Category: សង្គម និងសេដ្ឋកិច្ច

  • ក្រសួងវប្បធម៌ ប្រកាសឱ្យបើករោងកុនឡើងវិញហើយ

    ក្រសួងវប្បធម៌ ប្រកាសឱ្យបើករោងកុនឡើងវិញហើយ

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី18 ខែវិច្ឆិកា ឆ្នា២០២០នេះ បានជូនដំណឹងពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវបណ្ដា រោងភាពយន្ត និងរោងសម្ដែងសិល្បៈ នៅទូទាំងប្រទេសនៅថ្ងៃទី19 ខែវិច្ឆិកានេះ តែត្រូវអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។

    សូមជម្រាបថា ក្រសួងបានប្រកាសឱ្យផ្អាកអាជីវកម្មរោងភាពយន្តនានាបណ្ដោះអាសន្ន ក្រោយព្រឹត្តិការណ៍០3វិច្ឆិការ ដោយសារតែកម្រើកឡើងវិញនៃជំងឺកូវីដ១៩៕

  • បាត់មុខយូរ វីជេ អេនប៊ី វិលចូលសិល្បៈវិញ បង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍

    បាត់មុខយូរ វីជេ អេនប៊ី វិលចូលសិល្បៈវិញ បង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍

    អេនប៊ី (Anbe) ធ្លាប់ជា VJ ម្នាក់ក្នុងចំនោម VJ ជាច្រើនដែលល្បីល្បាញខ្លាំងក្នុងចង្កោម VJ នៅកម្ពុជា។ Anbe ផ្តើមប្រឡូកសិល្បៈក្នុងឆ្នាំ2007 រហូតចន្លោះឆ្នាំ2009- 2010 ពិធីករកម្លោះសង្ហានេះ បានផ្តើមអាជីពជាពិធីករតាមកញ្ចក់ទូរទស្សន៍ និងចាប់ផ្តើមមានគេស្គាល់ មានអ្នកគាំទ្រពីពេលនោះមក។ បន្ទាប់ពីស្ងប់ស្ងាត់បាត់មុខពីលើកញ្ចក់ទូរទស្សន៍ប្រមាណ2ឆ្នាំ ពេលនេះ VJ Anbe ដែលល្បីល្បាញកាលពី10ឆ្នាំមុន បានត្រឡប់មករកអាជីពពិធីករវិញហើយ។ ត្រឡប់មកលើកនេះ VJ Anbe ឱ្យដឹងថា ការបាត់មុខប្រមាណ២ឆ្នាំរបស់លោកគឺតែលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ និងការសម្តែងភាពយន្តប៉ុណ្ណោះ ចំណែកការងារខាងក្រៅលោកនៅតែទទួលដូចដើម។

    ឆ្នាំ២០២០ ជាចំនុចផ្តើមម្តងទៀតរបស់លោកក្នុងវិស័យសិល្បៈ ហើយការត្រឡប់មកលើកនេះ គឺយូរអង្វែង។ មិនត្រឹមការងារពិធីករទូរទស្សន៍ទេដែលលោកទទួលធ្វើវិញ ការថតភាពយន្តភាគ ឬដុំ ក៏ទទួលដូចគ្នាដែរ ប្រសិនផលិតករក្នុងស្រុកណាម្នាក់មើលឃើញ និងពេញចិត្តសមត្ថភាពរបស់លោក ហើយផ្តល់ឱកាស่ឱ្យរូបលោក។ គ្រាន់ត្រឡប់មកវិញភ្លាម គេឃើញ VJ Anbe ក្តោបបានការងារសិល្បៈវិញជាហូរហែរ ដូចជា ពិធីករកម្មវិធី «តូច ខ្លឹម ខ្លាំង» របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ជាពិធីករតាមកម្មវិធី និងអនឡាញ ថែមទាំងបានបង្ហាញមុខតាមកម្មវិធីផ្សេងៗរបស់សិល្បករ សិល្បការនី ជាមិត្តរួមអាជីពជាញឹកញាប់ថែមទៀតផង។ យ៉ាងណាមិញ VJ Anbe នៅមិនទាន់ហ៊ាននិយាយពីការរំពឹងប្រជាប្រិយភាពអាចនឹងមានការកើនឡើងវិញឬយ៉ាងណានោះទេ គ្រាន់តែសង្ឃឹមថាអ្នកគាំទ្រ និងទស្សនិកជន នឹងបើកបេះដូងទទួលរូបលោកដូចកាលពេល10ឆ្នាំ។

    គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ លោកប្រឡូកសិល្បៈបាន១៣ឆ្នាំហើយ តែចន្លោះនេះលោកបានបាត់មុខពីសិល្បៈទាំងស្រុងប្រមាណ2ឆ្នាំ ធ្វើឲ្យប្រជាប្រិយភាពធ្លាក់ស្រុតខ្លាំងគួរឲ្យសម្គាល់។ គេនៅមិនទាន់ដឹងថា VJ រូបនេះ នឹងអាចបំបែកទីផ្សារអ្នកគាំទ្របានម្តងទៀតឬយ៉ាងណានោះទេ ខណៈបច្ចុប្បន្នមានតារាល្បីៗជាច្រើនកំពុងរីកធំធាត់ដូចផ្សិតកើតឡើងរៀងរាល់ថ្ងៃដើម្បីប្រជែងទីផ្សារសិល្បៈ។

  • ជនជាតិចិនម្នាក់​ហ៊ាន​ចំណាយ​1.9​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ទិញ​សត្វ​ព្រាប​1​ក្បាល​

    ជនជាតិចិនម្នាក់​ហ៊ាន​ចំណាយ​1.9​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ទិញ​សត្វ​ព្រាប​1​ក្បាល​

    ជនជាតិចិនម្នាក់បានចំណាយប្រាក់ 1.9លានដុល្លារអាមេរិកដើម្បីទិញសត្វព្រាប1ក្បាលដែលធ្លាប់ដណ្ដើមបានពានរង្វាន់ និងបំបែកឯតទគ្គកម្មកន្លងមក។

    សត្វព្រាបញី1ក្បាលឈ្មោះ New Kim ធ្លាប់ដណ្ដើមបានពានរង្វាន់បក្សីតូចល្អបំផុតប្រចាំប្រទេសបែលហ្ស៊ិកកាលពីឆ្នាំ2018 ដែលជាការវាយតម្លៃខ្ពស់មួយនៅក្នុងប្រទេសដែលមានឈ្មោះល្បីល្បាញក្នុងការចិញ្ចឹមសត្វព្រាប។ New Kim អាយុ2ឆ្នាំ ត្រូវបានលក់កាលពីថ្ងៃទី15វិច្ឆិកា បន្ទាប់ពីមានការប្រជែងគ្នាទិញរវាងជនជាតិចិន2រូប ដែលម្នាក់ឈ្មោះ Hitman និងម្នាក់ទៀតឈ្មោះ Super Duper។ Super Duper បានឱ្យថ្លៃ 1.9លានដុល្លារអាមេរិក ដែលនេះបានបំបែកឯតទគ្គកម្មកាលពីឆ្នាំទៅរបស់សត្វព្រាប1ក្បាលឈ្មោះ Armando ដែលជាព្រាបកូនកាត់របស់បែលហ្ស៊ិក ត្រូវបានលក់ក្នុងតម្លៃ 1.42លានដុល្លារអាមេរិក។

    សត្វព្រាបឈ្មោលតែងតែមានតម្លៃខ្ពស់ជាងព្រាបញី ព្រោះវាងាយស្រួលក្នុងការបង្កាត់ពូជ នេះបើតាម Nikolaas Gyselbrecht ជា CEO និងជាស្ថាបនិកក្រុមហ៊ុនដេញថ្លៃ Pipa ដែលបានរៀបចំពិធីដេញថ្លៃលក់សត្វព្រាបកាលពីថ្ងៃអាទិត្យកន្លងទៅ។

    Gyselbrecht និយាយថា៖ “ការបំបែកឯតទគ្គកម្មនេះពិតជាមិនគួរឱ្យជឿ ព្រោះថា លើកនេះវាជាសត្វព្រាបញី ចំណែក Armando គឺជាព្រាបឈ្មោល”។

    Kurt Van de Wouwer ដែលជាអ្នកចិញ្ចឹម New Kim និយាយថា៖ “យើងគ្រប់គ្នាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់”។

    ឪពុករបស់ Kurt Van de លោក Gaston Van de Wouwer គឺជាអ្នកបង្កាត់ពូជសត្វដ៏ល្បីឈ្មោះនៅក្នុងពិភពអ្នកប្រណាំងព្រាប។ គ្រួសារនេះលក់ព្រាបបានចំនួន445ក្បាល រកចំណូលបាន11លានដុល្លារអាមេរិក។ អតិថិជនជាជនជាតិចិន បានទិញចំនួន2/3នៃហ្វូងព្រាប រួមមាន9ក្បាលជាព្រាបមានតម្លៃថ្លៃបំផុត ក្នុងនោះមានមួយចំនួនជាកូនរបស់ New Kim ផងដែរ។

    New Kim នឹងក្លាយជា “ព្រាបពងមាស” របស់ម្ចាស់ថ្មី ដែលពួកគេមានគម្រោងយកព្រាបដែលទិញបានទៅបង្កាត់ពូជ និងធ្វើអាជីវកម្ម។ អ្នកដែលបានទិញ New Kim ទំនងជាមនុស្សម្នាក់ដែលបានទិញ Armando។ មានន័យថា អតិថិជនម្នាក់នេះ អាចនឹងបង្កាត់ពូជចេញពីសត្វព្រាប2ក្បាលដែលខ្លួនបានទិញក្នុងតម្លៃរាប់លានដុល្លារអាមេរិកនោះ។

    សត្វព្រាបអាចបន្តពូជរហូតដល់វាមានអាយុ10ឆ្នាំ ដូច្នេះ New Kim នៅមានពេលច្រើនទៀតដើម្បីបន្តពូជ ក៏ដូចជារកប្រាក់ឱ្យម្ចាស់ថ្មី។

    បែលហ្ស៊ិកគឺជា “មជ្ឈមណ្ឌល” នៃការចិញ្ចឹមព្រាប ដោយសារតែមានប្រវត្តិយូរអង្វែងជាមួយនឹងល្បែងកីឡាប្រកួតសត្វបក្សីជាច្រើនប្រភេទ ពិសេសគឺសត្វព្រាប ដែលត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ ដើមឡើយ កីឡាប្រណាំងប្រជែង ឬប្រកួតសមត្ថភាពរបស់សត្វព្រាបនេះគឺជាកីឡាសម្រាប់ស្រទាប់វណ្ណពលករប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្នវាបានក្លាយជាកីឡារបស់វណ្ណអភិជនទៅវិញ នៅពេលក្រុមអ្នកវិនិយោគចិនបានលោតពាក់ព័ន្ធនឹងល្បែងនេះចាប់ពីទសវត្សរ៍មុន។ ក្រុមអ្នកលេងទាំងនេះ មិនខ្លាចនឹងចំណាយប្រាក់ច្រើនដើម្បីទិញព្រាបបែលហ្ស៊ិកណាដែលល្អបំផុត៕

    ប្រភព៖ Global News

  • 4ហេតុផលដែលបង្ហាញថា តើហេតុអីបានការឱប គឺជារង្វាន់ដ៏ល្អបំផុត?

    4ហេតុផលដែលបង្ហាញថា តើហេតុអីបានការឱប គឺជារង្វាន់ដ៏ល្អបំផុត?

    រាត្រីមួយ ខណៈដែលនាងខ្ញុំស្ថិតនៅជាយក្រុង ប៉ូល ស្វាមីរបស់នាងខ្ញុំបានចូលទៅក្នុងព្រះវិហារដែលកូនប្រុសពៅរបស់យើងធ្វើជាអ្នកបួសនៅទីនោះ។ គាត់មានសេចក្ដីសុខខ្លាំងណាស់ ពេលបាននៅជាមួយ អេវ៉ា និងណូលែនដែលជាចៅតូចៗរបស់យើង។ នៅពេលចប់ការងារ ប៉ូលក៏ពោលពាក្យលាអ្នកទាំងអស់ ហើយគាត់ដើរតម្រង់ទៅទ្វារចេញ តែមួយភ្លែតនោះក៏បានឮស្នូរជើងតូចៗរបស់ណូលែនតាមពីក្រោយខ្នងគាត់ ព្រមទាំងស្រែកហៅថា “លោកតា! លោកតា! កុំអាលទៅអី! ខ្ញុំចង់ឱ្យលោកតាឱបខ្ញុំម្ដងទៀតបានទេលោកតា មុនបែកគ្នា…”។ ត្រូវហើយ នោះគឺជាអំឡុងពេលដ៏សែនរំភើបចិត្ត និងធ្វើឱ្យនាងខ្ញុំនឹកទៅដល់រង្វាន់នៃការឱប…៖

    1 . ការឱបធ្វើឱ្យមានអារម្មណ៍ធូរស្រាល

    ក្រោយពីឪពុករបស់នាងខ្ញុំធ្វើអត្តឃាត ស្រ្តីប្លែកមុខម្នាក់បានឈានជើងចូលមករកនាងខ្ញុំ និងពោលតិចៗឡើងថា “ឪពុករបស់ខ្ញុំ ក៏ធ្វើដូចគ្នាហ្នឹងដែរ…” បន្ទាប់មក គាត់ក៏ឱបខ្ញុំដើម្បីលួងលោម។

    2 . ការឱប នឹងជួយបញ្ជាក់ពីអត្ថន័យនូវអ្វីដែលយើងមិនអាចនិយាយចេញមកបាន

    កាលពីមិនយូរប៉ុន្មានមកនេះ នាងខ្ញុំទើបនឹងទៅចូលរួមក្នុងពិធីបុណ្យសពបុរសម្នាក់ដែលមានភាពសំខាន់ខ្លាំងណាស់ជាមួយគ្រួសាររបស់យើង។ មានរឿងរ៉ាវច្រើនណាស់ដែលនាងខ្ញុំចង់និយាយជាមួយក្រុមគ្រួសាររបស់គាត់ តែនាងខ្ញុំបែរជាមិនអាចពោលពាក្យទាំងនោះចេញមកបានឡើយ ក្រៅតែពីការឱបភរិយា និងកូនៗរបស់គាត់…។

    3 . ការឱប គឺការបង្ហាញពីសេចក្ដីស្រឡាញ់

    តើមានអ្វីដែលផ្ដល់នូវអារម្មណ៍បានល្អប្រសើរជាងរង្វង់ដៃឱបរបស់កូនៗ ឬរង្វង់ដៃឱបរបស់ក្រុមគ្រួសារដែរទេ? ក្រោយពីរូបអ្នកត្រឡប់មកពីការធ្វើការងារដ៏សែនធ្ងន់ធ្ងរមួយ?…ការឱប មានភាពសំខាន់មិនចាញ់ពាក្យសម្ដីឡើយ។

    4 . ការឱប នឹងជួយបង្កើនភាពជឿជាក់ក្នុងចិត្ត

    លោកអ្នកគួរតែឱបរឹតកូន មុនពេលគេទៅសាលារៀន និងនិយាយថា “ម៉ាក់ស្រឡាញ់កូនណា៎ និងមិនថាថ្ងៃនេះនឹងមានអ្វីកើតឡើងនៅឯសាលារៀននោះទេ តែសូមឱ្យកូនដឹងក្នុងចិត្តជាប់ជានិច្ចថា អ្នកនៅឯផ្ទះបារម្ភពីកូនជានិច្ច”។

    រាល់ថ្ងៃនេះ ការព្យាយាមរបស់នាងខ្ញុំ គឺការរកមនុស្សមកឱបរឹត មិនថាតែមនុស្សចាស់ដែលរស់នៅយ៉ាងឯកា ស្រ្តីជាម្ដាយមេម៉ាយដែលរងបន្ទុកដ៏ធ្ងន់តែម្នាក់ឯង មិត្តសម្លាញ់ដែលបាត់បង់គូស្នេហ៍ ក្មេងៗដែលមិនបានទទួលសេចក្ដីស្រឡាញ់ពីក្រុមគ្រួសារ ក្មេងៗកំព្រា និងអ្នកដទៃទៀតជាច្រើន…ងាយៗ គ្រាន់តែយើងចាប់ផ្ដើមធ្វើវាប៉ុណ្ណោះ ព្រោះការឱប គឺជារង្វាន់ដែលចេញពីបេះដូង និងតែងតែក្លាយជារង្វាន់ដ៏ល្អបំផុតមួយសម្រាប់អ្នកដែលត្រូវការវា

  • ប្រាក់ចំណូល​របស់​ Ronaldo​ តាម​រយៈ​បណ្ដាញ​សង្គម​ “ខ្ពស់”​ ដល់​កម្រិត​ណា?​

    ប្រាក់ចំណូល​របស់​ Ronaldo​ តាម​រយៈ​បណ្ដាញ​សង្គម​ “ខ្ពស់”​ ដល់​កម្រិត​ណា?​

    សមត្ថភាពមិនត្រឹមតែនាំមកនូវកេរ្ដិ៍ឈ្មោះល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជួយឱ្យតារាបាល់ទាត់ Cristiano Ronaldo រកបានប្រាក់ចំណូលយ៉ាងសម្បើមពីបណ្ដាញសង្គមផងដែរ។

    Cristiano Ronaldo គឺជាកីឡាករដែលមានទ្រព្យស្ដុកស្ដម្ភបំផុតម្នាក់នៅក្នុងពិភពបាល់ទាត់។ ក៏ប៉ុន្តែ ប្រភពចំណូលធំបំផុតរបស់គាត់ មិនមែនបានមកពីការទាត់បាល់នៅលើទីលានប្រកួតនោះឡើយ។ បណ្ដាញសង្គម Instagram ទើបជាកន្លែងដែល Ronaldo រកបានប្រាក់ច្រើនជាងគេ។

    កន្លងទៅថ្មីៗនេះ លទ្ធផលនៃការស្រាវជ្រាវមួយស្ដីអំពីទូរគមនាគមន៍របស់ Channel 4 Dispatches បានបង្ហាញអំពីការពិតមួយដ៏គួរឱ្យចាប់អារម្មណ៍៖ អត្ថបទមួយដែលបង្ហោះនៅលើទំព័រ Instagram របស់ Ronaldo ក៏អាចរកប្រាក់ចំណូលបានគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតជនជាតិអង់គ្លេសចំនួន10គ្រួសារក្នុងរយៈពេលពេញ1ឆ្នាំ។

    កំពូលតារាបាល់ទាត់ជនជាតិព័រទុយហ្គាល់នេះ កំពុងកាន់កាប់គណនី Instagram មួយដែលមានមនុស្សតាមដានច្រើនជាងគេបង្អស់។ ចំនួនគណនីដែលកំពុងតាមដាន Ronaldo បានឡើងដល់ជាង240លាននាក់។ ឈរលំដាប់លេខ2នៅលើបណ្ដាញសង្គមនេះ គឺ Ariana Grande ដោយមានអ្នកតាមដានចំនួន 35លាននាក់។ នេះពិតជាតួលេខដែលខុសគ្នាឆ្ងាយណាស់។

    ដោយមានអ្នកតាមដានច្រើនបែបនេះហើយ ទើបជួយឱ្យ Ronaldo រកបានប្រាក់ប្រហែល1លានដុល្លារអាមេរិកសម្រាប់ការបង្ហោះសារមួយលើកនៅលើបណ្ដាញសង្គម Instagram។ ក៏ប៉ុន្តែ ប្រាក់ចំណូលនេះអាចកើនឡើងច្រើន នៅពេលអត្ថបទត្រូវធ្វើបង្ហោះដោយវិធីជាច្រើនផ្សេងទៀត។ ជាក់ស្ដែង ការធ្វើបច្ចុប្បន្នភាព(បង្ហាញសារ) នីមួយៗនៅលើ Instagram របស់ Ronaldo សុទ្ធតែមានការចូលមើលពីមនុស្សរាប់រយលានលើកនៅទូទាំងពិភពលោក។

    ប្រាក់ចំណូលរបស់ Ronaldo តាមរយៈបណ្ដាញសង្គម “ខ្ពស់” ដល់កម្រិតណា?បណ្ឌិត Rabih Bbashroush មកពីសាកលវិទ្យាល័យ University of East London បានឱ្យដឹងថា “ប្រាក់ចំណូលដែលបានមកពីការបង្ហោះអត្ថបទ គឺអាស្រ័យទៅលើកត្តាច្រើន។ វារួមមានទាំងទំហំនៃរូបភាព ឬកម្រិតនៃការសាយភាយនៅលើអ៊ីនធើណិត ជាកន្លែងដែលអត្ថបទត្រូវបានបង្ហោះ។ ខ្លឹមសារកាន់តែមានកម្រិតសាយភាយខ្លាំង កាន់តែមានតម្លៃ។ ដូច្នេះ បច្ចុប្បន្ន Cristiano Ronaldo កំពុងក្លាយជាគំរូលេខ1 ទាក់ទងនឹងចំណុចនេះ”។

    និយាយរួម CR7 កំពុងរកបានប្រមាណ 42លានអឺរ៉ូជារៀងរាល់ឆ្នាំ ពីបណ្ដាញសង្គម Instagram។ ខ្ទង់ប្រាក់នេះ គឺច្រើនជាងប្រាក់បៀវត្ស 28.6លានអឺរ៉ូ ដែល Ronaldo កំពុងទទួលបានពីក្លឹប Juventus ទៅទៀត។ សូម្បីតែ Messi ជាតារាបាល់ទាត់ដែលមានឥទ្ធិពលមិនចាញ់ Ronaldo ប៉ុន្មាន ក៏នៅតែរកចំណូលបានត្រឹមពាក់កណ្ដាលនៃប្រាក់ចំណូលដែល CR7 រកបានពីបណ្ដាញសង្គម៕

    ប្រភព៖ Foxbusiness

  • Samsung ឡើង​ខ្លាំង លក់​ស្មា​ត​ហ្វូ​ន បាន​លេខ1 នៅ​ទឹកដី​អាមេរិក លើកដំបូង

    Samsung ឡើង​ខ្លាំង លក់​ស្មា​ត​ហ្វូ​ន បាន​លេខ1 នៅ​ទឹកដី​អាមេរិក លើកដំបូង

    ក្រុមការងារ Strategy Analytics បាន​កត់សម្គាល់ថា ការពន្យារពេល​ប្រកាស​ចេញ iPhone 12 Series មានន័យថា Apple មិនអាច​បង្កើន​ចំនួន​លក់​នៅ​ត្រីមាស​ទី3 ដូច​កាល​ពេលមុន​បានទេ។

    ក្រុមហ៊ុន​កូរ៉េខាងត្បូង Samsung ដណ្ដើមបាន​តំណែង​លេខ1 ពី Apple ដោយមាន​ចំនួន​សរុប 33,7% បានធ្វើឱ្យ​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ក្រុមហ៊ុន​នេះ នៅ​សហរដ្ឋអាមេរិក​មានកា​រ​កើនឡើង 6,7% នៅ​ត្រីមាស​ទី៣ នៃ​ឆ្នាំ2020 នេះ។

    ចំណែក​ទីផ្សារ​របស់ Samsung កើនឡើង គឺ​ដោយសារតែ​តម្រូវការ​ខ្ពស់ នៃ​ទូរស័ព្ទ​តម្លៃ​ធូរ និង​ទូរស័ព្ទ​តម្លៃ​ថ្លៃ ដែល​ក្នុងនោះ​មាន Galaxy Note20 Series និង Galaxy Z Fold2 ផងដែរ។

    សូម​ជម្រាបជូន​ដែរ​ថា លើកចុងក្រោយ​បំផុត​ដែល Samsung ធ្លាប់​ទទួលបាន​តំណែង​លេខ1 នៅ​សហរដ្ឋអាមេរិក គឺ​កាលពី​ត្រីមាស​ទី2 នៃ​ឆ្នាំ2017។ Apple ធ្លាក់​មក​នៅ​លេខ​រៀង​ទី2 ជាមួយនឹង​ចំណែក​ទីផ្សារ 30,2%៕

  • Samsung ចេញលក់​អេក្រង់ Monitor ឆ្លាត​វៃ2 អាច​ធ្វើជា TV ក៏បាន ធ្វើជា​អេក្រង់​កុំព្យូទ័រ​ក៏បាន

    Samsung ចេញលក់​អេក្រង់ Monitor ឆ្លាត​វៃ2 អាច​ធ្វើជា TV ក៏បាន ធ្វើជា​អេក្រង់​កុំព្យូទ័រ​ក៏បាន

    កាលពី​ខែវិច្ឆិកា ចុងឆ្នាំ 2020 ក្រុមហ៊ុន Samsung បានប្រកាស​ចេញ​ផលិតផល​របស់ខ្លួន​ប​ន្ថែ​ម​ទៀត ដែល​វា​ជា Smart Monitor ចំនួន 2ម៉ូ​ដែល គឺ M5 និង M7 ដែល​បំពាក់​មកជា​មួយ​សេវាកម្ម​កម្សាន្ត រាប់មិនអស់។

    សម្រាប់​ម៉ូ​ដែល​ទាំង2 ខុសគ្នា​តែ​កម្រិត និង​ទំហំ​អេក្រង់​ប៉ុណ្ណោះ គឺ M5 ទំហំ 27អ៊ិ​ញ តម្លៃ 230ដុល្លារ ឯ​ទំហំ 32អ៊ិ​ញ តម្លៃ 280ដុល្លារ និង M7 ទំហំ 32អ៊ិ​ញ ប្រភេទ 4K តម្លៃ​ជាង 400ដុល្លារ។

    Smart Monitor ទាំង2 ដំណើរការ​ដោយ​ប្រព័ន្ធ OS ផ្ទាល់ របស់ Samsung’s Tizen OS អាច​ភ្ជាប់​ជាមួយ​សេវាកម្ម​សម្រាប់​ជំនួយ​ក្នុង​ការងារ​ប្រចាំថ្ងៃ ដូចជា កម្មវិធី Microsoft Office 365 និង​សេវាកម្ម​កម្សាន្ត​ជាច្រើន ដូចជា ភ្ជាប់ Wi-Fi បាន, មាន​មុខងារ​គាំទ្រ TV streaming apps និង​សេវាកម្ម AirPlay 2 របស់ Apple, មាន​រន្ធ​ដោត HDR10 Stream ភ្ជាប់​ជាមួយ​កម្មវិធី Netflix, Hulu, AppleTV, YouTube និង​តំណ​ភ្ជាប់​ផ្សេងទៀត ដោយ​មិនចាំបាច់​បន្ថែម Hardware ច្រើន។ លោកអ្នក​ក៏​អាច​ដំឡើង Apps ដោយផ្ទាល់​លើ​វា ដូច Play Store អ៊ីចឹង​ដែរ។ ឧទាហរណ៍៖ Samsung Health App ជាដើម។

    សម្រាប់​ម៉ូ​ដែល M7 ជា​ជម្រើស​ថ្លៃ​ជាង និង​សម្បូរបែប​ជាង M5 ។ បន្ថែម​ពីលើ​អ្វី ដែលមាន​លើ M5 អេក្រង់ M7 មាន​រន្ធ HDMI 2.0 ចំនួន2 និង​រន្ធ​ដោត​ភ្ជាប់​ទៅ​កុំព្យូទ័រ​យួរដៃ បាន​តាមរយៈ USB-Type C វា​អាចឱ្យ​អ្នកមើល​វីដេអូ, Data transfer, និង​សាក​ភ្លើង​ល្បឿន​លឿន ជាមួយនឹង​ដុំ​សាក 65W ។

    លោកអ្នក​អាច​បញ្ជា​ទិញ​ឥឡូវនេះ​បាន លើ​វេ​ប​សាយ Samsung សម្រាប់​ទីផ្សារ​បើក​លក់​ដំបូង​មាន 3ប្រទេស គឺ អាមេរិក, កាណាដា និង​ចិន។ ឯ​ម៉ូ​ដែល M7 នឹង​ចេញលក់​នៅ​ខែធ្នូ ឆ្នាំ2020 ហើយនឹង​លក់​ទូទាំង​ពិភពលោក​តែម្ដង៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • ម្ចាស់ SpaceX បានផ្ដួលម្ចាស់ Facebook និងក្លាយជាអ្នកមានជាងគេលំដាប់ទី3ក្នុងពិភពលោក នៅក្នុងវ័យ49ឆ្នាំ

    ម្ចាស់ SpaceX បានផ្ដួលម្ចាស់ Facebook និងក្លាយជាអ្នកមានជាងគេលំដាប់ទី3ក្នុងពិភពលោក នៅក្នុងវ័យ49ឆ្នាំ

    មហាសេដ្ឋី Elon Musk ដែលជាស្ថាបនិកនៃក្រុមហ៊ុន SpaceX និងជាសហស្ថាបនិករបស់ Tesla កំពុងតែឆ្លងកាត់ដំណាក់កាលអស្ចារ្យបំផុតនៅក្នុងការរកស៊ីរបស់ខ្លួន។

    ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានព្រឹត្តិការណ៍ដ៏សំខាន់ជាច្រើនបានកើតឡើងចំពោះមហាសេដ្ឋីដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk។

    កំពូលអ្នកមានរូបនេះ ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងវីរុសCovid-19 ដល់ទៅ2លើក ខណៈដែលក្រុមហ៊ុន SpaceX របស់លោក បាននាំអវកាសយានិកចំនួន4រូបឡើងទៅកាន់អវកាស និងក្នុងគ្រាដែលក្រុមហ៊ុន Tesla ត្រូវបានដាក់បញ្ចូលទៅក្នុង S&P500 ដែលជាសន្ទស្សន៍ផ្សារហ៊ុនមួយសម្រាប់វាស់ស្ទង់លទ្ធភាពរបស់ក្រុមហ៊ុនធំជាងគេចំនួន​500​នៅ​សហរដ្ឋ​អាមេរិក។

    ដំណឹងល្អចុងក្រោយ បានជួយឱ្យទ្រព្យរបស់ Elon Musk កើនឡើងខ្ពស់។ នៅក្នុងវ័យ49ឆ្នាំ ជាផ្លូវការ លោក Musk បានក្លាយជាអ្នកមានជាងគេលំដាប់ទីបីក្នុងពិភពលោក ដោយបានលោតរំលងលោក Mark Zuckerberg ដែលជាម្ចាស់ Facebook បន្ទាប់ពីទ្រព្យសម្បត្តិបានកើន15ពាន់លានដុល្លារបន្ថែមទៀតក្រោយពីការជួញដូរនៅផ្សារហ៊ុនកាលពីថ្ងៃចន្ទ។

    មូលបត្រ Tesla បិទទ្វារកាលពីម្សិលម៉្ងៃនៅក្នុងតម្លៃ 408.09ដុល្លារ/ហ៊ុន កើន14% ធ្វើឱ្យទ្រព្យសរុបរបស់លោក Musk កើនឡើងដល់ជាង117ពាន់លានដុល្លារ នេះបើតាម Bloomberg។ រាប់ចាប់ពីដើមឆ្នាំមកទល់នឹងពេលនេះ ទ្រព្យរបស់ស្ថាបនិក Tesla បានកើន90ពាន់លានដុល្លារអាមេរិក។

    បណ្ដាក្រុមហ៊ុនដែលនឹងត្រូវបានគេដាក់ចូលទៅក្នុងសន្ទស្សន៍ផ្សារហ៊ុន S&P500 គឺត្រូវតែទទួលបានការជ្រើសរើស​ពី​គណៈ​កម្ម​ការ​សន្ទស្សន៍​នៃសហគ្រាស S&P Dow Jones។ ក្រៅពីនេះ បណ្ដាក្រុមហ៊ុនដែលចង់មានឈ្មោះក្នុង S&P500 ក៏ត្រូវតែរកបានចំណេញក្នុងរយៈពេល4ត្រីមាសជាប់ៗគ្នា។

    ថ្មីៗនេះ នៅក្នុងរបាយការណ៍របស់ Tesla បានបង្ហាញថា ក្រុមហ៊ុននេះរកបានចំណេញនៅក្នុងត្រីមាស​ទី​5​របស់​ខ្លួន​ ជា​មួយ​នឹ​ង​ប្រាក់​ចំណូល​ក្នុងត្រីមាសទី3 មានចំនួន 8.77ពាន់លានដុល្លារ។ ក្រៅពីនេះ Tesla ក៏ឱ្យដឹងថា ពួកគេបានលក់រថយន្តចំនួន 139,300គ្រឿងក្នុងត្រីមាសទី3ផងដែរ ដែលនេះគឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។

    កាលពីចុងសប្ដាហ៍កន្លងទៅ លោក Musk បាននិយាយថា លោកបានធ្វើតេស្តCovid-19 ចំនួន4លើក ក្នុងនោះមាន2លើកវិជ្ជមាន។ លោក Musk បានសរសេរនៅលើ Twitter ថា ខ្លួនកំពុងឆ្លងកាត់រោគសញ្ញា “ក្ដៅ​រងា​ធម្មតា​ និងមិនមានអ្វីខុសប្រក្រតីទេ” ហើយលោកក៏ទំនងជាយល់ថា ទាំងនេះគឺជាលទ្ធផលដែល​មិនគួរជាទីទុកចិត្ត៕

    ប្រភព៖ Bloomberg

     

  • ប្រយោជន៍ល្អៗផ្សេងទៀតរបស់វត្ថុប្រើប្រាស់ក្នុងផ្ទះដែលបងៗស្រ្តីមេផ្ទះគួរដឹង…

    ប្រយោជន៍ល្អៗផ្សេងទៀតរបស់វត្ថុប្រើប្រាស់ក្នុងផ្ទះដែលបងៗស្រ្តីមេផ្ទះគួរដឹង…

    វត្ថុ និងរបស់របរនៅក្នុងផ្ទះជាច្រើនដែលយើងប្រើប្រាស់រាល់ថ្ងៃ ជាពិសេសគ្រឿងផ្សំអាហារ និងវត្ថុប្រើប្រាស់នៅក្នុងផ្ទះបាយ ជួនកាលបងៗស្ត្រីមេផ្ទះទាំងឡាយអាចនឹងមិនបានដឹងពីគុណប្រយោជន៍ល្អៗផ្សេងទៀតរបស់វត្ថុទាំងនោះឡើយ ដូច្នេះថ្ងៃនេះ អ្នកគ្រូឆវីនឹងជម្រាបជូនបងៗស្ត្រីមេផ្ទះទាំងអស់អំពីគុណប្រយោជន៍ល្អៗមួយផ្សេងទៀតរបស់វត្ថុទាំងនោះ ដែលធានាថា នៅពេលបានដឹងហើយ បងៗច្បាស់ជាលាន់មាត់ថា វ៉ាវ!! មិនខាន។

    1 . កាកកាហ្វេស្រស់

    អ្នកដែលឈ្លក់វង្វេងនឹងក្លិន និងរសជាតិរបស់កាហ្វេស្រស់ ហើយច្រើនតែឆុងកាហ្វេស្រស់ញ៉ាំដោយខ្លួនឯងនៅផ្ទះជាប្រចាំនោះ ចាប់ពីពេលនេះតទៅ សូមកុំអាលបោះកាកកាហ្វេស្រស់នោះចោលអី ព្រោះយើងអាចយកវាមកដាក់ក្នុងកែវ ឬកូនចាន ហើយយកទៅ​ដាក់​​នៅ​​​​​ក្នុង​​​​ទូទឹកកកដើម្បីបំបាត់ក្លិនអាប់ និងក្លិនចំណីអាហារនៅក្នុងទូទឹកកកបាន។ ចូរឧស្សាហ៍ដូរកាកកាហ្វេថ្មីរៀងរាល់ 2 សប្តាហ៍​​​​​​​​​​​​​​ម្តង ដើម្បីឱ្យក្លិនក្នុងទូទឹកកកនៅតែស្រស់ថ្លាជានិច្ច។

    2 . ទឹកខ្មេះ

    ទឹកខ្មេះ-សនៅក្នុងចង្រ្កានបាយក៏ជាទឹកថ្នាំលាងសម្អាតវត្ថុប្រើប្រាស់ផ្សេងៗដ៏ល្អអស្ចារ្យមួយ មិនចាញ់ទឹកសាប៊ូលាងសម្អាតប្រភេទផ្សេងទៀតដែលមានដាក់លក់នៅក្នុងផ្សារឡើយ។ យើងអាចយកវាមកជូតកញ្ចក់ឱ្យថ្លាភ្លឺរលោង ឬយកមកលាងសម្អាត​ស្នាម​ក្អែលខ្មៅនៅក្នុងបន្ទប់ទឹកក៏បាន ឬអាចប្រើជូតសម្អាតរបស់ប្រើប្រាស់ដែលធ្វើពីដែកអុីណុក ឬក៏លាងសម្អាតអាងងូតទឹក ព្រមទាំងប្រើសម្រាប់បោកសម្អាតវាំងននដែលបាំងក្នុងបន្ទប់ទឹកដែលមានស្នាមក្អែលខ្មៅបានយ៉ាងស្អាតទៀតផង។

    3 . ទឹកកក

    អាចជាវិធីដែលមើលទៅរាងចម្លែកបន្តិច តែភាពត្រជាក់របស់ទឹកកកអាចជួយទប់ស្កាត់ភាពកខ្វក់មិនឱ្យរីករាលដាលពាសពេញលូបង្ហូរទឹកស្អុយនៅក្នុងផ្ទះបាន។ បន្ទាប់ពីចាក់បង្ហូរទឹកកក ឬទឹកត្រជាក់ចូលទៅក្នុងលូទឹកបង្ហូរទឹកស្អុយនោះហើយ លោកអ្នកគួរចាក់ទឹកក្រូចឆ្មារ រួមទាំងសម្បក ឬទឹកខ្មេះចូលទៅក្នុងលូទឹកនោះទៀតផង ដើម្បីបំបាត់ក្លិន និងត្រូវធ្វើបែបហ្នឹងរៀងរាល់ 2-3សប្តាហ៍ម្តង ទើបជាការប្រសើរ។

    4 . ក្រដាសកាសែត

    ក្រៅពីក្រដាសកាសែតអាចប្រើសម្រាប់ជូតកញ្ចក់បានយ៉ាងស្អាតភ្លឺថ្លាគ្មាននៅសល់ស្នាមប្រឡាក់ហើយនោះ ក្រដាសកាសែតនៅអាច​​​ជួយបំបាត់ក្លិនអាប់នៅក្នុងកាបូប ឬស្បែកជើង និងអាចលុបបំបាត់ក្លិនស្អុយក្នុងធុងសំរាមបានទៀតផង។ វិធីប្រើការ ក៏ងាយបំផុតទៀត គ្រាន់តែញីច្របាច់ក្រដាសកាសែតឱ្យមូរចូលគ្នាមួយដុំ រួចញាត់ចូលទៅក្នុងស្បែកជើង កាបូប ឬធុងសំរាមដែលមានក្លិនស្អុយនោះ រួចទុកចោលដើម្បីឱ្យវាបឺតយកក្លិនស្អុយទាំងនោះចេញឱ្យអស់។ តែបើសិនជាវានៅតែស្អុយទៀត ចូរប្តូរក្រដាសកាសែតថ្មីជារឿយៗ រហូតទាល់តែក្លិនរលាយ​បាត់អស់។

    5 . ចង្រ្កានម៉ៃក្រូវេហ្វ

    តើបងៗស្ត្រីមេផ្ទះទាំងអស់ដឹងទេថា ចង្រ្កានម៉ៃក្រូវេហ្វអាចសម្លាប់មេរោគក្នុងក្រណាត់អេប៉ុងលាងចានរបស់យើងបានស្អាតហ្មត់ចត់ដល់ទៅ 99.99% ឯណោះ។ គ្រាន់តែបោកសម្អាតក្រណាត់អេប៉ុងលាងចាននោះដោយទឹកស្អាត ហើយយកទៅដាក់ចំហុយស្អួតនៅក្នុងចង្រ្កានម៉ៃក្រូវេហ្វប្រមាណជា 3នាទី(តែត្រូវមើលឱ្យច្បាស់ផងថា ក្រណាត់អេប៉ុងនោះគ្មានលាយជាតិលោហ) ហើយក្រៅពីនេះយើងនៅ​អាច​​​យកជ្រុញឈើទៅសម្លាប់មេរោគដោយវិធីដូចគ្នានេះបានដែរ។

    6 . បន្ទាប់ពីការប្រើចង្រ្កានម៉ៃក្រូវេហ្វរួចហើយ

    យើងត្រូវសម្អាតចង្រ្កានម៉ៃក្រូវេហ្វនោះម្តង ដោយចាក់ទឹកចូលក្នុងកូនចានតូច​មួយ ហើយច្របាច់ទឹកក្រូចឆ្មារចូល និងដាក់សម្បកវាចូលទៅផង បន្ទាប់ពីនោះក៏យកទៅដាក់ចំហុយស្ងួតនៅក្នុងចង្រ្កានម៉ៃក្រូវេហ្វនោះប្រមាណជា 5នាទីដោយមិនបាច់បិទគម្របឡើយ។ នៅពេលគ្រប់ 5នាទីហើយ ចូរយកក្រណាត់ស្អាតមកជូតស្នាមកខ្វក់ដែលដិតជាប់នៅខាងក្នុងចង្រ្កានម៉ៃក្រូវេហ្វនោះឱ្យស្អាត   តែប៉ុណ្ណឹងក្លិនអាហារ និងស្នាមកខ្វក់ដែលប្រឡាក់ជាប់ស្អិតទាំងប៉ុន្មាននឹងរលាយបាត់អស់ជាមិនខាន។

    នៅមានរបស់របរជាច្រើនទៀតដែលមានគុណប្រយោជន៍ល្អៗផ្សេងទៀតក្រៅពីគុណប្រយោជន៍ចម្បងរបស់វា…ដូច្នេះសូមបងៗស្រ្តីមេផ្ទះទាំងអស់រង់ចាំតាមដាននៅលេខក្រោយទៀត៕

  • ម៉ាឡេស៊ី ប្រឈមនឹងការធ្លាក់ ចេញពីពានរង្វាន់ធំៗ នាឆ្នាំ2021 ខាងមុខនេះ

    ម៉ាឡេស៊ី ប្រឈមនឹងការធ្លាក់ ចេញពីពានរង្វាន់ធំៗ នាឆ្នាំ2021 ខាងមុខនេះ

    លោក Stewart Ramalingang ប្រធាន​សមាគម​បាល់ទាត់​ម៉ាឡេស៊ី សម្តែង​ការព្រួយបារម្ភ​ទៅនឹង​បញ្ហា​កូ​វីដ-19 ដែល​អាច​ប៉ះពាល់​ទៅនឹង​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ដែល​ត្រៀម​ចូលរួម​ក្នុងការ​ប្រកួតធំៗនានា ជាច្រើន​នា​ក្នុង​ឆ្នាំ2021 ខាងមុខនេះ។

    ស្ថានភាព​នៃ​ការ​ផ្ទុះឡើង​នៃ​រលក​ទី2 កូ​វីដ-19 នៅក្នុង​ប្រទេស​ម៉ាឡេស៊ី កំពុងតែ​កើនឡើង ដោយមាន​មនុស្ស​ឆ្លង ច្រើន​ពាន់​នាក់​ក្នុង 1ថ្ងៃ ហើយ​រដ្ឋាភិបាល​ប្រទេស​នេះ បានសម្រេច​ចិត្ត បិទ​ប្រទេស​ដោយ​មិន​អនុញ្ញាត ឱ្យ​ចាក​ចេញពី​ប្រទេស​នេះឡើយ។ ក្នុងនោះដែរ មិន​ថា​កីឡាករផ្សេងៗ ឬ​កីឡាករ​បាល់ទាត់​ឡើយ គឺ​មិនត្រូវ​បានអនុញ្ញាត​ដូចគ្នា។

    គួរឱ្យ​ដឹង​ដែរ​ថា ប្រសិនបើ​ម៉ាឡេស៊ី នៅតែ​ប្រកាន់​វិធានការ​នេះ​ដល់​ឆ្នាំ2021 ខាងមុខ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នឹងត្រូវ​ដកខ្លួន​ចេញពី​ពានរង្វាន់ធំៗជាច្រើន ដែលមាន​ដូចជា វគ្គ​ជម្រុះ World Cup, ពាន AFF Suzuki Cup និង​ពាន AFC U19 ជាដើម៕