Category: សង្គម និងសេដ្ឋកិច្ច

  • តម្លៃ​ប្រេង​ក្នុង​ពិភពលោក បន្ត​ឡើងថ្លៃនៅ​​ក្នុងការ​ជួញដូរ​នៅ​ថ្ងៃទី ២៥ ខែ​ឧសភា

    តម្លៃ​ប្រេង​ក្នុង​ពិភពលោក បន្ត​ឡើងថ្លៃនៅ​​ក្នុងការ​ជួញដូរ​នៅ​ថ្ងៃទី ២៥ ខែ​ឧសភា

    ប្រេង​បាន​ឡើងថ្លៃ​នៅក្នុង​ថ្ងៃទី ២៥ ឧសភា ដោយសារតែ​ប្រភព​ផ្គត់ផ្គង់​ត្រូវបាន​រឹតត្បិត និង​បណ្ដា​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​អាម៉េរិក បង្កើន​សកម្មភាព​កែច្នៃ​ប្រេង។

    បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ២៥ ឧសភា តម្លៃ​ប្រេង Brent ប្រគល់​ក្នុង​ខែកក្កដា បាន​កើន ៤៧ សេន​អាម៉េរិក ឡើងដល់ ១១៤.០៣ ដុល្លារ/ធុង ខណៈដែល​តម្លៃ​ប្រេង​ឆៅ WTI ប្រគល់​ខែកក្កដា កើន ៥៦ សេន​អាម៉េរិក ឡើងដល់ ១១០.៣៣ ដុល្លារ​ក្នុង ១ ធុង។

    ទិន្នន័យ​ពី​រដ្ឋាភិបាល​បង្ហាញថា បរិមាណ​ប្រេង​ឆៅ​ក្នុង​ឃ្លាំង​របស់ សហរដ្ឋ​អាម៉េរិក បាន​ថយចុះ ១ លាន​ធុង​ក្នុង​សប្ដាហ៍​កន្លង, បរិមាណ​សាំង​ក្នុង​ឃ្លាំង​ក៏​ថយចុះ ខណៈដែល​បណ្ដា​ផលិតផល​ចម្រាញ់​ពី​ប្រេង​កើន ១.៧ លាន​ធុង។

    បណ្ដា​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​បាន​បង្កើនល្បឿន​នៃ​ការកែច្នៃ​ប្រេង លើកកម្ពស់​ផលិតភាព​ឡើងដល់ ៩៣.២% ដែល​នេះ​គឺជា​កម្រិត​ខ្ពស់បំផុត​រាប់​ចាប់ពី​ខែធ្នូ ឆ្នាំ ២០១៩។ ជាង​នេះ ការដែល​ប្រភព​ផ្គត់ផ្គង់​ប្រេង​នៅ​ជុំវិញ​ពិភពលោក​កំពុង​បន្ត​ត្រូវបាន​រឹតបន្តឹង ក៏បាន​បណ្ដាលឱ្យ​ក្រុមហ៊ុន​ជាច្រើន​គេច​ពី​ការទិញ​ប្រេង​របស់ រុស្ស៊ី។ ទាំងនេះ​បាន និង​កំពុង​រួមចំណែក​ធ្វើឱ្យ​តម្លៃ​ប្រេង​ពិភពលោក​បន្ត​កើនឡើង។

  • ឱកាស​ល្អ​សម្រាប់​បណ្ដា​​​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​ កម្ពុជា​! គម្រោង​​​​អភិវឌ្ឍន​ប្រព័ន្ធគ្រប់គ្រង​ការសិក្សា (LMS) កំពុង​រង់ចាំ​ដៃគូសហការ

    ឱកាស​ល្អ​សម្រាប់​បណ្ដា​​​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​ កម្ពុជា​! គម្រោង​​​​អភិវឌ្ឍន​ប្រព័ន្ធគ្រប់គ្រង​ការសិក្សា (LMS) កំពុង​រង់ចាំ​ដៃគូសហការ

    វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន កំពុង​ស្វែងរក​ក្រុមហ៊ុន​បច្ចេកវិទ្យា ដើម្បី​អភិវឌ្ឍន​ប្រព័ន្ធគ្រប់គ្រង​ការសិក្សា (LMS) បំណង​ចូលរួម​លើកកម្ពស់​ហេ​រដ្ឋា​រចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព នេះ​បើតាម​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​ដែល​បាន​ចុះផ្សាយ​នា​ព្រឹក​ថ្ងៃទី ២៦ ឧសភា​នេះ នៅលើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ការអភិវឌ្ឍន​ប្រព័ន្ធគ្រប់គ្រង​ការសិក្សា​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​គម្រោង​កសាង​សមត្ថភាព ស្តីពី​វិធីសាស្ត្រ​ថែទាំ​ផ្លូវ-ថ្នល់ ដើម្បី​លើកកម្ពស់​ហេ​រដ្ឋា​រចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព នៅ​បណ្តា​ប្រទេស​កម្ពុជា-ឡាវ-វៀតណាម។ សេចក្ដីប្រកាស​ជូនដំណឹង​បន្តថា «ការចូលរួមចំណែករបស់ លោក/លោកស្រី (ម្ចាស់​ក្រុមហ៊ុន​បច្ចេកវិទ្យា) នឹង​ជា​ចំណែក​មួយ​នៃ​ការសម្រេចបាន​នូវ​ការអនុវត្ត​គម្រោង និង​បាន​ចូលរួមចំណែក ក្នុងការ​លើកកម្ពស់​គុណ​ភាព​ផ្លូវ-ថ្នល់ នៃ​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ឡាវ និង​វៀតណាម ផងដែរ»។

    លោក/លោកស្រី ជា​ម្ចាស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែលមាន​ចំណាប់អារម្មណ៍ សូម​ផ្ញើ​ទម្រង់​ពាក្យស្នើសុំ​មកកាន់៖

    Email: [email protected] និង cc ទៅកាន់ Email: [email protected]

    ផុតកំណត់​ទទួល​ពាក្យ៖ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២

    ព័ត៌មាន​បន្ថែម​សូម​ស្កេ​ន QR Code នៅក្នុង​ផ្ទាំង​ផ្សព្វផ្សាយ ឬ​ទំនាក់ទំនង​មក​ទូរស័ព្ទ​លេខ៖ 017 55 99 74 រៀងរាល់​ម៉ោង​ធ្វើការ។

  • ចិន-វៀតណាម បើក​ចក្រ​ព្រំដែន Jinshuihe- Ma Lu Thang ឡើងវិញ​ហើយ

    ចិន-វៀតណាម បើក​ចក្រ​ព្រំដែន Jinshuihe- Ma Lu Thang ឡើងវិញ​ហើយ

    នៅ​ថ្ងៃទី ២៥ ឧសភា​នេះ មន្ត្រី​ព្រំដែន​ខាងជើង​របស់ វៀតណាម បានឱ្យដឹងថា សកម្មភាព​នាំចេញ-នាំចូល​ផលិតផល​តាម​ច្រកទ្វារព្រំដែន Ma Lu Thang (វៀតណាម) និង Jinshuihe (ចិន) ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ ក្រោយ​ផ្អាក​សកម្មភាព​អស់​មួយ​រយៈពេល​យូរ។

    ភាគី​ទាំងសងខាង បាន​ឯកភាពគ្នា​លើ​ចំណុច​ជាច្រើន​ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​ការដោះដូរ​ទំនិញ​តាម​ច្រកព្រំដែន​នេះ ប៉ុន្តែ ក៏ត្រូវ​កំណត់​យ៉ាង​តឹងរឹង​ដើម្បី​ធានា​លើក​ការអនុវត្ត​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ ផងដែរ។

    មុន​នោះ ដោយសារតែ​កូ​វីដ-១៩ មាន​ភាពស្មុគស្មាញ​ខ្លាំង ភាគី​ខាង​ចិន បាន​ផ្អាក​ការ​នាំចូល​ទំនិញ​ពី ទឹកដី​វៀតណាម ដែល​ឆ្លងកាត់​ច្រកទ្វារព្រំដែន Jinshuihe-Ma Lu Thang ចាប់ពី​ថ្ងៃទី ២៣ តុលា ២០២១ ធ្វើឱ្យ​កសិផល​របស់ វៀតណាម និង​ការដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​តាម​ច្រកព្រំដែន​នេះ​ជួប​ការលំបាក​ខ្លាំង។

  • ប្រាក់ចំណូល​របស់​ក្រុម​ហ៊ុន​ Chanel កើនឡើង​ខ្ពស់​ដោយសារតែ​កែប្រែ​តម្លៃ​ជា​បន្តបន្ទាប់

    ប្រាក់ចំណូល​របស់​ក្រុម​ហ៊ុន​ Chanel កើនឡើង​ខ្ពស់​ដោយសារតែ​កែប្រែ​តម្លៃ​ជា​បន្តបន្ទាប់

    ប្រាក់ចំណូល​ក្នុង​ឆ្នាំ ២០២១ របស់​ក្រុមហ៊ុន​បារាំង Chanel គឺ ១៥.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ឆ្នាំ ២០២១ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន Chanel គឺ ១៥.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម​ទិន្នន័យ​ដែល​ក្រុមហ៊ុន​នេះ​បាន​ចែករំលែក​ជាមួយ Business of Fashion។ តួលេខ​នេះ​កើនឡើង ៥០% ធៀប​នឹង​ចំណូល​កាលពី​ឆ្នាំ ២០២០ និង ២៣% ធៀប​នឹង​ឆ្នាំ ២០១៩។

    ក្រុមហ៊ុន​នេះ​រកបាន​ប្រាក់​ចំណូល​ខ្ពស់ បើទោះជា​បាន​ចំណាយ​រហូតដល់ ១.៨ ពាន់​លាន​ដុល្លារ​ទៅលើ​សកម្មភាព​ទីផ្សារ​កាលពី​ឆ្នាំ​កន្លង។ ផលិតផល​ដែល​ក្រុមហ៊ុន Chanel លក់ដាច់​ជាងគេ​គឺ​ខោអាវ គ្រឿងអលង្ការ និង​នាឡិកា។ ផលិតផល​ទឹកអប់ ផលិតផល​ថែរក្សា​សម្រស់​របស់​ក្រុមហ៊ុន​នេះ​ក៏​ទទួលបាន​ជោគជ័យ​ច្រើន​ផងដែរ។

    នាយក​ផ្នែក​ហិរញ្ញវត្ថុ Patrick Blondiaux របស់​ក្រុម​ហ៊ុន Chanel ឱ្យដឹងថា កំណើន​នៃ​ការលក់​ផលិតផល​របស់​ក្រុមហ៊ុន​គឺ​ដោយសារ​ការរួម​ផ្សំ​នៃ «ការធ្វើឱ្យមាន​តុល្យភាព» រវាង​ការដំឡើងថ្លៃ និង​ការបង្កើន​បរិមាណ​ផលិតផល។ Chanel បាន​ដំឡើងថ្លៃ ៣ លើក​ក្នុង​ឆ្នាំ ២០២១ និង ១ លើក​នៅ​ដើម​ឆ្នាំនេះ ព្រោះតែ​ការចំណាយ​លើ​វត្ថុធាតុដើម និង​ប្រាក់​ឈ្នួល​កាន់តែ​ខ្ពស់។ ខែមីនា​កន្លងទៅ ផលិតផល​មួយចំនួន​របស់ Chanel ត្រូវបាន​លក់​ថ្លៃ​ខ្ពស់​ទ្វេដង ធៀប​នឹង​តម្លៃ​មុន​វិបត្តិ​កូ​វីដ-១៩។

    បើទោះជា​មានការ​ប្រែប្រួល​ដូចខាងលើ ប៉ុន្តែ Chanel នៅតែ​រក្សា​គោលការណ៍​មួយ នោះ​គឺ អតិថិជន​នឹងត្រូវ​ទិញ​នៅក្នុង​ហាង​ដោយផ្ទាល់។

  • ស្ថានីយ​ចុះចត​របស់ ណា​សា លើ​ភព​អង្គារ ថតរូប​សែ​ល​ហ្វ៊ី​ចុងក្រោយ មុននឹង​លា​មនុស្សលោក

    ស្ថានីយ​ចុះចត​របស់ ណា​សា លើ​ភព​អង្គារ ថតរូប​សែ​ល​ហ្វ៊ី​ចុងក្រោយ មុននឹង​លា​មនុស្សលោក

    ស្ថានីយ​ចុះចត InSight បញ្ជូន​រូបថត​សែ​ល​ហ្វ៊ី​មកកាន់​ផែនដី បង្ហាញថា ផ្ទាំង​សូ​ឡា​របស់​យាន​នេះ​ពេញ​ដោយ​ធូលី ដែលជា​ឧបសគ្គ​ចំពោះ​ការបន្ត​បេសកកម្ម​របស់​វា​នៅលើ​ពិភព​អង្គារ។

    បណ្ដា​រូបថត​សែ​ល​ហ្វ៊ី លើ​ពិភព​អង្គារ បានផ្ដល់​ព័ត៌មាន​ដ៏​មានតម្លៃ​ស្ដីពី​ស្ថានភាព​របស់​យាន ដល់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅលើ​ផែនដី និង​ជួយ​ឱ្យ​ក្រុម​អ្នក​ស្រលាញ់​វិទ្យាសាស្ត្រ​អវកាស មាន​អារម្មណ៍​ថា បាន​ភ្ជាប់​ទំនាក់​ទំនងជា​មួយក្រុម «អ្នក​ផ្សងព្រេង» នៅលើ​ភព​ក្រហម​ដ៏​សែនឆ្ងាយ​នេះ។

    កាលពី​ថ្ងៃទី ២៤ ឧសភា មជ្ឈមណ្ឌល​ពិសោធន៍​កម្លាំង​រុញច្រាន (JPL) របស់ ណា​សា បាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​នូវ​បណ្ដា​រូបថត​ដែល​អាចជា​រូប​សែ​ល​ហ្វ៊ី​ចុងក្រោយ​របស់​ស្ថានីយ​ចុះចត InSight ដែល​បាន​ថត​កាលពី​ថ្ងៃទី ២៤ មេសា ឆ្នាំ ២០២២។ JPL ក៏បាន​ប្រៀបធៀប​រូបថត​ថ្មី​នេះ​ជាមួយនឹង​រូប​សែ​ល​ហ្វ៊ី ដំបូង ដែល​ថត​កាលពី​ខែធ្នូ ២០១៨ ផងដែរ។ ក្នុងការ​ប្រៀបធៀប គេ​ឃើញថា នៅក្នុង​រូបថត​ថ្មី​បំផុត​នេះ ផ្ទាំង​សូ​ឡា​របស់ InSight ពេញ​ដោយ​ធូលី។

    រូបថត​សែ​ល​ហ្វ៊ី​កាលពី​ថ្ងៃទី ២៤ មេសា ត្រូវបាន​ប្រមូលផ្ដុំ​ពី​បណ្ដា​រូបថត​ជាច្រើន​សន្លឹក​ដែល​ថត​ដោយ​កាមេរ៉ា​បំពាក់​លើ​ដៃ​យន្ត​របស់ InSight។ ដៃ​យន្ត​នេះ តាម​គម្រោង​នឹងត្រូវ​បានដាក់​ឱ្យ «ចូលនិវត្តន៍» នៅ​ខែឧសភា​នេះ។

    ដោយសារតែ​បញ្ហា​ជាច្រើន​កើតឡើង​ព្រោះតែ​ស្រទាប់​ធូលី​ដ៏​ក្រាស់ យាន InSight គ្រោង​នឹង​ត្រូវបាន ណា​សា បញ្ចប់​បេសកកម្ម​នៅ​ចុងឆ្នាំ ២០២២។ InSight បាន​ចុះចត​លើ​ពិភព​អង្គារ កាលពី​ចុងឆ្នាំ ២០១៨។ ការដែល​ត្រូវ​លា InSight នេះ​គឺជា​រឿង​គួរឱ្យ​ស្រងេះស្រងោច ប៉ុន្តែ InSight ក៏បាន​សម្រេច​ភារកិច្ច​ជាច្រើន​ហើយ​ដែរ ដូចជា ការបង្កើត​ផែនទី​ខាងក្នុង​ភព​អង្គារ និង​រកឃើញ​រញ្ជួយ​ដី​កម្លាំង​ខ្លាំង​បំផុត​នៅលើ​ភព​នេះ​ជាដើម។ល។

     

     

  • ដើម្បី​បង្ក​ហានិភ័យ​ក្ស័យ​ធន​ដល់ រុស្ស៊ី ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក នឹង​ទប់ស្កាត់​ការសង​បំណុល​របស់ រុស្ស៊ី ចាប់ពី​ថ្ងៃនេះ

    ដើម្បី​បង្ក​ហានិភ័យ​ក្ស័យ​ធន​ដល់ រុស្ស៊ី ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក នឹង​ទប់ស្កាត់​ការសង​បំណុល​របស់ រុស្ស៊ី ចាប់ពី​ថ្ងៃនេះ

    ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ប្រកាសថា បណ្ដា​ធនាគារ និង​បុគ្គល​ជា​ពលរដ្ឋ​អាម៉េរិក នឹងត្រូវ​បាន​ហាម​ចំពោះ​ការទទួលយក​ខ្ទង់​ប្រាក់​ទូទាត់​មូល​ប​ត្រ​បំណុល​ពី រដ្ឋាភិបាល​រុស្ស៊ី។

    ម៉ោង ០ នៃ​ថ្ងៃទី ២៥ ឧសភា (ម៉ោង​នៅ New York) គឺជា​ពេលវេលា​ដែល​បទបញ្ជា​លើកលែង​របស់ សហរដ្ឋ​អាម៉េរិក ចំពោះ រុស្ស៊ី ត្រូវអស់​សុពលភាព។ «OFAC (ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​បរទេស) នឹងមិន​បន្ត​សុពលភាព​ទៀតឡើយ» ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី ២៤ ឧសភា។

    បទបញ្ជា​លើកលែង​ការហាម​ទទួលយក​ខ្ទង់​ប្រាក់​ទូទាត់​លើ​មូល​ប​ត្រ​បំណុល​ពី រដ្ឋាភិបាល​រុស្ស៊ី ត្រូវ​បានលើកឡើង​បន្ទាប់ពី សហរដ្ឋ​អាម៉េរិក ប្រកាស​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ព្រោះតែ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន កាលពី​ចុងខែ​កុម្ភៈ។ បទបញ្ជា​នេះ​ជួយ​ឱ្យ រុស្ស៊ី នៅតែ​អាច​ទូទាត់​សង​ក្នុង​មូល​ប​ត្រ​បំណុល​បរទេស និង​រួច​ផុតពី​ហានិភ័យ​ក្ស័យធន។

    គិត​មកដល់​បច្ចុប្បន្ន ជិត ៣ ខែ​បន្ទាប់ពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​ផ្ទុះឡើង រុស្ស៊ី នៅតែ​បង្ហើយ​ការទូទាត់​ប្រាក់​ជូន​ម្ចាស់បំណុល។ រុស្ស៊ី ធ្លាប់​ជួប​ការលំបាក​ជាច្រើនលើក ដោយសារតែ​ទណ្ឌកម្ម បណ្ដាលឱ្យ​ពួកគេ​បាត់បង់​ប្រភព​ចំណូល​ពី​បរទេស និង​មិនអាច​ចូល​ប្រើប្រាស់​ខ្ទង់​ថវិកា​របស់ខ្លួន​នៅ​បរទេស។

    កាលពី​សប្ដាហ៍​កន្លង រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen ក៏បាន​ឱ្យដឹងថា «មានលទ្ធភាព» ដែលថា ក្រសួង​នេះ​នឹងមិន​បន្ត​សុពលភាព​ចំពោះ​ការលើកលែង​ការហាម​ទទួលយក​ខ្ទង់​ប្រាក់​ទូទាត់​លើ​មូល​ប​ត្រ​បំណុល​ពី រដ្ឋាភិបាល​រុស្ស៊ី ព្រោះថា នេះ​គ្រាន់តែ​ជា​វិធានការ​បណ្ដោះអាសន្ន។

    Hassan Malik អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Loomis Sayles & Co (Boston សហរដ្ឋ​អាម៉េរិក) អះអាងថា ការដែល​មិនអាច​បន្ត​ទទួលបាន​ការលើកលែង​ទណ្ឌកម្ម «ប្រាកដជា​នឹងធ្វើ​ឱ្យ​ហានិភ័យ​នៃ​ការ​ក្ស័យធន​របស់ រុស្ស៊ី កើនឡើង»។ ប៉ុន្តែ ការសម្រេច​របស់ សហរដ្ឋ​អាម៉េរិក នេះ ធ្វើឱ្យ​ក្រុម​អ្នកវិនិយោគ​បរទេស​ពិបាក​ក្នុងការ​ទទួលយក​ការទូទាត់​បំណុល និង​មិន​ប្រាកដថា ធ្វើឱ្យ រុស្ស៊ី ត្រូវ​ក្ស័យធន។

    ម្ចាស់បំណុល​ដែល​មិនមែនជា​ពលរដ្ឋ​អាម៉េរិក នៅតែ​អាច​ទទួលយក​ការទូទាត់​បំណុល​ពី រុស្ស៊ី។ ដោយសារតែ​ម្ចាស់បំណុល​ភាគច្រើន​របស់ រុស្ស៊ី គឺ​នៅ អឺរ៉ុប ដូច្នេះ ម្ចាស់បំណុល​នៅ សហរដ្ឋ​អាម៉េរិក អាច​នឹង​មិនមាន​ច្រើន​គ្រប់គ្រាន់​ដើម្បី​ធ្វើឱ្យ រុស្ស៊ី ត្រូវ​ប្រកាស​ក្ស័យធន នេះ​បើតាម ITI Capital ដែលជា​ក្រុមហ៊ុន​ឈ្មួញកណ្ដាល​ធំជាងគេ​មួយ​នៅ រុស្ស៊ី។

    កាលពី​ថ្ងៃទី ២៧ ឧសភា រុស្ស៊ី ដល់​ថ្ងៃ​ត្រូវ​សងបំណុល ១០០ លាន​ដុល្លារ​អាម៉េរិក។ ប៉ុន្តែ ដោយសារ​បទបញ្ជា​លើកលែង​ទណ្ឌកម្ម​របស់ អាម៉េរិក ជិត​ផុតកំណត់ រុស្ស៊ី ក៏បាន​ចាប់ផ្ដើម​ទូទាត់​ដល់​ម្ចាស់បំណុល​តាំងតែ​ពី​សប្ដាហ៍​កន្លង។

    បើសិន​មិនបាន​សងបំណុល​ទាន់ពេល រុស្ស៊ី នឹងមាន​ពេល ៣០ ថ្ងៃ ដើម្បី​រក​វិធី​ទូទាត់។ ដើមខែ​នេះ ពួកគេ​ក៏បាន​សងបំណុល​ទាន់ពេល​នៅ​នាទីចុងក្រោយ បន្ទាប់ពី​ខ្ទង់​ប្រាក់​សម្រាប់​ទូទាត់​បំណុល​ដំបូង​ត្រូវបាន​រាំងខ្ទប់។

    ជា​សរុប រុស្ស៊ី បច្ចុប្បន្ន​នៅ​ជំពាក់​បំណុល​ជាការ​ប្រាក់​នៃ​មូល​ប​ត្រ​បំណុល ប្រហែល ១ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងឆ្នាំនេះ។ យ៉ាងនេះ​ក្ដី រុស្ស៊ី ប្រហែល​មិន​ជួប​បញ្ហា​ធំ​ឡើយ ព្រោះ​សម្បូរ​សាច់ប្រាក់​សុទ្ធ ដែល​បានមកពី​ការលក់​ប្រេង​ឆៅ ឧស្ម័ន និង​បណ្ដា​ទំនិញសំខាន់ៗជាច្រើន​មុខ​ផ្សេងទៀត។

    ប្រាក់​រូ​ប្ល​រុស្ស៊ី មិន​ប្រែប្រួល​ច្រើន​បន្ទាប់ពី សហរដ្ឋ​អាម៉េរិក ប្រកាស​ព័ត៌មាន​ខាងលើ។ រូបិយប័ណ្ណ​នេះ​ស្ថិតក្នុង​ក្រុម​ដែលមាន​ការប្រែប្រួល​ល្អ​បំផុត​ពិភពលោក​នា​ឆ្នាំនេះ និង​តម្លៃ​បាន​កើនឡើង ៣០% ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក៕

  • អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ​ក្នុងករណី​បាញ់រះ​សម្លាប់​មនុស្ស​រាប់សិប​នាក់​នៅ​សាលារៀន​អាម៉េរិក

    អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ​ក្នុងករណី​បាញ់រះ​សម្លាប់​មនុស្ស​រាប់សិប​នាក់​នៅ​សាលារៀន​អាម៉េរិក

    Salvador Ramos ត្រូវបាន​កំណត់ថា​ជា​ជនសង្ស័យ​នៅក្នុង​ករណី​បាញ់រះ​នៅឯ​សាលាបឋមសិក្សា Robb ក្នុង​រដ្ឋ Texas ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច ២១ នាក់។

    អភិបាលរដ្ឋ Texas លោក Greg Abbott ប្រកាសថា Salvador Ramos អាយុ ១៨ ឆ្នាំ គឺជា​ជនសង្ស័យ​នៅក្នុង​ករណី​បាញ់រះ​នៅក្នុង​សាលារៀន Robb ក្នុង​ទីក្រុង Uvalde រដ្ឋ Texas សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២៤ ឧសភា ២០២២។ Ramos ត្រូវបាន​សមត្ថកិច្ច​បា​ញ់​សម្លាប់​នៅ​កន្លែងកើតហេតុ។

    យោងតាម​លោក Abbott ជនសង្ស័យ​ទំនងជា​បាន​បាញ់សម្លាប់​ជីដូន​របស់ខ្លួន មុនពេល​កាន់​កាំភ្លើងខ្លី និង​កាំភ្លើង​វែង ចូលមក​សាលារៀន។

    BBC បាន​ឱ្យ​ដឹង​ថា ក្មេង​ចំនួន ១៤ នាក់ រួម​នឹង​គ្រូ​បង្រៀន​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ហេតុការណ៍​បាញ់​រះ​នេះ​ ខណៈ​ដែល​តំណាងរាស្ត្រ​ស​នៅ​សភា Texas បានឱ្យដឹងថា ក្មេង​ចំនួន ១៨ នាក់ និង​មនុស្សពេញវ័យ ៣ នាក់ បាន​ស្លាប់។

    បន្ទាប់ពី​អភិបាលរដ្ឋ Texas បានប្រកាស​អំពី​អត្តសញ្ញាណ​របស់​ជនដៃដល់ គេ​ឃើញ​គណនី Instagram ដែលមាន​ឈ្មោះថា salv8dor_ ដែល​ត្រូវបាន​គេ​ជឿថា​ជា​របស់ Ramos ត្រូវបាន​លុបចោល។ គណនី​នេះ​បាន​បង្ហោះ​រូបថត​ស្ដីពី​កាំភ្លើង និង​បង់​គ្រាប់កាំភ្លើង។

    មនុស្ស​ម្នាក់​ដែលមាន​គណនី​បណ្ដាញ​សង្គម​ឈ្មោះថា epnupues ឱ្យដឹងថា មិនបាន​ស្គាល់ Ramos ប៉ុន្តែ ធ្លាប់​ត្រូវ​ជននេះ Tag ទៅលើ​រូបថត​កាំភ្លើង អម​ជាមួយនឹង​សារ «មាន​អាថ៌កំបាំង​តូច​មួយ»។ ម្ចាស់​គណនី​ឈ្មោះ epnupues បន្ថែមថា នាង​ភ័យខ្លាច​ណាស់ និង​បាន​សួរ​ទៅកាន់​គណនី​ឈ្មោះ sal8dor_ អំពី​មូល​ហេតុដែល​គាត់​ធ្វើបែបនេះ។ «នាង​នឹងត្រូវ​បង្ហោះ​ឡើងវិញ​នូវ​រូបថត​ស្ដីពី​កាំភ្លើង​របស់ខ្ញុំ» គណនី salv8dor_ ផ្ញើ​សារ​ឱ្យ គណនី epnupues កាលពី​ថ្ងៃទី ១២ ឧសភា។

    សាលាបឋមសិក្សា Robb មាន​សិស្ស​ជាង ៥០០ នាក់ ដែល​ភាគច្រើន​គឺជា​ពលរដ្ឋ​ដើមកំណើត​អេ​ស្ប៉ា​ញ និង​មាន​ស្ថានភាព​លំបាក។

    នេះ​គឺជា​ករណី​បាញ់រះ​ក្នុង​សាលារៀន​ដ៏​អាក្រក់​បំផុត​នៅ សហរដ្ឋ​អាម៉េរិក រាប់​ចាប់ពី​ករណី​វាយប្រហារ​នៅ​សាលារៀន Sandy Hook រដ្ឋ Connecticut កាលពី​ឆ្នាំ ២០១២ បណ្ដាលឱ្យ​ក្មេង ២០ នាក់ និង​បុគ្គលិក​សិក្សា ៦ នាក់​បាន​បាត់​បង់ជីវិត។

  • បងប្អូនកម្មករ និយោជិត នៅទូទាំងប្រទេស ត្រូវ​​បាន​​អនុញ្ញាត​​ឱ្យ​​ឈប់​សម្រាក​​រយៈ​​ពេល ​២​ ថ្ងៃ​ ​នៅ​​ក្នុង​​រដូវ​​បោះ​​ឆ្នោត​​ខាង​​មុខ

    បងប្អូនកម្មករ និយោជិត នៅទូទាំងប្រទេស ត្រូវ​​បាន​​អនុញ្ញាត​​ឱ្យ​​ឈប់​សម្រាក​​រយៈ​​ពេល ​២​ ថ្ងៃ​ ​នៅ​​ក្នុង​​រដូវ​​បោះ​​ឆ្នោត​​ខាង​​មុខ

    រាជរដ្ឋាភិបាលកម្ពុជា បាន​យល់ព្រមជាគោលការណ៍ ឱ្យបងប្អូនកម្មករ និយោជិត នៅទូទាំងប្រទេស បានឈប់សម្រាក ០២ ថ្ងៃ​ ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា។

    ថ្ងៃ​ដែល​ កម្មករ និយោជិត ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក រួម​មាន មុនថ្ងៃ​បោះ​ឆ្នោត​ ០១ ថ្ងៃ នឹងក្រោយថ្ងៃបោះ​ឆ្នោត ០១ ថ្ងៃ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ នៅដដែល នេះ​បើ​តាម​ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ ទីស្ដីការ​គណរដ្ឋមន្ត្រី​។

  • យានអវកាស​របស់ Boeing ជិត​ត្រលប់​មកកាន់​ផែនដី​វិញ​ហើយ

    យានអវកាស​របស់ Boeing ជិត​ត្រលប់​មកកាន់​ផែនដី​វិញ​ហើយ

    (សហរដ្ឋ​អាម៉េរិក)-យានអវកាស Starliner នឹង​បញ្ចប់​បេសកកម្ម​សាកល្បង​សំខាន់​សម្រាប់ ណា​សា ដោយ​ការ​ចុះចត​ក្នុង​រដ្ឋ New Mexico សហរដ្ឋ​អាម៉េរិក នៅវេលា​ម៉ោង ៥៖៤៩ ថ្ងៃទី ២៦ ឧសភា (ម៉ោង​នៅ កម្ពុជា)។

    Starliner ចូល​ចត​នៅឯ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) កាលពី​ថ្ងៃទី ២១ ឧសភា ទៅតាម​បេសកកម្ម Orbital Flight Test ២ (OFT-២) ដែលជា​ភារកិច្ច​សំខាន់​ដើម្បី​បញ្ជាក់ថា យាន​នេះ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការដឹក​អវកាស​ចរ​របស់ ណា​សា ឡើង និង​ចុះ​ពី ISS។

    យានអវកាស​នេះ​គ្រោង​នឹង​ចាក​ចេញពី ISS នៅវេលា​ម៉ោង ១៖៣៦ ថ្ងៃទី ២៦ ឧសភា ដើម្បី​ហោះ​ចុះមក​កាន់​ផែនដី។ ក្រុម​អ្នកគ្រប់គ្រង OFT-២ គ្រោង​នឹង​ឱ្យ​យាន​នេះ​ចុះចត​លើ​កំពង់ផែ​អវកាស White Sands ជា​ព្រលាន​យានអវកាស​ដែល​ធ្លាប់​បម្រើឱ្យ​បេសកកម្ម​នៃ​យាន Shuttle របស់ ណា​សា។ ថ្ងៃទី ២៧ ឧសភា គឺជា​ពេលវេលា​ត្រៀម​បង្ការ​សម្រាប់​ការ​ចុះចត​ជាថ្មី បើសិន​មានការ​ខកខាន​មិនបាន​ចុះចត​ក្នុង​ថ្ងៃទី ២៦ ឧសភា។

    Starliner ធ្លាប់​ចុះចត​នៅលើ White Sands កាលពី​ខែធ្នូ ២០១៩ ក្នុង​បេសកកម្ម OFT ដំបូង​របស់ Boeing។ យាន​នេះ​ធ្លាប់​ជួប​បញ្ហា​មួយចំនួន​ក្នុង​ជើងហោះហើរ​នោះ និង​មិនអាច​ចូល​ចត​នៅ ISS បាន នាំឱ្យ​ក្រុម​អ្នកជំនាញ​ត្រូវធ្វើ​ការជួសជុល កែសម្រួល ហើយ​ធ្វើការ​សាកល្បង​បន្ត​ដែលមាន​ឈ្មោះថា OFT-។

    Boeing មិនមែនជា​ក្រុមហ៊ុន​តែមួយគត់​ដែល ណា​សា បានជ្រើសរើស​ដើម្បី​ដឹក​អ្នក​អវកាស​ឡើង​ចុះ​គន្លង​គោចរ​ផែនដី​នោះទេ។ ក្រុមហ៊ុន SpaceX ក៏មាន​កិច្ចព្រមព្រៀង​មួយ​ដូចគ្នានេះដែរ។ ក្រុមហ៊ុន​នេះ​បាន​ប្រើប្រាស់​រ៉ុក្កែត Falcon ៩ និង​យាន Crew Dragon ដឹក​មនុស្ស​ឡើងទៅ​កាន់ ISS បាន ៤ លើក​មកហើយ៕

  • ស្ថានីយ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បាន​ដំឡើង​ប្រព័ន្ធ​ម៉ាស៊ីន​ចុងក្រោយ​រួចរាល់​ហើយ

    ស្ថានីយ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បាន​ដំឡើង​ប្រព័ន្ធ​ម៉ាស៊ីន​ចុងក្រោយ​រួចរាល់​ហើយ

    (ប្រទេស​ចិន)-រោងចក្រ​វា​រី​អគ្គិសនី Baihetan បញ្ចប់​ជា​ស្ថាពរ​នូវ​កិច្ច​ការដំឡើង​ប្រព័ន្ធ​ម៉ាស៊ីន​ចុងក្រោយ​ដែលមាន​កម្លាំង ១ លាន​គីឡូវ៉ាត់ ត្រៀម​ដំណើរការ​ពេញលេញ។

    «នៅ​ខាងក្រោយ​ខ្ញុំ គឺជា​រោងចក្រ​វា​រី​អគ្គិសនី Baihetan» Zheng Bofei អ្នកយកព័ត៌មាន​រប​ស់ Xinhua រៀបរាប់។ «ប្រព័ន្ធ​ម៉ាស៊ីន​ចុងក្រោយ​ទើបតែ​ត្រូវបាន​ដំឡើង​រួចរាល់ មានន័យថា ស្ថានីយ​នេះ​ឈាន​ចូលដល់​ដំណាក់កាល​ជិត​បាន​ដំណើរការ​ពេញលេញ»។

    ប្រព័ន្ធ​ម៉ាស៊ីន​លេខ ៩ (No. 9) ត្រូវបាន​ដំឡើង​រួចរាល់​ហើយ។ គ្រប់​ប្រព័ន្ធ​ម៉ាស៊ីន​ទាំងអស់​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​ចាប់ពី​ចុងឆ្នាំ​នេះ។ ពេលនោះ Baihetan នឹង​ក្លាយជា រោងចក្រ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី ២ ក្នុង​ពិភពលោក បើ​និយាយ​អំពី​កម្លាំង​ដំឡើង​សរុប។

    ស្ថានីយ​វា​រី​អគ្គិសនី Baihetan បំពាក់​ម៉ាស៊ីន​វា​រី​អគ្គិសនី​ចំនួន ១៦ ហើយ​ក្នុង​ម៉ាស៊ីន ១ គ្រឿងៗ មាន​កម្លាំង ១ លាន​គីឡូវ៉ាត់ ដែលជា​កម្លាំង​ខ្លាំង​បំផុត​ក្នុង​ពិភពលោក។

    Kang Yonglin មកពី​ការិយាល័យ​សាងសង់ និង​បច្ចេកទេស​នៃ​ក្រុមហ៊ុន China Three Gorges Corporation ឱ្យដឹងថា «កម្លាំង​ម៉ាស៊ីន​ទោល​គឺ ១ លាន​គីឡូវ៉ាត់ មានន័យថា ប្រព័ន្ធ​ម៉ាស៊ីន ១ គ្រឿង អាច​ផលិត​អគ្គិសនី​បាន ១ លាន​គីឡូវ៉ាត់​ក្នុង ១ ម៉ោង»។

    នៅពេល​ប្រព័ន្ធ​ម៉ាស៊ីន​វា​រី​អគ្គិសនី​ទាំង ១៦ ដំណើរការ​ពេញលេញ អគ្គិសនី​ដែល​វា​ផលិត​បាន​ប្រចាំថ្ងៃ នឹង​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​ទីរួមស្រុក​មួយ​ដែលមាន​ប្រជាជន ៥០០,០០០ នាក់ ក្នុង​រយៈពេល ១ ឆ្នាំ។

    រោងចក្រ​វា​រី​អគ្គិសនី​នេះ​ស្ថិតនៅលើ​ទន្លេ Jinsha ដែលជា​ដៃ​ខាងលើ​នៃ​ទន្លេ Yangtze ក្នុង​ខេត្ត Sichuan និង Yunnan ភាគ​និរតី​នៃ ប្រទេស​ចិន។ ៧ ក្នុងចំណោម ១៦ ម៉ាស៊ីន​វា​រី​អគ្គិសនី​របស់ Baihetan ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ពេញ​លេញ។ ចាប់តាំងពី​ខែមិថុនា ២០២១ Baihetan ផលិត​អគ្គិសនី​បាន​ជាង ២៦.៥ ពាន់​លាន​គីឡូវ៉ាត់ម៉ោង​រួចហើយ។