ​ដោយ Android 9។

    អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅត្រង់ថា ស្មា​ត​ហ្វូ​ន Santin P68 ស្ថិតក្នុង​ប្រភេទ​ល្អ​សមរម្យ​ហ្នឹង​គេ​ដែរ  ហើយ​ថែមទាំង​មាន​ដាក់​ផ្ទាំង​រូប​ប្រាសាទអង្គរវត្ត ក្នុង Wallpaper។ ជា​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ចិន ដែល​លក់ លើ​វេ​ប​សាយ​មានតម្លៃ​ត្រឹមតែ 87ដុល្លារ​ប៉ុណ្ណោះ។

    Santin P68 ប្រើ​អេក្រង់​ទំហំ 5.5អ៊ិ​ញ មាន​រន្ធ​ដាក់​ស៊ីម​បាន2  ថាមពល​ថ្ម 4000mAh  មាន​រន្ធ​ដោត​ភ្លើង​លឿន និង​ខ្សែ​សាក USB Type-C និង​បំពាក់​បន្ទះ​ឈី​ប 8-core។

    គួរ​រំឭក​ផងដែរ​ថា ក្នុងចំណោម​ប្រភេទ ស្មា​ត​ហ្វូ​ន​រឹងមាំ តម្លៃ​ធូរ​ថ្លៃ ក៏មាន​ច្រើន​ម៉ាក​ដែរ ដូចជា Blackview, Ulefone, Doogee, Homtom, Cat, Zebra, AGM និង Vernee ដែល​ទាំងអស់នោះ សុទ្ធតែធន់ៗ មាំៗ កម្រិត​ខ្ពស់ ដោយមាន​ខ្លះ អាច​ធ្លាក់​ពី​ជណ្ដើរ​ខ្ពស់ ក៏​មិន​បែក​អេក្រង់​ដែរ​ទៀតផង៕

  • ប្រយោជន៍របស់ថ្នាំលាបក្រចក (ដែលបងៗស្រ្តីមេផ្ទះមិនធ្លាប់ដឹង)

    ប្រយោជន៍របស់ថ្នាំលាបក្រចក (ដែលបងៗស្រ្តីមេផ្ទះមិនធ្លាប់ដឹង)

    ក្រៅពីប្រើសម្រាប់លាបលើក្រចកឱ្យមើលទៅស្រស់ស្អាតហើយ ថ្នាំលាបក្រចកដែលសុភាពនារី និងបងៗស្រ្តីមេផ្ទះយើងប្រើនោះ នៅអាចប្រើការបានច្រើនយ៉ាងទៀត(យ៉ាងមិនគួរឱ្យជឿ)ដូចតទៅ ៖

    1 . លាបថ្នាំក្រចកប្រភេទពណ៌សថ្លា នៅលើឧបករណ៍ជាងផ្សេងៗ ដូចជា ដែកគោលវីស ខ្ចៅប៊ូឡុង គំរបដប…ល… រួចហើយមួលវាឱ្យជាប់ខណៈពេលដែលវានៅសើម នៅពេលដែលវាស្ងួតទៅ ថ្នាំលាប​ក្រចកនឹងធ្វើឱ្យឧបករណ៍ទាំងនោះកាន់តែជាប់ណែនខ្លាំងឡើង​។

    2 . ចង់ឱ្យគ្រឿងអលង្ការតុបតែង ដូចជា ពេជ្រ កែវកង គ្រឿងប្រាក់របស់អ្នកមើលទៅស្រស់ថ្លាភ្លឺចាំង មិនស្រអាប់ខ្មៅនោះ ចូរលាបថ្នាំក្រចកប្រភេទ Top Coat បែបថ្លាៗស្រោបពីលើ។

    3 . បិទស្រោមសំបុត្រដោយការលាបថ្នាំក្រចកពីលើកន្លែងលាបកាវរបស់ស្រោមសំបុត្រ នឹងធ្វើឱ្យកាន់តែជាប់ស្អិត​ខ្លាំង​​ជាងជ័រកាវទឹក និងមើលទៅឃើញស្អាតជាងប្រើទឹកមាត់លិទ្ធបិទទៅទៀត។

    4 . បន្តក់ទឹកថ្នាំលាបក្រចកដើម្បីបិទភ្ជិតរន្ធតូចៗ និងស្នាមឆ្កូតជ្រៅៗនៅលើតុឈើ អាចការពារមិនឱ្យរន្ធ ឬស្នាមឆ្កូតទាំងនោះរីកធំបាន។

    5 . ប្រើថ្នាំលាបក្រចកលាបបំបាត់ភាពមុតស្រួចរបស់ស្នាមរយះដាច់នៅលើឧបករណ៍ធ្វើពីឈើ ដូចជាដងចាប់របស់ឧបករណ៍ផ្សេងៗ ដើម្បី​កាត់បន្ថយការឆ្កូត ឬការពារមិនឱ្យមុតដៃពេលយើងចាប់កាន់ដោយមិនដឹងខ្លួន។

    6 . ការពារចុងខ្សែបែកស្ញាញ…អ្នកណាដែលធ្លាប់តែដុតបិទចុងខ្សែ ឬក៏ដេរភ្ចិតនោះ ចូរសាកល្បងជ្រលក់ចុងខ្សែ​ទៅក្នុងទឹកថ្នាំលាបក្រចកពណ៌ថ្លាៗម្តងមើល៏ វាក៏បានផលល្អដូចគ្នាដែរ។

    7 . ការពារច្រែះ យកថ្នាំក្រចកលាបលើឧបករណ៍ដែលធ្វើពីលោហៈនៅក្នុងបន្ទប់ទឹកដើម្បីការពារច្រែះ៕

  • ក្រុមការងារផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា ទទួលការកោតសរសើរពីទេសរដ្ឋមន្ដ្រី គន់ គីម

    ក្រុមការងារផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា ទទួលការកោតសរសើរពីទេសរដ្ឋមន្ដ្រី គន់ គីម

    សកម្មភាព​ដឹក​នាំ​​តារា​ចម្រៀង​ល្បីៗ​ក្នុង​ផលិតកម្ម​ហ្កាឡាក់ស៊ី ​មាន​ដូចជា លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និង​កញ្ញា ក សុវណ្ណារី ចុះ​ទៅ ស្រុក មង្គលបុរី នាំ​ស្បៀង​អាហារ​អង្ករ​ ៥០តោន និង​អាហារ​ហូប​ចុក​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជន់​លិច ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម ​បាន​ស្វាគមន៍​​​​យ៉ាង​កក់ក្ដៅ​បំផុត ក្នុង​នោះ​ឯកឧត្ដមទេសរដ្ឋមន្ត្រី បាន កោតសរសើរ​នៅ​ទឹក​ចិត្ត​មនុស្សធម៌​ដ៏​ធំ​ធេង​ របស់​​លោក ឧកញ៉ា​ឡេង​ណា​វ៉ាត់ត្រា ជា​ខ្លាំង។

    ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បាន​ចាត់​ទុក​កាយវិការ​របស់​លោក​ឧកញ៉ា ដែល​ មាន​អតីតភាព​ជា​ក្មេង​ទីជនបទ​ក្រីក្រ និង​ជា​ពលករ​ប្រទេសកូរ៉េ​ខាង​ត្បូង​រូបនេះ​ថា​ ជា​កាយវិការ​ដ៏​ល្អ​ប្រសើរ​ និង​ជាគំរូ​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែង​ទៅ​កាន់​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ថា”​ការរួមចំណែក​របស់​លោកឧកញ៉ា ឆ្លើយ​តប​ចំសភាពការណ៍ និង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​គាត់​កំពុងជួបការលំបាក និង​ខ្វះខាត ព្រោះ​តែទឹកជំនន់។នេះ​ជា​កាយវិការ​ល្អ​ណាស់​សម្រាប់​សង្គមយើង។ យើង​មាន​បាន យើង​ថ្កុំថ្កើង​ ក៏​ដោយ​សារ​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ ដូច្នេះ​ពេល​ប្រជាជន​មាន​ទុក្ខលំបាក​ យើង​ត្រូវ​ជួយ​រំលែក​ការលំបាករបស់គាត់។ទង្វើល្អ​ដែល​យើង​បាន​ធ្វើ​ចំពោះ​គាត់​នឹង​ធ្វើ​ឱ្យ​ជីវិត​យើង​មិន​សាបសូន្យ​នោះ​ឡើយ”​។

    លោកឧកញ៉ា ឡេង ណាវ៉ាត្រា​បាន​​លើក​ឡើង​​នោះ​ចំពោះ​មុខ​ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​ចុះ​ទៅ​ព័ត៌មាន​ដោយ​ផ្ទាល់​​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ​​ថា «នៅពេលដែលឃើញបងប្អូនខ្មែរមានទុក្ខ ខ្ញុំ​តែង​តែមានទុក្ខជាមួយគាត់។ អ៊ីចឹងយើងមានសេចក្តីសុខ នៅ​ពេល​យើង​បាន​ចែករំលែក​ទៅ​ដល់​គាត់ ព្រោះ​យើង​គិតថា ជីវិតយើងរស់មិនវែងទេ 10ឆ្នាំ, 20ឆ្នាំ, 30ឆ្នាំទៀត យើង​មិន​ចឹង​ថា​នៅ​ពេល​ណា? អ៊ី​ចឹង​យើង​មានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះ​គាត់ក៏​ចង់រស់​នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ»។

    ទទឹម​គ្នា​នោះ​ដែរ​លោក ឡេង ណាវ៉ាត្រា ក៏បានបង្ហាញការគាំទ្រពេញទំហឹង​ចំពោះសកម្មភាពរបស់​ថ្នាក់​ដឹកនាំរាជរដ្ឋាភិបាល និង​អាជ្ញាធរ ដែល​បានយកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​ជួប​ទុក្ខ​ជំនន់​ទឹក​ភ្លៀងនៅប្រទេសកម្ពុជា៕

  • Nokia ​នឹង​ “ដំឡើង​ប្រព័ន្ធ​ 4G ​លើ​ឋាន​ព្រះ​ចន្ទ” ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ NASA​

    Nokia ​នឹង​ “ដំឡើង​ប្រព័ន្ធ​ 4G ​លើ​ឋាន​ព្រះ​ចន្ទ” ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ NASA​

    ថ្មីៗនេះ ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានធ្វើកិច្ចព្រមព្រៀងមួយដែលមានតម្លៃ14.1លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ Nokia ដើម្បីសាងសង់ប្រព័ន្ធ4G នៅលើចន្ទមណ្ឌល។

    នេះគឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងដែល NASA កំពុងត្រៀមប្រគល់ឱ្យបណ្ដាក្រុមហ៊ុន នៅ​ពេល​ពួកគេ (NASA) មានគម្រោងត្រលប់ទៅកាន់ឋានលោកខែជាថ្មី។

    កិច្ចព្រមព្រៀងមានតម្លៃ14.1លានដុល្លារដែលត្រូវបានប្រគល់ឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ Bell Labs របស់ Nokia នៅសហរដ្ឋអាមេរិកលើកនេះ គ្រាន់តែជាផ្នែកដ៏តូចមួយតែប៉ុណ្ណោះនៅក្នុងចំណោមទំហំទឹកប្រាក់370លានដុល្លារ ដែលត្រូវបានប្រគល់ឱ្យក្រុមហ៊ុនផ្សេងៗ ក្នុងនោះមាន SpaceX របស់មហាសេដ្ឋី Elon Musk ជាដើម។

    Nokia នឹង “ដំឡើងប្រព័ន្ធ 4G លើឋានព្រះចន្ទ” ទៅតាមកិច្ចព្រមព្រៀងជាមួយ NASA
    Nokia ធ្លាប់​មាន​គម្រោង​ដំឡើងប្រព័ន្ធ 4G LTE នៅត្រង់ទីតាំងដែលយានអវកាស Apollo​ 17 បានចុះចត ក៏ប៉ុន្តែ ផែនការនេះមិន​បានទទួលជោគជ័យ

    លោក Jim Reuter អនុប្រធានផ្នែកគ្រប់គ្រងអវកាសរបស់អង្គការ NASA បានឱ្យដឹងថា ការដំឡើងសេវាចល័ត​4G នៅលើឋានព្រះចន្ទ នឹងអនុញ្ញាតឱ្យក្រុមអវកាសចរ អ្នករុករក យានចុះចតនៅលើឋានព្រះចន្ទ និងបរិយា​កាស​រស់នៅនៅទីនោះ អាចធ្វើការទំនាក់ទំនងគ្នាបានងាយស្រួលជាងមុន។

    ប្រព័ន្ធ4G ដែល Nokia គ្រោងនឹងសាងសង់នៅលើឋានព្រះចន្ទនេះ នឹងផ្ដល់មុខងារលេចធ្លោជាងច្រើនបើធៀបនឹងរូបមន្តទំនាក់ទំនងដែលធ្លាប់បានប្រើប្រាស់ នៅក្នុងបេសកកម្មឡើងទៅកាន់ឋានលោកខែនាពេលកន្លង​មក​។

    នេះមិនមែនជាការប្រឹកប្រែងលើកដំបូងក្នុងការដំឡើងប្រព័ន្ធ4G នៅលើឋានព្រះចន្ទនោះទេ។ កាលពីឆ្នាំ2018 Nokia បានរៀបចំផែនការសហការជាមួយក្រុមហ៊ុនអវកាស PTScientists របស់អាល្លឺម៉ង់ និងក្រុមហ៊ុនទូរគមនាគមន៍ Vodafone របស់អង់គ្លេស ដើម្បីដំឡើងប្រព័ន្ធ 4G LTE នៅត្រង់ទីតាំងដែលយានអវកាស Apollo​ 17 បានចុះចត ក៏ប៉ុន្តែ ផែនការនេះមិនបានទទួលជោគជ័យនោះឡើយ៕

    ប្រភព៖ Gizmochina

  • វិធីតុបតែងផ្ទះស្អាត ឃើញនៅថ្មី ដើម្បីឱ្យលក់ឆាប់ដាច់ និងបានថ្លៃ

    វិធីតុបតែងផ្ទះស្អាត ឃើញនៅថ្មី ដើម្បីឱ្យលក់ឆាប់ដាច់ និងបានថ្លៃ

    ទោះជាផ្ទះដែលយើងកំពុងស្នាក់នៅនេះ ជាផ្ទះដែលយើងស្រឡាញ់ប៉ុនណាក៏ដោយ តែក៏ប្រហែលជាមានថ្ងៃណា​មួយដែលយើងចាំបាច់ត្រូវតែលក់វាដែរ ដោយសារមានបញ្ហារឿងលុយកាក់ ការផ្លាស់ប្តូរទីលំនៅ ឬទៅរស់នៅបរទេសជាដើម – ល – ហើយការលក់ផ្ទះនេះទៀតសោត នរណាៗក៏ចង់លក់ឱ្យបានឆាប់ និងបានថ្លៃដែរ ដូច្នេះការតុបតែងផ្ទះឱ្យមើលទៅ​ស្អាត​​​​នោះ​​ មានផលល្អទៅដល់តម្លៃរបស់ផ្ទះដែលយើងចង់លក់ ដោយគួររៀបចំតុបតែងផ្ទះតាមតិចនិកដូចខាងក្រោមនេះ ៖

    1 . រៀបចំផ្ទៃក្នុងផ្ទះឱ្យមានរបៀប

    តឱ្យឧបករណ៍ គ្រឿងសង្ហារិមនៅក្នុងផ្ទះមើលទៅស្អាត មានតម្លៃប៉ុនណាក៏ដោយ តែបើនៅរាយប៉ាយ ដាក់មិនចំកន្លែង មិនគួរឱ្យយកភ្នែកមើលនោះ ក៏ផ្ទះប្រហែលជាមិនងាយលក់ចេញបានដែរ។ អ្នកជំនាញការខាងតុបតែងផ្ទះបានអះអាងថា​​ ការដាក់របស់​របរ​មិនចំកន្លែង នឹងធ្វើឱ្យផ្ទះមើលទៅច្របូកច្របល់ មិនគួរឱ្យចង់ទិញ ដូច្នេះយើងគួររៀបចំវាឱ្យមានរបៀបរៀបរយ ដូចជា បើផ្ទះអ្នកណាមានចង្រ្កានបាយ និងបន្ទប់ទទួលភ្ញៀវនៅក្នុងទីកន្លែងតែមួយ គួរតែយកឆាកឡប់ឡែមកដាក់បាំង និងក្រាលកម្រាល​ព្រំដើម្បីញែកបន្ទប់ទទួលភ្ញៀវឱ្យនៅដាច់ដោយឡែក។

    2 . ផ្លូវដើរក្នុងផ្ទះគួរឱ្យពេញចិត្ត

    ពឹតប្រាកដណាស់ថា ផ្ទះដែលមើលទៅធំទូលាយស្រឡះ ពឹតជាមើលទៅឃើញល្អជាងផ្ទះដែលមានបរិយាកាសតូចចង្អៀត ដែលគ្រាន់តែឃើញភ្លាម ក៏មានអារម្មណ៍ថា រាងថប់ៗ ហប់ៗស្រេចទៅហើយដែរ។ ទោះជាផ្ទះរបស់លោកអ្នកមិនមានទីកន្លែងធំប៉ុន្មានមែន តែយ៉ាងហោចណាស់ក៏ការទុកឱ្យមានចន្លោះដែលទំនេរសម្រាប់ធ្វើជាផ្លូវដើរទៅមកបានយ៉ាងស្រួលនោះ ក៏អាចជួយបានច្រើនដែរ ដូច្នេះគួរបង្ខិតកៅអីសាឡុងទៅជាប់ជញ្ជាំង ឬជិតបង្អួច និងទុកកន្លែងសម្រាប់ធ្វើជាផ្លូវដើរឱ្យបានធំល្មមផងទើបជាការល្អ។

    3 . ថែមពណ៌ឱ្យស្រស់ស្អាតបន្តិច

    ពណ៌មានចំណែកសំខាន់ក្នុងការជួយតុបតែងឱ្យបន្ទប់មានទំហំតាមដែលអ្នកចង់បានយ៉ាងងាយស្រួល ដូចជាប្រើពណ៌ភ្លឺៗបន្លំភ្នែកឱ្យបន្ទប់មើលទៅឃើញកាន់តែធំឡើង ខណះដែលពណ៌ងងឹតៗអាចធ្វើឱ្យបន្ទប់មើលទៅរាងមានអាថ៌កំបាំងដូច្នោះដែរ។ ក្រៅពីនេះ ពណ៌នីមួយៗថែមទាំងផ្ដល់នូវបរិយាកាសខុសប្លែកពីគ្នាទៀតផង ដូច្នេះយើងត្រូវចេះចាប់គូពណ៌ និងរើសពណ៌ឱ្យស៊ីគ្នានឹងបន្ទប់ផង។

    4 . រៀបចំពន្លឺឱ្យសមល្មម

    ពន្លឺដែលស្អាតសមសួននឹងជួយធ្វើឱ្យបន្ទប់ក្នុងផ្ទះមើលទៅស្អាតទំនើបភ្លាមតែម្តង ព្រោះធ្វើឱ្យបន្ទប់មើលទៅស្រឡះ មានខ្យល់អាកាសចេញចូលល្អ និងថែមទាំងធ្វើឱ្យពណ៌របស់ឧបករណ៍តុបតែងផ្សេងៗនៅក្នុងផ្ទះមើលទៅ​ស្អាតជាងមុន​​​​​ទៀត​ផង។​ គួរដាក់អំពូលភ្លើងឱ្យបានសព្វកន្លែង តែក៏មិនមែនច្រើនហួសហេតុពេកដែរ និងជាពិសេសក្នុងបន្ទប់ទឹកដែលសើមជាប់ជានិច្ចនោះ រឹតតែត្រូវយកចិត្តទុកដាក់រឿងពន្លឺខ្លាំងទៅទៀត។

    5 . ជួសជុលកន្លែងខូចខាតឱ្យបានល្អឡើងវិញ

    លោកអ្នកប្រហែលជាមិនចង់បែរមុខទៅញញឹមរាងស្ងួតៗដាក់ភ្ញៀវដែលមកចង់ទិញផ្ទះ នៅពេលដែលបើក​​ភ្លើង​​​​អត់ឆេះ ឬទ្វារបើកមិនចង់ចេញ ឬពេលបើកម្តងៗឮសូរសំឡេងង៉ឺតង៉តគួរឱ្យរំខាននោះឡើយមែនទេ? ដូច្នេះមុនពេលណាត់អ្នកដែលគេចង់ទិញផ្ទះឱ្យមកមើលផ្ទះនោះ លោកអ្នកត្រូវត្រួតពិនិត្យមើលសភាពរបស់ផ្ទះគ្រប់យ៉ាងឱ្យបានរៀបរយជា​មុនសិន មិនដូច្នោះទេរឿងកំប៉ិកកំប៉ុកទាំងនោះ អាចធ្វើឱ្យផ្ទះរបស់អ្នកពិបាកលក់ចេញ និងអាចចុះថ្លៃទៀតផងក៏ថាបានដែរ។

    អ្ហ៎!…មានរឿងមួយទៀតដែលអ្នកមិនត្រូវភ្លេចជាដាច់ខាត នោះគឺ ការបោសសម្អាតផ្ទះឱ្យបានស្អាតហ្មត់ចត់ ព្រោះផ្ទះស្អាតនឹងធ្វើឱ្យមើលទៅឃើញដូចជាផ្ទះនៅថ្មី ខុសពីផ្ទះកខ្វក់ដែលមើលទៅឃើញដូចជាចាស់ទ្រុឌទ្រោម៕

  • សុខ រក្សា ប្រកាសគម្រោងកូន បន្ទាប់ពីភរិយាធ្លាប់….

    សុខ រក្សា ប្រកាសគម្រោងកូន បន្ទាប់ពីភរិយាធ្លាប់….

    នៅថ្ងៃសម្ពោធបើកហាង GM របស់ VJ Dada តារាចម្រៀង សុខ រក្សា បានប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកនិងភរិយា មានគម្រោងយកកូនបន្ដទៀត បន្ទាប់ពីភរិយាលោក ធ្លាប់បាត់បង់បុត្រម្ដងរួចមកហើយ។ លោកសុខ រក្សា ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រ មិត្តសិល្បករ សិល្បការនីទាំងអស់ ដែលបានព្រួយបារម្ភពីសុខភាពរបស់ភរិយាខ្លួននាពេលកន្លងមកផងដែរ។

    យ៉ាងណាមិញ ចាប់តាំងពីមានរឿងគួរឱ្យសោកស្តាយនោះកើតឡើងគេពុំដែលឃើញប្តីប្រពន្ធគូរនេះចេញមកបកស្រាយ ឬនិយាយអ្វីពាក់ព័ន្ធនិងរឿងនេះឡើយ ទើបពេលនេះដែលលោកតារាចម្រៀង សុខ រក្សា ចេញមុខប្រាប់ឱ្យដឹងថា ពេលនេះភរិយារបស់ខ្លួន (កុល ដាវី) មានសុខភាពល្អវិញហើយ ហើយក៏កំពុងចាប់ផ្តើមបន្តពង្រឹង និងថែទាំសុខភាពឡើងវិញ ដើម្បីត្រៀមនឹងយកបុត្រនៅរយៈពេលពីរខែទៀត ពោលគឺដើមខែធ្នូខាងមុខនេះ។

    ត្បិតមិនបង្ហាញមុខក្នុងការងារសិល្បៈច្រើនដូចពីមុន ប៉ុន្តែជីវិតឯកជនរបស់ប្តីប្រពន្ធអ្នកសិល្បៈលោក សុខ រក្សា និង កុល ដាវី នៅតែជាទីចាប់អារម្មណ៍មហាជនគ្រប់មជ្ឈដ្ឋាន។ ជាការពិតណាស់ថ្មីៗនេះ អ្នកទាំងពីរទើបជួបរឿងគួរឱ្យសោកស្តាយ ដោយបានបាត់បង់ដំណក់ឈាមរួមគ្នាកាលពីពេលថ្មីៗនេះ ធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភចំពោះសុខភាពរបស់តារាសម្តែងតួឆ្នាស់ឆ្នើម កុល ដាវី ខ្លាំងមុន៕

  • មិនទាន់រកឃើញជើងឯក តែ MCL រកឃើញក្រុម ដែលត្រូវជ្រុះចេញ ទៅលេងនៅលីគទី2 រដូវកាលក្រោយហើយ

    មិនទាន់រកឃើញជើងឯក តែ MCL រកឃើញក្រុម ដែលត្រូវជ្រុះចេញ ទៅលេងនៅលីគទី2 រដូវកាលក្រោយហើយ

    ការប្រកួត​លី​គ​កំពូល​កម្ពុជា សប្តាហ៍​ទី19 រដូវ​កាល2020 បានបញ្ចប់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី18 ខែតុលា ឆ្នាំ2020 រវាង​ក្រុម2 គឺ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម 18ឆ្នាំ និង​ក្រុម​អគ្គិសនី​កម្ពុជា ដែល​ជាការ​ប្រជែង​យកជ័យ​ជម្នះ ដើម្បី​ចៀស​ផុតពី​ការ​កាត់​ចេញពី​លី​គ​កំពូល​កម្ពុជា។

    យោង​លើ​លទ្ធផល​នៅក្នុង​ការប្រកួត​នេះ ក្រុម​ទាំង2 បាន​ចាញ់​ដូចគ្នា ដែល​វា​បានបង្ហាញ​ជា​ផ្លូវការ​ហើយ​ថា ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី អាយុ​ក្រោម 18ឆ្នាំ នឹងត្រូវ​កាត់ចេញ​ទៅលេង​នៅ​លី​គ​ទី2 នា​រដូវ​កាល​ក្រោយ បន្ទាប់ពី​ពិន្ទុ​ប្រៀបធៀប គឺ​ចាញ់​ក្រុម​ដែល​នៅ​ពីលើ​បន្ទាប់ (អគ្គិសនី​កម្ពុជា) ចំនួន 4ពិន្ទុ ខណៈ​ការប្រកួត​នៅសល់តែ 1ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់។

    គួរឱ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​កាត់​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម 18ឆ្នាំ​ចេញ ក្រុម​ជើងឯក​លី​គ​ទី2 នឹងត្រូវ​ឡើងមក​បំពេញ​ចន្លោះ​ក្រុម​ដែល​បាន​កាត់ចេញ​មួយ​នេះ៕

  • Van Dijk រងរបួសធ្ងន់ធ្ងរ ធ្វើឱ្យកីឡាករដទៃទៀត ខ្លាចរអាបំផុត

    Van Dijk រងរបួសធ្ងន់ធ្ងរ ធ្វើឱ្យកីឡាករដទៃទៀត ខ្លាចរអាបំផុត

    កាលពី​យប់​ថ្ងៃ​សៅ​រ៏ ទី17 ខែតុលា ឆ្នាំ2020 ក្នុងការ​ប្រកួត​រវាង​ក្រុម Liverpool និង Everton ដែល​បញ្ចប់​ដោយ​លទ្ធផល 2ទល់នឹង2 នៃ​លី​គ​កំពូល​អង់គ្លេស (English Premier League) កីឡាករ​ខ្សែការពារ Virgil Van Dijk បាន​ប៉ះទង្គិច​គ្នា​ជាមួយនឹង​អ្នកចាំទី ដែល​បណ្ដាល​ឱ្យគេ រងរបួស​មិនអាច​បន្ត​លេង​តទៅទៀតបាន។

    ក្លិប​បាល់ទាត់ Liverpool បាន​បញ្ជាក់ថា ខ្សែការពារ Virgil Van Dijk បាន​រងរបួស​ជង្គង់ ដោយ​ដាច់​សរសៃ ACL ដែល​ធ្វើឱ្យ​រូបគេ​ត្រូវធ្វើ​ការវះកាត់ និង​រង់ចាំ​ការព្យាបាល​រយៈពេល​យូរ​បំផុត។ ព័ត៌មាន​បឋម​គឺថា រូបគេ​អាច​នឹងត្រូវ​នៅក្រៅ​ទីលាន រហូតដល់​ទៅ 6-10ខែ តាម​ស្ថានភាព​របួស។

    គួរឱ្យ​ដឹង​ដែរ​ថា របួស ACL នេះ បានបញ្ចប់​អាជីព និង​ភាពខ្លាំង​របស់​កីឡាករល្អៗជាច្រើន​នាក់​ហើយ ប៉ុន្តែ​បើ​យកចិត្តទុកដាក់​ព្យាបាល និង​មានការ​តាំងចិត្ត​ខ្ពស់​នោះ របួស​នឹង​ឆាប់​ជាសះស្បើយ៕

  • សំណេរបែបណាដែលគួរផ្ញើទៅគូស្នេហ៍ខណៈពេលកំពុងឈ្លោះគ្នា

    សំណេរបែបណាដែលគួរផ្ញើទៅគូស្នេហ៍ខណៈពេលកំពុងឈ្លោះគ្នា

    អ្នកកំពុងខឹងគូស្នេហ៍ខ្លាំងណាស់ និងចាប់ផ្ដើមវាយអក្សរជាសំណេរដើម្បីប្រាប់ឱ្យគេដឹងថា អ្នកកំពុងមានអារម្មណ៍បែបណា តែអ្នកវាយរួចលុប វាយរួចលុប ដដែលៗ ម្ដងហើយម្ដងទៀត ព្រោះមិនអាចទម្លាយអារម្មណ៍ខឹងដែលកំពុងក្ដៅងំនៅក្នុងចិត្តបាន

    តែក៏ខំព្យាយាម។ ទីបំផុតអ្នកក៏បន្តឈ្លោះប្រកែកគ្នាតាមរយៈសំណេរដែលផ្ញើឱ្យគ្នាទៅវិញទៅមក ហើយពេលនេះអ្នកមានអារម្មណ៍យ៉ាប់យ៉ឺនជាងមុនទៅទៀត…។ ដឹងទេថា អ្នកមិនគួរផ្ញើសំណេរដែលសម្ដែងពីភាពឆេវឆាវទៅឱ្យគូស្នេហ៍ខណៈដែលអ្នកកំពុងខឹងមួម៉ៅឡើយ ដូច្នេះតើអ្នកគួរធ្វើយ៉ាងណា? តើអ្នកគួរផ្ញើសំណេរបែបណាក្នុងពេលដែលអ្នកកំពុងខឹងក្រេវក្រោធដើម្បីគ្រាន់តែចង់ឱ្យអ្នកម្ខាងទៀតនោះដឹង តែមិនចង់ឱ្យវារីករាលដាលក្លាយជារឿងធំ។ មិនមែនជារឿងងាយទេ មែនទេ? តែក៏អាចធ្វើបានតើ!។ អូខេ…ខាងក្រោមនេះ គឺជាវិធីដែលល្អបំផុតក្នុងការទប់ទល់ជាមួយស្ថានកាណ៍បែបនេះ។

    ទុកពេលឱ្យខ្លួនឯងចិត្តត្រជាក់ៗវិញសិន មុននឹងផ្ញើសំណេរទៅ

    នេះអាចជាវិធីមួយដែលពិបាកបំផុត តែក៏សំខាន់បំផុតដែរ ព្រោះវិធីតែមួយគត់ដែលអ្នកអាចធ្វើបានគឺ ការមិនបាច់ធ្វើអ្វីហ្នឹងឯង។ រឹតតែខឹងខ្លាំងប៉ុនណា ក៏រឹតតែរង់ចាំយូរប៉ុននោះដែរ ទោះជាមានកម្លាំងជំរុញឱ្យវាយតតាំង ដោះសា ឬការពារខ្លួនក្ដី តែពាក្យសំដីរបស់អ្នកមានភាពសំខាន់ខ្លាំងបំផុត ដូច្នេះការរង់ចាំដើម្បីសាងពាក្យសំដីដែលស័ក្តិសមគួរប្រើ នឹងជួយធ្វើឱ្យគោលដៅក្នុងការស្ដាប់ និងយល់ដឹងកាន់តែល្អឡើង…ទោះជាពិបាកមែន តែក៏ស័ក្តិសមនឹងតម្លៃនៃការរង់ចាំដែរ។

    ត្រូវច្បាស់លាស់នូវអ្វីដែលអ្នកត្រូវការចង់និយាយ និងពេលដែលនិយាយចេញទៅ

    ខណៈដែលអ្នកកំពុងតែទន្ទឹងរង់ចាំពេលវេលាដើម្បីឱ្យចិត្តត្រជាក់ទៅវិញនោះ អ្នកគួរគិតផងថា តើអ្នកត្រូវការប្រាប់អ្វីទៅគូស្នេហ៍ ព្យាយាមតាំងសតិ និងគិតថា អ្វីដែលសំខាន់បំផុត?។ នៅពេលអ្នកដឹងចម្លើយហើយ បន្ទាប់ពីនោះក៏ “រកនឹកពាក្យសំដីខ្លីៗ ចំចំណុច និងមានន័យ”។

    កុំឈ្លោះគ្នាតាមរយៈសំណេរ

    មិនថាជាយ៉ាងណាក៏ដោយ អ្នកគួរតែគ្រប់គ្រងខ្លួនឯងឱ្យបាន កុំទម្លាយអារម្មណ៍ខឹងសម្បាតាមរយៈសំណេរជាដាច់ខាត ដោយសារតែការឈ្លោះគ្នាតាមរយៈសំណេរមានតែនឹងធ្វើឱ្យអ្វីៗគ្រប់យ៉ាងដួលរលំខ្ទេចខ្ទីតែប៉ុណ្ណោះ។ បើអ្នកធ្លាប់ឈ្លោះគ្នាតាមរយៈសំណេរ នោះអ្នកច្បាស់ជាដឹងមិនខានថា វាយ៉ាងម៉េច? អារម្មណ៍ផ្សេងៗនឹងពុះកញ្រ្ជោលបាញ់ចេញទៅយ៉ាងឆាប់រហ័ស និងអាចជាហេតុនាំឱ្យទាំងសងខាងសរសេរនូវអ្វីដែលនឹងធ្វើឱ្យខ្លួនឯងសោកស្ដាយនៅពេលក្រោយបាន។

    នេះគឺជាអ្វីដែលគួរសរសេរ និងហេតុផលដែលអាចប្រើការបាន

    អូខេ នៅទីបំផុតអ្នកក៏មានអារម្មណ៍ល្អ និងមើលទៅ(ហាក់ដូចជា)ស្ងប់ចិត្តវិញហើយ។ ម្ដងនេះអ្នកត្រូវពិចារណាថា អ្វីគឺជាមូលហេតុដែលធ្វើឱ្យអ្នកខឹងមួម៉ៅដល់ថ្នាក់ហ្នឹង ហើយសឹមផ្ញើសំណេរទៅ…តែ តើអ្នកគួរសរសេរថាម៉េច?។

    អ្នកជំនាញ(ដូចអ្នកគ្រូ ឆវី ជាដើម)ប្រាប់ថា មានរឿង 4យ៉ាងដែលអ្នកគួរចាំឱ្យជាប់ក្នុងចិត្ត…

    ដំបូងគេគឺ អ្នកត្រូវគ្រប់គ្រងបរិយាកាសជារួមរបស់សំណេរឱ្យបាន ដើម្បីបង្ហាញថា អ្នកយល់ព្រមក្នុងការចរចា(បញ្ចប់សង្រ្គាម ហ៊ីសៗ) ទោះជាអ្នកនៅខឹង តែក៏មានអារម្មណ៍នឹងនរ បើកចិត្តទូលាយ ព្រមក្នុងការនិយាយគ្នាល្អៗស្រួលៗ ជំនួសការនិយាយពាក្យអាក្រក់ស្ដាប់ និងវាយប្រហារគ្នា។

    ទី2 ទោះជាគំនិត និងអារម្មណ៍របស់អ្នកនៅវិលវល់ច្របូកច្របល់ក៏ដោយ តែនេះមិនមែនជាពេលវេលាដែលអ្នកត្រូវទម្លាយគ្រប់យ៉ាងចេញមកនោះទេ។ អ្នកគួរផ្ដោតទៅលើសំណេរឱ្យខ្លីៗ ព្រោះថា បើរឹតតែខ្លី ក៏នឹងមើលទៅមានភាពរុករានបំពានគ្នាតិចទៅតាមនោះដែរដោយស្វ័យប្រវត្តិ។

    ទី3 ព្យាយាមតុបតែងឱ្យសំណេររបស់អ្នកមានហេតុផល និងបង្កប់ន័យ។ បើអ្នកត្រូវការត្រឹមតែទម្លាយអារម្មណ៍នោះ ក៏មិនបានមានន័យថា បញ្ហាទាំងឡាយនឹងធូរស្រាលឡើងវិញបានលឿនដែរ…មិនប្រាកដដែរ ជួនកាលវាអាចនឹងយ៉ាប់យ៉ឺនជាងមុនទៅទៀតផងក៏មិនដឹង ព្រោះអ្នកណាចង់ឆ្លើយមកវិញ បើដឹងថាតែមួយស្របក់ទៀតនឹងឈ្លោះគ្នាទៀតនោះ។ ចម្លើយគឺ គ្មានទេ!។

    និងចុងក្រោយ ហាមនិយាយរៀបរាប់ពីកំហុសគ្នាតាមរយៈសំណេរជាដាច់ខាត!។

    អូខេ ហើយតើយើងគួរសរសេរថាយ៉ាងណា? សូមតាមដានបន្ត…

    “អូន(ឬបង)មានអារម្មណ៍ឈឺចាប់ និងមួម៉ៅចំពោះរឿងដែលកើតឡើង អូន(ឬបង)ចង់ស្ដាប់យោបល់ពីបង(ឬអូន)ម្ដង ដើម្បីឱ្យយើងបានកែបញ្ហានេះទាំងអស់គ្នា”

    សំណេរនេះអាចប្រើការបាន ដោយសារតែអ្នកប្រាប់ឱ្យគូស្នេហ៍ដឹងថា អ្នកមានអារម្មណ៍យ៉ាងណាដោយមិនបានដាក់សម្ពាធលើគេឡើយ។ អ្នកមិនគួរកុហក់ និងបិទបាំងអារម្មណ៍នោះទេ ព្រោះនៅមានវិធីជាច្រើនទៀតក្នុងការនិយាយគ្នាដោយមិនសាងបញ្ហាបន្ថែម។ អ្នកនឹងអាចកែបញ្ហាបាន និងធ្វើឱ្យរូបអ្នក ជាមួយគូស្នេហ៍មានសេចក្ដីសុខ និងពេញចិត្តពេញថ្លើម។ ទាំងអស់ក៏មានតែប៉ុណ្ណឹងឯង មែនអត់?៕

  • កំពូលតារាចម្រៀង ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា និងលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ចែក​អំណោយ​ជូន​ពលរដ្ឋខេត្តបន្ទាយមានជ័យ

    កំពូលតារាចម្រៀង ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា និងលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ចែក​អំណោយ​ជូន​ពលរដ្ឋខេត្តបន្ទាយមានជ័យ

    បន្ទាប់​ពី​បាន​បរិច្ចាគ​​ថវិការ រហូតទៅដល់ 60ម៉ឺនដុល្លារ តប​តាម​ការ​អំពាវ​នាវ​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​ជួយ​បង​ប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ដោយជំនន់​ទឹក​ភ្លៀង នៅ​ព្រឹក​នេះ​​ ​អតីត​ពលករ​​ខ្មែរ​​ធ្វើការ​នៅ​ប្រទេសកូរ៉េ លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បាន​ដឹក​នាំ​​​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​​ របស់​លោក​ចុះ​​ចែក​អំណោយ​ដោយ​ផ្ទាល់​តែ​ម្ដង​នៅ នៅ​ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ។

    អំណោយ​ដែល​ក្រុមគ្រួសារ Galaxy Navatra នាំអំណោយ​ទៅ​ចែក​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ជំនន់​ទឹក​ភ្លៀង​​ ​មាន អង្ករ50តោន និង​គ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។ កំពូល​តារា​ចម្រៀង លោក​ ​ព្រាប សុវត្ថិ លោក ខេម នឹង កញ្ញា តន់ ច័ន្ទសីម៉ា ក៏​គេ​ឃើញ​មាន​វត្តមាន​ក្នុង​ពិធី​នោះ​ផង​ដែរ។ សកម្មភាព​នេះ​បញ្ជាក់ឱ្យ​ឃើញ​​ថា គឺ​ជា​ទឹក​ចិត្ត​ជួយ​សង្គម​ពិត​របស់​អតីត​ពលករ​​ខ្មែរ​​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​រូប​នេះ ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ជំនន់​ទឹក​ភ្លៀង ពិសេស​នោះ គឺ​ជា​ការ​ចូល​រួម​ចំណែក​ជួយ​​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ជា​មួយ​រដ្ឋាភិបាលកម្ពុជា។

    សូម​បញ្ជាក់​ផង​ដែរ​​ថា ក្នុង​តួលេខ​បង្ហាញ​ដោយ​សម្ដេច​តេជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ សប្បុរស​ជន​ដែល​បាន​ចូល​រួម​ជួយ​​ប្រជាជនក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​​​ គិតត្រឹមម៉ោង 11:34 នាទីថ្ងៃត្រង់ ថ្ងៃទី19 តុលា 2020 នេះថវិកាទទួលបាន 6,867,524 ដុល្លារ , 396,525,000 រៀល និង 5.000€ (ប្រាំពាន់អឺរ៉ូ)។ ក្នុង​ចំណោម ឧកញ៉ា​ល្បី​ៗ​​​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន​រូប​​បាន​ចូល​រួម​បរិច្ចាគ​ថវិកា គេ​ឃើញ​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា នាយក​ក្រុមហ៊ុន ​ឡេង​ណាវ៉ាត្រា​ ​គ្រុប បាន​ចូល​រួម​បរិច្ចាគ​ថវិកា​​ជូន​​ 60ម៉ឺន​ដុល្លារ ​ជា​​ចំនួន​ដែល​ច្រើន​ជាង​គេ ខណៈ​ដែល​អ្នក​ដែល​ឈរ​លេខ​រៀង​ទី2 គឺ​ឧកញ៉ា ហុង ពីវ នឹង ឧកញ៉ា ចេញ ស៊ី បាន​ចូល​ចំនួន​៥០ម៉ឺន​ដុល្លារ៕