Category: សង្គម និងសេដ្ឋកិច្ច

  • ក្នុងមួយឆ្នាំ FORTE ទទួលបានបុព្វលាភជាង 33លានដុល្លារលើទីផ្សារកម្ពុជា

    ក្នុងមួយឆ្នាំ FORTE ទទួលបានបុព្វលាភជាង 33លានដុល្លារលើទីផ្សារកម្ពុជា

    លោក យក់ ចំរើនឫទ្ឋិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ កម្ពុជា ភីអិលស៊ី (FORTE Insurance) បានឱ្យដឹងថានៅក្នុងឆ្នាំ2016 កន្លងទៅនេះ ក្រុមហ៊ុនធានារ៉ាប់រង ដែលមានវ័យចំណាស់មួយនេះ ទទួលបានបុព្វលាភពីអតិថិជនប្រមាណជាង 33លានដុល្លារលើសេវាកម្មធានារ៉ាប់រងជាច្រើនប្រភេទនៅលើទីផ្សារកម្ពុជា។

    លោកមានប្រសាសន៍ថា ក្នុងចំណោមក្រុមហ៊ុនសរុបចំនួន7 នៅលើទីផ្សារឧស្សាហកម្មធានារ៉ាប់រងទូទៅនៅកម្ពុជា ក្រុមហ៊ុនទទូលបានបុព្វលាភសរុបប្រមាណជា 100លានដុល្លារ ពីអតិថិជនក្នុងឆ្នាំ2016 កន្លងទៅនេះ ខណៈដែលក្រុមហ៊ុន FORTE Insurance ទទួលបានចំណែកទីផ្សាររហូតដល់ជាង 47% ដែលជាចំណែកទីផ្សារនាំមុខគេនៅកម្ពុជា។

    លោកថា «អ្វីដែលធ្វើឱ្យក្រុមហ៊ុន FORTE អាចទទួលបានបុព្វលាភច្រើនបែបនេះ ដោយសារក្រុមហ៊ុន FORTE Insurance មានវ័យចំណាស់ និងមានទំនុកចិត្តខ្លាំងពីអតិថិជន បើធៀបជាមួយក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀត»។

    គួរបញ្ជាក់ថា ក្រុមហ៊ុន FORTE Insurance បានផ្តល់ការធានារ៉ាប់រងជាច្រើនប្រភេទដូចជាធានារ៉ាប់រងទៅលើគ្រោះថ្នាក់ការងារ គ្រោះថ្នាក់នៅពេលបើកបរ ធានារ៉ាប់រងលើសុខភាព រ៉ាប់រងផ្នែកអគ្គិភ័យតាមផ្ទះ អគារតូចធំ រោងចក្រ សហគ្រាស ធានារ៉ាប់រងលើការសាងសង់អគារ និងមានសេវាធានារ៉ាប់រងជាច្រើនប្រភេទផ្សេងទៀត រហូតដល់ជិត 200ប្រភេទ៕

  • គ្រូបង្វឹកកម្ពុជាបង្ហាញពីការគ្មានសម្ពាធ មុនពេលប៉ះអាហ្វហ្គានីស្ថាន ល្ងាចនេះ

    គ្រូបង្វឹកកម្ពុជាបង្ហាញពីការគ្មានសម្ពាធ មុនពេលប៉ះអាហ្វហ្គានីស្ថាន ល្ងាចនេះ

    លោក Leonardo Vitorino គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្ហាញថា លោកមិនមានសម្ពាធអ្វីឡើយ នៅពេលក្រុមរបស់លោកត្រូវធ្វើការប្រកួតជម្រុះក្នុងពូល E ក្នុងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ2019 ជាមួយនឹងក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃនេះ។

    គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃម្សិលមិញថា លោកមិនមែនមកដឹកនាំដើម្បីរាប់តែការឈ្នះ និងចាញ់ ឬក៏ផ្តោតទៅលើការដឹកនាំរយៈពេលខ្លីនោះទេ ប៉ុន្តែលោកមានតួនាទីក្នុងការសម្រេចគោលដៅជាយុទ្ធសាស្ត្រ ដើម្បីកសាងអនាគតសម្រាប់កីឡាបាល់ទាត់របស់ព្រះរាជាណាចក្រមួយនេះ។ ការប្រកួតដ៏សំខាន់នេះ ដែលត្រូវបានរំពឹងទុកថា នឹងទាក់ទាញអ្នកគាំទ្រមកអ្នកទស្សនាយ៉ាងច្រើនកុះករនោះ នឹងចាប់ផ្តើមប្រកួតនៅម៉ោង 6:30ល្ងាចតទៅ។

    បើទោះបីជាសម្ពាធផ្សេងៗកំពុងតែស្ថិតនៅលើរូបលោក Vitorino ក្នុងការដណ្តើមយកលទ្ធផលជាវិជ្ជមានមួយឱ្យបាន ក្រោយពីការរងបរាជ័យ3លើកជាប់ៗគ្នាក្រោមស្នាដៃក្រុមជម្រើសជាតិហ្ស៊កដានី ឥណ្ឌា និងឥណ្ឌូនេស៊ី ក្នុងរយៈពេល3ខែកន្លងមកនេះក៏ដោយ ក៏អតីតគ្រូបង្វឹករបស់ក្លិបឡាវ Lanexang United F.C. រូបនេះបានបញ្ជាក់យ៉ាងច្បាស់ដែរថា កម្ពុជាកំពុងតែស្ថិតនៅផ្លូវដ៏ត្រឹមត្រូវហើយ ដោយលោកបានបញ្ជាក់ថា៖ «ខ្ញុំមកទីនេះមិនមែនមករាប់ការឈ្នះ និងចាញ់នោះទេ ប៉ុន្តែយើងមានគោលដៅរយៈពេលវែងរហូតដល់ឆ្នាំ2023 ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម។ កម្ពុជា ស្ថិតនៅផ្លូវដ៏ត្រឹមត្រូវហើយ។ ក្នុងកីឡាបាល់ទាត់ ពេលខ្លះយើងយំ ប៉ុន្តែទៅថ្ងៃអនាគត យើងនឹងរីករាយជាមួយគ្នា»។

    ក្រុមជម្រើសជាតិកម្ពុជា នឹងឈានទៅកាន់ការប្រកួតនេះ ក្រោយពីចាញ់ក្នុងការប្រកួតជម្រុះបើកឆាករបស់ខ្លួនក្រោមស្នាដៃក្រុមជម្រើសជាតិហ្ស៊កដានី ក្នុងលទ្ធផល 7-០ កាលពីចុងខែមីនា ហើយពួកគេក៏ទើបតែរងបរាជ័យក្នុងផ្ទះខ្លួនឯង 2-០ ក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនផងដែរ។

    ក្រុមជម្រើសជាតិកម្ពុជា និងអាហ្វហ្គានីស្ថាន ធ្លាប់ជួបគ្នា2លើកកាលពីឆ្នាំ2015 ក្នុងវគ្គជម្រុះ World Cup ដោយកម្ពុជា បានចាញ់ក្នុងផ្ទះខ្លួនឯង 1-០ មុននឹងបន្តចាញ់ 3-០ ពេលប្រកួតជើងទី2៕

  • Coutinho និង Souza រំពឹងជួយឲ្យប្រេស៊ីលស្តារមុខមាត់វិញ ពេលប៉ះអូស្ត្រាលី ល្ងាចនេះ

    Coutinho និង Souza រំពឹងជួយឲ្យប្រេស៊ីលស្តារមុខមាត់វិញ ពេលប៉ះអូស្ត្រាលី ល្ងាចនេះ

    ខ្សែបម្រើប្រយុទ្ធដ៏មានឥទ្ធិពល Philippe Coutinho នឹងត្រូវដឹកនាំក្នុងតំបន់ប្រយុទ្ធរបស់ប្រេស៊ីល ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងទីក្រុង Melbourne នៅល្ងាចនេះ ខណៈដែលខ្សែប្រយុទ្ធ Diego Souza នឹងត្រូវចូលជំនួសកន្លែងរបស់ Gabriel Jesus ដែលកំពុងសម្រាកព្យាបាលរបួស។

    ការរកកីឡាករថ្មីម្នាក់មកជំនួសត្រូវធ្វើឡើងសម្រាប់ Jesus របស់ក្លិប Manchester City ខណៈដែលរូបគេបានវិលទៅផ្ទះវិញ ក្រោយពីរបួសឆ្អឹងរង្វង់ភ្នែក ក្នុងពេលក្រុមជម្រើសជាតិប្រេស៊ីល បានរងបរាជ័យក្នុងលទ្ធផល 1-០ ក្រោមស្នាដៃក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋាន MCG កាលពីថ្ងៃសុក្រ។ វានឹងផ្តល់ឱកាសដល់ Souza ក្នុងការធ្វើឲ្យលោកគ្រូបង្វឹក Tite ចាប់អារម្មណ៍នៅមុនពេលយុទ្ធនាការ World Cup នៅឆ្នាំក្រោយ ក្នុងប្រទេសរុស្ស៊ី ហើយនេះក៏ជាឱកាសលើកដំបូងរបស់គេផងដែរ ក្នុងការចូលលេងក្នុងជម្រើសទាំង11នាក់ដំបូងសម្រាប់ប្រេស៊ីល ក្រោយពីចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួតវគ្គជម្រុះជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ កាលពីដើមឆ្នាំនេះមក។

    Souza ដែលលេងក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ សម្រាប់ក្លិប Sport Recife បានឲ្យដឹងថា៖ «សម្រាប់ខ្ញុំ វាពិតជាអស្ចារ្យណាស់ ក្នុងការទទួលបានការកោះហៅ និងមានឱកាសក្នុងការលេង។ វាពិតជាសំខាន់ណាស់ ក្នុងការបង្ហាញពីសមត្ថភាពដ៏ខ្លាំងបំផុតរបស់ខ្ញុំ»។ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានឈ្នះកៅអីទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup ជុំផ្តាច់ព្រ័ត្រ នៅឆ្នាំក្រោយរួចជាស្រេចហើយ ខណៈដែលអូស្ត្រាលី បានរក្សាក្តីសង្ឃឹមក្នុងការប្រជែងយកកៅអីជាស្វ័យប្រវត្តិរបស់ពួកគេ តាមរយៈការដណ្តើមយកជ័យជម្នះ 3-2 លើក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ក្នុងទីក្រុង Adelaide កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។

    ប៉ុន្តែ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ដែលមានចំណាត់ថ្នាក់លេខ1ក្នុងពិភពលោក នឹងមិនមើលស្រាលទៅលើក្រុមជម្រើសជាតិអូស្ត្រាលីឡើយ ខណៈដែលពួកគេកំពុងសម្លឹងរកការស្តារមុខមាត់មួយក្រោយពីការចាញ់របស់ពួកគេក្រោមស្នាដៃក្រុមជម្រើសជាតិអាហ្សង់ទីនរួចមក។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង5:05ល្ងាចថ្ងៃនេះ៕
    ប្រភពពី៖ Sport24

  • ប្រជាជននៅលើ “អគារប៊ុលឌិងស” រើចេញជិតអស់ហើយ

    ប្រជាជននៅលើ “អគារប៊ុលឌិងស” រើចេញជិតអស់ហើយ

    បន្ទាប់ពីមានការជួបជុំហូបនំបញ្ចុករវាងអាជ្ញាធរដែលមានការចូលរួមពីសំណាក់ឯកឧត្ដមជា សុផារ៉ា ទេសរដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយប្រជាពលរដ្ឋអតីតរស់នៅលើ ”អគារប៊ុលឌិងស” កាលពីថ្ងៃទី10 រួចមក គេសង្កេតឃើញថា ប្រជាពលរដ្ឋកាន់តែមានការញាប់ដៃញាប់ជើងក្នុងរើជញ្ជូនសម្ភាររបស់ខ្លួនចេញពីបន្ទប់ដើម្បីទទួលបានប្រាក់សំណងឆាប់ៗ។

    គិតចាប់ពីម៉ោង6 និង30នាទីល្ងាច ថ្ងៃទី12 ខែមិថុនា ឆ្នាំ2017 ប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិបន្ទប់ចំនួន 343 ក្នុងចំនួនបន្ទប់សរុបទាំងអស់492 បានរើចេញដើម្បីទៅរកលំនៅដ្ឋានថ្មី និងបានទទួលប្រាក់ទូទាត់សំណងពីក្រុមហ៊ុនរួចរាល់ហើយ។

    គួរបញ្ជាក់ដែរថា ដំណើរចាកចេញរបស់ប្រជាពលរដ្ឋដែលរស់នៅលើអគារប៊ុលឌិងសដើម្បីស្វែងរកលំនៅដ្ឋានថ្មី ត្រូវបានប្រព្រឹត្ដទៅដោយរលូន និងមានការសាទរពីប្រជាពលរដ្ឋជាច្រើន តែទោះជាយ៉ាងនេះក្ដី ក៏ប្រជាពលរដ្ឋទាំងនោះហាក់នៅមានអារម្មណ៍អាឡោះអាល័យដល់អគារដ៏កម្សត់មួយនេះដែលនឹងត្រូវបាត់រូបរាងចេញពីលើផែនទីទីក្រុងភ្នំពេញជារៀងរហូតនោះដែរ៕

     

  • AC Milan ផ្តួល Arsenal ដើម្បី​ចុះ​ហត្ថ​លេខាជាមួយ Andre Silva ​

    AC Milan ផ្តួល Arsenal ដើម្បី​ចុះ​ហត្ថ​លេខាជាមួយ Andre Silva ​

    ក្លិប AC Milan បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថ​លេខា​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ Andre Silva មកពី​ក្លិប Portoរបស់​ព័រ​ទុយ​ហ្គាល់ ក្នុង​​តម្លៃ​ខ្លួន​38​លាន​អឺ​រ៉ូ (ស្មើ​នឹង​42.5​លាន​ដុល្លារ​អាមេ​រិក)​។

    ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​វ័យ​21​ឆ្នាំ​រូបនេះ បាន​ទទួល​ការ​ត្រួត​ពិនិត្យ​​សុខ​ភាព​របស់​គេ​ជា​មួយ​នឹង AC Milan កាល​ពី​ថ្ងៃ​ចន្ទរួចរាល់ហើយ មុន​ពេល​​បំពេញ​ការ​ផ្ទេរ​របស់​គេ​ជា​ផ្លូវ​ការ​។ តម្លៃ​ខ្លួន​​សម្រាប់ Silva ដែល​​ក៏​​ស្ថិ​តក្នុង​ការ​​ចាប់​​អារម្មណ៍​ពី​សំណាក់​ក្លិប Arsenal និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​21​​គ្រាប់​សម្រាប់​ Porto កាល​ពី​រដូវ​កាល​មុន​ផង​ដែរ​នោះ អា​ចនឹង​កើនឡើង​ដល់​4០​លាន​​អឺរ៉ូ​។ នេះ​បើ​យោង​​តាម​ការ​ប្រកាស​របស់​ក្លិប​ព័រ​ទុយ​ហ្គាល់​មួយ​នេះ នៅលើ​គេហ​ទំ​ព័រ​របស់​ពួក​គេ​។ Porto បាន​​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «Porto សូម​​ជូន​ពរ​ឲ្យ Andre Silva ជួប​​ការ​រីក​រាយ​បំផុត និង​​ទទួល​ជោគ​ជ័យ​​ក្នុង​កម្រិត​អាជីព និង​​ក្នុង​កីឡាបាល់ទាត់ដោយ​មិន​​បំភ្លេច​ពី​របៀប​ដែល​រូប​គេ​តែង​តែ​លះ​បង់​រាល់​អ្វី​ៗ​ទាំង​​អស់​សម្រាប់​ក្លិប​នេះ​ឡើយ​»​។  Silva គឺ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​4​​នៅ​រដូវ​​​ក្តៅ​នេះ ខណៈ​ដែល​​ AC Milan បាន​បន្ត​​​ធ្វើ​ការ​ជួស​ជុល​ក្រុម​របស់​ខ្លួន​ក្រោម​​​ការ​​កាន់​កាប់​របស់​​ម្ចាស់​កម្ម​សិទ្ធិ​ថ្មី​ជា​​ជន​ជាតិ​ចិន​។

    ក្លិប AC Milan ដែល​បានប​ញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​6​នៅ​លើ​តា​​រាង​ក្រប​ខ័ណ្ឌ Serie A កាល​ពី​រដូវ​កាល​មុន​នោះ បាន​​ទិញ​​​ខ្សែ​ការ​ពារ​ពីរ​នាក់​​រួច​​ស្រេចហើយ​គឺ Ricardo Rodriguez និង Mateo Musacchio ពីក្លិប Wolfsburg និង Villarreal តាមលេខរៀង​​ ស្រប​ពេល​ដែល​ខ្សែ​បម្រើ​អន្តរ​ជាតិ​កូត​ឌី​វ័រ​ក៏​បាន​​ចូល​រួម​ដែរ ក្រោយ​​ផ្ទេរ​មក​ពីក្លិប Atalanta​៕

    ប្រភព​ពី៖ Eurosport.com

  • Honor 9 ស្មាតហ្វូនកាមេរ៉ាភ្លោះថ្មីរបស់ Huawei តម្លៃអាចទទួលយកបាន

    Honor 9 ស្មាតហ្វូនកាមេរ៉ាភ្លោះថ្មីរបស់ Huawei តម្លៃអាចទទួលយកបាន

    កាលពីថ្ងៃម្សិលមិញ ក្រុមហ៊ុន Huawei បានដាក់ចេញនូវស្រឡាយស្មាតហ្វូនត្រកូល Honor មួយទៀតហើយ ដែលមានបំពាក់នូវកាមេរ៉ាភ្លោះមានសមត្ថភាពខ្លាំង រូបរាងស្រោបដោយកញ្ចក់ទាំងខាងមុខ និងខាងក្រោយស្រដៀងទៅនឹង Honor 8 ជំនាន់មុន និង Mi 6 ដែរ។

    លក្ខណសម្បត្តិរបស់ Honor 9 ចេញមកដូចនឹងព័ត៌មានដែលបានបែកធ្លាយកាលពីពេលកន្លងទៅមែន ដោយវាត្រូវបានបំពាក់នូវអេក្រង់ Full HD ទំហំ 5.15 អ៊ីញ ប្រើបច្ចេកវិទ្យាពណ៌ DCI-P3 ដូចនឹងទូរស័ព្ទ iPhone 7 និង Galaxy S8 ដែរ។ ក្នុងនោះ វាក៏ប្រើនូវបន្ទះឈីបផ្ទាល់ពីក្រុមហ៊ុន HiSilicon Kirin 960 ដូចនឹងទូរស័ព្ទ Mate 9 និង P10 និងដំណើរការដោយប្រព័ន្ធ Android 7.0 Nougat ស្រោបដោយផ្ទាំងប្រើប្រាស់ EMUI 5.1។

    ទូរស័ព្ទនេះ បានបំពាក់ដោយប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយទំហំ 20MP/12MP និងមានទ្រនាប់ស្គែនក្រយៅម្រាមដៃនៅលើHome Button ដូច Honor Magic, P10 Series និង Mate 9 Pro ។ មួយវិញទៀត វាក៏មាន Ram ទំហំ 6GB និងមាន Memory ម៉ាស៊ីន 64GB/128GB បន្ថែមក្រៅបានដល់ 256GB អាចប្រើបានស៊ីម 2 ប្រភេទ hybrid SIM និងមានថាមពលថ្ម 3200mAh ប្រើរន្ធសាកបញ្ចូលថ្ម USB Type-C។

    ចំពោះតម្លៃខុសគ្នាអាស្រ័យលើជម្រើស ដោយទំហំផ្ទុកទិន្នន័យ 64GB/Ram4GB តម្លៃស្ថិតក្នុងខ្ទង់ 323 ដុល្លារ, ទំហំផ្ទុក 64GB/Ram6GB តម្លៃខ្ទង់ 398 ដុល្លារ និងទំហំផ្ទុក128GB/ Ram 6GB មានតម្លៃខ្ទង់ 441 ដុល្លារ ដោយតម្លៃទាំងអស់នេះអាចនឹងប្រែប្រួលតាមប្រទេសនីមួយៗ៕

     

     

  • នៅកម្ពុជា កុមារដែលធ្វើការលើសម៉ោងអាចបោះបង់ការសិក្សាចោល

    នៅកម្ពុជា កុមារដែលធ្វើការលើសម៉ោងអាចបោះបង់ការសិក្សាចោល

    កុមារជាទំពាំងស្នងឫស្សី ហើយក៏ជាអ្នកបន្តវេនសម្រាប់សង្គមដែរ។ នៅពេលដែលកុមារទទួលបានការអប់រំល្អ នោះអនាគតរបស់សង្គមជាតិក៏នឹងស្ថិតក្នុងស្ថានភាពល្អដូចគ្នា តែនៅកម្ពុជាកុមារមួយចំនួន ជាពិសេសនៅតាមតំបន់ជនបទកំពុងស្ថិតក្នុងស្ថានភាពមិនសូវល្អ ព្រោះពួកគេមានអត្រាបោះបង់ចោលការសិក្សាច្រើន។

    ក្រសួងអប់រំ យុវជន និងកីឡា បានចេញរបាយការណ៍ ក៏ដូចជាសូចនាករអប់រំសម្រាប់ថ្នាក់បឋមសិក្សាមួយដែលបង្ហាញថា អត្រានៃការបោះបង់ចោលការសិក្សារបស់កុមារមានការថយចុះ តែទោះជាយ៉ាងណាសញ្ញាអវិជ្ជមានមួយចំនួនក៏កំពុងកើតមានផងដែរនៅកម្ពុជា។

    ការបោះបង់ចោលការសិក្សារបស់កុមារភាគច្រើនកើតចេញមកពីកត្តាជីវភាព និងការបណ្តោយ ឬបង្ខំឱ្យកុមារធ្វើការងារច្រើន លើសម៉ោងដើម្បីរកប្រាក់ចំណូលមកជួយចិញ្ចឹមគ្រួសារ។

    ថ្មីៗនេះ អង្គការ UNICEF នៅកម្ពុជា បានបង្ហាញថា កុមារដែលធ្វើការងារច្រើនជាង 23ម៉ោងក្នុងមួយសប្តាហ៍ អាចនឹងបោះបង់ចោលការសិក្សាច្រើនជាងកុមារដែលមិនបានធ្វើការ។ ទន្ទឹមនឹងនេះ ស្ថាប័នខាងលើក៏បានបង្ហាញផងដែរថា កុមារគួរតែទៅសាលារៀនដើម្បីទទួលបានចំណេះដឹង មិនមែនទៅធ្វើការងាររកប្រាក់ទេ។ ការអប់រំកុមារ មានឥទ្ធិពលក្នុងការបញ្ចប់វិសមភាពឆ្លងជំនាន់ និងជួយលើកកម្ពស់ជីវិតកុមារនាពេលអនាគត៕

  • អ៉ីរ៉ង់ ចូល​រួម​ជា​មួយ ប្រេស៊ីល ក្នុង​ការ​ឈ្នះ​កៅអី​ទៅ World Cup ឆ្នាំ​ 2018

    អ៉ីរ៉ង់ ចូល​រួម​ជា​មួយ ប្រេស៊ីល ក្នុង​ការ​ឈ្នះ​កៅអី​ទៅ World Cup ឆ្នាំ​ 2018

    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ី​រ៉ង់ បាន​​ក្លាយ​ជាក្រុម​ទី​2​ក្នុង​ការ​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួតក្នុង​ព្រឹត្តិការណ៍ World Cup ជុំ​ផ្តាច់​ព្រ័ត្រនៅ​ឆ្នាំ​ក្រោយ បន្ទាប់ពីពួក​គេ​បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​​អ៊ូស​បេ​គី​ស្ថាន ក្នុង​លទ្ធ​ផល 2-០ ក្រោយ​ពី​មាន​គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទីពី​សំណាក់​ខ្សែ​ប្រយុទ្ធ Sardar Azmoun និង Mehdi Taremi នា​កីឡដ្ឋាន Azadi កាល​ពី​ថ្ងៃ​ចន្ទ​។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​ពាក់​កណ្តាល​តង់​ទី1​របស់ Azmoun បាន​ជួយ​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​​អ៊ី​រ៉ង់ ស្ថិត​នៅ​​លើ​​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​​សិទ្ធិ​ទៅ​លេង​ក្នុង​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​2018 ក្នុង​​ប្រទេស​រុស្ស៊ី នៅ​មុន​ពេល Taremi បាន​បន្ថែម​​គ្រាប់​បាល់​ទី​2​នៅ​រយៈ​​ពេល​2នាទី​ចុង​ក្រោយ​ ធ្វើឱ្យអ៊ី​រ៉ង់ បាន​ឈាន​ទៅកាន់​យុទ្ធ​នា​ការ World Cup ពីរ​លើក​ជាប់​ៗ​​គ្នា​ជា​លើក​ទី​មួយ​។ ក្រុម​ម្ចាស់​ជើ​ង​​ឯក​ទ្វីប​អាស៊ី​​3​សម័យ​កាល​មួយ​នេះ ដែល​​​បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទីមិន​ចូល​ទី​1​គ្រាប់​ផង​ដែរ​នោះ នឹង​ចូល​រួម​ជា​មួយ​នឹ​ងក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ក្នុង​នាម​ជា​ក្រុម​ដែល​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួ​ត​មក​ទល់​ពេល​នេះ ក្រោយ​ពី​អ៊ី​រ៉ង់ បាន​​​ឈ្នះ​កៅអី​ទៅ​លេង​ក្នុង​យុទ្ធ​នា​ការ World Cup ជាលើក​ទី​5របស់​ខ្លួន​។ ជ័យ​ជម្នះ​នេះ​មានន័យ​ថា ក្រុម​អ៊ី​រ៉ង់​​របស់លោក​​​គ្រូ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​ Carlos Queiroz នឹង​​បញ្ចប់​​ក្នុង​ចំណាត់​ថ្នាក់​​លេខ​1 ឬ​​លេខ​​2​ក្នុង​ពូល A នៃ​ការ​ប្រកួត​ជម្រុះ​ជុំ​ចុង​ក្រោយ​ក្នុង​តំបន់​អាស៊ី​។

    ក្រុម​ជម្រើស​ជាតិ​អ៊ូស​បេ​គីស្ថាន កំពុង​តែ​ដេញ​តាម​ពី​ក្រោយ​​ក្រុម​កំពុង​នាំ​មុខ​មួយ​នេះ​8​ពិន្ទុ ក្នុង​ចំណាត់​ថ្នាក់​លេខ​3 ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​​ត្រឹម​តែ​2​លើក​​ទៀត​ប៉ុណ្ណោះ​។ ក្រុម​​ឈរ​លេខ​1 និង​លេខ​2 ពី​ពូល​ទាំង​ពីរនេះ​​ក្នុង​វគ្គ​ជម្រុះ​នៅ​អាស៊ី នឹង​​ឈាន​ទៅ​ប្រកួត World Cup ដោយ​ស្វ័យ​ប្រវត្តិ ខណៈ​ដែល​ក្រុម​ឈរ​លេខ​3 នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​វគ្គ Playoff​៕

    ប្រភព​ពី​៖ Eurosport.com

  • ASUS បើកសម្ពោធ Gaming Store ដំបូងគេបង្អស់នៅកម្ពុជា

    ASUS បើកសម្ពោធ Gaming Store ដំបូងគេបង្អស់នៅកម្ពុជា

    ក្រោយមានតម្រូវការខ្ពស់ជាមួយនឹងកុំព្យូទ័រសម្រាប់លេងហ្គេម និងការងារផ្នែករចនាប្លង់ កាត់តវីដេអូ ក្រុមហ៊ុន Asus បានសម្រេចបើកនូវហាង Gaming Store ដំបូងគេបង្អស់នៅកម្ពុជា ដើម្បីឱ្យអតិថិជនរបស់ខ្លួនអាចធ្វើការចុចប្រើសាកល្បង រាល់កុំព្យូទ័រស៊េរីថ្មីៗដែលមានលក់ក្នុងទីផ្សារ។

    ហាង Gaming Store នោះមានទីតាំងនៅក្នុងផ្សារទំនើប City Mall ជាន់ផ្ទាល់ដី ផ្តោតសំខាន់ទៅលើផលិតផលសម្រាប់ហ្គេម រួមមានដូចជា កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ គ្រឿងផ្គុំ (Hardware) និងឧបករណ៍ចាំបាច់ជាច្រើនទៀត។

    លោក ឈុន ហ៊ុយ នាយកគ្រប់គ្រងហាង Gaming Store បានឱ្យដឹងថា ការបើកសម្ពោធហាងថ្មីនេះ ផ្ដោតសំខាន់លើក្រុមយុវវ័យដែលនិយមចូលចិត្តលេងហ្គេមតាមរយៈកុំព្យូទ័រ សិស្សនិស្សិត និងអ្នកដែលធ្វើការងារផ្នែករចនាប្លង់ ដែលត្រូវការកុំព្យូទ័រមានសមត្ថភាពខ្លាំង ដំណើរការរលូន ប្រើយូរមិនក្ដៅ ជាដើម។

     

    លោកថ្លែងថា៖«ខ្ញុំចង់អ្នកឱ្យប្រើប្រាស់ ទាំង Gamer ឬអ្នកប្រើប្រាស់ទូទៅ ទទួលបានបទពិសោធដ៏ល្អក្នុងការប្រើប្រាស់របស់ដែលមានគុណភាព និងសេវាកម្មល្អ។ នៅទីនេះ ពួកគាត់អាចប៉ះផ្ទាល់ និងសាកល្បងសមត្ថភាពផលិតផលមុននឹងសម្រេចចិត្តទិញ»។ លោកបន្តថា លក្ខណៈល្អមួយទៀតរបស់ហាងនេះ គឺអ្នកប្រើប្រាស់អាចចូលមកធ្វើការតេស្តសាកល្បងនៅហាងផ្ទាល់តែម្តងមុននឹងធ្វើការសម្រេចចិត្តទិញផលិតផលនានារបស់ ASUS យកទៅប្រើ ដែលនេះវាស្រដៀងនឹង Showroom របស់ក្រុមហ៊ុនលក់ទូរស័ព្ទមួយដូច្នោះដែរ។

     

    ក្នុងនោះ រាល់អតិថិជនទាំងអស់នឹងទទួលបានការប្រឹក្សាយោបល់ពីការទិញឱ្យចំតម្រូវការដែលគាត់ត្រូវការប្រើប្រាស់ មិនថាតែកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុឡើយ៕

  • តារាសិល្បៈជិត 100នាក់ នឹងប្រគំតន្រ្ដីជំរុញឱ្យមានការផ្ដល់ឈាមថ្នាក់ជាតិ

    តារាសិល្បៈជិត 100នាក់ នឹងប្រគំតន្រ្ដីជំរុញឱ្យមានការផ្ដល់ឈាមថ្នាក់ជាតិ

    ក្រោយពីគ្រួសារតារាកម្ពុជា បានរៀបចំការប្រគំតន្រ្ដីដើម្បីជំរុញឱ្យមានការចូលរួមបរិច្ចាគឈាមពីសំណាក់និស្សិត និងសាធារណជន ព្រមទាំងតារាសិល្បៈ កាលពីថ្ងៃទី14 កុម្ភៈកន្លងទៅនោះ នៅថ្ងៃទី14 ខែមិថុនា ខាងមុខនេះតារាសិល្បៈជិត 100នាក់ នឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្រ្ដីជាលើកទី 2 ក្នុងទិវាបរិច្ចាគឈាម។

    កាលពីការប្រគំតន្រ្ដីលើកទី1 គ្រួសារតារាកម្ពុជាអាចកៀងគរអ្នកបរិច្ចាគឈាមបានចំនួនជាង 700កំប្លោកដែលគេមើលឃើញថា ជាតួលេខខ្ពស់ជាងគេក្នុងចំណោមកម្មវិធីទាំងឡាយដែលមជ្ឈមណ្ឌលជាតិផ្ដល់ឈាមទទួលបាន។

    តាមរយៈការចូលរួមក្នុងកម្មវិធីផ្ដល់ឈាមថ្នាក់ជាតិរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សហការជាមួយគ្រួសារតារាកម្ពុជាដែលមានការចូលរួមពីតារាសិល្បៈសម្ដែង តារាកំប្លែង និងតារាចម្រៀងមកពីផលិតកម្មនានារួមទាំងតារាចម្រៀងមកពីកម្មវិធី Cambodia Idol ផងនោះ គេរំពឹងថា លើកនេះមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនឹងទទួលបានឈាមជាច្រើនកំប្លោកដែលមានកំណើនជាងកម្មវិធីប្រគំតន្រ្ដីលើកទី1 ជាមិនខាន៕