Category: សង្គម និងសេដ្ឋកិច្ច

  • (World Cup 2022) – Ronaldo លូកដៃ​ចូលក្នុង​ខោ​យក​អាហារ​មក​ទំពា​ហូប​ក្នុងពេល​ប្រកួត

    (World Cup 2022) – Ronaldo លូកដៃ​ចូលក្នុង​ខោ​យក​អាហារ​មក​ទំពា​ហូប​ក្នុងពេល​ប្រកួត

    អ្នកគាំទ្រ​បាល់ទាត់​មានការ​ភ្ញាក់ផ្អើល និង​មន្ទិល​ខ្លាំង​នៅពេល​ឃើញ​កីឡាករ​របស់ ព័រទុយហ្កាល់ Cristiano Ronaldo លូកដៃ​យក​អាហារ​ពី​ក្នុង​ខោ ហើយ​ដាក់ចូល​មាត់​ទំពា​ធ្វើ​ព្រងើយ នៅក្នុង​ការប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​របស់ ហ្កា​ណា។

    ក្នុង​នាទី​ទី 36 ក្នុងការ​ប្រកួត​រវាង ព័រទុយហ្កាល់ ជាមួយនឹង ហ្កា​ណា នៅ World Cup 2022 កាលពី​ថ្ងៃទី 24 វិច្ឆិកា ម៉ាស៊ីន​ថត​របស់​ទូរទស្សន៍​បាន​បាញ់​កាណុង​តម្រង់ Cristiano Ronaldo និង​ថត​បាន​ទិដ្ឋភាព​កីឡាករ​ខ្សែប្រយុទ្ធ​វ័យ 37 ឆ្នាំ​រូបនេះ លូកដៃ​ចូលក្នុង​ខោ ហើយ​បន្តិចក្រោយមក​ក៏​យក​របស់​អ្វី​ម្យ៉ាង​ដាក់ចូល​ក្នុង​មាត់ ទំពា​ធ្វើ​មិនដឹង នេះ​បើតាម​ទំព័រសារព័ត៌មាន Marca របស់ អេ​ស្ប៉ា​ញ។

    សកម្មភាព​របស់ Ronaldo ធ្វើឱ្យ​អ្នកគាំទ្រ​បាល់ទាត់​មួយចំនួន​មានការ​មន្ទិលសង្ស័យ នាំឱ្យមាន​ការបញ្ចេញមតិ​ជាច្រើន។ «Ronaldo កំពុង​ទំពា​ថ្នាំជក់» គណនី Twitter មួយ​សរសេរ​ដូច្នេះ។

    មនុស្ស​ម្នាក់ទៀត​យល់ថា FIFA គួរតែ​ចូលធ្វើ​អន្តរាគមន៍ និង​ស្វែងយល់​អំពី​សកម្មភាព​នៅពេល​កំ​ពុង​ប្រកួត​របស់​តារាបាល់ទាត់​ជនជាតិ​ព័រទុយហ្កាល់​រូបនេះ។ ម្នាក់នេះ​សរសេរ​លើ Twitter ថា «Ronaldo គួរតែ​ត្រូវបាន​ស៊ើបអង្កេត»។

    សារព័ត៌មាន​ព័រទុយហ្កាល់ យល់ថា Ronaldo ប្រហែលជា​ហូប​អាហារ​បំប៉នកម្លាំង​ដែល​ដាក់​នៅក្នុង​ខោ​ជាស្រេច​មុនពេល​ចូល​ប្រកួត។ ចំណែក សមាគម​បាល់ទាត់​ព័រទុយហ្កាល់ វិញ បានឱ្យដឹងថា កីឡាករ​រូបនេះ​គ្រាន់តែ​យក​ស្ករ​កៅស៊ូ​ពី​ក្នុង​ខោ​ដើម្បី​ទំពា​ប៉ុណ្ណោះ។

    ទាក់ទិន​នឹង​បញ្ហា​ដែល​ត្រូវបាន​លើកឡើង​ខាងលើ កីឡាករ​ពាក់អាវ​លេខ 7 របស់ ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្កាល់ មិនទាន់មាន​ការបកស្រាយ​អ្វី​នៅឡើយ៕

  • អ្នក​បង្ហាញផ្លូវ​នៅ World Cup 2022 ធ្វើឱ្យ​ផ្ទុះ​ការចាប់អារម្មណ៍​នៅ​ប្រទេស​កាតា

    អ្នក​បង្ហាញផ្លូវ​នៅ World Cup 2022 ធ្វើឱ្យ​ផ្ទុះ​ការចាប់អារម្មណ៍​នៅ​ប្រទេស​កាតា

    Abubakr Abbass ក្លាយជា​បាតុភូត​លេចធ្លោ​នៅលើ​បណ្ដាញ​សង្គម ដោយសារតែ​វិធី​បង្ហាញផ្លូវ​ប្រកបដោយ​ភាពសប្បាយ​រីក​របស់គាត់ សម្រាប់​អ្នកគាំទ្រ​បាល់ទាត់​នៅពេល​ទៅ​មើល World Cup នៅ កាតា។

    អង្គុយ​នៅលើ​កៅអី​សម្រាប់​អាជ្ញាកណ្ដាល​នៃ​កីឡា​វាយ​កូន​បាល់ (tennis) និង​កាន់​ស្លាក​បង្ហាញផ្លូវ​ដែលមាន​រូបរាង​ជា​ម្រាមដៃ Abubakr Abbass គឺជា​អ្នក​បង្ហាញផ្លូវ​ម្នាក់​សម្រាប់​ភ្ញៀវ​ដែល​មកពីផ្សារ Souq Waqif នៅ រដ្ឋធានី​ដូ​ហា ប្រទេស​កាតា ទៅកាន់​ស្ថានីយ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នៅក្បែរនោះ។

    «ស្ថានីយ​រថភ្លើង​អគ្គិសនី​ក្រោម​ដី? ផ្លូវ​នេះ។ ស្ថានីយ​រថភ្លើង​អគ្គិសនី​ក្រោម​ដី? ផ្លូវ​នេះ» (Metro? This way) Abbass វ័យ 23 ឆ្នាំ មកពី កេ​ន​យ៉ា និយាយ​ដាក់​ប្រដាប់​បំពង​សំឡេង​ជា​បន្តបន្ទាប់​ដូច្នេះ។

    សកម្មភាព​បង្ហាញផ្លូវ​ដ៏​សប្បាយរីករាយ​របស់ Abbass បាន​នាំឱ្យ​មនុស្សម្នា​មានការ​ចាប់អារម្មណ៍​ខ្លាំង។ នៅពេល Abbass និយាយថា «ស្ថានីយ​រថភ្លើង​អគ្គិសនី​ក្រោម​ដី?» ភ្ញៀវ​ទាំងឡាយ​ក៏​ស្រែក​ហ៊ោ​តាម​ថា «ផ្លូវ​នេះ»។

    នៅលើ​បណ្ដាញ​សង្គម គេ​ឃើញ​មានការ​បង្ហោះ​វីដេអូ​បង្ហាញ​ពី​សកម្មភាព​របស់ Abbass ក៏ដូចជា​ភាពសប្បាយ​រីករាយ​រប​ស់​អ្នកគាំទ្រ​បាល់ទាត់​ដែល​បាន​ជួប បានឃើញ និង​បាន​ថតរូប​ជាមួយ Abbass៕

  • ក្រសួង​សាធារណការ និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី BYD ពិភាក្សាគ្នា​អំពី «ការដំឡើង​ឆ្នាំង​សាក​ថ្ម​ល្បឿន​លឿន​នៅ​ទូទាំងប្រទេស»

    ក្រសួង​សាធារណការ និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី BYD ពិភាក្សាគ្នា​អំពី «ការដំឡើង​ឆ្នាំង​សាក​ថ្ម​ល្បឿន​លឿន​នៅ​ទូទាំងប្រទេស»

    កាលពី​ថ្ងៃទី 25 វិច្ឆិកា​កន្លងទៅ តំណាង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ជួបពិភាក្សា​ជាមួយ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា ក្នុង​បំណង​ផ្លាស់ប្ដូរ​យោបល់​ស្ដីពី ការជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ កម្ពុជា និង​ការដំឡើង​ឆ្នាំង​សាក​ថ្ម​ល្បឿន​លឿន​សម្រាប់​រថយន្ត​អគ្គិសនី​នៅ​ទូទាំងប្រទេស។

    យោងតាម​ក្រុមហ៊ុន BYD នៅក្នុង​ជំនួប​រវាង ក្រសួង​សាធារណការ និង​ក្រុមហ៊ុន BYD លោក Henry Yip ដែលជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BYD Auto Industry បាន​ណែនាំ​នូវ​ផលិតផល​មួយ​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់ របស់​ក្រុមហ៊ុន BYD ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ នោះ​គឺ រថភ្លើង​លើ​អាកាស (Sky Rail)។

    តប​ទៅនឹង​ការបង្ហាញ​របស់ BYD ខាងលើ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ផែនការ​នេះ​នឹង​អាច​សម្រេចបាន​នាពេល​សមស្រប​ណាមួយ​នៅក្នុង​ពេលអនាគត។

    លោក Marco Mok នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BYD Cambodia បាន​ណែនាំ​នូវ​ផែនការ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុននេះ​សម្រាប់​​​ឆ្នាំ 2023 ខាងមុខនេះ​ផងដែរ។ ប៉ុន្តែ សេចក្ដីលម្អិត មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ។

  • អ៊ីរ៉ង់ ឈ្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​មកពី អឺរ៉ុប ជា​លើកដំបូង​នៅ World Cup

    អ៊ីរ៉ង់ ឈ្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​មកពី អឺរ៉ុប ជា​លើកដំបូង​នៅ World Cup

    ការ​ផ្ដួល​ក្រុមបាល់ទាត់​របស់ ប្រទេស​វ៉ែល​ស៍ ដោយ​លទ្ធផល 2-0 គឺជា​ជ័យជម្នះ​លើកដំបូង​ដែល​ក្រុម​ជម្រើសជាតិ​របស់ អ៊ីរ៉ង់ យកឈ្នះ​លើ​ក្រុម​មកពី អឺរ៉ុប នៅក្នុង​ការប្រកួត​បាល់​ទាត់​ពិភពលោក World Cup។

    នៅក្នុង 4 រដូវ​កាល​មុន​របស់ World Cup អ៊ីរ៉ង់ បាន​ប៉ះ​ក្រុមបាល់ទាត់​មកពី អឺរ៉ុប ចំនួន 6 ប្រកួត ក្នុងនោះ​មានតែ 1 ប្រកួត​ប៉ុណ្ណោះ ដែល អ៊ីរ៉ង់ បាន «ស្មើមុខ ស្មើ​មាត់» នៅពេល​ទាត់​ជាមួយ​ក្រុម​របស់ ព័រទុយហ្កាល់ ក្នុង​វគ្គ​ជម្រុះ​កាលពី​ឆ្នាំ 2018 ដែល​ទទួលបាន​លទ្ធផល 1-1។

    ក្រុម​ជម្រើសជាតិ​របស់​ប្រទេស​អាស៊ី​ខាងលិច​មួយ​នេះ បាន​ចាញ់ យូ​ហ្គោ​ស្លា​វី (ឈ្មោះ​ចាស់) 0-1, ចាញ់ អាល្លឺម៉ង់ 0-2 ក្នុង​ឆ្នាំ 1998, ចាញ់ ព័រទុយហ្កាល់ 0-2 ក្នុង​ឆ្នាំ 2006, ចាញ់ បូ​ស្នី & ហឺ​ហ្សី​ហ្គូ​វី​ណា ឆ្នាំ 2014 និង​ចាញ់ អេ​ស្ប៉ា​ញ 0-1 ក្នុង​ឆ្នាំ 2018។

    ជ័យជម្នះ​លើ វ៉ែល​ស៍ (Wales/ វ៉ែល​ស៍ ជា​រាជាណាចក្រ​មួយ​នៅក្នុង​ចក្រភព​អង់គ្លេស) នៅលើ​កីឡដ្ឋាន Ahmed bin Ali នា​ថ្ងៃនេះ ក៏​ទើបតែ​ជា​លើក​ទី 3 ដែល អ៊ីរ៉ង់ ឈ្នះ​ការប្រកួត​នៅ World Cup។ មុន​នោះ អ៊ីរ៉ង់ បាន​ផ្ដួល អាម៉េរិក 2-1 ក្នុង​ឆ្នាំ 1998 និង​ផ្ដួល ម៉ា​រ៉ុ​ក 1-0 ក្នុង​ឆ្នាំ 2018៕

  • ស្ថានីយ​អវកាស​របស់ ចិន នឹង​សាកល្បង​បាញ់​បញ្ជូន​អគ្គិសនី​គ្មាន​ខ្សែ​តង់ស្យុងខ្ពស់​មកកាន់​ផែនដី

    ស្ថានីយ​អវកាស​របស់ ចិន នឹង​សាកល្បង​បាញ់​បញ្ជូន​អគ្គិសនី​គ្មាន​ខ្សែ​តង់ស្យុងខ្ពស់​មកកាន់​ផែនដី

    ស្ថានីយ​អវកាស Tiangong នឹងចូលរួម​គម្រោង​ប្រមូល​ថាមពលព្រះអាទិត្យ​ក្នុង​អវកាស ហើយ​បាញ់​បញ្ជូន​មកកាន់​ផែនដី​ក្នុង​ទម្រង់​កាំរស្មី​មីក្រូ​វ៉េវ​ថាមពល​កម្រិត​ខ្ពស់ មិន​នឹងត្រូវ​បានទទួល និង​បំប្លែង​ទៅជា​អគ្គិសនី។

    ស្ថានីយ​អវកាស Tiangong របស់ ប្រទេស​ចិន បាន​ដំណើរការ​ពេញលេញ​បន្ទាប់ពី​ម៉ូឌុល​ចុងក្រោយ​ដែលមាន​ឈ្មោះថា Mengtian ត្រូវបាន​ភ្ជាប់​ទៅនឹង​បន្ទប់​ស្នូល​កាលពីដើម​ខែវិច្ឆិកា 2022។

    កាលពី​ថ្ងៃទី 22 វិច្ឆិកា លោក Yang Hong ប្រធាន​ផ្នែក​រចនា​របស់​ស្ថានីយ​អវកាស​ចិន បានឱ្យដឹងថា Tiangong នឹង​ដើរតួនាទី​សំខាន់​ក្នុង​គម្រោង​រោងចក្រ​ថាមពលព្រះអាទិត្យ​នៅ​ទី​អវកាស (SSPS) របស់ ប្រទេស​ចិន។ Tiangong នឹង​ផ្ដល់​ថ្នាល​សម្រាប់​ការសាកល្បង​ឧបករណ៍​អគ្គិសនី​តង់ស្យុង​ខ្ពស់ និង​ជួយ​ដំឡើង​ឧបករណ៍ធំ។

    យោងតាម​លោក Yang Hong ស្ថានីយ​អវកាស​ចិន មាន​ធនធាន និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ពិសោធ សាកល្បង​បច្ចេកវិទ្យាសំខាន់ៗ ជំរុញ​ការអភិវឌ្ឍ​បច្ចេកវិទ្យា និង​ប្រមូល​ទិន្នន័យ​នៃ​ការធ្វើ​តេស្ត​នៅលើ​គន្លង​គោចរ​សម្រាប់​គម្រោង SSPS។

    រោងចក្រ​ថាមពលព្រះអាទិត្យ​នៅ​ទី​អវកាស​របស់ ប្រទេស​ចិន នឹង​ជា​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ដែលមាន​ទំហំ 1 គីឡូម៉ែត្រ នេះ​បើតាម Chinese Space Science and Technology ចុះផ្សាយ​កាលពី​ខែមិថុនា 2022។ រោងចក្រ​នេះ​នឹង​បាញ់​បញ្ជូន​កាំរស្មី​មីក្រូ​វ៉េវ​ថាមពល​កម្រិត gigawatt ពី​ចម្ងាយ 36,000 គីឡូម៉ែត្រ មកកាន់​ផែនដី។ រោងចក្រ​នេះ​ដំណើរការ 24 ម៉ោង/ថ្ងៃ ដោយ​កាំរស្មី​របស់​វា​អាច​ឆ្លងកាត់​ពពក និង​ត្រូវ​បានទទួល​ដោយ​អង់​តែ​ន​នៅលើ​ផែនដី មុននឹង​បំប្លែង​ទៅជា​អគ្គិសនី។

    ក្រៅពី ប្រទេស​ចិន កន្លងមក សហរដ្ឋ​អាម៉េរិក ក៏បាន​រៀប​ផែនការ​បាញ់​បង្ហោះ​ផ្កាយរណប​ឡើងទៅ​កាន់​ទី​អវកាស​នៅ​ឆ្នាំ 2025 ដើម្បី​ផលិត និង​បាញ់​បញ្ជូន​កាំរស្មី​មីក្រូ​វ៉េវ​ថាមពល​កម្រិត​ខ្ពស់​មកកាន់​ផែនដី​ផងដែរ៕

  • Ronaldo បង្ក​ការភ្ញាក់ផ្អើល ព្រោះតែ​លោត​កម្ពស់​ជាង 2 ម៉ែត្រ ក្នុងការ​ប្រកួត​ឈ្នះ ហ្កា​ណា 3-2

    Ronaldo បង្ក​ការភ្ញាក់ផ្អើល ព្រោះតែ​លោត​កម្ពស់​ជាង 2 ម៉ែត្រ ក្នុងការ​ប្រកួត​ឈ្នះ ហ្កា​ណា 3-2

    (កាតា)-កីឡាករ​ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើឱ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយសារ​សមត្ថភាព​ប្រយុទ្ធ «លើ​អាកាស» ដ៏​កម្រ​មាន នៅក្នុង​ការប្រកួត​ដែល ព័រ​ទុល​ហ្កា​ល់ បានឈ្នះ ហ្កា​ណា 3-2 នៅ World Cup 2022 កាលពី​ថ្ងៃទី 24 វិច្ឆិកា។

    នាទី​ទី 16 ចាប់ផ្ដើម​ពី​គ្រាប់​បាល់​ពិន័យ​នៅ​ជ្រុង​ខាងឆ្វេង ខ្សែបម្រើ Bruno Fernandes បញ្ជូន​បាល់​ទៅឱ្យ Raphael Guerreiro។ ខ្សែការពារ​ស្លាប​ខាងឆ្វេង​របស់ ព័រទុយហ្កាល់ គ្រប់គ្រង​បាល់​បាន​បន្តិច រួច​ទាត់​ប្លោង​តម្រង់​ទី​ពី​ចម្ងាយ។ ពេល​បាល់​ហោះ​ផុតពី​ជើង​របស់ Guerreiro ភ្លាម Ronaldo ក៏​រត់​ចូល និង​លោត​កម្ពស់​ជាង 2 ម៉ែត្រ តែ​តបាល់​សំដៅ​ទី ប៉ុន្តែ​មិនបាន​សម្រេច។

    មិនទាន់មាន​ទិន្នន័យ​ដែល​អះអាង​អំពី​កម្ពស់​ដែល Ronaldo បាន​លោត​ដល់​នៅក្នុង​ការ​តែ​តបាល់​ខាងលើ​នៅឡើយ។ ប៉ុន្តែ Mohammed Salisu (កីឡាករ​ដែលមាន​កម្ពស់ 1.91 ម៉ែត្រ) របស់ ហ្កា​ណា ដែល​បាន​លោត​ដែរនោះ ក្បាល​របស់​ខ្សែការពារ​កណ្ដាល​នេះ ខ្ពស់ជាង​បន្តិច​ប៉ុណ្ណោះ ធៀប​នឹង​ចង្កេះ​របស់ Ronaldo។

    កាលពី​ឆ្នាំ 2011 Ronaldo ធ្លាប់​ចូលរួម​ការ​សាល​ក្បង​វាស់​ស្ទង់​ស​ន្ទ​ស្សន៍​រាងកាយ​របស់ Fox Soccer។ បណ្ឌិត Neil Smith អ្នកជំនាញ​ប្រចាំ​សាកលវិទ្យាល័យ Chichester បញ្ជាក់ថា Ronaldo អាច​លោត​ផុតពី​ដី 0.44 ម៉ែត្រ នៅពេល​ឈរ​នឹង និង 0.78 ម៉ែត្រ​នៅពេល​រត់។

    កាលពី​ឆ្នាំ 2019 ពេល​លេង​ឱ្យ Juventus កីឡាករ Ronaldo ក៏​ធ្លាប់​រកបាន 1 គ្រាប់​ដោយសារ​សមត្ថភាព​លោត​របស់ខ្លួន។ ក្រោយ​ការទា​ត់បាល់​ប្លោង​របស់ Alex Sandro ខ្សែប្រយុទ្ធ​របស់ ព័រទុយហ្កាល់ នេះ ក៏​លោត​កម្ពស់ 2.56 ម៉ែត្រ ក្នុងនោះ ក្បាលជង្គង់​របស់គាត់​ហាក់​ស្មើនឹង​ក្បាល​របស់​គូប្រជែង និង​តែ​ត​បញ្ចូល​ទី​របស់ Sampdoria បានសម្រេច។

    ក្នុង​ឆ្នាំ 2019 ដដែល Ronaldo ហក់​ឡើង​កម្ពស់ 2.47 ម៉ែត្រ ដើម្បី​ទទួល​គ្រាប់​បាល់​របស់ Emre Can ហើយក៏​តែ​ត​ប៉ើង​ទី​របស់ Torino។

    ជាង​នេះ នៅ Champions League ក្នុង​រដូវ​កាល​ឆ្នាំ 2012-2013 Ronaldo ពេលនោះ​ទាត់​ឱ្យ​ក្រុម Real Madrid ក៏​ធ្លាប់បាន​លោត​ឡើងដល់​កម្ពស់ 2.93 ម៉ែត្រ និង​ស្ថិតនៅលើ​អាកាស 0.73 វិនាទី ដើម្បី​ទទួល​បាល់​របស់ Angel Di Maria និង​តែ​ត​បញ្ចូល​ទី​របស់ David De Gea គ្រា​ដែល Patrice Evra មិនអាច​ធ្វើ​អ្វី​បាន។ នៅមាន​ទិន្នន័យ​ច្រើន​ជាងនេះទៀត…

    ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់ Ronaldo «តែ​ត» បញ្ចូល​ទី​បាន 140 គ្រាប់ ក្នុងនោះ 112 គ្រាប់​រកបាន​នៅក្នុង 104 ប្រកួត​នៅ​ថ្នាក់​ក្លឹប និង 28 គ្រាប់​រកបាន​នៅក្នុង 194 ប្រកួត ក្នុងពេល​ទាត់​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់។ តួលេខ​នេះ​គឺ​ច្រើនជាង​កំពូល​អ្នក​តែ​តបាល់​ដូចជា Oliver Bierhoff, Miroslav Klose ឬ Peter Crouch ទៅ​ទ​ផត៕

  • វិស័យ​សេវាកម្ម​ភោជនីយដ្ឋាន​​នៅ កាណាដា ​កំពុង​​ឆ្ពោះ​ទៅ​រក​​ការ​ប្រើ​ប្រាស់​​​មនុស្ស​​យន្ត ​ដោយ​សារ​​កង្វះ​​​ធន​ធាន​មនុស្ស

    វិស័យ​សេវាកម្ម​ភោជនីយដ្ឋាន​​នៅ កាណាដា ​កំពុង​​ឆ្ពោះ​ទៅ​រក​​ការ​ប្រើ​ប្រាស់​​​មនុស្ស​​យន្ត ​ដោយ​សារ​​កង្វះ​​​ធន​ធាន​មនុស្ស

    ទីផ្សារការងារ​ដែល​កំ​ពុង​ខ្វះ​ធនធានមនុស្ស ធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​នៅ កាណាដា ជួប​ការលំបាក​ខ្លាំង​នៅក្នុង​ការជ្រើសរើស​បុគ្គ​លិ​ក ជាហេតុ​ធ្វើ​ឱ្យ​មាន​ការ​ពិចារណា​ទៅ​លើ​ការ​ប្រើ​ប្រាស់​មនុស្ស​យន្ត។

    ទិន្នន័យ​ស្ដីពី​ទីផ្សារការងារ​ថ្មី​បំផុត​របស់ ការិយាល័យ​ជំរឿន​​កាណាដា (StatCan) បង្ហាញថា អត្រា​នៃ​ការបាត់បង់​ការងារ​ស្ថិតនៅក្នុង​កម្រិត 5.2% ដែល​នេះ​គឺជា​តួលេខ​​ត្រូវបាន​ក្រុម​សេដ្ឋវិទូ​យល់ថា «ការងារ​មាន​គ្រប់គ្រាន់» មានន័យថា គ្រប់គ្នា​សុទ្ធតែ​អាច​រក​ការងារ​បានធ្វើ។

    យោងតាម StatCan ការងារ​ជិត 1 លាន​កន្លែង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​នៅក្នុង​ត្រីមាស​ទី 2 ឆ្នាំ 2022 ហើយ​ប្រាក់​ឈ្នួល​គិត​ជា​ម៉ោង​កំពុងតែ​កើនឡើង​ប្រហែល 5%/ឆ្នាំ។ ប្រការនេះ​ក៏​កំពុងតែ​បង្កើន​សម្ពាធ​លើ​បញ្ហា​អតិផរណា។

    ទេសាភិបាល​ធនាគារជាតិ​កាណាដា (BoC) Tiff Macklem ឱ្យដឹងថា កាណាដា កំពុងស្ថិត​ក្នុងស្ថានភាព​សល់​ការងារ ដោយសារតែ​កង្វះ​​កម្លាំង​ពលកម្ម។

    រ៉ូបូត​ឆុង​ភេសជ្ជៈ​ស្វ័យប្រវត្ត

    ម្ចាស់​អាជីវកម្ម​មួយចំនួន​នៅក្នុង​វិស័យ​ភោជនីយដ្ឋាន​យល់ថា ដំណោះស្រាយ​សម្រាប់​បញ្ហា​ខ្វះ​ធនធានមនុស្ស​គឺ​ការ​ប្រើប្រាស់​​មនុស្ស​យន្ត (រ៉ូ​បូត)។ ការ​ងាក​ទៅរក​រ៉ូ​បូត​គឺ​មានន័យ​សម្រាប់​វិស័យ​សេវាកម្ម​អាហារ​ភេសជ្ជៈ។ វិស័យនេះ​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ក្នុង​អត្រា 9.3% ខ្ពស់បំផុត​នៅក្នុង​ខែសីហា 2022 ដោយមាន​ការងារ​ថ្មី​ចំនួន ជាង 136,000 កន្លែង។

    Stephen Tapp ប្រធាន​ផ្នែក​សេដ្ឋកិច្ច​នៅ ការិយាល័យ​ពាណិជ្ជកម្ម​កាណាដា យល់ថា ក្រុមហ៊ុន​នានា​គួរតែ​ប្រើប្រាស់​រ៉ូ​បូត​ឱ្យបាន​ច្រើន។

    ក៏ប៉ុន្តែ បញ្ហា​​ប្រាក់​ដុល្លារ​កាណាដា ធ្លាក់​ថ្លៃ ធៀប​នឹង ប្រាក់​ដុល្លារ​អាម៉េរិក អាចធ្វើឱ្យ​ទំនិញ​បច្ចេកវិទ្យា ក្នុងនោះ​មាន​ម៉ាស៊ីន​ស្វ័យប្រវត្ត​ជាដើម​ដែល​នាំចូល​ពី​បរទេស ឡើងថ្លៃ​កាន់តែ​ខ្ពស់។ ហានិភ័យ​នៃ​ការដំឡើង​ការប្រាក់​របស់ រតនាគារជាតិ​អាម៉េរិក ក៏​បណ្ដាលឱ្យ​ក្រុមហ៊ុន សហគ្រាស​នានា​ត្រូវ​ចំណាយ​ច្រើនជាង​មុន​នៅក្នុង​ការវិនិយោគ​ទៅលើ​ឧបករណ៍​បង្កើន​ផលិតភាព។

    Josh Nye អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​ប្រចាំ​ធនាគារ Royal Bank របស់ កាណាដា (Royal Bank of Canada) យល់ថា សហគ្រាស​ទាំង​ឡាយ​​ដែល​កំពុង​ជួប​ការលំបាក​ក្នុងការ​ជ្រើសរើស​បុគ្គលិក អាច​បន្ត​ការវិនិយោគ​ទៅលើ​គ្រឿង​ម៉ាស៊ីន​ស្វ័យប្រវត្ត បើសិនជា​​ល្បឿន​រីកចម្រើន​​នៃ​​អាជីវកម្ម​​របស់​ពួក​គេ​មិន​ថមថយ​៕

  • ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​សេវា​កំសាន្ត​លំដាប់​កំពូល​លើ​ពិភពលោក មានបំណង​បណ្ដាក់ទុន​នៅ កម្ពុជា

    ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​សេវា​កំសាន្ត​លំដាប់​កំពូល​លើ​ពិភពលោក មានបំណង​បណ្ដាក់ទុន​នៅ កម្ពុជា

    ក្រុមហ៊ុន Doppelmayr Group របស់ ប្រទេស​អូទ្រីស ដែលមាន​ជំនាញ​ក្នុងការ​វិនិយោគ​លើ​កន្ត្រក​ខ្សែ​រ៉​ត​សម្រាប់​តំបន់ភ្នំ បានបង្ហាញ​អំពី​បំណង​ក្នុងការ​បណ្ដាក់ទុន​នៅ ខេត្ត​ព្រះសីហនុ ជា​តំបន់​ដែលមាន​សក្ដានុពល​ខ្លាំង​សម្រាប់​វិស័យ​ទេសចរណ៍។

    កាលពី​រសៀល​ថ្ងៃទី 24 វិច្ឆិកា 2022 ក្នុងជំនួប​ជាមួយ​ទ្វេភាគី​ជាមួយ​តំណាង​ក្រុមហ៊ុន Doppelmayr Group លោក ឯម ភាព អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ សមស្រប​ជាមួយ ខេត្ត​ព្រះសីហនុ ហើយ​ការវិនិយោគ​កន្ត្រក​ខ្សែ​រ៉​ត​នៅ តំបន់​កោះរ៉ុង គឺជា​រឿង​ល្អ​បំផុត។

    ប្រសាសន៍​របស់លោក អភិបាលរង​ខេត្ត​ព្រះសីហនុ ត្រូវ​បានលើកឡើង​បន្ទាប់ពី​ប្រធាន​ក្រុមហ៊ុន Doppelmayr Group បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​ការវិនិយោគ​លើ​កន្ត្រក​ខ្សែ​រ៉​ត​សម្រាប់​តំបន់ភ្នំ​នៅលើ​ទឹកដី​នៃ​ខេត្ត​នេះ។

    Doppelmayr Group ជា​ក្រុមហ៊ុន​វិនិយោគ​របស់ ប្រទេស​អូទ្រីស ដែល​ទើប​ចូល​ប្រទេស​កម្ពុជា ដើម្បី​សិក្សា​ស្វែងយល់​អំពី​ឱកាស​វិនិយោគ លើ​សេវា​កម្សាន្ត មានដូចជា ទោង​យោល​ខ្សែ​រ៉​ត​ជាដើម នេះ​បើតាម​លោក Martin Ladner។

    យោងតាម​លោក Martin Ladner ក្រុមហ៊ុន Doppelmayr Group បាន​វិនិយោគ​លើ​វិស័យ​កន្ត្រក​ខ្សែ​រ៉​ត ក្នុងនោះ​មាន​កន្ត្រក​ខ្សែ​រ៉​ត​តំបន់ភ្នំ ខ្សែ​រ៉​ត​សម្រាប់​ការដឹកជញ្ជូន​ក្នុង​ក្រុង​ជាដើម ហើយ​ថា ក្រុមហ៊ុន​បាន​វិនិយោគ​នៅក្នុង​ប្រទេស​ចំនួន 50 លើ​ពិភពលោក៕

  • ក្រសួង​ប្រៃសណីយ៍ ប្រកាស​អំពី​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ កម្មវិធី​រកប្រាក់​ចំណូល​តាម Youtube នៅ កម្ពុជា

    ក្រសួង​ប្រៃសណីយ៍ ប្រកាស​អំពី​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ កម្មវិធី​រកប្រាក់​ចំណូល​តាម Youtube នៅ កម្ពុជា

    ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ កាលពី​ថ្ងៃទី 24 វិច្ឆិកា 2022 បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ កម្មវិធី​រកប្រាក់​ចំណូល (Monetization) តាម Youtube នៅ កម្ពុជា។

    បន្ទាប់ពី​ផ្អាក​ការផ្ដល់សេវា​រក​ចំណូល លើ​ថ្នាល​វីដេអូ YouTube នៅ ប្រទេស​កម្ពុជា ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ទាក់ទង​និង​សហការ​ជាមួយ​តំណាង YouTube ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នេះ​ជូន​អ្នក​ផលិត​មាតិកា YouTube របស់​យើង នេះ​បើតាម ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​កាលពី​ម្សិលមិញ

    ក្រសួង​ប្រៃសណីយ៍ បន្តថា ស្វែងរក​ដំណោះស្រាយ «ជា​លទ្ធផល ចាប់ពី​ខែវិច្ឆិកា ឆ្នាំ 2022 នេះ​តទៅ ក្រុមហ៊ុន YouTube បាន​ដាក់ឱ្យ​ដំណើរការ​ផ្លូវការ «កម្មវិធី​ភាពជា​ដៃគូ» (YouTube Partner Program) នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អនុញ្ញាតឱ្យ​អ្នក​ផលិត​មាតិកា YouTube នៅ កម្ពុជា អាច​រកចំណូលបាន ព្រមទាំង​ឱកាស​ចូលទៅ​ប្រើប្រាស់​មុខ​ងារសំខាន់ៗ និង​ធនធាន​ជាច្រើន​របស់ YouTube ផងដែរ»។

    ក.ប.ទ. បញ្ជាក់ថា នឹង​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន YouTube និង​ក្រុមហ៊ុន​នានា​ដែលមាន​ថ្នាល​វីដេអូ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​ដល់​អ្នក​ផលិត​មាតិកា​ដូចដែល​បានធ្វើ​កន្លងមក សំដៅ​ពង្រឹងសមត្ថភាព​ក្នុង​ការផលិត​មាតិកាល្អៗ គោរព​តាម​គោលការណ៍​កម្មសិទ្ធិបញ្ញា ប្រកបដោយ​គំនិត​ច្នៃប្រឌិត ផ្ដល់​អត្ថប្រយោជន៍ និង​ពុទ្ធិ​ដល់​សាធារណជន​ដូចជា​ការអប់រំ កំសាន្ដ បច្ចេកវិទ្យា​ឌីជីថល ធុរកិច្ច និង​នវានុវត្តន៍​ជាដើម។

  • វៀតណាម ​សម្ពោធ​​ការ​នាំចេញ​រថយន្ត​អគ្គិសនី​ទៅកាន់​ទីផ្សារ​ក្រៅបរទេស

    វៀតណាម ​សម្ពោធ​​ការ​នាំចេញ​រថយន្ត​អគ្គិសនី​ទៅកាន់​ទីផ្សារ​ក្រៅបរទេស

    នា​ថ្ងៃទី 25 វិច្ឆិកា 2022 នេះ នៅ​ទីក្រុង Hai Phong ក្រុមហ៊ុន VinFast ប្រារព្ធ​ពិធី​សម្ពោធ​ការនាំចេញ​រថយន្ត​អគ្គិសនី VF8 ជា​លើកដំបូង​ទៅកាន់​ទីផ្សារ​អាម៉េរិក ដោយមាន​វត្តមាន​រប​ស់ នាយករដ្ឋមន្ត្រី​វៀតណាម រួម​នឹង​ក្រុមមន្ត្រី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ។

    យោងតាម​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់ វៀតណាម VinFast  រថយន្ត​អគ្គិសនី VF8 ដំបូងៗដែល​នាំ​ចេញពី​កំពង់ផែ MPC នៅ​ទីក្រុង Hai Phong ប្រទេស​វៀតណាម ទៅកាន់ សហរដ្ឋ​អាម៉េរិក គឺមាន​ចំនួន 999 គ្រឿង។

    ខាងលើនេះ​គឺជា​រថយន្ត​អគ្គិសនីដំបូងៗក្នុងចំណោម 65,000 គ្រឿង​ដែល VinFast នឹងត្រូវ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ តាម​ការបញ្ជាទិញ​រប​ស់​អតិថិជន។

    រយៈពេល 20 ថ្ងៃ បន្ទាប់ពី​បាន​ចាក​ចេញពី​កំពង់ផែ MPC នៅ​ទីក្រុង Hai Phong ខាងលើ ទំនិញ​ទាំងនេះ​នឹង​ទៅដល់ សហរដ្ឋ​អាម៉េរិក ហើយ​ប្រគល់ឱ្យ​អតិថិជន​ចាប់ពី​ចុងខែ​ធ្នូ​ខាងមុខ។

    ភាគី​ក្រុមហ៊ុន​ឱ្យដឹងថា បន្ទាប់ពី ទីផ្សារ​អាម៉េរិក VinFast នឹង​នាំចេញ​រថយន្ត​អគ្គិសនី VF8 ទៅកាន់ ទីផ្សារ​កាណាដា និង អឺរ៉ុប ដើម្បី​អាច​ប្រគល់ឱ្យ​អតិថិជន​បាន​ទាន់ពេល​នៅ​ឆ្នាំ 2023៕