Category: សង្គម និងសេដ្ឋកិច្ច

  • តារាស្រីថៃម្នាក់រិះគន់ការប្រគំតន្ត្រីរបស់ Britney Spears

    តារាស្រីថៃម្នាក់រិះគន់ការប្រគំតន្ត្រីរបស់ Britney Spears

    ការប្រគំតន្រ្តីដ៏ធំមួយរបស់កំពូលតារាចម្រៀង Britney Spears នៅក្នុងទីក្រុងបាងកក ប្រទេសថៃពិតជាកក្រើកមែនដោយសារមានអ្នកគាំទ្រជាច្រើនបានចូលរួម។

    នៅក្នុងវេទិកាប្រគំតន្រ្តី Britney Spears Live in Bangkok 2017 កំពូលតារាចម្រៀងប៉ុបស្រីរូបនេះ បានរៀបចំបទចម្រៀងដែលមានភាពពេញនិយមខ្លាំងដូចជាបទ Work Bitch, Womanizer, Gimme More, Slave4U, Toxic, Stronger, Me against the music ដែលសុទ្ធសឹងតែជាបទចម្រៀងដ៏ពេញចិត្តពេញថ្លើមរបស់អ្នកគាំទ្រ។

    ទន្ទឹមនឹងមានការគាំទ្រចំពោះការរៀបចំប្រគំតន្ត្រីខា្នតធំនេះ ស្រាប់តែតារាចម្រៀងស្រីថៃ Gam Wichayanee ជាតារាចម្រៀងប្រចាំផលិតកម្ម GMM Grammy បានចេញមុខរិះគន់អ្នករៀបចំការប្រគំតន្រ្តីនេះយ៉ាងចាស់ដៃ ដោយនាងបានអន់ចិត្តចំពោះអ្នករៀបចំកម្មវិធីដែលបានបណ្ដោយឱ្យអ្នកគាំទ្រមកឈរខាងមុខវេទិកាពាសពេញ ទាំងដែលនាងបានទិញសំបុត្រអស់ 12,000បាត ជាតម្លៃសំបុត្រថ្លៃជាងគេបំផុត ក្នុងការចូលទស្សនាការសម្ដែង Britney Spears ជួរមុខក្បែរឆាកវេទិកា តែបែរជាត្រូវខកចិត្តទៅវិញ។ នាងនិយាយថា” ខ្ញុំបានទិញសំបុត្រកៅអីជួរមុខគេតម្លៃ 12,000បាត ចំនួន 2សន្លឹក តែត្រូវខាងអ្នករៀបចំកម្មវិធីបណ្តោយឱ្យមនុស្សនៅខាងក្រោយរត់មកឈរបាំងជិតអស់ទៅវិញ ពិតជាល្អមែនទែន Britney Live in Bangkok” ៕

  • ភីយ៉ា វេកា រំពឹងទទួលបានប្រជាប្រិយភាពតាមរយៈ រូបភាពចេញពីកាមេរ៉ាទូរស័ព្ទ

    ភីយ៉ា វេកា រំពឹងទទួលបានប្រជាប្រិយភាពតាមរយៈ រូបភាពចេញពីកាមេរ៉ាទូរស័ព្ទ

    កាលពីប៉ុន្មានថ្ងៃមុនគ្រាដែលកញ្ញា ភីយ៉ា វេកា បានបង្ហោះរូបនាងថតនៅជិតអាងហែលទឹកដោយបានបង្ហាញឈុតប៊ីគីនីយ៉ាងស្រស់ស្អាតនោះ បានធ្វើឱ្យកើតមានចំណាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក។

    ការបង្ហាញរូបភាពសិចស៊ីគួរឱ្យស្រឡាញ់នេះមិនត្រឹមតែធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមមានចំណាប់អារម្មណ៍ប៉ុណ្ណោះទេ តែរូបភាពទាំងនោះក៏បានធ្វើឱ្យមហាជនជាច្រើនចង់ដឹងដែរថា តើកញ្ញាភីយ៉ា វេកា ជានរណា ជាតារាខ្មែរឬជាកូនកាត់រស់នៅបរទេស។


    កញ្ញា ភីយ៉ា វេកា ប្រាប់ថា នាងធ្លាប់ចូលប្រឡូកសិល្បៈតាំងពីប៉ុន្មានឆ្នាំមុនម្ល៉េះ គ្រាន់តែពេលនោះមិនទាន់មានមហាជនស្គាល់នាង។ ម្យ៉ាងដោយសារតែរវល់ជាមួយការសិក្សាផងនាងក៏ដកខ្លួនចេញពីសិល្បៈវិញទៅ។ ក្រោយពីមានពេលទំនេរច្រើន ពិសេសបានដឹងថាខ្លួនអាចមានទេពកោសល្យក្នុងសិល្បៈហើយ ទើបនាងសម្រេចចិត្ដចូលប្រឡូកក្នុងវិថីសិល្បៈនេះជាលើកទីពីរក្នុងនាមជាតារាបង្ហាញម៉ូដ។

    ជាមួយនឹងដងខ្លួនរាងតូចច្រឡឹង និងស្រឡូន ម្រាមដៃតូចស្ដើង-ងដូចបន្លាក្រូច លម្អរដោយសក់ខ្មៅវែងអន្លាយ ទម្រង់មុខអក្សរ V ច្រមុះស្រួច កែវភ្នែកខ្មៅយង់ បបូរមាត់ពណ៌ផ្កាឈូក ពិតជាធ្វើឱ្យបុរសៗដែលបានឃើញរូបនាងពត់ពេនលើអាងហែលទឹកនេះហើយ មិនត្រឹមតែធ្វើឱ្យគេនឹកសរសើរនូវទឹកដៃក្នុងការថតរូបដែលហាក់ដូចជាអ្នកថតរូបអាជីពប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមានអារម្មណ៍ញាប់ញ័រមិនស្ងប់ទៀតផង។

    ភីយ៉ា វេកាបានបញ្ជាក់ថា រូបទាំងនោះនាងបានថតលេងដោយប្រើកាមេរ៉ាភ្លោះ Huawei P10 Plus គ្រាដែលនាងទៅកម្សាន្ដនៅឯខេត្ដសៀមរាប។ នាងបន្ដថា៖ «នៅពេលថតបានមួយប៉ុស្ដិ៍ គ្រាន់តែខ្ញុំយកទូរស័ព្ទមកមើល ខ្ញុំដឹងភ្លាមតែម្តងថា រូបនេះពេលបង្ហោះចេញទៅច្បាស់ជាមានការគាំទ្រច្រើនពីមហាជនជាមិនខាន»។

    តារាម៉ូដែលរូបនេះបានប្រាប់ទៀតថា នាងជាតារាសិល្បៈម្នាក់ដែលនិយមថតរូបលេង និងក្រោយពីបានឃើញរូបភាពនេះមានភាពស្រស់ស្អាតហើយ ធ្វើឱ្យនាងមានចិត្ដចង់បង្ហោះរូបភាពនេះតែម្ដង។ នាងបញ្ជាក់ថា ការបង្ហោះរូបភាពនេះអាចផ្ដល់ប្រយោជន៍ដល់នាងច្រើន គឺទី1អាចធ្វើឱ្យមហាជនបានស្គាល់នាងច្បាស់។ ទី2 គឺចង់ឱ្យបណ្ដាក្រុមហ៊ុននានាមើលឃើញពីសមត្ថភាពនៃការសម្ដែងរបស់នាង ខណៈនាងកំពុងតែចង់ទទួលបានការងារសិល្បៈច្រើនដើម្បីពង្រីកនូវប្រជាប្រិយភាព។
    ទោះជាយ៉ាងណាកញ្ញាភីយ៉ា វេកា ប្រាប់ថា ចាប់តាំងពីនាងចូលប្រឡូកសិល្បៈជាលើកទីពីរ នាងពុំទាន់បានថតភាពយន្ដម្ដងទេដូច្នេះនាងក៏ចង់ភ្លក្សរសជាតិការថតភាពយន្ដដែរប្រសិនបើមានផលិតកម្មណាត្រូវការនាង។

    ជាមួយសម្រស់ធម្មជាតិ និងរូបភាពប៉ុន្មានសន្លឹករបស់កញ្ញាភីយ៉ា វេកា ត្រូវបានគេទស្សន៍ទាយថា មិនយូរទេនាងនឹងទទួលបានប្រជាប្រិយភាព និងការពេញនិយមក្នុងវិស័យបង្ហាញម៉ូដ និង ថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុន ទាំងក្នុង និងក្រៅសុ្រក គ្រាដែលបច្ចុប្បន្ននាងទទួលបានស្ប៉តសាប៊ូ Clear មួយរួចហើយ។ពាក់ព័ន្ធបញ្ហាផ្ទាល់ខ្លួន ភីយ៉ា នាងប្រាប់ថា បច្ចុប្បន្ននាងមិនទាន់មានគូកំណាន់ចិត្ដ ឬមានបុរសណាម្នាក់មើលថែចិត្ដគ្នាឡើយ ដោយសារចង់កសាងកេរ្តិ៍ឈ្មោះសិន។ ដូច្នេះបុរសណាដែលកំពុងតែចង់តាមដានបញ្ហាផ្ទាល់ខ្លួន និងមានចិត្ដលួចបេតីនាងអាចមានសង្ឃឹមឡើងវិញហើយ៕

  • អ្នកវិនិយោគធំៗក្នុងស្រុកមានសុទិដ្ឋិនិយមពីវិស័យអចលនទ្រព្យនៅ 10ឆ្នាំខាងមុខ

    អ្នកវិនិយោគធំៗក្នុងស្រុកមានសុទិដ្ឋិនិយមពីវិស័យអចលនទ្រព្យនៅ 10ឆ្នាំខាងមុខ

    ភ្នំពេញៈ អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យធំៗក្នុងស្រុកបាន សម្តែងសុទិដ្ឋិនិយមចំពោះវិស័យសំណង់ និងអចលនវត្ថុថា នឹងបន្តរីកចម្រើនបន្ថែមទៀតនៅរយៈពេល 10ឆ្នាំខាងមុខ។

    លោកជំទាវឧកញ៉ា លឹម ឈីវហូ អគ្គនាយិកាក្រុមហ៊ុន Attwood Group បានថ្លែងក្នុងវេទិកាតុមូលដែលផ្តោតការពិភាក្សាលើប្រធានបទ “លំនៅដ្ឋាន ខុនដូ និងតំបន់សេដ្ឋកិច្ចពិសេស” ក្នុងសន្និសីទ និងពិព័រណ៍អចលនទ្រព្យកាលពីម្សិលមិញថា មានការព្រួយបារម្ភពីអ្នកវិនិយោគក្នុងស្រុកមួយចំនួននៅពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាឆ្នាំ2018ខាងមុខ ប៉ុន្តែលោកជំទាវនៅតែបន្តវិនិយោគ និងជឿជាក់លើស្ថិរភាពនយោបាយរបស់ប្រទេស និងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

    លោកជំទាវ លឹម ឈីវហូ បានបន្តថា “វិស័យនេះនៅតែមានការរីកចម្រើន និងទាក់ទាញអ្នកវិនិយោគថ្មីៗជាច្រើនទៀតមកកាន់កម្ពុជា ហើយលោកជំទាវទើបបានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗប្រមាណ 10ក្រុមហ៊ុនដែលចង់វិនិយោគលើវិស័យនេះនៅកម្ពុជា”។ លោកជំទាវបន្តថា “ប្រសិនជាប្រទេសចិនទម្លាក់អ្នកវិនិយោគមកតែបន្តិច កម្ពុជានឹងមានការរីកចម្រើនកាន់តែលឿនបន្ថែមទៀត”។

    លោកជំទាវបានបន្តថា ប្រសិនបើអ្នកវិនិយោគជប៉ុនតែ2ភាគរយ មកពីប្រទេសថៃមកវិនិយោគនៅកម្ពុជា ប្រជាជនកម្ពុជានឹងក្លាយជាអ្នកមានទាំងអស់គ្នា ព្រោះនៅប្រទេសថៃមានក្រុមហ៊ុនជប៉ុនរាប់ម៉ឺនក្រុមហ៊ុនដែលបាននិងកំពុងវិនិយោគនៅទីនោះ។

    លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge LandGroup បានថ្លែងថា លោកនៅតែមានសុទិដ្ឋិនិយមពីទីផ្សារអចលនវត្ថុនៅកម្ពុជា បើទោះជាគម្រោងដទៃទៀតអាចប្រឈមបញ្ហាក្តី ប៉ុន្តែគម្រោងរបស់លោកតែងទទួលបានជោគជ័យ ព្រោះលោកបានសិក្សាពីទីផ្សារច្បាស់លាស់ មានហិរញ្ញវត្ថុរឹងមាំ ហើយគម្រោងដែលលោកលក់ គឺលក់ Lifestyle មិនមែនលក់ខុនដូតែមួយមុខនោះទេ។

    ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងថា ប្រសិនជាកម្ពុជារក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយបែបនេះ វិស័យអចលនទ្រព្យនៅកម្ពុជានឹងបន្តរីកចម្រើនបន្តទៀត ដោយសារកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋចូលមករស់នៅទីក្រុងភ្នំពេញ និងការកើនឡើងនូវចំនួនយុវជនដែលត្រូវការលំនៅដ្ឋានកើនឡើង។

    យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរកឃើញថា ចាប់តាំងពីឆ្នាំ 2015ដល់ឆ្នាំ2030 កម្ពុជាត្រូវការលំនៅដ្ឋានចំនួន 80ម៉ឺនលំនៅដ្ឋានបន្ថែមទៀត ដោយសារ ចំនួនប្រជាជនរស់នៅរាជធានី ក្រុង និងទីប្រជុំជននៅឆ្នាំ2014 មានចំនួន 4.5លាននាក់ ស្មើនឹង 27.1ភាគរយ និងបន្តកើនឡើងដល់ 7.92លាននាក់នៅឆ្នាំ2030 ស្មើនឹង 44ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប៕

  • ចិនបើកការិយាល័យតំណាងពាណិជ្ជកម្មខេត្តគួយចូវនៅកម្ពុជា

    ចិនបើកការិយាល័យតំណាងពាណិជ្ជកម្មខេត្តគួយចូវនៅកម្ពុជា

    ភ្នំពេញ៖ ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែមានសកម្មភាពរស់រវើកថែមទៀត ឯកឧត្តម Sun zhigang អភិបាលខេត្តគួយចូវកាលពីចុងសប្តាហ៍មុននេះបានសម្ពោធបើកការិយាល័យតំណាងពាណិជ្ជកម្មខេត្តគួយចូវ ប្រចាំកម្ពុជាក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

    ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មតំណាងរាជរដ្ឋាភិបាល និងក្នុងនាមឯកឧត្តមផ្ទាល់បានសម្តែងនូវការស្វាគមន៍ និងមោទនភាពជាខ្លាំងដែលខេត្តគួយចូវបានជ្រើសរើសកម្ពុជាជាប្រទេសដំបូងគេក្នុងប្រទេសអាស៊ានក្នុងការបង្កើតការិយាល័យតំណាងពាណិជ្ជកម្មក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរវាងកម្ពុជា និងខេត្តគួយចូវក្រោមក្របខ័ណ្ឌអនុវត្តគោលនយោបាយ ផ្លូវមួយខ្សែក្រវាត់មួយរបស់រដ្ឋចិន។

    ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញនូវលក្ខណៈអំណោយផលដែលដៃគូទាំងពីរ ត្រូវពូនជ្រំប្រើប្រាស់សក្តានុពលដែលក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាព ដូចជា ៖ការដោះដូរទំនិញ និងវិស័យទេសចរណ៍ជាដើម។ ដោយឡែកទាក់ទងនឹងវិស័យឧស្សាហកម្ម ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើឲ្យក្រុមហ៊ុនមកពីខេត្តគួយចូវវិនិយោគផ្នែកការបង្កើតសួនឧស្សាហកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ដែលខេត្តគួយចូវមានការរីកចម្រើនជាខ្លាំងលើវិស័យនេះ។

    ក្នុងនោះដោយមានអំណោយផលផ្នែកធនធានធម្មជាតិស្រស់ត្រកាល សម្បូរដោយព្រៃភ្នំ និងទឹកជ្រោះ កម្ពុជាក៏ចង់បានបទពិសោធពីខេត្តគួយចូវនូវវិធីព្យាបាលរោគតាមបែបធម្មជាតិ អេកូ-បរិស្ថានដែលកម្ពុជាក៏មានទីតាំងបរិស្ថានធម្មជាតិអាចអនុវត្តបានដូចគ្នា ដែលវាក៏ជាចំណែកមួយក្នុងការទាក់ទាញវិស័យទេសចរណ៍ផងដែរ។ តាមរយៈការបើកការិយាល័យតំណាងនេះ ក្រុមហ៊ុនមកពីគួយចូវនឹងមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើង ហើយភាគីកម្ពុជានៅរង់ចាំសហការសម្របសម្រួលជានិច្ច ។

    ឯកឧត្តម Sun zhigang អភិបាលខេត្តគួយចូវបានបង្ហាញនូវជំហរសហការរឹងមាំ និងមានជំនឿលើសក្តានុពលនៃប្រទេសទាំងពីរ ដែលអាចជំរុញក្នុងការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្ម និងអប់រំ ជាដើម។ ឯកឧត្តមបានបញ្ជាក់ថា៖ បច្ចុប្បន្នមាននិស្សិតកម្ពុជាទៅសិក្សាជំនាញផ្សេងៗនៅខេត្តគួយចូវ ប្រមាណជា300នាក់ ស្របពេលដែលខេត្តគួយ ចូវមានកិច្ចសហការជាមួយគ្រឹះស្ថានសិក្សានៅកម្ពុជាប្រមាណជាង20កន្លែង ដែលជាផ្នែកមួយក្នុងកិច្ចជំរុញវិស័យអប់រំនៃប្រទេសទាំងពីរ៕

     

     

  • គូស្នេហ៍តឿជាងគេលើពិភពលោកបំបែកឯកទគ្គកម្ម

    គូស្នេហ៍តឿជាងគេលើពិភពលោកបំបែកឯកទគ្គកម្ម

    ជួបជាមួយគូស្នេហ៍ដែលទាបជាងគេបំផុតនៅលើពិភពលោកយើងនេះ គឺលោក Paulo Gabriel da Silva Barros និងនាង Katyucia Lie Hoshino ដែលជាគូស្នេហ៍តឿបំផុតបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដោយសេចក្តីស្រឡាញ់ និងពេញចិត្តពេញថ្លើមរវាងគ្នានឹងគ្នា។

    កូនកំលោះ Paulo ជាជនជាតិប្រេស៊ីល អាយុ 30 ឆ្នាំ មានតួនាទីការងារជាអនុលេខាធិការច្បាប់ ហើយបានជួបគូស្នេហ៍នាង Katyucia ជាជនជាតិដូចគ្នា អាយុ 27 ឆ្នាំ តាមរយៈបណ្ដាញសង្គមអនឡាញ ហើយនាងគឺម្ចាស់ហាងសម្អាងសម្ផស្សមួយកន្លែង ហើយភ្លាមៗនាងក៏មានអារម្មណ៍ស្នេហាផ្ទុះឡើង ហើយក៏បានទាក់ទងណាត់ជួបជាមួយ Paulo។

    យ៉ាងណាក៏ដោយ រឿងរ៉ាវដែលកើតឡើងនេះមិនមែនជារឿងងាយស្រួលនោះទេ ពួកគេបានពុះពារគ្រប់ឧបសគ្គ ដើម្បីបំពេញឱ្យបាននូវថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន ហើយជាសំណាងល្អណាស់ដែល Katyucia បានសម្រេចចិត្តទទួលយកសេចក្ដីស្រឡាញ់ពីគូស្នេហ៍ និងមានឱកាសសប្បាយចិត្តដូចនៅថ្ងៃនេះ គឺជាថ្ងៃដែលអ្នកតាំងពីរបានប្រកាសការបំបែកឯកទគ្គកម្មពិភពលោកក្នុងនាមជាគូស្នេហ៍ទាបជាងគេបំផុតលើពិភពលោក។

    កម្ពស់របស់គូស្នេហ៍មួយគូនេះគឺ 71.42 inch ហើយទាបជាង 5 ហ្វីត ដែលរឿងនេះបានបង្ហាញឱ្យយើងឃើញពីកំណត់ត្រាថ្មី ដែលបានលើកទឹកចិត្តឱ្យមនុស្សជុំវិញពិភពលោកសម្លឹងឃើញនូវគុណសម្បត្តិនៃភាពខុសគ្នាខាងរូបរាង តែមានភាពស្មើគ្នាក្នុងរឿងស្នេហា និងអាពាហ៍ពិពាហ៍៕

  • ភាសា​អង់គ្លេស 16 ពាក្យ​ដែល​យើង​គិតថា​ដូចគ្នា តែ​ការពិត​វិញ វា​ខុសគ្នា​

    ភាសា​អង់គ្លេស 16 ពាក្យ​ដែល​យើង​គិតថា​ដូចគ្នា តែ​ការពិត​វិញ វា​ខុសគ្នា​

    ឡារ៉ែន ជឿថាមានមនុស្សជាច្រើនប្រហែលជាងឿងឆ្ងល់នឹងពាក្យដែលជាភាសាអង់គ្លេសដែលមានអត្ថន័យស្រដៀងគ្នា និងសង្ស័យថា តើហេតុអីបានភាសាអង់គ្លេសចាំបាច់បង្កើតពាក្យដែលមានអត្ថន័យដូចគ្នាឡើងមក 2ពាក្យធ្វើអី? ដើម្បីកុំឱ្យងឿងឆ្ងល់តទៅទៀត ថ្ងៃនេះទំព័រចំណេះដឹងទូទៅរបស់គេហទំព័រ ឡារ៉ែន សុំនាំលោកអ្នក និងប្អូនៗដែលជាសិស្សទាំងអស់មករៀនយល់ដឹងជាមួយអត្ថន័យរបស់ពាក្យដែលស្រដៀងគ្នាទាំងនោះដូចតទៅ ។

    ធាតុអាកាស


    Weather: មានន័យពីសភាពធាតុអាកាសដែលកើតឡើងមួយខណៈពេល នៅទីណាមួយ។
    Climate: មានន័យពីធាតុអាកាសជាមធ្យមដោយរួមរបស់ទីកន្លែងណាមួយ ពេញមួយអំឡុងពេលមួយ។

    សត្វអណ្តើក


    Turtle: គឺអណ្តើកដែលប្រើពេលវេលាភាគច្រើនរស់នៅក្នុងទឹក។
    Tortoise: គឺអណ្តើកដែលរស់នៅលើគោក។

    ប្រទេសអង់គ្លេស


    Great Britain: កោះប្រ៊ីធេនធំដែលមាន ប្រទេសអង់គ្លេស ប្រទេសស្កុតលែនដ៍ និង ប្រទេសវេលស៍។
    United Kingdom: សហរាជអាណាចក្រ ដែលមាន ប្រទេសអង់គ្លេស ស្កុតលែនដ៍ វេលស៍ និងប្រទេស អៃលែនដ៍ខាងជើង។

    ថ្នាំគ្រាប់


    Pill: គឺគ្រាប់ថ្នាំដែលជាឃែបស៊ូល (Capsul)។
    Tablet: គឺគ្រាប់ថ្នាំដែលជាម្សៅគ្រាប់។

    បង្គា


    Shrimp: គឺបង្គាដែលមានដង្កៀបតូចៗនៅម្តុំជើងខាងមុខ 2 ដែលមានជើងទាំងអស់ 5 ។
    Prawn: គឺបង្គាដែលមានដង្កៀបតូចៗនៅម្តុំជើងមុខ 3 ដែលមានជើងទាំងអស់ 5 ។

    ប៊័រ


    Butter: ប៊័រសុទ្ធ ធ្វើពីទឹកដោះគោ។
    Margarine: គឺប៊័រក្លែងក្លាយ ធ្វើពីប្រេងរុក្ខជាតិ។

    ផ្លែក្រូច


    Orange: គឺផ្លែក្រូចដែលមានរូបរាងមូល។
    Tangerine: គឺផ្លែក្រូចដែលមិនមូលថ្លុញ មានរាងសំប៉ែតបន្តិចនៅផ្នែកខាងលើ និងខាងក្រោម។

    ជែម និង ជេលលី


    Jam: ជែម ធ្វើចេញពីផ្លែឈើទាំងអស់។
    Jelly: ជេលលី ធ្វើពីទឹកផ្លែឈើមួយដំណាក់កាលទៀត។

    ជ័រលុប


    Eraser: គឺជ័រលុបដែលប្រើសម្រាប់លុបខ្មៅដៃ។
    Rubber: ច្រើនតែត្រូវបានគេហៅជា ស្រោមអនាម័យ។

    នំប៊ិស្គីត និងនំឃុកគី


    Biscuits: មានលក្ខណៈស្រួច ក្រុប។
    Cookies: គឺនំប៊ិស្គីតដែលមានភាពទន់ជាង។

    នំខាប់ខេក និងនំម៉ាហ្វហ្វ៊ីន


    Cupcakes: នំខាប់ខេកនឹងមានអៃហ្ស៊ិង។
    Muffins: នំម៉ាហ្វហ្វ៊ីន គ្មានអៃហ្ស៊ិង។

    ផ្សិត


    Mushrooms: គឺផ្សិតដែលញ៉ាំបាន។
    Toadstools: គឺផ្សិតមានជាតិពុល។

    តៅហ៊ូ និង ប៉ានីរ៍


    Tofu: តៅហ៊ូ ធ្វើពីសណ្តែកលឿង។
    Paneer: ប៉ានីរ៍ធ្វើពីទឹកដោះគោ។

    សត្វទន្សាយ


    Rabibits: គឺសត្វទន្សាយដែលកើតកូននៅក្នុងរូងឈើ។
    Hares: គឺសត្វទន្សាយដែលកើតកូននៅលើដីធម្មតា។

    សត្វក្រពើ


    Alligators: គឺសត្វក្រពើដែលមានច្រមុះជារាងអក្សរ U។
    Crocodiles: គឺសត្វក្រពើដែលមានច្រមុះជារាងអក្សរ V។

    សត្វកណ្តុរ


    Mouse: គឺសត្វកណ្តុរដែលមានខ្នាតតូច ប៉ុនៗកំប្រុក។
    Rat: គឺសត្វកណ្តុរដែលមានខ្លួនធំជាង មានទំហំ 18 – 25 សង្ទីម៉ែត្រ៕

  • កម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោកលើការកាត់បន្ថយភាពក្រីក្រ

    កម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោកលើការកាត់បន្ថយភាពក្រីក្រ

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយថា កម្ពុជាជាប្រទេសនាំមុខគេនៅក្នុងពិភពលោកក្នុងការកាត់បន្ថយភាពក្រីក្រ បានលឿនជាងគេ និងបានក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំមុន។

    រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកស្រី ងួន សុខា បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី24 មិថុនានេះថា ជាមួយនឹងការសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំជាង 7ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាប្រទេសនាំមុខគេក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងនោះអត្រាភាពក្រីក្របានធ្លាក់ចុះយ៉ាងគំហុកពី 53ភាគរយនៅឆ្នាំ2004 មកនៅត្រឹម 10ភាគរយនៅឆ្នាំ2013។

    លោកស្រីបន្តថា “ជាមួយនេះខ្ញុំគិតថា អត្រានៃភាពក្រីក្រ នឹងធ្លាក់ចុះបន្ថែមទៀតនៅតាមទីក្រុង និងទីជនបទនៅឆ្នាំ2015 និងកន្លងមកនេះ”។

    លោកស្រី ងួន សុខា បានបន្តទៀតថា ប្រទេសកម្ពុជាត្រូវបានធនាគារពិភពលោកប្រកាសជាផ្លូវការថា ជាប្រទេសសម្រេចឈានឡើងក្នុងបរិបទថ្មី គឺពីប្រទេសដែលមានចំណាត់ថ្នាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលប្រជាជនម្នាក់ៗមានចំណូលចន្លោះពី 1,026ដុល្លារដល់ 4,035ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

    យោងតាមទិន្នន័យកំណត់ដោយធនាគារពិភពលោកបានបញ្ជាក់ថា ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ជាប្រទេសដែលប្រជាជនម្នាក់ៗមានប្រាក់ចំណូលចន្លោះពី 4,800 ដល់ជាង 12,000ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

    រដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ដើម្បីប្រែក្លាយប្រទេសកម្ពុជាពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030៕

     

  • George Clooney ដល់ពេលខ្លួនចាស់ទើបមានកូន

    George Clooney ដល់ពេលខ្លួនចាស់ទើបមានកូន

    តារាសម្ដែងជើងចាស់ធ្លាប់មានឈ្មោះបោះសំឡេងតាមរយៈខ្សែភាពយន្ដ Batman & Robin គឺលោក George Clooney និងភរិយា ដ៏សែនស្រស់អ្នកនាង Amal Clooney មានវ័យ 39 ឆ្នាំ ទើបតែផ្ដល់កំណើតបុត្រភ្លោះកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

    តារាប្រុសវ័យ56ឆ្នាំ មានអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលភរិយាជាទីស្រឡាញ់បានផ្ដល់កំណើតឱ្យបុត្រភ្លោះប្រុស-ស្រី ដែលលោកបានដាក់ឈ្មោះឱ្យថា Ella និង Alexander Clooney ហើយលោក និងភរិយាបានស្វាគមន៍កូនទាំងពីរក្នុងការក្លាយជាសមាជិកថ្មីត្រកូល Clooney យ៉ាងកក់ក្ដៅបំផុត។ នេះបើតាមការថ្លែងប្រាប់របស់លោកដល់សារព័ត៌មាន E NEWS ។ តារាប្រុសវ័យចំណាស់រូបនេះបានបន្ដទៀតថា ទោះបីជាលោកមានវ័យចំណាស់បន្ដិចមែន តែលោកមានសុខភាពល្អរឹងមាំ ហើយនេះជាលើកដំបូងក្នុងការមានបុត្រ និងមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងរកអ្វីថ្លែងមិនបាន។

    ក្រៅពីនេះ លោក George Clooney បានធ្វើឱ្យសង្គមសិល្បៈហូលីវូដ និងអ្នកលេងបណ្ដាញសង្គមជាច្រើន ស្ងើចសរសើរលោកមិនដាច់ពីមាត់ដែលលោក និងភរិយាថែរក្សាសុខភាពបានល្អ និងព្យាយាមមានបុត្ររហូតបានសម្រេចដូចសេចក្ដីប្រាថ្នា ហើយជាបុត្រភ្លោះទៀតផងដែរ៕

  • Watford ចុះហត្ថលេខាជាមួយខ្សែបម្រើ Hughes មកពីក្លិប Derby

    Watford ចុះហត្ថលេខាជាមួយខ្សែបម្រើ Hughes មកពីក្លិប Derby

    ក្លិប Watford បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិអង់គ្លេសអាយុក្រោម21ឆ្នាំ Will Hughes មកពីក្លិប Derby County ក្នុងតម្លៃខ្លួនបិទជិតមួយ ដែលត្រូវបានគេជឿជាក់ថា មានចំនួនប្រមាណជា8លានផោន (ស្មើនឹង10.2លានដុល្លារអាមេរិក)។

    កីឡាករវ័យ 21ឆ្នាំរូបនេះ ដែលបច្ចុប្បន្នកំពុងតែបំពេញកាតព្វកិច្ចសម្រាប់យុទ្ធនាការ European Championship អាយុក្រោម 21ឆ្នាំរបស់អង់គ្លេសនោះ បានចុះហត្ថលេខាលើកុងត្រារយៈពេល 5ឆ្នាំនៅឯកីឡដ្ឋាន Vicarage Road។ ការផ្ទេរទៅកាន់ក្រុមរបស់លោក Marco Silva នឹងបំពេញក្តីសុបិនដ៏យូរអង្វែងមួយសម្រាប់ Hughes ខណៈដែលរូបគេពិតជាចង់លេងក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីរូបគេបានបង្ហាញខ្លួនជាលើកទី1របស់គេក្នុងក្លិប Derby ក្នុងវ័យ 16ឆ្នាំ។

    ក្រោយពីបានបង្ហាញខ្លួន 187លើកសម្រាប់ក្លិប Derby County ខ្សែបម្រើ Hughes ត្រូវបានផ្តល់ឱកាសឲ្យធ្វើការបង្ហាញពីសមត្ថភាពរបស់គេក្នុងក្លិប Watford។ Watford បានបញ្ជាក់ថា ខ្សែបម្រើរូបនេះ នឹងបំពេញការផ្ទេររបស់គេ ក្រោយពីវិលត្រឡប់មកពីប្រទេសប៉ូឡូញវិញ ខណៈដែលក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម 21ឆ្នាំ បានកក់កៅអីរបស់ពួកគេរួចជាស្រេចទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

    Hughes គឺជាកីឡាករចំណូលថ្មីដំបូងគេដែលត្រូវបានប្រកាសដោយក្លិប Watford ចាប់តាំងពីលោក Silva បានចូលកាន់តំណែងកាលពីរដូវកាលមុន៕
    ប្រភពពី៖ The Guardian

  • អាល្លឺម៉ង់ និងស៊ីលី ដឹកដៃគ្នាទៅកាន់វគ្គ1/2ផ្តាច់ព្រ័ត្រនៃ Confederations Cup

    អាល្លឺម៉ង់ និងស៊ីលី ដឹកដៃគ្នាទៅកាន់វគ្គ1/2ផ្តាច់ព្រ័ត្រនៃ Confederations Cup

    ក្រុមបាល់ទាត់ជម្រើសជាតិស៊ីលី បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 បន្ទាប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងពូល B ដើម្បីឈានទៅប្រកួតក្នុងព្រឹត្តិការណ៍ Confederations Cup វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងការប្រកួតចុងក្រោយនៃពូលរបស់ពួកគេ។

    ហេតុនេះ ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលជាម្ចាស់ជើងឯក Euro ឆ្នាំ2016បច្ចុប្បន្ននឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិស៊ីលី នៅវគ្គ4ក្រុមចុងក្រោយ នៅថ្ងៃពុធខាងមុខនេះ។

    ក្រុមជម្រើសជាតិអូស្ត្រាលីបានរកគ្រាប់បាល់នាំមុខមុនតាមរយៈខ្សែបម្រើស្លាប James Troisi នៅមុនពេលកីឡាករបម្រុង Martin Rodriguez របស់ស៊ីលីបានរកគ្រាប់បាល់តាមស្មើវិញ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ បានឡើងទៅឈរពីលើក្រុមជម្រើសជាតិស៊ីលី ក្រោយពីបានកត់ត្រាជ័យជម្នះ 3-1 លើក្រុមជម្រើសជាតិកាមេរូន ហើយនិងត្រូវលេងជាមួយនឹងក្រុមជម្រើសជាតិម៉ិកស៊ិក នៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។

    ខ្សែប្រយុទ្ធ Timo Werner របស់ក្លិប RB Leipzig បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ខណៈដែលខ្សែបម្រើ Kerem Demirbay ក៏បានស៊ុតបាល់បញ្ចូលទីសម្រាប់គ្រាប់ទី3ឱ្យក្រុមដែលគ្មានបទពិសោធរបស់អាល្លឺម៉ង់ផងដែរ។ ខ្សែប្រយុទ្ធ Vincent Aboubakar របស់កាមេរូន បានរកគ្រាប់បាល់វាយបកមួយគ្រាប់វិញ ប៉ុន្តែ ពួកគេនៅតែត្រូវបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងនៃពូល ដោយទទួលបានលទ្ធផលស្មើតែមួយលើកគត់ពីការប្រកួតជាមួយនឹងក្រុមអូស្ត្រាលី ដើម្បីទទួលបានតែ1ពិន្ទុគត់។

    លោក Joachim Loew គ្រូបង្វឹករបស់អាល្លឺម៉ង់ បានឲ្យដឹងថា៖ «ខ្ញុំត្រូវតែនិយាយថា ខ្ញុំពិតជាមានមោទនភាពណាស់ និងពោរពេញដោយការកោតសរសើរដល់ក្រុមនេះ សម្រាប់ការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ យើងមិនបានរំពឹងទុកពីលទ្ធផលបែបនេះពីកីឡាករវ័យក្មេងទាំងនេះឡើយ តែពួកគេធ្វើបានយ៉ាងល្អ»៕
    ប្រភពពី៖ BBC