Category: សង្គម និងសេដ្ឋកិច្ច

  • បន្ទាប់ពីក្ស័យធន Thai Airways ប្រកាសលក់យន្តហោះ 34គ្រឿង

    បន្ទាប់ពីក្ស័យធន Thai Airways ប្រកាសលក់យន្តហោះ 34គ្រឿង

    ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways កំពុងប្រកាសស្វែងរកអ្នកទិញយន្តហោះ Boeing និង Airbus មួយទឹក ចំនួនរាប់សិបគ្រឿងរបស់ខ្លួន ក្នុងបំណងទូទាត់បំណុល 350ពាន់លានបាត (ប្រហែលនឹង11.4ពាន់លានដុល្លារអាមេរិក)។

    ក្រុមអ្នកទិញ មានពេលកំណត់ចាប់ពីថ្ងៃនេះដល់ថ្ងៃទីទី13វិច្ឆិកា ដើម្បីចុះឈ្មោះចូលរួមការដេញថ្លៃ ហើយការលក់នេះនឹងត្រូវបានធ្វើឡើងក្រោមផែនការរៀបចំរចនាសម្ព័ន្ធពាណិជ្ជកម្មឡើងវិញ ដែលប្រការនេះត្រូវបានយល់ព្រមពីតុលាការក្ស័យធនកាលពីខែកញ្ញា។

    Thai Airways កំពុងតែរៀបចំរចនាសម្ព័ន្ធពាណិជ្ជកម្មទាំងមូលរបស់ខ្លួនឡើងវិញ ក្រោយពី Covid-19 បាននិងកំពុងបំផ្លាញវិស័យអាកាសចរណ៍ទូទាំងពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Nok Airlines ជាក្រុមហ៊ុនដែល Thai Airways កាន់កាប់ភាគហ៊ុន13% ក៏ទទួលបានការយល់ព្រមពីតុលាការក្នុងសប្ដាហ៍នេះអំពីដំណើរការនៃការទូទាត់ ឬរៀបចំខ្ទង់បំណុលរបស់ខ្លួន ក្រោយពីប្រាក់ចំណូលបានធ្លាក់ចុះខ្លាំង។

    ការលក់យន្តហោះនេះគឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធជំនួញឡើងវិញរបស់ Thai Airways។ នេះគឺជាជំហានមួយដែលក្រុមហ៊ុននេះយល់ថា “ចាំបាច់ដើម្បីកាត់បន្ថយក្រុមហោះហើរ ក្នុងបំណងសម្របខ្លួនទៅតាមអត្រានៃការហោះហើរនាបច្ចុប្បន្ន ទន្ទឹមនឹងការកាត់បន្ថយការចំណាយ។ ការលក់យន្តហោះនេះនឹងស្នើឱ្យមានការយល់ព្រមពីសំណាក់ភាគហ៊ុនិក និងតុលាការក្ស័យធន”។

    កាលពីថ្ងៃទី26ឧសភា ក្រុមហ៊ុនថៃមួយនេះ បានដាក់ពាក្យសុំធ្វើការក្ស័យធនជាផ្លូវការទៅកាន់តុលាការក្ស័យធនថៃ។ ដំណឹងនេះត្រូវបានលើកឡើង បន្ទាប់ពីមូលបត្ររបស់ Thai Airways បានកើន12.9% ឡើងដល់4.9បាត នៅក្នុងការជួញដូរកាលពីថ្ងៃទី26ឧសភា។

    មុនពេលធ្លាក់ដល់ដំណាក់កាលក្ស័យធន Thai Airways បានរកមធ្យោបាយជាច្រើនដើម្បីសង្គ្រោះខ្លួន។ ពួកគេបានស្នើសុំកញ្ចប់ជំនួយ10ពាន់លានបាត (307លានដុល្លារអាមេរិក) ពីរដ្ឋាភិបាលថៃ ដើម្បីយកមកបើកប្រាក់ខែជូនបុគ្គលិក។

    ក្រៅពីនេះ ក្រុមហ៊ុនក៏បានស្នើប្រាក់កម្ចី70ពាន់លានបាតផ្សេងទៀតពីក្រសួងហិរញ្ញវត្ថុថៃដើម្បីបន្តសកម្មភាពហោះហើរ។ ក៏ប៉ុន្តែ គ្រប់យ៉ាងមិនអាចជួយសង្គ្រោះក្រុមហ៊ុននេះបាន ដោយសារតែCovid-19។ ជាងនេះ Thai Airways នៅមានបញ្ហាហិរញ្ញវត្ថុផ្សេងទៀត ព្រោះតែខ្ទង់ខាតបង់ជាច្រើនឆ្នាំបន្តបន្ទាប់កន្លងមកនេះ។

    ឆ្នាំ2018 Thai Airways បានខាតបង់ 361លានដុល្លារ និងឆ្នាំ2019 បានខាត 374លានដុល្លារ។ បច្ចុប្បន្ន ក្រុមហ៊ុននេះនៅជំពាក់បំណុល 7.6ពាន់លានដុល្លារ ក្នុងនោះមាន 677លានដុល្លារគឺជាបំណុលដែលត្រូវទូទាត់នៅក្នុងឆ្នាំនេះ។ ក៏ប៉ុន្តែ Thai Airways នៅសល់ប្រាក់សុទ្ធត្រឹមតែ 674លានដុល្លារប៉ុណ្ណោះ ហើយលទ្ធភាពនៃការដោះបំណុលខាងលើ ទំនងជាមិនអាចទៅរួច៕

    ប្រភព៖ Bloomberg

     

  • អ្នក​ត្រលប់​នំ​នៅ​ហាង​ McDonald’s​ ក្លាយ​ជា​សេដ្ឋី​វ័យ​ក្មេង​ មាន​ផ្ទះ​ជួល​40​ខ្នង​ ដោយ​សារ​អាថ៌​កំបាំង​ពី​ជីដូន

    អ្នក​ត្រលប់​នំ​នៅ​ហាង​ McDonald’s​ ក្លាយ​ជា​សេដ្ឋី​វ័យ​ក្មេង​ មាន​ផ្ទះ​ជួល​40​ខ្នង​ ដោយ​សារ​អាថ៌​កំបាំង​ពី​ជីដូន

    Mandrell កំពុងកាន់កាប់អចលនទ្រព្យវិនិយោគដែលត្រូវបានវាយតម្លៃថា មានតម្លៃជាង10លានដុល្លារអាមេរិក ក្នុងនោះ ភាគច្រើនគឺជាអចលនទ្រព្យសម្រាប់ជួលឱ្យបណ្ដាគ្រួសារតូចៗនៅ Boston សហរដ្ឋអាមេរិក។

    ពេលធំឡើង Willie Mandrell ដែលបច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន The Mandrell Co. និងជាស្ថាបនិកក្រុមហ៊ុន Wealth Builder Nation បានមើលឃើញអំពីការរីកចម្រើននៃការវិនិយោគទៅលើអចលនទ្រព្យរបស់គាត់។ Willie Mandrell បានប្រាប់ Business Insider ថា៖ “លោកយាយខាងម្ដាយរបស់ខ្ញុំធ្លាប់ធ្វើជាអ្នករត់តុ និងធ្វើការងារប្រើកម្លាំងជាច្រើនផ្សេងទៀត មុននឹងមានមនុស្សម្នាក់ណែនាំឱ្យគាត់ទិញផ្ទះតូចមួយខ្នងទុកសម្រាប់ជួល”។

    ក្នុងអំឡុងទសវត្សរ៍1950 លោកយាយរបស់ Willie Mandrell ក៏បានទិញផ្ទះមួយខ្នងនៅតំបន់ South End នៃទីក្រុង Boston។ ជំនាន់នោះ តំបន់នេះមិនទាន់មានមនុស្សម្នារស់នៅច្រើននៅឡើយ ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមក ប្រាក់ដែលរកបានពីការជួលផ្ទះរបស់គាត់ក៏បានកើនឡើងជាបន្តបន្ទាប់ នៅពេលមានក្រុមហ៊ុនកាន់តែច្រើន​មក​បើកមុខជំនួញនៅទីនេះ។ មិនយូរប៉ុន្មាន លោកយាយរបស់ Willie Mandrell ក៏យកប្រាក់ដែលសន្សំបានពីការជួលផ្ទះ ទៅទិញផ្ទះដទៃទៀតនៅក្នុងតំបន់។

    Willie Mandrell និយាយថា៖ “លោកយាយរបស់ខ្ញុំគឺជាស្ត្រីម្នាក់ដែលមានកម្រិតវប្បធម៌ត្រឹមថ្នាក់ទី6ប៉ុណ្នោះ ប៉ុន្តែអាចរកទ្រព្យបានយ៉ាងច្រើនតាមរយៈអចលនទ្រព្យ។ ពេលខ្ញុំ និងបងប្អូនខ្ញុំដើរជាមួយ គាត់រៀបរាប់ប្រាប់រឿងរ៉ាវទាំងអស់អំពីការរកស៊ីរបស់គាត់”។

    អ្នកត្រលប់នំនៅហាង McDonald’s ក្លាយជាសេដ្ឋីវ័យក្មេង មានផ្ទះជួល40ខ្នង ដោយសារអាថ៌កំបាំងពីជីដូនក៏ប៉ុន្តែ អាថ៌កំបាំងនៃការរកស៊ីរបស់គាត់ មិនមែនមិនគិតថ្លៃនោះឡើយ ព្រោះពួកគេ (ចៅៗ) ត្រូវចំណាយកម្លាំងដើម្បីបានទទួលបទពិសោធន៍នេះ។ ជាក់ស្ដែង Willie Mandrell ត្រូវជួយបោសសម្អាតផ្ទះ ប្រមូលថ្លៃជួលផ្ទះ និងថែរក្សាផ្ទះសម្រាប់ជួលទាំងនោះផងដែរ ដើម្បីជាថ្នូរនឹងការបានទទួលដំបូន្មានដ៏មានប្រយោជន៍ពីលោកយាយក្នុងវិស័យអចលនទ្រព្យ។

    បច្ចុប្បន្ន Willie Mandrell កំពុងកាន់កាប់អចលនទ្រព្យវិនិយោគដែលត្រូវបានវាយតម្លៃថា មានតម្លៃជាង​10​លាន​ដុល្លារអាមេរិក ក្នុងនោះ ភាគច្រើនគឺជាអចលនទ្រព្យសម្រាប់ជួលឱ្យបណ្ដាគ្រួសារតូចៗនៅ Boston។ ក្រៅពីនេះ Willie Mandrell ថែមទាំងជួយគ្រប់គ្នាដែលមានបំណងទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុផងដែរ តាមរយៈការប្រឹក្សាយោបល់ និងការណែនាំផ្សេងៗ។

    ខាងក្រោមនេះគឺជាវិថីដែលបាននាំឱ្យ Willie Mandrell ក្លាយជាសេដ្ឋី និងជាម្ចាស់របស់ក្រុមហ៊ុន Mandrell ដោយការប្រឹងប្រែងពីបាតដៃទទេ៖

    ជំនួញដំបូងបង្អស់

    ដោយទទួលបានចំណេះដឹងពីបទពិសោធន៍របស់លោកយាយ យុវជន Willie Mandrell ក៏បានសម្រេចចិត្តទិញ និងគ្រប់គ្រងអចលនទ្រព្យ ហើយទុកវាដូចទៅនឹងវិធីសម្រាប់ក្លាយជាអ្នកមាននៅថ្ងៃមុខ។ Willie Mandrell បានទិញអចលនទ្រព្យចំនួនពីរក្នុងគ្រាដំបូង ក្នុងពេលដែលលោកមានវ័យ23ឆ្នាំ។

    បើទោះជាទទួលបានប្រាក់ជំនួយមួយផ្នែកពីលោកយាយរបស់គាត់ ប៉ុន្តែ Willie Mandrell នៅតែត្រូវរកវិធីដើម្បី​រកប្រាក់បន្ថែមទៀងដើម្បីយកមកបង្គ្រប់សម្រាប់ទិញអចលនទ្រព្យដំបូងរបស់ខ្លួន។ Willie Mandrell ធ្វើកិច្ចការតូចតាចជាច្រើន ក្នុងនោះក៏មានការងារជាអ្នកត្រលប់នំនៅហាង McDonald’s ផងដែរ។ ការប្រឹងប្រែងរបស់គាត់ ទទួលបានការតបស្នងយ៉ាងឆាប់រហ័ស នៅពេលគាត់រកបានប្រាក់គ្រប់គ្រាន់សម្រាប់ទិញអចលនទ្រព្យ ខណៈដែលអាយុរបស់គាត់នៅក្មេង។

    អ្នកត្រលប់នំនៅហាង McDonald’s ក្លាយជាសេដ្ឋីវ័យក្មេង មានផ្ទះជួល40ខ្នង ដោយសារអាថ៌កំបាំងពីជីដូនយូរៗទៅ Willie Mandrell កាន់តែយល់ច្បាស់ថា លោកយាយរបស់ខ្លួនពិតជានិយាយត្រូវ។ ប្រាក់កក់ទិញផ្ទះរបស់ Willie Mandrell មានតម្លៃ 2,500ដុល្លារ ហើយគាត់ទទួលបាន1,750ដុល្លារពីអ្នកជួលផ្ទះនៅជាន់ក្រោម ខណៈដែល Willie Mandrell រស់នៅជាន់លើ។ ខ្ទង់ប្រាក់កក់សម្រាប់ទិញផ្ទះ រួមនឹងពន្ធ និងធានារ៉ាប់រងរបស់ Willie Mandrell សរុបប្រមាណ70% ត្រូវបានអ្នកជួលផ្ទះរបស់គាត់ “បង់ថ្លៃជំនួស” ទាំងស្រុង ពោលគឺ Willie Mandrell ហាក់ “ធ្វើនំមិនស្ទើរតែមិនប្រើម្សៅ”។

    មិនយូរប៉ុន្មាន Willie Mandrell ក៏លែងភ័យខ្លាច។ ប្រាក់ដែលរកបាន Willie Mandrell ទុកសម្រាប់ទិញអចលនទ្រព្យថ្មី និងដាក់ជួល ហើយកិច្ចការនេះត្រូវបានធ្វើឡើងជាដដែលៗ និងជាបន្តបន្ទាប់។

    យុទ្ធសាស្ត្ររបស់ Willie Mandrell

    មនុស្សជាច្រើនចាត់ទុកថា ផ្ទះចាស់ៗ ផ្ទះហួសសម័យជ្រុល ជា “របស់មិនគួរទិញ” ប៉ុន្តែ Willie Mandrell បែរជាមើលឃើញថា វាជារបស់ល្អ។ និយាយរួម Willie Mandrell មានគំនិតស្វែងរកផ្ទះចាស់ៗ ដើម្បីទិញក្នុងតម្លៃទាប។

    ប្រការនេះមិនត្រឹមតែអាចជួយដល់អ្នកលក់ផ្ទះ ប៉ុន្តែ ក៏ជួយឱ្យ Willie Mandrell មានឱកាសច្រើនក្នុងការកាន់កាប់អចលនទ្រព្យបន្ថែមទៀត។ បន្ទាប់ពីកិច្ចការជួលជុល កែលំអបានបញ្ចប់ Willie Mandrell ចាប់ផ្ដើមរក​បាន​ចំណេញពីផ្ទះចាស់ដែលបានជួសជុលនោះក្នុងរយៈពេលវែង ដោយការដាក់ជួល។

    ដូច្នេះ ដោយសារតែទទួលបានដំបូន្មានផ្នែកជំនួញពីលោកយាយ រួមនឹងយុទ្ធសាស្ត្រឆ្លាតវៃខាងលើ Willie Mandrell ​ដែលពីមុនគឺជាពលករធម្មតា ក៏បានក្លាយជាសេដ្ឋី និងបានស្គាល់ភាពជាអ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុ។ គោលដៅខាងមុខរបស់ Willie Mandrell នោះគឺការបន្តទិញអចលនទ្រព្យ ក៏ដូចជាការចែករំលែកបទពិសោធន៍របស់ខ្លួនទៅឱ្យអ្នកដទៃ ពិសេសគឺកូនសិស្សរបស់គាត់៕

    ប្រភព៖ BI

  • តិចនិកងាយៗ 4 យ៉ាងក្នុងការរៀបចំបន្ទប់ខុនដូឱ្យស្អាតគួរស្នាក់នៅ

    តិចនិកងាយៗ 4 យ៉ាងក្នុងការរៀបចំបន្ទប់ខុនដូឱ្យស្អាតគួរស្នាក់នៅ

    បច្ចុប្បន្នមានអគារស្នាក់នៅបែបខុនដូមីនៀមកើតឡើងជាច្រើនទាំងនៅក្នុង និងបរិវេណជាយទីក្រុង ដើម្បីតបស្នងតម្រូវការ និងឡៃហ្វ៍ស្តាយល៍ និងជួយបង្កើនភាពងាយស្រួល សុខសប្បាយដល់អ្នករស់នៅក្នុងទីក្រុង។ បើអ្នកណាកំពុងតែចាប់អារម្មណ៍ប្រុងទិញបន្ទប់ខុនដូដើម្បីស្នាក់នៅ ហើយមានកង្វល់រឿងទីធ្លាដែលមានកំណត់នៅក្នុងបន្ទប់តូចមួយ ឬបើអ្នកណាដែលកំពុងស្នាក់នៅក្នុងបន្ទប់ខុនដូស្រាប់ហើយ តែចង់​បានបន្ទប់ដែលមើលទៅឃើញរាងធំទូលាយឡើងនោះ ថ្ងៃនេះ ឡារ៉ែនមានតិចនិកងាយៗ ខ្លីៗក្នុងការរៀបចំបន្ទប់​ខុនដូមកជម្រាប​ជូនដូចខាងក្រោម។

    1. រៀបចំទុកដាក់ និងជ្រើសរើសប្រើឧបករណ៍គ្រឿងសង្ហារិមដូចជា តុ ទូ កៅអីឱ្យស័ក្តិសមនឹងខ្នាតរបស់បន្ទប់ ដូចជា ការប្រើប្រាស់ចូលគ្នា​រវាងឧបករណ៍ខ្ពស់-ទាប និងជ្រើសរើសពណ៌របស់ឧបករណ៍ទាំងនោះឱ្យស៊ីគ្នានឹងពណ៌បន្ទប់ វានឹងជួយឱ្យបន្ទប់មើលទៅស្រស់​​ស្អាតមានសិល្បៈ និងគួរជ្រើសរើសប្រើឧបករណ៍ណាដែលអាចពង្រីកបង្រួម ដោះតម្លើង ឬបត់ទុកវិញបានជាដើម។
    2. រៀបចំទុកដាក់របស់របរតូចតាច កំប៉ិកកំប៉ុកទុកនៅក្នុងកន្លែងតែមួយ ដូចជាប្រមូលដាក់នៅក្នុងឡាំង រួចទុកនៅក្នុងទូឱ្យបានរៀបរយ មិនគួរទុកដាក់រាយប៉ាយក្នុងបន្ទប់ឡើយ ធ្វើដូច្នេះដើម្បីឱ្យបន្ទប់មើលទៅរាងទូលាយ និងស្រឡះភ្នែក។
    3. រៀបចំបែងចែកទីកន្លែងជាចំណែកៗតាមការប្រើការ និងមានកន្លែងខ្លះអាចប្រើប្រាស់រួមគ្នាបានច្រើនមុខ ដូច​​ជា ធ្វើជាកន្លែងអង្គុយសម្រាកលេងក៏បាន កន្លែងអង្គុយធ្វើការក៏បាន និងកន្លែងអង្គុយញ៉ាំបាយជាដើម។
    4. ប្រើគ្រឿងប្រដាប់តុបតែងបន្ទប់ណាដែលជួយឱ្យបន្ទប់មើលទៅរាងស្រឡះ ដូចជា បំពាក់ផ្ទាំងកញ្ចក់មួយផ្ទាំងធំ ប្រើក្រដាស់​​វ៉លផេភើរ៍ដែលមានរូបភាពជាផ្លូវវែង បំពាក់វាំងននចុះមកពីពិដានជំនួសឱ្យការបំពាក់ត្រឹមតែមាត់បង្អួច ជាដើម៕
  • ភាពខុសប្លែកគ្នា រវាងមិត្តភាពរបស់បុរស និងមិត្តភាពរបស់នារី

    ភាពខុសប្លែកគ្នា រវាងមិត្តភាពរបស់បុរស និងមិត្តភាពរបស់នារី

    បើសិនអ្នកគិតថា នៅពេលរៀនចប់ហើយ មិត្តភាពរវាងគ្នា(មិត្តរួមថ្នាក់)ក៏នឹងចប់ទៅតាមនោះដែរ សូមសាកល្បងគិតសាថ្មីឡើងវិញ…។ ពេលនិយាយពីការសាងមិត្តភាព បុរសៗមានទំនោរក្នុងការត្រឡប់ទៅសេពគប់មិត្តភក្តិចាស់ៗសម័យរៀនច្រើនជាងនារី។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានបង្ហាញថា បុរសៗច្រើនតែសម្លឹងរកមើលក្រុមដែលមានតែបុរសសុទ្ធ ដូចជាក្លិប ឬក្រុម ជាដើម ខណៈដែលនារីៗវិញរាងជ្រើសរើសច្រើនជាង ដោយនិយមសេពគប់តែមិត្តភក្តិជិតដិតត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះ។

    មិត្តភាពរបស់មនុស្សប្រុស ភាគច្រើនៗ គឺស្រដៀងនឹងការកសាងសម្ព័ន្ធមិត្ត។ បន្ទាប់ពីវិភាគតាមរយៈរូបភាព Profile របស់មនុស្សប្រុសនៅក្នុង Facebook ជិត 112,000នាក់ទូទាំងពិភពលោកហើយ គេរកឃើញថា មនុស្សប្រុសមានទំនោរក្នុងការប្រើរូបភាព Profile ជាក្រុមដែលមានរូបខ្លួនឯងជាមួយមិត្តភក្តិមួយក្រុមធំ ដែលបង្ហាញឱ្យឃើញពីការប្រកួតប្រជែងគ្នានៅក្នុងក្រុមពួកបុរសៗដូចគ្នាពាក់ព័ន្ធនឹងមិត្តភាពរបស់ពួកគេ។ ផ្ទុយទៅវិញ នារីៗសឹងតែមិនដែលប្រើរូបភាព Profile ជាក្រុមធំៗជាមួយមិត្តភក្តិឡើយ តែច្រើនប្រើរូបតែម្នាក់ឯង ឬមិនទេក៏ថតជាមួយមិត្តភក្តិស្រីដូចគ្នាតែម្នាក់ប៉ុណ្ណោះ ដោយសារតែមនុស្សស្រីច្រើនតែផ្ដល់ចំណាប់អារម្មណ៍ចំពោះអ្នកដទៃបានតែម្នាក់ប៉ុណ្ណោះក្នុងមួយលើក។

    តើហេតុអ្វីបានជាមនុស្សស្រី និងមនុស្សប្រុសមានវិធីចងមិត្តខុសប្លែកគ្នាដូច្នេះ? សមុដ្ឋាន 1ចំណុច គឺព្រោះតែខួរក្បាលរបស់បុរស និងនារីមានភាពខុសប្លែកគ្នា។ ជាទូទៅ ស្រ្តីនឹងមានប្រព័ន្ធ លីមពិក ធំជាងរបស់បុរស។ ប្រព័ន្ធ លីមពិក គឺជាខ្សែបណ្ដាញរបស់សរសៃប្រសាទក្នុងខួរក្បាលដែលតភ្ជាប់ជាមួយសញ្ជាតិញាណ និងអារម្មណ៍ ដោយវានឹងគ្រប់គ្រងអារម្មណ៍ចម្បងៗ ដូចជា សេចក្ដីសុខ និងសេចក្ដីភ័យខ្លាច។ ដោយហេតុនេះទើបមនុស្សស្រីអាចតភ្ជាប់អារម្មណ៍របស់ខ្លួនឯងជាមួយអ្នកដទៃបានល្អជាង។ លទ្ធផលនៃការស្រាវជ្រាវផ្សេងទៀតនៅបានបង្ហាញឱ្យឃើញថា ស្រ្តីមានទំនោរក្នុងការសាងមិត្តភាពដោយពិចារណាតាមរយៈអារម្មណ៍ជាគោល និងនិយមជជែកនិយាយគ្នាក្នុងរឿងផ្ទាល់ខ្លួន។ ចំណែកមិត្តភាពរបស់មនុស្សប្រុសវិញ ច្រើនសង្កត់ធ្ងន់លើការបានធ្វើកិច្ចការងាររួមគ្នា ដូចជា មើលកីឡា ឬរៀបចំពិធីជប់លៀង ហើយញ៉ាំស្រាបៀរជាមួយគ្នា។ល។

    មិត្តភាពរបស់មនុស្សស្រីនឹងចេញមកបែបប្រភេទជួបជុំគ្នាដើម្បីជជែកនិយាយ និងដោះដូរគំនឹតយោបល់គ្នា។ ស្រីៗត្រូវការភ្ជាប់សម្ព័ន្ធភាពឱ្យស្អិតល្មួត តែប្រុសៗត្រូវការធ្វើកិច្ចការងារផ្សេងៗរួមគ្នា និងនៅជាមួយគ្នាជាក្រុមច្រើនជាង៕

  • មិនធម្មតា!! បទ« ពឺតៗ» ខេមរៈ សិរីមន្ត ម្នាក់ៗបញ្ចេញក្បាច់រាំក្នុងTikTokញាក់សាច់

    មិនធម្មតា!! បទ« ពឺតៗ» ខេមរៈ សិរីមន្ត ម្នាក់ៗបញ្ចេញក្បាច់រាំក្នុងTikTokញាក់សាច់

    ដូចមហាជនបានដឹងហើយថា «TikTok» ជាកម្មវិធីកម្សាន្តបែបឌីជីថលមួយ ដែលមានប្រភពមកពីប្រទេសចិន។ កម្មវិធីទូរស័ព្ទនេះទើបតែចាប់កំណើតក្នុងរយៈពេលខ្លីប៉ុណ្ណោះ តែទទួលបានការគាំទ្រហួសពីការស្មាន។ បច្ចុប្បន្ន កម្មវិធីនេះកំពុងតែល្បីខ្ទរខ្ទារពាសពេញពិភពលោក ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ ដោយគេសង្កេតឃើញមានអ្នកប្រើប្រាស់ច្រើនលើសលុប ហើយក៏មានមនុស្សជាច្រើនកំពុងតែទាញប្រជាប្រិយភាព ពីមហាជនតាមរយៈ App ទូរស័ព្ទមួយនេះផងដែរ។

    នៅក្នុងនោះដែរ រយៈពេលប្រមាណជាមួយខែចុងក្រោយនេះ បទចម្រៀងរបស់ លោក ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្ម រស្មីហង្សមាស ចំណងជើងថា «ពឺតៗ» បាននឹងកំពុងផ្ទុះការគាំទ្រក្នុងកម្មវិធី «TikTok» ដោយមានអ្នកធ្វើត្រាប់តាមវីដេអូចម្រៀងនេះ រហូតដល់រាប់សែន ក្នុងចំណោមនោះមិនត្រឹមមានអ្នកគាំទ្រក្នុងស្រុកប៉ុណ្ណោះទេ តែកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះ ក្នុងចំណោមអ្នកដែលស្រឡាញ់ Cover វីដេអូ បទនេះ មានទាំងប្រទេសថៃ និងប្រទេសឡាវយ៉ាងច្រើន ព្រោងព្រាតទៀតផង។

    បទចម្រៀងដ៏មានប្រជាប្រិយមួយបទនេះ មិនត្រឹមតែកំពុងល្បីកក្រើកក្នុង TikTok ប៉ុណ្ណោះទេ ងាកទៅផ្នែក YouTube វិញក៏មិនធម្មតា ដោយត្រឹមតែមួយខែរាប់ចាប់ពីថ្ងៃចេញបទនេះជាផ្លូវការរហូតមកទល់ថ្ងៃទី5 ខែវិច្ឆិកា ឆ្នាំ2020 (រសៀលម៉ោង5) មានអ្នកចុចចូលទស្សនារហូតដល់ទៅជិត 7.1លានដងទៅហើយ។ ការផ្ទុះការគាំទ្រខ្លាំងនៅពេលនេះ គឺទាំងមិនទាន់ចេញជា OFFICIAL MV នៅឡើយទេ យ៉ាងណាមិញ ខណៈពេលនេះ គេកំពុងតែចាំអ៊ុតមើលថាតើទម្រាំ MV ផ្លូវការបទនេះ តើនឹងផ្ទុះខ្លាំងដល់កម្រិតណា បើត្រឹមតែចេញ ជា Audio ក៏ល្បីយ៉ាងហ្នឹងទៅហើយនោះ។ ក្រៅពីបទនេះ នៅមានបទចម្រៀងថ្មីៗជាច្រើនផ្សេងទៀតរបស់ លោក ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលផ្ទុះការគាំទ្រខ្លាំងដូចគ្នា ជាក់ស្តែងមានដូចជាបទ I’m Not The Gang ក៏កំពុង តែទទួលការគាំទ្រមិនធម្មតាដែរ៕

    https://youtu.be/8S4o8fbAreA

    https://youtu.be/IesHXf7-DZ0

    https://youtu.be/p3ORZoWguDQ

     

     

  • ទៅលេង Shizuoka តំបន់តែបៃតងធម្មជាតិក្នុងប្រទេសជប៉ុន

    ទៅលេង Shizuoka តំបន់តែបៃតងធម្មជាតិក្នុងប្រទេសជប៉ុន

    បើនិយាយអំពីតំបន់តែបៃតងវិញនោះ អ្នកទេសចរភាគច្រើនៗតែនឹកទៅដល់តំបន់អ៊ុជិ ខេត្តកៀវតូ ឬមិនទេក៏ សាយ៉ាម៉ាក់ ខេត្តសៃតាម៉ាក់ មិនខាន តែការពិតវិញ ខេត្តឈិហ្សូ៊អូកាក់(Shizuoka)គឺជាមជ្ឈមណ្ឌលផលិតតែធំជាងគេលំដាប់លេខ1 របស់ប្រទេសជប៉ុន។ ខេត្ត Shizuoka ស្ថិតនៅមិនឆ្ងាយពីទីក្រុងតូក្យូប៉ុន្មានទេ ដូច្នេះសម្រាប់អ្នកដែលបានទៅលេងទីក្រុងតូក្យូ ក៏អាចធ្វើដំណើរទៅទស្សនាចម្ការតែបៃតងបានយ៉ាងសប្បាយៗ។

    MaKinohora

    ម៉ាគីណូហូរ៉ាក់ គឺជាចម្ការតែបៃតងដែលស្ថិតនៅក្នុងខេត្ត Shizuoka និងថែមទាំងជាចម្ការតែដែលមានប្រវត្តិចំណាស់បំផុតក្នុងការដាំដើមតែទៀតផង។ នៅទីនេះ អ្នកស្រុកនាំគ្នាដាំដើមតែតាំងពីសម័យ មេជិ(គ្រិស្តសករាជ1868-1912) ដោយដើមតែនឹងដុះធំធាត់ឡើងទៅតាមបណ្ដោយដងទន្លេ អូអ៊ិ។ បើបានទៅលេង Grinpia Makinohora យើងអាចចូលទៅចូលរួមបេះស្លឹកតែ និងទស្សនាដំណាក់កាលនៃការផលិតតែដែលស្រដៀងៗនឹងរោងចក្រផលិតតែដែរ។

    Nihondaira

    នីហុនដៃរ៉ាក់ ក៏ស្ថិតនៅក្នុងខេត្ត Shizuoka ដូចគ្នាដែរ។ ពីចម្ការតែ គេអាចមើលឃើញទស្សនីយភាពរបស់ភ្នំភ្លើង ហ្វូ៊ជិ ជាឆាកខាងក្រោយដ៏ស្រស់ស្អាតស៊ីគ្នានឹងចម្ការតែពណ៌បៃតងខ្ចី។ ទីនេះក៏ដាំដើមតែតាំងពីសម័យ មេជិ និងអាចប្រមូលផលតែបានក្នុងអំឡុងខែមេសា ដល់ខែតុលាដូចគ្នា។ នៅ នីហុនដៃរ៉ាក់ នេះមានកំពង់ផែ ដែលអ្នកណាចង់មកកម្សាន្តនៅចម្ការតែមួយនេះ អាចរៀបចំដំណើរកម្សាន្តសម្រាប់ 1ថ្ងៃបានយ៉ាងងាយ ដោយចាប់ផ្ដើមពី វត្តប្រវត្តិសាស្រ្ត ដូចជាវត្ត ឃុណូសាំង ថូសូគុ បន្ទាប់មកសឹមធ្វើដំណើរមកចម្ការតែមួយនេះ ធានាថា នឹងបានឃើញទស្សនីយភាពតាំងពី ភ្នំ ទីប្រជុំជនកំពង់ផែ រហូតដល់ចម្ការតែបៃតងដ៏ខៀវខ្ចី។

    Kanaya

    ចម្ការតែ ខាណាយ៉ា ស្ថិតនៅតាមបណ្ដោយដងទន្លេ អូអ៊ិ ដែលល្បីល្បាញក្នុងរឿងពិធីបុណ្យតែដែលតែងរៀបចំឡើងរៀងរាល់ 2ឆ្នាំម្ដងក្នុងអំឡុងអាទិត្យទី2 នៃខែមេសា។ ក្នុងអំឡុងពេលនោះនឹងមានទាំងការទូងស្គរ ការជិះទូក និងក្រមុំៗអ្នកបេះស្លឹកតែដែលដើរជាក្បួនរាំរបាំបេះតែ។ នៅទីនេះមានសារមន្ទីរ Ocha no Sato World Tea ឱ្យយើងបានរៀនយល់ដឹងពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តតែនៅក្នុងប្រទេសជប៉ុន និងរបស់ពិភពលោក ក្រៅពីនេះនៅមានភោជនីយដ្ឋាន និងហាងកាហ្វេដែលលក់ម្ហូបអាហារ និងភេសជ្ជៈដែលប្រើវត្ថុធាតុដើម និងគ្រឿងផ្សំក្នុងតំបន់ទៀតផង និងជាពិសេសកុំភ្លេចភ្លក្ស ការ៉េមម៉ាត់ឆា…។

    Kawane

    ទីកន្លែងមួយនេះអាចជាផែនការមួយនៅក្នុងការដើរទស្សនាចម្ការតែក្នុងក្ដីស្រមៃរបស់អ្នក ព្រោះបើសិនមកដល់ទីនេះតាំងពីពេលព្រឹកព្រលឹម យើងអាចបានប៉ះពាល់នឹងស្រទាប់អ័ព្ទនាពេលព្រឹក និងក្រៅពីទស្សនីយភាពជួរភ្នំដែលស័ក្តិសមជាមួយការដាំដើមតែហើយនោះ ទឹកពីដងទន្លេ អូអ៊ិ នៅតែជាប្រភពទឹកដ៏ល្អបំផុតសម្រាប់ចិញ្ចឹមចម្ការតែដែលមានគុណភាពល្អបំផុត។ ជាតំបន់ទេសចរណ៍មួយទៀតដែលមានភ្ញៀវទេសចរធ្វើដំណើរមកកម្សាន្តមិនតិចឡើយ។

    Kakegawa

    ក្រៅពីល្បីល្បាញរឿងប្រាសាទបុរាណហើយ ចម្ការតែនៅទីនេះថែមទាំងល្បីល្បាញរឿងរសជាតិដ៏ឆ្ងាញ់របស់តែទៀតផង។ កសិករនៅទីនេះដាំដុះតែដោយពូជតែធម្មតា តាមវិធីធម្មតា តែធ្វើឱ្យចម្ការតែពោរពេញដោយបរិយាកាសសាមញ្ញ និងមិត្តភាពជាមួយធម្មជាតិ។ ចាប់ផ្ដើមពីការរៀនយល់ដឹងពីការឆុងទឹកតែរបស់ជប៉ុន ញ៉ាំតែ សេនឆាក់ ឬម៉ាត់ឆារបស់ទីនេះ ញ៉ាំគូគ្នាជាមួយបង្អែមស្ទីលជប៉ុន នឹងធ្វើឱ្យលោកអ្នកទទួលបានទាំងចំណេះដឹង និងភាពជក់ចិត្តដិតអារម្មណ៍ក្នុងរសជាតិដ៏សែនមិនអាចបំភ្លេចបាន៕

  • Nam-chun ខ្សែការពារ FC Seoul ធ្វើអត្តឃាត សង្ស័យមកពីមិនបានជាប់ជម្រើសដំបូងរបស់ក្លិប

    Nam-chun ខ្សែការពារ FC Seoul ធ្វើអត្តឃាត សង្ស័យមកពីមិនបានជាប់ជម្រើសដំបូងរបស់ក្លិប

    កីឡាករ​ខ្សែការពារ Kim Nam-chun របស់​ក្រុម FC Seoul ដែល​លេង​នៅ​លី​គ​កំពូល​កូរ៉េខាងត្បូង ត្រូវបាន​គេ​រកឃើញ​សាកសព នៅ​កន្លែង​ចត​ឡាន​នៃ​អគារ​មួយ នៅក្នុង​ទីក្រុង Songpa។ ចំពោះ​មូលហេតុ ពិតប្រាកដ ដែល​បណ្តាលឱ្យ​រូបគេ​ត្រូវស្លាប់​នេះ មិនទាន់​ត្រូវបាន​ប៉ូលិស​បញ្ជាក់ ឱ្យបាន​ច្បាស់​នៅឡើយ ដោយ​គ្រាន់តែ​បាន​អះអាងថា ជាការ​ធ្វើអត្តឃាត។

    កីឡាករ​វ័យ 31ឆ្នាំ​រូបនេះ ធ្លាប់បាន​ជួយ​ឱ្យ​ក្លិប FC Seoul ឈ្នះ​ពានរង្វាន់ Korean Cup កាលពី​ឆ្នាំ2015 និង Korean Championship កាលពី​ឆ្នាំ2016។

    ចំពោះ​មួល​ហេតុ​ចម្បង​នៃ​ការធ្វើអត្តឃាត ត្រូវបាន​គេ​សង្ស័យថា ដោយសារតែ​រូបគេ មិន​ជោគជ័យ​នៅក្នុង​អាជីព​បាល់ទាត់ ពីព្រោះ​មួយរយៈ​ចុងក្រោយ​នេះ គ្រូបង្វឹក​បាន​ដក​សេចក្តីទុកចិត្ត ហើយ​និង​រូបគេ​មិនបាន​បង្ហាញខ្លួន​នៅលើ​ទីលាន ប្រហែលជា​កន្លះ​រដូវ​កាល​មកហើយ៕

  • ក្ដារ​ចុច​ដ៏​ទំនើប តម្លៃ $70 អាច​បំប្លែង​ខ្លួន ជា​កុំ​ព្យ័​ទ័​របា​ន គ្រាន់តែ​ថែម​អេក្រង់ Monitor

    ក្ដារ​ចុច​ដ៏​ទំនើប តម្លៃ $70 អាច​បំប្លែង​ខ្លួន ជា​កុំ​ព្យ័​ទ័​របា​ន គ្រាន់តែ​ថែម​អេក្រង់ Monitor

    ថ្មីៗនេះ ក្រុម​អ្នកជំនាញ​ខាង​ប្រព័ន្ធ​សុវត្ថិភាព​អ៊ី​ន​ធើ​ណិ​ត​ដ៏​ល្បីល្បាញ ឈ្មោះថា Raspberry អាច​ផលិត​បាន ឧបករណ៍​ដ៏​ទំនើប ដែល​ពួកគេ​ឱ្យ​ឈ្មោះថា Raspberry Pi 400: a computer in a keyboard ឬ​ហៅ​ម្យ៉ាង​ទៀតថា  self-contained computer built into a keyboard ។

    ក្ដារ​ចុច​ខាងលើនេះ បំពាក់​ដោយ​បន្ទះ​ឈី​ប ដែល​ដំណើរការ​ដោយ Raspberry pi OS ផ្ទាល់ និង​មាន​រន្ធ​ដោត​ជាច្រើន ដូចនឹង​តួ​កុំព្យូទ័រ​យួរដៃ​សព្វថ្ងៃ​ដែរ  តែ​អ្វីដែល​ធ្វើឱ្យ​វា​ពិសេស​នោះ​គឺ អ្នក​គ្រាន់តែ​ទិញ​អេក្រង់ Monitor (ប្រភេទ​ណា​ក៏បាន)មក រួចហើយ​ដោត​ខ្សែ​ពី​អេក្រង់ ភ្ជាប់​នឹង​ក្តារ​ចុច​ដ៏​អស្ចារ្យ​មួយ​នេះ បន្ទាប់មក ចុច​ប៊ូ​តុង  Power វា​នឹង​ដំណើរ​បាន​ភ្លាម មិនបាច់ចាំ​យូរ​ឡើយ។

    រីឯ​លក្ខណសម្បត្តិ​ខាងក្នុង នៃ​ក្តារ​ចុច​នេះ គឺ​បំពាក់​ដោយ​បន្ទះ​ឈី​ប CPU Quad-core Cortex-A72 ល្បឿន 64-bits [email protected] , ជម្រើស RAM 4GB ប្រភេទ LPDDR4 មានភ្ជាប់​ប្រព័ន្ធ Bluetooth BLE 5.0 និង​មាន​អង់​តែ​ន Dual band Wi-Fi លេខ IEE 802.11 AC និង​ថែមទាំង​មាន​កង្ហារ Heatsink រក្សា​សីតុណ្ហភាព​ឱ្យ​ត្រជាក់ កុំឱ្យ​ក្ដៅ​ខ្លាំង ដែល​កង្ហារ​តូច​នេះ ស្រដៀង​នឹង​កង្ហារ Water Cooling នៅលើ desktop ប្រភេទ​ហ្គេម ឬ​កាត់​ក្រាហ្វិកធំៗដែរ។

    យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់ Raspberry បានឱ្យដឹងថា ក្តារ​ចុច​ដ៏​អស្ចារ្យ​មួយ​នេះ ត្រូវបាន​ដាក់លក់ ក្នុងតម្លៃ​តែ 70ដុល្លារ​ប៉ុណ្ណោះ។ ចំណែកឯ​អេក្រង់ អ្នករក​អាច​ទិញ​បាន​ខ្លួនឯង ឬ​ភ្ជាប់​ជាមួយ​អេក្រង់ ដែល​អ្នក​កំពុង​ប្រើ ក៏បាន៕

    សូម​ទស្សនា វីដេអូ​ដំណើរការ​ខាងក្រោម៖

    ប្រភព៖ Raspberry

  • Samsung ឈរលេខ1 លើទីផ្សារលក់ស្មាតហ្វូន ឯ Huawei លេខ2 ប្រចាំត្រីមាសទី3 ឆ្នាំ2020

    Samsung ឈរលេខ1 លើទីផ្សារលក់ស្មាតហ្វូន ឯ Huawei លេខ2 ប្រចាំត្រីមាសទី3 ឆ្នាំ2020

    ថ្មីៗនេះ របាយការណ៍​ពី​ក្រុម​អ្នកស្រាវជ្រាវ និង​ព្យាករ​ចរន្ត​លក់​ចេញ​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក Canalys បានឱ្យដឹងថា ត្រីមាស​ទី3 ឆ្នាំ2020 នេះ ហាក់​មាន​ភាពខុសប្លែក​ពី​ត្រីមាសមុន។

    ក្រុមហ៊ុន Samsung គឺជា​ក្រុមហ៊ុន​ដែលមាន​ចំនួន​លក់បាន​ច្រើនជាងគេ ក្នុង​ទីផ្សារ​ទូរស័ព្ទ​ឆ្លាត​វៃ​ដោយមាន​ចំណែក​ទីផ្សារ​ប្រមាណ 23% ហើយ​បើ​គិត​ជា​ចំនួន​ទូរស័ព្ទ​ឆ្លាត​ទាំងអស់ ដែល​គេ​បាន​នាំចេញ​នោះ គឺ​ប្រមាណ​ជា​ខ្ទង់ 80.2លាន​គ្រឿង។ ចំនួន​នេះ បាន​កើនឡើង​ប្រមាណ 2% បើ​ធៀប​នឹង​ត្រីមាស​ទី3 ឆ្នាំមុន។

    ក្រុមហ៊ុន Huawei ឈរ​ចំណាត់ថ្នាក់​លេខ2 ប៉ុន្តែ​ចំណែក​ទីផ្សារ​វិញ បើ​ធៀប​ជាមួយ Samsung គឺ​ខុសគ្នា។ ក្រុមហ៊ុន​ចិន​មួយ​នេះ មាន​ចំណែក​ទីផ្សារ​ប្រមាណ 14.9% ធ្លាក់ចុះ​ប្រមាណ 23% គិត​ជា​ចំនួន គឺ​ប្រមាណ​ជា​ខ្ទង់ 51.7លាន​គ្រឿង បើ​ធៀប​នឹង​ត្រីមាស​ទី3 ឆ្នាំមុន។

    សម្រាប់​ត្រីមាស​នេះ Xiaomi បាន​ឈរលើ​លេខ3 ជំនួស Apple វិញ​ម្ដង។ Xiaomi មាន​ចំណែក​ទីផ្សារ 13.5% ឬ​ប្រមាណ​ជា 47.1លាន​គ្រឿង ដោយ​ចំនួន​លក់បាន​របស់ Xiaomi ក៏មាន​ការកើនឡើង​ខ្ពស់​ដែរ បើ​ធៀប​នឹង​ឆ្នាំមុន ពោលគឺ កើនឡើង​ប្រមាណ 45%។

    ចំណាត់ថ្នាក់​ទី4 គឺ Apple មាន​ចំណែក​ទីផ្សារ​ប្រមាណ 12.4% ឬ​មាន​ចំនួន​លក់​ប្រមាណ​ជា 43.2 លាន​គ្រឿង។ ចំនួន​លក់បាន​របស់ Apple ស្ទើរតែ​គ្មាន​ការប្រែប្រួល​ទេ តែ​ថយចុះ 1%  បើ​ធៀប​នឹង​ឆ្នាំមុន។

    សរុបមក ស្ថិតិ​នៃ​ចំនួន​លក់បាន ក្នុង​ត្រីមាស​ទី3 មានតែ Huawei មួយ​ប៉ុណ្ណោះ ដែលមាន​ការធ្លាក់ចុះ​ច្រើនជាងគេ បើ​ធៀប​នឹង​ឆ្នាំមុន៕

  • ម៉ែក្មេក 5ប្រភេទដែលកូនប្រសារ(ស្រី)ដូចយើង រាងចាល!!

    ម៉ែក្មេក 5ប្រភេទដែលកូនប្រសារ(ស្រី)ដូចយើង រាងចាល!!

    នៅពេលដែលសង្រ្គាមរវាងម៉ែក្មេក និងកូនប្រសារ(ស្រី)មិនមែនជារឿងកំប្លុកកំប្លែងដែលនិពន្ធឡើងយកល្អមើល ហើយដាក់បញ្ចាំងនៅក្នុងរឿងភាគក្នុងទូរទស្សន៍នោះ អ្នកគ្រូ ឆវី សូមលើកយកអត្ថបទដ៏ល្អមួយដើម្បីមកស្រាយបញ្ហានេះជូនសម្ព័ន្ធភាពទាំង3 គឺម៉ែក្មេក កូនប្រសារ(ស្រី) និងកូនប្រុសអ្នកម៉ែដែលត្រូវបំពេញតួនាទីជាស្វាមីគំរូ និងជាកូនប្រុសដ៏សែនល្អ ឱ្យបានដឹងពីចិត្តគំនិតរបស់គ្នាទៅវិញទៅមក ដូចជា យើង(ម៉ែក្មេក)ស្អប់បែបនេះ! ឬនាង(ឯង)ចូលចិត្តបែបណា? ជាដើមនោះមកជម្រាបជូន ដែលអ្នកគ្រូ ឆវី ធានាថា អត្ថបទនេះ ម៉ែក្មេកទាំងឡាយក៏អាចអានបាន កូនប្រសារ(ស្រី)ក៏អានបាន និងជាពិសេសបំផុត កូនប្រុសអ្នកម៉ែក៏គួរតែអានដែរ និងសូមឱ្យអានទាំងអស់គ្នា…គិតថា អ្នកគ្រូ ឆវី សុំអង្វរឱ្យអានទៅចុះ!។

    1 . មហាកំពូលការពារទ្រព្យ

    ម៉ែក្មេកមហាកំពូលការពារទ្រព្យ ចូលចិត្តធ្វើខ្លួនជាអ្នកត្រួតពិនិត្យជាប់ជានិច្ច ដែលបើសិនជាការពារតែទ្រព្យសម្បត្តិរបស់ខ្លួនឯងនោះ វាប្រហែលជាមិនមែនជាបញ្ហាអីទេ តែនេះមានក្ដីព្យាយាមយ៉ាងខ្លាំងក្លាក្នុងការតាមដានត្រួតពិនិត្យទ្រព្យសម្បត្តិរបស់អ្នកផ្សេងទៀតផង ជាពិសេសបំផុតទ្រព្យសម្បត្តិរបស់កូនប្រុសសំណព្វចិត្តខ្លួនតែម្ដង។ អ្នកស្រីម្ដាយក្មេកតែងតែវិតក្កកង្វល់ថា កូនប្រសារ(ស្រី)នឹងធ្វើខ្លួនជាសត្វឈ្លើងមកជញ្ជក់បឺតយកប្រាក់ដែលកូនប្រុសខ្លួនខំរកបានមកដោយក្ដីលំបាកលំបិន ទាំងនៅចាំតាមដានស៊ើបមើលថា កូនប្រសារ(ស្រី)របស់ខ្លួនចេះធ្វើការរកស៊ីអត់? ឬមានប្រាក់ចំណូលប៉ុន្មាន? ឬចាយវាយខ្ចះខ្ជាយអត់? ដែលប្រាកដណាស់ថា ទាំងអស់នេះពិតជាសាងនូវភាពធុញថប់តានតឹង និងរំខានចិត្តកូនប្រសារ(ស្រី)មិនស្ទើរឡើយ ហើយម៉ែក្មេកខ្លះទៀត កើតអាការធ្ងន់ធ្ងរដល់ថ្នាក់ សុំខ្លួនធ្វើជាអ្នកទុកដាក់លុយកាក់ឱ្យកូនប្រុសខ្លួនឯងក៏មានដែរ…អូយ ឈឺក្បាល!។

    វិធីទប់ទល់ ៈ បើសិនចង់ចាត់ការម៉ែក្មេកប្រភេទនេះឱ្យរាបដូចកន្ទេលនោះ អ្នកគ្រូ ឆវី សូមណែនាំថា អ្នកនាងត្រូវតែធ្វើជាកូនប្រសារដែលរឹងប៉ឹង ឈរលើដៃជើង និងកម្លាំងរបស់ខ្លួនឯង។ និយាយប្រកាសឱ្យឮដល់ត្រចៀក(ម៉ែក្មេក)តែម្ដងទៅថា នាងខ្ញុំធ្វើការរកលុយចាយដោយខ្លួនឯងណា៎ ហើយនាងខ្ញុំនឹងកូនប្រុសរបស់អ្នក(ស្រី)ក៏ចាយលុយដោយឡែកពីគ្នាដែរ ដែលរឿងនេះបើសិនជាត្រូវការលារបញ្ជីចំណាយចំណូលបង្ហាញប្រាប់ផង ក៏រឹតតែល្អទៅទៀត។ ធ្វើគ្រប់វិធី ដើម្បីបង្ហាញឱ្យឃើញថា អ្នកនាងមិនបានមកតោងកូនប្រុសគាត់ស៊ីនោះទេ។ នៅពេលដឹងបែបនេះហើយ អ្នកស្រីម្ដាយក្មេកក៏នឹងលែងហ៊ានមកលូកលាន់ ឬចេះដឹងរឿងលុយរឿងកាក់របស់អ្នកនាងទៀតហើយ ឬនិយាយឱ្យស្រួលស្ដាប់គឺ ធ្វើឱ្យគាត់លែងខ្វល់បារម្ភពីរឿងហ្នឹងតែម្ដង ដើម្បីឱ្យលែងមានបញ្ហាសម្រាប់ជីវិតអាពាហ៍ពិពាហ៍របស់អ្នកនាង និងស្វាមីហ្នឹងឯង។

    2 . ស៊ូស៊ីថៃហៅ មកចាប់កំណើត

    ពីដំបូងប្រុងហៅថា ហ៊ីទ្លែរមកចាប់កំណើត ព្រោះភ្លេចគិតទៅថា ម៉ែក្មេកជាមនុស្សស្រី អ៊ីចឹងមានតែ ស៊ីស៊ីថៃហៅ ទើបស័ក្តិសមជាង។ ចា៎ស ប្រហែលជាមិនពិបាកស្មានទេ មែនទេថា ម៉ែក្មេកប្រភេទនេះជាមនុស្សបែបណា?។ ខ្លីៗ ងាយៗ ត្រូវចំអត្ថន័យតែម្ដងនោះគឺ “ផ្ដាច់ការ” ដោយក្នុងពាក្យថា ផ្ដាច់ការនេះបានរួបរួមចរិតនិស្ស័យដ៏មហាសែនយ៉ាប់ជាច្រើននៅក្នុងនោះ មានតាំងពី អាត្មានិយម គ្មានហេតុផល ចេះដឹងរឿង(ប្ដី-ប្រពន្ធ)គេ មិនទទួលយកគំនិតយោបល់គេ គិតថាខ្លួនឯងត្រូវរហូត ចូលចិត្តចង្អុលបញ្ជា សម្លុតគំរាមកំហែង។ល និងល។ ចំណុចអាក្រក់ច្រើនបែបនេះ បើចង់ប្រាប់ថា គឺជាម៉ែក្មេកដែលគួរឱ្យភ័យខ្លាចជាទីបំផុតនោះ ក៏ប្រហែលមិនជាខុសប៉ុន្មានដែរ។ ជាពិសេសបំផុត បើចាប់ដៃគូគ្នាជាមួយកូនប្រុសទន់ជ្រាយផងនោះ រឿងនេះអាចប្រកាសបានតែម្ដងថា ជីវិតជាកូនប្រសារ(ស្រី)មានតែខ្ទេចខ្ទី ហើយនិងខ្ទេចខ្ទីតែប៉ុណ្ណោះ។ ហ៊ឺ…។

    វិធីទប់ទល់ ៈ វិធីដោះយករួចខ្លួនពីម៉ែក្មេកកំពូលផ្ដាច់ការបែបនេះគឺ អ្នកនាងត្រូវធ្វើជាកូនប្រសារស្មារតីមាំមួន។ ភាពនឹងធឹង និងដាច់ខាតនឹងធ្វើឱ្យអ្នកនាងយកឈ្នះដោយមិនពិបាកឡើយ។ អាចនឹងត្រូវសុខចិត្ត ឬបង្ខំចិត្តធ្វើការតមាត់ ត-ក ដើម្បីជំទាស់ចិត្តគ្នាខ្លះទៅចុះ តែបើសិនជាប្រាកដក្នុងចិត្តថា បានធ្វើនូវរឿងដែលត្រឹមត្រូវ និងគួរធ្វើហើយនោះ សូមកុំភិតភ័យញាប់ញ័រឱ្យសោះ ព្រោះបើសិនជាអ្នកនាងភ្លេចខ្លួនបណ្ដោយតាម ឬឱនក្បាលចុះញ៉មសូម្បីតែបន្តិចនោះ វានឹងក្លាយជាចំណុចប្ដូរផ្លាស់ជីវិតរបស់អ្នកនាងភ្លាមតែម្ដង។ ចូរចាំទុកថា កុំព្រមចុះចាញ់ ឬបន្ទន់ឥរិយាបថតាំងពីដំបូង ព្រោះវានឹងមានន័យថា បើសុខចិត្តធ្វើចាញ់តាំងពីដំបូងនោះ វាច្បាស់ជាមានលើកក្រោយៗទៀតជាមិនខាន…។

    (សូមរង់ចាំតាមដានភាគបន្ត…)