Category: សង្គម និងសេដ្ឋកិច្ច

  • ហេតុផល 2យ៉ាងជំរុញឱ្យកុមារហ៊ាន​ទទួលកំហុសដោយមិន​ខ្លាច

    ហេតុផល 2យ៉ាងជំរុញឱ្យកុមារហ៊ាន​ទទួលកំហុសដោយមិន​ខ្លាច

    នៅពេលដែលក្មេងធ្វើខុស ភាគច្រើនពួកគេ​តែងតែ​គេចវេស ឬ​តែងតែ​ភ័យខ្លាចខ្លាំងពីការដាក់ទោសរបស់​មនុស្សធំ។ ទម្លាប់បែបនេះបានធ្វើឱ្យ​ក្មេងតូច​ក្លាយជាមនុស្សដែលមិនមានការទទួលខុសត្រូវនៅថ្ងៃអនាគតហើយ​ថែមទាំងអាចធ្វើឱ្យ​ពួកគេក្លាយជាមនុស្សខុសម្តងហើយម្តងទៀតដដែលៗ។

    ទាក់ទងទៅនឹងបញ្ហានេះ មានអ្នកស្រាវជ្រាវមួយចំនួន ជាពិសេសអ្នកអប់រំបានផ្តល់ជាដំបូន្មានថាអាណាព្យាបាលគួរស្វែងរក​ដំណោះស្រាយ ឬផ្តល់ឱកាសសម្រាប់ការកែខ្លួន និង​លើកទឹកចិត្តចំពោះ​ការទទួលកំហុសរបស់ក្មេងៗ។

    1. កុមារ​នឹងមិនខ្លាចប្រសិនបើ​មនុស្សធំផ្តល់ឱកាសឱ្យ
    កុមារ​នឹងលែងក្លាយជាមនុស្សដែល​គេចវេសពីបញ្ហាទៀតហើយ ប្រសិន​បើ​មនុស្សធំផ្តល់ឱកាសឱ្យពួកគេដើម្បីកែខ្លួនព្រោះកុមារភាគច្រើនដែលចូលចិត្តការគេចវេសពីកំហុសដោយសារតែពួកគេភ័យខ្លាចការដាក់ទោស និងការប្រើកំហឹងព្រមានពួកគេពីសំណាក់មនុស្សធំ។ ម្យ៉ាងវិញទៀត ក្មេងក៏ដូចជាមនុស្សធំទូទៅដែរគ្មានអ្នកណាម្នាក់ចង់ធ្វើខុសនោះទេគ្រាន់តែពេលខ្លះក្មេងធ្វើខុសដោយសារមិនយល់ពីហេតុផល​នៃសកម្មភាព ឬដឹងមិនដល់នូវអ្វីដែលពួកគេកំពុងធ្វើថាអាចនឹងជះផលអវិជ្ជមានដល់ពួកគេឬអត់ប៉ុណ្ណោះ។ នៅពេលដែលមនុស្សធំ ផ្តល់ឱកាសដល់ពួកគេ ក្មេងតូច​នឹងព្យាយាម​បង្ហាញយ៉ាងស្មោះត្រង់ថាគេពិតជាធ្វើនូវសកម្មភាពដែលខុសនោះមែន ដើម្បីទទួលបានឱកាសសម្រាប់ការកែខ្លួន។

    2. ក្មេងនឹង​ក្លាហានប្រសិនបើ​មានការលើកទឹកចិត្តនៅពេលដែលគេធ្វើត្រូវ
    កូនក្មេង​ គឺជាវ័យដែលចង់បានភាពសំខាន់ ហើយចង់ធ្វើអ្វីឱ្យមនុស្សធំសរសើរតែមនុស្សធំភាគច្រើនតែងតែ​មើលរំលងក្មេងៗត្រង់ចំណុចហ្នឹង។ នៅពេល​ដែលក្មេងធ្វើខុសមនុស្សធំ​ព្យាយាម​ចាប់កំហុស តែនៅពេលដែលគេធ្វើត្រូវ បែរជាមិនមានការយកចិត្តទុកដាក់ការកោតសរសើរ ឬការលើកទឹកចិត្តឱ្យក្មេងខំបន្តសកម្មភាពល្អៗនោះទៀត ឬ​លើកសរសើរចំពោះការកែកំហុសរបស់ក្មេងទៅវិញ។

    សកម្មភាព​បែបនេះអាចធ្វើឱ្យក្មេង​នៅតែព្យាយាមធ្វើខុសព្រោះគេយល់ថា​ទោះបីជាធ្វើត្រូវក៏គ្មានបានផលចំណេញអ្វីដល់គេដែរព្រោះពួកគេនៅតែគ្មានភាពសំខាន់ក្នុងភ្នែកមនុស្សធំ។ តែប្រសិនបើ​មនុស្សធំចេះលើកទឹកចិត្តវិញពួកគេនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបង្ហាញថា​​ ពួកគេជាមនុស្សល្អហើយមានសេចក្តីក្លាហានក្នុងការ​ប្រឈមជាមួយនឹងបញ្ហានានាទៀតផង៕

  • ជុំទី2 The Perspectives Cambodia នឹងមកដល់នៅដើមខែកក្កដានេះ

    ជុំទី2 The Perspectives Cambodia នឹងមកដល់នៅដើមខែកក្កដានេះ

    The Perspectives Cambodia ជាកម្មវិធីជជែកពិភាក្សាលើបញ្ហាសំខាន់ៗនានានៅក្នុងសង្គម ហើយកម្មវិធីនេះ ក៏ជាកម្មវិធីមួយដែលផ្តល់ឱកាសឱ្យយុវជនវ័យក្មេងរបស់កម្ពុជាបានបញ្ចេញសមត្ថភាពប្រកបដោយវិជ្ជាជីវៈដែរ។  ដោយមើលឃើញពីភាពជោគជ័យក្នុងការប្រកួតប្រជែងរបស់កម្មវិធីនៅវគ្គជម្រុះទី1 យុវជនកម្ពុជាជាច្រើនបានចាប់ផ្តើមចាប់អារម្មណ៍ និងផ្តល់តម្លៃប្រកបដោយពុទ្ធិមកលើកម្មវិធីមួយនេះ។

    នៅក្នុងការប្រកួតពិភាក្សាយ៉ាងក្តៅគគុកនោះ បានបង្ហាញឱ្យឃើញពីចំណេះដឹងលើវិស័យអប់រំ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យនយោបាយជាដើម។ ការប្រកួតរបស់កម្មវិធី The Perspectives Cambodia មិនត្រឹមតែជាវេទិកានៃការប្រកួតដណ្តើមពានរង្វាន់នោះទេ តែវាក៏ជាវេទិកាមួយក្នុងការបង្ហាញពីគំនិតយល់ឃើញប្រកបដោយភាពប្រាកដនិយម ជាមួយនឹងភស្តុតាងជាក់ស្តែងដើម្បីបង្ហាញទៅសាធារណជននូវដំណោះស្រាយថ្មីៗសម្រាប់សង្គមផងដែរ។

    នៅថ្ងៃទី1 ខែកក្កដា ឆ្នាំ2017 ខាងមុខនេះ កម្មវីធី The perspectives Cambodia នឹងបើកការប្រកួតជម្រុះជុំទី2 ដែលនឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ លើប្រធានបទសំខាន់ៗលើផ្នែកកសិកម្ម ដែលទាក់ទងនឹងការគាំទ្រផលិតផលក្នុងស្រុក ការលើកកម្ពស់វិស័យអប់រំ កិច្ចពិភាក្សាពីបញ្ហាជំនួយបរទេស រួមជាមួយនឹងបញ្ហាសុខាភិបាល។

    កិច្ចពិភាក្សាទាំងអស់នេះនឹងត្រូវធ្វើឡើងដោយក្រុមយុវជនឆ្នើមៗដែលបានជាប់ពីវគ្គជម្រុះទី1 ដែលពួកគេនឹងបង្ហាញនូវវោហាសព្ទលើប្រធានបទនីមួយៗទៅកាន់សាធារណជន និងគណៈកម្មការដោយលើកទឡ្ហីករណ៍ច្បាស់លាស់ ដែលទទួលបានពីការស្រាវជ្រាវ និងដំបូន្មានពីអ្នកជំនាញ៕

  • Kim Kardashian លក់គ្រឿងសម្អាងខាត តែសប្បាយចិត្ត

    Kim Kardashian លក់គ្រឿងសម្អាងខាត តែសប្បាយចិត្ត

    ដំបូងឡើយមានលេចឮព័ត៌មានដែលគួរឱ្យពិចារណាបានកើតឡើងរវាងតារាបង្ហាញម៉ូដ Kim Kardashian ជាមួយក្រុមអ្នកគាំទ្រផលិតផលរបស់នាង ដោយការបង្ហោះរូបភាពផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងសម្អាងម៉ាកល្បីៗ KKW BEAUTY ក្នុងការផាត់មុខប្ដូរព័ណ៌ស្បែក ធ្វើឱ្យបណ្ដាអតិថិជនរបស់នាងមួយចំនួនធំមិនពេញចិត្ត ហើយតារាស្រីខាងលើក៏បានតបវិញថា នឹងធ្វើការផ្លាស់ប្ដូរ កែតម្រូវឱ្យបានល្អប្រសើរឡើងវិញ។

    ជាលើកដំបូងហើយដែលតារាបង្ហាញម៉ូដត្រគៀកធំរូបនេះ បានដាក់ផលិតផលលក់នៅលើបណ្ដាញសង្គមអនឡាញ ហើយក៏ជាថ្ងៃដំបូងដែរដែលហាក់បីដូចជា មិនសម្រេចតាមគម្រោងការលក់របស់នាង ព្រោះគ្រឿងសម្អាងជាង3សែនប្រភេទរបស់នាង ត្រូវបានស្រីៗជាច្រើនរិះគន់ថា មានតម្លៃថ្លៃពេក រហូតដល់ធ្វើឱ្យ Kim Kardashian សម្រេចលក់ផលិតផល Sold Out លក្ខណៈទ្រង់ទ្រាយធំ ដែលជាការសងសឹកទៅកាន់ពួកស្រីៗទាំងនោះឱ្យមកតម្រង់ជួរគ្នាទិញផលិតផលរបស់នាងជាច្រើនខ្សែ។

    គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះបានទម្លាក់តម្លៃគ្រឿងសម្អាងមកត្រឹម 48ដុល្លារក្នុងមួយប្រភេទ ដែលបានធ្វើឱ្យនាងរងការខាតបង់ពីការលក់នេះរហូតដល់ 14.4លានដុល្លារ តែទោះបីយ៉ាងណា ការងារនេះបែរជាធ្វើឱ្យនាងសប្បាយចិត្ត និងមានស្នាមញញឹមទៅវិញ ព្រោះគ្រឿងសម្អាងរបស់នាងបានល្បីឡើងវិញ ហើយអាចប្រកួតប្រជែងជាមួយគ្រឿងសម្អាងម៉ាក KYLIE របស់តារាបង្ហាញម៉ូដ Kylie Jenner បានទៀតផង៕

  • Vivo បង្ហាញស្មាតហ្វូនស្គែនក្រយៅដៃបង្កប់ក្រោមអេក្រង់ដំបូងគេ

    Vivo បង្ហាញស្មាតហ្វូនស្គែនក្រយៅដៃបង្កប់ក្រោមអេក្រង់ដំបូងគេ

    ខណៈមានព័ត៌មានបែកធ្លាយថា ក្រុមហ៊ុន Apple អាចមានស្មាតហ្វូនគ្មាន Home Button និងដាក់បំពាក់ប្រព័ន្ធស្គែនក្រយៅដៃ (Fingerprint Scanner) នៅក្រោមអេក្រង់នៅចុងឆ្នាំនេះ ស្រាប់តែនៅពេលនេះមានដំណឹងលេចឮមកថា ក្រុមហ៊ុន Vivo នឹងត្រៀមរៀបចំព្រឹត្តិការណ៍បង្ហាញទូរស័ព្ទបំពាក់បច្ចេកវិទ្យានេះបានមុនទៅហើយដោយនឹងធ្វើឡើងនៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2017 ខាងមុននេះ។

    តាមការចុះផ្សាយលើគេហទំព័រ Gsmarena បានឱ្យដឹងថា Vivo បានធ្វើការបញ្ចេញនូវផ្ទាំងផ្សព្វផ្សាយមួយ ដែលថាខ្លួននឹងធ្វើបង្ហាញទូរស័ព្ទនៅក្នុងព្រឹត្តិការណ៍ MWC 2017 នៅទីក្រុងសៀង ហៃ ប្រទេសចិន នៅថ្ងៃទី28 ខាងមុន។ ជាមួយគ្នានេះដែរ ប្រភពព័ត៌មានក៏បានបញ្ចេញនូវវីដេអូ Teaser ដែលយើងអាចមើលឃើញអំពីប្រព័ន្ធស្គែនក្រយៅដៃកាត់នៅលើអេក្រង់រួមជាមួយនឹងពាក្យថា “Unlock the future” ជាភាសាចិន និងអង់គ្លេស។

    Vivo គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន OnePlus ហើយក្រុមហ៊ុនចិនមួយនេះក៏ទទួលបានការពេញនិយមខ្លាំង និងកាន់កាប់ចំណែកទីផ្សារស្មាតហ្វូនបានច្រើនគួរសមដែរ។ ចំពោះដំណឹងមួយនេះ យើងនៅមិនទាន់ប្រាកដ 100% នោះទេ ប៉ុន្តែបើវាជាការពិតនោះ Vivo នឹងក្លាយជាអ្នកនាំមុខគេក្នុងពិភពស្មាតហ្វូនជាក់ជាមិនខាន៕

  • ឈ្មោះរបស់តួក្នុងរឿង Game of Throne កំពុងត្រូវបានគេដាក់ឱ្យសត្វចិញ្ចឹម

    ឈ្មោះរបស់តួក្នុងរឿង Game of Throne កំពុងត្រូវបានគេដាក់ឱ្យសត្វចិញ្ចឹម

    រឿងភាគដែលកំពុងល្បីល្បាញក្នុងពិភពលោកនៅពេលនេះ បានបន្ដផលិតដល់រដូវកាលទី 7 ហើយ គឺរឿង Game of Throne ដែលក្រៅពីរៀបរាប់ពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍បំផុតតាមរយៈឈ្មោះតួសម្ដែងនៅក្នុងរឿងនេះហើយ ឥឡូវនេះទស្សនិកជនបានយកឈ្មោះរបស់តួអង្គនៅក្នុងរឿងនេះ ទៅដាក់ជាឈ្មោះឱ្យសត្វចិញ្ចឹមរបស់ពួកគេ ដែលកាន់តែធ្វើឱ្យរឿងភាគមួយនេះ រឹតតែមានភាពល្បីល្បាញឡើងថែមទៀត។

    នេះជារឿងធម្មតាទេដែលអ្នកគាំទ្របានយកឈ្មោះរបស់តារាដែលខ្លួនចូលចិត្តក្នុងរឿងភាគមកដាក់ជាឈ្មោះរបស់សត្វចិញ្ចឹម និងសត្វជាទីស្រឡាញ់របស់ខ្លួន ដូចជា សុនខ សេះ ឬសត្វឆ្មាជាដើម ហើយនៅទីបំផុត Healthy Paws Pet Insurance នៅទីក្រុងវ៉ាស៊ីនតោនបានធ្វើស្ថិតិរកឃើញថា Game of Thrones គឺជារឿងភាគដែលត្រូវបានគេយកឈ្មោះតួអង្គក្នុងរឿងទៅដាក់ជាឈ្មោះសត្វចិញ្ចឹមច្រើនជាងគេបំផុតលើពិភពលោក។

    គួរបញ្ជាក់ផងដែរថា មានគ្រួសារជាង 5,400 គ្រួសារ បានដាក់ឈ្មោះសត្វចិញ្ចឹមរបស់ពួកគេតាមឈ្មោះរបស់តួអង្គក្នុងរឿង Game of Throne នេះ ដែលរួមមានដូចជាឈ្មោះ Stark, Ariel និង Sunza ជាឈ្មោះដែលពេញនិយមខ្លាំងបំផុត រហូតមានសត្វចិញ្ចឹមចំនួនដល់ទៅ 900 ក្បាលដែលបានដាក់ឈ្មោះទាំងនេះ៕

  • ទូរស័ព្ទ Nokia 3310 ចេញលក់ក្នុងទីផ្សារកម្ពុជាថ្ងៃនេះហើយ

    ទូរស័ព្ទ Nokia 3310 ចេញលក់ក្នុងទីផ្សារកម្ពុជាថ្ងៃនេះហើយ

    ទីបំផុតទូរស័ព្ទ Nokia 3310 ស៊េរីថ្មីបានចាប់ផ្ដើមដាក់លក់ក្នុងទីផ្សារកម្ពុជាយើងហើយនៅល្ងាចថ្ងៃទី 23 ខែមិថុនា ឆ្នាំ2017 នេះជាមួយនឹងតម្លៃ 48ដុល្លារ មាន 4ពណ៌ដ៏ស្រស់ស្អាតសម្រាប់ជ្រើសរើសដូចជា ពណ៌ទឹកក្រូច លឿង ខៀវ និងទឹកប្រាក់។

    សម្រាប់លក្ខណៈសម្បត្តិទូរស័ព្ទ Nokia 3310 ស៊េរីថ្មីនេះគឺ មានអេក្រង់ 2.4អ៊ីញ និងមានទំហំតួខ្លួន បណ្តោយ 115.6 x ទទឹង51 x កម្រាស់ 12.8 មីល្លីម៉ែត្រ និងមានទម្ងន់ 79.6 ក្រាម។ ទូរស័ព្ទនេះអាចដាក់ Memory បានទំហំ 32GB ប្រភេទ microSD ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Nokia Series 30+ អាចថតរូបបានលើទំហំកាមេរ៉ា 2MP មានភ្លើង LED Flash ហើយមានថ្ម 1200mAh អាចដោះដូរបាន៕

  • នីតា វរវង្ស ក្រោយជួបបញ្ហាទើបជឿលើរឿងហុងស៊ុយ

    នីតា វរវង្ស ក្រោយជួបបញ្ហាទើបជឿលើរឿងហុងស៊ុយ

    ក្រោយពីកញ្ញា នីតា វរវង្ស ទទួលបានប្រជាប្រិយភាពប្រមាណពីរឆ្នាំជាប់គ្នាមានអ្នកគាំទ្ររបស់នាងជាច្រើនបានសរសើរនាងថា ទើបតែចាប់អាជីពសម្ដែងមិនទាន់បានប៉ុន្មានផងក៏មានកេរ្ដិ៍ឈ្មោះល្បីក្នុងសិល្បៈប្រដំប្រសងនឹងរៀមច្បងទៅហើយ។

    ពាក់ព័ន្ធនឹងប្រជាប្រិយភាពក្នុងសិល្បៈនេះ គេតែងតែលើកឡើងថា លុះត្រាតែតារាសម្ដែងនោះមានហុងស៊ុយខ្លាំងទើបឆាប់ល្បី។ ផ្ទុយទៅវិញតារាសម្ដែងស្រីស្រស់វ័យក្មេងនីតា វរវង្ស បានបញ្ជាក់ថា ទោះជានាងកំពុងតែមានកេរ្ដិ៍ឈ្មោះបោះសំឡេងក្នុងសិល្បៈពិតមែន ប៉ុន្ដែមួយរយៈចុងក្រោយនេះនាងជួបបញ្ហាមិនចេះដាច់សោះ។

    កញ្ញា នីតា វរវង្ស បញ្ជាក់ថា មូលហេតុដែលនាងលើកយកបញ្ហានេះមកនិយាយក៏ព្រោះតែរយៈពេលពីរខែចុងក្រោយនេះ នាងចេះតែមានរឿងមិនចេះចប់សោះ អស់ពីមួយចូលមួយ។ នាងបន្ដថា បញ្ហាកើតមានឡើងនោះគ្មានអ្វីធំដុំទេ គ្រាន់តែធ្វើឱ្យនាងមានអារម្មណ៍ស្មុគស្មាញ ព្រោះគ្រាដែលនាងកំពុងតែមានអារម្មណ៍មិនល្អជាមួយរឿងផ្ទាល់ខ្លួនមួយចំនួននោះ ពេលបើករថយន្ដទៅបំពេញការងារក៏ស្រាប់តែរថយន្តខូច និងអស់ពីរថយន្ដខូច ក៏ស្រាប់តែទៅបើករថយន្ដប៉ះគេត្រូវសងលុយការខូចខាតគេទៀត។

    តារាសម្ដែងរូបនេះបញ្ជាក់ថា នាងមិនដឹងថា មកពីឆុងឆ្នាំ ឬយីអ៊ុនធ្លាក់ ឬគ្មានហុងស៊ុយ ឬយ៉ាងណានោះទេ? ប៉ុន្ដែក្រោយពីកើតរឿងហេតុមិនល្អទាំងនោះហើយ នាងបានទៅវត្ដដើម្បីនិមន្ដព្រះសង្ឃប្រោះព្រំសុំសិរីសួស្ដី។ វរវង្ស ប្រាប់បន្ដទៀតថា៖ «មិនមែនខ្ញុំជឿងប់ងល់លើអបិយជំនឿពេកទេ ប៉ុន្ដែជឿខ្លះក៏ល្អដែរ ព្រោះនៅពេលខ្ញុំកើតអារម្មណ៍ស្មុគស្មាញក្នុងចិត្ដ និងកើតរឿងជាបន្ដបន្ទាប់នោះ ខ្ញុំមិនដឹងជាទៅរកអ្វីមកដោះស្រាយទេ តែក្រោយពីបានស្រោចទឹកប្រោះព្រំរួចហើយ ក៏រាងធូរស្រឡះក្នុងចិត្ដតែម្ដង លែងមានអារម្មណ៍ធុញថប់ក្នុងចិត្ដអស់រលីង។ នេះប្រហែលជាដូចពាក្យគេថា អាគមផ្សំអាយ៉ូសហើយមើលទៅ»៕

  • ឆាប់ៗនេះស្លាកលេខរថយន្តទាំងអស់នឹងមានភ្ជាប់ QR Code

    ឆាប់ៗនេះស្លាកលេខរថយន្តទាំងអស់នឹងមានភ្ជាប់ QR Code

    ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសថា ក្រសួងនឹងចាប់ផ្ដើមអ៊ុត QR Code ( Quick Response Code ) នៅផ្នែកខាងចុងលើស្លាកលេខរថយន្ដគ្រប់ប្រភេទនៅទូទាំងប្រទេស យ៉ាងយូរបំផុតនៅចុងឆ្នាំ 2017 ខាងមុខនេះដើម្បីធានាសុវត្ថិភាពមិនឱ្យមានការក្លែងបន្លំលើស្លាកលេខរថយន្ដ និងងាយស្រួលក្នុងការគ្រប់គ្រងត្រួតពិនិត្យរបស់សមត្ថកិច្ច។

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការដាក់ QR Code នៅលើស្លាកលេខរថយន្ដនេះ គឺដើម្បីងាយស្រួលឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ងាយស្រួលក្នុងការត្រួតពិនិត្យដោយគ្រាន់តែយកទូរស័ព្ទដៃស្គែនលើស្លាកលេខដើម្បីបង្ហាញពីទិន្នន័យទាំងអស់ ដូចជា ប្រភេទរថយន្ដ ស្លាកលេខ លេខតួ លេខម៉ាស៊ីន និងពណ៌រថយន្ដ ដែលផ្ដល់ព័ត៌មានគ្រប់គ្រាន់ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

    ឯកឧត្តមបានបញ្ជាក់ថា «2017 ចាប់ពីចុងឆ្នាំតទៅ រាល់ការចេញស្លាកលេខរថយន្ដ ត្រូវតែមានដាក់បញ្ចូល QR កូដទាំងអស់ ដើម្បីចៀសវាងការប្រើប្រាស់ស្លាកលេខក្លែងក្លាយ ឬលេខសេះហោះ ហើយក្រសួងនឹងតភ្ជាប់ប្រព័ន្ធនេះជាមួយនឹងពន្ធដារ និងគយបន្ថែមទៀតដើម្បីងាយស្រួលក្នុងការស្វែងរកមើលថាតើ យានយន្ដណាមួយបង់ពន្ធឬមិនបង់ពន្ធ»។

    ប្រព័ន្ធទិន្នន័យ QR Code នេះ ក្រសួងសាធារណការនឹងមិនផ្ដល់ព័ត៌មានជូនដល់សមត្ថកិច្ចទាំងអស់នោះទេ ដោយផ្ដល់តែប្រភេទរថយន្ដ ពណ៌ លេខតួ និងលេខម៉ាស៊ីនតែប៉ុណ្ណោះ។ ចំណែកព័ត៌មានទាក់ទងនឹងឈ្មោះម្ចាស់រថយន្ដ អាសយដ្ឋានរបស់ម្ចាស់យានយន្ដ មិនត្រូវផ្ដល់ឱ្យនោះទេ ដើម្បីរក្សាសុវត្ថិភាព និងជួយការពារដល់ម្ចាស់រថយន្ដ៕

  • ក្រសួងពាណិជ្ជកម្ម បង្កើតក្រុមការងារឃ្លាំមើលតម្លៃទំនិញទីផ្សារ

    ក្រសួងពាណិជ្ជកម្ម បង្កើតក្រុមការងារឃ្លាំមើលតម្លៃទំនិញទីផ្សារ

    ភ្នំពេញ៖ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារពិសេសមួយ ដើម្បីឃ្លាំមើលស្ថានភាព និងសន្ទស្សន៍តម្លៃមុខទំនិញចាំបាច់ៗដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃ។

    ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រុមការងារនេះបង្កើតឡើងមានភារកិច្ចមួយចំនួនដូចជា សិក្សា និងចងក្រងឯកសារទាក់ទងនឹងស្ថានភាពផលិតកម្ម ថ្លៃដើម សមត្ថភាពផ្គត់ផ្គង់ការប្រើប្រាស់ និងសន្ទស្សន៍តម្លៃនៃមុខទំនិញអាទិភាពដូចជា ស្រូវ-អង្ករ សាច់ត្រី សាច់មាន់ សាច់ជ្រូក ប្រេងសាំងធម្មតា និងម៉ាស៊ូត និងដំឡូងមី ជាដើម។ល ។

    លើសពីនេះក្រុមការងារនេះបង្កើតឡើងដើម្បីតាមដានពិនិត្យឃ្លាំមើល ស្ថានភាពប្រែប្រួលនៃផលិតកម្ម ស្ថានភាពចរាចរណ៍ទំនិញលើទីផ្សារ និងដាក់ចេញនូវវិធានការចាំបាច់ ដើម្បីទ្រទ្រង់ផលិតកម្ម និងតម្លៃទំនិញលើទីផ្សារប្រចាំថ្ងៃ។

    ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំក្រុមការងារឱ្យរៀបចំតារាងតាមដាន និងឃ្លាំមើលស្ថានភាព និងសន្ទស្សន៍ថ្លៃទំនិញឲ្យបានជាប្រចាំ ដើម្បីសិក្សាពីបញ្ហាផលិតកម្ម និងតម្លៃ ឬបញ្ហានានាផ្សេងទៀត សំដៅទៅដល់ការរៀបចំកិច្ចអន្តរាគមន៍ជាលក្ខណៈប្រព័ន្ធ សម្រាប់កាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន៕

  • វិស័យឯកជនស្នើកុំឲ្យសាងសង់ស្ថានីយប្រេងនៅលើកោះ

    វិស័យឯកជនស្នើកុំឲ្យសាងសង់ស្ថានីយប្រេងនៅលើកោះ

    ភ្នំពេញៈ ក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍ បានស្នើរដ្ឋាភិបាលកុំឲ្យមានការសាងសង់ស្ថានីយប្រេងនៅតាមបណ្តាកោះនានា ពិសេសកោះរ៉ុង ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការបំពុលបរិស្ថាន និងធនធានធម្មជាតិនៅក្នុងតំបន់ទាំងនោះ។

    លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលមិញថា ការសាងសង់ស្ថានីយប្រេងនឹងធ្វើឲ្យប៉ះពាល់ដល់ជីវចម្រុះ និងបរិស្ថាននៅលើកោះ ព្រោះពេលមានរថយន្តបើកបរច្រើននឹងធ្វើឲ្យខូចបរិស្ថាន ហេតុនេះនៅតាមបណ្តាកោះនានាគួរមានត្រឹមតែម៉ូតូ ឬរថយន្តអគ្គិសនី គឺជាការប្រសើរបំផុត។ លោកបន្តថា នៅពេលមានការបំពុលបរិស្ថាន វានឹងបំផ្លាញអ្វីៗទាំងអស់ ហើយយើងនឹងបាត់បង់ទាំងអស់ ប្រសិនជាយើងមិនយកចិត្តទុកដាក់ពីឥឡូវនេះទៅទេនោះ។

    លោក ហូ វណ្ឌី បានបន្តថា ការបំពុលទឹកតាមរយៈការបង្ហូរកាកសំណល់ ចូលប្រភពទឹក ការបោះចោលថង់ផ្លាស្ទិក និងសំរាមនៅតាមតំបន់ឆ្នេរ និងលើឆ្នេរជាការបំផ្លាញវិស័យទេសចរណ៍ដ៏ខ្លាំងសម្បើម ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជួយយកចិត្តទុកដាក់ចំពោះបញ្ហានេះផង។

    សហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍លោក លូ ម៉េង បានបន្ថែមថា សំរាម និងការបំពុលបរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នាដែលទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីលើកកម្ពស់បរិស្ថាន និងទីក្រុងឲ្យបានស្អាត ព្រោះសំរាមជាសត្រូវរបស់ទេសចរណ៍ដែលភ្ញៀវទេសចរមកពីប្រទេសមួយចំនួនពួកគេមានការខ្លាចរអា មិនចង់មកកាន់ប្រទេសដែលមានការបំពុលបរិស្ថាន និងការបោះចោលសំរាមពាសវាលពាសកាលនោះទេ។

    លោកបន្តថា “សូមចាប់ផ្តើមឥឡូវនេះពីយើងទាំងអស់គ្នា កុំបោះសំរាម ឬថង់ផ្លាស្ទិកចោលពាសវាលពាសកាល ដើម្បីធ្វើឲ្យប្រទេសយើងស្អាត និងទីក្រុងរបស់យើងគ្មានសំរាម”៕