Category: សង្គម និងសេដ្ឋកិច្ច

  • លោក Capello ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិបចិន Jiangsu Suning

    លោក Capello ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិបចិន Jiangsu Suning

    លោក Fabio Capello អតីតអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស រុស្ស៊ី និងក្លិប Real Madrid កាលពីថ្ងៃអាទិត្យ ត្រូវបានតែងតាំងជាគ្រូបង្វឹកដើម្បីដឹកនាំក្លិប Jiangsu Suning ខណៈដែលនេះគឺជាការចុះហត្ថលេខាជាមួយនឹងគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដ៏ល្បីបំផុតក្នុងក្របខ័ណ្ឌលីករបស់ប្រទេសចិន។

    ក្លិប Jiangsu Suning បានប្រកាសថា គ្រូបង្វឹកបង្គោលសញ្ជាតិអ៊ីតាលីរូបនេះ នឹងនាំយកគំនិត និងវិធីសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដើម្បីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងទីក្រុង Jiangsu និងកីឡាបាល់ទាត់របស់ចិន។ លោក Capello ជាបុរសដែលល្បីល្បាញចុងក្រោយគេបំផុតដែលបានផ្ទេរទៅចិន ក្រោយពីមានការចូលរួមពីសំណាក់កីឡាករឆ្នើមៗដូចជា ខណៈដែល Ezequiel Lavezzi និង Carlos Tevez និងបានក្លាយជាកីឡាករទទួលបានចំណូលខ្ពស់ជាងគេបំផុតរបស់ពិភពលោក បន្ទាប់ពីពួកគេបានបំពេញការផ្ទេរទៅកាន់ក្របខ័ណ្ឌ Super League របស់ចិន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ក្របខ័ណ្ឌរបស់ចិនបានបំបែកកំណត់ត្រារបស់អាស៊ីនៃការទិញចូលកីឡាករថ្មីចំនួន5លើកក្នុងរយៈពេលត្រឹមតែ12ខែប៉ុណ្ណោះ។
    Jiangsu Suning បានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីនាំយកកីឡាករឆ្នើមៗដូចជា Ramires និង Alex Teixeira។ ប៉ុន្តែ ក្រោយពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League លោកគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង ត្រូវបានបណ្តេញចេញភ្លាមៗ។

    លោក Capello វ័យ7០ឆ្នាំ ដែលធ្លាប់ឈ្នះពានក្របខ័ណ្ឌ Serie A 5លើក ដោយ4លើកនៅជាមួយនឹងក្លិប AC Milan និង1លើកជាមួយនឹងក្លិប Roma ហើយគ្រូបង្វឹកចាស់វស្សារូបនេះក៏ធ្លាប់ឈ្នះពាន La Liga ចំនួនពីរលើកជាមួយនឹងក្លិប Real Madrid ផងដែរ៕
    ប្រភពពី៖ Reuters

  • អង្គការទស្សនៈពិភពលោកថា ​ឪពុកម្តាយខ្មែរ​ 77% ប្រើហិង្សាដើម្បីអប់រំកូន

    អង្គការទស្សនៈពិភពលោកថា ​ឪពុកម្តាយខ្មែរ​ 77% ប្រើហិង្សាដើម្បីអប់រំកូន

    អំពើហិង្សាលើកុមារជាបញ្ហាធ្ងន់ធ្ងរមួយដែលបង្អាក់ដល់ការអភិវឌ្ឍសមត្ថភាពរបស់កូន ហើយវាក៏អាចបណ្តាលឱ្យកុមារ​មានបញ្ហាផ្លូវចិត្តទៀតផងដែរ។ បញ្ហាទាំងអស់នេះ ត្រូវបានគេមើលឃើញថា ​វាហាក់បីដូចក្លាយជាទម្លាប់ទៅហើយដែល​អាណាព្យាបាល​នៅកម្ពុជា​បានប្រើប្រាស់ការប្រើអំពើហិង្សា​ធ្វើជាវិធី​ដើម្បីបង្រៀន​កូនៗ។

    ថ្មីៗនេះ អង្គការ​ទស្សនៈពិភពលោក​បានបង្ហាញថា ឪពុកម្តាយ​ជនជាតិខ្មែររហូត​ដល់​ 77% បានប្រើអំពើហិង្សាលើរាងកាយ​ដើម្បីដាក់ពិន័យដល់កូនៗរបស់ពួកគាត់។ ការធ្វើបែបនេះ​ជាទង្វើដែលគ្រប់សមាសភាព​ក្នុងសង្គម​ចង់​លុបបំបាត់ចោលខ្លាំងបំផុត ព្រោះនាពេលបច្ចុប្បន្ន​មានវិធីអប់រំជាច្រើនដើម្បី​ធ្វើឱ្យកូន​ក្លាយជាមនុស្សល្អ។ អាណាព្យាបាល​គួរ​ប្រើប្រាស់វិធីដែលទន់ភ្លន់ ឬប្រើប្រាស់ហេតុផល​ដើម្បីណែនាំកូនជាជាង​ការវាយដំ៕

  • ក្រុមហ៊ុនអ័រគីដេ វីឡាបោះទុន 350លានដុល្លារសាងសង់គម្រោងថ្មី

    ក្រុមហ៊ុនអ័រគីដេ វីឡាបោះទុន 350លានដុល្លារសាងសង់គម្រោងថ្មី

    ភ្នំពេញៈ ក្រុមហ៊ុនអ័រគីដេ វីឡាចំណាយថវិកាជាង 350លានដុល្លារ ដើម្បីសាងសង់គម្រោងអ័រគីដេ ឌឺរ៉ូយ៉ាល់ ខនដូមីនៀម ដើម្បីផ្តល់ជូនអតិថិជននូវលំនៅឋានមួយថ្មី ប្លែក ទំនើប និងស៊ីវិល័យ ប្រកបដោយផាសុកភាព និងសុវត្ថិភាព ស្របតាមស្តង់ដារពិភពលោក។

    ប្រធានផ្នែកលក់នៃក្រុមហ៊ុន អ័រគីដេ វីឡាលោកសេង ពិសិដ្ឋបានថ្លែងឲ្យដឹងនៅក្នុងពិធីសម្ពោធបើកការដ្ឋាន សាងសង់គម្រោងអ័រគីដេ ឌឺរ៉ូយ៉ាល់ ខនដូមីនៀម ស្ថិតនៅតាមបណ្តោយផ្លូវ 2004កាលពីថ្ងៃម្សិលមិញថា ការបើកសម្ពោធគម្រោងអ័រគីដេ ឌឺរ៉ូយ៉ាល់ ខនដូមីនៀម គឺជាការបង្ហាញនូវជោគជ័យថ្មីមួយទៀត ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអ័រគីដេ វីឡា ជាក់ស្តែងក្រុមហ៊ុនអ័រគីដេ វីឡាបានជ្រើសរើសយកក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីមួយ ដើម្បីជំរុញការស្ថាបនាប្រកបដោយភាពទទួលខុសត្រូវ ជាពិសេសផ្តល់សុវត្ថិភាពខ្ពស់ក្នុងការរស់នៅ។

    លោកបានឲ្យដឹងទៀតថា ការចាប់ផ្តើមស្ថាបនាគម្រោងខុនដូដ៏ធំមួយនេះឡើង គឺត្រូវការចំណាយថវិកាជាង 350លានដុល្លារ ដើម្បីផ្តល់ជូនអតិថិជននូវលំនៅឋានមួយថ្មី ប្លែក ទំនើប និងស៊ីវិល័យ ប្រកបដោយផាសុកភាព និងសុវត្ថិភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យលំនៅឋាននៅកម្ពុជា និងជាការផ្តល់ជូននូវលំនៅឋានមួយថ្មី ដែលមានសេវាកម្មពេញលេញ សម្រាប់បំពេញគ្រប់តម្រូវការរស់នៅរបស់អតិថិជនក្នុងពេលបច្ចុប្បន្ន។

    លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ទីផ្សារខុនដូនៅកម្ពុជានៅតែមានភាពល្អប្រសើរ បើទោះបីជាការលក់ ឃើញមានសកម្មភាពយឺតជាងមុនក្តី ប៉ុន្តែនិន្នាការនេះគឺដោយសារការផ្គត់ផ្គង់កើន ឡើង ដែលធ្វើឲ្យទីផ្សារមើលឃើញថាការលក់ធ្លាក់ចុះ ប៉ុន្តែការពិតទីផ្សារនៅតែដំណើរការទៅមុខល្អប្រសើរនៅឡើយ៕

  • អេស្ប៉ាញ និងអ៊ីតាលី រក្សាការដេញតាមគ្នាយ៉ាងប្រកៀក ក្រោយពីឈ្នះរៀងៗខ្លួន

    អេស្ប៉ាញ និងអ៊ីតាលី រក្សាការដេញតាមគ្នាយ៉ាងប្រកៀក ក្រោយពីឈ្នះរៀងៗខ្លួន

    ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានរក្សាការមានពិន្ទុស្មើជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី នៅលើកំពូលតារាងនៃពូល G ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-1 នៅលើទឹកដីក្រុមជម្រើសជាតិម៉ាសេដ្វាន ក្នុងការប្រកួតជម្រុះ World Cup ប្រចាំតំបន់អឺរ៉ុប កាលពីថ្ងៃ អាទិត្យ ខណៈដែលខ្សែប្រយុទ្ធ Diego Costa របស់ក្លិប Chelsea ជាអ្នករកបានគ្រាប់បាល់ឈ្នះនោះ។

    ក្រុមភ្ញៀវមួយនេះ បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី15 ខណៈដែលខ្សែបម្រើ David Silva បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី ក្រោមការលេងដ៏ស៊ីចង្វាក់គ្នាយ៉ាងល្អពីសំណាក់កីឡាករ Andres Iniesta និង Jordi Alba។ បន្ទាប់មក Costa បានបន្ថែម1គ្រាប់ទៀត ក្រោយពីការបញ្ជូនបាល់យ៉ាងល្អរបស់ Isco ដើម្បីជួយឲ្យក្រុមខ្លួននាំមុខ 2-0 នៅមុនពេលឈានដល់នាទីទី6០ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់កីឡាករ Stefan Ristovski បានជួយឲ្យក្រុមម្ចាស់ផ្ទះស្រោចស្រង់បាន1គ្រាប់វិញ។ ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិអ៊ីតាលី បានរក្សាការដេញតាមពីក្រោយក្រុមអេស្ប៉ាញ ដែលជាម្ចាស់ជើងឯកពិភពលោកឆ្នាំ2010 ខណៈដែលពួកគេបានទទួលជ័យជម្នះដោយងាយក្នុងលទ្ធផល 5-០ លើក្រុមជម្រើសជាតិលិចតិនស្តាញ ក្នុងទីក្រុង Udine។

    កីឡាករ Lorenzo Insigne, Andrea Belotti, Eder, Federico Bernardeschi និង Manolo Gabbiadini សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមអ៊ីតាលី ដែលនឹងត្រូវធ្វើដំណើរទៅជួបក្រុមអេស្ប៉ាញ នៅខែកញ្ញា ខាងមុខនេះ។
    សម្រាប់ក្នុងការប្រកួតពូល I ឯនោះវិញ ក្រុមចំនួន4កំពុងតែដេញតាមពីក្រោយគ្នាត្រឹមតែ2ពិន្ទុប៉ុណ្ណោះ ក្រោយពីក្រុមកំពុងនាំមុខគឺក្រូអាស៊ី បានរងបរាជ័យក្នុងលទ្ធផល 1-០ នៅលើទឹកដីក្រុមជម្រើសជាតិអ៊ីស្លង់ ក្រោយពីកីឡាករ Hordur Magnusson បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីនៅជិតបញ្ចប់ការប្រកួត។ បច្ចុប្បន្នក្រុមជម្រើសជាតិអេស្ប៉ាញ និងអ៊ីតាលី មាន16ពិន្ទុដូចគ្នា ក្រោយពីការប្រកួត6លើកតែអេស្ប៉ាញ នាំមុខដោយសារតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង៕
    ប្រភពពី៖ worldsoccertalk

  • ជីជី ផ្ដល់ស្នាមថើបយ៉ាងផ្អែមល្ហែមដល់ម្ចាស់ស្នេហ៍

    ជីជី ផ្ដល់ស្នាមថើបយ៉ាងផ្អែមល្ហែមដល់ម្ចាស់ស្នេហ៍

    ការសង្ស័យរបស់មហាជនទៅលើតារាសម្ដែង និងពិធីករ យឹម ណារ៉ា និងកញ្ញាជីជី អស់រយៈពេលជាងមួយឆ្នាំមកនេះ បានលេចចេញនូវចំលើយមកហើយក្រោយពីពួកគេបានបង្ហោះរូបភាពនៅលើគណនីយ្យហ្វេសប៊ុកខ្លួន ជុំវិញសកម្មភាពរបស់ពិធីកររូបស្រស់បានរៀបចំពិធីខួបកំណើតតូចមួយសម្រាប់កញ្ញាជីជី ដែលជាម្ចាស់ស្នេហ៍របស់ខ្លួន ។

    បន្ទាប់ពីលោកយឹម ណារ៉ា បានផ្លាស់ប្ដូរការងារពីស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ3ទៅធ្វើការនៅក្នុងស្ថានីយទូរទស្សន៍ MY TV ប្រមាណជាងមួយឆ្នាំកន្លងមកនេះគេឧស្សាហ៍ឃើញលោក និងកញ្ញា ជីជី បណ្ដើរគ្នាជាសាធារណៈទៅក្នុងកម្មវិធីនានារបស់អ្នកសិល្បៈ។ ការបង្ហាញសកម្មភាពស្និទ្ធស្នាលជាញឹកញាប់បានធ្វើឱ្យមានមតិមួយចំនួនលើកឡើងថា ពួកគេទំនងជាមានអ្វីពិសេសជាមួយគ្នានៅពីក្រោយខ្នងជាមិនខានទើបទៅណាមកណាជាមួយបែបនេះ។

    អ្វីដែលគេកាន់តែចាប់អារម្មណ៍គឺក្រោយពីគេទទួលដំណឹងថាកញ្ញាជីជី បានចែកផ្លូវគ្នាជាមួយគូស្នេហ៍មកគេមិនដែលបានឃើញនាង បណ្ដើរបុរសណាជាសាធារណៈឡើយ។ ទោះជាយ៉ាងណាចម្ងល់នៅក្នុងចិត្ដរបស់មហាជនត្រូវបានទំលាយហើយ គ្រាដែលនាងបានបង្ហោះវីដេអីឃ្លីប ដ៏ផ្អែមល្ហែម មានការផ្ដល់នូវស្នាមថើបជាប់ថ្ពាល់ដល់លោកយឹម ណារ៉ា ព្រមទាំងបានសរសរនូវពាក្យពេចន៍មួយចំនួនដ៏ផ្អែមល្ហែមថា”អត់សូវចេះSweet កាន់នំខួបដើរចូលហាងយកហ្មង អគុណhoney  បងយកនំមកកាត់ឱ្យមុនទៅថៃ Love you” ។

  • Calvert-Lewin រក​គ្រាប់​បាល់​ឈ្នះឱ្យ Young Lions លើក​ពាន U20 World Cup

    Calvert-Lewin រក​គ្រាប់​បាល់​ឈ្នះឱ្យ Young Lions លើក​ពាន U20 World Cup

    Dominic Calvert-Lewin បាន​ក្លាយ​ជា​វី​របុរស​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់​គ្លេស អាយុក្រោម​2០​ឆ្នាំ ខណៈ​ដែល​ក្រុម​មាន​រហស្ស​នាម​ថា Young Lions មួយ​នេះ បាន​​ឈ្នះពាន Under-20 World Cup ក្រោយ​ពី​បាន​​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ក្នុង​លទ្ធ​ផល 1-០ ក្នុង​ទីក្រុង Suwon ប្រទេស​កូរ៉េ​ខាង​​ត្បូង កាល​ពី​ថ្ងៃ​អាទិត្យ​។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​នាទីទី​35របស់​ខ្សែ​ប្រយុទ្ធ​នៃក្លិប Everton រូប​នេះ បាន​​ជួយ​ឲ្យ​អង់គ្លេស​ឈ្នះ​ពាន​ពិភព​លោក​ជា​លើក​ទី​1 បើ​គិត​ចាប់​​តាំង​ពី​ឆ្នាំ​1966 មក ប៉ុន្តែក្រុម​​របស់​លោក Paul Simpson ក៏​ត្រូវ​តែ​ដឹង​គុណ​​អ្នក​ចាំ​ទី Freddie Woodman ផង​ដែរ ក្រោយ​ពី​រូប​គេ​បាន​សង្គ្រោះ​បាល់​ប៉េ​ណាល់​ទី​1​គ្រាប់​ក្នុង​​តង់​ទី​2​។ ប្រធាន​ក្រុម​​ជម្រើស​ជាតិ​អង់គ្លេស Lewis Cook ដែល​លេង​ឲ្យ​ក្លិប Bournemouth របស់​​ក្រប​ខ័ណ្ឌ Premier League នោះ បាន​ទទួល​ពាន World Cup ពី​​លោក Gianni Infantino ដែល​ជា​​ប្រធាន​របស់ FIFA នៅមុន​ពេល​លើក​ពាន​នោះ​​​ទៅ​លើ​ក្បាល​របស់​​គេ ដើម្បី​បង្កើត​ឲ្យ​មាន​ការ​​អប​អរ​​​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​អាយុ​ក្រោម​2០​ឆ្នាំនេះ។ ក្រោយ​ពី​បាន​ជួយ​ឲ្យ​អង់​គ្លេស​លើក​ពាន World Cup ជា​លើក​ទី​1​ក្នុង​រយៈ​ពេល​51​ឆ្នាំ Calvert-Lewin វ័យ​2០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មិន​អាច​រៀប​រាប់​ពី​អារម្មណ៍​ដែល​ខ្ញុំ​មាន​នៅ​ពេល​នេះបាន​ឡើយ​។ ខ្ញុំ​​ពិត​ជា​រំភើប​ណាស់ ប៉ុន្តែ និយាយ​ឲ្យ​ត្រង់​ទៅ ពាក្យ​ពេចន៍​មិន​អាច​រៀប​រាប់​បាន​ឡើយ​»​​។ លោក Simpson គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​ឲ្យ​ដឹង​ថា៖ «យើង​ពិត​ជា​ត្រូវ​តែ​​ខិត​ខំ​ព្យា​យាម​ក្នុង​តង់​ទី​2 ក្រុម​ជម្រើស​ជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​​ដាក់​សម្ពាធ​មក​លើយើង​​យ៉ាង​ខ្លាំង​ ប៉ុន្តែកីឡាករយើង​បាន​ការ​ពារ​យ៉ាងល្អ​​។ នៅ​ពេល​បញ្ចប់​ការ​ប្រកួត ក្រោយ​ពី​អាជ្ញា​កណ្តាល​បាន​ផ្តុំ​កញ្ចែ យើង​បាន​ដឹងថា យើង​ជា​ម្ចាស់​ជើង​ឯក​ពិភព​លោក​។

    ក្នុង​ការ​ប្រកួត​មួយ​គូ​មុន​នៅ​ថ្ងៃដដែល​នោះ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ី​តាលី បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទីកាត់​សេចក្តី ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​3​ប្រចាំ​ព្រឹត្តិ​ការណ៍ U20 World Cup នេះផងដែរ​៕

    ប្រភព​ពី៖ The Sun

  • ដំបូន្មានក្នុងការសរសេរសារណា​បញ្ចប់ការសិក្សា

    ដំបូន្មានក្នុងការសរសេរសារណា​បញ្ចប់ការសិក្សា

    ការសរសេរសារណា​ ជាកត្តាសំខាន់មួយដែលត្រូវគិតគូរមុននឹងបញ្ចប់ការសិក្សា ព្រោះវា​ជាអ្នកកំណត់វាសនារបស់និស្សិត ដែលបានខិតខំ​ប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំរួចមក។ នៅក្នុងការសិក្សាមហាវិទ្យាល័៍យ និស្សិតអាចមានជម្រើសដើម្បីសរសេរសារណា សរសេររបាយការណ៍ ឬប្រឡងបញ្ចប់ការសិក្សា​ ដូច្នេះខាងក្រោមនេះគឺជាដំបូន្មានមួយចំនួនសម្រាប់និស្សិតទាំងឡាយនៅកម្ពុជាក្នុងការសម្រេចិត្តសរសេរសារណា។

    1/ ពេលវេលា

    អ្នកសិក្សាភាគច្រើន មានបញ្ហាមមាញឹកច្រើននៅក្នុងការសិក្សា ជាពិសេស​នៅកម្ពុជា។ មាននិស្សិតខ្លះ​រៀន​ 2 មហាវិទ្យាល័យ ឬខ្លះទៀត​ធ្វើការផងរៀនផង និងខ្លះទៀត​រៀនតែមួយមុខគត់ តែពិបាកលៃពេលដើម្បីសរសេរសារណា។ ទោះជាក្នុងលក្ខខណ្ឌណាក៏ដោយ ការរៀបចំពេលវេលា ឬតារាងផែនការក្នុងការ​ធ្វើសកម្មភាពចងក្រង និងសរសេរតាមដំណាក់កាល​ជារឿងដែលមិនគួរមើលរំលងឡើយ។ និស្សិតជាច្រើន មានពេលវេលាច្រើន តែនៅពេលដែលពួកគាត់​សរសេរសារណាបែរជាធ្វើយឺតជាងគេបំផុត ឬអាចយឺតពេលក៏មាន។ បញ្ហានេះ មកពីពួកគេមើលងាយស្ថានការណ៍ ហើយមិនចាប់អារម្មណ៍ពីការបែងចែកពេលវេលាឱ្យបានត្រឹមត្រូវ។

    2/ មានឯកសារ

    ការសរសេរ ជាពិសេសសារណា ត្រូវការឯកសារជាចាំបាច់ ប្រសិនបើ​អ្នកសិក្សាមិនមាន​លទ្ធភាពស្វែងរកឯកសារគ្រប់គ្រាន់ដើម្បីសរសេរទេនោះ អត្ថបទដែលគេសរសេរនោះ​នឹងមិនមានតម្លៃ។ សារណា ត្រូវការភាពលម្អិត និងអត្ថន័យគ្រប់គ្រាន់​ ព្រោះវាជាការចងក្រងឯកសារ​ផ្លូវការ​ដើម្បីទុកឱ្យនិស្សិតជំនាន់ក្រោយ​សិក្សាស្រាវជ្រាវ ហេតុនេះ​អ្នកសរសេរសារណាមិនគួរ​ធ្វេសប្រហែសនោះទេចំពោះ​ការដកស្រង់ឯកសារយោងនានា។

    3/ ត្រៀមខ្លួនសម្រាប់ការបកស្រាយ

    ពេញរយៈពេល 4 ឆ្នាំ ឬច្រើនជាងនេះនៃការសិក្សានៅមហាវិទ្យាល័យ និស្សិត​ត្រូវ​ចាំបាច់​ធ្វើបទបង្ហាញរាប់មិនអស់ លើមុខវិជ្ជានីមួយៗដែលខ្លួនបានរៀន។ មាននិស្សិតខ្លះ ចង់សរសេរសារណា តែគាត់មិនអាចទទួលជោគជ័យក្នុងបទបង្ហាញ​ ហេតុនេះ​ឯកសារតែមួយមុខក៏មិនគ្រប់គ្រាន់នោះដែរ។ អ្នកសិក្សាគួរត្រៀមខ្លួនដើម្បីនិយាយតាមរយៈការហ្វឹកហាត់​ដោយខ្លួនឯងនៅផ្ទះ មើលវីដេអូ និង​ការចូលមើល​សិស្សច្បងដែលបាន​ធ្វើបទបង្ហាញ​មួយឆ្នាំមុនរហូតដល់ឆ្នាំ​ដែលយើងត្រូវសរសេរ​៕

  • ដាំបន្លែតាមបច្ចេកវិទ្យាថ្មីប្រើពេលតិច តែបានថ្លៃខ្ពស់នៅលើទីផ្សារ

    ដាំបន្លែតាមបច្ចេកវិទ្យាថ្មីប្រើពេលតិច តែបានថ្លៃខ្ពស់នៅលើទីផ្សារ

    ការផ្លាស់ប្តូរទម្លាប់នៃការដាំដំណាំ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កសិករ ដោយមិនចាំបាច់ប្រើសារធាតុគីមី មិនចំណាយកម្លាំងពលកម្មច្រើន ហើយវាថែមទាំងមានតម្លៃខ្ពស់នៅ​លើទីផ្សារ និងមិនបារម្ភពីការលក់មិនអស់នោះឡើយ។

    លោក ហុយ ថេង រស់នៅក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ថា លោកបានចាប់យករបរដាំបន្លែនេះជាង 10ឆ្នាំមកហើយ ប៉ុន្តែទើបតែងាកមកដាំបន្លែក្នុងផ្ទះសំណាញ់តាមគោលការណ៍ធម្មជាតិនេះជាង 1ឆ្នាំប៉ុណ្ណោះ។ បើធ្វើការប្រៀបធៀបកាលពីនៅដាំបន្លែធម្មតាតាមទម្លាប់ និងការដាំបន្លែក្នុងផ្ទះសំណាញ់នេះ គឺមានការខុសគ្នាឆ្ងាយណាស់ ទាំងសុខភាពក៏ដូចជាជីវភាព ព្រោះការដាំបន្លែតាមទម្លាប់គឺយើងត្រូវប្រើកម្លាំងពលកម្មច្រើនក្នុងការថែទាំ ហើយត្រូវប្រើលុយ ក្នុងការជួលមនុស្សមើលថែ និងធ្វើស្មៅជាប្រចាំ ព្រមទាំងត្រូវចំណាយលុយទិញជីច្រើន និងទិញថ្នាំគីមីដើម្បីបាញ់សម្លាប់សត្វល្អិតចង្រៃថែមទៀត ដែល«ការបាញ់ថ្នាំម្តងៗ បានធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ដល់សុខភាពមនុស្ស ហើយមិនមែនតែខ្លួនឯងនោះទេ សូម្បីតែប្រពន្ធកូនក៏រងនូវផលប៉ះពាល់ផងដែរ ក្រោយពីបន្លែបានផលលក់រួចយកលុយមកទូទាត់ថ្លៃឈ្នួល ថ្លៃជី ថ្លៃថ្នាំ ក៏ដូចជាការថែទាំសុខភាពនោះគឺស្ទើរតែមិនសល់នោះទេ»។

    លោកថា ក្រោយពីងាកមកដាំបន្លែក្នុងមុងសំណាញ់នេះមក គឺឃើញថាអាចកាត់បន្ថយការចំ​ណាយច្រើន ហើយប្រើពេលខ្លីជាង និងទទួលបានទិន្នផលច្រើនជាង ពេលលក់ចេញក៏បានតម្លៃខ្ពស់ជាង ធ្វើឱ្យជីវភាពប្រសើរឡើងជាងមុន។ លោកក៏បានបន្ថែមដែរថា ការដាំនេះគឺមិនខុសពីបន្លែតាមទម្លាប់ប៉ុន្មាននោះទេ គ្រាន់តែយើងធ្វើរោងគ្របពីលើប៉ុណ្ណោះ ហើយធ្វើម្តងគឺប្រើបានច្រើនឆ្នាំទៀតផង។

    លោក ទ្រី ណារ៉េត កសិករដាំបន្លែតាមបច្ចេកវិទ្យាថ្មីម្នាក់ទៀតក៏បានឱ្យដឹងផងដែរថា លោកក៏ដាំបន្លែក្នុងផ្ទះសំណាញ់នេះជាង1ឆ្នាំមកហើយដែរ នៅលើផ្ទៃដីទំហំ 8ម៉ែត្រគុណ 140ម៉ែត្រ ហើយជាមធ្យមប្រមូលផល 1លើកៗលក់បានប្រមាណ 3លានរៀលដែរ  «បន្លែសរីរាង្គក្នុងផ្ទះសំណាញ់នេះ គឺមិនចាំបាច់ប្រើថ្នាំគីមីសម្លាប់សត្វល្អិតនោះទេ ហើយបើប្រើជី គឺប្រើជីកំប៉ុសដែលធ្វើដោយខ្លួនឯង មិនបាច់ទិញថ្នាំគីមីសម្លាប់សត្វល្អិត នាំតែអស់លុយនោះទេ លើសពីនេះវាចំណាយពេលតិចត្រឹមតែ 29ថ្ងៃប៉ុណ្ណោះអាចទទួលបានផលហើយ ខុសពីបន្លែធម្មតាដែលត្រូវប្រើពេល1ខែកន្លះ ទៅ 1ខែ 20ថ្ងៃ ឯណោះ»។

    សម្រាប់តម្លៃលក់ចេញគឺ ស្ពៃចង្កឹះ ស្ពៃខ្មៅ 1គីឡូក្រាម 2500រៀល ស្ពៃក្រញ៉ាញ់ ស្ពៃឡៃស៊ីម និងស្ពៃតឿ 1គីឡូក្រាម 3,500រៀល ចំណែកឯខាត់ណាឈើ 1គីឡូក្រាម 5,500រៀល ផ្កាខាត់ណាពណ៌ស 1គីឡូក្រាម 600០រៀល ហើយបើខាត់ណាផ្កាពណ៌ខៀវវិញបានដល់ទៅ 8,000រៀលក្នុង 1គីឡូក្រាម ព្រោះមិនប៉ះពាល់ដល់សុខភាពទាំងអ្នកដាំ ក៏ដូចជាអ្នកទទួលទានដែរ។

    ទន្ទឹមនឹងនោះដែរលោក សេង គឹមសុខ មន្ត្រីការិយាល័យកសិកម្មស្រុកស្អាង បានលើកឡើងថា ស្អាងគឺជាស្រុកមួយដែលជាប់ចំណាត់ថ្នាក់លេខមួយទូទាំងប្រទេស ក្នុងការផ្គត់ផ្គង់បន្លែគ្រប់ប្រភេទច្រើនជាងគេ ដែលក្នុងថ្ងៃមួយៗគិតជាមធ្យមមិនក្រោម 20តោននោះទេ។ បើទោះជាការផលិតបន្លែសរីរាង្គហាក់នៅមានកម្រិតក្តី ប៉ុន្តែបច្ចុប្បន្នកសិករមួយចំនួនក៏កំពុងងាកមកដាំបន្លែសរីរាង្គវិញដែរ មានដូចជានៅក្នុងឃុំក្រាំងយ៉ូវ ឃុំស្វាយប្រទាល និងឃុំកោះខ្សាច់ទន្លា ជាដើម។ លោកបន្តថា កសិករនៅទីនេះចាប់ផ្តើមចេះដាំបន្លៃសរីរាង្គជាង3ឆ្នាំមកហើយ គឺដោយមានការជួយឧបត្ថមពីគម្រោងអភិវឌ្ឍន៍កសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ចហៅកាត់ថា ប៉ារ៉ាឌី ពីអង្គការអាគ្រីស៊ុត អង្គការអាយធីអឹម និងអង្គការអេសអិនវី ទាំងបច្ចេកទេស ក៏ដូចជាទុនកម្ចីផងដែរ៕

  • Man United ​ចុះ​ហត្ថ​លេខា​ជាមួយ​ Lindelof មកពី Benfica

    Man United ​ចុះ​ហត្ថ​លេខា​ជាមួយ​ Lindelof មកពី Benfica

    ក្លិប​​បិសាច​ក្រហម Manchester United បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​​គ្នា​មួយ​ដើម្បី​​​ចុះ​ហត្ថលេខា​ជា​មួយ​នឹង​​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ស៊ុយ​អែត Victor Lindelof ពី​ក្លិប Benfica ក្នុង​តម្លៃ​ខ្លួន ​30.7​លាន​ផោន (ស្មើ​នឹង​ 39​លាន​ដុល្លារ​អាមេ​រិក)​។

    ក្រោយ​ពី​បាន​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ក្រប​ខ័ណ្ឌ Champions League តាមរយៈ​ការ​ឈ្នះ​ពាន Europa League ដើម្បី​បន្ថែម​ទៅ​​លើ​ពាន EFL Cup និង Community Shield របស់​ពួក​គេ ទើបការ​​ផ្តោត​អារម្មណ៍​ផ្សេង​ៗ​របស់ក្រុម Man United បាន​ធ្លាក់​ទៅ​លើ​ការ​ពង្រឹង​ក្រុម​​របស់​ខ្លួន​ភ្លាម​ៗ​។  ខ្សែ​ការ​ពារ​កណ្តាល​រូប​នេះបច្ចុប្បន្ន​នឹង​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​​ដំបូង​គេ​របស់​លោក Jose Mourinho នៅ​រដូវ​ក្តៅ​នេះ ក្រោយ​ពី Man United បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​មួយ​​ជាមួយ​នឹង​​ក្រុម​ម្ចាស់​ជើង​ឯក​ព័​រទុយ​ហ្គាល់ Benfica​។

    ក្លិប Man United របស់​ក្រប​ខ័ណ្ឌ Premier League បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍មួយ​លើ​គេហ​ទំ​ព័រ​ផ្លូវ​ការ​​របស់​ខ្លួន​ថា៖ «ក្លិប Manchester United ពិត​ជា​រីក​រាយ​ណាស់​​ក្នុង​ការ​ប្រកាស​ថា យើង​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​មួយ​ជា​មួយ​នឹង​ក្លិប Benfica ដើម្បី​នាំ​យក Victor Lindelof ខណៈ​ដែល​​ការ​ផ្ទេរ​នេះ​នឹង​ត្រូវ​បំពេញ​ក្រោយ​ពី​ការ​ត្រួត​ពិនិត្យ​សុខ​ភាព ការ​ជម្រះ​បញ្ហា​អន្តរ​ជាតិ និង​​ការ​ព្រម​ព្រៀង​​លើ​លក្ខ​ខណ្ឌ​ផ្ទាល់​ខ្លួន​ផ្សេង​ៗរួច​»​។ ក្លិប​បិសាច​ក្រហម​មួយ​នេះ បានបន្ថែម​ទៀត​ថា៖ «សេចក្តី​ប្រកាស​បន្ថែម​ទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅពេល​ដែល​ការ​ផ្ទេរ​នេះបំពេញ​ជា​ផ្លូវ​ការ​»​។ Lindelof បាន​អភិវឌ្ឍ​ខ្លួនចេញ​ពីក្រុម​យុវ​ជន​របស់ Benfica មុន​នឹង​ចូល​លេង​ក្នុង​ក្រុម​ឈុត​​ធំ​ចាប់​ពី​ឆ្នាំ​ 2013 ដោយ​បាន​បង្ហាញ​ខ្លួន​សរុប​ 48​លើក និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់​៕

    ប្រភព​ពី៖ The Guardian

  • Microsoft មិនអស់អាល័យនឹងប្រព័ន្ធ Windows Phone របស់ខ្លួន

    Microsoft មិនអស់អាល័យនឹងប្រព័ន្ធ Windows Phone របស់ខ្លួន

    ក្រោយ​ពីក្លាយជា​ម្ចាស់កម្មសិទ្ធិ​លើ​មុខ​ជំនួញ​ទូរស័ព្ទ​បន្ត​ពី Nokia រហូតដល់​លក់ផ្នែកខ្លះ​ទៅឱ្យ​ក្រុមហ៊ុន HMD គ្រប់គ្រង​បន្ត មុខជំនួញស្មាតហ្វូនត្រកូល Lumia របស់ Microsoft ហាក់នៅតែមិនប្រសើរឡើងសោះ ដោយរបាយការណ៍​ហិរញ្ញវត្ថុ​ជំនួញ​ទូរស័ព្ទ​ប្រចាំត្រីមាស​ទី 3 របស់ខ្លួន​គិត​ត្រឹម​ថ្ងៃទី 31 ខែមីនា ឆ្នាំ 2017 តួលេខ​បង្ហាញថា​មាន​ចំណូល​ត្រឹម 5លាន​ដុល្លារ​ប៉ុណ្ណោះ។

    ទោះបីជាបែបនេះក្ដី Microsoft នៅតែមិនអស់អាល័យនឹងប្រព័ន្ធប្រតិបត្តិការ Windows Phone​ ដែលខំប្រើពេលជាយូរកសាងឡើងនោះឡើយ ដោយថ្មីៗនេះមានព័ត៌មានបង្ហាញថា ក្រុមហ៊ុនកំពុងត្រៀមខ្លួនបង្កើតស្មាតហ្វូនត្រកូល Surface Mobile ដែលមានសមត្ថភាពខ្លាំង និងមានមុខងារប្លែកខុសពីទូរស័ព្ទដទៃ។ មួយវិញទៀត វាក៏អាចប្រើជំនួសឱ្យកុំព្យូទ័រ ដោយត្រឹមតែបន្ថែមនូវដុំ Microsoft Display Adapter ស្រដៀងនឹងកាលពីស៊េរីទូរស័ព្ទ Lumia 950 XL ដែរ។

    ប្រភពនោះបានបន្ដទៀតថា Surface Mobile អាចនឹងបំពាក់នូវប៊ិច Surface Pen ដែលប្រើប្រាស់សម្រាប់ធ្វើការកត់ត្រាចំណាំអ្វីមួយទៀតផង។ ចំណុចពិសេសមួយទៀត វាប្រហែលជាអាចដំឡើងកម្មវិធីដូចកុំព្យូទ័រ (.exe)ដែរ។

    ទូរស័ព្ទស៊េរីក្រោយនេះ នឹងផ្តោតសំខាន់ទៅលើសមត្ថភាពជាចម្បង ពោលគឺ Microsoft ចង់អោយវា អាច​ប្រើប្រាស់់បានខុសពីទូរស័ព្ទធម្មតា។ ទីមួយនោះគឺវានឹងអាចប្រើ ជំនួសជាម៉ាស៊ីនកុំព្យូទ័របាន ដោយ​គ្រាន់​តែដោតតភ្ជាប់វាជាមួយនឹងដុំបំបែកមួយប៉ុណ្ណោះ។ មួយវិញទៀតនោះ វាក៏អាចនឹងមានភ្ជាប់មក ជាមួយ​នឹងប៊ិច Surface Pen  សម្រាប់ធ្វើការកត់ត្រាចំណាំអ្វីមួយជាដើម។  ថ្វី​ត្បិតតែវាគឺជាទូរស័ព្ទ ដែលមានទំហំតូចក្តី តែ Microsoft អាចនឹងកែច្នៃ Software វាអោយអាចដំឡើង កម្មវិធីប្រភេទ .exe រឺ win32 បាន ដែលនេះនឹងធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា ខ្លួនកំពុងកាន់កូន​កុំព្យូទ័រតូច​មួយ​តាមខ្លួន។

    និយាយរួមមក ទីផ្សារ Windows phone គឺពិតជាពិបាកជ្រៀតចូលណាស់ ព្រោះអីស្មាតហ្វូនគឺជា ឧបករណ៍សម្រាប់ទំនាក់ទំនង និងកំសាន្ត។ ចំណែកឯ Windows Phone វិញគឺបង្កើតឡើង​ក្នុង​គោល​បំណង សម្រាប់បំពេញកិច្ចការងារផ្សេងៗ ដូចកុំព្យូទ័រដែរ ជាហេតុធ្វើឱ្យវាមានភាពលំបាកក្នុងការទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់។ យ៉ាងណាមិញ យើងមិនទាន់អាចកាត់សេចក្តីបាននោះទេ ពោលគឺ​យើង​នឹង​រង់ចាំ​មើលថាតើ Microsoft Surface Mobile វាមានលក្ខណៈពិសេសអ្វីខ្លះ ហើយតើពេល​ណា​ទៅ ទើបវាបង្ហាញខ្លួនជាផ្លូវការ?