Category: សង្គម និងសេដ្ឋកិច្ច

  • ឌី សូនីតា ខ្លាចអត់គូ ព្រោះតែលេចដំណឹងថាជិតរៀបការ

    ឌី សូនីតា ខ្លាចអត់គូ ព្រោះតែលេចដំណឹងថាជិតរៀបការ

    ក្រោយពីមានដំណឹងថាកញ្ញា ឌី សូនីតា ជាតារាសម្ដែង និងតារាចម្រៀងដ៏មានប្រជាប្រិយភាព បានត្រៀមខ្លួនចូលរោងការ ក៏មានការសាទរពីមហាជនជាច្រើនជាមួយដំណឹងនេះ។ ទោះយ៉ាងណាព័ត៌មាននេះបានធ្វើឱ្យសាមីខ្លួនមានការបារម្ភជាខ្លាំងទៅលើកេរ្ដិ៍ឈ្មោះខ្លួន។

    ចូលមកដល់ឆ្នាំនេះកញ្ញា ឌី សូនីតា មានវ័យ 25ឆ្នាំ ដែលមហាជនទូទៅគិតថានាងសមល្មមនឹងចូលរោងការហើយ។ គួបផ្សំជាមួយដំណឹងខាងលើបានផ្ទុះចេញមកផងនោះ អ្នកគាំទ្ររបស់នាងជាច្រើនមានចម្ងល់ថា តើកញ្ញាឌី សូនីតា ត្រូវរៀបការជាមួយបុរសណា? បើកន្លងមកមិនដែលធ្លាប់លេចឮដំណឹងពីរឿងស្នេហាផងនោះ?។

    កញ្ញា ឌី សូនីតា បានប្រាប់ថាមិនដឹងជាគេបានដំណឹងនោះមកពីណាទេ ព្រោះនាង និងគ្រួសារមិនបានដឹងពីបញ្ហានេះឡើយ។ ទោះជាយ៉ាងណានាងបានអះអាងថា ពាក្យទាំងនោះនាងមិនបាននិយាយចេញពីមាត់របស់នាងឡើយ។

    តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «ខ្ញុំអត់បានដឹងរឿងនេះមែន មិនដឹងថាពួកគាត់បានព័ត៌មានទាំងនោះមកពីណាទេ។និយាយតាមត្រង់ទៅ សូម្បីតែម៉ាក់ខ្ញុំក៏គាត់អត់ដឹងអីដែរ គាត់ឆ្ងល់ថា ហេតុអ្វីបានជាគេលើកយករឿងផ្ទាល់ខ្លួនខ្ញុំទៅនិយាយទាំងសាមីខ្លួនគេអត់បានដឹងបែបនេះ?»។

    សូនីតា ប្រាប់ទៀតថា បើនិយាយពីពាក្យចចាមអារ៉ាមចំពោះអ្នកសិល្បៈវិញ វាស្ទើរតែក្លាយជារឿងសាមញ្ញទៅហើយ ប៉ុន្ដែសម្រាប់នាងវាជារឿងថ្មី ព្រោះតាំងពីនាងចូលសិល្បៈមកពុំដែលទទួលរងនូវពាក្យចចាមអារ៉ាម និងដំណឹងស្នេហាឡើយ។នាងបញ្ជាក់ថា គ្រាន់តែឮដំណឹងនេះភ្លាម នាងពិបាកទទួលយកណាស់ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ទីផ្សារសិល្បៈរបស់នាងផង និងបញ្ហាផ្ទាល់ខ្លួននាងផង។

    បន្ទាប់ពីបញ្ចេញភាពមួហ្មងក្នុងចិត្ដហើយ កញ្ញាឌី សូនីតា បានសើចទាំងអារម្មណ៍ហួសចិត្ដ និងប្រាប់ថា ៖ «ពេលដែលមានលេចឮដំណឹងបែបនេះ គឺខ្ញុំជាអ្នកខាតបង់ ព្រោះបើមានបុរសណាម្នាក់គាត់កំពុងតែលួចស្រលាញ់ខ្ញុំ គ្រាន់តែឮដំណឹងនេះគាត់មិនខកចិត្ដបាត់ទៅហើយទេហ្អី?!»៕

     

  • រឿងគួរឱ្យអស់សំណើចក្នុងយុគសម័យរាជវង្សចិន វគ្គ «កើតជំងឺដូចគ្នា»

    រឿងគួរឱ្យអស់សំណើចក្នុងយុគសម័យរាជវង្សចិន វគ្គ «កើតជំងឺដូចគ្នា»

    ចាង ស៊ីវ ជឺ ទើបនឹងដំឡើងគ្រែឈើថ្មីមួយឱ្យខ្លួនឯងហើយថ្មីៗ នៅផ្នែកគែមនៃគ្រែមានក្បាច់ចម្លាក់យ៉ាងល្អិតល្អន់ និងស្រស់ស្អាតបំផុត។ ខណៈកំពុងឈរមើលស្នាដៃរបស់ខ្លួនឯងនោះ ក៏ស្រាប់តែនឹកឃើញឡើងថា គ្រែឈើដ៏ស្រស់ស្អាតដល់ថ្នាក់នេះ ប្រហែលជារឿងគួរឱ្យសោកស្តាយណាស់បើសិនជាទុកវានៅតែក្នុងបន្ទប់ដើម្បីមើលតែម្នាក់ឯងបែបនេះ ដូច្នេះដើម្បីកុំឱ្យស្នាដៃដ៏ល្អបែបនេះគ្មានអ្នកណាបានឃើញនោះ ហេតុអីមិនអញ្ជើញញាតិមិត្តបងប្អូនឱ្យពួកគេមកមើលផងទៅ?

    នៅពេលនឹកឃើញបែបហ្នឹង គេក៏បង្កើតឧបាយកលបន្លំធ្វើជាដេកឈឺនៅលើគ្រែ មុននឹងពឹងពាក់ឱ្យអ្នកជិតខាងទៅប្រាប់សាច់ញាតិបងប្អូន និងអ្នកស្គាល់ទាំងប៉ុន្មានឱ្យធ្វើដំណើរមកមើលគេ។ តែវាជារឿងចៃដន្យមែនទែនដែលសាច់ញាតិរបស់ចាង ស៊ីវ ជឺម្នាក់ឈ្មោះ យ៉ូ យ៉ាង ជឺ ទើបនឹងកាត់ខោថ្មីមួយហើយ និងគិតចង់យកមកបង្ហាញអួតអ្នកដទៃដែរ លុះបានឮថា សាច់ញាតិសែ ចាង ធ្លាក់ខ្លួនឈឺ ក៏ប្រញាប់ស្លៀកខោថ្មីមួយនោះទៅសួរសុខទុក្ខអ្នកជំងឺនោះភ្លាមតែម្តង។

    ក្រោយពីធ្វើដំណើរទៅដល់ យ៉ូ យ៉ាង ជឺ ក៏ចាប់យកកៅអីដែលនៅក្បែរគ្រែមកអង្គុយគងអន្ទាក់ខ្លាយ៉ាងមានចេតនាចង់ឱ្យបងប្អូនដែលកំពុងដេកឈឺនៅលើគ្រែមើលឃើញម៉ូដម៉ាកខោថ្មីរបស់ខ្លួន បន្ទាប់ពីនោះក៏ហាមាត់សួរឡើងថា “ប្អូនសម្លាញ់ តើប្អូនកើតរោគអ្វីដែរ ហេតុអីបានឈឺដេកដួលដល់ថ្នាក់ហ្នឹង?។

    ចាង ស៊ីវ ជឺ ដែលសង្កេតឃើញអាការ និងដឹងពីចេតនារបស់បងជីដូនមួយតាំងពីដំបូងមកម្ល៉េះនោះ ក៏លើកដៃគោះ និងអង្អែលគ្រែថ្មីរបស់ខ្លួន មុននឹងពោលឡើងទាំងញញឹមថា “លោកបង…ជំងឺដែលប្អូនកំពុងឈឺនេះ ក៏ដូចគ្នានឹងជំងឺរបស់លោកបងដែរហ្នឹងណា៎” ៕

    ស្រាវជ្រាវដោយ តាវ៉ែនតា

  • ទេព រិន្ទដារ៉ូ ប្រាប់ពីអាថ៌កំបាំងពេលសម្តែងរឿង «ពស់កេងកង»

    ទេព រិន្ទដារ៉ូ ប្រាប់ពីអាថ៌កំបាំងពេលសម្តែងរឿង «ពស់កេងកង»

    កាលពីឆ្នាំ 2000 តារាឯកប្រុស ទេព រិន្ទដារ៉ូធ្លាប់បានសម្ដែងក្នុងរឿង «កូនពស់កេងកង» ដែលជាស្នាដៃដឹកនាំដោយលោក ហ្វៃ សំអាងម្តងហើយ ដែលនៅគ្រានោះ លោក ដារ៉ូ ក៏បានសម្ដែងជាតួអង្គសត្វពស់កេងកងដូចគ្នានឹងវណ្ណកម្មថ្មីរបស់ស្ថានីយទូរទស្សន៍ PNN ដែលទើបសម្ពោធកាលពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2017 នៅក្នុងបន្ទប់សិក្ខាសាលានៃសណ្ឋាគារភ្នំពេញនេះដែរ ។

    តែ អ្វីដែលប្រិយមិត្តមិនអាចស្មានដឹងនោះគឺ ការសម្ដែងជាតួអង្គពស់នៅក្នុងរឿង «ពស់កេងកង» នេះ លោក ទេព រិន្ទដារ៉ូ សម្ដែងបានយ៉ាងល្អឥតខ្ចោះ ទាំងការលេងទឹកមុខ កាយវិការ ធ្វើដូចជាបុរសម្នាក់មិនចេះខ្លាចសត្វពស់សោះអ៊ីចឹង តែនៅក្រៅឆាកសម្ដែងវិញទើបគេដឹងថា លោកជាបុរសម្នាក់ដែលមហាសែនខ្លាចសត្វពស់ មិនថាកូនពស់ មេពស់ ឬឪពស់នោះទេ គ្រាន់បានឃើញភ្លាមលោកខ្លាចឡើងញ័រដៃញ័រជើងខ្លាំងជាងខ្លាចខ្មោចលងទៅទៀត។ លោកបានប្រាប់ថា នៅពេលដែលលោកចូលសម្ដែង គឺត្រូវយកសត្វពស់ទៅទុកឱ្យឆ្ងាយពីលោក កាន់តែឆ្ងាយកាន់តែល្អ ។

    លោក ទេព រិន្ទដារ៉ូ បានថ្លែងថា «ពេលខ្ញុំដល់វេនសម្តែង ត្រូវយកតួពស់ចេញ ទើបខ្ញុំហ៊ានចូលសម្ដែង ឱ្យតែពស់គឺខ្លាចតែម្តង លើកលែងតែពោះមនុស្សប៉ុណ្ណោះដែលមិនខ្លាច»។ ក្នុងរឿងពស់កេងកង របស់ស្ថានីយ៍ទូរទស្សន៍ PNN នេះគឺលោកត្រូវសម្ដែងជាដៃគូជាមួយកញ្ញា ដួង ម៉ានិច ដែលសម្ដែងជាតួអង្គនាងនី ដែលខុសកាលពីរឿងមុន លោកធ្លាប់សម្ដែងជាមួយអ្នកនាង អម្ពរ ទេវី និងនៅក្នុងរឿងថ្មីនេះផងដែរ ថែមទាំងមានឈុតស្នេហារោលរាលស៊ីជម្រៅរវាងមនុស្ស និងសត្វពស់ និងមានឆាកមនុស្សជាមួយពស់ប្រែកាឡាចុះឡើង ទាំងឈុតនៅក្នុងទឹក ទាំងឈុតនៅលើគ្រែ ធានាថាមិនអាចឱ្យទស្សនិកជនប៉ប្រិចភ្នែកបានឡើយ ។

    ជាចុងក្រោយលោកបានផ្ដាំផ្ញើស្នាដៃសម្ដែងក្នុងរឿងនេះជូនដល់ប្រិយមិត្តទស្សនិកជនដែលនិយមគាំទ្ររឿងភាគក្នុងទូរទស្សន៍ PNN ឱ្យជួយបន្ដគាំទ្ររឿងភាគថ្មីមួយនេះរបស់លោកផង និងរឿងថ្មីមួយទៀតដែលលោកបានចូលរួមសម្ដែងផងដែរនោះគឺ ខ្សែភាពយន្ដខ្នាតធំរឿង «ហ្លួងព្រះស្ដេចកន» ក្រោមស្នាដៃដឹកនាំរឿងរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលនឹង បញ្ជាំងនៅតាមរោងភាពយន្តនានាក្នុងប្រទេសកម្ពុជា នាពេលខាងមុខនេះ៕

  • ធី វ៉ាន់នីវ៉ា៖ សង្ឃឹមថា មហាជននឹងយល់ពីតម្លៃនៃការលះបង់របស់ខ្ញុំ

    ធី វ៉ាន់នីវ៉ា៖ សង្ឃឹមថា មហាជននឹងយល់ពីតម្លៃនៃការលះបង់របស់ខ្ញុំ

    ទោះជាកញ្ញា ធី វ៉ាន់នីវ៉ា ជាតារាសិល្បៈមានបទពិសោធតិចតួចក្នុងការសម្ដែងក៏ដោយ ប៉ុន្ដែទេពកោសល្យរបស់នាង បានទាក់អារម្មណ៍របស់អ្នកដឹកនាំរឿងឱ្យទទួលយកនាងសម្ដែងពីមួយរឿងទៅមួយរឿងដោយគ្មានការស្ទាក់ស្ទើរឡើយ រហូតមានការលើកឡើងពីមិត្ដភ័ក្ដិជាតារាសម្ដែងដូចគ្នាថា នាងកំពុងតែឈោងចាប់ងារជាតារាសិចស៊ីប្រចាំផលិតកម្មមហាហង្សហើយ។

    បច្ចុប្បន្នកញ្ញា ធី វ៉ាន់នីវ៉ា កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីការសម្ដែងនៅក្នុងរឿង «មន្ដស្នេហ៍លេខា» ជាវណ្ណកម្មរបស់មហាហង្ស ដែលកំពុងចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ PNN។ អ្វីដែលធ្វើឱ្យនាងទទួលបានការគាំទ្រនោះ គឺចរិតនៃការសម្ដែងជាតួអង្គសិចស៊ី ដូច្នេះទើបរឿងនេះមិនទាន់បញ្ចប់ការចាក់បញ្ចាំងស្រួលបួលផង នាងក៏ទទួលបានការងារក្នុងរឿងថ្មីមួយទៀតបាត់ទៅហើយ គឺរឿងដែលមានចំណងជើងថា៖ «មរតកចុកឈាម» ដែលអ្នកដឹកនាំរឿងតម្រូវឱ្យនាងសម្ដែងជាតួអង្គសិចស៊ី និងមានចរិតច្រណែនឈ្នានីសទៀតផង ។

    កញ្ញា ធី វ៉ាន់នីវ៉ា បញ្ជាក់ថា បើទោះជានាងមានបទពិសោធក្នុងការសម្ដែងតិចតួចមែន តែនាងហាក់ពុំមានការលំបាកក្នុងការសម្ដែងឡើយ ដោយសារតែចរិតតួអង្គដែលនាងសម្ដែងនោះ វាស៊ីគ្នាហ្នឹងចរិតពីធម្មជាតិរបស់នាងដែលនិយមការស្លៀកពាក់សិចស៊ីហ្នឹងឯង។ វ៉ាន់នីវ៉ា បន្ដថានាងក៏មិនបានដឹងច្បាស់ដែរថា សមត្ថភាពនៃការសម្ដែងរបស់នាងមានកម្រិតណានោះទេ តែនាងហ៊ានត្រឹមតែគិតថា ប្រហែលជាការសម្ដែងរបស់នាងទទួលបានការគាំទ្រហើយ ទើបផលិតកម្មមហាហង្សតម្រូវឱ្យនាងសម្ដែងជាតួអង្គមានចរិតដដែលនៅក្នុងរឿងភាគថ្មីមួយទៀត។

    គួរបញ្ជាក់ថារឿង «មរតកចុកឈាម» ជាខ្សែរឿងភាគបែបមនោសញ្ចេតនា មានឈុតឆាកច្រណែនឈ្នានីស កាច់កុងលាយឡំនឹងល្បិចកិច្ចកល។ រឿងនេះមានចំនួន45 ភាគនឹងត្រូវដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍រយៈពេលបីខែខាងមុខនេះ។

    ជាមួយគ្នានេះដែរ កញ្ញាធី វ៉ាន់នីវ៉ា រំពឹងថា នៅក្នុងរឿងថ្មីនេះនាងនឹងទទួលបានការគាំទ្រមិនចាញ់រឿងមុនឡើយ ព្រោះនាងបានតាំងចិត្ដថា នឹងខំប្រឹងសម្ដែងឱ្យកាន់តែល្អជាងមុន បើទោះជាត្រូវជួបឧបសគ្គបែបណាក៏ដោយ ពិសេសត្រង់ចំណុចដែលត្រូវសិចស៊ី ដើម្បីជាការទាក់ទាញយកការគាំទ្រពីមហាជន។


    ទោះយ៉ាងណាកញ្ញា វ៉ាន់នីវ៉ា បានអះអាងថា៖ «ការប្រឹងបញ្ចេញឱ្យអស់សមត្ថភាពក្នុងការសម្ដែងឈុតសិចស៊ីក្នុងរឿងថ្មីនេះ ខ្ញុំគិតថាអាចមានអ្នកគាំទ្រច្រើនជាងអ្នករិះគន់ ព្រោះការសម្ដែងរបស់ខ្ញុំផុសចេញពីបេះដូង និងអារម្មណ៍សិល្បៈ មិនមែនធ្វើឡើងបែបអាក្រក់ហួសហេតុដែលធ្វើឱ្យមហាជនមិនអាចទទួលយកបាននោះទេ។ ផ្ទុយទៅវិញអ្នកស្រឡាញ់ និងឱ្យតម្លៃសិល្បៈនឹងយល់ពីតម្លៃនៃការលះបង់របស់ខ្ញុំ»៕

  • ធនាគារហ្វីលីព និងក្រុមហ៊ុនជាច្រើននឹងចូលរួមពិព័រណ៍អប់រំ

    ធនាគារហ្វីលីព និងក្រុមហ៊ុនជាច្រើននឹងចូលរួមពិព័រណ៍អប់រំ

    ធនាគារហ្វីលីព ភីអឹលស៊ី គឺជាធនាគារទីមួយដែលទទួលបានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា និងបានការសហការឧបត្ថម្ភធំពីបណ្តាក្រុមហ៊ុន សាលាអន្តរជាតិជាច្រើនដូចជា H&K International School, Southbrigh International School, IDP Education(Cambodia), Kungfu Education and Technology Group, EZECOM, HGB Auto, Panha Chiet School, Manulife , Attipas, ICE Watch, TrueMoney ក្នុងការរៀបចំ និងបង្កើតព្រឹត្តិការណ៍ពិព័រណ៍អំពីវិស័យអប់រំប្រចាំឆ្នាំ2017 ដែលនឹងប្រព្រឹត្តទៅរយៈពេល 2ថ្ងៃ គឺចាប់ពីថ្ងៃទី24 ដល់ថ្ងៃទី25 ខែមិថុនា ឆ្នាំ2017 ចាប់ពីម៉ោង8ព្រឹកដល់ម៉ោង7យប់ នៅសាលតាំងពិព័រណ៍កោះពេជ្រ អគារ I។

    លោក ហាន់ ប៉េង គាន់ (Mr. Han Peng Khwan) ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ធនាគារហ្វីលីព មានប្រសាសន៍ថា មូលហេតុនៃការរៀបចំពិព័រណ៍នេះ គឺដោយសារតែពួកយើងជឿជាក់ថា ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ពលរដ្ឋគ្រប់រូប។ តាមរយៈការអប់រំមានគុណភាព ធ្វើឱ្យប្រជាពលរដ្ឋទទួលបានការងារល្អ ប្រាក់បៀវត្សរ៍ខ្ពស់ និងមានបរិបទការរស់នៅខ្ពស់ ព្រមទាំងចូលរួមចំណែកក្នុងការស្ថាបនាសង្គមឱ្យមានភាពល្អប្រសើរ និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

    ធនាគារហ្វីលីព មានគោលបំណងផ្សេងផងដែរចំពោះការផ្តល់ចំណេះដឹងបន្ថែម សម្រាប់ជួយដល់មាតាបិតា និងអាណាព្យាបាលរបស់កុមារ ដឹងអំពីតម្រូវការរបស់ក្មេង និងរបៀបនៃការណែនាំអប់រំដល់កុមារដើម្បីក្លាយជាអ្នកទទួលបានជោគជ័យ «យើងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់សំខាន់ៗដល់មាតាបិតា កុមារ ក្រុមយុវជន និងមនុស្សពេញវ័យឱ្យយល់ដឹងបន្ថែមអំពីយុទ្ធសាស្រ្តគ្រប់គ្រងហិរញ្ញវត្ថុ បង្តើតទម្លាប់ការសន្សំ និងដឹងពីសារៈសំខាន់នៃគោលដៅផែនការសម្រាប់ជីវិត។

    លោក ហាន់ ប៉េង គាន់ បញ្ជាក់បន្ថែមថា «ធនាគារហ្វីលីពជម្រាបជូនដល់មាតាបិតា អាណាព្យាបាល អំពីសារៈសំខាន់នៃការសន្សំតាំងពីវ័យក្មេង ដើម្បីឱ្យមានសេរីភាពផ្នែកហិរញ្ញវត្ថុនាពេលអនាគត។ យោងតាមមូលដ្ឋាននេះ ធនាគារហ្វីលីពបានសម្រេចចិត្តបង្កើត និងដាក់ពាក្យស្លោកមួយ ដែលមានអត្ថន័យថា «ការសិក្សា សន្សំចំណេះ ចំណេញទ្រព្យ»។

    លោក ហាន់ ប៉េង គាន់ បានគូសបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៍ស្តីអំពីការអប់រំនេះ បានរៀបចំសិក្ខាសាលាសំខាន់ៗជាច្រើនវគ្គរយៈពេលពីរថ្ងៃដ៏មានអត្ថប្រយោជន៍ដែលមានប្រធានបទដូចជា 1.យុទ្ធសាស្រ្តជួយឱ្យកូនលោកអ្នកចេះកំណត់ភាពជោគជ័យ 2.សារៈសំខាន់នៃការយល់ដឹងផ្នែកហិរញ្ញវត្ថុសម្រាប់កុមារ 3.ធ្វើខ្លួនឱ្យទទួលបានជោគជ័យក្នុងអំឡុងពេលសិក្សា 4.ការៀបចំគម្រោងហិរញ្ញវត្ថុសំរាប់បុគ្គល និងអាជីវកម្ម។

    គួរបញ្ជាក់ថា កម្មវិធីនេះស្វាគមន៍ដោយសេរីសម្រាប់មាតាបិតា អាណាព្យាបាល កុមារ សិស្សនិស្សិតដែលកំពុងសិក្សា ឬត្រៀមបញ្ចប់ការសិក្សាលើជំនាញផ្សេងៗ និងសម្រាប់មហាជនទូទៅជាពិសេសអ្នកមានបំណងចង់បើកអាជីវកម្មផ្ទាល់ខ្លួន មានឱកាសចូលរួមបានស្តាប់ និងសិក្សាពីបទពិសោធ ទស្សនៈជោគជ័យនានាដែលនឹងចែករំលែកដោយវាគ្មិនល្បីៗ ដូចជាអ្នកស្រី គង់ សុរីតា មកពីក្រុមហ៊ុន Ocean Technology លោក សរ គីណាល់ មកពីក្រុមហ៊ុន Plus Consulting លោក ប៉ិច បូឡែន មកពីសាលា Westline Group លោកសាស្រ្តាចារ្យ ឡុង បូរិន្ទ មកពីសាលា FTMS និងវាគ្មិនកិត្តិយសល្បីៗជាច្រើនរូបទៀតដែលអញ្ជើញមកពីបណ្តាក្រុមហ៊ុនធំៗជាច្រើន។

    កម្មវិធីនេះនឹងមានស្តង់ពិព័រណ៍របស់ក្រុមហ៊ុន សាលាអន្តរជាតិធំៗ ប្រមាណជា30 នឹងដាក់តាំងផលិតផល សេវាកម្ម និងមានកម្មវិធីកម្សាន្តសម្រាប់កុមារប្រកួតប្រជែងលក្ខណៈគ្រួសារ ការប្រកួតជាក្រុមសម្រាប់អ្នកចូលរួមទាំងអស់ បញ្ចេញសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ និងឈ្នះរង្វាន់សម្រាប់អ្នកចូលរួមទស្សនាក្នុងការតាំងពិព័រណ៍ផងដែរ៕

  • ម៉ា នីកា លែងហ៊ានសិចស៊ី ព្រោះវ័យកាន់តែច្រើន ម៉ា នីកា លែងហ៊ានសិចស៊ី ព្រោះវ័យកាន់តែច្រើន

    ម៉ា នីកា លែងហ៊ានសិចស៊ី ព្រោះវ័យកាន់តែច្រើន ម៉ា នីកា លែងហ៊ានសិចស៊ី ព្រោះវ័យកាន់តែច្រើន

    បន្ទាប់ពីកញ្ញា ម៉ា នីកា បានសម្រេចចិត្ដងាកមកចាប់អាជីពសិល្បៈវិញក្រោយពីបានបិទរបររកស៊ីរបស់ខ្លួនរួចមក បច្ចុប្បន្ននាងកំពុងតែកាក់កបជាមួយ ការងារសម្ដែងយ៉ាងខ្លាំង។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺតារាសម្ដែងដែលធ្លាប់ទទួលងារថា ជាតារាសិចស៊ីហាក់មិនទាន់បានបញ្ចេញឈុតសិចស៊ីណាមួយដែលគួរឱ្យចាប់អារម្មណ៍នៅឡើយទេ ។

    កញ្ញា ម៉ា នីកា បញ្ជាក់អំពីការតាំងចិត្ដថា៖ «ទោះជាការត្រឡប់មកវិញលើកនេះខ្ញុំតាំងចិត្ដសម្រាប់តែសិល្បៈមួយមុខក៏ពិតមែន ប៉ុន្ដែពាក់ព័ន្ធការសម្ដែងឈុតសិចស៊ី ខ្ញុំលែងសូវហ៊ានលោតហក់ដូចមុនហើយ។ ខ្ញុំអាចធ្វើបានក្នុងលក្ខណៈសិល្បៈ ឬតួអង្គសម្ដែងផ្សេងទៀត ប៉ុន្ដែបើផ្ដោតលើសិចស៊ីបែបជ្រុលហួសហេតុ ខ្ញុំលែងហ៊ានហើយដ្បិតអីបច្ចុប្បន្នខ្ញុំមានអាយុច្រើនជាងមុនហើយ»។

    នាងបន្ដថា កាលពីមុននាងនៅក្មេង ការលេងខ្លួន ឬស្លៀកពាក់សិចស៊ីនៅធ្វើសម ប៉ុន្ដែក្រោយពីបានសម្រាកមួយរយៈធំ ហើយត្រឡប់មកវិញនាងបានក្លាយជាតួម្ដាយគេទៅហើយ ដូច្នេះនាងមិនអាចធ្វើខ្លួនដូចកាលពីប៉ុន្មានឆ្នាំមុនបានទេ។
    កន្លងមកនាងធ្លាប់ឆ្លងកាត់ការថតស្ប៉តបែបសិចស៊ី និងមានថតរូបភាពសិចស៊ីខ្លះដែរដែលកាលនោះនាងទទួលបានការគាំទ្រពីមហាជនជាច្រើនអាចថា ឈុតស្ប៉តបែបសិចស៊ីនេះហើយដែលអូសទាញអារម្មណ៍ទស្សនិកជនឱ្យបានស្គាល់នាងយ៉ាងច្បាស់នោះ។

    ជាមួយគ្នានេះដែរ ម៉ា នីកា ប្រាប់ថា កន្លងមកនាងបានដកខ្លួនចេញពីការងារសិល្បៈព្រោះនាងត្រូវបង្កើតមុខរបរផ្ទាល់ខ្លួន(ហាងកាត់ដេរ)ព្រោះនាងគិតថា មានតែការរកស៊ីទេទើបមានភាពយូរអង្វែង  ប៉ុន្តែបន្ទាប់ពីនាងបានប្រឡូកចូលជាមួយការរកស៊ីមួយប្រាវមិនកាក់កបរួចមក នាងក៏សម្រេចចិត្តបិទវាវិញ  រហូតដល់បច្ចុប្បន្នទើបសម្រេចចិត្ដបកមកចាប់អាជីពសិល្បៈវិញពេញទំហឹងតែម្ដង៕

  • ចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យជោគជ័យត្រូវធ្វើអ្វីខ្លះ?

    ចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យជោគជ័យត្រូវធ្វើអ្វីខ្លះ?

    ភ្នំពេញៈ អាជីពជាភ្នាក់ងារអចលនទ្រព្យ ជាអាជីពថ្មីមួយនៅកម្ពុជា ដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍ច្រើន ព្រោះអាជីពនេះ អាចធ្វើឲ្យអ្នកមានឱកាសក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែទទួលបានជោគជ័យនោះទេ។ ដូច្នេះដើម្បីជោគជ័យក្នុងវិស័យនេះ តើអ្នកដែលចង់ចាប់យកអាជីពនេះត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?

    លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងឲ្យដឹងថា លក្ខណៈសម្បត្តិដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យដ៏ជោគជ័យម្នាក់ មានកត្តារួមផ្សំជាច្រើន ដូចជាទី1 ត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង អតិថិជន ដៃគូអាជីវកម្ម និងសង្គមជាតិ។ ទី2 ត្រូវមានចំណេះដឹងជ្រៅជ្រះទាក់ទងនឹងតម្លៃអចលនទ្រព្យទៅតាមតំបន់ និងប្រភេទនៃអចលនទ្រព្យនីមួយៗ ព្រមទាំងចំណេះដឹងផ្នែកភាសាបរទេស សេដ្ឋកិច្ច ច្បាប់ សង្គម និងនយោបាយ។ ទី៣ ត្រូវស្គាល់អតិថិជនដែលមានតម្រូវការចង់លក់ជួល និងទិញអចលនទ្រព្យដោយផ្ទាល់ ពិសេសត្រូវមានទំនាក់ទំនងយ៉ាងទូលំទូលាយក្នុងសង្គម ពិសេសវណ្ណៈកណ្តាល និងវណ្ណៈខ្ពស់ ដោយត្រូវស្គាល់ឲ្យបានច្បាស់ថា Who is Who? ទី4 ត្រូវតែស្រឡាញ់ និងចូលចិត្តអាជីពផ្នែកដីធ្លី ព្រោះវាមិនមែនជាការងារទេ តែជាអាជីពដែលត្រូវការពេលវេលា និងភាពអត់ធ្មត់ខ្លាំងណាស់ ប្រៀបដូចជាការដាំដើមត្នោតដែរ និងទី5 ត្រូវមានទេពកោសល្យ និងឧបនិស្ស័យនឹងការងារដីធ្លីថា តើព្រហ្មលិខិតព្រមអនុញ្ញាតឲ្យលោកអ្នកក្លាយជាអ្នកមានដោយសារដីធ្លីដែរឬទេ?

    អ្នកនាង ហ្រ្គេស រចនាហ្វុង នាយិកាផ្នែកបណ្តុះបណ្តាលនៃក្រុមហ៊ុន Century 21 Cambodia បានថ្លែងស្រដៀងគ្នាថា ដើម្បីក្លាយជាភ្នាក់ងារអចលនវត្ថុជោគជ័យ គឺត្រូវចេះរកគុណតម្លៃឲ្យខ្លួនឯង ដែលគុណតម្លៃនោះគឺចំណេះដឹង ជំនាញ និងមានភាពស្មោះត្រង់ ដើម្បីអាចកសាងកេរ្ត៍ឈ្មោះ និងទំនុកចិត្តដល់អតិថិជន ព្រោះនៅពេលយើងកសាងបាននូវកេរ្ត៍ឈ្មោះហើយ អតិថិជននឹងរត់មករកយើងដោយខ្លួនឯង។

    អ្នកនាងបន្តថា “ការកសាងកេរ្ត៍ឈ្មោះមិនមែនជាការងាយស្រួលឡើយ ប៉ុន្តែប្រសិនជាយើងមានគំនិតអវិជ្ជមាន យើងនឹងមិនអាចធ្វើបានទេ ផ្ទុយទៅវិញ ប្រសិនជាយើងមានគំនិតវិជ្ជមាន និងជឿថាខ្លួនឯងអាចធ្វើបាន នោះយើងនឹងធ្វើបាន”។ អ្នកនាងបន្តថា “បច្ចុប្បន្ន Century21 Cambodia កំពុងបណ្តុះបណ្តាលអ្នកជំនាញអាជីពនៅក្នុងវិស័យនេះ ដើម្បីឲ្យមានការទទួលស្គាល់ពីរដ្ឋាភិបាល និងសង្គមជាតិ ដូចអាជីពដទៃទៀត”៕

  • កម្ពុជាកំពុងប្រឈមហានិភ័យ ដោយសារប្រភេទដីដែលមានជីជាតិថយចុះ

    កម្ពុជាកំពុងប្រឈមហានិភ័យ ដោយសារប្រភេទដីដែលមានជីជាតិថយចុះ

    ភ្នំពេញៈ ប្រទេសកម្ពុជាកំពុងប្រឈមហានិភ័យ នឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យដីមានជីជាតិថយចុះនូវគុណភាពជាបណ្តើរៗ និងក្លាយជាដីមិនមានសក្តានុពលសម្រាប់ផលិតកម្មកសិកម្មដូចពីមុន។

    រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានថ្លែងលើកឡើងនៅក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្មកាលពីល្ងាចថ្ងៃទី15 មិថុនាកន្លងទៅថា ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសមានខឿនសេដ្ឋកិច្ចពឹងផ្អែកទៅលើវិស័យកសិកម្ម ក្នុងនោះតាមរយៈការសិក្សាកន្លងមកបានវាយតម្លៃថា ដីនៅក្នុងប្រទេសកម្ពុជាប្រមាណ28ភាគរយមានសក្តានុពលលើផ្នែកកសិកម្ម ឬជាដីមានជីជាតិខ្ពស់ ដី19ភាគរយមានសក្តានុពលមធ្យម និង53ភាគរយជាប្រភេទដីមានសក្តានុពលទាប។

    លោកបន្តថា បច្ចុប្បន្នប្រភេទដីដែលប្រកបដោយសក្តានុពលនេះកំពុងទទួលរងនូវការថយចុះគុណភាពជាបណ្តើរៗក្លាយទៅជាដីដែលមានសក្តានុពលទាប ឬជាដីមិនមានសក្តានុពលសម្រាប់ផលិតកម្មកសិកម្មតែម្តង។ កត្តាដែលនាំឲ្យមានការខូចខាតដល់ទំហំដី និងធនធានដីក្នុងពេលបច្ចុប្បន្ននេះ រួមមានការប្រើប្រាស់បច្ចេកទេសមិនសមស្របនានាក្នុងផលិតកម្មកសិកម្ម ការខ្វះចន្លោះក្នុងការគ្រប់គ្រងកាកសំណល់ ការមិនទាន់មានការបែងចែករវាងដីដែលត្រូវប្រើប្រាស់ក្នុងផលិតកម្មកសិកម្ម ឬការសំណល់ភូមិសាស្រ្តដីទៅតាមសក្តានុពលនៃប្រភេទដំណំា និងដីសម្រាប់គោលបំណងផ្សេងក្រៅពីផលិតកម្មកសិកម្មជាដើម ។

    លោក វេង សាខុនបានបន្តទៀតថា ពាក់ព័ន្ធនឹងបញ្ហាឱនភាពដី បរិស្ថាន អស្ថិរភាពនយោបាយ អសន្តិសុខ ស្បៀង និងភាពក្រីក្រ គឺជាកត្តាដែលធ្វើឲ្យមនុស្សជាច្រើនបង្ខំចិត្តធ្វើចំណាកស្រុក ជាក់ស្តែងចំនួនមនុស្សដែលធ្វើការចំណាកស្រុកនៅទូទាំងពិភពលោកមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងរយៈពេល 15ឆ្នាំចុងក្រោយនេះ គឺមានរហូតដល់ 244លាននាក់ក្នុងឆ្នាំ2015 ដែលកាលពីឆ្នាំ 2000 មានត្រឹមតែ 173លាននាក់ប៉ុណ្ណោះ។ បញ្ហាទាំងនេះយើងកត់សម្គាល់ឃើញថា ការបាត់បង់ដីដែលមានផលិតភាពបានជំរុញឲ្យមនុស្សជ្រើសរើសយកជម្រើសជីវិតផ្សេងៗ ដែលប្រកបដោយភាពប្រថុយប្រថាន។

    ក្រសួងកសិកម្មកំពុងអនុវត្តជាបន្តបន្ទាប់នូវគោលការណ៍មួយចំនួននៅក្នុងជំហានទាំង 10នៃកម្មវិធីនេះ ដោយបានសម្រេចលទ្ធផលជាក់លាក់មួយចំនួនហើយ ក្នុងនោះបានជ្រើសរើសយកគម្របព្រៃគោលជាង 10លានហិកតា ស្មើនឹងជាង 75ភាគរយនៃផ្ទៃដីសរុបសម្រាប់ឆ្នាំ2010 និងជាង 8លានហិកតា ស្មើនឹងជាង 46ភាគរយនៃផ្ទៃដីសរុបសម្រាប់ឆ្នាំ2014 ដើម្បីជួយដល់បញ្ហាឱនភាពដីធ្លីដែលកំពុងមានសក្តានុពលថយចុះទាំងនោះ៕

  • សិស្សថ្នាក់ទី1 ឆ្នាំ2014 មានឱកាសត្រឹម 31% ប៉ុណ្ណោះដើម្បីបញ្ចប់អនុវិទ្យាល័យ

    សិស្សថ្នាក់ទី1 ឆ្នាំ2014 មានឱកាសត្រឹម 31% ប៉ុណ្ណោះដើម្បីបញ្ចប់អនុវិទ្យាល័យ

    ការសិក្សាជាផ្នែកដ៏ចម្បងមួយលើកិច្ចអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយវិស័យអប់រំ ក៏បានដើរតួនាទីសំខាន់ផងដែរក្នុងការបណ្តុះធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងសង្គម។ តែទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយចំនួនក្នុងវិស័យអប់រំបានក្លាយជាចំណុចសំខាន់ដែលទាមទារឱ្យមានការដោះស្រាយពីគ្រប់សមាសភាព ជាពិសេសគឺការបោះបង់ចោលការសិក្សារបស់សិស្សនៅជនបទ។

    យោងតាមការវិភាគរបស់អង្គការ UNICEF នៅកម្ពុជាបានបង្ហាញឱ្យឃើញថាកុមារដែលបានចូលរៀននៅថ្នាក់ទី1 ក្នុងឆ្នាំសិក្សា 2014 – 2015 មានឱកាសត្រឹមតែ 31% ប៉ុណ្ណោះក្នុងការបញ្ចប់ថ្នាក់អនុវិទ្យាល័យ។ ការវិភាគនេះគឺផ្តោតលើកត្តារារាំងមួយចំនួនដែលជាឧបសគ្គក្នុងការសិក្សារបស់សិស្ស ហើយហិរញ្ញវត្ថុគឺជាបញ្ហាធំមួយក្នុងចំណោមបញ្ហាប្រឈមទាំងអស់នោះ។

    UNICEF បានបង្ហាញផងដែរអំពីស្ថានភាពរបស់សិស្សក្រីក្រមួយចំនួននៅកម្ពុជា ដែលកំពុងខ្វះឯកសណ្ឋាន និងសម្ភារសិក្សាជាច្រើនឆ្នាំមកហើយ ខណៈគ្រួសារត្រូវស្ថិតក្នុងបញ្ហាបំណុលធ្ងន់ធ្ងរ។ បញ្ហានេះបានជំរុញឱ្យអង្គការមួយនេះសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា សហភាពអឺរ៉ុប និងទីភ្នាក់ងារស៊ុយអែតដើម្បីអភិវឌ្ឍន៍អន្តរជាតិ បង្កើតកម្មវិធីអាហារូបករណ៍សម្រាប់ថ្នាក់បឋមសិក្សា ដោយក្រសួងអប់រំមានតួនាទីចម្បងបំផុតក្នុងការអនុវត្តកម្មវិធីនេះ។

    អាហារូបករណ៍នេះក៏ជាផ្នែកមួយនៃមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំផងដែរ (CDPF) ដែលវាជួយបង្កើនសមត្ថភាពដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការគ្រប់គ្រងកម្មវិធីអាហារូបករណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យសិស្សានុសិស្សមកពីគ្រួសារក្រីក្រអាចបន្តការសិក្សាបាន។

    គួរបញ្ជាក់ថា នៅឆ្នាំសិក្សាឆ្នាំ2015-2016 មានសិស្សានុសិស្សប្រមាណ 160,000នាក់ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទូទាំងប្រទេសបានទទួលអាហារូបករណ៍ពីរាជរដ្ឋាភិបាល៕

  • Maguire បំពេញការផ្ទេរពី Hull ទៅក្លិប Leicester

    Maguire បំពេញការផ្ទេរពី Hull ទៅក្លិប Leicester

    ក្លិប Leicester City បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែការពារ Harry Maguire ពីក្លិប Hull City ក្នុងតម្លៃខ្លួនលាក់ការណ៍មួយ។ ខ្សែការពារសញ្ជាតិអាល្លឺម៉ង់វ័យ​ 24ឆ្នាំរូបនេះ បានចូលរួមជាមួយនឹង Leicester ដោយការចុះហត្ថលេខាលើកុងត្រារយៈពេល 5ឆ្នាំ។

    តម្លៃខ្លួននៃការផ្ទេរដែលគេរំពឹងថាមានទឹកប្រាក់ប្រមាណជា 17លានផោន (ស្មើនឹង 21.7លានដុល្លារអាមេរិក) នេះត្រូវបានឈានដល់ការព្រមព្រៀងគ្នារវាងក្លិបទាំងពីរ ហើយ Maguire នឹងចូលរួមជាមួយនឹងមិត្តរួមក្រុមថ្មីរបស់ខ្លួននៅដើមខែកក្កដា នៅមុនពេលក្រុម Leicester បោះជំរំហ្វឹកហាត់មុនបើករដូវកាលថ្មី ក្នុងប្រទេសអូទ្រីស។

    កីឡាករ Maguire បានឲ្យដឹងថា៖ «វាគឺជាពេលវេលាដ៏រំភើបបំផុតសម្រាប់ខ្លួនខ្ញុំផ្ទាល់។ នៅពេលដែលខ្ញុំបើកភ្នែកឃើញក្លិបនេះ ខ្ញុំតែងតែចង់ចូលរួមជាមួយ។ ពិតជាអរគុណណាស់ ខណៈដែលទីបំផុត ខ្ញុំបានស្ថិតនៅទីនេះមែន ហេតុនេះខ្ញុំពិតជាចង់ចាប់ផ្តើមរដូវកាល និងធ្វើការប្រកួត»។ ខ្សែការពាររូបនេះបានបន្ថែមទៀតថា៖ «មានក្លិបជាច្រើនដែលបង្ហាញពីការចាប់អារម្មណ៍ ប៉ុន្តែនៅពេលដែលខ្ញុំបានជួបជាមួយនឹងអ្នកចាត់ការទូទៅនៅទីនេះ លោកពិតជាមានទិសដៅដ៏ជាក់លាក់មួយក្នុងក្លិបនេះ។ គាត់បានបង្ហាញឲ្យខ្ញុំដឹងពីផ្លូវដែលក្លិបនេះនឹងត្រូវដើរ។ វាហាក់បង្ហាញពីអនាគតដ៏រំភើបមួយ ហេតុនេះហើយទើបខ្ញុំសម្រេចចិត្តចូលរួម»។

    វត្តមានរបស់ Maguire នឹងជួយពង្រឹងតំបន់ការពាររបស់ក្រុម Leicester ក្រោយពីកីឡាករ Robert Huth និង Wes Morgan បានបង្ហាញពីការខ្វះនូវភាពរឹងមាំកាលពីរដូវកាលមុន ក្នុងតួនាទីរបស់ពួកគេ៕
    ប្រភពព័ត៌មាន៖ The Guardian