Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមហ៊ុន Mitsubishi Fuso បង្ហាញ​រថយន្ត​ដឹកទំនិញ​អគ្គិសនី eCanter ជំនាន់​បន្ទាប់

    ក្រុមហ៊ុន Mitsubishi Fuso បង្ហាញ​រថយន្ត​ដឹកទំនិញ​អគ្គិសនី eCanter ជំនាន់​បន្ទាប់

    ក្រុមហ៊ុន Mitsubishi Fuso and Bus Corporation (MFTBC) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Mercedes-Benz Group និង Daimler Truck ថ្មីៗនេះ​បាន​បង្ហើប​ឱ្យដឹង​អំពី​ម៉ូ​ដែល​ជំនាន់​បន្ទាប់​របស់​រថ​យន្ត​ដឹកទំនិញ​អគ្គិសនី eCanter។

    រថយន្ត Fuso eCanter ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​កាលពី​ឆ្នាំ ២០១៧ ហើយ​ចាប់ពីពេលនោះ​មក រថយន្ត​នេះ​ប្រហែល ៤៥០ គ្រឿង​ត្រូវបាន​ប្រគល់ដល់ដៃ​អតិថិជន​នៅ ប្រទេស​ជប៉ុន អឺរ៉ុប អាម៉េរិក​ខាងជើង អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់។

    យោងតាម​ក្រុមហ៊ុន Fuso រថយន្ត​ដឹកទំនិញ​អគ្គិសនី​ជំនាន់​បន្ទាប់​ដែល​ត្រូវបាន​ណែនាំ​កាលពី​ខែមីនា នឹងមាន​លក្ខណៈ​ទាន់សម័យ​បំផុត។ eCanter នឹងមាន​ប្រហែល ២៨ កំណែ​សម្រាប់​ទីផ្សារ​ជប៉ុន និង​ជាង ៨០ កំណែ​សម្រាប់​ទីផ្សារ​បរទេស។ MFTBC ឱ្យដឹងថា កំណែ​ថ្មី​របស់ eCanter នឹងត្រូវ​បាន​ផលិត​ក្នុង​បរិមាណ​ច្រើន។

    រថយន្ត​ដឹកទំនិញ​អគ្គិសនី eCanter ជំនាន់​ថ្មី​នឹងត្រូវ​បានដាក់​លក់​ក្នុង ប្រទេស​ជប៉ុន ចាប់ពី​រដូវ​ផ្កា​រីក​ឆ្នាំ ២០២៣ និង​បន្ទាប់មកទៀត ដាក់លក់​នៅ សិង្ហ​បុរី ហុងកុង ឥណ្ឌូណេស៊ី អឺរ៉ុប អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់។

    ក្រៅពី​កំណែ​ដែលមាន​ទម្ងន់ ៧.៥ តោន (GVW) រថយន្ត​ដឹកទំនិញ​អគ្គិសនី eCanter ជំនាន់​ថ្មី ក៏​នឹងមាន​កំណែ​ដែលមាន​ទម្ងន់​ចាប់ពី ៤.២៥ តោន ដល់ ៨.៥៥ តោន​ផងដែរ។ កាប៊ីន​របស់​រថយន្ត​នេះ នឹងមាន​ទទឹង ២,១៣០ ម​ម និង​បណ្ដោយ​ប្រវែង​ពី ២,៥០០ ម​ម ដល់ ៤,៧៥០ ម​ម។

     

  • គម្រោង​ស្ថាបនា​រោងចក្រ​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ​ធំ​បំផុត​នៅ​ប្រទេស​ចិន (វីដេអូ)

    គម្រោង​ស្ថាបនា​រោងចក្រ​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ​ធំ​បំផុត​នៅ​ប្រទេស​ចិន (វីដេអូ)

    ប្រទេស​ចិន កាលពី​ថ្ងៃទី ០៩ កញ្ញា បានចាប់ផ្ដើម​ស្ថាបនា​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្ដៅ​ព្រះអាទិត្យ​ទំហំ ៤៣,០០០ គីឡូម៉ែត្រ​ក្រឡា នៅលើ​សមុទ្រ​ខ្សាច់ Tengger។

    គម្រោង​ផលិត​អគ្គិសនី​ខ្នាត​យក្ស​ដែល​នឹងមាន​កម្លាំង​ឡើងដល់ ៣ ជី​ហ្គា​វ៉ា​ត់ (gigawatt) នេះ ស្ថិតនៅក្នុង​ទឹកដី​នៃ​តំបន់​ស្វយ័ត Ningxia Hui ភាគ​ខាងជើង​ប្រទេស​ចិន។ គម្រោង​នេះ​នឹង​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ ៤៣,០០០ គីឡូម៉ែត្រ​ក្រឡា ជាមួយនឹង​កម្លាំង​ផលិតឡើង​ដល់ ៣ ជី​ហ្គា​វ៉ា​ត់ ឬ ៣ លាន​គីឡូ​វ៉ាត។

    ថវិកា​សម្រាប់​គម្រោង​នេះ​គឺ ១៥.២៥ ពាន់​លាន​យុន​ចិន ស្មើនឹង ២.២ ពាន់​លាន​ដុល្លារ​អាម៉េរិក។ បន្ទាប់ពី​ស្ថាបនា​រួចរាល់ ស្ថានីយ​អគ្គិសនី​ព្រះអាទិត្យ​ដ៏​ធំ​នេះ​អាច​ផលិត​អគ្គិសនី​បាន ៥.៧៨ ពាន់​លាន​គីឡូវ៉ាត់ម៉ោង ជា​រៀងរាល់ឆ្នាំ និង​រក​ចំណូល​ប្រចាំឆ្នាំ​បាន ១.៥ ពាន់​លាន​យុន ស្មើនឹង ២១៧ លាន​ដុល្លារ​អាម៉េរិក ព្រមទាំង​បង្កើត​ការ​បាន ១,៥០០ កន្លែង។

    គម្រោង​ខាងលើ​នឹង​រួមចំណែក​សំចៃ​ធ្យូងថ្ម​បាន ១.៩២ លាន​តោន នៅក្នុង​វិស័យ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម។ ជាង​នេះ វា​ក៏​កាត់បន្ថយ​ឧស្ម័ន​កាបូន​បាន​ប្រហែល ៤.៦៦ លាន​តោន និង​ឧស្ម័ន​ឌីអុកស៊ីត​បាន ៣៣,៩០០ តោន ក៏ដូចជា​ឧស្ម័ន​អាសូតឌីអុកស៊ីត បាន ៥០,០០០ តោន​ជា​រៀងរាល់ឆ្នាំ​ផងដែរ៕

  • រថយន្ត​អគ្គិសនី XPeng G9 បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ ប្រទេស​ចិន នា​សប្ដាហ៍​ក្រោយ

    រថយន្ត​អគ្គិសនី XPeng G9 បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ ប្រទេស​ចិន នា​សប្ដាហ៍​ក្រោយ

    ក្រុមហ៊ុន XPeng Motors នឹង​ចាប់ផ្ដើម​ដាក់លក់​ជា​ផ្លូវការ​នូវ​រថយន្ត SUV អគ្គិសនី​លំដាប់​ប្រណិត XPeng G9 ដែល​កំពុង​ត្រូវបាន​ទន្ទឹងរង់ចាំ នៅ​ចុងខែ​កញ្ញា​នេះ បន្ទាប់ពី​ត្រូវបាន​ប្រកាស​បង្ហាញ​​កាលពី​ខែវិច្ឆិកា​ឆ្នាំ​កន្លង។

    យោងតាម​ព័ត៌មាន​ដែល​ត្រូវបាន​ផ្សាយ​លើ​ទំព័រ Weibo កាលពី​ថ្ងៃទី ០៩ កញ្ញា ២០២២ ក្រុមហ៊ុន XPeng ឱ្យដឹងថា នឹងមាន​ព្រឹត្តិការណ៍​បង្ហាញ G9 តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត នៅ​ថ្ងៃទី ២១ កញ្ញា និង​អញ្ជើញ​ក្រុម​អ្នកមាន​ចំណាប់អារម្មណ៍​តាមដាន​តាមរយៈ​វីដេអូ។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​អំពី​ពេលវេលា​ជាក់លាក់​នៃ​ការចាប់ផ្ដើម និង​ផ្សាយ​នៅលើ​ថ្នាល​បច្ចេកវិទ្យា​ណាមួយ​នៅឡើយ។

    XPeng G9 ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង showroom របស់​ក្រុមហ៊ុន​នេះ នៅក្នុង ១៥ ទីក្រុងរបស់ ប្រទេស​ចិន ក្នុងនោះ​មាន ប៉េកាំង សៀង​ហៃ ក្វាង​ចូ​វ ហាង​ចូ​វ។ល។ ក្រៅពីនេះ ពួកគេ​មិនបាន​បង្ហើប​ឱ្យដឹង​ព័ត៌មាន​អ្វី​ទៀតឡើយ។

    រថយន្ត​ខាងលើនេះ​នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​របស់ ចិន ដំបូង​ដែល​ត្រូវបាន​ផលិតឡើង​​ក្រោម​​ថ្នាល SiC អគ្គិសនី​ថាមពល​ខ្ពស់ ៨00V និង​ប្រព័ន្ធ​គ្រប់​គ្រង​រថយន្ត​ដែល​ប្រើប្រាស់​ឈី​ប Nvidia DRIVE Orin។

    កាលពី​ថ្ងៃទី ១១ សីហា XPeng បានប្រកាសថា រថយន្ត​អគ្គិសនី XPeng G9 ចំនួន ២២,៨១៩ គ្រឿង ត្រូវបាន​បញ្ជា​ទិញ​ជាមុន​នៅក្នុង​រយៈពេល​តែ ២៤ ម៉ោង បន្ទាប់ពី​ក្រុមហ៊ុន​បើកទទួល​ការបញ្ជាទិញ។

    កាលពី​ថ្ងៃទី ១៥ សីហា ក្រុមហ៊ុន​ចិន​ខាងលើ​បានបង្ហាញ​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​រហ័ស​របស់ខ្លួន។ XPeng G9 អាចធ្វើ​ដំណើរ​បាន ២០០ គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​តែ ៥ នាទី ដោយ​ប្រើ​ប្រព័ន្ធ​បញ្ចូល​ថាមពល​ថ្មី​នេះ។ លទ្ធផល​នេះ​ត្រូវបាន XPeng បញ្ជាក់​តាមរយៈ​ការពិសោធ​ជាក់ស្ដែង​នៅពេលនោះ។

    តម្លៃ​របស់ XPeng G9 មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ យោងតាម​ការស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នកវិនិយោគ Tim Hsiao ប្រចាំនៅ​ធនាគារ​ Morgan Stanley បានឱ្យដឹងថា ពួកគេ​រំពឹងថា កំណែ​កំពូល​របស់ XPeng G9 នឹងមាន​តម្លៃ​ប្រហែល​ពី ៥២,០០០ ដល់ ៥៧,៧៥០ ដុល្លារ​អាម៉េរិក៕

  • ប្រេង​ធ្លាក់​ថ្លៃ​ចុះ​ទាប​ខ្លាំង ក្រោយពី​ការប្រែប្រួល​ពេញ​មួយ​សប្ដាហ៍

    ប្រេង​ធ្លាក់​ថ្លៃ​ចុះ​ទាប​ខ្លាំង ក្រោយពី​ការប្រែប្រួល​ពេញ​មួយ​សប្ដាហ៍

    ដើម​សប្ដាហ៍​នេះ (១២ កញ្ញា) តម្លៃ​ប្រេង​ឆៅ WTI ប្រគល់​មាន​កាលកំណត់ បន្ត​ទិន្នាការ​ថយចុះ។ បច្ចុប្បន្ន ប្រេង​ឆៅ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ​ក្រោម ៨៦ ដុល្លារ/ធុង បន្ទាប់ពី​បាន​ប្រែប្រួល​ពេញ​មួយ​សប្ដាហ៍។

    តម្លៃ​ប្រេង WTI ប្រគល់​មាន​កាលកំណត់​នា​ព្រឹក​នេះ​បន្ត​ធ្លាក់​ពី​ចំណុច ៨៦ ដុល្លារ/ធុង ចុះមក​នៅក្នុង​រង្វង់ ៨៥.២ ដុល្លារ។ ប្រេង Brent ក៏បាន​ធ្លាក់​ថ្លៃ ដោយ​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ ៩១.៥ ដុល្លារ ក្នុង ១ ធុង។

    ប្រេង​ឆៅ​ទើបតែ​បាន​ឆ្លងកាត់​តម្លៃ​ដែលមាន​ការប្រែប្រួល​ខ្លាំង​កាលពី​សប្ដាហ៍​កន្លង ក្នុងនោះ តម្លៃ​ប្រេង Brent ធ្លាក់​ថ្លៃ ០.២% និង​ប្រេង WTI ធ្លាក់​ថ្លៃ ០.១%។

    មូលហេតុ​ដែលនាំឱ្យ​ប្រេង​ឆៅ​ត្រូវ​ធ្លាក់​ថ្លៃ​បែបនេះ​គឺ​ដោយសារ​ការបារម្ភ​អំពី​ការថយចុះ​នៃ​តម្រូវការ​ប្រេងសាំង​របស់​ពិភពលោក ក្រោយពី​ធនាគារកណ្ដាលធំៗបន្ត​ដំឡើង​ការប្រាក់ និង​ស្ថានការណ៍​កូ​វីដ-១៩ នៅ ចិនដីគោក។ តម្លៃ​ប្រេង Brent បច្ចុប្បន្ន​បាន​ធ្លាក់ចុះ​ទាប​ខ្លាំង​បើ​ធៀប​នឹង ១៤០ ដុល្លារ/ធុង កាលពី​ខែមីនា និង​ធ្លាក់ចុះ​ទាប​បំផុត​រាប់​ចាប់ពី​ខែមករា។

    ផ្ទុយទៅវិញ ការសម្រេច​កាត់បន្ថយ​បរិមាណ​ប្រេង​ឆៅ​ក្នុង​ខែតុលា​ខាងមុខ​របស់ OPEC+ (ក្រុម​ប្រទេស​នាំចេញ​ប្រេង​ឆៅ និង​ដៃគូ​សហការ) បូករួម​នឹង​ការដែល​ក្រុមហ៊ុន Gazprom របស់ រុស្ស៊ី បិទ​ប្រព័ន្ធ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 និង​ភាព​តានតឹង​រវាង រុស្ស៊ី ជាមួយនឹង​លោកខាងលិច​នៅក្នុង​បញ្ហា​កំណត់​តម្លៃ​ពិតាន​របស់​ថាមពល នៅតែ​ជា​កត្តា​ដែល​ជួយ​ទប់​ការធ្លាក់​ថ្លៃ​ខ្លាំង​របស់​ប្រេង​ឆៅ​នាបច្ចុប្បន្ន៕

  • Intel សង់រោង​ច​ក្រលិត​ឈី​ប​អេ​ឡិច​ត្រូ​និ​ចត​ម្លៃ ២០ ពាន់​លាន​ដុល្លារ នៅ សហរដ្ឋ​អាម៉េរិក

    Intel សង់រោង​ច​ក្រលិត​ឈី​ប​អេ​ឡិច​ត្រូ​និ​ចត​ម្លៃ ២០ ពាន់​លាន​ដុល្លារ នៅ សហរដ្ឋ​អាម៉េរិក

    ក្រុមហ៊ុន Intel ទើបតែ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ឈី​ប​អេ​ឡិច​ត្រូ​និ​ចត​ម្លៃ ២០ ពាន់​លាន​ដុល្លារ នៅក្នុង​រដ្ឋ Ohio សហរដ្ឋ​អាម៉េរិក។

    សហរដ្ឋ​អាម៉េរិក កំពុងតែ​ដោះស្រាយ​បញ្ហា​ដាច់​ចង្វាក់​ផ្គត់ផ្គង់​ផលិតផល គ្រឿងបន្លាស់​នានា ដោយសារតែ​កូ​វីដ-១៩ បញ្ហា​ប្រែប្រួល​នៃ​ទីផ្សារ​សេដ្ឋកិច្ច និង​នយោបាយ។ ឈី​ប​អេ​ឡិច​ត្រូ​និ​ច​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អាទិភាព​ដំបូង​គេ​មួយ​នៅ សហរដ្ឋ​អាម៉េរិក។

    ក្រុមហ៊ុន Intel ទើបតែ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ឈី​ប​អេ​ឡិច​ត្រូ​និ​ចត​ម្លៃ ២០ ពាន់​លាន​ដុល្លារ នៅលើ​ផ្ទៃដី​ទំហំ​ជាង ៤០០ ហិកតា ក្នុង​រដ្ឋ Ohio សហរដ្ឋ​អាម៉េរិក។ បុគ្គលិក​ប្រមាណ ៣,០០០ នាក់​នឹង​ធ្វើការ​ក្នុង​រោងចក្រ​នេះ ហើយ​ផលិតផល​របស់​វា​គឺ​ឈី​ប​អេ​ឡិច​ត្រូ​និ​ច​ជាដើម ដែល​បម្រើ​ដល់​វិស័យ​អាកាសចរណ៍​អវកាស កុំព្យូទ័រ រថយន្ត ឧបករណ៍​វេជ្ជសាស្ត្រ ឬ​ទូរស័ព្ទដៃ ទូទឹកកក និង​ម៉ាស៊ីន​បោកគក់។ល។

    ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន បាន​អះអាងថា ការផលិត​ឈី​ប​អេឡិចត្រូនិក បច្ចុប្បន្ន​គឺជា​បញ្ហា​សន្តិសុខ​ជាតិ។ លោក បៃ​ដិ​ន ថ្លែងថា «យើង​ត្រូវតែ​ផលិត​ឈី​ប​នៅទីនេះ ក្នុង​ទឹកដី​អាម៉េរិក ដើម្បី​បន្ថយ​ការចំណាយ​លើ​ការផលិត និង​បង្កើត​ការងារ​បន្ថែម។ នោះ​គឺជា​បញ្ហា​សន្តិសុខ​សេដ្ឋកិច្ច និង​ជា​រឿង​សន្តិសុខ​ជាតិ»។

    សហរដ្ឋ​អាម៉េរិក កំពុងតែ​ប្រឹងប្រែង​ដើម្បី​នាំយក​វិស័យ​ផលិត​ឈី​ប​ត្រលប់​ចូលមក​ទឹកដី​នេះ​វិញ ដើម្បី​ប្រកួតប្រជែង​នឹង ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង ឬ សហភាព​អឺរ៉ុប ជាទី​ដែល​កំពុង​ត្រូវបាន​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ទាក់ទាញ​អ្នក​ផលិត​ឈី​ប។ សហរដ្ឋ​អាម៉េរិក បាន​បញ្ចេញ​គោលនយោបាយ​ផ្ដល់​អត្ថប្រយោជន៍​ដល់​បណ្ដា​ក្រុមហ៊ុន រោងចក្រ​នៅ សហរដ្ឋ​អាម៉េរិក ក្នុងការ​ប្រើប្រាស់​គ្រឿងបន្លាស់​ដែល​ផលិត​នៅក្នុង​ទឹកដី​នេះ។

    ក្រុមហ៊ុន​អន្តរជាតិ​ដូចជា Toyota ឬ Honda ជាដើម ក៏​កំពុងតែបន្ត​វិនិយោគ និង​សាងសង់​រោងចក្រ​ជាច្រើន​ទៀត​នៅ សហរដ្ឋ​អាម៉េរិក និង​ប្រើប្រាស់​ឈី​ប​ដែល​ផលិត​នៅក្នុង​ទឹកដី​នេះ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍ ការអនុគ្រោះ​នានា បន្ទាប់ពី​បញ្ហា​ដាច់​បណ្ដាញ​ផ្គត់ផ្គង់​កំពុង​ត្រូវបាន​ដោះស្រាយ​ជាបណ្ដើរ៕

  • តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែកញ្ញា ២០២២

    តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែកញ្ញា ២០២២

    នា​ព្រឹក​ថ្ងៃទី ១២ កញ្ញា​នេះ​ ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែកញ្ញា ២០២២។

    យោង​តាម​ប្រកាស​ថ្មី​របស់​ ក្រសួង​ពាណិជ្ជកម្ម សាំង​លក់​រាយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់​ក្នុង​​តម្លៃ  ៤,៤០០ រៀល​/លីត្រ​ ខណៈ​ប្រេង​ម៉ាស៊ូត​ លក់​  ៥,២០០ រៀល​/លីត្រ។

     

  • អតីត​សង្សារ​ដាក់លក់​ដេញថ្លៃ​វត្ថុ​អនុស្សាវរីយ៍​របស់​មហា​សេដ្ឋី Elon Musk

    អតីត​សង្សារ​ដាក់លក់​ដេញថ្លៃ​វត្ថុ​អនុស្សាវរីយ៍​របស់​មហា​សេដ្ឋី Elon Musk

    Jennifer Gwynne សង្សារ​កាលពី​ជំនាន់​នៅ​សិក្សា​របស់​មហាសេដ្ឋី Elon Musk កំពុង​ដាក់លក់​ដេញថ្លៃ​វត្ថុ​អនុស្សាវរីយ៍​ដែល​នាង​បានទទួល​ពី​លោក Musk កាលពី​សហស​វត្សរ៍​មុន។

    វត្ថុ​អនុស្សាវរីយ៍​ទាំងនេះ​នឹងត្រូវ​បាន​លក់​តាមរយៈ​ក្រុមហ៊ុន​លក់​ដេញថ្លៃ RR Auction ដែលមាន​ទីស្នាក់ការ​នៅ Boston សហរដ្ឋ​អាម៉េរិក។ យោងតាម RR Auction អ្នកស្រី Gwynne និង Musk ចាប់ផ្ដើម​ណាត់ជួប​គ្នា​តាំងពី​ឆ្នាំ ១៩៩៤ ពេល​ពួកគេ​ធ្វើជា​ទីប្រឹក្សា​ឱ្យ​អន្តេវាសិកដ្ឋាន​មួយ។ មិនយូរប៉ុន្មាន​បន្ទាប់​ពី​បានបញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យា Pennsylvania លោក Musk ក៏​ចាប់ផ្ដើម​ចូល​សិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ Stanford ប៉ុន្តែ​បាន​បោះបង់​ការសិក្សា​នេះ​ដើម្បី​បង្កើត Zip2 ដែលជា​ក្រុមហ៊ុន​ដំបូង​របស់គាត់។

    វត្ថុ​អនុស្សាវរីយ៍​ដែល​ត្រូវបាន​ដាក់លក់​ដេញថ្លៃ​រួមមាន រូបថត​កាលពី​វ័យក្មេង​ចំនួន ១៨ សន្លឹក​របស់លោក Musk ពេល​សិក្សា​នៅ​សាកលវិទ្យាល័យ Pennsylvania រួម​នឹង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត​ដែល​បង្ហាញ​អំពី​ភាពស្និទ្ធស្នាល​រវាង Musk និង Gwynne។

    រូបថត​ខាងលើ​បង្ហាញថា ជីវិត​កាលពី​នៅ​រៀន​របស់ Musk មាន​ភាពសាមញ្ញ មុនពេល​បានទទួល​​ជោគជ័យ ៖ ជប់លៀង​ក្នុង​បន្ទប់​នៅ​អន្តេវាសិកដ្ឋាន ដើរលេង​ជាមួយ​មិត្តភក្ដិ ឬ​ស្និទ្ធ​នឹង​សង្សារ។

    វត្ថុ​អនុស្សាវរីយ៍​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​នាបច្ចុប្បន្ន​គឺ ​បំ​បុត្រ​ជូនពរ​ថ្ងៃកំណើត​ដែលមាន​ហត្ថលេខា​របស់លោក Musk បន្ទាប់មក​គឺ​កងក​ដែល Musk បាន​ជូន​ក្នុង​ថ្ងៃកំណើត​របស់ Gwynne។

    គិត​មកដល់ពេលនេះ សំបុត្រ​ជូនពរ​ត្រូវបាន​គេ​ឱ្យ​ថ្លៃ ៧,០០០ ដុល្លារ ប៉ុន្តែ RR Auction ជឿថា វា​អាច​ត្រូវបាន​លក់​ក្នុងតម្លៃ ១០,០០០ ដុល្លារ។

    កងក​មាស​ដែល Musk បាន​ជូន Gwynne ធ្វើ​ពី​មាស​ មាន​ដាំ​ត្បូង ១ គ្រាប់​ដែល​រុករក​បាន​ពី​អណ្ដូងរ៉ែ នៅ សំ​ប៊ី និង​ធ្លាប់ជា​កម្មសិទ្ធិ​របស់លោក Errol ឪពុក​របស់លោក Musk ដែលជា​វិស្វករ និងជា​​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​​ ​ដែលមាន​ទ្រព្យ​ច្រើន​មួយ​​នៅ អាហ្វ្រិក​ខាងត្បូង។

    ក្រុម​អ្នក​ចូលចិត្ត​មហាសេដ្ឋី Elon Musk អាច​ចូលរួម​ការដេញថ្លៃ​ដែល​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ១៤ កញ្ញា​ ២០២២ ខាងមុខ៕

  • ថ្ម​ផ្ទុក​ថាមពល​នឹង​ក្លាយជា​គ្រោងឆ្អឹង​សំខាន់​មួយ​របស់​​រថយន្ត​អគ្គិសនី?

    ថ្ម​ផ្ទុក​ថាមពល​នឹង​ក្លាយជា​គ្រោងឆ្អឹង​សំខាន់​មួយ​របស់​​រថយន្ត​អគ្គិសនី?

    ថ្ម​ផ្ទុក​ថាមពល​របស់​រថ​យន្ត​អគ្គិសនី មិនមែនជា​ឧបករណ៍​មួយ​ផ្ទាំង​ធំ​ស្ថិតនៅក្នុង និង​ជាប់​ជាមួយនឹង​តួ​រថយន្ត​ឡើយ ពោលគឺ​វា​នៅ​ដាច់ដោយឡែក នាំឱ្យ​ក្រុម​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ជួប​បញ្ហា​នៅពេល​ចង់​ធ្វើឱ្យ​រថយន្ត​រត់​បាន​ឆ្ងាយ​ជាង​មុន និង​នៅតែ​ស្រាល។

    រថយន្ត Tesla Model S ប្រើប្រាស់​ថ្ម​ប្រភេទ​គ្រាប់​តូច​ដូច​ទៅនឹង​ថ្មពិល ហើយ​មាន​ចំនួន​តិច​ច្រើន​អាស្រ័យ​លើ​ប្រភេទ​រថយន្ត។ រថយន្ត​ដែល​ធ្ងន់​នឹងត្រូវ​បំពាក់​ថ្ម​កាន់តែច្រើន។

    រថយន្ត​អគ្គិសនី​មួយគ្រឿង​ដែល​បរបាន​ឆ្ងាយ​គឺ​ទាមទារ​ឱ្យមាន​ថ្ម​ផ្ទុក​ថាមពល​កាន់តែច្រើន ដូច្នេះ​ទម្ងន់​ថ្ម​ទាំងនោះ​នឹង​ធ្វើឱ្យ​រថយន្ត​កាន់តែ​ធ្ងន់ និង​ត្រូវការ​គ្រោងឆ្អឹង ប្រព័ន្ធ​គ្រឿង​ក្រោម និង​កង់​រឹងមាំ ហើយ​ប្រការនេះ​ក៏​កាន់តែ​ធ្វើឱ្យ​ទម្ងន់​របស់​រថយន្ត​កើនឡើង ទាមទារ​ឱ្យមាន​ថ្ម​ផ្ទុក​ថាមពល​កាន់តែច្រើន​បន្ថែមទៀត​ដើម្បី​រត់​បាន​ឆ្ងាយ​ជាង​មុន។ បញ្ហា​នេះ ពិតជា​ពិបាក​ដោះស្រាយ ដោយសារ​ជាវ​ដ្ដ​មួយ​ដែល​បង្កបញ្ហា​មិនចេះ​ឈប់​ទៅលើ​ទម្ងន់​របស់​រថយន្ត​អគ្គិសនី។

    ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ បច្ចុប្បន្ន ក្រុម​អ្នក​ផលិត​រថយន្ត​អគ្គិសនី ក្នុងនោះ​មាន Tesla របស់ សហរដ្ឋ​អាម៉េរិក និង BYD របស់ ប្រទេស​ចិន ជាដើម កំពុងតែ​អភិវឌ្ឍ​រូបរាង​របស់​ថ្ម​ផ្ទុក​ថាមពល​នេះ​ឡើងវិញ ដើម្បីឱ្យ​វា​ក្លាយទៅជា​ផ្នែក​មួយ​នៃ​គ្រោងឆ្អឹង​របស់​រថយន្ត ដោយ​វា​ត្រូវ​ដើរតួនាទី​ជា​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ផង និង​ជា​គ្រោងឆ្អឹង​ដ៏​រឹងមាំ​របស់​រថយន្ត​ផង។

    បើសិនជា​ធ្វើបាន​ដូចខាងលើ រថយន្ត​អគ្គិសនី​ជំនាន់ក្រោយៗប្រាកដ​ជាមាន​ទម្ងន់​កាន់តែ​ស្រាល កាត់​តែ​រឹងមាំ ហើយ​ថ្ម​កាន់តែ​អាច​ផ្ទុក​ថាមពល​អគ្គិសនី​បាន​ច្រើនជាង​មុន អនុញ្ញាតឱ្យ​បើកបរ​បាន​រហូតដល់​រាប់ពាន់​គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​ពេញ៕

  • ប្រទេស​ថៃ ចំណាយ ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ជួយ​ដល់​ការផលិត​ស្រូវ

    ប្រទេស​ថៃ ចំណាយ ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ជួយ​ដល់​ការផលិត​ស្រូវ

    ប្រទេស​ថៃ ដែលជា​អ្នក​នាំចេញ​អង្ករ​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ថ្មីៗនេះ​បាន​បញ្ចេញ​កញ្ចប់​ជំនួយ​សេដ្ឋកិច្ច​តម្លៃ​ជាង ៤ ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការផលិត​ស្រូវ។

    ទន្ទឹមនឹង​កញ្ចប់​ជំនួយ​ខាងលើ អាជ្ញាធរ​ថៃ ក៏​កំពុង​រក​វិធី​ដើម្បី​ដំឡើងថ្លៃ​អង្ករ​នាំចេញ ក្នុងពេលដែល​ការចំណាយ​លើ​ការដាំដុះ​ស្រូវ បាន​កើនឡើង​ខ្ពស់​ជិត​ទ្វេដង ធៀប​នឹង ២ ឆ្នាំមុន។

    ប្រភពព័ត៌មាន​ឱ្យដឹងថា យោងតាម​គណៈកម្មការ​គ្រប់គ្រង និង​គោលនយោបាយ​ជាតិ​ស្ដីពី​ស្រូវ​អង្ករ កញ្ចប់​ជំនួយ​តម្លៃ​ជាង ៤ ពាន់​លាន​ដុល្លារ​ខាងលើ​គឺ​សម្រាប់​ជួយ​ដល់​គម្រោង​ធានា​ប្រាក់ចំណូល​ពី​ការលក់​ស្រូវ​អង្ករ​របស់​ពលរដ្ឋ​ថៃ​ប្រមាណ ៤.៦ លាន​គ្រួសារ នៅក្នុង​រដូវ​ធ្វើស្រែ​សំខាន់​ក្នុង​ឆ្នាំ ២០២២-២០២៣។

    គណៈកម្មការ​គ្រប់គ្រង និង​គោលនយោបាយ​ជាតិ​ស្ដីពី​ស្រូវ​អង្ករ​របស់ ប្រទេស​ថៃ ក៏​អនុម័ត​លើ​វិធានការ​ជំនួយផ្សេងៗទៀត​ដើម្បី​រក្សា​តម្លៃ​អង្ករ ក្នុងនោះ​មានដូចជា​ការលើកទឹកចិត្ត​ដល់​កសិករ កុំឱ្យ​សម្រុក​លក់​ស្រូវ​លើ​ទីផ្សារ និង​ការផ្ដល់​ការប្រាក់​ក្នុង​អត្រា ៣% សម្រាប់​ក្រុមហ៊ុន សហគ្រាស​ទាំងឡាយណា​ដែល​យល់ព្រម​រក្សាទុក​អង្ករ​ក្នុង​ឃ្លាំង ក្នុង​គ្រា​ដែល​ប្រភព​ផ្គត់ផ្គង់​លើ​ទីផ្សារ​ថយចុះ។

    យោងតាម​ស្ថិតិ ក្នុង​រយៈពេល ៧ ខែ​ដើម​ឆ្នាំនេះ ប្រទេស​ថៃ បាន​នាំចេញ​អង្ករ​ជិត ៤ លាន​តោន តម្លៃ​ជាង ១.៩ ពាន់​លាន​ដុល្លារ ដោយ​បរិមាណ​ស្រូវ​បាន​កើន ៥៨% ធៀប​នឹង ៧ ខែ​ដើមឆ្នាំ ២០២១ ប៉ុន្តែ ទំហំ​ទឹកប្រាក់​កើនឡើង​តែ​ប្រហែល ៣៤% ប៉ុណ្ណោះ។

    អាជ្ញាធរ​ថៃ បានឱ្យដឹងថា ការចំណាយ​លើ​ការផលិត​ស្រូវ​បាន​កើនឡើង​ទ្វេដង ធៀប​នឹង ២ ឆ្នាំមុន ដោយសារ​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​បញ្ហា​អាកាសធាតុ ដែល​នាំ​ឱ្យ​ផលិត​ផល​ថែ​ទាំ​ការ​ពារ​ស្រូវ​មាន​តម្លៃ​ខ្ពស់ ស្រូវ​ផ្ដល់​ទិន្នផល​ទាប​ ខណៈដែល​តម្លៃ​ស្រូវ​អង្ករ​លើ​ទីផ្សារ​មិន​ឡើង​ប៉ុន្មាន។ ដូច្នេះ ប្រទេស​ថៃ នឹង​ដំឡើងថ្លៃ​អង្ករ​នាំចេញ​នាពេលខាងមុខ ដើម្បី​ឱ្យ​សមស្រប​ជាមួយនឹង​ការចំណាយ​លើ​ការដាំដុះ៕

     

  • អឺរ៉ុប បញ្ចេញ​ប្រាក់ ៥០០ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​សម្រាល​បញ្ហា​ចំណាយ​លើ​ថាមពល​របស់​ប្រជាជន

    អឺរ៉ុប បញ្ចេញ​ប្រាក់ ៥០០ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​សម្រាល​បញ្ហា​ចំណាយ​លើ​ថាមពល​របស់​ប្រជាជន

    ទឹកប្រាក់​សរុប​ដែល អង់គ្លេស និង សហភាព​អឺរ៉ុប (EU) គ្រោង​នឹង​បញ្ចេញ​ដើម្បី​ជួយ​បង់ថ្លៃ​វិក្កយបត្រ​ថាមពល​ខ្លះ​ជូន​ប្រជាជន និង​សហគ្រាស បាន​កើន​ឡើងដល់​ជាង ៥០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    រដ្ឋាភិបាល​អង់គ្លេស ទើបតែ​បានបញ្ជាក់​អំពី​ផែនការ​ផ្ដល់ជំនួយ​ជា​ថ្លៃ​ថាមពល​សម្រាប់​គ្រួសារ និង​សហគ្រាស​របស់​ប្រទេស​នេះ ដើម្បី​ទប់ស្កាត់​បញ្ហា​ឱនភាព​សេដ្ឋកិច្ច​នៅក្នុង​រដូវរងា​ឆ្នាំនេះ។ សហគមន៍​អ្នកវិភាគ​យល់ថា ផែនការ​ខាងលើ​របស់ អង់គ្លេស អាច​ឡើងដល់ ១៥០ ពាន់​លាន​ផោន (ប្រហែល ១៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    គិត​ជា​សរុប កញ្ចប់​ជំនួយ​ផ្នែក​ថាមពល នៅ​ទូទាំង​អឺរ៉ុប (EU បូក​នឹង អង់គ្លេស) បាន​ឡើងដល់​ជាង ៥០០ ពាន់​លាន​អឺរ៉ូ (៥០០ ពាន់​លាន​ដុល្លារ​អា​ម៉េ​រិ) ទៅហើយ នេះ​បើតាម CNN។

    ចាប់ពី​ខែតុលា​ខាងមុខ គ្រួសារ​ដែលមាន​ជីវភាព​មធ្យម​នៅ ប្រទេស​អង់គ្លេស​នឹងត្រូវ​ចំណាយ​មិន​លើសពី ២,៥០០ ផោន សម្រាប់​វិក្កយបត្រ​ថាមពល​ក្នុង​រយៈពេល ២ ឆ្នាំ​ខាងមុខ។ រដ្ឋាភិបាល​អង់គ្លេស ក៏​នឹង​ផ្ដល់ជំនួយ​ដល់​បណ្ដា​ក្រុមហ៊ុន សហគ្រាស និង​អង្គការក្រៅរដ្ឋាភិបាល រួម​នឹង​ស្ថាប័ន​សាធារណៈ នៅក្នុង​អំឡុង ៦ ខែ​ទៅមុខ ឬ​យូរ​ជាង​នេះ។

    Salomon Fiedler អ្នកវិភាគ​ប្រចាំ​ធនាគារ Berenberg ឱ្យដឹងថា គិត​ដោយឡែក កញ្ចប់​ជំនួយ​សម្រាប់​គ្រួសារ​នៅ អង់គ្លេស គឺអាច​ឡើងដល់ ១០០ ពាន់​លាន​ផោន ពោលគឺ​ជាង ៤% ធៀប​នឹង GDP របស់​ប្រទេស​នេះ។

    បច្ចុប្បន្ន ការចំណាយ​លើ​ថាមពល​ជា​មធ្យម​ប្រចាំ​របស់​គ្រួសារ​មួយ​នៅ អង់គ្លេស បាន​កើន ៥៤% ឡើងដល់ ១,៩៧១ ផោន។ បើសិន​មិនមាន​កញ្ចប់​ជំនួយ ខ្ទង់ចំណាយ​នៃ​នឹង​ឡើងដល់​លើសពី ៣,៥០០ ផោន នៅក្នុង​ខែតុលា ហើយ​អាច​ខ្ពស់ជាង​នេះ​នៅ​ឆ្នាំ​បន្ទាប់។ ចំណែក​ក្រុមហ៊ុន សហគ្រាស​ជាច្រើន​នៅ អង់គ្លេស ក៏បាន​ប្រកាសថា មិនអាច​ឆ្លង​ផុត​រដូវរងា​នេះ។

    «តម្លៃ​ដែល​ត្រូវ​ខាត​ដោយសារ​ការមិនធ្វើ​សកម្មភាព នឹងមាន​ទំហំ​ធំ​ជាង​ឆ្ងាយ​ធៀប​នឹង​ការចំណាយ​ក្នុង​ការធ្វើអន្តរាគមន៍» រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អង់គ្លេស Kwasi Kwarteng បានបញ្ជាក់​ដូច្នេះ៕