Category: សង្គម និងសេដ្ឋកិច្ច

  • ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាកំពុងឆ្ពោះទៅមុខ

    ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាកំពុងឆ្ពោះទៅមុខ

    ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងបង្ហាញកំណើន និងសក្តានុពល ស្របពេលដែលនិន្នាការនេះកំពុងមានការរីកចម្រើននៅកម្ពុជា និងក្នុងពិភពលោក។

    លោកឧកញ៉ា សៀ រិទ្ធីអគ្គ នាយកក្រុមហ៊ុន World Bridge Land ដែលបានពង្រីកក្រុមហ៊ុនធ្វើពាណិជ្ជកម្មតាមបច្ចេកវិទ្យាអនឡាញគឺក្រុមហ៊ុន World Bridge Ecommerce តាមរយៈវេបសាយ Maiomall.com បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី21 មិថុនានេះថា កម្លាំងចលករនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅលើពិភពលោក កំពុងតែផ្លាស់ប្តូរ ព្រោះមនុស្សកាន់តែពិបាកក្នុងការធ្វើដំណើរ ហេតុនេះពួកគេចាប់ផ្តើមទិញទំនិញតាមអនឡាញ។

    លោកបន្តថា ចំណែកស្រុកខ្មែរវិញ ទោះបីជាមានប្រជាជនតិច តែមានប្រជាជនវ័យក្មេងច្រើន និងពួកគេប្រើប្រាស់អ៊ីនធើណេតច្រើន ហើយចរន្តនៃការធ្វើពាណិជ្ជកម្មកាន់តែផ្លាស់ប្តូរ និងចាប់ផ្តើមទិញ និងលក់ទំនិញតាមប្រព័ន្ធអនឡាញ។

    លោកបន្តថា “អ្នកដើរផ្សារទំនើប ពួកគេភាគច្រើនទៅញុំាអាហារ និងកម្សាន្ត ពួកគេមិនទិញទំនិញច្រើនដូចមុនទេ ពួកគេចាប់ផ្តើមកុម្ម៉ង់ទិញទំនិញតាមអនឡាញ ប៉ុន្តែដោយសារយើងមិនទាន់មានច្បាប់ E-commerce ទើបធ្វើឲ្យការលូតលាស់នៃវិស័យនេះនៅមានកម្រិត”។ លោកបន្តថា “វាត្រូវការពេលវេលា និងត្រូវការពង្រីកបណ្តាញទីផ្សារបន្ថែមទៅកាន់ប្រទេសឡាវ និងភូមានាពេលខាងមុខ”។

    លោកឧកញ៉ា សៀ រិទ្ធី បានបន្តថា “ទីផ្សារនេះកំពុងរីកចម្រើន ប៉ុន្តែនៅមានទំហំតូចនៅឡើយ ហេតុនេះទើបលោករំពឹងថា រយៈពេល 5ឆ្នាំខាងមុខទើបលោកអាចប្រមូលប្រាក់ចំណេញត្រឡប់មកវិញបាន”។

    អគ្គនាយកក្រុមហ៊ុនលីហួរគ្រុប លោកឧកញ៉ា លី ហួរ ដែលបានបើកសេវាផ្ទេរប្រាក់លីហួរបានថ្លែងថា សេវាកម្មផ្ទេរប្រាក់នៅកម្ពុជាមានទីផ្សារតូច និងប្រជាជនតិច ប៉ុន្តែនិន្នាការនេះកំពុងបង្ហាញសញ្ញារីកចម្រើនហើយ។ លោកបន្តថា ដោយសារទីផ្សារនេះតូច ប្រជាជនតិចបានធ្វើឲ្យការប្រកួតប្រជែងមានសភាពខ្លាំងក្លា ហេតុនេះការរីកចម្រើនរបស់ក្រុមហ៊ុននីមួយៗវាអាស្រ័យលើការសហការ និងការពង្រីកបណ្តាញរបស់ខ្លួនបានទូលំទូលាយកម្រិតណា។

    លោកបន្តថា “អ្នកជំនួញបច្ចុប្បន្នបាន និងកំពុងពង្រីកទីផ្សារចាប់ដៃគូជាមួយប្រទេសនានា ដើម្បីពង្រីកទីផ្សាររបស់ខ្លួនឲ្យកាន់តែទូលំទូលាយ ព្រោះនៅពេលទីផ្សាររបស់យើងទូលាយ ទើបយើងមានឱកាសរកផលចំណេញបាន”។ លោកបន្តថា “យើងត្រូវការការសហការ ព្រោះបើពឹងផ្អែកតែទីផ្សារក្នុងស្រុកមិនអាចទទួលបានជោគជ័យនោះទេ”៕

  • សូរ្យ អេណា ៖ 2 ឆ្នាំហើយ នៅតែមិនអាចបំភ្លេចបុរសម្នាក់នោះបាន

    សូរ្យ អេណា ៖ 2 ឆ្នាំហើយ នៅតែមិនអាចបំភ្លេចបុរសម្នាក់នោះបាន

    កញ្ញា សូរ្យ អេណា ត្រូវបានគេស្គាល់ថាជាតារាបង្ហាញម៉ូដតំណាងប្រទេសកម្ពុជា ដែលធ្លាប់ចេញទៅប្រកួតនៅបរទេសជាច្រើនលើកមកហើយនោះ បច្ចុប្បន្នថ្មីៗនេះ នាងបានក្លាយជាប្រធានក្រុមបង្ហាញម៉ូដ “តារារះកម្ពុជា” តែដោយឡែកកាលពីព្រឹកថ្ងៃទី 20 ខែមិថុនា ឆ្នាំ2017 ម្សិលមិញនេះ តារាបង្ហាញម៉ូដដ៏ល្បីឈ្មោះម្នាក់នេះ បានបង្ហាញឱ្យមនុស្សទូទៅមើលឃើញពីក្តីសោកស្តាយចំពោះការបាត់បង់មិត្តភ័ក្ដិសំណព្វចិត្តរបស់នាងម្នាក់ ដោយនាងបានទៅឯមាត់ច្រាំងទន្លេដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់មិត្តរួមចិត្តដ៏ស្និទ្ធបំផុតរបស់នាងដែលជាបុរសម្នាក់មានឈ្មោះថា អុង ឡេង ដែលបានទទួលមរណភាពនៅឆ្នាំ 2015 និងគេបានកត់សម្គាល់ឃើញថា ជារៀងរាល់ឆ្នាំនាងតែងតែរំឭកខួបមរណភាពចំពោះមិត្តរួមចិត្តដ៏ស្និទ្ធម្នាក់នេះជានិច្ច។

    តាមរយៈរូបថតប៉ុន្មានសន្លឹកនៅលើហ្វេសប៊ុកផ្ទាល់របស់អេណា នាងបានរៀបរាប់ថា៖ “នេះគឺជាថ្ងៃគម្រប់ខួប2ឆ្នាំ ដែលខ្ញុំបានបាត់បង់រូបអ្នក គ្មានថ្ងៃណាមួយដែលខ្ញុំមិននឹកដល់រូបអ្នកនោះឡើយ អ្នកគឺជាមិត្តភ័ក្តិដ៏ល្អ អ្នកគឺជាអ្នកមានគុណ អរគុណចំពោះទឹកចិត្ត និងគ្រប់បែបយ៉ាងដែលអ្នកបានផ្តល់ឱ្យខ្ញុំកន្លងមក រូបភាព និងអនុស្សាវរីយ៏ដែលយើងធ្លាប់មានជាមួយគ្នាកន្លងមក ខ្ញុំនឹងរក្សាទុកក្នុងបេះដូង ខ្ញុំនឹងចងចាំរូបអ្នករហូតដល់ដង្ហើមចុងក្រោយ អ្នកគឺជាមិត្តតែម្នាក់គត់ដែលធ្វើឱ្យខ្ញុំមានថ្ងៃនេះ គុណស្រ័យ និងពាក្យទូន្មានរបស់អ្នក ខ្ញុំគ្មានថ្ងៃបំភ្លេចបានឡើយ ខ្ញុំនឹងនាំអ្នកទៅកាន់ទីកន្លែងដែលខ្ញុំធ្លាប់បានសន្យា ឱ្យខ្ញុំសូមទោសដែលបំពេញបំណងអ្នកមិនទាន់ពេលវេលា ទោះបីជាពេលវេលាកន្លងផុតទៅយូរប៉ុនណា ទោះគ្មានវត្តមានអ្នកនៅលើលោកនេះទៀតក៏ដោយ ក៏ពួកយើងនៅតែជាមិត្តល្អនឹងគ្នារហូតទៅ សូមអហោសិកម្មឱ្យខ្ញុំផង។ ពី មិត្តកំសត់របស់អ្នក” ។

    ជាមួយគ្នានេះដែរ តាមរយៈការបញ្ចេញមតិមួយចំនួនរបស់អ្នកលេងបណ្ដាញសង្គមខាងលើ មានការសង្ស័យថា កញ្ញា សូរ្យ អេណា ប្រាកដជាមានទំនាក់ទំនងជិតដិត ស្អិតល្មួតជាមួយបុរសខាងលើលើសពីមិត្តល្អមិនខាន បានជានាងនិយាយថា និងរក្សាបុរសម្នាក់នោះទុកនៅក្នុងបេះដូងរបស់នាងជានិរន្តរ៍បែបនេះ៕

  • Kylie Jenner បង្ហាញម៉ូដអាវគួរឱ្យញាក់សាច់ក្នុងថ្ងៃខួបកំណើតក្មួយ

    Kylie Jenner បង្ហាញម៉ូដអាវគួរឱ្យញាក់សាច់ក្នុងថ្ងៃខួបកំណើតក្មួយ

    ប្រសិនជាអ្នកគាំទ្រតារាលោកខាងលិចវិញ ប្រហែលជាស្គាល់ច្បាស់អំពីត្រកូលតារាអ្នកបង្ហាញម៉ូដទាំងអស់នេះមិនខាន ហើយប្រាកដណាស់ ពិតជាមានអ្នកខ្លះឆ្ងល់ថាតើហេតុអ្វីបានជា Kylie Jenner មានទម្រង់មុខ និងរាងរៅស្រដៀងទៅនឹងត្រកូលតារាបង្ហាញម៉ូដ Kim Kardashian ម្ល៉េះ?។ នេះហើយដែលធ្វើឱ្យការបង្ហាញម៉ូដរបស់ត្រកូលទាំងពីរមានភាពប្រកួតប្រជែងគ្នា ហើយកាន់តែចម្លែកទៅទៀតនោះគឺ នៅថ្ងៃខួបកំណើតក្មួយស្រីរបស់ Kylie Jenner នាងបានបង្ហាញម៉ូដដែលមើលមួយភ្លែតទៅ ហាក់បីដូចជានាងមិនបានពាក់អាវ តែតាមការពិត នោះជាឈុតដែលនាងច្នៃប្រឌិត ហើយស័ក្ដិសមជាអ្នកច្នៃម៉ូដពិតមែន។

    តារាបង្ហាញម៉ូដវ័យ 19 ឆ្នាំ បានបង្ហាញវត្តមានចូលរួមពិធីខួបកំណើតជាលើកទី 4 របស់ក្មួយស្រី ក្នុងការទទួលទានអាហារពេលរាត្រីជុំគ្នា តែម៉ូដសម្លៀកបំពាក់របស់នាងវិញពិតជាទាក់ទាញចំណាប់អារម្មណ៍ខ្លាំងអស្ចារ្យ ជាមួយនឹងអាវក្នុងពណ៌សាច់ ដែលនាងបានពាក់បញ្ចេញចុងសុដន់ ហើយគ្របដណ្ដប់ពីលើដោយអាវធំរហែកខាងមុខបង្ហាញឱ្យឃើញដើមទ្រូងមូលក្បំ ជាមួយខោខូវប៊យរហែកឆ្នូតៗ ដែលជាទីពេញនិយមរបស់យុវវ័យ៕

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពទាំងឡាយរបស់ Kylie Jenner ខាងក្រោមនេះ ៖

  • កូនភ្លោះប្រុស-ស្រីរបស់ Beyonce កើតជំងឺខាន់លឿង

    កូនភ្លោះប្រុស-ស្រីរបស់ Beyonce កើតជំងឺខាន់លឿង

    ទន្ទឹមនឹងការអបអរសាទរចំពោះសមាជិកថ្មីភ្លោះប្រុស-ស្រី របស់កំពូលតារាចម្រៀងស្រី Beyonce និងកំពូលតារាចម្រៀងរ៉េប Jay Z នោះ ទារកទាំងពីរត្រូវបានគ្រូពេទ្យរក្សាទុកដើម្បីព្យាបាលនៅក្នុងមន្ទីពេទ្យសិននៅឡើយ ដោយសារតែពួកគេប្រសូតចេញមកមុនពេលកំណត់។

    សារព័ត៌មាន The Superstar Couple បានរាយការណ៍ឱ្យដឹងថា កូនភ្លោះរបស់ Beyonce បានចាប់ផ្តើមប្រសូតក្នុងរយៈពេលឆាប់ពេក និងដោយសារតែតារាចម្រៀងស្រីរូបនេះមិនសូវយកចិត្តទុកដាក់ចំពោះការថែរក្សាគភ៌ផងនោះ ទើបបណ្ដាលឱ្យកូនភ្លោះប្រុស-ស្រី របស់នាងកើតមកមិនគ្រប់ខែដូចទារកធម្មតា ហើយខណៈនេះ ទារកទាំងពីរត្រូវបានគ្រូពេទ្យយកទៅរក្សាទុកនៅក្រោមពន្លឺភ្លើង Blili នៅក្នុងបន្ទប់សង្គ្រោះរហូតដល់បានធូរស្បើយ និងរឹងប៉ឹងឡើងទើបប្រគល់ឱ្យទៅគ្រួសារតារាចម្រៀងសម្បុរស្រអែមស្រស់ Beyonce ចិញ្ចឹមវិញម្តង ។

    ការរក្សាទុកកូនភ្លោះតូចទាំងពីរនៅក្រោមពន្លឺភ្លើង Blili ជាវេជ្ជសាស្រ្តបឋមព្យាបាលមួយបែបក្នុងការលុបបំបាត់ចលនារបស់សារធាតុ Bilirubin មាននៅក្នុងគ្រាប់ឈាម ដែលធ្វើឱ្យកូនភ្លោះរបស់ Beyonce មានអាការខ្លួនលឿង រួមទាំងមានសភាពលឿងទាំងស្បែក និងគ្រាប់ភ្នែកទៀតផង និងសារធាតុលឿងនេះទៀតសោត គឺបណ្ដាលមកពីគ្រាប់ឈាមក្រហមចាស់ ត្រូវបានចូលមកជំនួសដោយគ្រាប់ឈាមថ្មីក្នុងបរិមាណច្រើនពេក ទើបជាមូលហេតុបណ្តាលឱ្យស្បែក ភ្នែក ប្ដូរសភាពទៅជាពណ៌លឿងខុសប្រក្រតី។

    គួរបញ្ជាក់ផងដែរថា ប្រសិនបើកូនភ្លោះរបស់ Beyonce មិនបានព្យាបាលនៅក្រោមពន្លឺភ្លើង Blili នេះទេនោះ ទារកអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតមិនខាន៕

  • Ggear រៀបចំកម្មវិធីបរិច្ចាគឈាម នៅសៀមរាបលើប្រធានបទរួមមួយ

    Ggear រៀបចំកម្មវិធីបរិច្ចាគឈាម នៅសៀមរាបលើប្រធានបទរួមមួយ

    កន្លងទៅថ្មីៗនេះក្រុមហ៊ុន Ggear និងសមាគមសហគ្រិនសាខាខេត្តសៀមរាប បានរៀបចំកម្មវិធីការបរិច្ចាគឈាមឈរលើប្រធានបទរួមមួយ «ចែករំលែកតំណក់ឈាមរបស់អ្នកដើម្បីជួយសង្រ្គោះជីវិតស្រ្តី និងអ្នកម្ដាយ» ខណៈតម្រូវការឈាមកំពុងកើនឡើងជាលំដាប់។

    គិតជាមធ្យមក្នុងមួយថ្ងៃ កម្ពុជាត្រូវការឈាមចំនួន 200ប្លោកទូទាំងប្រទេសដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដោយអ្នកជំងឺម្នាក់ត្រូវការឈាមជាមធ្យម 3 ប្លោក។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរក្នុងទិវាបរិច្ចាគឈាមពិភពលោក ថ្ងៃទី 14 ខែ មិថុនា ដោយមានវត្ថមានចូលរួមពីលោកវេជ្ជបណិ្ឌតហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិតប៉ែន ផល្គុណ ប្រធានមន្ទីពេទ្យខេត្តសៀមរាប វេជ្ជបណ្ឌិតក្រុស សារ៉ាត ប្រធានមន្ទីសុខាភិបាលខេត្តសៀមរាប បណ្ឌិតទូច ណារិន ប្រធានស្ដីទីសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀម រាប និងលោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកប្រចាំក្រុមហ៊ុន ជីហ្គៀ ( GGear ) ។

    លោកឧកញ៉ា សុខ ពិសិដ្ឋ បានមានប្រសាសន៍ថា៖ កន្លងមកក្រុមហ៊ុន GGearបានចូលរួមចំណែកជាច្រើនក្នុងការងារសង្គម និងសហគមន៍ ដូចជាការចូលរួមជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តការចែករំលែកបទពិសោធបច្ចេកវិទ្យាថ្មីៗដល់សិស្សានុសិស្សឱ្យបានយល់ដឹងបន្ថែម ជាដើម។

    លោកបន្ដទៀតថា ឈាមគឺជាវត្ថុដែលមានតម្លៃបំផុត ដោយសារតែបច្ចុប្បន្ននេះក្នុងមួយថ្ងៃយើងត្រូវការឈាមចំនួន 200 ប្លោកទូទាំងប្រទេសដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ដូចនេះការបរិច្ចាគឈាម គឺមានន័យថាជាការចែករំលែក និងជួយដល់ជីវិតមនុស្សផ្សេងទៀត។ សរុបលទ្ធផល និងវត្តមានអ្នកចូលរួមប្រមាណជាង 300 នាក់ក្នុងថ្ងៃនេះ ចំនួនឈាមដែលទទួលបានពីការបរិច្ចាគមានចំនួន 208 ប្លោក។

    លោកវេជ្ជបណិ្ឌតហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមរាជធានីភ្នំពេញ បានឱ្យដឹងថា ការផ្តល់ឈាម គឺជាកាយវិការដ៏សាមញ្ញដែលមនុស្សពេញវ័យមានសុខភាពល្អអាចធ្វើបានដោយត្រូវគោរពទៅតាមលក្ខខណ្ឌវេជ្ជសាស្រ្តដូចខាងក្រោម៖

    – អាយុចាប់ពី 18 ដល់ 60 ឆ្នាំ
    – ទម្ងន់ចាប់ពី 45 គីឡូក្រាមឡើង
    – មានសុខភាពល្អ
    – មនុស្សប្រុសអាចផ្តល់ឈាមបាន 4ដង ក្នុងមួយឆ្នាំ (ចន្លោះពេល 3ខែម្តង)
    – មនុស្សស្រីអាចផ្តល់ឈាមបាន 3ដង ក្នុងមួយឆ្នាំ (ចន្លោះពេល 4ខែម្តង)

    តម្រូវការឈាមមានគ្រប់ពេលវេលា ហើយសម្រាប់ការផ្គត់ផ្គង់ក៏ត្រូវមានភាពទៀងទាត់ផងដែរ។ ប៉ុន្តែដោយសារការថែរក្សាទុកដាក់ឈាម មានពេលកំណត់នៅមុនពេលប្រើប្រាស់ ទើបជាការចាំបាច់ណាស់ ដែលត្រូវតែមានការធ្វើអំណោយឈាមទៀងទាត់នៅគ្រប់ពេលវេលា នៅគ្រប់ទីកន្លែងដែលគេត្រូវការប្រើប្រាស់ឈាម។ ឈាមគឺជាអំណោយមានតម្លៃដ៏ប្រពៃបំផុត ដែលមនុស្សម្នាក់អាចផ្តល់ទៅឱ្យមនុស្សម្នាក់ទៀតនូវអំណោយនៃជីវិតនេះបាន។

    ការសម្រេចចិត្តផ្តល់អំណោយឈាមរបស់លោកអ្នក អាចឱ្យគេជួយសង្រ្គោះជីវិតមនុស្សម្នាក់ ឬ ច្រើននាក់បាន និងដោយសារឈាមរបស់លោកអ្នកអាចយកទៅបំបែកជាសមាសភាពឈាមផ្សេងៗទៀតបានដូចជា៖ គុលិកាក្រហម ប្លាកែត ប្លាស្មា ដែលគេអាចយកទៅប្រើប្រាស់សម្រាប់អ្នកជំងឺក្នុងលក្ខខណ្ឌជាក់លាក់ណាមួយបាន៕

  • កម្មវិធី Property Awards រដូវកាលទី3 បានចាប់ផ្ដើមហើយ ដោយនៅតែរក្សាតម្លាភាពជូនអ្នកចូលរួម

    កម្មវិធី Property Awards រដូវកាលទី3 បានចាប់ផ្ដើមហើយ ដោយនៅតែរក្សាតម្លាភាពជូនអ្នកចូលរួម

    បន្ទាប់ពីកម្មវិធី Property Awards នារដូវកាលទី2 ត្រូវបានបញ្ចប់ដោយទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីម្ចាស់គម្រោងអភិវឌ្ឍន៍យ៉ាង ច្រើន កម្មវិធីនេះក៏ត្រូវបានប្រកាសឡើងសារជាថ្មី ដើម្បីឱ្យម្ចាស់គម្រោងនានាបានដាក់ពាក្យចូលរូមប្រកួតនារដូវកាលទី3។

    នៅព្រឹកថ្ងៃនេះ គណៈកម្មការរៀបចំកម្មវិធី Property Awards បានប្រកាសឱ្យមានការចូលរួមដាក់ពាក្យចាប់ពីថ្ងៃទី21 ខែមិថុនា នេះតទៅ ដែលការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងសណ្ឋាគារសូហ្វីតែលភូគីត្រា។

    លោក Terry Blackburn នាយកគ្រប់គ្រង Asia Property Awards  and Property Report បានលើកឡើងថា ដ្បិតតែកម្មវិធីនេះទើបតែធ្វើឡើងនៅកម្ពុជារយៈពេលពីរឆ្នាំប៉ុណ្ណោះ ប៉ុន្ដែទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកអភិវឌ្ឍន៍ និងក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកជាច្រើន ដោយសារតែពួកគេបានយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍ការចូលរួមក្នុងកម្មវិធីមួយនេះ។

    លោកបន្ដថា៖” អ្វីដែលធ្វើឱ្យអ្នកចូលរួមប្រកូតមានភាពជឿជាក់លើកម្មវិធីគឺការផ្ដល់តម្លាភាព និងគណនេយ្យភាពជូនដល់ពួកគេ តាមរយៈការវាយតម្លៃយ៉ាងសុក្រិតពីក្រុមហ៊ុនសាវនកម្ម BDO ដែលជាក្រុមហ៊ុនលំដាប់ទី 5នៅលើពិភពលោក”។ កម្មវិធី Property Awards បានបង្កើតឡើងរយៈពេល 12ឆ្នាំមកហើយ ដែលធ្លាប់រៀបចំ និងទទួលបានជោគជ័យនៅប្រទេស ថៃ ម៉ាឡេស៊ី សង្ហបុរី វៀតណាម ជាដើម។ ដោយឡែកកម្ពុជាទើបតែមានការរៀបចំជាលើកដំបូងកាលពីឆ្នាំ2016កន្លងទៅនេះ និងទើបតែបញ្ចប់កម្មវិធីរដូវកាលទី2 កាលពី 3ខែកន្លងទៅ។

    លោក សន សៀប ជាអ្នកដឹកនាំគណវិនិច្ឆ័យនៅក្នុងកម្មវិធី Property Awards បានលើកឡើងថា តាមរយៈបទពិសោធណ៍របស់លោកកន្លងមកឃើញថា កម្មវិធីនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុន ឬម្ចាស់គម្រោងអភិវឌ្ឍន៍ដែលបានចូលរួមប្រកួត ព្រោះក្រៅពីអាចជួយជម្រុញការលក់ហើយនោះ។ កម្មវិធីនេះក៏ជាសារមួយបញ្ជូនទៅដល់សាធារណជនឱ្យបានដឹងថា គម្រោងតែពួកគាត់បានទិញគឺជាប់បានពានរង្វាន់ និងបានឆ្លងកាត់ការវាយតម្លៃយ៉ាងត្រឹមត្រូវប្រកបដោយតម្លាភាព៕

  • ទម្លាប់ល្អរបស់បុគ្គលដែលមានឥទ្ធិពលលើពិភពលោក

    ទម្លាប់ល្អរបស់បុគ្គលដែលមានឥទ្ធិពលលើពិភពលោក

    មនុស្សដែលមានឥទ្ធិពលជាច្រើន តែងតែមានគំនិតប្លែកពីបុគ្គលទូទៅមួយចំនួន តែគំនិតទាំងនោះមិនមែនសុទ្ធតែអស្ចារ្យទាំងស្រុងនោះទេ។ មានចំណុចខ្លះ គឺងាយៗបំផុត គ្រាន់តែមនុស្សទូទៅមិនបានដឹង ហើយយកមកអនុវត្តប៉ុណ្ណោះ។

    ខាងក្រោមនេះជាទម្លាប់មួយចំនួនរបស់បុគ្គលមានឥទ្ធិពលដែលត្រូវបានដកស្រង់ដោយគេហទំព័រ វេទិកាសេដ្ឋកិច្ចពិភពលោក៖

    1. មានគំនិតរបស់ខ្លួនឯង
    បុគ្គលដែលមានឥទ្ធិពល ភាគច្រើនជាមនុស្សដែលមានគំនិតផ្ទាល់ខ្លួន ហើយមិនសូវទន់ទោទៅតាមគំនិតសាធារណៈប៉ុន្មាននោះទេ។ គេជាមនុស្សដែលមានការសម្រេចចិត្តច្បាស់លាស់ និងប្រើវិចារណញ្ញាណច្រើនដើម្បីសម្រេចលើកិច្ចការងារទាំងឡាយ។ គ្រប់ព័ត៌មានដែលគេបានជួប គឺត្រូវតែឆ្លងកាត់ការសម្រេចពីវិចារណញ្ញាណជាមុនសិន ដើម្បីធានាថា ទង្វើនោះពិត ឬមិនពិត ហើយវាមានគុណសម្បត្តិ និងគុណវិបត្តិកម្រិតណា។

    2. ទទួលយកមតិដែលមិនស្របនឹងខ្លួនឯង
    ក្នុងការរស់នៅ គ្មានមនុស្សណាម្នាក់ដែលល្អឥតខ្ចោះនោះទេ ហេតុនេះហើយទើបមនុស្សត្រូវការស្តាប់មតិយោបល់ពីគ្រប់សមាសភាព ដើម្បីថ្លឹងថ្លែងពីភាពសុក្រឹតរបស់ខ្លួនឯង។ នៅពេលដែលមនុស្សណាម្នាក់ផ្តល់យោបល់មកលើយើង យើងចាំបាច់ត្រូវទទួលស្តាប់ដោយបើកចំហចិត្តឱ្យទូលាយដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ជាមូលដ្ឋានដើម្បីសម្រេចចិត្ត។ បុគ្គលដែលមានឥទ្ធិពលភាគច្រើន ជាមនុស្សដែលអាចទាញចំណាប់អារម្មណ៍បានច្រើនបំផុតពីមនុស្សទូទៅ ព្រោះគាត់បានធ្វើនូវរឿងមួយចំនួនដែលអាចធ្វើឱ្យមនុស្សដែលជំទាស់ជាមួយគាត់ទទួលយកបាន។

    3. ចេះប្រតិកម្មប្រកបដោយភាពឆ្លាតវៃ
    មនុស្សមានឥទ្ធិពលភាគច្រើនជាមនុស្សដែលស្ថិតក្នុងចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា ហើយសកម្មភាពទាំងអស់នោះ ពេលខ្លះក៏បង្ហាញឱ្យឃើញពីចន្លោះប្រហោង និងចំណុចដែលគេអាចរិះគន់បាន។ ជាទូទៅស្ថិតក្នុងស្ថានភាពនេះ បុគ្គលមានឥទ្ធិពលភាគច្រើន មិនសូវតបតច្រើននោះទេ តែគេចេះរង់ចាំឱកាសដើម្បីស្វែងរកចន្លោះឆ្លាតវៃមួយដើម្បីធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងការទទួលយកបាន៕

  • 15ឆ្នាំខាមុខ កម្ពុជាត្រូវការលំនៅដ្ឋាន 80ម៉ឺនខ្នងបន្ថែមទៀត

    15ឆ្នាំខាមុខ កម្ពុជាត្រូវការលំនៅដ្ឋាន 80ម៉ឺនខ្នងបន្ថែមទៀត

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា គិតចាប់ពីឆ្នាំ 2015 ដល់ឆ្នាំ 2030 ខាងមុខ កម្ពុជា ត្រូវការលំនៅដ្ឋានប្រមាណ 80ម៉ឺនខ្នងបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនប្រជាសាស្រ្ត និងការរីកចម្រើននៃសេដ្ឋកិច្ចសង្គម។

    លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាមួយនឹងកំណើនសេដ្ឋកិច្ច នគរូបនីយកម្មក៏បានកើនឡើងយ៉ាងឆាប់រហ័សដែរ ព្រោះតាមការសិក្សារបស់ក្រសួងអំពីក្របខ័ណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជាបានរកឃើញថា ចំនួនប្រជាជនរស់នៅក្នុងរាជធានី និងទីប្រជុំជននៅឆ្នាំ 2014 មានចំនួន 4.5លាននាក់ ស្មើនឹង 27.1ភាគរយ នឹងបន្តកើនឡើងដល់ 7.92លាននាក់នៅឆ្នាំ 2030 ស្មើនឹង 44ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប។

    តាមទិន្នន័យនេះបានបង្ហាញឲ្យឃើញថា សម្រាប់រយៈពេល 15ឆ្នាំទៀត គិតចាប់ពីឆ្នាំ 2015 ដល់ 2030 តម្រូវការលំនៅដ្ឋានសម្រាប់រាជធានី និងទីប្រជុំជនមានប្រមាណ 80ម៉ឺនលំនៅដ្ឋានទៀត ដែលគិតជាមធ្យមមានតម្រូវការប្រមាណជា 5ម៉ឺនលំនៅដ្ឋានក្នុងមួយឆ្នាំ។

    លោក ប៉ែន សុផលបានបន្តថា ឆ្លើយតបនឹងបញ្ហានេះក្រសួងបាន និងកំពុងសកម្មអនុវត្តគោលនយោបាយជាតិស្តីពីការរៀបចំដែនដីក្នុងការកសាងផែនការរៀបចំដែនដីប្លង់គោល និងផែនការប្រើប្រាស់ដីគ្រប់កម្រិត និងគោលនយោបាយជាតិស្តីពីលំនៅដ្ឋាន ពិសេសលំនៅដ្ឋានដែលមានតម្លៃសមរម្យជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌៕

  • LG ចេញទូរស័ព្ទ G6 Plus មានទំហំផ្ទុកធំ និងប្រព័ន្ធសំឡេងថ្មី

    LG ចេញទូរស័ព្ទ G6 Plus មានទំហំផ្ទុកធំ និងប្រព័ន្ធសំឡេងថ្មី

    ព័ត៌មានស្ដីពីការបង្ហាញទូរស័ព្ទត្រកូល G ថ្មី របស់ក្រុមហ៊ុន LG បានក្លាយជាការពិតហើយ បន្ទាប់ពីបណ្តាញសារព័ត៌មានកូរ៉េមួយ បានចុះផ្សាយថា LG នឹងដាក់បង្ហាញម៉ូដែលស្មាតហ្វូនចំនួន 2 ប្រភេទ LG G6 Plus និង LG G6 Pro ដែលមានលក្ខណៈសម្បត្តិខ្លាំងជាងមុន និងទំនើបជាងមុននោះកាលពីដើមខែមិថុនា។

    ក្នុងចំណោមផលិតផលទាំង 2 ទូរស័ព្ទ LG G6 Plus បានបង្ហាញខ្លួនរួចហើយ នៅសល់តែ G6 Pro ប៉ុណ្ណោះដែលក្រុមហ៊ុននឹងបញ្ចេញនៅពេលខ្លីខាងមុខ។ សម្រាប់ G6 Plus ត្រូវបានក្រុមហ៊ុនបង្កើតឡើងដោយនៅរក្សារូបរាងដដែល ប៉ុន្តែបន្ថែមលក្ខណៈសម្បត្តិខ្ពស់ជាងមុន ដោយពង្រីកនូវទំហំផ្ទុកដល់ 128GB និងមានបំពាក់នូវប្រព័ន្ធសំឡេងថ្មីដែលអាចបញ្ចេញសំឡេងយ៉ាងពីរោះរណំ្តមកពីក្រុមហ៊ុនបច្ចេកវិទ្យា B&O PLAY ហើយក៏មានបច្ចេកវិទ្យាសាកបញ្ចូលថ្មឥតខ្សែ Wireless Charging (តាមតំបន់មួយចំនួន) ហើយវាក៏មានមុខងារ Face Print, Low Power Consumption និង Covered Lens warning ជាដើមទៀតផង។

    សម្រាប់មុខងារ Face Print ទូរស័ព្ទ G6 Plus បានប្រើប្រាស់នូវប្រព័ន្ធស្គែនផ្ទៃមុខ (Facial Recognition) ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការដោះសោទូរស័ព្ទដោយប្រើពេលមិនដល់1 វិនាទីផង។ ចំពោះកម្លាំងម៉ាស៊ីនរបស់វា គឺមិនខុសគ្នាពី LG G6 ធម្មតានោះទេ។

    ស្មាតហ្វូននេះមានជម្រើសពណ៌ចំនួន 3 ដូចជា ពណ៌ខ្មៅ (Optical Astro Black) ពណ៌ទឹកសមុទ្រ (Optical Marine Blue) និងពណ៌ទឹកមាស (Optical Terra Gold) ។

    សរុបមកសម្រាប់ LG G6 Plus នេះ លើសតែត្រង់មានពណ៌ថ្មី, អង្គផ្ទុកទិន្នន័យ 128GB និងប្រព័ន្ធសំឡេងថ្មីប៉ុណ្ណោះ ហើយចំពោះតម្លៃក្រុមហ៊ុននៅមិនទាន់បានបញ្ជាក់នៅឡើយទេ ហើយវានឹងចាប់ផ្តើមមានដាក់លក់នៅដើមខែកក្កដាខាងមុខនេះ៕

  • ធនាគារជាតិ ប្រកាសឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់ការពារផលប្រយោជន៍អតិថិជន

    ធនាគារជាតិ ប្រកាសឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់ការពារផលប្រយោជន៍អតិថិជន

    ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីប្រកាសថ្មីមួយស្តីពីការគ្រប់គ្រងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យ ការផ្តល់សេវាទូទាត់សងប្រាក់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពក្នុងការការពារផលប្រយោជន៍អតិថិជន។

    សេចក្តីប្រកាសនេះ មានគោលបំណងផងដែរដើម្បីធានាភាពរឹងមាំនៃសេវាទូទាត់សងប្រាក់ លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញការប្រកួតប្រជែងលើកកម្ពស់គំនិតច្នៃប្រឌិត និងផ្តល់ជំនឿទុកចិត្តដល់សាធារណជនដែលប្រើប្រាស់សេវាទូទាត់សងប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

    ទោះជាយ៉ាងនេះក្តីសេចក្តីប្រកាសថ្មីនេះ មិនមានវិសាលភាពគ្រប់ដណ្តប់ទៅលើចំណុចមួយចំនួននោះទេដែលក្នុងនោះរួមមាន ៖
    1. ការផ្តល់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ទ្រទ្រង់សេវាកម្ម ទូទាត់សងប្រាក់ ដោយមិនពាក់ព័ន្ធក្នុងការរក្សាទុកមូលនិធិ ការរក្សាទុក និងដំណើរការទិន្នន័យ បរធនបាលកិច្ច និងការរក្សាការសម្ងាត់ ការបញ្ជាក់អត្តសញ្ញាណ និងទិន្នន័យ ប្រព័ន្ធព័ត៌មានវិទ្យា និងទូរគមនាគមន៍ ការថែរក្សាទីតាំង និងឧបករណ៍សម្រាប់សេវាទូទាត់សងប្រាក់។
    ចំពោះប្រតិបត្តិការទូទាត់សងប្រាក់ដែលប្រើទីតាំងគ្រឹះស្ថានធនាគារស្រាប់ តែប្រតិបត្តិការផ្ទេរប្រាក់ និងទទួលបញ្ជាផ្ទេរប្រាក់ត្រូវស្ថិតក្រោមវិសាលភាពប្រកាសស្តីពី «អ្នកដំណើរការតតិយភាគី»។

    2. សេវាផ្អែកលើឧបករណ៍ទូទាត់ជាក់លាក់ ដែលអាចប្រើប្រាស់បាននៅក្នុងកម្រិតកំណត់ណាមួយ និងឧបករណ៍ដែលអាចទូទាត់ទំនិញ ឬសេវាកម្មតែនៅក្នុងទីតាំងរបស់គ្រឹះស្ថាន ចេញផ្សាយ ឬនៅក្នុងតែបណ្តាញទីតាំងរបស់គ្រឹះស្ថានដែលចេញ។

    សូមបញ្ជាក់ថា អ្នកប្រើប្រាស់សេវាទូទាត់សងប្រាក់ សំដៅទៅលើរួបវន្តបុគ្គល ឬនីតិបុគ្គល ដែលប្រើប្រាស់សេវាទូទាត់សងប្រាក់ ដូចជាអ្នកសងប្រាក់ និងអ្នកទទួលប្រាក់ ឬអ្នកទាំងពីរ៕