Category: សង្គម និងសេដ្ឋកិច្ច

  • ការរៀបចំដាក់ និងតុបតែងជណ្តើរផ្ទះក្នុងផ្ទះឱ្យស្អាត ត្រូវគោលការណ៍ហុងស៊ុយ

    ការរៀបចំដាក់ និងតុបតែងជណ្តើរផ្ទះក្នុងផ្ទះឱ្យស្អាត ត្រូវគោលការណ៍ហុងស៊ុយ

    នៅក្នុងការសាងសង់ ឬតុបតែងផ្ទះ រឿងហុងស៊ុយ គឺជារឿងមួយដែលម្ចាស់ផ្ទះត្រូវតែយកចិត្តទុកដាក់ ដើម្បីជួយ​បង្កើននិងជំរុញឱ្យម្ចាស់ផ្ទះ និងអ្នកស្នាក់នៅទាំងអស់មានអារម្មណ៍សប្បាយកាយ សប្បាយចិត្តដែលបានរស់នៅក្នុងផ្ទះដែលបានរៀបចំត្រឹមត្រូវតាមគោលការណ៍របស់ហុងស៊ុយ និងបង្កើនថាមពលបូកឱ្យមានជោគសំណាង មានលាភសក្ការៈ និងមានភាពគង់វង្សស្ថិតស្ថេរ និងមានសេចក្តីសុខក្នុងការស្នាក់អាស្រ័យនៅក្នុងផ្ទះរបស់ខ្លួនឯង។

    ខាងក្រោមនេះគឺជារឿងរបស់ទីតាំង និងហុងស៊ុយជណ្តើរផ្ទះដែលមានសេចក្ដីលម្អិតដូចតទៅ ៖

    1. ជណ្តើរផ្ទះមិនគួរនៅចំនឹងមាត់ទ្វារចូលផ្ទះឡើយ ព្រោះនឹងធ្វើឱ្យក្រសែថាមពល “ឈី” ហូរចូលផ្ទះមិនបានស្រួល ធ្វើឱ្យការ​ទុកដាក់លុយកាក់មិនគង់។ ក្រៅពីនេះថែមទាំងជាការបើកទទួលថាមពលមិនល្អឱ្យហូរឡើងទៅដល់ជាន់លើរបស់ផ្ទះដែលជា​បន្ទប់​​គេង​ ដោយវានឹងធ្វើឱ្យរសាប់រសល់ សម្រាន្តលក់មិនស្រួល នាំឱ្យប៉ះពាល់ដល់សុខភាពរាងកាយទៀតផង។
    2. ហាមធ្វើជណ្តើរផ្ទះឱ្យមានផ្លូវឡើង 2ខាង ព្រោះវានឹងមានលក្ខណៈដូចបច្ឆាសម្រាប់ដុតខ្មោចដែលមានផ្លូវឡើង និងចុះទល់មុខគ្នា គឺជាលក្ខណៈរបស់ជណ្តើរដែលអពមង្គលខ្លាំងណាស់។
    3. កុំឱ្យជណ្តើរស្ថិតនៅចំកណ្តាលផ្ទះ ព្រោះចំណុចកណ្តាលផ្ទះ គឺជាបេះដូងរបស់ផ្ទះ។ ការសាងជណ្តើរនៅត្រង់​ចំណុចនេះ នឹងធ្វើឱ្យម្ចាស់ផ្ទះនៅផ្ទះមិនបានយូរ និងអាចធ្វើឱ្យមានជំងឺពាក់ព័ន្ធនឹងបេះដូងទៀតផង។
    4. ការដាក់ទីតាំងផ្លូវឡើងជណ្តើរ ៖ សូមណែនាំឱ្យបែរផ្លូវឡើងជណ្ដើរទៅរកទិសបញ្ឆិត មិនគួរបែរទៅចំទិសគោលៗដូចជា លិច កើត ជើង ត្បូងត្រង់ៗឡើយ ព្រោះអាចនឹងសង្កត់ពីលើដួងរាសីស្នេហារបស់សមាជិកនៅក្នុងផ្ទះ បិទបាំងថាមពលបូកផ្សេងៗ​ តែបើបែរផ្លូវឡើងទៅរកទិសបញ្ឆិតៗ ដូចជា ខាងកើតឆៀងខាងជើងជាដើមនោះ វានឹងជួយបើកផ្លូវរាសីគ្រប់យ៉ាងឱ្យកាន់តែខ្លាំងឡើង។
    5. ចំណោតរបស់កាំជណ្តើរ ត្រូវស្ថិតនៅក្នុងកម្រិតប្រមាណជា 45អង្សា មិនចោតពេក ឬចង្អៀតជ្រុលពេក។ ទាំងអស់​នេះ​ ​ក្រៅតែពីជួយបង្កើនឱ្យថាមពល “ឈី” ហូរចូលបានសព្វទីកន្លែងហើយ នៅអាចដើរឡើង-ចុះបានស្រួល មិនប្រថុយប្រថាននឹងការកើតឧប្បត្តិហេតុទៀតផង ។
    6. ចំនួនកាំរបស់ជណ្តើរដែលត្រឹមត្រូវ គួរតែជាចំនួនសេស(លេខសេស) ព្រោះគេមានជំនឿថា លេខសេស គឺជាលេខរបស់​មនុស្សរស់ ឯលេខគូមានន័យថា មនុស្សស្លាប់។
    7. ទីតាំងដ៏ត្រឹមត្រូវរបស់ជណ្តើរ គួរនៅផ្ទុយនឹងមាត់ទ្វារចូលផ្ទះ ដូចជាបើទ្វារផ្ទះនៅខាង​ឆ្វេង ជណ្តើរគួរតែនៅខាងស្តាំដោយមិនគួរបែរផ្លូវឡើងជណ្តើរទៅទល់មុខនឹងទ្វារផ្ទះដោយចំៗឡើយ ។
    8. ជណ្តើរផ្ទះមិនគួរនៅខាងក្រៅផ្ទះឡើយ ទោះជាមើលទៅឃើញស្អាតយ៉ាងណាក៏ដោយ ព្រោះគឺជាជណ្តើរចោរដែលក្រៅតែពីធ្វើឱ្យអ្នកស្នាក់អាស្រ័យបាត់បង់លុយកាក់ហើយ ថែមទាំងជាការបើកផ្លូវឱ្យជនពាលចូលមកក្នុងផ្ទះបានកាន់តែងាយស្រួល​ទៀតផង។
    9. សម្រាប់ផ្ទះម៉ូដបុរាណ ឬផ្ទះលើកខ្ពស់ពីដី បើមានជណ្តើរចេញមកខាងក្រៅផ្ទះ សូមណែនាំឱ្យធ្វើជណ្តើរនៅ​ខាង​ឆ្វេង ឬខាងស្តាំរបស់ផ្ទះ នឹងធ្វើឱ្យសន្សំលុយបានគង់វង្សល្អណាស់។

    នៅពេលបានដឹងពីទីតាំងហុងស៊ុយជណ្តើរផ្ទះហើយ សូមកុំភ្លេចយកទៅធ្វើការពិចារណាក្នុងការតុបតែងផ្ទះរបស់លោក​អ្នកឱ្យបានត្រឹមត្រូវតាមគោលការណ៍ហុងស៊ុយ ដើម្បីបង្កើនយីអ៊ុន និងបង្កើនថាមពលបូកឱ្យការរស់នៅរបស់ក្រុមគ្រួសារលោកអ្នករឹតតែល្អប្រសើរឡើងផង៕

  • 5ហេតុផល ដែលនារីខ្លះមិនរៀបការ

    5ហេតុផល ដែលនារីខ្លះមិនរៀបការ

    មិនមែនមនុស្សស្រីគ្រប់គ្នាសុទ្ធតែត្រូវការ ឬប្រាថ្នាក្នុងការនិយាយថា “ចាស យល់ព្រម” នោះទេ…តើព្រោះហេតុអីទៅ?

    1. ព្រោះការមិនរៀបការមិនមែនបានន័យថា អ្នកនឹងត្រូវនៅម្នាក់ឯងនោះទេ : នៅពេលរៀបការ យ៉ាងហោចណាស់ក៏អ្នកនឹងមានមនុស្សម្នាក់នៅក្បែរកាយជានិច្ច តែខ្ញុំចង់ប្រាប់ថា តឱ្យមិនបានរៀបការ ក៏អ្នកនៅតែមានមនុស្សម្នាក់នៅក្បែរកាយបានដែរ មានមនុស្សឱ្យស្រឡាញ់…ឱ្យជឿទុកចិត្ត…ឱ្យសើចជាមួយគ្នា…ឱ្យឈ្លោះគ្នា…ឱ្យនឹកគ្នា…រួមទាំងពឹងពាក់គ្នាទៅវិញទៅមកទៀតផង។ ដោយសារតែការមិនរៀបការមិនបានមានន័យថា អ្នកត្រូវតែនៅម្នាក់ឯងនោះទេ តែអ្នកនៅមានពួកម៉ាកមិត្តភក្តិ មានមនុស្សស្រឡាញ់ បងប្អូន អ្នកជិតខាង និងមិត្តរួមការងារ គ្រាន់តែអ្នកមិនបាននៅជាមួយគូគ្រងប៉ុណ្ណោះឯង។ ជួនកាលអ្នកអាចកំពុងសេពគប់មើលចិត្តមើលថ្លើមគ្នា 2ឆ្នាំ ឬ 5ឆ្នាំ ក៏តាមហ្នឹងទៅ ឬអ្នកអាចមិនបានត្រូវការគូស្នេហ៍ អ្នកនិយមចូលចិត្តក្នុងការសប្បាយរីករាយជាមួយបណ្ដាពួកមិត្តភក្តិច្រើនជាង ចូលចិត្តធ្វើដំណើរកម្សាន្ត និងជួបមនុស្សម្នាថ្មីៗប្លែកៗ ចូលចិត្តធ្វើការងារដើម្បីជួយសង្គម ជាដើម…ដូច្នេះឃើញហើយឬនៅថា អ្នកមិនចាំបាច់ត្រូវរៀបការ ក៏បានដែរ…។
    2. ព្រោះស្នេហា គឺជាប្រស្នាដ៏អាថ៌កំបាំងមួយ : ការរៀបការ គឺជាកិច្ចសន្យាដែលមានចំណងរវាងគ្នា។ មានអត្ថន័យសាមញ្ញៗ ងាយៗ ហើយខ្ញុំក៏មិនត្រូវការនិយមន័យស្នេហាក្នុងន័យរបស់ធុរកិច្ច ឬច្បាប់ទម្លាប់អ្វីៗទាំងអស់។ ភាពស្រស់ស្អាតរបស់ស្នេហាគ្មាននិយមន័យមួយដោយឡែកតែឯងនោះទេ និងតែងតែប្រែប្រួលជានិច្ចទៀតផង។
    3. ព្រោះភាពស្ថិតស្ថេរគង់វង្សដ៏ពិតប្រាកដចេញមកពីការដឹងថា ខ្លួនឯងជាអ្នកណា និងត្រូវការអ្វី? : នៅពេលអ្នកមានអារម្មណ៍ខកបំណងជាមួយនឹងរឿងរ៉ាវផ្សេងៗដែលកើតឡើងនៅក្នុងជីវិត ចូរកុំគិតថា ការរៀបការនឹងអាចបញ្ឈប់អ្វីៗទាំងអស់នោះបានឱ្យសោះ។ ការមានមនុស្សដែលស្រឡាញ់ និងបារម្ភអំពីយើង ដូចជាឪពុកម្ដាយ បងប្អូន សាច់ញាត់ មិត្តរួមការងារ និងមិត្តភក្តិជិតស្និទ្ធទៅវិញទេ ដែលជាភាពស្ថិតស្ថេរគង់វង្សដ៏ធំធេងបំផុតលើសអ្វីៗទាំងអស់ ដែលអ្នកមិនចាំបាច់ត្រូវបានមកពីគូអាពាហ៍ពិពាហ៍នោះឡើយ។
    4. ព្រោះអ្នកអាចលែងលះវិញបាន… : នាងខ្ញុំ និងគូស្នេហ៍ សេពគប់គ្នាមក 10ឆ្នាំហើយ និងនៅពេលណាយើងមានបញ្ហានឹងគ្នា(មិនខុសពីគូស្នេហ៍ដទៃទេ) យើងក៏មានសេរីភាពក្នុងការបញ្ចប់សម្ព័ន្ធភាពបានគ្រប់ពេលវេលា។ ក្នុងអំឡុងពេលដែលអស់សង្ឃឹម និងសោកសៅបំផុតនោះ នាងខ្ញុំបែរជាមានអារម្មណ៍សប្បាយចិត្ត ដោយសារតែនាងខ្ញុំអាចសម្រេចចិត្តគ្រប់យ៉ាងដើម្បីខ្លួនឯងបានយ៉ាងពេញលេញ។
    5. ព្រោះអ្នកអាចរៀបការនៅពេលណាក៏បាន មិនចាំបាច់ត្រូវប្រញាប់ទេ… : នាងខ្ញុំមិនមែនជាមនុស្សពពួកប្រឆាំងនឹងការរៀបអាពាហ៍ពិពាហ៍ទេ ហើយរឿងហ្នឹងក៏មិនមែនជាបញ្ជាដែរ…វាគ្រាន់តែជាកម្មវិធីមួយប៉ុណ្ណោះ។ ចំណុចសំខាន់គឺ យើងនៅតែបើកចំហទាំងក្នុងរឿងការរៀបការ និងសម្ព័ន្ធភាព។ យើងត្រៀមរួចរាល់ជានិច្ចក្នុងការបើកទទួលយកផ្នត់គំនិត អារម្មណ៍ និងបទពិសោធផ្សេងៗ ទាំងរបស់យើង និងរបស់អ្នកដទៃ។ មិនសំខាន់ថា អ្នកស្ថិតនៅក្នុងសម្ព័ន្ធរយៈពេលវែង ឬសម្ព័ន្ធភាពបញ្ចប់បែបឈឺចាប់ ឬទើបចាប់ផ្ដើមស្នេហាជាថ្មី ឬពេញចិត្តក្នុងការនៅតែម្នាក់ឯងនោះទេ គ្មានអ្នកណាដឹងឡើយថា អានាគតនឹងទៅជាយ៉ាងណា? ដូច្នេះ ទុកឱ្យវាក្លាយជាការសម្រេចចិត្តរបស់យើងផ្ទាល់ក្នុងការឈានទៅមុខឆ្ពោះទៅរកការផ្សងព្រេងជាថ្មីទៀត៕
  • ជីវិតប្រែប្រួល! ស្ត្រីចិនម្នាក់ Live លក់ផ្លែប៉ោម រហូតល្បីល្បាញ ក្លាយជា Net Idol

    ជីវិតប្រែប្រួល! ស្ត្រីចិនម្នាក់ Live លក់ផ្លែប៉ោម រហូតល្បីល្បាញ ក្លាយជា Net Idol

    អ្នកស្រី លីវ ហៃយៀន គឺជាស្ត្រីជនជាតិចិនម្នាក់ ដែលល្បីល្បាញ តាមរយៈការថតឃ្លីបវីដេអូបង្ហាញពី​”ផ្លែប៉ោម”​ផលិតផលពីចម្ការរបស់អ្នកស្រី ក្នុងភូមិកាំងទី ស្រុកនើយឈីវ មណ្ឌល ហ៊ើពើយ​ ភាគខាងជើងប្រទេសចិន តាមរយៈផ្លាតហ្វ៉មចែករំលែកឃ្លីបរបស់អ្នកស្រីដែលមានឈ្មោះថា “ចូស៊ីហ៊្វូ”​ ដែលប្រែថា “កូនប្រសាមិនស្អាត”។

    ច្រើនឆ្នាំមកនេះ ស្រុកនើយឈីវ បានផ្ដល់ភាពសំខាន់ទៅលើការផលិតមុខទំនិញកសិកម្ម ដែលមានលក្ខណៈពិសេសដោយឡែកពីគេ ក្នុងតំបន់ភ្នំថៃហាង ជំរុញការដាំបណ្ដុះរបស់សហគ្រិន អ៊ីខំមើកស៍ ខ្នាតតូច និងមធ្យម គាំទ្រការលក់ដូររបស់អាជីវករអ៊ីខំមើកស៍ រួមទាំងកសិករដែលជា “ណិត អាយដល” និងថែមទាំងជំរុញកម្មវិធីការលក់ទំនិញ និងដឹកជញ្ជូនទៅដល់ដៃអតិថិជននូវផលិតផលដែលនៅស្រស់ថ្មី ឱ្យបានលឿនបំផុតទៀតផង៕

    ប្រភព៖ ទីភ្នាក់ព័ត៌មានស៊ីនហួ

  • កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ទើបតែត្រូវបានសមាជិក​អាស៊ាន​និង​5​ប្រទេស​ផ្សេង​ទៀត​ ចុះហត្ថលេខា៖ ចិនទំនង​​មានប្រៀបជាងគេ

    កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ទើបតែត្រូវបានសមាជិក​អាស៊ាន​និង​5​ប្រទេស​ផ្សេង​ទៀត​ ចុះហត្ថលេខា៖ ចិនទំនង​​មានប្រៀបជាងគេ

    ក្រោយរយៈពេល8ឆ្នាំដែលបានចរចា កិច្ចព្រមព្រៀងភាពជាដៃគូទូទៅផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ដែលគេហៅថា RCEP (Regional Comprehensive Economic Partnership) ទើបតែត្រូវបានប្រទេសចំនួនប្រទេសចំនួន​15 រួមមាន កម្ពុជា ប៊្រុយណេ ម៉ាឡឹស៊ី សិង្ហបុរី វៀតណាម ឥណ្ឌូនេស៊ី ឡាវ មីយ៉ានម៉ារ ហ្វីលីពីន ថៃ ជប៉ុន នូវែល​ហ្សែឡង់​ អូស្ត្រាលី ចិន និងប្រទេសកូរ៉េខាងត្បូង ចុះហត្ថលេខាកាលពីថ្ងៃទី15វិច្ឆិកា ឆ្នាំ2020។

    ជាមួយនឹងសមាជិកចំនួន15ប្រទេសចូលរួម RCEP នឹងបង្កើតបានជាទីផ្សារដែលមានប្រជាជនចំនួន​2.2​ពាន់​លាន​នាក់ ប្រហាក់ប្រហែលនឹងទឹកប្រាក់26.2លានលានដុល្លារអាមេរិក (26,200,000,000,000) ហើយវានឹងក្លាយជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេបង្អស់ក្នុងពិភពលោក។ ដោយសារកិច្ចព្រមព្រៀងបើកទ្វារទីផ្សារផលិត​ផល​ សេវាកម្ម វិនិយោគ គោលការណ៍តម្លៃប្រភពទំនិញនៅក្នុងតំបន់ភូមិសាស្ត្រ RCEP រួមនឹងវិធានការដែលផ្ដល់ភាពងាយស្រួលដល់ពាណិជ្ជកម្ម កិច្ចព្រព្រៀងពាណិជ្ជកម្មសេរី (FTA/Free Trade Agreement) នេះ នឹងផ្ដល់ឱកាស​ច្រើនក្នុងការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីនៅតាមបណ្ដាប្រទេសជាសមាជិក។

    កិច្ចព្រមព្រៀងនេះក៏នឹងបង្កើតបានជាទីផ្សារនាំចេញប្រកបដោយស្ថិរភាព និងយូរអង្វែងសម្រាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន នៅក្នុងគ្រាដែលសង្វាក់ផ្គត់ផ្គង់បានជួបបញ្ហាមួយចំនួនកាលពីពេលថ្មីៗនេះ។ ការអនុវត្តកិច្ចព្រមព្រៀង RCEP ក៏នឹងបង្កើតបានជាក្របខ័ណ្ឌផ្លូវច្បាប់ដែលកំណត់អំពីគោលនយោបាយពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ហា ប្រព័ន្ឋពាណិជ្ជកម្មអេឡិចត្រូនិចជាដើម និងបង្កើតបានជាទីលានប្រកួតប្រជែងផ្នែកពាណិជ្ជកម្មប្រកបដោយយុត្តិធម៌នៅក្នុងតំបន់។ តាមផែនការ RCEP នឹងលុបបំបាត់ពន្ធអាករមួយចំនួនលើទំនិញនាំចូលនៅក្នុងអំឡុង20ឆ្នាំខាងមុខ។

    យ៉ាងនេះក្ដី កិច្ចព្រមព្រៀងនេះក៏នឹងបង្កឱ្យមានបញ្ហាមួយចំនួនសម្រាប់បណ្ដាប្រទេសដែលនៅមានកម្លាំងប្រជែង​ផ្នែកពាណិជ្ជកម្មខ្សោយជាងគេផងដែរនៅក្នុងការនាំចេញផលិតផលទៅបរទេស។

    RCEPប្រទេសចិនដែលត្រូវបានគេចាត់ទុកថាជាគូប្រជែងមួយដ៏ធំនៅក្នុងចំណោមបណ្ដាលប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP។ ដោយមានប្រៀងជាងគេទាក់ទងនឹងភាពសម្បូរបែបនៃផលិតផល និងតម្លៃទាប មហាសេដ្ឋកិច្ចដែលមានប្រជាជនពាន់លាននាក់នេះនឹងអាចបង្កឱ្យមានការបាត់បង់ផលប្រយោជន៍មួយចំនួនរបស់ប្រជាជនក្នុងស្រុកនៃបណ្ដាប្រទេសផ្សេងទៀត។

    បញ្ហាខាងលើនេះក៏ជាមូលហេតុសំខាន់មួយដែលបានបណ្ដាលឱ្យឥណ្ឌាសម្រេចចិត្តដកខ្លួនចេញពី RCEP កាល​ពី​ខែ​វិច្ឆិកាឆ្នាំ2019។ ទីក្រុងនីវដេលី ធ្លាប់បានសម្ដែងការព្រួយបារម្ភជាច្រើនលើកអំពី RCEP ដែលជាកិច្ចព្រមព្រៀង​មួយមានគោលការណ៍បន្ទាបជញ្ជាំងពន្ធដារ ដែលនេះបានជួយឱ្យផលិតផលរបស់ចិន អាចធ្វើចរាចរណ៍ពេញទីផ្សារឥណ្ឌា ខណៈដែលផលិតផលមកពីឥណ្ឌាមិនអាចធានាបាននូវការបង្ហាញខ្លួនក្នុងទីផ្សារចិន បណ្ដាលឱ្យកើតមានបញ្ហាអតុល្យភាពពាណិជ្ជកម្ម។ ឆ្នាំ2018 ការបាត់បង់តុល្យភាពពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយនឹងចិន មានទំហំឡើងដល់ជិត58ពាន់លានដុល្លារអាមេរិក ក្នុងចំណោម 95.5ពាន់លានដុល្លារនៃការដោះដូរពាណិជ្ជកម្មសរុបនៃប្រទេសទាំងពីរ៕

    NYT/BBC

  • កំពុងផ្ទុះខ្លាំង! ផាប៊ូមខ្មែរ ក្ដៅស្លឹកត្រចៀកពេកប្រតិកម្មផ្អើលហ្វេសប៊ុក

    កំពុងផ្ទុះខ្លាំង! ផាប៊ូមខ្មែរ ក្ដៅស្លឹកត្រចៀកពេកប្រតិកម្មផ្អើលហ្វេសប៊ុក

    កាលពីពេលថ្មីៗ តារាហ្វេសប៊ុក និង ជាតារា Tik Tok ផាកប៊ូមខ្មែរ ដែលមានឈ្មោះពិតថា រៃ សុភា បានបង្ហាញប្រតិកម្មយ៉ាងចាស់ដៃចំពោះបុគ្គលិកដែលដាក់ស៊ីវី និង ទើបបានចូលបម្រើការនៅក្នុងហាង Sophea Skin Care បន្ទាប់ពីបុគ្គលិកដែលមកសុំការងារទាំងនោះ គឺក្រោយពេលប្រគល់ភារកិច្ចឱ្យ ក៏បោកគ្រាប់បែក និង ខ្លះរត់ចោលកណ្ដាលទី ធ្វើអោយលោកស្រីខកបំណង។

    លោកស្រី រៃ សុភា គឺជាតារាហ្វេសប៊ុក ដែលមានមុខមាត់ស្រដៀងនឹងសមាជិក 2NE1 កញ្ញា ផាកប៊ូម ដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង រហូតធ្វើឱ្យគេហៅឈ្មោះលោកស្រីថា ផាកប៊ូមខ្មែរ។ លោកស្រីគឺជាតារាTik Tok ដែលមានកេរ្តិ៍ឈ្មោះសំឡេង និងជាអ្នកឯកទេសផ្នែកថែរក្សាសម្រស់ និង ព្យាបាលមុនដ៏ល្បីប្រចាំហាង Sophea Skin Care ដែលស្ថិតនៅផ្សារសុវណ្ណា ផ្សារទួលពង្រ និង នៅសៀមរាប។ លោកស្រីក៏ត្រូវគេស្គាល់កាន់តែខ្លាំងដោយសារតែមានសកម្មភាពសប្បុរសធម៌ យ៉ាងសកម្មព្រមជាមួយនឹង វីដេអូចែករំលែកពីចំណេះដឹងផ្នែកសម្ភស្ស ដែលលោកស្រីតែងតែបង្ហោះនៅលើយូរធូបនាពេលចុងក្រោយ។

    តាមរយៈវីដេអូជាង៦នាទីគេមើលឃើញថា ក្រោយពេលលោកស្រីប្រកាសជ្រើសរើសបុគ្គលិកប្រចាំហាង គឺមានCV របស់អ្នកដាក់ពាក្យចំនួន10រូបត្រូវបានជ្រើសឱ្យមកធ្វើសម្ភាសន៍ ដោយអ្នកខ្លះយំផង អង្វរផង សុំឱ្យលោកស្រីទទួល ព្រោះគ្មានការងារធ្វើ ប៉ុន្តែក្រោយពេលកំណត់អោយជាប់ហើយ បែរជាខ្លះមិនមកធ្វើការ និង ខ្លះបានចូលធ្វើការហើយ បែរជាដើរស៊ើបប្រាក់ខែបុគ្គលិកចាស់ ហើយពេលដឹងថាខ្លួនបានតិចជាងគេ ក៏ឈប់មិនឱ្យដំណឹង។ លោកស្រីបញ្ជាក់ថា ក្នុងពេលសម្ភាសន៍លោកស្រីពន្យល់អស់ហើយ ថាសម្រាប់បុគ្គលិកថ្មីផ្នែកនេះ បានប្រាក់ខែប៉ុន្មាន បុគ្គលិកថ្មីផ្នែកនោះ បានប្រាក់ខែប៉ុន្មាន ហើយក៏ប្រាប់ផងដែរថា បុគ្គលិកនីមួយៗ គឺទទួលបានភាគរយពីការខិតខំបំពេញការងារបន្ថែមពីលើនៅក្នុងហាងប្រចាំថ្ងៃទៀត ចុះហេតុអ្វីពេលព្រមព្រៀងគ្នាហើយ បែរមិនមកបំពេញការងារ និង ឈប់កណ្ដាលទី ទាំងលោកស្រីបានប្រគល់ភារកិច្ចឱ្យហើយ៕

    កាន់តែជាក់ច្បាស់ទស្សនាវីដេអូខាងក្រោមនេះ៖

  • មហាស្រពភាពយន្តជប៉ុន ត្រូវផ្អាកពាក់កណ្ដាលទី តែលោកអ្នកអាចទស្សនារឿងតាមវិធីនេះ…

    មហាស្រពភាពយន្តជប៉ុន ត្រូវផ្អាកពាក់កណ្ដាលទី តែលោកអ្នកអាចទស្សនារឿងតាមវិធីនេះ…

    Japanese Film Festival Plus ឬ JFF Plus ជាកម្មវិធីមហាស្រពភាពយន្តជប៉ុនដូចគ្នានិងមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០ដែរ តែវាត្រូវបង្កើតជាលើកដំបូង តាមប្រព័ន្ធឌីជីថលទំនើបក្នុងទម្រង់បែបអនឡាញ អំឡុងការរាតត្បាតនៃវីរ៉ុសកូវីដ១៩ ដែលរាលដាលលើសកលលោករួមទាំងកម្ពុជាផងនោះ ដើម្បីឲ្យប្រទេសផ្សេងទៀតមានលទ្ធភាពទស្សនាខ្សែភាពយន្តក្នុងមហាស្រពភាពយន្តជប៉ុនបាន ទោះមិនបានការរៀបចំធំដុំដូចរាល់ឆ្នាំ។

    JFF Plus មានប្រទេសចំនួន២០ចូលរួម ក្នុងនោះក៏មានប្រទេសប្រទេសកម្ពុជាផងដែរ។ សម្រាប់អ្នកគាំទ្រ និងនិយមទស្សនាភាពយន្តជប៉ុន លោកអ្នកអាចចូលរួមទស្សនារឿងពី JFF Plus បាននៅខែធ្នូ ខាងមុខ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី១៣ តាមការវិភាគដែលរៀបចំដោយ JFF Plusដូច្នេះហើយសម្រាប់លោកអ្នកនិយមគាំទ្រមហោស្រពភាពយន្តជប៉ុននៅតែមានលទ្ធភាពក្នុងការទស្សនាភាពយន្តជប៉ុនល្អៗបានតាមរយៈ JFF Plus។ នេះចាត់ទុកជាការប៉ះប៉ូវជំនួសឲ្យមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០ ដែលបាននិងកំពុងប្រព្រឹត្តឡើង តែបែរជាត្រូវផ្អាកចាក់បញ្ចាំងកណ្តាលទីទៅវិញ ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឡើងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។

    លោកអ្នក អាចស្វែងរកពត៌មានបន្ថែមពី Japanese Film Festival Plus តាមតំណរភ្ជាប់នេះផ្ទាល់ https://jff.jpf.go.jp/about/?fbclid=IwAR3Pe-M-kcWBVupgbILZpO_n4X-ahA0ExHLHQuzZ2PHiGit0u4VS5KXHTbE

    ឬ អាចទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់មហោស្រពភាពយន្តជប៉ុន ដែលមានឈ្មោះថា @ Japanese Film Festival – Cambodia។ សូមជម្រាបថា មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០ ត្រូវបានប្រកាសបើកជាផ្លូវការនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរោងភាពយន្ត Major Cineplex by Smart ផ្សារទំនើបអ៊ីអន២ ក្រោមការចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម MIKAMI Masahiro (មីកាមិ ម៉ាសាហ៊ីរ៉ុ) ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន និងសិស្សានុសិស្ស។

    ពិតជារឿងគួររឲ្យសោកស្តាយ មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០នេះ ទើបតែដំណើរការបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏ត្រូវផ្អាកទៅវិញ តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមការពារការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។ ត្បិតដំណើរការបានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែ មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០នេះ ត្រូវអ្នកបានចូលទស្សនាពោលសរសើរ និងសាទរមិនដាច់ពីមាត់ថា រឿងពិតជាល្អមើលប្លែក ហើយរឿងដែលយកមកចាក់បញ្ចាំងជារឿងដែលមិនសូវបានចាក់ផ្សាយនាពេលសព្វថ្ងៃនេះទេ ជាក់ស្តែង ដូចរឿង AI Amok និយាយពីឧក្រិដ្ឋកម្ម AI ដែលជាការវាយលុកតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។

     

     

     

     

     

     

     

     

     

     

     

     

     

     

     

  • លក្ខខណ្ឌ2 ដែល Google នឹងលុបគណនី Docs, Sheets របស់អ្នកលើអនឡាញ ចាប់ពីឆ្នាំក្រោយទៅ

    លក្ខខណ្ឌ2 ដែល Google នឹងលុបគណនី Docs, Sheets របស់អ្នកលើអនឡាញ ចាប់ពីឆ្នាំក្រោយទៅ

    បន្ទាប់ពី Google ប្រកាសថា បិទ​ជម្រើស​បង្ហោះ​រក្សាទុក​រូបភាព ឬ​វីដេអូ ជា​សេវាកម្ម High Quality Unlimited លែងឱ្យ​ប្រើ ដោយ​ឥតគិតថ្លៃ​ទៀតហើយ សេវាកម្ម​Google Docs, Sheets និង Slides លើ​អន​ឡាញ ក៏​អាច​នឹងធ្វើ​ដូចគ្នា​អ៊ីចឹង​ដែរ។

    Google បាន​បញ្ចេញ​គោលនយោបាយ​ថ្មី​មួយ​គឺ តម្រូវ​លុប​គណនី​ស្វ័យប្រវត្តិ បើសិន​រកឃើញថា គណនី​របស់​អ្នក​មិន​ប្រើប្រាស់ ឬ​ពេញ (auto-delete polices for inactive and full accounts)។ ក្នុងនោះ​ប្រភព​បាន​បកស្រាយ​ពី​លក្ខខណ្ឌ2 មុននឹង Google សម្រេចចិត្ត​លុប​គណនី (Docs, Sheets និង Slides) របស់​អ្នក​គឺ

    1) រកឃើញថា អ្នក​មិន​ប្រើប្រាស់​សេវាកម្ម​នេះ ចាប់ពី 2ឆ្នាំ​ឡើងទៅ ឬ 24ខែ។

    2) រកឃើញថា អ្នកប្រើប្រាស់​សេវាកម្ម​នេះ​ពេញ ហើយ​ដល់កំណត់ 2ឆ្នាំ មិន upgrade។

    កាន់តែ​ធ្ងន់​ជាងនេះទៅទៀត​គឺ Google ក៏​អាច​នឹង​ស​ម្រ​ច​ចិត្ត​លុប​រាល់ Content ផ្ទាល់ខ្លួន​របស់​អ្នក​ទាំងអស់ ដែលមាន​លើ Gmail, Drive និង Photos ផងដែរ។ គោលការណ៍​ខាងលើ នឹង​ចាប់​អនុវត្ត​ពីថ្ងៃ​ទី1 ខែមិថុនា ឆ្នាំ2021 តទៅ៕

  • Google Photos នឹង​បិទ​ជម្រើស​ទុក​រូបភាព High Quality Unlimited ចាប់ពី​ខែមិថុនា ឆ្នាំក្រោយ​ទៅ

    Google Photos នឹង​បិទ​ជម្រើស​ទុក​រូបភាព High Quality Unlimited ចាប់ពី​ខែមិថុនា ឆ្នាំក្រោយ​ទៅ

    ចាប់ពី​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 ខាងមុខ Google នឹង​បិទ​ជម្រើស​បង្ហោះ​រក្សាទុក រូបភាព ឬ​វីដេអូ High Quality Unlimited និង​លែងឱ្យ​ដោយ​ឥតគិតថ្លៃ​ទៀតហើយ។ ដូច្នេះ​អ្នកប្រើប្រាស់​ទាំងអស់​នឹង​ទទួលបាន​ការប្រើ​ឥតគិតថ្លៃ ក្នុង​ទំហំ​ផ្ទុក​ត្រឹមតែ 15GBប៉ុណ្ណោះ ហើយ​បន្ទាប់មក Google នឹង​តម្រូវឱ្យ​ជាវ​សេវាកម្ម Google One ដើម្បី​ពង្រីក​ទំហំ​ផ្ទុក​ថែមទៀត បើសិន​ចង់បាន High Quality Unlimited។

    អ្នកដឹកនាំ​ផ្នែក​ផលិតផល​នៅ Google បាន​បកស្រាយ​ថា ការបញ្ឈប់​ការផ្ដល់ជូន​ឥត​កំណត់​នេះ​គឺ​ដោយសារតែ​ការថែទាំ​លើ​សេវាកម្ម​ឥតគិតថ្លៃ​នេះ កាន់​តែមាន​ថ្លៃ​ចំណាយ​ខ្ពស់ទៅ។

    លោក​បាន​បញ្ជាក់ថា អ្នកប្រើប្រាស់​បាន​បង្ហោះ​រូបភាព និង​វីដេអូ​ចំនួន 28ពាន់​លាន​សន្លឹក​ជា​រៀងរាល់​សប្ដាហ៍ ហើយ​នៅលើ Server របស់ Google មាន​រូបភាព​ដល់ 4ទ្រី​លាន​សន្លឹក​ទៅហើយ។

    តែបើ​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន Google Pixel នឹង​បន្ត​ទទួលបាន សិទ្ធ​បង្ហោះ​រូបភាព​ប្រភេទ High Quality ដោយ​ឥត​កំណត់​ដដែល ក្រោយ​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021៕

  • Black Friday ​ដែល​ជា​ថ្ងៃ​បញ្ចុះ​តម្លៃ​ទំនិញ​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ នឹង​មាន​អ្វី​ប្រែ​ប្រួល​ខ្លះ​ សម្រាប់​ឆ្នាំ2020?

    Black Friday ​ដែល​ជា​ថ្ងៃ​បញ្ចុះ​តម្លៃ​ទំនិញ​ធំ​បំផុត​ប្រចាំ​ឆ្នាំ​ នឹង​មាន​អ្វី​ប្រែ​ប្រួល​ខ្លះ​ សម្រាប់​ឆ្នាំ2020?

    តាមការប៉ាន់ស្មាន Covid-19 នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ Black Friday ប្រចាំឆ្នាំ2020 ប៉ុន្តែ ព្រឹត្តិការណ៍នេះនៅតែត្រូវបានគេចាត់ទុកថា ជាថ្ងៃទិញទំនិញធំបំផុតនៅក្នុងឆ្នាំនេះ។

    Black Friday ឬហៅថា “ថ្ងៃសុក្រដ៏អួអាប់” គឹជាថ្ងៃលក់ទំនិញបញ្ចុះតម្លៃធំបំផុតប្រចាំឆ្នាំ ដែលមានប្រភពពីសហរដ្ឋអាមេរិក និងបានរាលដាលពាសពេញពិភពលោក។

    Black Friday ប្រព្រឹត្តទៅមួយដងក្នុងមួយឆ្នាំ និងចំថ្ងៃសុក្រ បន្ទាប់ពីបុណ្យអំណរគុណ (Thanksgiving)។ បុណ្យអំណរគុណនឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍លើកទី4ក្នុងខែវិច្ឆិកា ដូច្នេះ Black Friday ឆ្នាំ2020នេះ នឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី27វិច្ឆិកា។

    នៅក្នុងថ្ងៃ Black Friday ហាងទំនិញស្ទើរតែទាំងអស់សុទ្ធតែបើករកស៊ីតាំងពីព្រលឹម ដើម្បីត្រៀមទទួលអតិថិជន។ ទំនិញនានា ពិសេសគឺសម្លៀកបំពាក់ អេឡិចត្រូនិក សម្ភារក្នុងផ្ទះ គ្រឿងសង្ហារិមជាដើម នឹងត្រូវបានបញ្ចុះតម្លៃមកនៅទាបជាទីបំផុត។ នៅថ្ងៃធម្មតា គេអាចឃើញមានទំនិញលក់បញ្ចុះតម្លៃចាប់ពី20-50% ប៉ុន្តែ នៅក្នុងថ្ងៃ Black Friday ទំនិញអាចបញ្ចុះតម្លៃរហូតដល់50% ឯណោះ។

    ខាងលើនេះគឺជាមូលហេតុដែលគេសុខចិត្តតម្រង់ជួរគ្នារង់ចាំតាំងពីយប់ និងប្រជ្រៀតគ្នាចូលទិញទំនិញនៅក្នុងថ្ងៃ Black Friday។ ជាងនេះ កន្លែងខ្លះក៏មានករណីដណ្ដើមទំនិញគ្នា និងប៉ះទង្គិចគ្នាដើម្បីបានទិញទំនិញបញ្ចុះតម្លៃផងដែរ។

    ក៏ប៉ុន្តែឆ្នាំនេះ នៅចំពោះមុខ Covid-19 ទិវាទំនិញបញ្ចុះតម្លៃ Black Friday ទំនងជារងផលប៉ះពាល់ច្រើន ពិសេសគឺនៅពេលរលកនៃការឆ្លងរាលដាលថ្មីដែលទើបតែចាប់ផ្ដើមកើតឡើងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

    Black Friday ដែលជាថ្ងៃបញ្ចុះតម្លៃទំនិញធំបំផុតប្រចាំឆ្នាំ នឹងមានអ្វីប្រែប្រួលខ្លះ សម្រាប់ឆ្នាំ2020?
    កន្លង​មក​ក៏ធ្លាប់​មាន​ករណី​ជា​ច្រើន​ទាក់​ទង​នឹង​ការ​ប៉ះទង្គិច​គ្នា និង​ប្រជ្រៀតគ្នាចូលទិញទំនិញនៅក្នុងថ្ងៃ Black Friday

    ទាក់ទងនឹងឥទ្ធិពលរបស់ Covid-19 ក្រុមហ៊ុន Amazon នឹងដកការផ្សាយពាណិជ្ជកម្មបញ្ចុះតម្លៃមុនថ្ងៃ Black Friday នៅប្រទេសបារាំង បន្ទាប់ពីរដ្ឋាភិបាលយល់ថា យុទ្ធនាការនេះមិនយុត្តិធម៌ចំពោះហាងទំនិញតូចតាចដែលត្រូវបានបង្ខំឱ្យបិទទ្វារក្នុងគ្រាដែលប្រទេសនេះកំពុងអនុវត្តវិធានការគម្លាតសង្គមដោយសារ Covid19។ មុននោះ យុទ្ធនាការឃោសនាពាណិជ្ជកម្មនៅប្រទេសបារាំងរបស់ Amazon តាមគម្រោងនឹងចាប់ផ្ដើមពីថ្ងៃទី26តុលាដល់19វិច្ឆិកា។

    ចំណែក Walmart (អាមេរិក) បានឱ្យដឹងថា ពួកគេនឹងបំបែកថ្ងៃ Black Friday ទៅជា3ថ្ងៃនៅក្នុងខែវិច្ឆិកា ជំនួសឱ្យការធ្វើឡើងតែមួយថ្ងៃដូចសព្វមួយដង។ នេះគឺជាការប្រឹងប្រែងរបស់ក្រុមហ៊ុនលក់រាយធំបំផុតនៅសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយហ្វូងមនុស្សនៅក្នុងហាងទំនិញ ខណៈដែល Covid-19 នៅតែបន្តឆ្លងរាលដាល។

    ទន្ទឹមនឹងនេះ Walmart ក៏នឹងបញ្ចុះតម្លៃមកមកនៅទាបជាងគេ សម្រាប់អតិថិជនណាដែលបញ្ជាទិញទំនិញតាមអនឡាញ ក្នុងបំណងកាត់បន្ថយការវត្តមានមនុស្សនៅក្នុងបណ្ដាហាងរបស់ខ្លួន។

    ShopperTrak ដែលជាក្រុមហ៊ុនវិភាគផ្នែកលក់រាយ បានឱ្យដឹងថា នៅក្នុងរយៈពេល10ថ្ងៃនៃព្រឹត្តិការណ៍ Black Friday ឆ្នាំនេះ ចំនួនមនុស្សដែលចូលទៅទិញទំនិញនៅក្នុងហាងបែបបុរាណ នឹងមានចំនួន34.2% ថយចុះច្រើនធៀបនឹងអត្រា46.5% កាលពីឆ្នាំ2019។

    យ៉ាងនេះក្ដី Black Friday នៅតែត្រូវបានគេព្យាករថា នឹងជាថ្ងៃរវល់បំផុតសម្រាប់ហាងទំនិញនានានៅក្នុងឆ្នាំ2020នេះ៕

    ប្រភព៖ CNBC, Reuters

  • Jeff Bezos ចំណាយពេលធ្វើអ្វីខ្លះនៅយប់ថ្ងៃសៅរ៍?

    Jeff Bezos ចំណាយពេលធ្វើអ្វីខ្លះនៅយប់ថ្ងៃសៅរ៍?

    បោះបង់អាវសាច់ក្រណាត់ polo ខោវែងខូវប៊យ និងវ៉ែនតាខ្មៅ Jeff Bozos ងាកមកស្លៀកពាក់ឈុតគេងធ្វើអំពីសូត្រ ពាក់ស្បែកជើងប្រភេទសម្រាប់នៅផ្ទះ និងចំណាយពេលមួយព្រលប់នៅចុងសប្ដាហ៍ មិនខុសអ្វីទៅនឹងមនុស្សគ្រប់រូបនោះដែរ។

    បច្ចុប្បន្ន Jeff Bezos គឹជាអ្នកមានជាងគេបង្អស់ក្នុងពិភពលោក ដោយមានទ្រព្យសរុប 184ពាន់លានដុល្លារ នេះបើតាមស្ថិតិរបស់ទស្សនាវដ្ដី Forbes។

    ក្រៅពីថ្ងៃធ្វើការប្រកបដោយភាពតានតឹងស្ទើរពេញមួយសប្ដាហ៍ គ្រប់គ្នាប្រាកដជាចង់ដឹងថា ចុងសប្ដាហ៍របស់មហាសេដ្ឋី Jeff Bezos បានប្រព្រឹត្តទៅយ៉ាងដូច្នេះ។ បន្ទាប់ពីការបំពេញការងារនៅពេលព្រឹក និងពេលល្ងាច នៅម៉ោងប្រហែល5ល្ងាចនៃថ្ងៃសៅរ៍ Bezos ចាកចេញពីក្រុមហ៊ុន ត្រលប់ទៅផ្ទះ។

    ម៉ោង5ល្ងាច៖ របបសម្រាកនៅយប់ថ្ងៃសៅរ៍ ក៏ត្រូវបានចាប់ផ្ដើម។

    បន្ទាប់ពីដោះអាវសាច់ក្រណាត់ polo ខោវែងខូវប៊យ និងវ៉ែនតាខ្មៅ Jeff Bozos ងាកមកស្លៀកពាក់ឈុតគេងធ្វើអំពីសូត្រ ពាក់ស្បែកជើងប្រភេទសម្រាប់នៅផ្ទះ និងចំណាយពេលមួយព្រលប់ចុងសប្ដាហ៍ មិនខុសអ្វីទៅនឹងមនុស្សគ្រប់រូបនោះដែរ។ ពេលដែលមានអារម្មណ៍ល្អ Bezos ថែមទាំងរាំចង្វាក់ឌីស្កូ 1បទ 2បទទៀតផង។

    ពីបន្ទប់ធំក្នុងគេហដ្ឋាន ម្ចាស់ Amazon ក៏ឆៀងចូលបន្ទប់ពិភពនិម្មិត (virtual reality) របស់ខ្លួន។

    ម៉ោង 5:05-5:15៖ ដំណើរការសេណារីយ៉ោដំបូង៖ បុគ្គលិកនៅឃ្លាំងទំនិញរបស់ Amazon ស្នើសុំដំឡើងប្រាក់ខែបន្ថែម2ដុល្លារ/ម៉ោង។ នៅចំពោះមុខសំណើនេះ Bezos សុទ្ធតែពិចារណាយ៉ាងល្អិនល្អន់។ ចុងក្រោយ លោកនៅតែនិយាយថា “ទេ”។

    ម៉ោង 5:15-5:35៖ សេណារីយ៉ោទីពីរត្រូវបានបង្ហាញ៖ ទេសភាពទីក្រុង Seattle។ យន្តហោះដឹកទំនិញគ្មានមនុស្ស​បើករបស់ Amazon បង្ហាញខ្លួនស្ទើរគ្រប់កន្លែង។

    ម៉ោង 5:35៖ ចាកចេញពីបន្ទប់ពិភពនិម្មិត រួចទៅកាន់បន្ទប់ហាត់ប្រាណ។ នៅទីនេះ Bezos នឹងចេញបញ្ជាឱ្យជំនួយការនិម្មិត Alexa ចាក់ចម្រៀងដើម្បីហាត់ប្រាណ។

    ម៉ោង 5:35-6:35៖ ចាប់ផ្ដើមធ្វើលំហាត់ប្រាណ។

    ម៉ោង 6:35-6:50៖ ងូតទឹក

    ម៉ោង 7:00៖ ត្រៀមទទួលទានអាហារពេលយប់ដែលបានត្រៀមជាស្រេច។

    ម៉ោង 7:00-7:20៖ ចាប់ផ្ដើមបរិភោគ។

    ម៉ោង 7:20-8:00៖ ចេញបញ្ជាឱ្យ Alexa ចាក់ភ្លេងដែលមានការណែនាំសម្រាប់ហាត់ធ្វើសមាធិ។

    ម៉ោង 8:00៖ ធ្វើដំណើរតាមជណ្ដើរប្រអប់ឡើងទៅកាន់បន្ទប់គេង។ បន្ទាប់ពីដាក់ខ្នងដល់គ្រែ Bezos ក៏ចាប់ផ្ដើមហូតទូរស័ព្ទចេញ។

    ម៉ោង 8:00-9:00៖ ពិនិត្យស្ថានភាពមូលបត្រ Amazon នៅលើផ្សារហ៊ុន។ ចេញបញ្ជាឱ្យ Alexa ចាក់ចម្រៀងតិចៗដើម្បីស្ដាប់កម្សាន្តអារម្មណ៍។

    ក្រោយពីម៉ោង 9:00៖ បានគេងលង់លក់ទៅហើយ ដើម្បីធានាថា ដំណេកបានគ្រប់8ម៉ោង និងអាចក្រោកពីព្រលឹម​ថ្ងៃស្អែកដោយអារម្មណ៍ស្រស់ស្រាយ ពេញដោយកម្លាំង។

    នៅព្រឹកថ្ងៃសៅរ៍ Bezos នៅតែក្រោកពីម៉ោង 5:15នាទី និងធ្វើការរហូតដល់ម៉ោង12ថ្ងៃត្រង់។ ប៉ុន្តែ សម្រាប់លោក កាលវិភាគនេះនៅតែស្ថិតក្នុងប្រភេទ “ខ្ជិល” ព្រោះថា ថ្ងៃផ្សេងពីនេះ កិច្ចការដែលលោកត្រូវធ្វើគឺមានច្រើន​ជាងនេះឆ្ងាយណាស់។

    ប្រការមួយដែលគេចាប់អារម្មណ៍ នោះគឺថា Bezos មិនដែលធ្វើការសម្រេចចិត្តលើកិច្ចការសំខាន់ណាមួយនៅ​ពេល​ល្ងាចនោះឡើយ ជំនួសមកវិញ លោកនឹងរកវិធីពន្យារពេលដល់ម៉ោង10ព្រឹកថ្ងៃបន្ទាប់ដើម្បីអាចពិចារណាបាន​គ្រប់ជ្រុងជ្រោយ។

    យោងតាម Bezos ក្រោយការបំពេញការងារពេញមួយថ្ងៃ ខួរក្បាលរបស់យើងនឹងស្ថិតក្នុងស្ថានភាពអស់កម្លាំង។ បញ្ហានេះនឹងនាំឱ្យយើងធ្វើសកម្មភាពមិនប្រកបដោយបញ្ហា។ ដូច្នេះ មហាសេដ្ឋីរូបនេះក៏បានជូនជាដំបូន្មានថា មិនគួរធ្វើការសម្រេចចិត្តលើបញ្ហាសំខាន់អ្វីមួយនៅក្នុងដំណាក់កាលដ៏ “រសើប” នេះទេ។

    នៅព្រលប់ចុងសប្ដាហ៍ Bezos ចំណាយពេលច្រើនទៅលើការហាត់ប្រាណ និងសមាធិ ជាកិច្ចការដែលជួយឱ្យលោកមានសុខភាពល្អ ទាំងផ្លូវការ ទាំងផ្លូវចិត្តដើម្បីអាចប្រឈមនឹងកិច្ចការរាប់ពាន់ជំពូកជារៀងរាល់ថ្ងៃ។ ក្រៅ​ពី​នេះ ​មហា​សេដ្ឋី​លេខ​1​លើលោក ជូនកាលក៏មានពេលសម្រាកលម្ហែកាលនៅចុងសប្ដាហ៍ផងដែរ។ លោក Bezos ប្រាប់​ថា មានតែការធ្វើដំណើរឆ្លងប្រទេស ឬទៅដល់តំបន់ដែលមានពេលវេលាខុសគ្នាប៉ុណ្ណោះ ទើបធ្វើឱ្យលោកគេងមិនគ្រប់8ម៉ោង។ ក្រៅពីនេះ លោកតែងតែគេងបាន ចាប់ពី7-8ម៉ោងជារៀងរាល់យប់ ប្រការនេះបាន​ជួយ​ឱ្យ​លោកមានអារម្មណ៍ស្រស់ស្រាយបំផុតពេលក្រោកពីព្រលឹម៕

    ប្រភព៖ Forbes, Medium