Category: សង្គម និងសេដ្ឋកិច្ច

  • ភ្លា​សាច់ជ្រូក​ក្រូចឆ្មារ

    ភ្លា​សាច់ជ្រូក​ក្រូចឆ្មារ

    មុខម្ហូប​មួយ​មុខ​ទៀត​ហើយពី​អ្នកស្រី Sakorak Thonn ដែលជា​ចុងភៅ​ដ៏​ចំណាន​ប្រចាំ​គ្រួសារ​របស់​អ្នកស្រី នឹង​ជា​អ្នក​ដែល​និយម​ចូលចិត្ត​ចម្អិនម្ហូប​អាហារឆ្ងាញ់ៗ និងប្លែកៗ ដើម្បី​ទទួលទាន​នៅក្នុង​គ្រួសារ និង​ចែករំលែក​ចំណេះដឹង​ជូន​ដល់​មេផ្ទះ​ទាំងឡាយ ដើម្បី​បញ្ចេញថ្វីដៃ​ចម្អិន​អាហារ​សម្រាប់​សមាជិកគ្រួសា​រ​ជាទី​ស្រឡាញ់​ទទួលទាន​យ៉ាង​ឆ្ងាញ់​មាត់​ជុំគ្នា។ ម្ហូប​មួយ​មុខ​នេះ​គឺ “ភ្លា​សាច់ជ្រូក​ក្រូចឆ្មារ” ដូច្នេះសូម​តាមដាន​នូវ​គ្រឿ​ផ្សំ និង​របៀប​ធ្វើ​មុខម្ហូប​នេះ​ទាំងអស់គ្នា។

    + គ្រឿងផ្សំ
    • សាច់ជ្រូក 3ខាំ
    • ទឹកត្រី 2ស្លាបព្រា​បាយ
    • ស្ករស 1ស្លាបព្រា​កាហ្វេ
    • ខ្ទឹមស 1មើម
    • ក្រូចឆ្មារ 3ផ្លែ
    • ម្ទេស 6ផ្លែ
    • ខាត់ណា 1ដើម

    + របៀប​ចម្អិន

    របៀប​ចម្អិន ដំបូង​ត្រូវ​សក​ដើម​ខាត់ណា រួច​លាង​ទឹក​ឱ្យ​ស្អាត បន្ទ​ប់បាយ​កមក​កាត់​ជា​កង់​តូច​ល្មម ហើយ​យកទៅ​ក្លាសេ​ជាមួយ​ទឹកកក​ឱ្យ​ត្រជាក់ ទុក​មួយអន្លើ។ បន្ទាប់មក​សឹម​ហាន់​ខ្ទឹមស និង​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ រួច​ចិត​ក្រូចឆ្មារ​ជា​ចំណិត និង​ហាន់​ម្ទេស​ស្រស់​ឱ្យ​ល្អិត ដើម្បី​ធ្វើ​ទឹកត្រី​ជូរអែម។ លាយ​ទឹកត្រី ជាមួយ​ស្ករស​ក្នុង​បរិមាណ​ដូច​រៀបរាប់​ពី​ខាងលើ រួច​ច្របាច់​ក្រូចឆ្មារ​ចូល និង​ដាក់​ខ្ទឹមស​ចិញ្ច្រាំ និង​ម្ទេស​ចូល កូរ​ឱ្យ​សព្វ និង​ចូលជាតិ​គ្នា​ល្អ ទុក​មួយអន្លើ​សិន។ រួច​យក​សាច់ជ្រូក​លាង​ទឹក​ឱ្យ​ស្អាត ហើយ​យកមក​ហាន់​ជា​ចំណិតស្តើង។ បន្ទាប់មកទៀត​សឹម​ដាក់​ឆ្នាំង​នៅលើ​ភ្លើង​ដាំទឹក​ឱ្យ​ពុះ​ល្អ សឹម​ដាក់​សាច់ជ្រូក​ចូល​ស្ងោរ​ឱ្យ​ឆ្អិនល្មមៗបាន​ហើយ។ យក​ចាន​មក​ដាក់​សាច់ជ្រូក ដែល​ស្ងោរ​ឆ្អិន​នោះ​ឱ្យមាន​របៀប រួច​ចាក់​ទឹកត្រី​ជូរអែម​ពីលើ និង​បន្ថែម​ដោយ​ដើម​ខាត់ណា ដែល​កាត់​ជា​ដុំតូចៗលម្អ និង​ទុក​ទទួលទាន​ជា​អន្លក់​ដូច​រូប​ជាការ​ស្រេច៕

  • អគារកាស៊ីណូណាហ្កាទី2នឹងបើកដំណើរការចុងឆ្នាំនេះ

    អគារកាស៊ីណូណាហ្កាទី2នឹងបើកដំណើរការចុងឆ្នាំនេះ

    អគារកាស៊ីណូ NAGA2 ដែល​ជា​សណ្ឋាគារ និង​កាស៊ីណូ​ដែល​តភ្ជាប់​ទៅ​កាស៊ីណូ​ និង​រមណីយដ្ឋាន Naga World តាម​ផ្លូវ​ក្រោម​ដីនឹងបើកដំណើរការនៅចុងឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

    ​យោង​តាម​របាយ​ការណ៍​មួយ​កាលពី​ម្សិលមិញ​ដែលទទួលបាន​ពី​ក្រុមហ៊ុន GGR Asia​ បានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា សណ្ឋាគារ និងកាស៊ីណូណាហ្កា2 ដែលមាន​បន្ទប់​សណ្ឋាគារ​ថ្មី​ 1,000បន្ទប់ តុ​លេង​ហ្គេម​300 ​និង​ម៉ាស៊ីន​ហ្គេម​អេឡិច​ត្រូនិក500​នឹង​បើក​ដំណើរ​ការនៅ​ចុង​ឆ្នាំ​នេះ។

    អគារនេះនៅមានសាលដ៏ធំមួយដែលអាចដាក់មនុស្ស​បាន 3,000នាក់ផងដែរសម្រាប់រៀបចំកម្មវិធីផ្សេងៗ ដូចជាការប្រកួតកីឡាក្នុងសាលលំដាប់​អន្តរជាតិ និងមហោស្រពផ្សេងៗទៀតផង។

    ក្រុមហ៊ុនវិនិយោគគម្រោងនេះបានព្យាករពីការទទួលបាន​ប្រាក់​ចំណេញ​បន្ទាប់​ពី113​ លាន​ដុល្លារមុន​ពេល​បង់​ការ​ប្រាក់ បង់ពន្ធ ការ​បញ្ចុះ​តម្លៃ និង​ការ​សង​បំណុល ​(EBITDA) នៅ​ពេល​ដាក់​ឲ្យ​ដំណើរការ​ពេញ​លេញ​នៅ​ឆ្នាំ​ដំបូង​។

    លោក ហូ វណ្ឌី អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា ការវិនិយោគលើសណ្ឋាគារ និងកាស៊ីណូរបស់ក្រុមហ៊ុន Naga Corp ជាផ្នែកមួយនៃផលិតផលទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវមកទស្សនាកម្ពុជាព្រោះ​ទេសចរមានប្រមាណពី៣០ទៅ៥០ប្រភេទហើយទេសចរមកលេងល្បែង​ជា​ទេសចរមួយប្រភេទដែលចំណាយប្រាក់ច្រើន។

    លោកបន្តថា “យើងមិនមែនស្វាគមន៍ការលេងល្បែងនោះទេប៉ុន្តែយើងស្វាគ​មន៍ការវិនិយោគ និងការទាក់ទាញទេសចរបន្ថែម”។

    ប្រធានសមាគមសណ្ឋាគារកម្ពុជាលោកឌិន សុមេធារិទ្ឋបានថ្លែងថា វិស័យ​សណ្ឋាគារកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងដោយសារការផ្គត់ផ្គង់​សណ្ឋាគារថ្មីៗកើនឡើងកាន់តែច្រើនប៉ុន្តែការមកដល់របស់ភ្ញៀវទេសចរមិនបានកើនឡើងខ្ពស់នោះទេ។ លោកបន្តថា ក្នុងពេលមានការប្រកួតប្រជែងតានតឹងបែបនេះបានធ្វើឲ្យសណ្ឋាគារតូចៗមួយចំនួនប្រឈមមុខនឹងការបិទទ្វារហើយសណ្ឋាគារធំៗនឹងលក់បញ្ចុះតម្លៃកាន់តែច្រើនដើម្បីទទួលបានភ្ញៀវស្នាក់នៅជាជាងទុកបន្ទប់ឲ្យនៅទំនេរ៕

  • ប្រធានសមាគមអចលនទ្រព្យអន្តរជាតិជាច្រើននឹងបង្ហាញ វត្តមាននៅកម្ពុជា

    ប្រធានសមាគមអចលនទ្រព្យអន្តរជាតិជាច្រើននឹងបង្ហាញ វត្តមាននៅកម្ពុជា

    ភ្នំពេញៈ ប្រធានសមាគម និងអតីតប្រធានសមាគមក្នុងវិស័យអចលនទ្រព្យជាច្រើនមកពីបណ្តាប្រទេសក្នុងតំបន់ និងសហរដ្ឋអាមេរិកនឹងចូលរួមនៅក្នុងសន្និបាត និងពិព័រណ៍អចលនទ្រព្យកម្ពុជានៅចុងខែមិថុនានេះ។

    លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជាបានថ្លែងឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី17 មិថុនានេះថា ប្រធានសមាគមមកពីបណ្តាប្រទេសក្នុងតំបន់ចំនួន6រូប អតីតប្រធានមួយរូប និងប្រធាន​សមាគម National Realtor Association មកពីសហរដ្ឋអាមេរិកនឹងចូល​រួមក្នុងសន្និបាត និងពិព័រណ៍អចលនទ្រព្យដែលនឹងចាប់ផ្តើមពីថ្ងៃទី24 ដល់ថ្ងៃទី25 មិថុនាខាងមុខនេះ។

    ពិធីនេះនឹងមានការអញ្ជើញចូលរួមជាអធិបតីបើកកម្មវិធីពីសំណាក់លោកជំទាវ​ងួនសុខារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីនេះ​នឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

    លោក គីម ហ៊ាង បានបន្តថា “អ្វីដែលកម្ពុជាទទួលបានផលចំណេ​ញពីពិព័រណ៍នេះ គឺជាការជួយផ្សព្វផ្សាយពីសក្តានុពលវិស័យអចលនទ្រព្យនៅកម្ពុជាការចែករំលែកបទពិសោធ និងចំណេះដឹងពីអ្នកជោគជ័យក្នុងវិស័យអចលនវត្ថុនានានៅកម្ពុជា និងពីអ្នកជំនាញអន្តរជាតិ”។

    ក្រុមហ៊ុនវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យល្បីៗនឹង​បង្ហាញវត្តមានក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះរួមមាន បុរីប៉េង ហួត បុរីអ័រគីដេ បុរីជីប ម៉ុង គម្រោងសុរិន្ទភូមិ និងខុនដូThe Penhouse Resident។

    លោកស្រី តាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ព្រឹត្តិការណ៍នេះពិតជាមានភាពចំណេញ​ច្រើនណាស់ដល់អ្នកចូលរួមព្រោះពួកគេអាចរៀនសូត្រផ្ទាល់ពីបទពិសោ​ធរបស់អ្នកជោគជ័យក្នុងវិស័យនេះ និងស្តាប់បទពិសោធរបស់អ្នកជោគជ័យពីប្រទេសជឿនលឿននានាកាលពី30ទៅ40ឆ្នាំមុនថាតើ ហេ​តុអ្វីបានពួកគេអាចអភិវឌ្ឍប្រទេសរបស់ពួកគេបានជឿនលឿន។

    លោកស្រីបន្តថា ការចូលរួមក្នុងសន្និបាតនេះ ខុសពីការរៀននៅ​សាលាដែលមានតែទ្រឹស្តី តែការរៀនសូត្រពីអ្នកជោគជ័យល្បីៗ គឺជា​ចំណេះដឹងនៃការអនុវត្តផ្ទាល់ ហើយយើងអាចយកមកអភិវឌ្ឍខ្លួន​យើងបាន និងអាស្រ័យលើភាពឆ្លាតវៃរបស់យើងផងដែរថា តើអាច​ក្រេបជញ្ជក់យកចំណេះដឹង និងអាចយកទៅប្រើប្រាស់បានយ៉ាងដូចម្តេច?៕

  • ណាក់ ស្រីណា ជោគជ័យលើការសម្ដែងមិនមែនផ្អែកលើសម្រស់តែមុខទេ

    ណាក់ ស្រីណា ជោគជ័យលើការសម្ដែងមិនមែនផ្អែកលើសម្រស់តែមុខទេ

    បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងអាជីពពិធីការិនីនៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍រួចមកកញ្ញាណាក់ ស្រីណា បានងាកមកចាប់អាជីពសម្ដែងបន្ថែមទៀត និងអ្វីដែលគួរឱ្យកោតសរសើរនោះ គឺចាប់តាំងពីនាងចាប់​យកការសម្ដែងភាពយន្ដមក នាងទទួលបានតំណែងតួឯកជាប់រហូត។

    កញ្ញាណាក់ ស្រីណា បានចូលប្រឡូកក្នុងការងារសិល្បៈតាំងពីឆ្នាំ2010ក្នុងនាមជាពិធីការិនីតែអ្វីដែលជាមោទនភាពសម្រាប់នាងគឺក្រោយពីការសម្រេចចិត្ដចាប់យកការសម្ដែងនាងទទួលបានតំណែងតួឯកចំនួន5រឿងជាប់ៗគ្នា។ បច្ចុប្បន្នរឿងដែលនាងសម្ដែងកំពុងទទួលបានការគាំទ្រខ្លាំងគឺរឿង «នំប៉័ងបញ្ចាំស្នេហ៍» ដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន។

    កញ្ញា ណាក់ ស្រីណា បញ្ជាក់ថា«ខ្ញុំមិននឹកស្មានថាការសម្រេចចិត្ដចាប់យកការសម្ដែងអាចទទួលបានផ្កែផ្កាដូច្នេះសោះព្រោះដំបូងឡើយខ្ញុំស្រឡាញ់តែអាជីពពិធីការិនីប៉ុណ្ណោះ មិនដែលនឹកដល់ការសម្ដែងឡើយដោយខ្ញុំគិតថាសមត្ថភាពមិនអាចទៅរួចតែប្រហែលជាខ្ញុំមានឈាមជ័រជាអ្នកសិល្បៈហើយទើបបានជាខ្ញុំឆាប់យល់នូវការងារទាំងនេះ»។

    ពិធីការិនីរូបនេះបញ្ជាក់ថា អ្វីដែលធ្វើឱ្យនាងទទួលបានតំណែងតួឯកមួយរឿងហើយ មួយរឿងទៀតនោះ គឺកើតឡើងដោយសារតែការតស៊ូជម្នះនូវឧបសគ្គជាច្រើនទាំងការលំបាក និងការបែងចែកពេលវេលាការងារ។ ពិសេសនោះនាងមានចំណុចល្អពីធម្មជាតិដោយសារទម្រង់មុខរបស់នាងសមជានារីខ្មែរស៊ីជាមួយនឹងសាច់រឿងដែលគេចង់បាន។

    កញ្ញាណាក់ ស្រីណា បន្ថែមទៀតថា ដើម្បីទទួលបានតំណែងតួឯកស្រី ការមានរូបសម្រស់ស្រស់ស្អាតឬមានទេពកោសល្យខ្ពស់ សមត្ថភាពខ្លាំងក្នុងការសម្ដែងនៅមិនទាន់គ្រប់គ្រាន់ទេ លុះត្រាតែយើងមានចរិតល្អផងដែរពោលគឺនៅពេលយើងទទួលយកការងារណាមួយ ត្រូវចេះគោរពពេលវេលា ចេះផ្ដល់តម្លៃឱ្យអ្នកនៅជុំវិញខ្លួន។

    ពិសេសត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារដែលយើងធ្វើការជាមួយទើបយើងអាចទទួលបានជោគជ័យក្នុងអាជីព។ ពាក់ព័ន្ធការសម្ដែងនេះដែរនាងបញ្ជាក់ថា បច្ចុប្បន្ននាងមានបទពិសោធច្រើនទៅលើការសម្ដែងពោលគឺសម្ដែងជាតួអង្គអ្វីក៏បាន លើកលែងតែឈុតឆាកសិចស៊ី បើទោះជាឱ្យតម្លៃខ្លួនច្រើនជាងតម្លៃធម្មតា និងអាចល្បីល្បាញប៉ុនណាក៏នាងត្រូវតែបដិសេធដែរ៕

  • ទូរទស្សន៍ QLED TV របស់ Samsung ដណ្តើមទីផ្សារអឺរ៉ុបបាន 40%

    ទូរទស្សន៍ QLED TV របស់ Samsung ដណ្តើមទីផ្សារអឺរ៉ុបបាន 40%

    ក្រោយបើកសម្ពោធលក់ក្នុងទីផ្សារអឺរ៉ុបកាលពីខែមិនា ឆ្នាំ2017 ទូរទស្សន៍ស៊េរី QLED TV Q9 របស់ក្រុមហ៊ុន Samsung បាន​ស៊ីដាច់​ចំណែកទីផ្សារបានចំនួន 40% ដោយមានចំនួនការលក់ប្រចាំ​សប្តាហ៍​ កើនឡើងលើស 4 ដងនៅដើមខែឧសភា បើប្រៀបធៀប​នឹង​សប្តាហ៍មុនៗកាលពីចាប់ផ្តើមដាក់លក់។

    លោក Yoon Lee អនុប្រធានជាន់ខ្ពស់អាជីវកម្មផ្នែក Visual Display របស់ក្រុមហ៊ុន Samsung អេឡិចត្រូនិក បានឱ្យដឹងថា ទូរទស្សន៍ប្រភេទ QLED TV មិនត្រឹមតែផ្តល់នូវរូបភាពគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាទូរទស្សន៍ដែលឆ្លុះបញ្ចាំង​ពីបែបប​ទ​ជីវិត​ទាន់​សម័យ តាមរយៈការរចនា និងមុខងារទំនើបរបស់វា។ លោកបន្ដថា ជាមួយនឹងមុខងារសម្បូរបែប ការរចនាដ៏ទាក់ទាញនេះទស្សនាវដ្តីតិចណូឡូជីរបស់​អាល្លឺម៉ង់​បានដាក់ពិន្ទុឱ្យទូរទស្សន៍នេះរហូតដល់ទៅ 920 ពិន្ទុ ខណៈពិន្ទុខ្ពស់បំផុតមានត្រឹម 1,005 ប៉ុណ្ណោះ។ នេះមានន័យថាSamsung បានទទួលរង្វាន់ពីភាពឥតខ្ចោះ 3 ផ្ទួនៗគ្នា ដែលធ្វើឱ្យទូរទស្សន៍ Samsung QLED ក្លាយជាទូរទស្សន៍​តែ​មួយ​​គត់ដែល​ទទួល​បាន​ភាព​អស្ចារ្យលើលក្ខខណ្ឌវាយតម្លៃទាំង 3 គឺ៖ ការបញ្ជាក់គុណភាព ភាពច្នៃប្រឌិតថ្មី និងភាពលេចធ្លោ។

    ជាមួយ​នឹងយុទ្ធសាស្រ្តដ៏រលូននៃផលិតផលទូរទស្សន៍ប្រភេទ QLED TV ឆ្នាំនេះ ភាគហ៊ុន​ទីផ្សារ​ក្រុមហ៊ុន Samsungឈរយ៉ាង​រឹងមាំឈា​ន​មុ​ខ​គេនៅក្នុងទីផ្សារអាមេរិក និងអឺរ៉ុប ហើយសម្រាប់ទីផ្សារប្រទេសចិនវិញ រយៈពេល 10 សប្ដាហ៍​ដំបូង ភាគហ៊ុនទីផ្សារ​របស់​ទូរទស្សន៍ Samsung Quantum Dot បានកើនឡើងរហូតដល់ 2.4%៕

  • អ៊ីស៊ុយហ្ស៊ុយបើកសម្ពោធរថយន្ត ISUZU MU-X ថ្មី

    អ៊ីស៊ុយហ្ស៊ុយបើកសម្ពោធរថយន្ត ISUZU MU-X ថ្មី

    ក្រោយដណ្ដើមបានចំណែកទីផ្សាររថយន្តប្រភេទ Pickup បានចំនួន 30% ក្រុមហ៊ុនអ៊ីស៊ុយហ្ស៊ុយ (Isuzu) បានធ្វើការបើកបង្ហាញនូវរថយន្តប្រភេទ SUV ថ្មីមួយម៉ូដែលទៀត សម្រាប់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងរូបរាងស្អាត កម្លាំងខ្លាំង និងមានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើន ដែលជួយសម្រួលដល់ការបើកបរប្រកបដោយផាសុកភាព។

    លោក Akira Odagaki ប្រធានក្រុមហ៊ុន ទ្រីផេដ អ៊ីស៊ុយហ្ស៊ុយ ខេមបូឌា ឯ.ក ដែលជាក្រុមហ៊ុនចែកចាយរថយន្តអ៊ីស៊ុយហ្ស៊ុយ ប្រភេទ Pickups និង SUV ផ្តាច់មុខនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ភាពជោគជ័យក្នុងទីផ្សាររថយន្តកម្ពុជាបានជំរុញឱ្យក្រុមហ៊ុនបន្តដាក់បង្ហាញ​រថយន្តថ្មីៗមកកាន់ប្រទេសមួយនេះ។ លោកបន្ដថា រថយន្ត The New ISUZU MU-X ដែលទើបដាក់បង្ហាញនេះត្រូវ​បាន​រៀបចំរចនាម៉ូតឡើងវិញ ទាំងផ្ទៃខាងក្នុង និងខាងក្រៅនៃរថយន្ត ​ដើម្បី​ធ្វើឱ្យកាន់​តែ​ស្រស់ស្អាត ឆើតឆាយ និងផ្តល់ផាសុកភាពពេញលេញទាំងនេះឆ្លុះបញ្ចាំងពី​ភាព​ល្អដាច់គេ បើប្រៀបធៀបជាមួយនឹងរថយន្តផ្សេងទៀត។

    លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា រថយន្ត The New ISUZU MU-X នឹងត្រូវចិត្តលោកអ្នកហើយវានឹងជាកម្លាំងមួយរុញច្រានការលក់របស់ក្រុមហ៊ុនកាន់តែខ្ពស់ និងសម្រេចបានគោលដៅ»

    រថយន្តនេះផ្តល់ជូននូវសមត្ថភាពបើកបរដ៏ពិសេសតាមរយៈម៉ាស៊ីន “Blue Power” ដែលផ្តល់ថាមពល​ខ្លាំង សន្សំសំចៃប្រេង និងផ្តល់ជូននូវកម្រិត​សុវត្ថិភាពខ្ពស់បំផុតទៅតាមបទដ្ឋានរបស់អ៊ីស៊ុយហ្ស៊ុយ ដែលទទួលបានទំនុកចិត្ត​ពីអតិថិជននៅជុំវិញពិភពលោក និងបានឆ្លើយតបទៅគ្រប់បែបផែននៃជីវិតរស់នៅខុសៗគ្នា ហើយការជ្រៀតចូល​ក្នុង​ទីផ្សារ​នៃ​រថយន្ត Pickup និង SUV នៅក្នុងទីផ្សារ​សំខាន់ៗ ដូចជាកម្ពុជា និងឡាវ គឺជាជំហានសំខាន់បន្ទាប់ទៀតសម្រាប់ក្រុមហ៊ុន ​​​​ទ្រីផេដ អ៊ីស៊ុយហ្ស៊ុយ សេល និងសាខាក្រុមហ៊ុន អ៊ីស៊ុយហ្ស៊ុយ នៅក្នុងទីផ្សារតំបន់អាស៊ាន។ រថយន្ត “The New ISUZU MU-X” ​ដែលជា​ប្រភេទរថយន្ត SUV ថ្មីបំផុត សម្រាប់ទីផ្សារពិភពលោក ជាមួយនឹងគោលគំនិត “Uniquely You” ដោយវាមានរចនាបទថ្មី ផ្ទៃខាងក្នុងពណ៌លឿង ប្រព័ន្ធជើងក្រោមមានលំនឹងល្អ មានពោងសុវត្ថិភាព SRS ចំនួន 6 និងប្រព័ន្ធគ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត (HDC) ជាដើម។

    ក្រៅពីលក្ខណៈខាងលើវា ក៏មានចង្កៀងមុខថ្មីបែប Bi-LED ផ្តល់ពន្លឺភ្លឺច្បាស់ជាងមុន និង​មាន​ប្រព័ន្ធកែតម្រូវកម្រិតពន្លឺបានដោយស្វ័យប្រវត្តិជាមួយនឹងអំពូល Daytime Running Light។ ផ្នែកខាងក្នុងប្រើនូវប្រព័ន្ធ iConnect Multimedia លើអេក្រង់ Touch Screen ​ទំហំ 8 អ៊ីញអាចភ្ជាប់ជាមួយទូរស័ព្ទស្មាតហ្វូនតាមរយៈ Mirroring និងរន្ធ USB ។ កៅអីអូតូ អនុញ្ញាតឱ្យអ្នកបើកបរប្តូរទីតាំងកៅអីបាន​យ៉ាងត្រឹមត្រូវ​ 6 ទិសហើយក៏អាចបត់បាន ងាយស្រួលសម្រាប់ដាក់អីវ៉ាន់។ រថយន្តនេះ មានម៉ាស៊ីនប្រើប្រេងម៉ាស៊ូត Ddi 3.0 VGS, TURBO ដែល​មាន​កម្លាំង 163 សេះ នៅ3,200 ជុំ/នាទី កម្លាំងបង្វិលអតិបរមា 380 ញីវតុនម៉ែត្រ នៅ 1,800 – 2,200 ជុំ/នាទី ហើយប្រព័ន្ធបើកបរថ្មី និងប្រអប់លេខអូតូ 5 លេខជាមួយនឹងតម្លៃចាប់ពី 48,900 ដុល្លារឡើងទៅ៕

  • ក្រសួងត្រៀមចាត់វិធានការលើទំនិញគ្រោះថ្នាក់

    ក្រសួងត្រៀមចាត់វិធានការលើទំនិញគ្រោះថ្នាក់

    ដោយសង្កេតឃើញថា ទំនិញអសុវត្ថិភាពផ្ទុកសារធាតុគីមីកំពុងចរាចរយ៉ាងគគ្រឹកគគ្រេងនៅលើទីផ្សារកម្ពុជាក្រសួងឧស្សាហកម្ម និងសិប្បកម្មបានរៀបចំកិច្ចប្រជុំកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ក្នុងគោលបំណងកាត់បន្ថយហានិភ័យដែលបង្កឡើងដោយទំនិញគ្រោះថ្នាក់ទាំងនោះសំដៅធានាការពារសុវត្ថិភាពសុខភាពរបស់មនុស្ស សត្វរុក្ខជាតិ ទ្រព្យសម្បត្តិ និងបរិស្ថាន។

    ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ  បានបញ្ជាក់ក្នុងកិច្ចប្រជុំនោះថាដោយពិនិត្យឃើញពីតម្រូវការចាំបាច់ក្នុងការបន្តឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ការពារសុខមាលភាពសុវត្ថិភាពសាធារណៈ បរិស្ថាន និងសង្គម ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់គណៈកម្មាធិការក្រសួងមានតួនាទី និងភារកិច្ចសំខាន់ដើម្បីបំពេញការងារជាសេនាធិការជូនរាជរដ្ឋាភិបាលថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងការសិក្សាពីកាតព្វកិច្ច និងតម្រូវការរបស់ប្រទេសជាតិលើការចូលរួមគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់សម្រាប់ធ្វើជាមូលដ្ឋាននៃការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងទំនិញគ្រោះថ្នាក់ទាំងនោះឱ្យទទួលបាននូវសុវត្ថិភាពរួមទាំងការរៀបចំគ្រប់គ្រង និងបង្កើតប្រព័ន្ធទិន្ន​ន័យជាតិផ្តល់ព័ត៌មានជាប្រចាំរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធទាក់ទងនិងទំនិញគ្រោះថ្នាក់ព្រមទាំងធ្វើការពិនិត្យវិភាគ និងវាយតម្លៃទិន្នន័យនៃភាពមិនប្រក្រតី ដើម្បីគ្រប់គ្រងទំនិញគ្រោះថ្នាក់ឱ្យបានហ្មត់ចត់ និងឱ្យមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយហានិភ័យ ធានាក្នុងការផលិត ការប្រើប្រាស់ ការដឹកជញ្ជូន ការនាំចូលការនាំចេញ និងការស្តុកទុកទំនិញគ្រោះថ្នាក់។

    គួរបញ្ជាក់ថា អាជ្ញាធរនៅតាមព្រំដែនជាច្រើនតែងបើកដៃឱ្យទំនិញអសុវត្ថិភាពផ្ទុកសារធាតុគីមីទាំងនោះឱ្យចូលមកចរាចរលើទីផ្សារយ៉ាងទូលំទូលាយដោយគេមិនទាន់ឃើញមានស្ថាប័នជំនាញណាមួយមានវិធានការទប់ស្កាត់នៅឡើយទេរហូតមកដល់ពេលនេះ៕

  • រយៈពេល 5ខែ ទុនវិនិយោគសំណង់មានចំនួន 4,362លានដុល្លារ

    រយៈពេល 5ខែ ទុនវិនិយោគសំណង់មានចំនួន 4,362លានដុល្លារ

    ភ្នំពេញៈ  រយៈពេល5ខែដើមឆ្នាំនេះទុនវិនិយោគលើវិស័យសំណង់មានទំហំទឹកប្រាក់4,362លានដុល្លារអាមេរិកកើនឡើង20ភាគរយបើធៀបរយៈពេលដូចគ្នាកាលពី​ឆ្នាំមុន។

    លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ទុនវិនិយោគក្នុងវិស័យសំណង់បន្តកើនឡើងជាក់ស្តែងទុន​វិនិយោគកាលពីឆ្នាំមុនមានទំហំទឹកប្រាក់ជាង8ពាន់លានដុល្លារអាមេរិកហើយ​ក្នុងរយៈពេល5ខែដើមឆ្នាំនេះទុនវិនិយោគក្នុងវិស័យនេះបានកើនដល់4,362លានដុល្លារអាមេរិក។ លោកបន្តថា វិស័យសំណង់បានផ្តល់ការងារដល់ប្រជាពល​រដ្ឋប្រមាណ20ម៉ឺននាក់ក្នុងមួយថ្ងៃជាមួយនឹងកំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ វិស័យនេះនឹងបន្តរីកចម្រើនបន្ថែមទៀត។

    លោករដ្ឋលេខាធិការបានបន្តថា ស្របពេលនឹងការរីកចម្រើននេះក្រុមហ៊ុន​ដែលធ្វើអាជីវកម្មលើវិស័យនេះ និងបានចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កើនដល់1,022ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់​មានចំនួន42ក្រុមហ៊ុនសាងសង់មានចំនួន980។ នៅទូទាំងប្រទេសមានស្ថាប​ត្យករសរុប2,500នាក់ និងមានវិស្វករចំនួន3ម៉ឺននាក់។

    លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងអបអរសាទរចំពោះទុនវិនិយោគលើវិស័យនេះដែលបាននិងកំពុងបន្តកើនឡើង ប៉ុន្តែលោកបានសួរពីទំហំទឹកប្រាក់ពិតប្រាកដ ដែលហូរចូលមកក្នុងវិស័យនេះថាតើមានប៉ុន្មានភាគរយពិតប្រាកដ ព្រោះអ្នកវិនិយោគខ្លះបានបំប៉ោងទឹកប្រាក់វិនិយោគរបស់ពួកគេ៕

  • Ronaldo ត្រៀម​ចាក​ចេញពី​ក្លិប Real Madrid

    Ronaldo ត្រៀម​ចាក​ចេញពី​ក្លិប Real Madrid

    ខ្សែ​ប្រយុទ្ធ Cristiano Ronaldo របស់ Real Madrid ចង់​ចាក​ចេញ​ពី​ក្លិប​នេះ និង​ទឹក​ដី​​អេ​​ស្ប៉ាញក្រោយ​ពី​​រូប​គេ​ត្រូវ​​បាន​ចោទ​ប្រកាន់​​ពី​បទ​បន្លំ​មិន​បំពេញ​កា​តព្វ​កិច្ច​បង់​ពន្ធនៅ​ក្នុង​​ប្រទេស​នេះ​​។ នេះ​​បើ​យោង​តាម​​ការ​ចេញ​ផ្សាយ​ព័ត៌​មានមួយ​នៅ​លើ​កា​សែត​កីឡា​ប្រចាំ​​ថ្ងៃ​របស់​ព័រ​ទុយហ្គាល់ A Bola កាល​ពី​ថ្ងៃ​សុក្រ​​។

    កា​សែត​នេះ បាន​ចេញ​ផ្សាយ​ពី​រឿង​រ៉ាវ​ទាក់​ទង​​នឹង Ronaldo ដោយ​ផ្អែក​​ទៅ​លើ​មូល​ដ្ឋាន​នៃ​ប្រភព​ដ៏គួរ​ឲ្យ​ជឿ​ជាក់​មួយ ហើយ​ថាតា​រា​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ពិភព​លោក​4​​សម័យ​កាល​វ័យ​32​ឆ្នាំ​រូប​នេះបាន​​ធ្វើការ​សម្រេច​ចិត្ត​របស់​គេ​រួច​ជា​ស្រេចហើយ​ក្នុង​ការ​ស្នើ​សុំ​​ក្លិប Real Madrid ដើម្បី​ចាក​ចេញ​។ វា​ត្រូវ​បាន​គេ​បញ្ជាក់​ថា Ronaldo ពិត​ជា​​​ខក​​ចិត្ត និង​មិន​ពេញ​ចិត្ត​​លើ​ការ​ចោទ​ប្រកាន់ផ្សេង​ៗ​ប្រឆាំង​នឹង​រូប​គេនេះ​ឡើយ​។ ដោយ​ឡែកប្រភព​ព័ត៌​មាន​មួយ​ផ្សេង​ទៀត​ក៏​បាន​ចេញ​ផ្សាយ​ដូច​គ្នា​នេះ​ផងដែរ​​។ ភ្នាក់​ងារ​តំណាង​ឲ្យ Ronaldo មិន​​អាច​​ទាក់​ទង​ដើម្បី​សុំ​ការ​បក​ស្រាយបាន​ភ្លាម​ៗ​ឡើយ​។ រដ្ឋ​អាជ្ញា​​របស់​ប្រទេស​អេ​ស្ប៉ាញបាន​ដាក់​ពាក្យ​បណ្តឹង​​ប្រឆាំង​នឹង​កីឡាករ​រូប​នេះ ដោយ​ចោទ​ប្រកាន់​ថារូប​គេ​មិន​គោ​រព​កា​តព្វ​កិច្ច​បង់​ពន្ធ​ជូន​រដ្ឋ​ក្នុង​ទឹក​ប្រាក់​14.7​លាន​អឺ​រ៉ូ (ស្មើ​នឹង​16.5​លាន​ដុល្លារ​អាមេ​រិក)តាមរយៈ​ការ​លាក់​បាំង​ចំណូល​ពីការលក់​សិទ្ធិ​រូប​ភាព​របស់​គេ​នៅ​ចន្លោះ​ឆ្នាំ​2011 និង​ឆ្នាំ​2014​។ Ronaldo បាន​បដិ​សេធ​​ពី​ការ​ប្រព្រឹត្ត​កំហុស​ទាំងអស់​។

    ក្លិប Real Madrid កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បញ្ជាក់​ថា ពួក​គេ​ជឿ​ជាក់​ថាខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រទុយ​​ហ្គាល់​រូប​នេះ បាន​​ប្រពឹត្ត​យ៉ាង​ស្រប​ច្បាប់​។ Real Madrid មិន​អាច​​​ទាក់​ទងបាន​ភ្លាម​ៗឡើយ​​កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​សុំការរ​បក​ស្រាយ​​លើ​ប្រភព​ព័ត៌​មានទាំងនេះ​៕

  • សម្លប្រហើរ​ម្សៅ

    សម្លប្រហើរ​ម្សៅ

    សម្លប្រហើរ​ម្សៅ គ្រាន់តែ​ឮឈ្មោះ​ក៏​ចង់​ទទួលទាន​បាត់ទៅហើយ ព្រោះ​វា​ជា​មុខម្ហូប​ដ៏​ល្បី​របស់​ប្រជាជន​កម្ពុជា​យើង​តាំងពី​យូរណាស់​មកហើយ។ ទោះជា​មុខម្ហូប​នេះ​មាន​គ្រឿងផ្សំ​ច្រើន​មុខ និង​មាន​របៀប​ចម្អិន​ស្មុគស្មាញ​បន្តិច​មែន តែ​បន្ទាប់ពី​មុខម្ហូប​នេះ​ចម្អិន​ឆ្អិន​វិញ​នោះ​គឺ​ពិតជា​គាប់ចិត្ត​សមាជិក​នៅក្នុង​ផ្ទះ​ជាមិនខាន។ ដូច្នេះ សូម​ស្ត្រី​មេផ្ទះ​ទាំងអស់​រីករាយ​ជាមួយនឹង​ការ​ស្វែង​យក​ពី​គ្រឿងផ្សំ និង​របៀ​ប​ធ្វើ​សម្លប្រហើរ​ម្សៅ​នេះ​ទាំងអស់គ្នា ជាមួយនឹង​អ្នកស្រី Sakorak Thonn ដូចតទៅ។

    + គ្រឿងផ្សំ
    * ត្រី​ផ្ទក់​អាំង
    * កំពឹស
    * ត្រីឆ្អើរ​បុក
    * ពងត្រី
    * ប្រហុក​ចិញ្ច្រាំ
    * អង្ករ 3ស្លាបព្រា​បាយ (ត្រាំ​ទឹក រួច​បុក)
    * គ្រឿង​បុក (គល់​ស្លឹកគ្រៃ ជីលីងល័ក្ខ រមៀត ខ្ជាយ និង​ខ្លឹម​ស)
    * បន្លែ ៈ ល្ពៅ ត្រាវ ផ្សិត​ម្ជុល ផ្សិត​បំបើង  ត្រួយ​ល្ពៅ ស្លឹក​ងប់ ស្លឹក​បាស ផ្ទី ពោត  ននោង និង​ម្ទេស
    * គ្រឿងផ្សំរសជាតិ

    + របៀប​ចម្អិន
    ជាដំបូង​ត្រូវដាក់​ដាំទឹក​នៅក្នុង​ឆ្នាំង​ឱ្យ​ពុះ​ជាមុនសិន រួច​សឹមបង់​ប្រហុក​ចិញ្ច្រាំ​ចូល ហើយ​កូរ​ឱ្យចេញ​ជាតិ​ល្អ សឹម​បន្ត​ដោយដាក់​បន្លែ​គ្រប់មុខ​ដូចជា ល្ពៅ ត្រាវ ផ្សិត​បំបើង ពោត និង​ននោង​ចូលទៅក្នុង​ឆ្នាំង។ បន្ទាប់មក​ដាក់​សាច់​ត្រី​ផ្ទក់​អាំង​ដែល​បាន​បេះ​រួច ត្រីឆ្អើរ​បុក កំពឹស​ចូលទៅក្នុង​ឆ្នាំរួច​បន្ថែម​គ្រឿងផ្សំ​រសជាតិ​ចូល។ បង់​មើម​ខ្ជាយ​ចូល និង​យក​ស្លឹកគ្រៃ​មក​ញី​ឱ្យចេញ​ក្លិន រួច​បង់​ចូល​ទៅ​ក្នុង​ទឹកស​ម្ល បន្ទាប់មក​ដាក់​បន្លែ​ប្រភេទ​ស្លឹក​ដូចជា ត្រួយ​ល្ពៅ ផ្សិត​ម្ជុល ស្លឹក​ងប់ ស្លឹក​បាសស្លឹក​ផ្ទី និង​ពងត្រី​ចូល ហើយបន្ថែម​ដោយ​គ្រឿង​ដែល​បុក​ហើយ និង​អង្ករ​ចូលជា​បន្តទៀត។ ពេលដែល​ទឹកស​ម្ល​ពុះ សឹម​កូរ​សម្ល​បន្តិចហើយ​បង់​ដុំ​ស៊ុប​ខ្នរ​ចូល ដើម្បី​បង្កើន​រសជាតិ​នៃ​សម្ល​ឱ្យ​កាន់តែ​ឈ្ងុយឆ្ងាញ់​ឡើង​មួយកម្រិត​ទៀត។ ជា​ចុងក្រោយ​ដាក់​ម្ទេស​គ្រាប់​ចូលរួច​កូរ​ឱ្យ​សព្វ​ជាការ​ស្រេច៕