Category: សង្គម និងសេដ្ឋកិច្ច

  • 10ចំណុចគួររិះគិត ដើម្បីជីវិតអាពាហ៍ពិពាហ៍មានសុភមង្គល

    10ចំណុចគួររិះគិត ដើម្បីជីវិតអាពាហ៍ពិពាហ៍មានសុភមង្គល

    ឆាកអាពាហ៍ពិពាហ៍អាចជាឆាកបញ្ចប់ដ៏សែនមហា Happy តែសម្រាប់ជីវិតពិតវិញ ការរៀបការ ឬការយល់ព្រមរួមរស់នៅជាមួយគ្នាជាជីវិតគូ គឺគ្រាន់តែជាការចាប់ផ្ដើមនៃការសាងក្រុមគ្រួសារប៉ុណ្ណោះ។ មនុស្សជាច្រើន ពេលនៅជាគូស្នេហ៍ ស្រឡាញ់គ្នាស្ទើរបាត់មុខមិនបាន តែពេលរៀបការ និងរស់នៅជាមួយគ្នាហើយ បែរជាជួបបញ្ហា និងរឿងរ៉ាវដ៏ច្រើន រហូតដល់ពេលខ្លះអាចធ្វើឱ្យជីវិតគូបាក់បែកដួលរលំក៏មាន។

    ថ្ងៃនេះ ឡារ៉ែនសូមរួបរួមយកចំណុចគួររិះគិតល្អៗដែលមនុស្សគ្រប់រូបអាចនាំយកទៅប្រើក្នុងជីវិតជាស្វាមី-ភរិយារបស់ខ្លួន ដើម្បីឱ្យគ្រួសារមានសេចក្ដីសុខសុភមង្គល មកជម្រាបជូនមិត្តអ្នកអានទាំងអស់គ្នា។

    1 . រៀនយល់ដឹងក្នុងការធ្វើជាអ្នកឱ្យ និងអ្នកទទួល

    នៅពេលយើងគិតថា នឹងរស់នៅជាជីវិតគូជាមួយនឹងនរណាម្នាក់ហើយ កុំនឹកសង្ឃឹមត្រឹមតែឱ្យគេមកស្រឡាញ់ និងធ្វើអ្វីដើម្បីយើងតែម្យ៉ាងនោះ តែយើងគួររៀនយល់ដឹងក្នុងការធ្វើជាអ្នកលះបង់ឱ្យគេខ្លះផង ធ្វើឱ្យគេមានសេចក្ដីសុខ យកចិត្តយកថ្លើម លើកទឹកចិត្តគ្នាទៅវិញទៅមក ផ្លាស់គ្នាធ្វើជាអ្នកឱ្យ និងអ្នកទទួល វានឹងធ្វើឱ្យមានអារម្មណ៍ល្អទាំងពីរនាក់ មិនមែនឱ្យនរណាម្នាក់ព្យាយាមលះបង់តែម្ខាងនោះទេ។

    2 . ស្មោះត្រង់នឹងគ្នា និងទុកចិត្តគ្នា

    សម្រាប់ជីវិតគូ ភាពស្មោះត្រង់ គឺជារឿងធំជាងគេបំផុត និងក្រៅពីយើងស្មោះត្រង់ចំពោះគ្នាហើយ គួរមានភាពជឿទុកចិត្តលើមនុស្សដែលយើងស្រឡាញ់ផង។ បើមានការមិនជឿទុកចិត្ត ឬប្រចែប្រចណ្ឌហួងហែងគ្នាខ្លាំងជ្រុលពេក វានឹងធ្វើឱ្យជីវិតគូមានតែបញ្ហា។

    3 . រៀនយល់ដឹង ទទួលស្គាល់ និងកែសម្រួលពីខ្លួនឯងជាមុន

    ទន្ទេញទុកជាប់ជានិច្ចថា យើងមិនអាចផ្លាស់ប្ដូរអ្នកដទៃបានទេ តែផ្លាស់ប្ដូរខ្លួនឯងបាន ដូច្នេះកុំសង្ឃឹមថា មនុស្សដែលយើងស្រឡាញ់នឹងកែសម្រួលខ្លួនគេដើម្បីយើង ឬត្រូវផ្លាស់ប្ដូរអ្វីៗដើម្បីឱ្យដូចតាមចិត្តយើងនោះ តែចូរយល់ដឹងពីអ្វីដែលជារូបគេ និងបើរកឃើញភាពផ្សេងគ្នាដែលច្រើនជ្រុលពេកនោះ ចូរសាកល្បងផ្លាស់ប្ដូរខ្លួនយើងជាមុនសិន។ បើទាំងសងខាងជួយគ្នាកែសម្រួលខ្លួនចូលរកគ្នាទៅវិញទៅមក នោះប្រាកដជានឹងអាចរស់នៅរួមគ្នាបានយ៉ាងរលូនមិនខាន។

    4 . ផ្ដល់កិត្តិយសចំពោះគ្នាទៅវិញទៅមកជានិច្ច

    មិនថាស្រឡាញ់គ្នាខ្លាំងប៉ុនណា ឬស្រឡាញ់គ្នាមកយូរប៉ុនណាក៏ដោយ មនុស្សគ្រប់រូបនៅតែត្រូវការទីតាំងផ្ទាល់ខ្លួន និងចង់បានការផ្ដល់កិត្តិយសជានិច្ច។ ទោះជាស្វាមី-ភរិយានឹងគ្នាក៏ដោយ ក៏គួរតែទុកចន្លោះទំនេរមួយឱ្យគ្នាទៅវិញទៅមកដែរ កុំសង្កត់ ឬជិះជាន់មនុស្សដែលយើងស្រឡាញ់ ទោះជាគេមានឥរិយាបថថា ចុះញ៉មហើយក៏ដោយ និងកុំលូកលាន់កកូរកកាយគេគ្រប់តែរឿងនោះ ព្រោះវានឹងនាំមកនូវភាពទើសទាល់ធុញថប់ដល់មនុស្សដែលយើងស្រឡាញ់។

    5 . កុំភ្លេចនឹកដល់ពាក្យថា “ចិត្តយើង ចិត្តគេ”

    ទោះជាចង់ធ្វើអ្វី ឬប្រុងនិយាយអ្វីចេញទៅក៏ដោយ ចូរនឹកគិតជាប់ជានិច្ចថា បើសិនជារូបយើងវិញ នឹងមានអារម្មណ៍យ៉ាងណា? នោះយើងនឹងដឹងភ្លាមថា តើគួរធ្វើបែបនោះឬទេ?

    6 . នៅក្បែរជានិច្ច តែមិនកាន់ជើង

    គូស្នេហ៍ដែលល្អ គឺអ្នកដែលនៅក្បែរគ្នាជានិច្ច ទោះជាពេលមានបញ្ហាក៏ដោយ នៅផ្ដល់កម្លាំងចិត្ត មិនបន្ទោសបន្ថែម តែខណៈពេលជាមួយគ្នា ក៏ត្រូវចេះដាស់តឿន នៅពេលមើលឃើញថាខុស និងមិនត្រឹមត្រូវ មិនសមគួរ។ មិនមែនថា គេជាគូស្នេហ៍យើងហើយ ត្រូវតែកាន់ជើងគេគ្រប់រឿង គេធ្វើអ្វីក៏ត្រូវទាំងអស់នោះទេ ហើយការដាស់តឿននោះទៀតសោត គួរធ្វើឡើងតែពីរនាក់ស្ងាត់ៗ កុំបំបាក់មុខគូស្នេហ៍ដោយការស្រែកជេរបញ្ចោរគេនៅមុខអ្នកដទៃជាដាច់ខាត។

    7 . កុំប្រៀបធៀបគូស្នេហ៍របស់យើងជាមួយគូស្នេហ៍អ្នកដទៃ

    ប្រាកដណាស់ថា គ្មានអ្នកណាឥតខ្ចោះគ្រប់យ៉ាងនោះទេ ខ្លួនយើងក៏ដូចគ្នាដែរ ដូច្នេះកុំយកគូស្នេហ៍របស់យើងទៅប្រៀបធៀបជាមួយគូស្នេហ៍របស់អ្នកដទៃ កុំសរសើរថា ប្ដី(ឬប្រពន្ធ)របស់គេម្នាក់នោះល្អអ៊ីចេះ ល្អអ៊ីចុះ ព្រោះវានឹងក្លាយជាការបំបាក់អារម្មណ៍របស់មនុស្សដែលយើងស្រឡាញ់ខ្លាំងណាស់។

    8 . ពេលគេជាភ្លើង ចូរយើងធ្វើជាទឹក

    ប្រហែលជាគ្មានគូស្នេហ៍មួយគូណាដែលមិនធ្លាប់ឈ្លោះគ្នានោះទេ តែធ្វើយ៉ាងណា កុំឱ្យការឈ្លោះនោះក្លាយជាបញ្ហារីកធំឡើង។ នៅពេលឃើញថា គេកំពុងតែក្ដៅដូចភ្លើងហើយនោះ យើងគួរតែធ្វើចិត្តឱ្យត្រជាក់ និងស្ងប់នឹងជាងគេឱ្យបាន ព្រោះបើសិនជារឹតតែក្ដៅដាក់គ្នា នឹងរឹតតែនាំមកនូវបញ្ហាថែមឡើងប៉ុណ្ណោះ។

    9 . ឧស្សាហ៍បន្ថែមភាពផ្អែមល្ហែមក្នុងជីវិតគូ

    នៅពេលរស់នៅជាមួយគ្នាយូរៗទៅ គូខ្លះក៏ភ្លេចភាពផ្អែមល្ហែម រ៉ូមែនទិកដែលធ្លាប់មានឱ្យគ្នាកាលស្នេហ៍គ្រាដំបូងអស់ ដូច្នេះគួរតែមានពេលវេលាក្នុងការទៅធ្វើអ្វីៗជាមួយគ្នា ដូចជាទៅដើរលេងជាមួយគ្នា ឬមានកាដូធ្វើឱ្យភ្ញាក់ផ្អើលក្នុងឱកាសពិសេសៗខ្លះផង។ បបួលជជែកពីរឿងកាលដែលស្រឡាញ់គ្នាថ្មីៗ ឬនាំគ្នាទៅរំឭកអនុស្សាវរីយ៍នៅតាមទីកន្លែងផ្សេងៗដែលធ្លាប់បានទៅ នឹងធ្វើឱ្យសេចក្ដីស្នេហារីកស្រស់ឡើងវិញ។

    10 . បញ្ឈប់ការនឹករំពឹង ហើយស្រឡាញ់គ្នាយ៉ាងល្អបំផុត

    ការនឹករំពឹង មិនដែលធ្វើឱ្យជីវិតអ្នកណាមានសេចក្ដីសុខយ៉ាងពិតប្រាកដនោះទេ សម្រាប់សេចក្ដីស្នេហាក៏ដូចគ្នាដែរ យើងមិនគួរនឹករំពឹងអ្វីជាមួយគូស្នេហ៍របស់យើងខ្លាំងជ្រុលពេកទេ ព្រោះវានឹងធ្វើឱ្យគេទើសទាល់ ហើយខ្លួនយើងក៏នឹងមានទុក្ខ បើសិនជាមិនបានដូចការនឹករំពឹង។

    «ជីវិតមនុស្សយើងគ្រប់ៗគ្នាសុទ្ធតែរាប់ពេលវេលាថយក្រោយដូចគ្នារាល់ថ្ងៃ ដូច្នេះ ចូរស្រឡាញ់គ្នាឱ្យបានល្អបំផុតរៀងរាល់ថ្ងៃ»

  • មកស្គាល់កីឡាករ Juventus ដែលបានប្រាក់ខែ ខ្ពស់ជាងគេបំផុតទាំង 5នាក់

    មកស្គាល់កីឡាករ Juventus ដែលបានប្រាក់ខែ ខ្ពស់ជាងគេបំផុតទាំង 5នាក់

    តាមរយៈ​ប្រភព​មួយ បាន​បង្ហើប​ឱ្យដឹងថា ក្លិប​យក្ស​នៅ​អ៊ីតាលី Juventus កំពុង​ពិចារណា​លក់​តារា​ឯក Cristiano Ronaldo ចេញ​នៅ​រដូវក្ដៅ​ក្រោយ។ នៅ​ពីក្រោយ​មូលហេតុ​នេះ គឺ​ដោយសារតែ​ក្លិប​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ព្រោះ​កូ​វីដ-19 ខណៈ Ronaldo មានតម្លៃ​ពលកម្ម​ខ្ពស់​ពេក ដល់​ទៅ 31លាន​អឺរ៉ូ ក្នុង 1ឆ្នាំ។ ខាងក្រោម​នេះ គឺជា​កីឡាករ​ដែលមាន​តម្លៃ​ពលកម្ម ខ្ពស់​ជាងគេ​បង្អស់ របស់​ក្លិប​បន្ទាប់ពី Ronaldo។

    Matthijis de Ligt ( 8លាន​អ៊ឺ​រ៉ូ ក្នុង 1ឆ្នាំ)

    Paulo Dybala ( 7.3លាន​អ៊ឺ​រ៉ូ ក្នុង 1ឆ្នាំ)

    Andrien Rabiot ( 7លាន​អ៊ឺ​រ៉ូ ក្នុង 1ឆ្នាំ)

    Aaron Ramsey ( 7លាន​អ៊ឺ​រ៉ូ ក្នុង 1ឆ្នាំ)

     

  • រដូវក្ដៅនេះទៅដើរលេងនៅឯណាស្រួល?…3ខ្សែផ្លូវដំណើរទេសចរណ៍ក្នុងអាស៊ីដ៏សែនត្រជាក់

    រដូវក្ដៅនេះទៅដើរលេងនៅឯណាស្រួល?…3ខ្សែផ្លូវដំណើរទេសចរណ៍ក្នុងអាស៊ីដ៏សែនត្រជាក់

    ភ្លេចខ្លួនតែមួយភ្លែត រដូវក្ដៅក៏ឈានចូលមកដល់ជាថ្មីម្ដងទៀត ហើយឆ្នាំនេះមើលទំនងដូចជារាងក្ដៅជាងឆ្នាំមុនៗទៀតផង តែរដូវក្ដៅបែបនេះ ក៏ជាហាយឡាយនៃការធ្វើដំណើរទេសចរណ៍កម្សាន្តទៅក្រៅប្រទេសក្បែរៗប្រទេសយើងដែរ ជាពិសេស 6ខ្សែផ្លូវក្នុងទ្វីបអាស៊ីដែល ឡារ៉ែននឹងនាំទៅស្គាល់ក្នុងពេលនេះតែម្ដង។ ដូច្នេះយើងនាំគ្នាមកមើលថា តើរដូវក្ដៅនេះយើងគួរទៅដើរលេងនៅប្រទេសណាល្អ? ធានាថា លោកអ្នកនឹងរកឃើញចម្លើយមិនខាន។

    1 . ទៅមើលផ្ការីកៈ ទស្សនាបុណ្យបាញ់កាំជ្រួចប្រចាំឆ្នាំនៅប្រទេសជប៉ុន

    ចាប់ផ្ដើមដំណើរផ្លូវទេសចរណ៍ដ៏កំពូលល្បីល្បាញលំដាប់ជួរមុខគេក្នុងទ្វីបអាស៊ីបែបសប្បាយៗ ទស្សនាធម្មជាតិនៅក្នុងប្រទេសជប៉ុនមុនគេតែម្ដង ដែលក្រៅពីផ្កាសាគុរ៉ា ទឹកកកព្រឹល និងស្លឹកឈើប្រែពណ៌ដែលស្រស់ស្អាតទាក់ទាញអារម្មណ៍ហើយនោះ រដូវក្ដៅរបស់ប្រទេសជប៉ុនក៏មានហាយឡាយល្អៗដែលអ្នកទេសចរគួរតែបានទៅប៉ះពាល់ឱ្យបានមួយដងផងដែរ នោះគឺ ការដើេទស្សនាចម្ការបុប្ផាពណ៌ស្រស់ស្អាត ហ្នឹងឯង។

    ក្រៅពីទស្សនាវាលចម្ការផ្កាដ៏ស្អាតៗហើយ រដូវក្ដៅនៅប្រទេសជប៉ុននៅមានពិធីបុណ្យប្រចាំឆ្នាំផងដែរ ជាពិសេស ពិធីបុណ្យបាញ់កាំជ្រួច ដោយពិធីនេះនឹងរៀបចំឡើងទូទាំងប្រទេសជប៉ុនតែម្ដង អ្នកណាដែលបានទៅលេងក្នុងអំឡុងពេលនេះ មិនថាធ្វើដំណើរទៅកាន់ទីណា ក៏នឹងបានរំភើបជាប់ចិត្តជាមួយការបាញ់កាំជ្រួចក្នុងពេលរាត្រីដែលស្រស់ល្អត្រកាលមិនដូចគេជាច្រើន។ ដូច្នេះបើមាននរណាសួរថា រដូវក្ដៅឆ្នាំនេះទៅលេងប្រទេសណាល្អ? ដំណើរទេសចរណ៍នៅប្រទេសជប៉ុន គឺជាជម្រើសមួយដែលមិនគួរខកខានឡើយ។

    2 . ប្រឡូកក្នុងសួនទឹកកម្សាន្ត និងដើរទិញអីវ៉ាន់រដូវក្ដៅនៅប្រទេសកូរ៉េ

    ដំណើរផ្លូវបន្តទៀត អ្នកណាដែលចង់សប្បាយរីករាយជាមួយការលេងកម្សាន្តបែបត្រជាក់ៗ ត្រូវទៅប្រទេសកូរ៉េ។ រដូវក្ដៅនៅប្រទេសកូរ៉េ អ្នកណាថាគ្មានអ្វីគួរឱ្យទៅលេងនោះ សូមប្រាប់ទៅចុះថា គិតខុសហើយ ព្រោះនៅមានទីកន្លែងកម្សាន្តដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនកំពុងរង់ចាំលោកអ្នក មានដូចជា សួនទឹកកម្សាន្តដែលបើកបម្រើសេវាកម្មចំពោះតែរដូវក្ដៅប៉ុណ្ណោះ គឺសួនទឹក Caribean Bay ដែលនៅជាប់នឹងសួនកម្សាន្តដ៏ល្បីល្បាញ Everland ឬក៏ Onemount Water Park ដែលជាសួនទឹកដ៏ធំដែលចែកចេញជាផ្នែកៗ និងឧបករណ៍លេងកម្សាន្តជាច្រើន ធានាថានឹងសប្បាយ និងបាត់ក្ដៅតែម្ដង។

    ក្រៅពីនេះ ដំណើរទេសចរណ៍ក្នុងប្រទេសកូរ៉េក្នុងរដូវក្ដៅថែមទាំងត្រូវចិត្តនារីៗអ្នកដើរទិញទំនិញទៀតផង ព្រោះមានទំនិញហ្វាស្សិនរដូវក្ដៅជាច្រើនឱ្យជ្រើសរើសទិញ ទាំងខោអាវ គ្រឿងអលង្ការ រួមទាំងគ្រឿងសម្អាង តម្លៃមិនថ្លៃ ដែលអាចម៉ៅទិញមកស្លៀកនៅស្រុកយើងបានយ៉ាងសប្បាយ ហើយបើរឹតតែទៅដើរនៅតំបន់យុវវ័យដ៏ពេញនិយម ដូចជា អ៊ីហ្វា ហុងឌែ ឬម្យ៉ង់ដុង ផងនោះ មានតែរបស់ស្អាត ល្អៗដែលនាំឱ្យលោកអ្នកអស់លុយអស់កាក់បានយ៉ាងងាយ។

    3 . ទៅលេងកោះសប្បាយៗ ទស្សនាសិល្បៈនៅ បាលី

    អ្នកណាដែលចូលចិត្តដំណើរកម្សាន្តបែបសប្បាយៗ មានទស្សនីយភាពធម្មជាតិស្អាតៗឱ្យថតរូបនោះ ដំណើរទេសចរណ៍កម្សាន្តក្រៅប្រទេសនារដូវក្ដៅដែលមិនអាចខកខានបាននោះគឺ កោះបាលី ប្រទេសឥណ្ឌូនេស៊ី។ បាលីជាកោះដ៏លេចធ្លោក្នុងផ្នែកសិល្បៈវប្បធម៌ និងស្ថាបត្យកម្មដ៏ស្រស់ស្អាត មានមន្តស្នេហ៍ទាក់ទាញចិត្តជាឯកលក្ខណៈដោយឡែកពីគេ។

    សិល្បៈប្រពៃណីរបស់បាលី ជាសិល្បៈបែបលាយផ្សំដែលកើតចេញពីការផ្គុំបញ្ចូលគ្នានៃវប្បធម៌ប្រពៃណីដ៏ច្រើនសម្បូរបែប ទើបមានឯកលក្ខណៈ និងមិនដូចអ្នកណា ទាំងរឿងរូបគំនូរ ម៉ូដក្រណាត់ជនជាតិក្នុងតំបន់ ការសម្ដែង និងស្ថាបត្យកម្មដែលអ្នកទេសចរអាចមើលឃើញនៅតាមតំបន់ទេសចរណ៍ផ្សេងៗនៅលើកោះបាលី ដូចជា របាំបាលីនៅឯ ពុរ៉ាសារ៉ៈវ៉ាទី ស្ថាបត្យកម្មដ៏ល្បីល្បាញនៅវត្ត បេសាគីហ៍ វត្តដែលស័ក្តិសិទ្ធិបំផុត និងស្អាតបំផុតរបស់បាលី ជាដើម។

    អ្នកណាដែលឈ្លក់វង្វេងនឹងសិល្បៈប្រពៃណីបុរាណ និងចង់សម្រាកលម្ហែក្នុងទីកន្លែងដ៏មានមន្តស្នេហ៍ធម្មជាតិ ត្រូវទៅកោះបាលីឱ្យបានម្ដង កុំខកខានឱ្យ ជាពិសេសនៅរដូវក្ដៅនេះតែម្ដង៕

  • ចេញ​ហើយ លទ្ធផល​ចាប់​ពូ​ល Euro 2020

    ចេញ​ហើយ លទ្ធផល​ចាប់​ពូ​ល Euro 2020

    ពានរង្វាន់ Euro 2020 នឹងធ្វើ​ឡើង ចាប់ពី​ថ្ងៃទី11 ខែមិថុនា ឆ្នាំ2021 ដល់​ថ្ងៃទី11 ខែកក្កដា ឆ្នាំ2021 ដោយមាន​ក្រុម​ខ្លាំង​ប្រចាំ​ទ្វីប​អ៊ឺរ៉ុប​ចំនួន 24ក្រុម ដើម្បី​ប្រជែង​គ្នា​រក​ជើងឯក។

    តាម​ការចាប់​ពូ​ល កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី12 ខែវិច្ឆិកា ឆ្នាំ2020 កន្លងទៅនេះ លទ្ធផល​បានចេញ​ជា​ផ្លូវការ​ហើយ ដោយមាន​ចំនួន 6ពូ​ល ដូចខាងក្រោម ៖

    ពូ​ល A : តួរ​គី, អ៊ីតាលី, វេ​លស៍ និង​ស្វ៊ី​ស

    ពូ​ល B : ដា​ណឺ​ម៉ាក, ហ្វាំ​ង​ឡង់, បែលហ្ស៊ិក និង​រុស្សី

    ពូ​ល C : ហូ​ឡង់, អ៊ុយ​ក្រែ​ន, អូទ្រីស និង​ម៉ា​សេ​ដូន

    ពូ​ល D : អង់គ្លេស, ក្រូ​អាត, ស្កុ​តលែ​ន​ដ៍ និង​ឆែក

    ពូ​ល E : អេ​ស្ប៉ា​ញ, ស៊ុយអែត, ប៉ូឡូញ និង​ស្លូ​វ៉ា​គី

    ពូ​ល F : ហុង​គ្រី, ព័រ​ទុយ​ហ្គា​ល់, បារាំង និង​អាល្លឺម៉ង់

    គួរ​ជម្រាប​ឱ្យដឹង​ដែរ​ថា ពានរង្វាន់ Euro 2020 គ្រោង​នឹងធ្វើ​ឡើង នា​ចុង​ឆ្នាំនេះ តែដោយសារ​តែ​កូ​វីដ-19 ពានរង្វាន់​មួយ​នេះ ត្រូវបាន​លើក​ពេលទៅដល់​ឆ្នាំ2021 វិញ៕

  • រថភ្លើង​ដែល​ប្រើ​បច្ចេក​វិទ្យា​ “មហា​បដិវត្តន៍”​ របស់​ Elon ​Musk ​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​ដំបូង​

    រថភ្លើង​ដែល​ប្រើ​បច្ចេក​វិទ្យា​ “មហា​បដិវត្តន៍”​ របស់​ Elon ​Musk ​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​ដំបូង​

    ក្រោយរយៈពេលជាច្រើនឆ្នាំដែលបានអភិវឌ្ឍ គំនិតមួយកាលពី7ឆ្នាំមុនរបស់មហាសេដ្ឋី Elon Musk និង Tesla ក៏បានឆ្ពោះមកដល់ដំណាក់កាលថ្មី និងជោគជ័យជាលើកដំបូង។

    Hyperloop គឺជាប្រព័ន្ធដឹកជញ្ជូនល្បឿនលឿន។ នៅពេលរថភ្លើងមួយគ្រឿងដែលធ្វើដំណើរក្នុងបំពង់សុញ្ញកាសដើម្បីកាត់បន្ថយការកកិត ពេលនោះល្បឿនរបស់វានឹងប្រហាក់ប្រហែលល្បឿនរបស់យន្តហោះដឹកអ្នកដំណើរធម្មតា (965គម/ម៉ោង)។ Hyperloop ត្រូវបានគេចាត់ទុកថាជាអនាគតនៃវិស័យដឹកជញ្ជូន និងទេសចរណ៍ ដោយ​សារ​វាធ្វើដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ និង​កាត់​បន្ថយ​ការចំណាយលើថាមពលបានយ៉ាងច្រើនផងដែរ។ បច្ចេកវិទ្យានេះ ដំណើរការ 22/24ម៉ោង បើទោះជាអាកាសធាតុមិនល្អ ហើយវាក៏មិនមានគ្រោះថ្នាក់អ្វីនោះដែរ។

    ដំបូងឡើយ Hyperloop គឺជាគំនិតរបស់ Tesla និង CEO Elon Musk កាលពីឆ្នាំ2012។ ប៉ុន្តែ លោក Elon Musk មិនបានអភិវឌ្ឍបច្ចេកវិទ្យាដែលមានលក្ខណមហាបដិវត្តន៍នេះនៅក្នុងក្រុមហ៊ុនរបស់ខ្លួនដោយផ្ទាល់ទេ តែបានប្រគល់បច្ចេកទេសលម្អិតរបស់ Hyperloop ទៅឱ្យក្រុមហ៊ុនដទៃ។

    កាលពីថ្ងៃទី8វិច្ឆិកា ក្រុមហ៊ុន Virgin Hyperloop ទើបតែបានសាកល្បងរថភ្លើងល្បឿនលឿនដែលប្រើប្រាស់បច្ចេក​វិទ្យា Hyperloop នៅឯសមុទ្រខ្សាច់ Nevada សហរដ្ឋអាមេរិក។ អ្នកដំណើរ2រូបដែលបានចូលរួមក្នុងការធ្វើតេស្តនេះ គឺ Josh Giegel ជានាយកផ្នែកបច្ចេកវិទ្យា និង Sar Luchian ជានាយិកាផ្នែកអតិថិជន មកពីក្រុមហ៊ុន Virgin Hyperloop។

    ប្រព័ន្ធរបស់ Virgin Hyperloop ប្រើប្រាស់បច្ចេកវិទ្យា cushion magnetic (បកប្រែក្រៅផ្លូវការថា “បច្ចេក​វិទ្យាខ្នើយម៉ាញេទិក”) ប្រហាក់ប្រហែលនឹងបច្ចេកវិទ្យាដែលប្រើសម្រាប់គម្រោងរថភ្លើងល្បឿនលឿននៅប្រទេស​ជប៉ុន និងអាល្លឺម៉ង់។ បណ្ដាប៉ូលដែលមានសញ្ញាដូចគ្នារបស់មេដែកនឹងជួយឱ្យរថភ្លើងអណ្ដែតលើផ្លូវដែក ខណៈដែលប៉ូលផ្ទុយពីនេះរបស់មេដែកនឹងអូសរថភ្លើងឆ្ពោះទៅមុខ។

    រថភ្លើងដែលប្រើបច្ចេកវិទ្យា “មហាបដិវត្តន៍” របស់ Elon Musk ជោគជ័យក្នុងការធ្វើតេស្តដំបូងលទ្ធផលនៃការសាកល្បងនេះបានបង្ហាញថា រថភ្លើងរបស់ Virgin Hyperloop ចំណាយពេលតែ15វិនាទីប៉ុណ្ណោះនៅក្នុងការធ្វើដំណើរលើចម្ងាយផ្លូវ500ម៉ែត្រ ដោយមានល្បឿន160គម/ម៉ោង។ Virgin Hyperloop ឱ្យដឹងថា ដោយសារ​ចម្ងាយ​ផ្លូវ​តែ​500​ម៉ែត្រ​ ទើបរថភ្លើងមិនមានពេលគ្រប់គ្រាន់ដើម្បីបង្កើនល្បឿនឱ្យដល់កម្រិតកំពូល។ ប៉ុន្តែ ក្រុមហ៊ុននៅតែចាត់ទុកថា នេះជាល្បឿនដែលពួកគេត្រូវការ មុននឹងធ្វើពាណិជ្ជកម្មលើបច្ចេកវិទ្យា Hyperloop នេះ។

    អនាគត Virgin Hyperloop មានគម្រោងសាងសង់ផ្លូវជាច្រើនខ្សែសម្រាប់រថភ្លើងរបស់ពួកគេ ដែលនឹងត​ភ្ជាប់​ទីក្រុងធំៗនៅជុំវិញពិភពលោក ហើយរថភ្លើងនីមួយៗនឹងអាចដឹកអ្នកដំណើរបានចាប់ពី25ទៅ30នាក់។ គោលដៅរបស់ក្រុមហ៊ុននេះ គឺដឹកអ្នកដំណើរឱ្យបានរាប់ម៉ឺននាក់នៅរៀងរាល់ម៉ោង។ ប៉ុន្តែ បញ្ហាហិរញ្ញវត្ថុគឺជាឧបសគ្គរបស់ Virgin Hyperloop។ ក្រុមហ៊ុននេះកំពុងស្វែងរកការបណ្ដាក់ទុនដើម្បីសាងសង់ផ្លូវសាកល្បងមួយខ្សែប្រវែង10គម នៅ Virginia ខាងលិច ដែលមានតម្លៃ500លានដុល្លារ។ បើសិនការសាកល្បងទទួលបានជោគ​ជ័យ ក្រុមហ៊ុននេះនឹងចាប់ផ្ដើមធ្វើពាណិជ្ជកម្មនៅ​ក្នុង​ឆ្នាំ​2026​៕

    ប្រភព៖ CNN

  • បង្គន់​ឆ្លាត​វៃ អាច​បញ្ជា​ដោយ​សំឡេង​បាន របស់ Xiaomi ចេញលក់​តម្លៃ​ជាង 500ដុល្លារ

    បង្គន់​ឆ្លាត​វៃ អាច​បញ្ជា​ដោយ​សំឡេង​បាន របស់ Xiaomi ចេញលក់​តម្លៃ​ជាង 500ដុល្លារ

    ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន និង​គ្រឿង​អេឡិចត្រូនិក ចិន Xiaomi បាន​បញ្ចេញ​ផលិតផលថ្មីៗជាច្រើន ក្នុងនោះ​មាន​បង្គន់​ឆ្លាត​វៃ ដែល​អាច​បញ្ជា​ដោយ​សំឡេង​បាន​ដំបូង​គេ​បង្អស់ ក៏បាន​បង្ហាញ​រូបរាង​ឡើង​ផងដែរ។

    បង្គន់​ឆ្លាត​វៃ​ខាងលើ អាច​ដំណើរ​បាន​ដោយ​ការបំពាក់​បន្ទះ​ឈី​ប AI នៅលើ​ចាន​បង្គន់ និង​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា Dabai Voice Control ថ្មី។  អ្នក​អាច​បញ្ជា​វា ឱ្យ​បើក​គម្រប​ចាន​បង្គន់​ឡើង​បាន ដោយ​ការ set-up សំឡេង​របស់​អ្នក។ ក្រៅពី​មុខងារ​ទំនើប​ខាងលើ បង្គន់​នេះ ផលិតឡើង​ដោយមាន​បំពាក់​កញ្ចក់​ភ្លឺ គុណភាព​ល្អ ជាមួយនឹង​អេក្រង់​បញ្ជា LED ដោយ​ការសហការ​នឹង​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ Plazma Sterilization ដែល​ប្រើប្រាស់​រួចហើយ​ក្នុង​វិស័យ​សុខាភិបាល។

    ឥឡូវនេះ អ្នក​ក៏​អាច​កុម្ម៉ង់​ទិញ​បាន តាមរយៈ​វេ​ប​សាយ YouPin តម្លៃ​លក់​នៅ​ប្រទេស​ចិន 3,529យន់ ឬ​ប្រមាណ​ជា 539ដុល្លារ​អាមេរិក៕

  • Nokia N95 លេចចេញរូបរាង ជាស្មាតហ្វូនថ្មី សង្ឃឹមថា នឹងអាចមានលក់លើទីផ្សារជាថ្មី

    Nokia N95 លេចចេញរូបរាង ជាស្មាតហ្វូនថ្មី សង្ឃឹមថា នឹងអាចមានលក់លើទីផ្សារជាថ្មី

    ទូរស័ព្ទ Nokia N95 ត្រូវបាន​ប្រកាស​ចេញលក់​លើ​ទីផ្សារ តាំងពី​ឆ្នាំ2007 មកម្ល៉េះ។ មកទល់ពេលនេះ ឈ្មោះ​របស់​វា ក៏​នៅតែមាន​អ្នក​ចងចាំ និង​ចង់​សាកល្បង​ប្រើ​ម្ដងទៀត​ដែរ។ ថ្មីៗនេះ បាន​លេចចេញ​រូបរាង Concept ថ្មី ដែល​អាចជា​ភាគរយ​នៃ​សម្រេចចិត្ត​របស់ HMD Global ដែល​គ្រោង​នឹង​បញ្ចេញ​វា មក​ក្នុង​ទីផ្សារ​ម្ដងទៀត។

    តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ទូរស័ព្ទ​ឆ្លាត​វៃ Nokia N95 អាច​នឹង​ត្រូវបាន​បំពាក់​មកជា​មួយ អេក្រង់​លាត​ស្ទើរតែ​ពេញ​គែម និង​មិនឃើញ​មាន​កាមេរ៉ា ឬ Speaker នៅ​ផ្ទៃ​ខាងមុខ​របស់​វា​ឡើយ មានតែ​ឡូហ្គោ Nokia មួយ​ប៉ុណ្ណោះ។ ពេល​រុញ​អេក្រង់​ចេញ​បន្តិច យើង​នឹង​ឃើញ​មាន​កាមេរ៉ា​មុខ ជាមួយ​ភ្លើង LED Flash និង Speaker ដែល​បាន​លាក់ខ្លួន​នៅ​ពីក្រោម​អេក្រង់​របស់​វា។ ជាការ​ឌី​ហ្សា​ញ ប្លែក​ម្យ៉ាងដែរ។

    រីឯ​ផ្នែក​ខាងក្រោយ​វិញ មាន​កាមេរ៉ា 3គ្រាប់ ដោយ​ទាំង 3គ្រាប់​នោះ មាន​រាង​មូល មាន LED Flash 1គ្រាប់ និង​មាន​កង​ព័ទ្ធជុំវិញ​កាមេរ៉ា ដែល​អាច​ធ្វើជា​ជើង​ទម្រ​របស់​ទូរស័ព្ទ​បាន​ផងដែរ។

    ដូច្នោះ​ប្រសិនបើ HMD Global នឹង​ប្រកាស​ចេញ Nokia N95 មក​សាជាថ្មី​មែន​នោះ វា​ប្រហែលជា​អាចនឹងទទួល​បានការ​គាំទ្រ​ខ្លាំង៕

    សូម​ទស្សនា​វីដេអូ​ខ្លី​ខាងក្រោម៖

  • គន្លឹះល្អៗ សម្រាប់បងៗស្រ្តីមេផ្ទះដែលមិនសូវមានពេលច្រើនក្នុងការឡើងផ្សារ

    គន្លឹះល្អៗ សម្រាប់បងៗស្រ្តីមេផ្ទះដែលមិនសូវមានពេលច្រើនក្នុងការឡើងផ្សារ

    បងៗស្រ្តីមេផ្ទះដែលមានផ្ទះនៅឆ្ងាយពីផ្សារ ឬមិនសូវមានពេលឡើងផ្សារដើម្បីទិញម្ហូបអាហារប្រចាំថ្ងៃមកធ្វើឱ្យសមាជិកគ្រួសារបានបរិភោគថ្មីៗនោះ ពេលនេះមិនបាច់បារម្ភទៀតទេ ព្រោះ ឡារ៉ែនយើងមានគន្លឹះល្អៗក្នុងការថែររក្សាទុកដាក់ម្ហូបអាហារដែលបងៗបានទិញមកពីផ្សារដើម្បីទុកធ្វើពិសាឱ្យបានយូរនោះមកជម្រាបជូនដូចខាងក្រោមនេះ។

    វិធីដាំបាយឱ្យទុកហូបបានយូរមិនជូរផ្អូម

    បើសិនបងៗស្រ្តីមេផ្ទះណាមិនសូវមានពេល និងជាប់រវល់មមាញឹកក្នុងការងារ និងចង់ដាំបាយតែម្ដងទុកញ៉ាំបានយូរថ្ងៃនោះ យើង មានវិធីដាំបាយដើម្បីទុកទទួលទានឱ្យបានច្រើនថ្ងៃ ដោយមិនឱ្យបាយនោះជូរផ្អូម ឬខូចគុណភាពមកជំរាបជូនដូចតទៅ៖ វិធី គឺសែនងាយបំផុត បន្ទាប់ពីលាងសម្អាតអង្កររួចហើយ ចូរដាក់ទឺកសាជូចូលទៅផង ក្នុងអត្រា បើអង្ក 3កំប៉ុង ត្រូវប្រើទឹកសាជូ​ប្រមាណមួយស្លាបព្រាកាហ្វេ រួចហើយដាក់ដាំតាមធម្មតា។ ត្រឹមតែប៉ុណ្ណឹង បងៗនឹងបានបាយឆ្អឹនដែលដួសពិសាហើយដួ​សពិសាទៀត រួច​ទុកចោលនៅក្នុងឆ្នាំង 4-5ថ្ងៃ ក៏មិនខូច មិនផ្អូម មិនជោរទឹក និងទុកពិសាបានច្រើនថ្ងៃជាមិនខាន។​

    វិធីរក្សាទុកស៊ុតមាន់-ទាឱ្យបានយូរពី 10-12ខែ

    ស៊ុតមាន់ អាចរក្សាទុកបានយូរពី 10-12ខែ ដោយមិនចាំបាច់ទុកនៅក្នុងទូទឹកកកឡើយ ដោយគ្រាន់តែស្រោបស៊ុតទាំងនោះដោយទឺកប្រេងឆាស្តើងៗដើម្បីការពារកុំឱ្យអុកស៊ីហ្ស៊ែនជ្រៀតចូលទៅក្នុងស៊ុតបានតែប៉ុណ្ណោះ។

    វិធីស្រោបស៊ុត ៖ សូមពាក់ស្រោមដៃជ័រ រួចបន្តក់ប្រេងឆានៅលើបាតដៃដែលពាក់ស្រោមជ័រនោះបន្តិច លាបឱ្យ​សព្វ​​​​​ពេញបាតដៃ (កុំប្រើប្រេងឆាជោកពេក) យកស៊ុតមកប្រមៀលចុះឡើងលើបាតដៃដែលមានប្រេងឆានោះឱ្យប្រឡាក់សព្វ រួច​​ហើយយកទៅដាក់ក្នុងកញ្រ្ចែងស៊ុតដូចដើមវិញ។ តែប៉ុណ្ណឹងស៊ុតមាន់-ទា ដែលលោកអ្នកទិញមកពីផ្សារច្រើនៗនោះនឹងអាចរក្សាទុកបានយូរដល់ទៅ 10-12ខែ​ហើយ ឯណោះ។

    វិធីទុកផ្លែក្រូចឆ្មារឱ្យបានយូរ

    វិធីរក្សាផ្លែក្រូចឆ្មារទុកឱ្យនៅស្រស់បានយូរនោះ គោលការណ៍ចម្បង គឺធ្វើយ៉ាងណាឱ្យសម្បកផ្លែក្រូចឆ្មារបាត់បង់សំណើមតិចបំផុតហ្នឹងឯង។ មានវិធីជាច្រើនក្នុងការថែរក្សាទុក ដូច្នេះស្រេចតែបងៗស្រឡាញ់ចូលចិត្តវិធីណាមួយ ឬងាយស្រួលជាមួយវិធីណាមួយ សូមធ្វើតាមចំណង់ចំណូលចិត្ត​ចុះ (បានលទ្ធផលល្អគ្រប់វិធី)៖

    1. ប្រើក្រដាសខ្ចប់ ដោយខ្ចប់បំបែកគ្នាមួយផ្លែៗ រួចដាក់ក្នុងថង់ប្លាស្ទិក ចងមាត់ឲ្យជិត ហើយដាក់នៅក្នុងទូទឹកកកក្នុងកន្លែងធម្មតា។ វិធីនេះងាយស្រួលធ្វើ និងអាចរក្សាទុកបានរាប់ខែ។
    2. កប់ទុកនៅក្នុងធុងដីខ្សាច់ ដោយស្រោចទឹកឱ្យសើមល្មម កុំឱ្យជោកជាំពេក វិធីនេះអាចរក្សាផ្លែក្រូចឆ្មារទុកបាន 3ខែ។
    3. ដាក់ផ្លែក្រូចឆ្មារក្នុងថង់ផ្លាស្ទិកដែលមានចោះរន្ធឱ្យខ្យល់ចេញចូលបានខ្លះ រួចទុកនៅក្នុងទូទឹកកកក្នុងកន្លែងធម្មតា។  វិធីអាចរក្សាទុកបាន 1ខែ។
    4. វិធីចុងក្រោយ ច្របាច់យកតែទឹក ដាក់ចូលក្នុងដប បិទគម្របឱ្យជិត ដាក់ក្នុងទូទឹកកកក្នុងកន្លែងកក ពេលចង់ប្រើ ក៏យកចេញមក ទុកឱ្យវារលាយជាមុនសិន។ ធានាថា រសជាតិទឹកក្រូចឆ្មារនៅដដែល100%។

    វិធីរក្សាទុកស្លឹកជី-បហោ ស្លឹកជីនាងវង ទុកប្រើបានយូរ

    ពពួកបន្លែស្លឹក ដូចជាស្លឹកជី បហោ ឬ ស្លឹកជីនាងវងជាដើម ជាបន្លែស្លឹកដែលងាយខូច និងងាយរលួយណាស់ បើ​ចៃដន្យបងៗទិញមកច្រើនជ្រុលពេក ហើយចង់រក្សាទុកប្រើឱ្យបានច្រើនថ្ងៃ​នោះ ចូរបេះយកស្លឹកចេញពីមែក ដាក់សំដឹលឱ្យ​ស្រស់ទឹក (មិនបាច់លាងទឹកទេ ហើយក៏កុំភ្លេចខ្លួនដាក់ហាលរហូតឡើងស្ងួតក្រៀមដែរ) រួចហើយយកមកដាក់ចូលក្នុងថង់ប្លាស្ទិក ចងមាត់ថង់ឱ្យណែន ឱ្យមានខ្យល់នៅខាងក្នុងថង់ខ្លះ បន្ទាប់មកយកទៅទុកក្នុងទូទឹកកកក្នុងកន្លែងដាក់បន្លែធម្មតា។ វិធីនេះនឹងអាចរក្សាទុកបានយូរថ្ងៃ​។

    ការរក្សាទុកសាច់ជ្រូក

    ការថែរក្សាសាច់ជ្រូកដើម្បីទុកសម្រាប់ធ្វើម្ហូបឱ្យបានច្រើនថ្ងៃនោះ គួររក្សាទុកនៅក្នុងកន្លែងកកក្នុងទូទឹកកក តែពេលយក​ចេញមកដើម្បីធ្វើម្ហូប សាច់ជ្រូកដែលកកមួយដុំធំនោះនឹងពិបាកក្នុងការកាត់យកតាមតម្រូវការខ្លាំងណាស់ ឬមិនដូច្នោះទេក៏ត្រូវរង់ចាំ​យូរណាស់ ទម្រាំតែវាទន់វិញ ឬពេលខ្លះប្រញាប់ផងនោះ ក៏យកទៅដាក់ត្រាំក្នុងទឹក ធ្វើឱ្យសាច់ជ្រូកបាត់បង់គុណប្រយោជន៍ខាង​អាហារអស់។ ដូច្នេះពេលទិញសាច់ជ្រូកមកហើយ គួរលាងវាឱ្យស្អាត រួចកាត់ជាដុំៗធំល្មមទុកសម្រាប់ធ្វើម្ហូបមួយពេលៗរួចជាស្រេច បន្ទាប់មកដាក់ក្នុងថង់ប្លាស្ទិកដាច់ដោយឡែកពីគ្នា រួចយកទៅដាក់ក្លាស្សេទុកនៅក្នុងទូទឹកកក។ នៅពេលត្រូវធ្វើម្ហូប ក៏យកចេញមកមួយដុំ ទុកឱ្យបាត់កក ឬបើប្រញាប់អាចដាក់ត្រាំទឹកបាន តែចូរត្រាំទាំងថង់ប្លាស្ទិក…ធ្វើបែបនេះ​ពិតជាងាយស្រួលមែន៕

  • បឹងកេត ប្រកាស​បញ្ចប់​កិច្ចសន្យា​កីឡាករ​បរទេស 2រូប

    ការប្រកួត​លី​គ​កំពូល​កម្ពុជា រដូវ​កាល2020 បានបញ្ចប់​ដោយ​បឹងកេត បានឈ្នះ​ជើងឯក ជាមួយ​កំណត់ត្រា​មិន​ចាញ់​សោះ ពោលគឺ ឈ្នះ12 ស្មើ 5លើក ក្នុងចំណោម​ការប្រកួត​ទាំងអស់ 17លើក។

    ជុំវិញ​រឿង​រៀបចំ​ក្រុម​នេះ លោក បែរ មករា អ្នកចាត់ការ​ក្រុម​បឹងកេត បាន​និយាយថា លោក​កំពុងតែ​សម្លឹង រកមើល​កីឡាករ​បរទេស​មួយចំនួន មក​ពង្រឹង​ក្រុម ខណៈដែល​ក្នុង​ក្រុម​វិញ លោក​នឹងធ្វើ​ការរុះរើ​កីឡាករ​បរទេស​ខ្លះ (ប្រហែលជា 2រូប) តែ​លោក​មិនទាន់​បង្ហើប​ប្រាប់​ឈ្មោះ​នៅឡើយ ដើម្បី​យក​កូតា ដាក់​កីឡាករ​បរទេស​ថ្មី​ផ្សេងទៀត។

    គួរឱ្យ​ដឹង​ដែរ​ថា ក្លិប​បឹងកេត បាន​លេង​ក្នុង​ពានរង្វាន់ AFC CUP នេះ​ចំនួន 2លើក​រួចមកហើយ ដោយបាន​ឡើងទៅ ក្រោយ​ឈ្នះ​ការប្រកួត​វគ្គ​ជម្រុះ​ទាំង 2លើក ៕

  • ប្រកួត​មិត្តភាព រវាង​ក្រូ​អាត និង​តួរ​គី កាលពី​យប់មិញ មាន​កីឡាករ​ម្នាក់​ផ្ទុក​កូ​វីដ-19

    ប្រកួត​មិត្តភាព រវាង​ក្រូ​អាត និង​តួរ​គី កាលពី​យប់មិញ មាន​កីឡាករ​ម្នាក់​ផ្ទុក​កូ​វីដ-19

    សេចក្តីរាយការណ៍​មួយ បាន​បញ្ជាក់ថា កាលពី​ថ្ងៃ​ច័ន្ទ ក្រុម​កីឡាករ​ទាំងអស់​របស់​ក្រូ​អាត បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ-19 ដោយ​មិនមាន​នរណាម្នាក់ មាន​លទ្ធផល​វិជ្ជមាន​ឡើយ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​ពុធ ទី11 ខែវិច្ឆិកា ឆ្នាំ2020 ម្សិលមិញ ក៏​ស្រាប់តែ​រកឃើញថា កីឡាករ Vida មាន​លទ្ធផល​វិជ្ជមាន​កូ​វីដ-19 ដោយ​ក្រុមគ្រូពេទ្យ​របស់​ក្រុម​ក្រូ​អាត ទទួលបាន​លទ្ធផល​នៅពេល​ចប់​វគ្គ​ទី1។

    ជា​លទ្ធផល គ្រូបង្វឹក​បាន​ប្តូរ​កីឡាករ​រូបនេះ​ចេញ ដោយនៅ​បន្ត​ការប្រកួត​ជាធម្មតា ដែលជា​លទ្ធផល ក្នុងការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើសជាតិ​ក្រូ​អាត និង​ក្រុម​ជម្រើសជាតិ​តួរ​គី​នេះ បាន​ត្រឹម​ស្មើគ្នា​ក្នុង​លទ្ធផល 3ទល់នឹង3។ គួរឱ្យ​ដឹង​ដែរ​ថា ក្រោយពី​ចប់​ការប្រកួត​នេះ កីឡាករ​ទាំងអស់​ត្រូវ​បាន​គេ​ធ្វើតេស្ត​ម្តងទៀត និង​កំពុង​នៅ​រង់ចាំ​លទ្ធផល មុននឹង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល 2សប្តាហ៍​ទៀត៕