Category: សង្គម និងសេដ្ឋកិច្ច

  • Alibaba ​ប្រមូល​បាន​​75​ពាន់​លាន​ដុល្លារ​ក្នុង​ថ្ងៃ​បុណ្យ ​Singles’ Day​ ប្រចាំ​ឆ្នាំ​2020

    Alibaba ​ប្រមូល​បាន​​75​ពាន់​លាន​ដុល្លារ​ក្នុង​ថ្ងៃ​បុណ្យ ​Singles’ Day​ ប្រចាំ​ឆ្នាំ​2020

    នៅក្នុងថ្ងៃ “បុណ្យដើរផ្សារ” ឬថ្ងៃ “បុណ្យនៅលីវ” (Singles’ Day) ជាថ្ងៃបុណ្យទិញដូរប្រចាំឆ្នាំធំជាងគេបង្អស់ក្នុងពិភពលោក ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី11វិច្ឆិកាកន្លងទៅ ក្រុមហ៊ុន Alibaba រកចំណូលបាន 75ពាន់លានដុល្លារអាមេរិក។

    លទ្ធផលដ៏មហាអស្ចារ្យនេះ បានកើតឡើងនៅក្នុងគ្រាដែលសេដ្ឋកិច្ចប្រទេសចិនកំពុងងើបឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីបានដាំក្បាលចុះដោយសារវិបត្តិសុខភាពសកល និងចំពេលដែល Alibaba និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតរបស់ប្រទេសនេះ កំពុងត្រូវអាជ្ញាធររឹតបន្តឹងលើការត្រួតពិនិត្យ។

    យោងតាមសារព័ត៌មាន Bloomberg ប្រាក់ចំណូលដែលបានមកពីផ្សារអនឡាញរបស់ Alibaba នៅក្នុងថ្ងៃបុណ្យនៅលីវនេះ មានចំនួន 498.2ពាន់លានយន់ គឺប្រហាក់ប្រហែលនឹង 75ពាន់លានដុល្លារអាមេរិក ច្រើនជាងជិតទ្វេដងធៀបនឹងតួលេខ 38ពាន់លានដុល្លារកាលពីឆ្នាំ2019។

    Alibaba ប្រមូលបាន75ពាន់លានដុល្លារក្នុងថ្ងៃបុណ្យ Singles’ Day ប្រចាំឆ្នាំ2020
    តារាចម្រៀង Kate Perry កំពុងសម្ដែងនៅក្នុងថ្ងៃបុណ្យ Singles’s Day 11/11/2020 របស់ Alibaba (រូបថត៖ Bloomberg)

    ប្រាក់ចំណូលរបស់ Alibaba នៅក្នុងថ្ងៃបុណ្យ Singles’ Day ប្រចាំឆ្នាំ តែងត្រូវបានចាត់ទុកដូចជាឧបករណ៍ស្ទង់អំពីសមត្ថភាពចាយវាយរបស់ពលរដ្ឋនៅប្រទេសចិន ក៏ដូចជាឧបករណ៍សម្រាប់ពិនិត្យសុខភាពនៃមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកនេះផងដែរ។ ឆ្នាំនេះ បណ្ដាតួលេខនានាស្ដីអំពីការទិញដូរក្នុងថ្ងៃបុណ្យ Singles’ Day ត្រូវបានគ្របដណ្ដប់ដោយការព្រួយបារម្ភថា ទីក្រុងប៉េកាំងកំពុងតែចាត់វិធានការខ្លាំងក្លាដើម្បីកាត់បន្ថយឥទ្ធិពលកាន់តែធំឡើងៗរបស់ Alibaba និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀតរបស់ប្រទេសចិន។

    ជាគំនិតមួយរបស់មហាសេដ្ឋី Jack Ma ដែលជាស្ថាបនិករបស់ Alibaba ថ្ងៃបុណ្យដើរផ្សារ 11វិច្ឆិកា បានចាប់កំណើតកាលពីឆ្នាំ2019។ ក្រោយការរីកចម្រើនជាង1ទសវត្សរ៍ Singles’ Day បានក្លាយជាព្រឹត្តិការណ៍តាមប្រមាញ់ទំនិញបញ្ចុះតម្លៃនៅលើផ្សារអនឡាញដ៏ធំបំផុតរបស់ Alibaba ដូចជា ផ្សារ Tmall និង Taobao ជាដើម។ នៅក្នុងថ្ងៃបុណ្យ Singles’ Day ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី11វិច្ឆិកាម្សិលមិញ ពលរដ្ឋចិនបានចំណាយប្រាក់ច្រើនជាងមុន ដែលគេអាចនិយាយបានថា ជាការចាយវាយដើម្បី “សងសឹក” ព្រោះថា តាំងពីដើមឆ្នាំរហូតដល់បច្ចុប្បន្ន ពួកគេត្រូវកាត់បន្ថយការដើរហើរ ការហូបចុកនៅភោជនីយដ្ឋាន ការដើរទេសចរណ៍ជាដើម ដោយសារតែCovid-19។

    ជាគំនិតមួយរបស់មហាសេដ្ឋី Jack Ma ដែលជាស្ថាបនិករបស់ Alibaba ថ្ងៃបុណ្យដើរផ្សារ 11វិច្ឆិកា បានចាប់កំណើតកាលពីឆ្នាំ2019។ ក្រោយការរីកចម្រើនជាង1ទសវត្សរ៍ Singles’ Day បានក្លាយជាព្រឹត្តិការណ៍តាមប្រមាញ់ទំនិញបញ្ចុះតម្លៃនៅលើផ្សារអនឡាញដ៏ធំបំផុតរបស់ Alibaba
    ជាគំនិតមួយរបស់មហាសេដ្ឋី Jack Ma ដែលជាស្ថាបនិករបស់ Alibaba ថ្ងៃបុណ្យដើរផ្សារ 11វិច្ឆិកា បានចាប់កំណើតកាលពីឆ្នាំ2019។ ក្រោយការរីកចម្រើនជាង1ទសវត្សរ៍ Singles’ Day បានក្លាយជាព្រឹត្តិការណ៍តាមប្រមាញ់ទំនិញបញ្ចុះតម្លៃនៅលើផ្សារអនឡាញដ៏ធំបំផុតរបស់ Alibaba

    ក្រៅពី Alibaba ក្រុមហ៊ុនបរទេសក៏រកបានចំណូលច្រើនពីថ្ងៃបុណ្យ Singles’ Day នៅប្រទេសចិននេះដែរ។ នៅក្នុងអំឡុងពេល111នាទីនៃការបញ្ចុះតម្លៃដំបូងកាលពីថ្ងៃទី11វិច្ឆិកា ក្រុមហ៊ុន Nike និង Apple បានស្ថិតក្នុងបញ្ជីស្ដីអំពីយីហោដែលរកបានចំណូល100លានយន់ (15លានដុល្លារអាមេរិក) នៅលើផ្សារអនឡាញ់របស់ Alibaba។ ហាងរបស់ក្រុមហ៊ុនគ្រឿងសម្អាង Estee Lauder នៅលើផ្សារ Tmall គឺជាហាងដំបូងគេដែលរកបានចំណូល1ពាន់លានយន់នៅក្នុងថ្ងៃបុណ្យនៅលីវ។ បណ្ដាញសណ្ឋាគារអន្តរជាតិ ដូចជា Marriott និង Accor ក៏រកបាន1ពាន់លានយន់ជាបន្តបន្ទាប់គ្នាផងដែរ។

    ប្រាក់ចំណូលដែលបានមកពីការលក់រាយនៅប្រទេសចិន បានកើនឡើង3.3% បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំទៅនៅក្នុងខែកញ្ញា និងត្រូវបានព្យាករថា កើនឡើង5% នៅក្នុងខែតុលា។ ប៉ុន្តែ រយៈពេល9ខែដើមឆ្នាំនេះ ប្រាក់ចំណូលបានមកពីការលក់រាយនៅប្រទេសនេះ បានថយចុះ7% បើធៀបនឹង9ខែដើមឆ្នាំ2019។

    យោងតាមការប៉ាន់ប្រមាណរបស់សេដ្ឋវិទូ Xing Zhaopeng មកពីធនាគារ ANZ ចំណូលបានមកពីការទិញទំនិញ រួមចំណែកមិនដល់ 0.5% នៅក្នុងកំណើន 4.9% ដែលសេដ្ឋកិច្ចចិនទទួលបាននៅក្នុងត្រីមាសទី3។ លោក Xing យល់ថា គេទំនងជាត្រូវរង់ចាំរហូតដល់ឆ្នាំ2021 ទើបការជឿជាក់ក្នុងការចាយវាយរបស់អ្នកប្រើប្រាស់នៅប្រទេសចិន អាចត្រូវបានកែលម្អទាំងស្រុងឡើងវិញ៕

    ប្រភព៖ Bloomberg

  • ទង្វើ 5 យ៉ាង ពិសោធន៍ស្នេហារបស់គូស្នេហ៍ក្រោយពេលរៀបការ

    ទង្វើ 5 យ៉ាង ពិសោធន៍ស្នេហារបស់គូស្នេហ៍ក្រោយពេលរៀបការ

    ក្រោយពីប្តូរស្ថានភាពពីគូសង្សារមកជាគូជីវិត ឬជាគូស្វាមីភរិយាហើយនោះ ក្រៅពីធ្វើឱ្យការរស់នៅរបស់អ្នកប្រែប្រួលហើយ អាចនឹងហុចផលឱ្យសេចក្ដីស្នេហាប្រែប្រួលទៅតាមនោះផងដែរ។ ការប្រែប្រួលទាំងនោះអាចជាចំណុចមួយដែលធ្វើឱ្យនារីៗយើងជាច្រើនកើតក្តីសង្ស័យថា តើពេលនេះគូស្នេហ៍(ដែលឥឡូវក្លាយមកជាស្វាមី)របស់ខ្លួននៅតែមានអារម្មណ៍ស្រឡាញ់យើងដូចកាលពីមុន ឬក៏អត់? តែក៏មិនសូវជាហ៊ានសួរប៉ុន្មានដែរ ​ព្រោះខ្លាចថា សំណួរមួយនេះនឹងនាំឆ្ពោះទៅរកការឈ្លោះទាស់ទែងគ្នា។ ដូច្នេះហើយទើបថ្ងៃនេះឡា រ៉ែនចង់ឱ្យនារីៗយើងទាំងអស់បានយល់ដឹងពីចិត្តគូស្នេហ៍របស់ខ្លួនកាន់តែច្បាស់ឡើង ដើម្បីមានភាពជឿជាក់លើសេចក្តីស្នេហាដែលស្វាមីរបស់អ្នកនាងមានចំពោះអ្នកនាងឱ្យកាន់តែច្រើនឡើង តាមរយ:ទង្វើ 5យ៉ាងដែលបង្ហាញឱ្យឃើញច្បាស់ថា គេ(ស្វាមី)នៅតែស្រឡាញ់អ្នកនាងដដែល ដូច​តទៅ ៖

    1 .នៅតែនិយាយថា ស្រឡាញ់អូន ជាប់ជានិច្ច…

    បើគេ(ស្វាមី)នៅតែប្រាប់ថា ស្រឡាញ់អូនៗ ជាប់ជាប្រចាំ ដែលទោះជាអ្នកមើលឃើញ ឬមើលមិនឃើញពីភាព​សំខាន់​របស់ការនិយាយថា “ស្រឡាញ់អូន” របស់គេនោះក៏ដោយ តែគ្រាន់តែគេបាននិយាយថា គេស្រឡាញ់អ្នកប៉ុណ្ណឹង ក៏អាច​ធ្វើឱ្យគេ​ញញឹមបានដែរនោះ សូមអ្នកជឿជាក់ចុះថា គេពិតជាគិតដូចសម្ដីដែលអ្នកបានឮនោះមែនហើយ ហើយគេពិតជានៅ​តែ​​​​​​​មានអារម្មណ៍បែបនោះជានិច្ច ទោះជាអាពាហ៍ពិពាហ៍កន្លងផុតទៅប៉ុន្មានឆ្នាំហើយក៏ដោយ ​និងនៅតែស្រឡាញ់អ្នកបែប​នោះជានិច្ច ដរាបណាគេនៅតែមានដង្ហើម(វ៉ាវ!)។

    2 .បង្ហាញច្បាស់ក្នុងគ្រប់ទង្វើ…

    មិនថាអ្នករៀបការជាមួយគេមកយូរប៉ុនណាហើយក៏ដោយ តែគេនៅតែជាមនុស្សម្នាក់ដែលដូចពីមុន​ដដែល និងបញ្ជាក់ច្បាស់រាល់ទង្វើដែលគេបានធ្វើចំពោះអ្នកជានិច្ច វាគឺជាការបញ្ជាក់ពីបេះដូង និងដួងចិត្តរបស់គេ ដើម្បី​កុំ​ឱ្យអ្នកនៅនឹកសង្ស័យ ស្រពេចស្រពឹលក្នុងចិត្ត ឬមានកង្វល់ណាមួយលើរូបគេឱ្យសោះ ហើយក៏ជាការបង្ហាញនូវក្តីស្នេហាដែលគេមាន​ចំពោះអ្នកឥតងាករេ ដើម្បីឱ្យអ្នកមានអារម្មណ៍ជឿជាក់ចំពោះរូបគេជានិច្ច មិនថាតែការឱប កាន់ដៃ កៀកស្មា ឬទង្វើអ្វីផ្សេងទៀតក៏​ដោយ វាប្រៀបហាក់ដូចជា រាល់ៗថ្ងៃនេះជាថ្ងៃដែលគេបានជួបអ្នកគ្រាដំបូងដូច្នោះដែរ។

    3 .សេចក្តីសុខរបស់អ្នក គឺសេចក្តីសុខរបស់គេ…

    បើអ្នកឃើញថា គេសប្បាយចិត្តពេលដែលឃើញអ្នកមានសេចក្តីសុខ ហើយគេព្យាយាមគ្រប់វិធីដើម្បីធ្វើឱ្យ​អ្នកមានសេចក្តីសុខនោះ ចូរជឿជាក់ក្នុងចិត្តចុះថា ពាក្យថា “ស្រឡាញ់អូន” របស់គេនោះនៅតែជាការពិតជានិច្ច ព្រោះបើសិនជាគេមិនមានអារម្មណ៍បែបនោះទេ គេច្បាស់ជាមិនអាចកុហក ឬធ្វើបែបនោះបានយូរអង្វែងឡើយ ហើយអ្នកគ្រូ ឆវី ក៏ជឿថា នារីៗគ្រប់រូបក៏អាចដឹងពីអារម្មណ៍ទាំងនោះបានតាមរយ:សញ្ជាតិញាណរបស់ខ្លួនឯងស្រាប់ទៅហើយដែរ។

    4 .គេព្រួយ និងមានកង្វល់នៅពេលមានរឿងរ៉ាវមិនល្អកើតឡើងចំពោះអ្នក…

    អ្នកអាចពិសោធន៍បានតាមរយ:អាកប្បកិរិយារបស់គេនៅពេលកើតរឿងរ៉ាវមិនល្អណាមួយឡើងចំពោះរូបអ្នក ដូចជាគេមានអារម្មណ៍ខឹងនៅពេលមានអ្នកណាធ្វើឱ្យអ្នកភ័យកង្វល់ ឬគេមានអារម្មណ៍ឈឺចាប់នៅពេលឃើញអ្នកឈឺថ្កាត់…បើអាច​ជ្រើសរើសបាន គេប្រាកដជាប្រមូលយកអារម្មណ៍ទុក្ខលំបាកទាំងអស់នោះមកទុកក្នុងខ្លួនគេជំនួសវិញមិនខាន។ ​គ្រាន់តែ​ប៉ុណ្ណឹងក៏បញ្ជាក់ឱ្យឃើញច្បាស់ទៅហើយថា គេនៅតែស្រឡាញ់ និងបារម្ភពីអ្នកជានិច្ច មិនថារស់នៅជាមួយគ្នាមកប៉ុន្មានឆ្នាំហើយក៏ដោយ ។

    5 .អ្នក គឺជាផ្នែកសំខាន់បំផុតរបស់ជីវិតគេ…

    សញ្ញាមួយទៀតដែលបង្ហាញឱ្យឃើញច្បាស់ថា គេនៅតែស្រឡាញ់អ្នកជានិច្ចនោះ គឺការដែលគេគិតថា អ្នកគឺជាចំណែកសំខាន់មួយរបស់ជីវិតគេ និងមិនអាចនឹងមានជីវិតរស់នៅតទៅទៀតបានឡើយបើសិនជាគេគ្មានរូបអ្នក។ អ្នកអាចពិសោធរកការពិតលើចំណុចនេះបាន តាមរយ:ការដែលគេតែងនឹកឃើញរូបអ្នកមុនគេបង្អស់ នៅពេលណាដែលកើតមានរឿងរ៉ាវអាក្រក់ ឬល្អអ្វីមួយកើតឡើង ហើយមិនថាគេចង់រៀបផែនការធ្វើអ្វីមួយក៏ដោយ គឺតែងតែមានរូបអ្នកនៅក្នុងអនាគតរបស់គេនោះជានិច្ច និងតែងផ្តល់នូវភាព​សំខាន់ចំពោះរូបអ្នកយ៉ាងខ្លាំងជាប់ជានិច្ច…ទាំងអស់នេះដោយសារតែគេគិតថា អនាគតរបស់គេ គឺអនាគតរបស់អ្នកហ្នឹងឯង។

    ក្រៅពីនេះ ជួនកាលទោះជាគេមិនបានសម្តែងនូវសេចក្តីស្រឡាញ់របស់គេឱ្យអ្នកបានឃើញយ៉ាងជាក់ច្បាស់តាមរយ:ពាក្យសម្ដី ឬទង្វើ ឬអ្វីៗដែលផ្សេងពីសញ្ញាទាំង 5 ខាងលើនេះក៏ដោយ ក៏សូមឱ្យអ្នកកុំអាលយល់ខុសថា គេអស់សេចក្តីស្នេហាមកលើរូបអ្នកឱ្យសោះ ព្រោះគេអាចជាមនុស្សដែលមិនសូវចេះបង្ហាញពីអារម្មណ៍ ឬទង្វើផ្សេងៗក៏អាចថាបានដែរ ដូច្នេះ​អ្នកមិនគួរសម្រេចសេចក្តីគេតែលើសម្បកក្រៅឡើយ តែត្រូវមើលឱ្យជ្រៅទៅដល់ចរិតនិស្ស័យរបស់គេ ដើម្បីនឹងបានរស់នៅជាគូគ្រងនឹងគ្នាប្រកបដោយសេចក្តីសុខរហូតដល់ដង្ហើមចុងក្រោយរៀងៗខ្លួន៕

  • Trump អាចរក​បាន​100​លាន​ដុល្លារ​ បន្ទាប់​ពី​ត្រូវ​ចាក​ចេញ​ពី​សេត​វិមាន

    Trump អាចរក​បាន​100​លាន​ដុល្លារ​ បន្ទាប់​ពី​ត្រូវ​ចាក​ចេញ​ពី​សេត​វិមាន

    លោក Donald Trump អាចទទួលបានការអញ្ជើញឱ្យមកសហការដើម្បីសរសេរសៀវភៅ និងកម្មវិធីទូរទស្សន៍ ដែលកិច្ចព្រមព្រៀងទាំងនោះអាចនឹងមានតម្លៃឡើងដល់100លានដុល្លារអាមេរិក។

    គេហទំព័រ Page Six កាលពីថ្ងៃទី10វិច្ឆិកា បានដកស្រង់ប្រភពព័ត៌មានមួយដែលជិតស្និទ្ធនឹងលោក Trump ឱ្យដឹងថា ប្រធានាធិបតីអាមេរិករូបនេះ កំពុងត្រូវបានក្រុមហ៊ុនទូរទស្សន៍នានាយកចិត្តទុកដាក់ក្នុងបំណងអញ្ជើញឱ្យមកសហការរកស៊ី។ ប្រភពដំណឹងឱ្យដឹងថា “កិច្ចព្រមព្រៀងអំពីការសរសេរសៀវភៅ និងទូរទស្សន៍ គឺជាផែនការទីពីររបស់លោក (Trump) បើសិនជាគាត់មិនបានជាប់ឆ្នោត”។

    “អ្នកបោះឆ្នោតចំនួន70លាននាក់ បានបោះឆ្នោតជូនគាត់ ប្រការនេះនឹងនាំឱ្យមានអ្នកមើលច្រើន ហើយតួលេខនៃការលក់សៀវភៅក៏នឹងមានចំនួនច្រើនមិនធ្លាប់មានពីមុនមកផងដែរ។ គ្រប់សៀវភៅដែលប្រឆាំងនឹង Trump សុទ្ធតែរកប្រាក់បានយ៉ាងច្រើន ដូច្នេះសៀវភៅរបស់ Trump ប្រាកដជាជោគជ័យ” នេះបើតាមប្រភពព័ត៌មានខាងលើ។ ប្រភពដំណឹងនេះបន្តថា ប្រធានាធិបតី Trump “កំពុងទទួលបានការអញ្ជើញជាហូរហែ ទាក់ទងនឹងកិច្ចសហការសរសេរសៀវភៅ និងទូរទស្សន៍ ដែលអាចមានតម្លៃដល់ទៅ100លានដុល្លារអាមេរិក”។

    ប៉ុន្តែ ប្រភពព័ត៌មានដែលគួរទុកចិត្តមួយនៅក្នុងសហគមន៍អ្នកបោះពុម្ភសៀវភៅនិយាយថា ខ្ទង់ប្រាក់ដែលបាននិយាយខាងលើ “ស្ដាប់ទៅដូចមិនទាន់ត្រឹមត្រូវ”។ លោក Obama និងអតីតស្ត្រីទីមួយ Michelle Obama បានចុះកិច្ចព្រមព្រៀងដែលមានតម្លៃ65លានដុល្លារជាមួយនឹងអ្នកបោះពុម្ភសៀវភៅ Crown កាលពីឆ្នាំ2017។ ក្រុមពិពន្ធនាយករបស់ក្រុមហ៊ុន Crown និង Knopf បានបដិសេធនឹងសំណួរដែលថា តើពួកគេមានគម្រោង​បោះពុម្ភសៀវភៅរបស់លោក Trump ឬជួបលោក Trump ដែរ ឬយ៉ាងណានោះទេ។

    ប្រភពព័ត៌មានឱ្យដឹងថា ក្រុមហ៊ុនផលិតសៀវភៅដែលគួរតែត្រូវបានចាប់អារម្មណ៍ នោះគឺ Simon & Schuster ព្រោះថា ពួកគេបានបោះពុម្ភសៀវភៅរបស់លោក Trump កាលពីពេលថ្មីៗនេះ ហើយអតីតនាយកប្រតិបត្តិ Jonathan Karp ក៏ធ្លាប់បានទៅចូលរួមពិធីមង្គលការរបស់លោក Trump និងលោកស្រី Melania ផងដែរ។

    អ្នក​ស្រី​ Dana Canedy នាយិកាប្រតិបត្តិថ្មីរបស់ Simon & Schuster បាននិយាយកាលពីខែកក្កដាថា៖ “គាត់គឺជាប្រធានាធិបតី។ គ្រប់គ្នាដែលចាកចេញពីសេតវិមាន សុទ្ធតែមានសៀវភៅមួយ ឬច្រើនក្បាល ហើយសៀវភៅទាំងនោះបានផ្ដល់នូវចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្ត្រ។ ខ្ញុំយល់ថា ប្រការនេះមិនត្រឹមតែសមហេតុផលនោះទេ តែវាក៏សំខាន់ផងដែរ”។

    Simon & Schuster គឺជាអ្នកបោះពុម្ភសៀវតភៅដែលបានសហការជាច្រើនឆ្នាំជាមួយនឹង Hillary Clonton។ ពួកគេបានបោះពុម្ភសៀវភៅកំណត់ហេតុជាច្រើនរបស់អតីតទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton និង Marry L. Trump ដែលជាក្មួយស្រីរបស់ប្រធានាធិបតី Trump ដោយនៅក្នុងសៀវភៅទាំងនោះមានខ្លឹម​សារ​រិះ​គន់​​លោក Trump។

    ទាក់ទង់នឹងការបោះឆ្នោតនៅអាមេរិក សារព័ត៌មាននានានៅប្រទេសនេះបានហៅលោក Biden ថា ជាប្រធានាធិបតីអាមេរិកទី46 នៅពេលបេក្ខភាពមកពីបក្សប្រជាធិបតេយ្យរូបនេះ ទទួលបានសំឡេងគាំទ្រពីតំណាងម្ចាស់ឆ្នោតចំនួនយ៉ាងតិច290សំឡេង។ ក៏ប៉ុន្តែ លោក Trump មិនបានទទួលស្គាល់លទ្ធផលនេះទេ ដោយអះអាងថា “ការបោះឆ្នោតនេះ នៅយូរទៀតទើបបញ្ចប់” ហើយបានសង្កត់ធ្ងន់ថា នឹងបន្តធ្វើសង្គ្រាមផ្លូវច្បាប់ដល់ទីបញ្ចប់ដើម្បីប្រឆាំងនឹង “ការលួចបន្លំសន្លឹកឆ្នោត”៕

    ប្រភព៖ Page Six

  • រឿងធម្មតាៗ 10យ៉ាងដែលយើងច្រើនតែភ្លេចក្នុងការតុបតែងផ្ទះ

    រឿងធម្មតាៗ 10យ៉ាងដែលយើងច្រើនតែភ្លេចក្នុងការតុបតែងផ្ទះ

    តើប្រិយមិត្តអ្នកអានធ្លាប់ដែរឬទេ តុបតែងផ្ទះយ៉ាងណា ក៏នៅតែមិនស្អាតដូចនៅក្នុងទស្សនាវដ្តីដែរ មានអារម្មណ៍ថា ដូចជា រាងទើសភ្នែក ខ្វះនេះ លើសនោះ យ៉ាងម៉េចក៏មិនដឹង?។ ទោះជាផ្ទះរបស់លោកអ្នកទំនើប និងមានតម្លៃថ្លៃប៉ុនណាក៏ដោយ តែរឿងការ​តុបតែងលម្អមិនមែនជារឿងងាយស្រួលដូចការគិតនោះទេ…ខាងក្រោមនេះ គឺជាឧទាហរណ៍ខ្លះៗដែលយើងច្រើនតែភ្លាត់ភ្លាំងក្នុងការតុបតែងផ្ទះ ដូច្នេះបើអ្នកណាមិនចង់ខុសឆ្គងក្នុងការតុបតែងផ្ទះ សូមតាមដានដូចតទៅ។

    – តុបតែងផ្ទះច្រើនពេក ឡើងស៊ុបទ្រុប

    កុំគិតតែពីតុបតែងផ្ទះដោយរបស់តុបតែងច្រើនពោរពាស រហូតមើលទៅដូចជាចង្អៀតហប់នោះ។ បើលោកអ្នកត្រូវដើរ​ចៀសរបស់នេះ ឬគេចរបស់នោះ ពេលដើរចេញ-ចូលក្នុងផ្ទះនោះ ហ្នឹងបញ្ជាក់ថា លោកអ្នកមានរបស់របរច្រើនជ្រុលពេកហើយ ដូច្នេះគួរទុកដាក់ និងរៀបចំឱ្យមានកន្លែងទំនេរគ្រាន់នឹងសម្រាកខ្សែភ្នែកខ្លះផង។

    – ពេញទៅដោយរបស់ប្រមូលសន្សំទុក

    ផ្ទះដែលពោរពេញទៅដោយរបស់ប្រមូលសន្សំដែលជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួននោះ អ្នកអាចមើលឃើញថា វា​ស្អាត តែអ្នកជឿទេថា ភ្ញៀវដែលមកលេង គេមិនបានគិតបែបហ្នឹងទេ ហើយគេថែមទាំងមានអារម្មណ៍ថា គួរឱ្យរំខានទៀតផង។ ដូច្នេះចូរសាក​ល្បងតុបតែងផ្ទះបែបស្ទីលធម្មតាៗវិញ ប្រហែលជាគួរឱ្យគយគន់ជាង មើលទៅ…។

    – ទិញតុ ទូ កៅអី ឬគ្រឿងសង្ហារិមខុសទំហំបន្ទប់

    ទំហំរបស់វត្ថុប្រើប្រាស់ គួរឱ្យសមល្មមនឹងទំហំរបស់បន្ទប់ មិនគួរតូច ឬធំជ្រុលពេកឡើយ ដូច្នេះសូមកុំភ្លេចវាស់ទំហំទីកន្លែងដែលត្រូវដាក់តាំងជាមុន មុននឹងចេញទៅរកទិញរបស់ទាំងនោះ។

    Wall Papers (ក្រដាសរូបភាពបិទជញ្ជាំង)មានរូបភាព និងក្បាច់ក្បូរគួរឱ្យខ្លាច

    វ៉លផេភើរ៍ រូបដូចសត្វពស់ ដូចសត្វចម្លែក គួរឱ្យខ្លាចញញើត…សូមសាកល្បងគិតទៅមើលថា បើមានភ្ញៀវមកលេងផ្ទះ តើគេហ៊ានឈានជើងចូលមកក្នុងផ្ទះយើងដែរឬទេ? ដូច្នេះចូរកុំតុបតែងផ្ទះដោយវ៉លផេភើរ៍បែបនេះជាដាច់ខាត។

    – ដើមផ្កាជ័រ

    ពិតប្រាកដហើយថា ដើមឈើ និងផ្កា អាចជួយឱ្យផ្ទះមើលទៅស្រស់ស្អាត តែដើមផ្កាក្លែងក្លាយ ឬដើមឈើជ័រ អាចនឹងធ្វើឱ្យផ្ទះរបស់អ្នកមើល​ទៅមានតម្លៃថោក ឬបង្ហាញឱ្យឃើញពីចំណង់ចំណូលចិត្តរបស់អ្នកស្នាក់នៅនោះអន់ ជាដើម ដូច្នេះគួរចំណាយប្រាក់ទិញដើមផ្កាមែនទែន ដែលទោះជាថ្លៃជាងមែន តែក៏មើលទៅល្អស្រស់បំព្រង និងធម្មជាតិខ្លាំងជាងច្រើនណាស់។

    – បន្ទប់គេងប្រើពណ៌ផ្កាឈូកពេញទាំងបន្ទប់

    តើអ្នកគិតយ៉ាងណាដែរ ពេលបានជួបមនុស្សដែលតុបតែងខ្លួនដោយពណ៌តែមួយតាំងពីក្បាលដល់ចុងជើងនោះ? ការតុបតែង​បន្ទប់ឱ្យអ្វីៗគ្រប់យ៉ាងមានពណ៌ផ្កាឈូកទាំងអស់ ទោះជាមើលយ៉ាងម៉េចក៏នៅតែដូចជាមនុស្សដែលគ្មានសិល្ប:ក្នុងការតុប​តែង​​​ដែរ ដូច្នេះចូរសាកល្បងរករបស់តុបតែងណាដែលមានពណ៌ស៊ីគ្នានឹងពណ៌ផ្កាឈូកខ្លះទើបប្រសើរជាង។

    – មិនព្រមបកថង់ប្លាស្ទិក ឬស្រោមចេញ

    មានវិធីផ្សេងៗទៀតជាច្រើនក្នុងការថែទាំរបស់របរប្រើប្រាស់ឱ្យនៅថ្មី ជាប់ធន់បានយូរ និងមិនប្រឡាក់ តែមិនមែនជាវិធីបែបនេះទេ…។

    – ព្យួររូបភាពលើជញ្ជាំងខ្ពស់ជ្រុលពេក

    មើលទៅដូចជាស្អាត តែ តើវានឹងរួយ-កទេពេលងើយមើលរូបភាពនោះ? រូបភាព ឬរូបថតផ្សេងៗមិនគួរព្យួរខ្ពស់ជ្រុលពេកដល់ថ្នាក់ត្រូវងើយមុខឡើងមើលនោះទេ គួរព្យួរនៅក្នុងកម្ពស់ដែលយើងអង្គុយ ឬឈរក៏អាចមើលឃើញបានដែរ វាស្រួលជាង។

    – ខ្សែភ្លើងច្រវេតច្រវាត់ រញ៉េរញ៉ៃ គ្មានរបៀប

    ខ្សែភ្លើងរបស់ទូរទស្សន៍ កង្ហារ ឬគ្រឿងប្រើប្រាស់អគ្គិសនីទាំងអស់ដែលមាននៅក្នុងផ្ទះ មិនថាតែក្នុងបន្ទប់ណាក៏​ដោយ គួររៀបចំប្រមូលចង ឬរុំបញ្ចូលគ្នាជាខ្សែតែមួយ ដាក់ទៅកៀនជញ្ជាំង ទើបមើលទៅមិនកេកកាក រញ៉េរញ៉ៃ និងមាន​សណ្តាប់​ធ្នាប់ល្អផង ។

    – ដាក់កៅអីសាឡុងឃ្លាតឆ្ងាយពីគ្នាជ្រុលពេក

    នេះគឺជាចំណុចខុសឆ្គងមួយដែលមិនអាចទទួលយកបានជាទីបំផុត មិនចាំបាច់ដាក់កៅអីសាឡុងទៅជាប់ជញ្ជាំងពេកទេ តែគួររៀបចំឱ្យមានកន្លែងសមរម្យ និងមានរយ:ឆ្ងាយពីគ្នាសមល្មម។

    បញ្ជាក់ ៖ សិល្ប:ក្នុងការតុបតែងផ្ទះ គ្មានច្បាប់វិន័យកំណត់ជាក់លាក់ឡើយ គ្រាន់តែជាពាក្យណែនាំប៉ុណ្ណោះ…ស្អាត ឬមិនស្អាតអាស្រ័យលើការនិយម និងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ៕

  • Neymar ចង់បន្តកុងត្រាថ្មីជាមួយ PSG

    Neymar ចង់បន្តកុងត្រាថ្មីជាមួយ PSG

    ខណៈពេល​នេះ កីឡាករ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar កំពុងតែ​សម្រាក​ព្យាបាល​របួស​របស់ខ្លួន នៅក្នុង​មន្ទីរពេទ្យ ស្រប​ពេលដែល​កុងត្រា​របស់គេ​នឹងត្រូវ​ផុត នៅ​ពាក់កណ្តាល​ឆ្នាំ2021 នេះហើយ ហើយ​រូបគេ​បានប្រកាសថា ចង់​ត​កុងត្រា​ថ្មី លែង​ចង់​ចាក​ចេញពី​ក្លិប​មួយ​នេះហើយ ។

    ការផ្លាស់ប្តូរ​ចិត្ត​នេះ គឺ​ក្រោយ​ពេលដែល​ក្លិប FC Barcelona មាន​ភាព​រកាំរកូស ហើយ​កីឡាករ​លេង​មិនត្រូវ​ជើង​គ្នា ដោយ​កំពុង​ឈរ​នៅ​តំបន់​គ្រោះថ្នាក់​នៃ​តារាង​ពិន្ទុ La Liga ខណៈដែល​ក្លិប​ដែល​គេ​កំពុង​លេង​បច្ចុប្បន្ន​កំពុងតែ​ឈរ​កំពូល​តារាង Ligue I។

    ទោះជា​កំពុង​សម្រាក​ព្យាបាល​ក្ដី តែ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​ខាងលើ បាន​បង្ហើប​ពី​គម្រោង​ក្នុង​ការបន្ដ​កុងត្រា​នៅ PSG ទៀត។ Neymar ចង់​មាន​ការបន្ដ​កុងត្រា​ថ្មី ដោយ​រក្សា​តម្លៃ​ពលកម្ម 6សែន​ផោន​ដ៍ ក្នុង 1សប្ដាហ៍​ដដែល៕

     

  • Amazon ប្រឈម​នឹង​ការ​ពិន័យ​37​ពាន់​លាន​ដុល្លារ​ ទាក់​ទិន​នឹង​​ការ​​​រក​​ស៊ី​​ផ្ដាច់​មុខ​នៅ​អឺរ៉ុប​

    Amazon ប្រឈម​នឹង​ការ​ពិន័យ​37​ពាន់​លាន​ដុល្លារ​ ទាក់​ទិន​នឹង​​ការ​​​រក​​ស៊ី​​ផ្ដាច់​មុខ​នៅ​អឺរ៉ុប​

    សហភាពអឺរ៉ុបយល់ថា ក្រុមហ៊ុននេះ កំពុងតែប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន ដើម្បីគ្រប់គ្រងវិស័យទិញដូរតាមអនឡាញដោយផ្ដាច់មុខតែឯង ក្នុងបំណងរារាំងគូប្រជែង។ល។

    សហភាពអឺរ៉ុប (EU) បានប្រកាសជាផ្លូវការអំពីការប្ដឹងចោទប្រកាន់នានា ប្រឆាំងនឹងភាពផ្ដាច់មុខរបស់ Amazon ដោយយល់ថា ក្រុមហ៊ុននេះ កំពុងតែប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន គ្រប់គ្រងវិស័យទិញដូរតាមអនឡាញដោយផ្ដាច់មុខ។ ទន្ទឹមនឹងនេះ EU ក៏បើកការស៊ើបអង្កេតទីពីរទៅលើសកម្មភាពជំនួញរបស់ក្រុមហ៊ុនយក្សនេះផងដែរ។

    យោងតាម CNN Business លោកស្រី Margrethe Vestager មន្ត្រីជាន់ខ្ពស់បំផុតដែលទទួលបន្ទុកខាងប្រឆាំងការរកស៊ីផ្ដាច់មុខនៃគណៈកម្មការអឺរ៉ុប (EC) កាលពីថ្ងៃទី10វិច្ឆិកា បាននិយាយថា Amazon បានរំលោភច្បាប់ ដោយការប្រើប្រាស់ឥទ្ធិពលក្នុងផ្សារអនឡាញធំបំផុតរបស់ខ្លួននៅប្រទេសបារាំង និងអាល្លឺម៉ង់។

    កាលពីខែកក្កដា ឆ្នាំ2019 EC បានធ្វើការស៊ើបអង្កេតផ្លូវការអំពីតួនាទី “ស្ទួន” របស់ Amazon ដោយសារតែក្រុមហ៊ុននេះ ធ្វើជាផ្សារអនឡាញផង ធ្វើជាអ្នកលក់រាយផង។

    ក្រុមមន្ត្រីស៊ើបអង្កេតរបស់អឺរ៉ុប បានរកឃើញភាពមិនប្រក្រតីជាច្រើននៅក្នុងការរកស៊ីរបស់ Amazon ក្នុងនោះមានដូចជា បញ្ហា Amazon បានប្រើប្រាស់ទិន្នន័យមិនបង្ហាញជាសាធារណៈរបស់ក្រុមអ្នកលក់រាយឯករាជ្យ ដើម្បីប្រៀបធៀបតម្លៃគ្នារវាងផលិតផលរបស់ខ្លួន និងផលិតផលរបស់អ្នកលក់ឯករាជ្យទាំងនោះ ក្នុងបំណងកំណត់តម្លៃផលិតផលរបស់ខ្លួនឱ្យមានលទ្ធភាពប្រកួតប្រជែងខ្ពស់ជាង។ នេះបើតាមលោកស្រី Vestager។

    មន្ត្រីអឺរ៉ុបរូបនេះក៏បានសង្កត់ធ្ងន់ថា ជាមួយនឹងវិធីខាងលើ Amazon អាចកាត់បន្ថយលទ្ធភាពនៃការប្រកួតប្រជែងរបស់ក្រុមអ្នកលក់ភាគីទីបី ក៏ដូចជាកាត់បន្ថយឱកាសនៃការរីកចម្រើនរបស់ក្រុមអ្នកលក់នោះ។

    Amazon ប្រឈមនឹងការពិន័យ37ពាន់លានដុល្លារ ទាក់ទិននឹងបញ្ហាក្ដោបក្ដាប់ទីផ្សារអនឡាញផ្ដាច់មុខនៅអឺរ៉ុប
    លោកស្រី Margrethe Vestager មន្ត្រីជាន់ខ្ពស់បំផុតដែលទទួលបន្ទុកខាងប្រឆាំងការរកស៊ីផ្ដាច់មុខនៃគណៈកម្មការអឺរ៉ុប (EC)

    យ៉ាងនេះក្ដី Amazon បានច្រានចោលការចោទប្រកាន់នេះ ដោយប្រកាសថា “យើងមិនយល់ស្របជាមួយនឹងការវាយតម្លៃបឋមរបស់ EC ហើយយើងនឹងបន្តការប្រឹងប្រែង ដើម្បីធានាឱ្យបានប្រាកដថា ពួកគេយល់ច្បាស់អំពីការពិត”។

    ការវាយតម្លៃបឋមរបស់ EC បង្ហាញថា Amazon បានបំពានមាត្រាច្បាប់ប្រឆាំងនឹងការរកស៊ីផ្ដាច់មុខរបស់ EU ប៉ុន្តែបានបញ្ជាក់ថា ការស៊ើបអង្កេតត្រូវតែធ្វើឡើងដល់ទីបំផុត មុននឹងមានការដាក់ពិន័យណាមួយ។ ការស៊ើបអង្កេតនេះ អាចប្រើពេលច្រើនឆ្នាំ ហើយអាចនាំទៅរកការដាក់ពិន័យឡើងដល់10% នៃប្រាក់ចំណូលសរុបទូទាំងពិភពលោកក្នុងមួយឆ្នាំរបស់ Amazon។ បើសិនជាយោងទៅលើការព្យាករលើប្រាក់ចំណូលរបស់ Amazon នៅក្នុងឆ្នាំ2020 នោះប្រាក់ពិន័យអាចឡើងដល់37ពាន់លានដុល្លារអាមេរិក។

    ចំណែកការស៊ើបអង្កេតលើកទីពីររបស់ EU គឺទាក់ទងនឹងការចោទប្រកាន់ថា Amazon ព្យាយាមយកចិត្តទុកដាក់ទៅលើផលិតផលដែលក្រុមហ៊ុននេះកំពុងលក់រាយ ឬចូលចិត្តអ្នកលក់ទីបីណាដែលប្រើប្រាស់សេវាកម្មរបស់ Amazon៕

    ប្រភព៖ CNN Business, Forbes

  • រឿងស្ងោរៗដែលបងៗស្រ្តីមេផ្ទះគួរតែដឹង

    រឿងស្ងោរៗដែលបងៗស្រ្តីមេផ្ទះគួរតែដឹង

    រឿងចង្រ្កានជើងឆ្នាំង និងការចម្អិនម្ហូបអាហារនេះសំខាន់ខ្លាំងណាស់សម្រាប់ស្រ្តីមេផ្ទះ ព្រោះនៅពេលដែលបងៗស្រ្តីមេផ្ទះចម្អិនម្ហូបអាហារបានឈ្ងុយឆ្ងាញ់ មានរសជាតិ និងមិនមានធំក្លិនឆ្អាបនោះ សមាជិកក្នុងគ្រួសារនឹងសប្បាយរីករាយណាស់ក្នុងការទទួលទានអាហារដ៏ឆ្ងាញ់ៗទាំងអស់នោះ។ ដូច្នេះថ្ងៃនេះ ទំព័រចំណេះដឹងស្រ្តីមេផ្ទះនៃទស្សនាវដ្ដី ឡារ៉ែន សូមនាំយកតិចនិកក្នុងការធ្វើម្ហូបបែបស្ងោរៗមកជម្រាបជូន ដែលឡារ៉ែនជឿថា នៅពេលសមាជិកក្នុងគ្រួសារទាំងអស់បានពិសាហើយ ច្បាស់ជាលើកមេដៃជូនអ្នកចម្អិនជាមិនខាន។

    តិចនិកស្ងោរបន្លែឱ្យឆ្ងាញ់ពិសា

    1. ព្យាយាមប្រើទឹកឱ្យតិចបំផុតតាមដែលអាចធ្វើទៅបានក្នុងការស្ងោរបន្លែ។
    2. មុននឹងយកបន្លែមកដាក់ស្ងោរ គួររង់ចាំឱ្យទឹកពុះជាមុនសឹន សឹមដាក់បន្លែចូលទៅ ដោយមិនគួរដាក់ត្រាំស្ងោរនៅក្នុងឆ្នាំងតាំងពីដំបូងឡើយ។
    3. បន្លែពណ៌បៃតងគួរធ្វើឱ្យឆ្អិនដោយវិធីស្រុះ​ ឬដាក់ចូលទៅក្នុងទឹកពុះ ហើយពេលទឹកពុះម្តងទៀត ចូរលើកចុះភ្លាម។
    4. បន្លែមើម ដូចជា មើមស្ពៃ មើមឆៃថាវ មើមការ៉ុត គួរស្ងោរនៅក្នុងទឹកពុះតិចៗ និងគួរស្ងោរទាំងមូល ព្រោះនឹង​​ជួយរក្សាគុណប្រយោជន៍ខាងអាហារបានច្រើនជាងការហាន់ជាដុំៗដាក់ស្ងោរ។
    5. រាល់ពេលស្ងោរបន្លែ គួរបិទគម្របឆ្នាំង ដើម្បីឱ្យទឹកឆាប់ពុះ និងបន្លែកាន់តែឆាប់ឆ្អិន ព្រោះបន្លែកាន់តែនៅក្នុងទឹកក្តៅយូរប៉ុនណា គុណប្រយោជន៍ខាងអាហារនឹងកាន់តែថយចុះប៉ុននោះដែរ។

    ធ្វើតាមតិចនិកដ៏ងាយៗខាងលើ ក្រៅពីបងៗទទួលបានបន្លែស្ងោរដែលឆ្ងាញ់ជាងអ្នកដទៃហើយ នៅ​បានទទួលគុណប្រយោជន៏ខាងអាហារយ៉ាងពេញបរិបូរណ៍ទៀតផង ។

    តិចនិកស្ងោរពោតឱ្យទន់ ផ្អែម ឆ្ងាញ់

    ផ្លែពោត គឺជាបន្លែផ្លែឈើដែលងាយឆ្អិនជាទីបំផុត ដូច្នេះយើងមិនគួរប្រើពេលវេលាក្នុងការស្ងោរយូរឡើយព្រោះនឹងធ្វើឱ្យសាច់គ្រាប់់ផ្លែពោតឡើងស្វិតជ្រួញ ញ៉ាំលែងឆ្ងាញ់។

    វិធីស្ងោរមានដូចតទៅ៖ ចូរដាក់ទឹកដោះគោឆៅមួយកូនចានទឹកជ្រលក់ទៅក្នុងទឹកស្ងោរពោត ស្ករសមួយស្លាបព្រាកាហ្វេ រួចដាំទឹកឱ្យពុះ​ដោយ​ប្រើ​​ភ្លើង​​ខ្លាំង រង់ចាំឱ្យទឹកនៅក្នុងឆ្នាំងពុះខ្លាំងជាមុនសិន សឹមយកផ្លែពោតដាក់ចូលទៅដោយតម្រៀបគ្នានៅក្នុងឆ្នាំង បន្ទាប់មកស្ងោរបន្តទៀតរយៈពេល 3នាទី ផ្លែពោតនឹងឆ្អិនល្អ រួចចូរស្រង់ផ្លែពោតឡើងមក ហើយយកអំបឹលសមកលាបពីលើបន្តិច តែប៉ុណ្ណឹងយើងនឹងបានផ្លែពោតស្ងោរដែលទន់ ​ផ្អែម និងឈ្ងុយឆ្ងាញ់សម្រាប់ទទួលទានហើយ។

    វិធីស្ងោរត្រីមិនឱ្យធំក្លិនឆ្អាប

    វិធីងាយៗក្នុងការស្ងោរត្រីមិនឱ្យមានក្លិនឆ្អាបក្នុងទឹកស្ងោរនោះគឺ ចូរដាក់ស្លឹកតែចិនចូលទៅក្នុងឆ្នាំងស្ងោរប្រមាណជា 6-7សន្លឹក ហើយបើបានដំមើមខ្ទឹមក្រហម 2-3​ មើមឱ្យបែកហើយដាក់ចូលទៅផងនោះ នឹងរឹតតែបង្កើនរសជាតិសម្លរស្ងោរត្រី របស់បងៗស្រ្តីមេផ្ទះឱ្យកាន់តែឈ្ងុយឆ្ងាញ់ បាត់ក្លិនឆ្អាប និងទទួលទានកាន់តែស្និទ្ធឡើងទៀតផង។

    ស្ងោរសាច់ជ្រូកចិញ្រ្ចាំ…ធ្វើយ៉ាងម៉េចឱ្យសាច់ទន់ឆ្ងាញ់?

    បងៗស្រ្តីមេផ្ទះជាច្រើននាក់ប្រហែលជាធ្លាប់ជួបបញ្ហាពេលធ្វើសម្លស្ងោរសាច់ជ្រូកចិញ្រ្ចាំហើយ សាច់ជ្រូកឡើងរឹងទទួលទានមិនឆ្ងាញ់មាត់សោះហើយមើលទៅ ដូច្នេះពេលនេះសូមឈប់កង្វល់ទៅ ឡារ៉ែនមានវិធីសាស្រ្តងាយៗក្នុងការធ្វើឱ្យសាច់ជ្រូកចិញ្រ្ចាំក្នុងសម្លស្ងោរនោះ​ទន់ឆ្ងាញ់បានដូចតទៅ៖ គឺបងៗគួរជ្រើសយកសាច់ 3ជាន់មកធ្វើជាសាច់ចិញ្រ្ចាំ តែបើខ្លាចថាមានខ្លាញ់ច្រើនពេក អាចប្រើសាច់កន្លែង​ផ្សេង​ក៏បាន តែឱ្យមានជាប់ខ្លាញ់ខ្លះផង​។ ពេលចិញ្រ្ចាំបានហើយ ចូរយកមកលាយច្របល់ជាមួយនឹងទឹកស៊ុបដែលទុក​ឱ្យត្រ​ជាក់​​ហើយ ដើម្បីឱ្យសាច់នោះមានលក្ខណៈទន់ និងបៀមទឹកបន្តិច ដល់ពេលយកទៅស្ងោរ សាច់ជ្រូកចិញ្រ្ចាំនោះនឹងឡើងទន់ ហើយមានរស់ជាតិឆ្ងាញ់ទៀតផង៕

  • “អនាគតស្ត្រីទី1” ដំបូងគេ របស់អាមេរិក ដែលជា Working women

    “អនាគតស្ត្រីទី1” ដំបូងគេ របស់អាមេរិក ដែលជា Working women

    ក្នុងវិនាទី ដែលការរាប់ពិន្ទុបោះឆ្នោតរបស់រដ្ឋផេនស៊ីលវេនៀ ត្រូវបានបញ្ចប់ និងសំឡេងឆ្នោតរបស់គណបក្សដេម៉ូក្រេត បានឈ្នះដាច់គណបក្សរីផាប្ល៊ីកាន់ ដណ្ដើមបានជោគជ័យនៅក្នុងស្វ៊ីងស្តេត ធ្វើឱ្យលោក ចូ បៃដិន ប្រមូលកៅអីនៅក្នុងរដ្ឋសភាបានលើស 270អាសនៈ រួចរាល់ហើយនោះ ក៏មានន័យថា សហរដ្ឋអាមេរិក នឹងបានប្រធានាធិបតីថ្មីម្នាក់ទៀត ឡើងមកគ្រងតំណែង និងក៏ជាវិនាទី ដែលលោកស្រី ជីលល៍ បៃដិន គូជីវិតរបស់លោក ចូ បៃដិន បានឈានឡើងទៅក្លាយជា First Lady ឬសុភាពនារីទី1 ថ្មី ដំណាលគ្នាដែរ។

    លោកស្រី ជីលល៍ បៃដិន ឬឈ្មោះពេញគឺ ជីលល៍ ថ្រេស៊ី ចាខប់ស៍ បៃដិន ធំធាត់ឡើងនៅឯទីក្រុងហ្វ៊ីឡាដែលហ្វៀ។ ស្ត្រីវ័យ 69ឆ្នាំរូបនេះ កំពុងតែសាងប្រវត្តិសាស្ត្រ វគ្គថ្មីមួយរបស់ស្ត្រីទី1 ដោយការក្លាយជាស្ត្រីដំបូងគេ ដែលជា Working woman ឬជាគូជីវិតរបស់ប្រធានាធិបតី ដែលមានការងារធ្វើច្បាស់លាស់ មិនមែនគ្រាន់តែជាភរិយា Full time ជួយការងារស្វាមី ឬធ្វើការក្នុងស្ថាប័នការងារសប្បុរសធម៌នានាឡើយ។

    ជីលល៍ ឬលោកស្រីសាស្ត្រាចារ្យបណ្ឌិត ជីលល៍ ជាស្ត្រីអ្នកសិក្សាដ៏ពូកែម្នាក់ លោកស្រីរៀនចប់បរិញ្ញាត្រី ខាងផ្នែកភាសាអង់គ្លេស ពីមហាវិទ្យាល័យ ដេឡាវែរ, បរិញ្ញាទោ 2សន្លឹក ផ្នែកការសិក្សា មកពីមហាវិទ្យាល័យ វេស្ត ឆេស្ទើរ និងផ្នែកភាសាអង់គ្លេស ពីមហាវិទ្យាល័យ វីលឡាណូវ៉ា និងបរិញ្ញាឯក ផ្នែកការសិក្សា ពីមហាវិទ្យាល័យ ដេឡាវែរ កាលពីឆ្នាំ2007 ដណ្ដើមបានពាក្យថា បណ្ឌិត មកដាក់ពីមុខឈ្មោះខ្លួនឯង ខណៈដែលលោកស្រីមានអាយុ 55ឆ្នាំ។

    លោកស្រី ជាសាស្ត្រាចារ្យ បង្រៀនជាង 40ឆ្នាំមកហើយ តាំងពីសាលារៀនកម្រិតមធ្យម និងវិទ្យាល័យជនបទ ដោយតាំងពីឆ្នាំ2009 មក លោកស្រីបានបង្រៀនភាសាអង់គ្លេសនៅ ណត់ធើន វើជីនៀ ខំមូនីធី ខលលេច និងនៅតែអះអាងថា បើទោះជាលោកស្រី នឹងឡើងតំណែងជាសុភាពនារីទី1 ហើយក្ដី ក៏នឹងនៅតែប្រកបអាជីពជាគ្រូ និងធ្វើការបង្រៀន ដែលនេះជាអ្វីដែលលោកស្រីស្រឡាញ់ តទៅទៀតដដែល។

    ដោយតំណែង ហ្វ៊ើស ឡេឌី និងដោយអាជីពជាសាស្ត្រាចារ្យ ធ្វើឱ្យហ្វេសសិន ការតុបតែងខ្លួនរបស់លោកស្រីជីលល៍ សង្កត់ធ្ងន់លើភាពសាមញ្ញៗ សុភាព និងអាចសង្កេតឃើញបានថា លោកស្រីចូលចិត្តការមើលមក ឃើញបែបក្លាសស៊ិក ដូចជា សំពត់ដ្រេសវែង ពណ៌សាមញ្ញៗ ហើយគេកម្រនឹងបានឃើញសម្លៀកបំពាក់ពណ៌ចែងចាំង ដិតៗនៅលើខ្លួនលោកស្រីណាស់។ យ៉ាងខ្លាំងបំផុត ក៏មានត្រឹមក្បាច់ផ្កា ឬអុចៗ និងបើជាឈុតផ្លូវការវិញ លោកស្រីតែងជ្រើសរើសឈុតសកល សំពត់ពណ៌ងងឹតៗ បន្ថែមដោយគ្រឿងតុបតែងលម្អ ដូចជាខ្សែកគ្រាប់អង្កាំវែងៗ និងយូរៗម្ដង ទើបឃើញលោកស្រីចាប់យកខោមកស្លៀក តែក៏នៅតែមានពណ៌ស៊ីគ្នានឹងអាវដែរ។ ទាំងអាវ និងខោ រហូតទៅដល់ស្បែកជើងកវែង ឬសូម្បីតែម៉ាស់អនាម័យ ដែលលោកស្រីជ្រើសរើសប្រើ ក៏ច្រើនតែមានពណ៌ដូចគ្នា ឬក្បូរក្បាច់ដូចគ្នានឹងសម្លៀកបំពាក់ដែលស្លៀកដែរ។

    ក្រៅពីនេះ លោកស្រីនៅជ្រើសរើសប្រើហ្វេសសិន ដែលសម្ដែងចេញខាងនយោបាយទៀតផង ដូចជា ពាក់ម៉ាស់អនាម័យដែលមានពាក្យថា VOTE ធំៗ ឬពាក់ស្បែកជើងប៊ូត កវែង ដ៏សែនឡូយ ដែលមានក្បូរក្បាច់បែបថៃប៉ូហ្ក្រាហ្វី ពាក្យថា VOTE យ៉ាងស្រស់សង្ហា។

    សម្រាប់ការតុបតែងខ្លួនថ្មីៗបំផុតនេះ លោកស្រីបានជ្រើសរើសតុបតែង មកបង្ហាញខ្លួន ក្រោយឈានឡើងជាសុភាពនារីទី1 នៅក្នុងពិធីថ្លែងការណ៍ប្រកាសជ័យជម្នះរបស់លោក ចូ បៃដិន នៅទីក្រុងវីលមីងតុន ដែលជាស្រុកកំណើតរបស់លោកបៃដិន ដោយលោកស្រីជ្រើសរើសស្លៀកឈុតដ្រេសពណ៌ខៀវចាស់ មានក្បាច់ស្លឹកឈើ និងផ្កា របស់ប៊្រេនដ៍ អូស្កា ដេល ឡា រេនតា តាមបែប ហ្វ៊ើស ឡេឌី មុនៗ ព្រោះប្រ៊េនដ៍ អូស្កា ដេល ឡា រេនតា នេះ អាចនិយាយបានថា ជាប្រ៊េនដ៍សំណព្វចិត្តរបស់បណ្ដាស្ត្រីទី1 ជាច្រើនយុគសម័យមកហើយ ដូចជា លោកស្រី ជែកគី ខេននេឌី, លោកស្រី នែនស៊ី រីហ្គែន រហូតមកដល់លោកស្រី ហ៊ីលឡារី គ្លីនតុន ទៀតផង៕

    ប្រភព៖ សារព័ត៌មានបរទេស

     

  • ធម្មជាតិ និងការតុបតែងផ្ទះយ៉ាងងាយៗ ដើម្បីសាងបរិយាកាសគួរឱ្យចង់រស់នៅ

    ធម្មជាតិ និងការតុបតែងផ្ទះយ៉ាងងាយៗ ដើម្បីសាងបរិយាកាសគួរឱ្យចង់រស់នៅ

    បើសិនជាយើងបានរស់នៅក្នុងផ្ទះដែលផ្តល់នូវអារម្មណ៍ដូចរស់នៅជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងគ្រប់ពេលវេលា…មានផ្ទៃ​មេឃពណ៌ពងក្រសាស្រស់ ដើមឈើពណ៌បៃតងខ្ចី ឬផ្ទៃទឹកត្រជាក់ស្រេងហ៊ុមព័ទ្ធជុំវិញនោះ ប្រហែលជាល្អមិនស្ទើរមើលទៅ? ព្រោះវានឹងធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លា ត្រជាក់ត្រជុំមិនខាន។ តែ…តើយើងនឹងលើកយកធម្មជាតិទាំងអស់នោះមកដាក់ចូលក្នុងផ្ទះយ៉ាងម៉េចនឹងបានទៅ? អាស់អា៎…កុំអាលអស់សង្ឃឹម! សូមសាកល្បងមើលវិធីល្អៗ 6យ៉ាងដែល​នឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ថា ដូចមានធម្មជាតិបង្កប់ខ្លួននៅគ្រប់ចំណុចនៅក្នុងផ្ទះ ខាងក្រោមនេះសិនទៅមើល…។

    1​ .​​តុបតែងដោយវត្ថុពីធម្មជាតិ

    ដូចជាគ្រឿងសង្ហារិម តុ កៅអីដែលធ្វើអំពីឈើ វល្លិ៍ផ្តៅ និងរបស់របរដែលធ្វើពីដើមឬស្សី ជាដើម។ សូមសាកល្បងជ្រើសយកឧប​ករណ៍ប្រើប្រាស់​ដែលធ្វើពីវត្ថុធាតុដើមធម្មជាតិទាំងអស់នេះមកតុបតែងផ្ទះម្តងមើល៍ ព្រោះវាអាចនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍​ធូរស្រាលសប្បាយ ពេលបានឃើញរបស់របរពីធម្មជាតិទាំងនោះយ៉ាងមិនគួរឱ្យជឿ។

    2 .ប្រើពណ៌ដែលបង្ហាញពីធម្មជាតិ

    ពណ៌បៃតងខ្ចី ធ្វើឱ្យនឹកឃើញដើមឈើ វាលស្មៅ។ ពណ៌ពងក្រសា គឺផ្ទៃមេឃ និងទឹកសមុទ្រ ឯពណ៌លឿងស្រទន់ ផ្តល់នូវអារម្មណ៍ស្រស់ថ្លាដូចព្រះអាទិត្យដែលកំពុងបញ្ចេញពន្លឺនាពេលព្រឹកព្រលឹម និងបុប្ផាដែលរីកស្រស់ស្រាយ ជាដើម ដូច្នេះចូរសាកល្បងប្រើពណ៌​ទាំងអស់នោះតុបតែងនៅលើជញ្ជាំង វាំងនន មាត់បង្អួច និងគ្រែរបស់លោកអ្នក ព្រោះវាអាចនឹងធ្វើឱ្យអ្នកស្នាក់នៅមានអារម្មណ៍ដូចបាននៅជាមួយធម្មជាតិដ៏ស្រស់បំព្រងគ្រប់ពេលវេលា។

    3​ .កម្រាលក្តារឈើធម្មជាតិ

    មិនថាតែក្តារឈើស្រល់ ឬបន្ទះរនាបឬស្សីនោះទេ ទាំងអស់នេះគេនិយមយកមកក្រាលផ្ទះ ព្រោះវានឹងធ្វើឱ្យមាន​អារម្មណ៍ថា កក់ក្តៅ និងមានអារម្មណ៍ដូចដើរនៅលើធម្មជាតិយ៉ាងពិតៗ។

    4 .ប្តូរបរិយាកាសខាងក្នុងផ្ទះឱ្យទៅជាមជ្ឈមណ្ឌលស្ប៉ាយ៉ាងល្អប្រណីត

    ក្លិនឈើក្រអូប និងក្លិនផ្កា គឺជាក្លិនដ៏ក្លាសស៊ិក 2​យ៉ាង​​​ដែលជួយឱ្យមនុស្សមានអារម្មណ៍ធូរស្រាល ស្រួលខ្លួនឡើង​បានជានិច្ច។ សំឡេងខ្យល់ ទឹកភ្លៀង និងរលកសមុទ្រ ក៏ជាស្ប៉ាពីធម្មជាតិដ៏ល្អបំផុត ដែលនឹងធ្វើឱ្យរាងកាយ អារម្មណ៍ និងផ្លូវចិត្តរបស់យើងបានធូរស្រាលដែរ។ បច្ចុប្បន្ន យើងអាចលើកយកអ្វីទាំងអស់នោះមកដាក់នៅក្នុងផ្ទះបានហើយ ដោយគ្រាន់តែរកពពួកធូប ឬទៀនក្រអូបមកអុជបញ្ចេញក្លិនក្រអូប ឬបើកសំឡេងទឹករលកសមុទ្រ សំឡេងភ្លៀងធ្លាក់ចេញពីគ្រឿងបំពងសំឡេងតិចៗស្រាលៗ ក៏ធ្វើឱ្យមានអារម្មណ៍ដូចបាននៅកណ្ដាលធម្មជាតិបាត់ទៅហើយ។

    5​ .បើកបង្អួចទទួលយកខ្យល់អាកាសបរិសុទ្ធ

    ខ្យល់អាកាសជាបច្ច័យសំខាន់បំផុតរបស់ជីវិតមនុស្ស ហើយខ្យល់អាកាសបរិសុទ្ធពីធម្មជាតិក៏ជាអ្វីដែលល្អបំផុតដូចគ្នាដែរ។ សាកល្បងកាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ ហើយបើកបង្អួចឱ្យធំៗដើម្បីឱ្យខ្យល់អាកាសបរិសុទ្ធពីធម្មជាតិបក់ចូលមកក្នុងបន្ទប់ម្តងវិញ នោះលោកអ្នកនឹងមានអារម្មណ៍ស្រស់ថ្លា និងថែមទាំងមានផលល្អចំពោះសុខភាពទៀតផង។

    6 .បន្លែ ផ្លែឈើល្អៗ ពីធម្មជាតិ

    ការតុបតែងផ្ទះមួយទៀតដែលគួរឱ្យចាប់អារម្មណ៍ដែរនោះគឺ ការតុបតែងដោយរបស់ហូបចុក។ បើលោកអ្នកប្រើប្រាស់ផ្លែឈើដែលមានពណ៌ស្រស់ៗ ដូចជា ផ្លែក្រូចត្លុង ចេកណាំវ៉ា ផ្លែប៉ោម ម្នាស់ ល្ហុង-ល​- នៅក្នុងកញ្ច្រែងយ៉ាងស្អាត ដាក់នៅលើតុលម្អ បូកជាមួយក្លិនក្រអូបៗរបស់ផ្លែឈើទាំងនោះផង វានឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ភ្លឺថ្លា រាងកាយស្រស់ស្រាយជាក់ជាមិនខាន។

    លោកអ្នកអាចសាកល្បងធ្វើបាន…

  • ឧទ្ធម្ភាគ​ចក្រ​របស់​លោក​ Trump​ ត្រូវ​បាន​ពពាយ​នាយ​លក់

    ឧទ្ធម្ភាគ​ចក្រ​របស់​លោក​ Trump​ ត្រូវ​បាន​ពពាយ​នាយ​លក់

    ឧទ្ធម្ភាគចក្រ Sikorsky S76-B មួយគ្រឿងដែលនៅក្នុងឃ្លាំងយន្តហោះរបស់ប្រធានាធិបតី Donald Trump កំពុងត្រូវបានផ្សាយលក់ក្នុងតម្លៃដែល “អាចចរចាគ្នាបាន”។

    គេហទំព័រ Avbuyer កំពុងតែផ្សាយលក់ឧទ្ធម្ភាគចក្រ Sikorsky S76-B របស់ប្រធានាធិបតីអាមេរិក លោក Donald Trump អមដោយខ្លឹមសារថា៖ “ហៅទូរស័ព្ទដើម្បីបានដឹងតម្លៃ។ អាចចរចាគ្នាបាន”។

    Emmanuel Dupuy ដែលជាអ្នកបង្ហោះការពពាយនាយនេះនៅលើ Avbuyer បានបញ្ជាក់ថា ដំណឹងដាក់លក់ឧទ្ធម្ភាគចក្រនេះគឺជារឿតពិត ប៉ុន្តែបានបដិសេធការស្នើឱ្យមានការអធិប្បាយបន្ថែម។

    យោងតាមគេហទំព័រពាណិជ្ជកម្មផ្សេងៗ ឧទ្ធម្ភភាគចក្រ Sikorsky 76-C មួយគ្រឿងដែលផលិតឆ្នាំ1997 មានតម្លៃប្រមាណជា 1.6លានដុល្លារអាមេរិក ខណៈដែលកំណែឆ្នាំ2008 មានតម្លៃ 3.3លានដុល្លារ។ គេហទំព័រ Globalair.com បានឱ្យដឹងថា តម្លៃដាក់លក់ដំបូងរបស់ Sikorsky S76-B ជាមធ្យមគឺ 1.396លានដុល្លារ។

    ឧទ្ធម្ភាគចក្ររបស់លោក Trump ត្រូវបានពពាយនាយលក់
    សម្ភារ​ខាង​ក្នុង​នៃ​ឧទ្ធម្ភាគ​ចក្រ​ Sikorsky S76-B របស់​លោក​ Trump

    ឧទ្ធម្ភាគចក្រ Sikorsky S76-B របស់លោក Trump ត្រូវបានផលិតក្នុងឆ្នាំ1989 និងហោះហើរបានជាង 6ពាន់ម៉ោង។ ឧទ្ធម្ភាគចក្រនេះត្រូវបានបំពាក់ប្រព័ន្ធការពារសំឡេងសម្រាប់កាប៊ីនអ្នកដំណឹងដែលមានកៅអីចំនួន6។ ចាប់ពីបាតដល់ដំបូងត្រូវបានក្រាលនិងបិទដោយឈើពិសេសរបស់អាហ្វ្រិកដែលគេហៅថា African mahogany និងមានថតសម្រាប់ដាក់ភេសជ្ជ។ ក្រៅពីនេះ ក៏មានទូមួយនៅចំកណ្ដាលដែលអាចដាក់ស្រាបាន3ដប និងអេក្រង់ដែលបង្ហាញអំពីទិដ្ឋភាពខាងក្រៅ។

    បាតរបស់ឧទ្ធម្ភាគចក្រត្រូវបានក្រាលដោយព្រំពណ៌ត្នោតខ្ចី (beige) ចំណែកកៅអីប្រភេទសាឡុងត្រូវបានពាសដោយស្បែកពណ៌ស កៅអីនីមួយៗសុទ្ធតែមានខ្សែក្រវាត់សុវត្ថិភាពដែលលាបពណ៌ទឹកមាស ហើយនៅក្បែរនោះគឺជាធ្នើរដាក់ទស្សនាវដ្ដី។ ក៏ប៉ុន្តែ ឧទ្ធម្ភាគចក្រនេះមិនមានប្រព័ន្ធ Wifi ទេ។

    ក្រៅពីឧទ្ធម្ភាគចក្រ Sikorsky S76-B ចំនួន 3គ្រឿង លោក Trump ក៏មានយន្តហោះខ្នាតតូច Cessna Citation X 1គ្រឿង និង Boeing 757 1គ្រឿងទៀតផងដែរ៕

    ប្រភព៖ Forbes