Category: សង្គម និងសេដ្ឋកិច្ច

  • អាល្លឺម៉ង់នៅតែទុកចិត្តគ្រូបង្វឹករបស់ខ្លួន ទោះបីចាញ់អេស្ប៉ាញស្ពឹកមុខក៏ដោយ

    អាល្លឺម៉ង់នៅតែទុកចិត្តគ្រូបង្វឹករបស់ខ្លួន ទោះបីចាញ់អេស្ប៉ាញស្ពឹកមុខក៏ដោយ

    លោក Joachim Low នឹង​នៅតែ​បន្ត នៅ​ជាមួយ​ក្រុម​ជម្រើសជាតិ​ដដែល ទោះបីជា​ចាញ់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​យ៉ាង​អាម៉ាស់មុខ​កាលពី​យប់មិញ​នេះ​ក៏ដោយ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​នាយក​បច្ចេកទេស​បាល់ទាត់​អាល្លឺម៉ង់​លោក Oliver Bierhoff។

    ការប្រកាស​នេះ បាន​កើតឡើង​ក្រោយ​ការ​ចាញ់ របស់​អាល្លឺម៉ង់ ដោយ​លទ្ធផល 6ទល់នឹង0 ក្រោម​ថ្វី​ជើង​ក្រុម​អេ​ស្ប៉ា​ញ ក្នុងការ​ប្រកួត​ពានរ​ង្វាន់ UEFA Nation League 2020 ដែល​នេះ គឺជា​ការ​ចាញ់​ដ៏​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អាល្លឺម៉ង់ ក្នុងអំឡុងពេល 90ឆ្នាំ​ចុង​ក្រោយនេះ។

    សូម​ជម្រាប​ផងដែរ​ថា អាល្លឺម៉ង់​ធ្លាប់មាន​កំណត់ត្រា​ចាញ់​អាក្រក់​បំផុត គឺ​ចាញ់​ក្រុម​ជម្រើស​អង់គ្លេស ក្នុង​លទ្ធផល 9-0 កាលពី​ឆ្នាំ1909៕

  • វេ​ប​សាយ​ចិន​មួយ​នេះ បើក​ឱ្យ​កុម្ម៉ង់​ទិញ Huawei ថែម​ជូន iPhone 12

    វេ​ប​សាយ​ចិន​មួយ​នេះ បើក​ឱ្យ​កុម្ម៉ង់​ទិញ Huawei ថែម​ជូន iPhone 12

    ថ្មីៗនេះ មាន​រូបភាព 1សន្លឹក ដែល​បាន screenshot ចេញពី​វេ​ប​សាយ​ល្បី​មួយ​នៅ​ប្រទេស ចិន គឺ Huihuibao បានធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង​នៅពេល​បង្ហោះ​សារ​ថា បើ​អ្នក​កុម្ម៉ង់​ទិញ Huawei Mate40 Pro ឥឡូវនេះ អ្នកនឹង​ទទួលបាន iPhone 12 ទំហំ 64GB 1គ្រឿង​ទៀត​ភ្លាម​តែម្ដង។

    អ្នក​ដែល​បញ្ជា​ទិញ​ថ្ងៃនេះ នឹង​ទទួលបាន​ឥ​វ៉ាន់​នៅ​ថ្ងៃទី26 ខែ​វិ​ច្ឆ​កា 2020 ខាងមុខនេះ។ Huawei Mate40 Pro ជម្រើស RAM 8GB មេ​ម៉ូ​រិ 128GB ដែល​វេ​ប​សាយ​នោះ​ដាក់លក់​គឺ មានតម្លៃ 988 ដុល្លារ (6499យន់)។

    Huawei Mate40 Pro បំពាក់​មកជា​មួយ​អេក្រង់​OLED ទំហំ 6.7អ៊ិ​ញ កម្រិត​បង្ហាញ​រូបភាព និង​វីដេអូ 90hz refresh rate ។ ប្រើ​ឈី​ប ដំបូង​គេ 5mn 5G SoC ដែលមាន​ល្បឿន​ជាង 3ដង នៃ​ជំនាន់​ម៉ូ​ឌឹ​ម 5G មុន។

    Mate40 Pro មាន​ជម្រើស​RAM 8GB មេម៉ូរី 256GB ថាមពល​ថ្ម 4000មី​ល្លី​អំពែ​ម៉ោង ចេញមក​ជាមួយនឹងរ​ន្ធ​សាក​ភ្លើង​លឿន 66វ៉ា​ត់ USB-C SuperCharge នឹង​ដុំ​សាក​ខាងក្រោយ សាក​លឿន 50W វ៉ា​ត់ Wireless SuperCharge ៕

    Poster from Chinese online store Huihuibao
  • ជប៉ុន កំពុងរៀបចំកាមេរ៉ា Super Hi-vision កម្រិត 8K ថតពិភពព្រះអង្គារ និងព្រះចន្ទ មុនគេបង្អស់

    ជប៉ុន កំពុងរៀបចំកាមេរ៉ា Super Hi-vision កម្រិត 8K ថតពិភពព្រះអង្គារ និងព្រះចន្ទ មុនគេបង្អស់

    ថ្មីៗនេះ ក្រុមការងារ​ទីភ្នាក់ងារ​អវកាស ជប៉ុន (JAXA) បាននិងកំពុង​រៀបចំ​ប្រព័ន្ធ​កាមេរ៉ា Super Hi-vision ដើម្បី​ធ្វើដំណើរ​ទៅកាន់​ភព​ព្រះ​អង្គារ ឱ្យបាន​នៅ​ឆ្នាំ2024។

    បច្ចេកវិទ្យា  Super Hi-vision 8K ត្រូវបាន​លេច​រូបរាង​ឡើង តាំងពី​ឆ្នាំ2015 នៅក្នុង​វិស័យផ្សេងៗ ដូចជា ទូរទស្សន៍​កម្រិត 8K ឬ​កាមេរ៉ា​ថតកុន ជាដើម។ យ៉ាងណាមិញ​នៅ​ឆ្នាំ2020 នេះ ជប៉ុន​បាន​នាំយកមក​ប្រើប្រាស់ នៅក្នុង​បេសកកម្ម​អវកាស ជា​លើកដំបូង​បង្អស់។

    សូមជម្រាបថា បេសកកម្ម​របស់ (JAXA) គឺ​ដើម្បី​ចាប់យក​រូបភាព​ក្នុង​កម្រិត​ភាពច្បាស់ រហូតដល់ Ultra HD 8K របស់​ពិភព​ព្រះ​អង្គារ និង​ព្រះ​ចន្ទ​នេះ កន្លងមក បេសកកម្ម​នេះ​មិន​ធ្លាប់មាន​នោះទេ៕

  • Elon Musk រក​បាន​ជាង​19​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​សប្ដាហ៍​នេះ

    Elon Musk រក​បាន​ជាង​19​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​សប្ដាហ៍​នេះ

    មូលបត្រ Tesla ទើបតែបានបញ្ចប់សប្ដាហ៍ដែលបានឡើងថ្លៃខ្ពស់បំផុតនៅក្នុងរយៈពេល3ខែមកនេះ ក្រោយពីមានដំណឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ ជិតបានក្លាយជាសមាជិកមួយរបស់ S&P 500 នៅខែក្រោយ។

    សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការឡើងថ្លៃខ្ពស់របស់មូលបត្រ Tesla បណ្ដាលមកពីក្រុមអ្នកវិនិយោគ​នាំ​គ្នា​សម្រុក​ចូល​ទិញ​មូលបត្រ បន្ទាប់ពីក្រុមហ៊ុននេះត្រៀមខ្លួនចូលជា “សមាជិកក្លឹប” នៃក្រុមហ៊ុនទាំង500 ដែលមានតម្លៃបំផុតក្នុងពិភពលោក។

    ក្រៅពីនេះ ការឡើងថ្លៃរបស់មូលបត្រ Tesla ក៏បានបន្ថែមទ្រព្យចំនួន19ពាន់លានដុល្លារ ទៅក្នុងសម្បត្តិរបស់ស្ថាបនិក និងជា CEO របស់ Tesla លោក Elon Musk ផងដែរ។

    នៅក្នុងការជួញដូរមូលបត្រកាលពីថ្ងៃព្រហស្បតិ៍ តម្លៃមូលបត្រ Tesla មានពេលខ្លះបានឡើងដល់ 508.61ដុល្លារក្នុង1ហ៊ុន ដែលនេះបាននាំឱ្យវាក្លាយជាមូលបត្រដែលឡើងថ្លៃខ្ពស់ជាងគេនៅលើសន្ទស្សន៍ Nasdag ក្នុងសប្ដាហ៍នេះ។

    សម្រាប់ថ្ងៃសុក្រសប្ដាហ៍នេះ ដោយសារតែមានអ្នកវិនិយោគមួយចំនួនបាននាំគ្នាលក់ចេញដើម្បីយកចំណេញ ធ្វើ​ឱ្យ​តម្លៃមូលបត្រ Tesla ធ្លាក់ចុះជាង1.9% ដោយបិទការជួញដូរក្នុងតម្លៃ 489.61ដុល្លារក្នុង1ហ៊ុន។

    គិតជារួម ក្នុងសប្ដាហ៍នេះ មូលបត្រ Tesla បានកើនប្រមាណ 20% ដែលជាកំណើនខ្ពស់បំផុតរាប់ចាប់ពីថ្ងៃ​ទី​21​សីហា​2020។ ដោយសារកត្តានេះហើយ បាននាំឱ្យតម្លៃទុនរបស់ Tesla ឡើងដល់ 464ពាន់លានដុល្លារអាមេរិក។

    យោងតាម Bloomberg បច្ចុប្បន្នលោក Elon Musk មានទ្រព្យសរុប ជាង 121ពាន់លានដុល្លារ ​កើន​​19​​ពាន់​​លាន​​ដុល្លារ​បើ​ធៀប​នឹងដើមសប្ដាហ៍នេះ។ ក្នុងឆ្នាំនេះ មហាសេដ្ឋីជនជាតិអាមរិកាំងដើមកំណើតអាហ្វ្រិកខាងត្បូងនេះ រក​បាន​ជាង​ 93​ពាន់​លាន​ដុល្លារ​អាមេរិក ដោយសារតម្លៃមូលបត្រ Tesla កើនជិត 470%។

    ទ្រព្យរបស់លោក Musk នៅទាបជាង 7ពាន់លានដុល្លារប៉ុណ្ណោះ បើធៀបជាមួយនឹងទ្រព្យរបស់លោក Bill Gates ដែល​ជាស្ថាបនិករបស់ Microsoft និងជាអ្នកមានជាងគេលំដាប់ទីពីរក្នុងពិភពលោក នៅក្នុងបញ្ជីចំណាត់ថ្នាក់របស់​ Bloomberg Billionaires Index។ កាលពីប៉ុន្មានថ្ងៃកន្លងទៅ លោក Elon Musk ក៏ដណ្ដើមបានចំណាត់ថ្នាក់​អ្នកមានជាងគេលំដាប់ទីបីក្នុងពិភពលោក ពីម្ចាស់ Facebook លោក Mark Zuckerberg ផងដែរ៕

    ប្រភព៖ Bloomberg

     

  • មួយប៉ប្រិចភ្នែក !! ប្អូនស្រី យ៉ង់ ស្រីនីត បោះជំហ៊ានចូលសិល្បៈផ្ទុះការចាប់អារម្មណ៍ខ្លាំង

    មួយប៉ប្រិចភ្នែក !! ប្អូនស្រី យ៉ង់ ស្រីនីត បោះជំហ៊ានចូលសិល្បៈផ្ទុះការចាប់អារម្មណ៍ខ្លាំង

    ក្រោយរូបភាព និងវីដេអូច្រៀងរបស់ប្អូនស្រី យ៉ង ស្រីនីត ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនយករូបនាងចែកចាយបន្តគ្នារួចមក ស្រាប់តែនៅពេលថ្មីនេះ តារាកំប្លែងដ៏ល្បីឈ្មោះ លោក ពាក់មី បានប្រកាសរកលេងទូរស័ព្ទនាង ដើម្បីបានទាក់ទង និងហៅមកថតជាមួយ។ ម្យ៉ាងវិញទៀត អាចនិយាយថា នេះជាដំណឹងមួយដ៏ល្អសម្រាប់ប្អូនស្រីម្នាក់នេះ ដែលទទួលបានឱកាសពិសេសមួយសម្រាប់នាង ដើម្បីបានថតនិងបង្ហាញសមត្ថភាពយ៉ាងដូច្នេះ។

    បើយោងទៅតាមគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា « ចៅមាណព Chavmeanup » បានធ្វើការបង្ហោះរូបថតរបស់ក្មេងស្រីម្នាក់នេះនិងភ្ជាប់មកជាមួយសាររៀបរាប់ពីប្រវត្តិក្មេងស្រីនេះថា ៖​ « ស្នាមញញឹម​នៃ​សេចក្ដី​សង្ឃឹម​ របស់កុមារីម្នាក់នៅខេត្ត​មណ្ឌល គីរី​​ ដែលចង់សិក្សាហើយចង់ប្រែក្លាយអនាគតគ្រួសារ​ នឹងសំរេចបំណងប្រាថ្នាជា​ អ្នកគ្រូបង្រៀន​នឹងជាសិល្បការិនី​ ។ បន្ទាប់​ពីលក់របស់របរបន្តិចបន្តួចអោយភ្ញៀវអស់ នាង​​បានច្រៀងបទចំរៀងដែលនាងច្រៀងពិរោះឱ្យយើងទាំងអស់គ្នាស្តាប់​ បន្ទាប់​ពីទស្សនា យ៉ាងណាមិញ កុមារីរូបនេះមានឈ្មោះ យ៉ង់ ស្រីនីត បច្ចុប្បន្ននាងមានអាយុ ១១ឆ្នាំ និងកំពុងសិក្សានៅក្នុងថ្នាក់ទី៥។

    ដោយឡែកថ្មីៗ ក្រោយឃើញតារាកំប្លែងរូបនេះ បង្ហោះសារស្វែងរកកុមារីរូបនេះរួច មានទស្សនិកជន និងហ្វេនជាច្រើន បានសម្ដែងនូវក្ដីរំភើបជំនួសក្មេងស្រីរូបនេះគ្រប់គ្នាតែម្ដង។ សព្វថ្ងៃ កុមារីរូបនេះ ទទួលបានការងារសិល្បៈជាច្រើន តាមរយៈការសម្ដែង ការបង្ហាញមុខក្នុង Show ការថតសម្អាងការជាដើម។ គួរជម្រាបផងដែរថា ​ កុមារី យ៉ង់ ស្រីនីត កំពុងរស់នៅក្នុងខេត្តមណ្ឌលគីរីជាមួយឪពុកម្ដាយ ដែលមានជីវភាពខ្វះខាត ក្រៅពីរៀននាងបានដើរលក់ចេកឆាប ដើម្បីផ្គត់ផ្អង់ជីវភាពផងដែរ៕

  • Coder ដែលបានបង្កើតបណ្ដាញសង្គមដំបូងគេបង្អស់ក្នុងពិភពលោក រកបាន4ពាន់លានដុល្លារកាលពីសម័យនោះ

    Coder ដែលបានបង្កើតបណ្ដាញសង្គមដំបូងគេបង្អស់ក្នុងពិភពលោក រកបាន4ពាន់លានដុល្លារកាលពីសម័យនោះ

    GeoCities បានជួយឱ្យគ្រប់គ្នាចងចាំថា អ្វីដែលយើងធ្វើនៅលើបណ្ដាញសង្គមនាបច្ចុប្បន្ន មិនមែនជារឿងថ្មីឡើយ ព្រោះថា ពួកវាត្រូវបានគេប្រើច្រើននៅក្នុងដំណាក់កាលដំបូងរបស់យុគសម័យ World Wide Web។

    វិលត្រលប់ទៅរកឆ្នាំ1995 David Bohnett អ្នកសរសេរកូដវ័យក្មេងម្នាក់ មានគំនិតដ៏ចម្លែកមួយកាលពីសម័យនោះ។ គាត់ចង់ផ្សាយផ្ទាល់វីដេអូមួយនៅលើអ៊ីនធើណិត ស្ដីអំពីផ្លូវកែងរវាងមហាវិថី Hollywood និងតំបន់ Vine នៅឯទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។

    មិត្តរបស់ David មានការិយាល័យមួយនៅ Hollywood ត្រង់ម្ដុំផ្លូវកែងខាងលើ ដូច្នេះ គាត់ក៏ឈរទីនោះដើម្បីធ្វើការផ្សាយផ្ទាល់ (livestream)។ David បានច្នៃកាមេរ៉ា webcam មួយគ្រឿងដើម្បីថត ព្រោះថា សម័យនោះ ឧបករណ៍នេះមិនទាន់មានប្រើទូលំទូលាយនៅឡើយ។ វីដេអូនេះទទួលបានការចូលមើលយ៉ាងច្រើន។

    Hollywood ជាស្រុកកំណើតរបស់វិស័យឧស្សាហកម្មភាពយន្ត ប៉ុន្តែ វាក៏ជាទីដែលបណ្ដាញសង្គមបានចាប់កំណើតផងដែរ។

    ដោយយល់អំពីវិធីដែលអ៊ីនធើណិត និងគេហទំព័រជំនាន់ដើម កំពុងប្ដូរផ្លាស់របៀបទំនាក់ទំនងរបស់មនុស្ស David ក៏បានបង្កើតជាថ្នាលបច្ចេកវិទ្យាមួយសម្រាប់គ្រប់គ្នាកសាងទីតាំងអនឡាញរបស់ខ្លួន។ GeoCities.com ដែលជាគេហទំព័រដំបូងគេបង្អស់មួយក្នុងពិភពលោក កាលពីទសវត្សរ៍ទី90 ដើមទសវត្សរ៍ទី20 បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើតគេហទំព័រផ្ទាល់ខ្លួនដោយមិនគិតថ្លៃ។

    GeoCities មិនមែនជាគេហទំព័រដំបូងគេក្នុងលោកដែលបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតគេហទំព័រដោយខ្លួនឯងនោះទេ ប៉ុន្តែ ក្រោយការសាកល្បង David ដឹងថា បែបនេះគឺមិនទាន់គ្រប់គ្រាន់។ ពួកគេត្រូវការអ្វីដែលច្រើនជាងនេះ។ ជាក់ស្ដែង ពួកគេចង់ក្លាយជាអ្វីមួយដែលធំធេង ដូចជាសហគមន៍មួយជាដើម។

    GeoCities
    បណ្ដាញសង្គម​ GeoCities

    ប្រការខាងលើបាននាំឱ្យ David និងសហការីដំបូងៗ ធ្វើការសម្រេចចិត្តមួយដែលប្លែកពីគេឯង។ ជំនួសឱ្យការដែលអនុញ្ញាតឱ្យគ្រប់គ្នាដំណើរគេហទំព័រ GeoCities បានដាក់ពួកវានៅក្នុង “ទីក្រុង” មួយ។ ផ្អែកទៅលើខ្លឹមសារនៃគេហទំព័រ បណ្ដាទីក្រុងនេះត្រូវបានដាក់ឈ្មោះទៅតាមទីតាំងដែលមានពិត។

    គេអាចនិយាយបានថា នោះគឺជារូបមន្តដំបូងបំផុតរបស់បណ្ដាញសង្គម ជាកន្លែងដែលគ្រប់គ្នាអាចចែករំលែក និងចូលរួមក្នុងអ្វីមួយដែលពួកគេចាប់អារម្មណ៍។ ឧទាហរណ៍ដូចជា ក្រុង Wall តំណាងឱ្យហិរញ្ញវត្ថុ ខណៈ Hollywood គ្រប់គ្រងផ្នែកកំសាន្ត និង Nashville សម្រាប់ចម្រៀងស្រុកស្រែជាដើម។ វិធីរៀបរៀងនេះ បានធ្វើឱ្យមានការពេញចិត្តជាខ្លាំងនៅជំនាន់នោះ។

    GeoCities បានជួយឱ្យយើងដឹងថា អ្វីដែលយើងកំពុងធ្វើនៅលើបណ្ដាញសង្គមនាបច្ចុប្បន្ន គឺមិនមែនថ្មីថែងនោះឡើយ ព្រោះពួកវាមានវត្តមានតាំងតែពីដំណាក់កាលដំបូងនៃយុគសម័យរបស់ World Wide Web មកម្ល៉េះ។ គ្រប់គ្នាចូលចិត្តក្លាយជាផ្នែកមួយនៃសហគមន៍ ប្រការនេះមានភាពត្រឹមត្រូវតាំងតែពីរាប់ពាន់ឆ្នាំមុនសម័យអ៊ីនធើណិត ហើយវានៅតែត្រូវរហូតដល់បច្ចុប្បន្ន។

    GeoCities បានក្លាយជាគេហទំព័រដែលមានឈ្មោះល្បីយ៉ាងឆាប់រហ័សនៅលើអ៊ីនធើណិត។ GeoCities ធ្លាប់បានក្លាយជាគេទំព័រដែលគេចុះឈ្មោះប្រើប្រាស់ច្រើនជាងគេលំដាប់ទីបីក្នុងពិភពលោក ដោយមានជិត40លានគណនី។ ប្រការដែលសំខាន់ នោះគឺថា GeoCities ទទួលបានជោគជ័យមុនពេលអ៊ីនធើណិតត្រូវបានប្រើទូលំទូលាយដូចបច្ចុប្បន្ន។

    ដល់ឆ្នាំ1998 GeoCities បានរីកចម្រើនខ្លាំង រហូតដល់ David សម្រេចចិត្តយកក្រុមហ៊ុននេះឡើងផ្សារហ៊ុន។ ដំបូងឡើយ មូលបត្ររបស់ពួកគេនៅលើ NASDAQ មានតម្លៃតែ17ដុល្លារ/ហ៊ុនប៉ុណ្ណោះ ប៉ុន្តែក្រោយមក វាបានឡើងដល់100ដុល្លារ/ហ៊ុន។

    នៅក្នុងពេលដែលក្រុមហ៊ុនថ្មីៗកំពុងជួបការលំបាកនៅចុងទសវត្សរ៍ទី90 GeoCities នៅតែបន្តរីកចម្រើនខ្លាំងឡើង និងក្លាយជាសហគមន៍មួយដែលមានមនុស្សរាប់លាននាក់ប្រើប្រាស់។ សហគមន៍នេះ កាន់តែមានតម្លៃ រហូតធ្វើឱ្យ Yahoo! សម្រេចចិត្តទិញ GeoCities ក្នុងតម្លៃ4ពាន់លានដុល្លារកាលពីឆ្នាំ1999។ ប៉ុន្តែ មកដល់ឆ្នាំ2009 ក្រុមហ៊ុន Yahoo! បានសម្រេចចិត្តបិទទ្វារ GeoCities។

    GeoCities
    David Bohnett ស្ថាបនិក​របស់​ GeoCities

    ដូច្នេះ ពីដំណាក់កាលដែលបង្កើតបានជាកាមេរ៉ា webcam សាមញ្ញមួយគ្រឿង 5ឆ្នាំក្រោយ David រកបានប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ទាំងអស់នេះគឺជាលទ្ធផលនៃចក្ខុវិស័យដែលអាចមើលឃើញអំពី​អនាគត​​នៃ​សហគមន៍​​អនឡាញ​របស់​ស្ថាបនិក។

    គ្រប់គ្នាប្រហែលជារស់នៅដោយជីវភាពហឺហា នៅពេលមានប្រាក់ខ្ទង់រាប់ពាន់លានដុល្លារដូចជា David។ ប៉ុន្តែ David មិនធ្វើដូច្នោះឡើយ។ បុរសនេះនៅតែបន្តផ្ដោតទៅលើការផ្ដល់សិទ្ធិដល់គ្រប់គ្នា ដើម្បីប្រើប្រាស់អ៊ីនធើណិត។

    លោក David បានបង្កើតមូលនិធិមិនស្វែងរកកម្រៃមួយ ក្នុងបំណងកែលម្អសង្គម។ ការងារដំបូងមួយដែលមូលនិធិនេះបានធ្វើ នោះគឺការបង្កើតមជ្ឈមណ្ឌលអ៊ីនធើណិត។ ជាមូលដ្ឋាន ពួកវាគឺជាបន្ទប់អ៊ីនធើណិត ជាកន្លែងដែលអ្នកអាចចូលទៅប្រើប្រាស់កុំព្យូទ័រដោយមិនបាច់បង់ថ្លៃ។ នាបច្ចុប្បន្ន បណ្ដាមជ្ឈមណ្ឌលបែបនេះនៅតែមាន ដោយអង្គការខាងលើកំពុងដំណើរការមជ្ឈមណ្ឌលចំនួនប្រហែល60កន្លែង ដើម្បីបន្តជួយដល់គ្រប់គ្នាលើវិស័យអ៊ីធើណិត៕

  • 7វិធី ពិនិត្យមើលខ្លួនឯងថា តើយើងត្រៀមខ្លួនសម្រាប់ការមានបុត្ររួចរាល់ហើយមែនឬ?

    7វិធី ពិនិត្យមើលខ្លួនឯងថា តើយើងត្រៀមខ្លួនសម្រាប់ការមានបុត្ររួចរាល់ហើយមែនឬ?

    បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចហើយ មនុស្សជាច្រើនគិតថា យើងត្រូវតែប្រញាប់មានកូន(ឱ្យដូចអ្នកឯទៀត) តែ…តើអ្នកមានបានសួរខ្លួនឯងហើយឬនៅថា ពេលនេះអ្នកចង់បានបុត្រ តើអ្នកមានបានត្រៀមខ្លួនរួចរាល់ហើយឬ?។ ជួន​កាលការមានបុត្រ អាចមិនមែនជាអ្វីដែលអ្នកចង់បាននៅពេលនេះក៏អាចថាបានដែរ ព្រោះវាមានបច្ច័យសំខាន់ផ្សេងៗ​ទៀត​​​ជា​ច្រើន ដែលអ្នកគួរតែគិតដល់ មុនពេលអ្នកចង់មានបុត្រ…។

    ខាងក្រោមនេះគឺ 7វិធីក្នុងការពិនិត្យមើលខ្លួនឯងថា តើយើងត្រៀមខ្លួនសម្រាប់ការមានបុត្ររួចរាល់ហើយមែនឬ?

    1-រឿងលុយកាក់

    រឿងលុយកាក់ជាបច្ច័យសំខាន់មួយសម្រាប់អ្នកដែលគិតចង់មានបុត្រ ព្រោះការចិញ្ចឹមកូន មានន័យថា អ្នកត្រូវមានការចំណាយកើនឡើងទៀតជាច្រើន មិនថាតែថ្លៃមើលថែទាំខ្លួនពេលមានគភ៌ ថ្លៃប្រសូត្រ ថ្លៃចិញ្ចឹមមើលថែទាំកូនតូច រហូតទៅដល់ថ្លៃរៀនសូត្ររបស់កូន ថ្លៃហូបចុក ថ្លៃរបស់របរប្រើប្រាស់ និងថែមទាំងត្រូវមានថ្លៃថែទាំព្យាបាលជំងឺដង្កាត់ផ្សេងៗទៀតផង ។ បែប​នេះ បើសិនជាមិនបានត្រៀមខ្លួនឱ្យបានសព្វគ្រប់ទេនោះ ប្រហែលជាមិនអាចចិញ្ចឹមមើលថែកូនបានយ៉ាងល្អប្រសើរនោះឡើយ។ ដូច្នេះគួររង់ចាំឱ្យស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នកមានភាពស្ថិតស្ថេររឹងមាំជាមុនសិន ដើម្បីអនាគតដ៏ល្អរបស់កូនទៅថ្ងៃមុខ។

    2-ភាពស៊ូទ្រាំ

    បើអ្នកនៅក្មេងសេចក្តី នៅមិនទាន់ស្គាល់ភាពស៊ូទ្រាំ លះបង់ទេនោះ ប្រហែលជាមិនទាន់អាចមានបុត្រនៅ​ពេល​​​​​​នោះ​​​​​បាន​​​ទេ ព្រោះការចិញ្ចឹមមើលថែបុត្រ វាពិតជាលំបាកខ្លាំងណាស់ ណាមួយត្រូវពពោះដ៏ធ្ងន់ដល់ទៅ 9ខែ ហើយនៅត្រូវភ្ញាក់មកបំបៅដោះកូននៅពេលយប់ ហើយថែមទាំងពេលកូនធំឡើងនៅត្រូវអត់ទ្រាំនឹងនិស្ស័យប្រកែកតវ៉ារបស់កូននោះទៀត ដូច្នេះហើយទើបការមានបុត្រ គួរតែទទួលយកនៅពេលដែលអ្នកមានភាពចាស់ទុំ ល្មមអាចនឹងស៊ូទ្រាំជាមួយនឹងរឿងទាំងអស់នោះបានជាមុនសិន ទើបជាការល្អ។

    3-វ័យ

    ក្រៅពីចិត្តគំនឹតដែលត្រូវតែចាស់ទុំហើយនោះ រឿងរបស់អាយុ ឬវ័យក៏ពាក់ព័ន្ធដែរ ព្រោះបើស្ថិតនៅក្នុងវ័យជំទង់ ហើយមានបុត្រទាំងមិនទាន់មានការមានងារធ្វើដើម្បីចិញ្ចឹមកូន និងគ្មានពេលវេលាគ្រប់គ្រាន់ ដោយសារតែត្រូវនៅរៀនសូត្រ​ផង​នោះ ការចិញ្ចឹមមើលថែទាំកូនប្រហែលជានឹងរឹតតែលំបាកឡើងទៀតទ្វេដងមិនខាន ដូច្នេះហើយចូរជ្រើសរើសមានបុត្រនៅក្នុងវ័យកណ្តាលៗ ឬនៅអំឡុងវ័យជាង 20ឆ្នាំក្រាស់ ទើបជាការប្រសើរបំផុត។

    4-តើគេ(គូស្នេហ៍ ឬស្វាមី)គឺពិតជា​មនុស្សដែលអ្នកត្រូវការមែនឬ?

    រវាងការនៅជាគូស្នេហ៍ ជាមួយនឹងការក្លាយជាស្វាមី-ភរិយានឹងគ្នា វាជារឿងមួយដាច់ដោយឡែក និងផ្សេងពីគ្នា ព្រោះជួនកាលតឱ្យអ្នកទាំង2 សេពគប់គ្នាយ៉ាងល្អប្រពៃ និងផ្អែមល្ហែមប៉ុនណាក៏ដោយ តែដល់ពេលមករួមរស់នៅជាមួយគ្នាមែនទែននោះ អាចនឹងមិនសូវជាចុះសម្រុងនឹងគ្នាប៉ុន្មានក៏អាចថាបានដែរ។ ព្រោះថា មនុស្សយើងនឹងបានមើលឃើញពីអត្តចរិត និស្ស័យពិតរបស់គ្នាទៅវិញទៅមកយ៉ាងច្បាស់ ក៏នៅពេលដែលបានមករស់នៅក្រោមតំបូលផ្ទះតែមួយ​ជាមួយ​គ្នាហ្នឹងឯង…។ ដូច្នេះពេលនោះ បើសិនជាអ្នកមានបុត្រជាមួយគ្នា ​ វាអាចនឹងធ្វើឱ្យការលែងលះគ្នាមានភាពពិបាកខ្លាំងឡើង ឬ​អាចនឹងធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហាទៅថ្ងៃមុខបាន។

    5-នៅមិនទាន់បានប្រើប្រាស់ជីវិតរបស់ខ្លួនឯងឱ្យអស់ដៃនៅឡើយ

    ពេលមានបុត្រហើយ អ្នកត្រូវលះបង់ពេលវេលា រួមទាំងលុយកាក់ប្រាក់កាសដល់កូនៗ រហូតស្ទើរតែលែងបានធ្វើអ្វីសម្រាប់ខ្លួនឯងសោះតែម្ដងក៏អាចថាបានដែរ។ ដូច្នេះហើយ ពេលដែលមិនបានធ្វើអ្វីៗដែលខ្លួនធ្លាប់បាននឹកស្រមៃថា ចង់ធ្វើកាលពីមុនមកនោះ អ្នកអាចនឹងត្រូវសោកស្តាយនៅពេលក្រោយ ហើយបើរង់ចាំឱ្យកូនធំៗអស់សិន សឹមធ្វើរឿងដែលអ្នកចង់ធ្វើនោះ ពេលនោះអ្នកអាចនឹងមានអាយុច្រើន រាងកាយចុះទន់ខ្សោយ និងលែងអាចធ្វើបានទៀតហើយក៏អាចថាបានដែរ…។ ដល់ពេលនោះអ្នកប្រហែលជានឹកស្តាយក្រោយខ្លាំងណាស់មែនទេ?។

    6-មុខតំណែង តួនាទីការងារ

    រឿងមួយនេះ​ គឺជារឿងល្អិតល្អន់មួយដែលអ្នកត្រូវប្រើពេលវេលាគិតគូរឱ្យបានយូរបន្តិច ដោយសារតែការងារ​ខ្លះ ពេលមានបុត្រហើយអ្នកប្រហែលជាមិនអាចធ្វើបានតទៅទៀតទេ។ ដូច្នេះអ្នកគួរសួរខ្លួនឯងមុននឹងសម្រេចចិត្តយកបុត្រជាមុនសិនថា តើអ្នកគិតចង់ធ្វើអ្វីតទៅទៀត? សុំឈប់ធ្វើការមកធ្វើជាមេផ្ទះដើម្បីចិញ្ចឹមមើលថែកូន? ឬក៏ធ្វើការផង ចិញ្ចឹមកូនផង?។

    7-ផ្ទះសំបែងក៏ត្រូវត្រៀមទុកជាមុនឱ្យរួចជាស្រេចដែរ

    សាកល្បងពិនិត្យមើលថា តើពេលនេះផ្ទះ ឬកន្លែងរស់នៅរបស់អ្នក មានទីកន្លែងច្រើនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមថែទាំកូន​ហើយឬនៅ? បើមានត្រឹមតែបន្ទប់គេងធំតែមួយសម្រាប់អ្នក និងស្វាមី(ឬភរិយា)នោះ ក៏សូមកុំអាលគិតចង់បានកូនអីល្អជាង… ព្រោះថា ពេលកូននៅតូច កូនអាចគេងក្នុងបន្ទប់ជាមួយគ្នាបាន តែដល់ពេលគេធំឡើងបន្តិច យ៉ាងណាៗក៏កូនៗក៏ត្រូវតែចង់បានបន្ទប់ផ្ទាល់ខ្លួនរបស់គេដើម្បីបំពេញធុរៈ ឬរៀនសូត្រតែឯងស្ងាត់ៗដែរ…ដល់ពេលនោះ តើអ្នកគិតយ៉ាងម៉េច?៕

  • ចំណុចខុសឆ្គង 7យ៉ាងក្នុងការតុបតែងផ្ទះដែលយើងគួរកែខៃ

    ចំណុចខុសឆ្គង 7យ៉ាងក្នុងការតុបតែងផ្ទះដែលយើងគួរកែខៃ

    មនុស្សយើងទាំងអស់មិនមែនចេះតែដឹងពីរឿងតិចនិកក្នុងការតុបតែងផ្ទះគ្រប់តែគ្នានោះទេ ព្រោះយើងមិនមែនជា​អ្នកជំនាញខាងផ្នែកហ្នឹង ដូច្នេះមិនថាអ្នកណាក៏ដោយ ក៏សុទ្ធតែធ្លាប់រៀបចំតុបតែងផ្ទះបែបខុសៗពីមុនមកខ្លះជាមិនខាន ។ ដូច្នេះថ្ងៃនេះយើងបានរួបរួមចំណុចខុសឆ្គង 7យ៉ាងក្នុងការតុបតែងផ្ទះមកជម្រាបជូន ដើម្បីឱ្យលោកអ្នកបានត្រួតពិនិត្យមើលថា តើក្នុង​ចំណុចទាំង 7យ៉ាងនោះ មានចំណុចណាខ្លះដែលលោកអ្នកធ្លាប់បានធ្វើដោយមិនដឹងខ្លួនឬក៏អត់?

    1 . ពន្លឺភ្លើងភ្លឺខ្លាំងពេក

    គ្មានអ្វីដែលរំខានដល់ភាពស្ងប់ស្ងាត់គួរឱ្យចង់គេងសម្រាក ខ្លាំងជាងការមានពន្លឺភ្លើងហ្វាចាំងចុះមកពីលើពិដាន​នោះទេ…។ ពិតហើយ! តើនរណាទៅបិទភ្នែកគេងលក់កើត បើមានពន្លឺភ្លើងចាំងមកខ្លាំងចំមុខបែបនេះនោះ? ដូច្នេះគួររៀបចំតុបតែង​ឱ្យ​មានពន្លឺភ្លើងល្មមៗ មិនភ្លឺ ឬងងឹតជ្រុលពេក និងសាកល្បងបើកបង្អួចទទួលយកពន្លឺពីធម្មជាតិនៅខាងក្រៅខ្លះផង។

    2 . រៀបចំដាក់តុ ទូ កៅអី និងវត្ថុផ្សេងៗដោយមិនបានគិតដល់ការប្រើប្រាស់

    ក្រោយពីទិញបានគ្រឿងសង្ហារិមដែលពេញចិត្តមកដល់ផ្ទះហើយ ត្រូវរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវជាមួយនឹងការប្រើប្រាស់ការងារផង មិនមែនគិតតែពីរឿងល្អស្អាតតែម្យ៉ាងប៉ុណ្ណោះទេ…ដូចជា គួររៀបចំកៅអីសាឡុងឱ្យបែរមុខចូលគ្នា និងមានតុទទួលភ្ញៀវមួយផង ដើម្បីទុកអង្គុយជជែកពិភាក្សាគ្នា និងធ្វើកិច្ចការផ្សេងៗរួមគ្នា។

    3 . ដាក់វាំងននបង្អួចទាបជ្រុលពេក

    លោកអ្នកគួរដឹងថា ការដាក់វាំងននខ្ពស់ឡើងបន្តិច និងអាចជួយបំភ័ន្តភ្នែកឱ្យជញ្ជាំងផ្ទះរបស់អ្នកមើលទៅរាងខ្ពស់​ឡើង និងបង្អួច​​មើលទៅរាងធំឡើងបាន ហុចផលឱ្យបន្ទប់មើលទៅកាន់តែធំស្រឡះ សប្បាយគួរឱ្យចង់ស្នាក់នៅខ្លាំងឡើងទៀតផង។

    4 . របស់តុបតែងលម្អតូចៗ

    ដើម្បីឱ្យជញ្ជាំងផ្ទះមើលទៅលេចធ្លោគួរឱ្យចាប់អារម្មណ៍នោះ ការដាក់របស់របរតុបតែងលម្អបន្តិចបន្តួច គឺជារឿង​មួយចាំបាច់ណាស់ តែយ៉ាងណាក៏ដោយ ក៏មានម្ចាស់ផ្ទះជាច្រើន ច្រើនតែធ្វើខុសឆ្គងដោយមិនដឹងខ្លួន ដោយការយករបស់កំប៉ិកកំប៉ុកមកដាក់នៅលើទូថ្នាក់តាំងលម្អជាប់ជញ្ជាំង ធ្វើឱ្យមើលទៅមិនល្អភ្នែកសោះ ដូច្នេះបើចង់ដាក់តាំងរបស់បង្ហាញនោះ គួរជ្រើសរើសរបស់ណាដែលមានទំហំរាងជំពប់ភ្នែកបន្តិច ទើបមើលទៅល្អគួរឱ្យគយគន់។

    5 . ប្រើកម្រាលព្រំខុសទំហំ

    ការតុបតែងចំណុចលេចធ្លោរបស់បន្ទប់ដោយកម្រាលព្រំ នឹងជួយធ្វើឱ្យបន្ទប់មើលទៅរាងកក់ក្តៅគួរឱ្យស្នាក់នៅឡើងបានយ៉ាងងាយស្រួល តែបើក្រាលកម្រាលព្រំខុសខ្នាតវិញ ជំនួសឱ្យការមើលទៅឃើញស្អាតនោះ វាបែរជាធ្វើឱ្យ​បន្ទប់ខូចបរិយាកាសអស់ទៅវិញ។ ដូច្នេះគួរជ្រើសរើសខ្នាត ឬទំហំរបស់កម្រាលព្រំឱ្យបានសមល្មមនឹងផ្ទៃបន្ទប់របស់លោកអ្នកផង ដូចជា ជ្រើសយកកម្រាលព្រំឱ្យសមល្មមនឹងទំហំគ្រែ ឬកន្លែងអង្គុយលេង ហើយយកមកក្រាលពីក្រោម ជំនួសឱ្យកម្រាលព្រំបែប​ធំៗគួរឱ្យទើសទែង ឬក៏តូចជ្រុលនោះ។

    6 . មិនទុកឱ្យនៅសល់ប្រឡោះទំនេរខ្លះ

    តឱ្យបន្ទប់ធំទូលាយប៉ុនណា ក៏ប្រហែលជាមើលទៅរាងទើសទែង និងចង្អៀតដែរបើលោកអ្នកយកគ្រឿង​សង្ហារិមធំៗទាំងឡាយមកដាក់ជាប់ៗជិតៗគ្នាទាំងអស់នោះ ព្រោះក្រៅតែពីមើលឃើញហើយមិនសប្បាយភ្នែកសោះនោះ វានៅខុស​​នឹងគោលការណ៍ក្បួនហុងស៊ុយទៀតផង ដូច្នេះគួរទុកឱ្យមានប្រឡោះទំនេរបន្តិចខ្លះ ទើបជាការប្រសើរ និងមិនគួរដាក់គ្រឿង​សង្ហារិមជាប់កិតនឹងជញ្ជាំងឡើយ យ៉ាងហោចណាស់ក៏គួរទុកប្រឡោះពីជញ្ជាំងមកប្រហែល 1អ៊ិញដែរ។

    7 . ប្រមូលខ្នើយបង្អែកមកដាក់ពេញលើកៅអីសាឡុង

    ពិតហើយថា សម័យនេះខ្នើយបង្អែកពណ៌ ម៉ូដ និងក្បាច់ក្បូរស្អាតៗមានឱ្យយើងជ្រើសរើសច្រើនមែន តែក៏មិនមែនមានន័យថា ត្រូវតែប្រមូលយកមកដាក់គររៀងគ្នានៅលើកៅអីសាឡុងឡើងមើលទៅព្រឹលភ្នែកអស់នោះទេ។ គួរជ្រើសរើសយកតែខ្នើយ​ណាដែលមានពណ៌ស្អាតៗ ក្បាច់ក្បូរស៊ីគ្នានឹងកៅអី តែ 2 ឬ 3 មកបានហើយ មិនដូច្នោះទេខ្នើយបង្អែកស្អាតៗនឹងមើលទៅឃើញ​រាយ​ប៉ាយលែងស្អាតអស់មិនខាន។

    យ៉ាងម៉េចដែរមិត្តអ្នកអាន? ​ សម្រាប់ចំណុចខុសឆ្គងក្នុងការតុបតែងផ្ទះខាងលើនេះ តើមានចំណុចណាខ្លះដែលអ្នកធ្លាប់បានធ្វើហើយទេ?   បើមាន…ចូរកុំបង្អង់យូរ ប្រញាប់រកពេលវេលាកែខៃវាឡើងវិញប្រសើរជាង ដើម្បីឱ្យផ្ទះជាទីស្រឡាញ់របស់លោក​អ្នកមើលទៅគួរឱ្យចង់រស់នៅ​​ និងស្រឡះស្អាតទៀតផង៕

  • លោក ស៊ុំ វណ្ណា បង្ហោះសារ លាភ្នំពេញក្រោន ស្របពេលដែលលោក Lee នៅទំនេរ មិនទាន់មានក្លិបដឹកនាំ

    លោក ស៊ុំ វណ្ណា បង្ហោះសារ លាភ្នំពេញក្រោន ស្របពេលដែលលោក Lee នៅទំនេរ មិនទាន់មានក្លិបដឹកនាំ

    កាលពីពេល​កន្លងទៅនេះ លោក ស៊ុំ វណ្ណា គ្រូ​បង្គោល​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បានប្រកាស​លា និង​ជូនពរ​ក្លិប​ភ្នំពេញ​ក្រោ​ន ក្រោយពី​លោក​ដឹកនាំ​បាន 1រដូវ​កាល2020 ដែល​ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់ ដោយ​ឈរ​នៅ​លេខ​រៀង​ទី3 ក្នុង​លី​គ​កំពូល​កម្ពុជា និង​បាន​លេខ4 ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ2020 កន្លងទៅនេះ។

    នៅក្នុង​សារ​នោះ លោក​ក៏បាន​បញ្ជាក់ដែរថា វា​ពិតជា​មានន័យ​សម្រាប់​លោក​ខ្លាំងណាស់ ដែល​បាន​ដឹកនាំ​ក្លិប​មួយ​នេះ ហើយ​បើទោះជា លោក​ធ្វើ​មិន​បានល្អ​ក្នុង​រដូវ​កាល​នេះ តែ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្លិប​នឹង​នៅតែ​ខ្លាំង ក្រោយពេល​លោក​ចាកចេញ។

    ទោះជា​យ៉ាងណាក្តី ក្លិប​ភ្នំពេញ​ក្រោ​ន មិនទាន់បាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ អំពី​ការចាកចេញ​របស់លោក ស៊ុំ វណ្ណា។ តែ​នេះ វា​ហាក់ដូចជា​ឱកាស​ដ៏​ល្អ​របស់លោក Lee Tea Hoon ដែល​គាប់​ជួន​ពេលនេះ លោក​កំពុងតែ​ស្នាក់នៅ​កម្ពុជា ជាមួយនឹង​ក្រុមគ្រួសារ ក្រោយ​ពេលដែល​លោក​បាន​លាលែង​ពី​តំណែង​គ្រូ​បង្គោល នៅ​ក្លិប Hong An Gai Lai៕

  • កែវ សុខផេង ប្រកាសរកមុខក្មេងរើសបាល់ម្នាក់ ដែលចង់ចាប់់ដៃរូបគេ ពេលប្រកួត វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន

    កែវ សុខផេង ប្រកាសរកមុខក្មេងរើសបាល់ម្នាក់ ដែលចង់ចាប់់ដៃរូបគេ ពេលប្រកួត វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន

    ថ្មីៗនេះ កី​ទ្បា​ករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ខ្មែរ របស់​ក្រុម​ក្លិប​វិសាខា កែវ សុខ​ផេង បានបង្ហាញ​សារ​មួយ សុំទោស​ក្មេង​រើស​បាល់​ម្នាក់ ដែល​ខ្លួន​មិនបាន​ចាប់ដៃ​ស្វាគមន៍ ដោយសារតែ​កំពុង​អបអរ​នឹង​គ្រាប់​បាល់​ដែល​រូបគេ បាន​ស៊ុត​បញ្ចូល​ទី ក្នុង​អំ​ទ្បុ​ង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី14 ថ្នាក់ជាតិ ឆ្នាំ2020។

    នៅក្នុង​សារ​នោះ កែវ សុខ​ផេង បាន​បរិយាយ​ថា «ដោយសារ​អបអរ​ពេក ភ្លេចខ្លួន បង​សុំទោស ដែល​មិនបាន​ចាប់ដៃ​ប្អូន កាលពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី14 ថ្នាក់ជាតិ (ឆ្នាំ2020) រវាង​ក្រុម​ណាហ្គា​វើ​ល​ដ៏ និង​ក្រុម​វិសាខា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពីពេល​កន្លងមកថ្មីៗនេះ… អ៊ីចឹង បើ​ពុក​ម៉ែ​បងប្អូន​ណា ដែល​បាន​ស្គាល់​កុមារា​ម្នាក់​នោះ សូមជួយ​ឱ្យ​គាត់​ទាក់ទង​មក​ខ្ញុំ​ផង ដើម្បី​ជូន​ជា​កាដូ​លើកទឹកចិត្ត​ដល់​គាត់»

    គួរឱ្យ​ដឹង​ដែរ​ថា កែវ សុខ​ផេង គឺជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ ដែល​ជួយ​ឱ្យ​ក្រុម​វិសាខា ឈ្នះ​ណាហ្គា​វើ​លដ៍ ដោយ​លទ្ធផល 2ទល់នឹង0 នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រចាំឆ្នាំ2020 កន្លងទៅនេះ៕