Category: សង្គម និងសេដ្ឋកិច្ច

  • កំណើនសេដ្ឋកិច្ចកើនជាង 8% ដោយសារការចាយលុយដុល្លារ

    កំណើនសេដ្ឋកិច្ចកើនជាង 8% ដោយសារការចាយលុយដុល្លារ

    ក្នុងរយៈពេល 15ឆ្នាំចុងក្រោយនេះ ដុល្លាររូបនីយកម្ម បានរួមចំណែកជាវិជ្ជមាន ដល់ការរីកចម្រើនសកម្មភាពសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណជា 8.5% ខណៈប្រាក់ដុល្លារត្រូវបានចរាចរយ៉ាងទូលំទូលាយនៅកម្ពុជា ប្រមាណជាង 80% ធៀបនឹងប្រាក់រៀល។

    តាមរបាយការណ៏ធនាគារជាតិ បានលើកឡើងថា ល្បឿនកំណើនដ៍គួរឱ្យកត់សម្គាល់នេះ ត្រូវបានជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស ការនាំចេញ និងសមាហរណកម្មយ៉ាងឆាប់រហ័សទៅក្នុងតំបន់ និងពិភពលោក។ ទោះយ៉ាងនេះក្តី ខណៈដែលកម្ពុជា កំពុងក្លាយទៅជាប្រ​ទេសមានចំណូលមធ្យម កម្រិតដុល្លាររូបនីយកម្មខ្ពស់ បានធ្វើឱ្យកម្ពុជាងាយរងឥទ្ឋិពលពីខាងក្រៅ និងប្រឈមនឹងហានិភ័យជាចម្បង ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចដែរ។

    រូបិយវត្ថុជាតិតំណាងឱ្យអធិបតេយ្យភាពផ្នែករូបិយវត្ថុ និងភាពរឹងមាំរបស់ជាតិ កម្ពុជាចាំបាច់ត្រូវបង្កើនភាពឯករាជ្យពីការប្រើប្រាស់រូបិយវត្ថុជាតិ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្រ្តជំរុញការប្រើប្រាក់រៀល តាមរយៈការបង់ពន្ធ ការបង់ថ្លៃទឹកភ្លើង ត្រូវធ្វើឡើងជាប្រាក់រៀល រួមនឹងការរក្សាតម្លៃប្រាក់រៀល តាមរយៈការធ្វើអត្រាប្តូរប្រាក់ឱ្យមានស្ថេរភាពជាដើម។

    កន្លងមករាជរដ្ឋាភិបាល​ និងធនាគារជាតិ មិនបានប្រើប្រាស់វិធានការរដ្ឋបាល ដើម្បីបង្ខំឱ្យសាធា​រណៈជនប្រើប្រាស់ប្រាក់រៀលនោះទេ ដោយហេតុថាការជំរុញនេះ អាចបណ្តាលឱ្យមានទីផ្សារងងឹតប្រើប្រាស់ប្រាក់ដុល្លារអាមេរិក និងលំហូរមូលធនចេញពីប្រទេស។ រដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា នឹងបន្តប្រើប្រាស់យុទ្ធសាស្រ្ត លើកទឹកចិត្តក្នុងការប្រើប្រាស់ប្រាក់រៀល ជំនួសឱ្យវិធានការរដ្ឋបាល។

    ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា កត្តាសំខាន់ដែលនឹងជួយជំរុញឱ្យមានការផ្លាស់ប្តូរ ទៅរកការ​ប្រើប្រាស់រូបិយវត្ថុជាតិ អាស្រ័យជាចាំបាច់លើការរួមចំណែក ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់​។ ការរួមចំណែកទាំងនេះ អាចត្រូវបានធ្វើឡើងតាមរយៈ ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនឡើងក្នុងជីវភាពប្រចាំថ្ងៃ ចាប់តាំងពីការខ្ចីប្រាក់រៀលរហូតដល់ទិញទំនិញនៅតាមទីផ្សារ ការវិនិយោគសោធននិវត្តន៍ជាដើម។ ចរាចរណ៍ប្រាក់រៀលកាន់តែច្រើននៅលើទីផ្សារ នឹងពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាពនៅពេលអនាគត ជាចាំបាច់គឺត្រូវយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល៕

     

  • ទស្សនិកជនស្រែកទ្រហោយំ ពេលបានឮសំឡេងស្ត្រីម្នាក់ រួចជីវិតពីធ្លាក់យន្តហោះ

    ទស្សនិកជនស្រែកទ្រហោយំ ពេលបានឮសំឡេងស្ត្រីម្នាក់ រួចជីវិតពីធ្លាក់យន្តហោះ

    ស្ត្រីម្នាក់ដែលមានឈ្មោះថា Kechi Catches ជាបេក្ខនារីមកពីទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក ដែលកាលពីមុន នាងរស់នៅប្រទេស Negeria ហើយជាប្រទេសស្ថិតនៅក្នុងតំបន់អាហ្រិកខាងជើង។ គោលបំណងនាងមកចូលរួមប្រលងនៅក្នុងកម្មវិធីប្រលងសមត្ថភាពលំដាប់ពិភពលោក America’s Got Talent 2017 ក៏ព្រោះតែនាងចង់បង្ហើរសំឡេងដល់ទស្សនិកជនអាមេរិកបានឮ បើទោះបីជានាងមានរូបឆោមឆេះខ្លោចអាក្រក់មើលក៏ដោយ ។

    ខណៈដែលណែនាំខ្លួនរួចហើយ គណៈកម្មការ លោក Simon បានចោទសួរនាងថា «តើអ្នកនឹងលើកបទអ្វីមកច្រៀង?» នាងមិនបានតបតាមសំណួរភ្លាមនេះទេ នាងបានបង្វែរអារម្មណ៍ទស្សនិកជនរួមទាំងគណៈកម្មការទាំងអស់មកស្ដាប់ប្រវិត្តជីវិតនាងបន្ដិចដែលលាក់កប់ទុកក្នុងចិត្តជាយូរណាស់មកហើយថា​ «ល្អ! ពិតណាស់ខ្ញុំបានរួចផុតមានជីវិតពីការធ្លាក់យន្ដហោះ នៅពេលដែលខ្ញុំមានអាយុ 16​ឆ្នាំ បានហោះហើរត្រឡប់មកប្រទេស Negeria ហើយគ្រានេះមនុស្សបានស្លាប់ 107 នាក់ ក្នុងចំណោមមនុស្ស 109នាក់ ដែលខ្ញុំជាម្នាក់ នៃអ្នកដំណើរ 2នាក់បានរស់រានមានជីវិត»។

    ដោយការងឿងឆ្ងល់របស់ លោក Simon បានបន្ដសួរទៀតថា «តើអ្នកពិតជាបានដោះស្រាយស្ថានការណ៍នេះដោយរបៀបណា?»។ នាងក៏តបវិញថា «ពិតណាស់ ពេលដឹងខ្លួនគឺ ខ្ញុំបានដេកសម្រាកនៅលើគ្រែក្នុងមន្ទីរពេទ្យ​ដោយមានរុំរបួស ក្បាល ហើយនិងជើង ដែលមិនអាចកម្រើកបាន ហើយបទចម្រៀងនេះគឺបាន​ សម្ដែងពីការរួចជីវិតរបស់ខ្ញុំ និងជាអ្វីដែលមានអត្ថន័យសម្រាប់ខ្ញុំ»។

    ចុងក្រោយនៅពេលដែល នាងបានបន្លឺសំនៀងដ៏ពីរោះក្រអួនក្រអៅចេញមកក្រៅ គណៈកម្មការ និងទស្សនិកជន ចំហរមាត់ភ្ញាក់ផ្អើលចំពោះស្ត្រីមានរូបសម្រស់ដ៏គួរឱ្យភ័យខ្លាច មិនចង់ឱ្យចង់ក្បែរនោះ បែរជាអាណិតស្រណោះនាង និងលន្លង់លន្លោចទៅតាមមនោសញ្ចេតនារបស់បទចម្រៀង រហូតដល់ស្រក់ទឹកភ្នែកតាម៕

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូចខាងក្រោមនេះ ៖

    https://www.youtube.com/watch?v=iUP9lehOji0

  • អត់ម្ដេចបាន!!! ចាំអង្កាល់ទៀតបានទៅលេងព្រឹត្តិការណ៍ «កាលយើងនៅក្មេង»

    អត់ម្ដេចបាន!!! ចាំអង្កាល់ទៀតបានទៅលេងព្រឹត្តិការណ៍ «កាលយើងនៅក្មេង»

    ព្រឹត្តិការណ៍ «កាលយើងនៅក្មេង» គឺជាគម្រោងទី2 របស់ក្រុមទាយាទអង្គរ បន្ទាប់ពីបានធ្វើដោយជោគជ័យនូវគម្រោងទី1 ម្ដងរួចមកហើយនៅឯរាជធានីភ្នំពេញ គឺ៖ « លក្ខណៈពិសិដ្ឋនៃអក្សរសាស្ត្រ និង សាស្រ្តាស្លឹករឹតខ្មែរ» ៖ 2016 – CKCC។

    «កាលយើងនៅក្មេង» នឹងប្រព្រឹត្តទៅចំនួន 2ថ្ងៃកន្លះ គឺថ្ងៃសៅរ៍ អាទិត្យ និងព្រឹកថ្ងៃច័ន្ទ ទី8-9-10 រោច ខែជេស្ឋ ឆ្នាំរកា នព្វស័ក ព. ស. 2561 ត្រូវនឹងថ្ងៃទី 17-18 និង 19 ខែមិថុនា ឆ្នាំ 2017 នៅឯវត្តបុរាណ ចំប៉ា ជិតកៀនស្វាយ តាមបណ្ដោយផ្លូវជាតិលេខ1 រាជធានីភ្នំពេញ។

    នៅក្នុងព្រឹត្តិការណ៍ «កាលយើងនៅក្មេង» មានកម្មវិធីដូចជា៖

    1. គោរពទង់ជាតិ និង ភ្លេងជាតិខ្មែរ បទនគររាជ។
    2. លេង ល្បែងកាលនៅក្មេង និង ល្បែងប្រជាប្រិយ ក្នុងមួយថ្ងៃ 18មុខ។
    3. សរសេររឿងរ៉ាវ អនុស្សាវរីយ៍ និង បទពិសោធន៍កាលនៅក្មេង នៅលើ ខ្លោងទ្វាររឿង ។
    4. កូនទំពាំងពិសិដ្ឋ៖ ជាកូនបណ្ណាល័យតូចមួយ ដែលឱកាសឲ្យអ្នកចូលរួមក្លាយជាគ្រូរបស់ក្មេងៗមួយថ្ងៃដូចជា៖ ការអានសៀវភៅឲ្យក្មេងៗស្ដាប់ បង្រៀនក្មេងៗ ។ល។ ទីនេះក៏បំផុសគំនិត៖ កុមារម្នាក់ អ្នកចូលរួមម្នាក់ សំរាមមួយថង់ ផងដែរ។
    5. ហត្ថកម្ម៖ បត់រូបផ្សេងៗអំពីក្រដាស-ស្លឹកត្នោត-ស្លឹកដូង រៀនចាក់ចេក រៀនបត់ឈូកថ្វាយព្រះ និង រៀនដោតភួងម្លិះថ្វាយចំពោះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រិយានី (អបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រិយានី សម្ដេចយាយ)។
    6. ពិព័រណ៍វត្តបុរាណ៖ បង្ហាញលក្ខណៈវត្ត និងព្រះវិហារបុរាណខ្មែរ-សាស្ត្រាស្លឹករឹត-គំនូរសាស្ត្រាល្បែង
    7. ជិះរទេះគោទៅទស្សនាព្រះវិហារបុរាណ 3ទៀតនៅក្នុងភូមិ ដូចជា វត្តមជ្ឈិមវ័ន វត្តមុនីសាគរ និង វត្តវិចិត្តារាម-ផ្ទះបុរាណខ្មែរ-សិប្បកម្មតម្បាញក្រមា។
    8. ដើរភ្លក្សអាហារ និង ទិញរបស់របរកាលនៅក្មេង។
    9. រៀនធ្វើ ចង្កៀង និង គោមផ្កាយនិស្ស័យ។
    10. វេទិកាកុមារ៖ ការបង្ហាញម៉ូដកុមារ នារីសប្បុរស និង ទស្សនីយភាពដោយកុមារៗដែលមានទេពកោសល្យ។
    11. រាត្រីចាប៉ីដងវែង-ភ្លេងបុរាណខ្មែរ
    12. ក្បួនថ្វាយភួងម្លិះចំពោះព្រះឆាយាល័ក្ខណ៍ ដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម នៅថ្ងៃចម្រើនព្រះជន្ម។
    13. នារីសប្បុរស-រំដួលលិចទឹក៖ កញ្ញារំដួលលិចទឹកលក់បាយឡុកបាយឡ និង ការស្វែងរកសប្បុរិសធម៌ជួយកុមារ និង ចាស់ជរាទុរគតក្នុងភូមិ។ យើងក៏បំផុសផងដែរនូវកុសលដែលអ្នកចូលរួមបានសម្អាតវត្តអារាម ព្រះវិហារបុរាណរួមគ្នាផងដែរ។
    14. ល្បែងបេសកកម្ម៖ បេសកកម្មដែលអ្នកចូលរួមត្រូវធ្វើទាក់ទងនឹងព្រឹត្តិការណ៍។
    15. អ្នកចូលរួមនឹងទទួលបាននូវ ផែនទីទេសចរណ៍ ម្នាក់មួយផ្ទាំង ដែលតម្រូវឲ្យចូលរួមគ្រប់សកម្មភាពរបស់ព្រឹត្តិការណ៍ ដើម្បីទទួលបានត្រា ដែលមានឱកាសទទួលបាន តុក្កតាអាថ៌កំបាំង – និមិត្តរូបរបស់ព្រឹត្តិការណ៍។

    គួរបញ្ជាក់ផងដែរថា កម្មវិធី «កាលយើងនៅក្មេង» មានទស្សនវិស័យដ៏សំខាន់មួយគឺ «ដើម្បីលើកស្ទួយព្រះវិហារបុរាណរបស់ខ្មែរ ដែលជាបេតិកភណ្ឌជាតិដែលកំពុងតែសាបសូន្យ» ដោយផ្សារភ្ជាប់ការកម្សាន្ត សប្បុរិសធម៌ ការលើកស្ទួយវប្បធម៌ជាតិ-វិស័យអប់រំ និង ការបំផុសគំនិតទេសចរណ៍សហគមន៍។ ជាអត្ថន័យដ៏ស៊ីជម្រៅ ព្រឹត្តិការណ៍ «កាលយើងនៅក្មេង» ចង់ឲ្យអ្នកគ្រប់គ្នានឹកឃើញដល់កាលដែលគេនៅជាកុមារ ដែលវេលានោះ នៅក្នុងព្រះនគរយើង នៅសេសសល់ព្រះវិហារបុរាណ មានចំនួនច្រើនជាងសព្វថ្ងៃ។ ឆ្លងកាត់ដំណើរនៃពេលវេលា ព្រះវិហារបុរាណទាំងឡាយ ជាភស្ដុតាងប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់ កំពុងតែរងគ្រោះដោយការវាយកម្ទេចចោល ហើយជំនួសមកវិញនូវព្រះវិហារថ្មី គួរជាទីព្រួយបារម្ភជាពន់ពេកណាស់។

    ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ជួលតូបលក់ផលិតផលដែរ សូមទាក់ទងតាមរយៈលេខទូរសព្ទខាងក្រោមនេះ៖

    081 809 536 / 086 566 778 / 077 220 083 / 010 281 069 / 010 600 848 / 012 679 995

    ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រ Facebook ទាយាទអង្គរ – Angkor Inheritor


     

  • កំណើនអ្នកចូលទស្សនាពិព័រណ៍អន្តរជាតិមានការកើនឡើង

    កំណើនអ្នកចូលទស្សនាពិព័រណ៍អន្តរជាតិមានការកើនឡើង

    នេះជាថ្ងៃទីពីរហើយដែលពិព័រណ៍អន្តរជាតិស្ដីពី «ស្ថាបត្យកម្ម និងការតុបតែងនៅកម្ពុជា» បានប្រព្រឹត្តទៅ ក្នុងនោះគេសង្កេតឃើញថា មានកំណើននៃអ្នកចូលរួមមានការកើនឡើង។

    ពិធីតាំងពិព័រណ៍អន្តរជាតិដែលប្រព្រឹត្ដទៅរយៈពេល 3ថ្ងៃចាប់ពីថ្ងៃ 08-11 ខែមិថុនា ឆ្នាំ 2017 ដែលរៀបចំឡើងនៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។ នៅថ្ងៃទី1 មានពាណិជ្ជករចូលទស្សនា រង្វង់ 1,164នាក់ និងនិស្សិតចំនួន 357នាក់ មានកំណើន 30-40% ធៀបទៅនឹងឆ្នាំ 2016។ នៅថ្ងៃនេះមានពាណិជ្ជករ 1,172នាក់ និងនិស្សិត 512នាក់មានកំណើនរង្វង់ 30% ធៀបទៅឆ្នាំ2017។

    ពិធីនេះរៀបចំឡើងដើម្បីផ្ដល់ឱកាសដល់ស្ថាបត្យករ និងអ្នកតុបតែងទាំងអស់ឱ្យបានឃើញនូវសម្ភារទំនើបៗ សម្រាប់ធ្វើការអភិវឌ្ឍលើវិស័យសំណង់ និងស្ថាបត្យកម្មនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ និងមានភាពរីកចម្រើន។ក្នុងនោះក៏មានការជួបជុំរវាងស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍន៍វិស័យអចលទ្រព្យ និងអ្នកជំនាញខាងសំណង់ ដើម្បីផ្លាស់ប្តូរបទពិសោធ អំពីគំនិតច្នៃប្រឌិត និងនិន្នាការចុងក្រោយបង្អស់នៅក្នុងវិស័យនេះដែលមានការចូលរួមពីក្រុមហ៊ុនល្បីៗក្នុង និងក្រៅស្រុកចំនូន150 ដែលមានកំណើន 25% ធៀបទៅនឹងឆ្នាំ2016 ក្នុងនោះមានការចូលរួមពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា និងប្រទេសចិនជាដើម៕

  • ផ្សារទំនើបខ្នាតអន្តរជាតិថ្មីមួយនឹងបើកដំណើរការនៅសប្តាហ៍ក្រោយ

    ផ្សារទំនើបខ្នាតអន្តរជាតិថ្មីមួយនឹងបើកដំណើរការនៅសប្តាហ៍ក្រោយ

    ភ្នំពេញៈ ផ្សារទំនើបស្តង់ដារអន្តរជាតិថ្មីមួយ គឺផ្សារទំនើបក្នុងអគារ Exchange Square នឹងបើកដំណើរការនៅសប្តាហ៍ក្រោយនេះហើយ។

    អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី10 មិថុនានេះថា ផ្សារទំនើបស្ថិតក្នុងអគារ Exchange Square ទំហំ 8,000ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្រោយស្ថានទូតអាមេរិក នឹងបើកដំណើរការនៅថ្ងៃទី15 មិថុនាខាងមុខនេះហើយ។ ផ្សារទំនើបនេះមានកម្ពស់ 4ជាន់ ចាប់ផ្តើមពីជាន់ផ្ទាល់ដី ដល់ជាន់ទី3 និងជាន់ទី4 នឹងប្រើប្រាស់ជាក្លឹបហាត់ប្រាណ ហើយចាប់ពីជាន់ទី5ដល់ជាន់ទី20 នឹងប្រើប្រាស់ជាអគារការិយាល័យ។

    អ្នកនាងបន្តថា «រហូតមកទល់ពេលនេះផ្សារទំនើបនេះ ទទួលបានការជួលជាង 60ភាគរយហើយនៃផ្ទៃក្រឡាសរុប។ ផ្សារទំនើបនេះនឹងមានលក់សម្លៀកបំពាក់ម៉ាកល្បីៗដែលនាំចូលពីបរទេស អាហារ ភេសជ្ជៈ និងមណ្ឌលកម្សាន្តដែលរួមមានរោងភាពយន្តផងដែរ»។ អ្នកនាងបន្តថា «ផ្សារទំនើបនេះផ្តោតលើអតិថិជនចម្រុះ ដែលមានជីវភាពចាប់ពីកម្រិតមធ្យមឡើងទៅ ស្របពេលកម្លាំងទិញពីសំណាក់ប្រជាពលរដ្ឋកំពុងកើនឡើងផ្នែកកម្សាន្ត និងអាហារ ភេសជ្ជៈ»។ គម្រោង Exchange Square ត្រូវបានវិនិយោគដោយក្រុមហ៊ុន Hongkong Land ជាក្រុមហ៊ុនដែលមានភាពជោគជ័យក្នុងការវិនិយោគ លើវិស័យអចលនទ្រព្យលំដាប់ពិភពលោក។

    អ្នកនាង អាន សុធីតា បានបន្តថា ផ្សារទំនើបនេះនឹងទទួលបានជោគជ័យ ដោយសារបច្ចុប្បន្ននេះ និន្នាការដើរផ្សាររបស់ប្រជាពលរដ្ឋខ្មែរបានផ្លាស់ប្តូរពីការដើរផ្សារតាមបែបប្រពៃណី មកកាន់ផ្សារទំនើប និងផ្សារដែលមានស្តង់ដារអន្តរជាតិ។

    យោងតាមលទ្ធផលបឋមនៃការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា តម្រូវការប្រើប្រាស់ផ្សារទំនើប បានកើនឡើងពី 79ភាគរយកាលពីត្រីមាសទី1ឆ្នាំមុន ដល់ 82ភាគរយនៅដំណាច់ត្រីមាសទី 1ឆ្នាំនេះ ផ្ទុយទៅវិញទំហំផ្សារទំនើប ដែលនៅសល់បានកើនឡើងពី 21ដល់ 26ភាគរយ ក្នុងរយៈពេលដូចគ្នានេះ ដោយសារការផ្គត់ផ្គង់កើនឡើង។

    ការសិក្សាដដែលបានរកឃើញថា ចំនួនផ្សារទំនើបនៅរាជធានីភ្នំពេញមានចំនួន 34គម្រោង ក្នុងនោះគម្រោងកម្រិត A មានចំនួន 12គម្រោង គម្រោងកម្រិត B មានចំនួន 10គម្រោង និងគម្រោងកម្រិត C មានចំនួន 12គម្រោង។

    នាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបលោក ប៉ែន សុខគា បានថ្លែងឲ្យដឹងថា «កំណើននៃតម្រូវការប្រើប្រាស់ផ្សារទំនើប ដោយសារកត្តាមួយចំនួន ដូចជា កំណើនប្រជាសាស្រ្ត កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ លក្ខខណ្ឌនៃការទិញទំនិញ និងការបញ្ចុះអត្រាការប្រាក់របស់មីក្រូហិរញ្ញវត្ថុ កំពុងជះឥទ្ធិពលដល់ដំណើរការនេះ»។

    លោកបន្តថា «ការបន្ថយអត្រាការប្រាក់របស់រដ្ឋាភិបាល អាចជួយឲ្យប្រជាពលរដ្ឋអាចលៃលកប្រាក់សម្រាប់ចំណាយបាន ហើយការទិញបង់រំលស់កាន់តែងាយស្រួលក៏កំពុងជំរុញកំណើននៃការលក់ផងដែរ»៕

  • បងប្អូនរស់នៅលើអគារប៊ុលឌិង-ស កំពុងហូបនំបញ្ចុកលាគ្នា

    បងប្អូនរស់នៅលើអគារប៊ុលឌិង-ស កំពុងហូបនំបញ្ចុកលាគ្នា

    ក្រោយពីមានការសម្របសម្រួលពីរដ្ឋមន្រ្ដីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជូនប្រជាពលរដ្ឋដែលរស់នៅលើអគារប៊ុលឌិងសរួចមក មានប្រជាពលរដ្ឋជាច្រើនគ្រួសារបានរើឥវ៉ាន់របស់ខ្លួនចេញជាបណ្ដើរៗ ហើយនៅថ្ងៃទី10 ខែមិថុនានេះផងដែរ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកម្មវិធី​ជប់លៀងលាគ្នា (ហូបនំបញ្ចុករួមគ្នា) ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅលើអគារប៊ុលឌិញ និងឯកឧត្ដមរដ្ឋមន្រ្ដីទេសរដ្ឋមន្រី្ដជា សុផារ៉ា។

    បើទោះបីជានៅក្នុងកម្មវិធីនេះ មានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ុលឌិញ មកចូលរួមជាច្រើនក្ដី ក៏ប៉ុន្តែទឹកមុខរបស់ពួកគាត់ មិនសូវសប្បាយចិត្តឡើយ ព្រោះពួកគាត់នៅនឹកស្រណោះ អាល័យអាឡោះ ទីកន្លែងដែលធ្លាប់រស់នៅ ជាពិសេសគឺអនុស្សាវរីយ។ ជាក់ស្ដែងអ៊ុំស្រី ឌិត មុំ បានបង្ហាញអារម្មណ៍ពិតថា គាត់សប្បាយរីករាយ​នៅពេលដែលរដ្ឋាភិបាល ជាពិសេសគឺឯកឧត្ដមរដ្ឋមន្រ្ដីទេសរដ្ឋមន្រី្ដជា សុផារ៉ា បានផ្ដល់នូវដំណោះស្រាយល្អ ប៉ុន្តែ​អ៊ុំស្រី ក៏បង្ហាញអារម្មណ៍​សោកស្ដាយផងដែរ ព្រោះវាជាទីតាំងដែលគាត់ធ្លាប់រស់នៅអស់រយៈជាច្រើនឆ្នាំ ខណៈដែលអគារនេះនឹងត្រូវវាយកម្ទេចនៅក្នុងពេលឆាប់ខាងមុខនេះ ជាពិសេសគឺគាត់នឹកអាល័យអ្នកជិតខាងដែលធ្លាប់រស់នៅក្បែរគ្នា៕

  • ការទិញខុនដូមានឱកាសទទួលបានចំណូលខ្ពស់ជាងផ្ទះល្វែង?

    ការទិញខុនដូមានឱកាសទទួលបានចំណូលខ្ពស់ជាងផ្ទះល្វែង?

    ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យនានាបានលើកឡើងថា ការទិញខុនដូមានឱកាសចំណេញខ្ពស់ពីការវិនិយោគច្រើនជាងការទិញផ្ទះល្វែង ខណៈការផ្គត់ផ្គង់លំនៅដ្ឋានកើនឡើងកាន់តែច្រើន។

    លោក លី សែនលាភ អគ្គនាយកក្រុមហ៊ុន NAKI FURI បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការទិញខុនដូសម្រាប់ជួលមានឱកាសទទួលបានផលចំណេញខ្ពស់ ដោយអ្នកទិញអាចជួលឲ្យម្ចាស់ដើមវិញ ដើម្បីយកមកធ្វើជាសណ្ឋាគារសម្រាប់ជួល។ ជាក់ស្តែងអគារ Silver Town ទទួលបានឱកាសចំណេញខ្ពស់ ព្រោះអ្នកទិញ អាចជួលត្រឡប់ទៅឲ្យក្រុមហ៊ុនវិញ ដើម្បីទទួលបានចំណូលប្រចាំខែ។

    លោកបន្តថា «ខ្ញុំនៅតែមើលឃើញទីផ្សារជួលថានៅតែល្អសម្រាប់អ្នកទិញខុនដូសម្រាប់ជួលនាពេលបច្ចុប្បន្ននេះ»។ យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានរកឃើញថា ចំនួនខុនដូផ្គត់ផ្គង់ចូលទីផ្សារ នឹងកើនឡើងដល់ជាង 36,000យូនីតនៅឆ្នាំ2020 ខាងមុខនេះ។

    លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានលើកឡើងស្រដៀងគ្នាថា រវាងការទិញផ្ទះល្វែង និងទិញខុនដូសម្រាប់ជួល ការទិញខុនដូទទួលបានប្រាក់ចំណេញពីការវិនិយោគ (return of investment ) ខ្ពស់ជាងការទិញផ្ទះល្វែង ឬវីឡាសម្រាប់ជួល ព្រោះផ្ទះជួលមានតម្លៃជួលទាប។ លោកបន្តថា ផ្ទះតម្លៃ 20ទៅ 30ម៉ឺនដុល្លារ អាចជួលបានតម្លៃ 7០០ទៅ 8០០ដុល្លារ តែទិញខុនដូតម្លៃ1០ ទៅ 15ម៉ឺនដុល្លារអាចជួលបានតម្លៃ1,5០០ ទៅ 2,០០០ដុល្លារក្នុងមួយខែ។

    លោកបន្តថា ការទិញផ្ទះទុកសម្រាប់ជួលប្រសិនជាបានប្រាក់ចំណេញពីការវិនិយោគ 1០ភាគរយឡើងប្រចាំឆ្នាំជាការវិនិយោគល្អ ផ្ទុយទៅវិញបើសិនជាទទួលបានប្រាក់ចំណេញពីការវិនិយោគទាបជាងនេះ មិនមែនជាការវិនិយោគល្អនោះទេ៕

  • Ronaldo ជួយឲ្យព័រទុយហ្គាល់ឈ្នះ ខណៈបារាំង ចាញ់ស៊ុយអែតយ៉ាងនឹកស្មានមិនដល់

    Ronaldo ជួយឲ្យព័រទុយហ្គាល់ឈ្នះ ខណៈបារាំង ចាញ់ស៊ុយអែតយ៉ាងនឹកស្មានមិនដល់

    ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានធ្វើឲ្យយុទ្ធនាការនៃការប្រជែងយកសិទ្ធិជាស្វ័យប្រវត្តិទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup នាឆ្នាំក្រោយក្នុងប្រទេសរុស្ស៊ី របស់ពួកគេមានភាពស្មុគស្មាញ ក្រោយពីបានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល 2-1 នៅលើទឹកដីក្រុមជម្រើសជាតិស៊ុយអែត កាលពីថ្ងៃសុក្រ។

    ក្រុមជម្រើសជាតិស៊ុយអែត ដណ្តើមបានជ័យជម្នះដ៏មិននឹកស្មានដល់នេះ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Ola Toivonen នៅនាទីបន្ថែម ក្រោយពីការទាត់បាល់ចេញមិនបានល្អរបស់អ្នកចាំទីអន្តរជាតិបារាំង Hugo Lloris។ គ្រាប់បាល់ឈ្នះនេះ បានធ្វើឲ្យអ្នកគាំទ្រនៃក្រុមម្ចាស់ផ្ទះក្នុងទីក្រុង Stockholm ធ្វើការអបអរសាទរយ៉ាងខ្លាំងក្លា ហើយកាន់តែសំខាន់ទៅទៀតនោះគឺថា គ្រាប់បាល់នេះបានជួយឲ្យក្រុមជម្រើសជាតិស៊ុយអែត មាន 13ពិន្ទុស្មើជាមួយនឹងក្រុមជម្រើសជាតិបារាំង ខណៈដែលនៅសល់ការប្រកួតតែ4លើកទៀតប៉ុណ្ណោះ។

    មានតែក្រុមឈរលេខ1នៅលើតារាងពូលប៉ុណ្ណោះ ដែលមានសិទ្ធិឈ្នះកៅអីទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup នៅឆ្នាំក្រោយ ក្នុងប្រទេសរុស្ស៊ី ខណៈក្រុមលេខ2 ដែលមានពិន្ទុល្អជាងគេបំផុតចំនួន8 ក្រុម នឹងត្រូវធ្វើការប្រកួតវគ្គ Playoff។ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បច្ចុប្បន្ននឹងត្រូវលេងការប្រកួតដ៏សំខាន់នាថ្ងៃទី31 ខែសីហា ជាមួយនឹងក្រុមជម្រើសជាតិហូឡង់ ដែលកំពុងតែដេញតាមពីក្រោយ ក្រោយពីពួកគេបានយកឈ្នះលើក្រុមជម្រើសជាតិលុចសំបួ ក្នុងលទ្ធផល 5-0។

    ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 3-0 លើក្រុមជម្រើសជាតិឡេតូនី កាលពីថ្ងៃសុក្រ៕
    ប្រភពព័ត៌មាន៖ Sports.yahoo

  • ពេលទំនេរ គួរ​នាំគ្នា​ទៅយក​ប្រយោជន៍​ពី​ការហាត់​ប្រាណ​ក្នុង​ទឹក

    ពេលទំនេរ គួរ​នាំគ្នា​ទៅយក​ប្រយោជន៍​ពី​ការហាត់​ប្រាណ​ក្នុង​ទឹក

    នៅពេលដែល​និយាយ​ដល់​ការហាត់​ប្រាណ អ្នក​ប្រាកដជា​នឹក​គិតដល់​កាយវិការ​ជាច្រើន​ប្រភេទ ​ដែល​អាច​ឱ្យ​អ្នក​បញ្ចេញ​ញើស​បាន​យ៉ាងច្រើនរហូតដល់​ធ្វើឱ្យ​មនុស្ស​មួយចំនួន​ភ្លេច​គិត​ទៅដល់​លំ​ហាត់ប្រាណ​មួយ​ប្រភេទ​ទៀត​ដែល​អាចធ្វើឱ្យ​លោកអ្នក​មាន​រាងកាយ​សមសួន មាន​សុខ​ភាពល្អដូចគ្នា​ដោយ​មិនចាំបាច់​ចេញ​ញើស​មក​ខាងក្រៅ​នោះទេ។ ការធ្វើ​លំ​ហាត់ប្រាណ​ក្នុង​ទឹក​ត្រូវបាន​គេ​ទុក​ថា​ជាការ​បញ្ចេញ​​សកម្មភាព​រាងកាយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​មួយ ព្រោះ​ក្រៅពី​មិនចាំបាច់​ចេញញើស​មក​ក្រៅ​ហើយ​នោះ​វា​នៅមាន​ភាព​ត្រជាក់ស្រួលខ្លួន និង​មាន​ភាព​រីករាយ​ទៀតផង។ ការហាត់​ប្រាណ​ក្នុង​ទឹក​អាចធ្វើ​ឡើងជា​ក្រុម​ក៏បាន ម្នាក់ឯង​ក៏បាន។

    នៅពេលដែល​និយាយ​ដល់​ការហាត់​ប្រាណ​ក្នុង​ទឹក​អ្នក​ពិតជា​គិតថា វា​ពិតជា​មិនមាន​អ្វី​ក្រៅពី​ការ​ហែល​ទឹក​នោះទេ ប៉ុន្តែ​ការពិតទៅ​ការហាត់​ប្រាណក្នុង​ទឹក​អាចធ្វើ​ទៅបាន​តាមរយៈ​រូបភាព​ច្រើនយ៉ាង​ដូចជាការដើរ ឬ​រត់ត្រឹកៗនៅក្នុង​ទឹកឈរ​ ជើង​មួយធាក់​កង់ (ដៃ​កាន់​ជញ្ជាំង​អាង​ហែល​ទឹក ដើម្បី​ទប់​រាងកាយ) និង​លើក​ដុំ​ដែក​ជាដើម។ ដូច្នេះ​មក​មើល​បន្តិច​ទៅ​មើលថា តើ​គុណសម្បត្តិ​នៃ​ការហាត់​ប្រាណ​ក្នុង​ទឹក​មាន​អ្វីខ្លះ?

    សម្រក​ទម្ងន់៖ តើ​អ្នក​ចង់​សម្រក​ទម្ងន់​ដែរ​ទេ? បើ​ដូច្នេះ​មែន​អ្នក​គួរតែ​កត់សម្គាល់​ទុក​នូវ​ការហាត់​ប្រាណ​ក្នុង​ទឹក។ ការស្រាវជ្រាវ​បានបង្ហាញ​ថាបើទោះជា​អ្នក​ហាត់ប្រាណ​ក្នុង​ទឹក​មិនបាន​បញ្ច​ញ​ញើស​ក៏ដោយ ក៏​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​នៅតែ​ត្រូវបាន​ដុតបំផ្លាញ​ដូចគ្នា​ទៅនឹង​ការហាត់​ប្រាណនៅលើ​គោក​ដែរ។

    ពង្រឹង​សាច់ដុំ៖ ទឹកបាន​ធ្វើដំណើរ​ជ្រាប​ទៅគ្រប់​ទីកន្លែង​នៅក្នុង​រាងកាយ គឺ​វា​អាច​ជ្រាប ចូល​បាន​ច្រើនជាង​ខ្យល់​ទៅទៀត។ ការសិក្សា​មួយរបស់ Journal of Strength and Conditioning Research បានចេញ​ផ្សាយ​ថា​ការហាត់​ប្រាណក្នុង​ទឹក​គឺជា​ការហាត់​ប្រាណ​ដ៏​ល្អ​មួយបែប ដែលអាចជួយ​ពង្រឹង​សាច់ដុំ​អ្នក​ហាត់​ទាំង​ក្មេង និងចាស់។

    ជំនួយ​បេះដូង និង​សរសៃឈាម៖ ប្រសិនបើលោកអ្នក​មាន​បញ្ហា​សុខភាព​ដែល​ទាក់ទង​ទៅនឹង​បេះដូង និង​សរសៃឈាម ដូច្នេះ​អ្វី​ដែលជា​ជំនួយការ​ដ៏​ល្អ​បំផុត​ដែល​អ្នក​គួរតែ​ស្វែងរក​នោះ​គឺ ការហាត់​ប្រាណ។ អ្នកជំនាញ​ផ្នែក​សុខភាពណែនាំ​ឱ្យ​អ្នក​ជ្រើស​រើសយក​ការហាត់​ប្រាណ​ក្នុង​ទឹក​ធ្វើជា​ផ្នែក​មួយ​នៃ​ការថែទាំ​សុខភាព​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ប្រភេទ​នេះ។

    កម្ចាត់​ភាព​ធុញថប់៖ ក្រៅពី​គុណប្រយោជន៍​ទាំង​ប៉ុន្មាន​ដែល​បាន​រៀបរាប់​ខាងលើ​ហើយ​នោះការហាត់​ប្រាណ​ក្នុង​ទឹក​នៅ​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា កាត់បន្ថយ​ភាព​តានតឹង​ផងដែរ។ British Journal of Sports Medicine បានធ្វើការ​សន្និដ្ឋានថា ការហាត់​ប្រាណ​ក្នុង​ទឹក​គឺជា​វិធីសាស្ត្រ​ដ៏​ ល្អ​មួយ​ក្នុងការ​កម្ចាតរោគ​ស្ត្រេ​ស មិន​ថា​វា​ជា​ភាព​ធុញថប់​ផ្នែក​ខាងក្រៅ ក្នុង​ចិត្ត បញ្ហា​សង្គម ឬ​បញ្ហា​មួយចំនួនទៀត​ដូចជា បញ្ហា​គេង​មិន​លក់​ជាដើម។

    រក្សា​សម្ពាធ​ឈាម​ឱ្យមាន​លំនឹង៖ កម្លាំង​នៃ​ទឹក​អាចជួយ​ជម្រុញ​ចលនា​ឈាម​ឱ្យ​រត់​បាន​ស្រួល​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ការ​ជំរុញ​ដល់​ចលនា​ឈាម​រត់​នេះ​គឺជា​សារប្រយោជន៍​ដ៏​ជាក់លាក់​មួយ​ដែល​អ្នកមាន​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​អ្នក​ដែល​តែងតែ​ប្រឈម​គ្រប់គ្នា​គួរតែដឹង។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​មួយ​ដែលមាន​ឈ្មោះថា Asian Journal of Sports Medicine បានធ្វើការ​បង្ហាញថា ការចូលរួម​សកម្មភាព​កីឡា​ក្នុង​ទឹក​ចំនួន 10សប្តាហ៍​អាចជួយ​កាត់បន្ថយ​អាការ​ឡើង​ឈាម​បាន​យ៉ាង​ប្រសើរ​គួរឱ្យកត់សម្គាល់។

    កាត់បន្ថយ​អាការ​ស្ពឹក​ស្រពន់៖ តាមរយៈ​ការបញ្ចេញ​កាយវិការ​នៅក្នុង​ទឹក បានធ្វើឱ្យ​ផ្នែកផ្សេងៗ នៅក្នុង​រាងកាយ​របស់​មនុស្ស​យើង​មាន​ភាពរហ័សរហួន​ឡើង ហើយ​ការដែល​បាន​បញ្ចេញ​កាយវិការ​នេះ ហើយ​ដែល​អាចជួយ​ឱ្យ​យើង​គេចផុត ឬ​កាត់បន្ថយ​បាន​នូវ​អាការ​ស្ពឹក​ស្រពន់។

    ថែទាំ​ឆ្អឹង​ស្ត្រី​ក្រោយពេល​អស់​រដូវ៖ ការហាត់ប្រាណ​ក្នុង​ទឹក​ត្រូវបាន​គេ​​ចាត់ទុកថា ជា​កីឡា​ដ៏ល្អ​មួយ​ប្រភេទ ដែល​អាច​ផ្តល់នូវ​គុណប្រយោជន៍​ចំពោះឆ្អឹង​របស់​ស្ត្រី ជាពិសេស​គឺ​នៅក្រោយពេល​អស់​រដូវ។ ការសិក្សា​ស្រាវជ្រាវ​របស់ Journal of Sports Medicine និង Physical Fitness បាន​រកឃើញថា ស្ត្រី​ដែល​តែងតែ​អនុវត្ត​ការធ្វើ​លំ​ហាត់ប្រាណ​​ក្នុង​ទឹកជា​ប្រចាំ​រយៈពេល 7ខែ បាន​ជួយឱ្យ​ជាតិ​រ៉ែ​ក្នុង​ឆ្អឹង​ មានការ​ផ្លាស់ប្តូរ​យ៉ាង​ល្អ​គួរឱ្យកត់សម្គាល់។

    បើទោះជា​ អ្នក​មិនបាន​រកឃើញថា​ការហាត់​ប្រាណ​ក្នុង​ទឹក​មានគុណ​ប្រយោជន៍​ណាមួយ​ដែលត្រូវ​ជាមួយ​អ្នក​ក៏ដោយ តែ​សូមកុំ​គិតថា​វា​គ្មាន​ប្រយោជន៍​ចំពោះ​អ្នក​ឱ្យសោះ ព្រោះ​វា​មិនមែន​បញ្ចប់​ត្រឹមតែ​ប៉ុន្មាន​ចំណុច​ដែល​បាន​រៀបរាប់​នេះ​ទេ ការពិតទៅ​ការធ្វើ​លំ​ហាត់ប្រាណ​ក្នុង​ទឹកបាន​ផ្តល់នូវ​គុណប្រយោជន៍​ជាច្រើន​ទៀត​សម្រាប់​មនុស្ស​គ្រប់គ្នា​និង​គ្រប់​វ័យ​ដូចជា៖

    *ដុតបំផ្លាញ​​ ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​បាន​ច្រើនទាំង​ក្នុងអំឡុងពេល​ហាត់ និង​ក្រោយពេល​ហាត់។
    ​​*បង្កើន​ថាមពល និង​ភាពរឹងមាំ​ដល់​រាងកាយតាមរយៈ​ការ​កម្ចាត់​ចោល​នូវ​ភាព​តានតឹង និងអាការ​ឈឺក្បាល​ជាដើម។
    *ការហាត់​ប្រាណ​ក្នុង​ទឹក​តម្រូវឱ្យ​លោកអ្នក​ប្រើ​ថាមពល​ទ្រទ្រង់​ទម្ងន់​រាងកាយ​ត្រឹមតែ 50%ប៉ុណ្ណោះ ដូច្នេះ​វា​នឹង​ធ្វើឱ្យ​ការហាត់​ប្រាណ​កាន់​តែមាន​ភាពងាយស្រួល​ឡើង។
    *មិនចាំបាច់​ត្រូវការ​សម្ភារ​ហាត់ប្រាណ​ច្រើន​ប្រភេទ ឬពិសេសៗអី​នោះទេ ។
    *ជាការ​ម៉ាស្សា​សាច់ដុំ​ដ៏​អស្ចារ្យ​ដែល​ធ្វើឡើង​ដោយ​ស្វ័យប្រវត្តិ​ពី​ថាមពលទឹក។

    ការហាត់​ប្រាណ​ក្នុង​ទឹក​គឺជា​កីឡា​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ ហើយ​បើទោះជា​អាកាសធាតុ​ក្តៅ​បែបណាក៏ដោយ ក៏​លោកអ្នក​មិនមាន​អ្វី​ត្រូវខ្វាយខ្វល់​នោះដែរ ដូច្នេះ​កុំ​ភ្លេច​នាំ​សមាជិកគ្រួសារ​របស់លោក​អ្នក​ទៅធ្វើ​លំ​ហាត់ប្រាណ​ក្នុង​ទឹក​ទាំងអស់គ្នា​ណា៎៕

  • អគ្គនាយកដ្ឋានពន្ធដារ ៖ ការប្រមូលពន្ធនៅឆមាសទីមួយឆ្នាំនេះល្អជាងឆ្នាំមុន

    អគ្គនាយកដ្ឋានពន្ធដារ ៖ ការប្រមូលពន្ធនៅឆមាសទីមួយឆ្នាំនេះល្អជាងឆ្នាំមុន

    ក្នុងរយៈពេល 5ខែ ដើមឆ្នាំ 2017 ចំណូលពន្ធ-អាករសរុប ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន 4.052ពាន់លានរៀលស្មើនឹង 1,020.50លានដុល្លារអាមេរិកស្មើនឹង 59.48% នៃផែនការច្បាប់។

    លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងនៅក្នុងកិច្ចប្រជុំសរុបលទ្ធផលកាលពីថ្ងៃទី09 ខែមិថុនា ឆ្នាំ 2017 ម្សិលមិញនេះថា ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2016 ឃើញថាការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់រយៈពេល 5ខែដើមឆ្នាំ 2017 នេះកើនឡើង 1.249ពាន់លានរៀល ឬប្រមាណជា 312.24លានដុល្លារ ស្មើនឹង 44.09%។

    លោកបានមានប្រសាសន៍ថា ក្នុងរយៈពេល 5ខែ ដើមឆ្នាំ2017 នេះផងដែរការប្រមូលពន្ធកើនឡើងស្ទើរតែគ្រប់ប្រភេទពន្ធ ជាពិសេសប្រភេទពន្ធ-អាករសំខាន់ៗ មានជាអាទិ៍៖ ពន្ធលើប្រាក់ចំណូលកើនឡើង 35.2% ពន្ធលើប្រាក់បៀវត្សរ៍កើនឡើង 7.1% និងអាករលើតម្លៃបន្ថែមកើនឡើង 59.20% ខណៈដែលអាករពិសេសកើនឡើង 11.3%៕