Category: សង្គម និងសេដ្ឋកិច្ច

  • ក្រសួងកសិកម្មនឹងបង្កើតប្រព័ន្ធវេបសាយផ្តល់ព័ត៌មានទីផ្សារកសិផលជូនប្រជាពលរដ្ឋ

    ក្រសួងកសិកម្មនឹងបង្កើតប្រព័ន្ធវេបសាយផ្តល់ព័ត៌មានទីផ្សារកសិផលជូនប្រជាពលរដ្ឋ

    ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការជាមួយបណ្តាអង្គការសង្គមស៊ីវិល ក្រុមហ៊ុន​ឯកជនដែលកំពុងវិនិយោគក្នុងវិស័យកសិកម្មដើម្បីបង្កើតប្រព័ន្ធវេបសាយមួយឈ្មោះថា ប្រព័ន្ធWEB PORTAL ដើម្បីប្រមូលផ្តុំព័ត៌មានអំពីរបៀបនៃការដាំបន្លែផ្លែឈើ និងផ្តល់ព័ត៌មានទីផ្សារសម្រាប់ប្រជាកសិករ​នាំកសិផលចូល​ទៅទីផ្សារ។

    លោក ម៉ាក់ សឿន អគ្គនាយករង និងជាប្រធានកម្មវិធីស្រាវជ្រាវ និងផ្សព្វផ្សាយកសិកម្ម នៃក្រសួង​កសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទបានប្រាប់BTV កាលពីថ្ងៃម្សិលមិញថា គម្រោងបង្កើតប្រព័ន្ធWEB PORTALដើម្បីផ្ទុកនូវរាល់ព័ត៌មានទាំងអស់ពិសេសព័ត៌មានទាក់ទងនឹងការស្វែងទីផ្សារជូនប្រជាកសិករនោះកំពុងតែដំណើរការនៅក្នុងគម្រោង Extension HUB(ហាប់)ហើយ។

    លោក ម៉ាក់ សឿន បន្តថា ប្រព័ន្ធ WEB PORTAL គឺជាគេហទំព័រមួយ​ប្រភេទដែល​អាចផ្តល់​ព័ត៌មានទីផ្សារកសិផលជូនប្រជាកសិករតាមរយៈការឱ្យសញ្ញាជារំញ័រនៅតាមទូរស័ព្ទដៃរបស់ប្រជាកសិករដើម្បីឱ្យគាត់បើកមើលព័ត៌មានផ្សេងៗទាក់ទងនឹងទីផ្សារកសិផល និងការដំណាំណាដែលទីផ្សារកំពុងមានតម្រូវការ និងមានតម្លៃខ្ពស់។ ក្រៅពីនេះប្រជាកសិករក៏អាចផ្ញើសារនានាដើម្បីឱ្យអ្នកជំនាញជួយបកស្រាយចម្ងល់ទាក់ទងនឹងបញ្ហាដំណាំកសិកម្មផងដែរ។

    លោកបន្តថា កន្លងមកក្រសួងកសិកម្ម ធ្លាប់បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដូចជានៅតាមវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និងបណ្តាញព័ត៌មានសង្គម ដើម្បីផ្សព្វផ្សាយព័ត៌មានទាក់ទងកសិកម្ម និងទីផ្សារកសិកម្មជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួចមកហើយ៕

  • MV បទ «ត្រូវគ្នាវិញបានទេ» របស់ ហេង ពិទូ ពិតជាស៊ីអារម្មណ៍យុវវ័យមែន

    MV បទ «ត្រូវគ្នាវិញបានទេ» របស់ ហេង ពិទូ ពិតជាស៊ីអារម្មណ៍យុវវ័យមែន

    «ត្រូវគ្នាវិញបានទេ» ជាពាក្យមួយឃ្លាដែលបុរសម្នាក់ចង់និយាយទៅកាន់សង្សាររបស់ខ្លួនដើម្បីសុំជាគ្នាវិញ និងជាការដឹងកំហុសមួយនេះ បានធ្វើឱ្យបុរសម្នាក់នោះមានវិប្បដិសារីចំពោះនារីដែលខ្លួនបានដើរចេញព្រោះតែអារម្មណ៍ឆេវឆាវខឹងក្រោធមួយគ្រា។ ការបកស្រាយអារម្មណ៍មួយនេះ តារាចម្រៀងសំឡេងផ្អែមហើយធ្ងន់ ហេង ពិទូ បានតាក់តែងបទនេះឡើងជាស្នាដៃបទចម្រៀងថ្មី ដើម្បីចងអារម្មណ៍យុវវ័យឱ្យកាន់តែស្លុងទៅតាមបទចម្រៀងនេះ ។

    ចង់ដឹងថា តើបទនេះបង្កប់ដោយមនោសញ្ចេតនាជ្រាលជ្រៅ ក្ដុកក្ដួលអារម្មណ៍ខ្លាំងកម្រិតណានោះ សូមទស្សនាបទ «ត្រូវគ្នាវិញបានទេ» ជាមួយអារម្មណ៍ដ៏ស៊ីជម្រៅរបស់ ហេង ពិទូ ខាងក្រោមនេះទាំងអស់គ្នា៖

  • Ronaldo ជួយព័រទុយហ្គាល់ ផ្តួលរុស្ស៊ី ឯម៉ិកស៊ិកទម្លាក់នូវែលសេឡង់

    Ronaldo ជួយព័រទុយហ្គាល់ ផ្តួលរុស្ស៊ី ឯម៉ិកស៊ិកទម្លាក់នូវែលសេឡង់

    ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ពិតជាស័ក្តិសមក្នុងការទទួលបានជ័យជម្នះ ក្រោយពីបានរកគ្រាប់បាល់បញ្ចូលទីជាលើកដំបូងរបស់គេក្នុងព្រឹត្តិការណ៍ Confederations Cup ដើម្បីជួយឲ្យប្រទេសរបស់គេទទួលបានជ័យជម្នះក្នុងលទ្ធផល 1-0 លើក្រុមម្ចាស់ផ្ទះរុស្ស៊ី កាលពីថ្ងៃពុធ។

    តារាឆ្នើមរបស់ក្លិប Real Madrid រូបនេះបានជម្នះលើរឿងអាស្រូវទាក់ទងនឹងបញ្ហាបន្លំបង់ពន្ធ ដែលកំពុងក្លាយជាដុំពពកខ្មៅជុំវិញអនាគតរបស់គេ តាមរយៈការរកគ្រាប់បាល់បញ្ចូលទីតែមួយគ្រាប់គត់ក្នុងការប្រកួតនៅទីក្រុងម៉ូស្គូនៅនាទីទី8 ដើម្បីជួយឲ្យក្រុមម្ចាស់ជើងឯក Euro ឆ្នាំ2016 របស់គេ ឡើងទៅឈរពីលើរុស្ស៊ីក្នុងពូល A។

    Ronaldo បាននិយាយថា៖ «យើងពិតជារីករាយណាស់។ វាជាលើកទីមួយហើយដែលក្រុមជម្រើសជាតិព័រទុយហ្គាល់បានទទួលជ័យជម្នះនៅរុស្ស៊ី។ ក្រុមយើងលេងបានយ៉ាងល្អនៅពេលដែលត្រូវប្រកួតជាមួយនឹងក្រុមមួយដែលលេងដោយមានការគាំទ្រយ៉ាងកងរំពងពីអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ។ ប៉ុន្តែ យើងលេងបានល្អជាង ហើយយើងមានឱកាសច្រើនជាង»។

    ខ្សែប្រយុទ្ធវ័យ 32ឆ្នាំ ដែលជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួតជាលើកទី2ក្នុងយុទ្ធនាការនេះរូបនេះ បានបន្ថែមទៀតថា៖ «យើងបានទទួលជ័យជម្នះ។ យើងទទួលបាន4ពិន្ទុ ហើយយើងត្រូវតែអបអរដល់ក្រុមរបស់យើង»។ ស្របពេលជាមួយគ្នានេះដែរ ក្រុមជម្រើសជាតិម៉ិកស៊ិក បានផ្តួលក្រុមជម្រើសជាតិនូវែលសេឡង់ ទាំងប្រផិតប្រផើយក្នុងលទ្ធផល 2-1 ក្នុងការប្រកួតមួយគូផ្សេងទៀតក្នុងពូល A ដូចគ្នា កាលពីយប់ថ្ងៃដដែល។ លទ្ធផលចាញ់នេះ បានធ្វើឲ្យនូវែលសេឡង់ ក្លាយជាក្រុមដំបូងគេដែលត្រូវធ្លាក់ចេញពីយុទ្ធនាការ Confederations Cup ឆ្នាំ2017នេះ។

    ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានបញ្ជាក់នៅមុនពេលការប្រកួតនេះថា ប្រធានក្រុម (Ronaldo )របស់ពួកគេកំពុងតែផ្តោតអារម្មណ៍តែទៅលើការប្រកួតលើទីលានក្នុងប្រទេសរុស្ស៊ីប៉ុណ្ណោះ បើទោះបីមានការលើកឡើងផ្សេងៗជុំវិញអនាគតរបស់គាត់នៅឯក្លិប Real Madrid យ៉ាងណាក្តី។ Ronaldo ត្រូវបានចោទប្រកាន់ដោយក្រុមអាជ្ញាធរអេស្ប៉ាញពីបទបន្លំមិនបង់ពន្ធក្នុងទឹកប្រាក់ 14.7លានអឺរ៉ូ (ស្មើនឹង16.5លានដុល្លារអាមេរិក) និងត្រូវបានកោះហៅឲ្យធ្វើការបង្ហាញខ្លួនក្នុងតុលាការនៅចុងខែក្រោយនេះនៅទីក្រុងម៉ាឌ្រីដ៕
    ប្រភពពី៖ Sky Sport24

     

  • World Vision ថា កុមារកម្ពុជាប្រមាណ 1ទៅ 2ម៉ឺននាក់ កំពុងធ្វើការតាមដងផ្លូវ

    World Vision ថា កុមារកម្ពុជាប្រមាណ 1ទៅ 2ម៉ឺននាក់ កំពុងធ្វើការតាមដងផ្លូវ

    កុមារជាទំពាំងស្នងឫស្សី ហើយអនាគតរបស់កុមារក៏ជាអនាគតរបស់កម្ពុជាផងដែរ ហេតុនេះការគាំពារកុមារជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម។

    ជាទូទៅ ដោយសារតែការអប់រំមិនមានការបង់ថ្លៃនៅតាមសាលារដ្ឋនៅកម្ពុជា កុមារភាគច្រើនបានទទួលឱកាសដើម្បីធ្វើការសិក្សារៀនសូត្រ និងទទួលបានចំណេះដឹងដើម្បីអភិវឌ្ឍសមត្ថភាពសម្រាប់ប្រើប្រាស់នៅថ្ងៃអនាគត។ នាពេលបច្ចុប្បន្នអាណាព្យាបាលជាច្រើននៅជនបទក៏បានយល់ដឹងពីតម្លៃនៃការអប់រំ ហើយបានបញ្ជូនកូនទៅសាលារៀន ហេតុនេះការអប់រំរបស់ក្រសួង និងស្ថាប័ននានាកំពុងមានការរីកដុះដាលដែលអាចធ្វើឱ្យអនាគតធនធានមនុស្សកាន់តែរឹងមាំ។

    ទន្ទឹមនឹងស្ថានភាពវិជ្ជមាននៃការអប់រំនៅកម្ពុជា ថ្មីៗនេះ អង្គការទស្សនពិភពលោក (World Vision Cambodia) បានបង្ហាញថា កុមារគ្រប់រូបត្រូវមានសិទ្ធរស់រានមានជីវិត ក្នុងបរិយាកាសសុខស្រួល មានស្ថេរភាព និងសុខសុវត្ថិភាព ប៉ុន្តែកុមារកម្ពុជាប្រមាណ 1ម៉ឺន ទៅ2ម៉ឺននាក់ត្រូវបានគេរកឃើញថាកំពុងរស់នៅ និងធ្វើការតាមដងវិថីនានាក្នុងរាជធានីភ្នំពេញដែលស្ថានភាពនេះ គឺធ្វើឱ្យពួកគេប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់៕

  • ម៉ៅ គីមធីតា មិនលេងល្បែងស្នេហ៍ ខ្លាចឪពុកម្ដាយបារម្ភ

    ម៉ៅ គីមធីតា មិនលេងល្បែងស្នេហ៍ ខ្លាចឪពុកម្ដាយបារម្ភ

    គ្រាដែលកញ្ញា ម៉ៅ គីមធីតា ប្រឡូកចូលសិល្បៈដំបូង ហាក់មានគំនាបពីគ្រួសារមិនចង់ឱ្យនាងដើរលើវិថីមួយនេះទេ ហេតុផលរបស់ពួកគាត់ គឺមិនចង់ឱ្យកូនស្រីត្រូវមាត់ញាតិជិតខាងរិះគន់ និងខ្លាចមានរឿងអាស្រូវឡើយ។

    កញ្ញាម៉ៅ គីមធីតា ត្រូវបានគេសន្និដ្ឋានថា នាងអាចមានឱកាសទទួលបានភាពល្បីល្បាញយ៉ាងលឿនតាមរយៈរូបសម្រស់ និងទេពកោសល្យសិល្បៈ។ មានអ្នកខ្លះថែមទាំងបានទស្សទាយថា បើនាងស្រស់ស្អាតម្លឹងៗមិនយូរប៉ុន្មានទេតារាសម្ដែងម្នាក់នេះនឹងមានគូគាប់ទ្រនាប់ចិត្ដដូចជាតារាដទៃជាមិនខាន។

    ជួប ម៉ៅ គីមធីតា នាងប្រាប់ថា ចាប់តាំងពីប្រឡូកចូលសិល្បៈអស់រយៈពេលជាង 5ឆ្នាំមកនេះ នាងពុំធ្លាប់បង្ករបញ្ហាស្មុគស្មាញ ឬមានរឿងមិនល្អធ្វើឱ្យអ្នកផ្ទះពិបាកចិត្ដឡើយ ពិសេសរឿងស្នេហាតែម្ដង។ ពោលគឺនាងពុំដែលយកខ្លួនទៅប្រឡូកប្រឡាក់ជាមួយរឿងស្នេហាទេ ។

    ទោះជាយ៉ាងណា តារាសម្ដែងរូបនេះអះអាងថា៖ «រយៈពេលជាច្រើនឆ្នាំនេះ ប្រសិនបើខ្ញុំគិតពីរឿងស្នេហាវិញ មិនខ្វះទេអ្នកស្រឡាញ់ខ្ញុំ ប៉ុន្ដែខ្ញុំចង់គិតដោយសារតែមិនចង់យកស្នេហាមកពាក់ព័ន្ធជាមួយការងារ ដែលកំពុងតែមានភាពរីកចម្រើនល្អ។ ពិសេសខ្ញុំមិនចង់ឱ្យអ្នកផ្ទះពិបាកចិត្ដ ជាមួយខ្ញុំទេ»។

    តារាញញឹមថ្ពាល់ខួចរូបនេះ បានអះអាងថា នៅពេលមានស្នេហាប្រហែលជានាងគ្មានអារម្មណ៍ផ្ដោតលើការងារច្រើនទេ។ នាងប្រឡូកចូលសិល្បៈកើតចេញពីស្រឡាញ់ និងចង់ទទួលបានភាពល្បីល្បាញ និងការគាំទ្រពីមហាជន។ ដូច្នេះនាងមិនឱ្យរឿងទាំងនោះចាក់ស្រេះនៅក្នុងជីវិតនាងឡើយ។

     

    កញ្ញា ម៉ៅ គីមធីតា បានទទួលស្គាល់ថា៖ «កាលពីចូលសិល្បៈដំបូងអ្នកផ្ទះខ្ញុំពិតជាបារម្ភពីខ្ញុំមែន ទី1គិតរឿងសុវត្ថិភាពពេលខ្ញុំចេញធ្វើការងារយប់ព្រលប់ ទី2ខ្លាចខ្ញុំទៅរាប់អានបុរសណាម្នាក់មិនល្អតែក្រោយពីមើលឃើញជំហររឹងប៉ឺងរបស់ខ្ញុំចំពោះរឿងស្នេហា ខ្ញុំហ៊ាននិយាយថា រហូតដល់ពេលនេះគាតលែងបារម្ភលើរឿងនេះហើយ»៕

  • ទឹកភ្លោះ​មកពីណា? មាន​ប្រយោជន៍​យ៉ាងណា​ចំពោះ​ស្ត្រី​មានគភ៌?

    ទឹកភ្លោះ​មកពីណា? មាន​ប្រយោជន៍​យ៉ាងណា​ចំពោះ​ស្ត្រី​មានគភ៌?

    តើ​ទឹកភ្លោះ​មាន​តួនាទី​អ្វី​នៅក្នុង​ស្បូន​របស់​ស្ត្រី​មានគភ៌? ថ្ងៃនេះ ឡា​រ៉ែ​ន នឹង​នាំ​មិត្ត​អ្នកអាន​ទៅ​បកស្រាយ​ចម្ងល់​រឿង​ទឹកភ្លោះ និង​អ្វីដែល​ស្ត្រី​មានគភ៌​ត្រូវតែ​យល់ដឹង និង​ត្រៀម​ជាស្រេច​ចាំ​ទប់​ទល់នឹង​អាការផ្សេងៗក្នុងអំឡុង​តាំង​គភ៌ ដើម្បី​សុវត្ថិភាព​របស់​កូនតូច​នៅក្នុង​ផ្ទៃ។ តើ​ទឹកភ្លោះ​មាន​ប្រយោជន៍​យ៉ាងណាខ្លះ? យើង​មាន​ចម្លើយ​ដូចតទៅ ៖

    – នាំគ្នា​មក​ស្គាល់​អំពី​ទឹកភ្លោះ

    ការប្រែប្រួលផ្សេងៗដែល​កើតឡើង​ចំពោះ​ស្ត្រី​មានគភ៌ គឺជា​រឿង​ធម្មជាតិ​ដែល​កើតឡើងប្រក្រតី​សម្រាប់​ស្ត្រី​មានគភ៌ និង​ដើម្បីឱ្យ​យល់ដឹង​អំពី​ការធ្វើការងារ ការប្រែប្រួល​ដែល​កំពុងតែ​កើតឡើង ទើប ឡា​រ៉ែ​ន ត្រៀម​ព័ត៌មាន ដើម្បី​អធិប្បាយ​ពី​ប្រភព និង​ភាព​សំខាន់​របស់​ទឹកភ្លោះ​មក​ជម្រាបជូន។

    – ទឹកភ្លោះ​មកពីណា?

    កើតឡើង​តាំងពី​សប្តាហ៍​ដំបូង​របស់​ការមានគភ៌ មាន​លក្ខណៈ​ជាស​ន្ទះ​ស្តើង​ថ្លា 2ជាន់ក្នុង​រយៈពេល​រីក​ធំធាត់​របស់​ទារក ថង់ទឹកភ្លោះ​នឹង​ពង្រីក​មាឌធំ​ឡើង និង​មានទឹក​នៅ​ខាងក្នុង។ កើតចេញពី​ទឹករងៃ និង​ឈាម​របស់​ម្តាយដែល​ជ្រាបចូល​តាមរយៈ​សុកត​មកពី​វត្ថុ​រាវ​ដែល​ជ្រាបចូល​តាមរយៈ​ស្បែក​របស់​ទារក​ក្នុង​ផ្ទៃ។

    អ្វីដែល​ស្ត្រី​មានគភ៌​ត្រូវ​ដឹង និង​ត្រូវ​សង្កេត​ផងដែរ​នោះ​គឺ មិន​ថា​ទឹកភ្លោះ​នឹងមាន​បរិមាណ​ច្រើន ឬ​តិច​នោះទេ គឺ​សុទ្ធតែជា​មូលហេតុ​ធ្វើឱ្យ​កូន​មាន​អា​ការខុស​ប្រក្រតី​បាន​ទាំងអស់។

    មាន​បរិមាណ​តិច៖ ពោះ​អាច​តូច​ជ្រុល​ពេក គភ៌​មាន​ជាតិពុល សម្ពាធ​ឈាម​ឡើង​ខ្ពស់ ធ្វើឱ្យ​ទារក​កម្រើក​ដៃជើង​មិន​ស្រួល ធ្វើឱ្យ​ការរីកចម្រើន​ធំធាត់​របស់​កូន​មិន​ដំណើរ-ការ​ទៅតាម​ប្រក្រតី និង​អាច​រកឃើញថា​មាន​អាការ្រ​ខូម៉ូ​ហ្សូ​ម​ខុស​ប្រក្រតី គ្មាន​ក្រលៀន ឬ​បង្ហួរនោម​ណែន​ស្ទះ​ទៀតផង។

    មាន​បរិមាណ​ច្រើន៖ ធ្វើឱ្យ​ពោះធំ​ខុស​ប្រក្រតី ធ្វើឱ្យ​កូន​ប្រសូត​មុន​កំណត់ កើត​ជំងឺ​ទឹកនោមផ្អែម ទារក​អាច​ជួបនឹង​សភាវ​គ្មាន​ឆ្អឹងលលាដ៍ក្បាល និង​ឆ្អឹង​កង​ខ្នង​មិន​ជាប់​គ្នា។

    ទឹកភ្លោះ​មាន​តួនាទី​អ្វីខ្លះ?

    – ជា​វត្ថុ​រាវ​ដែល​នៅចាំ​ការពារ​ទារក​ដែល​នៅក្នុង​ផ្ទៃ​ម្តាយ

    – ជួយ​ការពារ​ការ​ញ័រ​រញ្ជួយ​ពី​ខាងក្រៅ (មាន​ចំណែក​ប្រកប​ជា​ទឹក98% និង2% ទៀត​ជា​សារធាតុ​ប្រកប​ផ្សេងទៀត)- រក្សា​សីតុណ្ហភាព​ឱ្យ​ទារក​ក្នុង​គភ៌​មាន​អារម្មណ៍​កក់ក្តៅ

    – អាចឱ្យ​កូន​ធ្វើ​ចលនា​ដៃជើង​បាន​ដោយសេរី (ដូច​បាន​ហែល​ទឹក​នៅក្នុង​ពោះ​ម្តាយ)

    – កូនតូច​បាន​ហ្វឹកហាត់​ការ​លេប​ចូល​ពោះ​តាំងពី​នៅក្នុង​ពោះ ដោយ​ការ​លេបទឹក​ភ្លោះ​នេះ​ជាការ​ចាប់ផ្តើម​ធ្វើការ​រ​បស់​សួត

    ទឹកភ្លោះ​ក្នុងអំឡុង​ពេលមុន​ប្រសូតពេល​កូនតូច​នៅក្នុង​គភ៌​អ្នក​ម្តាយ​អាយុ​គ្រប់20សប្តាហ៍ ទឹកភ្លោះ​នឹង​ជ្រាប​ចេញចូល​តាម​ស្រទាប់​ស្បែ​កលែង​បាន​ទៀតហើយ វា​នឹង​ចេញមក​តាម​ទឹកមូត្រ​របស់​ទារក ហើយ​ទារក​ក៏​លេបទឹក​ភ្លោះ​ចូលទៅ​ទៀត​វិល​ទៅមកដូច្នេះជារឿយៗ។ ការត្រួត​មើល​ទឹកភ្លោះ​ក៏​អាចបញ្ជាក់​ពី​សុខភាព ភាពរឹងមាំ និង​ការរីក​ធំធាត់​របស់​ទារក​នៅក្នុង​គភ៌​បានដែរ តែ​ក៏មាន​លក្ខ​ខណខ្លះៗដែរ សម្រាប់​ការត្រួត​មើល​ទឹកភ្លោះ​នេះ ដូចជា បើ​ត្រូវ​ជួស​មើល​ទឹកភ្លោះ គួរ​ជួស​ក្នុងអំឡុង​អាយុ​គភ៌​ពី16-18សប្តាហ៍​ជាដើម។

    រឿង​មួយទៀត​ដែល ឡា​រ៉ែ​ន ចង់​ប្រាប់​ទុកជាមុន​ដែរនោះ​គឺ អំឡុង​ពេលដែល​អ្នក​ម្តាយ​ប្រសូត នឹងមានទឹកថ្លាៗហូរ​ចេញមក​ដែល​យើង​នាំគ្នា​ហៅថា បែក​ថង់ទឹកភ្លោះ​ហើយ ដូច្នេះ​គួរ​នាំទៅ​មន្ទីរពេទ្យ​សម្ភព​ជាបន្ទាន់ បើសិនជា​អាការ​នេះ​កើតឡើង​មុន​អាយុ​គភ៌28សប្តាហ៍ អាច​រាប់បាន​ថា ស្ថិតក្នុង​សភាវ​គ្រោះថ្នាក់ ត្រូវតែ​ទទួលបាន​ការមើល​ថែទាំ​យ៉ាង​ដិតដល់​ពី​គ្រូពេទ្យ។
    ប្រហែលជា​យល់បាន​ច្បាស់​អំពី​ព័ត៌មាន​រឿង​ទឹកភ្លោះ​នេះហើយ ដូច្នេះ​នៅពេល​មានអ្វី​កើតឡើង​ស្ត្រី​មានគភ៌​អាច​នឹងមិន​ភ្ញាក់ផ្អើលឬ​កង្វល់​ក្នុង​ចិត្ត និង​ត្រៀមខ្លួន​ទប់ទល់​ជាមួយ​រឿងនេះ​ដោយ​យល់ច្បាស់​ជាមិនខាន៕

  • ក្រុមកម្ពុជា U17 ចាញ់ តែគ្រូបង្វឹកវៀតណាមសរសើរ

    ក្រុមកម្ពុជា U17 ចាញ់ តែគ្រូបង្វឹកវៀតណាមសរសើរ

    គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម17ឆ្នាំ បានសម្តែងនូវការកោតសរសើរ ក៏ដូចជាបានកត់សម្គាល់ពីការរីកចម្រើនរបស់ក្រុមយុវជនកម្ពុជា បើទោះបីក្រុមរបស់លោកបានលត់ក្រុមម្ចាស់ផ្ទះយ៉ាងចាស់ដៃក្នុងលទ្ធផល 4-0 ក្នុងការប្រកួតមិត្តភាពអន្តរជាតិដើម្បីអបអរដល់ខួបទី50 នៃទំនាក់ទំនងការទូតកម្ពុជា និងវៀតណាម នាពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃម្សិលមិញក៏ដោយ។

    ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់ការប្រកួត លោក Dinh The Nam គ្រូបង្វឹកនៃក្រុមយុវជនវៀតណាម បានប្រាប់អ្នកយកព័ត៌មានថា៖ «ក្រុមទាំងពីរសុទ្ធសឹងបានបង្ហាញពីទម្រង់លេងដ៏ល្អដូចគ្នា ប៉ុន្តែគ្រាន់តែកម្ពុជាគ្មានសំណាងប៉ុណ្ណោះ។ នេះគឺជាការបង្ហាញពីអនាគតកីឡាបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា និងវៀតណាម»។

    នៅពេលដែលត្រូវបានចោទសួរថា តើលោកបានមើលឃើញពីចំណុចខ្សោយអ្វីខ្លះក្នុងក្រុមកម្ពុជា? លោក Dinh បានឲ្យដឹងថា៖ «លទ្ធផលនេះ មិនបានបង្ហាញពីភាពខុសគ្នាខ្លាំងរវាងកម្ពុជា និងវៀតណាមឡើយ។ ក្រុមយុវជនរបស់កម្ពុជាបានបង្កើតឱកាសល្អៗជាច្រើន ជាពិសេសក្នុងតង់ទី1 ប៉ុន្តែធ្វើមិនបានសម្រេច។ យើងបានបង្កើតឱកាសល្អៗដូចគ្នា ប៉ុន្តែយើងធ្វើបានសម្រេច។ បើធៀបកាលពីឆ្នាំមុន ឥឡូវក្រុមកម្ពុជាអាយុក្រោម17ឆ្នាំនេះមានការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់។ កីឡាករដែលខ្ញុំចាប់អារម្មណ៍ក្នុងក្រុមកម្ពុជា គឺកីឡាករពាក់អាវលេខ7 លេខ8 និងលេខ11»។ កីឡាករពាក់អាវលេខ7 គឺខ្សែបម្រើ តាន់ រិទ្ធីវីវត្ថិ ខ្សែបម្រើសិទ្ធិ ម៉ាន់សូត្រ ពាក់អាវលេខ8 និងខ្សែការពារឡុង ម៉េងហាវ ដែលពាក់អាវលេខ11។

    ក្នុងការប្រកួតក្រោមដំណក់ទឹកភ្លៀងកាលពីល្ងាចថ្ងៃម្សិលមិញ ក្រុមអាយុក្រោម17ឆ្នាំ បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យកោតសរសើរ ហើយពួកគេក៏បានបង្កើតឲ្យមានឱកាសបានគ្រាប់បាល់ផងដែរ តែធ្វើមិនបានសម្រេច មុននឹងក្រុមភ្ញៀវ បានរកគ្រាប់បាល់នាំមុខបាន 2-0 ក្នុងតង់ទី1 មុននឹងបន្ថែម 2គ្រាប់ទៀតក្នុងតង់ទី2៕

  • Zayn Malik ត្រូវឃាត់ខ្លួននៅព្រលានយន្ដហោះអាមេរិកអស់ 3ម៉ោង

    Zayn Malik ត្រូវឃាត់ខ្លួននៅព្រលានយន្ដហោះអាមេរិកអស់ 3ម៉ោង

    តារាចម្រៀង Zayn Malik ជាអតីតសមាជិកក្រុមចម្រៀង One Direction ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាបុរសម្នាក់មានសញ្ជាតិមូស្លីម ដែលមានឈ្មោះល្បីល្បាញនៅក្នុងពិភពសិល្បៈកម្សាន្តរបស់ឧស្សាហកម្មចម្រៀងអាមេរិក ដែលមានប្រភពមកពីអង់គ្លេស ។

    Zayn Malik បានព្យាយាមពន្យល់លម្អិតអំពីជំនឿរបស់សាសនាមូស្លីម ខណៈលោកត្រូវបានឃាត់ខ្លួននៅព្រលានយន្ដហោះមួយ នៅសហរដ្ឋអាមេរិក អស់រយៈពេល 3 ម៉ោង។ នេះជាលើកដំបូងនៅក្នុងជីវិតលោក បន្ទាប់ពីលោកបានមកកាន់ទឹកដីសហរដ្ឋអាមេរិកជាមួយក្រុមតារាចម្រៀងប្រុស One Direction ចាប់តាំងពីអាយុ 17 ឆ្នាំមក។ ទន្ទឹមនឹងនោះតារាចម្រៀងវ័យ 24 ឆ្នាំរូបនេះ បានអះអាងប្រាប់ថា លោកត្រូវបានគេសួររកអត្តសញ្ញាណប័ណ្ណ និងសាសនារបស់លោក នៅព្រលានយន្ដហោះ និងបើទោះបីជាយ៉ាងណាក៏ដោយ ក៏ខាងមន្ត្រីប៉ូលិសនៅតែទាមទារស្គាល់ពីប្រវត្តិ និងវប្បធម៌របស់លោកដដែល។

    តារាចម្រៀង Zayn Malik បានបញ្ជាក់ប្រាប់ Evening Standard ថា៖ “ពីដំបូងពួកគេបានមកប្រាប់ខ្ញុំថា ខ្ញុំមានបញ្ហារឿងឈ្មោះ ហើយពេលទៅដល់អាមេរិក ពួកគេបានឃាត់ខ្ញុំទុកអស់រយៈពេល 3ម៉ោង និងសួរសំណួរជាច្រើន ដែលហាក់បីដូចជាចង់មានការរើសអើងជាតិសាសន៍ចំពោះខ្ញុំ”។

    ក្នុងដំណើរនោះក្រៅពីរូបលោក ក៏នៅមានមិត្តរួមក្រុម One Direction ផ្សេងទៀតដូចជា៖ Liam Payne, Harry Styles, Louis Tomlinson និង Niall Horan ផងដែរ ប៉ុន្តែមិនមានអ្នកណាត្រូវបានឃាត់ខ្លួន ដូចរូបលោកទេ៕

  • កម្ពុជា និងសិង្ហបុរីរួមគ្នាពង្រឹងកម្មសិទ្ធិបញ្ញាឧស្សាហកម្ម

    កម្ពុជា និងសិង្ហបុរីរួមគ្នាពង្រឹងកម្មសិទ្ធិបញ្ញាឧស្សាហកម្ម

    ភ្នំពេញ៖ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក Daren Tang នាយកប្រតិបត្តិនៃអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសសិង្ហបុរី បានចុះហត្ថលេខារួមគ្នាលើកំណត់ហេតុនៃកិច្ចប្រជុំជាន់ខ្ពស់លើកទី5 ស្តីពីកិច្ចសហប្រតិបត្តិការ លើកម្មសិទ្ធិបញ្ញាឧស្សាហកម្ម រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ជាមួយអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសសិង្ហបុរី។

    មុនឈានដល់ពិធីចុះហត្ថលេខា ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោក Daren Tang បានបង្ហាញនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញានៃប្រទេសទាំងពីរដែលបើកផ្លូវឲ្យកម្ពុជាបានចាប់ដៃគូសហការជាមួយប្រទេសដទៃទៀត ដូចជាប្រទេសជប៉ុន និងសហគមន៍អឺរុបជាដើម លើកិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្ម (Patent) នៃប្រទេសទាំងនោះនៅកម្ពុជា ។

    បន្ទាប់ពីពិភាក្សា និងកែតម្រូវពាក្យពេចន៍ខ្លឹមសារក្នុងកំណត់ហេតុនៃកិច្ចប្រជុំជាន់ខ្ពស់លើកទី5 ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិឧស្សាហកម្ម រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជាជាមួយអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសសិង្ហបុរីរួចមក ភាគីទាំងពីរបានព្រមព្រៀងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំដែលធ្វើឡើងដោយក្រុមការងារជំនាញនៃប្រទេសទាំងពីរដែលកំណត់ហេតុនោះបានបង្ហាញពីវឌ្ឍនភាពការងារដោយធ្វើការកត់សម្គាល់ថា៖ លទ្ធផលនៃសំណើសុំការចុះបញ្ជីឡើងវិញ និងការចេញវិញ្ញាបនបត្របញ្ជាក់ប្រកាសនីយបត្រតក្កកម្មមានលក្ខណៈលឿនជាងការរំពឹងទុក គឺប្រើរយៈពេលតែ2 សប្តាហ៍ប៉ុណ្ណោះ។

    គួររំឭកដែរថា ក្នុងនោះនៅឆ្នាំ2016 ក្រសួងបានទទួលពាក្យស្នើសុំចំនួន 12 និងបានផ្តល់វិញ្ញាបនបត្របញ្ជាក់បានចំនួន7 ហើយនៅឆ្នាំ2017 បានផ្តល់ចំនួន2 ក្នុងចំណោមការដាក់ពាក្យស្នើសុំចំនួន 7។ ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានធ្វើការកត់សម្គាល់ផងដែរ ពីភាពជឿនលឿនទៅមុខរបស់កម្ពុជាក្នុងវិស័យកម្មសិទ្ធិបញ្ញា ដែលដើរតួដោយក្រសួងឧស្សាហកម្ម និងសិប្បកម្មក្នុងរយះពេលកន្លងទៅថ្មីៗនេះ គឺកម្ពុជាបានចូលជាសមាជិកទី151 នៃសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (PCT) កាលពីថ្ងទី8 ខែធ្នូ ឆ្នាំ2016។ កម្ពុជាបានចូលរួមក្នុងកិច្ចព្រមព្រៀងទីក្រុងឡាអេ ( Hague Agreement) ទាក់ទងនឹងការចុះបញ្ជីជាអន្តរជាតិនៃគំនូរឧស្សាហកម្មដែលស្ថិតជាសមាជិកទី 66 កាលពីថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2017 កន្លងទៅ។ លើសពីនេះ កម្ពុជាបានតែងតាំងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី (IPOS) ជាអាជ្ញាធរស្រាវជ្រាវអន្តរជាតិ និងត្រួតពិនិត្យផ្តើមមុខគេ ( ISA/IPEA) បន្ទាប់ពីការចូលរបស់កម្ពុជាក្នុងសន្ធិសញ្ញា PCT។ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ IPOS ស្តីពីការស្រាវជ្រាវ និងត្រួតពិនិត្យការដាក់ពាក្យស្នើសុំប្រកាសនីយបត្រតក្កកម្ម ហើយ IPOS យល់ព្រមផ្តល់នូវការបណ្តុះបណ្តាលដល់មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មដើម្បីអនុវត្តប្រព័ន្ធ PCT។

    លទ្ធផលនៃជំនួបនេះ ភាគីទាំងពីរបានឯកភាពយកខែសីហា ឆ្នាំ2017 ខាងមុខនេះ សម្រាប់រៀបចំកិច្ចប្រជុំជាន់ខ្ពស់លើកទី6 នៅប្រទេសសិង្ហបុរី។ ដោយឡែកក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ បានផ្តល់សារៈសំខាន់ខ្ពស់ចំពោះការលើកឡើងរបស់លោក Daren Tang ដែលជារបត់ថ្មីមួយដោយចាត់ទុកវិស័យកម្មសិទ្ធិបញ្ញាសម្រាប់ពាណិជ្ជភាវូបនីយកម្ម (IP for Commercialization ) មានន័យថា ៖ ការធ្វើពាណិជ្ជកម្មប្រកបដោយជោគជ័យត្រូវផ្សារភ្ជាប់នឹងវិស័យកម្មសិទ្ធិបញ្ញា ដែលជាទំនុកចិត្តរបស់អតិថិជន និងអ្នកបញ្ជាទិញ៕

  • សឿន ផានផាភួង៖ ក្មេងស្រីឈូឈូ មិនមែនកូនខ្ញុំទេ

    សឿន ផានផាភួង៖ ក្មេងស្រីឈូឈូ មិនមែនកូនខ្ញុំទេ

    កញ្ញា សឿន ផានផាភួង ត្រូវបានគេចាត់ទុកថាជាតារាសម្ដែងប្រចាំក្នុងផលិតកម្មមហាហង្ស ព្រោះស្ទើរតែគ្រប់រឿងភាគក្នុងស្ថានីយទូរទស្សន៍ដែលផលិតឡើងដោយផលិតកម្មមួយនេះ ភាគច្រើនមានវត្ដមានរបស់នាង។ ថ្មីៗនេះនាងបានបង្ហាញនូវភាពស្និទ្ធស្នាលជាមួយគ្នាក្មេងស្រីម្នាក់ ថែមទាំងបានប្រើពាក្យសំដីយ៉ាងផ្អែមល្ហែមមិនខុសពីម្តាយ និងកូនទៀតផង។

    ក្មេងស្រីដែលកញ្ញា សឿន ផានផាភួង បណ្ដើរទៅណាមកណាជាមួយគ្នានោះមានឈ្មោះថា អាង សុជាតា ហៅឈូឈូ។ សកម្មភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ ត្រូវបានមហាជនលើកឡើងថា ទោះជាកញ្ញា ផានផាភួងមិនបានបញ្ជាក់ប្រាប់ពីទំនាក់ទំនងឱ្យពិតប្រាកដក៏ដោយ ប៉ុន្ដែគេជឿថាអ្នកទាំងពីរគឺជាម្តាយកូននឹងគ្នា ព្រោះម្ដងម្កាលនាងបានរបូតមាត់ហៅកុមារីឈូឈូថា កូនៗ។

    ជួបកញ្ញា សឿន ផានផាភួង នាងប្រាប់ថា ការពិតឈូឈូជាក្មួយស្រីបង្កើតរបស់នាង។ កាលពីដំបូងឈូឈូមិនមែនជាអ្នកសិល្បៈទេ ប៉ុន្ដែក្រោយពីផលិតកម្មមហាហង្សឃើញនូវរូបសម្រស់ និងទេពកោសល្យសម្ដែងរបស់នាង ក៏បានលើកស្ទួយកុមារីឈូឈូ ឱ្យក្លាយតួឯកក្មេងនៅក្នុងរឿង «បំភ្លេចមិនបាន» តែម្តង និងរហូតមកដល់ពេលនេះនាងបានចុះកុងត្រាធ្វើជាតារាប្រចាំក្នុងការសម្ដែងរឿងភាគឱ្យផលិតកម្មមហាហង្សហើយ។

    តារាសម្ដែងរូបនេះបានបញ្ជាក់ថា ៖ «មានមហាជនមួយចំនួនអាចនឹងយល់ច្រឡំថាជាកូនរបស់ខ្ញុំមែន ព្រោះសូម្បីតែមិត្តភ័ក្ដិរបស់ខ្ញុំមួយចំនួនក៏ច្រឡំថាឈូឈូជាកូនស្រីរបស់ខ្ញុំដែរ ទោះជាមានការបកស្រាយប្រាប់ហើយក៏ដោយ តែក៏នៅតែមានអ្នកខ្លះមិនជឿ និងអ្នកខ្លះជឿដែរ ព្រោះជាញឹកញយខ្ញុំតែងតែហៅឈូឈូថា កូនៗ»។

    ទោះជាយ៉ាងណាកញ្ញាសឿន ផានផាភួង អះអាងថានាងពិតជាពុំធ្លាប់មានកូនពិតប្រាកដមែន មូលហេតុដែលនាងស្រឡាញ់ក្មួយដូចជាកូន ព្រមទាំងខំជំរុញក្នុងអាជីពសិល្បៈនេះ ព្រោះតែនាងមើលឃើញពីទេពកោសល្យរបស់ក្មួយដែលអាចនឹងទទួលភាពល្បីល្បាញនាពេលអនាគតបាន។ ម្យ៉ាងនាងគិតថា ការចូលសិល្បៈប្រសិនបើប្រតិបត្ដិខ្លួនបានល្អ និងមិនយកខ្លួនធ្វើជាឧបករណ៍សម្រាប់ឱ្យអ្នកនេះ អ្នកនោះចិញ្ចឹមទេនោះ វាជារឿងល្អណាស់ ដូច្នេះហើយទើបនាងមិនធ្វើអ្វីដែលនាំឱ្យរារាំងដល់ការងាររបស់ក្មួយស្រីក្នុងការឈានឆ្ពោះទៅរកភាពល្បីល្បាញឡើយ៕