Category: សង្គម និងសេដ្ឋកិច្ច

  • លោក Loew នឹងប្រើប្រាស់តារាឆ្នើមវ័យក្មេងក្នុង Confederation Cup

    លោក Loew នឹងប្រើប្រាស់តារាឆ្នើមវ័យក្មេងក្នុង Confederation Cup

    ក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ នឹងធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ Confederation Cup ជាមួយនឹងលោក Joachim Loew ខណៈដែលគ្រូបង្វឹករូបនេះកំពុងសម្លឹងឆ្ពោះទៅរកការប្រើប្រាស់កីឡាករឆ្នើមៗជំនាន់ក្រោយរបស់លោក បន្ទាប់ពីសម្រេចចិត្តមិនកោះហៅកីឡាករជើងចាស់ឆ្នើមៗជាច្រើនរួចមក។

    ស្របពេលដែលនៅសល់រយៈពេលតែ 1ឆ្នាំមុនពេលយុទ្ធនាការ World Cup មកដល់ លោក Loew បានសម្រេចអនុញ្ញាតឲ្យកីឡាករឆ្នើមៗជាច្រើននាក់សម្រាកវិស្សមកាល និងបានជ្រើសរើសយកកីឡាករថ្មីៗចំនួន7នាក់ ដើម្បីបញ្ចូលក្នុងក្រុមរបស់លោកសម្រាប់ការទៅប្រកួតនៅប្រទេសរុស្ស៊ី។ ស្របពេលដែលត្រូវអវត្តមានតារាឆ្នើមៗជាច្រើនដូចជា Thomas Mueller, Manuel Neuer, Mario Gomez និង Jerome Boateng ជាដើមនោះ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងទីក្រុង Sochi នៅថ្ងៃចន្ទ បន្ទាប់ពីក្រុមជម្រើសជាតិស៊ីលី និងអាមេរិក ត្រូវជួបគ្នាក្នុងការប្រកួតក្នុងពូល B នេះដូចគ្នាដែរ។

    យុទ្ធនាការនេះនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ស្អែកនេះ នៅពេលដែលក្រុមម្ចាស់ផ្ទះរុស្ស៊ី នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិនូវែលសេឡង់ នាថ្ងៃទី17 ខែមិថុនា ខណៈដែលក្រុមជម្រើសជាតិម៉ិកស៊ិក និងព័រទុយហ្គាល់ក៏ស្ថិតក្នុងពូល A ដូចគ្នាដែរ។ ក្រោយពីមិនបានផ្តោតទៅលើការប្រជែងយកកៅអីទៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង St Petersburg នាថ្ងៃទី2 ខែកក្កដា លោក Loew កំពុងតែគិតទៅលើយុទ្ធនាការរយៈពេល12ខែទៅមុខទៀត។ គ្រូបង្វឹកវ័យ57ឆ្នាំរូបនេះ ដែលបានដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ2006 និងថែមទាំងបានជួយឲ្យប្រទេសនេះឈ្នះពាន World Cup ឆ្នាំ2014 ផងនោះបានឲ្យដឹងថា៖ «ព្រឹត្តិការណ៍ World Cup ឆ្នាំ2018 និងការឈ្នះពាននេះម្តងទៀត គឺជាទស្សនវិស័យចម្បងរបស់យើង»។ លោក Loew បានបន្ថែមទៀតថា៖ «តែបេសកកម្មដែលកំពុងដំណើរការនៅពេលនេះគឺការចូលរួមក្នុងព្រឹត្តិការណ៍ Confederation Cup»៕

    កម្មវិធីប្រកួតចុងសប្តាហ៍នេះ
    ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា
    រុស្ស៊ី Vs នូវែលសេឡង់ – 10 យប់
    ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា
    ព័រទុយហ្គាល់ Vs ម៉ិកស៊ិក – 10 យប់
    កាមេរូន Vs ស៊ីលី – 1 រំលងអធ្រាត្រ
    ប្រភពពី៖ Sky Sport24

  • Everton បំពេញការផ្ទេរ Pickford និង Klaassen សម្រាប់រដូវក្តៅនេះ

    Everton បំពេញការផ្ទេរ Pickford និង Klaassen សម្រាប់រដូវក្តៅនេះ

    ក្លិប Everton បានចាប់ផ្តើមជះទឹកប្រាក់ដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ តាមរយៈការបំពេញការចុះហត្ថលេខាជាមួយនឹងអ្នកចាំទី Jordan Pickford ពីក្លិប Sunderland និងខ្សែបម្រើ Davy Klaassen ដែលជាប្រធានក្រុមនៃក្លិប Ajax Amsterdam ក្នុងការផ្ទេរមួយដែលមានតម្លៃខ្លួនសរុប 54លានផោន (ស្មើនឹង 69លានដុល្លារអាមេរិក)។

    កីឡាករទាំងពីរសុទ្ធសឹងបានចុះហត្ថលេខាលើកុងត្រារយៈពេល 5ឆ្នាំ ជាមួយនឹងក្លិបមានមូលដ្ឋាននៅ Goodison Park មួយនេះ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្លិប Everton ដែលត្រូវបានផ្តល់មូលនិធិដោយម្ចាស់ភាគហ៊ុនធំគឺលោក Farhad Moshiri នោះ បានចាត់វិធានការយ៉ាងមានប្រសិទ្ធភាពក្នុងការនាំយកកីឡាករពីរនាក់ ដែលជាគោលដៅចម្បងនៅរដូវក្តៅនេះរបស់លោក Ronald Koeman។

    Pickford នឹងមានតម្លៃខ្លួនជាបឋមចំនួន25លានផោន ប៉ុន្តែ បើបូកជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែមផ្សេងៗទៀត តម្លៃខ្លួនរបស់គេនឹងកើនដល់3០លានផោន (ស្មើនឹង 38.2លានដុល្លារអាមេរិក) ជាតម្លៃខ្លួនកំណត់ត្រារបស់ក្លិប Everton ខណៈដែលរូបគេក៏ជាអ្នកចាំទី ដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងចក្រភពអង់គ្លេសផងដែរ។

    ស្របពេលមួយគ្នានេះដែរ ខ្សែបម្រើអន្តរជាតិហូឡង់ Klaassen បានផ្ទេរមកក្នុងតម្លៃខ្លួន 24លានផោន (ស្មើនឹង 30.6លានដុល្លារអាមេរិក)។ Klaassen បានឲ្យដឹងថា៖ «ខ្ញុំបាននិយាយកាលពីប៉ុន្មានសប្តាហ៍មុនជាមួយនឹងលោក Ronald Koeman អំពីក្លិប Everton។ ខ្ញុំចង់មកទីនេះ និងត្រួតពិនិត្យមើលថា នេះជាក្លិបដែលត្រឹមត្រូវសម្រាប់ខ្ញុំ ឬយ៉ាងណា ហើយចាប់តាំងពីខ្ញុំបានមកទីនេះ ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់។ វាជាក្លិបដ៏អស្ចារ្យមួយ»។

    ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖ «ពេលវេលាដែលខ្ញុំនិយាយជាមួយនឹងលោកគ្រូបង្វឹកដោយផ្ទាល់ ខ្ញុំមានអារម្មណ៍ល្អណាស់។ គាត់ជាមនុស្សស្មោះត្រង់ ហើយយើងបានជជែកគ្នាអំពីក្លិបនេះ និងអំពីរបៀបដែលគាត់ចង់រៀបចំប្រព័ន្ធលេង ដែលចំណុចនោះបានផ្តល់អារម្មណ៍វិជ្ជមានដល់ខ្ញុំ»៕
    ប្រភពព័ត៌មាន៖ The Guardian

  • ស្បែក​ត្រូវតែ​ស្អាត ដើម្បី​សម្លាប់​ចិត្ត​ស្វាមី

    ស្បែក​ត្រូវតែ​ស្អាត ដើម្បី​សម្លាប់​ចិត្ត​ស្វាមី

    ប្រពន្ធ​ស្អាត ប្តី​ណា​ដែលថា​មិន​ស្រឡាញ់ ពេល​បាន​ប្តី​ស្រឡាញ់​ពេញចិត្ត​ហើយ​នោះ ស្រីៗឯណា​ដែលថា​មិន​សប្បាយចិត្ត​នោះមែនដែរ​ទេ? ភាព​ស្អាត​ដែល​មនុស្ស​យើងម្នាក់ៗមាន​គឺ​ពិតជា​បានមកពី​ការខិតខំ និងការថែរក្សា​មកយ៉ាង​ល្អ។ មាន​របស់​ល្អ​គួរតែ​ចែករំលែក​ឱ្យ​គ្នា​បានដឹង និង​បាន​យកទៅប្រើប្រាស់ ដើម្បី​បង្កើន​ភាពស្រស់ស្អាត បន្ថែម​ក្តី​ស្រឡាញ់​ពី​ស្វាមី ដណ្តើមយកក្តី​សុខ និងសុភមង្គល​ក្នុង​គ្រួសារ​ឱ្យបាន​កាន់តែ​ច្រើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ដូច្នេះប្រសិនបើ​អ្នក​ចង់ដឹង និង​ចង់យក​ឈ្នះ​ចិត្ត​ស្វាមី​អ្នកនោះ សូម​ស្វែងរក​ចម្លើយ​នៅក្នុង​ទំព័រ​នេះ​ដូចតទៅ៖

    ស្វែងយល់​ពី​ប្រភេទ​ស្បែក៖ ដំបូង​អ្នក​ត្រូវ​ស្វែងរក​ឱ្យឃើញ​សិន​ថា តើ​ស្បែក​របស់​អ្នកជា​ប្រភេទ​ស្បែក​បែបណា បន្ទាប់មកទៀត​សឹម​ស្វែងរកផលិតផល​ណា​ដែល​ត្រូវ​ជាមួយនឹង​ប្រភេទ​ស្បែក​របស់​អ្នក។ ឡា​រ៉ែ​ន ដឹងថា​អ្នកនាង​កញ្ញា​ទាំងឡាយ​ពិតជា​បាន​ជ្រាប​ពី​បញ្ហា​នេះ ប៉ុន្តែ​ដោយសារ​តែមាន​សុភាពនារី​ច្រើនណាស់​ដែល​ប្រើប្រាស់​ផលិតផល​ខុសពី​ប្រភេទ​ស្បែក​របស់ខ្លួន ហេតុនេះហើយ​បានជា​យើង​តែងតែ​លើកយក​បញ្ហា​នេះ​មក​រំឭក​ដល់​អ្នកជារឿយៗ។

    ការទទួល​ទាន​អាហារ៖ ជំហាន​បន្ទាប់​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់គឺ​ការទទួល​ទាន​អាហារ​ដែល​ត្រូវ​ទៅតាម​ប្រភេទ​ស្បែក និង​មាន​ប្រយោជន៍​ចំពោះ​ស្បែក។ ប្រសិនបើ​អាច​គួរតែ​ងាក​ចេញ​បន្តិច​ពី​អាហារ​ប្រភេទ Fast Food ព្រោះថា​អាហារ​ប្រភេទ​នេះ​មិនល្អ​សម្រាប់​ស្បែក​នោះទេ មានតែ​អាហារ​ដែល​អ្នក​ចម្អិន​ដោយផ្ទាល់ គឺ​សម្បូរ​ទៅដោយ​វីតាមីន និង​សារធាតុចិញ្ចឹម​ទេ​ទើប​ល្អ ហើយ​ម្យ៉ាងទៀត​បើ​សួរ​លោក​ប្តី​វិញ​នោះ​ក៏​ប្រហែលជា​មិន​រីករាយ​ណាស់ណា​ទេ បើ​រាល់ថ្ងៃ​មានតែ​អាហារ Fast Food នោះ។ ចម្អិន​អាហារ​ខ្លួនឯង​មិន​ត្រឹមតែ​ជួយ​ឱ្យ​ស្បែក​ស្អាត សុខ​ភាពល្អ​នោះទេ ថែមទាំង​ជួយ​បន្ថែម​សុភមង្គល​ក្នុង​គ្រួសារ​ថែមទៀត​ផង។

    ទទួលទាន​ទឹក​ដើម្បី​ស្បែក​រលោង​ភ្លឺ​ថ្លា៖ ជំនួយការ​ពី​ធម្មជាតិ​ជួយ​ឱ្យ​ស្បែក​មើលទៅ​ភ្លឺ​ថ្លា​គឺ​ទឹក​នេះហើយ។ បន្ថែម​បរិមាណ​ទឹក​ទៅក្នុង​រាងកាយរបស់​អ្នកជា​រៀងរាល់ថ្ងៃ ដើម្បី​បណ្តេញ​ជាតិពុល​ចេញពី​ក្នុង​ស្បែក។

    បញ្ឈប់​ភាព​ធុញថប់៖ ភាព​ធុញថប់​គឺជា​ធាតុ​ផ្សំ​ដែលនាំឱ្យ​ស្បែក​ស្រអាប់​គ្មាន​ពន្លឺ។ ការពារ ឬ​កាត់បន្ថយ​រឿង​បែបនេះ​ដោយ​វិធីងាយៗដូចជា ស្តាប់​តន្ត្រី ដកដង្ហើមវែងៗ និង​ហាត់ប្រាណ​បែប​យ៉ូ​ហ្គា​ជាដើម។

    ផលិតផល​ដែល​អ្នក​គួរតែ​ជ្រើសរើស​យកមកប្រើ៖ សម្រាប់​លោកអ្នកដែល​ប្រាថ្នា​ចង់បាន​​ស្បែក​ដែលមាន​សភាព​ភ្លឺរលោង​ស្រស់ស្អាត​នោះសូម​ចងចាំ​ក្នុង​ចិត្ត​ថា​ផលិតផល​ដែល​អ្នកនឹង​ទិញយក​មកប្រើប្រាស់​ត្រូវតែ​មាន​ធាតុ​ផ្សំសំខាន់ៗមួយចំនួន​ដូចជា វីតាមីន​ C, Retinoid និង Lacticacid។ វីតាមីន​ C មាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​មុន កាត់បន្ថយ​អាការក្រហម រមាស់​ស្បែក មុន​ក្បាល​ខ្មៅ និង​កាត់បន្ថយ​ស្នាម​ជ្រួញ​ជាដើម។ ផលិតផល​ដែលមាន​ផ្សំ​ជាមួយ Retinoid ជួយ​កម្ចាត់​មុន បង្រួម​រន្ធ​រោមជាពិសេស​ជួយ​ឱ្យ​ស្បែក​រលោង មាន​សុខ​ភាពល្អ និង​ក្មេង​ជាង​វ័យ។ Lactic acid ជួយ​បន្ថែមសំណើម​ដល់​ស្បែក បន្ថយ​ភាព​ស្ងួត​គ្រើម ធ្វើឱ្យ​ស្បែ​កមាន​សុខភាព​ល្អ និង​ស្រស់ស្រាយ។

    ចំណុច​ត្រូវ​ហាម
    – ផាត់មុខ​ក្រាស់​ពេក ព្រោះ​គ្រឿងសម្អាង​នឹងធ្វើ​ការបិទ​រន្ធ​ញើស​របស់អ្នក​ជិត​ពេក ដែល​អាច​បង្ក​ឱ្យ​កើតមុន។
    – យកដៃ​ប៉ះ​មុខ សូម្បីតែ​លាប​ក្រែ​មកា​រពារ​ស្បែក​ក្តី ទាំង​ដែល​មិនទាន់បាន​សម្អាត​ដៃ​ឱ្យ​ស្អាត គឺ​មេរោគ​អាច​ចម្លង​ទៅ​ស្បែក​តាមរយៈ​ដៃ​កខ្វក់​របស់​អ្នក​បាន។
    -ចូល​គេង​ទាំង​មិនទាន់​សម្អាត​ស្បែក​ឱ្យ​ស្អាត។
    – ចូល​គេង​យប់​ជ្រៅ ជក់បារី ស្រា និង​ប្រើ​គ្រឿងញៀន។
    – បណ្តោយឱ្យ​ស្បែក​ទ្រាំទ្រ​នឹង​កម្តៅថ្ងៃ ដោយ​មិនមាន​ផលិតផល ឬសម្ភារ​ជំនួយ​ការពារ​ស្បែក។

    សូម​ចាំ​ថា លទ្ធផល​បានមកពី​ការខិតខំ​របស់​អ្នក នោះ​មានន័យថា ស្អាតៗ ឬ​មិន​ស្អាត​គឺមាន​តែ​រូបអ្នក​ទេ​ដែល​អាចជួយ​ខ្លួនឯងបាន៕

  • រឿងគួរឱ្យអស់សំណើចក្នុងយុគសម័យរាជវង្សចិន វគ្គ «ចាប់ផោម»

    រឿងគួរឱ្យអស់សំណើចក្នុងយុគសម័យរាជវង្សចិន វគ្គ «ចាប់ផោម»

    ក្នុងពេលដែលលោកចៅហ្វាយស្រុកដ៏មានអំណាចកំពុងតែអង្គុយប្រជុំស្តាប់រឿងរ៉ាវតវ៉ាផ្សេងៗអំពីអ្នកស្រុកនោះ នៅសុខៗក្នុងក្រុមពួកអ្នកស្រុកក៏ស្រាប់តែមានមនុស្សម្នាក់ផោមឡើងលាន់ឮសំឡេងយ៉ាងខ្លាំង «ពូតតតតតត!»។

    ចៅហ្វាយស្រុកដែលកំពុងតែវីវក់ជាមួយនឹងឯកសារតវ៉ាទាមទាររបស់ពួកអ្នកស្រុកនោះ ពេលបានឮ ក៏ងើបមុខឡើងដោយអារម្មណ៍មួម៉ៅ ព្រមទាំងស្រែកបញ្ជាខ្លាំងៗឡើងថា «សំឡេងស្អីគេហ្នឹងៗ នាំយកមកឱ្យយើងមើលភ្លាម!»។

    ខាងអង្គរក្សដែលកំពុងឈរព័ទ្ធជុំវិញនៅក្នុងបន្ទប់ បានឮហើយក៏សម្លឹងមុខគ្នាឡឺនឡង់ៗ មុននឹងមានម្នាក់ឆ្លើយឡើងថា «ចាប់លែងទាន់ហើយ លោកម្ចាស់!»។

    លោកចៅហ្វាយស្រុកបានឮចម្លើយបែបនោះ ក៏រឹតតែខឹងមួម៉ៅខ្លាំងឡើង ក៏ស្រែកគំហកខ្លាំងៗទៅទៀតថា «កុំមកកុហកយើង! ជួយលាក់បាំងជនប្រព្រឹត្តខុសពួកឯងនឹងទទួលទោស យកចេញមកឱ្យយើងមើលភ្លាម!»។

    បណ្តាអង្គរក្សទាំងអស់មិនដឹងជាធ្វើយ៉ាងណា ក៏យកក្រដាសកើបអាចម៍មួយកំភ្លូសធំនោះ មកប្រគល់ជូនលោកចៅហ្វាយស្រុក ព្រមទាំងរាយការណ៍ថា «ជនល្មើសរត់បាត់ទៅហើយលោកម្ចាស់ ចាប់បានតែវត្ថុពាក់ព័ន្ធ ទើបនាំខ្លួនមកជូនលោកម្ចាស់ដើម្បីពិចារណាទោសនៅពេលនេះ»៕

    ស្រាវជ្រាវដោយ តាវ៉ែនតា

  • ឈុន ស្រីមុំ៖ ខ្ញុំអាចឈរបានថ្ងៃនេះ គ្មានជំនួយពីនរណាទេ…

    ឈុន ស្រីមុំ៖ ខ្ញុំអាចឈរបានថ្ងៃនេះ គ្មានជំនួយពីនរណាទេ…

    មួយរយៈចុងក្រោយនេះគេឧស្សាហ៍ឃើញតារាសម្ដែង ឈុន ស្រីមុំ មានវត្ដមានក្នុងការសម្ដែងភាពយន្ដឱ្យស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 5ញឹកញាប់ណាស់ សូម្បីតែរឿងដុំដែលមានចំណងជើងថា «នាងនាថបាត់ដំបង» ជាវណ្ណកម្មដំបូងដែលបានយកមកដាក់បញ្ចាំងក្នុងរោងភាពយន្ដក៏មានវត្ដមានរូបនាងដែរ។

    ថ្វីដ្បិតតែនាងជាតារាទើបចូលប្រឡូកសិល្បៈនៅមិនទាន់មានបទពិសោធច្រើនដូចតារាដទៃមែន ប៉ុន្ដែមើលទៅទេពកោសល្យក្នុងការសម្ដែងរបស់នាងត្រូវបានមហាជនភាគច្រើនទទួលយកបាន និងមានការគាំទ្រ រហូតបច្ចុប្បន្ននាងក៏មានហ្វ៊ែនផ្ទាល់ខ្លួនដែលគាំទ្រលើការសម្ដែងរបស់នាងដែរ តែក្រោយពីគេបានដឹងថា នាងជាបងស្រីបង្កើតរបស់អ្នកគ្រប់គ្រងនៅក្នុងផលិតកម្ម BKS គឺលោក ឈុន សុវណ្ណភក្ដី មកនោះ ក៏ស្រាប់តែមានការលើកឡើងថា ប្រសិនបើមិនមានការជួយជ្រោមជ្រែងពីប្អូនប្រុសទេ ប្រហែលជានាងគ្មានឱកាសបែបនេះឡើយ។

    ជួបកញ្ញា ឈុន ស្រីមុំ នាងបានបកស្រាយប្រាប់ថា៖ «វាមិនមែនដូចអ្វីដែលគេបានលើកឡើងនោះទេ សម្រាប់ភក្ដី ប្អូនប្រុសរបស់ខ្ញុំវិញ កុំថាឡើយជួយជ្រោមជ្រែងខ្ញុំ សូម្បីតែខ្ញុំចូលសិល្បៈ ក៏គាត់មិនទាំងចង់ឱ្យខ្ញុំចូលប្រឡូកក្នុងអាជីពនេះផង»។ នាងបន្ដថា នាងហាក់មិនយល់ច្បាស់ពីអារម្មណ៍របស់ប្អូនប្រុសឡើយ ប៉ុន្ដែនាងអាចសន្និដ្ឋានបានថា ប្រហែលជាបណ្ដាលមកពីគាត់ខ្លាចនាងចូលប្រឡូកសិល្បៈហើយ ត្រូវរងការរិះគន់ពីរឿងមិនល្អណាមួយដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់កិត្ដិយសគ្រួសារ។

    ដោយឡែកពាក់ព័ន្ធនឹងការសម្ដែងរឿងភាគនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5ជាញឹកញាប់នោះត្រូវបាន ស្រីមុំ ប្រាប់ថា អ្វីៗដែលនាងទទួលបាន វាកើតចេញពីសមត្ថភាព និងទេពកោសល្យរបស់នាងសុទ្ធសាធ គ្មានការជួយពីនរណាទាំងអស់។ ប្រសិនបើគ្មានសមត្ថភាព ប្រហែលជាអ្នកដឹកនាំរឿងគេមិនត្រូវការទេ។ នាងបានបន្ដថា បើទោះជាមានការលើកឡើងបែបនេះក៏ដោយ ក៏នាងគ្មានអារម្មណ៍អាក់អន់ស្រពន់ចិត្ដអ្វីដែរ ព្រោះជាធម្មតា មានឪពុកជាចាងហ្វាងផលិតកម្ម និងប្អូនជាអ្នកប្រឡូកក្នុងវិស័យសិល្បៈយូរហើយ ហើយគេនាំគ្នានិយាយបែបហ្នឹង វាមិនមានអ្វីប្លែកទេ។

    ទោះជាយ៉ាងណានាងបានសម្ដែងនូវមោទនភាពចំពោះខ្លួនឯងដែលអាចធ្វើបាន គ្រាដែលនាងមិនដែលធ្លាប់គិតថា នាងដើរលើផ្លូវនេះតែម្នាក់ឯងបែបនេះ ប្រហែលជាមិនអាចទៅរួចឡើយ ព្រោះអំឡុងពេលនាងចូលសិល្បៈដំបូងក្រុមគ្រួសារពុំសូវជាគាំទ្រប៉ុន្មានឡើយ ដោយសារតែបារម្ភ។

    ជាមួយគ្នានេះកញ្ញា ឈុន ស្រីមុំ ប្រាប់បន្ថែមទៀតថា កាលពីចូលសិល្បៈដំបូងៗគ្រួសារពិតជាមានការបារម្ភចំពោះនាងអំពីការចេញទៅថតទីឆ្ងាយៗ និងខ្លាចជួបរឿងមិនល្អពាក់ព័ន្ធនឹងស្នេហា ប៉ុន្ដែពេលនេះអ្នកផ្ទះរបស់នាងមានការទុកចិត្ដលើរូបនាងហើយ។ ម្យ៉ាងនាងក៏មានបទពិសោធច្រើនហើយក្នុងសង្គមសិល្បៈ បន្ទាប់ពីការចេញទៅសម្ដែងឆ្ងាយៗតែឯងញឹកញាប់មកនោះ៕

  • បានដឹងតម្លៃទូរស័ព្ទដែលក្រុមហ៊ុន Nokia សម្ពោធល្ងាចមិញហើយឬនៅ?

    បានដឹងតម្លៃទូរស័ព្ទដែលក្រុមហ៊ុន Nokia សម្ពោធល្ងាចមិញហើយឬនៅ?

    ល្ងាចមិញនេះ ក្រុមហ៊ុន Nokia ប្រចាំកម្ពុជា បានធ្វើការសម្ពោធជាផ្លូវការនូវទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនហើយ ក្រោយពីបានបង្ហាញខ្លួនតាំងពីដើមឆ្នាំក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ2017 ដែលរួមមានទូរស័ព្ទស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយគេទាំង 3ម៉ូដែល និងទូរស័ព្ទស៊េរីចាស់ តែផ្លាស់ប្ដូរមុខមាត់ថ្មី Nokia 3310 មួយផងដែរ។

    ក្នុងការដាក់បង្ហាញនេះ តំណាងក្រុមហ៊ុន Nokia ប្រចាំកម្ពុជា បានឱ្យដឹងថាទូរស័ព្ទទាំង 4ម៉ូដែល មានតម្លៃចាប់ពី 48ដុល្លារ ដល់ 229ដុល្លារ ដោយទូរស័ព្ទ Nokia 3 ដាក់លក់ក្នុងតម្លៃ 143ដុល្លារ ខណៈ Nokia 3310 មានតម្លៃ 48ដុល្លារ ដែលនឹងមានលក់នៅចុងខែមិថុនា ឆ្នាំ2017 នេះជាមួយគ្នា ឯទូរស័ព្ទ Nokia 5 លក់ក្នុងតម្លៃ 193 ដុល្លារ និងទូរស័ព្ទ Nokia 6 លក់ក្នុងតម្លៃ 229ដុល្លារ ដោយគ្រោងនឹងចេញលក់នៅពាក់កណ្តាលខែកក្តដា ឆ្នាំ2017 ខាងមុខ៕

  • រដ្ឋាភិបាលប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025

    រដ្ឋាភិបាលប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025

    ភ្នំពេញៈ រដ្ឋាភិបាលបានប្រកាសដាក់ចេញជាផ្លូវការនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 បន្ទាប់ពីរាជរដ្ឋាភិបាលបានពិនិត្យឃើញថា កម្ពុជារក្សាបាននូវស្ថិរភាពពេញលេញ និងមានស្ថិរភាពនយោបាយរឹងមាំ ព្រមទាំងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមជិត8ភាគរយក្នុងមួយឆ្នាំ។

    ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 បានថ្លែងថា ការសម្រេចដាក់សម្ពោធជាផ្លូវការនូវផែនការយុទ្ធសាស្រ្តនេះ គឺជាផ្លែផ្កាដ៏ត្រចះត្រចង់មួយដែលឆ្លុះបញ្ចាំងពីការរួមចំណែកយ៉ាងសកម្មពីវិស័យហិរញ្ញវត្ថុដែលបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុដ៏ក្មេងខ្ចីរបស់ខ្លួន។

    ឯកឧត្ដមបន្តថា ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំស្របតាមការរីកចម្រើនសេដ្ឋកិច្ចនៃនិម្មាបនកម្មហិរញ្ញវត្ថុអន្តរជាតិ និងសម្ទុះនៃសមាហរណកម្មតំបន់ និងពិភពលោក ព្រមទាំងផ្អែកលើបទពិសោធ និងមេរៀនថ្មីៗដែលបានជួបប្រទះក្នុងការអនុវត្តកន្លងមកនៅឆ្នាំ 2016 រាជរដ្ឋាភិបាលបានសម្រេចធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រជាលើកទី3 ពីយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2011-2020 ទៅជាយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 ដែលដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ។

    យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 រៀបចំឡើងដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ីដែលបានចូលរួមចំណែក និងគាំទ្រការធ្វើបច្ចុប្បន្នកម្មឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 រហូតទទួលបានជោគជ័យ។

    ឯកឧត្ដមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថាយុទ្ធសាស្រ្តដែលបានសម្រេចដាក់សម្ពោធជាផ្លូវការនេះជាឯកសារបច្ចុប្បន្នកម្មថ្មីមួយរបស់កម្ពុជាដើម្បីធ្វើឲ្យវិស័យហិរញ្ញវត្ថុមានការអភិវឌ្ឍបានយ៉ាងរហ័សក្នុងការនាំកម្ពុជាឈានចូលទំព័រប្រវត្តិសាស្ត្រថ្មី និងមានមុខមាត់ថ្មី និងមានការរីកចម្រើនយ៉ាងឆាប់រហ័សស្របតាមការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ និងពិភពលោក។

    ឯកឧត្ដមបន្តថា យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 នេះគឺផ្ដើមចេញពីជម្រើស និងការអនុវត្តគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការបង្កបរិស្ថានអំណោយផលសម្រាប់វិស័យឯកជន និងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈការអនុវត្តគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធប្រកបដោយការប្រុងប្រយត្ន័គួបផ្សំនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅចាំបាច់នានាលើគ្រប់វិស័យ។

    យោងតាមឯកសារនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 បានបង្ហាញឲ្យដឹងដែរថា តាមរយៈការរក្សាបាននូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយរឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងអត្រាមធ្យមជិត 8% ក្នុង1ឆ្នាំនោះបានធ្វើឲ្យអត្រាភាពក្រីក្រថយចុះយ៉ាងលឿនពីជាង 53% ក្នុងឆ្នាំ 2004 មកត្រឹម 13.5% នៅឆ្នាំ 2014។

    ការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះបានធ្វើឲ្យកម្ពុជាឈានចូលទំព័រប្រវត្តិសាស្ត្រថ្មីដោយប្រែក្លាយមុខមាត់ពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងត្រូវបានធនាគារពិភពលោកចាត់ទុកជាប្រទេសក្នុងក្រុមឯកទគ្គករកំណើនទាំង 8ក្នុងពិភពលោក៕

  • បទចម្រៀងដំបូងរបស់សុខ ស្រីនាង នៅរស្មីហង្សមាស ចេញ Full MV ហើយ!!!

    បទចម្រៀងដំបូងរបស់សុខ ស្រីនាង នៅរស្មីហង្សមាស ចេញ Full MV ហើយ!!!

    ចាប់តាំងពីបានចូលទៅជ្រកក្នុងផលិតកម្មរស្មីហង្សមាស តារាចម្រៀងសម្បុរខ្មៅស្រអែមសំឡេងក្រអួនក្រអៅ សុខ ស្រីនាង ទើបតែចេញវីដេអូចម្រៀងរបស់ខ្លួនជាលើកដំបូង។ បទចម្រៀងដែលនិយាយពីអារម្មណ៍លួចស្រលាញ់បុរសម្នាក់តែម្នាក់ឯង វាពិតជាលំបាកក្នុងការសម្រួលអារម្មណ៍ខ្លាំងណាស់ ហើយវាពិតជាហត់ក្នុងការតាមស្រលាញ់គេ សូម្បីតែម្ដងក៏គ្មានទេពាក្យថា ស្រលាញ់សម្រាប់យើង ។ អារម្មណ៍ទាំងអស់នេះ បានបង្ហាញនៅក្នុងសាច់រឿងនៃវីដេអូចម្រៀងរបស់ សុខ ស្រីនាង ដែលមានចំណងជើងថា «ហត់ទេស្រលាញ់គេម្នាក់ឯង»។

    តាមរយៈគណនី YouTube របស់ រស្មីហង្សមាស បានឱ្យដឹងថា បទចម្រៀង «ហត់ទេស្រលាញ់គេម្នាក់ឯង» ជាទឹកដៃនិពន្ធរបស់កវី នីសគន្ធា និងនិពន្ធបទភ្លេងដោយ សាន់ សុវណ្ណឌីន ហើយក្រោយការដឹកនាំសម្ដែងដោយ លោក Eco Vak Song ផងដែរ ។ មានតែអ្នកដែលស្នេហ៍គេតែម្នាក់ឯងទេដែលយល់អារម្មណ៍មួយនេះ សួរថាហត់ទេ?

    ចម្លើយគឺ ពិតជាហត់ តែពេញចិត្តនឹងធ្វើចិត្ត ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ៖

  • ការប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី5 ចាប់ផ្តើមហើយ

    ការប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី5 ចាប់ផ្តើមហើយ

    បេក្ខជនជាច្រើនមកពីបណ្តាសាកលវិទ្យាល័យគ្រប់រាជធានី-ខេត្ត រួមទាំងស្ថាប័នមួយចំនួន បានមកជួបជុំគ្នាដើម្បីចូលរួមការប្រឡងជ្រើសរើសក្រឡាបញ្ជីជំនាន់ទី5 ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

    ការប្រឡងនេះ គឺធ្វើឡើងដោយបែងចែកចេញជា 2 ដំណាក់កាល។ ដំណាក់កាលទី 1 គឺត្រូវប្រឡងលើវិញ្ញាសាសរសេរចំនួន 3 រួមមាន នីតិរដ្ឋធម្មនុញ្ញ នីតិព្រហ្មទណ្ឌ (ច្បាប់សារធាតុ) និងនីតិរដ្ឋប្បវេណី (ច្បាប់សារធាតុ) 2។ ចំណែកឯវិញ្ញាសាទី ( 2 គឺប្រឡងដោយផ្ទាល់មាត់ស្តីពីវប្បធម៌ទូទៅ ជាមួយនិងជំនាញស្តាប់ និងកត់ត្រា។

    គួររំឭកដែរថា កាលពីថ្ងៃទី 13 ខែមិថុនា ឆ្នាំ2017 មុនពេលប្រឡងពីរថ្ងៃ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីនីតិវិធី និងការប្រព្រឹត្តទៅសម្រាប់ការប្រឡងនៅថ្ងៃនេះ ក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕

  • ក្រសួងពាណិជ្ជកម្ម និងសហគមន៍ម្រេចអន្តរជាតិ រួមគ្នាលើកកម្ពស់ផលិតផលម្រេចកម្ពុជា

    ក្រសួងពាណិជ្ជកម្ម និងសហគមន៍ម្រេចអន្តរជាតិ រួមគ្នាលើកកម្ពស់ផលិតផលម្រេចកម្ពុជា

    ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជួបពិភាក្សាជាមួយលោកស្រី ហ័ង ធីលៀន (Hoang Thi Lien) នាយិកាប្រតិបត្តិនៃសហគមន៍ម្រេចអន្តរជាតិ (International Pepper Community) ដែលជាស្ថាប័នមួយបង្កើតឡើងក្រោមក្របខ័ណ្ឌគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ក្នុងគោលដៅលើកកម្ពស់ផលិតផលម្រេចកម្ពុជា។

    លោកស្រី ហ័ង ធីលៀនមានប្រសាសន៍ថា គោលបំណងនៃជំនួបនេះគឺដើម្បីណែនាំពីគុណប្រយោជន៍នៃការចូលជាសមាជិករបស់សហគមន៍ដែលបច្ចុប្បន្នមានសមាជិកពេញសិទ្ធិចំនួន6 ប្រទេសរួមមាន វៀតណាម ឥណ្ឌូណេស៊ី ប្រេស៊ីល ឥណ្ឌា ស្រីលង្កា និងម៉ាឡេស៊ី។ ការចូលជាសមាជិករបស់សហគមន៍ ប្រទេសជាសមាជិកនឹងទទួលបានអត្ថប្រយោជន៍លើការលើកកម្ពស់ផលិតភាព បច្ចេកទេសថ្មីៗ ការស្រាវជ្រាវនានា ក្នុងការគាំទ្រលើខ្សែសង្វាក់ផលិតផលទាំងមូល ក៏ដូចជាការសម្របសម្រួលរវាងកសិករ និងឈ្មួញ ដើម្បីឈានទៅដល់ការនាំចេញទៅទីផ្សារបរទេស។

    ឯកឧត្តមប៉ាន សូរស័ក្ដិបានមានប្រសាសន៍ដែរថា ម្រេចកម្ពុជាជាកសិផលមួយដែលមានភាពល្បីល្បាញ ជាពិសេសម្រេចកំពតដែលជាទំនិញបញ្ជាក់ភូមិសាស្ត្រ (Geographical Indication) និងមានតម្លៃខ្ពស់នៅលើទីផ្សារពិភពលោក។ ចំពោះការចូលជាសមាជិកនេះ ឯកឧត្តម មានប្រសាសន៍ថា កម្ពុជានឹងអាចចូលជាសមាជិកសង្កេតការណ៍របស់សហគមន៍ម្រេចអន្តរជាតិជាមុនសិន ហើយនឹងសិក្សាបន្ថែមទៀតលើលទ្ធភាពក្នុងការចូលជាសមាជិកពេញសិទ្ធិនៅពេលក្រោយ។


    ឯកឧត្តមបានណែនាំឲ្យសហគមន៍ម្រេចអន្តរជាតិសហការជាមួយក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាមួយនៅកម្ពុជាដើម្បីបង្កើតជាវេទិកាប្រឹក្សាជាមួយកសិករ អ្នកប្រមូលទិញ និងអ្នកនាំចេញផលិតផលម្រេច ក្នុងគោលបំណងលើកស្ទួយការអភិវឌ្ឍផលិតផលម្រេចនៅកម្ពុជាបន្ថែមទៀត៕